Chouk Khmer

November 16, 2009

កុំ​ពត់​ស្រឡៅ​កុំ​ប្រដៅ​ស្រី​មានះ

និយមន័យៈ ភាព​រឹងត្អឹង​របស់​ស្រី​មានះ ។

អត្ថាធិប្បាយ

កុំ​ពត់​ស្រឡៅ

ស្រឡៅ​ជា​ដើម​ឈើ​ធំ​ខ្ពស់​ដូច​គគីរ​ដែរ ប៉ុន្តែ​មិន​មូល​ស្រលន​ទេ ព្រោះ​វា​មាន​ពួរ​កំពីក​កំពក សណ្ដូក​តាម​ដើម ។ គេ​តែង​យក​ពួរ​នេះ​មក​ធ្វើ​ដង​ចប កាំបិត ពូថៅ ។ល។ ព្រោះ​វា​មាន​ភាព​រឹង​ល្អ ។ ប៉ុន្តែ​វា​មាន​លក្ខណៈ​ពិសេស​មួយ គឺ​បើ​វា​វៀច ឬ​កោង​បែប​ណា​ហើយ គេ​មិន​អាច​ពត់ ឬ​តម្រង់​វា​បាន​ទេ ។ បើ​គេ​រោល​ភ្លើង​ពត់​វា វា​អាច​ទៅ​តាម​ដៃ​បាន ប៉ុន្តែ​ដល់​ពេល​លែង​ដៃ វា​នឹង​ទៅ​រក​កន្លែង​ដើម​វិញ​ដដែល ។

កុំ​ប្រដៅ​ស្រី​មានះ

ជាទូទៅ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​ភេទ​តែង​មាន​ចរិត​ទន់ភ្លន់ ចរិយា​ស្លូតបូត អាច​សម្រប​សម្រួល​ទៅ​តាម​បរិយាកាស​បាន​ស្រួល សូម្បី​សម្លៀក​បំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា​ក៏​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្ដី​បាន​ដែរ ។

ប៉ុន្តែ​ចំពោះ​ស្រី​មានះ​វិញ រមែង​មាន​អស្មិ​រឹងត្អឹង​ដូច​ដែក​ថែប ។ បើ​មាន​ប្ដី​ក៏​ពុំ​រណប ឬ​ចុះ​ញ៉ម​ដែរ គឺ​គេ​សុខ​ចិត្ត​លែង​លះ​គ្នា​ដ៏​បាន​ដែរ ដែល​ថា​ឲ្យ​ឱន​លំទោន​ចុះ​ចាញ់​អ្នកឯង​ប្រាកដ​ជា​អត់​សោះ​តែ​ម្ដង ។

ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​មានះ ៕

 

សុភាសិត​ផ្សេងទៀត

 

ស្វែង​យល់​ពាក្យ «កន្តិញ​កន្តុញ»

«កន្តិញ​កន្តុញ» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ទាប​ពេក តូច​ពេក រញ់ រ៉ុញ ។ បរិវារស័ព្ទ «កន្តិញ» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្តិញ​រ៉ុញ» ពោល​គឺ «មនុស្ស​កន្តុញ​រិញៗ តូច​ទាប ។ល។» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

November 15, 2009

ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណីអាហារ​ និង​វិធាន​ថែរក្សា​សុខភាព

ការ​រីក​លូតលាស់​ខាង​វិទ្យាសាស្ត្រ​បច្ចុប្បន្ន បណ្ដាល​ឲ្យ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ប្រភេទ​យ៉ាង​សម្បូរ​បែប កំពុង​ផលិត និង​ដាក់​លក់​ប្រជែង​គ្នា​ក្នុង​ទីផ្សារ​។ ទន្ទឹម​នឹង​មាន​ការ​ប្រជែង​គ្នា​នេះ តម្រូវ​ឲ្យ​ផលិតករ​អាជីវករ​ស្វះស្វែង​ផ្សំ​បន្ថែម​នូវ​សារធាតុ​គីមី​ដោយ​រំលោភ​ក្បួនខ្នាត​នៃ​បទដ្ឋាន​ចំណី​អាហារ ដាក់​បញ្ចូល​ទៅ​ក្នុង​គ្រឿង​ឧបភោគ​បរិភោគ ដើម្បី​ទាក់ទាញ​អតិថិជន​ និង​បង្កើន​ប្រាក់​ចំណូល ដោយ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​ទាំងនោះ​មាន​សម្បុរ​ស​ស្រស់ មាន​ពណ៌​ឆើតឆាយ អាច​រក្សា​ទុក​បាន​យូរ ធ្វើ​ឲ្យ​ស្វិត​ឬ​ផុយ និង​ធ្វើ​ឲ្យ​ញៀន ។ល។

សារធាតុ​គីមី​មួយ​ចំនួន​​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​បន្ថែម​លើ​ចំណី​អាហារ និង​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​ចំណីអាហារ​ ភេសជ្ជៈ​ដោយ​មាន​កម្រិត​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាស់លាស់ ដែល​មិន​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ចំពោះ​មុខ​ និង​យូរអង្វែង ឬ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ និង​បរិភោគ​ទេ ។ គេ​ប្រើ​សារធាតុ​គីមី​ទាំងនោះ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​អាហារ​ទាំងនោះ​ទុក​បាន​យូរ​ មិន​ងាយ​ខា​ មើល​ទៅ​ឃើញ​ស្រស់ ថ្មី ស ឬ​រក្សា​ពណ៌​ដើម​របស់​វា ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​គេ​ប្រើប្រាស់​សារធាតុ​ទាំងនោះ​មិន​ត្រឹមត្រូវ​តាម​កម្រិត​កំណត់ ឬ​រំលោភ​ការ​ហាមឃាត់ វា​បណ្ដាល​ឲ្យ​កើត​មាន​ឡើង​នូវ​រោគ​សញ្ញា និង​ជំងឺ​ផ្សេងៗ ឬ​ក៏​អាច​ឲ្យ​សន្លប់​ភ្លាមៗ និង​ត្រូវ​ស្លាប់​ក៏​មាន ។ មិន​តែ​ប៉ុណ្ណោះ វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​រយៈពេល​យូរ ដោយ​ធ្វើ​ឲ្យ​សុខភាព និង​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​សមាគម​គ្រូពេទ្យ​ឱសថការី​កម្ពុជា​នៃ​ក្រសួង​សុខាភិបាល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី ស.ឱ.ក. ឆ្នាំ​ទី​៧ លេខ​ពិសេស ខែ​សីហា ឆ្នាំ​២០០២ យើង​សូម​លើក​បង្ហាញ​ជូន​ជ្រាប​នូវ​ប្រភេទ​សារធាតុ​គីមី​បន្ថែម និង​សកម្មភាព​ ប្រតិកម្ម​ ឥទ្ធិពល​របស់​វា ជា​ពិសេស​ គ្រោះថ្នាក់ រោគសញ្ញា ជំងឺ និង​ផលវិបាក​ទាំងឡាយ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់ ឬ​បរិភោគ​វា ។ សារធាតុ​បន្ថែម​ដែល​មាន​ផលវិបាក​ទាំងនោះ​មាន​ជាអាទិ ៖

១. Borax (Na2B4O7, 6H2O) ឬ ទឹក​អន្សា

 

 

ទឹក​អន្សា​ត្រូវ​បាន​ដាក់​លើ​ចំណីអាហារ​ដើម្បី​ឲ្យ​នៅ​ស្រស់​ស្វិត​បាន​យូរ ។ ម្ហូប​អាហារ​ដែល​គេ​និយម​ដាក់​ទឹក​អន្សា​មាន​ដូចជា ត្រីប្រឡាក់ ប្រហិត សាច់​ជ្រូក សាច់ក្រក ប្រហិត​សាច់​គោ គុយទាវ និង​មី​ ជាដើម ។ ឧទាហរណ៍​ចំពោះ​គុយទាវ អ្នក​បរិភោគ​ភាគច្រើន​និយម​គុយទាវ​ដែល​មាន​សរសៃ​ស្វិត ។

ផល​ប៉ះពាល់​ដល់​សុខភាពៈ គ្រោះថ្នាក់​ជា​ចៃដន្យ​ដល់​តម្រង​នោម​ រលាក​បំពង់​រំលាយ​អាហារ​។ កម្រិត​ពី​១៥​ក្រាម​ចំពោះ​មនុស្ស​ចាស់ ឬ​៥​ក្រាម​ចំពោះ​កុមារ នាំ​ឲ្យ​ក្អួត​ឈាម រួច​ស្លាប់ ។

២. ថ្នាំ​សម្លាប់​សត្វ​ល្អិត (Phosphate and Carbonate group)

 

 

ថ្នាំ​សម្លាប់​ស្វត​ល្អិត​ត្រូវ​បាន​ប្រើ​ក្នុង​គោលបំណង​កុំ​ឲ្យ​ស្វត​ល្អិត​ រុយ​រោម និង​មាន​ដង្កូវ ។ ម្ហូប​អាហារ​ដែល​គេ​និយម​ដាក់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​មាន​ដូចជា បន្លែស្រស់ ផ្លែ​ឈើ ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក ជាដើម ។ លក្ខណៈ​សម្គាល់​នៅ​ពេល​ដែល​គេ​បាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​លើ​ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក ។ល។ ពេល​នោះ​ទំនិញ​ទាំងនោះ នឹង​គ្មាន​រុយ​រោម ឬ​ដង្កូវ​ចោះ​ឡើយ ។ ចំពោះ​បន្លែ​ផ្លែ​ឈើ​វិញ ដូចជា​ស្ពៃ​ជាដើម វា​នឹង​គ្មាន​ឃើញ​ស្នាម​ដង្កូវ​ចោះ​នៅ​លើ​ស្លឹក​ស្ពៃ​នោះ​ទេ ។

ផលប៉ះពាល់​ដល់​សុខភាពៈ ការ​បរិភោគ​ជា​ប្រចាំ​នូវ​ចំណីអាហារ​ដែល​មាន​សារធាតុ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នេះ បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ។ បើ​ក្នុង​កម្រិត​កំហាប់​ខ្ពស់ បណ្ដាល​ឲ្យ​វិលមុខ ហ៊ឹង​ត្រចៀក ក្អួត ថប់ដង្ហើម និង​ស្ទះ​បេះដូង ។

៣. ហ្វរម៉ុល (Formal)

 

ហ្វរម៉ុល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​រក្សា​អាហារ​ឲ្យ​បាន​យូរ​កុំឲ្យ​ឆាប់​ខូច​ ស្អុយ​ រលួយ ឬ​អន់សាច់ ។ អាហារ​ដែល​គេ​និយម​ដាក់​ហ្វរម៉ុល​មាន​ដូចជា បន្លែស្រស់ ផលិតផល​សមុទ្រ សាច់​ផ្សេងៗ ដែល​ភាគច្រើន​​ដាក់​នៅ​លើ​បន្លែ​ សាច់​ដែល​ត្រូវ​ដឹក​ជញ្ជូន​ នាំ​ចូល​ ស្ដុក​ទុក​រយៈពេល​យូរ ឬ​ផ្លូវ​ឆ្ងាយ ។

ផលប៉ះពាល់​ដល់​សុខភាពៈ កា​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ហ្វរម៉ុល​នេះ​អាច​បណ្ដាល​ឲ្យ​ឈឺក្រពះ ក្អួត រាគ សន្លប់ ឬ​ដល់​ស្លាប់ ។

៤. អ៊ីដ្រូស៊ុលហ្វីត និង​ថ្នាំ​ធ្វើ​ឲ្យ​ស (Hydrosulfite and bleaching agent)

 

 

 

 

អ៊ីដ្រូស៊ុលហ្វីត និង​ថ្នាំ​ធ្វើ​ឲ្យ​ស​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ឲ្យ​ចំណី​អាហារ​មាន​ពណ៌​ស​ល្អ ។ ម្ហូប​អាហរ​ដែល​គេ​និយម​ដាក់​សារធាតុ​នេះ​មាន​ជា​អាទិ​ ស្លឹកគ្រៃ​ហាន់ សណ្ដែក​បណ្ដុះ ខ្ញី​ហាន់ ដូងខ្ចី ស្ករត្នោត ទំញំង និង​ធូរេន ។ តាម​លក្ខណៈ​ធម្មជាតិ​របស់​វា​ ចំណី​អាហារ​ទាំងនេះ​មិន​អាច​រក្សា​ពណ៌​ស​ស្រស់ បាន​ច្រើន​ម៉ោង​ឡើយ ឧទាហរណ៍ ស្លឹកគ្រៃ ខ្ញី ដូងខ្ចី​ ទំពាំង បន្លែ​កកូរ ។ល។ នៅ​ពេល​គេ​ហាន់ ឬ ចិត​សម្បក​ទុក​សម្រាប់​តាំង​លក់ វា​នឹង​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ មិន​ស​ស្រស់​ដូច​ចិត​ថ្មីៗ​ភ្លាមៗ​ទេ ដូច្នេះ​អ្នកលក់​បាន​ប្រើ​សារជាតិ​គីមី​នេះ​ដើម្បី​រក្សា​ពណ៌​ឲ្យ​នៅ​ដូច​ធម្មជាតិ ។ ម្យ៉ាង​ទៀត ឈ្មួញ​ក៏​ប្រើ​សារជាតិ​គីមី​នេះ​សម្រាប់​ប្រែក្លាយ​ចំណី​អាហារ​ឲ្យ​មាន​ពណ៌​ធម្មជាតិ ឧទាហរណ៍ ស្ករត្នោត​ដែល​បាន​ដាក់​ថ្នាំ​មាន​ពណ៌​ស​ខុស​ពី​ស្ករត្នោត​ដែល​មិន​បាន​ប្រើ​ថ្នាំ ដែល​មាន​ពណ៌​ក្រម៉ៅ​ជាង ។ល។

ផលប៉ះពាល់​ដល់​សុខភាពៈ សារធាតុ​អ៊ីដ្រូស៊ុលហ្វីត និង​ថ្នាំ​ធ្វើ​ឲ្យ​ស​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ខ្សោយ ពិបាក​ដកដង្ហើម វិលមុខ ហ៊ឹង​ត្រចៀក ឈឺពោះ ក្អួត រាគ ស្ហុក សន្លប់ ឬ​ស្លាប់ ។ ចំពោះ​អ្នក​មាន​ប្រតិកម្ម​ខ្លាំង​ធ្វើ​ឲ្យ​មាន​សភាព​ដូច​មនុស្ស​កើត​ហឺត ។

៥. អាស៊ីត​សាលីស៊ីលីក (Salicylic acid)

