សំណល់ប្រាសាទបុរេអង្គរនៅវត្ដជើងឯក
លោកបណ្ឌិតមីសែល ត្រាណេ អ្នកឯកទេសបុរាណវិទ្យាខ្មែរនិយាយថា ជាថ្មីម្ដងទៀតលោកបានជួបប្រទះនូវស្លាកស្នាមស្ថាបត្យកម្មនាសម័យបុរេអង្គរនៅលើទឹកដីនៃទីក្រុងភ្នំពេញ ។ កាលនោះគឺជាឡផលិតភាជន៍បុរាណដ៏ធំសម្បើមនៅជើងឯក ។ ដោយឡែកក្នុងបរិវេណនៃវត្ដជើងឯកផ្ទាល់តែម្ដងក៏មានស្លាកស្នាមស្ថាបត្យកម្មបុរេអង្គរដ៏មានតម្លៃផងដែរ ប៉ុន្ដែជាអកុសលប្រាសាទដ៏ធំសម្បើមនោះនៅសល់តែផ្ទាំងក្បាច់ផ្ដែរមួយ និងបំណែកថ្មមួយចំនួនទៀត ពីព្រោះនៅលើខឿននៃបូជនីយដ្ឋានដែលបានដួលរលំហើយនោះមានការសាងសង់នូវព្រះវិហារថ្មីមួយដ៏ល្អប្រណីតគួរឱ្យគយគន់ជាអនេក ។
លោកបណ្ឌិតបានបន្ដថា “ក្រៅពីក្បាច់ផ្ដែរថ្មភក់ដែលមានទំហំធំបណ្ដោយ២ម៉ែត្រ ទទឹង២តឹក នៅមានថ្មទម្រព្រះទេវរូបទំហំ១ម៉ែត្រជាងបួនជ្រុង និងថ្មកាំជណ្ដើរមានរាងជាពាក់កណ្ដាលព្រះចន្ទចំនួន៣ ដែល២ផ្ទាំងលម្អដោយក្បាច់ត្របកផ្កាឈូកពីរជាន់ និងបំណែកប្រអប់ទ្វារជាថ្មថ្លើមអណ្ដើក ។ វត្ថុបុរាណទាំងនោះសព្វថ្ងៃនេះស្ថិតក្នុងអាសនៈរោងមួយក្រោមដើមពោធិ៍ក្បែរចម្លាក់ព្រះពុទ្ធបដិមាមួយព្រះអង្គយ៉ាងធំស្ថិតក្នុងឥរិយាបថព្រះពុទ្ធចូលព្រះបរិនិព្វាន” ។
ការសិក្សាក្បាច់ផ្ដែរនៃវត្ដជើងឯកបានបញ្ជាក់ឱ្យយើងដឹងថា ប្រាសាទឥដ្ឋដុតរបស់ដូនតាខ្មែរយើងត្រូវបានស្ថាបនាឡើងនាដើមសតវត្សរ៍ទី៧នៃគ្រិស្ដសករាជ ។ ក្បាច់នេះមានលក្ខណៈជារចនាបថកំពង់ព្រះឥតក្លែងក្លាយឡើយ ។
សូមរម្លឹកថា រចនាបថកំពង់ព្រះដែលបានរីកដុះដាលក្នុងសម័យចេនឡា ហើយមានការវិវត្ដរហូតដល់សតវត្សទី៨(ដូចក្នុងករណីប្រាសាទភូមិប្រាសាទនៅខេត្ដកំពង់ធំ) ត្រូវជំនួសដោយរចនាបថគូលែន ។
រចនាបថខាងលើខុសពីរចនាបថព្រៃក្មេង គឺក្បាច់ផ្ដែរមិនបានរក្សាក្បាច់ជាភួងមាលាដែលមានរាងជាធ្នូ ព្រមទាំងចម្លាក់អាទិទេពរងពីអង្គរដែលអមទាំងសងខាងនៅផ្នែកខាងចុងនោះទេ ។ បើនិយាយម្យ៉ាងវិញទៀតនៅលើក្បាច់ផ្ដែរនៃវត្ដជើងឯក ក្បាច់ធ្នូត្រូវបានជំនួសដោយភួងមាលាសុទ្ធសាធមួយដែលគ្មានក្បាច់ជារង្វង់មូលឡើយ ដោយខាងចុងគ្រាន់តែកួចទៅលើតែប៉ុណ្ណោះ ។
រហូតដល់សព្វថ្ងៃនេះ គេពុំទាន់រកឃើញនូវក្បាច់ផ្ដែរណាមួយដែលស្ថិតនៅក្នុងរចនាបថសម្បូរព្រៃគុក ឬព្រៃក្មេងនៅឡើយទេ ។ នេះជាសញ្ញាបង្ហាញឱ្យដឹងថាអំណាចកណ្ដាលនៃឥសានបុរៈមិនទាន់លាតសន្ធឹង ឬក៏ត្រូវបានពង្រឹងនៅជុំវិញនៃបរិវេណរាជធានីភ្នំពេញនៅឡើយទេ ។
ការសិក្សាប្រៀបធៀបស្លាកស្នាមស្ថាបត្យកម្មបុរាណទាំងនោះទៅនឹងប្រាសាទដទៃៗឯទៀតស្ថិតក្នុងសម័យកាលតែមួយ លោកបណ្ឌិតអាចសន្និដ្ឋានថា ប្រាង្គប្រាសាទឥដ្ឋបុរាណខាងលើនេះយ៉ាងហោចណាស់ក៏មានទំហំពី៥ម៉ែត្រទៅ៥,៣០ម៉ែត្រដែរ បើយោងទៅលើទំហំនៃក្បាច់ផ្ដែរ និងថ្មកាំជណ្ដើរដ៏ធំមហិមាធ្វើអំពីថ្មភក់ ។
លោកបន្ដថា យើងអាចនិយាយម្យ៉ាងទៀតថា ដោយសារថ្មកាំជណ្ដើរទាំង៣ដុំមានទំហំខុសៗគ្នា យើងសន្និដ្ឋានបានថានៅលើទឹកដីវត្ដជើងឯកបច្ចុប្បន្នពិតជាមានប្រាសាទបុរាណផ្សេងៗទៀតដែរ មានន័យថាប្រាសាទឥដ្ឋរបស់យើងពិតជាមិនមែនជាប្រាសាទទោលតែមួយទេ វាអាចមានប្រាសាទតូចៗអមនៅសងខាងដូចប្រាសាទឥដ្ឋនៅវត្ដប្រាសាទនាងខ្មៅទន្លេបាទីដែរ ។
វត្ដមានរបស់បុរាណវត្ថុទាំងនោះសឱ្យឃើញថា ទឹកដីរាជធានីភ្នំពេញពីអតីតកាលគឺជាទឹកដីដែលមានប្រវត្ដិសាស្ដ្រដ៏យូរលង់ណាស់មកហើយយ៉ាងប្រាកដ ។
រាល់ស្លាកស្នាមនៃវប្បធម៌ដូនតាខ្មែរវ័យចំណាស់គឺទាមទារត្រូវតែមានការអភិរក្សសមស្របណាមួយ បើពុំដូច្នេះទេ វានឹងអាចទៅជាបាត់បង់ថ្ងៃណាមួយដែលជាអត្ដសញ្ញាណជាតិខ្មែរយើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាមួយឡើយ។សូមកុំភ្លេចថា ប្រវត្ដិរបស់វត្ថុបុរាណទាំងនោះទោះជាតូចក្ដី ធំក្ដី គឺជាប្រវត្ដិរបស់ជាតិសាសន៍ខ្មែរទាំងមូល ហើយវាក៏ជាប្រវត្ដិសាស្ដ្ររបស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។ ចំណុចសំខាន់មួយទៀត វត្ដមានរបស់ប្រាសាទឥដ្ឋដ៏ធំសម្បើមនេះក៏មិនមែនជាការចៃដន្យអ្វីដែរពីព្រោះស្ថិតក្នុងបរិបទរួមតែមួយនៃវប្បធម៌បុរេអង្គរនាសម័យចេនឡាដែលត្រូវផ្សារភ្ជាប់ទៅនឹងអាណាខេត្ដផ្សេងៗដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញដូចជាខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង កំពត ស្វាយរៀង ព្រៃវែង និងតាកែវ ជាដើម ។ល។
គួររម្លឹកផងដែរថា នាសម័យអតីតកាលពុំទាន់មានកម្រិតព្រំសីមានៅឡើយទេ ហើយម្យ៉ាងវិញទៀតក្បាច់ផ្ដែររចនាបថកំពង់ព្រះនាសម័យនោះកំពុងពេញនិយមនៅអតីតចក្រភពចេនឡាដែលមានទឹកដីដ៏ធំទូលំទូលាយ ។
(អត្ថបទដកស្រង់ពីសារព័ត៌មានរស្មីកម្ពុជា ខែមិថុនា ឆ្នាំ២០០៩)
កាំជណ្ដើរផ្អែកជាប់ដើមរាំងភ្នំ និងក្បាច់ផ្ដែរថ្មភក់ស្ថិតក្នុងរចនាបថកំពង់ព្រះនៅក្បែរព្រះពុទ្ធចូលព្រះបរិនិព្វាន