កើតរមាស់បញ្ជាក់ថាមានកើតជំងឺផ្សេងៗហើយ
ពេលរូបកាយរងអាការៈកើតរមាស់អូសបន្លាយពេលរាប់ខែបើទោះបីជាលេបថ្នាំព្យាបាលហើយនៅតែមិនបាត់រមាស់ពិតជាកើតជំងឺអ្វីផ្សេងៗប្រចាំកាយនោះហើយ ។ មានមូលហេតុច្រើនណាស់ដែលបណ្តាលឲ្យរូបកាយកើតរមាស់ ។ ជាដំបូងរឿងនោះគឺករណីកើតមានប្រតិកម្មអាលែហ្ស៊ីដោយសារការបរិភោគសណ្តែកដី ។
ល្អងធូលីក៏អាចបណ្តាលឲ្យកើតស្កៀបរមាស់នៅលើរូបកាយផងដែរហើយអាការៈបែបនេះសើ្ទរកើតមានជាទូទៅទៅហើយ ។ នៅមានករណីផ្សេងទៀតដូចជាសារធាតុគីមី (អាចផលិតផលសម្រាប់ដុសលាងសម្អាតកម្រាលឥដ្ឋ ឬទឹកអប់ជាដើម) ពេលអាកាសធាតុក្តៅស្អុះស្អាប់ពេកឬត្រជាក់ពេកក៏សុទ្ធតែជាមូលហេតុដែលនាំឲ្យកើតទៅជារមាស់ទូទាំងរូបកាយ ។
ទោះបីជាយ៉ាងណាក្តីក៏អ្នកជំងឺដែលមានបញ្ហានៅក្នុងរូបកាយ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលមួយដែលអាការៈនៃជំងឺនៅពុំទាន់លេចចេញជារូបរាងមកក៏អាចបណ្តាលឲ្យកើតទៅជាបញ្ហារមាស់នៅទូទាំងរូបកាយដែរ ដូចជាករណីកើតជំងឺទឹកនោមផ្អែម ជំងឺថ្លើម ជំងឺមហារីក ។ ចំពោះអ្នកកើតជំងឺថ្លើមដោយសារវីរុស ឬដោយសារការញៀននឹងសុរាអាការៈរមាស់រូបកាយក៏កើតមានយ៉ាងខ្លាំងក្លា ពិបាកទ្រាំបំផុត ។ សូម្បីតែអ្នកមានបញ្ហាខ្សោយតម្រងនោះហើយ មិនអាចបញេ្ចញជាតិពុលតាមទឹកម៉ូត្របានក៏បណ្តាលឲ្យរូបកាយរងអាការៈរមាស់បានដែរ ។
ស្ត្រីដែលមានផ្ទៃពោះក៏រអែងកើតរមាស់ ។ ស្រ្តីភាគច្រើនដែលមានគភ៌ទៅហើយបរិមាណអ័រម៉ូនក៏កើនឡើងខ្ពស់ទើបបណ្តាលឲ្យស្បែកដណ្តប់កាយត្រូវទទួលរងបញ្ហា ។ ប៉ុន្តែអាការៈបែបនេះក៏នឹងស្រាកស្រាន្តបន្តិចទៅវិញដែលកាលណារូបកាយស៊ាំទៅនឹងសភាពយ៉ាងដូច្នេះទៅហើយនោះ ។
ដើម្បីព្យាបាលអាការៈកើតរមាស់ឲ្យបានធូរស្រាលចាំបាច់ត្រូវតែពិនិត្យរកឲ្យឃើញពីមូលហេតុជាមុនសិន ព្រោះថាមូលហេតុនៃជំងឺមួយត្រូវតែបានព្យាបាលសិនទើបចាប់ផ្តើមស្វែងរកពីមូលហេតុផ្សេងទៀតជាបន្តបន្ទាប់ ។
កម្ដៅថ្ងៃជាមួយនឹងស្បែកលើរាងកាយ
ពន្លឺព្រះអាទិត្យគឺជាថាមពលរលកមេដែកអគ្គិសនីថាមពលពន្លឺព្រះអាទិត្យដែលធ្លាក់ចុះមកដល់ផ្ទៃពិភពលោក៩៩ភាគរយមានរួមផ្សំទៅដោយរលកប្រវែងវែងក្នុងអំឡុងនៃអ៊ីនហ្វារ៉េត វីហ្ស៊ីប័រលីត និងអុលត្រាវីយ៉ូឡេត ។
ស្បែករបស់មនុស្សម្នាក់ៗប្រតិកម្មទៅនឹងពន្លឺថ្ងៃខុសៗគ្នាដោយអាស្រ័យស្បែកឬបរិមាណនៃគ្រាប់ពណ៌ Melamin Pigment នៅលើស្បែករបស់មនុស្សម្នាក់ៗ ។ មនុស្សដែលមានបរិមាណគ្រាប់ពណ៌តិច និងមានស្បែកសហើយថែមទាំងមានតំរុយ និងកើតអាការៈខ្លោចស្បែកងាយជាងមនុស្សមានស្បែកពណ៌ខ្មៅស្រអែម ។