អាស៊ីត​សាលីស៊ីលីក​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោលបំណង​ការពារ​ចំណីអាហារ​កុំ​ឲ្យ​ដុះ​ផ្សិត ។ ចំណីអាហារ​ដែល​គេ​និយម​ប្រើ​អាស៊ីត​សាលីស៊ីលីក​មាន​ដូចជា ​បន្លែ​ផ្លែ​ឈើ និង​ជ្រក់​គ្រប់មុខ ដើម្បី​ទុក​លក់​បាន​យូរ​ មិន​ងាយ​ខូច​ និង​ដុះ​ផ្សិត ។

ផលប៉ះពាល់​ដល់​សុខភាពៈ បើ​កំហាប់​អាស៊ីត​សាលិស៊ីលីក​ក្នុង​ឈាម​ឡើង​ខ្លាំង​ពី​២៥-៣០​មីលីក្រាម ក្នុង​១០០​មីលីលីត្រ​ឈាម នឹង​បណ្ដាល​ឲ្យ​ក្អួត ឈឺក្បាល វិលមុខ ក្ដៅខ្លួន និង​អាច​ដល់​ស្លាប់ ។

៦. សារធាតុ​បង្កើន​ពណ៌ (Synthetic colour)

 

 

សារធាតុ​បង្កើន​ពណ៌​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​ពណ៌​ស្រស់​ឆើត ។ ចំណី​អាហារ​ដែល​គេ​និយម​ប្រើ​សារធាតុ​បង្កើន​ពណ៌​មាន​ដូចជា ទឹកម្ទេស សាច់ក្រក ប្រហិត បង្គា​ក្រៀម សាច់​ខ្វៃ អាំង ចៀន ។ល។ គេ​លាយ ឬ​ជ្រលក់​សារធាតុ​ទាំងនេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ពណ៌​ក្រហម លឿង ស្រស់​ទាក់​ភ្នែក ខុស​ពី​ធម្មតា ។ ចំពោះ​ជ្រក់​បន្លែ​ខៀវ គេ​លាយ​ជាតិ​គីមី ដើម្បី​ធ្វើ​ឲ្យ​មាន​ពណ៌​ខៀវស្រស់ ។

ផលប៉ះពាល់​ដល់​សុខភាពៈ ការ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​នេះ​អាច​បណ្ដាល​ឲ្យ​សុខភាព​ខ្សោយ (Health hazard) ។

សេចក្ដី​ដូច​បាន​រៀបរាប់​ខាងលើ យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​កត់សម្គាល់​ជា​ពិសេស​ក្នុង​ការ​ជ្រើសរើស​ចំណីអាហារ​ដែល​អាច​ជៀស​ផុត​ពី​ការ​បន្ថែម​សារធាតុ​គីមី​ ​និង​គ្មាន​អនាម័យ​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​រឹង​មាំ និង​ការពារ​អាយុជីវិត​ឲ្យ​ជៀស​ផុត​ការ​គំរាមកំហែង​ដែល​បណ្ដាល​ពី​ការ​ប្រើប្រាស់ ឬ​បរិភោគ​ចំណី​អាហារ​ដែល​មាន​ការ​បន្ថែម​សារធាតុ​គីមី​ទាំងនោះ ។ នៅ​ពេល​យើង​មាន​សុខភាព​រឹងម៉ាំ យើង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លាំង​ អាច​ប្រឆាំង​ទប់ទល់​ជាមួយនឹង​ការ​ឆ្លង​លុកលុយ​រាតត្បាត​នៃ​មេរោគ​បាក់តេរី ឬ​វីរុស និង​អាច​បង្កើន​ភាព​ជា​សះស្បើយ​នៃ​ជំងឺ​ផ្សេងៗ​បាន​លឿន​ទៀត​ផង ។

ដូច្នេះ​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​រឹង​មាំ និង​ការពារ​អាយុជីវិត​ឲ្យ​ជៀស​ផុត​ការ​គំរាមកំហែង​បណ្ដាល​ពី​ការ​ប្រើប្រាស់ ឬ​បរិភោគ​ចំណីអាហារ យើង​គប្បី​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ចេះ​ជ្រើសរើស​ចំណី​អាហារ​ណា​ដែល ៖

ក. មាន​អនាម័យៈ មាន​ន័យ​ថា​គ្មាន​មេរោគ ឬ​ដុះ​ផ្សិត ដោយ​យើង​ត្រូវ ៖

  1. ចម្អិន​ឲ្យ​ពុះ​ ឆ្អិន​ត្រឹមត្រូវ ដូចជា ទឹក​បរិភោគ​ត្រូវ​តែ​ដាំ​ឲ្យ​ពុះ
  2. លាង​សម្អាត​ដោយ​ទឹក​ស្អាត ក្នុង​ករណី​បន្លែ​ផ្លែ​ឈើ​ស្រស់
  3. គ្រប​ឲ្យ​បាន​ជិត ការពារ​កុំឲ្យ​ស្វត​ ឬ​រុយ​រោម កុំឲ្យ​មាន​ធូលី​ដី​ចូល
  4. បរិភោគ​ស្រស់ៗ​ថ្មីៗ មិន​រក្សា​ទុក​ ឬ​ផ្អាប់​យូរ​ពេល ដើម្បី​ជៀសវាង​ចំណី​អាហារ​ផ្លាស់​ប្ដូរ​ទៅ​ជា​ជូរ ផ្អូម ឬ​ដុះ​ផ្សិត ។

ខ. មាន​កំណត់​កាលបរិច្ឆេទ​ផលិត​ និង​ប្រើប្រាស់​ច្បាស់លាស់ៈ យើង​ត្រូវ​ពិនិត្យ​រក​មើល​ថ្ងៃ​ខែ​ផលិត និង​រយៈពេល​អនុញ្ញាត​ឲ្យ​ប្រើ ។

គ. មាន​ពណ៌ និង​គុណភាព​ពី​ធម្មជាតិៈ ដោយ​មិន​ចាំបាច់​កែ​ច្នៃ​ពណ៌​សម្បុរ ​ឬ​លក្ខណៈ​ធម្មជាតិ​ដោយ​ប្រើ​សារធាតុ​បន្ថែម​ផ្សេងៗ ។

ឃ. គ្មាន​ជាតិ​គីមី ដូច​បាន​រៀបរាប់​ខាងលើ ។

ង. មាន​ជីវជាតិ សារធាតុ​រ៉ែ និង​វីតាមីន​គ្រប់គ្រាន់ៈ ជាតិ​ប្រូតេអ៊ីន​នៃ​សាច់​សត្វ ពុំ​អាច​ផ្ដល់​ការ​លូតលាស់​ដល់​សរីរាង្គ​បាន​គ្រប់គ្រាន់​ទេ ត្រូវ​មាន​ការ​រួម​ផ្សំ​ជាមួយ​បន្លែ និង​ផ្លែ​ឈើ​ផង ទើប​អាច​បង្កើន​ការ​បឺត​ស្រូបនៃ​ជីវជាតិ​តាម​រយៈ​ការ​បរិភោគ​បាន ។ ពពួក​វីតាមីន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​បង្កើន​ការ​ការពារ​សរីរាង្គ ផ្ដល់​នូវ​ថាមពល​ និង​ជំនួយ​ដល់​ស្មារតី ។

  1. វីតាមីន អា,សេ, អឺ, ជាតិ​ដែក, បេតាការ៉ុតតែន មាន​ឥទ្ធិពល​បំបាត់​ភាព​ចាញ់​ជម្ងឺ​ផ្សេងៗ ។ វា​មាននៅ​ក្នុង​ផ្លែ​ឈើ​បន្លែ ដូចជា ក្រូច ប៉េងប៉ោះ ការ៉ុត ដំឡូងជ្វា សណ្ដែកបាយ សណ្ដែកបារាំង ស្លឹក​ផ្ទីរ ស្លឹក​បាស បន្លែ​ពណ៌​បៃតងចាស់ ល្ពៅ និង​ប្រេងសណ្ដែក សាច់សត្វ ថ្លើម ស៊ុត គ្រុំ ងាវ បង្គា ។ល។
  2. វីតាមីន បេ​៦, បេ​១២, សេ និង ប៉េប៉េ មាន​សារប្រយោជន៍​សម្រាប់​ទប់ទល់​ភាព​ខ្សោយ ស្លេកស្លាំង​ដែល​បណ្ដាល​មក​ពី​កង្វះ​គ្រាប់​ឈាម​ក្រហម ដោយ​បាន​ជួយ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​ចំណី​អាហារ​ដែល​យើង​ទទួលទាន ។ យើង​ត្រូវ​បរិភោគ​ដោយ​រួម​ផ្សំ​នូវ​ជាតិ​ប្រូតេអ៊ីន​សត្វ និង​បន្លែ​ផង​ដែរ​ ដូចជា សណ្ដែក សាច់​គោ ត្រី​សមុទ្រ គ្រុំ ងាវ ស៊ុត ក្រូចឆ្មារ ក្រូចឃ្វិច ។ល។
  3. វីតាមីន បេ​១, បេ​២, បេ​៦, អ៊ីយ៉ូដ, ជាតិ​ដែក និង​សារជាតិ​រ៉ែ​មួយ​ចំនួន​ទៀត មាន​តួនាទី​សំខាន់​ក្នុង​ការ​បម្រើ​ស្មារតី​ប្រឆាំង​នឹង​ភាព​ឆាប់​ខឹង​ ផ្គត់ផ្គង់​ស្មារតី​កុំ​ឲ្យ​ចុះ​ខ្សោយ និង​ជា​ពិសេស​ជំនួយ​បញ្ញា​ស្មារតី​ឲ្យ​ភ្លឺ​ថ្លា ។ វា​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ត្រី​សម្បូរ​ខ្លាញ់ គ្រុំ ងាវ ថ្លើម នំប៉័ង អំបិល ចេក ។
  4. យើង​ក៏​ត្រូវ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ ព្រោះ​កង្វះ​ជាតិ​ទឹក​អាច​ប៉ះពាល់​ដល់​បញ្ញា​ស្មារតី ជា​ពិសេស​យើង​គួរ​បរិភោគ​នៅ​រៀង​រាល់ពេល​ព្រឹក​ព្រលឹម​ភ្ញាក់​ពី​ដំណេក​ឲ្យ​បាន​២​កែវ និង​ឲ្យ​បាន​ពី​២-៤​លីត្រ​ក្នុង​១​ថ្ងៃ ។ យើង​គួរ​ទទួលទាន​កាហ្វេ​បន្ដិច ព្រោះ​វា​អាច​ជំនួយ​ឲ្យ​ស្មារតី​ភ្លឺ​ថ្លា ។ រីឯ​ការ​ទទួលទាន​តែ យើង​គួរ​ទទួលទាន​យ៉ាងតិច​២​ពែង​ក្នុង​១​ថ្ងៃ ​អាច​ជួយ​កាត់​បន្ថយ​រោគ​គាំងបេះដូង ។ ចំពោះ​ភេសជ្ជៈ​ដែល​ដាស់​ឲ្យ​មាន​កម្លាំង​ផ្សេងៗ ដូចជា សុរា ជាដើម គួរ​ជៀសវាង​ទទួលទាន​ច្រើន​ពេក​ ព្រោះ​ពី​ដំបូង​វា​អាច​បង្កើន​កម្លាំង ប៉ុន្ដែ​ក្រោយមក​វា​បែរជា​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង​ទៅ​វិញ ។

ទន្ទឹម​នឹង​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ថែទាំ​សុខភាព​ឲ្យ​មាំមួន​ និង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្លាំងក្លា​អាច​ប្រឆាំង​ការ​លុកលុយ​នៃ​មេរោគ​ផ្សេងៗ យើង​ក៏​គួរ​គប្បី​យក​ចិត្ដ​ទុកដាក់​លើ​កត្ដា​មួយ​ចំនួន​ទៀត​ផង​ដែរ ដូចជា ៖

  1. ត្រូវ​មាន​អនាម័យ​លើ​ខ្លួនប្រាណ សម្លៀក​បំពាក់ និង​ទីកន្លែង​រស់នៅ​ជា​ប្រចាំ
  2. ត្រូវ​គោរព​ពេលវេលា​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ បរិភោគ​ឲ្យ​ទៀង​ពេល​វេលា
  3. ហាត​ប្រាណ ឬ​កីឡា
  4. អនុវត្ត​វិធានការណ៍​ការពារ​ជំងឺឆ្លង​ផ្សេងៗ ៕

 

November 14, 2009

ការ​ទស្សន៍​ទាយ​ហោរាសាស្ដ្រ​សៀម​ក្នុង​ឆ្នាំ​២០១០

ហោរា​លោក​សូរ៉ាចចា មួលយូ និង​សៀវភៅ​ទស្សន៍​ទាយ​ផ្ដេសផ្ដាស

ហោរា​លោក​សូរ៉ាចចា មួលយូ និង​សៀវភៅ​ទស្សន៍​ទាយ​ផ្ដេសផ្ដាស

ការ​ទស្សន៍​ទាយ​ហោរាសាស្ដ្រ​សៀម​ក្នុង​ឆ្នាំ​២០១០​ព្រមាន​ពី​សង្គ្រាម​ខណៈ​កម្ពុជា​ចង់​បាន​តែ​សុខ​សន្ដិភាព

ហោរា​ម្នាក់​នៅ​ក្នុង​ប្រទេស​សៀម​បាន​ធ្វើការ​ទស្សន៍​ទាយ​ថា កម្ពុជា​នឹង​បញ្ជូន​ទ័ព​ចូល​ធ្វើការ​វាយប្រហារ​ធ្វើ​ឱ្យ​មាន​ការ​បង្ហូរឈាម​យ៉ាង​ធ្ងន់ធ្ងរ ។ ការ​ទស្សន៍​ទាយ​នេះ​បាន​ទទួល​នូវ​ការ​ចំអក​ភ្លាមៗ​ពី​អ្នកវិភាគ​នៅ​កម្ពុជា​ថា «ភូត​នៅ​ហោរ​ចោរ​នៅ​ជាង» មិន​ចាំបាច់​ចាត់​ទុក​ជា​ការ​ពិត​ឡើយ ហើយ​ក៏​ខុស​ទៅ​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​ដែរ គឺ​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា មិន​ត្រូវការ​ទឹកដី​សៀម​សូម្បី​មួយ​មីល្លីម៉ែត្រ​ឡើយ ។

ការ​ទស្សន៍​ទាយ​នេះ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​សៀម​ឈ្មោះ​«ម៉ាទីឈុន» ផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ បានឱ្យ​ដឹង​បន្ថែម​ថា បច្ចុប្បន្ន​បញ្ហា​សម្ព័ន្ធភាព​រវាង​ប្រទេស​សៀម និង​កម្ពុជា​ហាក់​ដូចជា​មាន​ភាព​តានតឹង​នៅ​គ្រប់ពេល ។ ការ​ទស្សន៍​ទាយ​នេះ​បាន​និយាយ​ថា បើសិនជា​មាន​បញ្ហា​ស្មុគស្មាញ​ដូច​ពេល​បច្ចុប្បន្ន ការ​ប្រឈម​មុខ​រវាង​សៀម និង​កម្ពុជា​អាច​ស្រប​ទៅ​តាម​ការ​ទស្សន៍​ទាយ ។ គ្រូទាយ​នេះ​គឺ​លោក​ សូរ៉ាចចា មួលយូ ជា​ហោរា​ល្បីឈ្មោះ​នៅ​សៀម បាន​ទស្សន៍​ទាយ​នៅ​ក្នុង​សៀវភៅ​ហោរាសាស្ដ្រ​ប្រចាំ​ឆ្នាំ​២០១០​ដែល​កំពុង​ចេញ​លក់​នៅ​ក្រុង​បាងកក ។

នៅ​ក្នុង​សៀវភៅ​ហោរាសាស្ដ្រ​ដែល​ចេញ​លក់​ក្នុង​ពេល​នេះ​បាន​ទស្សន៍​ទាយ​ថា «នៅ​ក្នុង​ខែ​កុម្ភៈ សៀម​នឹង​ជួប​ស្ថានភាព​តានតឹង​ដោយ​អំពើ​គ្រោះ​បាប​ក្នុង​មុំ​៣​ជ្រុង ហើយ​មាន​ព្រះអាទិត្យ​ជា​អ្នក​ជួយ​បំពេញ​បន្ថែម​ឱ្យ​គ្រប់​ជ្រុង ។ ដូច្នេះ​រឿងរ៉ាវ​មិនល្អ​នឹង​កើតឡើង គឺ​មាន​ឧប្បត្ដិហេតុ​ធ្ងន់ធ្ងរ ។ ស្ថានភាព​ផ្ទៃក្នុង​ដែល​គួរ​ឱ្យ​បារម្ភ គឺ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ជ្រួលច្របល់ ឬ​មាន​អ្នក​ញុះញង់​ឱ្យ​ច្របូកច្របល់​បាន​ អាច​មាន​ការ​ប្រឈម​មុខ​គ្នា​ខ្លះ​ជាមួយ​ប្រទេស​ជិតខាង​ មាន​រឿង​ប៉ះពាល់​ជាង​មួយ​សបា្ដហ៍​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ភាព​មួហ្មង ។ នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​ ដួង​រាសី​នៃ​ប្រទេស​សៀម​បាន​គោចរ​ចូល​ដល់​មុំ​ឆាក​ជាមួយ​ដួង​រាសី​នៃ​អំពើ​បាប​ដែល​បង្កើត​មុំ​ជា​ចតុកោណ និង​មើលឃើញ​ថា ស្រុក​ទេស​នៅ​តែ​មាន​ភាព​ពិបាក​ទាំង​នៅ​ផ្នែក​ខាងក្នុង និង​ក្រៅប្រទេស ។ ហេតុការណ៍​នៅ​ផ្នែក​ខាងក្រៅ​បាន​ចោមរោម​សម្រុក​ចូល​មក​ជាក់ស្ដែង​បញ្ហា​ជាមួយ​ភូមា និង​កម្ពុជា​នឹង​នាំ​យក​ភាព​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង ហើយ​ហេតុការណ៍​គួរ​ឱ្យ​មាន​ការ​បារម្ភ​អាច​ឈាន​ទៅ​ដល់​ខែ​ឧសភា ។ ចំណែក​នៅ​តាម​បណ្ដោយ​ព្រំដែន នឹង​មាន​ការ​ទាស់​គ្នា​ជាមួយ​ប្រទេស​ជិតខាង​ដូចជា​កម្ពុជា និង​ភូមា គឺ​ធ្ងន់ធ្ងរ» ។

គួរ​រំលឹក​ថា ហេតុការណ៍​ផ្សេងៗ​អាច​ឈាន​ដល់​ចំណុច​បែកបាក់​ដូច​ជា​ការ​ទស្សន៍​ទាយ​ក្នុង​ខែ​សីហា​ដែល​ថា «កម្ពុជា​នឹង​ធ្វើ​ការ​រុល​ដល់​ប្រទេស​សៀម​ដោយ​ការ​បញ្ជូន​កម្លាំង​ទ័ព​ចូល​វាយប្រហារ​ទាហាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាងច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ដល់​ពេលវេលា​ដែល​សៀម​នឹង​ឈាន​ចូល​ទៅ​ក្នុង​សង្គ្រាម​មិន​ធ្លាប់​មាន​សោះ​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​អំឡុងពេល​ជា​យូរ​មក​ហើយ ។ ចាត់​ទុក​ថា​ជា​អំពើ​នៃ​ការ​ប្រយុទ្ធ​ដ៏​ពិតប្រាកដ​មួយ​ឥទ្ធិពល​នៃ​ដួង​ជតារាសី​គឺ​ព្រះ​រាហូ​ធ្វើ​ឱ្យ​មាន​មុំ​នៃ​ការ​វៀចវេរ​របស់​ប្រទេស​បើសិនជា​សៀម​នៅ​ព្រងើយ​កន្ដើយ​ចំពោះ​បញ្ហា​ដែល​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ» ។

ការ​ទស្សន៍​ទាយ​ខាងលើ​នេះ​ សម្រាប់​ក្រុម​អ្នកវិភាគ​ខ្មែរ​បាន​មើល​ឃើញ​ផ្ទុយ​ពី​នេះ​ដូចជា​ការ​ទាយ​ថា កម្ពុជា​នឹង​លើកទ័ព​ចូល​លុក​លុយ និង​វាយប្រហារ​ដល់​ប្រទេស​សៀម គឺជា​បញ្ហា​គួរ​ឱ្យ​អស់សំណើច​បំផុត​ព្រោះ​ថា អ្នកវិភាគ​ខ្មែរ​បាន​ចង្អុល​បង្ហាញ​ពី​ហេតុការណ៍​ជាក់ស្ដែង​បំផុត​នោះ គឺ​មួយ​ឆ្នាំ​មក​ហើយ​ដែល​ទាហាន​សៀម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា តើ​ពេល​ទាហាន​សៀម​ចូល​ឈ្លានពាន​នោះ​គ្រូទាយ​នេះ​មាន​និយាយ​ទេ ? ពេល​នេះ​ និង​ពេល​អនាគត​ខ្មែរ​គ្មាន​មហិច្ឆតា​ឆក់​ប្លន់​ទឹកដី​នរណា​ទេ ដូច្នេះ​សៀម​មិនបាច់​ភ័យ​ឡើយ ហើយ​ការ​ទាយ​របស់​ហោរា​រូប​នោះ​ក៏​អាច​ផ្ទុយ​ទៅ​វិញ​ទេ​ថា បើ​ទាហាន​សៀម​ហ៊ាន​តែ​ចូល​រំលោភ​ឈ្លានពាន​ដូចកាល​ពី​ជាង​១​ឆ្នាំ​មុន ពិត​ណាស់​ពួក​គេ​នឹង​ត្រូវ​វីរយុទ្ធជន​ការពារ​ទឹកដី​មិន​ខ្លាច​នឹង​លះបង់​ជីវិត​ការពារ​បូរណភាព​ទឹកដី​នោះ​ឡើយ ។

បញ្ហា​ទាំងអស់​គឺ​បង្ក​មក​ពី​ខាង​សៀម​ទាំងអស់ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ចង់​ទាមទារ​ធ្វើ​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​របស់​ខ្លួន ដើម្បី​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។ សរុប​មក​ការ​ទស្សន៍​ទាយ​ផ្ដេសផ្ដាស​របស់​ហោរា​សៀម​រូប​នេះ​មិន​ដឹង​ថា ផ្អែក​ទៅ​លើ​អ្វី​នោះ​ឡើយ បើ​គេ​មើល​មេឃ​មើល​ផ្កាយ​ក៏​លែង​ទាយ​ត្រូវ​អស់​ហើយ ព្រោះ​បរិយាកាស​លើ​ផែនដី​ប្រែប្រួល ។ អ្នកវិភាគ​ខ្មែរ​បាន​និយាយ​ថា បើ​គ្រប់​គ្នា​ស្រឡាញ់​សន្ដិភាព​មិន​ឈ្លានពាន​គ្នា​នោះ​ វា​គ្មាន​រឿងរ៉ាវ​ក្ដៅក្រហាយ​ណាមួយ​នោះ​ឡើយ ៕

(ដកស្រង់​ពី​សារព័ត៌មាន​កោះសន្ដិភាព ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩)

 

ព្រះពុទ្ធ​សាសនា និង​យុត្តិធម៌

 ព្រះពុទ្ធ​សាសនា និង​យុត្តិធម៌

យុត្តិធម៌​ជា​ពាក្យ​ស័ក្តិសិទ្ធិ​ព្រោះ​អាច​ឲ្យ​គេ​ឈ្នះ​ ចាញ់ រស់ ឬ​ស្លាប់​

យើង​គប្បី​ចាប់​ផ្ដើម​ដោយ​ការ​សិក្សា​ពាក្យ​ថា រាជា ។ បើ​តាម​សៀវភៅ​ឈ្មោះ​ព្រះបាទធម្មិក​បាន​អះអាង​ថា រាជា នេះ​ជា​សម្រែក​របស់​មហាជន​ស្រែក​សម្ដែង​នូវ​ក្ដីរីករាយ អំណរ​សាទរ​ចំពោះ​បុគ្គល​ណាម្នាក់​ដែល​បាន​បំពេញ​ការងារ​ជា​ប្រយោជន៍ ឬ​ការពារ​ពួកគេ​រហូត​ដល់​ពួក​គេ​ពេញ​ចិត្ត​ ពេញ​ប្រមាត់ មិន​អាច​ទប់​ចិត្ត​បាន ហើយ​បញ្ចេញ​សំឡេង​ថា «រាជា ! រាជា !» ដែល​មាន​ន័យ​ថា «ពេញ​ចិត្ត​ហើយ ! ពេញ​ចិត្ត​ហើយ !» ឬ​ថា «ពេញចិត្ត​ណាស់ ! ពេញចិត្ត​ណាស់ !» ។

ដោយ​ឃើញ​ថា បុគ្គល​នោះ​មាន​សមត្ថភាព និង​គុណធម៌​លើស​គេ​ទាំងពួង​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ត ទុក​ចិត្ត​ ស្រឡាញ់​ចូលចិត្ត​ប្រគល់​នូវ​នាទី​ឲ្យ​បុគ្គល​នោះ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ពួក​គេ​ជា​អ្នក​សម្រេច​លើ​ជោគវាសនា​របស់​ពួក​គេ​នាំ​ពួក​គេ​ទៅ​ណា ពួក​គេ​នឹង​ទៅ​តាម​ពេល​មាន​វិវាទ​កើត​ឡើង​ម្ដងៗ​ជា​អ្នក​សម្រេច​ថា ពួក​គេ​មួយ​ណា​ជា​អ្នក​ខុស និង​ជា​អ្នក​ត្រូវ និង​សម្រេច​ចិត្ត​ថា បុគ្គល​ណា​គួរ​ដល់​នូវ​ការ​ផ្ចាញ់ផ្ចាល ។ បុគ្គល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា រាជា ដែល​មាន​ន័យ​ថា បុគ្គល​ជាទី​ពេញ​ចិត្ត ជា​ទី​ទុក​ចិត្ត ។ ប្រការ​នេះ​ក៏​មាន​ចែង​នៅ​ក្នុង​សៀវភៅ​កប្បកដ្ឋា​ដែល​និយាយ​ពី​ការ​វិវត្តន៍​ដំបូងៗ​របស់​មនុស្ស និង​ពិភពលោក​ផង​ដែរ ។

រាប់​ពាន់​ឆ្នាំ​ក្រោយ​មក បុគ្គល​ជា រាជា នោះ​មិន​សូវ​បំពេញ​ការងារ​ឲ្យ​ជា​ទីពេញ​ចិត្ត​របស់​ពួក​គេ ដូចជា លម្អៀង ឃោរឃៅ​ព្រៃផ្សៃ និង​ភាព​ល្មោភ​ជាដើម ។ ចាប់​ពី​ពេល​នោះ​មក តំណែង​ជា​រាជា ជា​តំណែង​ដែល​ភាគ​ច្រើន​បាន​មក​ដោយ​ការ​ដណ្ដើម​គ្នា ។ បុគ្គល​ខ្លះ​មាន​សមត្ថភាព​ដណ្ដើម​យក​តំណែង​នេះ ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្រឡាញ់​ចូលចិត្ត​បាន​ច្រើន ចំណែក​អ្នក​ខ្លះ​មិន​មាន​គុណធម៌ មិន​មាន​យុត្តិធម៌​ក៏​ប្រើ​សិទ្ធិ​ ប្រើ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា រាជា នោះ ដើម្បី​ប្រព្រឹត្ត​ធ្វើ​អំពើ​សាហាវ​ព្រៃផ្សៃ ជិះជាន់ កាប់​សម្លាប់ រឹប​អូស​យក​របស់​ណា​ដែល​ខ្លួន​ចង់​បាន​តាម​ទំនើង​ចិត្ត ហើយ​ចង់​សម្រេច​ដាក់​ទោសទណ្ឌកម្ម​បុគ្គល​ណា​ឲ្យ​បុគ្គល​ណាស​ស្លាប់ ឬ​រស់​តាម​តែ​អណ្ដាត​របស់​ខ្លួន ដោយ​ពុំ​គិត​ពី​គុណធម៌ ឬ​យុត្តិធម៌​ជាដើម ។ ពាក្យ​ថា រាជា ក៏​ក្លាយ​ទៅ​ជា​ពាក្យ​គេ​សម្គាល់​លើ​បុគ្គល​ដែល​មាន​សិទ្ធិ​អំណាច​ជាង​គេ​ជាង​ឯង​គឺ​ស្ដេច ប៉ុន្តែ​គេ​សូវ​បាន​គិត​ដល់​អត្ថន័យ​នៃ​ពាក្យ​នេះ​ឡើង ។

នៅ​ក្នុង​មហាបទុមជាត៌ក ព្រះពុទ្ធ​បាន​សម្ដែង​អំពី​គោលធម៌​សម្រាប់​បុគ្គល​ជា​ស្ដេច​ប្រតិបត្តិ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ទសពិធរាជធម៌ គឺ​ធម៌ ឬ​គោលការណ៍​១០​យ៉ាង​សម្រាប់​ស្ដេច ឬ​បុគ្គល​ដែល​ជា​អ្នកដឹកនាំ ។

