Chouk Khmer

November 18, 2009

ព្រះ​ស្រីជេដ្ឋា (ស្ដេច​កន)

រូបសំណាក​របស់​ព្រះស្រីជេដ្ឋា (ស្ដេច​កន) សូន​រូប​ដោយ​​លោក ឈា ប៊ុណ្ណា

រូបសំណាក​របស់​ព្រះស្រីជេដ្ឋា (ស្ដេច​កន) សូន​រូប​ដោយ​​លោក ឈា ប៊ុណ្ណា

ព្រឹត្តិការណ៍​ព្រះស្ដេច​កន​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​បាន​ដក់ជាប់​ជានិច្ច​ក្នុង​អារម្មណ៍​ខ្មែរ ។ ទោះបី​ជា​គេ​ពុំ​សូវ​បាន​លើក​យក​មក​ធ្វើ​អធិប្បាយ​វែកញែក​ក៏​ដោយ ក៏​គេ​តែងតែ​ចងចាំ​និង​យល់​ថា នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​អស្ចារ្យ​ក្នុង​សង្គមជាតិ​ខ្មែរ​ដែរ ។

ហ្លួង​ព្រះស្ដេច​កន គឺជា​អ្នក​ធ្វើ​បដិវត្ដ​មួយ​នៅ​ក្នុង​សតវត្ស​ទី​១៦ ជា​សម័យ​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​ដល់​ព្រះរាជ​តម្រិះ​របស់​ស្ដេច​បាន ។ ការ​ជំរុញ​ឲ្យ​ស្ដេច​កន​តស៊ូ​ធ្វើសង្គ្រាម​ជាមួយ​ស្ដេច គឺ​ដោយសារ​តែ​ស្ដេច​បាន​យក​សុបិន​របស់​ខ្លួន​មក​ចងអាឃាត​សម្លាប់​ស្ដេច​កន​ដែល​គ្មាន​កំហុស​ថា ជា​អ្នក​ជ្រែករាជ្យ ហេតុនេះ​ទើប​មាន​ការ​រត់គេច​ហើយ​បង្ក​ជា​ទ័ព​ធ្វើ​ចម្បាំង​ជាមួយ​ស្ដេច ។ នេះ​ជា​ប្រវត្ដិសាស្ដ្រ​មួយ​តែ​ប៉ុណ្ណោះ​ដែល​គ្មាន​នរណា​កាឡៃ​ព្រឹត្ដិការណ៍​ដែល​បាន​កើតឡើង​រួច​ទៅ​ហើយ​នោះ​បាន​ទេ ។

អ្នក​និពន្ធ​ខ្មែរ​ជា​ហូរហែ​បាន​លើក​យក​រឿង​ព្រះស្ដេច​កន​មក​សរសេរ​តាក់តែង​ប្រឌិត​ជា​រឿង​ប្រលោមលោម ៖

  1. លោក ឱម ណាគ្រី ក្នុង​ឆ្នាំ​១៩៥៥ បាន​បោះពុម្ព​ផ្សាយ​ប្រលោមលោក​មួយ​ដែល​មាន​ចំណង​ជើង​ថា «ឃុនហ្លួង​ព្រះស្ដេច​កន» ។ នេះ​ស្នាដៃ​ដំបូង​ដែល​រៀបរាប់​អធិប្បាយ​ពី​ព្រះស្ដេច​កន ។ តែ​ស្នាដៃ​នេះ​មាន​លំនាំ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​អត្ថបទ​បកប្រែ​ជា​ភាសា​បារាំង​របស់​លោក​ Adhémar Leclère ដែល​ដកស្រង់​ចេញ​ពី​ពង្សាវតារ​ខ្មែរ ។ អ្វី​ដែល​ប្លែក​ហើយ​ជា​បន្ថែម​ក្នុង​ស្នាដៃ​នោះ​គឺ​អ្នកនិពន្ធ​បាន​រៀបចំ​ឃ្លា​ប្រយោគ​អធិប្បាយ​កែលម្អ​ឲ្យ​មាន​ផ្នែក​មនោសញ្ចេតនា​ខ្លះៗ ។
  2. លោក សាំង ហ៊ែល ក្នុង​ឆ្នាំ​១៩៧២ ក្រោម​របប​សាធារណៈរដ្ឋ​ខ្មែរ បាន​និពន្ធ​ស្នាដៃ​មួយ​ដែល​មាន​ចំណងជើង «អ្នក​បដិវត្ត​ក្លែងក្លាយ» ។ អ្នក​និពន្ធ​បាន​លើក​យក​ស្ដេច​កន​មក​ធ្វើ​ជា​លេស​ប្រដូច​ទៅ​នឹង​លោក​សេនា​ប្រមុខ លន់ នល់ ហើយ​វាយ​ប្រហារ​ចោទ​ប្រកាន់​ថា ជា​ជនក្បត់ ជា​អ្នក​ស្នេហា​ជាតិ​ក្លែងក្លាយ ។ល។
  3. លោក តូច ឈួង ក្នុង​ឆ្នាំ​១៩៩៥ បាន​លើក​យក​ប្រធានបទ​ដដែល​មក​និពន្ធ​ជាថ្មី​ម្ដងទៀត ។ ស្នាដៃ​នេះ​ត្រូវ​បាន​លោក​រៀបចំ​សរសេរ​ជា​ពាក្យ​ពេចន៍​ជា​កំណាព្យ​ពាក្យ​ប្រាំបី​រចនា​តាម​បែប​បទ​របៀប​ល្ខោន​ដែល​មាន​ចំណង​ជើង​ថា «ស្ដេច​ជ្រែក​រាជ្យ» ។ លោក​បាន​យក​តួអង្គ​ជាច្រើន (ពិត​ប្រាកដ ឬ​ប្រឌិត) មក​ធ្វើ​ជា​ឧទាហរណ៍​ក្នុង​ការ​វែកញែក​សិក្សា​អំពី​ក្រុម​អាមី​អាថោង ។

ជាមួយ​គ្នា​នេះ​ដែរ គេ​កត់​សម្គាល់​ឃើញ​មាន​ប្រលោម​លោក​ល្បីល្បាញ​ជាច្រើន​ទៀត​ដែល​មាន​ការ​ទាក់ទង​ជិតស្និទ្ធ​ទៅ​នឹង​ប្រវត្តិ​ព្រះស្ដេច​កន​ដែរ​ដូចជា ៖

  1. «ព្រះ​ចន្ទរាជា» របស់​អ្នកនិពន្ធ ប៊ីវ ឆៃលាង ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​១៩៦៥ ។
  2. «អ្នកតា​ឃ្លាំងមឿង» របស់​លោក គុយ ឡូត ក្នុង​ឆ្នាំ​១៩៦៧ ។

នៅ​ក្នុង​គ្រប់​ឯកសារ​ពង្សាវតារ​ខ្មែរ ព្រះស្ដេច​កន​ដែល​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៩​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្ដេច​ជ្រែក​រាជ្យ ជា​មនុស្ស​អាក្រក់​ក្បត់​ស្ដេច ។ គេ​ច្រើន​តែ​នាំ​គ្នា​បំភ្លេច​សកម្មភាព​ដែល​ស្ដេច​ព្រះស្រីសុគន្ធបទ​ដែល​នាំ​នាម៉ឺន​តូច​ធំ​រៀប​ចំ​គម្រោង​ធ្វើ​ឃាត​ព្រះស្ដេច​កន ។  គេ​ហាក់​បី​ដូច​ជា​នាំ​យល់ និង​មាន​ជំនឿ​ថា ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ស្ដេច​កន​ជា​រឿង​ធម្មតា​ដែល​គ្រប់​មហាក្សត្រ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង អាច​ឲ្យ​មនុស្ស​ម្នាក់​រស់​ ឬ​ស្លាប់​តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន ពីព្រោះ​គេ​មាន​ជំនឿ​ថា ព្រះមហាក្សត្រ​ជា​អ្នក​មាន​បុណ្យ ជា​អាទិទេព ជា​មនុស្ស​ល្អ ជា​អ្នក​គ្មាន​កំហុស រួច​ខ្លួន​ជានិច្ច ។ រីឯ​មនុស្ស​ផ្សេង​ទៀត ដូចជា​ព្រះស្ដេច​កន​ដែល​ជា​កូន​រាស្ត្រ ជា​ក្មេង​វត្ត ជា​ពូជ​អ្នក​បម្រើ​ព្រះរតនៈ ត្រូវ​តែ​ស្លាប់​ទៅ​តាម​បំណង​របស់​ស្ដេច ទោះបី​គ្រាន់​តែ​ជា​ការ​យល់សប្ត​ផ្ដេសផ្ដាស​ក៏​ដោយ ។ ចំណុច​នេះ​គួរ​ឲ្យ​កត់​សម្គាល់​ព្រោះ​ថា នៅ​សម័យ​បច្ចុប្បន្ន​យើង​យល់​ថា​ការ​សុបិន្ត និង​ការ​ទស្សន៍ទាយ​ពុំ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ជា​ជំនឿ​ផ្ដេសផ្ដាស ។ ប៉ុន្តែ តាម​រយៈ​រឿងព្រេង និង​ពង្សាវតារ យើង​ឃើញ​ថា​ ហោរា​​ពិតជា​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​ផែនដី​នគរ​ខ្មែរ​ពី​បុរាណកាល ។

អត្ថបទ​ខាងក្រោម​នេះ​ជា​ការ​ដកស្រង់​តាម​ឯកសារ​មហា​បុរស​ខ្មែរ​ និង​របកគំហើញ​ថ្មី​របស់​សាស្ត្រាចារ្យ​បណ្ឌិត រស់ ចន្ត្រាបុត្រ សម្រាប់​មិត្ត​អ្នកអាន​ស្វែង​យល់​ពី​ព្រឹត្តិការណ៍​ព្រះស្ដេច​កន និង​ធ្វើការ​វិនិច្ឆ័យ​តាម​ការ​គួរ ។

១. ឯកសារ​មហា​បុរស​ខ្មែរ

ផែនដី​ព្រះ​ស្រីសុគន្ធបទ ពីគ.ស​១៥០៤ ដល់​គ.ស​១៥១២

ចៅពញា​ដាំខត្តិយ​រាជា ជា​ព្រះរាជបុត្រ​ច្បង ស្ដេច​ឡើង​សោយរាជ្យ​ស្នង​សម្ដេចព្រះ​វរបិតា​ពី​ឆ្នាំជូត ឆស័ក​ព.ស​២០៤៨ គ.ស​១៥០៤ ម.ស​១៥២៦ ច.ស​៨៦៦ ក្នុង​ព្រះ​ជន្មាយុ​២៦​ព្រះ​វស្សា ព្រះ​អង្គ ទ្រង់​ព្រះ​នាម​ថា ព្រះបាទ​សម្ដេចព្រះ​រាជឱង្កា ព្រះ​ស្រីសុគន្ធបទ​ចក្រពត្ដិ​ពង្សរ​វង្ស​ខត្តិយោ មហា​សេដ្ឋោ​វរោ រិទ្ធី​ពិធ្យាស្រ័យ​មហ័យ រាជាធិរាជ​រាមាធិបតី ជា​អម្ចាស់ជីវិតលើត្បូង​គ្រង​ព្រះ​មហានគរ​កម្ពុជា​សិរី​យសោធរ​បវរ​ឥន្ទបត្ដ​កុរុរដ្ឋ​រាជធានី​បុរីរម្យ​ឧត្ដម​មហា​ស្ថាន ។ ស្ដេច​បាន​តែង​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្ដេចព្រះ​វរបិតា​ស្រេច ស្ដេច​គង់នៅ​ចតុមុខ ស្រុក​ភ្នំពេញ ។

ក្នុង​ឆ្នាំឆ្លូវ សប្ដស័ក ព.ស​២០៤៩ គ.ស​១៥០៥ ម.ស​១៤២៧ ច.ស​៨៦៧ ព្រះ​អង្គ និង​រាជ​សេវកាមាត្យ ហែ​ព្រះ​បរម​អដ្ឋិ​សម្ដេចព្រះ​វរបិតា​ទៅ​សាង​ព្រះ​ចេតិយ​នៅ​ខាង​ព្រះ​ធាតុ ខេត្ដ​អាសន្ទុក ប្រប​ព្រះពុទ្ធ​ចេតិយ​ធ្វើបុណ្យ​ជា​ឱឡារិក​សន្ធឹក​មហិមា​បញ្ចុះ​ព្រះ​បរមអដ្ឋិ​សម្ដេចព្រះ​បិតា​ស្រេច​ស្ដេច​ត្រឡប់​មក​ចតុមុខ​មង្គល​វិញ ។ ព្រះ​អង្គ​សោយរាជ្យ​ជា​សុខ​មក​បាន​៤​ឆ្នាំ ។

ក្នុង​ឆ្នាំរោង សំរឹទ្ធិស័ក ព.ស​១៥០៨ ម.ស​១៤៣០ ច.ស​៨៧០ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​ចិន្ដា​ថា ទីទួល​បាសាន (ស្រុក​ស្រីសន្ធរ) ដែល​សម្ដេចព្រះ​បរម​រាជា​ពញាយ៉ាត ជា​សម្ដេចព្រះ​អយ្យកោ​សាង​មុន​ម្ដង​នោះ​ស្រួល​ណាស់ ។ បើ​យើង​មាន​សឹក​ទ័ព នឹង​ទប់ទល់​សង្គ្រាម​បាន​ដ្បិត​មាន​បឹង​ខណ្ឌ​ខាងកើត មាន​ទន្លេ​ខណ្ឌ​ខាង​អាគ្នេយ៍​ មាន​ព្រៃធំ​ខណ្ឌ​ខាង​ទិសទក្សិណ ។ ទ្រង់​ព្រះ​ចិន្ដា​ហើយ​ស្ដេច​ទ្រង់​ចេញ​ត្រាស់​ប្រឹក្សា​នឹង​អស់​ព្រះរាជ​វង្សានុវង្ស អគ្គ​សេវកាមាត្យ ។ ព្រះរាជ​វង្សានុវង្ស អង្គ​អគ្គ​សេវកាមាត្យ​ក៏​យល់ព្រម​តាម​ព្រះរាជ​តម្រិះ ។ ព្រះបាទ​បរមនាថ​បរមបពិត្រ​កាលបើ​ទ្រង់​យល់​ថា អង្គ​អគ្គ​សេវកាមាត្យ ព្រមព្រៀង​ដូច្នេះ​ហើយ ស្ដេច​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ត្រៀម​ព្រះ​ទីនាំង​នាវា និង​ទូក​ជំនិះ​ខ្លះ​ឲ្យ​ទៅ​កាប់​ឆ្ការ​ធ្វើ​ព្រះរាជវាំង​ព្រះ​ដំណាក់​ដោយ​ខ្ជីខ្ជា​ចាំ​មុន​សិន ។ លុះដល់​បាន​ពិជយឫក្ស (ឫក្ស​=​វេលា​មានជោគ​មាន​មង្គល) ហើយ​ព្រះ​អង្គ​ទ្រង់​នាំ​រាជ​សេវកាមាត្យ ទាំង​ខាងក្នុង​ទាំង​ខាង​ក្រៅ​ចុះ​ព្រះ​ទីនាំង​នាវា​ជលឫទ្ធី​ទៅ​គង់នៅ​ទួល​បាសាន ព្រម​ដោយ​មុខ​មន្ដ្រី​គិត​ត​បន្ទាយ​កំផែង​តែង​ព្រះរាជវាំង តែ​ពេល​នោះ​ពុំ​ទាន់​ស្រេច​នៅឡើយ​ទេ ព្រះ​អង្គ​ប្រថាប់​ដោយ​ព្រះរាជវាំង​ខ្ជីខ្ជា​សិន ។ ព្រះបាទ​អ្នក​អម្ចាស់​អង្គ​នេះ ទ្រង់​សព្វព្រះទ័យ​ប្រពាត​បង់សំណាញ់​នេសាទ​ត្រី​រឿយៗ ។

