ការរីកលូតលាស់ខាងវិទ្យាសាស្ត្របច្ចុប្បន្ន បណ្ដាលឲ្យមានគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទយ៉ាងសម្បូរបែប កំពុងផលិត និងដាក់លក់ប្រជែងគ្នាក្នុងទីផ្សារ។ ទន្ទឹមនឹងមានការប្រជែងគ្នានេះ តម្រូវឲ្យផលិតករអាជីវករស្វះស្វែងផ្សំបន្ថែមនូវសារធាតុគីមីដោយរំលោភក្បួនខ្នាតនៃបទដ្ឋានចំណីអាហារ ដាក់បញ្ចូលទៅក្នុងគ្រឿងឧបភោគបរិភោគ ដើម្បីទាក់ទាញអតិថិជន និងបង្កើនប្រាក់ចំណូល ដោយខិតខំធ្វើយ៉ាងណាឲ្យផលិតផលទាំងនោះមានសម្បុរសស្រស់ មានពណ៌ឆើតឆាយ អាចរក្សាទុកបានយូរ ធ្វើឲ្យស្វិតឬផុយ និងធ្វើឲ្យញៀន ។ល។
សារធាតុគីមីមួយចំនួនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់បន្ថែមលើចំណីអាហារ និងមួយចំនួនទៀតក៏ត្រូវបានអនុញ្ញាតឲ្យប្រើក្នុងចំណីអាហារ ភេសជ្ជៈដោយមានកម្រិតត្រឹមត្រូវតាមបទដ្ឋានច្បាស់លាស់ ដែលមិនអាចនាំមកនូវគ្រោះថ្នាក់ចំពោះមុខ និងយូរអង្វែង ឬប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងបរិភោគទេ ។ គេប្រើសារធាតុគីមីទាំងនោះក្នុងគោលបំណងធ្វើឲ្យអាហារទាំងនោះទុកបានយូរ មិនងាយខា មើលទៅឃើញស្រស់ ថ្មី ស ឬរក្សាពណ៌ដើមរបស់វា ។ ផ្ទុយទៅវិញ នៅពេលដែលគេប្រើប្រាស់សារធាតុទាំងនោះមិនត្រឹមត្រូវតាមកម្រិតកំណត់ ឬរំលោភការហាមឃាត់ វាបណ្ដាលឲ្យកើតមានឡើងនូវរោគសញ្ញា និងជំងឺផ្សេងៗ ឬក៏អាចឲ្យសន្លប់ភ្លាមៗ និងត្រូវស្លាប់ក៏មាន ។ មិនតែប៉ុណ្ណោះ វាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ក្នុងរយៈពេលយូរ ដោយធ្វើឲ្យសុខភាព និងប្រព័ន្ធការពាររាងកាយចុះខ្សោយ ។
យោងតាមសេចក្ដីជូនដំណឹងរបស់សមាគមគ្រូពេទ្យឱសថការីកម្ពុជានៃក្រសួងសុខាភិបាលចុះផ្សាយក្នុងទស្សនាវដ្ដី ស.ឱ.ក. ឆ្នាំទី៧ លេខពិសេស ខែសីហា ឆ្នាំ២០០២ យើងសូមលើកបង្ហាញជូនជ្រាបនូវប្រភេទសារធាតុគីមីបន្ថែម និងសកម្មភាព ប្រតិកម្ម ឥទ្ធិពលរបស់វា ជាពិសេស គ្រោះថ្នាក់ រោគសញ្ញា ជំងឺ និងផលវិបាកទាំងឡាយ ដែលបណ្ដាលមកពីការប្រើប្រាស់ ឬបរិភោគវា ។ សារធាតុបន្ថែមដែលមានផលវិបាកទាំងនោះមានជាអាទិ ៖
១. Borax (Na2B4O7, 6H2O) ឬ ទឹកអន្សា


ទឹកអន្សាត្រូវបានដាក់លើចំណីអាហារដើម្បីឲ្យនៅស្រស់ស្វិតបានយូរ ។ ម្ហូបអាហារដែលគេនិយមដាក់ទឹកអន្សាមានដូចជា ត្រីប្រឡាក់ ប្រហិត សាច់ជ្រូក សាច់ក្រក ប្រហិតសាច់គោ គុយទាវ និងមី ជាដើម ។ ឧទាហរណ៍ចំពោះគុយទាវ អ្នកបរិភោគភាគច្រើននិយមគុយទាវដែលមានសរសៃស្វិត ។
ផលប៉ះពាល់ដល់សុខភាពៈ គ្រោះថ្នាក់ជាចៃដន្យដល់តម្រងនោម រលាកបំពង់រំលាយអាហារ។ កម្រិតពី១៥ក្រាមចំពោះមនុស្សចាស់ ឬ៥ក្រាមចំពោះកុមារ នាំឲ្យក្អួតឈាម រួចស្លាប់ ។
២. ថ្នាំសម្លាប់សត្វល្អិត (Phosphate and Carbonate group)


ថ្នាំសម្លាប់ស្វតល្អិតត្រូវបានប្រើក្នុងគោលបំណងកុំឲ្យស្វតល្អិត រុយរោម និងមានដង្កូវ ។ ម្ហូបអាហារដែលគេនិយមដាក់ថ្នាំសម្លាប់សត្វល្អិតមានដូចជា បន្លែស្រស់ ផ្លែឈើ ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក ជាដើម ។ លក្ខណៈសម្គាល់នៅពេលដែលគេបានប្រើថ្នាំសម្លាប់សត្វល្អិតលើត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក ។ល។ ពេលនោះទំនិញទាំងនោះ នឹងគ្មានរុយរោម ឬដង្កូវចោះឡើយ ។ ចំពោះបន្លែផ្លែឈើវិញ ដូចជាស្ពៃជាដើម វានឹងគ្មានឃើញស្នាមដង្កូវចោះនៅលើស្លឹកស្ពៃនោះទេ ។
ផលប៉ះពាល់ដល់សុខភាពៈ ការបរិភោគជាប្រចាំនូវចំណីអាហារដែលមានសារធាតុថ្នាំសម្លាប់សត្វល្អិតនេះ បណ្ដាលឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ។ បើក្នុងកម្រិតកំហាប់ខ្ពស់ បណ្ដាលឲ្យវិលមុខ ហ៊ឹងត្រចៀក ក្អួត ថប់ដង្ហើម និងស្ទះបេះដូង ។
៣. ហ្វរម៉ុល (Formal)

ហ្វរម៉ុលត្រូវបានគេប្រើសម្រាប់រក្សាអាហារឲ្យបានយូរកុំឲ្យឆាប់ខូច ស្អុយ រលួយ ឬអន់សាច់ ។ អាហារដែលគេនិយមដាក់ហ្វរម៉ុលមានដូចជា បន្លែស្រស់ ផលិតផលសមុទ្រ សាច់ផ្សេងៗ ដែលភាគច្រើនដាក់នៅលើបន្លែ សាច់ដែលត្រូវដឹកជញ្ជូន នាំចូល ស្ដុកទុករយៈពេលយូរ ឬផ្លូវឆ្ងាយ ។
ផលប៉ះពាល់ដល់សុខភាពៈ កាបរិភោគអាហារដែលមានសារធាតុហ្វរម៉ុលនេះអាចបណ្ដាលឲ្យឈឺក្រពះ ក្អួត រាគ សន្លប់ ឬដល់ស្លាប់ ។
៤. អ៊ីដ្រូស៊ុលហ្វីត និងថ្នាំធ្វើឲ្យស (Hydrosulfite and bleaching agent)