បច្ចុប្បន្ន​នេះ រាជា ឬ​ស្ដេច បាន​សាប​រលាប​អស់​ពី​ប្រទេស​មួយ​ចំនួន​បើ​ទោះ​ជា​នៅ​ក៏​រាជា​នោះ​មិន​សូវ​មាន​កាតព្វកិច្ច​ច្រើន​ដូច​ពី​អតីតកាល​ដែរ ។ ជា​តួយ៉ាង​នៅ​ប្រទេស​កម្ពុជា ព្រះរាជា​ទ្រង់​គង់​ជា​ម្លប់ តំណាង​ឯករាជ្យ​ជាតិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ ។ សិទ្ធិ​អំណាច និង​កាតព្វកិច្ច​ភាគ​ច្រើន​របស់​ព្រះរាជា​ពី​អតីតកាល​បាន​ត្រូវ​គេ​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ផ្សេង​ទៀត​ដែល​នៅ​ប្រទេស​ខ្លះ​គេ​ហៅ​ថា នាយករដ្ឋមន្ត្រី ប្រធានាធិបតី អធិការបតី ឬ​អគ្គលេខធិការ ជាដើម ដែល​ជា​សរុប​ទៅ​បុគ្គល​ទាំង​នោះ​គេ​ហៅ​ថា អ្នកដឹកនាំ ។

ដោយ​មិន​ចង់​ដើរ​ជាន់​ដាន​ចាស់ ទើប​កាតព្វកិច្ច​មួយ​ចំនួន​ជា​តួយ៉ាង​សិទ្ធិ អំណាច និង​កាតព្វកិច្ច​នៃ​ការ​សម្រេច​ថា​អ្នកណា​ខុស អ្នកណា​ត្រូវ និង​កំណត់​ថា អ្នកណា​មាន​ទោស ឬ​មិន​មាន​ទោស ពោល​គឺ​ការ​វែក​ញែក​រក​យុត្តិធម៌​នោះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពី​នាយករដ្ឋមន្ត្រី ប្រធានាធិបតី អធិការបតី ឬ​អគ្គលេខធិការ​ជាដើម​នោះ​ទៀត ហើយ​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ដែល​គេ​ហៅ​ថា ចៅក្រម ឬ​តុលាការ ដែល​មាន​ន័យ​ថា ជា​អ្នក​អារកាត់​ដោយ​មាន​ការ​ថ្លឹងថ្លែង​ឲ្យ​ស្មើភាព ឬ​យុត្តិធម៌​ដោយ​យក​ច្បាប់​ជា​កត្តា​វាស់វែង ។

ទោះ​ជា​សម័យ​បច្ចុប្បន្ន បុគ្គល​ជា​ចៅក្រម ឬ​តុលាការ​នោះ​មាន​លក្ខន្តិកៈ​ការងារ​តឹងរ៉ឹង​យ៉ាងណា​ក្ដី ក៏​ជា​រឿយៗ គេ​ឮ​ការ​ឧទ្ទាន​ឡើង​ថា «អយុត្តិធម៌​ណាស់ ! តុលាការ​លម្អៀង… !» ។

នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ទីឃនិកាយ​បាដិកវគ្គ​មាន​កត់ត្រា​អំពី​គោលធម៌​សម្រាប់​បុគ្គល​ដែល​មាន​នាទី​ជា​អ្នក​សម្រេច​សេចក្ដី ឬ​វិនិច្ឆ័យ​ក្ដី ជៀសវាង​ឲ្យ​ខាង​តែ​បាន ។ ដូច្នេះ ពេល​នេះ​បញ្ហា​នៅ​ត្រង់​ថា តើ​គេ​ព្រម​អនុវត្ត​ដែរ ឬ​អត់ ។ ព្រះពុទ្ធ​មិន​មែន​ជា​អ្នក​អង្កេត​ការណ៍​នៅ​ក្នុង​តុលាការ​ទេ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​បញ្ហា​នេះ​យ៉ាង​ច្បាស់​ ហើយ​បាន​រក​ឃើញ​ដំណោះស្រាយ​ពី​ឫសគល់​នៃ​បញ្ហា​នេះ​ទៀត​ផង ។ ព្រះពុទ្ធ​បាន​ហៅ​បញ្ហា​នេះ​ថា អគតិ ពោល​គឺ​ការ​លម្អៀង ហើយ​វា​មាន​ឫស​គល់​ ឬ​ប្រភព​៤​យ៉ាង​គឺ ៖

១. ឆន្ទាគតិ (លម្អៀង ឬ​អគតិ​ព្រោះ​ស្រឡាញ់)

បុគ្គល​ជា​សាច់ញាតិ ជា​គ្រួសារ ជា​ជន​ជា​ទីស្រឡាញ់​របស់​ខ្លួន ជា​បក្ខពួក​របស់​ខ្លួន ឬ​ត្រូវ​គេ​សូកប៉ាន់​ដោយ​ការ​ផ្ដល់​ឲ្យ​នូវ​ប្រយោជន៍​អ្វី​មួយ​ជាដើម នៅ​ពេល​ដែល​បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ខុស ពេល​ត្រូវ​គេ​ប្ដឹង​ក៏​តាំង​មើល​រំលង​ទោសានុទោស​នោះៗ ហើយ​រលុបរលាយ​រំសាយ​កំហុស​ទាំង​នោះ រួច​ហើយ​ក៏​សម្រេច​ឲ្យ​បុគ្គល​ទាំង​នោះ​រួច​ខ្លួន ។ មួយ​វិញ​សោត បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ខុស​មាន​ទំហំ​ធំ​ធេង ដូចជា​វាយ​ដំ​ធ្វើ​បាប​អ្នក​ទន់ខ្សោយ រឹប​អូស​ទ្រព្យសម្បត្តិ​គេ បំពារបំពាន​លើ​អ្នក​ដទៃ ចាប់​រំលោភ ឬ​កាប់​សម្លាប់​គេ​ជាដើម នៅ​ពេល​មាន​ភស្តុតាង និង​សាក្សី​ជាក់​ស្ដែង​ពេក ក៏​បែរ​ជា​ឲ្យ​ត្រឹម​តែ​សារភាព​កំហុស សុំ​ទោស​ជាដើម​ក៏​ចាប់​ទៅ ។ តើ​ភាគី​ជនរងគ្រោះ​អាច​ទទួល​យក​បាន​ទេ ? សម្រែក​អយុត្តិធម៌​ប្រាកដ​ជា​លាន់​ឮ​ឡើង ។

២. ទោសាគតិ (លម្អៀង ឬ​អគតិ​ព្រោះ​ស្អប់ ឬ​ខឹង)

ដោយ​ហេតុ​បុគ្គល​នោះ ក្រុម​នោះ​ជា​មនុស្ស ឬ​ជា​ក្រុម​គូ​បដិបក្ខ ឬ​មាន​និន្នាការ​ផ្សេង​ពី​ក្រុម​ខ្លួន ជា​មនុស្ស ឬ​ក្រុម​ដែល​ខ្លួន​មិន​ពេញចិត្ត ឬ​ធ្លាប់​មាន​គំនុំ​ជាមួយ​ខ្លួន​ជាដើម ។ ពេល​នោះ​បុគ្គល​នោះ ក្រុម​នោះ​មាន​បញ្ហា​ក្ដីក្ដាំ​ក៏​កាត់​ក្ដី​ឲ្យ​ចាញ់ ឬ​បើ​មាន​កំហុស​តិចតួច ក៏​ធ្វើ​ឲ្យ​មាន​ទោស​ធ្ងន់​ជាដើម ។

៣. មោហោគតិ (លម្អៀង ឬ​អគតិ​ព្រោះ​វង្វេង ឬ​ល្ងង់ខ្លៅ)

ដោយ​ហេតុ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ទទួល​បាន​ភស្តុតាង និង​សាក្សី​ដែល​គេ​ក្លែងបំភ័ន្ត​ព័ត៌មាន​មិន​ពិត ទើប​កាត់​ក្ដី​ខុស ។ ភាព​មិន​ឆ្លៀវឆ្លាត​ក្នុង​កិច្ច​អង្កេត និង​ថ្លឹងថ្លែង​ហេតុការណ៍ ក៏​មិន​អាច​វិនិច្ឆ័យ​ក្ដី​ឲ្យ​បាន​សុក្រឹត ។

៤. ភយាគតិ (លម្អៀង ឬ​អគតិ​ព្រោះ​ភ័យខ្លាច)

បុគ្គល ឬ​សាចញាតិ​បក្ខពួក​របស់​បុគ្គល​ដែល​មាន​ឋានៈ បុណ្យស័ក្តិ ឬ​ទ្រព្យសម្បត្តិ​ជាដើម ដឹង​ថា​បុគ្គល​ទាំង​នោះ​ប្រព្រឹត្ត​ល្មើស​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ហ៊ាន​ផ្ដន្ទាទោស​ទៅ​តាម​និយាម​ច្បាប់​ដែល​បាន​កំណត់​រួច​ហើយ ដោយហេតុ​តែ​ខ្លាច​ឋានៈ​បុណ្យស័ក្តិ​បុគ្គល​នោះ​ជាដើម ។

បុគ្គល​ជា​អ្នក​កាន់​ច្បាប់ ឬ​ចៅក្រម តុលាការ​ត្រូវ​តែ​ជៀងវាង​ឲ្យ​ខាង​តែ​បាន​នូវ​អគតិ​ទាំង​៤​នេះ ទើប​អាច​ធានា​បាន​ថា យុត្តិធម៌​នឹង​ប្រព្រឹត្ត​ទៅ​ចំពោះ​មនុស្ស​ទូទៅ ។ ព្រះពុទ្ធ​បាន​បង្រៀន​ថា គេ​អាច​លះបង់​ទ្រព្យសម្បត្តិ​ដើម្បី​រក្សា​អវយវៈ លះ​បង់​អវយវៈ​ដើម្បី​រក្សា​ជីវិត ប៉ុន្តែ​ក្នុង​ករណី​ខាន​មិន​បាន សុខចិត្ត​លះបង់​ជីវិត (ឬ​មុខ​តំណែង) ដើម្បី​រក្សា​ធម៌ ។ ធម៌​គឺ​អ្វី​ដែល​ពិត​មិន​លម្អៀង ឬ​យុត្តិធម៌​នេះ​ឯង ។

ចំណែក​អ្នកដឹកនាំ​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន កុំ​ឲ្យ​ធ្លោយធ្លាន់​ខ្លួន​ចូល​ទៅ​ក្នុង​អគតិ​ណាមួយ​ជា​ដាច់​ខាត ។ ជា​អ្នកដឹកនាំ​គេ ជា​រឿយៗ​រមែង​មាន​មនុស្ស​ប្លម អែបអប រណែបរណប ចាក់​ចេក ចាក់​ស្ករ ញុះញង់ ក្លែងបន្លំ​ការ​ពិត (ជាពិសេស​មនុស្ស​នៅ​ក្បែរ​ខ្លួន) ដែល​ប្រការ​ទាំង​នេះ​ឯង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​ក្លាយ​ជា​ជនអគតិ ខ្វះ​យុត្តិធម៌ ខ្វះ​គុណធម៌ ដោយ​មិន​ដឹង​ខ្លួន ឬ​ដោយ​ចេតនា​ក៏​សឹង​មាន ៕

ខឿន សាឃាង
សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០០៩

 

កំប្រុក​ស៊ី​ផ្លែ​ល្វា រមួល​កទា ផ្សា​ក្ដិត​ឈ្លូស

និយមន័យៈ និទណ្ឌភាព​របស់​អ្នក​ខ្លាំង និង​ភាព​រងគ្រោះ​របស់​អ្នក​ខ្សោយ ។

អត្ថាធិប្បាយ

សុភាសិត​នេះ​ពុំ​មាន​ន័យ​យោល​ទៅ​ផ្នែក​អត្ថានុរូប​ទេ គឺ​មាន​ន័យ​ជា​អត្ថប្បដិរូប​សុទ្ធសាធ ។

កំប្រុក​ស៊ី​ផ្លែល្វា

ពាក្យ​នេះ​លោក​សំដៅ​ទៅ​លើ​មន្ត្រី​ពុករលួយ​ដែល​ស៊ី​សំណូក ។ សំណូក​លោក​ប្រៀប​ទៅ​នឹង​ផ្លែល្វា​ដែល​ជា​ផ្លែ​មិន​ស្អាត​ល្អ​ដូច​ផ្លែឈើ​ឯ​ទៀតៗ ។

ហេតុ​ដែល​លោក​រើស​យក​សត្វ​កំប្រុក​នេះ​មក​ដើរ​តួ​ក្នុង​សុភាសិត​នេះ ព្រោះ​សត្វ​កំប្រុក​អាច​រស់​នៅ​ក្នុង​ស្រុក​ក៏​បាន​នៅ​ក្នុង​ព្រៃ​ក៏​បាន​ឲ្យ​តែ​មាន​ដើមឈើ​ដែល​មាន​ផ្លែ​អាច​ឲ្យ​វា​ស៊ី​ចិញ្ចឹម​ជីវិត​បាន ។ ម្យ៉ាងទៀត​លោក​បាន​លើក​យក​សត្វ​កំប្រុក​នេះ​មក​ធ្វើការ​ប្រៀបធៀប ព្រោះ​វា​ជា​សត្វ​រស់​នៅ​តែ​លើ​ដើមឈើ​ជា​តំណាង​ឲ្យ​មន្ត្រី​ថ្នាក់​លើ ថ្នាក់​ខ្ពស់ ថ្នាក់​ធំ ។

រមួល​ក​ទា

សត្វ​ទា​នៅ​ពេល​នេះ​លោក​សំដៅ​យក​សត្វ​ទា​ស្រុក​ដែល​ឡើង​ទ្រនំ​មិន​រួច គឺ​រស់​នៅ​ផ្ទាល់​តែ​នឹង​ដី​ឲ្យ​ជា​តំណាង​បុគ្គលិក​តូច​ទាប ។ គឺ​បុគ្គលិក​ដែល​មន្ត្រី​ធំ​ប្រើ​ឲ្យ​រត់ការ ឬ​ធ្វើ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់ ។

ផ្សា​ក្ដិត​ឈ្លូស

ឈ្លូស​គឺ​ជា​សត្វ​រស់​នៅ​ក្នុង​ព្រៃ ហើយ​ស៊ី​ស្មៅ​ជា​អារហារ ។ វា​មិន​ដែល​ស៊ី​ជីវិត​គេ​ទេ ។ ឈ្លូស​ជា​សត្វ​ស្លូត​បំផុត និង​ខ្លាច​គេ​ខ្លាំង​ណាស់ ។ លោក​លើក​យក​សត្វ​នេះ​ឲ្យ​ជា​តំណាង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​សាមញ្ញ​បំផុត ហើយ​រស់​នៅ​ឆ្ងាយ​ពី​មន្ត្រី​ជាន់​ខ្ពស់ ។