អាការៈខ្លោចស្បែកដោយកម្ដៅថ្ងៃ Sunbum Reaction កើតចេញពីស្បែករងកម្ដៅថ្ងៃក្នុងបរិមាណច្រើនហួសហេតុពេករហូតលេចចេញនូវអាការៈក្រហមដែលច្រើនកើតមានក្នុងអំឡុង២៤ម៉ោង និងអាចមានអាការៈហើមព្រមទាំងឈឺលើបរិវេណរួមគ្នាផងដែរ ។
បន្ទាប់ពីនោះអាការៈក្រហម និងសន្សឹមៗស្រកចុះហើយអាចលេចចេញអាការៈរបកស្បែកឡើងតាមក្រោយ ។ ការខ្លោចស្បែកដោយកម្ដៅថ្ងៃគឺកើតមានក្នុងអំឡុងនៃ UVB ចំពោះស្បែកក្នុងស្រទាប់ក្រៅបង្អស់ធ្វើឲ្យកោសិកាហើមហើយមានបម្រែបម្រួលនៃនុយក្លេអ៊ែររបស់កោសិកា ។ បន្ទាប់កោសិកាក៏មានការជួសជុលឲ្យត្រឡប់ទៅកាន់សភាពដើម ក៏ប៉ុន្តែប្រសិនបើមានការប្រែប្រួលនៃប្រូតេអ៊ីនរបស់នុយក្លេអ៊ែរក្នុងរយៈពេលវែងឬការជួសជុលមិនមានលក្ខណៈគ្រប់គ្រាន់អាចធ្វើឲ្យកើតមហារីកស្បែកនាពេលក្រោយបាន ។
វិធីលុបលាងមុខដែលត្រឹមត្រូវ
ការលុបលាងមុខគឺជាសកម្មភាពសម្អាតស្បែកមុខល្អបំផុត ក៏ប៉ុន្តែអ្នកធ្លាប់ដឹងខ្លះដែរឬទេថា ការលុបលាងមុខដោយត្រឹមត្រូវគេធ្វើបែបណា ប្រសិនបើអ្នកមិនទាន់ដឹងទេនោះ អាចពិនិត្យមើលខ្លឹមសារដូចខាងក្រោមនេះ ៖
១. ចាប់ផ្តើមពីការលុបលាងមុខក្នុង១ថ្ងៃ២ដងគឺពេលក្រោកពីដំណេកពេលព្រឹក និងពេលងូតទឹកពេលល្ងាចក៏ចាត់ទុកថាគ្រប់គ្រាន់ទៅហើយ ។ មិនគួរលុបលាងមុខញឹកញាប់ពេកទេ ព្រោះអាចធ្វើឲ្យស្បែកមុខក្រៀមស្ងួតលើកលែងថា មុខរបស់អ្នកប្រឡាក់ច្រើនដូចជាបន្ទាប់ពីលេងកីឡា ឬធ្វើស្រែចម្ការនោះអ្នកអាចនឹងលុបលាងបានបន្តទៀត ។ អ្នកមិនគួរនិងប្រើទឹកក្តៅឧណ្ណៗឬទឹកក្តៅខ្លាំងលុបលាងមុខនោះទេ ព្រោះនោះគឺជាទង្វើមួយដែលអាចធ្វើឲ្យមុខក្រៀមស្ងួតមិនស្រស់ថ្លា ។ នៅពេលលាងគួរប្រើដៃឲ្យបានថ្នមៗបំផុតមិនជូតឬមិនដុសខ្លាំងៗជាដាច់ ខាត ហើយប្រសិនបើអ្នកមិនមែនជាមនុស្សដែលឧស្សាហ៍តុបតែងមុខទៀតនោះ សម្រាប់គ្លីនសឺរឬអេចធឺរផ្សេងៗក៏មិនចាំបាច់ដែរ ។
២. ក្អែលមិនមែនជាវត្ថុស្មោគគ្រោកដូចដែលអ្នកបានគិតនោះទេ ព្រោះជាការពិតក្អែលគឺជាស្រទាប់បែកដែលបានតោងជាប់ជាមួយនឹងស្បែកខាងលើទន្ទឹមគ្នានឹងស្រទាប់ជាតិទឹកស្រោបស្បែកដែលចាំធ្វើជាអាវក្រោះការពារស្បែកពីកម្ទេចធូលីនៃរោគ និងសារជាតិគីមីមិនឲ្យជ្រាបចូលទៅបំផ្លាញស្បែកបាន ។
៣. ប្រសិនថាអ្នកជូតដុសស្បែករហូតអស់រលីងស្រទាប់ប្រេងស្រទាប់ក្អែលមិននៅសេសសល់នេះ វានឹងធ្វើឲ្យស្បែកមុខរបស់អ្នកបាត់បង់ប្រព័ន្ធការពារបែបធម្មជាតិ ។ យើងបានរកឃើញថា មនុស្សដែលលុបលាងមុខញឹកញាប់ហើយប្រើធូន័រជូតមុខច្រើនតែមានបញ្ហាស្បែកស្ងួតស្បែកប្រតិកម្មដោយងាយ ។
៤. វិធីដោះស្រាយបញ្ហាស្បែកមុខដែលឆាប់ប្រតិកម្មគឺបន្ថយកិច្ចរវល់ជាមួយនឹងស្បែកមុខឲ្យបានតិចបំផុតនោះនឹងបាត់ទៅដោយឯកឯង ។ ជ្រើសរើសប្រើសាប៊ូប្រភេទជែលថ្លាៗមិនមានពពុះមិនមានទឹកអប់ដើម្បីកុំឲ្យក្រហាយ ។
៥. នៅពេលលាងមុខគ្រាន់តែយកទឹកមកលាបៗដុសសាប៊ូឬជែលថ្លាដោយថ្នមៗរួចហើយលាងចេញដោយទឹកស្អាតគឺជាការស្រេច ។
៦. ក្រោយពីលុបលាងមុខរួចហើយមិនចាំបាច់ត្រូវប្រើធូន័រជូតមុខនោះទេដោយគ្រាន់តែជូតផ្តិតថើរៗតាមកន្សែងពោះគោតូចមួយក៏គ្រប់គ្រាន់ណាស់ទៅហើយ ។
៧. ជាធម្មជាតិស្បែករបស់មនុស្សយើងនឹងជ្រុះចេញមកដោយឯកឯងរាល់ថ្ងៃ ហើយវានឹងនាំយកកម្ទេចធូលីមកជាមួយដោយមិនចាំបាច់ត្រូវការដុសខ្លាំង ឬក៏ប្រើឈុតលុបលាងមុខតម្លៃថ្លៃនាំឲ្យខាតបង់ថវិកាដោយឥតប្រយោជន៍នោះឡើយ ។
ទឹកមិនមែនជាវត្ថុតែមួយមុខគត់ដែលអាចរក្សាស្ថានភាពស្បែកឲ្យស្រស់បានឡើយ
មូលនិធិចំណីអាហាររបស់ចក្រភពអង់គេ្លសបានពោលកែតម្រូវទៅលើការយល់ច្រឡំជាយូរមកហើយថាការទទួលទានទឹកច្រើនវាអាចជួយឲ្យស្បែកបានស្អាតនោះ ។ មូលនិធិខាងលើនេះបានបង្ហើបប្រាប់ថាបណ្តាអ្នកវិទ្យាសាស្រ្តសុទ្ធតែអះអាងថា ការបរិភោគអាហារមានចំនួនត្រឹមត្រូវ និងការប្រើឡេលាបការពារកម្ដៅថ្ងៃ វាជួយការពារស្បែកឲ្យតឹងនិងនៅវ័យក្មេងខ្ចីបានច្រើនជាងតែក៏យល់ស្របផងដែរថា ការទទួលទានទឹកច្រើនវាជួយរក្សាសុខភាពឲ្យបានល្អដែរ ។
អ្នកវិទ្យាសាស្រ្តលោក ហ៊ីដធី យូរ៉េគ័រ អ្នករៀបរៀងរបាយការណ៍សិក្សាស្រាវជ្រាវបានគូសបញ្ជាក់ថា ការទទួលទានទឹកច្រើនពុំមានផលជួយធ្វើឲ្យស្បែកកាន់តែស្រស់ស្អាតឡើងបាននោះឡើយ វាជាការយល់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ។ ផ្ទុយទៅវិញការបរិភោគបន្លែ និងផ្លែឈើដែលសំបូរទៅដោយវីតាមីន A,B,C,E គឺជាកត្តាចាំបាច់មួយក្នុងការរក្សាបាននូវកោសិកាស្បែកឲ្យបានសុខភាពល្អ ។
ការទទួលបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់អាចធ្វើឲ្យស្បែកមានអាការៈរលាកឬក្រៀមស្ងួត ។ ស្បែករបកហុយ ហើយក្លាយទៅជារោកសើស្បែក និងប្រសិនបើក្នុងករណីជក់បារីហើយរងកម្ដៅថ្ងៃច្រើនទៀតនោះកាន់តែធ្វើឲ្យស្បែកឆាប់ខូចលឿនបំផុត ។
អ្នកវិទ្យាសាស្ត្ររូបនោះបានបន្ថែមទៀតថា បន្លែ និងផ្លែឈើជួយឲ្យស្បែកបំពេញតួនាទីធម្មតា និងធ្វើឲ្យស្បែកមានសម្ផស្សស្រស់ស្អាត ។ ចំណែកឡេការពារកម្ដៅថ្ងៃក៏មិនគួរលាបមួយថ្ងៃខានមួយថ្ងៃផងដែរ ព្រោះមានហេតុផលថាភាគច្រើននៃស្នាមជ្រីវជ្រួញដែលកើតមាននៅលើស្បែកនោះសុទ្ធតែបណ្តាលមកពីកម្ដៅថ្ងៃដុតរោលទាំងអស់ ។
លេបឱសថហើយធ្វើឲ្យស្បែកសបានពិតដែរឬអត់ ?
បច្ចុប្បន្នក្រុមយុវវ័យនិយមទទួលទានឱសថ និងអាហារប៉ូវដើម្បីជួយឲ្យស្បែកពួកគេកាន់តែសឡើង ព្រោះមានជំនឿថា ក្រោយពេលទទួលទានឱសថហើយនោះវានឹងធ្វើឲ្យខ្លួនមានឯងមានស្បែកស និងមានផ្ទៃមុខសរលើបរលោងដូចជាពួកតារា ។ លើសពីនេះទៅទៀតបច្ចុប្បន្ននេះក៏មានការឃោសនាអួតអាងអំពីគុណភាពនៅតាមប្រព័ន្ធឃោសនាផ្សេងៗមានជាច្រើនម៉ូដ ច្រើនយីហោ ដោយនៅក្នុងតួឱសថដូចដែលបានពោលមកខាងលើមានកន្លែងផ្សំពីក្លូតាធីអូន (ជួយធ្វើឲ្យស្បែកថ្លា ពណ៌ស៊ីជម្ពូបានយ៉ាងរហ័សជាងពីរដង) ។
ដោយឡែកនៅមានសារជាតិមួយទៀតឈ្មោះត្រាន់នេសាមិក (វាជួយកាត់បន្ថយការសាងគ្រាប់ពណ៌មេឡានីល និងកាត់បន្ថយពណ៌ស្បែកឲ្យកាន់តែខ្ចី កាត់បន្ថយមុននៅលើមុខ អាចម៍រុយ របកមុខ) ដែលការពិតខាងវេជ្ជសាស្រ្តបានបញ្ជាក់ថា ពុំមានឱសថណាមួយផលិតឡើងដើម្បីធ្វើឲ្យស្បែកសបាននោះទេ ។
អង្គការឱសថ និងចំណីអាហារអាមេរិកបានគូសបញ្ជាក់ថា ពុំមានឱសថណាមួយដែលក្រោយពេលលេបហើយនោះធ្វើឲ្យស្បែកសបានឡើយ ។ ចំណែកឱសថដែលធ្វើឲ្យស្បែកសដែលមានលាយសារជាតិផ្សំពីត្រាន់នេសាមិកនោះខាងវេជ្ជសាស្រ្តគេប្រើក្នុងការឃាត់ឈាមធ្វើឲ្យឈាមកករឹង ហើយផលប៉ះពាល់របស់ឱសថនេះគឺក្រោយពេលទទួលទានហើយធ្វើឲ្យស្បែកសបានត្រឹមតែមួយរយៈប៉ុណ្ណោះ និងក្រោយពេលឈប់ទទួលទានវានឹងវិលមកសភាពដូចដើមដដែល ។
ប្រសិនបើទទួលទានរយៈពេលយូរពេកអាចធ្វើឲ្យរលាកដល់ប្រព័ន្ធរំលាយអាហារដូចជា រមួលរកក្អួត រាករូស វិលមុខ សម្ពាធឈាមធ្លាក់ចុះ និងអ្វីដែលធ្ងន់ធ្ងរជាងនោះទៅទៀតអាចធ្វើឲ្យស្ទះសរសៃឈាមទៀតផង ៕
(សារព័ត៌មានកម្ពុជាថ្មី)