Chouk Khmer


រមណីយដ្ឋាន​វត្តភ្នំ​បេះដូង​នៃ​រាជធានី​នៅ​តែ​ជា​ចំណុច​ដ៏​មនោរម្យ​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ​

រាជធានី​ភ្នំពេញ​បែរមុខ​ទៅ​ចំណុច​ប្រសព្វ​ទន្លេ​ចតុមុខ​មាន​អាយុ​៥៧៥​ឆ្នាំ

ភ្នំពេញ​បាន​ចាប់កំណើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៣៧២​ ​ហើយ​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​រាជធានី​នៅ​ឆ្នាំ​១៤៣៤​ ​តែ​រហូត​ដល់​ឆ្នាំ​១៨៦៥​ ​ទើប​លេច​ចេញ​រូបរាង​ជាទី​ក្រុង​ ​បន្ទាប់​ពី​ព្រះរាជា​ព្រះបាទ​នរោត្ដម​បាន​នាំ​មនុស្ស​ប្រមាណ​ជា​១០.០០០​នាក់ ចាក​ចេញពី​រាជធានី​ឧដុង្គ​មក​រស់នៅ​ទី​នេះ​ ​ហើយ​បាន​ចាប់ផ្ដើម​កសាង​ព្រះ​បរមរាជវាំង​នៅ​ឆ្នាំ​១៨៦៦​ ​ដែល​មាន​ទ្រង់ទ្រាយ​រហូត​មក​ដល់​សព្វថ្ងៃ​ ​ក្រោម​ការ​ចាត់ចែង​របស់​អ្នកឧកញ៉ា​ ​ទេព​ ​និមិត្ដម៉ាក់​ ​ដោយ​បែរមុខ​ទៅ​ទិស​ខាងកើត​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ចតុមុខ ។​ ​ភ្នំពេញ​មាន​ទិដ្ឋភាព​ពេញលេញ​ជាទី​ក្រុង​ពិតប្រាកដ​នៅ​ឆ្នាំ​១៩១០​ ​ដោយ​លាតសន្ធឹង​តាម​ត្រើយ​ខាងលិច​ដង​ទន្លេសាប​ ​ដែល​មាន​ចរន្ដទឹក​ហូរ​ទៅ​មក​យ៉ាង​ទៀងទាត់​តាម​រដូវ​កាល ។​ ​រាជធានី​ភ្នំពេញ​ ​ដែល​ដូនតា​របស់​យើង​បាន​កសាង​ឡើង​ស្ថិត​នៅ​ត្រង់​ចំណុច​ទន្លេ​ចតុមុខ​ ​មាន​ទីតាំង​ភូមិសាស្ដ្រ​ ​ធម្មជាតិ​ប្រកបដោយ​អំណោយផល​ ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ទឹកសាប​នៃ​ទន្លេមេគង្គ​ ​ទន្លេសាប​ ​និង​ទន្លេបាសាក់​ ​ដែល​ជា​ប្រភព​ធនធាន​ដ៏​សំខាន់​បំផុត​របស់​ទីក្រុង​ ​តាំងពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន​ ​ធ្វើ​ឱ្យ​យើង​ដែល​ជា​មនុស្ស​ជំនាន់​ក្រោយ​ ​បាន​រស់នៅ​លើ​ទឹកដី​មួយ​ប្រកបដោយ​បរិស្ថាន​ធម្មជាតិ​ស្រស់បំព្រង​ ​និង​មាន​វប្បធម៌​ ​សង្គម​ដ៏​រុងរឿង​រហូត​រៀង​មក ។​

រទេះសេះ​ ​និង​រទេះអូស​ដោយ​មនុស្ស​ ​(ឆៃកែវ) ធ្វើ​ដំណើរ​ឆ្លងស្ពាន​នាគ​ឆ្នាំ​១៩២០

ទីក្រុង​ភ្នំពេញ​បាន​កសាង​ឡើង​នៅ​លើ​ស្ទឹង​ ​ព្រែក​ ​អូរ​ ​និង​បឹង​ ​ស្ថិត​នៅ​ខាងលិច​ចតុមុខ​ ​ហើយ​ឈ្មោះ​ ​ស្ទឹង​ ​ព្រែក​ ​អូរ​ ​និង​បឹង​ទាំងនោះ​ ​ខ្លះ​នៅ​មាន​ឈ្មោះ​ហៅ​រហូត​មក​ដល់​សព្វថ្ងៃ​ដូចជា​ ​ស្ទឹងមានជ័យ​ ​អូរឫស្សី​ ​អូរបែកក្អម​ ​បឹងរាំង​ ​បឹងព្រលិត​ ​បឹងកេងកង​ ​បឹងត្របែក​ ​បឹងទំពុន​...​ជាដើម ។​ ​ថ្វីដ្បិតតែ​ទីក្រុង​នេះ​ ​កសាង​ឡើង​នៅ​លើ​ព្រែក​ ​ស្ទឹង​ ​បឹងបួ​ ​ក៏​ដោយ​ ​ក៏​មិន​ដែល​មាន​ឯកសារ​ណា​បញ្ជាក់​ថា​ ​ទឹកជំនន់​ធ្លាប់​បាន​ជន់​លិច​ម្ដងណា​ឡើយ​ ​ចាប់តាំងពី​ពេល​ដែល​កន្លែង​នេះ​បាន​ក្លាយជា​ទីក្រុង​ពេញ​រូបរាង​រួច​មក​ ​ដោយ​សារ​មាន​ទំនប់​ការពារ​ព័ទ្ធ​ជុំវិញ ។​

ភ្នំ​ដូនពេញ​មើល​ពី​ត្រើយ​ខាងកើត​នា​ឆ្នាំ​១៨៧៣

កាលពី​សម័យ​ដើម​ ​ទំនប់​ព័ទ្ធ​ជុំវិញ​ទីក្រុង​នេះ​មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​ការពារ​មិន​ឱ្យ​ទឹក​លិច​ក្រុង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​ជា​របង​ការពារ​ខ្មាំងសត្រូវ​យ៉ាង​សំខាន់​ទៀត​ផង ។​ ​ទីក្រុង​បាន​ត្រូវ​ពង្រីក​បន្ដិច​ម្ដងៗ​ដោយសារ​ការ​បូម​ដី​ពី​ក្នុង​ទន្លេ​ចតុមុខ​ ​មក​ចាក់​បំពេញ​ ​ដែល​ក្រោយមក​ទំនប់​ទឹក​ពី​មុនៗ​បាន​ក្លាយទៅជា​ផ្លូវ​តូច​ ​ផ្លូវ​ធំ​ ខ្លះ​ជា​មហាវិថី​ផង​ ​បន្ទាប់​ពី​ទំនប់​ថ្មី​ត្រូវ​បាន​ពង្រីក​ជា​លំដាប់​លំដោយ​ ​ឆ្ពោះទៅ​គ្រប់​ទិសទី​ជុំវិញ​ទីក្រុង​ ​ហើយ​ការ​ពង្រីក​ទីក្រុង​បាន​បន្ដ​ធ្វើ​ ​និង​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​សម័យ​ណាៗ​ទាំងអស់ ។​

គំនូរ​វត្តភ្នំ​តាំងពិព័រណ៍​នៅ​ទីក្រុង​ ​PARIS​ ​កាលពី​ឆ្នាំ​១៩០០

ការ​ដែល​បុព្វបុរស​យើង​សម្រេចចិត្ដ​ជ្រើសរើស​យក​តំបន់​នេះ​ធ្វើ​ជា​រាជធានី​ ​គឺ​ដោយសារ​ទីតាំង​នេះ​ ​ជា​ចំណុច​ប្រសព្វ​នៃ​ផ្លូវទឹក​ទន្លេមេគង្គ​លើ​ ​ទន្លេមេគង្គ​ក្រោម​ ​ទន្លេសាប​ ​និង​ទន្លេបាសាក់​ ​ដែល​បង្ក​ភាព​ងាយស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​ ​ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​កងទ័ព​បាន​ឆាប់រហ័ស​ទៅ​ដល់​គ្រប់​ទិសទី​ក្នុង​ប្រទេស​ ​ហើយ​ពួក​ខ្មាំងសត្រូវ​ក៏​មិន​អាច​វាយលុក​មក​លើ​រាជធានី​នេះ​បាន​ដោយ​ងាយស្រួល​ដែរ​ ​ព្រោះ​នៅ​ទិស​ខាងត្បូង​ ​ទិស​ខាងជើង​ ​និង​ទិស​ខាងកើត​នៃ​រាជធានី​ ​សុទ្ធតែ​គ្របដណ្ដប់​ទៅ​ដោយ​ផ្ទៃ​ទឹក​បឹង​ ​និង​ទន្លេ ។​ ​លក្ខណៈ​ពិសេស​ទាំងនេះ​ ​ជា​អំណោយផល​ធ្វើ​ឱ្យ​ទីក្រុង​មានការ​រីក​ចម្រើន​បន្ដិច​ម្ដងៗ​ ​ទោះបីជា​សម័យកាល​ខ្លះ​ទីតាំង​រាជធានី​មិន​ស្ថិតស្ថេរ​មួយ​កន្លែង​ក៏​ដោយ ។​ ​រាជធានី​ភ្នំពេញ​​បាន​តាំងនៅ​មុខ​ទន្លេ​បួន​មុខ​ ​ដោយ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ចាប់តាំងពី​ឆ្នាំ​១៨៦៥​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។​

វត្តភ្នំ​ឆ្នាំ​១៨៨៥ សាងសង់​ពី​ដើម​គគីរ​ ​និង​ប្រក់​ស្បូវភ្លាំង​

ទីក្រុង​ភ្នំពេញ​ស្ថិត​នៅ​ចំ​ពីមុខ​ចរន្ដទឹក​ទន្លេមេគង្គ​ ​ដែល​ជា​ទន្លេ​ដ៏​ធំ​មួយ​នៅ​អាស៊ី​ ​មាន​ប្រភព​មក​ពី​ខ្ពង់រាប​ទីបេ​នៃ​ប្រទេស​ចិន​ ​មាន​បណ្ដោយ​ប្រវែង​៤.២០០​គីឡូម៉ែត្រ មាន​ផ្ទៃ​សរុប​៨០.០០០​គីឡូម៉ែត្រក្រឡា និង​មាន​ធារទឹក​១៥.០០០​ម៉ែត្រគូប​ក្នុង​១​នាទី ដោយ​ហូរ​កាត់​ខេត្ដ​យុនណាន​ ​ប្រទេស​ចិន​ ​ឡាវ​ ​ដែល​ខណ្ឌ​ចែក​ជាមួយ​សៀម​ ​កម្ពុជា​ ​និង​វៀតណាម​ ​ហើយ​ចាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​ ​ទន្លេ​នេះ​ហូរ​កាត់​ប្រទេស​កម្ពុជា​ពី​ខាងជើង​មក​ខាងត្បូង​ ​ប្រវែង​៤៨៦​គីឡូម៉ែត្រ​ ​ហើយ​ឆ្លងកាត់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​ ​បង្កើត​បានជា​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ទឹកសាប​ដ៏​ពិសេស​សម្រាប់​ទីក្រុង ។​ ​កម្លាំង​ទឹក​ដ៏​ខ្លាំង​នៃ​ទន្លេ​នេះ​ ​តែង​ធ្វើ​ឱ្យ​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បារម្ភ​ក្នុង​រដូវវស្សា​ ​នៅ​ឆ្នាំ​ណា​ដែល​ទឹក​ឡើង​ធំ ។​ ​ប៉ុន្ដែ​ គេ​ពុំដែល​ឃើញ​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ថា​ ​ទីក្រុង​ភ្នំពេញ​ធ្លាប់​ទទួល​រង​នូវ​ការ​លិចលង់​ពី​ទឹកជំនន់​ទន្លេមេគង្គ​ម្ដងណា​ទេ​ ​ព្រោះ​ពេល​មក​ដល់​ទន្លេ​ចតុមុខ​ ​ទឹកទន្លេ​ដ៏​ខ្លាំង​នេះ​បាន​ហូរ​បែក​សាច​ចូល​ទៅ​ទន្លេមេគង្គ​ក្រោម​ ​ទន្លេបាសាក់​ ​និង​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប​ ​ដែល​ជា​អាង​ស្ដុក​ទឹក​មួយ​យ៉ាង​ធំ​ ​អាច​ជួយ​សម្រាល​កម្លាំង​ទឹកបាន​មួយ​ផ្នែក ។​ ​ទឹកទន្លេ​សាប​បាន​ហូរ​ចេញ​មក​វិញ​តាម​ទន្លេចតុមុខ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ទឹកទន្លេ​មេគង្គ​ចាប់ផ្ដើម​ស្រក​នា​ចុងរដូវ​វស្សា ។​

ដំរី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​រាជវង្សានុវង្ស​ខ្មែរ (រូបថត​មុខ​ព្រះ​បរមរាជវាំង​ឆ្នាំ​១៩៣១)

ទន្លេ​ចតុមុខ​ ​ដែល​រក្សា​រូបរាង​បាន​រហូត​មក​ដល់​ពេល​នេះ​ ​ដោយសារ​មានការ​បូម​ស្ដារ​តាំងពី​ដើម​រៀង​មក ។​ ​ការ​បូម​ស្ដារ​ទន្លេមេគង្គ​ ​និង​ទន្លេសាប​ជា​លើក​ដំបូង​ ​ក្នុង​គោលបំណង​សម្រួល​នាវា​សមុទ្រ​ ​ឱ្យ​ចេញចូល​ដល់ទី​ក្រុង​ភ្នំពេញ​ ​បាន​ចាប់ផ្ដើម​នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩២០ ។​ ​នៅ​ក្នុង​ឆ្នាំ​១៩២៨​ ​ក្រុមហ៊ុន​របស់​បារាំង​មួយ​ឈ្មោះ​ ​Travaux​ ​de​ ​Marseille​ ​បាន​ចាប់ផ្ដើម​បូម​ដីល្បាប់​លាយ​ខ្សាច់​ចេញពី​បាតទន្លេ​សាប​ ​ទៅ​ចាក់​បំពេញ​បឹងតេជោ​ ​និង​បឹង​ដទៃ​ទៀត​ដែល​មាននៅ​ក្នុង​ទីក្រុង ។​ ​ការ​បូម​ស្ដារ​នេះ​ ​កាន់តែ​ត្រូវ​បាន​យកចិត្ដទុកដាក់​ថែម​ទៀត​ ​នៅ​ពេល​ដែល​ក្រុង​ភ្នំពេញ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​សម័យ​សង្គមរាស្ដ្រនិយម​ ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​​របស់​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម​ ​សីហនុ​ ​ដើម្បី​ស្ដារ​នាវាចរណ៍​ ​និង​សម្រួល​ខ្សែទឹក​កុំឱ្យ​បុក​បាក់​ច្រាំង​ទន្លេ​ ​ហើយ​ដីល្បាប់​ដែល​បូម​ចេញពី​បាតទន្លេ​នោះ​ ​ត្រូវ​បាន​យក​មក​ចាក់​បំពេញ​តំបន់​ទំនាប​នានា​នៅ​ក្នុង​ទីក្រុង​ ​ទើប​ធ្វើ​ឱ្យ​ទីក្រុង​កាន់តែ​ខ្ពស់​ឡើង​បន្ដិច​ម្ដងៗ​ ​និង​ធ្វើ​ឱ្យ​ទន្លេចតុមុខ​ធានា​បាន​នូវ​និរន្ដរភាព​រហូត​មក ។​ ​ប៉ុន្ដែ​ ​ចាប់ពី​ឆ្នាំ​១៩៧០​មក​ ​ការ​បូម​ស្ដារ​ទន្លេមេគង្គ​ ​និង​ទន្លេចតុមុខ​ ​មិន​បាន​ប្រព្រឹត្ដ​ទៅ​ដោយ​ទៀងទាត់​ ​ដូច​ពី​មុន​ទេ​ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ច្រាំង​ទន្លេមេគង្គ​ ​និង​ទន្លេបាសាក់​ ​ត្រូវ​ទទួល​រង​នូវ​ការ​បាក់​ដី​ជា​បន្ដបន្ទាប់​នៅ​ត្រង់​តំបន់​មួយ​ចំនួន​ខាងក្រោម​ទន្លេ​ចតុមុខ​ ​ហើយ​ធ្វើ​ឱ្យ​ចុង​ជ្រោយចង្វា​ ​មាន​ដីដុះ​លយ​ចាក់​ចូល​មក​ក្នុង​ទន្លេ​ចតុមុខ​កាន់តែ​ជ្រៅ​ ​នាំ​ឱ្យ​បាំង​បាត់​ជា​បណ្ដើរៗ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ចតុមុខ​ពីមុខ​ព្រះ​បរមរាជវាំង ។​ ​នៅ​ចុង​ជ្រោយចង្វា​មាន​កោះ​ថ្មី​មួយទៀត​ ​បាន​ដុះ​លេច​ចេញ​ជា​រូបរាង​ឡើង​នៅ​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​៨០​ ​ដែល​ស្ទើរតែ​នៅ​ចំណុច​កណ្ដាល​ទន្លេ​ចតុមុខ​ ​ហើយ​បាន​ក្លាយទៅជា​ឧបសគ្គ​សម្រាប់​ផ្លូវ​នាវាចរណ៍​ ​ផ្លូវ​មច្ឆជាតិ​ ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទីតាំង​របស់​វា​ ​និង​បង្ក​ឱ្យ​កោះឃ្លង់​ដុះ​កាន់តែ​ធំ​ឡើងៗ​ ​ជា​ហេតុ​ធ្វើ​ឱ្យ​ទន្លេបាសាក់​ដែល​នៅ​ជាប់​ទន្លេចតុមុខ​ប្រែប្រួល​ខុស​ពី​លក្ខណៈ​ដើម​ ​បណ្ដាល​ឱ្យ​ចរន្ដទឹក​ផ្លាស់​ប្ដូរ​នាំ​ទៅ​ដល់​ការ​បាក់​ច្រាំង​ទន្លេ​នៅ​ច្បារអំពៅ​ជា​រៀង​រាល់​ឆ្នាំ​ ​រហូត​ដល់​វត្ដ​សំពោងផលអណ្ដែត​ត្រូវ​បាត់​ទីតាំង​ទាំងស្រុង​នៅ​ចុង​ទសវត្ស​ឆ្នាំ​៩០​ ​នៃ​សតវត្ស​ទី​២០​ ​ហើយ​ការ​បាក់​ច្រាំង​ទន្លេ​នេះ​ ​ក៏​គំរាមកំហែង​ដល់​ស្ពាន​ព្រះ​មុនីវង្ស​ផង​ដែរ ។​ ក្រុម​អ្នកជំនាញ​របស់​សាលាក្រុង​ភ្នំពេញ​ ​ដែល​សុទ្ធ​សឹង​ជា​កូន​ខ្មែរ​បាន​ព្យាករណ៍​ថា​ ​ចុង​ជ្រោយចង្វា​នឹង​បន្ដ​ដុះ​លយ​ចូល​ក្នុង​ទន្លេ​ចតុមុខ​ប្រវែង​៥០០​ម៉ែត្រ​ទៀត​ ​គិត​ពី​ត្រឹម​ឆ្នាំ​២០០០​ ​ទៅ​ដល់​ឆ្នាំ​២០២០​ ​ហើយ​ធ្វើ​ឱ្យ​ទន្លេ​ចតុមុខ​ ​និង​ទន្លេបាសាក់​ផ្លាស់​ប្ដូរ​ភូមិសាស្ដ្រ​ទៅ​កាន់តែ​ឆ្ងាយ​ពី​ព្រះ​បរមរាជវាំង​ ​បើសិនជា​គ្មាន​ការ​បូម​ ​រំលាយ​កូន​កោះ​មួយ​នៅ​ចុង​ជ្រោយចង្វា​ ​និង​កោះឃ្លង់​ចេញ​ទេ​នោះ ។​

ការ​ដឹក​ជញ្ជូន​ដី​បម្រើ​ឱ្យ​ការ​សាងសង់​ឆ្លងកាត់​ភូមិ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​(រូបថត​សម័យ​ឆ្នាំ​១៨៩១)

កោះ​នានា​នៅ​ទន្លេ​ចតុមុខ​ដុះ​កាន់តែ​ធំ​ឡើង​ ​តែ​ធ្វើ​ឱ្យ​ច្រាំង​នៅ​តាម​ដង​ទន្លេបាសាក់​ ​បាក់​កាន់តែ​ខ្លាំង​ជា​រៀង​រាល់​ឆ្នាំ​ដែរ​ ​ដោយសារ​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​៧០​មក​ ​គេ​មិនសូវ​បាន​ធ្វើ​ការ​បូម​ស្ដារ​ផ្លូវទឹក​នេះ​ទេ​ ​ហើយ​ព្រម​ពេល​ជាមួយ​នេះ​ ​បរិស្ថាន​នៅ​លើ​ផែនដី​ក៏​ប្រែប្រួល​ ​ដូច​ជា​ភ្លៀង​ធ្លាក់​លែង​ត្រូវ​តាម​រដូវ​កាល​ ​ទើប​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​គំរាមកំហែង​ដល់​រាជធានី​ភ្នំពេញ​ស្ទើរ​រាល់​ឆ្នាំ​ ​ជា​ពិសេស​នៅ​រដូវវស្សា​ឆ្នាំ​២០០០​ ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​រហូត​ដល់​កំពស់​១១,២០​ម៉ែត្រ នៅ​ស្ថានីយ​ជលសា​ស្ដ្រ​ចតុមុខ​ ​ជា​កំពស់​ទឹក​អាច​ធ្វើ​ឱ្យ​លិច​ទីក្រុង​ដែល​មិន​ធ្លាប់​មាន​សោះ​តាំងពី​មុន​មក ។​ ​ប៉ុន្ដែ​ទឹកជំនន់​ដ៏​អាក្រក់​នៅ​ឆ្នាំ​នោះ​ ​ពុំ​អាច​ធ្វើ​ឱ្យ​ទីក្រុង​លិច​បាន​ទេ​ ​ព្រោះ​មាន​ទំនប់​ការពារ​ព័ទ្ធ​ជុំវិញ​ ​ដូច​ជា​នៅ​ទន្លេបាសាក់​ ​ទន្លេសាប​ ​ទំនប់​កប់ស្រូវ​ ​និង​តំបន់​ជ្រោយចង្វា​ ​ដែល​អាជ្ញាធរ​បាន​ពង្រឹង​ទាំង​យប់​ទាំង​ថ្ងៃ​ ​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ​មន្ដ្រីរាជការ​ ​នគរបាល​ ​និង​កងរាជអាវុធហត្ថ​ ​ជាមួយនឹង​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ ​បញ្ចៀស​កុំឱ្យ​ទឹកជំនន់​លិច​ទីក្រុង​ ​និង​តំបន់​ជ្រោយចង្វា ។​ ​នៅ​តាម​មាត់​ទន្លេសាប​ ​ចាប់ពី​ត្រឹម​សាល​សន្និសិទ​ចតុមុខ​ ​រហូត​ដល់​សួនច្បារ​ផ្សារចាស់​ចំងាយ​៩០០​ម៉ែត្រ​ ​សាលាក្រុង​ភ្នំពេញ​មិន​បាន​ធ្វើ​ទំនប់​ទប់ទឹក​ជំនន់​ដូច​កាល​ពី​ឆ្នាំ​មុនៗ​ទេ​ ​គឺ​ដោយសារ​គេ​បាន​ចាក់​បេតុង​រាងដូចជា​ទំនប់​យ៉ាង​រឹង​មាំ​ ​ហើយ​អាច​ធ្វើ​ជា​កៅអី​សម្រាប់​អង្គុយ​លេង​បាន​ផង ។​ ​ទំនប់​នេះ​ក្រាល​ថ្មម៉ាប​ទំហំ​ទទឹង​ខ្នង​លើ​០.៦០​ម៉ែត្រ បិទ​លម្អ​សងខាង​ដោយ​ក្បាច់​ផ្កា​ចាន់​ ​មាន​កម្ពស់​កូត​ស្មើ​១១,៥​ម៉ែត្រ​ ដែល​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​ទៀត​ឡើយ ៕​

(ដកស្រង់​ពី​សារព័ត៌មាន​កោះសន្តិភាព)