សំយោគ​ន័យ

ពិត​មែន​តែ​សុភាសិត​នេះ​មាន​បី​ឃ្លា​មែន តែ​មាន​ន័យ​ជាប់​ទាក់​ទង​គ្នា​តែ​មួយ គឺ​លោក​ចង់​និយាយ​ថា មាន​មន្ត្រី​ពុករលួយ​ម្នាក់​ស៊ី​សំណូក​យ៉ាង​ឆ្ងាញ់​ពេញ​មាត់ ដោយ​គ្មាន​គិត​ក្រែង​អ្វី​ទាំងអស់ ។ គេ​ត្របាក់​ស៊ី​ដោយ​សុវត្ថិភាព ។

ប៉ុន្តែ បុគ្គលិក​ក្រោម​ឱវាទ​ដែល​លោក​ធំ​ប្រើ​ឲ្យ​ធ្វើ​កិច្ចការ​នោះ​វិញ​ទេ ដែល​ជា​អ្នក​រងគ្រោះ​ជំនួស ។ អ្នក​រងគ្រោះ​នេះ​មិន​ហ៊ាន​ថ្លែង​ការណ៍​ពិត​ទេ​ដោយ​ខ្លាច​សុវត្ថិភាព​ផ្ទាល់​ខ្លួន ។ ម្ល៉ោះហើយ សុខចិត្ត​ទ្រាំ​លេប​ថ្ម លេប​ក្រួស​ទាំង​បង្ខំ​ចិត្ត យ៉ាង​រមួល​ក​ទៅ​ចុះ ។

រីឯ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​បាន​ត្រឹមតែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ឯង ។

ឧទាហរណ៍ៈ អ្នក​វិនិយោគទុន​ម្នាក់​បនា​ទៅ​ឃុបឃិត​ជាមួយ​មន្ត្រី​មាន​អំណាច​ម្នាក់​ដើម្បី​ធ្វើ​ប្លង់​កាន់​កាប់​ដី ។ លោក​ធំ​ប្រើ​ឲ្យ​ភ្នាក់ងារ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​ជ្រក​ក្រោម​ផ្លាក​ដី​អភិវឌ្ឍន៍ ។ ជួនកាល​គេ​រុះរើ​ផ្ទះ​សម្បែង​គ្នា​អស់​ទៀត​ផង ។ ឯ​ប្រជាពលរដ្ឋ​គ្មាន​អ្វី​ទៅ​តវ៉ា​ឲ្យ​ឈ្នះ​គេ​ទេ ព្រោះ​អង្ករ​ក្លាយ​ជា​បាយ​អស់​ហើយ ។ ម្ល៉ោះហើយ​មាន​តែ​ក្ដីក្ដៅ​ក្រហាយ និង​ឈឺ​ចាប់​យ៉ាង​ខ្លោច​ផ្សា​តែ​ប៉ុណ្ណោះ​ឯង ៕

 

សុភាសិត​ផ្សេងទៀត

 

ស្វែង​យល់​ពាក្យ «កណ្ដែង​កណ្ដោច»

«កណ្ដែង​កណ្ដោច» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ត្រមោច​ឯកឯង​នៅ​ក្នុង​ទី​ស្ងាត់ ឥត​មាន​សូរស័ព្ទ​អ្វី​ទៅ​បណ្ដាល​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​មាន​តែ​នាំ​ឲ្យ​មាន​សេចក្ដី​សង្វេគ​ចិត្ត ។ បរិវារស័ព្ទ «កណ្ដែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កណ្ដែង​តែ​ម្នាក់​អោច» ពោល​គឺ «កណ្ដោច​តែ​ម្នាក់​ឯង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

November 10, 2009

កំណើត​និង​អត្ថិភាព​ជនជាតិ​ខ្មែរ និង​ស្ថាបនិក​អរិយធម៌​អង្គរ

តើ​ជនជាតិ​ខ្មែរ​បច្ចុប្បន្ន​ជា​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​បុព្វបុរស​ដែល​បាន​កសាង​អង្គរ​ពិត​មែន​ឬ​ទេ ?

ក្រោយ​ពី​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៣២ ប្ដូរ​ឈ្មោះ​ប្រទេស​ «សៀម» ទៅ​ជា «ថៃឡង់» ហ្លួង វិចិត្រវាទកាន ដែល​ជា​ជនជាតិ​សៀម​កាត់​ចិន ធ្លាប់​បាន​សិក្សា​វិជ្ជា​ជាន់​ខ្ពស់​នៅ​ប្រទេស​បារាំង ជា​អ្នក​និពន្ធ​សារព័ត៌មាន បាន​ចូល​កាន់​ដំណែង​ជា​ប្រធាន​នាយកដ្ឋាន​វិចិត្រ​សិល្បៈ ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល ហ្លួង វិចិត្រវាទកាន បាន​តាក់​តែង​ស្ថាបនា​នូវ​ទ្រឹស្ដី​ជាតិ​និយម​ថៃ​មួយ​ដែល​ពឹង​ផ្អែក​ទាំងស្រុង​ទៅ​លើ​ទស្សនៈ «ប្រកាន់​ពូជ​សាសន៍» វាយ​តម្លៃ​ដ៏​ខ្ពស់​ទៅ​លើ​ជាតិ​ថៃ​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ទៀត​ដែល​រស់​នៅ​ជិត​ខាង​លើ​ដែន​ដី​ឥណ្ឌូចិន ។

ទ្រឹស្ដី​នេះ​ត្រូវ​បាន​ ហ្លួង វិចិត្រវាទកាន ខ្លួន​ឯង​ប្រើ​ស្លាប​ប៉ាកកា​ក្នុង​ឋានៈ​ខ្លួន​ជា​អ្នក​កាសែត​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ជ្រួតជ្រាប​ក្នុង​ចំណោម​និស្សិត និង​មហាជន​សៀម ។ គេ​អាច​ប្រៀបធៀប​ទ្រឹស្ដី​របស់ ហ្លួង វិចិត្រវាទកាន ទៅ​នឹង​ទ្រឹស្ដី​របស់​ពួក​ហ្វាស៊ីស​និយម​ប្រកាន់​ពូជ​សាសន៍​ដែល​សម័យ​នោះ​កំពុង​តែ​មាន​ជ័យជំនះ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប មាន​ទ្រឹស្ដី​ជាតិ​និយម​ហួសហេតុ និង​ពង្រីក​ទឹកដី​និយម​របស់ ហ៊ីត្លែ សម័យ​ប្រទេស​អាល្លឺម៉ង់​ហ្វាស៊ីស​ជាដើម ។ ប្រសិនបើ​និយាយ​ដោយ​សង្ខេប ទ្រឹស្ដី​ជាតិ​និយម​ហួសហេតុ និង​ឈ្លាន​ពាន​បង្ក​សង្គ្រាម​ថៃ​នេះ​ពឹង​ផ្អែក​ទៅ​លើ​គោលការណ៍​ធំៗ​ខ្លះ​ដូច​ខាង​ក្រោម ៖

ដំបូង​ឡើង ទ្រឹស្ដី​នេះ​ប្រឆាំង​ទាំង​ស្រុង​ទៅ​នឹង​ជនជាតិ​ចិន​ដែល​បាន​បោះបង់​មាតុភូមិ​កំណើត ហើយ​មក​តាំង​នៅ​ក្នុង​ប្រទេស​សៀម តែ​ពុំ​ព្រម​រំលាយ​ខ្លួន​ចូល​ទៅ​ក្នុង​សហគមន៍​ជាតិ​សៀម ហើយ​ថែម​ទាំង​កាន់​កាប់​ទាំង​ស្រុង​នូវ​សេដ្ឋកិច្ច​ប្រទេស​នេះ​ទៀត​ផង ។ ក្នុង​វិស័យ​ក្រៅ​ប្រទេស ទ្រឹស្ដី​នេះ​មាន​លក្ខណៈ​ជា​ទ្រឹស្ដី​ពង្រីក​ទឹក​ដី​និយម បង្ក​សង្គ្រាម​ឈ្លានពាន ព្រោះ​ទ្រឹស្ដី​នេះ​ទាមទារ​ឲ្យ​ជនជាតិ​ថៃ​ក្នុង​ប្រទេស​សៀម​វាយ​ដណ្ដើម​នូវ​ដែនដី​នៃ​ប្រទេស​ជិតខាង​ទាំងឡាយ​ដែល​មាន​ជនជាតិ​អម្បូរ​កំណើត​ថៃ ស្នាក់​អាស្រ័យ​នៅ​មាន​ជា​ពិសេស ជនជាតិ​សាន (Shan) នៅ​ប្រទេស​ភូមា​ប៉ែក​ខាង​កើត ជនជាតិ​ថៃ​នៅ​ប្រទេស​ចិន​ប៉ែក​ខាងត្បូង​ក្នុង​អាណាខេត្ត​យូណាន​ក្នុង​ភូមិភាគ​ស៊ីបសង​ប៉ាន់ណា (Sipsang Panna) ជា​មណ្ឌល​កំណើត​ដើម​នៃ​អម្បូរ​ជាតិ​ថៃ ជនជាតិ​លាវ​ដែល​ជា​សាខា​មួយ​យ៉ាង​ធំ​នៃ​អម្បូរ​ថៃ​ដែរ ដែល​ពេល​នោះ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​នៅ​ឡើយ ។ មិន​តែ​ប៉ុណ្ណោះ ទ្រឹស្ដី​ជាតិ​និយម​ថៃ​នេះ​រហូត​ដល់​ទៅ​ទាមទារ​ឲ្យ​ដណ្ដើម​យក​មក​បញ្ចូល​ក្នុង​សមាគម​ជាតិ​ថៃ​នូវ​ដែនដី​ប្រទេស​កម្ពុជា​ទាំងមូល និង​អាណា​ខេត្ត​ម៉ាឡេស៊ី​ខ្លះ​នៅ​ជាប់​នឹង​ប្រទេស​ថៃ មាន​ភូមិភាគ​កេដាក់ (Kedah) ពែរលី (Perli) កេឡាន់តាន់ (Kelantan) និង​ត្រឹងហ្គានូ (Trengganu) ជាដើម ។ល។

ចំពោះ​ដែនដី​ទាំងឡាយ​នៅ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ទ្រឹស្ដី​នេះ​ចែង​យ៉ាង​ច្បាស់លាស់​ថា «តំបន់​ទាំង​នេះ​គឺ​ជា​ដី​ដែល​ជនជាតិ​សៀម​មាន​សិទ្ធិ​ជា​ប្រវត្តិសាស្ត្រ បើ​ដូច្នេះ​ត្រូវ​តែ​វិល​ចូល​ទៅ​ក្នុង​ប្រទេស​សៀម​វិញ» ។ ហ្លួង វិចិត្រវាទកាន រហូត​ដល់​ទៅ​កាឡៃ​ប្រវត្តិសាស្ត្រ​ជនជាតិ​ខ្មែរ ដោយ​ការពារ​ទ្រឹស្ដី​មួយ​ចែង​ថា «ដែនដី​កម្ពុជា​សព្វថ្ងៃ កាល​ពី​សម័យ​ដើម​ជា​ដែនដី​របស់​ពួក​ខម (ជា​ឈ្មោះ​ដែល​ជនជាតិ​សៀម និង​លាវ​ហៅ​ខ្មែរ​ពី​បុរាណ ហើយ​ជនជាតិ​លាវ​នៅ​តែ​រក្សា​ហៅ​ខ្មែរ​ថា​ខាមេន ឬ​ខម​រហូត​មក​ដល់​សព្វ​ថ្ងៃ) ហើយ​ពពួក​ខម​ទាំង​នេះ​ត្រូវ​ជនជាតិ​ថៃ​ច្បាំង​រំលាយ​សម្លាប់​ផុត​ពូជ​ទៅ​ហើយ ឯ​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ​លើ​ទឹក​ដី​កម្ពុជា គឺ​គ្រាន់​តែ​ជា​សាខា​មួយ​យ៉ាងធំ​នៃ​ពូជ​អម្បូរ​ថៃ​តែ​ប៉ុណ្ណោះ (sic)» ។ ដើម្បី​ពន្យល់​អំពី​«ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ»​នេះ អ្នក​ទ្រឹស្ដី​សៀម​ដដែល​បាន​ពន្យល់​ថា សក្ខីភាព​ជាក់ស្ដែង​ថា​ខ្មែរ​ជា​ពូជ​អម្បូរ​ថៃ​ គឺ​មាន​ស្ថិត​នៅ​ក្នុង​អារ្យធម៌ វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ឯង​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដូច​បងប្អូន​បង្កើត (sic ទ្រឹស្ដី​កាឡៃ​ប្រវត្តិសាស្ត្រ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ) ។

មុំ សេនី​ប្រាមោជ (Mom Seni Pramoj) មេធាវី​សៀម​អម​តុលាការ​អន្តរជាតិ​នាទីក្រុង​ឡាអេ​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ បាន​ការពារ​ទ្រឹស្ដី​ជាតិ​និយម​ថៃ​នៅ​ក្នុង​សារព័ត៌មាន​សៀម «ឆាវថៃ» ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩៥៩​ថា «ពពួក​ខម​ជា​ជន​ពូជ​អម្បូរ​ឥណ្ឌា ។ ជនជាតិ​ថៃ​មាន​ដើម​កំណើត​ក្នុង​ខេត្ត​យូណាន​របស់​ចិន បាន​វាយ​យក​ជោគជ័យ​ទៅ​លើ​ជាតិ​ខម រហូត​ដល់​ពួក​នេះ​ត្រលប់​ទៅ​ស្រុក​ឥណ្ឌា​វិញ ។ ដែនដី​ដែល​កាល​ពី​ដើម​ពួក​ខម​តាំង​នៅ ក៏​ក្លាយ​ទៅ​ជា​ដី​ថៃ ហើយ​ប្រជាជន​ថៃ​ក៏​បែង​ចែក​ខ្លួន​ជា​ពីរ​ក្រុម ។ ក្រុម​ទី​១ បាន​មក​តាំង​នៅ​តំបន់​ទំនាប​ដែល​គេ​ឲ្យ​ឈ្មោះ​សព្វថ្ងៃ​នេះ​ថា កម្ពុជា ។ ក្រុម​ទី​២ បាន​តាំង​នៅ​តំបន់​ខ្ពស់ ហើយ​នៅ​រក្សា​ឈ្មោះ​ថៃ​ដដែល ។ តាម​ការ​ពិត​ក្រុម​ទាំង​ពីរ​នេះ​ចេញ​ពី​ពូជ​អម្បូរ​តែ​មួយ គឺ​ពូជ​អម្បូរ​ថៃ​នេះ​ឯង ។ ភស្ដុតាង​នៃ​ការ​ពោល​អះអាង​បែប​នេះ​គឺ​មាន​ប្រពៃណី ទំនៀមទម្លាប់​ របៀប​រស់​នៅ​នៃ​ប្រជាជន​ទាំង​ពីរ (ខ្មែរ និង​ថៃ) ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ» (sic) ។