នេះ​នឹង​និយាយ​អំពី​ព្រះ​ពិជ័យ​នាគ ជា​មន្ត្រី​ធំ​ក្នុង​ខេត្ដ​បាសាន អ្នក​ទៅ​យក​នាង​បាន​ជា​ពលព្រះ​ស្រី​រតនត្រ័យ (ពល​គឺ​ពួក​ជន​ពូជ សូទ្រៈ ជា​វណ្ណៈ​ទី​៤ ឬ​ពលព្រះ​រតនត្រ័យ គឺ​ពល​ដែល​មាន​មុខ​ងារ​ជា​អ្នក​ថែរក្សា​វត្ដ​អារាម) ធ្វើ​ជា​ភរិយា ។ កាល​ក្នុង​ផែនដី​ព្រះបាទ​សម្ដេចព្រះ​ធម្មរាជា​នៅឡើយ នាង​មាន​កូន​ស្រី​មួយ​ឈ្មោះ​  ។ គ្រានោះ​នាង​បាន​មានគភ៌​គ្រប់​ខែ​ទៀត រៀបនឹង​ប្រសូត​ទារក​ហើយ ។ ថ្ងៃមួយ​នាង​ចុះ​ទៅ​ដោះទុក្ខសត្វ​ក្នុង​បង្គន់ ក៏​របូត​ទារក​នោះ​ទៅ​ក្នុង​ទឹក​បាត់ ។ ពេល​នោះ​មាន​ហេតុ​ដ៏​អស្ចារ្យ​នាំ​ឲ្យ​ឃើញ​ថា ទារក​នោះ​មានបុណ្យ​មែន គឺថា​វេលា​នោះ​ស្រាប់តែ​ត្រី​ពោ​ធំ​មួយ​មក​ទទួល​លេប​ទារក​នោះ​ទៅ​ក្នុង​ពោះ​បាត់​ទៅ បន្ទាប់​ពី​នោះ​មក​ព្រាន​ប្រមង់​ម្នាក់​ទៅ​បង់សំណាញ់ ក៏​ត្រូវ​ជាប់​ត្រី​ពោ​នោះ​បាន​មក ។ ជា​កុសល ទារក​មានបុណ្យ​មិន​ស្លាប់​ក្នុង​ថ្ងៃ​នោះ ក៏​មាន​ហេតុ​បណ្ដាល​ឲ្យ​ស្ដេច​ព្រះ​មហាសង្ឃរាជ (កាល​នៅ​ជា​ព្រះ​សង្ឃ​សត្ថា) យប់​នោះ​ផ្ទុំ​ស្កល់​ទៅ​យល់សប្ដិ​ឃើញ​ថា ៖ ដូច​ជា​មាន​ទេវតា​មក​ទូល​ថា ព្រឹក​នេះ​ឲ្យ​ស្ដេច​យាង​ទៅ​កំពង់ទឹក​ដើម្បី​ឲ្យ​ជួយ​សង្គ្រោះ​ទារក​ម្នាក់​ជា​អ្នកមាន​បុណ្យ មាន​វាសនា​ផង ។ លុះ​តើន​ឡើង សម្ដេច​ក៏​ទ្រង់​នៅ​ត្រ័យចីវរ​ចុះ​គង់​ក្នុង​ទូក​ឲ្យ​សិស្សា​នុសិស្ស​អុំ​ចេញ​ទៅ ។ ទ្រង់​បិណ្ឌបាត​ដូច​សព្វដង តែ​ព្រះនេត្រ​តែង​គន់​រំពៃ​ក្រែង​មាន​ហេតុ​អ្វី​ចម្លែក ដ្បិត​មាន​និម្មិត​ពី​យប់មិញ​នោះ​ដូច​ជា​ច្បាស់​ពេក​ណាស់ ។ លុះ​សិស្ស​អុំ​បាន​បន្ដិច​ទៅ ទូក​ក៏​ទៅ​អែប​ប្រប​ទូក​ព្រាន​ប្រមង់​នោះ ។ សម្ដេចព្រះសង្ឃរាជ​ស្ដេច​ឃើញ​ត្រី​ពោ​ក្នុង​ទូក​ព្រាន​ប្រមង់​នោះ​ធំ​ប្លែក ស្ដេច​ប្រឹង​សង្កេត​ទត​ឲ្យ​ច្បាស់ ។ ព្រាន​ប្រមង់​ឃើញ​សម្ដេចព្រះ​មហាសង្ឃរាជ​ (សង្ឃ​សត្ថា) អើត​ទៅ​ទត​ត្រី​នោះ ក៏​បង្កើត​ឲ្យ​មាន​សទ្ធា​លើក​ត្រី​ពោ​នោះ​ថ្វាយ​ដល់​ព្រះ​អង្គ ពេល​ទ្រង់​ទទួល​ហើយ​ក៏​ឲ្យ​អុំទូក​បិណ្ឌបាត​ទៅ​ទៀត ។ លុះ​បិណ្ឌបាត​អស់​ពេល​ហើយ ស្ដេច​ឲ្យ​សិស្សានុសិស្ស​ត្រឡប់​មក​អារាម​វិញ ។ ខណៈនោះ​សម្ដេចព្រះសង្ឃរាជ​ស្ដេច​មាន​ព្រះ​ថេរ​វាចា​ថា ត្រី​ពោ​នេះ​ធំ​ប្លែក​ពី​ត្រី​ពោ​សព្វដង ប្រហែលជា​មាន​ហេតុ​អ្វី​ក្នុង​ពោះ​ត្រី​នេះ​ជា​ពុំខាន​ឡើយ ។ អស់​ពួក​សិស្សានុសិស្ស​ឮ​ពុទ្ធដីកា​ហើយ​ក៏​នាំ​គ្នា​យក​កាំបិត​ទៅ​វះ​ត្រី​នោះ វះ​ទៅ​ឃើញ​ទារក​មួយ​នៅ​រស់ ។ ទើប​ស្ដេច​ឲ្យ​កូន​នោះ​ទៅ​អា​បាន​មេ​ទា គឺ​ប្រុស​ឈ្មោះ​ បាន និង​ស្រី​ឈ្មោះ​នាង​ ទា នេះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា សម័យ​ពី​ដើម​មនុស្ស​ដែល​ឥត​មាន​បណ្ដា​ស័ក្ដិ ឥត​បាន​បួស​រៀន (បើ​ប្រុស​គេ​ហៅ​អា បើ​ស្រី​គេ​ហៅ​មេ ជា​ខ្ញុំ​របស់​ស្ដេចសង្ឃរាជ) ឲ្យ​យក​ទៅ​ចិញ្ចឹម​រក្សា ។ ព្រះ​ពិជ័យ​នាគ និង​ភរិយា លុះ​បានដឹង​ថា កូន​ខ្លួន​ពុំ​ស្លាប់​ទេ ក៏​ទៅ​ក្រាបថ្វាយបង្គំ​ប្រគេន​ទារក​នោះ​ថា ឲ្យ​នៅ​នឹង​ស្ដេច​ព្រះ​សង្ឃរាជ​ចុះ ។ សម្ដេច​ព្រះសង្ឃរាជ​ឲ្យ​ទារក​នោះ​ឈ្មោះ​អា​កៅ តែ​ឪពុក​ម្ដាយ ហៅ​អា​កន​រៀង​មក ។

នេះ​នឹង​និយាយ​ក្នុង​ផែនដី​ព្រះបាទ​សម្ដេច​ព្រះ​សុគន្ធបទ​វិញ ។ សម័យ​ថ្ងៃមួយ​នោះ ព្រះ​បរមបពិត្រ​ស្ដេច​ទៅ​ថ្វាយបង្គំ​ព្រះ​នៅ​វត្ដ ស្ដេច​ទ្រង់​ទតព្រះនេត្រ​ទៅ​ឃើញ​ស្ដ្រី​ស ឈរ​នៅ​លើ​ខឿន​ព្រះ​វិហារ​នោះ ជា​កូន​ព្រះ​ពិជ័យ​នាគ មេ​បាន​ជា​ភរិយា​មាន​រូបរាង​ល្អ​ប្រពៃ ។ ស្ដេច​ទត​ម្ដង​ហើយ​ម្ដងទៀត ។ ខណៈនោះ​ព្រះ​ពិជ័យ​នាគ​ស្គាល់​ច្បាស់​ព្រះរាជ​ហឫទ័យ ទើប​ក្រោយមក​ក៏​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​បរមបពិត្រ​ថ្វាយ​កូនស្រី​នោះ​ជា​ខ្ញុំបម្រើ​ល្អងធូលី​ព្រះបាទ​តរៀង​ទៅ ។ ព្រះ​បរមបពិត្រ​ទ្រង់​ព្រះ​សោមនស្ស​ណាស់ ស្ដេច​ត្រាស់​សួរ​ថា នាង​នេះ​កូន​ឯង​ឬ ? ព្រះ​ពិជ័យ​នាគ​ក្រាបទូល​ថា ៖ នាង​នេះ​ហើយ​ដែល​ទ្រង់​ទត​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​ទៀត​ថា ៖ ស្រី​នេះ​មកពីណា កូនចៅ​អ្នក​ណា​ដែល​ឈរ​នៅ​ខឿន​ព្រះ​វិហារ​នោះ គឺ​នាង​ស​នេះឯង ។ ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ត្រូវ​ព្រះ​ទ័យ​ពន់ប្រមាណ​តាំង​នាម​នាង​ស​ជា​អ្នក​ព្រះ​ម្នាង កេសរ​បុប្ផា ព្រះ​ស្នំ​ឯក ។ ទ្រង់​ព្រះ​ចិន្ដា​ថា នាង​នេះ​រូប​ក៏​ល្អ​សមសួន ចរិត​ឫកពារ ឥរិយា​ក៏​ថ្លៃថ្លា លើស​ស្រី​ទាំងពួង គួរ​គប្បី​នឹង​យក​នាម​នាង​នេះ​តាង​នាម​ព្រះ​នគរ​កុំឲ្យ​បាត់ឈ្មោះ​តទៅ ។ តាំងពី​ថ្ងៃ​នោះ​រៀង​មក​ទ្រង់​ព្រះ​បញ្ញត្ដ​ឲ្យ​លើកលែង​ហៅ​ស្រុក​បាសាន​ឲ្យ​ហៅ​ថា ស្រុក​ស្រីសឈរ ឬ ខេត្ដ​ស្រីសឈរ​វិញ តែ​ពាក្យ​នេះ​យូរៗ​មក ក៏​ប្រែ​ក្លាយ​ជា​ស្រុក​ស្រីសន្ធរ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បិតា​មាតា​ព្រះ​នាង​កេសរ​បុប្ផា​នោះ ក៏​លើក​ឲ្យ​ខ្ពស់​ឡើង ។ បិតា​ឲ្យ​ហៅ​ថា អ្នក​ព្រះ​បិតា​ពិជ័យ​នាគ មាតា​ឲ្យ​ហៅ​ថា អ្នក​ព្រះ​មាតា​មេ​បាន ឯ​ឈ្មោះ​កន​ដែល​ជា​កូន​អ្នក​ព្រះ​ពិជ័យ​នាគ​នោះ លុះ​ចម្រើន​ធំ​ឡើង​មានចំណេះ​ប្រាជ្ញា​ឆ្លៀវឆ្លាត​បម្រើ​គ្រូ គ្រូ​ក៏​ពេញ​ព្រះ​ទ័យ និង​រៀនសូត្រ​អ្វីៗ​ប្រាប់​តែ​ម្ដង​ក៏​ចាំ​ជាប់ ។ សម្ដេច (ព្រះ​មហាសង្ឃរាជ​សត្ថា) ទ្រង់​ប្រិតប្រៀង​ទាំង​អក្សរ​សាស្ដ្រា ទាំង​សិល្ប៍សាស្ដ្រ មន្ដ​វិជ្ជាការ​គាថា កោទណ្ឌ​ក្បួនតម្រា​ផង​ទាំងឡាយ​គ្រប់សព្វ​សារពើ​ឥត​ចន្លោះ​ឡើយ ។ កន​ក៏​ចេះ​ស្ទាត់​លើស​សិស្សានុសិស្ស​ទាំងពួង ។ គ្រូ​បាន​ទំនាយ​ឲ្យ​ថា ៖ កន​នេះ​នឹង​បាន​គ្រង​ស្រុក​ថ្ងៃ​ណាមួយ​ជា​មិន​ខាន ។ អ្នក​ព្រះ​ពិជ័យ​នាគ អ្នក​ម៉ែបាន កាល​ឃើញ​កូនប្រុស​មាន​រូបរាង​ល្អ មានចំណេះ​វិជ្ជា​ប្រាជ្ញា​ក៏​ពូកែ អាយុ​១៦​ឆ្នាំ​ហើយ ក៏​នាំ​ខ្លួន​កូន​ទៅ​ទូល​ព្រះ​បរមបពិត្រ ។ ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ថា កន​ជា​ប្អូន​ព្រះ​ស្នំ​ឯក ក៏​ទ្រង់​ប្រោសប្រាណ​ឲ្យ​ហៅ​នាយ​កន​នៅ​ក្នុង​តំណែង​មហាតលិក ។ លុះ​យូរ​បន្ដិច​មក ព្រះ​បរមបពិត្រ​ទ្រង់​ប្រោស​តាង​នាយ​កន​ជា​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ ។ អស់​រាស្ដ្រប្រជា​កោតខ្លាច​អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ដ ចូល​ពឹង​បុណ្យ​អំណាច​អ្នក​ព្រះ​ពិជ័យ​នាគ អ្នក​ម៉ែបាន​ អ្នក​ម៉ឺន​ស្នេហា​ចម​ចិត្ដ ជា​ច្រើន ។

មាន​ថ្ងៃមួយ​នោះ ព្រះ​បរមបពិត្រ​ទ្រង់​ចង់​ទតព្រះនេត្រ​សិល្ប៍​ធ្នូ និង​ចំណេះវិជ្ជា​របស់​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​កន ទើប​ទ្រង់​ត្រាស់​ឲ្យ​សម្ដែង​ពី​ចំណេះ​ទាំងឡាយ​នោះ​ថ្វាយ ។ ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​តម្លើង​ធ្នូ​ចាប់​ព្រួញ​ម្ដង​ប្រាំ​បាញ់​ទៅ​ម្ដង ព្រួញ​ចេញ​ទៅ​ត្រូវ​ដើមឈើ​ផ្លែ​ឈើ​ទាំង​ប្រាំ​ទិស ។ ឧកញ៉ា​ម៉ឺន​សូត្រ​គាថា​បាលី និង​ក្បួនតម្រា​អ្វីៗ​ក៏​ឃើញ​ថា ស្ទាត់​ទាំងអស់ ទើប​ទ្រង់​ត្រាស់​សួរ​ថា វិជ្ជាការ​ទាំងនេះ​ចេះ​ពី​គ្រូ​ណា​មក ។ ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ​ក្រាបទូល​ថា «ទូលព្រះបង្គំជាខ្ញុំ រៀន​ពី​សម្ដេច​ព្រះសង្ឃរាជ​កាល​នៅ​ជា​ព្រះសង្ឃ​សត្ថា» ។ ខណៈនោះ​ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​ឲ្យ​និមន្ដ​ព្រះ​សង្ឃរាជ «សង្ឃ​សត្ថា» នោះ​មក ទ្រង់​តាំង​ជា​សម្ដេច ព្រះ​សុគន្ធាធិបតី​សិរី​សង្ឃ​នាយក​លើ​ព្រះសង្ឃ​ទាំងអស់ ។ ឯ​អស់​សេនាបតី មន្ដ្រី​ធំ​តូច​យល់​ថា ព្រះ​នគរ​បាន​ក្សេមក្សាន្ដ​ហើយ ក៏​នាំ​គ្នា​កសាង​ព្រះ​វិហារ​សីមា ព្រះ​ស្ដូប ព្រះ​ចេតិយ​តាម​ធនធាន​តែ​រៀង​រាល់ខ្លួន ។ ព្រះបាទ​បរមបពិត្រ​ទ្រង់​យល់​ថា ៖ អស់​នាហ្មឺន​សព្វ​មន្ដ្រី​កសាង​ព្រះ​វិហារ សីមា​ទុកជា​កេរ​នោះ​ក៏​ជា​ការ​គួរសម​ហើយ ឯការ​នេះ​ពុំ​បាន​ចម្រើន​ទេ​នឹង​រលាយ​បាត់បង់​ទៅ​វិញ ។ ដូច្នេះ​គួរ​អញ​សាង​រូប​អញ និង​ប្រាសាទ​មួយ​ទុក​ក្នុង​ព្រះ​នគរ​បាជ័យ​បានការ បើ​អត់​ពី​ខ្លួន​អញ​ទៅ​គង់​រូប​អញ​នៅ​ឲ្យ​អ្នកផង​ធ្វើ​សក្ការបូជា​នោះ​ឃើញ​ថា នឹង​ស្ថិតស្ថេរ​ជា​ជាង​ការ​ទាំងពួង ។ ទ្រង់​ព្រះ​តម្រិះ​តែ​ដូច្នេះ​ហើយ ក៏​ចាត់​ជាង និង​កូនជាង​ឲ្យទៅ​កសាង​ប្រាសាទ​មួយ ព្រះ​រូប​ព្រះ​អង្គ​មួយ ទុក​ក្នុង​កំផែង​នគរ​បាជ័យ​បានការ ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​មាន​រូប​ព្រះបាទ​សម្ដេចព្រះ​ស្រីសុគន្ធបទ​នៅ​ទីនោះ តែ​យូរៗ​មក​អ្នកស្រុក​ហៅ​ថា អ្នកតា​សុគន្ធបទ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ លុះ​សាង​ព្រះ​រូប​នោះ​រួច​ស្រេច​ហើយ​ ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​ឆ្លង​យ៉ាង​ធំសង្គាយនា​៧​ថ្ងៃ ទើប​ទ្រង់​ត្រឡប់​មក​ក្រុង​ស្រីសឈរ​វិញ ។

