
បណ្ឌិត ផាត កុសល និងសាស្ត្រាចារ្យ ដេវីដ ឆេនល័រ
នេះជាកិត្ដិយសខ្លាំងណាស់ដែលខ្ញុំមានវត្ដមាននៅទីនេះហើយនេះក៏ជាការខិតខំដ៏លំបាកមួយក្នុងការផ្ដល់នូវប្រវត្ដិសាស្ដ្រកម្ពុជាដ៏យូរលង់មួយរហូតមកទល់នឹងពេលដែលកម្ពុជាទទួលបានឯករាជ្យដែលមានរយៈពេលពីរពាន់ឆ្នាំ ឬក៏ច្រើនជាងនេះឱ្យបានច្បាស់លាស់តែក្នុងរយៈពេលកន្លះម៉ោងនោះ ។
មនុស្សភាគច្រើន ជាពិសេសជនបរទេសតែងតែគិតទៅលើប្រវត្ដិសាស្ដ្រកម្ពុជាតែក្នុងអំឡុងសម័យកាលអង្គរ និងសម័យទំនើប ឬក៏ថាឱ្យច្បាស់ជាងនេះគឺសម័យកាលអង្គរ និងសម័យកាលខ្មែរក្រហមប៉ុណ្ណោះ ។ ដូចដែលខ្ញុំចង់បងា្ហញនៅក្នុងការនិយាយដោយសង្ខេបរបស់ខ្ញុំគឺកម្ពុជាមានប្រវត្ដិជាច្រើនលើសពីអ្វីដែលបានលើកឡើងនេះទៅទៀត ។
ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាយល់ថា រាល់ប្រវត្ដិសាស្ដ្ររបស់កម្ពុជារាប់តាំងពីសម័យកាលដ៏យូរលង់មកហើយរហូតមកទល់នឹងឆ្នាំ២០០៩នេះគឺមានភាពសម្បូរសប្បាយគួរឱ្យចាប់អារម្មណ៍ និងមានលក្ខណៈបន្ដបន្ទាប់គ្នាឥតដាច់ ។អ្នកទាំងអស់គ្នាគួរតែមានមោទនភាពក្នុងនាមជាទាយាទនៃប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ និងយូរអង្វែងមួយនេះ ។
និយាយរួម ខ្ញុំសូមបែងចែកប្រវត្ដិសាស្ដ្រដ៏យូរលង់នេះជាបួនសម័យកាលដោយរាប់ចាប់ពីការកកើតដំបូងនៃប្រវត្ដិសាស្ដ្រកម្ពុជារហូតដល់ឆ្នាំ១៩៥៣ជាពេលដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ។សម័យកាលនីមួយៗអាចនឹងត្រូវមើលឃើញថាមានសាច់រឿងគោលមួយ ឬក៏ពីរ ។
- បុរេប្រវត្ដិសាស្ដ្រៈ សម័យហ្វូណន និងសម័យចេនឡា ។ សាច់រឿងគោលៈ ការទទួលឥទ្ធិពលពីឥណ្ឌា កាលបរិច្ឆេទៈ ៥០០០ឆ្នាំមុនគ.សដល់ឆ្នាំ៨០០នៃគ.ស ។
- សម័យអង្គរ សាច់រឿងគោលៈ អំណាចរាជាធិរាជ នគរូបនីយកម្ម និងប្រជាជនសាមញ្ញកាលបរិច្ឆេទៈ ឆ្នាំ៨០០ដល់ឆ្នាំ១៤៥០នៃគ.ស ។
- សម័យកណ្ដាល សាច់រឿងគោលៈ បរិវត្ដន៍ ការដាច់ឆ្ងាយពីពិភពខាងក្រៅ និងការគាបសង្កត់ពីពិភពខាងក្រៅ កាលបរិច្ឆេទៈឆ្នាំ១៤៥០ដល់ឆ្នាំ១៨៦៣នៃគ.ស ។
- សម័យអាណានិគម សាច់រឿងគោលៈ សង្គមកម្ពុជាចាប់ផ្ដើមបើកចំហទៅពិភពខាងក្រៅច្រើនជាងមុន កាលបរិច្ឆេទៈ ឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣ ។
បុរេប្រវត្ដិសាស្ដ្រៈ សម័យហ្វូណន និងសម័យចេនឡា