អ៊ីដ្រូស៊ុលហ្វីត និងថ្នាំធ្វើឲ្យសត្រូវបានគេប្រើដើម្បីឲ្យចំណីអាហារមានពណ៌សល្អ ។ ម្ហូបអាហរដែលគេនិយមដាក់សារធាតុនេះមានជាអាទិ ស្លឹកគ្រៃហាន់ សណ្ដែកបណ្ដុះ ខ្ញីហាន់ ដូងខ្ចី ស្ករត្នោត ទំញំង និងធូរេន ។ តាមលក្ខណៈធម្មជាតិរបស់វា ចំណីអាហារទាំងនេះមិនអាចរក្សាពណ៌សស្រស់ បានច្រើនម៉ោងឡើយ ឧទាហរណ៍ ស្លឹកគ្រៃ ខ្ញី ដូងខ្ចី ទំពាំង បន្លែកកូរ ។ល។ នៅពេលគេហាន់ ឬ ចិតសម្បកទុកសម្រាប់តាំងលក់ វានឹងប្រែពណ៌ទៅជាជាំខ្មៅ មិនសស្រស់ដូចចិតថ្មីៗភ្លាមៗទេ ដូច្នេះអ្នកលក់បានប្រើសារជាតិគីមីនេះដើម្បីរក្សាពណ៌ឲ្យនៅដូចធម្មជាតិ ។ ម្យ៉ាងទៀត ឈ្មួញក៏ប្រើសារជាតិគីមីនេះសម្រាប់ប្រែក្លាយចំណីអាហារឲ្យមានពណ៌ធម្មជាតិ ឧទាហរណ៍ ស្ករត្នោតដែលបានដាក់ថ្នាំមានពណ៌សខុសពីស្ករត្នោតដែលមិនបានប្រើថ្នាំ ដែលមានពណ៌ក្រម៉ៅជាង ។ល។

ផលប៉ះពាល់ដល់សុខភាពៈ សារធាតុអ៊ីដ្រូស៊ុលហ្វីត និងថ្នាំធ្វើឲ្យសនេះអាចធ្វើឲ្យសម្ពាធឈាមចុះខ្សោយ ពិបាកដកដង្ហើម វិលមុខ ហ៊ឹងត្រចៀក ឈឺពោះ ក្អួត រាគ ស្ហុក សន្លប់ ឬស្លាប់ ។ ចំពោះអ្នកមានប្រតិកម្មខ្លាំងធ្វើឲ្យមានសភាពដូចមនុស្សកើតហឺត ។
៥. អាស៊ីតសាលីស៊ីលីក (Salicylic acid)
អាស៊ីតសាលីស៊ីលីកត្រូវបានគេប្រើក្នុងគោលបំណងការពារចំណីអាហារកុំឲ្យដុះផ្សិត ។ ចំណីអាហារដែលគេនិយមប្រើអាស៊ីតសាលីស៊ីលីកមានដូចជា បន្លែផ្លែឈើ និងជ្រក់គ្រប់មុខ ដើម្បីទុកលក់បានយូរ មិនងាយខូច និងដុះផ្សិត ។
ផលប៉ះពាល់ដល់សុខភាពៈ បើកំហាប់អាស៊ីតសាលិស៊ីលីកក្នុងឈាមឡើងខ្លាំងពី២៥-៣០មីលីក្រាម ក្នុង១០០មីលីលីត្រឈាម នឹងបណ្ដាលឲ្យក្អួត ឈឺក្បាល វិលមុខ ក្ដៅខ្លួន និងអាចដល់ស្លាប់ ។
៦. សារធាតុបង្កើនពណ៌ (Synthetic colour)


សារធាតុបង្កើនពណ៌ត្រូវបានគេប្រើសម្រាប់ធ្វើឲ្យចំណីអាហារមានពណ៌ស្រស់ឆើត ។ ចំណីអាហារដែលគេនិយមប្រើសារធាតុបង្កើនពណ៌មានដូចជា ទឹកម្ទេស សាច់ក្រក ប្រហិត បង្គាក្រៀម សាច់ខ្វៃ អាំង ចៀន ។ល។ គេលាយ ឬជ្រលក់សារធាតុទាំងនេះដើម្បីធ្វើឲ្យមានពណ៌ក្រហម លឿង ស្រស់ទាក់ភ្នែក ខុសពីធម្មតា ។ ចំពោះជ្រក់បន្លែខៀវ គេលាយជាតិគីមី ដើម្បីធ្វើឲ្យមានពណ៌ខៀវស្រស់ ។
ផលប៉ះពាល់ដល់សុខភាពៈ ការបរិភោគអាហារដែលមានសារធាតុនេះអាចបណ្ដាលឲ្យសុខភាពខ្សោយ (Health hazard) ។
សេចក្ដីដូចបានរៀបរាប់ខាងលើ យើងគួរមានការប្រុងប្រយ័ត្ន និងកត់សម្គាល់ជាពិសេសក្នុងការជ្រើសរើសចំណីអាហារដែលអាចជៀសផុតពីការបន្ថែមសារធាតុគីមី និងគ្មានអនាម័យដើម្បីថែទាំសុខភាពឲ្យបានរឹងមាំ និងការពារអាយុជីវិតឲ្យជៀសផុតការគំរាមកំហែងដែលបណ្ដាលពីការប្រើប្រាស់ ឬបរិភោគចំណីអាហារដែលមានការបន្ថែមសារធាតុគីមីទាំងនោះ ។ នៅពេលយើងមានសុខភាពរឹងម៉ាំ យើងមានប្រព័ន្ធការពាររាងកាយខ្លាំង អាចប្រឆាំងទប់ទល់ជាមួយនឹងការឆ្លងលុកលុយរាតត្បាតនៃមេរោគបាក់តេរី ឬវីរុស និងអាចបង្កើនភាពជាសះស្បើយនៃជំងឺផ្សេងៗបានលឿនទៀតផង ។
ដូច្នេះដើម្បីថែទាំសុខភាពឲ្យបានរឹងមាំ និងការពារអាយុជីវិតឲ្យជៀសផុតការគំរាមកំហែងបណ្ដាលពីការប្រើប្រាស់ ឬបរិភោគចំណីអាហារ យើងគប្បីត្រូវមានការប្រុងប្រយ័ត្ន និងចេះជ្រើសរើសចំណីអាហារណាដែល ៖
ក. មានអនាម័យៈ មានន័យថាគ្មានមេរោគ ឬដុះផ្សិត ដោយយើងត្រូវ ៖
- ចម្អិនឲ្យពុះ ឆ្អិនត្រឹមត្រូវ ដូចជា ទឹកបរិភោគត្រូវតែដាំឲ្យពុះ
- លាងសម្អាតដោយទឹកស្អាត ក្នុងករណីបន្លែផ្លែឈើស្រស់
- គ្របឲ្យបានជិត ការពារកុំឲ្យស្វត ឬរុយរោម កុំឲ្យមានធូលីដីចូល
- បរិភោគស្រស់ៗថ្មីៗ មិនរក្សាទុក ឬផ្អាប់យូរពេល ដើម្បីជៀសវាងចំណីអាហារផ្លាស់ប្ដូរទៅជាជូរ ផ្អូម ឬដុះផ្សិត ។
ខ. មានកំណត់កាលបរិច្ឆេទផលិត និងប្រើប្រាស់ច្បាស់លាស់ៈ យើងត្រូវពិនិត្យរកមើលថ្ងៃខែផលិត និងរយៈពេលអនុញ្ញាតឲ្យប្រើ ។
គ. មានពណ៌ និងគុណភាពពីធម្មជាតិៈ ដោយមិនចាំបាច់កែច្នៃពណ៌សម្បុរ ឬលក្ខណៈធម្មជាតិដោយប្រើសារធាតុបន្ថែមផ្សេងៗ ។
ឃ. គ្មានជាតិគីមី ដូចបានរៀបរាប់ខាងលើ ។
ង. មានជីវជាតិ សារធាតុរ៉ែ និងវីតាមីនគ្រប់គ្រាន់ៈ ជាតិប្រូតេអ៊ីននៃសាច់សត្វ ពុំអាចផ្ដល់ការលូតលាស់ដល់សរីរាង្គបានគ្រប់គ្រាន់ទេ ត្រូវមានការរួមផ្សំជាមួយបន្លែ និងផ្លែឈើផង ទើបអាចបង្កើនការបឺតស្រូបនៃជីវជាតិតាមរយៈការបរិភោគបាន ។ ពពួកវីតាមីនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាពបង្កើនការការពារសរីរាង្គ ផ្ដល់នូវថាមពល និងជំនួយដល់ស្មារតី ។
