Chouk Khmer

November 26, 2009

ស្វែង​យល់​ពាក្យ «កន្ធីង​កន្ធាំង»

«កន្ធីង​កន្ធាំង» តាម​វចនានុក្រម​ពាក្យ​នេះ​មាន​ន័យ​ថា ដែល​មាន​លំនាំ​ដំណើរ​កន្ធាំង​ជើង​បន្តិច ។ ដំណើរ​កន្ធីង​កន្ធាំង ។ ដើរ​កន្ធីង​កន្ធាំង គឺ​ដើរ​កន្ធេក​ជើង យោល​ត្រគាក​អ៊ីកអ៊ាក​ចេញ​ក្បាលពោះ​ធំ​ត្រពីងពីង ។ បរិវារស័ព្ទ «កន្ធីង» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្ធីង​ត្រគាក​អ៊ីកអ៊ាក​ចេញ​ក្បាល​ពោះ​ត្រពាំង» គឺ «កន្ធាំង​ត្រគាក​អ៊ីកអ៊ាក​ចេញ​ក្បាលពោះ​ត្រពីង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

November 19, 2009

ស្វែង​យល់​ពាក្យ «កន្ត្រេក​កន្ត្រាក»

«កន្ត្រេក​កន្ត្រាក» ជន​កន្ត្រេក​កន្ត្រាក​ គឺ​ជន​កន្ត្រាក​ពេក រយីករយាក កន្ត្រាក​ខ្លាំង ។ បរិវារស័ព្ទ «កន្ត្រេក» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្ត្រេក​ប៉ាក» គឺ «កន្ត្រាក​ពេក» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

November 16, 2009

ស្វែង​យល់​ពាក្យ «កន្តិញ​កន្តុញ»

«កន្តិញ​កន្តុញ» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ទាប​ពេក តូច​ពេក រញ់ រ៉ុញ ។ បរិវារស័ព្ទ «កន្តិញ» អាច​គន្លាស់​បាន​ជា​ពាក្យ «កន្តិញ​រ៉ុញ» ពោល​គឺ «មនុស្ស​កន្តុញ​រិញៗ តូច​ទាប ។ល។» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

November 14, 2009

ស្វែង​យល់​ពាក្យ «កណ្ដែង​កណ្ដោច»

«កណ្ដែង​កណ្ដោច» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ត្រមោច​ឯកឯង​នៅ​ក្នុង​ទី​ស្ងាត់ ឥត​មាន​សូរស័ព្ទ​អ្វី​ទៅ​បណ្ដាល​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​មាន​តែ​នាំ​ឲ្យ​មាន​សេចក្ដី​សង្វេគ​ចិត្ត ។ បរិវារស័ព្ទ «កណ្ដែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កណ្ដែង​តែ​ម្នាក់​អោច» ពោល​គឺ «កណ្ដោច​តែ​ម្នាក់​ឯង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

October 30, 2009

ស្វែង​យល់​ពាក្យ «កញ្ឆក់​កញ្ឆែង»

«កញ្ឆក់​កញ្ឆែង» ចាប់​ទាញ​កន្ត្រាក់​ដោយ​ឥត​គួរ ឥត​ប្រណី ។ បរិវារស័ព្ទ «កញ្ឆែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កញ្ឆែង​ដោយ​ឥត​កោត​ក្រក់» ពោល​គឺ «កញ្ឆក់​ដោយ​ឥត​កោត​ក្រែង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

October 27, 2009

ស្វែង​យល់​ពាក្យ «កខ្វិច​កខ្វក់»

«កខ្វិច​កខ្វក់» ពាក្យ​នេះ​ អ្នក​ខ្លះ​និយាយថា «កខ្វឹក​កខ្វក់» ។ ពាក្យ​ទាំង​ពីរ​បែប​នេះ​បាន​សេចក្ដី​ដូច​គ្នា គឺ​កក្រិច​មិន​ស្អាត​ស្មោកគ្រោក ។ល។ បរិវារស័ព្ទ «កខ្វិក» អាច​គន្លាស់​បាន​ជា​ពាក្យ «កខ្វិក​មិន​ស្អាត​កគ្រក់» ពោល​គឺ «កខ្វក់​មិន​ស្អាត​កក្រិច» ឬ «កខ្វឹក​ដោយ​ប្រឡាក់​តក់» គឺ «កខ្វក់​ដោយ​ប្រឡាក់​ទឹក» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

សំណែន

សំណែន (ន.) របស់​ដែល​សែន ភោជន​ដែល​សែនៈ សំណែន​ខ្មោច សំណែន​ដូនតា

សំណែន (ន.) របស់​ដែល​សែន ភោជន​ដែល​សែនៈ សំណែន​ខ្មោច សំណែន​ដូនតា ។

កាល​គាត់​នៅ​រស់​ម្ដេច​ក៏​មិន​ប្រឹង

ធ្មេញ​គាត់​នៅ​រឹង​បាន​ឆ្ងាញ់​ពិសា

លុះ​ដល់​ស្លាប់​បាត់​ទើប​ចាត់​អាហារ

រៀប​សែន​កុង​ម៉ា​ខ្មោច​ណា​មក​ស៊ី ៕

ដោយ លី ថៃលី

 

October 20, 2009

ស្វែង​យល់​ពាក្យ «កខែក​កខោក»

«កខែក​កខោក» តាម​វចនានុក្រម​បាន​សេចក្ដី​ថា សូរ​ឮ​ដោយ​របស់​ដែល​ចាស់​ចង់​បែក មិន​ជិតស្និទ្ធ ។ បរិវារស័ព្ទ «កខែក» អាច​គន្លាស់​បាន​ជា​ពាក្យ «កខែក​ឮ​សូរ​ដូចជា​ចង់​បោក» ពោល​គឺ «កខោក​ឮ​សូរ​ដូច​ជា​ចង់​បែក» 

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

October 18, 2009

ស្វែង​យល់​ពាក្យ «កខិក​កខក់»

«កខិក​កខក់» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ឈ្លក់ ឬ​រង្គោះ ។ សូរ​ឮ​ដោយ​ឈ្លក់​ទឹក ដោយ​រង្គោះ ។ បរិវារស័ព្ទ «កខិក» អាច​គន្លាស់​បាន​ជា​ពាក្យ «កខិក​ដូច​ ឈ្លក់​តក់» គឺ «កខក់​ដូច​ឈ្លក់​ទឹក» ។ អ្នក​ខ្លះ​និយាយ​ជា​ពាក្យ «កខិក​កខុប» 

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

October 8, 2009

ស្វែង​យល់​ពាក្យ «កក្អិច​កក្អៀក»

«កក្អិច​កក្អៀក» តាម​វចនានុក្រម​បាន​សេចក្ដី​ថា ឮសូរ​មាត់​សើច​ច្រើន​ពុំ​ដាច់​ស្នូរ ។ សើច​លេង​កក្អិច​កក្អៀក ។ បរិវាស័ព្ទ «កក្អិច» អាច​គន្លាស់​បាន​ជា​ពាក្យ «កក្អិច​មិន​ចេះ​ទៀក» គឺ «កក្អៀក​មិន​ចេះ​តិច» ពោល​គឺ​សើច​កខិច​លេង​ពុំ​ចេះ​ដាច់​ស្នូរ ៕

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

«« Older Posts |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve