ច្បាប់ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា»
ប្រភពដ៏សំខាន់នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជានាសម័យក្រោយអង្គរ គឺច្បាប់ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ឬ «របាក្សត្រប្រទេសកម្ពុជា» ។ គឺដោយសារឯកសារទាំងនេះហើយទើបអ្នកស្រាវជ្រាវទាំងឡាយអាចចងក្រងសៀវភៅប្រវត្តិសាស្ត្រខ្មែរនៅសម័យក្រោយអង្គរក្នុងរយៈកាលប្រហែល៦សតវត្ស ។ ពោលគឺតាំងពីមុនព្រឹត្តិការណ៍ដែលនាំឲ្យមានការលើករាជធានីពីក្រុងអង្គរមកក្រុងបាសាននាផ្នែកខាងត្បូងនៃប្រទេសកម្ពុជាក្នុងគ.ស១៤៣២ រហូតមកដល់រជ្ជកាលព្រះបាទនរោត្ដម (គ.ស១៨៦០‑១៩០៤) ។
គេបានស្គាល់ច្បាស់រួចទៅហើយនូវអត្ថន័យនៃពាក្យ «រាជពង្សាវតារ» និងពាក្យ «របាក្សត្រ» ។ ក្នុងពាក្យ «រាជពង្សាវតារ» មានពាក្យ ៖ «រាជ» មានន័យថា «របស់ព្រះរាជា នៃព្រះរាជា» ។ «ពង្ស» មានន័យថា «វង្ស ត្រកូល ពូជ អម្បូរ» ។ «អវតារ» មានន័យថា «ដំណើរឆ្លងចុះ ការឃ្លាតនៃវង្សត្រកូល» ។ «ពង្សាវតារ» គឺ «រឿងរ៉ាវតាមលំដាប់នៃវង្សត្រកូល ប្រវត្តិដែលឆ្លងពីសង្កាត់មួយមកសង្កាត់មួយ ដំណើរសេចក្ដីសម្ដែងអំពីតំណនៃវង្សត្រកូល» ។ ឯ «រាជពង្សាវតារ» គឺ «ពង្សាវតាររបស់ក្សត្រ ពង្សាវតារនៃព្រះរាជា ពង្សាវតារនៃព្រះមហាក្សត្រិយ៍» ។
ពាក្យក្លាយពីខាងលើដែលគេប្រើដែរគឺ «សាវតារ ឬសោវតារ ឬសៅវតារ» (ពាក្យខាងក្រោយទាំងពីរនេះគេមិនសូវប្រើទេ ឬច្រើនប្រើក្នុងភាសានិយាយ) ដែលមានន័យត្រឹមថា «ប្រវត្តិ ឬប្រវត្តិសាស្ត្រ» ។ ពាក្យមួយទៀតដែលមានន័យថា «រាជពង្សាវតារ» ដែរគឺពាក្យ «របាក្សត្រ» ដូចមានចែងក្នុងឯកសារព្រះរាជពង្សាវតារខ្លះស្រាប់ ។ ក្នុងពាក្យ «របាក្សត្រ» មានពាក្យ ៖ «របា» ដែលមានន័យថា «បវេណី ចំបួរ ឬជំបួរ (ជួរ ត្រកូល ពូជ ផៅបុព្វជន)» ។ «របាក្សត្រ ឬរឿងរបាក្សត្រ» គឺ «ជួរក្សត្រ បវេណីក្សត្រ រឿងបវេណីក្សត្រ រឿងជំបួរក្សត្រ រឿងរ៉ាវតាមលំដាប់នៃវង្សព្រះមហាក្សត្រីយ៍» ។
ពាក្យក្លាយពីពាក្យខាងលើដែលគេឃើញមានប្រើក្នុងឯកសារ (ឯកសារសរសេរដៃ ឬសំណេរដៃ) ដែរគឺ «របាក្សត្រ ល្បាក្សត្រ ល្បាលក្សត្រ អំបាលក្សត្រ» (ពាក្យខ្លះអាចមានអក្ខរាវិរុទ្ធខុសពីពាក្យដែលបានសរសេររួចមកហើយខាងលើនេះ) ។ ពាក្យមួយទៀតដែលគេប្រើជំនួសពាក្យ «រាជពង្សាវតារ» ដែរក្នុងច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជាខ្លះគឺពាក្យ «របៀងក្សត្រ» ដែលមានន័យថា «រឿងរ៉ាវតាមលំដាប់រៀងនៃក្សត្រ រឿងរ៉ាវតាមលំដាប់រៀងនៃមហាក្សត្រីយ៍» ឬជួនកាលពាក្យក្លាយពីពាក្យខាងលើគឺពាក្យ «របែងក្សត្រ» ។
អ្នកសិក្សាច្រើនចែកច្បាប់ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ជាពីរផ្នែកគឺ ៖ ផ្នែកតំណាល ឬ ផ្នែកនិទាន ដែលគេសន្មតថាមាននិយាយតែអំពីរឿងព្រេងដែលពុំមានភស្តុតាងទាក់ទងយ៉ាងច្បាស់លាស់ទៅនឹងប្រវត្តិសាស្ត្រ ។ ផ្នែកប្រវត្តិសាស្ត្រ ដែលគេសន្មតចាត់ទុកថាមាននិយាយអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ។
តាមការសិក្សា ផ្នែកប្រវត្តិសាស្ត្រ នេះត្រូវបានគេសរសេរឡើងជាឯកសារមុន ផ្នែកតំណាល ។ ផ្នែកតំណាល ដើមឡើយប្រហែលមានតែតាមសេចក្ដីនិទានតៗគ្នា ឬមានតែអន្លើខ្លះៗប៉ុណ្ណោះដែលគេបានចងចាំទុកមក ។ លុះមកដល់ក្រោយពាក់កណ្ដាលសតវត្សទី១៩បន្តិច ទើបគេចាប់ចងក្រងសរសេរច្បាប់ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ទាំងមូលដោយបញ្ចូលផ្នែកទាំងពីរខាងលើ («ផ្នែកតំណាល» និង «ផ្នែកប្រវត្តិសាស្ត្រ») ដើម្បីបង្កើតជាឯកសារតែមួយ ។ ឯកសារ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» នេះ ចាប់ផ្ដើមឡើងដោយ «ផ្នែកតំណាល» ហើយបន្តទៅទៀតដោយ «ផ្នែកប្រវត្តិសាស្ត្រ» ។ ប្រធានបទសំខាន់ៗដែលគេឃើញមាននៅក្នុង «ផ្នែកតំណាល» គឺសេចក្ដីនិទានពីព្រះពុទ្ធទំនាយ រឿងរ៉ាវទាក់ទងទៅនឹងព្រះថោងនាងនាគ ព្រះកេតុមាលា ព្រះកែវមរកត ព្រះត្រៃបិដក ដំបងគ្រញូង បក្សីចាំក្រុង តាត្រសក់ផ្អែម ។ល។ ចំណែកឯ ផ្នែកប្រវត្តិសាស្ត្រ គេគិតតាំងពីរជ្ជកាលព្រះបាទបរមនិព្វានបទដែលសោយរាជ្យតាំងពីរវាងពាក់កណ្ដាលសតវត្សទី១៤តទៅ ។ ផ្នែកទី២នេះ (ហើយជាមួយគ្នានេះ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ទាំងមូល) ច្រើនតែត្រូវបញ្ចប់នៅក្នុងរជ្ជកាលព្រះបាទនរោត្ដម (គ.ស១៨៦០‑១៩០៤) ។ ព្រះបាទបរមនិព្វានបទព្រមទាំងមហាក្សត្រិយ៍ដែលសោយរាជ្យជាបន្តបន្ទាប់មកទ្រង់គង់នៅរាជធានីអង្គរ (មហានគរ) នៅឡើយ ។ គឺប្រហែលមួយសតវត្សក្រោយមក នៅរវាងពាក់កណ្ដាលសតវត្សទី១៥ (ក្នុងរវាងគ.ស១៤៣២) ទើបព្រះបាទបរមរាជាទី១ (ចៅពញាយ៉ាត) លើករាជធានីពីអង្គរមកសាងនៅក្រុងបាសានជាដំបូង ហើយមកក្រុងចតុមុខ (ភ្នំពេញ) ជាបន្តមកទៀត ។ លុះដល់សតវត្សទី១៦ ទើបព្រះបាទបរមរាជាទី២ (ចៅពញាចន្ទ) លើករាជធានីមកសាងនៅបន្ទាយលង្វែក ហើយនៅសតវត្សទី១៧ ទើបព្រះបាទជ័យជេដ្ឋាទី២លើករាជធានីមកសាងនៅក្រុងឧត្ដុង្គតមកទៀត ។
តាមស្ថានភាពសព្វថ្ងៃ ចំពោះឯកសារ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ឬ «ព្រះរាជពង្សាវតារខ្មែរ» មានច្បាប់ខ្លះមានភាគទាំងពីរចប់ចុងចប់ដើម តែច្បាប់ខ្លះទៀតមានតែ «ផ្នែកប្រវត្តិសាស្ត្រ» គឺចាប់ពីព្រះបាទបរមនិព្វានបទមក (ច្បាប់ប្រភេទនេះគេច្រើនហៅថា «ព្រះរាជពង្សាវតារព្រះបរមនិព្វានបទ») ។ មានច្បាប់មួយចំនួនទៀតមានតែកំណាត់ដុំៗគឺច្បាប់ខ្លះនិយាយរៀបរាប់អំពីភាគខ្លះនៃ «ផ្នែកតំណាល» ហើយច្បាប់ខ្លះទៀតធ្វើអត្ថាធិប្បាយអំពីភាគខ្លះទៀតនៃ «ផ្នែកប្រវត្តិសាស្ត្រ» ក្នុងកាលបរិច្ឆេទយ៉ាងខ្លី ។ យើងសន្មតហៅឯកសារទាំងនេះថា «កំណាត់ពង្សាវតារ» ។