គេ​សង្កេត​ឃើញ​ថា ទ្រឹស្ដី​ជាតិ​និយម​ថៃ​នេះ​នៅ​តែ​មាន​មជ្ឈដ្ឋាន​វរជន​ថៃ​នៅ​ទីក្រុង​បាងកក​គាំទ្រ​មក​ទល់​សព្វ​ថ្ងៃ ។ សក្ខីភាព​ជាក់ស្ដែង​បញ្ជាក់​ថា​ប្រទេស​សៀម​មិន​ទាន់​បាន​បោះបង់​ចោល​ទ្រឹស្ដី​នេះ ​គឺ​រឿងរ៉ាវ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន ។

រហូត​មក​ដល់​ឆ្នាំ​១៩៤៧ មតិ​ដែល​គេ​ទទួល​ស្គាល់​ភាគ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ គឺ​ការ​យល់​ថា​ពូជ​មនុស្ស​ខ្មែរ​មក​ពី​ឥណ្ឌា ។ សៀវភៅ​បូជនីយេសក៍​អង្គរ​របស់​លោក Pièrre Loti បាន​សរសេរ​ថា «នៅ​សម័យកាល​មិន​ច្បាស់លាស់​តាំង​ពី​សតវត្ស​យូរ​អង្វែង​ហើយ ទីក្រុង​អង្គរ​ជា​ទីក្រុង​រុងរឿង​មួយ​ក្នុង​ចំណោម​ទីក្រុង​រុងរឿង​នានា​ក្នុង​លោក ។ មាន​ពួក​មនុស្ស​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា​មក​រស់​នៅ​តាម​ដែន​ដី​សណ្ដ​ទន្លេ​មេគង្គ ក្រោយ​ពី​បាន​យក​ជ័យជំនះ​លើ​ជនជាតិ​ដើម ។ ពួក​អ្នក​ឈ្នះ​បាន​យក​ទេវៈ​ព្រហ្មញ្ញ​សាសនា​រឿង​រាមាយណៈ​ដ៏​ល្បីល្បាញ​មក​ផ្សព្វផ្សាយ ហើយ​ថ្ងៃ​ក្រោយ​មក​នៅ​លើ​ទឹក​ដី​ដ៏​មាន​ជីជាតិ​នេះ គេ​បាន​កសាង​ប្រាសាទ​ពាសពេញ​ដែល​ប្រកប​ដោយ​រូប​ចម្លាក់​រាប់​ពាន់» ។ លោក Pièrre Loti បាន​បន្ថែម​ទៀត​ថា «ប្រាសាទ​ដែល​គេ​មិន​អាច​ស្គាល់​បាន​នៅ​ពី​មុខ​ខ្ញុំ​នេះ​តំណាង​ឲ្យ​ទស្សនៈ​ខ្លាំងក្លា​របស់​ជនជាតិ​ខ្មែរ​ដែល​គ្មាន​ជនជាតិ​ណា​ក្នុង​ពិភពលោក​ប្រដូច​បានៈ ជនជាតិ​ខ្មែរ​គឺ​ជា​ជនជាតិ​ដែល​បែក​ចេញ​ពី​ពូជ​សាសន៍​អារ្យាង​ដ៏​ខ្លាំងពូកែ ធ្វើ​ដំណើរ​ផ្សងព្រេង​មក​រស់​នៅ​ក្នុង​តំបន់​នេះ ហើយ​បាន​រុងរឿង​លើស​ប្រភព​កំណើត​របស់​ខ្លួន» ។

ឥទ្ធិពល​អរិយធម៌​ឥណ្ឌា​មក​លើ​ឥណ្ឌូចិន​មាន​ភាព​បន្ត​ហូរហែ​ពុំ​ដាច់​ឡើយៈ ប្រវត្តិសាស្ត្រ​ប្រទេស​នេះ​បាន​បង្ហាញ​ពី​វិត្ថារកម្ម​នៃ​វប្បធម៌​ឥណ្ឌូ​មក​លើ​ប្រទេស​ខ្មែរ​មក​ពី​ប្រទេស​ឥណ្ឌា​ទាំង​ហ្វូងៗ ។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​លក្ខណៈ​ជាតិ​ពន្ធុវិទ្យា និង​ភាសា​វិទ្យា មនុស្ស​ខ្មែរ​ដែល​បាន​កសាង​អង្គរ គឺ​ជា​ពូជ​មនុស្ស​ដែល​បាន​រស់​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​តាំង​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ​មក​ម្ល៉េះ ។ នៅ​ពេល​មក​ដាក់​អាណានិគម​ជា​ដំបូង គេ​ឃើញ​នៅ​ក្នុង​រាជវង្ស​គ្រប់គ្រង​ប្រទេស​មាន​ឈាម​ជា​ហិណ្ឌូ ។ ប៉ុន្តែ​ការ​សិក្សា​អំពី​ព្រះនាម​របស់​មហាក្សត្រ និង​ព្រះរាជវង្សានុវង្ស​បង្ហាញ​ថា ការ​កាត់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រហ័ស​រវាង​អ្នក​មក​ពី​ក្រៅ និង​អ្នក​ស្រុក​ដើម ហើយ​បញ្ហា​វណ្ណៈ​ក៏​មាន​ការ​ធូរស្រាល​ជាង​នៅ​ឥណ្ឌា​ដែរ ។ នៅ​សម័យ​កសាង​អង្គរ រាជសន្តតិវង្ស​មាន​ការ​រលាយ​ចូល​គ្នា​នៃ​ឈាម​ជ័រ​របស់​អ្នក​ស្រុក​ដើម ។ លើស​ពី​នេះ​ទៀត ក្នុង​វិស័យ​វប្បធម៌ ភាសា​សំស្ក្រឹត​ប្រើប្រាស់​នៅ​ក្នុង​ព្រះបរមរាជវាំង ។ បដិមា​ព្រះទេវៈ និង​បដិមា​ព្រះមហាក្សត្រ​មាន​លក្ខណៈ​ខ្មែរ​សុទ្ធសាធ ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​របស់​ឥសី​កម្ពុ ហើយ​ប្រជាពលរដ្ឋ​គឺ​ជនជាតិ​កម្ពុជា​ដែល​ជា​កូន​ចៅ​របស់​ឥសី​កម្ពុ ។

លោក G. Groslier បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ក្រោម​ម្លប់​អង្គរ​ដោយ​មាន​មតិ​ផ្ទុយ​ទៅ​នឹង​ទស្សនៈ​ដែល​ថា​មនុស្ស​ខ្មែរ​មាន​ដើម​កំណើត​ពី​ឥណ្ឌា ។ លោក​រៀបរាប់​ថា «ជា​សង្ខេប​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​មាន​វីរភាព​នូវ​លក្ខណៈ​ដើម​របស់​មនុស្ស​ខ្មែរ ។ សិល្បៈ​ខ្មែរ​បាន​លេច​ចេញ​នូវ​ភាព​ដើម និង​បង្កើត​អ្វីៗ​ដែល​ថ្មី​រាប់​រយ​ពាន់​នៅ​ក្នុង​ជួរ​ទី​មួយ​នៃ​សិល្បៈ​សកលលោក» ។

ជា​សេចក្ដី​សន្និដ្ឋាន យើង​អាច​និយាយ​បាន​ថា ជនជាតិ​ខ្មែរ​ជា​ជនជាតិ​ដើម​ដែល​នៅ​ពេល​ដំបូង​បាន​ទទួល​ឈាម​ឥណ្ឌា​ជាមួយ​នឹង​អរិយធម៌​ព្រាហ្មណ៍​និយម ប៉ុន្តែ​ពុំ​មែន​ជនជាតិ​ឥណ្ឌា​បាន​មក​ប្រទេស​នេះ​ទាំង​ហ្វូងៗ មក​លើ​វាលខ្សាច់​រហោស្ថាន ហើយ​បាន​សម្លាប់​ប្រជាជន​ដើម​អស់​រលីង​នោះ​ទេ ។ ការ​ខុស​ឆ្គង​នេះ លោក George Coedès បាន​តស៊ូ​ជំនះ​ចំពោះ​ទស្សនៈ​ដែល​ថា​ជនជាតិ​ខ្មែរ​ជា​ជនជាតិ​មក​ពី​ខាងក្រៅ ហើយ​បាន​បាត់បង់​យ៉ាង​អាថ៌កំបាំង​នៅ​តំបន់​ទំនាប​ទន្លេ​មេគង្គ ។

អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ប្រវត្តិសាស្ត្រ​សាសនា​​នៃ​ប្រជាពលរដ្ឋ​ផុត​ពូជ​ដែល​លោក​ឧត្ដមនាវី Amiral Bonard បាន​សរសេរ​នៅ​ឆ្នាំ​១៨៦២​ក្នុង​ទស្សនាវដ្ដី​ជើង​ទឹក និង​អាណានិគម​ គឺ​ជា​សក្ខីភាព​បង្ហាញ​ដល់​អ្នក​មិន​ជឿ​ថា​ ប្រទេស​កម្ពុជា​ដ៏​កំសត់​បច្ចុប្បន្ន​នេះ បាន​ចិញ្ចឹម និង​អាច​ចិញ្ចឹម​ត​ទៅ​ទៀត​ដល់​ប្រជាជន​ដែល​ជា​វិចិត្រករ សិល្បករ និង​ជា​អ្នក​ឧស្សាហ៍​ព្យាយាម ។ ជាច្រើន​ពាន់​ឆ្នាំ​កន្លង​មក​ហើយ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​អនុគ្រោះ​ដោយ​ធម្មជាតិ​ គឺ​បរិមាណ​មនុស្ស​ទេ​ដែល​បាន​ផ្លាស់ប្ដូរ ។

ប្រវត្តិសាស្ត្រ​ពិភពលោក​បាន​បង្ហាញ​ថា មុន​ដំបូង​ប្រជាជាតិ​មួយ​បាន​កកើត​ឡើង បន្ទាប់​មក​ក៏​ធ្លាក់​ចុះ ហើយ​ទី​បំផុត​បាន​រលាយ​បាត់​ពី​អំណាច​ជា​ចក្រភព​ដ៏​មាន​អំណាច ប៉ុន្តែ​មាន​ឧទាហរណ៍​តិចណាស់​ដែល​ថា​បាន​រលត់​រលាយ​សាប​សូន្យ​ទាំង​អស់ ហើយ​ប្រជារាស្ត្រ​បាន​ផុត​ពូជ​នោះ ។ ជនជាតិ​ចាម​ដែល​ជា​គូប្រជែង​ជាមួយ​ជនជាតិ​ខ្មែរ ហើយ​មាន​ភ័ព្វ​អាក្រក់​ជាង​ជនជាតិ​ខ្មែរ​នោះ ថ្វីត្បិត​តែ​បាន​បាត់បង់​អធិបតេយ្យភាព​ក៏​ដោយ ប៉ុន្តែ​ពូជ​សាសន៍​របស់​ខ្លួន​នៅ​តែ​មាន​អត្ថិភាព​នៅ​ឡើយ ។ ក្រៅ​ពីក្រុម​ជនជាតិ​ចាម​ដែល​រស់​នៅ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ភាគ​កណ្ដាល ជនជាតិ​នេះ​នៅ​តែ​រស់​នៅ​កាន់​កាប់​ឆ្នេរ​សមុទ្រ​ជា​ច្រើន​សតវត្ស ។ បើ​យើង​មាន​មធ្យោបាយ​ងាយៗ​ដើម្បី​ស្រាវជ្រាវ​រក​ជនជាតិ​នេះ​ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ក្នុង​ខេត្ត​ប៊ិញឌិញ ឬ​ខ្វាងណាម​នោះ យើង​នឹង​អាច​រក​ឃើញ​ភាគរយ​នៃ​ជនជាតិ​នេះ​ដែល​ជា​តួលេខ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ ចុះ​ចំណែក​ឯ​ជនជាតិ​ខ្មែរ​វិញ ដែល​ឈ្មោះ​របស់​ខ្លួន​ពុំ​បាន​ផ្លាស់​ប្ដូរ គេ​បាន​បន្ត​និយាយ​ភាសា​ខ្មែរ​ពី​បុព្វបុរស​គេ​ដែល​ប្រើប្រាស់​ភាសា​នេះ​តាំង​ពី​សតវត្ស​ទី​៦​ដែល​មាន​ចារ​នៅ​លើ​សិលាចារឹក តើ​មាន​ហេតុ​ផល​អ្វី​ដែល​នាំ​ឲ្យ​គេ​ជឿ​ថា ខ្មែរ​បច្ចុប្បន្ន​មិន​ជាប់​សាច់​ឈាម​នឹង​បុព្វបុរស​ខ្មែរ​អ្នក​កសាង​អង្គរ ហើយ​ថា​បុព្វបុរស​ខ្មែរ​កសាង​អង្គរ​បាន​បាត់​បង់​ផុត​ពូជ​ដោយ​មិន​បាន​បន្សល់​នូវ​ស្នាម​ភស្តុតាង​នោះ ?

វប្បធម៌​ក្រោយ​សម័យកាល​រុងរឿង​របស់​ខ្មែរ​បាន​ទទួល​រងគ្រោះ​ធ្លាក់​ចុះ​មិន​អាច​កែ​បាន​ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ ការ​បែក​បាក់​ផ្ទៃក្នុង ការ​ដាក់​ទណ្ឌកម្ម​នៃ​ព្រហ្មលិខិត​ដូច​អរិយធម៌​នានា​ក្នុង​លោក​ដែរ ។

នៅ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​សតវត្ស​ទី​១៣ អ្នក​ការទូត​ចិន​ឈ្មោះ ជីវ តាក្វាន់ បាន​មក​ដល់​ទីក្រុង​អង្គរ ហើយ​បាន​ពិពណ៌នា​ពី​ភាព​រុងរឿង​នៃ​ប្រទេស​ខ្មែរ ប៉ុន្តែ​ក៏​មាន​ការ​បង្ហាញ​ពី​សញ្ញា​ដែល​ជា​ប្រផ្នូល និង​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​អរិយធម៌​អង្គរ​ដែរៈ «គេ​និយាយ​ថា​ក្នុង​ចំបាំង​នឹង​សៀម គេ​នាំ​គ្នា​កេណ្ឌ​អ្នក​ស្រុក​ទៅ​វាយ​ដោយ​កម្លាំង​តែ​ម្ដង» និង​និយាយ​ម្យ៉ាងទៀត «នៅ​ក្នុង​សង្គ្រាម​ថ្មីៗ​នេះ​ជាមួយ​នឹង​ជនជាតិ​សៀម ប្រទេស​ទាំងមូល​ត្រូវ​ខ្ទេចខ្ទី​អស់» ។ ការ​កេណ្ឌ​មនុស្ស​ទាំងហ្វូងៗ​ទៅ​ធ្វើ​សង្គ្រាម សង្គ្រាម​ដែល​កាប់​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​របស់​អ្នក​ឈ្នះ ការ​ចុះ​ខ្សោយ​នៃ​អំណាច​កណ្ដាល និង​ទី​បំផុត​ការ​ចាកចោល​រាជធានី​អង្គរ​នៅ​មួយ​សតវត្ស​ក្រោយ​មក នាំ​ឲ្យ​មាន​គំនិត​ផ្ទុយ​គ្នា​ចំពោះ​បញ្ហា​ជនជាតិ​ខ្មែរ​ពី​អតីតកាល និង​បច្ចុប្បន្នកាល ។ ប៉ុន្តែ​ជា​ហេតុផល​ដែល​ថា​មនុស្ស​ខ្មែរ​ជា​ពូជ​អាថ៌កំបាំង ហើយ​បច្ចុប្បន្ន​នេះ​បាន​បាត់​បង់​ផុត​ពូជ​នោះ​ទេ ។ នេះ​គឺ​ជា​យល់​ខុស​ឆ្គង​ដែល​នាំ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​វិវាទ​លើ​មនុស្ស​ខ្មែរ​បច្ចុប្បន្ន​ថា​ពុំ​មាន​ជាប់​សាច់​ឈាម​ជាមួយ​បុព្វបុរស​របស់​ខ្លួន​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន ។

យើង​អាច​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ដូច​អត្ថបទ​ក្នុង​សៀវភៅ​បូជនីយេសន៍​អង្គរ​ថា «ប្រទេស​កម្ពុជា​ដ៏​តូច​បច្ចុប្បន្ន​នេះ​ដែល​ជា​អ្នក​ថែរក្សា​ពិធី​ប្រពៃណី​ដ៏​ស្មុគស្មាញ​ពី​អតីតកាល គឺ​ជា​សំណល់​ចុងក្រោយ​នៃ​ចក្រភព​ដ៏​ធំ​ទូលាយ​មួយ​របស់​ជនជាតិ​ខ្មែរ ហើយ​ប្រមាណ​ជាង​៥០០​ឆ្នាំ​មក​នេះ​ បាន​បញ្ចប់​ការ​រលាយ​សាប​សូន្យ​នៅ​ក្រោម​ដើម​ព្រឹក្សា​ធំៗ និង​ក្រោម​ស្លែ ។ ថ្វីបើ​អ្នក​ជិត​ខាង​បន្ថយ​បរិមាណ និង​ឥទ្ធិពល​នៃ​ជនជាតិ​ខ្មែរ ប៉ុន្តែ​ជនជាតិ​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នេះ​នៅ​តែ​ជា​ខ្មែរ​ដែល​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ទ្វីប​អាស៊ី​បុរាណកាល​ដោយសារ​លទ្ធិ​សាសនា និង​ភាព​សម្បូណ៌​រុងរឿង​របស់​ខ្លួន» ។

គេ​បាន​ដឹង​ថា ជនជាតិ​ខ្មែរ​នេះ​មិន​ចេះ​អស់​សង្ឃឹម​ក្នុង​ការ​យក​ជ័យជំនះ​ដើម្បី​គ្រប់គ្រង​រាជធានី​អង្គរ​ និង​កេរដំណែល​ដូនតា​របស់​ខ្លួន​ពី​សំណាក់​ជនជាតិ​សៀម​ឡើយ ។ ជាក់ស្ដែង តាម​រយៈ​សន្ធិសញ្ញា​បារាំង‑សៀម​ឆ្នាំ​១៩០៧ បាន​ប្រគល់​ឲ្យ​ខ្មែរ​វិញ​នូវ​អាណាខេត្ត​បាត់ដំបង ស៊ីសុផុន និង​សៀមរាប និង​ប្រាសាទ​ព្រះវិហារ​ខ្មែរ​តាម​រយៈ​សាលក្រម​តុលាការ​អន្តរជាតិ​នា​ទីក្រុង​ឡាអេ​ឆ្នាំ​១៩៦២ ។ ក្នុង​កាល​កន្លង​ទៅ​ថ្មីៗ​នេះ ខ្មែរ​បាន​សម្រេច​បញ្ចូល​សំណុំ​ប្រាសាទ​អង្គរ និង​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ និង​ឆ្នាំ​២០០៨ ។ រីឯ​របាំ​ព្រះរាជទ្រព្យ និង​ណាំងស្បែក ដែល​សៀម​បាន​លួច​ចម្លង​ពី​ខ្មែរ​ទៅ​ធ្វើ​ជា​របស់​ខ្លួន​នោះ ក៏​ខ្មែរ​បាន​សម្រេច​ជ័យជំនះ​ក្នុង​ការ​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបិយ​របស់​មនុស្សជាតិ​នៅ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៥​ផង​ដែរ (ចំណុច​នេះ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ព្រោះ​សៀម​តែង​តែ​អួតអាង​ពី​វប្បធម៌​អរិយធម៌​របស់​ខ្លួន​សុទ្ធ​តែ​ជា​ច្បង​លើស​គេ​នៅ​ឥណ្ឌូចិន ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​បេតិកភណ្ឌ​អរូបិយ​របស់​សៀម​ណា​មួយ​បាន​ទទួល​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឡើយ​ទេ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​សៀម​គ្មាន​អ្វី​ជា​របស់​ផ្ទាល់​ខ្លួន​ឡើយ) ។ បេក្ខភាព​របស់​ខ្មែរ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ក៏​ត្រូវ​បាន​សម្រេច​ជ័យជំនះ​នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ ហើយ​ប្រទេស​កម្ពុជា​គ្រោង​នឹង​ឈាន​ទៅ​សម្រេច​ការ​ចុះ​បញ្ជី និង​កិច្ចការ​អន្តរជាតិ​ជាច្រើន​ទៀត​នៅ​ពេល​អនាគត ។

ចំពោះ​វាសនា​ខ្មែរ​ក្នុង​អនាគត​ថា​នឹង​បាន​ភ្លឺ​ស្វាង​រុងរឿង​ឡើង​វិញ ដូនតា​យើង​តាំង​តែ​ពី​ព្រេងនាយ​រមែង​ចិញ្ចឹម​ទុក​ក្នុង​សន្ដាន​ចិត្ត​ខ្មែរ​គ្រប់​រូប ។ សេចក្ដី​សង្ឃឹម​នឹង​ជំនឿ​នេះ​ស្ថិត​ក្នុង​ពាក្យ​ស្លោក ឬ​ពាក្យ​ទំនាយ​មួយ​ឃ្លា​ដែល​ដូនតា​យើង​ធ្លាប់​បាន​ពោល​តៗ​គ្នា​មក​ថា «ស្រុក​ខ្មែរ​មិន​ដែល​សូន្យ !» ៕

(ឯកសារ​ស្រាវជ្រាវ)

 

October 30, 2009

សង្ខេប​រឿង​រាមកេរ្តិ៍

ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​លើ​ហោជាង​នៅ​ប្រាសាទ​អង្គរវត្ត

ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​លើ​ហោជាង​នៅ​ប្រាសាទ​អង្គរវត្ត

អារម្ភកថា

ថ្ងៃ​មួយ ឥសី​ឈ្មោះ វាល្មីកិ សួរ​ទៅ​ឥសី​ឈ្មោះ នារទៈ ដែល​ចេះ​ចប់​ត្រៃភេទ​ប្រាជ្ញា​ខាង​វោហារ​ថា ៖ «បពិត្រ​លោក​នារទៈ ! ក្នុង​លោក​នេះ​តើ​នរណា​ជា​វីរបុរស​ប្រកប​ដោយ​គុណធម៌ យុត្តិធម៌ មាន​គតិ​បណ្ឌិត និង​ចរិយា​ថ្លៃថ្នូរ មាន​មុខ​ញញឹម​ស្រស់​ជានិច្ច មាន​ឥទ្ធិឫទ្ធិ​ផ្សាយ​ទូទៅ​ក្នុង​សកលលោក ទោះ​បី​ទេវតា​ក៏​មិន​អាច​បៀតបៀន​បាន ?» ឥសី​ទារទៈ​សម្លឹង​មើល​ត្រៃលោក ហើយ​ឆ្លើយ​ថា ៖

«ឱ​ព្រះមុនី ! ខ្ញុំ​ស្គាល់​ហើយ វីរបុរស​នោះ​គឺ ព្រះរាម ដែល​ជា​បុប្ផា​នៃ​វង្ស​ឥក្សាកុ (ភាសា​បាលី​ថា វង្ស​ឱកាកៈ) ព្រះអង្គ​មាន​ព្រះ​ប្រី​ជា​ញាណ ក្លាហាន វិទ្យាសាស្ត្រ និង​ប្រពៃណី​ដ៏​បរិសុទ្ធ​ត្រកាល​ឥត​ផ្ទឹម​ស្មើ មាន​ព្រះហស្ថ​រឹងមាំ ដើម​ព្រះឱរា​ធំ ព្រះនេត្រ​ចេញ​រស្មី​ផ្លេកៗ ព្រះទ័យ​សប្បុរស ព្រះវិចារណញ្ញាណ​ជ្រាលជ្រៅ​ដូច​មហាសារគរ ជំហរ​រឹងមាំ​ដូច​ភ្នំ​ហេមពាន្ត កម្លាំង​ដូច​ព្រះវិស្ណុ លម្អ​ដូច​ព្រះចន្ទ វិរយ​ដូច​ប្រឹថពី ឬ​នាង​គង្ហីង​ធរណី ទ្រង់​ចេះ​ចប់​ត្រៃវេទ ។

ព្រះបិតា​ព្រះរាម​គឺ​ព្រះបាទ ទសរថ គ្រងរាជសម្បត្តិ​នៅ​នគរ​អយុធ្យា ទ្រង់​មាន​ព្រះ​បំណង​នឹង​បង្វែរ​រាជ្យ​ព្រះរាជ​ទាន​ដល់​ព្រះរាម តែ​ដោយ​នាង កៃកេសី ព្រះទេពី​ទី​បី​​ច្រណែន​ដោយ​ចង់​ឲ្យ ព្រះភិរុត ជា​ឱរស​ព្រះនាង​សោយរាជ្យ​វិញ ក៏​ទ្រង់​បំបរបង់​ព្រះរាម​ចេញ​ចាក​ព្រះនគរ តែ​ ព្រះលក្សណ៍ ជា​ព្រះអនុជ​ និង​​ព្រះនាង​ សិតា ជា​ព្រះអគ្គមហេសី​សុំ​តាម​ទៅ​ផង ។ ព្រះរាម ព្រះលក្សណ៍ និង​ព្រះនាង​សិតា​ក៏​យាង​ទៅ​គង់​នៅ​ក្នុង​ព្រៃ​សីត្រាកុត​ ក្នុង​អស្រម​ប្រកប​ដោយ​ជោគជ័យ ល្អ​ស្មើ​នឹង​ទេវតា ។

ក្នុង​កាល​ក្រោយ​នោះ ដោយ​ហេតុ​ទ្រង់​ព្រះវិតក្ក​ខ្លាំង​ពេក ព្រះទសរថ​ក៏​ទ្រង់​សោយ​ទីវង្គត​ទៅ រាជសម្បត្តិ​បាន​ដល់​ព្រះភិរុត​ជា​ព្រះអនុជ​ទី​ពីរ ប៉ុន្តែ​ព្រះភិរុត​មិន​ព្រម​ទទួល ស្ដេច​ទៅ​អង្វរ​ព្រះរាម​ជា​ព្រះជេដ្ឋា​ឲ្យ​ត្រឡប់​មក​ទទួល​ម្កុដរាជ្យ​វិញ តែ​ព្រះរាម​ទ្រង់​ប្រកែក ទ្រង់​ប្រទាន​តែ​សុពណ៌បាទ​ដល់​ព្រះភិរុត​ជា​ភស្តុតាង​នៃ​អំណាច​ដែល​ទ្រង់​ព្រះអនុញ្ញាត​ឲ្យ​គ្រង​ព្រះនគរ​ជំនួស​ទ្រង់ រួច​ទ្រង់​ស្ដេច​ចូល​កាន់​ព្រៃ​មួយ​ទៀត​ឈ្មោះ​ទណ្ឌកៈ ។ល។»

ឥសី​នារទៈ​អាន​រឿង​ព្រះរាម​ចប់​ហើយ ឥសី​វល្មីកិ​ក៏​ឱន​សិរសី​គោរព​ឥសី​នារទៈ ហើយ​ថយ​ចេញ​ឆ្ងាយ​ទៅ​ឈប់​នៅ​ទី​មួយ​ឈ្មោះ​តមសៈ ជា​ទី​ប្រសព្វ​មុខ​ទន្លេ​ទាំង​៥ មាន​ទន្លេ​គង្គា​ជាដើម​និយាយ​ប្រាប់​សិស្ស​ម្នាក់​ដែល​តាម​ទៅ​ផង​ថា ៖ «នែ​ភារទ្វាជៈ ! ចូរ​អ្នក​មើល​ទន្លេ​ជាទីគោរព​នេះ ក៏​មាន​ពន្លឺ​នៅ​នឹង​ថ្កល់​ដូច​អាត្ម័ន​របស់​បណ្ឌិត​ម្នាក់ ចូល​អ្នក​ទៅ​យក​សំពត់​សម្បក​ឈើ​ពី​អាស្រម​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​កុណ្ឌី​មួយ​មក​ខ្ញុំៗ​នឹង​មុជ​ក្នុង​ទន្លេ​នេះ ។»

ឥសី​វាល្មីកិ​បាន​ងូត​ទឹក​ដ៏​ថ្លា​ឆ្វង់ លាង​បាប​បាន​សម្រេច​មគ្គផល​ហើយ មុន​នឹង​ចូល​កាន់​អាស្រម​កណ្ដាល​ព្រៃ ឥសី​យាត្រា​តាម​មាត់​ច្រាំង​ទន្លេ​បាន​ឃើញ​ព្រានព្រៃ​ម្នាក់​បាញ់​ធ្នូ​សម្លាប់​សត្វ​ក្រសារ​ឈ្មោល​មួយ​ដែល​កំពុង​ដើរ​ជាមួយ​នឹង​ក្រសារ​ញី​ជាគូ ។ វាល្មីកិ​កើត​សង្វេគ​ក៏​ចង​ជា​ពាក្យ​ស្លោក គឺ​ពាក្យ​កាព្យ​និយាយ​ពី​ក្រសារ​និង​ព្រានព្រៃ ។

កាល​ឥសី​វាល្មីកិ​ចូល​ទៅ​ដល់​អាស្រម​ភ្លាម ស្រាប់​តែ​ឃើញ​ព្រះព្រហ្ម​មាន​ភក្ត្រ​បួន ជា​ព្រះអាទិទេព​អ្នក​សាង​លោក មាន​មហិទ្ធិឫទ្ធិ​មក​ប្រតិស្ឋាន​ចំពោះ​មុខ ។ ឥសី​វាល្មីកិ​ក្រោក​ឈរ​បង្អោន​កាយ ផ្គង​កាយ​ផ្គង​អញ្ជលី ហើយ​ថ្វាយ​ទឹក​ និង​អាសនៈ​ដល់​ព្រះព្រហ្ម រួច​អាន​ស្លោក​រឿង​ក្រសារ​នោះ​ចំពោះ​ព្រះភក្ត្រ​ព្រះព្រហ្ម​ថា ៖

ឱ ! អំពើ​នេះ​លាមក​ពិត              បណ្ឌិត​ពោល​ថា​បាប​លើស​ខ្នាត
ឱ ! អ្នក​ប្រមាញ់​ចិត្ត​ប្រមាថ          ម្ដេច​អ្នក​ពិឃាដ​សត្វ​ក្រសារ ។
សំឡេង​ពិរោះ​ល្អ​ប្រាកដ             ឲ្យ​ព្រាត់​ប្រាសចាក​គូ​សង្សារ
អ្នក​បាន​ឈ្មោះ​ថា​មនុស្ស​ចិត្ត​មារ   សម្លាប់​ក្រសារ​ដែល​ឥត​ទោស ។

ព្រះព្រហ្ម​បាន​ស្ដាប់​ក៏​ញញឹម ហើយ​ពោល​ថា «ឱ​ព្រះមុនី ! គ្រាន់​តែ​រឿង​ព្រានព្រៃ​បាញ់​ក្រសារ​ស្លាប់ លោក​អាច​ចង​ជា​ពាក្យ​ស្លោក​ពិរោះពិសា​ទៅ​បាន ខ្ញុំ​ឃើញ​ថា លោក​ជា​អ្នក​ប្រាជ្ញ​ខាង​វោហារ ដូច្នេះ​សូម​លោក​ថ្លែង​នូវ​សាវតារ​ និង​ថ្វីដៃ​នៃ​ព្រះរាម​តាម​ដែល​លោក​បាន​ស្ដាប់​ពី​សំណាក់​ឥសី​នារទៈ​មក​នោះ​ជា​ពាក្យកាព្យ​ឲ្យ​ពិស្ដារ ពិរោះពិសា​ចុះ សូម​លោក​កុំ​ភ្លេច​បរិយាយ​រឿង​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ដឹង មិន​អី​ទេ​បើ​លោក​ភ្លេច​ខ្ញុំ​នឹង​ជួយ​រឭក​លោក ។ រឿង​ព្រះរាម​នោះ​យូរ​ទៅ​នឹង​ក្រអូប សាយ​សព្វ​ក្រឡា​មហាប្រឹថពី ភ្នំ សមុទ្រ ទន្លេ ឋិតថេរ​នៅ​ដរាប​រលាយ​ទឹក​រលាយ​ដី ។ កាល​រឿង​ព្រះរាម​បាន​ក្រអូប​សាយ​ទៅ​សព្វ​ទិសានុទិស​ហើយ ខ្លួន​លោក​នឹង​បាន​ឋានៈ​ខ្ពស់​បន្ទាប់​ពី​ខ្ញុំ ។»

ពោល​ហើយ ព្រះព្រហ្ម​ក៏​បាត់​មួយ​រំពេច​ទៅ ។ ដើម្បី​គោរព​ដល់​បណ្ដាំ​របស់​ព្រះព្រហ្ម បន្ទាប់​ពី​នោះ ឥសី​វល្មីកិ​បាន​សរសេរ​សាវតារ​ព្រះរាម​ធ្វើ​ជា​គម្ពី​មួយ​ឲ្យ​ឈ្មោះ​ថា “រាមាយណៈ” (ដំណើរ​របស់​អាទិទេព​រ៉ាម៉ា ដែល​​ជា​អវតា​របស់​ព្រះនារាយណ៍ ឬ​វិស្ណុ) ជា​ពាក្យ​ស្លោក​សំស្ក្រឹត​ មាន​ស្លោក​ដល់ ២៤.០០០ ចែក​ជា​វគ្គ​មាន ៥០០ ជា​កណ្ឌ​មាន​ ៦ ជា​មហាកាព្យ​ដ៏​ពិរោះ ជា​ទី​គោរព​រាប់អាន​របស់​ប្រជាជន​ទូទៅ​សព្វ​ទិសានុទិស ។

រឿង “រាមាយណៈ” នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​គេ​ស្គាល់​ថា “រាមកេរ្តិ៍” (កេរដំណែល​របស់​រៀមច្បង) ជា​រឿង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អក្សរសាស្ត្រ​ខ្មែរ តាំង​ពី​សម័យ​នគរភ្នំ សម័យ​មហានគរ រហូត​មក​ទល់​នឹង​បច្ចុប្បន្នកាល ។ រាមកេរ្តិ៍​ខ្មែរ​បាន​ទទួល​យក​ទស្សនៈ​ព្រហ្មញ្ញសាសនា​មក​បកស្រាយ​ក្នុង​បរិបទ​ពុទ្ធសាសនា​ដោយ​បង្ហាញ​ពី​តុល្យភាព​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់​នៅ​ក្នុង​លោក​យើង​នេះ ពោល​គឺ​មិន​ឲ្យ​មាន​ខាងណា​ខុស​ឬ​ត្រូវ​ឡើយ ។ រឿង​រាមកេរ្តិ៍​ខ្មែរ​មាន​ចំណុច​ជាច្រើន​ខុស​ពី​រឿង​រាមាយណៈ​ឥណ្ឌា​ព្រោះ​មាន​បញ្ចូល​វគ្គ​ឈុត​ឆាក​​មួយ​ចំនួន​ដែល​គ្មាន​ក្នុង​រាមាយណៈ​ដើម និង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សកម្មភាព​របស់​ហនុមាន និង​នាង​សុវណ្ណមច្ឆា ហើយ​រឿង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​រឿង​រ៉ាម៉ាគេន​របស់​សៀម និង​រឿង​ព្រះរាមព្រះលក្សណ៍​របស់​លាវ ។ ម្យ៉ាងទៀត រាមកេរ្តិ៍​ខ្មែរ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ពាក្យ​ពិត​សច្ចៈ​ជាង​ទំនៀមទម្លាប់​ប្រពៃណី​ ហូរហែ​តាំង​ពី​ដើម​ដល់​ចប់ ដែល​ពាក្យ​ពិត​សច្ចៈ​នេះ​​ជា​ការ​កាន់​គោរព​ជឿ​របស់​ខ្មែរ​ដើម ។

រឿង​រាមកេរ្តិ៍​បាន​ជ្រួតជ្រាប​ទៅ​គ្រប់​ទម្រង់​នៃ​សិល្បៈ​ខ្មែរ ដូចជា ​កំណាព្យ​ចម្រៀង គំនូរ ចម្លាក់ របាំ និង​ល្ខោន ជាដើម ។ ជាក់​ស្ដែង​គេ​ឃើញ​​មាន​ការ​បង្ហាញ​ឈុត​ឆាក​​ស្ដីពី​រឿង​រាមកេរ្តិ៍​​​តាម​រយៈ​ របាំព្រះរាជទ្រព្យ ល្ខោនខោល និង​ណាំស្បែក គំនូរ​នៅ​តាម​វត្តអារាម ព្រះបរមរាជវាំង និង​​​ចម្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា​ ដូចជា​ប្រាសាទ​បន្ទាយសំរែ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​មួយចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម​បច្ចុប្បន្ន ។

ចម្លាក់​ពពួក​ស្វា​ក្នុង​រឿង​រាមកេរ្តិ៍​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ពពួក​ស្វា​ក្នុង​រឿង​រាមកេរ្តិ៍​នៅ​ប្រាសាទ​អង្គរវត្ត

សេចក្ដី​សង្ខេប​រឿង​រាមកេរ្តិ៍​ខ្មែរ

ខ្សែ​ទី​១

ឥសី​ពិស្វាមិត្រ​បាន​រៀបចម​ហោម​ពិធី​ជា​កិត្តិយស​ដល់​សិស្ស​គឺ ព្រះរាម និង​ព្រះលក្សណ៍ ដែល​បាន​រៀប​ចេះ​ចប់​គម្ពីរវេទ ។

ថ្ងៃ​មួយ​មាន​យក្ស​កាឡា​ខ្លួន​ជា​ក្អែក​យ៉ាង​ធំ ឈ្មោះ​កាកណាសូរ មក​ឆាប​អាស្រម​ឥសី​ខ្ទេចខ្ទី​អស់ ។ ឥសី​ពិស្វាមិត្រ​ខឹង​យ៉ាងខ្លាំង​ហើយ​ក៏​ជប់​ធ្នូសរ​ឲ្យ​ព្រះរាម​បាញ់​សម្លាប់​កាកណាសូរ ។ ក្រោយ​មក​ក៏​នាំ​ព្រះរាម និង​ព្រះលក្សណ៍​ចូល​រួម​ប្រឡង​លើក​ធ្នូសរ​ព្រះជនក​នៅ​នគរ​មិថិលា ដើម្បី​យក​នាង​សិតា​ធ្វើ​ជា​មហេសី ។ ក្នុង​ឱកាស​នោះ មាន​បេក្ខជន​ចូលរួម​ជាច្រើន​ដែល​មក​ពី​ភព​ទាំង​បី សូម្បី​តែ​ព្រះឥសូរ​ក៏​មក​នឹង​គេ​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​លើក​ធ្នូសរ​រួច​ឡើយ គឺ​មាន​តែ​តួអង្គ​ព្រះរាម​មួយ​គត់​បាន​ទទួល​ជោគជ័យ​ដោយ​លើក​ធ្នូសរ​នោះ​រួច ។

ពេល​នោះ​ព្រះជនក​រីករាយ​ណាស់​ផ្ដល់​ព័ត៌មាន​នេះ​ថ្វាយ​ទៅ​ព្រះបាទ​ទសរថ ដើម្បី​យាង​មក​ជា​អធិបតី​ក្នុង​ពិធី​រាជាភិសេក​រវាង​ព្រះរាម និង​នាង​សិតា ។ កាលបើ​ពិធី​អភិសេក​ចប់​សព្វ​គ្រប់​ហើយ ក៏​នាំ​ព្រះរាជបុត្រ និង​ព្រះរាជធិតា​សុណិសា​វិល​ត្រឡប់​ទៅ​កាន់​នគរ​អយុធ្យា​វិញ ។ ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ជួប​នឹង​យក្ស​កំណាច​មួយ​ឈ្មោះ រាមាសូរ ។ យក្ស​នេះ​បាន​ចោទ​ប្រកាន់​ព្រះរាម​ថា លួច​យក​ឈ្មោះ​រាមបរមសូរ​មក​ដាក់​ធ្វើ​ជា​ឈ្មោះ​ខ្លួន ដូច្នេះ​ត្រូវ​តែ​មក​ក្រាប​បង្គំ​សុំ​ទោស​ទើប​រួច​ខ្លួន ។ ព្រះរាម​ក៏​ផ្ចាញ់​រាមាសូរ​ប្រកប​ដោយ​ជោគជ័យ​ទៀត ។

លុះ​មក​ដល់​នគរ​ ព្រះបិតា​នាម​ទសរថ​មាន​បំណង​លើក​ព្រះរាម​ជា​រាជបុត្រ​ច្បង​ឲ្យ​ឡើង​គ្រោង​រាជ្យ​តាម​ប្រពៃណី​នៃ​ត្រកូល​ក្សត្រ តែ​នាង​កៃកេសី​ជំទាស់​ដោយ​សំអាង​លើ​ពាក្យ​សច្ចៈ​ព្រះទសរថ​បាន​សន្យា​ថា​នឹង​ឲ្យ​បុត្រ​របស់​ព្រះនាង​ឈ្មោះ ភិរុត ឡើង​គ្រង​រាជ្យ​វិញ នៅ​ពេល​ដែល​នាង​ជួយ​ព្រះអង្គ​ក្នុង​សង្គ្រាម​បាន​ឈ្នះ​ព្រះអាទិត្យ ។ ព្រះបាទ​ទសរថ​មាន​បំណង​ចែក​នគរ​ជា​២ ប៉ុន្តែ​ព្រះកៃកេសី​ពុំ​ព្រម ហើយ​ក៏​បណ្ដេញ​ព្រះរាម​ឲ្យ​ទៅ​នៅ​ព្រៃ​១៤​ឆ្នាំ​សឹម​មក​សោយរាជ្យ​វិញ ។ ព្រះលក្សណ៍​ក្រេវក្រោធ​ចង់​ធ្វើ​ឃាដ​នាង​កៃកេសី តែ​ព្រះរាម​ឃាត់ ហើយ​បន្ទាប់​មក​ក៏​ស្ម័គ្រ​តាម​ដង្ហែ​ព្រះរាម និង​ទេពី​សិតា​ទៅ​នៅ​ក្នុង​ព្រៃ ។ ទាំង​បី​អង្គា​នាំ​គ្នា​ចាក​ចេញ​ពី​នគរ​អយុធ្យា​ទៅ​ដល់​កណ្ដាល​ព្រៃ​បាន​ជួប​នឹង​កូខ័ន ជា​ស្ដេច​ព្រៃ​មាន​រូប​អាក្រក់​តែ​ចិត្ត​ល្អ​ជា ចេះ​ជួយ​រំលែក​ទុក្ខ​ពី​ព្រះរាម ហើយ​ព្រះអង្គ​ទុក​កូខ័ន​នេះ​ជា​បងប្អូន​បង្កើត តែ​មិន​ព្រម​ទទួល​យក​ការ​អារាធនា​ពី​កូខ័ន​ឲ្យ​នៅ​ទីនោះ​ជាមួយ ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ចិត្តភូត​ដើម្បី​បួស​ជា​ឥសី ។

ភាគបន្ត         តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍

ព្រះនាង​សិតាព្រះរាម
ព្រះនាង​សិតា និង​ព្រះរាម

 

ស្វែង​យល់​ពាក្យ «កញ្ឆក់​កញ្ឆែង»

«កញ្ឆក់​កញ្ឆែង» ចាប់​ទាញ​កន្ត្រាក់​ដោយ​ឥត​គួរ ឥត​ប្រណី ។ បរិវារស័ព្ទ «កញ្ឆែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កញ្ឆែង​ដោយ​ឥត​កោត​ក្រក់» ពោល​គឺ «កញ្ឆក់​ដោយ​ឥត​កោត​ក្រែង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

«« Older Posts | Newer Posts »»




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve