
ប្លង់ប្រាសាទតំបន់អង្គរ បង្ហាញទីតាំងប្រាសាទតុបខាងលិច និងតុបខាងកើត (រង្វង់ពណ៌ក្រហម)
នៅពេលមើលប្លង់ប្រាសាទនៅក្នុងបរិវេណអង្គរធំ ខ្ញុំបានចាប់អារម្មណ៌នឹងប្រាសាទចំនួន០២ឈ្មោះតុបដូចគ្នា ដែលមួយស្ថិតនៅផ្នែកខាងកើត និងមួយទៀតនៅផ្នែកខាងលិច មិនឆ្ងាយប៉ុន្មានពីផ្លូវទៅកាន់ទ្វារជ័យ និងទ្វារខាងលិច ។ ផ្លូវចូលទៅកាន់ប្រាសាទទាំងពីរនេះគ្មានស្លាកប្រាប់ទិស ឬសញ្ញាសម្គាល់ឡើយ ក្រៅពីបង្គោលបេតុងចំនួន០២ ធ្វើឲ្យខ្ញុំចំណាយពេលមួយរយៈដើម្បីរកផ្លូវឃើញដើម្បីចូលទៅកាន់ប្រាសាទ ។ លាក់ខ្លួនជ្រកក្រោមព្រឹក្សានៃព្រៃអង្គរធំ ប្រាសាទតុបកម្រនឹងមានអ្នកទេសចរចូលទៅទស្សនាណាស់ ។
ប្រាសាទតុបខាងលិច
ប្រាសាទតុបខាលិច ចុះក្នុងបញ្ជីសារពើភណ្ឌលេខ៤៨៦ កាលដើមឡើយមានតួប៉មទោលតែឯង សង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ ។ គេយល់ថា សម័យដែលសង់នោះគឺសតវត្សទី១០ ថ្វីត្បិតតែនៅទីនេះគេមានឃើញសិលាចារឹកមួយពីសតវត្សទី៩ក៏ដោយ ។
ប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃ ជាលទ្ធផលនៃការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សទី១៣ដល់សតវត្សទី១៧ ។ ក្នុងពេលនោះ ខឿនដើមឡើយជាថ្មបាយក្រៀមសុទ្ធសាធត្រូវគេព័ទ្ធគ្របលម្អដោយថ្មភក់មួយជាន់ពីលើ ។ តួប៉មទោលក៏គេកែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់ផ្សេងៗ ដូចជាផ្ដែរ និងសសរដែលឆ្លាក់លើថ្មភក់ពណ៌ផ្កាឈូក ។ គេបានបន្ថែមតួប៉ម០២ទៀតឲ្យរត់ជួរជាមួយតួប៉មទោល (ឥឡូវក្លាយជាតួប៉មកណ្ដាល) មួយខាងជើង មួយទៀតខាងត្បូង ។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា ។ គេឃើញផ្ទាំងចម្លាក់ព្រះពុទ្ធទ្រង់ឈរខ្លះដែលរលំដួលពីទ្វារបញ្ឆោតនៃប៉មខាងជើង ។ នៅជុំវិញបរិវេណប្រាសាទ ផ្ទាំងចម្លាក់ដែលរលំពីប៉មទាំងបីត្រូវបានគេយកមកផ្គុំឲ្យមើលយល់នៅលើដី ។
នៅសម័យកណ្ដាល គេបានសាងខឿនទ្រវែងមួយតពីខឿនចាស់មកខាងកើត ។ នៅចុងខាងលិចនៃខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ ។ មានអំបែងក្បឿងរាយនៅទីនោះធ្វើឲ្យដឹងថានេះជាខឿនព្រះវិហារ ឬអគារធ្វើឧបោសថសីលប្រភេទណាមួយ ដែលពីមុនមកសាងអំពីឈើ ។
ជុំវិញប្រាសាទ គេដាំស្លឹកសីមាភ្លោះនៅគ្រប់ទិសទាំង៨ដែលជាប្រពៃណីទូទៅក្នុងការដែលព្រះពុទ្ធសាសនាថេរវាទចូលទៅកាន់កាប់ទីកន្លែងបូជាចាស់ក្រោយពីដូររាជធានីចេញចាកអង្គរមក ។ សីមាខ្លះនៅទីកន្លែងដើម មិនទាន់រង្គោះរង្គើទៅណាឡើយ ថែមទាំងមានដីមកលុបផ្នែកខាងក្រោមផង ។
បច្ចុប្បន្ន ប្រាសាទតុបខាងលិចទទួលរងនូវការខូចខាត បាត់លំនឹង និងត្រូវបានទល់ការពារ រង់ចាំការជួសជុលកែលម្អ ។
ប្រាសាទតុបខាងកើត
ស្ថិតនៅចន្លោះទ្វារជ័យ និងទ្វារខ្មោច ប្រាសាទតុបខាងកើត ចុះក្នុងបញ្ជីសារពើភណ្ឌលេខ៤៨៧ ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា ប្រាសាទមង្គលថិផងដែរ ដើម្បីរំឭកដល់ព្រះសង្ឃដ៏មានអំណាចមួយអង្គឈ្មោះ ជ័យមង្គលថិ ដែលជាកូនរបស់ព្រាហ្មណ៍ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះដើមឡើយផ្ដួចផ្ដើមសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែពុំទាន់បានសម្ពោធនៅឡើយ រហូតទាល់តែដល់ឆ្នាំ១២៩៥ទើបសម្ពោធប្រើប្រាស់សម្រាប់ពិធីសាសនា គឺប្រមាណ៩ទសវត្សរ៍បន្ទាប់ពីព្រះអង្គចូលទីវង្គត ។ ប្រាសាទតុបខាងកើតគឺជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ដែលបានស្ថាបនាឡើងនៅក្នុងតំបន់អង្គរ និងកសាងឡើងក្នុងអំឡុងពេលច្របូកច្របល់នៃការវិលត្រឡប់មកកាន់ព្រហ្មញ្ញសាសនាវិញ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ចូលទីវង្គត ។
ប្រាសាទតុបខាងកើតជាប្រាង្គទោល ត្រូវបានកសាងឡើងពីថ្មភក់ បែរមុខទៅខាងកើត មានទ្វារបញ្ឆោតនៅទិសបីផ្សេងទៀត បច្ចុប្បន្ននេះមានការរលំបាក់បែកច្រើន ។ គេឃើញមានថ្មមួយដុំមានឆ្លាក់វិស្ណុផ្ទំលើពស់អនន្តៈ និងព្រះព្រហ្មគង់លើផ្កាឈូក វិស្ណុដៃបួននៅលើស្មាគ្រុឌ ខាងលើក្រឹស្ណពាក់មកុដកំពូលបីទ្រភ្នំការពារហ្វូងគោ និងគង្វាល ព្រះរាមកាន់ធ្នូ ដែលនៅថ្មនេះឃើញមានអវតារព្រះនរាយណ៍សឹងគ្រប់សព្វ ។ មានថ្មមួយដុំទៀត មានចម្លាក់រូបលោកេស្វរៈដៃបួន នាងបវិតី និងមករក្លាយជាក្រពើ នៅហោជាងព្រះឥសូររាំជាមួយនឹងអគ្គមហេសី ៕
រូបភាពប្រាសាទតុបខាងលិច
ប្លង់ប្រាសាទតុបខាងលិច (ផ្នែកពណ៌ក្រហមសាងសង់នៅសតវត្សទី១០ និងកែសម្រួលនៅសម័យក្រោយមកទៀត និងផ្នែកពណ៌លឿងសាងសង់បន្ថែមនៅសម័យកណ្ដាល)

ផ្លូវចូលប្រាសាទតុបខាងលិច មើលពីផ្លូវទៅកាន់ទ្វារខាងលិច

ផ្លូវចូលប្រាសាទតុបខាងលិច មើលពីមុខប្រាសាទ

ប្រាសាទតុបខាងលិច មើលពីទិសខាងកើត

ប្រាសាទតុបខាងលិចនេះខូចខាតធ្ងន់ធ្ងរ ត្រូវបានទល់ទ្រដោយដែកស្អេកស្កះ មើលរូបរាងពុំយល់

សំណល់ថ្មនៃប៉មខាងជើងដែលបានរលំបាក់

សំណល់ប៉មខាងត្បូងក្រោយពីរលំបាក់

បំណែកថ្មដែលបានរលំបាក់ពីប៉មប្រាសាទ

បំណែកថ្មដែលបានរលំបាក់ពីប៉មប្រាសាទ

ការទល់ទ្រប៉មប្រាសាទកណ្ដាលកុំឲ្យរលំបាក់

ការទល់ទ្រប៉មប្រាសាទកណ្ដាលកុំឲ្យរលំបាក់

ចម្លាក់នៅលើផ្ដែរខាងត្បូងនៃប៉មប្រាសាទកណ្ដាលនេះនៅល្អជាងគេ (ថ្មភក់ពណ៌ផ្កាឈូក)

បំណែកហោជាងនៃប្រាសាទតុបខាងលិច

សសរពេជ្រពីថ្មភក់ពណ៌ផ្កាឈូក

ថ្មទម្រ ឬលម្អ រាងមូលនៅប្រាសាទតុបខាងលិច

ថ្មទម្រ ឬលម្អ រាងជ្រុងនៅប្រាសាទតុបខាងលិច

ទម្របដិមានៅប្រាសាទតុបខាងលិច

បំណែកក្បាលនាគនៅប្រាសាទតុបខាងលិច

សីមាកប់ក្នុងដីពាក់កណ្ដាលនៅប្រាសាទតុបខាងលិច

ក្បាច់ផ្កាភ្ញីនៅប្រាសាទតុបខាងលិច
រូបភាពប្រាសាទតុបខាងកើត

ផ្លូវចូលប្រាសាទតុបខាងកើត មើលពីផ្លូវទៅកាន់ទ្វារជ័យ

ផ្លូវចូលប្រាសាទតុបខាងកើត មើលពីមុខប្រាសាទ

ប្រាសាទតុបខាងកើត មើលពីមុខ

ជ្រុងមួយនៃប្រាសាទតុបខាងកើត

ជណ្ដើរឡើងទៅកាន់ទ្វារបញ្ឆោតខាងជើង

ទ្វារប្រាសាទខាងកើត មើលពីខាងលិច

ជ្រុងមួយនៅក្នុងតួប្រាសាទតុបខាងកើត

សិលាចារឹកនៅលើសសរទ្វារខាងកើត

បំណែកដុំថ្មបាក់រលំពីតួប្រាសាទ

ប្រាសាទតុបខាងកើត មើលពីទិសឥសាន

បំណែកផ្ដែរ ឥសូររាំ

បំណែកផ្ដែរ វិស្ណុផ្ទំលើពស់អនន្តៈ

ក្បាច់ផ្កាភ្ញីនៅប្រាសាទតុបខាងកើត

ក្បាច់ផ្កាភ្ញីនៅប្រាសាទតុបខាងកើត