- វីតាមីន អា,សេ, អឺ, ជាតិដែក, បេតាការ៉ុតតែន មានឥទ្ធិពលបំបាត់ភាពចាញ់ជម្ងឺផ្សេងៗ ។ វាមាននៅក្នុងផ្លែឈើបន្លែ ដូចជា ក្រូច ប៉េងប៉ោះ ការ៉ុត ដំឡូងជ្វា សណ្ដែកបាយ សណ្ដែកបារាំង ស្លឹកផ្ទីរ ស្លឹកបាស បន្លែពណ៌បៃតងចាស់ ល្ពៅ និងប្រេងសណ្ដែក សាច់សត្វ ថ្លើម ស៊ុត គ្រុំ ងាវ បង្គា ។ល។
- វីតាមីន បេ៦, បេ១២, សេ និង ប៉េប៉េ មានសារប្រយោជន៍សម្រាប់ទប់ទល់ភាពខ្សោយ ស្លេកស្លាំងដែលបណ្ដាលមកពីកង្វះគ្រាប់ឈាមក្រហម ដោយបានជួយបង្កើនការបឺតស្រូបជាតិដែកពីចំណីអាហារដែលយើងទទួលទាន ។ យើងត្រូវបរិភោគដោយរួមផ្សំនូវជាតិប្រូតេអ៊ីនសត្វ និងបន្លែផងដែរ ដូចជា សណ្ដែក សាច់គោ ត្រីសមុទ្រ គ្រុំ ងាវ ស៊ុត ក្រូចឆ្មារ ក្រូចឃ្វិច ។ល។
- វីតាមីន បេ១, បេ២, បេ៦, អ៊ីយ៉ូដ, ជាតិដែក និងសារជាតិរ៉ែមួយចំនួនទៀត មានតួនាទីសំខាន់ក្នុងការបម្រើស្មារតីប្រឆាំងនឹងភាពឆាប់ខឹង ផ្គត់ផ្គង់ស្មារតីកុំឲ្យចុះខ្សោយ និងជាពិសេសជំនួយបញ្ញាស្មារតីឲ្យភ្លឺថ្លា ។ វាមាននៅក្នុងគ្រាប់ធញ្ញជាតិ ត្រីសម្បូរខ្លាញ់ គ្រុំ ងាវ ថ្លើម នំប៉័ង អំបិល ចេក ។
- យើងក៏ត្រូវបរិភោគទឹកឲ្យបានច្រើនផងដែរ ព្រោះកង្វះជាតិទឹកអាចប៉ះពាល់ដល់បញ្ញាស្មារតី ជាពិសេសយើងគួរបរិភោគនៅរៀងរាល់ពេលព្រឹកព្រលឹមភ្ញាក់ពីដំណេកឲ្យបាន២កែវ និងឲ្យបានពី២-៤លីត្រក្នុង១ថ្ងៃ ។ យើងគួរទទួលទានកាហ្វេបន្ដិច ព្រោះវាអាចជំនួយឲ្យស្មារតីភ្លឺថ្លា ។ រីឯការទទួលទានតែ យើងគួរទទួលទានយ៉ាងតិច២ពែងក្នុង១ថ្ងៃ អាចជួយកាត់បន្ថយរោគគាំងបេះដូង ។ ចំពោះភេសជ្ជៈដែលដាស់ឲ្យមានកម្លាំងផ្សេងៗ ដូចជា សុរា ជាដើម គួរជៀសវាងទទួលទានច្រើនពេក ព្រោះពីដំបូងវាអាចបង្កើនកម្លាំង ប៉ុន្ដែក្រោយមកវាបែរជាធ្វើឲ្យខ្សោយកម្លាំងទៅវិញ ។
ទន្ទឹមនឹងការប្រុងប្រយ័ត្នដើម្បីថែទាំសុខភាពឲ្យមាំមួន និងមានប្រព័ន្ធការពាររាងកាយខ្លាំងក្លាអាចប្រឆាំងការលុកលុយនៃមេរោគផ្សេងៗ យើងក៏គួរគប្បីយកចិត្ដទុកដាក់លើកត្ដាមួយចំនួនទៀតផងដែរ ដូចជា ៖
- ត្រូវមានអនាម័យលើខ្លួនប្រាណ សម្លៀកបំពាក់ និងទីកន្លែងរស់នៅជាប្រចាំ
- ត្រូវគោរពពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ បរិភោគឲ្យទៀងពេលវេលា
- ហាតប្រាណ ឬកីឡា
- អនុវត្តវិធានការណ៍ការពារជំងឺឆ្លងផ្សេងៗ ៕