តាមស្ថានភាពសព្វថ្ងៃដដែល ឯកសារ «ព្រះរាជពង្សាវតារខ្មែរ» ខ្លះចារជាអក្សរមូលនៅលើសាស្ត្រាស្លឹករឹត តែមួយភាគធំសរសេរជាអក្សរជ្រៀងធម្មតានៅក្នុងសៀវភៅសរសេរ ហើយបីច្បាប់ទៀតសរសេរជាអក្សរឡាតាំង ។ ពីមុនមានច្បាប់ខ្លះសរសេរនៅលើក្រាំងដែរ ប៉ុន្តែច្បាប់ទាំងនេះសឹងតែជាសំណៅដើមដែលអាចពុំមានសេសសល់ដល់បច្ចុប្បន្ននេះឡើយ ។ ច្បាប់ភាគច្រើនស្ថិតនៅឯបរទេស ជាពិសេសនៅប្រទេសបារាំង ។ មួយភាគធំតម្កល់ទុកនៅបណ្ណាល័យរបស់ស្ថាប័នធំៗ ដូចជា បណ្ណាល័យជាតិប្រទេសបារាំង (ចម្លងនៅរវាងឆ្នាំ១៨៦៦ ដើមឡើយជាកម្មសិទ្ធិរបស់លោក Doudart de Lagrée) បណ្ណាល័យសមាគមអាស៊ី (ចម្លងនៅចន្លោះឆ្នាំ១៨៧០‑១៨៨៧ ដើមឡើយជាកម្មសិទ្ធិរបស់លោក Etienne Aymonier) បណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេស (ភាគច្រើនចម្លងនៅទសវត្សរ៍ទី២នៃសតវត្សទី២០ តាមគំនិតផ្ដួចផ្ដើមរបស់លោក George Coedès) ប៉ុន្តែមួយភាគតូចទៀត ក៏ជាកម្មសិទ្ធិរបស់ឯកជនដែរ ព្រោះនិស្សិត ឬអ្នកសិក្សាខ្មែរមួយចំនួនអាចបានចម្លងច្បាប់ «ព្រះរាជពង្សាវតារខ្មែរ» ខ្លះដើម្បីយកទៅសិក្សាផ្ទាល់ខ្លួន ។ តាមការសិក្សាស្រាវជ្រាវរបស់អង្គការទាំងឡាយដែលបានធ្វើរួចមកហើយកន្លងទៅនេះ ឯកសារ «ព្រះរាជពង្សាវតារខ្មែរ» ខ្លះមានសេសសល់នៅប្រទេសកម្ពុជាដែរ ។ ក្នុងចំណោមសំណេរដៃទាំងនោះមានឯកសារខ្លះប្រហែលចប់សព្វគ្រប់ ប៉ុន្តែសំណេរដៃមួយភាគទៀតប្រហែលពុំចប់ចុងចប់ដើមឡើយ គឺមានបាត់ខ្សែខ្លះ ឬសន្លឹកខ្លះ ។
យើងអាចសិក្សាស្ថានភាពសព្វថ្ងៃនៃច្បាប់ «ព្រះរាជពង្សាវតារខ្មែរ» ដោយធ្វើអត្ថាធិប្បាយអំពីសំណេរដៃនានាតាមទីកន្លែងដែលគេតម្កល់ទុកច្បាប់ទាំងនោះ ឬតាមកាលបរិច្ឆេទដែលច្បាប់ទាំងនោះត្រូវបានតាក់តែងឡើង ។ តទៅនេះ យើងនឹងរៀបរាប់អំពីស្ថានភាពនៃឯកសារទាំងនោះតាមរបៀបចុងក្រោយនេះ ។
លំដាប់ព្រះរាជពង្សាវតារតាមកាលបរិច្ឆេទ (មុនរជ្ជកាលព្រះបាទនរោត្ដម)
ប្រទេសកម្ពុជាមានទំនៀមចងក្រង និងរក្សាឯកសារប្រវត្តិសាស្ត្រជាយូរមកហើយ យ៉ាងហោចណាស់តាំងពីសម័យអង្គរមកម៉្លេះ ។ សិលាចារឹកប្រាសាទព្រះវិហារ (K 380) សាងឡើងនៅសតវត្សទី១១ (សរសេរនៅឆ្នាំ១០៣៧‑១០៣៨) បានចែងបញ្ជាក់ថា ក្រុមគ្រួសារ (សន្ដាន) របស់ស្រីសុក៌មា (ស្រីសុក៌ម្មាកំស្ដេងិ) សឹងត្រូវបានតែងតាំងជាបណ្ណសាររក្សនៃរាជាណាចក្រ ជាអ្នកថែរក្សា «ចាំលិខិតកម្វុវង្សនុអង្គវ្រះរាជការយ្យលិខិតកិរ្តីកម្រតេងផ្ទៃករោំ...» ។ «វ្រះលិខិត» ទាំងនេះជាឯកសារដែលគេបានរក្សាទុកនៅលើស្លឹក «វ្រះរិត្ត» តម្កល់នៅកន្លែងនានាដែលសិលាចារឹកបានឲ្យឈ្មោះ ។
ចំពោះស្ថានភាពឯកសារសព្វថ្ងៃ ច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជាដែលគេឃើញមានចុះកាលបរិច្ឆេទ ហើយដែលមានចំណាស់ជាងគេត្រូវបានតាក់តែងឡើងនៅដើមសតវត្សទី១៨ ។ ច្បាប់ក្រោយៗត្រូវបានតាក់តែងឡើងនៅចុងសតវត្សទី១៨ និងនៅដើមសតវត្សទី១៩ ហើយមានច្រើនជាងគេនៅអឌ្ឍភាគទីពីរនៃសតវត្សទី១៩ព្រមទាំងអឌ្ឍភាគទីមួយនៃសតវត្សទី២០ ។
១. សំណេរដៃ P64/3: Chronique de Cei Césdà, le roi centenaire
ច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជានេះចម្លងពីសំណៅដើមជាសាស្ត្រាស្លឹករឹតរបស់ឧកញ៉ាយោធានរិន្ទវ៉ាន់ ដែលមានឈ្មោះដូចខាងលើជាភាសាបារាំង សព្វថ្ងៃតម្កល់ទុកនៅបណ្ណាល័យរបស់សាលាបារាំងចុងបូព៌ាប្រទេសនាទីក្រុងប៉ារីស ។ គឺជាឯកសារសរសេរដៃនៅលើសៀវភៅខ្នាតធំមួយមានចុះលេខសម្គាល់ជា P64 ។ ដោយឯកសារនេះជាឯកសារទី៣របស់សៀវភៅខាងលើ យើងសន្មតហៅឯកសារនេះថា សំណេរដៃ P64/3 ។
បើយោងទៅតាមសេចក្ដីអត្ថបទរបស់ P64/3 ខ្លួនឯង សំណេរដៃដែលមានឈ្មោះខាងលើបានត្រូវចម្លងចេញពីច្បាប់ព្រះរាជពង្សាវតារដែលមានចំណាស់ជាងគេក្នុងចំណោមច្បាប់ព្រះរាជពង្សាវតារទាំងឡាយដែលគេស្គាល់សព្វថ្ងៃ ។ តាមអត្ថបទខាងលើ នៅឆ្នាំ១៧១៣/១៤ ព្រះបាទជ័យជេដ្ឋាទី៣បានបញ្ជាឲ្យរាជហោរា២នាក់គឺ ឧកញ៉ាហោរាធិបតីទិព្វចក្ខុមុំ និងឧកញ៉ាហោរាធិបតីទិព្វន័យន៍នេត្រម៉ី ចងក្រងព្រះរាជពង្សាវតារ (របៀងក្សត្រ) មួយច្បាប់ ។ រវាង១០ឆ្នាំក្រោយមក លុះព្រះជ័យជេដ្ឋាទី៣ (កាលនោះព្រះអង្គបានដាក់រាជ្យរួចទៅហើយៗបានគង់ជាទីមហាឧភយោរាជ) បានផ្ទៀងផ្ទាត់យល់ព្រមរួចហើយរបៀងក្សត្រនេះត្រូវបានម៉ឺនបញ្ចង់សារាសុកចារចម្លងទុកនៅលើសាស្ត្រាស្លឹករឹតបិទមាសចារចម្លងចប់នៅខែធ្នូ ឆ្នាំ១៧២៤ គឺជិតមួយឆ្នាំមុនពេលព្រះបាទជ័យជេដ្ឋាទី៣សុគតនៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័កមហាសករាជ១៦៤៧ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ១៧២៥ ក្នុងរជ្ជកាលព្រះបាទបទុមរាជាទី៩ (សត្ថា, ១៧២២‑១៧២៩) ។
សំណេរដៃ P64/3 ជាកំណាត់នៃច្បាប់ព្រះរាជពង្សាវតារមួយប៉ុណ្ណោះ ព្រោះឯកសារនេះនិយាយរៀបរាប់តែអំពីព្រឹត្តិការណ៍នៅក្នុងរជ្ជកាលព្រះជ័យជេដ្ឋាទី៣ និងរជ្ជកាលមហាក្សត្រិយ៍ពីរបីព្រះអង្គដែលសោយរាជ្យបន្តមកទៀត (នៅទសវត្សរ៍ចុងនៃសតវត្សទី១៧ និងទសវត្សរ៍ដើមនៃសតវត្សទី១៨) ។ ប៉ុន្តែពិតមែនតែសំណេរដៃ P64/3 និយាយរៀបរាប់តែព្រឹត្តិការណ៍នៅក្នុងរយៈកាលដ៏ខ្លីក៏ដោយ ក៏ព្រឹត្តិការណ៍ទាំងនោះច្រើនត្រូវបានពិពណ៌នាដោយលម្អិត និងពន្យល់ដោយក្បោះក្បាយ ។ ឯព្រឹត្តិការណ៍ខ្លះទៀតដែលច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជាដទៃពុំបាននិយាយអធិប្បាយ ឬបានអធិប្បាយបន្តិចបន្តួច សំណេរដៃ P64/3 ច្រើនរៀបរាប់ដោយពិស្ដារ ។ គេអាចយកជាឧទាហរណ៍នូវរឿងរ៉ាវទាក់ទងទៅនឹងសឹកសង្គ្រាមដ៏វែងរវាងព្រះជ័យជេដ្ឋាទី៣ និងព្រះមហាឧភយោរាជបទុមរាជាអង្គនន់នូវថ្វីដៃមេទ័ពខ្មែរម្នាក់ឈ្មោះឧកញ៉ាក្រឡាពាសហ្លួងហុក (គេច្រើនហៅមេទ័ពនេះតាមគោរម្យងារដើមថា ចៅពញាមន្ត្រីសង្គ្រាមហុក ឬហៅយ៉ាងខ្លីថា ចៅពញាហុក) ដែលបានរំដោះសម្ដេចព្រះទាវអំពីចំណោមកងទ័ពសត្រូវ ហើយបានធ្វើសឹកសង្គ្រាមប្រកបដោយជ័យជំនះជាច្រើនអន្លើ ហើយនិងនូវការតាក់តែងច្បាប់ សមិទ្ធិផ្សេងៗទៀតរបស់ព្រះបាទជ័យជេដ្ឋាទី៣ ។
គេអាចរាប់សំណេរដៃពីរបីទៀតដែលមានលំនាំសេចក្ដីប្រហាក់ប្រហែលនឹងសំណេរដៃ P64/3 ដែរ ។ តាមពិតសំណេរដៃទាំងនេះ (យើងយកតែច្បាប់ពីរនេះមកនិយាយទេព្រោះឯកសារឯទៀតច្រើនតែចម្លងលាយឡំជាមួយអត្ថបទច្បាប់របាក្សត្រដទៃទៀត) អាចចេញមកពីប្រភពតែមួយ គឺប្រហែលត្រូវបានចម្លងចេញពីសំណៅដើមតែមួយជាមួយគ្នា ។ ឯកសារទាំងពីរនោះដែលសុទ្ធតែមានចំណងជើងជាភាសាបារាំងមានឈ្មោះដូចតទៅ ៖
