ពលរដ្ឋនៅខេត្តពោធិសាត់នាំគ្នាប្រារព្ធពិធីបុណ្យសពកូនគោចម្លែកជើងមានស្រកាដូចគេឆ្លាក់
មន្ត្រីមូលដ្ឋាន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០០៩ ថា មានប្រជាពលរដ្ឋជាង១០០នាក់បានប្រារព្ធពិធីបុណ្យសពកូនគោដែលគេសន្មត់ថា «មានបុណ្យ» ជាគោមានវេទមន្ត អាចជួយព្យាបាលជម្ងឺផ្សេងៗបាន ។ លោក សុខ មីម មេភូមិដំណាក់ចង្អើរ នៅភាគខាងជើងខេត្តពោធិសាត់ បានថ្លែងថា នេះគឺជាជំនឿតាមបែបធម្មជាតិ ខណៈដែលគោមានស្បែកដូចស្បែកក្រពើបានកើតមកកាលពីថ្ងៃព្រហស្បតិ៍ ហើយបានសា្លប់ទៅវិញភា្លមៗ ។ លោកមានប្រសាសន៍ទៀតថា មានអ្នកភូមិជាច្រើន ព្រមទាំងមា្ចស់គោផង បានធ្វើពិធីបុណ្យឲ្យសពគោយៈពេលដល់ទៅបីថ្ងៃ ។ លោក សុខ មីម បានបញ្ជាក់ថា មានប្រជាជនជាច្រើនបានមកចូលរួមពិធីបុណ្យសពកូនគោ ដោយពួកគេបានផ្តល់ជាលុយកាក់ និងមានការសោកសា្តយ ហើយបានបួងសួងសុំឲ្យកូនគោចម្លែកនេះ ឆាប់ចាប់ជាតិសាជាថ្មី និងមានអាយុវែងកុំឲ្យឆាប់សា្លប់ដូចជាតិនេះទៀត ។ លោក សុខ មីម បានកត់សមា្គល់ដែរថា គោនេះមើលទៅមានភាពចម្លែក ជើងមានស្រកាដូចជាគេឆ្លាក់ មានស្បែកដូចជាក្រពើ ដែលធ្វើឲ្យចាស់ទុំក្នុងភូមិមានជំនឿថាជា «គោមានវេទមន្ត» ។ ប្រជាជនមួយចំនួនបានយកទឹកមាត់គោនេះមកព្យាបាលជម្ងឺផ្សេងៗ ដូចជា ឈឺធ្មេញជាដើម។ មន្ត្រីនគរបាលនៅក្នុងភូមិ ឃុំ យល់ឃើញថា អ្នកភូមិមានជំនឿតាមបែបធម្មជាតិ ដោយគិតថា គោនេះពិតជាមានវេទមន្ត ពីព្រោះនៅពេលកូនគោនេះកើតមកនៅក្នុងភូមិនេះមានភ្លៀងធា្លក់យ៉ាងខ្លាំងរយៈពេលបីថ្ងៃជាប់ៗគា្នក្នុងខណៈពេលដែលប្រជាជនកំពុងតែជួបនូវគ្រោះរាំងស្ងួត ហើយត្រូវការទឹកសម្រាប់ធ្វើស្រែនោះ ៕
ឌឹ ភ្នំពេញប៉ុស្តិ៍ ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០០៩

ប្រជាពលរដ្ឋកំពុងធ្វើពិធីបុណ្យសពដល់គោវេទមន្តនៅក្នុងខេត្តពោធិសាត់ ។ ពលរដ្ឋមានជំនឿថាសត្វគោចម្លែកនេះនាំមកនូវសេចក្តីសុខ និងភាពត្រជាក់ត្រជុំដល់អ្នកភូមិ