ស្ពាននាគនៅអង្គរធំ

ខ្លោងទ្វារចូលអង្គរធំពីទិសខាងត្បូង មើលពីកំពែងភាគខាងលិច
ស្ពាននាគនៅអង្គរធំឆ្លុះបញ្ចាំងអត្ថន័យតាមឯកសារបុរាណ
នៅប្រាសាទអង្គរវត្ដ និងអង្គរធំក៏ដូចនៅប្រាសាទដទៃៗទៀតដែរក្នុងចក្រភពខ្មែរបុរាណ ដូចជា ប្រាសាទព្រះខ័ន ប្រាសាទវត្ដភូ នៅក្នុងប្រទេសឡាវ និងប្រាសាទភ្នំរុងនៅក្នុងប្រទេសសៀមបច្ចុប្បន្នជាដើម គេតែងឃើញមានស្ពានបង្កាន់ដៃជារូបភាពដងខ្លួនសត្វនាគដែលក្បូរក្បាច់ជួនកាលមានក្បាល៥ ជួនកាលក្បាល៧ ។ មកដល់សម័យបច្ចុប្បន្ននេះ គេឆ្ងល់ថា ស្ពាននាគដ៏សង្ហានេះមានអត្ថន័យយ៉ាងណា ? លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ខ្មែរបានអធិប្បាយឱ្យដឹងថា ទីក្រុងអង្គរធំដែលមានប្រាសាទបាយ័នជាស្នូលកណ្ដាល គឺជារូបភាពបំព្រួញដ៏តូចមួយនៃសកលលោកយើងនេះ ។ ទីក្រុងអង្គរធំមានហ៊ុមព័ទ្ធជុំវិញដោយកសិណទឹកដ៏ធំអស្ចារ្យដែលគេអាចប្រៀបផ្ទឹមបានទៅនឹងមហាសាគរ និងកំពែងដូចភ្នំ ដែលព័ទ្ធជុំវិញព្រះធរណីដ៏ធំមហិមាដូច្នោះដែរ ។ ចំពោះនិមិត្ដរូបនិយមនៃទីក្រុងអង្គរធំនេះ សិលាចារឹកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧បានបញ្ជាក់ឱ្យដឹងថា ប្រាសាទមានកំពូលខ្ពស់ដល់ទៅអាកាស ចំណែកឯកសិណវិញមានជម្រៅដល់ស្ថានភុជង្គនាគ ។ ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ជ័យគិរី និងជ័យសន្ធុ(មហាសាគរនៃជ័យជំនះ)នេះឡើងដោយត្រាប់តាមឫទ្ធីនៃធ្នូ-សដ៏មានមហិទ្ធិឫទ្ធិ ។
មានការសន្និដ្ឋានយ៉ាងត្រឹមត្រូវថា គំនិតដែលនាំឱ្យស្ថាបត្យករ និងវិចិត្រករខ្មែរបុរាណឆ្លាក់ក្បាច់ចម្លាក់រស់រវើក ដូចជា ក្រុមយក្ស និងទេវតាទាញព្រ័ត្រជាសត្វនាគអមសងខាងទ្វារចេញចូលទីក្រុងអង្គរធំ គឺកើតចេញពីទស្សនៈវិជ្ជា ។ ម្យ៉ាងទៀតយើងបានដឹងថា ទ្វារចេញចូលទីក្រុងអង្គរដែលមានវត្ដមានពពួកយក្ខ និងទេវតា ក៏មានស្ពានមួយយ៉ាងធំត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះជាមួយនឹងនិមិត្ដរូបចម្លាក់ដ៏ស៊ីជម្រៅបែបនេះឯង ។
លោកបណ្ឌិតមីសែល ត្រាណេ បានឱ្យដឹងទៀតថា អត្ថន័យដ៏មានសារសំខាន់របស់ស្ពានចេញចូលប្រាសាទអង្គរធំ គឺជានិមិត្ដរូបសម្រាប់ការចម្លងមនុស្សទៅកាន់ស្ថានសុខក្សេមក្សាន្ដ ។ ដោយហេតុថា និមិត្ដរូបនិយមមានចែងក្នុងគម្ពីរឥណ្ឌាបុរាណស្ដីពីរូបធាតុវិទ្យា គឺស្ថានមនុស្ស និងទេវស្ថានត្រូវតភ្ជាប់ដោយបន្ទាត់ពិសិដ្ឋមួយដែលមានតំណាងដោយ “ឥន្ទធនូ” ។ តាមអត្ថន័យខាងលើនេះ ស្ពាននាគមានបង្កាន់ដៃក្នុងស្ថាបត្យកម្មខ្មែរពិតជាត្រូវបានបំពេញតាមលក្ខណៈ និងតួនាទីខាងលើនេះនៃខ្សែបន្ទាត់ដែលបានភ្ជាប់ភពទាំងពីរដោយមានកសិណទឹកនៃតំណាងចក្រវាឡ ។
ទោះជាយ៉ាងណាក្ដីក៏និមិត្ដរូបនិយមនៃស្ពាននាគ-ឥន្ទធនូ គឺជាបែបព្រាហ្មនិយមផង និងបែបលទ្ធិព្រះពុទ្ធសាសនាផងដែរ ។ ចម្លាក់ពាក់ព័ន្ធអត្ថន័យបែបនេះ វិចិត្រករខ្មែរតែងមានទម្លាប់បង្ហាញតាមរយៈផ្ទាំងគំនូរនៅតាមទីវត្ដអារាម ។ អត្ថន័យរបស់ស្ពាននាគឥន្ទធនូនេះ វិចិត្រករខ្មែរចង់បញ្ជាក់ឱ្យដឹងថា ព្រះពុទ្ធអង្គបានយាងចុះពីស្ថានសួគ៌ត្រៃត្រិង្សតាមជណ្ដើរដែលជាឥន្ទធនូ ។ ស្ពានឥន្ទធនូមានតួនាទីជាចម្បងមួយ គឺចម្លងមនុស្សទៅកាន់ទេវស្ថានឬស្ថានសួគ៌ដែលពោរពេញដោយសុភមង្គលឥតត្រើយត្រាណ ៕
(ដកស្រង់ពីសារព័ត៌មានរស្មីកម្ពុជា ១៥/១១/០៤)

ស្ពាននាគចូលអង្គរធំពីទិសខាងត្បូង
ស្ពាននាគខ្លោងទ្វារអង្គរធំអតីតរាជធានីឆ្លុះបញ្ចាំងពីឥទ្ធិពលនៃសាសនា
កេរដំណែលជាច្រើនដែលបានបញ្ជាក់ថា ខ្មែរជាជាតិសាសន៍មួយដ៏ចំណាស់រស់នៅលើទឹកដីរបស់ខ្លួន ហើយបានកសាងប្រទេសជាតិឱ្យមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង និងមានវប្បធម៌ខ្ពង់ខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍ ។ កេរដំណែលទាំងនោះ រួមមាន ប្រាង្គប្រាសាទ បារាយណ៍ ផ្លូវថ្នល់ ស្ពាន និងឧបករណ៍ប្រើប្រាស់ធ្វើពីថ្ម ដីដុត លោហៈ ស្ពាន់ មាស លង្ហិន ដែលមានអាយុកាលដ៏ចំណាស់ ។ ចំណែកឯស្ពាននាគនៅខ្លោងទ្វារចូលអង្គរធំខេត្ដសៀមរាប គេឃើញមានចម្លាក់ទេវតា និងយក្សទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បីយកទឹកអម្រិតដែលឆ្លុះបញ្ចាំងអំពីជំនឿសាសនាយ៉ាងជ្រាលជ្រៅ និងការរីកចម្រើននៃប្រព័ន្ធគមនាគមន៍ និងទ្វារទឹក ។ យោងតាមឯកសារប្រវត្ដិសាស្ដ្របានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង គេសង្កេតឃើញសមិទ្ធផលជាច្រើនបានរីកព្រោងព្រាតពាសពេញផ្ទៃប្រទេស ជាពិសេស ស្ពាន ថ្នល់ ដែលជាមធ្យោបាយក្នុងការធ្វើដំណើរ និងជាទ្វារទឹកដ៏សំខាន់ក្នុងការងារកសិកម្ម ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧គេបានប្រទះឃើញនូវផ្លូវ២ខ្សែធំ និង២ខ្សែតូចៗទៀតសម្រាប់តភ្ជាប់ពីរាជធានីអង្គរទៅតំបន់នានា និងស្ពានបុរាណមួយចំនួនទៀតសម្រាប់តភ្ជាប់ប្រព័ន្ធគមនាគមន៍ក៏ដូចជាទ្វារទឹកសម្រាប់ការងារកសិកម្មផងដែរ ។ ស្ពានបុរាណទាំងនោះខ្លះចាស់ទ្រុឌទ្រោម និងខ្លះទៀតនៅមានគុណភាពល្អអាចប្រើប្រាស់បានហើយមានរចនារូបនាគ គ្រុឌ យក្ស ទេវតា ឆ្លុះបញ្ជាំងពីទស្សនៈសាសនាទៀតផង ។
ចំណែកស្ពានថ្មមានរូបនាគ យក្ស និងទេវតា ទាញក្បាលនាគ ដែលស្ថិតនៅខាងមុខខ្លោងទ្វារនៃទីក្រុងអង្គរធំអតីតរាជធានីសម័យបុរាណ ហើយរូបចម្លាក់នេះ ក៏បានទទួលរងនូវការគំរាមកំហែងដោយសារសង្គ្រាមខូចខាតអស់មួយចំនួន ។ ពិសេសចម្លាក់ស្ពានរូបនាគនៅខាងមុខខ្លោងទ្វារប្រាសាទអង្គរធំផ្នែកខាងត្បូងឆ្លងកាត់ទន្លេអុំដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧សម័យមហានគរនោះ មានចម្លាក់ទេវតា និងយក្សកាន់ក្បាលនាគទាញព្រ័ត្រម្ខាង៥៤ ។
ចម្លាក់ដ៏រស់រវើកនេះមានការអះអាងថា ជានិមិត្ដរូបនៃការចម្លងមនុស្សទៅកាន់ឋានបរមសុខគ្មានការកើត ចាស់ ឈឺ ស្លាប់ឡើយ ដែលទទួលឥទ្ធិពលពីព្រហ្មញសាសនា និងព្រះពុទ្ធសាសនា ដើម្បីដណ្ដើមយកទឹកអម្រិតទៅផឹកឱ្យមានជីវិតអមតៈ ។ នៅក្នុងគម្ពីរឥណ្ឌាបុរាណក៏មានចែងអំពីបញ្ហានេះដែរ គឺឋានមនុស្ស និងឋានលើតភ្ជាប់គ្នាទៅដោយបន្ទាត់ពិសិដ្ឋមួយតំណាងឱ្យ “ឥន្ទនូ” ដែលមានកសិណទឹកតំណាងឱ្យចក្រវាឡ ។
អត្ថន័យនៃចម្លាក់នេះត្រូវបានស្ថាបត្យករយើងឆ្លាក់នៅតាមវត្ដអារាម និងទីសាធារណៈមួយចំនួនរហូតដល់សព្វថ្ងៃ ដែលមានការអះអាងថាព្រះពុទ្ធបរមគ្រូនៃយើងបានយាងចុះពីឋានសួគ៌ត្រៃត្រឹង្សតាមជណ្ដើរឥន្ទនូនេះហើយជណ្ដើរនេះនឹងជួយចម្លងមនុស្សដែលធ្វើបុណ្យសន្សំកុសលបានច្រើនឱ្យទៅកើតនៅឋានសួគ៌ទៀតផង ។ មានការកត់សម្គាល់ថា ចាប់តាំងពីសម័យអង្គរ នាគច្រើនតែទ្រដោយមករដែលតំណាងឱ្យត្រីសមុទ្រ នាគក៏ជាយានជំនិះអចិន្ដ្រៃយ៍របស់ព្រះភិរុណដែលគេសង្កេតឃើញនៅតាមក្បាច់ចម្លាក់ខាងជើងប្រាសាទអង្គរ និងជួនកាលមានសត្វនាគអូសរទេះទៀតផង ។
ចំណែកក្នុងទេវកថានាគឈ្មោះថា វាសុគិ ដែលត្រូវគេចាប់យកមកធ្វើជាខ្សែសម្រាប់បង្វិលស្នូលនៃលោហធាតុដោយយកភ្នំមន្ទរមកធ្វើជាប្រដាប់កូរដើម្បីយកទឹកអម្រិត ហើយនៅផ្នែកក្បាលគេឃើញពួកយក្សចំនួន៩២នាក់ និងផ្នែកកន្ទុយគឺមានទេវតាចំនួន៨អង្គ កំពុងកាន់កន្ទុយនាគយ៉ាងណែននៅនឹងដៃ ដើម្បីទាញបង្វិលភ្នំនេះឱ្យកើតជាភោគផល ។ដោយសារនាគមានសារសំខាន់បែបនេះ ទើបគេសង្កេតឃើញស្ថាបត្យករយើងឆ្លាក់នៅតាមខ្លោងទ្វារ ផ្ដែរ ស៊ុម ហោជាង និងតាមផ្លូវចូលវត្ដអារាមយ៉ាងច្រើនតាំងពីសម័យបុរាណរហូតដល់សព្វថ្ងៃ ។
ចំណែកឯក្នុងជីវភាពរស់នៅប្រចាំថ្ងៃការកសាងស្ពានឆ្លងកាត់ព្រែក ស្ទឹង ទន្លេ គឺដើម្បីតភ្ជាប់ប្រព័ន្ធគមនាគមន៍ និងទ្វារទឹកដ៏សំខាន់សម្រាប់ការងារកសិកម្មទៀតផង ហើយស្ពានទាំងនោះបន្ទាប់ពីកសាងរួចគេតែងតែរចនារូបនាគលម្អផងដែរ ។
សំណង់ស្ពាននាគនៅខ្លោងទ្វារអង្គរធំនេះបានឆ្លុះបញ្ចាំងពីជំនឿសាសនារបស់សង្គមខ្មែរយ៉ាងជ្រាលជ្រៅចំពោះទឹកអម្រិតដែលជាវត្ថុស័ក្ដិសិទ្ធិអាចជួយឱ្យមនុស្សរួចផុតពីជម្ងឺបៀតបៀនឧបទ្រព្យចង្រៃ មានសិរីសួស្ដី ជាពិសេសមានជីវិតអមតៈទៀតផង ។ លើសពីនេះទៀតសំណង់ស្ពាននេះ ក៏មិនខុសប្លែកពីស្ពាននានាដែរ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃប្រព័ន្ធគមនាគមន៍ទ្វារទឹកដែលជាប្រភពនៃការងារកសិកកម្ម និងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរដែលនិយមឆ្លាក់រូបនាគនៅតាមវត្ដអារាម សំណង់ប្រាសាទ និងទីសាធារណៈនានា ៕
(អត្ថបទដកស្រង់ពីសារព័ត៌មានកោះសន្ដិភាព ២០/០៧/០៧)

ផ្លូវចូលអង្គរធំពីទិសខាងលិច

ខ្លោងទ្វារចូលអង្គរធំពីទិសខាងលិច

រូបចម្លាក់ទាញនាគនៅខ្លោងទ្វារទិសខាងលិចនេះ បាក់បែកអស់ហើយ

បំណែករូបចម្លាក់ទាញនាគនៅខ្លោងទ្វារទិសខាងលិច
អត្ថបទពាក់ព័ន្ធៈ ចម្លាក់យក្ស និងទេវតានៅខ្លោងទ្វារអង្គរធំ