យើងមានភ័ស្ដុតាងបញ្ជាក់ថា មានមនុស្សរស់នៅក្នុងរូងថ្មនៅភាគពាយព្យនៃប្រទេសកម្ពុជាជាយូរលង់ណាស់មកហើយគឺចាប់ពី៥០០០ឆ្នាំមុនគ្រិស្ដសករាជមកម្ល៉េះ ។ មនុស្សទាំងនោះស្ថិតនៅក្នុងយុគសម័យមួយដែលបានរស់នៅជាច្រើនកន្លែង ហើយរហូតមកដល់សព្វថ្ងៃនេះកន្លែងជាច្រើននៃសម័យកាលនោះទើបនឹងត្រូវជីកកកាយដើម្បីសិក្សា ។ មកដល់១០០០ឆ្នាំមុនគ.ស មនុស្សរស់នៅតំបន់ដែលបច្ចុប្បន្នស្ថិតនៅជិតខេត្ដកំពង់ឆ្នាំងបានប្រើប្រាស់ស្ពាន់ធ្វើជារបស់របរប្រើប្រាស់ (របស់របរល្អៗជាច្រើនរបស់ក្រុមមនុស្សទាំងនេះមានតាំងនៅសារមន្ទីរជាតិ) ។ របស់របរប្រើប្រាស់ឧបករណ៍លម្អផ្សេងៗ និងអាវុធមានលក្ខណៈប្រហាក់ប្រហែលនឹងវត្ថុដែលគេរកឃើញនៅទីតាំងដែលស្គាល់ថាជា «យុគសម័យស្ពាន់» ស្ថិតនៅភាគឦសាននៃប្រទេសថៃ ។ ប៉ុន្ដែវាមិនមែនមានន័យថា ជនជាតិដើមរបស់កម្ពុជាជាថៃនោះទេ ។ ត្រូវចងចាំថាពុំមានព្រំដែនរវាងប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍ទេរហូតមកដល់សម័យកាលអាណានិគម ។ ដូច្នេះក្រុមមនុស្សដើមដែលបច្ចុប្បន្នស្ថិតនៅភាគឦសាននៃប្រទេសថៃប្រហែលនៅប្រើប្រាស់ភាសាខ្មែរនៅឡើយ ឬក៏ថាភាសាដែលស្រដៀងនឹងភាសាខ្មែរ ។ មនុស្សទាំងនោះធ្វើស្រែ និងបរិភោគត្រីជាអាហារ ដូច្នេះរបបអាហារសំខាន់ដែលប្រជាជនកម្ពុជារស់នៅតាមជនបទក្នុងឆ្នាំ២០០៩នេះ គឺដូចគ្នានឹងរបបអាហារដែលមនុស្សបរិភោគកាលពី១០០០ឆ្នាំមុនគ.សដែរ ។ នេះអាចបង្ហាញអំពីទំនាក់ទំនងគ្នាឥតដាច់នៃប្រវត្ដិសាស្ដ្រកម្ពុជាមួយ ។
ព្រឹត្ដិការណ៍នេះ ខ្ញុំឱ្យឈ្មោះថា «ការទទួលឥទ្ធិពលពីឥណ្ឌា» ដែលខ្ញុំបានជ្រើសជាសាច់រឿងគោលនៃសម័យកាលនេះ ។សម័យកាលនេះទើបតែកត់ត្រាឡើងនៅប៉ុន្មានឆ្នាំដំបូងនៃសម័យកាលគ្រិស្ដសាសនាប៉ុណ្ណោះដែលគ្រឿងអលង្ការ និងរបស់របរប្រើប្រាស់របស់ប្រជាជនឥណ្ឌាត្រូវបានរកឃើញនៅតាមតំបន់ឆ្នេរដែលសម្បូរទៅដោយអ្នកប្រាជ្ញជាច្រើន ។ សម័យកាលនោះហើយដែលជនជាតិចិនហៅថា «សម័យហ្វូណន» ។
ហ្វូណន ជារដ្ឋពាណិជ្ជកម្មដ៏សំខាន់មួយដោយសារជាទីតាំងសម្បូរទៅដោយទំនាក់ទំនងផ្លូវទឹកជាច្រើនដែលអាចផ្ដល់កម្លាំងពលកម្មដ៏មហិមានៅពេលដែលមានតម្រូវការ ។ ប៉ុន្ដែជាអកុសលពុំមានឯកសារសំណេរណាមួយនៅសេសសល់ទេបន្ទាប់ពីសម័យកាលនោះ ។ ព័ត៌មានទាំងឡាយអំពីសម័យកាលនោះបានមកពីកំណាយជាច្រើននៃក្រុមបុរាណវិទូ និងឯកសារជាច្រើនទៀតបានមកពីប្រទេសចិនដែលត្រូវបានចងក្រងឡើងរាប់រយឆ្នាំមកហើយ ។ ក្រោយមកទៀតការសិក្សាគឺមានសារប្រយោជន៍ណាស់ដោយគេចាប់ផ្ដើមមើលទៅលើសភាពប្រែប្រួលនៃសម័យហ្វូណនដោយសារអ្នកគ្រប់គ្រងនៃសម័យកាលនេះបានជ្រើសយកភាសាវប្បធម៌ និងលក្ខណៈធ្វើកិច្ចការដ្ឋបាលពីប្រទេសឥណ្ឌាប្រកបដោយដំណើរការដ៏ប្រសើរ និងស្មុគស្មាញមួយដែលយើងឱ្យឈ្មោះថា «ការទទួលឥទ្ធិពលពីឥណ្ឌា» ។
ការទទួលឥទ្ធិពលពីឥណ្ឌានេះមិនមែនមានន័យថា ប្រទេសកម្ពុជាបានធ្លាក់ក្នុងអាណានិគមឥណ្ឌានោះទេ ប៉ុន្ដែជាជម្រើសមួយដែលក្រុមវរជននៅសម័យនោះបានយកមកប្រើប្រាស់នៅពេលដែលពួកគេបានប្រទះនឹងវប្បធម៌របស់ឥណ្ឌានៅប្រទេសឥណ្ឌា ដូចជាអ្នកកាន់សាសនា ឬតាមរយៈការធ្វើពាណិជ្ជកម្ម ឬនៅប្រទេសកម្ពុជា (ហ្វូណន) តាមរយៈអ្នកធ្វើជំនួញឥណ្ឌាអ្នកធ្វើការ និងអ្នកដឹកនាំសាសនាជាដើម ។ ដំណើរការនៃការទទួលឥទ្ធិពលនេះកើតឡើងនៅចន្លោះ៥០០ឆ្នាំមុនគ.ស និង៥០០ឆ្នាំក្រោយគ.ស ឬមុននិងក្រោយបន្ដិចដែលដំណើរការនេះពុំត្រូវបានកត់ត្រាឡើងឡើយ ។ ដំណើរការនេះកើតឡើងដោយសារទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាដែលបានលក់ផលិតផលដ៏កម្រពីព្រៃឈើហើយឥណ្ឌាទិញយកផលិតផលទាំងនេះដើម្បីផលិតរបស់របរជាច្រើនជាពិសេសផលិតផលក្រណាត់ផ្សេងៗ ។ ឥទ្ធិពលវប្បធម៌ឥណ្ឌាដែលកម្ពុជាទទួលខ្លាំងបំផុតនោះគឺអាទិទេព (ដែលមានប្រជាប្រិយភាពខុសៗគ្នា) និងគំនិតនៃការរៀបចំការគ្រប់គ្រង ។ ប៉ុន្ដែខ្មែរពុំដែលយករបៀបបែងចែកវណ្ណៈដែលមានមកពីឥណ្ឌាមកអនុវត្ដន៍ទេ ។នៅពេលដែល «ខ្មែរ» បានក្លាយទៅជាភាសាសរសេរនៅប្រហែល៣០០ឆ្នាំក្រោយគ.សនោះតួអក្សរឥណ្ឌាត្រូវបានកែសម្រួលសម្រាប់ជាព្យញ្ជនៈនៃភាសាថ្មីនេះ ។ ការទទួលឥទ្ធិពលពីឥណ្ឌាមិនមែនជាលើកដំបូងហើយក៏មិនមែនជាលើកចុងក្រោយដែរចំពោះលក្ខណៈលាយឡំ និងការយកលំនាំតាមវប្បធម៌ផ្សេងៗបង្កើតជាប្រវត្ដិសាស្ដ្រវប្បធម៌មួយសម្រាប់ប្រទេសនេះ ។ ចំណុចសំខាន់នោះគឺថាការទទួលឥទ្ធិពលពីឥណ្ឌានេះមិនមែនជាការដាក់ការគ្រប់គ្រង ឬអាណានិគមដូចករណីចិនធ្វើមកលើវៀតណាមខាងជើងនោះទេ ។
នៅសតវត្សរ៍៤ និង៥ក្រោយគ.ស ទីតាំងរដ្ឋបាលសំខាន់បានប្ដូរពីតំបន់ឆ្នេរនៅលើដីនៃអាណាចក្រហ្វូណនទៅភាគខាងត្បូងនៃកម្ពុជាដោយមានទីក្រុងមួយដែលបច្ចុប្បន្នជាភូមិមួយនៅស្រុកអង្គរបុរី ខេត្តតាកែវ ។ «ចេនឡា» ជាឈ្មោះដែលចិនបានដាក់ឱ្យអាណាចក្រនេះ ។ រាជធានីនៃចេនឡាប្រហែលជា «ឥសានាភុរា» ឬស្គាល់ថា «សម្បូរព្រៃគុហ៍» នៅខេត្ដកំពង់ធំ ។ នៅអំឡុងរយៈពេលប៉ុន្មានឆ្នាំនោះហើយដែលមានការចារឹកជាភាសាខ្មែរ និងសំស្ក្រឹតនៅលើផ្ទាំងថ្មជាលើកដំបូង និងចាប់ផ្ដើមមានការរៀបចំចងក្រងឯកសារស្ដីអំពីប្រវត្ដិ និងសង្គមរបស់កម្ពុជា ។ កិច្ចការដ៏មានសារប្រយោជន៍របស់លោក ម៉ៃខល វីឃឺរី ដែលសិក្សាលើសិលាចារឹកទាំងនេះត្រូវបានបង្ហាញឡើងនៅក្នុងឆ្នាំ២០០៥ ហើយបានផ្លាស់ប្ដូរការយល់ដឹងរបស់យើងចំពោះប្រវត្ដិសាស្ដ្រនៅប៉ុន្មានឆ្នាំចុងក្រោយនៃសម័យកាលនេះ ។
អ្នករាល់គ្នាតែងតែនឹកឃើញដល់ «អង្គរ» ជារៀងរាល់ថ្ងៃ ដូចជានៅពេលដែលអ្នកឃើញទង់ជាតិកម្ពុជា ឮភ្លេងជាតិ ឬឈ្មោះហាងទំនិញជាច្រើន ។អ្នកក៏អាចឃើញកំពូលដែលមានលក្ខណៈស្រដៀងនឹងអង្គរចេញពីវិមានឯករាជ្យ ។ ភាគច្រើននៃអ្នកទាំងអស់គ្នាសុទ្ធសឹងតែបានទៅទស្សនាអង្គរ ឬថាអ្នកខ្លះថែមទាំងបានទស្សនាជាច្រើនលើកទៀតផង ។ អង្គរគឺជាមណ្ឌលទេសចរណ៍ដ៏គួរឱ្យស្ញប់ស្ញែងសម្រាប់អ្នកទេសចរណ៍ដែលមកទស្សនាប្រមាណជាង១លាននាក់ក្នុងមួយឆ្នាំ ប៉ុន្ដែសម្រាប់អ្នកដែលជាជនជាតិខ្មែរវិញនោះ អង្គរគឺជាអ្វីដែលខុសពីអ្នកទេសចរណ៍បរទេសទាំងនេះ: អង្គរជាទីរំឭកដ៏ស្អាតអស្ចារ្យនៃភាពជោគជ័យរបស់បុព្វបុរសខ្មែរផ្នែកសិល្បៈ និងស្ថាបត្យកម្មការរៀបចំទីក្រុង ការធ្វើផ្លូវថ្នល់ និងវិស្វកម្មដោយប្រើប្រាស់កម្លាំងទឹក ដែលនេះគ្រាន់តែការរៀបរាប់ត្រួសៗប៉ុណ្ណោះ ។
ជាច្រើនឆ្នាំមកហើយ បុរាណវិទ្យានៅកម្ពុជាដែលគ្រប់គ្រងដោយបារាំងនោះបានសិក្សាតែអំពីព្រះរាជា ប្រាសាទ និងសិលាចារឹកដែលគេរកឃើញនៅអង្គរដើម្បីបង្កើតជារូបភាពមួយ និងកាលបរិច្ឆេទនៃរាជាណាចក្រប៉ុណ្ណោះ ។ ការសិក្សានោះបានឱ្យឈ្មោះស្ដេចចំនួន២៦អង្គដែលធាតុរបស់ស្ដេចទាំងនោះមានតម្កល់នៅប្រាសាទជាងមួយពាន់ និងបកប្រែសិលាចារឹកដែលសរសេរជាភាសាខ្មែរ និងសំស្ក្រឹតមានចំនួនជាងមួយពាន់សិលាចារឹក ។ ក្នុងការស្ថាបនាឡើងវិញនូវប្រាសាទសំខាន់ៗជាច្រើននៅអង្គរ ជនជាតិបារាំងបានសិក្សាអំពីសាសនាកម្ពុជា និងមួយចំនួនទៀតលើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលបានពីគូទឹកនៃប្រាសាទបាយ័ន ។
សិលាចារឹកទាំងនោះបង្ហាញអំពីការព្រួយបារម្ភរបស់ស្ដេច (ជាទូទៅមានលក្ខណៈថ្លៃថ្នូរ និងសរសេរជាភាសាសំស្ក្រឹត) និងមួយចំនួនទៀតស្ដីអំពីកិច្ចការរដ្ឋបាលអាណាចក្រ បើឱ្យច្បាស់ជាងនេះកិច្ចការរដ្ឋបាលទាំងនេះគឺមានទំនាក់ទំនងទៅនឹងប្រាសាទដែលសាងសង់ឡើងដោយស្ដេច ឬសមាជិកដ៏មានឥទ្ធិពលមួយរូបនៅក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់ ។
អ្នកសិក្សាទាំងនោះបានផ្ដល់នូវការស្វែងយល់អំពីប្រាសាទ និងអ្វីៗទាំងអស់ពីការស្រាវជ្រាវរបស់ខ្លួនទៅពិភពលោកក្នុងនាមជាអំណោយមួយ ហើយពួកគេផ្ដល់អំណោយមួយទៀតសម្រាប់ប្រជាជនកម្ពុជា ។
ប៉ុន្ដែអ្វីដែលការខិតខំរបស់ជនជាតិបារាំងបានមើលរំលងនោះគឺការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនសាមញ្ញនៅអង្គរដែលជាបុព្វបុរសរបស់អ្នកទាំងអស់គ្នាពុំមានការកត់ត្រាជាប្រវត្ដិសាស្ដ្រនូវជីវភាពនៃមនុស្សប្រុសស្រីរាប់រយរាប់ពាន់រូបដែលធ្វើស្រែចិញ្ចឹមបីបាច់គ្រួសារប្រយុទ្ធនៅក្នុងសង្គ្រាមដើម្បីអាណាចក្ររបស់ខ្លួន និងសាងសង់ប្រាសាទជាច្រើន ។ បារាំងមើលឃើញអង្គរថាជាការតស៊ូមួយជាការប្រមូលនៃសម្រស់ដែលខូចខាតជាច្រើន និងជាទីតាំងសម្រាប់ប្រវត្ដិសាស្ដ្ររាជានិយមដែលលាតសន្ធឹងក្នុងរយៈពេល៦០០ឆ្នាំ ។
រយៈពេលប្រមាណ៥០ក្រោយនេះមានការផ្លាស់ប្ដូរមួយចំនួនដែលទាក់ទងនឹងការគិតរបស់យើងចំពោះអង្គរ និងប្រវត្ដិសាស្ដ្រដើមនៃកម្ពុជា ។ ការគាស់កកាយលំនៅឋានចាស់ៗនៅសម័យមុនអង្គរ និងទីតាំងកប់សាកសពមួយចំនួនបានបង្ហាញអំពីភាពស្មុគស្មាញនៃជីវិតរបស់ប្រជាជនសាមញ្ញ ។ ការធ្វើផែនទីនៃតំបន់អង្គរក៏ត្រូវបានគេប្រែក្លាយទៅជាសិល្បៈមួយដោយប្រើប្រាស់រូបភាពពីប្រព័ន្ធផ្កាយរណបដើម្បីស្វែងរកវាលស្រែល្វឹងល្វើយប្រឡាយទឹក និងផ្លូវជាច្រើននៅអង្គរ ។ វាបានបង្ហាញថា អង្គរធ្លាប់ជាទីក្រុងដ៏ធំ និងកុះករមួយដែលផ្ដល់ទីលំនៅដល់ប្រជាជនប្រមាណ៧០០.០០០នាក់នៅសតវត្សរ៍ទី១២ជាពេលដែលអង្គរវត្ដកំពុងត្រូវបានសាងសង់ឡើង ។
ឈ្មោះរបស់ទីក្រុងនេះគឺឥសានបុរៈ ។ ការពិតទៅយើងដឹងច្រើនជាងអ្វីដែលយើងធ្លាប់បានដឹងអំពីទីក្រុងនេះចំពោះទម្រង់លំនៅឋានផ្លូវនានារបស់របរប្រើប្រាស់ភាជន៍ និងប្រឡាយទឹកជាច្រើនទៀត ។ បុព្វបុរសប្រុសស្រីទាំងនោះបច្ចុប្បន្នបានលេចឡើងក្នុងនាមជាអ្នកស្រុកប្រកបដោយការច្នៃប្រឌិត និងរស់រវើកនៃទីក្រុងដ៏ធំស្មុគស្មាញ និងគួរឱ្យចាប់អារម្មណ៍មួយទោះបីជាអ្នកទាំងនោះត្រូវបានចារនៅលើសិលាចារឹកក្នុងនាមជាទាសករក៏ដោយ ។ ក្រៅពីនោះបុព្វបុរសទាំងនេះហើយដែលជាសិល្បករ និងស្ថាបត្យករដ៏អស្ចារ្យដែលយើងទាំងអស់គ្នាតែងតែស្គាល់ ។ ហើយអ្នកទាំងនេះគឺជាមនុស្សរបស់អ្នក ។
ទន្ទឹមនឹងនេះដែរការសិក្សាតាមបែបបុរាណនៃបុរាណវិទ្យាចំពោះស្ដេចប្រាសាទ និងសិលាចារឹករបស់រាជាទាំងនេះបានផ្ដល់នូវព័ត៌មានថ្មីៗជាច្រើននៅរជ្ជកាលស្ដេចជ័យវរ្ម័នទី៧អត្ថន័យនៃអង្គរវត្ដតាមលក្ខណៈតារាសាស្ដ្រ និងឫសគល់ និងដែនកំណត់នៃការធ្វើពាណិជ្ជកម្មអន្ដរជាតិ ។ នៅឆ្នាំ២០០៩នេះយើងគ្រប់គ្នាបានដឹងអំពីប្រវត្ដិសាស្ដ្រច្រើនបំផុតលើអ្វីដែលយើងធ្លាប់ដឹងក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សប្រុសស្រី និងទីលំនៅរបស់បុព្វបុរសទាំងនេះដែលមានប្រមាណ១០០០គីឡូម៉ែត្រការ៉េ ។ ផ្ទុយពីការយល់ឃើញថាជាអាថ៌កំបាំងដ៏មហិមាមួយ អង្គរគឺបានក្លាយទៅជាការរួមផ្សំនៃអាណាចក្រដ៏អស្ចារ្យមួយ និងស្នាដៃនៃបុព្វបុរសដែលភាសាការរស់នៅ និងអត្ដចរិតដែលអ្នកទាំងអស់គ្នាយល់ថាគួរឱ្យចូលចិត្ដ និងងាយស្រួលយល់ ។
សម័យកណ្ដាលៈ ការផ្លាស់ប្ដូរ និងការរងសម្ពាធពីខាងក្រៅ
មិនមានឯកសារណាមួយនៅសេសសល់ដើម្បីប្រាប់យើងអំពីពេលវេលា និងមូលហេតុដែលនាំអង្គរធ្លាក់ចុះពីទីក្រុងដ៏អស្ចារ្យមួយនាក្រោយសតវត្សរ៍ទី១៥ទេ ហើយដំណាក់កាលនេះពិតជាមានភាពស្មុគស្មាញណាស់ដោយលាតសន្ធឹងរាប់រយឆ្នាំ ប៉ុន្ដែបម្លាស់ប្ដូរនានាបានកើតឡើងរួចទៅហើយនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មុនរាជធានីយសោធរបុរៈ (មិនមែនអង្គរវត្ដទេ) ត្រូវបានបោះបង់ចោល ។
ចំណុចសំខាន់បំផុតនៃបម្រែបម្រួលនេះគឺថា សង្គមកម្ពុជាដ៏ធំមួយបានផ្លាស់ប្ដូរដោយការប្រែក្លាយទៅជាអ្នកកាន់និកាយពុទ្ធសាសនាថេរវាទដែលប្រជាជនកម្ពុជាប្រណិប័តន៍ជាទូទៅនាពេលបច្ចុប្បន្ន ។ ការផ្លាស់ប្ដូរនូវការប្រណិប័តន៍សាសនានេះប្រហែលជាកើតឡើងនៅសតវត្សរ៍ទី១៣ ព្រោះនៅពេលដែលអ្នកការទូតចិនម្នាក់មកធ្វើទស្សនកិច្ចរដ្ឋធានីយសោធរបុរៈនៅក្នុងឆ្នាំ១២៩៦ ប្រជាពលរដ្ឋបានកំពុងតែប្រណិប័តន៍ព្រះពុទ្ធសាសនារួចទៅហើយ ។ បម្លាស់ប្ដូរនេះធ្វើឱ្យកម្ពុជាមានភាពស្រដៀងគ្នាទៅនឹងប្រទេសមួយដែលប្រតិបត្ដិព្រះពុទ្ធសាសនាដូចគ្នានៅអំឡុងពេលជាមួយគ្នាដែរនោះគឺប្រទេសជិតខាងសៀម ហើយពីរបីរយឆ្នាំក្រោយមកឃើញមានការទទួលឥទ្ធិពលវប្បធម៌ពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនេះ ។ ជាអកុសលសម្រាប់កម្ពុជានៅក្នុងសតវត្សរ៍ទី១៦ ប្រទេសសៀមក្លាយទៅជាមានឥទ្ធិពលមួយ ហើយទទួលសួយសារអាករពីជនជាតិខ្មែរ ហើយបានបន្ដធ្វើរហូតដល់ពេលបារាំងមកដល់ឆ្នាំ១៨៦៣ ។ ប្រជាជនកម្ពុជាមិនបានចាញ់គ្រប់សង្គ្រាមទាំងអស់ដែលបានច្បាំងជាមួយសៀមទេ ហើយចំណុចមួយដែលកម្ពុជាបានចាញ់គឺការបាត់បង់ចំនួនប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពេលដែលសៀមចាប់ជនជាតិខ្មែរជាឈ្លើយសឹក ។ ព្រឹត្ដិការណ៍ដ៏សំខាន់នៅសម័យកណ្ដាលគឺការរួញទឹកដីក្រោមការគ្រប់គ្រងដោយស្ដេចខ្មែរមួយអង្គព្រមទាំងការបាត់បង់ប្រជាជនកម្ពុជាផង ។
បញ្ហាមួយទៀតសម្រាប់ប្រទេសកម្ពុជានៅក្នុងសម័យកណ្ដាលគឺការលេចចេញជារូបរាងឡើងនូវប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនៅប៉ែកខាងកើត ។ មកដល់សតវត្សរ៍ទី១៧ មេដឹកនាំត្រកូលង្វៀនរបស់វៀតណាមខាងត្បូងបានធ្វើឱ្យមានការបែកបាក់ក្នុងព្រះរាជវាំងរវាងអ្នកដែលធ្លាប់យកប្រទេសសៀមជាមេ និងអ្នកដែលត្រូវគ្នាជាមួយនឹងវៀតណាម ។ វៀតណាមក៏បានបិទច្រកផ្លូវទៅកាន់កំពង់ផែសមុទ្រហើយប្រហែលជាឆ្នាំ១៦៥០ដល់១៨៥០ ព្រះរាជាណាចក្រនេះបានស្ថិតនៅក្នុងភាពឯកោពីពិភពខាងក្រៅ ហើយមានជំនួញជួញដូរជាមួយអន្ដរជាតិយ៉ាងតិចតួចបំផុត ។
ទោះជាយ៉ាងនេះក្ដីមិនអាចនិយាយបានថា ស្ថានភាពកម្ពុជាឋិតនៅក្នុងសភាពរងគ្រោះ និងហិនហោចនោះទេ ។ សម័យនេះហើយដែលសមិទ្ធផលអក្សរសាស្ដ្រខ្មែរមួយចំនួនបានផុសត្រដែតឡើង ដូចជាច្បាប់នានា និងរឿងរាមកេរិ៍្ដជាដើម ហើយសម័យនេះហើយដែលបានផ្សារភ្ជាប់អរិយធម៌អង្គរទៅនឹងសង្គមមួយដែលបារាំងបានជួបប្រទះពេលមកដល់ប្រទេសនេះដំបូងនៅឆ្នាំ១៨៦០ ។ ការផ្សារភ្ជាប់រវាងអង្គរ និងសម័យអាណានិគម រួមមានវប្បធម៌ដ៏ត្រចះត្រចង់របស់ខ្មែរភាសាដែលពោរពេញទៅដោយភាពសម្បូរបែប និងភាពត្រចះត្រចង់នៃការរៀបចំសង្គម ។ ម្យ៉ាងវិញទៀតជនជាតិខ្មែរគឺជាអ្នកទទួលមរតកនៃសម័យកាលនេះប្រហែលជាច្រើនជាងសម័យអង្គរ ឬសម័យអាណានិគមទៅទៀត ។
សម័យអាណានិគមៈ កម្ពុជាចូលរួមជាមួយពិភពខាងក្រៅច្រើនជាងមុន
នៅពេលដែលអ្នករុករកជាតិបារាំងមកដល់ទឹកដីកម្ពុជានៅទសវត្សរ៍៦០ ជាតិបារាំងទាំងនោះកំពុងតែរុករកទីតាំងដើម្បីពង្រីកផលប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយពួកគេមានជំនឿថាកម្ពុជា ឬប្រហែលជាទន្លេមេគង្គគឺជាទ្វារទឹកដ៏សំខាន់ទៅកាន់ប្រទេសចិន ។ នៅពេលនោះបារាំងបានកាន់កាប់វៀតណាមខាងត្បូងជាអាណានិគមរួចទៅហើយ ហើយមានបំណងចង់ពង្រីកការគ្រប់គ្រងលើទឹកដីអាស៊ីអាគ្នេយ៍ទាំងមូល ។
សង្គ្រាមស៊ីវិល អំពើបះបោរ ការឈ្លានពានពីសំណាក់សៀម និងការឋិតនៅក្រោមអាណាព្យាបាលរបស់វៀតណាមអស់រយៈពេលដ៏យូរអង្វែងបានរឹតរួមប្រទេសកម្ពុជាអស់រយៈពេល៥០ឆ្នាំ ។ កងទ័ពថៃ និងវៀតណាមបានប្រយុទ្ធគ្នានៅលើទឹកដីកម្ពុជា ហើយសង្គ្រាមនេះបានបង្កវិនាសកម្មដល់ប្រទេសកម្ពុជា ។ ប្រជាជនកម្ពុជាបានបាត់បង់ជីវិត និងចាប់ជាឈ្លើយសឹកអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ វត្ដអារាមជាច្រើនត្រូវបានបំផ្លាញ ហើយព្រះរាជាដែលទើបតែទទួលបានរាជបល្ល័ង្កថ្មីគឺព្រះបាទនរោត្ដមដែលធ្លាប់តែខ្លបខ្លាចសៀមបានស្វែងរកការការពារពីបារាំង (ឬបើជាក់ច្បាស់ជាងនេះទៅទៀតព្រះអង្គបានទទួលយកនូវអ្វីដែលបារាំងបានដាក់អាណាព្យាបាល) ។ បារាំងមានការពេញចិត្ដ និងដាក់ប្រទេសកម្ពុជាជាអាណាព្យាបាល ប៉ុន្ដែព្រះបាទនរោត្ដមមានការភ្ញាក់ផ្អើល ហើយមិនពេញចិត្ដត្រង់ថា បារាំងបានគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងនយោបាយប្រមាណជា៣០ឆ្នាំក្រោយមក ។ ព្រះមហាក្សត្រក្លាយជាបុគ្គលដែលគ្មានសារសំខាន់ ។ ទោះបីប្រទេសកម្ពុជាមានឈ្មោះជាផ្លូវការថា ក្រោមអាណាព្យាបាលបារាំងហើយមានព្រះមហាក្សត្រដឹកនាំក៏ដោយ មកដល់ចុងសតវត្សរ៍ទី១៩ ប្រទេសបារាំងបានដាក់ប្រទេសកម្ពុជាជាអាណានិគមរួចទៅហើយ ហើយបារាំងដែលបានសាងវិមានសម្រាប់ខ្លួនឯង និងបានតាំងខ្លួនឯងជាអ្នកដែលដើរតួយ៉ាងសំខាន់ក្នុងការសម្រេចកិច្ចការសំខាន់ៗនៅប្រទេសកម្ពុជា ហើយបារាំងជាអ្នកលើកបន្ដុបព្រះមហាក្សត្រខ្មែរបីអង្គទៀតនាដំណាក់កាលក្រោយមក ។
ដើម្បីថ្លឹងថ្លែងមើលអំពីតុល្យភាពនៃអាណានិគមនិយមបារាំងនៅប្រទេសកម្ពុជាជាការសំខាន់ណាស់ដែលត្រូវកំណត់ចំណាំថា បារាំងបានរួមចំណែកក្នុងការកសាងជាច្រើនផងដែរ (ដោយការប្រើប្រាស់ពលករខ្មែរដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំទីក្រុង និងការស្រាវជ្រាវផ្នែកបុរាណវិទ្យា) ។
ខេត្ដបាត់ដំបង និងសៀមរាប គឺជាខេត្ដចំណុះរបស់សៀមក្នុងឆ្នាំ១៧៩០ ហើយត្រូវបានប្រគល់ឱ្យកម្ពុជាវិញក្រោយពីបារាំងដាក់សម្ពាធទៅលើថៃ ។ ទឹកដីអង្គរត្រូវបានកាន់កាប់ដោយខ្មែរឡើងវិញ ដូច្នេះបុរាណវិទូបារាំងអាចចាប់ផ្ដើមធ្វើការដោយប្រើប្រាស់កម្មករខ្មែរក្នុងកិច្ចការជួលជុលប្រាសាទបុរាណឡើងវិញ ។
មានចំណុចអវិជ្ជមានខ្លះនៃរបបអាណានិគមដែលខ្ញុំនឹងលើកមកពិភាក្សានៅពេលបន្ដិចទៀតនេះ ។ ខ្ញុំគិតថាបើយើងមើលពីឆ្នាំ២០០៩នេះថយទៅក្រោយ យើងអាចនិយាយបានថាបារាំងមិនបានបំផ្លិចបំផ្លាញកម្ពុជាច្រើនដូចអ្វីដែលបានខូចខាតដោយឥទ្ធិពលបរទេសក្នុងអំឡុងសង្គ្រាមវៀតណាម និងអំឡុងសង្គ្រាមរវាងខ្មែរនិងខ្មែរ ខ្មែរនិងបរទេសក្រោយមកទៀត ឬក្រោមរបបខ្មែរក្រហមទេ ។ ជាមួយគ្នានោះដែរសម័យអាណានិគមបានបន្សល់នូវទិដ្ឋភាពអវិជ្ជមានច្រើនផងដែរ ហើយទិដ្ឋភាពខ្លះបានបន្ដមកដល់ឆ្នាំ២០០៩នេះទៀត ។
ប្រហែលជាចំណុចអវិជ្ជមានដ៏សំខាន់មួយគឺថាអាណាព្យាបាលបារាំងមិនបានអប់រំបណ្ដុះបណ្ដាលប្រជាជនកម្ពុជា ហើយមិនបានផ្ដល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការចូលរួមក្នុងឆាកនយោបាយទេនាដំណាក់កាលមុនឆ្នាំ១៩៤០ ។ បារាំងបានរៀបចំប្រទេសក្នុងសភាពមិនបានល្អទេ ។ រហូតមកដល់សម័យសង្គ្រាមលោកលើកទី២ទូទាំងប្រទេសទាំងមូលមានវិទ្យាល័យតែមួយគត់ ហើយគ្មានមហាវិទ្យាល័យទេ ។
ចំណុចដែលមើលទៅមានភាពខ្វះខាតនៅក្នុងសម័យអាណានិគមដែរនោះគឺប្រព័ន្ធតុលាការ ។ បារាំងមិនបានកំណត់ប្រព័ន្ធយុត្ដិធម៌ច្បាស់លាស់ទេ ហើយសឹងតែគ្មានមេធាវី និងចៅក្រមជាជនជាតិខ្មែរដែលទទួលនូវការបណ្ដុះបណ្ដាលផ្នែកច្បាប់គ្រប់គ្រាន់ផង ។
ទោះជាយ៉ាងណា បារាំងបានរួមចំណែកផ្ដល់នូវផលវិជ្ជមានដល់កម្ពុជាផងដែរ ដូចជាកម្ពុជាបានរួចរស់ជីវិត ហើយបានក្លាយជារដ្ឋមួយឯករាជ្យដោយគ្មានការជ្រៀតជ្រែកពីសំណាក់ប្រទេសជិតខាងដែលមើលទៅដូចជាមានសភាពទន់ជ្រាយណាស់ទៅហើយមុននឹងបារាំងមកដល់ ។ បារាំងក៏មិនបានជួយខ្មែរឱ្យច្រើនដូចអ្វីដែលខ្លួនបានបង្កើនអំណាច និងឥទ្ធិពលរបស់ខ្លួនទេ ។
ក្នុងឆ្នាំ១៩៧៥អ្នកនាំពាក្យខ្មែរក្រហមម្នាក់បានប្រកាសដោយមោទនភាពថា «២០០០ឆ្នាំ» នៃប្រវត្ដិសាស្ដ្រកម្ពុជាបានមកដល់ទីបញ្ចប់ ។ ខ្ញុំសង្ឃឹមថា ខ្ញុំបានបកស្រាយយ៉ាងច្បាស់នៅក្នុងសេចក្ដីថ្លែងការណ៍សង្ខេបមួយនេះ ដោយមិនត្រឹមតែបានរៀបរាប់ប្រវត្ដិកម្ពុជាត្រឡប់ទៅលើស២០០០ឆ្នាំប៉ុណ្ណោះទេ ថែមទាំងបានសិក្សាអំពីកម្ពុជាដែលពិតជារឿងគួរឱ្យចាប់អារម្មណ៍ ហើយដែលជនជាតិកម្ពុជាមានមោទនភាពផង ៕
ដេវីដ ឆេនល័រ
ទស្សនាវដ្ដីស្វែងរកការពិត លេខ១១៥ ខែកក្កដា ឆ្នាំ២០០៩
អត្ថបទពាក់ព័ន្ធៈ ប្រវត្តិសាស្ត្រខ្មែរដោយសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