Chouk Khmer

ការគ្រប់គ្រង​គម្រោង​ដោយ S. K. Palhan​

២-ការ​បកស្រាយ​ទស្សនទានូបនីយកម្ម និង​និយមន័យ​គម្រោង (Project Conceptualization and Definition)

ទស្សនទានូបនីយកម្ម និង​និយមន័យ​គម្រោង មាន​ន័យ​ថា​ ការ​ស្ថាបនា​ចក្ខុវិស័យ​របស់​គម្រោង និង​ការ​បង្កើត​គោលដៅ​រួម​ដែល​កំណត់​តាម​ចក្ខុវិស័យ​នេះ ។ ដើម្បី​ឱ្យ​គោលបំណង​នេះ​បាន​សម្រេច សកម្មភាព​ដំបូង​បង្អស់ គឺ​ការ​ប្រមូលផ្ដុំ​នូវ​ទិន្នន័យ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ ។ អត្ថន័យ​នៃ​គម្រោង គឺជា​ដំណើ​ការ​នៃ​ការ​ដាក់​បញ្ចូល​ទិន្នន័យ​រួម​គ្នា​តាម​លំដាប់​លំដោយ​របៀប​ជា​ប្រព័ន្ធ​ច្បាស់លាស់ ។ ការ​ឱ្យ​ច្បាស់លាស់​នោះ មាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​ទទួល​បាន​ជោគជ័យ ។ មាន​គម្រោង​ជា​ច្រើន​ត្រូវ​បរាជ័យ ដោយសារ​តែ​និយម​ន័យ​របស់​គម្រោង​មិន​ច្បាស់លាស់ ឬ​ខ្វះចន្លោះ ។ លើស​ពី​នេះ​ទៀត​ធ្វើ​ឱ្យ​គម្រោង​ប្រឈម​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ។

គោលដៅ​រួម​របស់​គម្រោង គឺ​ត្រូវ​តែ​កំណត់​អត្ថន័យ​ឱ្យ​ច្បាស់ ដោយ​ធ្វើការ​បញ្ជាក់​នូវ​អ្វី​ដែល​សង្ឃឹម ជា​សមិទ្ធិផល​ដែល​គម្រោង​នឹង​ទទួល​បាន​នា​ចុងបញ្ចប់ ។ ដើម្បី​ឱ្យ​សមិទ្ធិផល​បាន​ដល់​អ្នក​ពាក់ព័ន្ធ និង​អ្នក​ទទួលផល គេ​ត្រូវ​តែ​កំណត់​អត្ថន័យ​លទ្ធផល​គម្រោង​ឱ្យ​ច្បាស់ ។ ជោគជ័យ​នៃ​គម្រោង នឹង​ត្រូវ​វាយតម្លៃ​តាម​មូលដ្ឋាន​នៃ​គោលដៅ​រួម​ដែល​បាន​កំណត់​អត្ថន័យ​រួច​ហើយ​នោះ ។ ជា​ធម្មតា គោលដៅ​រួម​គម្រោង​រៀបចំ​ដោយ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សម្រេចចិត្ដ​លើ​គម្រោង ។ គោលដៅ​រួម​របស់​គម្រោង​ត្រូវ​បាន​សម្រាំង​ ឬ​ផ្ដោត​ទៅ​លើ តាម​រយៈ​អ្នកដឹកនាំ​គម្រោង ដោយ​ពិភាក្សា​ជាមួយ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ។

២.១-ប្រភព​ទាំងឡាយ​របស់​គម្រោង (Sources of a project)

ហេតុផល​ដំបូង​ក្នុង​ការ​បង្កើត​គម្រោង​មាន ៖

  1. ដើម្បី​សម្រេច​គោលបំណង​រួម (ឧ. ក្រុមហ៊ុន​ចង់​បន្ថែម​នូវ​បរិក្ខា​ផលិតកម្ម​ទៅ​លើ​អាជីវកម្ម​ជំនួញ​របស់​ខ្លួន)
  2. ដើម្បី​ធ្វើការ​ណែនាំ​ពី​ការ​ប្រែប្រួល​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​នៅ​ក្នុង​ស្ថាប័ន (ឧ. ការ​ណែនាំ​អំពី​ស្ដង់ដារ​អន្ដរជាតិ ISO-9001)
  3. ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវការ ឬ​ដាក់​ទុន​លើ​កាលានុវត្ដភាព​នានា (ឧ. ដើម្បី​រៀបចំ​ឃ្លាំង​ទំនិញ​នាំ​ចេញ ឬ​មណ្ឌល​សេវាកម្ម​នៅ​កន្លែង​ថ្មី​មួយ)
  4. ដើម្បី​អនុវត្ដ​មាត្រដ្ឋាន ឬ​ច្បាប់​ថ្មី (ឧ. បង្កើត​ម៉ាស៊ីន​ថ្មី​មួយ​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ថ្មី​របស់​រដ្ឋាភិបាល) ។

ស្ថាប័ន​មួយ​ចំនួន សកម្មភាព​ជា​ប្រក្រតី​របស់​គេ​គឺ​ធ្វើ​ឡើង​តាម​ធម្មជាតិ​នៃ​គម្រោង (ឧ. ការ​រៀបចំ​កម្មវិធី​ផ្សេងៗ​តាម​រយៈ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ, សំណង់​គេហដ្ឋាន និង​ស្ពាន​នានា, ការ​បង្កើត​ស្ថានីយ​ថាមពល​អគ្គីសនី ឬ​ការ​បោះពុម្ព​សៀវភៅ) ។

គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ​ជា​ជំហានៗ​ គឺ​ត្រូវ​ធ្វើ​តាម​ចក្ខុវិស័យ​របស់​ស្ថាប័ន​ដោយ​ផ្ទាល់ ។ សំខាន់​ត្រូវ​យល់​ដឹង​ពី​បរិបទ​គម្រោង​ដើម្បី​សម្រេច​តាម​តម្រូវការ​នា​ពេល​អនាគត​របស់​ស្ថាប័ន​នោះ ។​

ក្នុង​ដំណាក់កាល​ដំបូង គម្រោង​នៅ​ស្រពេចស្រពិល ឬ​កំណត់​អត្ថន័យ​មិន​ជាក់លាក់ ។ គោលបំណង​នៃ​ទស្សនទានូបនីយកម្ម​របស់​គម្រោង គឺ​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​លទ្ធផល​របស់​គម្រោង ។

២.២-ការ​កំណត់​អត្ថន័យ​គម្រោង (Definition of a project)

ការ​កំណត់​អត្ថន័យ​គម្រោង ជា​ពិសេស​ធ្វើ​តាម​ឯកសារ​ដូច​ខាងក្រោម ៖

  1. របាយការណ៍​សម្រង់​ស្ដីពី​តម្រូវការ​ចាំបាច់
  2. បញ្ជី​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ
  3. អត្ថបទ​សង្ខេប​ពី​គម្រោង
  4. របាយការណ៍​សម្រង់​ស្ដីពី​វិសាលភាព​ការងារ
  5. ការ​វាយតម្លៃ​ពី​ហានិភ័យ ។

ដើម្បី​កំណត់​អត្ថន័យ​គម្រោង ត្រូវ​រៀបចំ​ឯកសារ​ដូច​ខាងក្រោម ៖

១-របាយការណ៍​សម្រង់​ស្ដីពី​តម្រូវការ​ចាំបាច់ៈ ឯកសារ​នេះ​បញ្ជាក់​ច្បាស់​ពី​តម្រូវការ (សមិទ្ធិផល​អាច​សម្រេច​បាន) នៅ​ចុងបញ្ចប់​នៃ​គម្រោង ។ ចំណុច​នេះ​មាន​សារៈសំខាន់​ណាស់ ដោយសារ​អ្នក​ទទួលផល ឬ​អ្នក​ឧបត្ថម្ភ​គម្រោង អាច​យល់​មិន​ច្បាស់​អំពី​សមិទ្ធិផល​ដែល​អាច​ទទួល​បាន ។ ​ការ​រំពឹង​ទុក​នានា​របស់​អ្នក​ទទួល​មាន​ការ​កើនឡើង នៅ​ពេល​ដែល​គម្រោង​មាន​ការ​រីក​ចម្រើន ។ ​ការ​ឯកភាព​របស់​អ្នក​ទទួលផល គឺ​ចាំបាច់​ដើម្បី​រក្សា​ការ​ប្ដេជ្ញា​ចិត្ដ​បូជា​ចំពោះ​គម្រោង ។ នេះ​មិន​មាន​ន័យ​ថា មិន​មាន​ការ​ផ្លាស់​ប្ដូរ ឬ​សំណើ​ណាមួយ​របស់​អ្នក​ទទួលផល​ត្រូវ​បាន​បំពេញ​នោះ​ទេ ការ​ពិត​ការ​ផ្លាស់​ប្ដូរ​ទាំងឡាយ​គឺ​ត្រូវ​បាន​អនុវត្ដ ហើយ​ក្រុម​របស់​គម្រោង ពិនិត្យ​តាម​ដាន​ការ​ផ្លាស់​ប្ដូរ​នេះ​ឱ្យ​បាន​សម​ស្រប ប្រសិនបើ​ការ​រំពឹង​ទុក​ណាមួយ​របស់​អតិថិជន​ពាក់ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​ថ្លៃដើម និង​ពេលវេលា​ក្នុង​ការ​បញ្ចប់​គម្រោង ។

២-បញ្ជី​អ្នក​ពាក់ព័ន្ធ​ទាំងឡាយៈ ការ​ចុះបញ្ជី​អ្នក​ដែល​ចាប់អារម្មណ៍​ពី​លទ្ធផល​គម្រោង​មាន​សារៈសំខាន់​ណាស់ (ចំណាប់​អារម្មណ៍​អាច​ក្នុង​ពេល​ឥឡូវ ឬ​ដំណាក់កាល​ក្រោយ​ទៀត​របស់​គម្រោង)។ បញ្ជី​នេះ​រួម​មាន ៖

  1. អ្នក​ទទួលផល​
  2. អ្នក​ទទួលផល​ចុង​ក្រោយ​បំផុត​
  3. អ្នក​ឧបត្ថម្ភ​គម្រោង​
  4. សមាជិក​នៃ​ក្រុមការងារ​គម្រោង​
  5. ផ្នែក​ហិរញ្ញវត្ថុ​/ផ្នែក​លទ្ធកម្ម​
  6. អ្នក​ផ្គត់ផ្គង់​/អ្នកម៉ៅការ​
  7. អ្នក​ពិគ្រោះ​យោបល់​/ទីប្រឹក្សា​
  8. សាធារណៈជន (ដែល​ទទួលផល​ប៉ះពាល់​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​ពី​គម្រោង)
  9. ស្ថាប័ន​ច្បាប់​ដែល​ពាក់ព័ន្ធ (ឧ. គណៈកម្មាធិការ​នាយក​ផ្នែក​បរិស្ថាន) ។

ជា​ការ​ពិត អ្នក​ដែល​ពាក់ព័ន្ធ​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង ត្រូវ​មាន​របៀបវារៈ​ផ្ទាល់ខ្លួន​ចំពោះ​គម្រោង ។ ​អ្នក​ដែល​ពាក់ព័ន្ធ​អាច​ជា​ធនធាន​មួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​គម្រោង ប៉ុន្ដែ ប្រសិនបើ​មិន​បាន​ចាត់ចែង​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ពួក​គេ​អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​រីក​ចម្រើន​របស់​គម្រោង​បាន ។

ជា​ឧទាហរណ៍ នៅ​ក្នុង​គម្រោង​សាងសង់​ទំនប់​ទឹក​តាម​ជ្រលង​ភ្នំ​មួយ ប្រជាជន​ត្រូវ​ជម្លៀស​ចេញ ហើយ​ត្រូវ​សង់​ទីលំនៅ​ឡើង​វិញ ករណី​បែប​នេះ​នឹង​ក្លាយជា​ការ​រាំងស្ទះ​គម្រោង ប្រសិនបើ​មិន​បាន​ដោះស្រាយ​ឱ្យ​បាន​សម​ស្រប​ពី​សំណាក់​ក្រុម​អ្នកគ្រប់គ្រង​គម្រោង​ទេ​នោះ ។​

ត្រូវ​តែ​មាន​ការ​ផ្ដល់​ដំណឹង​ជា​ប្រចាំ​ដល់​អ្នក​ពាក់ព័ន្ធ​នានា​របស់​គម្រោង ស្ដីពី​ដំណើរការ​រីក​ចម្រើន​របស់​គម្រោង ព្រមទាំង​ពិគ្រោះ​យោបល់​នៅ​ពេល​ដ៏​សមគួរ ។ ដូច្នេះ​ហើយ បញ្ជី​នៃ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងឡាយ ត្រូវ​រក្សា​ទុក​ឱ្យ​បាន​ល្អ​ជា​និច្ច ។ ​បញ្ជី​នេះ​គួរតែ​រួម​មាន​នូវ​ព័ត៌មាន​ដូច​ខាងក្រោម ៖

  1.  ឈ្មោះ
  2.  អាសយដ្ឋាន
  3.  លេខ​ទូរស័ព្ទ
  4.  ស្ថានភាព (ក្នុង និង​ក្រៅ)

អត្ថប្រយោជន៍​សំខាន់ៗ​នៃ​អ្នក​ពាក់ព័ន្ធ​នីមួយៗ​នៅ​ក្នុង​គម្រោង ត្រូវ​កត់សំគាល់​នៅ​ក្នុង​បញ្ជី​ផង​ដែរ ។ ទម្រង់​នៃ​បញ្ជី​នេះ មាន​បង្ហាញ​នៅ​ក្នុង​រូប​ទី​១ ។​

រូប​១: បញ្ជី​អ្នក​ពាក់ព័ន្ធ​គម្រោង

បញ្ជី​អ្នក​ពាក់ព័ន្ធ​នឹង​គម្រោង

            ឈ្មោះ​គម្រោង​

            ថ្ងៃខែ​ឆ្នាំ                                                         ប្រធាន​គ្រប់គ្រង​គម្រោង

ល​.រ​

អ្នក​ពាក់ព័ន្ធ​

ឈ្មោះ​

ទីតាំង​

លេខ​ទូរស័ព្ទ​

ខាងក្នុង​

ខាងក្រៅ​

អ្នកត្រួតពិនិត្យ​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

៣-អត្ថបទ​សង្ខេប​ពី​គម្រោងៈ អត្ថបទ​សង្ខេប​នេះ​មាន​ព័ត៌មាន​រួម​អំពី​គម្រោង​ចងក្រង​ពី​ការ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ក្រុមការងារ និង​អ្នក​ពាក់ព័ន្ធ ។ ឯកសារ​គម្រោង ជា​ធម្មតា ចាប់ផ្ដើម​ពី​អត្ថបទ​សង្ខេប​ពី​គម្រោង ។ ​អត្ថបទ​សង្ខេប​ពី​គម្រោង​ត្រូវ​មាន​ព័ត៌មាន​ខ្លីៗ​តែ​មួយ​ទំព័រ​ដូច​ខាងក្រោម ៖

  1. ចំណងជើង​គម្រោងៈ បញ្ជាក់​ពី​អត្ដសញ្ញាណ​របស់​គម្រោង ឧ. “ការ​ចេញផ្សាយ​សៀវភៅ ABC ”
  2. គោលបំណង​រួម​របស់​គម្រោងៈ បង្ហាញ​អំពី​លទ្ធផល​ដែល​រំពឹង​ទុក​របស់​គម្រោង ដែល​សរសេរ​តែ ២ ឬ ៣ បន្ទាត់​ប៉ុណ្ណោះ
  3. អ្នកដឹកនាំ​គម្រោង និង​អ្នក​ឧបត្ថម្ភ​ដល់​គម្រោង​
  4. ថ្ងៃខែ​ឆ្នាំចាប់ផ្ដើម​គម្រោងៈ គឺជា​ថ្ងៃខែ​ឆ្នាំ​ដែល​បាន​កំណត់​ដើម្បី​ចាប់ផ្ដើម​គម្រោង​
  5. រយៈពេល និង​កាលបរិច្ឆេទ​បញ្ចប់​គម្រោង​
  6. សមិទ្ធិផល​គម្រោងៈ ជា​លទ្ធផល​ជាក់លាក់​របស់​គម្រោង ។ សមិទ្ធិផល​របស់​គម្រោង​ត្រូវ​តែ​ជា ស្មាត SMART ៖​
    • S – Specific ជាក់លាក់​/អាច​កំណត់​បាន
    • M – Measurable អាច​វាស់​ស្ទង់​បាន
    • A – Achievable អាច​សម្រេច​គោលបំណង​បាន
    • R – Realistic ជាក់ស្ដែង
    • T – Time-bound ​ក្នុង​ថេរវេលា​កំណត់
  7. អត្ថប្រយោជន៍​របស់​គម្រោងៈ កំណត់​នូវ​អត្ថប្រយោជន៍​នានា​ចំពោះ​អ្នក​/ស្ថាប័ន​ទទួលផល ដោយ​កំណត់​ជា​បរិមាណ ឧ. ការ​សន្សំ​ថ្លៃដើម, ប្រាក់​ចំណេញ ។ល ។​
  8. យុទ្ធសាស្ដ្រ​គម្រោងៈ កំណត់​/ចង្អុលបង្ហាញ​ផ្លូវ​លម្អិត​ឈាន​ទៅ​សម្រេច​គោលបំណង ឧ. ថា​តើ​ផ្លូវ​នេះ​ត្រូវ​សង់​ដោយ​ប្រើ​ស៊ីម៉ងត៍ ឬ​ប្រើ​ជ័រកៅស៊ូ​ក្រាល​ថ្នល់
  9. ជំនាញ​ចាំបាច់​សម្រាប់​គម្រោងៈ ជា​ការ​ចង្អុល​បង្ហាញ​ពី​ជំនាញ​បច្ចេកទេស​សំខាន់ៗ​ដែល​ត្រូវការ​ក្នុង​គម្រោង ឧ. គូរ​ប្លង់ ការ​សាងសង់ កម្មវិធី​កុំព្យូទ័រ ។ល ។
  10. ភាព​ពាក់ព័ន្ធ​ជាមួយ​គម្រោង​ដទៃ​ទៀតៈ មាន​សារៈសំខាន់​នៅ​ពេល​ដែល​គម្រោង​កំពុង​អនុវត្ដ​គឺ​ជា​ផ្នែក​នៃ​គម្រោង​ធំ​មួយ ឧ. ស្ថានីយ​បូមទឹក​អាច​ជា​ផ្នែក​នៃ​គម្រោង​កសិដ្ឋាន​កសិកម្ម​ដ៏​ធំ​មួយ
  11. ថ្លៃ​ចំណាយ​សម្រាប់​គម្រោងៈ វា​បង្ហាញ​ពី​ទឹកប្រាក់​សរុប​របស់​គម្រោង ។ ជា​ការ​ប៉ាន់ស្មាន​នៅ​ពេល​ចាប់ផ្ដើម ហើយ​បន្ទាប់​មក​មាន​ការ​កែប្រែ ដើម្បី​ឱ្យ​កាន់តែ​ជាក់ស្ដែង​ថែម​ទៀត បន្ទាប់​ពី​ការ​កសាង​ផែនការ​ត្រូវ​បាន​បញ្ចប់
  12. ការ​គ្រប់គ្រង​ហានិភ័យៈ នេះ​ជា​វិធានការ​ការពារ​គ្រោះ​មហន្ដរាយ​នានា​ដែល​ទំនង​នឹង​កើត​មាន​ឡើងនៅ​ក្នុង​គម្រោង ។

៤-ឯកសារ​វិសាលភាព​ការងា​រៈ ឯកសារ​នេះ​រួម​ទាំង​គោលបំណង​នានា​យ៉ាង​លម្អិត​បំផុត ។ ​ហើយ​ក៏​បញ្ជាក់​ពី​ព្រំដែន​របស់​គម្រោង​ផង​ដែរ (ឧ. អ្វីមួយ​ដែល​មិន​បាន​រួម​បញ្ចូល​នៅ​ក្នុង​គម្រោង) ។ លទ្ធផល​រំពឹង​ទុក​ត្រូវ​បាន​កំណត់​ក្នុង​លក្ខខណ្ឌ​ជាក់លាក់​បន្ថែម​ទៀត ។ វិសាលភាព​ការងារ ក៏​ត្រូវ​រួម​បញ្ចូល​ផង​ដែរ​នូវ​បញ្ហា និង​ការ​សន្និដ្ឋាន​នានា​ក្រោម​គម្រោង​ដែល​កំពុង​ត្រូវ​បាន​អនុវត្ដ ។​

ចំណុច​សំខាន់​មួយ​ចំនួន​ដែល​រួម​បញ្ចូល​នៅ​ក្នុង​ឯកសារ​បញ្ជាក់​ពី​វិសាលភាព​ការងារ​នេះ មាន​ដូច​ខាងក្រោម ៖

  1. ការ​បញ្ជាក់​ប្រាប់​ពី​លទ្ធផល​របស់​អ្នក​ទទួលផល
  2. បទដ្ឋាន​តាម​អាណត្ដិ​ដែល​ត្រូវ​អនុវត្ដ​តាម
  3. ការ​បញ្ជាក់​ប្រាប់​ពី​ដំណើរការ
  4. នីតិវិធី​សម្រាប់​អនុវត្ដ​តាម​ស្ដង់ដារ
  5. នីតិវិធី​ធ្វើ​លទ្ធកម្ម
  6. អាណត្ដិ​នៃ​ការ​ចុះ​កិច្ចសន្យា​បន្ដ និង​លក្ខខណ្ឌ​នានា​សម្រាប់​ផ្គត់ផ្គង់
  7. ស្ដង់ដារ​គុណភាព​ដែល​អាច​អនុវត្ដ​បាន ។

ឯកសារ​វិសាលភាព​ការងារ ចង្អុលបង្ហាញ​ពី​ឯកសារយោង​ដែល​មាន​ព័ត៌មាន​លម្អិត​ស្ដីពី​ការ​បញ្ជាក់​ប្រាប់​យ៉ាង​ពិស្ដា និង​ស្ដង់ដារ​នានា ។ល ។

៥-ការ​វាយតម្លៃ​លើ​ហានិភ័យៈ ដើម្បី​គ្រប់គ្រង​គម្រោង​មួយ​ឱ្យ​បាន​ជោគជ័យ ត្រូវ​កំណត់​ហានិភ័យ​មុន​នឹង​អនុវត្ដ ។ អាកាសធាតុ​អាក្រក់ បុគ្គលិក​ធ្វើ​បាតុកម្ម គ្រោះថ្នាក់ និង​ការ​ពន្យា​ពេល​នៃ​ការ​ផ្គត់ផ្គង់ ទាំង​អស់នេះ​គឺ​ជា​ប្រភេទ​នៃ​ហានិភ័យ​ដែល​អាច​កើត​មាន ។ ​ហានិភ័យ គឺ​ជា​ហេតុការណ៍​ទាំងឡាយ​ណា​ដែល​អាច​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​សម្រេច​ជោគជ័យ​របស់​គម្រោង ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​រំពឹង​ទុក​របស់​អ្នក​ពាក់ព័ន្ធ ។ ហានិភ័យ ដែល​ក្លាយ​ជា​ស្ថានភាព​ពិត គឺ​ចាត់ទុកជា “ផលវិបាក” ។

ហានិភ័យ​របស់​គម្រោង​មាន​ពីរ​ប្រភេទ ៖

  1. ហានិភ័យ​គម្រោង ដែល​កើត​ចេញពី​ធម្មជាតិ​ការងារ​បច្ចេកទេស​ក្នុង​គម្រោង
  2. ហានិភ័យ​នៃ​ដំណើរការ កើត​ចេញពី​ដំណើរការ នីតិវិធី សម្ភារៈ បច្ចេកវិទ្យា ការ​គ្រប់គ្រង ទំនាក់ទំនង និង​ទង្វើ​របស់​ក្រុមការងារ ។

ទាំងនេះ​ជា​តួនាទី​របស់​ប្រធាន​គ្រប់គ្រង​គម្រោង ដែល​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមការងារ​លើ​ចំណុច​ដូច​ខាងក្រោម ៖

  1. រក​ឱ្យ​ឃើញ​ហានិភ័យ និង​វាយតម្លៃ​តាម​សក្ដានុពល​
  2. រក​ឱ្យ​បាន​នូវ​ចំណុច​ឯកភាព​គ្នា​ពី​ការ​ធ្វើ​ផែនការ​សកម្មភាព​ដែល​មាន​ហានិភ័យ
  3. ចាត់វិធានការ​សម្រប​សម្រួល និង​ធ្វើការ​ត្រួត​ពិនិត្យ​តាមដាន​លទ្ធផល
  4. ដោះស្រាយ​បញ្ហា​ភ្លាមៗ​នៅ​ពេល​ដែល​ហានិភ័យ​នេះ​ក្លាយជា​ការ​ពិត ។

ហានិភ័យ​ដែល​បាន​កំណត់​រួច​ហើយ អាច​នឹង​មិន​ដូច​គ្នា​នោះ​ទេ រីឯ​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ពេល​វេលា និង​ទុន​របស់​គម្រោង ក៏​អាច​នឹង​ខុស​គ្នា​ផង​ដែរ ។ ដូច្នេះ​ហើយ ត្រូវ​បែងចែក​ហានិភ័យ​ដូច​ខាងក្រោម ៖

  1. ហានិភ័យ​អាច​បែងចែក​ទៅ​តាម​ភាព​ប្រហែល​នឹង​កើតឡើង​របស់​វា ឧ. ក្លាយជា​បញ្ហា ។ ​ភាព​ប្រហែល ដែល​កើតឡើង រៀប​លំដាប់​លេខ​រៀង​ពី ១ ទៅ ៩។ ការ​ដាក់​លេខ ១ មាន​ន័យ​ថា ទាប និង​ការ​ដាក់​លេខ ៩ មាន​ន័យ​ថា ខ្ពស់ ឧ. ភាព​ប្រហែល​នឹង​មាន​បញ្ហា ។​
  2. ហានិភ័យ ក៏​អាច​បែងចែក​ទៅ​តាម​មូលដ្ឋាន​នៃ​ឥទ្ធិពល​របស់​វា​ទៅ​លើ​ពេលវេលា និង​ថវិកា​របស់​គម្រោង​ផង​ដែរ ។ ​

ភាព​ប្រហែល និង​ឥទ្ធិពល​របស់​ហានិភ័យ អាច​នឹង​ធ្វើការ​វិភាគ​នៅ​ក្នុង​តារាង​ម៉ាទ្រីស​ក្នុង​ចំណុច​លេខ​២ (រូប​ទី​២) ដូច​ខាងក្រោម ៖

រូប​២: តារាង​ម៉ាទ្រីស​បែងចែក​ហានិភ័យ

ឥទ្ធិពល​លើ​គម្រោង​

ភាព​ប្រហែល

 

កម្រិត​ទាប​

កម្រិត​មធ្យម​

កម្រិត​ខ្ពស់​

៧ – ៩

មធ្យម

ខ្ពស់

មិន​អាច​ទទួលយក​បាន

៤ – ៦

ទាប

ខ្ពស់

មិន​អាច​ទទួល​យក​បាន

១ – ៣

ទាប

មធ្យម

ខ្ពស់

ហានិភ័យ​ទាំងនោះ​ត្រូវ​កំណត់​តាម​កម្រិត ខ្ពស់ មធ្យម និង​ទាប ដូច​មាន​បង្ហាញ​នៅ​ក្នុង​រូប​២ ។ ហានិភ័យ​កម្រិត​ខ្ពស់ គឺ​ជះ​ឥទ្ធិពល​ទៅ​លើ​ពេលវេលា និង​ថវិកា​របស់​គម្រោង ដែល​ត្រូវ​ត្រួតពិនិត្យ​ជា​ទៀងទាត់ ។ ​ក្រុម​ការងារ​ដែល​ទទួល​ខុសត្រូវ​លើ​គម្រោង ត្រូវ​បែងចែក​សមាជិក​ជា​ក្រុម​ផ្សេងៗ​ធ្វើការ​ពិនិត្យ​តាមដាន​ហានិភ័យ​ទាំង​នោះ​ដែល​មាន​កម្រិត​ខ្ពស់ និង​មធ្យម ។ ​ហានិភ័យ​ទាំងនេះ មាននៅ​ក្នុង​បញ្ជី​ហានិភ័យ​របស់​គម្រោង​ស្រាប់ ។

 

ត្រលប់​ទៅ មាតិកា​រឿង