ក. សំណេរដៃ B39/12/C: Annales d’un règne
គឺជាឯកសារសរសេរដៃ តម្កល់ទុកនៅបណ្ណាល័យរបស់សមាគមអាស៊ីនាទីក្រុងប៉ារីស នៅក្នុងសៀវភៅដែលមានចំណងជើងថា Manuscrits Khmère et laos (នៅក្នុងសៀវភៅក្បាលទី១២) ។ សៀវភៅសរសេរដៃនេះមានចុះលេខសម្គាល់ B39 ។ នៅក្នុងសៀវភៅនេះមានអត្ថបទជាភាសាខ្មែរជាច្រើនទៀត ហើយជាពិសេសមានសំណេរដៃបីដែលជាច្បាប់ព្រះរាជពង្សាវតារ (មានអត្ថបទខ្លះសរសេរជាភាសាលាវ ហើយទាក់ទងទៅនឹងព្រះរាជពង្សាវតារប្រទេសលាវ) ។ ដោយឯកសារដែលយើងកំពុងសិក្សាជាឯកសារទីបីនៃច្បាប់ព្រះរាជពង្សាវតារទាំងនោះ យើងសន្មតហៅឯកសារដែលមានឈ្មោះជាភាសាបារាំងថា Annales d’un règne ថា សំណេរដៃ B39/12/C (ទំព័រ១‑៣១) ។
ខ. សំណេរដៃ DL/3: Histoire d’un centenaire: roi du Cambodge au XVIIe siècle
គឺជាឯកសារសរសេរដៃតម្កល់ទុកនៅបណ្ណាល័យជាតិនាទីក្រុងប៉ារីស នៅក្នុងសៀវភៅដែលមានចំណងជើងថា Papiers Doudart de Lagrée (ទំព័រ១១៦‑១២៤) ។ ឯកសារនេះពុំមានចំណងជើងឡើយ ព្រោះចំណងជើងជាភាសាបារាំងខាងលើជាចំណងជើងរបស់អត្ថបទបកប្រែនៅពេលក្រោយ ។ ឯកសារដដែលពិតមែនតែជាភាសាខ្មែរ តែសរសេរជាអក្សរឡាតាំង (ប្រហែលសរសេរចម្លងដោយលោក កុលដឺម៉ុងតេរ៉ូ នៅឆ្នាំ១៨៦៦ បើយោងទៅឯកសារព្រះរាជពង្សាវតារដទៃទៀតដែលសរសេរនៅក្នុងសៀវភៅដដែល) ។
សំណេរដៃ B39/12/C និង DL/3 ពុំដូចគ្នាសុទ្ធសាធឡើយ ហើយក៏ពុំដូចសុទ្ធសាធទៅនឹងសំណេរដៃ P64/3 ផងដែរ ។ ភាគច្រើននៃអត្ថបទទាំងពីរ ក៏ពុំសូវក្បោះក្បាយដូចអត្ថបទរបស់ P64/3 ដែរ ។ ជាពិសេសសំណេរដៃទាំងពីរខាងលើ ពុំមានសរសេរសេចក្ដីផ្ដើមដែលបញ្ជាក់ពីកាលៈទេសៈដែលនាំឲ្យព្រះបាទជ័យជេដ្ឋាទី៣បញ្ជាឲ្យចងក្រងច្បាប់ព្រះរាជពង្សាវតារដែលយើងកំពុងសិក្សានេះ ។
២. ព្រះរាជពង្សាវតារព្រះអង្គអេង (AE)
ព្រះរាជពង្សាវតារបន្តមកទៀតដែលគេស្គាល់គឺព្រះរាជពង្សាវតារ «ព្រះអង្គអេង» ។ ច្បាប់ព្រះរាជពង្សាវតារនេះគឺព្រះនារាយណ៍រាមា (អង្គអេង, ១៧៧៩‑១៧៩៧) បានប្រគល់ទៅក្រុងបាងកកនៅឆ្នាំ១៧៩៦ ។ ច្បាប់ព្រះរាជពង្សាវតារព្រះអង្គអេង (AE) ដើមឡើយមានតែជាភាសាសៀមដែលគេបានប្រែពីសំណៅដើមជាភាសាខ្មែរ ។ ច្បាប់នេះក៏ជាកំណាត់ព្រះរាជពង្សាវតារដែរ ព្រោះបាននិយាយរៀបរាប់តែអំពីព្រឹត្តិការណ៍ពីរវាងពាក់កណ្ដាលស.វទី១៤ (រជ្ជកាលព្រះបាទបរមនិព្វានបទ) រហូតដល់ពាក់កណ្ដាលសតវត្សទី១៥ប៉ុណ្ណោះ ។ លោក George Coedès បានប្រែព្រះរាជពង្សាវតារព្រះអង្គអេងជាភាសាបារាំងនៅឆ្នាំ១៩១៨ ។ វិទ្យាស្ថានខ្មែរមនក៏បានប្រែឯកសារដដែលជាភាសាខ្មែរក្រោមចំណងជើងថា «ពង្សាវតារមឿងល្វែក» នៅចន្លោះឆ្នាំ១៩៧២ និង១៩៧៤ ។
៣. ព្រះរាជពង្សាវតារ P57
សំណេរដៃ P57 ដែលពុំមានចំណងជើងជាភាសាខ្មែរ ឬជាភាសាបារាំងឡើយ មានបីសៀវភៅចុះលេខសម្គាល់ P57 តម្កល់ទុកនៅបណ្ណាល័យរបស់សាលាបារាំងចុងបូព៌ាប្រទេសនាទីក្រុងប៉ារីស ។ សំណៅដើមច្បាប់ព្រះរាជពង្សាវតារនេះបានត្រូវរកឃើញដោយលោក Édouard Huber នៅគេហដ្ឋានមន្ត្រីម្នាក់នៅក្រុងភ្នំពេញ ។ គឺជាច្បាប់ព្រះរាជពង្សាវតារដែលមានសេចក្ដីប្រហាក់ប្រហែលជាច្រើនទៅនឹងកំណាត់ពង្សាវតារមានឈ្មោះថា កំណាត់ F1170 ដែលមានតែជាភាសាសៀម ។ ដូច្នេះគេអាចសន្និដ្ឋានថា ឯកសារទាំងពីរប្រហែលចេញមកពីប្រភពដើមតែមួយ ។ តាមសេចក្ដីផ្ដើមរបស់កំណាត់ពង្សាវតារ F1170 ច្បាប់នេះគឺមន្ត្រីខ្មែរដ៏សំខាន់មួយរូប (សម្ដេចព្រះអង្គកែវ) បាននាំទៅក្រុងបាងកកនៅឆ្នាំ១៨០៨ ។ ដូច្នេះគេអាចសន្និដ្ឋានទៀតថា គេបានចងក្រងសំណៅដើមឯកសារទាំងពីរខាងលើប្រហែលនៅដើមសតវត្សទី១៩ ឬមុននេះទៅទៀត ។
សំណេរដៃ P57 មានពីរចំណែក ។ ចំណែកទី១ចាប់ផ្ដើមពីគ.ស១៥៥៧/៨ ក្នុងរជ្ជកាលព្រះបាទបរមរាជាទី៣ (យោងតាមសំណេរដៃ P57 ខ្លួនឯង) ហើយចប់នៅរវាងពាក់កណ្ដាលរជ្ជកាលរបស់ព្រះបាទបរមរាជាទី៧ (ស្រីសុរិយោពណ៌, ១៦០២‑១៦១៩) ។ ចំណែកទី២ផ្ដើមពីចុងរជ្ជកាលព្រះបាទស្រីធម្មរាជាទី១ (ចៅពញាតូ) នៅរវាងគ.ស១៦៣២ ហើយចប់នៅគ.ស១៨០២ក្នុងរជ្ជកាលព្រះបាទឧទ័យរាជា (អង្គចន្ទ) ។
ច្បាប់ព្រះរាជពង្សាវតារ P57 ច្រើនសរសេររៀបរាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានាដោយពិស្ដារ ។ ចំពោះលោក George Coedès សំណេរដៃ P57 ផ្ដល់ព័ត៌មានដែលមានអត្ថន័យគួរជាទីចាប់អារម្មណ៍ ។ តាមពិតគេសង្កេតឃើញសេចក្ដីពណ៌នាពីព្រឹត្តិការណ៍នានានៅក្នុងឯកសារ P57 ដែលគេពុំសូវឃើញមាននៅក្នុងច្បាប់ព្រះរាជពង្សាវតារដទៃទៀតឡើយ ។ ជាឧទាហរណ៍ គឺច្បាប់ព្រះរាជពង្សាវតារ P57 នេះហើយដែលផ្ដល់ព័ត៌មានថា ព្រះបាទរាមទី១ (ឬព្រះបាទរាមជើងព្រៃ) មានរាជបុត្រមួយអង្គគឺព្រះបាទរាមទី២ (ចៅពញានូរ, ១៥៩៦‑១៥៩៧) ដែលបានសោយរាជ្យបន្តពីព្រះអង្គ ។ ព័ត៌មាននេះពុំឃើញមាននៅក្នុងឯកសារដទៃទៀតឡើយ តែឃើញមាននៅក្នុងឯកសារមកពីបច្ឆិមប្រទេស គឺសំណេររបស់អ្នកដំណើរ ឬបព្វជិតមកពីប្រទេសព័រទុយកាល់ និងអេស្ប៉ាញដែលបានកត់ត្រាព័ត៌មានស្ដីពីប្រទេសខ្មែរយើងនៅចុងសតវត្សទី១៦នោះ ។ ចំពោះកាលបរិច្ឆេទទៀតសោត ច្បាប់ព្រះរាជពង្សាវតា P57 ក៏ច្រើនផ្ដល់ព័ត៌មានត្រឹមត្រូវ ពោលគឺច្រើនស្របទៅនឹងឯកសារបរទេសដែលនិយាយអំពីព្រឹត្តិការណ៍ប្រទេសខ្មែរយើងនៅសម័យកាលដែលកើតមានព្រឹត្តិការណ៍អស់ទាំងនោះ ។
៤. ច្បាប់ព្រះរាជពង្សាវតាររបស់ឧកញ៉ាវង្សាសព៌េជ្ញនង
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៨១៩ ព្រះបាទឧទ័យរាជា (អង្គចន្ទ) ដែលកាលនោះគង់នៅរាជវាំងភ្នំពេញខាងត្បូងវត្តព្រះសារិកធាតុព្រះឧណ្ណាលោមបានបញ្ជាឲ្យឧកញ៉ាវង្សាសព៌េជ្ញនងតាក់តែងរបាក្សត្រមួយច្បាប់ទៀត ដោយកាលនោះរបាក្សត្រមានមកពីបូរាណមានរៀបរាប់រាជ្យក្សត្រតែត្រឹមស្ដេចព្រះនាម «ព្រះរាជវាំងក្ដារ» គឺព្រះបាទស្រីធម្មរាជាទី២ដែលសោយរាជ្យជាលើកទី៣ពីគ.ស១៧៣៨ ដល់គ.ស១៧៥០ ។
ព្រះរាជពង្សាវតាររបស់ឧកញ៉ាវង្សាសព៌េជ្ញនងជាច្បាប់ព្រះរាជពង្សាវតារដែលគេស្គាល់ច្រើនជាងគេនៅបរទេសនៅសតវត្សទី១៩ ។ រាជធានីប្រទេសជិតខាងប្រទេសខ្មែរគឺក្រុងបាងកក និងក្រុងហ្វេ ធ្លាប់បានរកឯកសារស្ដីពីប្រទេសខ្មែរ ជាពិសេសឯកសារប្រវត្តិសាស្ត្រដើម្បីយកទៅសិក្សានៅប្រទេសគេ ដូចយើងបានឃើញខាងលើរួចមកហើយអំពីច្បាប់ព្រះរាជពង្សាវតារខ្មែរខ្លះ ។ ជាក់ស្ដែងនៅឆ្នាំ១៨៣៥ មន្ត្រីយោធាជាតំណាងក្រុងហ្វេនៅក្រុងភ្នំពេញបានចាត់ឲ្យរកព្រះរាជពង្សាវតារខ្មែរ ហើយរកបានច្បាប់របស់ឧកញ៉ាវង្សាសព៌េជ្ញនងយកទៅក្រុងហ្វេ ។ នៅរាជធានីនេះ ច្បាប់ព្រះរាជពង្សាវតាររបស់ឧញ៉ាវង្សាសព៌េជ្ញនងត្រូវបានមន្ត្រីក្រុងហ្វេ៣រូបប្រែជាភាសាយួនឈ្មោះ Cao-man ky-luoc ។ នៅឆ្នាំ១៨៥៥ ច្បាប់ព្រះរាជពង្សាវតាររបស់ឧកញ៉ាវង្សាសព៌េជ្ញនងដដែលក៏ត្រូវបានបកប្រែជាភាសាសៀមនៅក្នុងបាងកកឈ្មោះ Phongsavadan Khamén ។ លុះប្រទេសបារាំងមកកាន់កាប់ប្រទេសខ្មែរ តំណាងទី១នៃក្រុងប៉ារីស លោក Doudart de Lagrée ក៏បានរកឯកសារប្រវត្តិសាស្ត្រខ្មែរដើម្បីយកទៅសិក្សាស្រាវជ្រាវ ហើយរកបានច្បាប់ព្រះរាជពង្សាវតាររបស់ឧកញ៉ាពង្សាសព៌េជ្ញនងដដែលនៅឆ្នាំ១៨៦៤ ។ ច្បាប់ព្រះរាជពង្សាវតារនេះត្រូវបានបកប្រែជាភាសាបារាំងដោយលោក Doudart de Lagrée ជាមួយនឹងសហការីខ្មែរបួនប្រាំនាក់ ហើយក្រោយមកត្រូវបានបោះពុម្ពជាលើកទី១ដោយលោក Francis Garnier នៅឆ្នាំ១៨៧១‑១៨៧២ ក្នុង Journal asiatique និងជាលើកទី២ដោយលោក A. B. de Villemereuil ។
ច្បាប់ព្រះរាជពង្សាវតាររបស់ឧកញ៉ាវង្សាសព៌េជ្ញនងជារបាក្សត្រដំបូងដែលបានសរសេរផ្នែកប្រវត្តិសាស្ត្រចប់ចុងចប់ដើម ពោលគឺតាំងពីក្សត្រទី១ (ព្រះបាទបរមនិព្វានបទ) រហូតដល់មហាក្សត្រដែលសោយរាជ្យនៅពេលរបាក្សត្រនេះត្រូវបានរៀបរៀង ពោលគឺព្រះបាទឧទ័យរាជា (អង្គចន្ទ) ។ គឺជាឯកសារប្រវត្តិសាស្ត្រមួយដ៏សំខាន់ដែលមានលក្ខណៈ (រចនាបថ) បែបឯកសារពណ៌នា ។ ក្នុងន័យនេះ របាក្សត្ររបស់ឧកញ៉ាពង្សាសព៌េជ្ញនងច្រើននិយាយរៀបរាប់ពីព្រឹត្តិការណ៍នានាដោយពុំសូវមានធ្វើអត្ថាធិប្បាយច្រើនទេ គឺច្រើនតែនិយាយខ្លីៗបែបសង្ខេប (ព្រឹត្តិការណ៍នីមួយៗ និយាយតែមួយឃ្លា ឬពីរឃ្លា ឬបីឃ្លាប៉ុណ្ណោះ) ។ ម្យ៉ាងទៀត ឯកសារដដែលច្រើននិយាយតែអំពីគោលធំៗនៃប្រវត្តិសាស្ត្រ ឬព្រឹត្តិការណ៍ដែលគេយល់ថា ជាព្រឹត្តិការណ៍មានសារសំខាន់ ហើយក៏អាចបំភ្លេច ឬពុំផ្ដល់ព័ត៌មានអំពីព្រឹត្តិការណ៍ផ្សេងទៀតដែលគេយល់ថា ពុំសូវមានអត្ថប្រយោជន៍ប៉ុន្មាន ។ ប៉ុន្តែការដែលគួរកត់សម្គាល់នោះគឺសេចក្ដីរៀបរាប់ព្រឹត្តិការណ៍នានានៅក្នុងឯកសារនេះច្រើនតែមានលក្ខណៈត្រឹមត្រូវ បើយើងប្រៀបផ្ទឹមទៅនឹងឯកសារដទៃទៀតដែលកត់ត្រាដោយអ្នកដំណើរបរទេសដែលបានមកកាន់ប្រទេសខ្មែរជាបន្តបន្ទាប់គ្នាចាប់ពីស.វទី១៦រៀងរហូតមក ។ ឯកាលបរិច្ឆេទភាគច្រើន ក៏សុទ្ធតែត្រឹមត្រូវបើប្រៀបផ្ទឹមទៅនឹងឯកសារចេញពីប្រភពបរទេសដដែល ហើយបើប្រៀបផ្ទឹមទៅនឹងកំណាត់របាក្សត្រខ្មែរមួយទៀតដ៏សំខាន់ដែរពោលគឺ P57 ។
តាមស្ថានភាពឯកសារសព្វថ្ងៃ សំណេរដៃចម្លងចេញពីច្បាប់ព្រះរាជពង្សាវតាររបស់ឧកញ៉ាវង្សាសព៌េជ្ញនងដែលគេស្គាល់ប្រហែលមានតែបីច្បាប់សុទ្ធតែនៅប្រទេសបារាំង ។
សំណេរដៃទី១ (យើងសន្មតនាមហៅថា DL/2) តម្កល់ទុកនៅបណ្ណាល័យជាតិនាទីក្រុងប៉ារីស ស្ថិតនៅក្នុងសៀវភៅសរសេរដែលមានចំណងជើងថា Papiers Doudart de Lagrée (ទំព័រ៦៦‑១១៤) ។ ដូចសំណេរដៃ DL/3 ដែរ ឯកសារ DL/2 នេះដែលសរសេរជាអក្សរឡាតាំងត្រូវបានចម្លងដោយលោក កុលដឺម៉ុងតេរ៉ូ នៅឆ្នាំ១៨៦៦ក្រោមចំណងជើងថា Robal khsãt ។ សំណេរដៃ២ច្បាប់ទៀតដែលសរសេរជាភាសាខ្មែរ និងជាអក្សរខ្មែរ តម្កល់ទុកនៅបណ្ណាល័យសមាគមអាស៊ីនាក្រុងប៉ារីសនៅក្នុងសៀវភៅដែលមានចុះលេខសម្គាល់ B39 ក្រោមចំណងជើងថា Manuscrits khmère et laos (នៅក្នុងសៀវភៅក្បាលទី៥ និងក្បាលទី១២ ដូច្នេះយើងសន្មតនាមជាបណ្ដោះអាសន្នថា B39/5 ចំពោះឯកសារទី១ និង B39/12/B ចំពោះឯកសារទី២) ។
ការមួយគួរកត់សម្គាល់គឺសំណេរដៃទាំងបីខាងលើមានបាត់អត្ថបទមួយអន្លើពីរវាងឆ្នាំ១៧៣៨/៩ រហូតដល់ឆ្នាំ១៧៨៧/៨ (រហូតតែត្រឹមឆ្នាំ១៧៦៥/៦ ចំពោះសំណេរដៃ B39/5) ។ សំណៅដើមរបស់ឯកសារទាំងនេះ ពិតជាពុំមានកង្វះខាតយ៉ាងនេះឡើយ ព្រោះអត្ថបទដែលគេបានបកប្រែជាភាសាយួន និងភាសាសៀមមានសេចក្ដីពេញលេញពុំមានបាត់សេចក្ដីមួយភាគធំដូចសំណេរដៃទាំងបីខាងលើឡើយ ។ ការមួយគួរកត់សម្គាល់ដែរ សំណេរដៃ DL/2 ចម្លងមានរំលងពាក្យ ឬឃ្លាប្រយោគមួយចំនួន ។ ជាពិសេសសំណេរដៃ DL/2 ពុំបានចម្លងសេចក្ដីផ្ដើមរបស់ឧកញ៉ាវង្សាសព៌េជ្ញនងឲ្យបានសព្វគ្រប់ឡើយ ជាហេតុបណ្ដាលឲ្យបាត់ទិន្នន័យខ្លះ ហើយក៏ជាហេតុបង្កើតឲ្យមានបញ្ហាដែលអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយត្រូវតែរកវិធីដោះស្រាយ ។
៥. របារខ្សត្រស្រុកខ្មែរ (សំណេរដៃវត្តក្រូច)
គឺជាច្បាប់ព្រះរាជពង្សាវតារសរសេរជាកំណាព្យលើសាស្ត្រាស្លឹករឹត មានបីខ្សែ តម្កល់នៅបណ្ណាល័យរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៥ (លេខ១០៤៩) ។ ច្បាប់ព្រះពង្សាវតារនេះ ជាវណ្ណកម្មរបស់ព្រះបទុមបារមីពេជ មេគណខេត្តបារាយណ៍ដែលប្រហែលបានចងក្រងឯកសារនេះនៅក្រោយឆ្នាំ១៨៣៥បន្តិច ។ សំណេរនេះព្រមទាំងវណ្ណកម្មរបស់ព្រះបទុមបារមីពេជដដែល («ល្បើករបារខ្សត្រផែន្ដីឧទយរាជាអង្គចន្ទ» សរសេរលើសាស្ត្រាស្លឹករឹតដូចគ្នាតម្កល់ទុកនៅបណ្ណាល័យរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញដែរលេខ១៦១៣) សុទ្ធតែរៀបរាប់អំពីព្រឹត្តិការណ៍នៅចុងរជ្ជកាលព្រះបាទឧទ័យរាជា (អង្គចន្ទ, ១៨០៦‑១៨៣៥) ហើយសម្ដែងជាពិសេសអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ។
ច្បាប់ព្រះរាជពង្សាវតារសរសេរនៅរជ្ជកាលព្រះបាទនរោត្ដម (១៨៦០‑១៩០៤)
១. ច្បាប់ព្រះរាជពង្សាវតារសរសេរនៅឆ្នាំ១៨៦៩
នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៨៦៩ ព្រះបាទនរោត្ដមបានបញ្ជាឲ្យតាក់តែងចងក្រងព្រះរាជពង្សាវតារជាថ្មីម្ដងទៀត ។ តទៅនេះជាសេចក្ដីដកស្រង់អំពីសេចក្ដីផ្ដើមរបស់ច្បាប់ព្រះរាជពង្សាវតារវត្តកោកកាកដែលជាច្បាប់ចម្លងពីសំណៅដើមមួយសរសេរនៅឆ្នាំ១៨៦៩ ។
«...ព្រះពុទ្ធសករាជព្រះសាសនាកន្លងទៅហើយបាន២៤១៥ព្រះវស្សា មហាសករាជឡើងជា១៧៩១ ចុលសករាជ១២៣១ ឆ្នាំមមែ ឯកស័កថ្ងៃសៅរ៍ ១៣រោច ខែវិសាខ វេលាឯព្រឹក...ព្រះបាទសម្ដេចព្រះនរោត្ដម...ទ្រង់ព្រះដំរេះយល់ថាព្រះរាជពង្សាវតារព្រះមហាក្រសត្រសោយរាជសម្បត្តិក្រុងកម្ពុជាមហាឥន្ទបត្តិគួររាប់ធួនដំណរតរគ្នាជាលំដាប់ៗពីមុនមកនោះជាអង្វែងរាជអង្វែងឆ្នាំ ខូចខាតបត់ខ្លះ គង់នៅខ្លះ ឯដែលគង់នៅនោះ គឺខាតខុះលើសលោះជាច្រើនទើបមានព្រះរាជបន្ទូល...ឲ្យផ្ទៀងឲ្យត្រូវអក្ខរព្យញ្ជនជាថ្មីឲ្យត្រូវសករាជដែលមហាក្សត្រសោយរាជសម្បត្តិជាលំដាប់រៀងមកដល់កាលបច្ចុប្បន្ននេះ ឯព្រះរាជពង្សាវតារព្រះមហាក្រសត្តដែលតាំងក៏សាងផែនដីព្រះនគរខ្មែរពីដើមមកនោះបាត់អស់ ស៊ើបសួររកពុំទាន់ឃើញប្រាកដ និងពណនាឲ្យវិត្ដារទៅពុំទាន់និងសំដែងជានិទានតាមបរមបុរាណភត្តាជាដំណ៏តររាជព្រះវេណីដោយលំដាប់រៀងមកដូច្នេះ...» ។
តាមន័យរបស់សេចក្ដីផ្ដើមខាងលើ នៅដើមរជ្ជកាលព្រះបាទនរោត្ដម របាក្សត្រខ្មែរមានមកជាយូរយារមកហើយ ប៉ុន្តែមានបាត់ខ្លះមានសល់នៅខ្លះ ។ ឯរបាក្សត្រដែលនៅសល់នោះមានការខ្វះខាតឬលើសលោះ ដូច្នេះត្រូវការឲ្យមានកំណែតម្រូវទាំងសេចក្ដី ទាំងអក្ខរាវិរុទ្ធ ទាំងកាលបរិច្ឆេទ ។ ដូច្នេះព្រះរាជពង្សាវតារសរសេរនៅឆ្នាំ១៨៦៩ត្រូវតាក់តែងឡើងតាមលំនាំច្បាប់ព្រះរាជពង្សាវតារដែលមានមករួចទៅហើយ ។ ប៉ុន្តែច្បាប់ថ្មីនេះក៏មានកំណែប្រែដែរទាំងខាងអត្ថន័យទាំងខាងអត្ថរូប ។
អត្ថបទដែលគេស្គាល់សព្វថ្ងៃថាជាច្បាប់ព្រះរាជពង្សាវតារសរសេរនៅឆ្នាំ១៨៦៩មានចំនួនទាំងអស់ចំនួន៤ ។
ក. ច្បាប់ព្រះរាជពង្សាវតារឈ្មោះ Chronique royale du Cambodge commençant au règne de Nippân Bat (ចំណងជើងជាភាសាបារាំង) ឬសំណេរដៃ P64/1 តម្កល់នៅបណ្ណាល័យរបស់សាលាចុងបូព៌ាប្រទេសនាក្រុងប៉ារីស (ឈ្មោះតាមលេខសម្គាល់របស់ឯកសារនេះគឺ P64) ។ ច្បាប់នេះមានតែផ្នែកប្រវត្តិសាស្ត្រគឺចាប់ផ្ដើមពីរជ្ជកាលព្រះបាទបរមនិព្វានបទហើយចប់នៅចុងស.វទី១៨ ។
ខ. ច្បាប់ឈ្មោះ «ព្រះរាជពង្សាវតារ» ឬសំណេរដៃ B39/12/A តម្កល់ទុកនៅបណ្ណាល័យរបស់សមាគមអាស៊ីនាក្រុងប៉ារីស ។ ច្បាប់នេះ ក៏មានតែផ្នែកប្រវត្តិសាស្ត្រគឺចាប់ផ្ដើមពីរជ្ជកាលព្រះបាទបរមនិព្វានបទហើយចប់នៅរជ្ជកាលព្រះបាទនរោត្ដម ។
គ. ច្បាប់ព្រះរាជពង្សាវតារឈ្មោះ Chronique royale du Cambodge (1340-1868) (ចំណងជើងជាភាសាបារាំង) ឬសំណេរដៃ P65 តម្កល់នៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេសនាក្រុងប៉ារីស (សំណេរដៃចុះលេខសម្គាល់ P65) ។ ផ្ទុយពីឯកសារទាំង២ខាងលើ ឯកសារនេះពុំមានសេចក្ដីផ្ដើមឡើយ ដូច្នេះគេពុំអាចស្គាល់ជាជាក់លាក់នូវកាលបរិច្ឆេទដែលគេតាក់តែងច្បាប់នេះឡើយ ។ ប៉ុន្តែបើគេយោងទៅតាមអត្ថន័យនៃអត្ថបទ និងឆ្នាំចុងបញ្ចប់នៃរបាក្សត្រនេះ (ឆ្នាំ១៨៦៨) គេអាចសន្និដ្ឋានបានថា សំណេរដៃ P65 ក៏ត្រូវបានតាក់តែងឡើងនៅឆ្នាំ១៨៦៩ដែរ ។
ឃ. ច្បាប់ព្រះរាជពង្សាវតារឈ្មោះ «ព្រះរាជពង្សាវតារនគរខ្មែរ» ឬសំណេរដៃ«វត្តកោកកាក» ឬសំណេរដៃ KK ។ គឺជាអត្ថបទសរសេរលើសាស្ត្រាស្លឹករឹតចំនួន៤ខ្សែ តម្កល់ទុកនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យរហូតដល់ឆ្នាំ១៩៧៥ (លេខ១៤០៣) ។ បានជាគេដាក់ឈ្មោះសំណេរដៃវត្តកោកកាក ឬសំណេរដៃ KK ពីព្រោះគេបានរកឃើញសំណៅដើមឯកសារនេះនៅវត្តកោកកាក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ខុសពីឯកសារទាំងបីខាងលើ សំណេរដៃវត្តកោកកាកនិយាយរៀបរាប់អំពីប្រវត្តិសាស្ត្រខ្មែរចាប់តាំងពីភាគនិទានមក ពោលគឺតាំងពីជំពូកនិយាយពីព្រះពុទ្ធទំនាយ ព្រះថោងនាងនាគ ព្រះកេតុមាលា មកដល់ព្រះបាទត្រសក់ផ្អែម ហើយបន្តមកទៀតនៅផ្នែកប្រវត្តិសាស្ត្រតាំងពីព្រះបាទបរមនិព្វានបទមករហូតដល់ព្រះបាទនរោត្ដម ។ ដូច្នេះសំណេរដៃ KK ជាច្បាប់ព្រះរាជពង្សាវតារទី១ដែលបានបង្រួមផ្នែកទាំងពីរគឺផ្នែកនិទាន និងផ្នែកប្រវត្តិសាស្ត្របញ្ចូលឲ្យមូលគ្នាជាឯកសារតែមួយ ។ បើយើងពិនិត្យសេចក្ដីផ្ដើមរបស់សំណេរដៃវត្តកោកកាក យើងឃើញថាសេចក្ដីផ្ដើមរបស់សំណេរដៃនេះបានបញ្ជាក់បន្ថែមទៀតថា អ្នកនិពន្ធបានរិះរករឿងរ៉ាវដែលទាក់ទងនឹងមហាក្សត្រពីបុរាណកាលមកតាក់តែងមែន ពីព្រោះសេចក្ដីផ្ដើមខាងលើបានផ្ដល់ន័យថា ចំពោះមហាក្សត្រដែលសាងនគរខ្មែរពីដំបូង និងមហាក្សត្រតៗមកទៀត ពោលគឺព្រះមហាក្សត្រនៃផ្នែកតំណាល ច្បាប់ព្រះរាជពង្សាវតារពីដើមបាត់អស់រកពុំទាន់ឃើញ ជាហេតុធ្វើឲ្យការសម្ដែងផ្នែកនេះធ្វើឡើងពុំបានពិស្ដារឡើយ គឺធ្វើតាមតែបទនិទានតៗពីមុនមកប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក៏ដោយ ចាប់ពីច្បាប់ព្រះរាជពង្សាវតារវត្តកោកកាកនេះទៅ ច្បាប់ព្រះរាជពង្សាវតារខ្មែរទាំងឡាយដែលសរសេរនៅពេលក្រោយតែងបានបញ្ចូលផ្នែកតំណាលជាមួយផ្នែកដែលគេសន្មតថាជាផ្នែកប្រវត្តិសាស្ត្រដើម្បីប្រមូលផ្នែកទាំង២បង្កើតជាឯកសារតែមួយដែលគេនៅតែហៅថា «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ។
ឯកសារទាំង៤គឺសំណេរដៃ B39/12A, P64/1, P65 និង KK (ឬគេអាចថាឯកសារទាំងបីក៏បានដែរព្រោះសំណេរដៃ B39/12/A និង P64/1 ប្រហែលចម្លងចេញពីសំណៅដើមតែមួយ ពិតមែនតែ B39/12/A វែងជាង P64/1) ពុំបានបង្ហាញអត្ថបទខុសគ្នាប៉ុន្មានឡើយ ។ ម្យ៉ាងទៀតអត្ថបទទាំងនេះក៏ពុំខុសគ្នាប៉ុន្មានអំពីអត្ថបទរបស់ច្បាប់ព្រះរាជពង្សាវតារឧកញ៉ាវង្សាសព៌េជ្ញនងដែរ (លើកលែងតែភាគតំណាលដែលសំណេរដៃ KK មានតែម្នាក់ឯង ព្រមទាំងភាគខាងចុងរបស់ច្បាប់ទាំងបីដែលពុំមាននៅក្នុងឯកសាររបស់ឧកញ៉ាវង្សាសព៌េជ្ញនងឡើយ) ។ ជាពិសេសគោលធំៗនៃឯកសារទាំងនេះមានលំនាំប្រហាក់ប្រហែលគ្នា តែភាពខុសគ្នា ឬសេចក្ដីផ្លាស់ប្ដូរក៏មានដោយអន្លើដែរ ។
ភាពខុសគ្នាដ៏សំខាន់ស្ថិតនៅលើកាលបរិច្ឆេទ ។ ព័ត៌មានស្ដីពីព្រឹត្តិការណ៍ក៏អាចខុសគ្នាពីឯកសារមួយទៅឯកសារមួយទៀតដែរ ។ ការគួរកត់សម្គាល់គឺសំណេរដៃ P65 ផ្ដល់កាលបរិច្ឆេទខុសពីគេចំនួនបួនឬប្រាំឆ្នាំសឹងតែពីដើមដល់ចប់ ចំណែកឯសំណេរដៃ KK ផ្ដល់បញ្ជីមហាក្សត្រមានចំនួនលើសពីចំនួននៅក្នុងបញ្ជីរបស់របាក្សត្រឧកញ៉ាវង្សាសព៌េជ្ញនងក្នុងរយៈពេលដែលរាជធានីស្ថិតនៅក្រុងអង្គរនៅឡើយ ។
ច្បាប់ព្រះរាជពង្សាវតារសរសេរបន្តបន្ទាប់មកទៀត
១. ច្បាប់ព្រះរាជពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍ (សំណេរដៃ P48)
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៨៧៨ ព្រះអង្គម្ចាស់នព្វរតន៍រាជបុត្រព្រះបាទហរិរក្សរាមា (អង្គឌួង) បានតែងព្រះរាជពង្សាវតារមួយច្បាប់ទៀតឈ្មោះ «ព្រះរាជពុង្សសោវតារ» (អក្ខរាវិរុទ្ធតាមសំណេរដៃ P48 ឯកសារចុះលេខសម្គាល់ P48 តម្កល់នៅបណ្ណាល័យរបស់សាលាបារាំងបុងបូព៌ាប្រទេសនាក្រុងប៉ារីស) ដែលមានផ្នែកទាំង២ដាក់បញ្ចូលគ្នា គឺផ្នែកតំណាលផង ផ្នែកប្រវត្តិសាស្ត្រផង ។ គឺដោយយល់ឃើញថា ផ្នែកតំណាលដែលមានមកហើយ «ពុំសូវពិស្ដារ» ក្បោះក្បាយ ទើបព្រះអង្គម្ចាស់នព្វរតន៍ចាប់តាក់តែងច្បាប់ថ្មីនេះដោយបានទាំងបញ្ជាក់ដាក់ឈ្មោះឯកសារពិគ្រោះនានាដែលជាប្រភពនៃគោលរឿងសំខាន់ៗដែលអ្នកនិពន្ធបានចងក្រង ។
ច្បាប់ព្រះរាជពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍មិនសូវខុសពីរបាក្សត្ររបស់ឧកញ៉ាវង្សាសព៌េជ្ញនងប៉ុន្មានទេ លើកលែងតែផ្នែកតំណាល និងអត្ថបទពណ៌នាអំពីព្រឹត្តិការណ៍មួយភាគធំនៃស.វទី១៩ដែលច្បាប់ឧកញ៉ាវង្សាសព៌េជ្ញនងពុំបានតាក់តែងឡើយ ។ ម្យ៉ាងទៀតគេអាចសង្កេតឃើញរបៀបសរសេរកន្លែងខ្លះ ឬសេចក្ដីពណ៌នាពីព្រឹត្តិការណ៍ខ្លះ ជាពិសេសរបៀបសរសេរកាលបរិច្ឆេទមានខុសពីឯកសារខាងក្រោយនេះដែរ ព្រោះពុំបានដាក់ព័ត៌មានឲ្យបានសព្វគ្រប់ (ជាឧទាហរណ៍កាលបរិច្ឆេទច្រើនដាក់តែឆ្នាំ ពុំមានដាក់ថ្ងៃឬខែទេ ដែលជាហេតុបណ្ដាលឲ្យកាលបរិច្ឆេទទាំងនោះខ្វះភាពជាក់លាក់) ។ ខុសពីរបាក្សត្រឧកញ៉ាវង្សាសព៌េជ្ញនងដែលគេស្គាល់សព្វថ្ងៃដែរ ច្បាប់ពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍ពុំមានបាត់បំណែកអត្ថបទចាប់ពីរជ្ជកាលទីបីរបស់ព្រះបាទជ័យជេដ្ឋាទី៥ (ព្រះបាទស្រីធម្មរាជាទី២) ឡើយ (ចាប់ពីរវាងឆ្នាំ១៧៣៨/៩) ។ ក្រៅពី P48 គេស្គាល់សំណេរដៃមួយចំនួនដែលជាឯកសារចម្លងពីច្បាប់ព្រះរាជពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍ដែរ ។
ក. «ព្រះរាជពង្សាវតារខត្តិយាមហារាជវត្តសត្បូរ» (ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល) ជាសាស្ត្រាស្លឹករឹតចំនួន៦ខ្សែ តម្កល់ទុកនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យរហូតដល់ឆ្នាំ១៩៧៥ (លេខ១៣៦៤) ។ មានមួយច្បាប់ទៀតជាសាស្ត្រាស្លឹករឹតដែរតម្កល់នៅបណ្ណាល័យព្រះបរមរាជវាំង ហើយមានមួយច្បាប់ទៀតជាសាស្ត្រាស្លឹករឹតដូចគ្នាតម្កល់នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យដែរតែចម្លងពីសំណៅដើមនៅវត្តព្រែកតាមាក់ ។
ខ. សំណេរដៃមួយទៀតតម្កល់នៅបណ្ណាល័យជាតិនៃក្រុងបាងកក ។
២. ព្រះរាជពង្សាវតារប្រទេសកម្ពុជាធីប្ឌី ឬសំណេរដៃ P3
គឺនៅរវាងឆ្នាំ១៨៧៨ដែរដែលច្បាប់ «ព្រះរាជពង្សាវតារប្រទេសកម្ពុជាធីប្ឌី» ត្រូវបានចងក្រងឡើង ។ ច្បាប់នេះដែលមានផ្នែកតំណាល និងផ្នែកប្រវត្តិសាស្ត្រដាក់ចូលបន្តគ្នា ពុំមានសេចក្ដីផ្ដើមឡើយ ។ ដូច្នេះគេពុំអាចស្គាល់ឈ្មោះអ្នកនិពន្ធ ឬកាលបរិច្ឆេទរបស់វណ្ណកម្មនេះឡើយ ។ ច្បាប់ដដែលនេះផ្ដល់បញ្ជីមហាក្សត្រដូចសំណេរដៃ KK ដែរគឺខុសពីរបាក្សត្ររបស់ឧកញ៉ាវង្សាសព៌េជ្ញនង និងច្បាប់ដទៃទៀតដែលយើងបានឃើញរួចមកហើយ ។ គេអាចសង្កេតឃើញទម្រង់សរសេរកាន់តែច្បាស់លាស់ឡើង ហើយចំណុចថ្មីៗទៀតទាក់ទងទៅនឹងព្រឹត្តិការណ៍ខ្លះក៏មានលេចចេញមកដែរ ។ គឺសំណេរដៃរបៀប P3 នេះហើយដែលលោក Jean Moura បានបកប្រែ និងបោះពុម្ពផ្សាយនៅឆ្នាំ១៨៨៣ ។
សំណេរដៃ P3 «ព្រះរាជពង្សាវតារប្រទេសកម្ពុជាធីប្ឌី» តំកល់ទុកនៅបណ្ណាល័យរបស់សាលាបារាំងចុងបូព៌ាប្រទេសនាក្រុងប៉ារីស (ចុះលេខសម្គាល់ P3) ។
សំណេរដៃដទៃទៀតដែលប្រហែលចម្លងចេញពីប្រភពជាមួយនឹង P3 ដែរមាន ៖
ក. សំណេរដៃមួយច្បាប់តំកល់ទុកនៅបណ្ណាល័យរបស់វិទ្យាស្ថានអរិយធម៌ឥណ្ឌានាក្រុងប៉ារីស ។
ខ. សំណេរដៃមួយច្បាប់ទៀតជាកម្មសិទ្ធិរបស់អ្នកស្រី Eveline Porée-Maspero (រហូតដល់ឆ្នាំ១៩៩២) ។
គ. សំណេរដៃ P64/2 តំកល់ទុកនៅបណ្ណាល័យរបស់សាលាបារាំងចុងបូព៌ាប្រទេស តែឯកសារនេះគ្រាន់តែជាកំណាត់ច្បាប់ព្រះរាជពង្សាវតារមួយប៉ុណ្ណោះ ។ សំណេរដៃ P64/2 ចាប់ផ្ដើមនៅឆ្នាំ១៤៩០/១ ហើយចប់នៅឆ្នាំ១៧២៩/៣០ ។
៣. ព្រះរាជពង្សសៅវដារព្រះមហាក្រសត្រសោ្យរាជសំបត្តិ៍ក្នុងក្រុងកំម្ពុជាធីប្ដីជាលំដាប់រៀងមក ឬសំណេរដៃ P58
ច្បាប់នេះក៏គ្មានសេចក្ដីផ្ដើមដែរ ។ យោងទៅតាមលោក George Coedès ច្បាប់ព្រះរាជពង្សាវតារនេះតាក់តែងឡើងដោយសម្ដេចព្រះមហាសង្ឃរាជទៀង (សុគតនៅឆ្នាំ១៩១៣) សម្ដេចព្រះសុគន្ធប៉ាន់ (សុគតនៅឆ្នាំ១៨៩៤) និងឧកញ៉ាសន្ធរវោហារម៉ុក (ទទួលមរណភាពនៅឆ្នាំ១៨៩៥) ។ ផ្ទុយពីអត្ថបទខាងលើ ច្បាប់ព្រះរាជពង្សាវតារនេះផ្ដល់បញ្ជីមហាក្សត្រដែលគង់នៅអង្គរនៅឡើយដូចរបាក្សត្ររបស់ឧកញ៉ាវង្សាសព៌េជ្ញនងដែរ ។ ពិតមែនតែគេសង្កេតឃើញគោលធំៗនៅរក្សាទម្រង់ដូចច្បាប់ព្រះរាជពង្សាវតារដែលមានពីមុនមកហើយក៏ដោយក៏ច្បាប់នេះផ្ដល់ព័ត៌មានជាច្រើនដែលគេពុំប្រទះឃើញក្នុងរបាក្សត្រមុនៗទាំងក្នុងផ្នែកតំណាលដូចជារឿងតាព្រហ្មឈ្មួញគោ ទាំងក្នុងផ្នែកប្រវត្តិសាស្ត្រ ដូចជារឿងរ៉ាវទាក់ទងនឹងស្ដេចកនសន្តិភាវកម្មនៅដើមរជ្ជកាលព្រះបាទបរមរាជាទី៧ (ស្រីសុរិយោពម៌, ១៦០២‑១៦១៩) ជាដើម ។ លក្ខណៈមួយគួរកត់សម្គាល់គឺច្បាប់នេះពុំបានប្រើសករាជដោយទៀងទាត់ឡើយ គឺប្រើចុល្លសករាជនៅភាគខ្លះ និងប្រើមហាសករាជនៅភាគខ្លះទៀត ។ បានជាយ៉ាងដូច្នេះប្រហែលមកពីអ្នកនិពន្ធដែលចងក្រងភាគទាំងនោះបានពិគ្រោះឯកសារជាប្រភពដើមពុំដូចគ្នា ។ គឺសំណេរដៃរបៀប P58 នេះហើយដែលលោក Adhémard Leclère បានបកប្រែ និងបោះពុម្ពនៅឆ្នាំ១៩១៤ ។
ច្បាប់ «ព្រះរាជពង្សសៅវដារព្រះមហាក្រសត្រសោ្យរាជសំបត្តិ៍ក្នុងក្រុងកំម្ពុជាធីប្ដីជាលំដាប់រៀងមក» ឬសំណេរដៃ P58 តំកល់ទុកនៅបណ្ណាល័យរបស់សាលាបារាំងចុងបូព៌ាប្រទេសនាក្រុងប៉ារីស (ចុះលេខសម្គាល់ P58) ។ ច្បាប់នេះចប់នៅឆ្នាំ១៦៧១តែប៉ុណ្ណោះ ។ ច្បាប់មួយទៀតរបៀបគ្នា (សំណេរដៃ ME/2 ឬពង្សាវដារខ្មែរក្បាល១) តែខ្លីជាង (ត្រឹមតែរជ្ជកាលព្រះបាទស្រីសុគន្ធបទនៅសតវត្សទី១៥) តំកល់ទុកនៅបណ្ណាល័យរបស់សមាគមបេសកកម្មបរទេសនាក្រុងប៉ារីស ។ ច្បាប់មួយទៀតដែលដើមឡើយជាកម្មសិទ្ធិរបស់លោក Adhémard Leclère ហើយដែលឥឡូវប្រហែលតំកល់ទុកនៅបណ្ណាល័យក្រុងអាឡង់សុង (Alençon) ប្រទេសបារាំងសរសេររហូតដល់រជ្ជកាលព្រះបាទហរិរក្សរាមា (អង្គឌួង, ១៨៤១‑១៨៦០) ។
៤. ព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី ឬសំណេរដៃ VJ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩០៣ ព្រះបាទនរោត្ដមបានតែងតាំងគណៈកម្មការមួយដែលមានឧកញ៉ាវាំងវរវៀងជ័យជួន ជាប្រធានដើម្បីតាក់តែងច្បាប់ព្រះរាជពង្សាវតារថ្មីមួយទៀត ។ ក្រោយពីព្រះបាទនរោត្ដមសុគតទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៤ ព្រះបាទស៊ីសុវត្ថិបានតែងតាំងគណៈកម្មការមួយថ្មីទៀតដើម្បីបន្តកិច្ចការដដែលតទៅទៀត ។ គេស្គាល់សំណេរដៃបី ឬបួនច្បាប់ដែលជាស្នាដៃរបស់គណៈកម្មការទាំងនេះ ។
ក. សំណេរដៃ P63 ឬព្រះរាជពង្សាវតារខេម្មរឡេកឱង្ការ តំកល់ទុកនៅបណ្ណាល័យរបស់សាលាបារាំងចុងបូព៌ាប្រទេសនាក្រុងប៉ារីស (ចុះលេខសម្គាល់ P63) ។ សំណៅដើមសំណេរដៃ P63 ជាកម្មសិទ្ធិរបស់សម្ដេចចក្រីពេជ ប៉ុណ្ណ ទទួលបន្ទុកខាងក្រសួងចម្បាំង និងសធារណការ (ក្នុងឋានៈជារដ្ឋមន្ត្រី) ។ ខុសពីឯកសារមុនៗ សំណេរដៃ P63 ជាច្បាប់ព្រះរាជពង្សាវតារដែលបានរៀបរាប់ពីព្រឹត្តិការណ៍នានាដោយពិស្ដារក្បោះក្បាយដោយមានសេចក្ដីពន្យល់ច្រើនច្បាស់លាស់ ។ សេចក្ដីដែលគួរឲ្យកត់សម្គាល់គឺច្បាប់នេះមានរំលងគោលធំៗខ្លះនៃប្រវត្តិសាស្ត្រខ្មែរដែលឃើញមាននៅក្នុងច្បាប់ដទៃទៀតដែលមានរយចមកហើយដូចជាព្រឹត្តិការណ៍ទាក់ទងទៅនឹងស្ដេចកន ឬព្រឹត្តិការណ៍ទាក់ទងទៅនឹងការបែកបន្ទាយលង្វែកនៅឆ្នាំ១៥៩៤ ។ ប៉ុន្តែសេចក្ដីរំលងទាំងនេះប្រហែលពុំមែនមានន័យថាអ្នកនិពន្ធចង់លុបបំបាត់ព្រឹត្តិការណ៍ទាំងនោះចោលទេ ។ តាមពិតគឺប្រហែលជាកថាខណ្ឌដែលស្ដីពីរឿងអស់ទាំងនោះនៅពុំទាន់បានទទួលសេចក្ដីសម្រេចដោយជាក់លាក់ពីគណៈកម្មការតាក់តែងដែលជាហេតុបណ្ដាលឲ្យមានការរំលងកថាខណ្ឌយ៉ាងដូច្នេះ ។
ខ. ព្រះរាជពង្សាវតារមហាក្សត្រខ្មែរ ឬព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី ឬច្បាប់វាំងជួន (ឈ្មោះតាមនាមឧកញ៉ាវាំងវរវៀងជ័យជួន ឬសម្ដេចវរវៀងជ័យជួន ហៅជាធម្មតាថា «វាំងជួន») ឬសំណេរដៃ VJ (តាមនាម វាំងជួន Vãmn Juon) តំកល់ទុកនៅបណ្ណាល័យរបស់ពុទ្ធសាសនាបណ្ឌិត្យរហូតដល់ឆ្នាំ១៩៧៥ ជាសៀវភៅ៨ក្បាល (ចុះលេខសម្គាល់ គ.៥៣) ។ ឯកសារនេះ (ព្រមទាំងសំណេរដៃ P63) ផ្ដល់បញ្ជីមហាក្សត្រដែលគង់នៅរាជវាំងងង្គរនៅឡើយដូចសំណេរដៃ KK ដែរ ។ សំណេរដៃ VJ ជាច្បាប់ព្រះរាជពង្សាវតារសរសេរដោយពិស្ដារក្បោះក្បាយ ប៉ុន្តែសំណេរដៃនេះពុំដូចសំណេរដៃ P63 សុទ្ធសាអឡើយជាពិសេសពុំមានរំលងភាគខ្លះដូច P63 ទេ ។ គេអាចសង្កេតឃើញថា ក្រុមអ្នកនិពន្ធច្បាប់នេះបានបង្ហាញការខិតខំធ្វើឲ្យមានរបៀបរៀបរយក្នុងការតាក់តែង ជាពិសេសបានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សនូវប្រធានបទធំៗក្នុងកថាខណ្ឌ ឬជំពូកនីមួយៗ ។ គឺយ៉ាងដូច្នេះហើយបានជាគេអាចសង្កេតឃើញថាមានទំនាក់ទំនងយ៉ាងជាក់លាក់រវាងកថាខណ្ឌ ឬជំពូកទាំងនោះ ហើយប្រមទាំងបានឃើញអត្ថន័យសំខាន់ៗក្នុងឃ្លាប្រយោគនានាផង ។ តាមពិតឯកសារនេះជាឯកសារដែលគេសរសេរបម្រុងយកទៅបោះពុម្ព នេះបើគេយោងទៅតាមសេចក្ដីផ្ដើមនៅខ្សែទីមួយរបស់ច្បាប់វាំងជួនផ្ទាល់ (គណៈកម្មការមួយសម្រាប់ផ្ទៀងពិនិត្យឯកសារនេះបានត្រូវបង្កើតឡើងដោយព្រះបាទស៊ីសុវត្ថិមុនីវង្សនៅខែមេសា ឆ្នាំ១៩២៩) ។ ប៉ុន្តែដោយបុព្វហេតុដែលគេពុំបានដឹងជាពិតប្រាកដរហូតមកដល់ឆ្នាំ១៩៦៩ សំណេរដៃវាំងជួន នៅតែជាសំណេរដៃដដែល គឺមិនទាន់បានបោះពុម្ពនៅឡើយ ។ ការគួរកត់សម្គាល់គឺសំណេរដៃវាំងជួនដើមដែលគេបម្រុងយកទៅបោះពុម្ពនោះប្រហែលត្រូវបានបាត់បង់ទៅហើយ (ដូចឯកសារដទៃទៀតដែរ) ។
គ. មានសំណេរដៃបីទៀតចេញមកពីប្រភពជាមួយគ្នាដែរ ។ សំណេរដៃទីមួយមានតែបួនក្បាលគឺចប់ត្រឹមបែកក្រុងលង្វែកនៅចុងស.វទី១៦ ។ ច្បាប់នេះជាកម្មសិទ្ធិរបស់អ្នកស្រី Eveline Porée-Maspero (រហូតដល់ឆ្នាំ១៩៩២) ។ សំណេរដៃទីពីរតំកល់ទុកនៅបណ្ណាល័យព្រះបរមរាជវាំង (រហូតដល់ឆ្នាំ១៩៧៥) ។ សំណេរដៃទីបីចម្លងនៅឆ្នាំ១៩៦៦ជាសាស្ត្រាស្លឹករឹតចំនួន៣៧ខ្សែ ហើយតំកល់ទុកនៅបណ្ណាល័យរបស់ពុទ្ធសាសនបណ្ឌិត្យបានផ្ដល់ព្រឹត្តិការណ៍ថ្មីៗជាបន្ថែមទៀតតាំងពីរជ្ជកាលព្រះបាទនរោត្ដមរហូតដល់រវាងឆ្នាំ១៩៦៦ (ភាគខាងក្រោមរបស់ឯកសារនេះច្រើនជាអត្ថបទដកស្រង់អំពីសារព័ត៌មាន «អ្នកជាតិនិយម») ។
៥. ពង្សាវតារប្រទេសកម្ពុជា ឬសំណេរដៃ DV
ច្បាប់ព្រះរាជពង្សាវតារដែលគេសន្មតហៅថា សំណេរដៃ DV ឬព្រះរាជពង្សាវតារវត្តទឹកវិល (នៅស្រុកស្អាង ខេត្តកណ្ដាល) បានត្រូវតាក់តែងឡើងនៅឆ្នាំ១៩៤១ ដោយព្រះគ្រូ ហាស់ ស៊ុក (១៨៨១‑១៩៥៥?) ដែលគង់ជាចៅអធិការនៅវត្តនេះ ។ ព្រះគ្រូហាស់ ស៊ុក យ៉ាងហោចណាស់ប្រហែលជាបានយកច្បាប់ព្រះរាជពង្សាវតារដើមមួយដែលគេពុំស្គាល់ច្បាស់ឡើយ ហើយដែលប្រហែលត្រូវបានចងក្រងឡើងនៅឆ្នាំ១៩០១ជាឯកសារពិគ្រោះ ។ សំណេរដៃ DV ចាប់ផ្ដើមពីផ្នែកតំណាលបន្តមកផ្នែកប្រវត្តិសាស្ត្រ ហើយចប់នៅចុងរជ្ជកាលព្រះបាទរាមាធិបតីទី១ (ចៅពញាចន្ទ, ១៦៤២‑១៦៥៨) ។ ផ្ទុយពីឯកសារ VJ និង P63 ដូចយើងបានឃើញខាងលើហើយ សំណេរដៃ DV ផ្ដល់បញ្ជីមហាក្សត្រដែលគង់នៅអង្គរនៅឡើយដូចសំណេរដៃ B39/12/B របស់ឧកញ៉ាវង្សាសព៌េជ្ញនងដែរ ។ ប៉ុន្តែ លើសពីឯកសារ VJ និង P63 ខាងលើ សំណេរដៃ DV ផ្ដល់ព័ត៌មានជាច្រើនបន្ថែមទៅលើព្រឹត្តិការណ៍សំខាន់ៗស្ទើរតែទាំងអស់ដែលមានមកហើយនៅក្នុងច្បាប់ព្រះរាជពង្សាវតារមុនៗ ។ មិនតែប៉ុណ្ណោះសំណេរដៃនេះថែមទាំងមានផ្ដល់ព្រឹត្តិការណ៍ ឬរឿងថ្មីៗជាច្រើនទៀតដែលគេពុំធ្លាប់ជួបប្រទះពីមុនមកឡើយដូចជាវិជ្ជា ឬថ្វីដៃរបស់មន្ត្រីរាជការសេនាទាហានដែលទុកកេរ្តិ៍ឈ្មោះក្នុងកិច្ចការផែនដីជាដើម ។
ឯកសារចម្លងមួយច្បាប់នៃសំណេរដៃ DV ជាសាស្ត្រាស្លឹករឹតចំនួន៣២ខ្សែត្រូវបានតំកល់ទុកនោបណ្ណាល័យព្រះបរមរាជវាំងរហូតដល់ឆ្នាំ១៩៧៥ ។ សំណេរដៃចម្លងពីសំណៅដើមជាមួយគ្នាមួយច្បាប់ទៀតត្រូវបានតំកល់ទុកនៅវត្តកំពង់ត្រឡាច ។ លោក អេង សុត ប្រហែលបានចម្លងឯកសារខាងក្រោយនេះយកទៅបោះពុម្ពនៅឆ្នាំ១៩៦៩ជាមួយនឹងសំណេរដៃ VJ ។
សំណេរដៃខាងលើជាច្បាប់ព្រះរាជពង្សាវតារសំខាន់ៗរបស់ប្រទេសកម្ពុជា ។ មានច្បាប់ព្រះរាជពង្សាវតារសំខាន់ៗដទៃទៀតជាសំណេរដៃដែរដែលយើងពុំបានពណ៌នានៅក្នុងអត្ថបទនេះ ។ ឧទាហរណ៍ ៖
ក. នៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេសនាក្រុងប៉ារីសៈ សំណេរដៃ P32 ដែលជាច្បាប់ចម្លងពីសំណៅដើមនៅវត្តព្រៃរំដេង (ស្រុកកំពង់សៀម ខេត្តកំពង់ចាម) ស្រដៀងនឹងសំណេរដៃ DV ដែរតែខ្លីជាង ។ សំណេរដៃ P30 និង P31 ដែលផ្ដល់ព្រឹត្តិការណ៍នៅស.វទី១៩ ហើយដែលស្រដៀងនឹងសំណេរដៃ KK និង P48 ដោយអន្លើ ។ សំណេរដៃ P53/9 ដែលចម្លងពីសំណៅដើមជាច្រើនច្បាប់ខុសៗគ្នា ។
ខ. នៅបណ្ណាល័យរបស់សមាគមបេសកកម្មបរទេសនាទីក្រុងប៉ារីសៈ សំណេរដៃ ME ឬព្រះរាជពង្សាវតារខ្មែរតែងឡើងដោយអាចារ្យឥន្ទ (ឬសុត្តន្តប្រីជាឥន្ទ) ដែល Martine Piat បានបកប្រែនៅឆ្នាំ១៩៧៤ ។ សំណេរដៃ ME/2 ឬពង្សាវដារខ្មែរក្បាល១ ។
គ. នៅបណ្ណាល័យរបស់អតីតក្រសួងគរុគោសល្យក្រុងភ្នំពេញៈ សំណេរដៃ «ពងសាវតាស្ដេចខ្មែរ» ដែលចម្លងមកពីច្បាប់សំណៅដើមនៅវត្តបទុមវតី ក្រុងភ្នំពេញ ។
ការផ្សព្វផ្សាយព្រះរាជពង្សាវតារប្រទេសកម្ពុជា
ដូចយើងបានឃើញរួចមកហើយ ក្នុងចំណោមច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជាដែលគេស្គាល់សព្វថ្ងៃគឺច្បាប់ «ព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី» ឬច្បាប់ «វាំងជួន (VJ)» ដែលជាឯកសារដែលគេបម្រុងយកទៅបោះពុម្ពមុនគេ ។ ប៉ុន្តែរហូតមកដល់ឆ្នាំ១៩៦៩ ច្បាប់វាំងជួននៅតែជាសំណេរដៃដដែល គឺមិនទាន់បានបោះពុម្ពនៅឡើយ ។ តាមពិត រហូតមកដល់សព្វថ្ងៃនេះ ឯកសារព្រះរាជពង្សាវតារប្រទេសកម្ពុជាដែលគេបានបោះពុម្ពផ្សាយ ហើយមានចំនួននៅតិចតួចនៅឡើយ ។ ឯកសារបោះពុម្ពដែលគេស្គាល់ជាងគេគឺ «ឯកសារមហាបុរសខ្មែរ» ដែលលោក អេង សុត បានបោះពុម្ពនៅឆ្នាំ១៩៦៩ ជាពីរក្បាល (ដំបូងជាកណ្ឌតូចៗ ហើយក្រោយមកទើបចងជាពីរក្បាល) ។ លោក អេង សុត បានចម្លងឯកសារពីរយកមកបោះពុម្ព គឺមួយ ច្បាប់ «ពង្សាវតារប្រទេសកម្ពុជា» សំណេរដៃវត្តទឹកវិល (DV) ហើយមួយទៀតច្បាប់ «ព្រះរាជពង្សាវតារមហាខ្សត្រខ្មែរ» ឬសំណេរដៃវាំងជួន (VJ) ។ ដំបូងឡើយ លោក អេង សុត បានបោះពុម្ពច្បាប់ «វត្តទឹកវិល» ទាំងស្រុង ដោយគ្រាន់តែបញ្ចូលអត្ថបទខ្លះនៃច្បាប់ «វាំងជួន» ដើម្បីធ្វើការប្រៀបផ្ទឹម ។ លុះក្រោយមក គឺចាប់ពីចុងរជ្ជកាលព្រះបាទរាមធិបតីទី១ចៅពញាចន្ទទៅ (១៦៤១‑១៦៥៨), ចាប់ពីទំព័រទី៧៥០ក្បាលទី២ទៅ) លោក អេង សុត យកតែច្បាប់វាំងជួន (VJ) មួយមកបោះពុម្ពផ្សាយព្រោះច្បាប់វត្តទឹកវិល (DV) ចប់នៅចុងរជ្ជកាលព្រះរាជាអង្គនេះ ។
ក្រៅពីឯកសារខាងលើ ឯកសារព្រះរាជពង្សាវតារប្រទេសកម្ពុជាដទៃទៀតដែលគេបានបោះពុម្ពហើយនៅក្រុងភ្នំពេញ មានដូចតទៅនេះ ៖
- «របាក្សត្រស្រុកខ្មែរ» (ច្បាប់និពន្ធដោយព្រះបទុមបារមីពេជ) ភ្នំពេញ បណ្ណាគាររស្មីកម្ពុជា ឆ្នាំ១៩៥៨ ពីរខ្សែ (សិក្សា និងបោះពុម្ពផ្សាយជាថ្មីដោយលោក ឃឹន សុខ នៅឆ្នាំ២០០២) ។
- «រាជពង្សាវតារតាមសាស្ត្រាស្លឹករឹតវត្តកោកកាក» (ច្បាប់ចម្លងពីសំណៅដើមនៅវត្តកោកកាក ឬសំណេរដៃ KK) ។ នៅរវាងឆ្នាំ១៩៧២ (?) លោក ឃួន សែប ដោយមានលោក លី ធាមតេង ជាអ្នកពិនិត្យផ្ទៀង បានចម្លងច្បាប់នេះបោះពុម្ពជាអត្ថបទចុះតៗគ្នានៅក្នុងទស្សនាវដ្ដី «កម្ពុជសុរិយា» របស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញជាច្រើនលេខ ។
- «ពង្សាវតារខ្មែរ» (ច្បាប់ចម្លងពីសំណៅដើមនៅវត្តសិត្បូរ ឬសំណេរដៃ SP) បោះពុម្ពដោយលោក ឌឹក គាម (ភ្នំពេញ សមាគមសម្ដេចជួន ណាត, ១៩៧៥) ។
នៅបរទេស ឯកសារពីរច្បាប់ត្រូវបានបោះពុម្ពដែរ ៖
- មីសែល ត្រាណេ «ពុង្សាវដារខ្មែរ» មុនចេន ១៩៨៧ (ច្បាប់ចម្លងពីសំណៅដើមជាកម្មសិទ្ធិរបស់លោក Adhémard Leclère) ។
- យ៉ាសុយុគី សាកម៉ូតូ «ព្រះរាជពុង្សសោវដារ» តូក្យូ ១៩៩៥ បួនក្បាល (ច្បាប់ចម្លងពីសំណៅដើមរក្សាទុកនៅបណ្ណាល័យជាតិក្រុងបាងងកក ដែលត្រូវបានចម្លងពីសំណៅដើមនៅវត្តសិត្បូរ) ។
ឯកសារ «ព្រះរាជពង្សាវតារប្រទេសកម្ពុជា» ឬ «របាក្សត្រប្រទេសកម្ពុជា» ដែលជាប្រភពប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរ ជាឯកសារដែលមានសារប្រយោជន៍ពិតប្រាកដចំពោះប្រទេសកម្ពុជា ។ គឺដោយយល់សារប្រយោជន៍ទាំងនេះហើយ ទើបប្រជាជាតិទាំងឡាយដែលមានទំនាក់ទំនងនឹងខ្មែរ ឬមានផលប្រយោជន៍នៅប្រទេសនេះតែងតែខិតខំរាវរកច្បាប់ព្រះរាជពង្សាវតារប្រទេសកម្ពុជា ដើម្បីយកទៅបកប្រែជាភាសាគេ ព្រមទាំងបោះពុម្ពផ្សាយនៅប្រទេសគេ ។ ដូច្នេះការបោះពុម្ពឯកសារព្រះរាជពង្សាវតារខ្មែរនៅប្រទេសកម្ពុជាក៏ជាកាតព្វកិច្ចមួយដ៏ចម្បងមួយសម្រាប់អ្នកសិក្សាខ្មែរផងដែរ ។ ហេតុមួយទៀតដែលតម្រូវឲ្យមានការបោះពុម្ពផ្សាយដូចគ្នានេះ គឺមកពីច្បាប់ព្រះរាជពង្សាវតារសំខាន់ៗទាំងឡាយរបស់ប្រទេសកម្ពុជា (ឯកសារសរសេរដៃ ឬសំណេរដៃ) បានបាត់បង់ស្ទើរតែអស់រលីងអំពីដែនដីកម្ពុជាទៅហើយ ។ ដូច្នេះ ការបោះពុម្ពឯកសារទាំងនេះនឹងបង្កើតឲ្យមានច្បាប់ព្រះរាជពង្សាវតារទាំងឡាយនៅប្រទេសកម្ពុជាឡើងវិញដើម្បីផ្សព្វផ្សាយដល់អ្នកសិក្សាទាំងពួង ហើយម្យ៉ាងទៀតក៏ជាកិច្ចមួយដែលផ្ដល់លទ្ធភាពថែរក្សាទុកនូវឯកសារទាំងឡាយនោះនៅក្នុងប្រទេសវិញផងដែរ ៕
ដោយបណ្ឌិត ម៉ក់ ភឺន ឆ្នាំ២០០៦
អត្ថបទពាក់ព័ន្ធៈ ការកំណត់ក្នុងពង្សាវតារខ្មែរ