ភាគបន្ត     របកគំហើញ​ថ្មី​ដោយ​សាស្ត្រាចារ្យ​ រស់ ចន្ត្រាបុត្រ

 

October 27, 2009

ការ​កំណត់​ក្នុង​ពង្សាវតារ​ខ្មែរ

ប្រវត្តិវិទូ និង​អ្នកស្រាវជ្រាវ​មួយ​ភាគ​ធំ​នៅ​បរទេស ជាពិសេស​នៅ​ប្រទេស​បារាំង ដើម្បី​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចងចាំ បាន​នាំ​គ្នា​កំណត់​ដាក់​ឈ្មោះ​កាត់​ឲ្យ​ដល់​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេងៗ មាន​ដូចជា ៖

KK: គឺ ​ព្រះរាជពង្សាវតារ​នគរ​ខ្មែរ ដែល​រៀបចំ​តាក់តែង​ក្នុង​គ.ស​១៨៦៩ តាម​បទបញ្ជា​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម ។ ពង្សាវតារ​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ភាគ ។ ភាគ​ទី​១ ដែល​ជា​ប្រវត្តិសាស្ត្រ​ភាគ​រឿង​និទាន ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​ព្រះសុគន្ធ​ប៉ាន់ ។ ព្រះអង្គ​ជា​អ្នក​បាន​នាំ​ចូល និង​បង្កើត​ឲ្យ​មាន​ព្រះពុទ្ធសាសនា​ផ្នែក​និកាយ​ធម្មយុត្តិ​នៅ​ប្រទេស​កម្ពុជា ។

SP: គឺ​ ព្រះរាជពង្សាវតារ​ខត្តិយាម​មហារាជ​វត្ត​សត្បូ ដែល​បាន​និពន្ធ​ដោយ​ព្រះអង្គម្ចាស់​នព្វរត្ន បុត្រ​របស់​ព្រះបាទ​អង្គឌួង ក្នុង​គ.ស​១៨៧៨ ។ គេ​និយម​ហៅ​ពង្សាវតារ​នេះ​ថា ពង្សាវតារ​វត្ត​សត្បូ ។ ពង្សាវតារ SP មាន​លំនាំ​ប្រហាក់ប្រហែល​គ្នា​នឹង​ពង្សាវតារ KK ។ តែ​គេ​សង្កេត​ឃើញ​មាន​សេចក្ដី​បន្ថែម​យ៉ាង​ក្បោះក្បាយ​ជាច្រើន ។ ពង្សាវតារ​វត្ត​ព្រែក​តាមាក់​ក៏​បាន​ចម្លង​ចេញ​ពី​ពង្សាវតារ​នេះ​ដែរ ។

P48: គឺ ព្រះរាជពុង្សសោវតារ ដែល​សាលា​បារាំង​ចុងបូព៌ា (Ecole Française d’ Extrème Orient) ចម្លង​ចេញ​ពី​ពង្សាវតារ​របស់​ព្រះអង្គ​ម្ចាស់​នព្វរត្ន​ដែល​មាន​សេចក្ដី​ដូចគ្នា​នឹង​ពង្សាវតារ​វត្ត​សត្បូ SP ។

P3: គឺ ព្រះរាជពង្សាវតារ​ក្រុង​ក័ម្ពុជាធីប្ឌី ដែល​រៀបចំ​ដោយ​គណៈកម្មការ​ព្រះបរមរាជវាំង​ក្នុង​គ.ស​១៨៧៨ ។ ពង្សាវតារ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​បារាំង​ឈ្មោះ Jean Moura បកប្រែ​ជា​ភាសា​បារាំង ។

P58: គឺ ព្រះរាជពង្សសៅដារ​ព្រះមហាក្រសត្រ​សោ្យរាជសំបត្តិ​ក្នុង​ក្រុង​កំម្ពុជាធិប្ដី​ជា​លំដាប់​រៀង​មក ដែល​ចងក្រង​ក្នុង​ចន្លោះ​គ.ស​១៨៩៤‑១៨៩៥ ជា​ស្នាដៃ​របស់​គណៈកម្មការ​ថ្មី​មួយ​ទៀត​តែង​តាំង​ដោយ​ព្រះបាទ​នរោត្ដម ។ គណៈកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អធិបតីភាព​សម្ដេច​សង្ឃារាជ​ទៀង ដោយ​មាន​ទាំង​វត្តមាន​សម្ដេចសង្ឃ​នាយក​សុគន្ធ​ប៉ាន់​ចូលរួម​ផង ។ តែ ព្រះបាទ​នរោត្ដម​មិន​បាន​ពេញ​ចិត្ត​នឹង​ស្នាដៃ​នេះ​ទេ ។ ប្រហែល​ជា​គណៈកម្មការ​និពន្ធ​នេះ​មិន​បាន​អធិប្បាយ​រៀបចំ​បំភ្លៃ​ទៅ​តាម​ចំណង់​របស់​ព្រះអង្គ ។ ពង្សាវតារ P58 ត្រូវ​បាន​ប្រវត្តិវិទូ​ជាតិ​បារាំង​លោក Adhémard Leclère យក​មក​បកប្រែ​ជា​ភាសា​បារាំង ។

P63: គឺ ព្រះរាជពង្សសោវតា​ខេម្មរឡេកឱង្ការ ដែល​ចាប់​ផ្ដើម​សរសេរ​និពន្ធ​ក្នុង​គ.ស​១៩០៣​ដោយ​គណៈកម្មការ​ថ្មី​មួយ​ទៀត តាម​បញ្ជា​របស់​ព្រះបាទ​នរោត្ដម ។ ក្រោយពេល​ព្រះបាទ​នរោត្ដម​បាន​ចូល​ទីវង្គត ព្រះបាទ​ស៊ីសុវត្ថិ​ដែល​បាន​ទទួល​ព្រះរាជាភិសេក​ក្នុង​ខែ​មេសា គ.ស​១៩០៤​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ដដែល​បន្ត​កាតព្វកិច្ច​នេះ​រហូត​ដល់​ចប់ ។ ពង្សាវតារ P63 ត្រូវ​បាន​រៀបចំ​អធិប្បាយ​ទៅ​តាម​លំនាំ​ឯកសារ​ដែល​ធ្លាប់​មាន​ស្រាប់​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ។ ឯកសារ​ទាំង​នេះ គេ​បាន​រក្សាទុក​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ ។

VJ: គឺ ព្រះរាជពង្សាវតារ​មហាក្សត្រ​ខ្មែរព្រះរាជពង្សាវតារ​ក្រុងកម្ពុជាធិបតី ដែល​គណៈកម្មការ​វាំង​ថ្មី​មួយ​ទៀត ស្ថិត​នៅ​ក្រោម​អធិបតីភាព​សម្ដេច​វាំងជួន បាន​និពន្ធ​រៀបរៀង​ចប់​នៅ​ក្នុង​ទសវត្ស​១៩៣០ ។ ស្នាដៃ​នេះ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ពង្សាវតារ P63 ដែល​គេ​យក​មក​រុះរើ​បន្ថែម​បន្ថយ​ទៅ​តាម​កាលៈទេសៈ ។ សារសំខាន់​របស់​ពង្សាវតារ VJ ស្ថិត​នៅ​ត្រង់​ថ្ងៃ​ខែ​ឆ្នាំ ពេលវេលា​មាន​លក្ខណៈ​ចាប់​ជួន​ស៊ី​សង្វាក់​គ្នា ។ ឯ​វិធី​និពន្ធ​វិញ​ក៏​មាន​លក្ខណៈ​ទំនើប ងាយ​ស្រួល​ដល់​ការ​ចង​ចាំ​ដែរ ។ ប្រវត្តិវិទូ​ខ្មែរ​លោក​បណ្ឌិត ប៉ក់ ភឿន និង​ ឃិន សុខ បាន​ធ្វើ​ការ​ស្រាវជ្រាវ​សិក្សា​ប្រៀបធៀប និង​បកប្រែ​ទាំងស្រុង​ពង្សាវតារ VJ ជា​ភាសា​បារាំង ។

DV: គឺ ពង្សាវតារ​ប្រទេស​កម្ពុជា ដែល​គេ​និយម​ហៅ​ថា ពង្សាវតារ​វត្ត​ទឹកវិល ។ ពង្សាវតារ DV ប្រហែល​ជា​បាន​និពន្ធ​នៅ​ចុង​ទសវត្ស​១៩៣០ ឬ​ដើម​ទសវត្ស​១៩៤០ ដោយ​ព្រះភិក្ខុ ហាស់ ស៊ុក ដែល​គង់​នៅ​វត្ត​ទឹកវិល ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល ។ ឯកសារ DV មាន​លំនាំ​ដូចជា​ដក​ស្រង់​ចេញ​មក​អំពី​ពង្សាវតារ P58 និង VJ ។ ម្យ៉ាង​វិញ​ទៀត គេ​អាច​កត់​សម្គាល់​បាន​ថា DV មាន​លំនាំ​ដូច​គ្នា​បេះ​បិទ​នឹង​ពង្សាវតារ​វត្ត​កំពង់ត្រឡាច ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​លោក អេង សុទ្ធ បាន​លើក​យក​មក​បោះពុម្ព​ផ្សាយ​ក្រោម​ចំណងជើង​ថា ឯកសារ​មហាបុរស​ខ្មែរ ៕

ប្រវត្តិសាស្ត្រ​ខ្មែរ​ដោយ​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ

 

អត្ថបទ​ពាក់ព័ន្ធ​គួរ​ស្វែងយល់ៈ   ច្បាប់ «ព្រះរាជពង្សាវតារ​ប្រទេស​កម្ពុជា»

 

October 5, 2009

សង្ខេប​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា

បណ្ឌិត ផាត កុសល និង​សាស្ត្រាចារ្យ ដេវីដ ឆេនល័រ (ទស្សនាវដ្ដី​ស្វែងរកការពិត)

បណ្ឌិត ផាត កុសល និង​សាស្ត្រាចារ្យ ដេវីដ ឆេនល័រ

នេះ​ជា​កិត្ដិយស​ខ្លាំង​ណាស់​ដែល​ខ្ញុំ​មាន​វត្ដមាន​នៅ​ទី​នេះ​ហើយ​នេះ​ក៏​ជា​ការ​ខិតខំ​ដ៏​លំបាក​មួយ​ក្នុង​ការ​ផ្ដល់​នូវ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​ដ៏​យូរលង់​មួយ​រហូត​មក​ទល់​នឹង​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ដែល​មាន​រយៈពេល​ពីរ​ពាន់​ឆ្នាំ​ ឬ​ក៏​ច្រើន​ជាង​នេះ​ឱ្យ​បាន​ច្បាស់លាស់​តែ​ក្នុង​រយៈពេល​កន្លះ​ម៉ោង​នោះ ។

មនុស្ស​ភាគច្រើន​ ជា​ពិសេស​ជនបរទេស​តែងតែ​គិត​ទៅ​លើ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​តែ​ក្នុង​អំឡុង​សម័យកាល​អង្គរ​ និង​សម័យ​ទំនើប​ ឬ​ក៏​ថា​ឱ្យ​ច្បាស់​ជាង​នេះ​គឺ​សម័យកាល​អង្គរ​ និង​សម័យកាល​ខ្មែរក្រហម​ប៉ុណ្ណោះ ។​ ​ដូចដែល​ខ្ញុំ​ចង់​បងា្ហញ​នៅ​ក្នុង​ការ​និយាយ​ដោយ​សង្ខេប​របស់ខ្ញុំ​គឺ​កម្ពុជា​មាន​ប្រវត្ដិ​ជាច្រើន​លើស​ពី​អ្វី​ដែល​បាន​លើក​ឡើង​នេះ​ទៅ​ទៀត ។

ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំងអស់​គ្នា​យល់​ថា​ រាល់​ប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា​រាប់​តាំងពី​សម័យកាល​ដ៏​យូរលង់​មក​ហើយ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៩​នេះ​គឺ​មាន​ភាព​សម្បូរ​សប្បាយ​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​មាន​លក្ខណៈ​បន្ដបន្ទាប់​គ្នា​ឥត​ដាច់ ។​អ្នក​ទាំងអស់​គ្នា​គួរតែ​មាន​មោទនភាព​ក្នុង​នាម​ជា​ទាយាទ​នៃ​ប្រវត្ដិសាស្ដ្រ​ដ៏​អស្ចារ្យ​ និង​យូរអង្វែង​មួយ​នេះ ។

និយាយ​រួម​ ខ្ញុំ​សូម​បែងចែក​ប្រវត្ដិសាស្ដ្រ​ដ៏​យូរលង់​នេះ​ជា​បួន​សម័យកាល​ដោយ​រាប់​ចាប់ពី​ការ​កកើត​ដំបូង​នៃ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​រហូត​ដល់​ឆ្នាំ​១៩៥៣​ជា​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ។​សម័យកាល​នីមួយៗ​អាច​នឹង​ត្រូវ​មើលឃើញ​ថា​មាន​សាច់​រឿង​គោល​មួយ​ ឬ​ក៏​ពីរ ។

  1. បុរេប្រវត្ដិសាស្ដ្រៈ​ សម័យ​ហ្វូណន​ និង​សម័យ​ចេនឡា ។​ ​សាច់​រឿង​គោលៈ​ ការ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ កាលបរិច្ឆេទៈ​ ៥០០០​ឆ្នាំ​មុន​គ.ស​ដល់​ឆ្នាំ​៨០០​នៃ​គ.ស ។
  2. សម័យ​អង្គរ​ សាច់​រឿង​គោលៈ​ អំណាច​រាជាធិរាជ​ នគរូបនីយកម្ម​ និង​ប្រជាជន​សាមញ្ញ​កាលបរិច្ឆេទៈ​ ឆ្នាំ​៨០០​ដល់​ឆ្នាំ​១៤៥០​នៃ​គ.ស ។
  3. សម័យ​កណ្ដាល​ សាច់​រឿង​គោលៈ​ បរិវត្ដន៍ ការ​ដាច់​ឆ្ងាយ​ពី​ពិភព​ខាងក្រៅ​ និង​ការ​គាប​សង្កត់​ពី​ពិភព​ខាងក្រៅ កាលបរិច្ឆេទៈ​ឆ្នាំ​១៤៥០​ដល់​ឆ្នាំ​១៨៦៣​នៃ​គ.ស ។
  4. សម័យ​អាណានិគម​ សាច់​រឿង​គោលៈ​ សង្គម​កម្ពុជា​ចាប់ផ្ដើម​បើកចំហ​ទៅ​ពិភព​ខាងក្រៅ​ច្រើន​ជាង​មុន​ កាលបរិច្ឆេទៈ​ ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ ។

បុរេប្រវត្ដិសាស្ដ្រៈ​ ​សម័យ​ហ្វូណន​ ​និង​សម័យ​ចេនឡា​

យើង​មាន​ភ័ស្ដុតាង​បញ្ជាក់​ថា​ មាន​មនុស្ស​រស់នៅ​ក្នុង​រូង​ថ្ម​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ជា​យូរលង់​ណាស់​មក​ហើយ​គឺ​ចាប់ពី​៥០០០​ឆ្នាំ​មុន​គ្រិស្ដសករាជ​មក​ម្ល៉េះ ។​ ​មនុស្ស​ទាំងនោះ​ស្ថិត​នៅ​ក្នុង​យុគសម័យ​មួយ​ដែល​បាន​រស់នៅ​ជា​ច្រើន​កន្លែង​ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​កន្លែង​ជា​ច្រើន​នៃ​សម័យ​កាលនោះ​ទើបនឹង​ត្រូវ​ជីក​កកាយ​ដើម្បី​សិក្សា ។​ ​មក​ដល់​១០០០​ឆ្នាំ​មុន​គ.ស មនុស្ស​រស់នៅ​តំបន់​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ជិត​ខេត្ដ​កំពង់ឆ្នាំង​បាន​ប្រើប្រាស់​ស្ពាន់​ធ្វើ​ជា​របស់របរ​ប្រើប្រាស់​ (របស់របរ​ល្អៗ​ជា​ច្រើន​របស់​ក្រុម​មនុស្ស​ទាំងនេះ​មាន​តាំងនៅ​សារមន្ទីរ​ជាតិ) ។ របស់របរ​ប្រើប្រាស់​ឧបករណ៍​លម្អ​ផ្សេងៗ​ និង​អាវុធ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​វត្ថុ​ដែល​គេ​រក​ឃើញ​នៅ​ទីតាំង​ដែល​ស្គាល់​ថា​ជា​ ​«យុគសម័យ​ស្ពាន់» ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ ។​ ​ប៉ុន្ដែ​វា​មិនមែន​មាន​ន័យ​ថា​ ជនជាតិ​ដើម​របស់​កម្ពុជា​ជា​ថៃ​នោះ​ទេ ។​ ​ត្រូវ​ចង​ចាំ​ថា​ពុំ​មាន​ព្រំដែន​រវាង​ប្រទេស​នីមួយៗ​នៅ​អាស៊ី​អាគ្នេយ៍​ទេ​រហូត​មក​ដល់​សម័យកាល​អាណានិគម ។​ ​ដូច្នេះ​ក្រុម​មនុស្ស​ដើម​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ប្រហែល​នៅ​ប្រើប្រាស់​ភាសា​ខ្មែរ​នៅឡើយ​ ឬ​ក៏​ថា​ភាសា​ដែល​ស្រដៀង​នឹង​ភាសា​ខ្មែរ ។​ ​មនុស្ស​ទាំងនោះ​ធ្វើស្រែ​ និង​បរិភោគ​ត្រី​ជា​អាហារ​ ដូច្នេះ​របប​អាហារ​សំខាន់​ដែល​ប្រជាជន​កម្ពុជា​រស់​នៅ​តាម​ជនបទ​ក្នុង​ឆ្នាំ​២០០៩​នេះ​ គឺ​ដូច​គ្នា​នឹង​របប​អាហារ​ដែល​មនុស្ស​បរិភោគ​កាលពី​១០០០​ឆ្នាំ​មុន​គ.ស​ដែរ ។​ នេះ​អាច​បង្ហាញ​អំពី​ទំនាក់ទំនង​គ្នា​ឥត​ដាច់​នៃ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​មួយ ។

ព្រឹត្ដិការណ៍​នេះ​ ខ្ញុំ​ឱ្យ​ឈ្មោះ​ថា​ ​«ការ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា» ដែល​ខ្ញុំ​បាន​ជ្រើស​ជា​សាច់​រឿង​គោល​នៃ​សម័យកាល​នេះ ។​សម័យកាល​នេះ​ទើបតែ​កត់ត្រា​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​សម័យកាល​គ្រិស្ដសាសនា​ប៉ុណ្ណោះ​ដែល​គ្រឿងអលង្ការ​ និង​របស់របរ​ប្រើប្រាស់​របស់​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​តំបន់ឆ្នេរ​ដែល​សម្បូរ​ទៅ​ដោយ​អ្នកប្រាជ្ញ​ជា​ច្រើន ។​ ​សម័យ​កាលនោះ​ហើយ​ដែល​ជនជាតិ​ចិន​ហៅ​ថា​ «សម័យ​ហ្វូណន» 

ហ្វូណន​ ជា​រដ្ឋ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ដោយសារ​ជាទី​តាំង​សម្បូរ​ទៅ​ដោយ​ទំនាក់ទំនង​ផ្លូវ​ទឹកជា​ច្រើន​ដែល​អាច​ផ្ដល់​កម្លាំង​ពលកម្ម​ដ៏​មហិមា​នៅ​ពេល​ដែល​មាន​តម្រូវការ ។​ ​ប៉ុន្ដែ​ជា​អកុសល​ពុំ​មាន​ឯកសារ​សំណេរ​ណាមួយ​នៅ​សេសសល់​ទេ​បន្ទាប់​ពី​សម័យ​កាលនោះ ។​ ​ព័ត៌មាន​ទាំងឡាយ​អំពី​សម័យ​កាលនោះ​បាន​មក​ពី​កំណាយ​ជា​ច្រើន​នៃ​ក្រុម​បុរាណ​វិទូ​ និង​ឯកសារ​ជា​ច្រើន​ទៀត​បាន​មក​ពី​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​រាប់រយ​ឆ្នាំ​មក​ហើយ ។​ ​ក្រោយមក​ទៀត​ការ​សិក្សា​គឺ​មាន​សារប្រយោជន៍​ណាស់​ដោយ​គេ​ចាប់ផ្ដើម​មើលទៅ​លើ​សភាព​ប្រែប្រួល​នៃ​សម័យ​ហ្វូណន​ដោយសារ​អ្នកគ្រប់គ្រង​នៃ​សម័យកាល​នេះ​បាន​ជ្រើស​យក​ភាសា​វប្បធម៌​ និង​លក្ខណៈ​ធ្វើ​កិច្ចកា​រដ្ឋបាល​ពី​ប្រទេស​ឥណ្ឌា​ប្រកបដោយ​ដំណើរការ​ដ៏​ប្រសើរ​ និង​ស្មុគស្មាញ​មួយ​ដែល​យើង​ឱ្យ​ឈ្មោះ​ថា​ «ការ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា» ។​

ការ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​នេះ​មិនមែន​មាន​ន័យ​ថា​ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​អាណានិគម​ឥណ្ឌា​នោះ​ទេ​ ប៉ុន្ដែ​ជា​ជម្រើស​មួយ​ដែល​ក្រុម​វរជន​នៅ​សម័យ​នោះ​បាន​យក​មក​ប្រើប្រាស់​នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រទះ​នឹង​វប្បធម៌​របស់​ឥណ្ឌា​នៅ​ប្រទេស​ឥណ្ឌា​ ដូចជា​អ្នក​កាន់សាសនា​ ឬ​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ឬ​នៅ​ប្រទេស​កម្ពុជា​ (ហ្វូណន) តាម​រយៈ​អ្នក​ធ្វើ​ជំនួញ​ឥណ្ឌា​អ្នកធ្វើការ​ និង​អ្នកដឹកនាំ​សាសនា​ជាដើម ។ ​ដំណើរការ​នៃ​ការ​ទទួល​ឥទ្ធិពល​នេះ​កើតឡើង​នៅ​ចន្លោះ​៥០០​ឆ្នាំ​មុន​គ.ស​ និង​៥០០​ឆ្នាំ​ក្រោយ​គ.ស​ ឬ​មុន​និង​ក្រោយ​បន្ដិច​ដែល​ដំណើរការ​នេះ​ពុំ​ត្រូវ​បាន​កត់ត្រា​ឡើង​ឡើយ ។​ ​ដំណើរការ​នេះ​កើតឡើង​ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដែល​បាន​លក់​ផលិតផល​ដ៏​កម្រ​ពី​ព្រៃឈើ​ហើយ​ឥណ្ឌា​ទិញ​យក​ផលិតផល​ទាំងនេះ​ដើម្បី​ផលិត​របស់របរ​ជា​ច្រើន​ជា​ពិសេស​ផលិតផល​ក្រណាត់​ផ្សេងៗ ។​ ​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​ដែល​កម្ពុជា​ទទួល​ខ្លាំង​បំផុត​នោះ​គឺ​អាទិទេព​ (ដែល​មាន​ប្រជាប្រិយភាព​ខុសៗ​គ្នា) និង​គំនិត​នៃ​ការ​រៀបចំ​ការ​គ្រប់គ្រង ។​ ​ប៉ុន្ដែ​ខ្មែរ​ពុំដែល​យក​របៀប​បែងចែក​វណ្ណៈ​ដែល​មាន​មក​ពី​ឥណ្ឌា​មក​អនុវត្ដន៍​ទេ ។​នៅ​ពេល​ដែល​ «ខ្មែរ» ​បាន​ក្លាយទៅជា​ភាសា​សរសេរ​នៅ​ប្រហែល​៣០០​ឆ្នាំ​ក្រោយ​គ.ស​នោះ​តួអក្សរ​ឥណ្ឌា​ត្រូវ​បាន​កែសម្រួល​សម្រាប់​ជា​ព្យញ្ជនៈ​នៃ​ភាសា​ថ្មី​នេះ ។​ ​ការ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​មិនមែន​ជា​លើក​ដំបូង​ហើយ​ក៏​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែរ​ចំពោះ​លក្ខណៈ​លាយឡំ​ និង​ការ​យក​លំនាំ​តាម​វប្បធម៌​ផ្សេងៗ​បង្កើត​ជា​ប្រវត្ដិសាស្ដ្រ​វប្បធម៌​មួយ​សម្រាប់​ប្រទេស​នេះ ។​ ​ចំណុច​សំខាន់​នោះ​គឺថា​ការ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​នេះ​មិនមែន​ជា​ការ​ដាក់​ការ​គ្រប់គ្រង​ ឬ​អាណានិគម​ដូច​ករណី​ចិន​ធ្វើ​មក​លើ​វៀតណាម​ខាងជើង​នោះ​ទេ ។

នៅ​សតវត្សរ៍​៤​ និង​៥​ក្រោយ​គ.ស​ ទីតាំង​រដ្ឋបាល​សំខាន់​បាន​ប្ដូរ​ពី​តំបន់ឆ្នេរ​នៅ​លើ​ដី​នៃ​អាណាចក្រ​ហ្វូណន​ទៅ​ភាគ​ខាងត្បូង​នៃ​កម្ពុជា​ដោយ​មាន​ទីក្រុង​មួយ​ដែល​បច្ចុប្បន្ន​ជា​ភូមិ​មួយ​នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ ។​ ​«ចេនឡា» ជា​ឈ្មោះ​ដែល​ចិន​បាន​ដាក់​ឱ្យ​អាណាចក្រ​នេះ ។​ ​រាជធានី​នៃ​ចេនឡា​ប្រហែលជា​ ​«ឥសានាភុរា» ឬ​ស្គាល់​ថា​ «សម្បូរព្រៃគុហ៍» នៅ​ខេត្ដ​កំពង់ធំ ។​ ​នៅ​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ហើយ​ដែល​មាន​ការ​ចារឹក​ជា​ភាសា​ខ្មែរ​ និង​សំស្ក្រឹត​នៅ​លើ​ផ្ទាំង​ថ្ម​ជា​លើក​ដំបូង​ និង​ចាប់ផ្ដើម​មានការ​រៀបចំ​ចងក្រង​ឯកសារ​ស្ដី​អំពី​ប្រវត្ដិ​ និង​សង្គម​របស់​កម្ពុជា ។​ ​កិច្ចការ​ដ៏​មាន​សារប្រយោជន៍​របស់​លោក​ ម៉ៃខល ​វីឃឺរី​ ដែល​សិក្សា​លើ​សិលាចារឹក​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៥​ ហើយ​បាន​ផ្លាស់​ប្ដូរ​ការ​យល់​ដឹង​របស់​យើង​ចំពោះ​ប្រវត្ដិសាស្ដ្រ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នៃ​សម័យកាល​នេះ ។

អ្នក​រាល់គ្នា​តែងតែ​នឹកឃើញ​ដល់​ «អង្គរ» ​ជា​រៀងរាល់ថ្ងៃ​ ដូចជា​នៅ​ពេល​ដែល​អ្នក​ឃើញ​ទង់ជាតិ​កម្ពុជា​ ឮ​ភ្លេងជាតិ​ ឬ​ឈ្មោះ​ហាង​ទំនិញ​ជា​ច្រើន ។​អ្នក​ក៏​អាច​ឃើញ​កំពូល​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​អង្គរ​ចេញពី​វិមាន​ឯករាជ្យ ។​ ​ភាគច្រើន​នៃ​អ្នក​ទាំងអស់​គ្នា​សុទ្ធសឹងតែ​បាន​ទៅ​ទស្សនា​អង្គរ​ ឬថា​អ្នកខ្លះ​ថែម​ទាំង​បាន​ទស្សនា​ជា​ច្រើន​លើក​ទៀត​ផង ។​ ​អង្គរ​គឺជា​មណ្ឌល​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​សម្រាប់​អ្នក​ទេសចរណ៍​ដែល​មក​ទស្សនា​ប្រមាណ​ជាង​១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ប៉ុន្ដែ​សម្រាប់​អ្នក​ដែល​ជា​ជនជាតិ​ខ្មែរ​វិញ​នោះ​ អង្គរ​គឺជា​អ្វី​ដែល​ខុស​ពី​អ្នក​ទេសចរណ៍​បរទេស​ទាំងនេះ: ​អង្គរ​ជាទី​រំឭក​ដ៏​ស្អាត​អស្ចារ្យ​នៃ​ភាព​ជោគជ័យ​របស់​បុព្វបុរស​ខ្មែរ​ផ្នែក​សិល្បៈ​ និង​ស្ថាបត្យកម្ម​ការ​រៀបចំ​ទីក្រុង​ ការ​ធ្វើ​ផ្លូវថ្នល់​ និង​វិស្វកម្ម​ដោយ​ប្រើប្រាស់​កម្លាំង​ទឹក​ ដែល​នេះ​គ្រាន់តែ​ការ​រៀបរាប់​ត្រួសៗ​ប៉ុណ្ណោះ ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ​បុរាណវិទ្យា​នៅ​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​បារាំង​នោះ​បាន​សិក្សា​តែ​អំពី​ព្រះរាជា​ ប្រាសាទ​ និង​សិលាចារឹក​ដែល​គេ​រក​ឃើញ​នៅ​អង្គរ​ដើម្បី​បង្កើត​ជា​រូបភាព​មួយ​ និង​កាលបរិច្ឆេទ​នៃ​រាជាណាចក្រ​ប៉ុណ្ណោះ ។​ ​ការ​សិក្សា​នោះ​បាន​ឱ្យ​ឈ្មោះ​ស្ដេច​ចំនួន​២៦​អង្គ​ដែល​ធាតុ​របស់​ស្ដេច​ទាំងនោះ​មាន​តម្កល់​នៅ​ប្រាសាទ​ជាង​មួយ​ពាន់​ និង​បកប្រែ​សិលាចារឹក​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ និង​សំស្ក្រឹត​មាន​ចំនួន​ជាង​មួយ​ពាន់​សិលាចារឹក ។​ ​ក្នុង​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ប្រាសាទ​សំខាន់ៗ​ជា​ច្រើន​នៅ​អង្គរ​ ជនជាតិ​បារាំង​បាន​សិក្សា​អំពី​សាសនា​កម្ពុជា​ និង​មួយ​ចំនួន​ទៀត​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ដែល​បាន​ពី​គូ​ទឹក​នៃ​ប្រាសាទ​បាយ័ន ។

សិលាចារឹក​ទាំងនោះ​បង្ហាញ​អំពី​ការ​ព្រួយបារម្ភ​របស់​ស្ដេច​ (ជា​ទូទៅ​មាន​លក្ខណៈ​ថ្លៃថ្នូរ​ និង​សរសេរ​ជា​ភាសា​សំស្ក្រឹត) និង​មួយ​ចំនួន​ទៀត​ស្ដី​អំពី​កិច្ចការ​រដ្ឋបាល​អាណាចក្រ​ បើ​ឱ្យ​ច្បាស់​ជាង​នេះ​កិច្ចការ​រដ្ឋបាល​ទាំងនេះ​គឺ​មាន​ទំនាក់ទំនង​ទៅ​នឹង​ប្រាសាទ​ដែល​សាងសង់​ឡើង​ដោយ​ស្ដេច​ ឬ​សមាជិក​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ។

អ្នក​សិក្សា​ទាំងនោះ​បាន​ផ្ដល់​នូវ​ការ​ស្វែង​យល់​អំពី​ប្រាសាទ​ និង​អ្វីៗ​ទាំង​អស់ពី​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ទៅ​ពិភពលោក​ក្នុង​នាម​ជា​អំណោយ​មួយ​ ហើយ​ពួក​គេ​ផ្ដល់​អំណោយ​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា ។

ប៉ុន្ដែ​អ្វី​ដែល​ការ​ខិតខំ​របស់​ជនជាតិ​បារាំង​បាន​មើល​រំលង​នោះ​គឺ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​សាមញ្ញ​នៅ​អង្គរ​ដែល​ជា​បុព្វបុរស​របស់​អ្នក​ទាំងអស់​គ្នា​ពុំ​មាន​ការ​កត់ត្រា​ជា​ប្រវត្ដិសាស្ដ្រ​នូវ​ជីវភាព​នៃ​មនុស្ស​ប្រុស​ស្រី​រាប់រយ​រាប់​ពាន់​រូប​ដែល​ធ្វើស្រែ​ចិញ្ចឹម​បីបាច់​គ្រួសារ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ដើម្បី​អាណាចក្រ​របស់​ខ្លួន​ និង​សាងសង់​ប្រាសាទ​ជា​ច្រើន ។​ ​បារាំង​មើលឃើញ​អង្គរ​ថា​ជា​ការ​តស៊ូ​មួយ​ជា​ការ​ប្រមូល​នៃ​សម្រស់​ដែល​ខូចខាត​ជា​ច្រើន​ និង​ជាទី​តាំង​សម្រាប់​ប្រវត្ដិសាស្ដ្រ​រាជា​និយម​ដែល​លាតសន្ធឹង​ក្នុង​រយៈពេល​៦០០​ឆ្នាំ ។

រយៈពេល​ប្រមាណ​៥០​ក្រោយ​នេះ​មានការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​គិត​របស់​យើង​ចំពោះ​អង្គរ​ និង​ប្រវត្ដិសាស្ដ្រ​ដើម​នៃ​កម្ពុជា ។​ ការ​គាស់កកាយ​លំនៅ​ឋាន​ចាស់ៗ​នៅ​សម័យ​មុន​អង្គរ​ និង​ទីតាំង​កប់​សាកសព​មួយ​ចំនួន​បាន​បង្ហាញ​អំពី​ភាព​ស្មុគស្មាញ​នៃ​ជីវិត​របស់​ប្រជាជន​សាមញ្ញ ។​ ​ការ​ធ្វើ​ផែនទី​នៃ​តំបន់​អង្គរ​ក៏​ត្រូវ​បាន​គេ​ប្រែ​ក្លាយទៅជា​សិល្បៈ​មួយ​ដោយ​ប្រើប្រាស់​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណប​ដើម្បី​ស្វែងរក​វាលស្រែ​ល្វឹងល្វើយ​ប្រឡាយ​ទឹក​ និង​ផ្លូវ​ជា​ច្រើន​នៅ​អង្គរ ។​ ​វា​បាន​បង្ហាញ​ថា​ អង្គរ​ធ្លាប់​ជាទី​ក្រុង​ដ៏​ធំ​ និង​កុះករ​មួយ​ដែល​ផ្ដល់​ទីលំនៅ​ដល់​ប្រជាជន​ប្រមាណ​៧០០.០០០​នាក់​នៅ​សតវត្សរ៍​ទី​១២​ជា​ពេល​ដែល​អង្គរវត្ដ​កំពុង​ត្រូវ​បាន​សាងសង់​ឡើង ។

ឈ្មោះ​របស់​ទីក្រុង​នេះ​គឺ​ឥសានបុរៈ ។​ ការ​ពិត​ទៅ​យើង​ដឹង​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​បានដឹង​អំពី​ទីក្រុង​នេះ​ចំពោះ​ទម្រង់​លំនៅ​ឋាន​ផ្លូវ​នានា​របស់របរ​ប្រើប្រាស់​ភាជន៍​ និង​ប្រឡាយ​ទឹកជា​ច្រើន​ទៀត ។​ ​បុព្វបុរស​ប្រុស​ស្រី​ទាំងនោះ​បច្ចុប្បន្ន​បាន​លេចឡើង​ក្នុង​នាម​ជា​អ្នកស្រុក​ប្រកបដោយ​ការ​ច្នៃប្រឌិត​ និង​រស់​រវើក​នៃ​ទីក្រុង​ដ៏​ធំ​ស្មុគស្មាញ​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ទោះបីជា​អ្នក​ទាំងនោះ​ត្រូវ​បាន​ចារ​នៅ​លើ​សិលាចារឹក​ក្នុង​នាម​ជា​ទាសករ​ក៏​ដោយ ។​ ​ក្រៅពី​នោះ​បុព្វបុរស​ទាំងនេះ​ហើយ​ដែល​ជា​សិល្បករ​ និង​ស្ថាបត្យករ​ដ៏​អស្ចារ្យ​ដែល​យើង​ទាំងអស់​គ្នា​តែងតែ​ស្គាល់ ។​ ​ហើយ​អ្នក​ទាំងនេះ​គឺជា​មនុស្ស​របស់​អ្នក ។

ទន្ទឹម​នឹង​នេះ​ដែរ​ការ​សិក្សា​តាម​បែប​បុរាណ​នៃ​បុរាណវិទ្យា​ចំពោះ​ស្ដេច​ប្រាសាទ​ និង​សិលាចារឹក​របស់​រាជា​ទាំងនេះ​បាន​ផ្ដល់​នូវ​ព័ត៌មាន​ថ្មីៗ​ជា​ច្រើន​នៅ​រជ្ជកាល​ស្ដេច​ជ័យវរ្ម័ន​ទី​៧​អត្ថន័យ​នៃ​អង្គរវត្ដ​តាម​លក្ខណៈ​តារាសាស្ដ្រ​ និង​ឫសគល់​ និង​ដែន​កំណត់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្ដរជាតិ ។​ ​នៅ​ឆ្នាំ​២០០៩​នេះ​យើង​គ្រប់​គ្នា​បានដឹង​អំពី​ប្រវត្ដិសាស្ដ្រ​ច្រើន​បំផុត​លើ​អ្វី​ដែល​យើង​ធ្លាប់​ដឹង​ក៏​ដូច​ជា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ប្រុស​ស្រី​ និង​ទីលំនៅ​របស់​បុព្វបុរស​ទាំងនេះ​ដែល​មាន​ប្រមាណ​១០០០​គីឡូ​ម៉ែត្រការ៉េ ។​ ​ផ្ទុយ​ពី​ការ​យល់​ឃើញ​ថា​ជា​អាថ៌​កំបាំង​ដ៏​មហិមា​មួយ​ អង្គរ​គឺ​បាន​ក្លាយទៅជា​ការ​រួម​ផ្សំ​នៃ​អាណាចក្រ​ដ៏​អស្ចារ្យ​មួយ​ និង​ស្នាដៃ​នៃ​បុព្វបុរស​ដែល​ភាសា​ការ​រស់នៅ​ និង​អត្ដចរិត​ដែល​អ្នក​ទាំងអស់​គ្នា​យល់​ថា​គួរ​ឱ្យ​ចូល​ចិត្ដ​ និង​ងាយស្រួល​យល់ ។

សម័យ​កណ្ដាលៈ​ ​ការ​ផ្លាស់​ប្ដូរ​ ​និង​ការ​រង​សម្ពាធ​ពី​ខាងក្រៅ

មិន​មាន​ឯកសារ​ណាមួយ​នៅ​សេសសល់​ដើម្បី​ប្រាប់​យើង​អំពី​ពេលវេលា​ និង​មូលហេតុ​ដែល​នាំ​អង្គរ​ធ្លាក់​ចុះ​ពី​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នា​ក្រោយ​សតវត្សរ៍​ទី​១៥​ទេ​ ហើយ​ដំណាក់កាល​នេះ​ពិតជា​មាន​ភាព​ស្មុគស្មាញ​ណាស់​ដោយ​លាតសន្ធឹង​រាប់រយ​ឆ្នាំ​ ប៉ុន្ដែ​បម្លាស់​ប្ដូរ​នានា​បាន​កើតឡើង​រួច​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​សតវត្សរ៍​មុន​រាជធានី​យសោធរបុរៈ​ (មិនមែន​អង្គរវត្ដ​ទេ) ត្រូវ​បាន​បោះបង់​ចោល ។

ចំណុច​សំខាន់​បំផុត​នៃ​បម្រែបម្រួល​នេះ​គឺ​ថា​ សង្គម​កម្ពុជា​ដ៏​ធំ​មួយ​បាន​ផ្លាស់​ប្ដូរ​ដោយ​ការ​ប្រែ​ក្លាយ​ទៅ​ជា​អ្នក​កាន់​និកាយ​ពុទ្ធសាសនា​ថេរវាទ​ដែល​ប្រជាជន​កម្ពុជា​ប្រណិប័តន៍​ជា​ទូទៅ​នា​ពេល​បច្ចុប្បន្ន ។​ ​ការ​ផ្លាស់​ប្ដូរ​នូវ​ការ​ប្រណិប័តន៍​សាសនា​នេះ​ប្រហែលជា​កើតឡើង​នៅ​សតវត្សរ៍​ទី​១៣​ ព្រោះ​នៅ​ពេល​ដែល​អ្នកការទូត​ចិន​ម្នាក់​មក​ធ្វើ​ទស្សនកិច្ច​រដ្ឋធានី​យសោធរបុរៈ​នៅ​ក្នុង​ឆ្នាំ​១២៩៦​ ប្រជាពលរដ្ឋ​បាន​កំពុង​តែ​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​រួច​ទៅ​ហើយ ។​ ​បម្លាស់​ប្ដូរ​នេះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ប្រទេស​មួយ​ដែល​ប្រតិបត្ដិ​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​នៅ​អំឡុង​ពេល​ជាមួយ​គ្នា​ដែរ​នោះ​គឺ​ប្រទេស​ជិតខាង​សៀម​ ហើយ​ពីរ​បី​រយ​ឆ្នាំ​ក្រោយមក​ឃើញ​មានការ​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​នេះ ។​ ​ជា​អកុសល​សម្រាប់​កម្ពុជា​នៅ​ក្នុង​សតវត្សរ៍​ទី​១៦​ ប្រទេស​សៀម​ក្លាយទៅជា​មាន​ឥទ្ធិពល​មួយ​ ហើយ​ទទួល​សួយសារអាករ​ពី​ជនជាតិ​ខ្មែរ​ ហើយ​បាន​បន្ដ​ធ្វើ​រហូត​ដល់​ពេល​បារាំង​មក​ដល់​ឆ្នាំ​១៨៦៣ ។​ ​ប្រជាជន​កម្ពុជា​មិន​បាន​ចាញ់​គ្រប់​សង្គ្រាម​ទាំងអស់​ដែល​បាន​ច្បាំង​ជាមួយ​សៀម​ទេ​ ហើយ​ចំណុច​មួយ​ដែល​កម្ពុជា​បាន​ចាញ់​គឺ​ការ​បាត់បង់​ចំនួន​ប្រជាជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ពេល​ដែល​សៀម​ចាប់​ជនជាតិ​ខ្មែរ​ជា​ឈ្លើយសឹក ។​ ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​នៅ​សម័យ​កណ្ដាល​គឺ​ការ​រួញ​ទឹកដី​ក្រោម​ការ​គ្រប់គ្រង​ដោយ​ស្ដេច​ខ្មែរ​មួយ​អង្គ​ព្រមទាំង​ការ​បាត់បង់​ប្រជាជន​កម្ពុជា​ផង ។

បញ្ហា​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​សម័យ​កណ្ដាល​គឺ​ការ​លេច​ចេញ​ជា​រូបរាង​ឡើង​នូវ​ប្រទេស​ជិតខាង​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ប៉ែក​ខាងកើត ។​ ​មក​ដល់​សតវត្សរ៍​ទី​១៧​ មេដឹកនាំ​ត្រកូល​ង្វៀន​របស់​វៀតណាម​ខាងត្បូង​បាន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ក្នុង​ព្រះរាជវាំង​រវាង​អ្នក​ដែល​ធ្លាប់​យក​ប្រទេស​សៀម​ជា​មេ​ និង​អ្នក​ដែល​ត្រូវ​គ្នា​ជាមួយនឹង​វៀតណាម ។​ ​វៀតណាម​ក៏​បាន​បិទ​ច្រក​ផ្លូវ​ទៅ​កាន់​កំពង់​ផែ​សមុទ្រ​ហើយ​ប្រហែលជា​ឆ្នាំ​១៦៥០​ដល់​១៨៥០​ ព្រះរាជាណាចក្រ​នេះ​បាន​ស្ថិត​នៅ​ក្នុង​ភាព​ឯកោ​ពី​ពិភព​ខាងក្រៅ​ ហើយ​មាន​ជំនួញ​ជួញដូរ​ជាមួយ​អន្ដរជាតិ​យ៉ាង​តិចតួច​បំផុត ។

ទោះជា​យ៉ាងនេះ​ក្ដី​មិន​អាច​និយាយ​បាន​ថា​ ស្ថានភាព​កម្ពុជា​ឋិត​នៅ​ក្នុង​សភាព​រង​គ្រោះ​ និង​ហិនហោច​នោះ​ទេ ។​ ​សម័យនេះ​ហើយ​ដែល​សមិទ្ធផល​អក្សរ​សាស្ដ្រ​ខ្មែរ​មួយ​ចំនួន​បាន​ផុស​ត្រដែត​ឡើង​ ដូចជា​ច្បាប់​នានា​ និង​រឿង​រាមកេរិ៍្ដ​ជាដើម​ ហើយ​សម័យនេះ​ហើយ​ដែល​បាន​ផ្សារ​ភ្ជាប់​អរិយធម៌​អង្គរ​ទៅ​នឹង​សង្គម​មួយ​ដែល​បារាំង​បាន​ជួប​ប្រទះ​ពេល​មក​ដល់​ប្រទេស​នេះ​ដំបូង​នៅ​ឆ្នាំ​១៨៦០ ។​ ​ការ​ផ្សារ​ភ្ជាប់​រវាង​អង្គរ​ និង​សម័យ​អាណានិគម​ រួម​មាន​វប្បធម៌​ដ៏​ត្រចះត្រចង់​របស់​ខ្មែរ​ភាសា​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សម្បូរ​បែប​ និង​ភាព​ត្រចះត្រចង់​នៃ​ការ​រៀបចំ​សង្គម ។​ ​ម្យ៉ាងវិញទៀត​ជនជាតិ​ខ្មែរ​គឺជា​អ្នក​ទទួល​មរតក​នៃ​សម័យកាល​នេះ​ប្រហែលជា​ច្រើន​ជាង​សម័យ​អង្គរ​ ឬ​សម័យ​អាណានិគម​ទៅ​ទៀត ។

សម័យ​អាណានិគមៈ​ ​កម្ពុជា​ចូលរួម​ជាមួយ​ពិភព​ខាងក្រៅ​ច្រើន​ជាង​មុន

នៅ​ពេល​ដែល​អ្នករុករក​ជាតិ​បារាំង​មក​ដល់​ទឹកដី​កម្ពុជា​នៅ​ទសវត្សរ៍​៦០​ ជាតិ​បារាំង​ទាំងនោះ​កំពុង​តែ​រុករក​ទីតាំង​ដើម្បី​ពង្រីក​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍ ​ហើយ​ពួក​គេ​មាន​ជំនឿ​ថា​កម្ពុជា​ ឬ​ប្រហែលជា​ទន្លេមេគង្គ​គឺជា​ទ្វារ​ទឹក​ដ៏​សំខាន់​ទៅ​កាន់​ប្រទេស​ចិន ។​ ​នៅ​ពេល​នោះ​បារាំង​បាន​កាន់កាប់​វៀតណាម​ខាងត្បូង​ជា​អាណានិគម​រួច​ទៅ​ហើយ​ ហើយ​មាន​បំណង​ចង់​ពង្រីក​ការ​គ្រប់គ្រង​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍​ទាំងមូល ។

សង្គ្រាមស៊ីវិល​ អំពើ​បះបោរ​ ការ​ឈ្លានពាន​ពី​សំណាក់​​សៀម ​និង​ការ​ឋិត​នៅ​ក្រោម​អាណាព្យាបាល​របស់​វៀតណាម​អស់​រយៈពេល​ដ៏​យូរអង្វែង​បាន​រឹត​រួម​ប្រទេស​កម្ពុជា​អស់​រយៈពេល​៥០​ឆ្នាំ ។​ ​កងទ័ព​ថៃ​ និង​វៀតណាម​បាន​ប្រយុទ្ធ​គ្នា​នៅ​លើ​ទឹកដី​កម្ពុជា​ ហើយ​សង្គ្រាម​នេះ​បាន​បង្ក​វិនាសកម្ម​ដល់​ប្រទេស​កម្ពុជា ។​ ​ប្រជាជន​កម្ពុជា​បាន​បាត់បង់​ជីវិត​ និង​ចាប់​ជា​ឈ្លើយសឹក​អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​វត្ដ​អារាម​ជា​ច្រើន​ត្រូវ​បាន​បំផ្លាញ​ ហើយ​ព្រះរាជា​ដែល​ទើបតែ​ទទួល​បាន​រាជបល្ល័ង្ក​ថ្មី​គឺ​ព្រះបាទ​នរោត្ដម​ដែល​ធ្លាប់តែ​ខ្លបខ្លាច​សៀម​បាន​ស្វែងរក​ការ​ការពារ​ពី​បារាំង​ (ឬ​បើ​ជាក់ច្បាស់​ជាង​នេះ​ទៅ​ទៀត​ព្រះ​អង្គ​បាន​ទទួលយក​នូវ​អ្វី​ដែល​បារាំង​បាន​ដាក់​អាណាព្យាបាល) ។ បារាំង​មានការ​ពេញចិត្ដ​ និង​ដាក់​ប្រទេស​កម្ពុជា​ជា​អាណាព្យាបាល​ ប៉ុន្ដែ​ព្រះបាទ​នរោត្ដម​មានការ​ភ្ញាក់ផ្អើល​ ហើយ​មិន​ពេញចិត្ដ​ត្រង់​ថា​ បារាំង​បាន​គ្រប់គ្រង​វិស័យសេដ្ឋកិច្ច​ និង​នយោបាយ​ប្រមាណ​ជា​៣០​ឆ្នាំ​ក្រោយមក ។​ ​ព្រះមហាក្សត្រ​ក្លាយជា​បុគ្គល​ដែល​គ្មាន​សារសំខាន់ ។​ ទោះបី​ប្រទេស​កម្ពុជា​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​ ក្រោម​អាណាព្យាបាល​បារាំង​ហើយ​មាន​ព្រះមហាក្សត្រ​ដឹកនាំ​ក៏​ដោយ​ មក​ដល់​ចុង​សតវត្សរ៍​ទី​១៩​ ប្រទេស​បារាំង​បាន​ដាក់​ប្រទេស​កម្ពុជា​ជា​អាណានិគម​រួច​ទៅ​ហើយ​ ហើយ​បារាំង​ដែល​បាន​សាង​វិមាន​សម្រាប់​ខ្លួនឯង​ និង​បាន​តាំង​ខ្លួនឯង​ជា​អ្នក​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​កិច្ចការ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​ ហើយ​បារាំង​ជា​អ្នក​លើក​បន្ដុប​ព្រះមហាក្សត្រ​ខ្មែរ​បី​អង្គ​ទៀត​នា​ដំណាក់កាល​ក្រោយមក ។

ដើម្បី​ថ្លឹងថ្លែង​មើល​អំពី​តុល្យភាព​នៃ​អាណានិគមនិយម​បារាំង​នៅ​ប្រទេស​កម្ពុជា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​កំណត់ចំណាំ​ថា​ បារាំង​បាន​រួមចំណែក​ក្នុង​ការ​កសាង​ជា​ច្រើន​ផង​ដែរ​ (ដោយ​ការ​ប្រើប្រាស់​ពលករ​ខ្មែរ​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​រៀបចំ​ទីក្រុង​ និង​ការ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា) ។

ខេត្ដ​បាត់ដំបង​ និង​សៀមរាប​ គឺជា​ខេត្ដ​ចំណុះ​របស់​សៀម​ក្នុង​ឆ្នាំ​១៧៩០​ ហើយ​ត្រូវ​បាន​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ក្រោយ​ពី​បារាំង​ដាក់​សម្ពាធ​ទៅ​លើ​ថៃ ។​ ​ទឹកដី​អង្គរ​ត្រូវ​បាន​កាន់កាប់​ដោយ​ខ្មែរ​ឡើង​វិញ​ ដូច្នេះ​បុរាណ​វិទូ​បារាំង​អាច​ចាប់ផ្ដើម​ធ្វើការ​ដោយ​ប្រើប្រាស់​កម្មករ​ខ្មែរ​ក្នុង​កិច្ចការ​ជួល​ជុល​ប្រាសាទ​បុរាណ​ឡើង​វិញ ។​

មាន​ចំណុច​អវិជ្ជមាន​ខ្លះ​នៃ​របប​អាណានិគម​ដែល​ខ្ញុំ​នឹង​លើក​មក​ពិភាក្សា​នៅ​ពេល​បន្ដិចទៀត​នេះ ។​ ​ខ្ញុំ​គិត​ថា​បើ​យើង​មើល​ពី​ឆ្នាំ​២០០៩​នេះ​ថយ​ទៅ​ក្រោយ​ យើង​អាច​និយាយ​បាន​ថា​បារាំង​មិន​បាន​បំផ្លិចបំផ្លាញ​កម្ពុជា​ច្រើន​ដូច​អ្វី​ដែល​បាន​ខូចខាត​ដោយ​ឥទ្ធិពល​បរទេស​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ និង​អំឡុង​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​ ខ្មែរ​និង​បរទេស​ក្រោយមក​ទៀត​ ឬ​ក្រោម​របប​ខ្មែរក្រហម​ទេ ។​ ​ជាមួយ​គ្នា​នោះ​ដែរ​សម័យ​អាណានិគម​បាន​បន្សល់​នូវ​ទិដ្ឋភាព​អវិជ្ជមាន​ច្រើន​ផង​ដែរ​ ហើយ​ទិដ្ឋភាព​ខ្លះ​បាន​បន្ដ​មក​ដល់​ឆ្នាំ​២០០៩​នេះ​ទៀត ។

ប្រហែលជា​ចំណុច​អវិជ្ជមាន​ដ៏​សំខាន់​មួយ​គឺថា​អាណាព្យាបាល​បារាំង​មិន​បាន​អប់រំ​បណ្ដុះបណ្ដាល​ប្រជាជន​កម្ពុជា​ ហើយ​មិន​បាន​ផ្ដល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចូលរួម​ក្នុង​ឆាកនយោបាយ​ទេ​នា​ដំណាក់កាល​មុន​ឆ្នាំ​១៩៤០ ។​ ​បារាំង​បាន​រៀបចំ​ប្រទេស​ក្នុង​សភាព​មិន​បាន​ល្អ​ទេ ។​ ​រហូត​មក​ដល់​សម័យ​សង្គ្រាមលោក​លើក​ទី​២​ទូទាំង​ប្រទេស​ទាំងមូល​មាន​វិទ្យាល័យ​តែ​មួយ​គត់​ ហើយ​គ្មាន​មហាវិទ្យាល័យ​ទេ ។​

ចំណុច​ដែល​មើលទៅ​មាន​ភាព​ខ្វះខាត​នៅ​ក្នុង​សម័យ​អាណានិគម​ដែរ​នោះ​គឺ​ប្រព័ន្ធ​តុលាការ ។​ ​បារាំង​មិន​បាន​កំណត់​ប្រព័ន្ធ​យុត្ដិធម៌​ច្បាស់លាស់​ទេ​ ហើយ​សឹងតែ​គ្មាន​មេធាវី​ និង​ចៅក្រម​ជា​ជនជាតិ​ខ្មែរ​ដែល​ទទួល​នូវ​ការ​បណ្ដុះបណ្ដាល​ផ្នែក​ច្បាប់​គ្រប់គ្រាន់​ផង ។

ទោះជា​យ៉ាងណា​ បារាំង​បាន​រួមចំណែក​ផ្ដល់​នូវ​ផល​វិជ្ជមាន​ដល់​កម្ពុជា​ផង​ដែរ​ ដូច​ជា​កម្ពុជា​បាន​រួច​រស់​ជីវិត​ ហើយ​បាន​ក្លាយជា​រដ្ឋ​មួយ​ឯករាជ្យ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​សំណាក់​ប្រទេស​ជិតខាង​ដែល​មើលទៅ​ដូច​ជា​មាន​សភាព​ទន់ជ្រាយ​ណាស់​ទៅ​ហើយ​មុន​នឹង​បារាំង​មក​ដល់ ។​ ​បារាំង​ក៏​មិន​បាន​ជួយ​ខ្មែរ​ឱ្យ​ច្រើន​ដូច​អ្វី​ដែល​ខ្លួន​បាន​បង្កើន​អំណាច​ និង​ឥទ្ធិពល​របស់​ខ្លួន​ទេ ។

ក្នុង​ឆ្នាំ​១៩៧៥​អ្នកនាំពាក្យ​ខ្មែរក្រហម​ម្នាក់​បាន​ប្រកាស​ដោយ​មោទនភាព​ថា​ ​«២០០០​ឆ្នាំ» នៃ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​បាន​មក​ដល់ទី​បញ្ចប់ ។​ ​ខ្ញុំ​សង្ឃឹមថា​ ខ្ញុំ​បាន​បកស្រាយ​យ៉ាង​ច្បាស់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​សង្ខេប​មួយ​នេះ​ ដោយ​មិន​ត្រឹមតែ​បាន​រៀបរាប់​ប្រវត្ដិ​កម្ពុជា​ត្រឡប់​ទៅ​លើស​២០០០​ឆ្នាំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​សិក្សា​អំពី​កម្ពុជា​ដែល​ពិតជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍ ​ហើយ​ដែល​ជនជាតិ​កម្ពុជា​មាន​មោទនភាព​ផង ៕

ដេវីដ​ ​ឆេនល័រ

ទស្សនាវដ្ដី​ស្វែងរកការពិត លេខ​១១៥ ខែ​កក្កដា ឆ្នាំ​២០០៩

 

 អត្ថបទ​ពាក់ព័ន្ធៈ ប្រវត្តិសាស្ត្រ​ខ្មែរ​ដោយ​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ

 

September 12, 2009

ឯកសារ​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​របស់​អតីត​ប្រធានាធិបតី​ ​Rechard Nixon​ ​ក្នុង​ពេល​ឈ្លានពាន​ខ្មែរ

អតីត​ប្រធានាធិបតី​ ​Richard Nixon​ ​បង្ហាញ​ផែនទី​កម្ពុជា​ក្នុង​ពេល​មាន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក

អតីត​ប្រធានាធិបតី​ ​Richard Nixon​ ​បង្ហាញ​ផែនទី​កម្ពុជា​ក្នុង​ពេល​មាន​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក

យោង​តាម​ឯកសារ​ដែល​បញ្ចេញ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០០៩ ​ដោយ​បណ្ណាល័យ​ ​Nixon ​(អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ទសវត្សរ៍​១៩៧០) ថា​ ​៥​ថ្ងៃ​មុន​កងទ័ព​វៀតណាម​ខាងត្បូង​ ​និង​សហរដ្ឋអាមេរិក​បើក​យុទ្ធនាការ​ឈ្លានពាន​ចូល​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ​ទី​២៩ ខែ​មេសា​ ​ឆ្នាំ​១៩៧០ កាល​ណោះ​ប្រធានាធិបតី​ ​Richard Nixon​ ​របស់​សហរដ្ឋអាមេរិក​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​គណៈកម្មការ​សេវា​កងទ័ព​របស់​សហរដ្ឋអាមេរិក ។ ការ​រុលចូល​របស់​កងទ័ព​សហរដ្ឋអាមេរិក​ដែល​មិន​បាន​គ្រោងទុក​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​បង្កើត​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សាធារណជន​ជា​ពលរដ្ឋ​អាមេរិក​ ​និង​ភាគ​ច្រើន​សមាជិក​សភា​ ​ហើយ​និង​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​កម្ពុជា​កាល​ណោះ ។

រឿង​ដែល​បាន​កើតឡើង​ពី​ការ​ដែល​ទាហាន​អាមេរិកាំង​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា​ ​វា​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​សាធារណៈ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ​និង​សាកលវិទ្យាល័យ​ខេន​ស្ទេត​នៅ​អូហៃយ៉ូ​ធ្វើការ​ប្រឆាំង​ទៅ​នឹង​សង្គ្រាម​នេះ ។

នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ ​ឆ្នាំ​១៩៧០ ជាមួយ​នឹង​ព្រឹទ្ធ​សមាជិក​ ​John​ ​C. Stennis​ ​(D-Miss) ដែល​កាល​ណោះ​ជា​ប្រធាន​គណៈកម្មការ​សេវា​កងទ័ព​សហរដ្ឋអាមេរិក​ ​លោក​ ​Nixon​ ​បាន​និយាយ​ជាមួយ​គាត់​ថា​ ​រដ្ឋាភិបាល​របស់​លោក​នឹង​ផ្ដល់​សព្វាវុធ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​​ដើម្បី​បង្កា​ករណី​ផ្ដួល​រំលំ​ដែល​ដឹកនាំ​ដោយ​ក្រុម​ស្និទ្ធ​នឹង​កុម្មុយនីស្ដ​ ​និង​បន្ដ​យុទ្ធនាការ​វ៉ៃ​ឆ្មក់​ដោយ​ប្រើ​គ្រាប់បែក​ B52 លក្ខណៈ​សម្ងាត់ ។ មាន​តែ​លោក​ Stennis និង​ព្រឹទ្ធសមាជិក​ ​Richard​ ​Russell (D-Ga) ទេ​ ​ដែល​ដឹង​អំពី​ផែនការ​សម្ងាត់​នេះ ។ កាល​ណោះ​លោក​ ​Russell ជា​អតីត​ប្រធាន​គណៈកម្មការ ។​ ​លោក​ Nixon ​បាន​បញ្ជាក់​ជាមួយ​លោក​ ​Stennis ថា​ ​ពួក​យើង​នឹង​មិន​ជាប់​ទាក់ទង​នៅ​ក្នុង​សង្គ្រាម​មួយ​នៅ​ក្នុង​ទឹកដី​កម្ពុជា​នោះ​ទេ​ ​ហើយ​ពួក​យើង​នឹង​ត្រូវធ្វើ​​សកម្មភាព​ចាំបាច់​​ដើម្បី​ជួយ​សង្គ្រោះ​យុទ្ធជន​របស់​ពួក​យើង​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាងត្បូង​តែ​ប៉ុណ្ណោះ ។ លោក​ Nixon ​បន្ដ​ថា​ ​យុទ្ធជន​របស់​យើង​មិន​មាន​ទីជម្រក​នៅ​ទីនោះ​ទេ ពីព្រោះ​កងទ័ព​វៀតណាម​ខាងជើង​មាន​ចិត្ដ​ប៉ុនប៉ង​កាន់កាប់​នៅ​ទីនោះ​រួច​ទៅ​ហើយ ។ កាលណោះ​លោក​ ​Stennis ​ ​បាន​បញ្ជាក់​ជាមួយ​លោក ​Nixon​ ​ថា ខ្ញុំ​ឈរ​នៅ​ខាង​លោក​ ​(Nixon) ហើយ​លោក​ត្រូវ​តែ​ធ្វើ​អ្វីៗ​ដែល​លោក​កំពុង​ធ្វើ​តទៅ​ទៀត ។

ជា​ច្រើន​ថ្ងៃ​បន្ទាប់​មក​ ​នៅ​ក្នុង​ឯកសារ​មួយទៀត​បាន​និយាយ​ថា​ ​លោក​ Henry​ ​Kissinger ដែល​កាល​ណោះ​ជា​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​របស់​ប្រ​ធានាធិបតី​សហរដ្ឋអាមេរិក​ ​និង​អតីត​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​របស់​សហរដ្ឋអាមេរិក​ ​(CIA) លោក​ ​Richard​ ​Helms​ ​បាន​ស្នើ​នូវ​ផែនការ​មួយ​ដើម្បី​ប្រគល់​អាវុធ​ ​AK4 7​ ​រាប់​ពាន់​ដើម​ ​និង​សម្ភារៈ​យោធា​ដទៃ​ផ្សេង​ទៀត​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​មហា​សេនាប្រមុខ​ ​លន់​ ​នល់​ ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ។

ឯកសារ​ប្រហែលជា​៣​ម៉ឺន​ទំព័រ​ត្រូវ​បាន​គេ​ឱ្យ​សាធារណជន​​បានឃើញ​នៅ​ ​College​ ​Park​ ​និង​បណ្ណាល័យ​ Nixon​ នៅ​រដ្ឋ​កាលីហ្វរញ៉ា​ ​ហើយ​ឯកសារ​នោះ​វា​ជា​ឯកសារ​មួយ​ផ្នែក​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​ធ្វើ​ចំណាត់ថ្នាក់​នៅឡើយ​ជាមួយ​នឹង​ឯកសារ​សម្លេង​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជា​ច្រើន​ឆ្នាំ​របស់​លោក​ប្រធានាធិបតី​ Nixon ។ ឯកសារ​ ​និង​ខ្សែអាត់​សម្លេង​របស់​លោក​ប្រធានាធិបតី​ ​Nixon​ ​គឺជា​ពន្លឺ​មួយ​ថ្មី​នៃ​សម័យកាល​អាណត្ដិ​ទី​២​របស់​លោក​ ​ដែល​កាល​ណោះ​ទីភ្នាក់ងារ​សារព័ត៌មាន​ ​Associated Press​ ​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា​ ​ក្នុង​ចំណោម​ឯកសារ​ ​និង​ខ្សែអាត់​សម្លេង​ទាំងនោះ​គឺជា​ការ​សន្ទនា​ក្នុង​ការ​ដោះស្រាយ​ដោយ​សន្ដិវិធី​ជាមួយ​នឹង​កងទ័ព​វៀតណាម​ខាងជើង​ ​និង​ការ​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​នយោបាយ​ការ​បរទេស​ ​និង​ក្នុង​ប្រទេស​ជា​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​ការ​គ្រប់គ្រង​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​សង្គ្រាមត្រជាក់ ។ ឯកសារ​ ​និង​ខ្សែអាត់​សម្លេង​ទាំងនោះ​បាន​ផ្ដល់​ឱ្យ​ឃើញ​នូវ​លក្ខណៈ​អត្ដចរិក​របស់​លោក​ Nixon​ ​និង​ជំនួយការ​ទាំងឡាយ​​របស់​គាត់​កាល​ណោះ​មាន​ដូចជា​បញ្ហា​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​និង​បះសក់​កាល​ណោះ​ជាមួយ​នឹង​គូប្រកួត​នយោបាយ​របស់​គាត់​នៅ​ក្នុង​ការ​ប្រឆាំង​ជាមួយ​ពួក​គេ ។

ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ឆ្នាំ​១៩៧២ រវាង​លោក​ ​Nixon​ ​និង​ប្រធាន​សេនាធិការ​របស់​គាត់ លោក​ ​Nixon​ ​បាន​បង្កើត​នូវ​ការ​ស៊ើបអង្កេត​ក្រៅផ្លូវការ​ក្នុង​ការ​បំផ្លាញ​បេក្ខជន​អនុប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ​លោក​ ​Thomas​ Eagleton នៅ​ក្នុង​សំណៅ​ដៃ​មួយ​ក្នុង​ចំណោម​ឯកសារ​ទាំងឡាយ​ដែល​ត្រូវ​បាន​គេ​បញ្ចេញ​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០០៩​ ​ដោយ​ហៅ​លោក​ ​Eagleton​ ​ថា​ ​ជា​អា​ជ្រូក​កាប់​សាច់ ។ នៅ​ក្នុង​ឯកសារ​ឆ្នាំ​១៩៦៩ ជំនួយការ​របស់​លោក​ ​Nixon​ ​ម្នាក់​បាន​ពិពណ៌នា​ថា​ ​គ្រប់​ចលនា​នៃ​ដំណើរ​របស់​លោក​ ​John​ ​F. ​Kennedy​ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ស្ថិត​នៅ​ក្រោម​ការ​សង្កេតការណ៍​នៅ​រដ្ឋ​ម៉ាសាជូសេត​ បន្ទាប់​ពី​ព្រឹទ្ធ​សមាជិក​ ​Edward​ ​Kennedy ​បាន​បើករថយន្ដ​ធ្លាក់​ស្ពាន​នៅ​ក្នុង​ឧប្បត្ដិហេតុ​មួយ​ ​ហើយ​គូ​កំណាត់​ចិត្ដ​របស់​គាត់​បាន​ស្លាប់ ។ តាម​ឯកសារ​បង្ហាញ​នេះ​បាន​បញ្ជាក់​ថា​ ​លោក​ ​Nixon​ ​មាន​ចិត្ដ​សាហាវ​ ​និង​ឃោរឃៅ​ ​ពេល​ខ្លះ​មាន​គំនិត​សេរី​បើ​ប្រៀបធៀប​ជាមួយនឹង​មេដឹកនាំ​បក្ស​សាធារណរដ្ឋ​សម័យ​ឥឡូវ ។ នៅ​ក្នុង​សំបុត្រ​ដោយឡែក​មួយទៀត​ ​គាត់​បាន​ភ្ជាប់​​វិសោធនកម្ម​ច្បាប់​សិទ្ធិ​ស្នើ​គ្នា​ដោយ​និយាយ​ថា​ ​សម្រាប់​រយៈពេល​២០​ឆ្នាំ​ ​ខ្ញុំ​មិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នូវ​ជំនឿ​របស់ខ្ញុំ​នោះ​ឡើយ​ ​ចំពោះ​សិទ្ធិ​ស្មើគ្នា​ដើម្បី​ធានា​ដល់​ស្ដ្រី​ទាំងឡាយ​ដូចដែល​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង ។ ច្បាប់​នោះ​បាន​បរាជ័យ​នៅ​សម័យកាល​គាត់ ។

បណ្ណាល័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ខ្សែ​អាត់​សម្លេង​១៥០​ម៉ោង​ ​ដែល​គេ​បាន​ថត​នៅ​ខែ​មករា​ ​ដល់​ខែកុម្ភៈ​ ​ឆ្នាំ​១៩៧៣ និង​ការ​ចូល​ស្បថ​កាន់​តំណែង​របស់​ប្រធានាធិបតី​ ​ដំណោះស្រាយ​សន្ដិវិធី​ជាមួយ​ក្រុង​ហាណូយ​ ​និង​ការ​កាត់ក្ដី​ចោរ​ដែល​ចូល​លួច​ឯកសារ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​បក្ស​ប្រជាធិបតេយ្យ​នៅ​អគារ​ ​Water​ ​gate​ ​កាល​ណោះ​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​តំណែង​លោក​ប្រធានាធិបតី​ ​Nixon​ ​ខ្លួន​​ឯង ​។ លោក​ Nixon​ ​បាន​លាឈប់​ពី​តំណែង​ក្នុង​ខែ​សីហា​ ​ឆ្នាំ​១៩៧៤ ដែល​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ឱ្យ​លា​ចេញពី​តំណែង​ដោយ​សភា​ ​Congress ៕

(ដកស្រង់​ពី​សារព័ត៌មាន​ដើមអម្ពិល ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០០៩)

 

April 2, 2009

ប្រវត្តិសាស្ត្រ​ខ្មែរ ដោយ រស់ ចន្ត្រាបុត្រ

ប្រវត្តិសាស្ត្រ​​ខ្មែរ

ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក

 ប្រវត្តិសាស្ត្រ​​ខ្មែរ ភាគ​រឿង​ព្រេង​និទាន និង​តាម​រយៈ​សិលាចារិក

អារម្ភកថា​

នៅ​ប្រទេស​ខ្មែរ​យើង​ ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា​ ​បងប្អូន​ខ្មែរ​មួយ​ភាគ​ធំ​ ​តាំង​តែ​ពី​អ្នកស្រែ​ចម្ការ​រហូត​ដល់​នាម៉ឺន​មុខមន្ត្រី​ ​អ្នកនយោបាយ​មាន​យស​សក្ដិ​ធំ​ ​គេ​មិនសូវ​ឲ្យ​តម្លៃ​ ​និង​មិនសូវ​និយម​យក​ចិត្ដ​ទុក​ដាក់​ត្រិះ​រិះ​ពិចារណា​ ​ចង់​ដឹង​ចង់​ស្គាល់​អំពី​ប្រវត្ដិសាស្ដ្រ​ជាតិ​ ​ដែល​ជា​ឫស​គល់​ ​ជា​ពូជសាសន៍​ ​និង​ជា​ព្រលឹង​ជាតិ​របស់​ខ្លួន​ឡើយ ។​

ចំណែកឯ​ការ​ចង​ចេះ​ចាំ​ ​រៀនសូត្រ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វិញ​ក៏​យើង​មិនសូវ​មាន​ដែរ ។​ ​អ្វីៗ​ដែល​គេ​បាន​ចង​ចាំ​ខ្លះ​នោះ​ ​គឺ​បាន​ទទួល​មក​អំពី​ការ​ឮ​សូរ​ ​ការ​ស្ដាប់​តាម​ពាក្យពេចន៍​ ​ការ​និទាន​រៀបរាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។​ ​ការ​ចង​ចាំ​ទាំងនេះ​មាន​លក្ខណៈ​ស្រពិចស្រពិល​ ​មិន​បាន​ច្បាស់លាស់​ទេ ។​ ​ដែល​ជា​ហេតុ​នាំ​មក​នូវ​ផល​អាក្រក់​គ្រប់​បែប​យ៉ាង​ចំពោះ​ខ្លួនឯង​ផ្ទាល់​ ​ក៏​ដូច​ជា​ចំពោះ​ប្រទេស​ជាតិ​ទៅ​អនាគត​ដែរ ។​ ​បុព្វហេតុ​ធំ​គឺ​បណ្ដាល​មក​ពី​យើង​ខ្វះ​សៀវភៅ​ក្បួនខ្នាត​សម្រាប់​សិក្សា​ ​ហើយ​អ្នក​អប់រំ​បង្ហាត់​បង្រៀន​ដែល​មាន​សម្ថភាព​ក៏​មាន​មិន​ច្រើន ។​ ​កំហុស​នេះ​ ​គេ​មិន​អាច​ជះ​ ​និង​ទម្លាក់​ទៅ​លើ​ប្រជានុរាស្ដ្រ​ខ្មែរ​ទាំង​ស្រុក​ឡើយ ។​ ​នេះ​ជា​កំហុស​នយោបាយ​របស់​អ្នកដឹកនាំ​នគរ​ ​ដែល​ខ្វះ​ការ​ពិចារណា​ ​ឬ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អប់រំ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ ​មិន​បាន​រៀបចំ​ផែនការ​នយោបាយ​អប់រំ​ផ្នែក​ប្រវត្ដិសាស្ដ្រ​ប្រទេស​ជាតិ​នោះ​ក៏​ដូច​ជា​បាន​បំផ្លិចបំផ្លាញ​ ​កំទេច​ព្រលឹង​របស់​ជាតិ​ខ្លួនឯង​ដែរ ។​ ​ប្រជាពលរដ្ឋ​ប្រទេស​ជាតិ​នោះ​ ​មាន​តែ​សំបក​រូបរាង​ខាងក្រៅ​ ​មាន​តែ​ខ្លួន​ប៉ុណ្ណោះ​ ​តែ​គ្មាន​ព្រលឹង​ ​គ្មាន​វិញ្ញាណ​ ​និង​គ្មាន​អត្ដសញ្ញាណ​អ្វី​ទាំងអស់ ។​ ​កង្វះ​នយោបាយ​ពិតប្រាកដ​ក្នុង​វិស័យ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ជាតិ​ ​អាច​នាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ខុស​ ​មិន​ស្គាល់​តម្លៃ​ ​បំភ្លេច​ចោល​អស់​នូវ​អ្វី​ដែល​ជា​ព្រលឹង​ជាតិ ។​ ​គ្រានោះ​ ​ខ្មែរ​នឹង​បែរជា​នាំ​គ្នា​ឲ្យ​តម្លៃ​ ​សរសើរ​ ​គោរព​កោតខ្លាច​អ្វី​ដែល​ជា​មនោគម​វិជ្ជា​ ​និង​វប្បធម៌​បរទេស ។​ ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ខ្មែរ​ ​និង​ត្រូវ​គេ​បន្ថោក​មាក់ងាយ​ ​មិន​រាប់អាន​ ​លើក​ស្ទួយ​ដំកើង​ឲ្យ​តម្លៃ​ឡើយ ។​ ​តើ​នរណា​នឹង​យក​ចិត្ដ​ទុក​ដាក់​ ​ឬ​នឹង​ហ៊ាន​យកអាយុ​ជីវិត​ ​ជោគវាសនា​អនាគត​របស់​ខ្លួន​ផ្ទាល់​ទៅ​ប្រថុយ​ដាក់​ប្ដូរ​ ​សម្រាប់​ថែរក្សា​ ​និង​ការពារ ?…គ្រានោះ​ ​អ្នក​សិក្សា​ ​អ្នក​ស្រាវជ្រាវ​សាស្ត្រាចារ្យ​ ​គ្រូបង្រៀន​ ​អ្នក​អប់រំ​ ​និង​អ្នកនិពន្ធ​ក៏​គ្មាន​ ​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​ក៏​គ្មាន​ ​ហើយ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ ​ក៏​ត្រូវ​រលាយ​ដែរ ។​

ជា​ខ្មែរ យើង​មាន​ប្រវត្ដិសាស្ដ្រ​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ ។​ ​ការ​មិន​យក​ចិត្ដ​ទុកដាក់ ការ​បំភ្លេច​ចោល​នូវ​ប្រវត្ដិ​របស់​ជាតិ​ខ្លួន អាច​ចាត់ទុកជា​កំហុស​មួយ​ធ្ងន់​ណាស់​នៅ​ចំពោះ​មុខ​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​បុព្វបុរស​យើង ។​ ​ដូចនេះ​ ​យើង​ជា​កូន​ខ្មែរ​ ​ត្រូវ​នាំ​គ្នា​ស្វាធ្យាយ​រៀនសូត្រ​ ​ឲ្យ​បាន​ចេះ​ចង​ចាំ​ច្បាស់លាស់​ ​ដើម្បី​ទុក​យក​មក​ស្រាវជ្រាវ​ ​រិះគិត​ថ្លឹងថ្លែង​ពិចារណា​ ​ហើយ​ដកស្រង់​យក​មក​ធ្វើ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល​ផង​ ​និង​សម្រាប់​អនាគត​កាល​ផង ។​ ​អ្វី​ដែល​នឹង​ត្រូវ​កើត​ក្នុង​អនាគតកាល​ ​សុទ្ធតែ​មាន​ជាប់ជំពាក់​ទាក់ទង​ចេញ​មក​អំពី​គ្រប់​សកម្មភាព​ ​គ្រប់​អំពើ​ ​ឬ​គ្រប់​បញ្ហា​នយោបាយ​បច្ចុប្បន្ន ។​ ​ហើយ​អ្វី​ដែល​កំពុង​តែ​កើត​ក្នុង​បច្ចុប្បន្ន​ ​មិនមែន​កើត​ដោយ​ចៃដន្យ​ដោយ​ឯកឯង​នោះ​ទេ​ ​គឺ​បាន​កើត​ចេញ​មក​អំពី​គ្រប់​អំពើ​ ​គ្រប់​សកម្មភាព​នយោបាយ​ ​ដែល​គេ​បាន​ប្រព្រឹត្ដ​នៅ​ក្នុង​អតីតកាល ។​

ដូច្នេះ​គ្រប់​ព្រឹត្ដការណ៍​តូច​ធំ​ ​ដែល​មាន​ពាសពេញ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​យើង ​សុទ្ធតែ​មាន​កំណើត​កើត​មក​អំពី​អំពើ​ និង​សកម្មភាព​របស់​ខ្មែរ​គ្រប់​រូប​ ​ក្នុង​គ្រប់​ជំនាន់ ។​ ​បើ​យើង​បាន​កសាង​ល្អ​ធ្វើ​សកម្មភាព​ ​បំពេញ​ករណីយកិច្ច​ដោយ​ចិត្ដ​អារម្មណ៍​ស្មោះត្រង់​ត្រឹមត្រូវ​ល្អ​ប្រពៃ​ចំពោះ​ប្រទេស​ជាតិ​មាតុភូមិ​ ​ពេល​នោះ​ ​ប្រទេស​ជាតិ​ខ្មែរ​របស់​យើង​ ​ក៏​បាន​ទទួល​នូវ​ផល​ល្អ​បរិសុទ្ធ​ ​គ្មាន​ជំពាក់​ជំពិត​ពិសពុល​ដែរ ។​ ​តែបើ​យើង​កសាង​នូវ​អំពើ​អាក្រក់​ ​ពោរពេញ​ទៅ​ដោយ​បាបកម្ម​មាន​ចិត្ដ​គំនិត​ជា​ទេវទត្ដ​មិន​ទៀងត្រង់​ ​ក្បត់​ប្រយោជន៍​ប្រទេស​ជាតិ​ ​ប្រទេស​ជាតិ​នឹង​ត្រូវ​ជួប​ប្រទះ​នូវ​សោកនាដកម្ម​អន្ដរកប្ប​ ​ចលាចល​ ​និង​ទទួល​នូវ​ផលវិបាក​ ​វិនាស​ហិនហោច​អន្ដរាយ​ ​ទន់ខ្សោយ​អន់​ថយ​ជា​លំដាប់ ។​ ​គឺ​មិន​ខុស​អំពី​ពុទ្ធ​ដីកា​ ​«ធ្វើ​ល្អ​បាន​ល្អ​ ​ធ្វើ​អាក្រក់​បាន​អាក្រក់​» នោះ​ឡើយ ។​

បើ​ដូនតា​ខ្មែរ​យើង​ ​លោក​មិន​កសាង​ល្អ​ ​មិន​បាន​ខំប្រឹង​ប្រែង​រៀបចំ​ទឹកដី​ ​កាលពី​ក្នុង​អតីតកាល​ទេ​នោះ​ ​ប្រទេស​ខ្មែរ​យើង​ក៏​មិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​ ​ជា​ចក្រភព​មួយ​ ​នៅ​ក្នុង​អាស៊ី​ភាគ​អគ្នេយ៍​ដែរ ។​ ​បើ​គាត់​ជា​មនុស្ស​ល្ងិត​ល្ងង់​ ​អវិជ្ជា​ ​គ្មាន​ចំណេះវិជ្ជា​ ​មិន​ចេះ​ចង​ចាំ​គម្ពីរ​ក្បួនខ្នាត​ ​ច្បាប់​តម្រា​ក្រឹត្យ​ក្រម​វិន័យ​ ​ទំនៀមទម្លាប់​ ​ហើយ​បើ​គាត់​គ្មាន​ទ្រឹស្ដី​នយោបាយ​ ​គ្មាន​ទស្សនៈ​ ​និង​មនោគមវិជ្ជា​ ​នោះ​បុព្វបុរស​ខ្មែរ​ក៏​មិន​អាច​កសាង​មហានគរ​ ​និង​ប្រាង្គ​ប្រាសាទ​តូច​ធំ​បាន​ដែរ ។​ ​ថ្ងៃ​ណា​ដែល​ខ្មែរ​លែង​ចេះ​កសាង​អំពើ​ល្អ​ ​មាន​តែ​អវិជ្ជា​ល្ងិត​ល្ងង់​ ​គ្មាន​ច្បាប់​ទម្លាប់​ធម្ម​វិន័យ​ ​គ្មាន​សីលធម៌​ ​ស្រឡាញ់​អំណាច​ ​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ក្រុម​បក្សពួក​ ​ស្រឡាញ់​ការ​បង្ហូរឈាម​ ​ហើយ​ប្រព្រឹត្ដ​តែ​អំពើ​បាបកម្ម​ព្រៃផ្សៃ​ ​លាមក​ស្មោកគ្រោក​ ​ជិះជាន់​កាប់សម្លាប់​តែ​ប្រជាជន​ឯង​ ​ពេល​នោះ​ ​ខ្មែរ​ចាប់ផ្ដើម​បែកបាក់​ទ្រុត​ទ្រោម​ទន់ខ្សោយ​រលត់រលាយ​បន្ដិច​ម្ដងៗ​ដែរ ។​ ​លទ្ធផល​ដ៏​សែន​អាក្រក់​ ​ទុក្ខ​ភ័យ​ព្រួយ​វេទនា​ព្រាត់ប្រាស់​មិន​ចេះ​ចប់​ ​មិន​ចេះ​ហើយ​ ​និង​ការ​អាមាស់​មុខ​អាប់​កិត្ដិយស​ ​ដែល​យើង​ឃើញ​មាន​ជា​ហូរហែ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​បាន​សេសសល់​មាន​រៀង​រហូត​ចូល​មក​ដល់​បច្ចុប្បន្នកាល​ ​ហើយ​នឹង​បន្ដ​ទៅ​អនាគត​ទៀត​ជា​មិន​ខាន ។​ ​វាសនា​អនាគត​ប្រទេស​ជាតិ​និមួយៗ ​ស្ថិត​នៅ​លើ​ការ​តស៊ូ​ ​និង​ការ​កសាង ។​ ​ឯ​សកម្មភាព​របស់​ព្រះ​មហា​ត្សត្រ​ ​អ្នកនយោបាយ​សុទ្ធតែ​មាន​ទម្ងន់​ ​មាន​ឥទ្ធិពល​ធ្ងន់​គាប​ទៅ​លើ​ជោគវាសនា​របស់​ប្រទេស​ជាតិ​ទាំង​ក្នុង​បច្ចុប្បន្នកាល​ទាំង​ក្នុង​អនាគតកាល ។​

ខ្មែរ​ត្រូវ​តែ​នាំ​គ្នា​រៀន​ចង​ចាំ​អតីតកាល​ ​ឬ​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន​ឲ្យ​បាន​ចេះ​ចាំ​ស្ទាត់​ច្បាស់​លាស់​ម៉ឺង​មាត់​ ​សម្រាប់​យក​មក​ធ្វើ​ឧបករណ៍​រៀបចំ​បច្ចុប្បន្នកាល​ ​និង​អនាគតកាល​ប្រទេស​ជាតិ​ ​ឲ្យ​បាន​ល្អ​ប្រសើរ​ ​ក្នុង​ន័យ​ជា​ផលប្រយោជន៍​ដល់​ប្រជានុរាស្ដ្រ​ខ្មែរ​ទូទៅ ។​ ​ការ​ចេះ​ចង​ចាំ​ស្គាល់​ប្រវត្ដិសាស្ដ្រ​ ​អាច​នាំ​ឲ្យ​យើង​គេច​ផុត​ពី​គ្រោះថ្នាក់​ ​ពី​មហន្ដរាយ​ ​ពី​គ្រប់​ឧបសគ្គ​ពី​គ្រប់​ការ​កុហក​ភូតភរ​ ​ឃោសនា​អកុសល​ ​បោកប្រាស់​បំភាន់​មតិ​ ​ហើយ​បង្ហាត់បង្រៀន​យើង​មិន​ឲ្យ​ដើរ​ធ្លាក់​ជ្រោះ​ទៅ​តាម​គន្លង​ចាស់ ។​ ​ពេល​នោះ​ហើយ​ដែល​កង់​ប្រវត្ដិសាស្ដ្រ​មិន​អាច​វិល​ត្រលប់​ក្រោយ​បាន​ហើយ​ក៏​មិន​អាច​នឹង​វិល​មក​ជាន់​ដាន​ចាស់​ផ្នួន​គ្នា​ដដែលៗ​ទៀត​បាន​ដែរ ។​ ​សិទ្ធិ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ភាព​ ​យុត្ដិធ៌​ និង​ការ​រីក​ចម្រើន​រុង​រឿង​ថ្កុំថ្កើង​ ​ក៏​អាច​មាន​កំណើត​ប្រសូត​កើត​ចេញ​មក​ពី​ការ​ចេះ​ដឹង​នេះ​ដែរ ។​

គឺ​ក្នុង​ន័យ​ ​និង​ទស្សនៈ​នេះ​ហើយ​ ​ដែល​ខ្ញុំ​បាន​ខំប្រឹង​ប្រែង​ ​តាក់តែង​ ​ចងក្រង​ ​និពន្ធ​សៀវភៅ​ ​«ប្រវត្ដិសាស្ដ្រ» ដើម​ឡើយ​ក្នុង​គ.ស​.១៩៧១ ខ្ញុំ​បាន​ស្រាវជ្រាវ​និពន្ធ​អំពី​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ ។​ ​បន្ទាប់​មក ខ្ញុំ​ចាប់ផ្ដើម​ស្រាវជ្រាវ​សរសេរ​ ​និង​និពន្ធ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ជាដំបូង​ ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​១៩៩៣​ ​ពីព្រោះ​ខ្ញុំ​ចង់​ស្វែងរក​គម្ពីរ​ច្បាប់​ក្បួនតម្រា​ទ្រឹស្ដី​ ​និង​ទស្សនៈ​នយោបាយ​បុព្វបុរស​ខ្មែរ​ ​ដែល​មាន​ប្រសិទ្ធភាព​ ​ធ្លាប់​បាន​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំងពូកែ​ក្លាយទៅជា​មហាអំណាច​មួយ​ដ៏​ធំ​រុងរឿង​ ​ហើយ​ខ្ញុំ​ចង់​យល់​ដែរ​អំពី​បុព្វហេតុ​ដែល​បណ្ដាល​ធ្វើ​ឲ្យ​ខ្មែរ​ចុះ​ទន់ខ្សោយ​រួញ​រួម​បន្ដិច​ម្ដងៗ​ក្លាយជា​ប្រទេស​យ៉ាង​ក្រីក្រ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ។​ ​ស្នាដៃ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​មាន​ចែក​ចេញ​ជា​៧​ភាគ ៖​

    • ភាគ​ទី​១​ ​ភាគ​រឿងព្រេង​និទាន​ ​និង​សិលា​ចារិក​ ​
    • ភាគ​ទី​២​ ​សម័យ​ក្រោយ​មហានគរ​ ​(រជ្ជកាល​ព្រះបាទ​ពញា​យ៉ាត​ ​ដល់​ព្រះ​សុរិយោពណ៌)
    • ភាគ​ទី​៣​ ​សម័យ​ក្រោម​អាណានិគម​សៀម​ ​និង​យួន​ ​
    • ភាគ​ទី​៤​ ​សម័យ​អាណានិគម​បារាំង​ ​
    • ភាគ​ទី​៥​ ​សម័យ​ក្រោយ​ឯករាជ្យ​១៩៥៣​ ​
    • ភាគ​ទី​៦​ ​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ​
    • ភាគ​ទី​៧​ ​សម័យ​កុម្មុយនិស្ដ​ ​

ខ្ញុំ​គ្មាន​បំណង​នឹង​ចាត់​ទុក​ស្នាដៃ​នេះ​ ​ជា​សៀវភៅ​ប្រវត្ដិសាស្ដ្រ​ល្អ​ត្រឹមត្រូវ​ដែល​ត្រូវ​ជំនួស​ឯកសារ​ផ្សេង​ឯទៀត​នោះ​ទេ ។​ ​គោលបំណង​ ​និង​ទិស​ដៅ​ធំ​របស់ខ្ញុំ​គឺ​ចង់​ធ្វើ​ដូច​ម្ដេច​ចងក្រង​ឯកសារ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ ​ដែល​មាន​នៅ​គ្រប់​ទិស​ទី​ ​យក​មក​ធ្វើ​ជា​សំយោគ​សម្រួល​ទុក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​យុវជន​ ​ដើម្បី​ឲ្យ​ងាយ​យល់​ ​ក្រេប​ជញ្ជាក់​ ​ត្រងត្រាប់​ និង​ចេះ​ចង​ចាំ ។​

សៀវភៅ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​នេះ​ ​អាច​ចាត់​ទុក​ត្រឹមតែ​ជា​សៀវភៅ​ជំនួយស្មារតី​មួយ​ក្នុង​ការ​ស្វែងរក​យល់​ ​និង​ចេះ​ចង​ចាំ​អំពី​ដើម​កំណើត​ប្រវត្ដិ​ខ្មែរ ។​ ​យើង​ជា​ខ្មែរ​ត្រូវ​តែ​ស្គាល់​ខ្លួនឯង​ ​និង​ធាតុ​ពិតប្រាកដ​របស់​យើង​ជា​ខ្មែរ​មុន​សិន​ ​មុន​នឹង​ហ៊ាន​អះអាង​ធ្វើ​សកម្មភាព​អ្វី​មួយ ។​

ម្យ៉ាងវិញទៀត​ ​ស្នាដៃ​នេះ​ ​ក៏​អាច​ចាត់ទុកជា​វិភាគទាន​មួយ​ដែរ​ ​ក្នុង​ពេល​ដែល​យើង​ជា​ខ្មែរ​គ្រប់​រូប​ ​កំពុង​តែ​នាំ​គ្នា​ស្វះស្វែង​ប្រមែប្រមូល​ ​អន្ទង​ហៅរក​គ្រប់​អស់​ព្រលឹង​ជាតិ​ខ្មែរ​ ​ទាំង​នៅ​ជិត​ទាំង​នៅ​ឆ្ងាយ​ ​ឲ្យ​មូល​ជុំ​ត្រកូល​ចូល​មក​ក្នុង​រូបរាង​កាយ​ខ្មែរ​វិញ ។​ ​រហូត​មក​ដល់​ពេល​នេះ​ជិត​ប្រាំ​រយ​ឆ្នាំ​ហើយ​ ​ដែល​ខ្មែរ​យើង​ធ្លាក់ខ្លួន​ដុនដាប​ ​ស្គាល់​តែ​ទុក្ខសោក​វេទនា​ ​ឈឺ​ចុកចាប់​ ​ព្រាត់ប្រាស​ស្លាប់​គ្មាន​សល់​ ​គ្មាន​ឃើញ​ពន្លឺសុភមង្គល​ ​និង​គ្មាន​ស្គាល់​អ្វី​ដែល​ហៅ​ថា​កិត្ដិយស ។​ ​ខ្មែរ​លែង​មាន​ព្រលឹង​ ​ខ្មែរ​លែង​មាន​ជំនឿ​លើ​ខ្លួនឯង ។​ ​តែ​ខ្មែរ​បែរជា​មាន​ជំនឿ​ជឿ​លើ​បរទេស​ទៅ​វិញ ។​

ខ្ញុំ​មាន​ជំនឿ​ថា​ក្នុង​ពេល​ណា​ ​កាលៈទេសៈ​ណា​ ​ដែល​ខ្មែរ​បាន​ស្គាល់​ ​បាន​ចេះ​ចង​ចាំ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ពិតប្រាកដ​ ​ពេល​នោះ​ ​ខ្មែរ​មុខជា​មាន​ជំនឿ​លើ​ខ្លួនឯង​វិញ​ជា​មិន​ខាន​ ​ខ្មែរ​មុខជា​មាន​មោទនភាព​ ​និង​មាន​មហិច្ឆតា​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​លូតលាស់​ដូច​ប្រទេស​ប្រជាធិបតេយ្យ​និយម​ឯទៀត​ជា​មិន​ខាន ។​

ធីយេស៍, ប្រទេស​បារាំង, ថ្ងៃ​អង្គារ ទី១៨ មីនា ១៩៩៧

រស់ ចន្ដ្រាបុត្រ​ បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ សាកលវិទ្យាល័យ​បារីស៍ ​ទី​១០​ អ្នក​ស្រាវជ្រាវ​រួម​ ​នៃ​មជ្ឈមណ្ឌល​ជាតិ​ ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​(C​.N​.R​.S​ ​) នៃ​ទីក្រុង​បារីស៍​ អតីត​សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​ ​នៅ​ភ្នំពេញ 

រស់ ចន្ដ្រាបុត្រ​

បណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ
សាកលវិទ្យាល័យ​បារីស៍ ​ទី​១០​
អ្នក​ស្រាវជ្រាវ​រួម​ ​នៃ​មជ្ឈមណ្ឌល​ជាតិ​
ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​(C​.N​.R​.S​ ​) នៃ​ទីក្រុង​បារីស៍​
អតីត​សាស្ដ្រាចារ្យ​ទស្សនវិជ្ជា​ ​នៅ​ភ្នំពេញ

ភាគ​បន្ត

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve