Chouk Khmer

August 27, 2009

ចេក​ចម្លែក ឬ​ជំនឿ​ខុស​ប្លែក ?

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​កើត​រឿងរ៉ាវ​ដើម​ចេក​ចម្លែក​នៅ​ក្នុង​ខេត្ត​តាកែវ និង​ស្វាយរៀង ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​កោះសន្ដិភាព ។ ចេក​ចម្លែក​ពិត​ជា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​ ព្រោះ​វា​ជា​កត្តា​ធម្មជាតិ​ដែល​ជា​លទ្ធផល​នៃ​សង្គម​បរិយាកាស​នៅ​ជុំ​វិញ​បាន​ជះ​ឥទ្ធិពល​លើ មាន​ដូចជា​កត្តា​ទឹកដី សារធាតុ​គីមី​ និង​កត្តា​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ ដូចគ្នា​នឹង​ទារក​ដែល​កើត​មក​មាន​អវៈយវៈ​មិន​គ្រប់គ្រាន់ ឬ​ស្វិត​ក្រញិញ​ក្រញង់ ខ្វេរខ្វង់ ឬ​មាន​រូបរាង​ខុស​ប្រក្រតី គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ទង្វើ​របស់​ម្ដាយ និង​មជ្ឈដ្ឋាន​នៅ​ជុំវិញ ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​គឺ​ជំនឿ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ទៅ​លើ​ស័ក្តិសិទ្ធិភាព​នៃ​ចេក​ចម្លែក​ទាំងនោះ ។ ខ្ញុំ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ជំនឿ​នេះ​ទេ សូម​មិត្ត​អ្នកអាន​ធ្វើការ​វិនិច្ឆ័យ​សម្រង់​អត្ថបទ​ដូច​ខាងក្រោម​តាម​ការ​គួរ​ចុះ ។

ត្រយូងចេក​ផុស​ចេញពី​ដី​ផ្អើល​នាំ​គ្នា​ទៅ​អុជ​ធូប

ត្រយូងចេក​ចេញពី​ក្នុង​ដី

ត្រយូងចេក​ចេញពី​ក្នុង​ដី

ខេត្ដ​តាកែវៈ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ភូមិ​ចក​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ដោយ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​សេចក្ដីសុខ​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន​ ​ខណៈ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ម្នាក់​មាន​រឿង​ចម្លែក​មួយ​បាន​កើត​ឡើង​ ​គឺ​ត្រយូងចេក​ផុស​ចេញពី​ដី​ទំហំ​ប៉ុន​កដៃ​មនុស្ស​ចាស់ ។ រឿង​ចម្លែក​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា​ ឆ្នាំ​២០០៩ ​កន្លង​ទៅ ។

បើ​តាម​សម្ដី​បុរស​ម្ចាស់​ត្រយូងចេក​នោះ​ឈ្មោះ​ សុក​ ​ប៉ុន​ ​អាយុ​៤៧​ឆ្នាំ​ ​និង​ប្រពន្ធ​ ​ឈ្មោះ​ អ៊ុំ​ ​ភឿន​ ​អាយុ​៥១​ឆ្នាំ​ ​មាន​កូន​៣​នាក់​ ​នៅ​ក្នុង​បន្ទុក​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​រឿង​ត្រយូងចេក​ចម្លែក​ផុស​ចេញពី​ដី​នេះ​ ​ពី​ដំបូង​ក្រុម​គ្រួសារ​របស់​គាត់​អត់​ដឹង​ទេ​ ​តែ​អ្នក​រស់នៅ​ជិតខាង​ម្នាក់​ប្រទះ​ឃើញ​មុនគេ​ ​និង​បាន​យកដៃ​ទៅ​ដក​ ​តែ​ដក​អត់​រួច ។ លុះ​ព្រឹក​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា​ ​គ្រួសារ​គាត់​បាន​ទៅ​ពិនិត្យ​ឃើញ​ត្រយូងចេក​នោះ​មាន​បក​​ស្រទាប់​១​ស្រទាប់ ។ ដោយ​ឃើញ​ភាព​ចម្លែក​មិន​ធ្លាប់​ជួប​បែប​នេះ​នៅ​ក្នុងផ្ទះ​ ​គាត់​ក៏​និមន្ដ​ព្រះ​គ្រូ​ចៅអធិការ​វត្ដ​ ​អំ​ ​ម៉ារ៉ា​ ​នៅ​សង្កាត់​រកាក្រៅ​ឱ្យមក​ទស្សន៍​ទាយ​អំពី​ត្រយូងចេក​ផុស​ពី​ដី​ដ៏​ចម្លែក​មិន​ធ្លាប់​ជួប​ប្រទះ​នេះ ។

ម្ចាស់ផ្ទះ​បន្ដ​ទៀត​ថា​ ​ពេល​ទស្សន៍​ទាយ​រួច​ព្រះគ្រូ​ចៅអធិការ​វត្ដ​មាន​សង្ឃដីកា​ថា​ ​ត្រយូងចេក​ដែល​ផុស​នៅ​ក្នុង​បរិវេណ​ផ្ទះ​គាត់​នេះ​ល្អ​ទេ​ ​កុំ​ដក​វា​ចោល​ ​ព្រោះ​បាន​នាំ​មក​សេចក្ដីសុខ​ដល់​ក្រុម​គ្រួសារ​គាត់​ ​និង​អ្នក​រស់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ផង​ដែរ ។ ព្រះ​អង្គ​បាន​ប្រាប់​ឱ្យ​គាត់​ធ្វើ​ស៊ុម​ព័ទ្ធ​ជុំវិញ​ ​ដើម្បី​អុជ​ធូប​សុំ​សេចក្ដីសុខ​ក្នុង​ក្រុម​គ្រួសារ ។ បន្ទាប់​មក​ព័ត៌មាន​ពី​ត្រយូងចេក​ចម្លែក​លេចឮ​តៗ​គ្នា​ទៅ​ដល់​អ្នក​រស់នៅ​ទី​ជិត​ឆ្ងាយ​ប្រុស​-ស្រី​ ​ចាស់​-ក្មេង​ក៏​នាំ​គ្នា​ទៅ​មើល​ ​ព្រមទាំង​អុជ​ធូប​សុំ​សេចក្ដីសុខ​គ្រប់​គ្នា​ជាមួយនឹង​ការ​ចូល​លុយ​ផង​ដែរ ។

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​នាំ​គ្នា​អុជ​ធូប​គោរព​បូជា

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​នាំ​គ្នា​អុជ​ធូប​គោរព​បូជា

មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​មាន​ជំនឿ​ថា​ ​ត្រយូងចេក​ផុស​នោះ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ ​ហើយ​បាន​អុជ​ធូប​បួងសួង​បាន​ដូច​បំណង​នៅ​ឡើយ​ទេ ។ ទោះជា​យ៉ាងណា​ក្ដី​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​មាន​ជំនឿ​ ​ហើយ​ដឹង​តៗ​គ្នា​បាន​ទៅ​មើល​យ៉ាង​គគ្រឹកគគ្រេង​មិន​ដែល​ខាន ។

នេះ​ជា​រឿង​ប្លែក​មួយ​មិន​ថា​មនុស្ស​ ​សត្វ​ ​ឬ​រុក្ខជាតិ​ទេ​ ​និង​គ្មាន​បុណ្យ​បារមី​ណា​នោះ​ឡើយ​ ​តែ​ជា​ការ​ពិត​សង្គម​ខ្មែរ​ដែល​ពោរពេញ​ទៅ​ដោយ​ជំនឿ​ក្រៅ​ខ្លួន​ជាង​ជឿ​លើ​ខ្លួនឯង​តែងតែ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ ។ មិនយូរ​ទេ​ការ​ភ្ញាក់ផ្អើល​នេះ​នឹង​សាបសូន្យ​ទៅ​វិញ​ដោយ​ឯកឯង ។

ចេកណាំវ៉ា​ធ្លាក់​ត្រយូង​៦​ផ្អើល​អ្នក​ភូមិ​នាំ​គ្នា​អុជ​ធូប​បែរបន់​សុំ​សេចក្ដីសុខ

លោកយាយ​អ៊ិន​ ​ភុំ​ ​ជា​ម្ចាស់​ដើម​ចេក​ត្រយូង​៦

លោកយាយ​អ៊ិន​ ​ភុំ​ ​ជា​ម្ចាស់​ដើម​ចេក​ត្រយូង​៦

ខេត្ដ​ស្វាយរៀងៈ ដើម​ចេក​ចម្លែក​១​ដើម​ ​ចេញ​ត្រយូង​ដល់​ទៅ​៦​ ​ត្រូវ​បាន​អ្នកស្រុក​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​ ​សេចក្ដីសុខ​ព្រោះតែ​ភាព​ចម្លែក​នេះ ។ ចេក​ធ្លាក់​ត្រយូង​៦​នេះ​ជា​ប្រភេទ​ចេកណាំវ៉ា ។

ទាក់ទិន​នឹង​រឿងហេតុ​ខាងលើ​ ​លោកយាយ​ អ៊ិន​ ​ភុំ​ ​អាយុ​៨០​ឆ្នាំ​ ​ម្ចាស់​ដើម​ចេក​ចម្លែក​ ​នៅ​ភូមិ​សួនថ្មី​ ​សង្កាត់​ព្រៃឆ្លាក់​ ​ក្រុង​ស្វាយរៀង​ ​បាន​មាន​ប្រសាសន៍​ថា​ ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២២​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩ វេលា​ម៉ោង​៧​ព្រឹក​ ​ខណៈ​ពេល​គាត់​កំពុង​ជម្រះ​ស្មៅ​ដំណាំ​គាត់​ឮ​សម្លេង​ល្វើយៗ​ថា​ ​ជួយ​ខ្ញុំ​ផង​ខ្ញុំ​ឈរ​លែង​ជាប់​ហើយ ។​ ​ពេល​នោះ​គាត់​បាន​ងើប​មើល​ជុំវិញ​ខ្លួន​ ​ដូច​ជា​គ្មាន​ឃើញ​អ្នក​ណា​នៅ​ឈរ​ក្បែរ​កន្លែង​នោះ​ឡើយ​ ​គាត់​ក៏​អង្គុយ​ធ្វើ​ស្មៅ​បន្ដ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ ​ស្រាប់តែ​ឃើញ​ដើម​ចេក​មួយ​ដើម​ទ្រេត​រកកល់​ចង់​ដួល​ទៅ​ទិសឦសាន ។ ឃើញ​ស្ថានភាព​ដើម​ចេក​បែប​នេះ​ ​គាត់​បាន​ចូល​ទៅ​ទ្រ​ ​លុះ​ក្រឡេក​ទៅ​លើ​ឃើញ​ដើម​ចេក​នោះ​មាន​ចេញ​ត្រយូង​រហូត​ដល់​ទៅ​៦ ។​ ​ដោយ​ឃើញ​ភាព​ចម្លែក​របស់​ដើម​ចេក​នេះ​ ​គាត់​ក៏​ស្រែក​ហៅ​កូនប្រុស​គាត់​ឱ្យ​មក​ជួយ​ទ្រ​ ​បន្ទាប់​មក​គាត់​បាន​សម្រេចចិត្ដ​គាស់​ដើម​ចេក​នេះ​មក​ដាំ​នៅ​មុខ​ផ្ទះ​វិញ​ ​ងាយស្រួល​ឱ្យ​អ្នកស្រុក​អ្នក​ភូមិ​បាន​មើល​ចេក​ចម្លែក​នេះ ។

ត្រយូង​ដែល​មាន​ខ្នែង​ចំនួន​៦​កំពុង​ចេញ​ក្ដឹប​ចេក

ត្រយូង​ដែល​មាន​ខ្នែង​ចំនួន​៦​កំពុង​ចេញ​ក្ដឹប​ចេក

អ្នកស្រុក​ពិតជា​បាន​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​មើល​ ​ហើយ​បាន​អុជ​ធូប​សុំ​សេចក្ដីសុខ​ដោយ​គិត​ថា​ ​នេះ​ជា​អព្ភូតហេតុ​ចម្លែក​ក្រែង​មាន​បារមី​ថែរក្សា​ ​ទើប​មាន​ហេតុភេទ​ចម្លែក​បែប​នេះ ។​ ​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​មូលមតិ​គ្នា​និមន្ដ​ព្រះសង្ឃ​មក​សូត្រ​មន្ដ​នៅ​ថ្ងៃ​៧​កើត​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩ ដើម្បី​សុំ​សេចក្ដីសុខ ។

ដើម​ចេក​មួយ​ដើម​នេះ​មាន​ស្ទង​តែ​មួយ​ចេញពី​ដើម​ ​និង​បាន​បែក​ស្ទង​ចេញ​ជា​៦​ត្រយូង​ ​ទំហំ​ប៉ុន​កំភួនដៃ​ ​តូច​ជាងគេ​ប៉ុន​កដៃ​ ​ហើយ​ទំនងជា​ចេញ​ត្រយូង​នេះ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ ​ព្រោះ​ស្ទង​ធំ​មាន​ចេញ​ក្ដឹប​មួយ​ស្និត​ទៀត​ផង ។

អ្នកស្រុក​ខ្លះ​សុំ​ទឹក​ព្យាបាល​ជម្ងឺ​ ​អ្នកខ្លះ​សុំ​ស្រទប​ ​ឬ​ស្លឹកចេក​ចម្លែក​នោះ​យក​ទៅ​ដាក់​រាន​តូប​លក់ដូរ​ ​ក្នុង​បំណង​ឱ្យ​ភ្ញៀវ​ចូល​ទិញ ។​ ​អ្នកខ្លះ​និយាយ​ថា​ ​ដោយ​មាន​ហេតុភេទ​ចម្លែក​ដូចនេះ​ហើយ​គ្មាន​អ្នក​ណា​ដឹង​ ​ទើប​ជួប​ភាពរាំងស្ងួត​បែប​នេះ​ ​ហេតុនេះ​អ្នកស្រុក​បាន​នាំ​គ្នា​រៀបចំ​ពិធីបុណ្យ​នៅ​ថ្ងៃ​៧​កើត​ ​ឆ្លង​ថ្ងៃ​៨​កើត​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៨​សីហា​ខាង​មុខ ៕

រឿងរ៉ាវ​ដូចគ្នាៈ   កូនគោ​ចម្លែក​នៅ​ខេត្ត​​ពោធិសាត់

 

ប្រាសាទ​បន្ទាយឆ្មារ​មាន​រូបចម្លាក់​ចម្រុះ​ស្ដែង​ពី​កិច្ចការ​សក្ការៈ​រហូត​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​រាស្ដ្រ

ប្រាសាទ​បន្ទាយឆ្មារ​កសាង​ចុង​សតវត្ស​ទី​១២​ និង​ដើម​សតវត្ស​ទី​១៣​ ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ខេត្ដ​បន្ទាយមានជ័យ​ គេ​បាន​រក​ឃើញ​ថា​ នៅ​លើ​ជញ្ជាំង​ ឬ​របង​ខាងក្នុង​ទី​១​ ឬ​ខាងក្រៅ​បន្ទាប់​ពី​រោងទង​ គឺ​គ្មាន​ផ្ទាំង​ថ្ម​មួយ​ដុំ​ណា​ដែល​គ្មាន​ចម្លាក់​នោះ​ទេ ។​

ក្រុម​អ្នកប្រាជ្ញ​អ្នក​ជំនាញការ​ សាស្ដ្រាចារ្យ​ និង​វាគ្មិន​អន្ដរជាតិ​ និង​ជាតិ​សំខាន់ៗ​ដែល​បាន​ទៅ​ពិនិត្យ​ និង​វាយតម្លៃ​ផ្ទាល់​ដល់​ប្រាសាទ​នេះ​កាលពីដើម​សប្ដាហ៍​ទី​២​នៃ​ខែសីហា​ ឆ្នាំ​២០០៩​កន្លង​មក​ បង្ហាញ​ការ​ចាប់អារម្មណ៍​ថា​ គ្រាន់តែ​លើ​ជញ្ជាំង​ ឬ​ថែវ​ ឬ​របង​ទី​១​ក្នុង​ប្រាសាទ​បន្ទាយឆ្មារ​គឺ​មាន​រូបចម្លាក់​ចម្រុះ​យ៉ាង​សន្ធឹកសន្ធាប់​ដែល​ពណ៌នា​តាំងពី​ទេវរូប​ព្រហ្មញ្ញ​សាសនា​ មាន​រូប​ព្រះព្រហ្ម​ ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ ​និង​ព្រះ​សិវៈ​ ​ឬ​ព្រះ​ឥសូរ​ និង​តួអង្គ​សំខាន់​ទៀត​នៃ​សាសនា​នេះ ។ ហើយ​ចម្លាក់​សំខាន់​ជាងគេ​គឺ​រូប​អវតា​លោកេស្វរៈ​ព្រះហស្ថ​៣២​ជា​ពោធិសត្វ​នៃ​ព្រះពុទ្ធ​សាសនា​អម​ដោយ​ចម្លាក់​រូប​អវតា​ព្រះហស្ថ​១៦​ដែល​សល់​តែ​១​រូប​ ត្បិត​រូបចម្លាក់​ដូច​គ្នា​នៅ​ជ្រុង​ត្រូវ​ជន​ទុច្ចរិត​គាស់​យក​បាត់ ។ គឺ​សល់​តែ​រូបថត​អនុស្សាវរីយ៍​ប៉ុណ្ណោះ ។

គេ​ក៏​រក​ឃើញ​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ព្រះ​មហា​វីរក្សត្រ​ដ៏​ខ្លាំងពូកែ​ល្បីល្បាញ​កំពូល​នៃ​ប្រវត្ដិសាស្ដ្រ​ខ្មែរ ​ទ្រង់​ពស្ដ្រា​ជា​ព្រះរាជវាំង​បំពេញ​រាជកិច្ច​ ​ឬ​ផ្ដល់​សវនាការ​ដល់​មន្ដ្រី​រាស្ដ្រ​ និង​ភ្ញៀវ​បរទេស​ទ្រង់​ប្រដាប់​ព្រះ​កាយ​ដោយ​ពស្ដ្រា​ទ័ព​ និង​អាវុធ ។

រូបចម្លាក់​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទ្រង់មាន​ព្រះបាទ​ព្រះហស្ថ​មាន​ព្រះ​កាយ​ និង​ព្រះ​កម្លាំង​ពលំ​មាំមួន​ណាស់ ។ មាន​រូបចម្លាក់​និយាយ​ពី​ចម្បាំង​នៃ​កងទ័ព​ដំរី​ ​ទ័ព​ជើងទឹក​ (ទូក) ។ មាន​រូបចម្លាក់​បង្ហាញ​ពី​ទ័ព​ក្បត់​ ឬ​ទ័ព​បច្ចាមិត្ដ​ដែល​មេទ័ព​ចាប់​បាន​រួច​កាត់​ក្បាល​មក​ជូន​មេទ័ព​ ឬ​ថ្វាយ​ស្ដេច​ជា​ភ័ស្ដុតាង ។ មាន​រូបចម្លាក់​ផ្កា​ភ្ញី​សក្ការៈ​ ​ផ្កា​ភ្ញី​ និង​រុក្ខជាតិ​ព្រៃ​ ​រុក្ខជាតិ​ឱសថ​ ​និង​ដំណាំ​ផ្សេងៗ ។​ ​មាន​បង្ហាញ​ពី​ការ​អភិរក្ស​សត្វព្រៃ​ និង​ព្រៃឈើ ។

គេ​រក​ឃើញ​ផង​ដែរ​នូវ​ចម្លាក់​រូប​សត្វ​ម្រឹគីម្រឹគា​ ​សត្វ​ស្លាប​ ​សត្វ​ល្មូន​ ​មច្ឆជាតិ​ ដែល​ជា​សត្វព្រៃ​រហូត​ដល់​សត្វស្រុក​ ​មាន​សត្វពាហនៈ​ ​សត្វ​ចិញ្ចឹម​សម្រាប់​ប្រើប្រាស់​ ​ឬ​ធ្វើ​ម្ហូប​រហូត​ដល់​សត្វ​ចិញ្ចឹម​កម្សាន្ដ​ក្នុងផ្ទះ ។

ពួក​ទេសចរ​ និង​អ្នក​ស្រាវជ្រាវ​រក​ឃើញ​រូបចម្លាក់​នៃ​មនុស្ស​ចូល​ចិត្ដ​ពាក់​យ័ន្ដ​គាថា​ ​ពាក់​សង្វារ​ និង​ការ​តុបតែង​ខ្លួន​ផ្សេងៗ​ទៀត ។​ ​មាន​រូបចម្លាក់​ស្ដីពី​ការ​សង្គ្រោះ​មនុស្ស​ដោយ​សែង​នឹង​អង្រឹង​ ​ឬ​ជិះ​រទេះគោ ។

ទាក់ទិន​ដល់​ជីវភាព​ប្រជាជន​ គេ​រក​ឃើញ​រូបចម្លាក់​ស្ដីពី​ការ​ប្រកប​របរ​ត្បាញ​ ​របរ​កសិកម្ម​ ​ការ​គាំពារ​មាតា​ និង​ទារក​ ​ការ​សម្រាលកូន​ កីឡា​ប្រជល់​មាន់​ ​កីឡា​ចំបាប់​ដ៏​ខ្លាំងពូកែ​ (ស្រដៀង​កីឡា​ចំបាប់​សូម៉ូ​របស់​ជប៉ុន) ។

បន្ថែម​លើ​នោះ​ គេ​រក​ឃើញ​ពី​ចម្លាក់​ទាក់ទិន​ប្រវត្ដិសាស្ដ្រ​ប្រាសាទ​នេះ​ និង​ការ​ច្បាំង​រវាង​ទ័ព​នៃ​មេទ័ព​ស្រីឥន្ទ្រកុមារ​ ព្រះរាជបុត្រ​ឆ្នើម​ និង​សំណព្វ​ព្រះ​ទ័យ​នៃ​ព្រះ​នាង​ជ័យទេវី​ និង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​និង​មេទ័ព​ជំនិត​ដែល​ច្បាំង​តទល់​នឹង​សត្វ​រាហ៊ូ​ ​ឬ​យក្ស​មុខ​ក្រវេមក្រវាម​ (តំណាង​ជន​អាក្រក់​ ឬ​ជន​បះបោរ​នៃ​សម័យ​មហានគរ) ។ រូប​នោះ​គេ​ឃើញ​គោ​អូស​រទេះ​ត្រូវ​សត្វ​ចម្លែក​ដ៏​ធំ​មួយ​ ​ឬ​ខ្លះ​ហៅ​ថា​រាហ៊ូ​លេប​ចូល​អស់​មួយ​កំណាត់​ខ្លួន​ទៅ​ហើយ ។​ ​ឯកសារ​ស្រាវជ្រាវ​ដែល​រស្មីកម្ពុជា​មាន​ក៏​បាន​បញ្ជាក់​ថា​ ជា​និមិត្ដ​នៃ​ការ​វាយ​ប្រយុទ្ធ​រវាង​ព្រះរាជបុត្រ​ជា​មេទ័ព​ និង​សេនា​តទល់​នឹង​សត្រូវ​គឺ​រវាង​កងទ័ព​មហានគរ​ ​កម្ចាត់​ពួក​ក្បត់​បះបោរ​ទៅ​លពបុរី​ (នៅ​ប្រទេស​សៀម​បច្ចុប្បន្ន) ឬ​រវាង​ទ័ព​មហានគរ​ប្រយុទ្ធ​នឹង​ទ័ព​ក្បត់​នៅ​នគរ​ចម្ប៉ា​កាល​នគរ​នោះ​ជា​ចំណុះ​ខ្មែរ ។

ពោល​គឺ​នៅ​ជញ្ជាំង​ ​ឬ​ថែវ​ ​ឬ​របង​ទី​១​នៃ​ប្រាសាទ​បន្ទាយឆ្មារ​ និង​ទីកន្លែង​ដទៃ​ទៀត​ពាសពេញ​ប្រាសាទ​ ​មាន​រូបចម្លាក់​ក្នុង​អត្ថន័យ​ អត្ថរូប​ និង​អត្ថរស​សម្បូរ​បែប​ណាស់ ៕

ដកស្រង់​ពី​សារព័ត៌មាន​រស្មី​កម្ពុជា

រូបចម្លាក់​រាហ៊ូ​លេប​គោ​ចូល​ជា​និមិត្ដរូប​សភាវៈ​អាក្រក់​ ​និង​ល្អ​ប្រយុទ្ធ​គ្នា​នៃ​ប្រវត្ដិ​ប្រាសាទ​បន្ទាយឆ្មារ

រូបចម្លាក់​រាហ៊ូ​លេប​គោ​ចូល​ជា​និមិត្ដរូប​សភាវៈ​អាក្រក់​ ​និង​ល្អ​ប្រយុទ្ធ​គ្នា​នៃ​ប្រវត្ដិ​ប្រាសាទ​បន្ទាយឆ្មារ

 

July 23, 2009

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ.ស 

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ្រិស្តសករាជ

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​ដែល​មាន​ទីតាំង​នៅ​ពី​ខាងត្បូង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក​ស្ថិត​ក្នុង​ភូមិ​ព្រែក​ប្រណាក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​រស្មីកម្ពុជា​ដឹង​ថា​ ខ្មែរ​មាន​ជំនឿ​លើ​អ្នក​ម្នាង​ផ្ទះ​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ចាប់​តាំងពី​ការ​កកើត​ និង​កាន់​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ​ ​ដូច្នេះ​វា​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

ការ​ហៅ​ពាក្យ​ថា​ ជំនាងផ្ទះ ​របស់​ខ្មែរ​កន្លង​មក​ត្រូវ​បាន​លោក​ សឹង្ហ​ ​គា ​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​បដិសេធ​ថា​ វា​ពុំ​មាន​ន័យ​សក្ដិសម​ទាល់តែ​សោះ​ជាមួយនឹង​មុខងារ​របស់​អ្នកម្នាងផ្ទះ​ ​ហើយ​ក៏​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ផង​ដែរ (ប៉ុន្តែ​ក្នុង​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​កំណែ​២ មាន​ពាក្យ​ជំនាងផ្ទះ​នេះ ថែម​ទាំង​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទៀត​ផង) ។

ទាក់ទិន​ទៅ​នឹង​គតិបណ្ឌិត​ខ្មែរ​ចំពោះ​អ្នកម្នាងផ្ទះ​ លោក​អគ្គលេខាធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត​ និង​ព្រលឹង​ វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា​មាន​តម្លៃ​ គឺ​មាន​ជីវិត​ដែរ​ដែល​ទស្សនៈ​នេះ​មាន​នៅ​ក្នុង​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​នៅ​កំណត់​បាន​ថា​ជា​របស់​ខ្មែរ​ ​គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខុម​លោក ។​តួនាទី​អ្នកម្នាងផ្ទះ​គឺ​ជា​ធាតុ​មួយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​ព្រលឹង​មាន​ជីវិត​ ​ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឱ្យ​គង់​ផង​ ​ថែរក្សា​មក​ខ្លួន​ផង​ (ផ្ទះ) ឱ្យ​គង់​និង​សុខដុមរមនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នៅ​ក្នុង​ផ្ទះ​ ​និង​រួម​ទាំង​ផ្ទះ​ផង​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កំណត់​ថា​ មាន​ព្រលឹង​វិញ្ញាណ​ដែល​ជា​អ្នក​ការពារ​ផ្ទះ​ ​និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឱ្យ​បាន​សេចក្ដីសុខ​ ​និង​ចម្រើន​ជឿនលឿន ។

មាន​ចំណុច​សំខាន់ៗ​ពីរ​លោក​អគ្គលេខាធិការ​ក៏​បាន​ធ្វើការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ដូច​ខាងក្រោម​ថា ៖

ការ​បដិសណ្ឋិត​អ្នកម្នាងផ្ទះ

បន្ទាប់​ពី​ប្រុង​គ្រឿង​ផ្ទះ​រួចរាល់​ហើយ​ ​ព្រឹក​ដែល​ត្រូវ​លើក​ផ្ទះ​ អាចារ្យ​បង្គាប់​ឱ្យ​ជាង​សែង​ឈើ​ដែល​ជា​មេដំបូល​នោះ​មក​សណ្ដូក​តាម​ទិស​ផ្ទះ​ គឺ​ពី​កើត​ទៅ​លិច​ គល់ឈើ​ត្រូវ​ដាក់​ខាងកើត​ និង​កប់​បន្ដិច​ផង​ ​រីឯ​ចុង​របស់​ឈើ​ជា​មេដំបូល​ត្រូវ​ដាក់​ខាងលិច ។ អាចារ្យ​បាន​យក​អំបោះ​ទៅ​ជ្រលក់​ទឹក​លាយ​ម្សៅ​រមៀត ។ រួច​យក​ទៅ​ចង​ចុង​មេដំបូល​នោះ​ជាមួយ​នឹង​ការ​បន់ស្រន់​ឧបកិច្ច​យ៉ាង​ហ្មត់ចត់​ដោយ​ប្រុង​ប្រយ័ត្ន ។ មេជាង​ធំ​បាន​កាត់​ចុង​មេដំបូល​នោះ​បន្ដិច​ត្រង​យក​អាចម៍​រណា និង​ចុង​នោះ​បោះ​ចូល​ក្នុង​ទឹក​ដោយ​ឧបកិច្ច​សុំ​សេចក្ដីសុខ​ដល់​ម្ចាស់ផ្ទះ​ និង​សុំ​ឱ្យ​ជាង​ទាំងអស់​ក្នុង​បេសកកម្ម​លើក​ផ្ទះ​នេះ​បាន​សុខ​ទាំងអស់​គ្នា ។

នៅ​សសរ​កន្លោង​អាចារ្យ​បាន​ស្នើ​ឱ្យ​ម្ចាស់​ផ្ទះ​រក​កូន​ចេក​ ​ឬ​អំពៅ​ជាមួយ​និង​ឆត្រ​ ​ខោអាវ​ថ្មីៗ​ ​ក្រមា​មក​ចង​ផ្អោប​តាំងពី​ដំបូង ។​ ​គ្រឿងសម្អាង​ ​និង​សម្លៀក​បំពាក់​ស្ដ្រី​ទាំងនោះ​គឺ​សម្រាប់​នារី​ភេទ​ ​នោះ​គឺ​អ្នក​ម្នាង​ផ្ទះ​នោះ​ឯង ។ បន្ទាប់​ពី​ការ​សាងសង់​ផ្ទះ​រួច​ហើយ​ម្ចាស់ផ្ទះ​ត្រូវ​យក​អំពៅ​ ​ឬ​ដើម​ចេក​ទៅ​ដាំ​នៅ​ជ្រុង​ឦសាន​នៃ​គេហដ្ឋាន​ថ្មី​នោះ​ រីឯ​សម្លៀក​បំពាក់​នោះ​ ​អាចារ្យ​ត្រូវ​ស្នើ​ឱ្យ​ម្ចាស់ផ្ទះ​ស្ដ្រី​យក​ទៅ​ចង​ ឬ​ស្លៀកពាក់​ឱ្យ​សសរ​កន្លោង​នោះ​ ​ព្រមទាំង​លាប​ប្រេង​ម្សៅ​បាញ់​ទឹកអប់​ដាក់​សសរ​នោះ ។ ក្នុង​ខណៈ​នេះ​ទាំង​អាចារ្យ​ ​និង​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ដោយ​ព្រះធម៌​នមស្ការ​អញ្ជើញ​វិញ្ញាណ​ព្រះ​ម្នាង​របស់​បុព្វបុរស​ក្នុង​ត្រកូល​គ្រួសារ​នោះ​គ្រប់ៗ​ជំនាន់​ឱ្យ​មក​សណ្ឋិត​នៅ​ក្នុង​សសរ​ផ្ទះ​នេះ​ចាប់ពី​ពេល​នេះ​តទៅ ។

មនុស្ស​ទាំងអស់​ដែល​ចូលរួម​ពិធី​ឡើងផ្ទះ​នេះ​សុទ្ធតែ​ជួយ​បន្ទរ​នូវ​ពាក្យ​អង្វរករ​ដោយ​ពាក្យ​ល្អៗ​ពីរោះ​ដើម្បី​ឱ្យ​វិញ្ញាណ​ភរិយា​នៃ​បុព្វបុរស​នៃ​ត្រកូល​នៃ​គ្រួសារ​នេះ​ឱ្យ​មក​សណ្ឋិត​នៅ​នឹង​ផ្ទះ​នេះ​ជួយ​ចម្រុង​ចម្រើន​ដល់​គ្រួសារ​នេះ ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្នកម្នាង ផ្ទះ​បាន​មក​នៅ​សណ្ឋិត​ក្នុង​ផ្ទះ​ដោយ​ប្រាកដ ។ ក្នុង​ថ្ងៃ​នេះ​ម្ចាស់ផ្ទះ​ក៏​បាន​រៀបចំ​ចំណីអាហារ​ ​និង​បង្អែម​ទឹក​ទទួល​អ្នកម្នាងផ្ទះ​ដោយ​តម្កល់​ថាស​អាហារ​ក្បែរ​សសរ​នោះ​បែរមុខ​ទៅ​រក​ជណ្ដើរ ។ រីឯ​សម្លៀក​បំពាក់​នោះ​គឺ​ស្រេច​តែ​លើ​សមត្ថភាព​ម្ចាស់ផ្ទះ​ ​បើ​ធូរធារ​គឺ​សុទ្ធតែ​ខោអាវ​ល្អៗ​ចំពោះ​ស្ដ្រី ។ ម្យ៉ាងទៀត​សម្លៀក​បំពាក់​ម្ចាស់ផ្ទះ​ពី​បុរាណ​ពុំដែល​យក​ចេញ​ ​គឺ​តែងតែ​ផ្លាស់​ប្ដូរ​ឱ្យ​ជា​រៀង​រាល់​ឆ្នាំ ។

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ​នោះ​មុតមាំ​ណាស់​ ​គេ​បាន​សង់​កូន​ប្រាសាទ​តូច​ឬ​ អាសនៈ​មួយ​សម្រាប់​តម្កល់​ជាប់​នឹង​សសរ​ផ្ទះ​ ​សម្រាប់​រៀបចំ​ពិធី​សក្ការៈ​ផ្សេងៗ ។ ម្ចាស់ផ្ទះ​តែងតែ​យក​ផ្លែ​ឈើ​ដំបូង​ដើមដៃ​ដែល​ជា​ផល្លានុផល​របស់​គេ​មក​ថ្វាយ​អ្នក​ម្នាង​ផ្ទះ ។ ផ្លែ​ឈើ​ ឬ​ផល្លានុផល​ទាំងនោះ​ ​គឺ​ជ្រើសរើស​យក​តែ​ផ្លែ​ធំៗ​ល្អៗ​ជាងគេ​សម្រាប់​រៀបចំ​ដល់​ “អ្នកម្នាងផ្ទះ” 

គួរ​ឱ្យ​សោកស្ដាយ​ដែល​ទំនៀមទម្លាប់​ដ៏​ផូរផង់​នេះ​បាន​សាបរលាប​បន្ដិច​ម្ដងៗ​ស្ទើរ​គ្មាន​ដាន​ ​និង​ស្រាវជ្រាវ ។​ ​ជិត​មួយ​សតវត្ស​ទៅ​នេះ​ខ្មែរ​ស្ទើរតែ​គ្មាន​ព្រលឹង​ ​រហូត​យក​ព្រលឹង​អ្នក​ដទៃ​មក​បញ្ចូល​ក្នុង​រូប​របស់​ខ្លួន​ តួយ៉ាង​ដូច​ជា​ការ​គោរព​បូជា​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងផ្ទះ​ជាដើម​ ​គឺ​គ្មាន​អ្វី​សក្ដិសម​នឹង​ជាតិ​សាសន៍​មួយ​នៅ​លើ​ទឹកដី​មួយ​ឱ្យ​ប្រាកដ​ប្រជា​ឡើយ ។

ហេតុ​អ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ?

ពាក្យ​ថា​ខ្មែរ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ ។ លោក​សាស្ត្រាចារ្យ​ កេង​ ​វ៉ាន់សាក់​ ​និង​លោក​ ឈឹម​ ​ក្រសេម​ ​ហាក់​យល់​ស្រប​គ្នា​ថា​ សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វ​កាល​គឺជា​សង្គម​មាតា​ធិបតេយ្យ​ ​គឺ​យក​ស្ដ្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​ការ​គោរព​អ្វី​ដែល​ជាទី​ពឹង​ និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​ “មេ”​ គឺ​សំដៅ​ទៅ​ស្ដ្រីភេទ​ដូច​ជា​មេដៃ​ ​មេជើង​ ​និង​មេដឹកនាំ​ ​មេដំបូល​ផ្ទះ​ជាដើម ។ នេះ​ជា​ការ​លើក​តម្កើង​ស្ដ្រី​ដែល​មាន​ជាប់​មក​រហូត​ដល់​សព្វថ្ងៃ​ដែល​ខ្មែរ​នៅ​ប្រើ​ ដូចជា​ ម្ដាយ​ឪពុក​ និង​ជីដូន​ជីតា​ គឺ​សុទ្ធតែ​ដាក់​ស្ដ្រី​មុន​ទាំងអស់​ទោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ស្ដ្រី​ត្រូវ​ដើរ​មុន​ ​ឬ​ប្ដី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ “ខ្មែរ” ​គឺ​មក​ពី​ផ្សំ​អក្សរ​ “ក” បញ្ចូល​គ្នា​នឹង​ពាក្យ​មួយ​គឺ​ «ក​+​មេ» ។​ ​ព្យញ្ជនៈ​ “ក” កាលណា​ដាក់​នៅ​មុខ​ពាក្យ​ណាមួយ​​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថាន់​ឡើង ។ ពាក្យ​ថា​ ក​ ​មេ​ ​មាន​ន័យ​ថា​មេ​ដ៏​អស្ចារ្យ​ ​មេ​ដ៏​រុងរឿង ។ ការ​ហៅ​ប្រទេស​នេះ​ឈ្មោះ​ ក​ ​មេ​ ​រហូត​ក្លាយជា​ ក្មេរ​ ទៅ​ជា​ ក្មែរ​ ឬ​ ខ្មែរ​ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ​ដែល​មាន​អក្សរ​ “ក” ​ពីមុខ​ ដូចជា​ កូរទឹក​ បើ​ថែម “ក” ​ពីមុខ​វា​ទៅ​ជា កកូរ​ទឹក​ ​កកាយ​ដី​ ​គឺ​មាន​ន័យ​ស្ទួន ។

ទាក់ទង​រវាង​ស្ដ្រីជាតិ​ដែល​ជា​អ្នកម្នាងផ្ទះ​ខ្មែរ​នោះ​ ​នៅ​មាន​អំណះ​អំណាង​ជា​ច្រើន​ទៀត​ដែល​​នឹង​បកស្រាយ​តាម​លំដាប់​លំដោយ​ដែល​មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ​ ​ដែល​ជនជាតិ​ខ្មែរ​គួរតែ​ស្វែង​យល់​ និង​គួរ​ដឹង ។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ហ្សាក់​ ណេពត​ ដែល​ជា​ជនជាតិ​បារាំង បាន​បញ្ជាក់​ថា​ ផ្ទះ​គឺជា​កម្មសិទ្ធិ​របស់​ស្ដ្រី​គឺ​ខុស​គ្នា​ពី​វត្ដ​ជា​កម្មសិទ្ធិ​របស់​បុរស​ភេទ​ គ្រាន់តែ​វត្ដ​ហាម​ឃាត់​ផ្នែក​ភេទ​ប៉ុណ្ណោះ ។

ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ក្ដី​ក្រោយ​ពេល​រៀបការ​បុរស ​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី​ បុរស​ត្រូវ​ដេក​នៅ​ខាងស្ដាំ​ ភរិយា​ខ្លួន​គឺ​ក្នុង​នាម​ជា​អ្នកបម្រើ​ ឬ​អ្នកកន្ដៀត ។ នៅ​ក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែ​រួម​ភេទ​ដើម្បី​បង្កើត​កូន ។ ប្រសិនបើ​ប្រសូត​បាន​កូន​ប្រុស​គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក​ ប្រសិនបើ​គ្រួសារ​នោះ​លែង​លះ​គ្នា​ គឺ​កូន​ប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្ដាយ​ ​ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណ​ក៏​មាន ។ មិនយូរ​ប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ​ក្រោយ​ពី​ពេល​ចេញ​ម្លប់​ ឪពុក​ម្ដាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុល​បង្ហាញ​ដី​ស្រែ​ចម្ការ​ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឱ្យ​នាង​ក្រោយ​ពេល​រៀប​ការ ។ នៅ​ភូមិ​គ្រួស​ ​ឃុំ​គ្រួស​ ​ស្រុក​រលៀប្អៀរ​ ​ខេត្ដ​កំពង់ឆ្នាំង​សព្វថ្ងៃ​ នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ​ គឺ​មុន​ពេល​រៀប​ការ​ភាគី​បុរស​ត្រូវ​សន្យា​ថា​ ​នឹង​សង់ផ្ទះ​មួយ​ឱ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀប​ការ​ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ដ្រី​នោះ​ ​ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​ទាមទារ​យក​វិញ​បាន​ទេ ។

ស្ដ្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅ​ថា​ “មេ​ខ្លូត”​ គឺ​ស្ដ្រី​ដ៏​ឧត្ដុ​ង​ឧត្ដម​ប្រកប​ដោយ​ឥស្សរភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើ​ពាក្យ​ថា​ខ្លូត​ចំពោះតែ​ត្រសក់​ត្រឡាច​ ​ដែល​ត្រលុក​ត្រលន់​ល្អ​គួរ​ឱ្យ​ស្រឡាញ់​ពេញចិត្ដ​គ្រប់​គ្នា ។ នៅ​ក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ​ ពិសេស​នៅ​តាម​ជនបទ​គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់​ដូចជា​មាន​បម្រាម​រឹង​ និង​អាថ៌​កំបាំង​ ​នោះ​គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដ្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្ស​ស្រី​គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្ដី ។

សរុប​សេចក្ដី​មក​ អាទិភាព​នៃ​ការ​ថែរក្សា​ ​និង​បង្កើត​សេចក្ដី​សុភមង្គល​ក្នុង​គេហដ្ឋាន​ខ្មែរ​ ​គឺជា​ស្ដ្រីជាតិ​ដែល​យើង​ហៅ​ថា​ “អ្នកម្នាងផ្ទះ” ។ ពាក្យ​ថា​អ្នកម្នាងផ្ទះ​គឺ​សំដៅ​លើ​ស្ដ្រីភេទ​ក្នុង​ត្រកូល​ឧត្ដម ឬ​ស្ដេច ។​ ការ​ហៅ​ថា​ ជីនាងផ្ទះ​ ​ឬ​ជំនាងផ្ទះ​ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ​ ឬ​បែរ​ជា​មាន​ន័យ​ផ្សេង​ទៅ​វិញ ។ ទោះ​ក្នុង​សង្គម​មនុស្ស​ក្ដី​ ប្រសិនបើ​ហៅ​ឈ្មោះ ឬ​សរសេរ​ឈ្មោះ​របស់​នរណា​ម្នាក់​ខុស​ ហើយ​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ម្ចាស់​ឈ្មោះ​នោះ​ គេ​ឃើញ​ថា​ខុស​ឈ្មោះ​ ​គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់​ថា​រាប់អាន​ម្ដេច​កើត​សូម្បី​ឈ្មោះ​គេ​ពុំ​ស្គាល់​ផង​នោះ ។

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា)

 

July 17, 2009

កំណើត​សត្វ​ឆ្មា

អតីត​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុឌ្ឍីបព៌ត​ ​តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ​ជា​អង្វែង​ឆ្នាំ​មក ។​ ​នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​ ​គឺ​ទិស​បូព៌ា​១​ ​ទក្សិណ​១​ ​បស្ចិម​១​ ​និង​ឧត្ដរ​១ ។ ស្រះ​នោះ​មាន​ទឹកថ្លា​ ​មាន​ដុះ​ឈូក​ក្រហម​ ​ឈូក​ស​ ​និង​បុប្ផា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ​ឯ​មាត់​ច្រាំង​ក៏​ជ្រាល​មុខ​គួរ​ឱ្យ​សប្បាយ​ពេក​ណាស់ ។​ ​ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍​ ​ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។​ ​មាន​សម័យ​ថ្ងៃមួយ​ ​ព្រះ​ឥសី​គង់​ចម្រើន​មេត្ដា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ​! មាន​ទេពធីតា​មក​ចាប់​កំណើត​ក្នុង​ផ្កា​ឧត្បល​ (បុទមជាតិ, ព្រលិត, លំចង់) ​ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ​ ​អាត្មាអញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ ។​ ​ព្រះ​ឥសី​ក៏​ដាក់​ស្មឹងស្មាធិ៍​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ចុះ​ ​គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្ដរ​ ​ដល់​ស្រះ​ហើយ​ ​ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ​ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ​ ​ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក​ ​ហើយ​និមន្ដ​ត្រឡប់​មក​កាន់​អាស្រម​វិញ​ ​ចិញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ ។ លុះ​ដល់​នាង​ធំ​ ​ក៏​ឱ្យ​ឈ្មោះ​ថា​ ​ឧត្ដរបុប្ផាលុះ​បាន​អាយុ​១៥​វស្សា​ ​លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី​ ​ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ​ ​នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង​ ​អផ្សុក​វិតក្ក​ចិត្ដ​ ​ដូច្នេះ​គួរតែ​អញ​យក​បុប្ផា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បាន​ជា​ពីរ​នាក់ ។ ព្រះ​ឥសី​គិត​ហើយ​ឈ្វេងយល់​ថា​ ​ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា​ ​ជា​ជាតិ​ផ្កា​ដូច​គ្នា​ ​ដូច្នេះ​ចាំ​យក​ជាតិ​ដែល​កើត​ចេញ​ពី​នាង​ផ្ទាល់​វិញ ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង​ឧត្ដរបុប្ផា​មក​ផ្ដាំ​ថា​ ​បើកាលណា​នាង​ធំ​ពេញ​រាង​ហើយ​មាន​រដូវ​ ​ចូរ​នាង​ផ្ដិត​សម្លី​ទុក​ឱ្យ​តាៗ​នឹង​ជប់​ឱ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់ ។​ ​នាង​ឧត្ដរបុប្ផា​បាន​ឮ​លោកតា​មាន​ពុទ្ធដីកា​ហើយ​ ​ក៏​ត្រេកអរ​ពន់​ពេក​ ​លុះដល់​គម្រប់​ពេល​មាន​រដូវ​កាលណា​ហើយ​ ​នាង​ក៏​យក​ទៅ​ថ្វាយ​លោកតា​តាម​បណ្ដាំ ។​ លោកតា​ប្រាប់​ទៅ​នាង​ថា​៖ អើ​ចៅ​! ថ្ងៃស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់​គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ ។​ ​វេលា​យប់​នោះ​នាង​ដេក​ពុំ​លក់​សោះ​ទន្ទឹង​ចាំតែ​ព្រឹក​ឆាប់​ ​នឹង​អាល​បាន​គ្នា​ជា​ពីរ​នាក់ ។​ ​លុះ​ព្រឹក​ឡើង​ ​លោកតា​ក៏​បិទ​ទ្វារ​កុដិ​ ​តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ដ​ជប់​បាន​ជា​ឆ្មា​ញី​មួយ​សប្បុរ​បី​អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឱ្យ​ទៅ​នោះ ។ រួច​ស្រេច​ហើយ​ ​ឥសី​ហៅ​នាង​ឧត្ដរបុប្ផា​មក​ ​ហើយ​លើក​ឆ្មា​ហុច​ឱ្យ​នាង​ ​ប្រាប់​នាង​ថា​ ​“នេះ​ជា​គ្នា​របស់​នាង​ហើយ​ ​សត្វ​នេះ​មាន​ឈ្មោះ​ថា​ ​“ឆ្មា​ម៉ា” ។ សត្វ​នោះ​ចេះ​និយាយ​គួរសម​ជាមួយ​នាង​ ​នាង​ក៏​ទទួល​យក​មក​ថែរក្សា​ ​ដោយ​សេចក្ដី​ស្រឡាញ់​ពេញចិត្ដ​ ​ទុក​ដូចជា​កូន​ ​ឬ​ប្អូន​ឱប​ដល់​ឱរា ​បី​យក​ទៅ​ក្នុង​បន្ទប់​ ​ទៅ​ណា​មក​ណា​តែង​យក​ទៅ​តាម​និយាយ​គ្នា​បី​ដូច​មនុស្ស​ដូច្នេះ ។​ ​លុះ​ដល់​អាយុ​នាង​បាន​១៧​ឆ្នាំ​ ​ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា​ឱ្យ​នាង​កាន់​ ​កុំ​ឱ្យ​ភាន់ច្រឡំ​ ​សម្រាប់​ជា​ច្បាប់​តទៅ​កូនចៅ​ស្រីៗ​ឯក្រោយ​ទៀត​ គឺថា​ជាតិ​ជា​ស្រី​ទាំង​អម្បាលម៉ាន​ ​មិន​ត្រូវ​ទាត់​សត្វ​ឆ្មា​នេះ​នឹង​ជើង​ ​ឬ​វាយ​នឹង​អម្បោស​ ​ឬ​មួយ​នឹង​ត្របុត​ត្រីអាំង ។​ ​កុំ​ថា​តែ​ទាត់​ធាក់​ ​សូ​ម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ​ ​ត្បិត​សត្វ​នេះ​កើត​ឡើង​ដោយ​លក្ខណ៍​ស្រី ។​ ​បើ​ស្រី​ណា​ទាត់​ធាក់​ ឬ​ដើរ​កន្លង​សត្វ​នេះ​ ​ហៅ​ថា​ស្រី​ហិនលក្ខណ៍​ ​ហើយ​បើ​ប្រព្រឹត្ដ​ច្រើន​ដង​ទៅ​ហៅ​ថា​ ​ស្រី​ខាតលក្ខណ៍ ។​ ​ត​មក​ប្រមាណ​១៤​ខែ​ ​សត្វ​ឆ្មា​ម៉ា​ក៏​កើត​បាន​កូន​ឈ្មោល​មួយ​ឡើង​ទៀត ។​ ​គឺថា​ឆ្មា​ម៉ា​ទាំង​ពីរ​នេះ​ហើយ​ ​ជា​កំណើត​ឆ្មា​ទាំងអស់ ។​

និយាយ​ពី​ស្ដេច​អង្គ​នាម​សោទត្ដ​ ​ព្រះរាជ​បិតា​លើក​រាជសម្បត្ដិ​ឱ្យ​កូន​នោះ​សោយរាជ្យ​ ​ពី​ព្រះ​ជន្ម​បាន​២១​ព្រះ​វស្សា​ ​នៅ​នគរ​ឈ្មោះ​តក្កសិលា ។​ ​ស្ដេច​ថ្មី​នោះ​សោយរាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ​ ​ត្រអាល​ក្រសាល​តែ​នឹង​ស្រីស្នំ​បរិពារ ។​ លុះ​អង្វែង​ទៅ​ ​ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ​ ​លោក​នឹកភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ ។​ ​លុះ​ភ្លឺស្វាង​កាលណា​ ​ស្ដេច​ក៏​ចេញ​ចុង​ព្រះ​រាជរោង​ ​ឱ្យ​នាម៉ឺន​មុខមន្ដ្រី​គាល់​ដូច​សព្វដង ។​ ​លុះ​ជួបជុំ​មន្ដ្រី​អស់ហើយ​ ​ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​ថា​ ​“យើង​ចង់ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខានស្អែក​ ​ចូរ​រៀបចំ​ពល​ថ្មើរជើង​ ​និង​សេះ​ដំរី​រៀបចំ​ស្បៀងអាហារ​ក្រយាស្ងោយ​គ្រាន់​គ្រប់​គ្នា​កុំឱ្យ​ខ្វះ” ។ នាម៉ឺន​ទទួល​ព្រះរាជ​ឱង្ការ​កាលណា​ ​ក៏​រៀប​គ្រប់​ប្រដាប់​ឥត​មាន​ខ្វះ​ ​ពល​ថ្មើរជើង​ ​ពល​សេះ​ដំរី​ ​រួច​ស្រេច​ហើយ​ ​ក៏​ចូល​ក្រាប​បង្គំ​ទូល​ស្ដេច​ទ្រង់​ជ្រាប ។​ ​លុះដល់​កំណត់​ថ្ងៃ​ហើយ​ ​វេលា​ព្រឹក​ ​ស្ដេច​ក៏​យាង​ចេញ​ទៅ​ ​ដោយ​មាន​នាម៉ឺន​សេនា​ ​ទាហាន​ហែ​តាម​ ​លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់​ព្រៃ​ហែមវន​ ​ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឱ្យ​បោះ​ព្រះ​ពន្លា​មួយ​នៅ​ទីនោះ ។​ ​អស់ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់ៗ​គ្នា​ ​តាម​មុខ​របស់​ខ្លួន​ស្រេច​ហើយ​ ​ស្ដេច​មាន​បន្ទូល​បើក​អំណាច​ឱ្យ​អស់​សេនា​លេងល្បែង​ ​ភ្លេង​ច្រៀង​រាំ​តាម​ចិត្ដ​ឱ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ ។

នៅ​ពេល​យប់​នោះ​ ​ស្ដេច​ក៏​ចូល​ផ្ទំ​ក្នុង​ព្រះ​ពន្លាជ័យ​ ​លុះ​អធ្រាត្រ​ស្ងាត់​ឮ​ស្នូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ​មុខ​គួរ​ឱ្យ​ស្រងេះ​ស្រងោច​លន្លង់លន្លោច​ក្នុង​ព្រះ​ទ័យ​ ​មមៃ​នឹកគិត​គ្រប់សព្វ​ ​លុះ​ភ្លឺស្វាង​ព្រះ​សុរិយា​កាលណា​ ​ស្ដេច​ក៏​មាន​ព្រះរាជ​ឱង្ការ​បង្គាប់​ទៅ​រាជ​អាមាត្យ​ឱ្យ​រៀប​ទីន័ង​អស្សត​ថ្វាយ​ព្រះ​អង្គ​នឹង​ត្រេច​មើល​ព្រៃ​កំសាន្ដ​ព្រះ​ទ័យ​ជាមួយនឹង​រាជ​អាមាត្យ​ពីរ​នាក់​និង​ស្ដេច ។​ ​រួច​ហើយ​ចេញ​ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លាជ័យ​វិញ ។​ ​គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក​មួយ​ ​ស្ដេច​ក៏​បរ​ទីន័ង​ទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្ដរបុប្ផា​ ​ទ្រង់​ទត​ទៅ​ឃើញ​ទឹក​ដ៏​រង​ថ្លា​ឃើញ​បុប្ផា​ ​និង​មច្ឆា​គ្រប់​បែប​ ​ហែបហែល​ជ្រួល​ច្រវាត់​មុខគួរ​ឱ្យ​ទ្រង់​សព្វព្រះទ័យ​នឹង​ចុះ​ស្រង់ ។​ ​ទើប​ស្ដេច​មាន​បន្ទូល​ទៅ​អាមាត្យ​ទាំង​ពីរ​ថា​ ​យើង​ងូតទឹក​ស្រះ​នេះ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ដ​សិន​ ​សឹម​បន្ដដំណើរ​ទៅ​ ​ទើប​ឈប់​លែង​ពាជី​ឱ្យ​ស៊ី​ស្មៅ​ ​រួច​ផ្លាស់​ព្រះ​ពស្ដ្រា​ស្រេច​ ​ស្ដេច​ក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ​ឃើញ​មាន​ផ្លូវ​ទក់ៗ​ ​ព្រះ​អង្គ​នឹក​ថា​ ​“យី​! ព្រៃ​នេះ​ជា​សម​សាន្ដ​ឋាន​ស្ងាត់​ណាស់​ ​ម្ដេច​ឡើយ​ក៏​មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នេះ” ។ រួច​ស្ដេច​មាន​បន្ទូល​ទៅ​នឹង​រាជ​អាមាត្យ​ថា​ ​នៅ​ចាំ​យើង​ទី​នេះ​ចុះ​ ​យើង​ដើរទៅ​មើល​ត្រង់នោះ​បន្ដិច ។​ ​ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ​ទៅៗ​បន្ដិច​បាន​ក្រទ្បេក​ឃើញ​អាស្រម​ ​ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា​ ​រោង​នេះ​ជា​រោង​អី ? ជា​ផ្ទះ​ព្រានព្រៃ​ទេ​ឬអ្វី ? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ​ ​ឯ​ព្រះ​ឥសី​កំពុង​ឆាន់​ ​នាង​ឧត្ដរបុប្ផា​កំពុង​អង្គុយ​គាក​លោកតា ។​ ​លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញ​ ​នាង​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ។​ ​ព្រះ​ឥសី​សួរ​ទៅ​នាង​ថា​ ​ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង ។​ ​នាង​និយាយ​តិចៗ​ទូល​ឥសី​ថា​ ​“មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក” ។ ព្រះ​ឥសី​ក៏​បែរ​ព្រះ​ភក្ដ្រ​ទត​យល់​ដូច​នាង​ទូល​មែន ។​ ​ឯ​ព្រះរាជា​ ​លុះ​យល់​ច្បាស់​ដូច្នោះ​ហើយ​ ​ក៏​ចូល​មក​ដល់ទី​នេះ​ ទើប​ស្ដេច​ទូល​ទៅ​ឥសី​ថា​ ​“ខ្ញុំព្រះករុណា​មក​ពី​នគរ​តក្កសិលា” ឥសី​ឈ្វេងយល់​មួយ​រំពេច​ថា​ ​នេះ​ជា​ស្ដេច​ ​ទើប​ព្រះអង្គ​សួរ​ទៅ​ទៀត​ថា​ ​“ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី​?” ។ ព្រះបាទ​សោទត្ដ​ ​ទូល​ឥសី​តាម​ដំណើរ​ ​ឯ​ឥសី​ឈ្វេងយល់​ថា​ ​ស្ដេច​អង្គ​នេះ​ត្រូវជា​គូរ​នឹង​នាង​ឧត្ដរបុប្ផា​ ​លោក​ក៏​ហៅ​ចៅស្រី​ឱ្យ​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា ។

