រឿងរ៉ាវទាក់ទងនឹងស្ពានឡុងបៀន ឬ ស្ពានឌូមេ

មុននឹងលើកយកប្រវត្តិ និងរឿងរ៉ាវទាក់ទងនឹងស្ពានឌូមេ បច្ចុប្បន្នជាស្ពានឡុងបៀន មកអត្ថាធិប្បាយ ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអានដោយរំឮករឿងពិតគួរឲ្យសោកស្ដាយមួយ ។ បងស្រីម្នាក់ (សូមរក្សាមិនបញ្ចេញឈ្មោះ) ដែលបានទៅចូលរួមវគ្គសិក្ខាសាលាមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាមជាមួយខ្ញុំកាលពីចុងឆ្នាំ២០០៧ បានដំណាលថា កាលពីឪពុករបស់គាត់នៅមានជីវិត បានមកលេងទីក្រុងហាណូយ ហើយគាត់មានបំណងចង់ឃើញស្ពានឌូមេ ព្រោះធ្លាប់បានឮរឿងរ៉ាវទាក់ទងនឹងស្ពាននេះ ។ ប៉ុន្តែ គួរឲ្យស្ដាយ នៅពេលសួរគេឯងទៅ គ្មាននរណាម្នាក់ស្គាល់ស្ពានឈ្មោះថា ឌូមេ ឡើយ ។ លុះដល់ពេលទៅចូលរួមសិក្ខាសាលានោះបានជួបនឹងសិក្ខាកាមជនជាតិវៀតណាមដែលដឹងប្រវត្តិ ទើបស្គាល់ថា ស្ពានឡុងបៀនបច្ចុប្បន្នគឺជាស្ពានឌូមេនោះឯង ។ ជាការហួសពេល ! គួរឲ្យសោកស្ដាយណាស់ដែលឪពុករបស់គាត់បានទទួលអនិច្ចកម្មបាត់ទៅហើយ គឺពុំមានឱកាសនឹងបំពេញបំណងរបស់គាត់បានឡើយ ។ ខ្ញុំក៏សូមឧទ្ទិសអត្ថបទមួយនេះជូនដល់វិញ្ញាណក្ខន្ធរបស់លោកអ៊ំផងដែរ ។

ស្ពានឡុងបៀន គឺជាស្ពានដែកប្រវត្តិសាស្ត្រមួយ តភ្ជាប់ទន្លេក្រហមពីត្រើយខាងលិចទៅត្រើយខាងកើតនៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។ ស្ពាននេះមានប្រវែង២.៥០០ម៉ែត្រ (ជាស្ពានវែងជាងគេនៅទ្វីបអាស៊ីកាលជំនាន់នោះ) កសាងដោយលោក Daydé និងលោក Pillé ទៅតាមគំនូសប្លង់របស់លោក Gustave Eiffel និងប្រើប្រាស់កម្លាំងពលករជាតិវៀតណាមជាង៣.០០០នាក់ ។
ស្ពានឡុងបៀនចាប់ផ្ដើមសាងសង់នៅឆ្នាំ១៨៩៩ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩០២ ដោយលោក Joseph Athanase Paul Doumer ដែលគេស្គាល់ជាទូទៅថា ប៉ូលឌូមេ (Paul Doumer) ដែលលោកជាអគ្គទេសាភិបាលនៃឥណ្ឌូចិនបារាំងពីឆ្នាំ១៨៩៧ ដល់១៩០២ ។ ស្ពាននេះមានឈ្មោះថា «ប៉ូលឌូមេ» ឬ «ឌូមេ» តាំងពីពេលនោះមក រហូតដល់ឆ្នាំ១៩៥៤ ទើបត្រូវបានដូរឈ្មោះទៅជា «ឡុងបៀន» វិញ ។
បច្ចុប្បន្ន ស្ពានឡុងបៀនមានស្ថានភាពទ្រុឌទ្រោម និងកំពុងទទួលបានការអភិរក្ស ។ មានផ្លូវរថភ្លើងមួយខ្សែរត់កាត់តាមបណ្ដោយស្ពាន ។ គេអនុញ្ញាតឲ្យធ្វើចរាចរតែអ្នកថ្មើរជើង និងកង់ម៉ូតូប៉ុណ្ណោះ ។ រីឯចរាចរផ្សេងទៀតត្រូវបានបង្វែរទៅស្ពានឈួងដួង (Chuong Duong) នៅទន្ទឹមគ្នានោះ និងស្ពានសាងសង់ថ្មីមួយចំនួនទៀត ។

លោក ប៉ូល ឌូមេ (Paul Doumer) អគ្គទេសាភិបាលនៃឥណ្ឌូចិនបារាំង ពីឆ្នាំ១៨៩៧ ដល់ ១៩០២
ចំណែកឯរឿងនិទានទាក់ទងនឹងស្ពានឡុងបៀន ឬ ស្ពានឌូមេ មិនដឹងថាជារឿងពិតប្រាកដ ឬគ្រាន់តែជាការនិទានដើម្បីសើចលេងយ៉ាងណាមួយនោះទេ ។ បើតាមប្រភពខ្លះអះអាងថា កូនសិស្សខ្មែរ និងលាវមួយចំនួនកាលពីជំនាន់បារាំងពិតជាបានជួបផ្ទាល់ និងដឹងឮថាជារឿងពិតប្រាកដមែន ។ ដំណើររឿងនោះមានដូចតទៅ ៖
“នៅក្នុងសម័យអាណានិគមបារាំង សិស្សខ្មែរ វៀតណាម និងលាវ រៀនក្នុងថ្នាក់ជាមួយគ្នា ក្រោមការបង្ហាត់បង្រៀនពីសំណាក់គ្រូជនជាតិបារាំង ។ ថ្ងៃមួយនៅពេលនិយាយរៀបរាប់ដល់ប្រវត្តិសាស្ត្រ និងស្នាដៃកសាងសំខាន់ៗ លោកគ្រូបានសួរកូនសិស្សក្នុងថ្នាក់ថា «តើស្ពានមួយណាដែលមានចំណាស់ជាងគេ និងមានប្រវែងវែងជាងគេនៅឥណ្ឌូចិន (បារាំង) ?» ពេលនោះ ថ្នាក់រៀនទាំងមូលស្ថិតក្នុងសភាពស្ងប់ស្ងៀម គ្មានសិស្សណាមួយក្លាហានឡើងឆ្លើយនឹងសំណួរនេះឡើយ ។ លោកគ្រូក៏ចង្អុលហៅសិស្សលាវម្នាក់ឲ្យឡើងឆ្លើយ ប៉ុន្តែសិស្សនោះឆ្លើយពុំរួច ។ លោកគ្រូរាងបែបក្រហមស្លឹកត្រចៀកបន្តិច ក៏ចង្អុលសិស្សខ្មែរឲ្យឡើងឆ្លើយ ។ ដូចសិស្សលាវដែរ សិស្សខ្មែរម្នាក់នោះ ពុំដឹងថាស្ពានមួយណាទេ ។ ដល់ត្រឹមនេះ លោកគ្រូមានអាការៈស្ដែងឲ្យសិស្សក្នុងថ្នាក់ទាំងអស់ដឹងថា គាត់កំពុងតែខឹងហើយ ។ លោកគ្រូក៏ស្រែកហៅសិស្សវៀតណាមម្នាក់ឲ្យឆ្លើយសំណួរ ដោយសង្ឃឹមថានឹងបានចម្លើយត្រឹមត្រូវគាប់ចិត្ត ព្រោះស្ពាននេះស្ថិតនៅក្នុងប្រទេសវៀតណាម ប៉ុន្តែសិស្សនោះក៏នៅតែឆ្លើយពុំបាន ។ លោកគ្រូបារាំងនោះក៏ខឹងឆេវឡើង ដាក់ពិន័យឲ្យសិស្សវៀតណាមនោះចេញពីបន្ទប់រៀន ។ អេះក្បាលបន្តិចមុនដើរចេញ និងដោយអន់ចិត្តនឹងគ្រូបណ្ដេញចេញ សិស្សនោះក៏ឧទានឡើងថា «ឌូម៊ែ» ដែលមានន័យផ្សេងក្នុងភាសាវៀតណាម ។ ភ្លាមនោះ លោកគ្រូបារាំងស្រែកឡើងថា «Bien! Très bien! ត្រូវហើយ ! ល្អណាស់ !» ។”
អាស្រ័យហេតុដូចនេះហើយបានជាសិស្សខ្មែរ និងលាវយករឿងនេះមកដំណាលតៗគ្នា ហើយនៅរាល់ពេលដែលឮឈ្មោះស្ពានឌូមេ គេនាំគ្នាសើចគឹលឡើងតែម្ដង ។

ស្ពានឡុងបៀន (Long Bien) ឬស្ពានឌូមេ (Doumer) និងស្ពានឈួងដួង (Chuong Duong) មើលពីលើអាកាសតាមរយៈ Google Earth

ស្ពានឡុងបៀន ឬ ឌូមេ មើលពីស្ពានឈួងដួង

ផ្លូវរថភ្លើងរត់កាត់ស្ពានឡុងបៀន ឬ ឌូមេ

ផ្លូវថ្មើរជើង និងផ្លូវកង់ម៉ូតូនៃស្ពានឡុងបៀន ឬ ឌូមេ






