ហេតុតែ​នាង​ជា​ស្រី​មាន​លក្ខណ៍​ ​ក៏​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា​តាម​ពុទ្ធដីកា ។​ ​ព្រះ​អង្គ​ក្រឡេក​យល់​នាង​ ​នាង​ក៏​យល់​ព្រះ​ភក្ដ្រ​ព្រះ​អង្គ​ច្បាស់​ ​ហើយ​ចាប់ចិត្ដ​ទៅ​វិញ​ទៅ​មក​ ​ទើប​ព្រះ​ឥសី​មាន​ពុទ្ធដីកា​ថា​ ​“ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូរ​នឹង​នាង​តាំង​តែ​អំពី​អតីតជាតិ​មក​ម្ល៉េះ” ។ គ្រានោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល​ ​ព្រះបាទ​សោទត្ដ​ក៏​ទូល​ថា​ព្រះ​អង្គ​យក​តែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ​ ​ឥឡូវ​ឱ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិសឧត្ដរ​ឯណោះ​ ​ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវជា​គូរ​ស្រករ​នឹង​នាង​នេះ​ ​ក៏​ស្រេច​តែ​លោកតា​ ​បើ​សព្វព្រះទ័យ​យ៉ាងណា​ខ្ញុំព្រះករុណា​ទទួល​ធ្វើ​តាម​ទាំងអស់ ។ ឥសី​បញ្ជា​ទៅ​វិញ​ថា​ ​“បើ​ដូច្នេះ​ ​សូម​ស្ដេច​ចៅ​ថយ​ទៅ​រៀបចំ​សង់រោង​បី​ល្វែង​ ​ហើយ​រក​ផ្កា​ឱ្យ​បាន​ប្រាំពីរ​ពណ៌​ ​យក​មក​ចង​ផ្ដុំ​ជា​បី​បាច់​ ​ទុក​ឱ្យ​តា​ប្រសិទ្ធិពរ​ជ័យ​ឱ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​សុខ​សប្បាយ​តទៅ” ។

ស្ដេច​ស្ដាប់​ព្រះពុទ្ធ​ដីកា​ហើយ​ ​ក៏​រួសរាន់​ថ្វាយបង្គំ​លា​យាង​មក​ដល់ទី​កន្លែង​ស្រះ​ ​ដែល​ឱ្យ​អាមាត្យ​ចាំ​ ​ហើយ​បបួល​អាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លាជ័យ​វិញ​ ​ដល់​ហើយ​បញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម​ឱ្យ​រៀបចំ​សង់រោង​បី​ល្វែង​តាម​បង្គាប់​ ​ឥសី ។​ ​បាន​រួច​ស្រេច​ក្បួនទ័ព​ព្រមទាំង​ភ្លេង​តូរ្យតន្ដ្រី​ពីរោះ​ល្វឹងល្វើយ​ទៅ​ដង្ហែ​នាង​ឧត្ដរបុប្ផា​ពី​អាស្រម​ឥសី​ ​និមន្ដ​ទាំង​ឥសី​ឡើង​គង់​ព្រះ​វរ​សលៀង​ ​ដង្ហែ​មក​កាន់​ព្រះ​ពន្លា ។​ ​ដល់​ហើយ​ព្រះ​តាបស​ ​តាំង​សូត្រ​ទិព្វមន្ដ​ព្រះ​ឥសី​ ​ក៏​បាចផ្កា​ប្រាំពីរ​ពណ៌​នោះ​ ​ថ្វាយ​ពរ​ជ័យ​ដល់​គូរ​ស្រករ​ថ្មី ។​ ​បី​ថ្ងៃ​ត​មក​ទើប​ព្រះ​អង្គ​ ​និង​នាង​ជាយា​ ​ថ្វាយបង្គំ​លា​លោកតា​ ​នាង​ក៏​ស្រក់​ទឹកភ្នែក​នឹក​អាល័យ​លោកតា​ ​ព្រោះ​តាំងពី​កើត​មក​ពុំ​ដែល​បែក​ទៅ​ណា​សោះ​ ​ឥឡូវ​មិនដឹង​ជា​កាលណា​នឹង​បាន​មក​ថ្វាយបង្គំ​វិញ​ទេ ។​

គ្រានោះ​ឥសី​បាន​ផ្ដាំ​នាង​ថា​៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ​ ​មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ​ ​នាង​ត្រូវ​ឱប​សត្វ​ឆ្មា​ម៉ា​ ​ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទ​បី​ជុំ​ ​រួច​សឹម​ឡើង​ទៅ​ក្នុង​ប្រាសាទ​នោះ​ ​ទើប​នាង​បាន​សុខ​ ​បាន​សិរី​សួស្ដី ។​ ​នាង​ស្ដាប់​សព្វគ្រប់​ហើយ​ក៏​លា​ចេញ​ទៅ ។​ លុះ​ទៅ​ដល់​ព្រះរាជវាំង​ហើយ​ ​មុន​នឹង​ចូល​ក្នុង​ព្រះរាជ​ដំណាក់​ ​ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឱ្យ​ឆ្គង​ ​ក៏​បាន​ប្រកប​ដោយ​សេចក្ដីសុខ​ចម្រើន​រហូត​ទៅ ។​

ទំនងជា​ដោយសារ​រឿង​នេះ​ទេ​ដឹង​ ​បានជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ​ក្នុង​ពេល​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​ គឺ​គេ​និយម​ឱប​ឆ្មា​មួយ​ ​ហើយ​ដើរ​ប្រទក្សិណ​បី​ជុំ​ហើយ​ស្រេច​ទើប​គេ​ឡើង​នៅ ៕

 

June 25, 2009

ភស្តុតាង​ថ្មី​បញ្ជាក់​ពី​ចំណាស់​នៃ​​រាជធានី​ភ្នំពេញ

ក្រោយ​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម

នៅ​ក្នុង​ឆ្នាំ​១៤៣១​ទីក្រុង​សៀមរាប​អង្គរ​ត្រូវ​បាន​បោះបង់​ចោល​ក្រោយ​ពី​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម​ ហើយ​ព្រះរាជា​ខ្មែរ​ព្រះបាទ​ចៅ​ពញាយ៉ាត​ចាប់ពី​ឆ្នាំ​១៤៣៤​បាន​សាងសង់​ព្រះ​រាជធានី​ថ្មី​មួយទៀត​គឺ​ “រាជធានី​ភ្នំពេញ”​ បច្ចុប្បន្ន ។

វឌ្ឍនភាព​នៃ​ទីក្រុង ឬ​បុរី​នេះ​បាន​ធ្វើ​ឱ្យ​គេ​ភ្លេច​គិត​ថា​ ភូមិភាគ​រាជធានី​ភ្នំពេញ​មុន​សតវត្សរ៍​ទី​១៥​មិន​មែន​ជា​តំបន់​ស្វយ័ត​ទេ ក៏​ប៉ុន្ដែ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​ចេនឡា​ អង្គរ​ និង​ក្រោយ​អង្គរ ។

ដោយសារ​ភាព​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​លូតលាស់​នៃ​ភូមិភាគ​នេះ​ (រាជធានី​ភ្នំពេញ) លោក​បណ្ឌិត​សាស្ដ្រាចារ្យ​បុរាណវិទ្យា​ឯកទេស​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ តាម​រយៈ​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​នៅ​វត្ដ​ជើងឯក​ ឧស្សាហកម្ម​កុលាលភាជន៍​ (គ្រឿង​ស្មូន​ដី​ដុត) និង​ផ្លូវ​គមនាគមន៍​ទាំង​ទឹក​ និង​គោក​ខ្វាត់ខ្វែង​ជាដើម​នោះ គឺ​គួរ​ឱ្យ​ខ្មែរ​យើង​មាន​មោទនៈ​ជាទី​បំផុត ។ លោក​បណ្ឌិត​បាន​ឱ្យ​ដឹង​ទៀត​ថា​ដោយសារ​កត្ដា​សង្គ្រាម​បំផ្លិចបំផ្លាញ​ និង​ការ​អភិវឌ្ឍ​មិន​ឈប់​ឈរ​ដែល​បាន​ធ្វើ​ឱ្យ​មុខមាត់​នៃ​រាជធានី​ភ្នំពេញ​នេះ​បាន​ប្រែប្រួល​មិន​ឈប់​ឈរ​មួយ​ភាគ​ធំ​ ស្លាកស្នាម​វប្បធម៌​បុរាណ​ត្រូវ​បាន​លុប​បំបាត់​ ឬ​ត្រូវ​គេ​បំភ្លេច​ចោល ។ លោក​បណ្ឌិត​គិត​ថា កត្ដា​អវិជ្ជមាន​ធំ​មួយទៀត​គឺ​មក​ពី​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ឱ្យ​ស៊ី​ជម្រៅ​ណាមួយ​ទាក់ទិន​ទៅ​នឹង​អតីតភាព​នៃ​រាជធានី​នេះ​នៅឡើយ ។

ក្រោយ​ពី​ការ​រក​ឃើញ​នូវ​បុរាណដ្ឋាន​មួយ​ចំនួន​ ដោយ​ឡែក​ឡ​ដុត​ចាន ឆ្នាំង​បុរាណ​នា​សម័យ​អង្គរ​មួយ​ចំនួន​នៅ​ពី​ខាង​ត្បូង​វត្ដ​ជើងឯក​ ភូមិ​ជើងឯក​ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ បុរាណ​វិទូ​យើង​យល់​ឃើញ​ថា​ ប្រវត្ដិសាស្ដ្រ​ដ៏​យូរលង់​នៃ​ទឹកដី​រាជធានី​ភ្នំពេញ​ក៏​បាន​លេចធ្លោ​ឡើង​គួរ​ឱ្យ​មោទនភាព​ជាទី​បំផុត​សម្រាប់​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ។

បញ្ហា​ចម្បង​ដែល​កំពុង​តែ​ចោទ​ឡើង​នា​ពេល​សព្វថ្ងៃ​គឺ​ស្លាកស្នាម​មរតក​សម្បត្ដិ​វប្បធម៌​បុរាណ​ខ្មែរ​ទាំងនោះ​ថ្វី​ត្បិត​តែ​មាន​ចំនួន​តិចតួច​ក្ដី​បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​សៀមរាប​អង្គរ ក៏​ប៉ុន្ដែ​វា​ត្រូវការ​ទាមទារ​នូវ​ការ​ថែរក្សា​អភិរក្ស​ឱ្យ​បាន​ច្បាស់លាស់ ។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​កន្លង​មក​ បណ្ឌិត​មីសែល ត្រាណេ បាន​លើក​ឡើង​អំពី​កេរដំណែល​សម័យ​បុរាណ​បាន​បន្សល់​ទុក​ថា​ ការ​ដែល​គេ​ចាត់​ទុក​រាជធានី​ភ្នំពេញ​ជា​តំបន់​ស គ្មាន​វប្បធម៌​នោះ គឺជា​ការ​ខុសឆ្គង​មួយ ហើយ​តម្រូវ​ឱ្យ​មានការ​កែតម្រូវ​ឡើង​វិញ​សម​ស្រប ។ ដូច្នេះ​របកគំហើញ​ថ្មី​នេះ​វា​បាន​ពង្រីក​ការ​ចេះ​ដឹង​ថ្មី​ស្ដី​អំពី​ប្រវត្ដិ​នៃ​រាជធានី​ភ្នំពេញ ។

ដូច​ពោល​ខាងលើ​ស្ថានីយ​ប្រវត្ដិសាស្ដ្រ​ដទៃៗ​ទៀត ឡ​ដុត​បុរាណ​ទាំងនោះ​របស់​ខ្មែរ​យើង​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយ​ការ​ជីក​គាស់​ឈូស​ឆាយ​សម្រាប់​កាន់កាប់​ដីធ្លី​នៅ​ជើងឯក​វា​ជា​ហេតុ​នាំ​ឱ្យ​បំផ្លាញ​ចោល​អ្វីៗ​ដែល​ជា​អត្ដសញ្ញាណ​ជាតិ​ខ្មែរ​ដោយសារ​បំបាត់​ឫស​កែវ​ប្រវត្ដិសាស្ដ្រ ។ ដើម្បី​បញ្ឈប់​ការ​រំលោភ​ដីធ្លី​ឬ​ការ​រាវ​រុករក​វត្ថុ​បុរាណ​យក​ទៅ​លក់ដូរ​នៅ​តាម​ទីផ្សារ​សេរី​នានា​ដូចដែល​បាន​ចែង​ក្នុង​ច្បាប់​ការពារ​បេតិកភណ្ឌ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នោះ រាល់​ការ​បំផ្លាញ​ជួញដូរ​វត្ថុ​បុរាណ​ដែល​កំពុង​បន្ដ​យ៉ាង​សកម្ម​ត្រូវ​ហាម​ឃាត់​ជា​បន្ទាន់ ។

លោក​ មីសែល ត្រាណេ ជឿ​ថា​វត្ថុ​បុរាណ​មួយ​ចំនួន​ធំ​ដូច​ជា​កុលាលភាជន៍​សម័យ​បុរេប្រវត្ដិសាស្ដ្រ និង​សម័យ​បុរេអង្គរ ព្រមទាំង​អង្គរ​ដែល​គេ​ជួញដូរ​នៅ​ទីផ្សារ​ទួលទំពូង​មក​ពី​ខេត្ដ​សៀមរាប តែ​ក្រោយ​ពី​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​លោក​ក៏​ដឹង​ថា​មក​ពី​ស្ថានីយ​មួយ​ចំនួន​ក្បែរ​រាជធានី​ភ្នំពេញ​តែ​ម្ដង ហើយ​ក្នុង​ចំណោម​ស្ថានីយ​ទាំងនោះ​ពិតជា​មាន​បុរាណ​ដ្ឋាន​វត្ដ​ជើងឯក​យ៉ាង​ប្រាកដ ។ ពីព្រោះ​ចង់​ឬ​មិន​ចង់ ឡ​ដុត​កុលាលភាជន៍​បុរាណ​ទាំងនោះ​មាន​ទ្រង់ទ្រាយ​ធំធេង​សម្បើម​ណាស់ ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​មីសែល ត្រាណេ បរិវេណ​ឡ​ទាំងនោះ​អាច​មាន​ទំហំ​ដល់​៨​ទៅ​១០​ហិកតា​ឯណោះ​យ៉ាងតិច ។

តាំងពី​សម័យ​បុរេ​អង្គរ​មក​ម្ល៉េះ​តំបន់​ទីក្រុង​ភ្នំពេញ​ដែល​មាន​ទន្លេ​៤​មុខ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច ពីព្រោះ​ថា​រហូត​មក​ដល់​សព្វថ្ងៃ​ទីតាំង​នេះ​នៅ​តែ​រក្សា​បាន​អត្ថិភាព​ដើម​របស់​ខ្លួន​គឺ​ជា​កំពង់ផែ​ដឹក​ជញ្ជូន​ និង​ផ្ទុក​ឥវ៉ាន់​យ៉ាង​សំខាន់​បំផុត​សម្រាប់​ពាណិជ្ជកម្ម​ជាតិ​ និង​អន្ដរជាតិ​ក្នុង​ឋានៈ​ជា​តំបន់​ឆ្លងកាត់ ។ ទាក់ទិន​នឹង​កំពង់ផែ​ខាងលើ​លោក​សាស្ដ្រាចារ្យ​បាន​រំលឹក​ថា ​ការ​ដែល​ព្រះបាទ​អង្គឌួង​ (១៨៤០-១៨៥៦) បាន​បន្ដ​ការ​អភិវឌ្ឍ​ជាតិ​តាម​រយៈ​ការ​ស្ដារ​កំពង់ផែ​ទាំង​សមុទ្រ ដូច​ជា​កំពង់ផែ​កំពត ទាំង​ទន្លេសាប​ដូច​ជា​កំពង់ហ្លួង​នៅ​ភ្នំពេញ​ឡើង​ក៏​ស្ថិត​ក្នុង​មូលហេតុ​សេដ្ឋកិច្ច​នេះ​ដែរ ៕

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០០៩)

កុលាលភាជន៍​គ្រប់​ប្រភេទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ

កុលាលភាជន៍​គ្រប់​ប្រភេទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ

 អត្ថបទ​ពាក់ព័ន្ធៈ

រាជធានី​ភ្នំពេញ​បែរមុខ​ទៅ​ចំណុច​ប្រសព្វ​ទន្លេ​ចតុមុខ​មាន​អាយុ​៥៧៥​ឆ្នាំ

សំណល់​ប្រាសាទ​បុរេអង្គរ​នៅ​វត្ត​ជើងឯក

 

May 27, 2009

គោរមងារ​ចៅហ្វាយ​ខេត្ត ចៅហ្វាយស្រុក ចៅតំបន់​ ក្នុង​រាជ្យ​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស

ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស

ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស

គោរមងារ​របស់​សាលាខេត្ត ស្រុក តំបន់ ឃុំ និង ចៅហ្វាយ​ខេត្ត​ ស្រុក ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) មាន​ដូច​ខាងក្រោម ៖

១. ខេត្ត​កណ្ដាល

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​រាជាមេត្រីសិរីមជ្ឈឹមគ្រាស​សេដ្ឋាវរារក្សសិទ្ធិស័ក្តិឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត​ទី​១: ជំនិតមេត្រី
  3. ភូឈួយខេត្ត​ទី​២: ពិភ័តមេត្រី
  4. បាឡាត់ខេត្ត: គិរិរដ្ឋា
  5. ចៅហ្វាយស្រុក​ភ្នំពេញ: បំរុងរាជា
  6. បាឡាត់ស្រុក​ភ្នំពេញ: ពិភ័ត្តរាជាសង្គ្រាម
  7. ចៅតំបន់​ថ្នល់ទទឹង: ជំនិតភូធរ
  8. ចៅហ្វាយស្រុក​ពញាឮ: ឧទ័យសេនា
  9. ចៅហ្វាយស្រុក​ខ្សាច់កណ្ដាល: សេនាមេត្រី
  10. បាឡាត់ស្រុក:​ខ្សាច់កណ្ដាល: មេត្រីសេនា
  11. ចៅហ្វាយស្រុក​មុខកំពូល: ជលសាភិមុខ
  12. ចៅតំបន់​វិហារសួគ៌: សូគ៌ានុរក្ស
  13. ចៅហ្វាយស្រុក​គៀនស្វាយ: មេត្រីភូធរ
  14. បាឡាត់ស្រុក​គៀនស្វាយ: ពិភ័ត្តិភូធរ
  15. ចៅហ្វាយស្រុក​ល្វាឯម: ឥសូរមេត្រី
  16. បាឡាត់ស្រុក​ល្វាឯម: អនុរក្សមេត្រី
  17. ចៅហ្វាយស្រុក​កណ្ដាលស្ទឹង: វង្សាភូធរ
  18. បាឡាត់ស្រុក​កណ្ដាលស្ទឹង: ភូធរពិភ័ត្តិ
  19. ចៅហ្វាយស្រុក​លើកដែក: ឥទ្ធរវិជ័យតេជោ
  20. បាឡាត់ស្រុក​លើកដែក: ពិជ័យតេជោ
  21. ចៅតំបន់​លើកដែក: តេជោនុរក្ស
  22. ចៅហ្វាយស្រុក​ស្អាង: វស្សាមេត្រី
  23. ចៅហ្វាយស្រុក​កោះធំ: ភក្ដីតេជោ

២. ខេត្ត​កំពង់ចាម

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​មន្ត្រីភក្ដីពិជ័យរដ្ឋាមហាបញ្ចក​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត​ទី​១: ឫទ្ធីរង្គភក្ដី
  3. ភូឈួយខេត្ត​ទី​២: ភក្ដីរាជឫទ្ធី
  4. បាឡាត់ខេត្ត: រាជាភក្ដី
  5. ចៅហ្វាយស្រុក​កំពង់សៀម: ពិជ័យរដ្ឋា
  6. បាឡាត់ស្រុក​កំពង់សៀម: ភក្ដីមន្ត្រី
  7. ចៅហ្វាយស្រុក​ព្រៃឈរ: វល្លិ៍វ័នភក្ដី
  8. ចៅតំបន់​ចំការលើ: ពិភ័ក្តអារញិក
  9. ចៅហ្វាយស្រុក​ជើងព្រៃ: ពេជ្រតេជោ
  10. បាឡាត់ស្រុក​ជើងព្រៃ: សេនាតេជោ
  11. ចៅហ្វាយស្រុក​កោះសូទិន: ធិប៊ិនមន្ត្រី
  12. បាឡាត់ស្រុក​កោះសូទិន: សុទិនមន្ត្រី
  13. ចៅហ្វាយស្រុក​ត្បូងឃ្មុំ: អរជូន
  14. បាឡាត់ស្រុក​ត្បូងឃ្មុំ: ពិភ័ក្ដីអរជូន
  15. ចៅតំបន់​ទួលត្រាច: រដ្ឋវ័នពិភ័ក្ដិ
  16. ចៅហ្វាយស្រុក​ក្រូចឆ្មារ: ភក្ដីអរជូន
  17. ចៅហ្វាយស្រុក​មេមត់: អារញិកអរជូន
  18. ចៅហ្វាយស្រុក​ស្ទឹងត្រង់: រាជាតេជោ
  19. ចៅហ្វាយស្រុក​ស្រីសន្ធរ: បវរសង្គ្រាម
  20. ចៅហា្វយស្រុក​កងមាស: ពិភ័ក្ដិមន្ត្រី

៣. ខេត្ត​បាត់ដំបង

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​គទានុរក្សសិទ្ធិសក្តិសង្គ្រាម​ពិទ័គ្ធបរិរក្ស​ឧត្ដមក្រមពាហុ
  2. ចៅហ្វាយស្រុក​បាត់ដំបង: មន្ត្រីធិបេស
  3. ចៅហ្វាយស្រុក​មោងឫស្សី: មនោមេត្រី
  4. ចៅហា្វយស្រុក​ទឹកជោរ: ឧត្ដមធារា
  5. ចៅហ្វាយស្រុក​សេរីសោភ័ណ្ឌ: សូរិសក្តិសោភ័ណ្ឌ
  6. ចៅហ្វាយស្រុក​មង្គលបូរី: មង្គលធរនិន្ទ
  7. ចៅតំបន់​រដ្ឋបាល​ស្វាយចេក: “សិរីសោភ័ណ្ឌ”​ សុកលនិគមន៍
  8. ចៅតំបន់​រដ្ឋបាល​បាក់ព្រា: “ស្រុកសង្កែ”​ សេនាវារិន្ទ
  9. ចៅតំបន់​រដ្ឋបាល​ល្វា: “ស្រុកមង្គលបូរី” មន្ត្រីរុក្ខខ័ណ្ឌ

៤. ខេត្ត​កំពត

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​សេនាអនុជិតបុរារន្តគ្រាម​សងិ្ខគាម​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: ជំនិតឫទ្ធិរង្គ
  3. បាឡាត់ខេត្ត: ពិជ័យសាគរ
  4. ចៅហ្វាយស្រុក​កំពត: សេនាវិជិត
  5. បាឡាត់ស្រុក​កំពត: បំរុងសេនា
  6. ចៅតំបន់​ព្រៃនប់: វនានុជិត
  7. ចៅហ្វាយស្រុក​បន្ទាយមាស: យោធាធិបតី
  8. បាឡាត់ស្រុក​បន្ទាយមាស: វិជិតយោធា
  9. ចៅតំបន់​តានី: ជំនិតយោធា
  10. ចៅហ្វាយស្រុក​កំពង់ត្រាច: រាជាសេដ្ឋី
  11. ចៅហ្វាយស្រុក​កំពង់សោម: ត្បែសសង្គ្រាម
  12. ចៅតំបន់​ឆាត់ឱ: មន្ត្រីជនបទ
  13. ចៅហ្វាយស្រុក​ឈូក: បុទុមសេនា
  14. ចៅហ្វាយស្រុក​កោះកុង: ពិជ័យរឿងឫទ្ធិ
  15. ចៅតំបន់​ត្រពាំងរូង: ជនបទអភិបាល
  16. ចៅហ្វាយស្រុក​ដំនាប់: ជំនិតសង្គ្រាម

៥. ខេត្ត​ព្រៃវែង

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​នារាធិបតីសិរីសូរ្យស័ក្តិពិភ័ក្ដិ​ធរនិន្នសូរិន្នពិជ័យ​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: នរេន្ទ្របរិរក្ស
  3. បាឡាត់ខេត្ត: រាជស័ក្ដិអភិបាល
  4. ចៅហ្វាយស្រុក​ព្រៃវែង: វនាធិបតី
  5. បាឡាត់ស្រុក​ព្រៃវែង: ពិភ័ក្ដិធិបតី
  6. ចៅហ្វាយស្រុក​កំចាយមារ: ពិភ័ក្ដិនាវា
  7. ចៅហ្វាយស្រុក​ពារាំង: ស្រែន្យសង្គ្រាម
  8. បាឡាត់ស្រុក​ពារាំង: អនុជិតសង្គ្រាម
  9. ចៅហ្វាយស្រុក​ស៊ីធរកណ្ដាលៈ ដរុង្គសង្គ្រាម
  10. ចៅហ្វាយស្រុក​បាភ្នំ: ធម្មាតេជោ
  11. បាឡាត់ស្រុក​បាភ្នំ: យោធាតេជោ
  12. ចៅហ្វាយស្រុក​តាំងប៊ិញ: វិសេសយោធា
  13. ចៅហ្វាយស្រុក​កំពង់ត្របែក: វិជិតយោធា
  14. បាឡាត់ស្រុក​កំពង់ត្របែក: ភក្ដីយោធា
  15. ចៅហ្វាយស្រុក​កញ្ជ្រៀច: ពិនិត្យសង្គ្រាម

៦. ខេត្ត​កំពង់ឆ្នាំង

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​ស្រែន្យាធិបតីបុរីរក្ស​ពិភក្ដិកុម្ភការ​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: សេនានុរក្ស
  3. បាឡាត់ខេត្ត: សិទ្ធិស័ក្តិសេនីយ
  4. ចៅហ្វាយស្រុក​បរិបូណ៌: សេនាសង្គ្រាម
  5. ចៅហ្វាយស្រុក​កំពង់លែង: យសតេជោ
  6. ចៅហ្វាយស្រុក​កំពង់ត្រឡាច: ស្រែន្យាសេនាឫទ្ធី
  7. បាឡាត់ស្រុក​កំពង់ត្រឡាច: ឫទ្ធីសេនា
  8. ចៅហ្វាយស្រុក​រលាប្អៀ: ស្រែន្យឫទ្ធី
  9. បាឡាត់ស្រុក​រលាប្អៀ: អនុជិតឫទ្ធី
  10. ចៅហ្វាយស្រុក​តាំងផ្លោច “ទឹកផុស”: សេនាឫទ្ធី

៧. ខេត្ត​តាកែវ

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​ពិស្ណុលោកមហេន្ទ្រសក្តិ​ពិភ័ក្ដិរដ្ឋាមហាបុរន្តគ្រាម​អគ្គសេនាមហាមាត្យ​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: ស្នេហានុលោក
  3. បាឡាត់ខេត្ត: វិជិតពិស្ណុលោក
  4. ចៅហ្វាយស្រុក​ទ្រាំង: ជំនិតពិស្ណុលោក
  5. បាឡាត់ស្រុក​ទ្រាំង: រក្សានុលោក
  6. ចៅហ្វាយស្រុក​គីរីវង្ស: ពិភ័ក្ដិស្នេហាពិស្ណុលោក
  7. ចៅហ្វាយស្រុក​មេញ: មន្ត្រីពិស្ណុលោក
  8. ចៅហា្វយស្រុក​បាទី: វង្សាអនុជិត
  9. ចៅតំបន់​ត្រាំខ្នារ: ពិភ័ក្ដិជនបទ
  10. ចៅតំបន់​អន្លង់ទៀន: ជំនិតអនុលោក
  11. ចៅហ្វាយស្រុក​សំរោង: ជំនិតវង្សា
  12. ចៅហ្វាយស្រុក​ព្រៃកប្បាស: ជ័យយោធា
  13. ចៅតំបន់​អង្គរបុរី: រក្សាបុរី
  14. ចៅហ្វាយស្រុក​ត្រាំកក់: វិជិតសេដ្ឋាន

៨. ខេត្ត​ស្វាយរៀង

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​លីចក្រីអធិបតីធរណិន្ទឥន្ទ្រារក្ស​ពិភ័ក្ដិរដ្ឋា​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: ពិភ័ក្ដិចក្រី
  3. បាឡាត់ខេត្ត: ស្នេហាចក្រី
  4. ចៅហ្វាយស្រុក​រំដួល: បំរុងចក្រី
  5. បាឡាត់ស្រុក​រំដួល: ជំនិតចក្រី
  6. ចៅហ្វាយស្រុក​ស្វាយទាប: ជយោសង្គ្រាម
  7. បាឡាត់ស្រុក​ស្វាយទាបៈ ឫទ្ធីសង្គ្រាម
  8. ចៅហ្វាយស្រុក​រមាសហែក: គាមវ័នពិភ័ក្ដិ

៩. ខេត្ត​កំពង់ធំ

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​តេជោបូរារាជធរណិន្ទរិន្ទ​បរិរក្សសមុហាធិបតីអភ័យបារា​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: តេជោអនិជិត
  3. បាឡាត់ខេត្ត: ស្នេហាតេជោ
  4. ចៅហ្វាយស្រុក​កំពង់ស្វាយ: សេនាតេជោ
  5. បាឡាត់ស្រុក​កំពង់ស្វាយ: មេត្រីតេជោ
  6. ចៅហ្វាយស្រុក​សណ្ដាន់: វនាភក្ដិ
  7. ចៅតំបន់​ស្តង់: ដំរង់ឫទ្ធិជ័យ
  8. ចៅហ្វាយស្រុក​ព្រំទេព: ទេពភក្ដីតេជោ
  9. ចៅហ្វាយស្រុក​បារាយណ៍: សែនខាងហ្វា
  10. បាឡាត់ស្រុក​បារាយណ៍: ភក្ដីខាងហ្វា
  11. ចៅហ្វាយស្រុក​ស្ទោង: មន្ត្រីតេជោ
  12. ចៅហ្វាយស្រុក​សន្ទុក: សុទិព្វមន្ត្រី
  13. បាឡាត់ស្រុក​សន្ទុក: មន្ត្រីសុទេព
  14. ចៅតំបន់​បឹងល្វា: ទេពសេនាតេជោ

១០. ខេត្ត​សៀមរាប

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​ប្រាសាទរាំង្សានខ័ណ្ឌរដ្ឋា​ខេរាពិធបូរីរក្សនិគម​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: ពិភ័ក្ដិបុរី
  3. បាឡាត់ខេត្ត: មន្ត្រីបុរាណរក្ស
  4. ចៅហ្វាយស្រុក​សៀមរាប: ប្រាសាទសោភ័ណ្ឌ
  5. បាឡាត់ស្រុក​សៀមរាប: រាំង្សានប្រសាទ
  6. ចៅហ្វាយស្រុក​ពួក: មន្ត្រីពលខន្ធ
  7. ចៅហ្វាយស្រុក​សូទ្រនិគម: សេនានិគម
  8. ចៅហ្វាយស្រុក​ជីក្រែង: ស្នេហាមេត្រីតេជោ

១១. ខេត្ត​ក្រចេះ

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​មហាជនបទរដ្ឋរុក្ខាមហាបុរន្ត​គ្រាមរាមសេនាធិបតីសិរីអនុរក្ស​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: រក្សាជនបទ
  3. បាឡាត់ខេត្ត: បំរុងជនបទ
  4. ចៅហ្វាយស្រុក​ក្រចេះ: ជនបទភក្ដី
  5. ចៅហ្វាយស្រុក​សំបូណ៌: ពិភ័ក្ដិចន្ទគ្រាម
  6. ចៅហ្វាយស្រុក​ស្នួល: សេនាភក្ដី
  7. ចៅហ្វាយស្រុក​ឆ្លូង: ស្នេហានុរក្ស

១២. ខេត្ត​កំពង់ស្ពឺ

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​ឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិ​បព្វតាវ័នឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: អធិរាជឧទ័យ
  3. បាឡាត់ខេត្ត: ជំនិតអធិរាជ
  4. ចៅហ្វាយស្រុក​សំរោងទង: អធិរាជវង្សា
  5. បាឡាត់ស្រុក​សំរោងទង: វង្សាធិរាជ
  6. ចៅហ្វាយស្រុក​គងពិសី: វង្សាសមសក្តិ
  7. បាឡាត់ស្រុក​គងពិសី: ពិភ័ក្ដិសមសក្តិ
  8. ចៅហ្វាយស្រុក​ថ្ពង: រាជាសង្គ្រាម
  9. ចៅហ្វាយស្រុក​ភ្នំស្រួច: វង្សាឧទ័យ

១៣. ខេត្ត​ពោធិសាត់

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​សួគ៌ាលោក​ឥន្ទ្រាឫទ្ធិវិជិតសក្ដា​មហានិគមធរណិន្ទ​ស័ក្តិអគ្គសេនាមហាមាត្យ​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: សុគ៌ាសមសក្តិ
  3. បាឡាត់ខេត្ត: ពិភ័ក្ដិរឿងឫទ្ធិ
  4. ចៅហ្វាយស្រុក​បាកាន: សូគ៌ាធិបតី
  5. បាឡាត់ស្រុក​បាកាន: ពិនិត្យរឿនរង្គ
  6. ចៅហ្វាយស្រុក​ភ្នំក្រវាញ: អរញ្ញធិបតី
  7. ចៅហ្វាយស្រុក​ក្រគរ: ជំនិះសង្គ្រាម
  8. បាឡាត់ស្រុក​ក្រគរ: ពិជិតសង្គ្រាម
  9. ចៅតំបន់​ចំណត់: អារញ្ញិកសេនា

១៤. ខេត្ត​ស្ទឹងត្រែង

  1. ចៅហ្វាយខេត្ត: ឧកញ៉ា​មន្ត្រីជលធារគាមវារិន្ទហិន្ធរ​រដ្ឋវឌ្ឍសក្ដារឿងឫទ្ធិ​ឧត្ដមក្រមពាហុ
  2. ភូឈួយខេត្ត: ជកសក្តិសេនា
  3. បាឡាត់ខេត្ត: សេនាជលធី
  4. ចៅហ្វាយស្រុក​ស្ទឹងត្រែង: រាជាជលធី
  5. ចៅតំបន់​សៀមបូក: ភក្ដិសុរិយា
  6. ចៅតំបន់​សៀមប៉ាង: រក្សាពលខន្ធ
  7. ចៅតំបន់​លំផាត់: លំផាត់សេនា
  8. ចៅហ្វាយស្រុក​វ៉ឺនសៃ: អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម
  9. បាឡាត់ស្រុក​វ៉ឺនសៃ: វិនសៃបរិរក្ស

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​គឺ ៖

  1. ភូមិភាគ​រដ្ឋបាល​ទី​១: ខេត្ត​បាត់ដំបង និង សៀមរាប
  2. ភូមិភាគ​រដ្ឋបាល​ទី​២: ខេត្ត​ពោធិសាត់ និង កំពង់ឆ្នាំង
  3. ភូមិភាគ​រដ្ឋបាល​ទី​៣: ខេត្ត​កំពង់ធំ និង កំពង់ចាម
  4. ភូមិភាគ​រដ្ឋបាល​ទី​៤: ខេត្ត​ក្រចេះ និង ស្ទឹងត្រែង
  5. ភូមិភាគ​រដ្ឋបាល​ទី​៥: ខេត្ត​ព្រៃវែង និង​ ស្វាយរៀង
  6. ភូមិភាគ​រដ្ឋបាល​ទី​៦: ខេត្ត​កណ្ដាល និង កំពង់ស្ពឺ
  7. ភូមិភាគ​រដ្ឋបាល​ទី​៧: ខេត្ត​តាកែវ និង កំពត

នៅ​សម័យសង្គមរាស្ត្រនិយម​មាន​បង្កើត​ខេត្ត​បន្ថែម​ចំនួន​៥ និង​ក្រុង​៣ គឺៈ ខេត្ត​ព្រះវិហារ ខេត្ត​មណ្ឌលគីរី ខេត្ត​រតនៈគីរី ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ (១៩៥៧) ក្រុង​កែប​និង​បូកគោ (១៩៥៩) និង​ក្រុង​គីរីរម្យ ។

នៅ​ចុង​សម័យសង្គមរាស្ត្រនិយម និង​សម័យសាធារណៈរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត​១១ និង​ខេត្ត​១ ដូច​ខាងក្រោម ៖

  1. អនុខេត្ត​កំពង់សិលា (ស្រុក​ស្រែអំបិល)
  2. អនុខេត្ត​ផ្ការំចេក (ស្រុក​មេមត់)
  3. អនុខេត្ត​ភ្នំដិល (ស្រុក​បាធាយ)
  4. អនុខេត្ត​ថ្មពួក (ស្រុក​សេរីសោភ័ណ្ឌ)
  5. អនុខេត្ត​ស្រកានាគ (តាកែនកោះស្លា​ស្រកានាគ ស្រុក​ឈូក)
  6. អនុខេត្ត​ថ្មកែវ (ជិត​គីរីរម្យ)
  7. អនុខេត្ត​វិហារសួគ៌ (វិហារសួគ៌)
  8. អនុខេត្ត​កំចាយមារ (កំចាយមារ​ព្រៃវែង)
  9. អនុខេត្ត​អន្លង់វែង (ជិត​សៀមរាប)
  10. អនុខេត្ត​ទន្លេសាប (ទីតាំង​សាលាខេត្ត​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិសាត់)
  11. អនុខេត្ត​ប៉ៃលិន ក្រោយ​មក​ដាក់​ជា​ខេត្ត​ប៉ៃលិន ក្រោយ​មក​ទៀត​កែ​ដាក់​ថា “ក្រុង​ប៉ៃលិនមង្គល”
  12. ខេត្ត​ឧត្ដុង្គមានជ័យ (តាំង​នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ) ៕

ដកស្រង់​ពី​សាវតារ​ទាក់ទង​ភូមិសាស្ត្រ​ខ្មែរ របស់​លោក ឌឹក គាម

 

អត្ថបទ​ពាក់ព័ន្ធៈ ការ​គ្រប់​គ្រង​ដែនដី​ខ្មែរ​តាម​ច្បាប់​ថ្មី

 

April 26, 2009

ឈ្មោះ​​អ្នក​​របាំ​​នៅ​​ប្រាសាទ​​អង្គរ (Ka 510)

ទេវី​សក្ដិ​ព្រះ​កម្រតេង

ទេវី​សក្ដិ​ព្រះ​កម្រតេង

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​របស់​អ្នកប្រវត្ដិសាស្ដ្រ​ចាប់តាំងពី​ចុង​សតវត្សរ៍​ទី​១៩​ ​រហូត​មក​ដល់​បច្ចុប្បន្ន​អំពី​ប្រភព​ ​និង​ប្រវត្ដិ​ព្រមទាំង​អត្ថន័យ​របស់​ប្រាសាទអង្គរវត្ដ​(ប្រជាពលរដ្ឋ​​ទូទៅ​ហៅ​ថា អង្គរតូច) ត្រូវ​បាន​គេ​ដឹង​ឮ​ល្បី​រន្ទឺ​សុសសាយ​ពាសពេញ​ពិភពលោក​ ប៉ុន្ដែ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ចម្លាក់​បុរាណ​មិន​ទាន់​ត្រូវ​បាន​គេ​វិភាគ​សិក្សា​ឱ្យ​ស៊ីជម្រៅ​នៅឡើយ​ទេ ។​ ​ដូច​ជា​បញ្ហា​ចម្លាក់​នរក​ ​និង​ឋានសួគ៌​ ​ឬ​សម្លៀក​បំពាក់​ជាដើម ។​ ​

នៅ​ក្នុង​ករណី​នេះ​យោង​តាម​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្ទាល់​ ​លោក​បណ្ឌិត​មីសែល​ ​ត្រាណេ​ ​ជំនាញ​ខាង​ឯកទេស​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ កាល​ពី​ឆ្នាំ​២០០៧ បាន​លើកយក​បញ្ហា​ឈ្មោះ​ស្ដ្រី​អ្នករបាំ​មក​វិភាគ​ទុកជា​វិភាគទាន​ថ្មី​មួយ​ដែល​លោក​បាន​រក​ឃើញ​ ​និង​ជា​រឿង​ថ្មីថ្មោង​សុទ្ធសាធ ។

លោក​បណ្ឌិត​បាន​ឱ្យ​ដឹង​ថា​ ក្នុង​ចំណោម​រូបចម្លាក់​តំណាង​ឱ្យ​ស្រី​ទេព​អប្សរា​ប្រមាណ​ជា​១៥០០​ដែល​បាន​ឆ្លាក់​នៅ​លើ​ប្រាសាទ​អង្គរវត្ដ​ យើង​បានឃើញ​ចម្លាក់​មួយ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​គឺ​ស្ដ្រី​របាំ​នេះ​ស្លៀក​ប៉ឹង​លែង​ដោះ​ដូច​ជា​ជនជាតិ​ខ្មែរ​ដើម​ ​ឬ​ខ្មែរលើ​ក៏​ប៉ុន្ដែ​អ្វី​ដែល​អស្ចារ្យ​នោះ​ ​គឺ​ដៃស្ដាំ​របស់​អ្នក​រាំ​ដែល​មាន​រូបឆោម​លោម​ល្អ​នោះ​មាន​កាន់​នូវ​ឯកសារ​មួយ​ប្រភេទ​ដែល​ជា​ក្រាំង​មើល​ទៅ​បត់​ជា​ពីរ​ ​ហើយ​មាន​ចារ​តួអក្សរ​​ (​មាន​លេខ​សម្គាល់ Ka 510) ដូច​តទៅ​ “ទេវី​សក្ដិ​ព្រះ​កម្រតេង​…” ។

ទេវី​សក្ដិ​ព្រះ​កម្រតេង

សិលា​ចារឹក​ Ka 510 បច្ចុប្បន្ន​​ បាក់​​​ផ្នែក​ខាង​លើ​បាត់​ហើយ

លោក​បណ្ឌិត​បាន​ចោទ​ជា​សំណួរ​ថា​ ​បញ្ហា​មូលហេតុ​ដូច​ម្ដេច​បានជា​គេ​ចារ​ឈ្មោះ​របស់​នាង​យ៉ាង​ដូច្នេះ ? ចម្លើយ​ ​ទី​១​គឺ​ដើម្បី​ឱ្យ​ឈ្មោះ​របស់​នាង​បាន​ល្បី​ខ្ទរខ្ទារ​ ​ពីព្រោះ​នាង​មាន​រូបឆោម​លោម​ពណ៌​ល្អ​លើស​អ្នករបាំ​ដទៃៗ​ទៀត ។​ មួយវិញទៀត​ដោយ​នាង​ជា​ជនជាតិ​ដើម​ភាគតិច ។​ ​លោក​បាន​បន្ដ​ទៀត​ថា​ ​អ្នក​ឆ្លាក់​ដែល​ជា​សិល្បករ​អាច​ត្រូវជា​សង្សារ​របស់​នាង​ ឬ​គ្រាន់តែ​ជា​អ្នក​លួច​សុំ​ស្នេហ៍​ពី​នាង​ ​ហើយ​ដើម្បី​បញ្ជាក់​នូវ​ទឹកចិត្ដ​ស្វាមីភក្ដិ​របស់​ខ្លួន​នៅ​ក្នុង​ក្រអៅបេះដូង​ក៏​បាន​ចារ​ឈ្មោះ​របស់​នាង​ទុក​លើ​ចម្លាក់ ។​ ​នៅ​ក្នុង​ន័យ​នោះ​ហើយ​ដែល​យើង​ឃើញ​ក្រម​ងារ​កម្រតេង​ដែល​ចារ​ភ្ជាប់​នឹង​ពាក្យ​ទេវី​ជា​ភស្ដុតាង​ស្រាប់ ។​ ​

តាម​រយៈ​ការ​វិភាគ​ ​លោក​អាច​និយាយ​បាន​ថា​ ​ផ្ទាំង​ចម្លាក់​ជ្រុង​សសរ​ប្រាសាទ​ថ្ម​អង្គរ​ក៏​ដូច​ចម្លាក់​ស្រី​រាំ​ដទៃ​ទៀត​ ​សុទ្ធសឹងតែ​មាន​ប្រវត្ដិ​ដើម​របស់​វា​ ​ជា​ពិសេស​ចម្លាក់​របស់​ខ្មែរ​យើង​ផ្ទាល់​តែ​ម្ដង​ ​ដែល​មាន​ន័យ​ស៊ីជម្រៅ​ជាងគេ​  ។ ទ​ង្វើ​នេះ​ជា​សញ្ញា​បង្ហាញ​នូវ​សេចក្ដី​ស្នេហា​បេតី​របស់​សិល្បករ​ខ្មែរ​ដែល​ត្រូវ​រលុប​បាត់ឈ្មោះ​ចំពោះ​នាង​ទេព​ឬ​ទេវី​ដែល​ជា​អ្នក​រាំ​ដ៏​ឆ្នើម​សោភា ។​ ​

លោក​ក៏​បាន​ពន្យល់​បន្ថែម​ពី​អត្ថន័យ​ចម្លាក់​ថា​ ការ​ឆ្លាក់​ឈ្មោះ​របស់​ស្រី​ក្រមុំ​ដែល​ជា​អ្នករបាំ​ខាងលើ​នេះ​ក៏​ដើម្បី​រក្សា​ប្រវត្ដិ​ស្ន​ហា​ដោយ​ឡែក​ចំពោះ​នាងទេវី​ឈ្មោះ​សក្ដិ​ជា​រៀង​រហូត​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ជា​អមតៈ ។​ ទង្វើ​បែប​នេះ​ជា​រឿង​ធម្មតា​របស់​យុវវ័យ​កំលោះ​ក្រមុំ​ ​បណ្ដាល​មក​ពី​សេចក្ដី​ស្នេហា​ដ៏​បរិសុទ្ធ​រវាង​កំលោះ​ក្រមុំ​ ​ឬ​រវាង​អ្នក​ឆ្លាក់​រូប​ និង​អ្នករបាំ ។​ ​

លោក​មាន​ជំនឿ​ថា​ ​ថ្វី​ត្បិត​តែ​ការ​គិត​ថា​ ​បញ្ហា​ស្នេហា​រវាង​សិល្បករ​ដែល​ជា​មន្ដ្រី​មេក្រុម​ និង​អ្នករបាំ​មិន​អាច​ជា​ការ​សន្និដ្ឋាន​ត្រឹមត្រូវ​១០០​ភាគរយ​ ​ដោយសារ​យើង​គ្មាន​ឯកសារ​សម្គាល់​ក៏​ដោយ​ ​ប៉ុន្ដែ​ការ​ចារ​ឈ្មោះ​របស់​អ្នករបាំ​ ​និង​សិល្បករ​បែប​នេះ​ ​គឺ​ពិតជា​សេចក្ដី​ស្នេហា​ជា​ប្រយោល​ដែល​គេ​ពុំ​អាច​បដិសេធ​បាន​ដែរ​  ។ ការ​គិត​ផ្សេងៗ​ពី​យោបល់​ខាងលើ​នេះ​ក៏​ជា​ការ​មិន​ត្រឹមត្រូវ​ដែរ​ ​ព្រោះ​អ្វីៗ​ទាំង​អស់​សុទ្ធសឹងតែ​មាន​មូលហេតុ​របស់​វា​ទាំងអស់ ៕

កំណត់​សម្គាល់ៈ

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី​ស្ដីអំពី​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ លោក​សាស្ត្រាចារ្យ​កេង វ៉ាន់សាក់ ក៏​បាន​អះអាង​ពី​ចំណុច​ខាងលើ​នេះ​ដោយ​បាន​មាន​ប្រសាសន៍​ថា រូប​ចម្លាក់​ស្រី​អប្សរា​នៅ​ប្រាសាទ​អង្គរវត្ត​គឺ​ជា​ស្ត្រី​ខ្មែរ​សុទ្ធសាធ មិន​ជា​មែន​ជា​ស្ដ្រី​សួគ៌​ទេ ហើយ​រូប​និមួយៗ​មាន​ទម្រង់​មុខ និង​ការ​តុបតែង​ខុសៗ​គ្នា ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​ជាងចម្លាក់ណា​ម្នាក់​​គេ​ស្រឡាញ់ ឬ​ពេញ​ចិត្ត​នឹង​នារី​ណា​មួយ គេ​ក៏​ឆ្លាក់​រូប​នារី​នោះ​ទៅ ។

ទេវី​សក្ដិ​ព្រះ​កម្រតេង

ទេវី​សក្ដិ​ព្រះ​កម្រតេង

ទេវី​សក្ដិ​ព្រះ​កម្រតេង

រូប​ចម្លាក់​ទេវី​សក្ដិ​ព្រះ​កម្រតេង  ស្រី​របាំ​ដ៏​ស្រស់​ប្រិមប្រិយនៅ​អង្គរវត្ត​រូប​នេះ ត្រូវ​បាន​គេ​ខ្វេះ​បំផ្លាញ​គួរ​ឲ្យ​សោកស្ដាយ

 

April 25, 2009

រឿងខ្មោចនាងតានី

ចេក​នាង​តានី

ចេក​នាង​តានី

រឿង​ខ្មោច​ព្រាយ​បិសាច​ ​មាន​ទាំង​អ្នក​ជឿ​ ​និង​មិន​ជឿ ។ អ្នក​មិន​ជឿ​គិត​ថា​ ​វា​គ្រាន់តែ​ជា​រឿង​កុហក ​លើកយក​មក​និយាយ​លេង​ឲ្យ​សប្បាយ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​មាន​ការ​ភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ ។ បញ្ហា​ខ្មោច​បិសាច​នេះ​ ​មាន​ការ​ជជែក​គ្នា​ឡើង​ប៉ោង​សរសៃ​ក​ ​អស់​រាប់រយ​ជំនាន់​មក​ហើយ​ ​រវាង​អ្នក​ជឿ​ ​និង​អ្នក​មិន​ជឿ​ ​រវាង​អ្នក​ធ្លាប់​ឃើញ​ ​និង​អ្នក​មិន​ធ្លាប់​ឃើញ ។ អ្នក​ដែល​គេ​ជឿ​ថា​ខ្មោច​ព្រាយ​មាន​ពិត​នោះ​ ​ព្រោះ​គេ​ធ្លាប់​មាន​បទពិសោធន៍​ដោយ​ខ្លួនឯង ។ ចំណែក​អ្នក​មិន​ជឿ​នោះ​ ​ព្រោះ​គេ​មិន​ដែល​មាន​ឱកាស​បាន​ជួប​ ​និង​បាន​ឃើញ ។ ជាពិសេស​ ​អ្នក​ដែល​រស់នៅ​ទីក្រុង​ ​ដែល​មាន​ភាព​រីក​ចម្រើន​ស៊ីវីល័យ​ ​និង​ស្ថិត​ក្នុង​បរិយាកាស​គគ្រឹក​គ្រេង​នោះ​ ​គេ​មិន​ជឿ​ថា​ខ្មោច​មាន​ពិត​នោះ​ទេ ។

មិន​ចំពោះ​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ជឿ​លើ​រឿង​ខ្មោច​បិសាច​ ​អារក្ស​អ្នកតា​ ​សូម្បី​តែ​ជនជាតិ​បរទេស​ ឬ​អ្នក​វិទ្យាសាស្ត្រ​ ​ក៏​នៅ​ទទួលស្គាល់​ថា​មាន​ខ្មោច​ដែរ ព្រោះ​ធ្លាប់​បាន​ឆ្លង​កាត់​ការពិសោធន៍​ ​និង​បាន​សាកល្បង​រួច​មក​ហើយ ។

ណ្ហើយចុះ ! លោក​អ្នក​ជឿ​ ឬ​ក៏​មិន​ជឿ​ក៏​បាន​ ​ស្រេច​តែ​នៅ​លើ​ជំនឿ​ផ្ទាល់ខ្លួន​ទៅ​ចុះ ។ ពេល​នេះ​ខ្ញុំ​នឹង​លើក​យក​រឿង​ចម្លែក​មួយ​ ​មក​ចែក​ជូន​ប្រិយមិត្ត ។ រឿង​នេះ​ពិត​ឬ​មិន​ពិត​នោះ​ ​សូម​ប្រិយមិត្ត​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ទៅ​ចុះ !

សំបូរ​ ​ជា​កំលោះ​ចាស់​អាយុ​៣០​ឆ្នាំ​គត់ បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​ផ្នែក​ខាង​គ្រូបង្រៀន​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​ ​ឆ្នាំ​១៩៦១ ។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ ​ក្រសួង​បាន​ចេញ​ឈ្មោះ​ឲ្យ​ទៅ​បង្រៀន​ក្នុង​ស្រុក​មួយ​នា​ខេត្ត​បាត់ដំបង​ ដែល​តាម​ពិត​នោះ​ ​គេ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ។ គេ​ទៅ​ធ្វើ​គ្រូបង្រៀន​នៅ​ខេត្តបាត់ដំបង​ ​ទាំង​គ្មាន​ស្គាល់​នរណា​ម្នាក់​សោះ ។ គេ​បាន​ទៅ​ជួល​ផ្ទះ​មួយ​សម្រាប់​ការ​ស្នាក់នៅ ។ ផ្ទះ​មួយ​ខ្នង​នេះ​ ​ស្ងាត់​ល្អ​ណាស់​ ​ជា​ផ្ទះ​របស់​ប្រធាន​ភូមិ​ម្នាក់​ ​ដែល​គាត់​ធ្វើ​ទុក​សម្រាប់​ចែក​ឲ្យ​កូនស្រី​ក្រោយ​ពេល​ដែល​រៀបការ​ជាមួយនឹង​បុរស​អ្នកជំនួញ​ម្នាក់ ។ ប៉ុន្តែ​ ​ត្រូវ​ខក​បំណង​ទៅ​វិញ​ ​ដោយសារ​តែ​កំលោះ​អ្នកជំនួញ​នោះ​ ​ទៅ​រៀប​ការ​ជាមួយនឹង​កូនក្រមុំ​សៀម​បាត់​ទៅ ។ ដូច្នេះ​ផ្ទះ​មួយ​ខ្នង​នេះ​ ​ត្រូវ​នៅ​ទំនេរ​ជា​រហូត​មក ។ គាប់​ជួន​នឹង​សំបូរ​​រក​ជួល​ផ្ទះ​នៅ​ផង​ ​លោក​ប្រធាន​ភូមិ​ក៏​យល់ព្រម​ជួល​ឲ្យ​ក្នុង​តម្លៃ​ថោក​បំផុត ។ សំបូរ​មក​នៅផ្ទះ​ថ្មី​នេះ​ ជា​ផ្ទះ​ទោល​មួយ​ខ្នង​គត់​ ​ដែល​នៅ​កណ្ដាល​ចំការ​ចេក ។ មួយ​រយៈ​ដំបូង​ ​ផ្ទះ​នេះ​មិន​មាន​បង្ហាញ​ហេតុការណ៍​អ្វី​ខុស​ប្លែក​ឡើយ អាច​និយាយ​បាន​ថា​ ​សំបូរ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​គ្រប់​ប្រការ ។

ចេក​នាង​តានី

ថ្ងៃមួយ​ ​ក្រោយ​ពី​ងូតទឹក​ញ៉ាំ​បាយ​រួចរាល់​អស់ហើយ​ ​ម៉ោង​ប្រហែលជា​៧​យប់ ។ សំបូរ​ចេញ​មក​អង្គុយ​យក​ខ្យល់​អាកាស​នៅ​លើរាន​ហាល​ពីមុខ​ផ្ទះ​ ​ដោយ​បង្ហើរ​អារម្មណ៍​អណ្ដែត​អណ្តូង​ស្ងាត់ៗ​ម្នាក់ឯង​នោះ​ ​ក្រសែ​ភែ្នក​របស់​គេ​ក៏​ងាក​ទៅ​ឃើញ​វត្ថុ​ម្យ៉ាង​ដោយ​ចៃដន្យ ។ យប់​នោះ​មាន​ខែភ្លឺ​ស្រទន់​ ​អាច​ល្មម​នឹង​មើលឃើញ​វត្ថុ​ជុំវិញ​ខ្លួន​បាន​ច្បាស់ ។ សំបូរ​មាន​អាការៈ​ភ្ញាក់​បន្តិចបន្តួច​ ​ព្រោះ​ក្រសែភ្នែក​មិន​បាន​កុហក​​ខ្លួនឯង​ឡើយ ។ ពេល​នេះ​ ​ស្ត្រី​ម្នាក់​កំពុង​តែ​ដើរ​សំដៅ​រក​គេ ។ គេ​មាន​ការ​ឆ្ងល់​ណាស់​ថា​ ​«ថ្មើរ​នេះ​ហើយ​មាន​ស្ត្រី​ហ៊ាន​ដើរ​ម្នាក់ឯង​ទៀត ។»

ទីបំផុត​ស្ត្រី​នោះ​ ​ក៏​ដើរមក​ជិត​ដល់​គេ ។ សំបូរ​ក៏​ក្រោក​ឡើង​ស្វាគមន៍​ ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។ គេ​គិត​ថា​ ​ប្រហែលជា​ញាតិ​មិត្ត​បងប្អូន​របស់​លោក​ប្រធាន​ភូមិ​ ​មាន​ធុរៈ​:អ្វី​ម្យ៉ាង​ហើយ​ ​ទើប​មក​ទាំង​យប់​ដូច្នេះ ។ «សុំ​ទោស ! មានការ​អី ! អើ​…អញ្ជើញ ! អង្គុយ​សិន !»

នាង​បង្ហាញ​ស្នាមញញឹម​ដាក់​គេ​បណ្ដើរ​ ​និង​ដើរ​រក​កន្លែង​អង្គុយ​បណ្ដើរ ។ ពេល​បាន​អង្គុយ​ក្បែរ​គ្នា​ក្រោម​ពន្លឺ​ព្រះច័ន្ទ​ដ៏​ភ្លឺ​នោះ​ ​គេ​អាច​ប្រាប់​ខ្លួនឯង​បាន​ថា​ ​ស្រី​ម្នាក់​នេះ​ស្អាត​ ​និង​មាន​មន្ត​ស្នេហ៍​ណាស់ ។ ស្អាត​ទាំង​មុខ​ ​ទាំង​រូបរាង​ ​រហូត​ស្ទើរនឹង​រក​ស្រី​ណា​មក​ប្រៀបប្រដូច​គ្មាន ។ «អ្នក​នាង​ជា​អ្នក​ណា​បាទ ?» សំបូរ​សួរ​បណ្ដើរ​ ​ទម្លាក់​គូទ​អង្គុយ​ ​និង​សម្លឹង​ទៅ​មុខ​នាង​បណ្ដើរ ។

«នាង​ខ្ញុំ​ជា​ញាតិ​មិត្ត​របស់​លោក​ប្រធាន​ភូមិ​ចា៎ ! នាង​ឆ្លើយ​ទាំង​បញ្ចេញ​ស្នាមញញឹម​គួរ​ឲ្យ​ស្រលាញ់ ។ នាង​បញ្ជាក់: លោកគ្រូ​មានអី​ប្លែក​ចិត្ត​ឬ ?»

«ទេ​បាទ ! អើ​…សូមទោស​អ្នក​នាង​ឈ្មោះ​អី​ដែរ ?»

«នាង​ខ្ញុំ​ឈ្មោះ​ ​នី​ ​ចា៎ !»

«ឈ្មោះ​នី ?»

«ចា៎​ ​ជា​ញាតិ​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ !»

«អ្នក​នាង​ ​មក​រក​ខ្ញុំ​នៅ​ពេល​នេះ​មានការ​អី​ដែរ ?»

នាង​បង្ហាញ​ស្នាមញញឹម​បណើ្តរ​ឆ្លើយ​តប​បណ្តើរ​ថា​ «នាងខ្ញុំ​សុំ​នៅ​សម្រាក​មួយ​យប់​ជាមួយនឹង​លោកគ្រូ ។»

ពាក្យ​សំណូមពរ​របស់​នាង​ ​ធើ្វ​ឲ្យ​សំបូរ​ត្រូវ​ប្រញាប់​បដិសេធ​ភា្លម ។ «អូ ! មិន​បាន​ទេ ! អ្នក​នាង​ជា​ស្ត្រី​ ​ហើយ​ខ្ញុំ​ជា​បុរស ។ យើង​ប្រាកដជា​ដេក​មួយ​គ្នា​​តែ​ពីរ​នាក់​មិន​បាន​ទេ ! ម្យ៉ាងទៀត​ ​បើ​លោក​ប្រធាន​ភូមិ​ដឹង​ ​គាត់​ច្បាស់​ក្ដៅក្រហាយ​ជា​មិន​ខាន !»

«លោក​ប្រធាន​ភូមិ​ប្រាកដជា​មិនដឹង​ទេ​ចា៎ ! ទោះជា​នឹង​ដឹង​ ​ក៏​មិន​អី​ដែរ ។ សុំ​ឲ្យ​នាងខ្ញុំ​បាន​នៅ​សម្រាក​ជាមួយនឹង​លោក​មួយ​យប់​ទៅ ?»

សំបូរ​ ​គ្រវីក្បាល​បដិសេធ​ដូច​ដើម ។ «ខ្ញុំ​អនុញ្ញាត​មិន​បាន​ទេ ។ កុំ​ភ្លេច​ថា​ ​អ្នក​នាង​ជា​ស្រី​ ​ខ្ញុំ​ជា​ប្រុស ។ ការ​ខូចខាត​ ​តែងតែ​កើតឡើង​បាន​ ​ប្រសិនបើ​យើង​ដេក​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​នោះ ។ សុំ​ឲ្យ​ឈប់​មាន​គំនិត​ដូច្នេះ​ ​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ​ល្អ​ជាង !»

«លោកគ្រូ​ស្អប់ខ្ពើម​ព្រោះតែ​នាង​ខ្ញុំ​មិន​ស្អាត​ឬ ?»

«ទេ !… មិនមែន​អញ្ចឹង​ទេ ! តែ​ជា​រឿង​ខូចខាត​បាត់បង់​ ​ដែល​យើង​ត្រូវ​ទទួល​ទាំង​ពីរ​នាក់ » សំបូរ​ឆ្លើយ​ដោយ​ស្មោះស​ ​និង​ ​សរសើរ​ថា «អ្នក​នាង​ពិតជា​ស្អាត​ណាស់ ! ប្រសិនបើ​ទៅ​ប្រកួត​បវរ​កញ្ញា​ ​ប្រាកដជា​ជាប់​មិន​ខាន !»

នាង​ញញឹម​ម្ដងទៀត «កាលពី​ឆ្នាំ​មុន​ ​លោក​ប្រធាន​ភូមិ​ធ្លាប់​បញ្ជូន​នាង​ខ្ញុំ​​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​គឺ​នាង​ខ្ញុំ​បាន​ទទួល​តំណែង​ឈ្នះ​ដាច់​គេ​ទៅ​ហើយ !»

«មែនឬ​បាទ ?»

«ចា៎ ! អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ដេក​នៅ​ទី​នេះ​មួយ​យប់​ផង​ទៅ​ណា ?»

ចប់​សម្ដី​របស់​នាង​ម្ដងនេះ​ ​សំបូរ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច​បន្តួច ។ ព្រោះ​ពេល​នេះ​ ​គេ​ឮ​សូរ​សម្លេង​ឆ្កែ​លូ ។ សំបូរ​មានចិត្ត​ខ្វល់ខ្វាយ​ជាង​ធម្មតា ។ «អ្នក​នាង​ត្រលប់​ទៅ​វិញ​ទៅ​ល្អ​ជាង ! ជឿ​ខ្ញុំ​ចុះ !»

នៅ​ពេល​សម្ដី​បដិសេធ​ចុង​ក្រោយ​របស់​សំបូរ​បញ្ចប់​ទៅ​ ​នាង​ក៏​ប្រញាប់​ចុះ​ទៅ​វិញ​ភ្លាម ។

«នាង​ខ្ញុំ​សុំ​សរសើរ​លោកគ្រូ​ថា​ ​ជា​បុរស​ដែល​មានចិត្ត​រឹង​បំផុត ។ ណ្ហើយចុះ ! បើ​មិន​ពេញចិត្ត​ឲ្យ​នាង​ខ្ញុំ​ដេក​ជាមួយ​ ​នាង​ខ្ញុំ​សុំ​លា​សិន​ហើយ !»

និយាយ​ចប់​ ​នាង​ក៏​ឈាន​ជើង​ដើរ​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​ដើម​ចេក​ដ៏​ក្រាស់​ឃ្មឹក ។

ព្រឹកស្អែក​ឡើង​ ​សំបូរ​ប្រញាប់​ទៅ​ជួប​លោក​ប្រធាន​ភូមិ​ ​ដែល​ជា​ម្ចាស់ផ្ទះ​ហើយ​ក៏​សួរ​ថា​«លោក​ប្រធាន​ភូមិ​មានកូន​ក្មួយ​ឈ្មោះ​នី​ទេ ? នាង​ថា​នាង​ជា​ញាតិ​មិត្ត​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ ?»

«ទេ ! ខ្ញុំ​គ្មាន​ទេ ! ហេតុ​អី​ទៅ​លោកគ្រូ ?»

សំបូរ​ ​និយាយ​ហេតុការណ៍​ដែល​កើតឡើង​នោះ​ ​ឲ្យ​លោក​ប្រធាន​ភូមិ​ស្ដាប់​យ៉ាង​លម្អិត ។

«នាង​ថែម​ទាំង​ប្រាប់​ថា​ ​លោក​ប្រធាន​ភូមិ​ធ្លាប់​បាន​បញ្ជូន​នាង​ឲ្យ​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​កាលពី​ឆ្នាំ​កន្លង​ទៅ​ ​និង​បាន​តំណែង​ឈ្នះ​ដាច់​នារី​ដទៃ​ទៀត​ផង !»

លោក​ប្រធាន​ភូមិ​ ​សើច​ហ៊ឹស​ឡើង ។ សំបូរ​ឆ្ងល់​ក៏​សួរ​បញ្ជាក់ «បាន​សេចក្ដី​ថា​យ៉ាងម៉េច​លោក​ប្រធាន​ភូមិ ?»

«ឈប់​សិន ! ខ្ញុំ​ត្រូវ​សួរ​លោកគ្រូ​សិន​…»

«បាទ !…យ៉ាងម៉េច ?»

«ស្រី​ដែល​មក​ជួប​លោក​នោះ​តែងខ្លួន​យ៉ាងម៉េច ?»

«ស្លៀកសំពត់​ចងក្បិន​ ​និង​ដណ្ដប់​ស្បៃ​ ​ពាក់​ឆៀង​…»

«មាន​ផ្កា​ព័ណ៌​ស​សៀត​នៅ​លើ​ត្រចៀក​ទៀត​ផង​មែន​ទេ​លោកគ្រូ ?»

«បាទ​ ​មែន !»

«គេ​មក​ជួបនឹង​លោកគ្រូ​និយាយ​ថា​យ៉ាងម៉េច​ខ្លះ ?»

«នាង​ប្រាប់​ថា​ ​នាង​ជា​ញាតិ​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ ។ លោក​ប្រធាន​ភូមិ​ ​ធ្លាប់​បញ្ជូន​នាង​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​និង​បាន​ទទួល​តំណែង​ឈ្នះ​ដាច់​ នាង​ប្រាប់​តែ​ប៉ុណ្ណោះ​ ​ខ្លាច​មានរឿង​មិនល្អ ខ្ញុំ​ក៏​សំណូមពរ​ឲ្យ​នាង​ទៅ​វិញ !»

«លោកគ្រូ​បាន​មើល​ទេ​ ​ថា​តើ​នាង​ដើរ​ទៅ​ខាង​ណា !»

«នាង​ដើរ​បាត់​ ​ចូល​ទៅ​ក្នុង​ចំការ​ចេក​ទៅ !»

«លោក​ប្រធាន​ភូមិ​ងក់ក្បាល ។ កាលពី​ឆ្នាំ​កន្លង​ទៅ​ខ្ញុំ​បាន​បញ្ជូន​ផ្លែ​ឈើ​មួយ​ប្រភេទ​ ​ចូល​ទៅ​ប្រកួត​ក្នុង​ពិធី​ប្រចាំឆ្នាំ​របស់​ខេត្ត​ ​និង​បាន​ទទួល​រង្វាន់​ឈ្នះ​ដាច់​គេ !»

«ផ្លែ​ឈើ​អី​ទៅ​ ​លោក​ប្រធាន​ភូមិ ?»

«ចេក​តានី !»

សំបូរ​ព្រឺ​ខ្លួន​នៅ​ពេល​លោក​ប្រធាន​ភូមិ​ប្រាប់​ថា «កំលោះៗ​​ដែល​មក​នៅផ្ទះ​មួយ​ខ្នង​នេះ​ ​តែង​ជួបនឹង​ស្រី​ក្រមុំ​តែងខ្លួន​របៀប​បុរាណ​ ​ដូចដែល​លោកគ្រូ​ប្រាប់​មក​អញ្ចឹង ។ គេ​ហៅ​ថា​ ​ខ្មោច​នាង​តានី​ក្រឡា​ខ្លួន​មក ។ លោកគ្រូ​ចាត់​ទុក​ថា​ជា​បុរស​ចិត្ត​រឹង​គ្រាន់បើ​ ​ដែល​មិន​ព្រម​ឲ្យ​នាង​ដេក​ជាមួយ ។ បើ​មិន​អញ្ចឹង​ទេ ! លោកគ្រូ​ប្រាកដជា​គ្មាន​ឱកាស​បាន​មក​និយាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​ស្ដាប់​ទេ !» ៕

 

April 20, 2009

ទង់ទទួលទេវតាឆ្នាំថ្មី

ទង់ទទួលទេវតាឆ្នាំថ្មី 

ទង់ ( ន. )  ផ្ទាំង​សំពត់​ឬ​ចម្រៀក​សំពត់ ដែល​ដេរ​ឲ្យ​មាន​សណ្ឋាន​និង​ព័ណ៌​ឬ​រូប​ផ្សេង​ៗ សម្រាប់​ប្រើ​ជា​កិត្តិយស​ក្នុង​ប្រទេស​មួយ​ៗ; ឬ​ក៏​ប្រើ​ជា​គ្រឿង​សម្គាល់​តាម​សណ្ដាប់​សាសនា​នីមួយ​ៗ ប្រើ​ជា​គ្រឿង​បូជា​ក៏​មាន សូម្បី​ធ្វើ​ដោយ​ក្រដាស​ក៏​ហៅ ទង់ ដែរ ។

នៅ​ស្រុក​កំណើត​របស់​ខ្ញុំ (ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ) ប្រជាពលរដ្ឋ​ជា​ទួទៅ​តែង​តែ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ទេវតា ដែល​ហៅថា «រាន​ទេវតា» ។ រាន​ទេវតា​មាន​តុបតែង​លម្អ​ដោយ​ធាង​ដូង​រុំព័ទ្ធ​ដោយ​ខ្សែ​សយ គោម បាយសី ទង់​ទេវតា ផ្កា ផ្លែ​ឈើ និង​គ្រឿង​ពលីការ​ផ្សេងៗ ។ល។

ទង់​ទេវតា គឺ​ជា​ក្រដាស​ព័ណ៌​ដែល​ត្រូវ​បាន​គេ​បត់ និង​កាត់​ជា​រូប ថ្លែន បង្គួយ ក្រពើ និង​រូប​មនុស្ស ហើយ​ត្រូវ​បាន​ចង​ភ្ជាប់​នៅ​ចុង​ឆ្អឹង​ស្លឹក​ដូង និង​ដោត​លើ​ពំនូក​ដី​ខ្សាច់ ឬ​ភាជនៈ​ដាក់​ដី​ខ្សាច់ ។ រីឯ​អត្ថន័យ​នៃ​ទង់​ទេវតា ខ្ញុំ​ក៏​បាន​ទទួល​ការ​ពន្យល់​ច្បាស់លាស់​ណា​មួយ​ឡើយ ពីព្រោះ​គឺ​ជា​ទម្លាប់​តាំង​ពី​បុរាណកាល​មក ។ ប៉ុន្តែ បើ​តាម​ការ​បកស្រាយ​របស់​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ទង់​មាន​រូប​រាង​ក្រពើ​ដូចនេះ គឺ​ជា​និមិត្តរូប​នៃ​ដួង​ព្រលឹង​របស់​ជនជាតិ​ខ្មែរ (ជនជាតិ​ខ្មែរ​គោរព​ប្រកាន់​តូតែម​ចំនួន​២​គឺ នាង​គង្ហីង​តំណាង​ឲ្យ​ដី​ ឬ​ធាតុ​ញី និង​ក្រពើ​តំណាង​ឲ្យ​ទឹក ឬ​ធាតុ​ឈ្មោល ដែល​ឈ្មោះ​រួម​របស់​តូតែម​ទាំង​២ គឺ «ពាលី») ។ ប្រសិនបើ​ប្រិយមិត្ត​យល់​ដឹង​បញ្ហា​នេះ​ច្បាស់លាស់ សូម​ជួយ​បន្ថែម​ផង ៕

 ក្រដាស​ព័ណ៌​ផ្សេងៗ​ត្រូវ​បាន​បត់ និង​កាត់​ជា​ទង់​ទេវតា

 ក្រដាស​ព័ណ៌​ផ្សេងៗ​ត្រូវ​បាន​បត់ និង​កាត់​ជា​ទង់​ទេវតា

 ទង់​ទេវតា​ដែល​កាត់​រួច​រាល់​ជា​រូប​ផ្សេងៗ

 ទង់​ទេវតា​ដែល​កាត់​រួច​រាល់​ជា​រូប​ផ្សេងៗ

ទង់​ទេវតា​ដែល​ត្រូវ​បាន​ចង​លក់​ជា​ចង្កោម ។ ក្នុង​មួយ​ចង្កោម​មាន​ទង់​១០ និង​លក់​ក្នុង​តម្លៃ​៥០០​រៀល (កាល​ពី​ឆ្នាំ​២០០៨​ តែ ៣០០​រៀល​ទេ)

ទង់​ទេវតា​ដែល​ត្រូវ​បាន​ចង​លក់​ជា​ចង្កោម ។ ក្នុង​មួយ​ចង្កោម​មាន​ទង់​១០ និង​លក់​ក្នុង​តម្លៃ​៥០០​រៀល (កាល​ពី​ឆ្នាំ​២០០៨​ តែ ៣០០​រៀល​ទេ)

គ្រឿង​​រណ្ដាប់​ផ្សេងៗ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​មាន ផ្កា ខ្សែ​សយ ចង្រង់ ។ល។ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​តូប​ចាប់​ហួយ​​​មួយ

គ្រឿង​​រណ្ដាប់​ផ្សេងៗ​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​មាន ផ្កា ខ្សែ​សយ ចង្រង់ ។ល។ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​តូប​ចាប់​ហួយ​​​មួយ

បច្ចុប្បន្ន បាយសី​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រដាស​រលើប និង​កំប៉ុង​ឬ​បំពង់​ជ័រ​ដូចនេះ ជំនួស​ឲ្យ​បាយសី​ដែល​ធ្វើ​ឡើង​ពី​ដើម និង​ស្លឹក​ចេក

 បច្ចុប្បន្ន បាយសី​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រដាស​រលើប និង​កំប៉ុង​ឬ​បំពង់​ជ័រ​ដូចនេះ ជំនួស​ឲ្យ​បាយសី​ដែល​ធ្វើ​ឡើង​ពី​ដើម និង​ស្លឹក​ចេក

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុបតែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុបតែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុប​តែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

រាន​ទទួល​ទេវតា ជាមួយនឹង​ការ​តុប​តែង និង​គ្រឿង​រណ្ដាប់​ផ្សេងៗ

ដោយ​ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​លោហិត រណ្ដាប់​រៀបចំ​ទទួល​ភាគច្រើន​ជា​ព័ណ៌​ក្រហម ។ កាល​ខ្ញុំ​នៅ​ពី​ក្មេងៗ រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ត្រូវ​បាន​រៀប​ចំ​នៅ​ទីធ្លា​វាល​មុខ​ផ្ទះ ។ ប៉ុន្តែ ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រាន​ទេវតា​ជា​ទួទៅ​ត្រូវ​បាន​រៀប​ចំ​នៅ​លើ​រាន​ហាល​មុខ​ផ្ទះ ឬ​ក្នុង​ផ្ទះ​វិញ ដោយសារ​នៅ​ពេល​យប់ ​មាន​ជន​ខិលខូច​បាន​ដើរ​ប្រមូល​គ្រឿង​ដង្វាយ​ផ្សេងៗ​ យក​ទៅ​បាត់​អស់ ភាគច្រើន​នៅ​យប់​ចូល​ឆ្នាំ​ដំបូង​តែ​ម្ដង (ដែល​គេ​​តែង​និយាយ​លេង​ថា ទេវតា​បាន​​មក​យក​គ្រឿង​ដង្វាយ​​ទៅ​មែនទែន) ។

ដោយ​ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​លោហិត រណ្ដាប់​រៀបចំ​ទទួល​ភាគច្រើន​ជា​ព័ណ៌​ក្រហម ។ កាល​ខ្ញុំ​នៅ​ពី​ក្មេងៗ រាន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ត្រូវ​បាន​រៀប​ចំ​នៅ​ទីធ្លា​វាល​មុខ​ផ្ទះ ។ ប៉ុន្តែ ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រាន​ទេវតា​ជា​ទួទៅ​ត្រូវ​បាន​រៀប​ចំ​នៅ​លើ​រាន​ហាល​មុខ​ផ្ទះ ឬ​ក្នុង​ផ្ទះ​វិញ ដោយសារ​នៅ​ពេល​យប់ ​មាន​ជន​ខិលខូច​បាន​ដើរ​ប្រមូល​គ្រឿង​ដង្វាយ​ផ្សេងៗ​ យក​ទៅ​បាត់​អស់ ភាគច្រើន​នៅ​យប់​ចូល​ឆ្នាំ​ដំបូង​តែ​ម្ដង (ដែល​គេ​​តែង​និយាយ​លេង​ថា ទេវតា​បាន​​មក​យក​គ្រឿង​ដង្វាយ​​ទៅ​មែនទែន) ។

 

April 3, 2009

ទេពធីតា​ឆ្នាំ​ថ្មី​ស្លៀក​ពាក់​ខ្មៅ​ សោយ​លោហិត ​គង់​លើ​សត្វ​សេះ

គោ​ឧសភរាជ​ដែល​ខ្មែរ​បុរាណ​គោរព​បូជា​នៅ​ប្រាសាទ​ព្រះគោ 

គោ​ឧសភរាជ​ដែល​ខ្មែរ​បុរាណ​គោរព​បូជា​នៅ​ប្រាសាទ​ព្រះគោ

ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នា​សប្ដាហ៍​ខាង​មុខ​នេះ​ គឺ​ឆ្នាំ​ឆ្លូវ​ ​ដែល​តំណាង​ដោយ​សត្វ​គោ ។ តាម​ការ​គន់គូរ​ ឆ្នាំ​ឆ្លូវ​នឹង​ចូល​មក​ដល់​នៅ​វេលា​ម៉ោង​១​និង​៣៦​នាទី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៣​ ខែ​មេសា​ឈាន​ចូល​ថ្ងៃ​ទី​១៤​ ខែ​មេសា ។

ឆ្នាំ​ឆ្លូវ​នេះ​ដោយសារ​សង្ក្រាន្ដ​ចូល​មក​នៅ​ថ្ងៃ​អង្គារ​ទើប​ទេពធីតា​ដែល​ត្រូវ​យាង​មក​ធ្វើ​ជា​អធិបតី​គឺ​ចំ​វេន​បុត្រ​ទី​៣​នៃ​កបិល​មហាព្រហ្ម​ព្រះ​នាម​រាក្សសាទេវី ។ តាម​ក្បួន​មហាសង្ក្រាន្ដ​ដែល​បោះពុម្ពផ្សាយ​ដោយ​លោក​ អ៊ឹម​ ​បុរិណរ៍​ ​សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ដ្រ​ ​និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បាន​ចែង​ថា​ ព្រះ​នាង​រាក្សសាទេវី​ទ្រង់​អម្ពរ​ (ស្លៀកពាក់​) ពណ៌​ខ្មៅ​ ​លម្អ​នៅ​ព្រះ​កាណ៌​ (ត្រចៀក) ដោយ​ផ្កាឈូក​រតន៍​ ​អភរណ​ (គ្រឿង​តែង​) ទ្រង់​ពាក់​កែវ​មោរា​ (ត្បួ​ង​មួយ​ប្រភេទ​ពណ៌​សម្បុរ​ឡាយ) ភក្សាហារ​ ​ទ្រង់​សោយ​លោហិត​ ​ព្រះ​ហស្ដ​ស្ដាំ​ទ្រង់​ត្រីសូល៍​ ​ព្រះ​ហស្ដ​ឆ្វេង​ទ្រង់​ធ្នូ​ ​ទ្រង់​គង់​ផ្លុំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង​សត្វ​អស្សតរ​ (សេះ) ជា​ពាហនៈ ។

គួរ​បញ្ជាក់​ថា​ តាម​ក្បួនតម្រា​ខ្មែរ​បុរាណ​ ​ទេពធីតា​បុត្រី​កបិល​មហាព្រហ្ម​ដែល​យាង​ចេញ​មក​ធ្វើ​ជា​អធិបតី​ក្នុង​ពេល​ចូល​ឆ្នាំ​ ​គឺ​ផ្លាស់​វេន​គ្នា​រៀង​រាល់​ឆ្នាំ​ហើយ​អាច​សម្គាល់​បាន​ថា​បើ​សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃ​ណា​ ​គឺ​ទេពធីតា​តាម​លំដាប់​លេខ​រៀង​នឹង​យាង​មក​ធ្វើ​អធិបតី​ក្នុង​ថ្ងៃ​នោះ​ ​តួយ៉ាង​ដូច​ជា​ឆ្នាំឆ្លូវ​នេះ​សង្ក្រាន្ដ​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ ​ហេតុនេះ​ហើយ​ទើប​បុត្រី​ទី​៣​យាង​ចូល​មក​ព្រោះថា​ ខ្មែរ​មាន​ប្រព័ន្ធ​រាប់​ថ្ងៃ​ក្នុង​សប្ដាហ៍​ដោយ​កំណត់​ថា​ ថ្ងៃ​អាទិត្យ​គឺជា​ថ្ងៃ​ទី​១​ក្នុង​សប្ដាហ៍​ ​ដូច្នេះ​ថ្ងៃ​អង្គារ​គឺជា​ថ្ងៃ​ទី​៣ ។

ឆ្នាំ​ឆ្លូវ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ គឺជា​ឆ្នាំ​ឆ្លូវ​ ឯកស័ក​ ​ចុល្លសករាជ​១៣៧១​ ​មហាសករាជ​១៩៣១​ ​ពុទ្ធសករាជ​២៥៥៣​ ​គ្រិស្ដសករាជ​២០០៩ ។

គួរ​កត់​សម្គាល់ថា​ ការ​ចូល​ឆ្នាំ​ថ្មី​នេះ​មិនមែន​បាន​ន័យ​ថា​ព្រះពុទ្ធ​សាសនា​កើន​ថែម​មួយ​ឆ្នាំ​នោះ​ទេ ។ ព្រះពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន​២៥៥២​ ​ត្រឹម​ថ្ងៃ​ទី​១៥​កើត​ ​ខែ​ពិសាខ​ ​លុះដល់​ថ្ងៃ​១​រោច​ ​ខែ​ពិសាខ​ ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​តទៅ​ ​ទើប​ចូល​ពុទ្ធសករាជ​២៥៥៣ ។

៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​រួមមានៈ ថ្ងៃ​អង្គារ​ ៥​រោច​ ​ខែចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​វេលា​ម៉ោង​១​និង​៣៦​នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ឆ្លូវ​ឯកស័ក ។ ថ្ងៃ​ពុធ​ ​៦រោច ខែ​ចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​ជា​វារៈវនបត ។

ថ្ងៃ​ព្រហស្បតិ៍​៧​រោច​ ​ខែ​ចេត្រ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ​ខែ​មេសា​ ​គ្រិស្ដសករាជ​២០០៩​ ​នៅ​វេលា​ម៉ោង​៥​និង​០៦​នាទី​ជា​វារៈ​ឡើងស័ក​គម្រប់​ជា​សង្ក្រាន្ដ​បី​ថ្ងៃ​ស្រេច​បរិបូរណ៍​ចូល​ជា​សកល​ឆ្នាំ​ឆ្លូវ​ឯកស័ក​តទៅ ។

ខាងក្រោម​នេះ​ជា​ទំនាយ​មួយ​ចំនួន​ដែល​មាន​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​មហាសង្ក្រាន្ដ​របស់​លោក​ អ៊ឹម​ ​បុរិណរ៍ ។

រណ្ដាប់​ទទួល​ទេវតា​

រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​មាន​រាន​ទទួល​ទេវតា​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ​ ​ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ក្រហម​ ​ហើយ​រៀប​បាយសី​៩​ថ្នាក់​មួយ​គូ​ ​បាយសី​៧​ថ្នាក់​មួយ​គូ​ ​បាយសី​៥​ថ្នាក់​មួយគូ​ ​បាយសី​៣​ថ្នាក់​មួយគូ​ ​បាយសី​ប៉ាឆាម​មួយ​គូ​ ​ស្លាធម៌​មួយ​គូ​ ​ទឹកអប់​មួយ​គូ​ ​ទៀន​៥​ ​ធូប​៥​ ​លាច​៥​ ​ផ្កា​ដាក់​លើ​ជើងពាន​មួយ​គូ​ ​ចេកនួន​ ​ចេកណាំវ៉ា​មួយ​គូ​ ​ផ្លែ​ឈើ​១១​មុខ​រៀប​ដាក់​ជើងពាន​ជា​គូរៗ​ ​ដូង​ឡៅ​មួយគូ ។ ឆ្នាំ​នេះ​ គួរ​រក​ផ្កា​ពណ៌​ក្រហម​ ​និង​រូបសំណាក​ជ្រូក​ ​ឬ​សេះ​ដាក់​ទទួល​ទេវតា​ផង ។

ទំនាយ​ប្រចាំឆ្នាំ​

កេណ្ឌ​ព្រះ​ភិរុណ​សាស្ដ្រៈ​ ​ឆ្នាំ​នេះ​ភព​ព្រះ​ចន្ទ​ជា​អធិបតី​នាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្ដេច​នាគ​ ​ហើយ​បាន​នាគ​៥​បង្អុរ​ទឹកភ្លៀង​៥០០​មេ​ដែល​ចែក​ចេញ​ជាៈ​

  • ចក្រវាល​ ២០០​មេ​
  • ព្រៃ​ហេមពាន្ដ​ ១៥០​មេ​
  • មហាសមុទ្រ ​១០០​មេ​
  • និង​ជម្ពុទ្វីប​មនុស្សលោក​យើង​មាន​ចំនួន​ ៥០​មេ​ ​ដើមឆ្នាំ​ ​កណ្ដាល​ឆ្នាំ​ភ្លៀង​ ​និង​ចុងឆ្នាំ​ស្មើ​ល្អ ។

ទឹកជំនន់​ និង​ទឹក​ទន្លេៈ​ ​ឆ្នាំ​នេះ​ទឹកជំនន់​ដោយ​ភ្លៀង​ និង​ទឹកទន្លេ​មាន​ជា​មធ្យម​គឺ​មាន​កម្រិត​៨/១៦ គឺ​មាន​សំណល់ (៨) ទឹក​មធ្យម ។

កេណ្ឌ​ធញ្ញាហារៈ​ ​ឈ្មោះ​មជ្ឈិម​ទំនាយ​ថា​ ស្រូវ​សំណាប​ស្រែ​ចម្ការ​ផលដំណាំ​បាន​តែ​ពាក់​កណ្ដាល​ខូច​អស់​ពាក់កណ្ដាល​ភោជនាហារ​បាន​ជា​មធ្យម​ប្រជានុរាស្ដ្រ​បាន​សេចក្ដីសុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​ ស្នើ​គ្នា​ធញ្ញាហារ​ ​មង្សាហារ​ ​ផល្លាហារ​ ​និង​មាន​ជា​មធ្យម ។

ទំនាយ​ការ​ធ្វើស្រែ​

ឆ្នាំ​នេះ​ទឹកភ្លៀង​អំណោយផល​នៅ​ដើមឆ្នាំ​កណ្ដាល​ឆ្នាំ​ច្រើន​ ​ចុង​ឆ្នាំ​តិច​ ​ដូច្នេះ​ការ​ធ្វើស្រែ​ទំនាប​ល្អ​ ​ឯ​ស្រែ​ដី​ទួល​ខ្ពស់​ទទួលផល​មិនសូវ​ល្អ​ឡើយ ។

កេណ្ឌ​ព្រឹក្សា​

ឆ្នាំ​នេះ​ត្រូវ​ដើម​ក្រកោះ​ជា​ស្ដេច​មាន​សេចក្ដី​ទំនាយ​ថាៈ​ ​មនុស្ស​ផង​ទាំងឡាយ​នៅ​កើត​មាន​កលិយុគ ។

កេណ្ឌ​ព្រះអាទិត្យ​ឆ្នាំ​នេះ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ដោយ​ជិះ​នាគរាជ​ទំនាយ​ថា​ មនុស្ស​ផង​ទាំងឡាយ​នឹង​ត្រូវ​ខ្វះខាត​បាយ​ទឹក​ ​មាន​សេចក្ដី​ខ្លាច​ និង​មរណភ័យ​ (ភ័យ​ព្រោះ​សេចក្ដីស្លាប់​) ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ដ​

ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ដៈ ​ថ្ងៃ​ចូល​ឆ្នាំ​ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទំនាយ​ថា​ ឆ្នាំ​នេះ​នឹង​កើត​អន្ដរាយ​កណ្ដាល​ទីក្រុង​កើត​មាន​ភ្លើង​ឆេះ​យ៉ាង​សាហាវ​កើត​នូវ​ចោរ​ចិត្ដ​កាច​ច្រើន​ឡើង​ ​មនុស្ស​ប្រែជា​មាន​ចិត្ដ​អាក្រក់​ ​ហើយ​មា​ជម្ងឺ​តម្កាត់​ច្រើន​ជាទីបំផុត ។ មនុស្ស​ផង​ទាំងឡាយ​នឹង​កើតទុក្ខ​សោក​រោគ​ភ័យ​ ​ព្រោះ​មាន​ជម្ងឺ​ផែនដី​នឹង​ស្ងួត​ហួតហែង​ ដើមឆ្នាំ​នឹង​មាន​ភ្លៀង​បន្ដិចបន្ដួច ។ នឹង​កើត​កលិយុគ​សង្គ្រាម​ច្បាំង​គ្នា​មនុស្ស​ផង​ទាំងឡាយ​ទទួល​នូវ​ក្ដី​លំបាក​ជា​ច្រើន​អនេក ។

ទំនាយ​ថ្ងៃ​វារៈវនបទៈ ​ថ្ងៃ​កណ្ដាល​ត្រូវ​នឹង​ថ្ងៃ​ពុធ​ទំនាយ​ថា​ ឆ្នាំ​នេះ​ស្រូវ​អង្ករ​ផ្លែ​ឈើ​នឹង​ថ្លៃ​ ​មនុស្ស​ទាំងឡាយ​នឹង​ក្ដៅក្រហាយ​ចិត្ដច្រើន​ជាទី​បំផុត​ ​ស្ដ្រី​ទាំងឡាយ​នឹង​ត្រូវ​និរាស​ព្រាត់ប្រាស់​ពី​ទីកន្លែង​រស់នៅ​ ទៅ​នៅ​ជ្រកកោន​ទី​ដទៃ​ផ្សេងៗ ។

ទំនាយ​ថ្ងៃ​ឡើងស័កៈ​ ​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទំនាយ​ថា​ ឆ្នាំ​នោះ​សមណ​ព្រាហ្ម​ណាចារ្យ​និង​ប្រណិប័តន៍​ចូល​ចិត្ដ​ដោយ​ធម្ម​ដែល​ប្រសើរ​វិសេស ។ ភ្លៀង​ច្រើន​ស្រូវ​ល្អ ។

ការ​កំណត់​ប្រតិទិន​

ឆ្នាំ​នេះ​មាន​អធិកវារៈ​ខែ​ជេស្ឋ​មាន​៣០​ថ្ងៃ​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៨​ ​មាន​២៨​ថ្ងៃ ។

ចូល​ព្រះ​វស្សាៈ​ ​នៅ​ថ្ងៃ​ពុធ​១​រោច​ ​ខែ​អាសាឍ​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​វារៈ​មហា​ធិក​បាន​ឬក្ស​២០​តិថី​១៦​ជា​កាល​វស្សាន​រដូវ​ត្រូវ​តាម​ប្រពៃណី​ពី​បុរាណ​ ​មាន​ព្រះអាទិត្យ​ព្រះចន្ទ​ចរ​តាម​ចក្ររាសី​ ​ជា​ប្រធាន​ឱ្យ​បាន​ដឹង​កំណត់​ទ្វារ​ទសមាស​ទើប​ធ្វើការ​សារពើ​ទាំងពួង​បាន​ចម្រើន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​បរិបូណ៌​ហោង ។

បាតុភូត​លើ​ផ្ទៃមេឃ​

នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​មាន​គ្រាស​ចំនួន​៦​ដង​ដែល​សូរ្យគ្រាស​មាន​២​ដង​ ​និង​ចន្ទ​គ្រាស​៤​ដង​ ​តាម​កាលបរិច្ឆេទ​ដូច​ខាងក្រោមៈ​

  1. នៅ​ថ្ងៃ​ចន្ទ​១​កើត​ខែ​មាឃ​ ​ឆ្នាំ​ជូត​សំរិទ្ធស័ក​ចុល្លសករាជ​១៣៧០​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ​ខែ​មករា​ ​ឆ្នាំ​២០០៩​ ​មាន​សូរ្យគ្រាស​ជា​សារពើ​គ្រាស​ពិសេស​ ​(Annular​ ​Eclipse​) មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​នៅ​អាហ្រិក​ខាងត្បូង​ សមុទ្រ​ឥណ្ឌា​ ​អង់តាក់ទិក​ ​ឥណ្ឌា​ ​អាស៊ី​ខាងកើត​ ​និង​ខាងត្បូង​ ​ឥណ្ឌូនេស៊ី​ ​អូស្ដ្រាលី​ ​ឃើញ​ជា​រូប​ចិញ្ចៀន​នៅ​ឥណ្ឌូនេស៊ី​ ​ម៉ាឡេស៊ី​ ​និង​ហ្វ៊ីលីពីន ។ ភ្នំពេញ​នៃ​កម្ពុជា​មើលឃើញ​ពី​ម៉ោង​១៥​និង​៤៩​នាទី​ដល់​ម៉ោង​១៨​មើលឃើញ​៤៥​ភាគរយ​នៃ​វេលា​ម៉ោង​១៦​និង​៥៩​នាទី ។
  2. នៅ​រាត្រី​ថ្ងៃ​ចន្ទ​១៥​កើត​ខែ​មាឃ​ឆ្នាំជូត​សំរិទ្ធិស័ក​ ​ចុល្លសករាជ​១៣៧០​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​(ស្រមោល) (Penumbral Eclipse) ដែល​មើល ឃើញ​នៅ​ប៉ាស៊ីហ្វិក​ ​អាមេរិក​ ​អឺរ៉ុប​ ​អាហ្រិក​ ​កម្ពុជា​មើលឃើញ​ពី​ម៉ោង​១៩​ ​និង​៣៧​នាទី​ដល់​ម៉ោង​២៣​និង​៤០​នាទី ។
  3. នៅ​ថ្ងៃ​សៅរ៍​១៥​កើត​ ​ខែ​​សាឍ​ ​ឆ្នាំ​ឆ្លូវ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ​(Penumbral Eclipse) ដែល​មើល​ឃើញ​នៅ​អាមេរិក​ ​ប៉ាស៊ីហ្វិក​ ​អូស្ដ្រាលី​ ​កម្ពុជា​ ​មើល​មិន​ឃើញ​ទេ ។
  4. ថ្ងៃ​ពុធ​១៥​រោច​ ​ខែ​អាសាឍ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​ ​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​មាន​សូរ្យគ្រាស​ជា​សារពើ​គ្រាស​(Total Eclipse) មើល​ឃើញ​ជា​អឌ្ឍ​គ្រាស​នៅ​អាស៊ី​ ​ប៉ូលីណេស៊ី​ ​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឃើញ​ជា​ ​Total​ ​នៅ​ឥណ្ឌា​ ​នេប៉ាល់ បង់ក្លាដេស​ ​បូតាន​ ​ចិន ។ ភ្នំពេញ​នៃ​កម្ពុជា​មើលឃើញ​ជា​អឌ្ឍ​គ្រាស​ពី​ម៉ោង​៧​និង​១៤​នាទី​ ​ដល់​ម៉ោង​៩​និង​១៣​នាទី​មើលឃើញ​៣១​ភាគរយ​នៅ​ម៉ោង​៨​និង​១០​នាទី ។
  5. នៅ​ថ្ងៃ​ព្រហស្បតិ៍​១៥​កើត​ខែ​ស្រាពណ៍​ឆ្នាំឆ្លូវ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​ទី​៦​ខែ​សីហា​ ​ឆ្នាំ​២០០៩​ ​មាន​ចន្ទ​គ្រាស​ជា​ស្រមោល​ព្រាលៗ​(Penumbral​ ​Eclipse​)ដែល​មើល​ឃើញ​នៅ​អាមេរិក​ ​អឺរ៉ុប​ ​អាហ្រិក​ ​អាស៊ី​ខាងលិច ។ កម្ពុជា​មើល​មិន​ឃើញ​ទេ ។
  6. នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​១៥​កើត​ខែ​បុស្ស​ ​ឆ្នាំ​ឆ្លូវ​ ​ឯកស័ក​ចុល្លសករាជ​១៣៧១​ ​ត្រូវ​នឹង​ថ្ងៃ​៣១​ខែធ្នូ​ឆ្នាំ​២០១០​ដែល​មាន​ចន្ទ​អឌ្ឍ​គ្រាស (Partial Eclipse) ដែល​មើល​ឃើញ​នៅ​អឺរ៉ុប​ ​អាហ្វ្រិក​ ​អាស៊ី​ ​អូស្ដ្រាលី ។ កម្ពុជា​មើលឃើញ​ពី​ម៉ោង​១​និង​៥៥​នាទី​ដល់​ម៉ោង​២​និង​៤៥​នាទី​ទៀប​ភ្លឺ​នៃ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​២០១០ មើលឃើញ​តែ​២​ភាគរយ​ប៉ុណ្ណោះ ៕

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា​ ​ថ្ងៃ​ទី​០១​ ​ខែ​មេសា​ ​ឆ្នាំ​២០០៩)

 

«« Older Posts | Newer Posts »»




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve