Chouk Khmer

March 1, 2009

រក​ឃើញ​កន្លែង​តម្កល់​អដ្ឋិធាតុ​បុរាណ​អាយុ​៥០០​ឆ្នាំ​នៅ​កោះកុង

ក្រុមការងារ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ ​និង​នាយកដ្ឋាន​បុរាណវិទ្យា​ ​និង​បុរេប្រវត្ដិ​វិទ្យា​ ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​ទើបតែ​ស្រាវជ្រាវ​ និង​រក​ឃើញ​ស្ថានីយ​តម្កល់​អដ្ឋិធាតុ​បុរាណ​មួយ​ ​ដែល​ ​មាន​អាយុកាល​ប្រហែល​៥០០​ឆ្នាំ​មុន​ ​ស្ថិត​នៅ​ភូមិ​ជីផាត​ ​ស្រុក​ថ្មបាំង​ ​ខេត្ដ​កោះកុង ។  តាម​មន្ដ្រី​ជំនាញ​ថា​ ​ស្ថានីយ​នេះ​ត្រូវ​ចុះ​ត្រួតពិនិត្យ​តាំងពី​ខែ​វិច្ឆិកា​ ​២០០៨​កន្លងមក ។

ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ស្ថានីយ​តម្កល់​អដ្ឋិធាតុ​បុរាណ​បាន​ឱ្យ​ដឹង​ថា​ ​ទីតាំង​តម្កល់​សព​បុរាណ​នោះ​ ​មិន​មែន​ជា​ ​របក​គំហើញ​ថ្មី​ទេ​ ​សម្រាប់​អ្នក​រស់​នៅ​តំបន់​នោះ​ ​ព្រោះ​ពួក​គាត់​បាន​និយាយ​ថា​ ​ពួក​គាត់​បាន​ស្គាល់​ និង​ឃើញ​ទីតាំង​តម្កល់សព​នេះ​តាំងពី​យូរណាស់​មក​ហើយ​ ​តែ​ពួក​គាត់​ហាក់​ដូចជា​មិន​បាន​ចាប់អារម្មណ៍​ ​និង​មិន​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែនដី​ ឬ​អ្នកជំនាញ​ឱ្យ​បានដឹង​ឡើយ ។​ ​មួយ​ឆ្នាំ​មុន​នេះ​ ​ពេល​ដែល​មាន​ការ​បង្កើត​សមាគម​ទេសចរណ៍​នៅ​ក្នុង​តំបន់​នោះ​ ​ទើប​អ្នកស្រុក​បាន​រាយការណ៍​ឱ្យ​តំណាង​សហគមន៍​បាន​ដឹង​អំពី​ទីតាំង​បញ្ចុះ​សព​បុរាណ​នោះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ តំណាង​សហគមន៍​ទេសចរណ៍​បាន​ផ្ដល់​ព័ត៌មាន​ទៅ​មន្ទីរ​ ​និង​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​ហើយ​ក៏​មាន​ការ​ចាត់​បញ្ជូន​មន្ដ្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​តំបន់​នោះ​តែ​ម្ដង ។​ ​មន្ដ្រី​នៃ​ក្រុម​ស្រាវ​ ​ជ្រាវ​បាន​និយាយ​ថា​ ​ទីតាំង​តម្កល់សព​បុរាណ​ស្ថិត​នៅ​ពីរ​កន្លែង​ផ្សេង​គ្នា​ ​ហើយ​ឃ្លាត​ពី​គ្នា​ចម្ងាយ​ប្រមាណ​ ​៤០​ម៉ែត្រ។ ទីតាំង​ទី​មួយ​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ក្រឡ​ធំៗ​ ​ដាក់​នៅ​ក្នុង​ប្រឡោះ​ថ្ម​នៃ​ជញ្ជាំង​ភ្នំ​មាន​កំពស់​ប្រហែល​៨​ម៉ែត្រ​ ​តែ​ក្រុមការងារ​មិន​ទាន់​បាន​ត្រួតពិនិត្យ​ក្រឡ​ទាំងនោះ​ឱ្យ​បាន​ល្អិតល្អន់​នៅឡើយ​ ​ព្រោះ​ស្ថានភាព​ភូមិសាស្ដ្រ​មិន​អំណោយផល ។ យោង​តាម​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​ប្រជាពលរដ្ឋ​គឺ​ក្រឡ​បុរាណ​នោះ​មាន​ទាំងអស់​ចំនួន​៧​ ​ដោយ​មួយ​ចំនួន​​នៅ​រក្សា​រូបរាង​ដើម​ល្អ​ ​តែ​មួយ​ចំនួន​ទៀត​បាន​បែក​ខូចខាត​ ​ហើយ​ទំនងជា​ត្រូវ​ក្រុម​មនុស្ស​វាយ​បំបែក​ដើម្បី​រក​វត្ថុ​មាន​តម្លៃ ។​ ​ចំណែក​ទីតាំង​ទី​ពីរ​ស្ថិត​នៅ​ខាងត្បូង​ទីតាំង​ទី​មួយ​ប្រហែល​៤០​ម៉ែត្រ​ ​។ ទីតាំង​ទី​ពីរ​នោះ​ ​ពុំ​មាន​ក្រឡ​ដូច​ទីតាំង​ទី​មួយ​ទេ​ ​គឺ​មាន​តែ​ក្ដារ​មឈូស​ដាក់​តម្រៀប​គ្នា​នៅ​ក្នុង​ជម្រក​ថ្ម​ ​មាន​រយៈកម្ពស់​ដូច​គ្នា​នឹង​ទីតាំង​នៃ​ក្រឡ​បុរាណ​ដែរ​ ​តែ​យើង​អាច​ឡើង​ទៅ​កាន់​ទីនោះ​បាន​មិន​មាន​ឧបសគ្គ​អ្វី​ឡើយ ។ តាម​ការ​ពិនិត្យ​ ​គឺ​ទីតាំង​ទី​ពីរ​នោះ​ ​មាន​តម្កល់​ក្ដារ​មឈូស​ចំនួន​១៣​ ​ក្នុង​នោះ​ក្ដារ​មឈូស​ចំនួន​១២​ ​គឺ​នៅ​​រក្សា​រូបរាង​ល្អ​ ​តែ​ក្ដារ​មឈូស​មួយទៀត​មាន​សភាព​ពុក​ផុយ​ស្ទើរតែ​ទាំងស្រុង ។​ ​ក្ដារ​មឈូស​ទាំងនោះ​ ​គឺ​ធ្វើ​អំពី​ឈើ​រាង​បួន​ជ្រុង​ទ្រវែង​មាន​ប្រវែង​ចាប់ពី​៨០​សង្ទីម៉ែត្រ​ ​រហូត​ដល់​១២០​សង្ទីម៉ែត្រ​ ​និង​ទទឹង​ជា​ទូទៅ​មាន​ប្រវែង​ប្រហែល​២០​សង្ទីម៉ែត្រ​ ​ព្រមទាំង​មាន​គម្រប​ដែល​មាន​មុខ​កាត់​រាង​ត្រីកោណ ។​ ​នៅ​ក្នុង​មឈូស​នីមួយៗ​ ​មាន​នៅ​សេស​សល់​ឆ្អឹង​សាកសព​ខ្លះៗ​ដូច​ជា​ ​ឆ្អឹង​ដៃជើង​ ​ឆ្អឹង​ជំនីរ​ ​ឆ្អឹង​ខ្នង​ ​និង​បំណែក​ឆ្អឹង​លលាដ៍​ក្បាល ។ ក្ដារ​មឈូស​ទាំងនោះ​ទំនងជា​ត្រូវ​បាន​គេ​រុះរើ​កកាយ​ក្នុង​បំណង​រក​វត្ថុ​មាន​តម្លែ​ដូច​ជា​ក្រឡ​ដែរ​ ​បណ្ដាល​ឱ្យ​ឆ្អឹង​សេសសល់​ជ្រុះ​រប៉ាត់រប៉ាយ​ ​និង​បែកបាក់​គួរ​ឱ្យ​សោកស្ដាយ ។​ ​ក្រៅពី​ឆ្អឹង​ដែល​នៅ​សេសសល់​ ​គេ​ក៏​សង្កេត​ឃើញ​មាន​ក្រឡ​តូចៗ​ដាក់​ក្នុង​ក្ដារ​មឈូស​មួយ​ចំនួន​ផង​ដែរ ។

មន្ដ្រី​ជំនាញ​បាន​និយាយ​ថា​ ​ទាក់ទិន​ទៅ​នឹង​អាយុកាល​នៃ​ស្ថានីយ​តម្កល់​សព​បុរាណ​នោះ​ ​យើង​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ភ្លាមៗ​ក្រៅ​ផ្លូវការ​ណាមួយ​នោះ​ឡើយ​ ​ព្រោះថា​ ​ដើម្បី​បាន​ដឹង​ឱ្យ​ជាក់លាក់​អំពី​អាយុ​កាលនោះ​ ​គឺ​ត្រូវ​ធ្វើការ​វិភាគ​តាម​បែប​វិទ្យាសាស្ដ្រ​ ​វិទ្យុសកម្ម​ ​កាបូន​១៤​ ​ទៅ​លើ​វត្ថុ​នីមួយៗ​សំខាន់​ឆ្អឹង​សាកសព ។

ប៉ុន្ដែ​យើង​អាច​ប្រៀបធៀប​ទៅ​នឹង​របកគំហើញ​ ​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​ ​នៅ​ឯ​តំបន់​ ​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្ដពោធិ៍សាត់​ ​ដែល​បាន​រក​ឃើញ​ស្ថានីយ​តម្កល់សព​បុរាណ​ ​ដូច​គ្នា​នឹង​របកគំហើញ​នៅ​ខេត្ដ​កោះកុង​នេះ​ផង​ដែរ ។ ដូច្នេះ​យើង​អាច​សន្មត​ថា​ ​ស្ថានីយ​តម្កល់សព​បុរាណ​ដែល​រក​ឃើញ​នៅ​ខេត្ដ​កោះកុង​ ​នេះ​ ​គឺ​មាន​អាយុ​ប្រហែល​៥០០​ឆ្នាំ​មុន​ ​ដូច​គ្នា​នឹង​ស្ថានីយ​តម្កល់សព​បុរាណ​នៅ​ខេត្ដពោធិ៍សាត់​ដែរ ។ ម្យ៉ាង​ទៀត​ស្ថានីយ​ទាំង​ពីរ​នេះ​ ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​តែ​មួយ​ដែល​ជា​ប្រភព​នៃ​អារ្យធម៌​ពិសេស​មួយ​នៅ​ក្នុង​តំបន់​នោះ ។

គួរ​រម្លឹក​ថា​ ​នេះ​ជា​ព័ត៌មាន​ទី​២​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ខែកុម្ភៈ​ ​ដែល​ស្ថានីយ​មួយ​ក៏​ត្រូវ​បាន​ធ្វើ​កំណាយ​ ​ដែរ​ដោយ​អ្នកជំនាញ​ជប៉ុន​នៅ​ខេត្ដបន្ទាយមានជ័យ​ ​ហើយ​បាន​រក​ឃើញ​អដ្ឋិធាតុ​មនុស្ស​បុរាណ​ដែល​មាន​អាយុ​កាល​៥០០​ឆ្នាំ​មុន​គ​.ស ៕

(សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០០៩​)

 

មឈូស​បុរាណ​ត្រូវ​បាន​រុញ​ចូល​តម្រៀប​នៅ​ក្រោម​ថ្ម​ដ៏​ធំ​មួយ​ផ្ទាំង​នេះ

មឈូស​បុរាណ​ត្រូវ​បាន​រុញ​ចូល​តម្រៀប​នៅ​ក្រោម​ថ្ម​ដ៏​ធំ​មួយ​ផ្ទាំង​នេះ​

មឈូស​ដាក់​សាកសព​មនុស្ស​បុរាណ​ដែល​បាន​រក​ឃើញ​

មឈូស​ដាក់​សាកសព​មនុស្ស​បុរាណ​ដែល​បាន​រក​ឃើញ​

 

February 26, 2009

កំណាយរកឃើញអដ្ឋិធាតុអាយុ៥០០ឆ្នាំមុនគ.ស

បទ​សម្ភាសន៍​ពី​ជនជាតិ​ជប៉ុន​ធ្វើ​កំណាយ​រក​ឃើញ​គ្រោងឆ្អឹង​ 

បទ​សម្ភាសន៍​ពី​ជនជាតិ​ជប៉ុន​ធ្វើ​កំណាយ​រក​ឃើញ​គ្រោងឆ្អឹង​

កាល​ពី​ថ្ងៃ​ទី​ ​២១ ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​គណៈប្រតិភូ​របស់​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ដឹកនាំ​ដោយ​លោក​ ប្រាក់​ ​សុណ្ណារ៉ា​ ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ ​អម​ដំណើរ​ដោយ​ ​លោក​ ​ហោម​ ​គឹមស៊ុន​ ​ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា​ ​និង​បុរេប្រវត្ដិវិទ្យា​ លោក​ ពៅ​ ​សំណាង​ ​ប្រធាន​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ខេត្ដ​បន្ទាយមានជ័យ​ ​និង​អស់​លោក​ជា​ម​ន្ដ្រី​វប្បធម៌​ជា​ច្រើន​រូប​ទៀត​ ​បាន​អញ្ជើញ​ទៅ​ជួប​សំណេះ​សំ​ណា​ល​សួរ​សុខ​ទុក្ខ​ ​នៅ​ថ្ងៃ​បញ្ចប់​ការងារ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ជប៉ុន​ ​ដែល​បាន​មក​ធ្វើ​កំណាយ​នៅ​ស្ថានីយ​បុរេប្រវត្ដិ​ខ្មែរ​ក្នុង​ភូមិ​ស្នាយ​ ​ឃុំ​រហាល​ ​ស្រុក​ព្រះនេត្រព្រះ ។

លោក​បណ្ឌិត​ មីយ៉ាសូកា​ ​នាយក​គម្រោង​ ​និង​លោក​ យូស៊ីណូរីយ៉ាសូដា​ ​ជា​សាស្ដ្រាចារ្យ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​ដែល​ដឹកនាំ​អនុវត្ដ​កំណាយ​ផ្លូវការ​នៅ​ស្ថានីយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​ ​ឃុំ​រហាល​ ​ស្រុក​ព្រះនេត្រព្រះ​ ​បាន​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​ថា​ ​ការ​មក​ស្រាវជ្រាវ​នៅ​ស្ថានីយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៨​ ​ហើយ​បាន​បញ្ចប់​ការងារ​នៅ​ថ្ងៃ​ទី​២១​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩ ។ លោក​ ​យូស៊ីណូរីយ៉ាសូដា​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​កំណាយ​ដែល​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​កន្លង​មកនេះ​ ​គឺ​មាន​ចំនួន​៩​រណ្ដៅ​ ​ក្នុង​នោះ​យើង​បាន​រក​ឃើញ​អដ្ឋិធាតុ​បុព្វបុរស​ចំនួន​៤២​រូប​ ​និង​រក​ឃើញ​ទួល​ថ្មកំបោរ​បាយអ​ចំនួន​៣​ដែល​មាន​រូបរាង​ច្បាស់​លាស់ ។ លោក​សាស្ដ្រាចារ្យ​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ឯកទេស​នៃ​ប្រទេស​ជប៉ុន​ ​ស្ថានីយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​នេះ​ ​គឺ​អាច​កើតឡើង​តាំងពី​៥០០​ឆ្នាំ​មុន​នៃ​គ្រិស្ដសករាជ​មក​ម្ល៉េះ ។ ចំពោះ​ទួល​ថ្មកំបោរ​បាយអ​ចំនួន​៣​ ​ដែល​យើង​បាន​រក​ឃើញ​នេះ​ ​គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​បុព្វបុរស​ខ្មែរ​យើង​មាន​ប្រាជ្ញា​វៃឆ្លាត​ចេះ​កសាង​អាង​តំកល់​ទឹក​សម្រាប់​ទុក​ប្រើប្រាស់​ ​និង​ធ្វើ​ពិធី​បូជា​សព​តាំងពី​យូរលង់​មក​ហើយ​ ​ប៉ុន្ដែ​បញ្ហា​នេះ​នៅ​តែ​ជា​ប្រធានបទ​មួយ​ដែល​យើង​មាន​គម្រោង​ទិស​ដៅ​ស្រាវជ្រាវ​តទៅ​ទៀត ។ យើង​ត្រូវ​សិក្សា​ពី​អាថ៌​កំបាំង​ពី​អរិយធម៌​ ​ពី​ការ​ប្រើប្រាស់​ទឹក​ ​ទាក់ទិន​នឹង​ការ​កសាង​ទីទួល​ស័ក្ដិសិទ្ធិ​ពី​កំបោរ​បាយអ​ដែល​បាន​រក​ឃើញ​តាម​រយៈ​កំណាយ​ក្នុង​ភូមិ​ស្នាយ ។

លោក​បណ្ឌិត​ មីយ៉ាសូកា​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​កំណាយ​ផ្លូវការ​នៅ​ស្ថានីយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​​នេះ ​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០០៨​ ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​របស់​ជប៉ុន​ ​ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រសួង​វប្បធម៌​ ​វិទ្យាសាស្ដ្រ​ ​បច្ចេកវិទ្យា​ ​និង​កីឡា​ នៃ​ប្រទេស​ជប៉ុន​ ​រួម​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រមទាំង​បាន​ការ​គាំទ្រ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ។ ការ​ស្រាវជ្រាវ​កំណាយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២១​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​ហើយ​មុន​នឹង​វិល​ត្រឡប់​ទៅ​មាតុប្រទេស​វិញ​ក្រុម​ការងារ​ ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​ជប៉ុន​ ​បាន​កសាង​ស្ដូប​មួយ​សម្រាប់​ដាក់​អដ្ឋិធាតុ​ដែល​ប្រជាពលរដ្ឋ​បាន​ជីក​កកាយ​នៅ​ក្នុង​ភូមិ​ស្នាយ​នេះ​កាលពី​ពេល​កន្លង​មក ។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ក្រុមការងារ​បាន​ទាំង​ជាវ​ពុទ្ធបដិមា​ចំនួន​២​អង្គ​ ​សម្រាប់​ដាក់​តំកល់​ក្នុង​ស្ដូប​នោះ​ទុក​ជាទី​សក្ការបូជា​ទៀត​ផង ។

ទិដ្ឋភាព​នៃ​ការ​ធ្វើ​កំណាយ​នៅ​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ
ទិដ្ឋភាព​នៃ​ការ​ធ្វើ​កំណាយ​នៅ​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ 

ទិដ្ឋភាព​នៃ​ការ​ធ្វើ​កំណាយ​នៅ​ស្ថានីយ​បុរេប្រវត្ដិសាស្ដ្រ

មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ​ ​លោក​ ប្រាក់​ ​សុណ្ណារ៉ា​ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ ​ដែល​ជា​តំណាង​របស់​ឯឧត្ដម​រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​បាន​ថ្លែង​កោត​សរសើរ​ដល់​ក្រុម​ស្រាវជ្រាវ​ជប៉ុន​ដែល​បាន​យក​ចិត្ដ​ទុក​ដាក់​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ ​និង​ ​វិចិត្រសិល្បៈ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ស្ថានីយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​ ​ដោយ​ទទួល​បាន​លទ្ធផល​យ៉ាង​គាប់​ប្រសើរ​បំផុត ។​ ​លោក​អគ្គនាយក​រង​មាន​សេចក្ដី​សង្ឃឹមថា​ ​ក្រុម​អ្នក​ស្រាវជ្រាវ​ជប៉ុន​ ​នឹង​វិល​មក​បន្ដការងារ​នេះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ទៀត​ ​ទៅ​លើ​អាថ៌​កំបាំង​ ​និង​អរិយធម៌​នៃ​ការ​ប្រើប្រាស់​ទឹក​ទាក់ទិន​នឹង​ការ​កសាង​ទីទួល​ស័ក្ដិសិទ្ធិ​ពី​កំបោរ​បាយអ​ ​ដែល​បាន​រក​ឃើញ​នៅ​ស្ថានីយ​បុរេប្រវត្ដិ​ភូមិ​ស្នាយ​នេះ ។

លោក​ ប្រាក់​ ​សុណ្ណារ៉ា​ ​និង​លោក​ ​ហោម​ ​គឹមស៊ុន​ ​បាន​ថ្លែង​អំណរគុណ​ ​និង​ជូនពរ​ក្រុមការងារ​ ​នៃ​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​អន្ដរជាតិ​ជប៉ុន​ ​សូម​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញ​ភារកិច្ច​ ​ហើយ​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ។

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩

 

អត្ថបទ​ពាក់ព័ន្ធៈ 

ការ​​ស្រាវជ្រាវ​​នៅ​​ស្ថានីយ​​បុរេ​ប្រវត្ដិ​​ភូមិ​​ស្នាយ​​រក​​ឃើញ​​ទួល​​កប់​​សព ​​និង​​ទួល​ស័ក្ដិសិទ្ធិ​​សក្ការៈ​​ទឹក

 

February 15, 2009

ប្រាសាទព្រះវិហារ ឬ ព្រះវិហាន ?

ប្រាសាទ​ព្រះវិហារ​ខ្មែរ 

តើ​ថៃ​មាន​ភាគហ៊ុន​ទេ​ ​ក្នុង​ការ​ចង់​ដាក់​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ថា​ ​ព្រះ​វិហាន ?

ការ​ចរចា​រវាង​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា-ថៃ​ ​ក្នុង​កិច្ចប្រជុំ​ជា​វិសាមញ្ញ​លើក​ទី​៤​ ​កាលពី​ថ្ងៃ​ទី​៣​ ​ទី​៤​ ​ខែ​កុម្ភៈ​កន្លង​មក​ ​នៅ​ទីក្រុង​បាងកក​ស្ដី​ពី​បច្ចេកទេស​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ។ របៀបវារៈ​នៃ​អង្គប្រជុំ​នេះ​ត្រូវ​បាន​ភាគី​ថៃ​លើក​ឡើងជា​ដំបូង​អំពី​ការ​ដូរ​ឈ្មោះ​ ​“ប្រាសាទ​ព្រះវិហារ” មក​ជា​ ​“ប្រាសាទព្រះវិហាន” ។ កាសែត​បាងកក​ប៉ុស្ដិ៍​បាន​រាយការណ៍​ថា​ ​ការ​ចរចា​បាន​ជំពប់​ជើង​ដួល​ជុំវិញ​ការ​ប្រើប្រាស់​ពាក្យ​ ​“ព្រះ​វិហារ” និង​ ​“ព្រះ​វិហាន” ដោយ​ភាគី​សៀម​បាន​ព្យាយាម​ភ្ជាប់​ឱ្យ​មាន​ការ​ប្រើ​ពាក្យ​ជា​សំនៀង​ភាសា​របស់​ខ្លួន​ថា​ ​“ព្រះ​វិហាន​” ជា​ផ្លូវការ​ ​តែ​ខាង​កម្ពុជា​​បាន​ច្រាន​ចោល​ ​ព្រោះថា​ ​ការ​ប្រើ​ពាក្យ​នេះ​សម្រាប់​ហៅ​ឈ្មោះ​ប្រាសាទ​ខ្មែរ​មិន​ត្រឹមត្រូវ​ឡើយ ។

ជុំវិញ​នៅ​ពីក្រោយ​ការ​សុំ​ដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ ​មក​ជា​ព្រះ​វិហាន​វិញ​ ​ភាគី​ថៃ​បាន​បង្កប់​អាថ៌​កំបាំង​យ៉ាង​ច្រើន​ទៅ​លើ​ការ​សុំ​ដូរ​ឈ្មោះ​នេះ​ ​ពិសេស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ​ ​ដែល​បាន​កាត់​ក្ដី​ឱ្យ​ខ្មែរ​ឈ្នះ​ ​ក្ដី​អំពី​ប្រាសាទ​ព្រះវិហារ​នេះ​នៅ​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ។ ប្រសិនបើ​ភាគី​ខ្មែរ​យល់ព្រម​តាម​សំណើ​របស់​ថៃ​វិញ​ ​ប្រាសាទ​នេះ​នឹង​ទៅ​ជា​របស់​ថៃ​តាម​ទឡ្ហីករណ៍​នៃ​ការ​ប្រើ​សំនៀង​ភាសា​ថៃ​វិញ​ ​ដែល​ភាសា​នេះ​ពុំ​មាន​អក្សរ​ ​“រ” ឡើយ ។ ដូចនេះ​ថៃ​អាច​ធ្វើ​ការ​ប្ដឹង​តស៊ូ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ទាមទារ​យក​ប្រាសាទ​នេះ​មក​គ្រប់គ្រង​ឡើង​វិញ​ ​ហើយ​អាច​បដិសេធ​សាលដីកា​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ​ ​ដែល​កាត់​ឱ្យ​កម្ពុជា​ឈ្នះ​ក្ដី​ ​គឺ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ ​ឬ​ម្យ៉ាងទៀត​គេ​អាច​ប្រើ​កម្លាំង​ទ័ព​មក​ដណ្ដើម​កាន់កាប់​ប្រាសាទ​ព្រះ​វិហារ​ឡើង​វិញ​ ​ដោយ​សម្អាង​ទៅ​លើ​ឈ្មោះ​ប្រាសាទ​ព្រះវិហាន​ ​ដែល​ទទួល​ស្គាល់​ដោយ​ភាគី​កម្ពុជា​រួច​ហើយ ។​ ​វា​ជា​ការ​អស់សំណើច​បំផុត​ដែល​ប្រាសាទ​ព្រះវិហារ​ជា​របស់​ផង​ខ្មែរ​ ​តាម​សាលដីកា​របស់​ ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​សម្រេច​កាត់ក្ដី​ឱ្យ​ខ្មែរ​ឈ្នះ​ ​បែរ​ជា​ពួក​សៀម​សុំ​ដាក់​ឈ្មោះ​ឱ្យ​ទៅ​ជា​ប្រាសាទ​ព្រះ​វិហាន​ទៅ​វិញ ។ មិន​ខុស​ពី​ប្ដី​ប្រពន្ធ​ពីរ​នាក់​ ​គេ​បង្កើត​បានកូន​ប្រុស​មួយ​ ​បែរជា​អ្នក​ជិតខាង​មក​សុំ​ប្ដូរ​ឈ្មោះ​ដែល​ប្ដី​ប្រពន្ធ​របស់​គេ​បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​គេ​ហើយ​នោះ​ទេ ។​ ​តើ​សៀម​មាន​ភាគហ៊ុន​ក្នុង​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​ជាមួយ​ខ្មែរ​ដែរ​ឬទេ ? បើ​តាម​អ្នកប្រាជ្ញ​ប្រវត្ដិសាស្ដ្រ​នានា​បាន​ឱ្យ​ដឹង​ថា​ ​ជនជាតិ​ថៃ​ជា​ជនជាតិ​មក​ពី​ ​ណានចាវ​ ​(Nan Chao) ដែល​រាជាណាចក្រ​ទី​១​របស់​គេ​ ត្រូវ​បាន​ស្គាល់​ក្នុង​ប្រវត្ដិសាស្ដ្រ​ ​គឺ​ ​ណានចាវ​ ​មាន​ទីតាំង​នៅ​ក្បែរ​ខេត្ដ​យូណាន​ ​(Yunnan​) ប្រទេស​ចិន​បច្ចុប្បន្ន​ ដែល​ជនជាតិ​នេះ​បាន​តស៊ូ​ប្រយុទ្ធ​ និង​រាជវង្ស​ចិន​នៅ​ភាគ​ខាងត្បូង​ជា​ច្រើន​ជំនាន់​ ​ចាប់​តាំង​ពី​សតវត្ស​ទី​៧​ រហូត​ដល់​សតវត្ស​ទី​១២ ។​ ​ទោះបីជាយ៉ាងណា​ ​ពួក​គេ​ត្រូវ​​បាន​កំចាត់​កំចាយ​ដោយ​​ពួក​ម៉ុងហ្គោល​ ​(Mongol​) និង​បាន​ដណ្ដើម​យក​ជ័យ​ជំនះ​នៅ​ក្នុង​សតវត្ស​ទី​១៣ ។ ព្រឹត្ដិការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ល្បឿន​ចលករ​ក្នុង​ការ​វាតទី​ទឹក​ដី​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង​។​ ​រាជាណាចក្រ​ថៃ​ដ៏​តូច​នេះ​បាន​លេចមុខ​នៅ​ភាគ​ខាងជើង​ប្រទេស​នៅ​ដើម​សតវត្ស​ទី​១១ ។​ ​នៅ​ក្នុង​សតវត្ស​ទី​១៣​ ព្រះរាជាណាចក្រ​សុខោថៃ​ ​(Sukothai​) (ឈ្មោះ​ដើម​ ​សុខោទ័យ​ ​ជា​ឈ្មោះ​ខេត្ដ​មួយ​របស់​ចក្រភព​ខ្មែរ​ ​ដែល​ពួក​ថៃ​បាន​វាយ​ដណ្ដើម​កាន់កាប់​) ធ្វើ​ជា​រាជធានី​របស់​គេ​ស្ថិត​នៅ​ភាគ​ខាងជើង​ ​និង​ត្រួតត្រា​បណ្ដា​ខេត្ដ​ភាគ​កណ្ដាល​ ​និង​ភាគ​ខាងត្បូង​របស់​ចក្រភព​ខ្មែរ​ ​ដោយ​បាន​ប្ដូរ​ឈ្មោះ​ជា​រាជាណាចក្រ​ថៃ​ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

តាម​រយៈ​ឯកសារ​នេះ​ យើង​ឃើញ​ថា​ ​រដ្ឋ​ថៃ​មាន​មុខ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ ​នៅ​ចុង​សតវត្ស​ទី​១៣​ ​ដើម​សតវត្ស​ទី​១៤​ប៉ុណ្ណោះ​ ​ហើយ​ពួក​សៀម​ដែល​ដូរ​ឈ្មោះ​មក​ជា​ថៃ​នៅ​ឆ្នាំ​១៩៣០​នោះ​ ​គឺជា​ពួក​ពនេចរ​ពី​ដែន​ដី​ភាគ​ខាងត្បូង​ប្រទេស​ចិន​មក​កាន់​អាស៊ី​អាគ្នេយ៍​នេះ ។​ ​ពួក​គេ​ពិតជា​ពុំ​បាន​រួម​ចំណែក​អ្វី​បន្ដិច​បន្ដួច​ឡើយ​ ​ក្នុង​ការ​កសាង​ប្រាសាទ​ព្រះវិហារ​នេះ ។​ ​លើស​ពី​នេះ​ពួក​គេ​បាន​ឈ្លានពាន​កាន់កាប់​យក​ដី​នៃ​ចក្រភព​ខ្មែរ​យ៉ាង​ច្រើន​បំផុត​ ​នៅ​ពេល​ដែល​អំណាច​កណ្ដាល​របស់​ចក្រភព​ខ្មែរ​រង្គោះរង្គើ​ដោយ​គ្រប់គ្រង​ប្រទេស​មិន​បាន​ល្អ ។​

ប្រវត្ដិវិទូ​ថៃ​ ​លោក​ស៊ូឡាក់​ ​ស៊ីវ៉ារ៉ាក់​ ​(Sulak​ ​Sivarak​) ដែល​ជា​អ្នក​ទទួល​រង្វាន់​ណូបែល​សន្ដិភាព​ម្នាក់​ ​និង​ជា​អ្នក​ឈ្នះ​រង្វាន់​ ​The​ ​Right​ ​Livelihood​ ​បាន​និយាយ​អំពី​ចក្រភព​ខ្មែរ​ថា​ ​“វា​បាន​រួម​ទាំងអស់​ ​គ្រប់​អ្វីៗ​ទាំងអស់​ចាប់​តាំង​ពី​ខាងលើ​រហូត​ទៅ​ដល់​លុពបុរី​ ​និង​អ្វីៗ​ទាំងអស់​រួម​ទាំង​បាងកក​បច្ចុប្បន្ន” ។

បន្ថែម​ជា​ថ្មី​ទៀត​ ការ​ពិពណ៌នា​អំពី​ចក្រភព​ខ្មែរ​ត្រូវ​បាន​លោក​ ​Peter​ ​Janssan​ ​នៃ​កាសែត​ ​The​ ​Hindustan​ ​Times​ ​ដក​ស្រង់​ពី​លោក​ ​Sulak​ ​Sivarak​ ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២០០៨ ថា​ ​“ពួក​ថៃ​បាន​ឈ្លាន​ពាន​កម្ពុជា​ ​ហើយ​បន្ទាប់​មក​នៅ​ក្នុង​ការ​ទទួល​យក​របស់​គេ​ ​នាំ​ទៅ​ដល់​ការ​ត្រាប់​យក​តាម​ប្រពៃណី​វប្បធម៌​ដ៏​ច្រើន​របស់​ខ្មែរ​ ​ដោយ​ពួក​ថៃ​ ​រួម​ទាំង​ទស្សនាទាន​លទ្ធិ​ហិណ្ឌូ​នៃ​ស្ដេច​អាទិទេព​ ​និង​តុលាការ​ ​សម្បថ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​លើ​លទ្ធិព្រាហ្មណ៍​អំពី​មន្ដអាគម​ ​ហើយ​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​នយោ​ ​បាយ​ថៃ” ។ លោក​ ​Peter​ ​Janssan​ ​បាន​បន្ថែម​ថា​ ​មាន​ប្រាសាទ​ខ្មែរ​យ៉ាងច្រើន​បាន​ស្ថិត​នៅ​ក្នុង​ទីតាំង​នៃ​ប្រទេស​ថៃ​ ​ជា​ពិសេស​ នៅ​តាម​បណ្ដោយ​ព្រំដែន​ទិស​ឦសាន្ដ​ ​ថៃ-កម្ពុជា​ ​ដូច​ជា​ បូរីរ៉ាម​ ​(Buriram​) ​សុរិន្ទ​ ​(Surin​) និង​ស៊ីសាកេត​ ​(Sisaket) ។ តើ​ការ​ត្រាប់​យក​តាម​ប្រពៃណី​វប្បធម៌​ដ៏​ច្រើន​របស់​គេ​ពី​ពួក​ថៃ​ដូច​ម្ដេច​ខ្លះ ?

យើង​លើកយក​តែ​វប្បធម៌​តែ​មួ​យមក​បកស្រាយ​ឃើញ​ថា​ ​អក្សរ​ខ្មែរ​ជា​ ​“អក្សរ​មូល” ។ ពួក​អ្នកប្រាជ្ញ​ថៃ​បាន​ត្រាប់​យក​អក្សរ​ខ្មែរ​យើង​ ​ហើយ​កែសម្រួល​រូបរាង​អក្សរ​មូល​ខ្មែរ​ឱ្យ​ទៅ​ជា​អក្សរ​ថៃ​បច្ចុប្បន្ន ។​ ​យើង​ឃើញ​មាន​អក្សរ​ខ្លះ​ ​ដូច​ជា​អក្សរ​ ​Z ស្រះ​ ​a​ ​i​ ​I ។ល។ និង​ត្រាប់​យក​លេខ​ខ្មែរ​ទាំងស្រុង​ ​ដោយ​គ្រាន់តែ​ប្ដូរ​សំនៀង​ហៅ​តាម​សំនៀង​ថៃ​ ​ដូច​ជា​ ​១ (មួយ​) ថៃ​ថា​ ​នឹង​ លេខ​២​ ​(ពីរ) ថៃ​ថា​ ​សង​ ​និង​លេខ​៣​ ​(បី) ថៃ​ថា​ ​សាម​ ​ជាដើម ។

ដោយឡែក​ប្រាសាទ​ព្រះវិហារ​កសាង​ជាង​៣០០​ឆ្នាំ​ ​ដោយ​ព្រះបាទ​យសោវរ្ម័ន​ទី​១​ ​(គ.ស​៨៨៩​-៩១០) ហើយ​ប្រាសាទ​នេះ​បាន​កសាង​រួចរាល់​រហូត​ដល់​រាជ​ព្រះបាទ​​សូរ្យវរ្ម័ន​ទី​២​ ​(គ.ស​១១១៣​-…..) ជា​ក្សត្រ​​ស្ថាបនិក​រាជធានី​អង្គរ​នៃ​ចក្រភព​ខ្មែរ ។​ ​ការ​សាងសង់​ប្រាសាទ​ព្រះវិហារ​ ​គឺ​ជា​មនោគតិ​សម្រាប់​ព្រះរាជា​ខ្មែរ​ ​ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សិវៈ​ ​ពីព្រោះ​ក្សត្រ​​ទាំងនោះ​គិត​ថា​ ​លំនៅ​ឋាន​របស់​អាទិទេព​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ខ្ពស់​បំផុត​ជាង​៥០០​ម៉ែត្រ​ពី​ផែនដី ។ បើ​យើង​ប្រៀបធៀប​ការ​ចាប់ផ្ដើម​សាងសង់​ប្រាសាទ​ព្រះវិហារ​យើង​គិត​ថា​ ​នៅ​ឆ្នាំ​៨៨៩​នៃ​គ្រិស្ដសករាជ​ទៅ​ចុះ​ ​ថា​តើ​ជនជាតិ​សៀម​ស្ថិត​នៅ​ឯណា ? បើ​តាម​ឯកសារ​ស្រាវជ្រាវ​ យើង​ប្រាកដ​ក្នុង​ចិត្ដ​ច្បាស់​ថា​ ​ពួក​គេ​កំពុង​រស់​នៅ​ឯ​ណានចាវ​ឯណោះ​ ​ហើយ​ប្រហែល​ពួក​គេ​កំពុង​តែ​ជាប់​ធ្វើ​សង្គ្រាម​ជាមួយ​រាជវង្ស​ចិន​ទេ​ដឹង ? ពួក​សៀម​មាន​វត្ដមាន​ពិតប្រាកដ​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​នេះ​ ​នៅ​ចុង​សតវត្ស​ទី​១៣​ដើម​សតវត្ស​ទី​១៤​ប៉ុណ្ណោះ ។ ពួក​គេ​ពុំ​មាន​ចំណែក​ណាមួយ​ក្នុង​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​ ​ហើយ​ពួក​គេ​ក៏​ជា​ពូជសាសន៍​អំបូរ​ខុស​ពី​អំបូរ​ខ្មែរ​-មន​ដែរ ។​

ពួក​សៀម​តាម​សំនៀង​នៃ​ភាសា​របស់​ពួក​គេ​ ​អ្នកប្រាជ្ញ​ខាង​សូរវិទ្យា​បាន​ចាត់​អំបូរ​សៀម​នេះ​ ​នៅ​ក្នុង​ពួក​អំបូរ​ចិន​-វៀតណាម​ ​ព្រោះ​សំនៀង​ខាង​ភាសា​របស់​គេ​មាន​សម្លេង​ឡើង​ចុះ​ដូច​គ្នា ។​ ​ឯ​អំបូរ​ខ្មែរ-មន​យើង​វិញ​ ​ពុំ​មានសំនៀង​ភាសា​ឡើង​ចុះ​ឡើយ ។​

លើស​ពី​នេះ​ទៀត ​ពួក​សៀម​នៅ​តែ​មាន​មហិច្ឆតា​បន្ដ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ជា​និច្ច​ ​ត្រាប់​តាម​គំរូ​ដូនតា​របស់​គេ​ ​ហេតុនេះ​ហើយ​បានជា​យើង​ឃើញ​ក្នុង​សម័យ​អាណានិគម​បារាំង​ត្រួតត្រា​ឥណ្ឌូចិន​ ​ខ្មែរ​យើង​បាន​បាត់បង់​ខេត្ដ​ចំនួន​៣​ទៅ​ថៃ​ ​គឺ​ខេត្ដ​បាត់ដំបង​ ​សៀមរាប​ ​ស្វាយ​ស៊ីសុផុន​ ​តែ​ដោយ​សង្គ្រាម​លោក​លើក​ទី​២​បញ្ចប់​ ​សម្ព័ន្ធ​ជប៉ុន​បាន​ចាញ់​សង្គ្រាម​ ​សម្ព័ន្ធ​បារាំង​បាន​ឈ្នះ​សង្គ្រាម​ ​ជប៉ុន​ក៏​ប្រគល់​ទឹក​ដី​ខេត្ដ​ទាំង​៣​មក​ឱ្យ​បារាំង​ត្រួត​ត្រា​វិញ ។ នៅ​ពេល​ដែល​បារាំង​បាន​ចាក​ចេញពី​ឥណ្ឌូចិន​ ​ហើយ​បាន​ប្រគល់​ឯករាជ្យ​ឱ្យ​កម្ពុជា​ ​ក្រោម​ចលនា​ទាមទារ​របស់​សម្ដេច​ព្រះបាទ​ នរោត្ដម​ ​សីហនុ​ ​នា​ថ្ងៃ​ទី​៩​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​១៩៥៣ គឺ​មួយ​ឆ្នាំ​ក្រោយមក​ ​នៅ​ឆ្នាំ​១៩៥៤​ ​ទ័ព​សៀម​បាន​ឈ្លានពាន​ចូល​ដណ្ដើម​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ ​ដោយ​តាំង​រដ្ឋបាល​របស់​គេ​នៅ​លើ​ប្រាសាទ​ខ្មែរ​ដោយ​ចាត់​ទុក​ថា​ ​ប្រាសាទ​ព្រះវិហារ​ជា​របស់​គេ​ ​ហើយ​បាន​ដូរ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​ប្រាសាទ​ព្រះវិហាន​ ​តាម​សំនៀង​ភាសា​របស់​គេ​ដែល​គេ​ប្រើ​អក្សរ​ ​“រ” ជំនួស​ដោយ​អក្សរ​ ​“ន” ព្រោះ​ ​សំនៀង​ក្នុង​ភាសា​របស់​គេ​ពុំ​មាន​សំនៀង​អក្សរ​ ​“រ” ឡើយ ។​ ​នៅ​ពេល​ពួក​សៀម​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ពី​ឆ្នាំ​១៩៥៤​ ​ដល់​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ពួក​គេ​មិន​គ្រាន់តែ​មិន​បាន​ជួសជុល​ថែរក្សា​ប្រាសាទ​ប៉ុណ្ណោះ​ទេ​ ​ពួក​គេ​ថែម​ទាំង​បាន​ដឹក​ជញ្ជូន​រូប​ចម្លាក់​ដែល​ចល័ត​បាន​ ​ចូល​ទៅ​ទុក​ក្នុង​ប្រទេស​គេ​ ​ដោយ​ពួក​គេ​បាន​កំណត់​ក្នុង​ចិត្ដ​ថា​ ​ប្រាសាទ​ព្រះវិហារ​នេះ​មិនមែន​ជា​របស់​ផង​គេ ។ ហេតុនេះ​ហើយ​បាន​ជា​នៅ​ក្នុង​ការ​កាត់​ក្ដី​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡាអេ​ ​នា​ថ្ងៃ​ទី​១៥​ ​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ បាន​សម្រេច​ថា​ ​“ក្នុង​ភាព​សម​នឹង​ទទួល​របស់​តុលាការ​ ​ដោយ​មាន​ការ​បោះ​ឆ្នោត​៩​សម្លេង​ទល់​នឹង​៣​សម្លេង​ ​តុលាការ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ថា​ ​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ទីតាំង​ទឹក​ដី​ក្រោម​អធិបតេយ្យភាព​នៃ​កម្ពុជា​ ​ហើយ​ក្នុង​ហេតុផល​នេះ​ថា​ ​ប្រទេស​ថៃ​ ​គឺ​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​មួយ​ដើម្បី​ដក​ថយ​កម្លាំង​យោធា​ ​ឬ​កម្លាំង​នគរបាល​ ​ឬ​ឆ្មាំ​ទាំងឡាយ​ ​ឬ​អ្នក​ថែរក្សា​ ​ដែល​បាន​ដាក់​ពង្រាយ​ដោយ​ប្រទេស​ថៃ​ ​នៅ​ឯ​ប្រាសាទ​ ​ឬ​នៅ​ក្នុង​ទីតាំង​ជុំវិញ​របស់​ប្រាសាទ​ ​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា” ។

លើស​ពី​នេះ​ទៅ​ទៀត​ ​តុលាការ​បាន​តម្រូវ​ឱ្យ​ភាគី​ថៃ​ជួសជុល​កន្លែង​បែកបាក់​របស់​ប្រាសាទ​ឡើង​វិញ​ ​និង​នាំ​យក​មក​ទុក​កន្លែង​ដើម​វិញ​អំពី​រូបចម្លាក់​ចល័ត​ណា​ដែល​ខ្លួន​បាន​នាំ​យក​ទៅ​ទុក​នៅ​ប្រទេស​របស់​ខ្លួន ។​ ​នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ ​“ដោយ​មាន​សម្លេង​បោះ​ឆ្នោត​៧​សំលេង​ទល់​នឹង​៥​សម្លេង​ ​តុលាការ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ថា​ ​ប្រទេស​ថៃ​គឺ​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​មួយ​ ​ដើម្បី​ជួសជុល​ឡើង​វិញ​ជូន​ដល់​កម្ពុជា​ ​នូវ​ក្បាច់ចម្លាក់​នានា​ ​សសរ​ពេជ្រ​ ​បំណែក​បាក់បែក​នៃ​វិមាន​នានា​ ​គំរូ​ថ្ម​ភក់​នានា​នៃចម្លាក់​ ​និង​ភាជនៈ​បូរាណ​ ​ដែល​ប្រហែល​តាំង​ពី​ពេល​នៃ​ការ​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ដោយ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​១៩៥៤​ ​ដែល​បាន​ផ្លាស់​ប្ដូរ​ទីកន្លែង​ចេញពី​ប្រាសាទ​ ​ឬ​តំបន់​ប្រាសាទ​ដោយ​អាជ្ញាធរ​ថៃ​” ។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ​[International​ ​Court​ ​of​ ​Justice​ ​(ICJ​)] ដែល​បាន​កាត់ក្ដី​ឱ្យ​កម្ពុជា​ ​បាន​ឈ្នះ​ក្ដី​ទទួល​បាន​ប្រាសាទ​ព្រះវិហារ​ ​និង​តំបន់​ជុំវិញ​ប្រាសាទ​ដែល​មាន​ទំហំ​ដី​៤,៦​គីឡូម៉ែត្រ ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ​នោះ​ ​គឺ​ផ្អែក​តាម​សន្ធិសញ្ញា​បារាំង-សៀម​ ​ថ្ងៃ​ទី​១៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​១៩០៤ ក្នុង​ភាព​ដោយឡែក​ ​និង​សន្ធិសញ្ញា​ព្រំដែន​បារាំង-សៀម​ ​ថ្ងៃ​ទី​២៣​ ​ខែ​មីនា​ ​ឆ្នាំ​១៩០៧ ។ នេះ​ជា​សេចក្ដីសម្រេច​របស់​តុលាការ​ ​“នៅ​ក្នុង​ការ​កាត់ក្ដី​របស់​គេ​ ​តុលាការ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះក្ដី​ថា​ ​រឿង​ក្ដី​នៃ​ជម្លោះ​គឺ​អំពី​អធិបតេយ្យភាព​ទៅ​លើ​តំបន់​នៃ​ប្រាសាទ​ព្រះវិហារ ។​ ទីសក្ការៈ​ដ៏​ចាស់​បុរាណ​នេះ​ ​ផ្នែក​ខ្លះៗ​ស្ថិត​ក្នុង​ភាព​បែក​បាក់​បាន​តាំង​នៅ​លើ​ជ្រោយ​ខ្ពស់​មួយ​នៃ​ជួរ​ភ្នំ​ដងរែក​ ​ដែល​បាន​បង្កើត​ជា​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ ។ ជម្លោះ​មាន​ ​Fons​ ​et​ ​Origo​ ​របស់​វា​នៅ​ក្នុង​ការ​ដាក់​ព្រំដែន​ ​ដែល​បាន​ធ្វើ​ក្នុង​ឆ្នាំ​១៩០៤-១៩០៨ រវាង​បារាំង​ ហើយ​បន្ទាប់​មក​ការ​នាំ​ទៅ​ដល់​ទំនាក់ទំនង​បរទេស​រវាង​ឥណ្ឌូចិន​ និង​សៀម ។ ការ​អនុវត្ដ​សន្ធិសញ្ញា​ថ្ងៃ​ទី​១៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​១៩០៤ គឺ​ក្នុង​ភាព​ដោយឡែក​នៃ​ការ​ពាក់ព័ន្ធ ។ សន្ធិសញ្ញា​នោះ​បាន​បង្កើត​ចរិតលក្ខណៈ​ទូទៅ​នៃ​ព្រំប្រទល់​ព្រំដែន​ពិតប្រាកដ​ ​នៃ​អ្វី​ដែល​ត្រូវ​បាន​គូស​ដោយ​គណៈកម្មាធិការ​ចម្រុះ​បារាំង-សៀម” ។

ការ​ចង់​ដាក់​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​របស់​ភាគី​ថៃ​ឱ្យ​ទៅ​ជា​ឈ្មោះ​តាម​សំនៀង​ភាសា​ថៃ​ថា​ ​ប្រាសាទ​ព្រះ​វិហាន​ពិតជា​ធ្វើ​ឱ្យ​ខុស​នឹង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ ​ដែល​គេ​មិន​អាច​ផ្លាស់​ប្ដូរ​បកតិនាម (Proper noun) ​បាន​ឡើយ​។​ ​បកតិនាម​ ​គឺ​នាម​ឈ្មោះ​របស់​អ្វីមួយ​ទោះបី​គេ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ក៏​ដោយ​ ​ក៏​គេ​មិន​អាច​កែប្រែ​ផ្លាស់​ប្ដូរ​វិញ​ឡើយ​ ​ឧទាហរណ៍​ឈ្មោះ​”សំ”​ ​បើ​គេ​សរសេរ​ជា​ផ្លូវការ​ ”សំ​ម” ​បែប​នេះ​ ​គឺ​គ្មាន​នរណា​អាច​កែ​មក​ជា​”សំ” ​បាន​ឡើយ​ ​ព្រោះ​ជា​បកតិនាម​ ដូច​គ្នា​ដែរ​ ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​យើង​បាន​សរសេរ​ថា​ ​ជា​”ប្រាសាទ​ព្រះវិហារ”​ ​គឺ​ភាគី​ថៃ​មិន​អាច​សុំ​កែប្រែ​សរសេរ​មក​ជា​ ​“ប្រាសាទ​ព្រះវិហាន​” បាន​ឡើយ​ ​ហើយ​ប្រាសាទ​នេះ​ជា​កម្ម​សិទ្ធ​របស់​ខ្មែរ​ជា​យូរលង់​មក​ហើយ​ ​ហើយ​លើស​ពី​នេះ​ខ្មែរ​យើង​ពុំ​អាច​ទទួល​យក​បាន​ដោយសារ​សាលដីកា​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​ទទួលយក​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​នេះ​ ​ហើយ​បាន​កាត់​ឱ្យ​ខ្មែរ​យើង​បាន​ឈ្នះក្ដី​ទៀត​ផង ។​ ​សាលដីកា​មាន​អានុភាព​គតិយុត្ដ​ ​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ជម្លោះ​ ទាំង​អ្នក​ឈ្នះ​ ​និង​អ្នក​ចាញ់​ត្រូវ​អនុវត្ដ​តាម​សាលដីកា​ដោយ​ ​សច្ចធម៌​ ​(Good faith) ៕

(ដកស្រង់ពីអត្ថបទរបស់លោក​ ​ងួន​ ​សំ​ ចុះ​ផ្សាយ​តាម​សារព័ត៌មាន​កោះសន្តិភាព)

ផែនទី​​ទ្វីប​អាស៊ី​​​ក្នុង​​គ.ស ១២០០ បង្ហាញ​ពី​ចក្រភព​ខ្មែរ និង​នគរ​ណានចាវ

 ផែនទី​​ទ្វីប​អាស៊ី​​​ក្នុង​​គ.ស ១២០០ បង្ហាញ​ពី​ចក្រភព​ខ្មែរ និង​នគរ​ណានចាវ

នៅ​​គ.ស ​១២៣៨ ជនជាតិ​ថៃ​បាន​ប្រកាស​​បង្កើត​រដ្ឋ​​នៅ​សុខោទ័យ ហើយ​នៅ​គ.ស ​១២៥៣ អធិរាជ​ម៉ុងហ្គោល គូប៊ីឡៃ ខាន់ បាន​វាយ​ដណ្ដើម​គ្រប់គ្រង​នគរ​ណានចាវ​ទាំងស្រុង ។ ព្រឹត្ដិការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ល្បឿន​ចលករ​ក្នុង​ការ​វាតទី​ទឹក​ដី​​ របស់​ជនជាតិ​ថៃ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង ។

 នៅ​​គ.ស ​១២៣៨ ជនជាតិ​ថៃ​បាន​ប្រកាស​​បង្កើត​រដ្ឋ​​នៅ​សុខោទ័យ ហើយ​នៅ​គ.ស ​១២៥៣ អធិរាជ​ម៉ុងហ្គោល គូប៊ីឡៃ ខាន់ បាន​វាយ​ដណ្ដើម​គ្រប់គ្រង​នគរ​ណានចាវ​ទាំងស្រុង ។ ព្រឹត្ដិការណ៍​នេះ​បាន​ក្លាយ​ទៅ​ជា​ល្បឿន​ចលករ​ក្នុង​ការ​វាតទី​ទឹក​ដី​​របស់​ជនជាតិ​ថៃ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង ។

ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​ត្បូង​នៃ​ជនជាតិ​ភូមា សៀម វៀតណាម និង​ហាន

ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​ត្បូង​នៃ​ជនជាតិ​ភូមា សៀម វៀតណាម និង​ហាន

សេចក្ដី​​ពណ៌នា​សង្ខេប​អំពី​អក្សរ​ខ្មែរ បញ្ជាក់​ថា អក្សរ​ខ្មែរ​គឺជា​មេបា​នៃ​អក្សរ​ថៃ និង​អក្សរ​​ឡាវ

 សេចក្ដី​​ពណ៌នា​សង្ខេប​អំពី​អក្សរ​ខ្មែរ បញ្ជាក់​ថា អក្សរ​ខ្មែរ​គឺជា​មេបា​នៃ​អក្សរ​ថៃ និង​អក្សរ​​ឡាវ

 អក្ខរក្រម​ខ្មែរ

 អក្ខរក្រម​ខ្មែរ

អក្ខរក្រម​ថៃ ដែល​បាន​ចម្លង​ពី​ខ្មែរ

 អក្ខរក្រម​ថៃ ដែល​បាន​ចម្លង​ពី​ខ្មែរ

លេខ​ខ្មែរ​ប្រៀប​ផ្ទឹម​នឹង​លេខ​ថៃ និង​ឡាវ ដែល​បាន​ចម្លង​ពី​ខ្មែរ

 លេខ​ខ្មែរ​ប្រៀប​ផ្ទឹម​នឹង​លេខ​ថៃ និង​ឡាវ ដែល​បាន​ចម្លង​ពី​ខ្មែរ

 

វប្បធម៌ ខ្មែរ និង សៀម

 

January 30, 2009

ការលក់ដូរឈាមនៅស្រុកខ្មែរបច្ចុប្បន្ន

អាថ៌​កំបាំង​ការ​ទិញ​ និង​លក់​ឈាម 

អាថ៌​កំបាំង​ការ​ទិញ​ និង​លក់​ឈាម​

មុខរបរ​មួយ​ដែល​គេ​មិន​បានដឹង ​គួរ​ឱ្យ​ព្រួយបារម្ភ​ ​និង​គ្រោះថ្នាក់​បំផុត​

ការ​លក់ដូរ​ឈាម​នៅ​ប្រទេស​កម្ពុជា​ ​គឺជា​បញ្ហា​ដ៏​សកម្ម​មួយ​ដែល​អូស​បន្លាយ​រាប់​ទស​វត្ស​មក​ហើយ​ ​ដោយ​គ្មាន​នរណា​ម្នាក់​ឬ​ស្ថាប័ន​ណា​គិតគូរ​ដល់​ឡើយ ។​ ​នៅ​ពេល​នរណា​ម្នាក់​ត្រូវការ ឈាម​គេ​ត្រូវ​តែ​ចំណាយ​ប្រាក់​ ​ហើយ​នេះ​បាន​ក្លាយជា​ប្រពៃណី​ទៅ​ហើយ ។​ ​គ្មាន​នរណា​ម្នាក់​អាច​បដិសេធ​ថា​ ​មិន​ធ្លាប់​ឮ​រឿង​នេះ​ទេ ។  អ្នកជម្ងឺ​រាប់​មិន​អស់​ទេ​ ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​យក​ទៅ​ទិញ​ឈាម ។​ ​បើ​គេ​ដើរ​មួយ​ត្រួស​តាម​មន្ទីរពេទ្យ​នានា​ ​ឬ​តាម​គ្លីនិក​ឯកជន​ធំៗ​ ​គេ​ច្បាស់​ជា​ឮ​ក្រុម​គ្រួសារ​អ្នកជម្ងឺ​ត្អូញត្អែរ​ពី​ការ​ចំណាយ​លុយ​ពី​៤០​ ទៅ​៨០​ ដុល្លារ​ ​សម្រាប់​ឈាម​មួយ​បោ្លក ។ តើ​គេ​យក​ប្រាក់​ពី​អ្នកជម្ងឺ​ទៅ​ធ្វើ​អ្វី ?

ជា​គោលការណ៍​ថា​ ​ឈាម​ត្រូវ​បាន​ផ្ដល់​ទៅ​ឱ្យ​ជន​រង​គ្រោះ​ដោយ​ពុំ​គិត​ប្រាក់​នោះ​ទេ ។ ទោះបីជា​បែប​ណា​ ​បើ​យើង​តាមដាន​រឿង​នេះ​តែ​បន្ដិច​ ​គឺ​ស្រួល​យល់​ណាស់​ ​ហើយ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ទេ ។​ ​រឿង​លក់ដូរ​ឈាម​នេះ ​គឺ​គេ​មាន​ប្រព័ន្ធ​របស់​គេ​ត្រឹមត្រូវ​ណាស់​ ​មិនមែន​ចង់​ទិញ​ក៏​ទិញ​បាន​ ​ចង់​លក់​ក៏​លក់​បាន​នោះ​ឡើយ ។

តាម​សេចក្ដី​រាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ​ឈ្មួញកណ្ដាល​ម្នាក់​ ​និង​ប្រពន្ធ​របស់​គាត់​ ​រកស៊ី​ជា​ឈ្មួញកណ្ដាល​លក់​ឈាម​ជាង​២០​ឆ្នាំ​មក​ហើយ ។​ ​ពួក​គេ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ដ្រី​សំខាន់ៗ​ ​រាប់​ទាំង​ពេទ្យ​បូម​ឈាម​ ​ពេទ្យ​ឡា​បូ​ ​ជា​ពិសេស​រហូត​ដល់​ចុងភៅ​ ​និង​អ្នកបើកបរ​ ​កម្មករ​…សន្ដិសុខ ។ ទោះជា​បែប​ណា​ ​ឈ្មួញ​នោះ​ត្អូញត្អែរ​ថា​ ​មិនសូវ​បាន​ចំណេញ​ទេ​ ​ព្រោះ​គេ​ត្រូវ​បែងចែក​ច្រើន​ណាស់​ ​ណាមួយ​ត្រូវ​បង់​ខែ​ ​ណាមួយ​ត្រូវ​ចែក​ចាយ​ដល់​ពួក​ពេទ្យ​គ្រប់ៗ​គ្នា​ទៀត ។​ ​តាម​ដែល​យើង​ធ្លាប់​បាន​ដឹង​ ​ពេល​លក់​ឈាម​មួយ​ ​បោ្លក​គឺ​គេ​ជម្រិត​ទារ​ពី​អ្នកជម្ងឺ​ទៅ​តាម​ស្ថានភាព​ ​បើ​ធ្ងន់​ទារ​ច្រើន​ ​មិនសូវ​ធ្ងន់​ទារ​ចុះ​បន្ដិច​ ​តែ​មាន​ស្ដង់ដា​របស់​គេ​ដែរ​ ​គឺ​ពី​៤០ ​ទៅ​ ៦០​ ដុល្លារ​ ​ជួនកាល​៨០ ​ដុល្លារ​ ផង ។​ ​ប្រាក់​នេះ​យក​មក​ផ្ដល់​ឱ្យ​ដូនណ័រ​ ​(អ្នកលក់​ឈាម​) ២​ម៉ឺន​រៀល ពួក​ពេទ្យ​៦​នាក់​ម្នាក់ៗ​១​ម៉ឺន​រៀល​ ​ពួក​ឡា​បូ​តាម​មន្ទីរពេទ្យ​ដែល​មក​យក​ឈាម​ពី​ ១០​ ​ទៅ​ ១៥​ ​ដុល្លារ​ ​ដែល​ក្នុង​នោះ​គិត​ទាំង​គ្រូពេទ្យ​ដែល​បញ្ជា​ឱ្យ​ដាក់​ឈាម​ក៏​បាន​លុយ​ពី​ ២​ ទៅ​ ៣​ ម៉ឺន​រៀល​ដែរ​ ​សម្រាប់​ឈាម​មួយ​បោ្លកៗ ។ ពេល​មាន​អ្នកជម្ងឺ​ត្រូវការ​បញ្ចូល​ឈាម​ ​ខាង​មន្ទីរពេទ្យ​ត្រូវ​ទាក់ទង​មក​ភ្លាម​ ​រួច​ហើយ​ឈ្មួញ​កណ្ដាល​ក៏​ចាត់​ចែង​ទៅ​តាម​នីតិវិធី​ជា​ធម្មតា​របស់​គេ​ គឺ​ទៅ​រក​ដូនណ័រ​ម​ក​ឱ្យ​ពួក​ពេទ្យ​ប្រចាំការ​ ​ហើយ​ដូនណ័រ​ ​(អ្នកលក់​ឈាម​) ដែល​គេ​រក​មកនេះ​រួម​មានៈ​ ​អ្នក​ហិតកាវ​ ​អ្នក​ប្រើ​គ្រឿងញៀន​ ​ក្មេង​អនាថា​តាម​ចិញ្ចើមថ្នល់​ ​ដែល​ពួក​អ្នក​ទាំង​អស់នោះ​ពុំ​មាន​សុខ​ភាព​រឹងមាំ​ទេ​ ​ហើយ​គេ​ដឹង​យ៉ាង​ប្រាកដ​ថា​ ​ពួក​អ្នក​ទាំងអស់​នោះ​ ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ភាគច្រើន​ទៀត​ផង ។

ទោះជា​អ្វី​ក៏​ដោយ​ ​ពួក​គេ​មាន​គ្រប់​មធ្យោបាយ​សម្រាប់​ទាក់ទង​ ​និង​ស្វែងរក​ពួកក្មេង​អនាថា​ទាំង​អស់នេះ ។ គេ​មាន​ទាំង​រថយន្ដ​ចត​ប្រចាំការ​ ​ហេតុនេះ​មិនបាច់​ព្រួយបារម្ភ​ថា​ ​ថ្ងៃត្រង់​ ​ឬ​កណ្ដាល​យប់​នោះ​ទេ​ ​សំខាន់​គឺ​ត្រូវ​ថ្លៃ​គ្នា ។ ជា​រៀងរាល់ថ្ងៃ​ ​គេ​បានដឹង​ថា​ ​គេ​ទទួលយក​ឈាម​ពី​ពួក​នេះ​ប្រមាណ​ពី​ ៣០​ ទៅ​ ៤០​ នាក់ ។ រឿង​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​ ​គឺ​បើ​មាន​ក្រុម​គ្រួសារ​មក​បូម​ឈាម​ ​ពួក​គេ​មិនសូវ​រវីរវល់​ជាមួយ​ទេ ។​ ​គេ​ជជីក​សួរ​ដល់​ឫសគល់​តាំងពី​លាមក​ ​ពី​ទឹកមូត្រ​របស់​អ្នកជម្ងឺ​ ​បើ​មិន​ដឹង​ទេ​ ​គេ​ចោទ​អ្នក​ទាំងនោះ​ថា​ ​ជា​អ្នក​លក់​ឈាម​មក​បន្លំ​ ​ហើយ​មិន​ទទួល​យក​ទេ​ ​ដេញ​ចេញ​ឱ្យ​ទៅ​រក​អ្នក​ថ្មី​ទៀត​ ​ឯ​សម្ដី​ទៀត​សោត​ ​ដូច​ចាក់​លាមក​ទាំង​កន្ថោ​សម្រាប់​ពេទ្យ​ខ្លះ ។​ ​ម្យ៉ាងទៀត​គេ​អាច​មិន​បូម​ឈាម​ពី​យើង​ ​ដោយ​មូលហេតុ​ផ្សេងៗ​ ​ដូច​ជា​ ​ឈាម​មិន​ត្រូវ​គ្នា​ ​ឈាម​មិន​គ្រប់​ ​ឬ​ឈាម​ស្អុយ ប៉ុន្ដែ​បើជា​អ្នកលក់​ឈាម​ឱ្យ​ក្រុម​ឈ្មួញ​នោះ​វិញ​ ​គ្មាន​មូលហេតុ​ទាំងនេះ​ទេ​ ​ពួក​គេ​មិន​ដែល​ទាំង​សួរ​មួយ​ម៉ាត់​ផង​ ​គឺ​បូម​យក​តែ​ម្ដង​ ​ជួនកាល​ក្រោយ​ពី​ពេល​បូម​ ​អ្នកលក់​ឈាម​ដួល​សន្លប់​ក៏​មាន​ដែរ​ ​ដូច​កាលពី​ខែ​មុន​ ​អ្នកលក់​ឈាម​ស្រី​ម្នាក់​ដួល​សន្លប់​ដេក​ក្នុង​បន្ទប់ទឹក ។​

ចលនា​លក់​ឈាម​បច្ចុប្បន្ន​មាន​សភាព​រឹតតែ​ខ្លាំងក្លា​ទៅ​ទៀត​ គឺ​នៅ​តាម​គ្លីនិក​ឯកជន​ធំៗ​ ​ព្រោះ​ពួក​អ្នក​ចាត់​ចែង​ការ​សំខាន់ៗ​ ​ដែល​ទទួល​ខុស​ត្រូវ​បើក​ឈាម​ ​ពេល​ដែល​គ្លីនិក​ទាំងនេះ​ត្រូវការ​ឈាម​ពេល​ណា​ ​ក៏​ពួក​គេ​​រក​ឱ្យ​បាន​ដែរ ៕

ដក​ស្រង់​ពី​សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០០៩

 

January 21, 2009

អ្នកស្រុកការពារទួលបុរាណ “ត្រពាំងអង្គ”

ប៉ូលិស ​និង​មេ​ប៉េអឹម​អាង​អំណាច​នាំ​គ្នា​ជីក​ទួល​ត្រពាំង​អង្គ​កណ្ដាល​អធ្រាត្រ

ទួល​ត្រពាំង​អង្គ​ដែល​ជា​ទួល​បុរាណ​មួយ​ ​ត្រូវ​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ ​បាន​ត្រូវ​ក្រុម​ប៉ូលិស​ ​និង​ប៉េ​អឹ​ម​ស្រុក​រមាសហែក​គាស់​កកាយ​រក​វត្ថុ​បុរាណ​ ​ដែល​ទង្វើ​នេះ​ធ្វើ​ឱ្យ​អ្នកស្រុក​ក្ដៅ​ក្រហាយ ។ បាតុភាព​នេះ​ ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ​មករា​ ​២០០៩ ហើយ​ប្រជាពលរដ្ឋ​ភូមិ​ព្រៃតាមូ​ ​ឃុំ​សម្បត្ដិ​មាន​ជ័យ​ ​ស្រុក​រមាសហែក​ ​ខេត្ដ​ស្វាយរៀង​ ​បាន​ទៅ​ជួបជុំ​គ្នា​នៅ​ទួល​ត្រពាំង​អង្គ​នោះ​ ​ដើម្បី​រារាំង​ការ​គាស់​កកាយ​រុករក​វត្ថុ​បុរាណ​ពី​សំណាក់​ប៉ូលិស​ ​និង​ប៉េអឹម​ស្រុក​រមាសហែក​នេះ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​ ​លោកតា​តី​ ​យ៉េ​ត​ ​អាយុ​៦៥​ឆ្នាំ​ ​នៅ​ភូមិ​កើត​ហេតុ​ខាងលើ​បាន​ឱ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃ​សុក្រ​ ​ទី​១៦​ ​មក​រា​ ​ឆ្នាំ​២០០៩​ ​វេលា​ម៉ោង​៧​យប់​ ​លោក​មេឃុំ​ ​និង​លោក​នាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​សម្បត្ដិ​មានជ័យ​ ​ព្រមទាំង​កង​រាជ​អាវុធហត្ថ​ស្រុក​រមាសហែក​៤​នាក់​ ​បាន​នាំ​គ្នា​ទៅ​កាន់​ទួល​ត្រពាំង​អង្គ​ ​បំណង​គាស់​កកាយ​រក​វត្ថុ​បុរាណ​ដែល​បុព្វបុរស​កប់​នៅ​លើ​ទួល​នោះ​ ​តែ​ត្រូវ​អ្នកស្រុក​រារាំង ។ លុះ​​នៅ​ថ្ងៃ​សៅរ៍​ ​ទី​១៧​ ​មក​រា​ ​វេលា​ម៉ោង​៣​រសៀល​ ​អ្នក​ទាំង​អ​ស់នោះ​បាន​មក​ជួប​មេ​ភូមិ​ ​និង​អ្នក​ថែរក្សា​ទួល​ ​សុំ​គាស់​រក​វត្ថុ​ ​បុរាណ​ដោយ​និយាយ​ថា​ ​អាជ្ញាធរ​ថ្នាក់លើ​បាន​យល់ព្រម​ ​និង​អនុញ្ញាត​ឱ្យ​ពួក​គេ​គាស់​យក​វត្ថុ​បុរាណ​ទៅ​​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ ។​ ​ពេល​អ្នក​ថែរក្សា​សួរ​រក​លិខិត​អនុញ្ញាត​ពុំ​មាន​ ​ហើយ​ហេតុ​អ្វី​បាន​ជា​មិន​មក​គាស់​នៅ​ពេល​ថ្ងៃ​ ​បែរជា​មក​គាស់​នៅ​ពេល​យប់ ? ពួក​គេ​ឆ្លើយ​ថា​ ​ខ្លាច​ផ្អើល​ប្រជាពលរដ្ឋ ។ ពេល​នោះ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ ​តែ​ពួក​គេ​និយាយ​ថា​ ​ទោះបី​មិន​យល់ព្រម​ក៏​គាស់​ដែរ​ ​ពីព្រោះ​ទួល​បុរាណ​គឺជា​សម្បត្ដិ​របស់​រដ្ឋ​ ​មិនមែន​ជា​សម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​ ​ហើយ​ឥឡូវនេះ​ ​មាន​លោក​មេឃុំ​ ​លោក​នាយ​ប៉ុ​សិ៍្ដ​ ​កង​រាជ​អាវុធហត្ថ​ស្រុក​មក​ចូលរួម​ ​ដូច្នេះ​កុំ​រារាំង​សមត្ថកិច្ច ។

លោកតា​បន្ដ​ទៀត​ថា​ ​លុះ​នៅ​ម៉ោង​៩​យប់​ ​ក្រុម​លោក​នាយ​ប៉ុសិ៍្ដ​ ​និង​ប៉េអឹម​ប្រដាប់​ដោយ​អាវុធ និង​ចប​ ​ក៏​នាំ​គ្នា​គាស់​កកាយ​ចំ​កណ្ដាល​ទួល​នោះ​ ​ដោយ​មាន​អ្នក​កាន់​អាវុធ​ឈរ​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​រីឯ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រមាណ​ជាង​១០០​នាក់​នាំ​គ្នា​ទៅ​ដេក​យាម​ឃ្លាំ​មើល​រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ ។ ក្រោយ​ពី​ ​ជីក​រណ្ដៅ​បាន​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង​ជំរៅ​១​ម៉ែត្រ​កន្លះ​ ​ពួក​គេ​ក៏​ផ្អាក​ជីក​ ​ហើយ​និយាយ​ចរចា​ជាមួយ​ភាគី​ប្រជាពលរដ្ឋ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កុំឱ្យ​នាំ​គ្នា​មក​មើល​ពួក​គេ​អី​ ​តែ​ប្រជាពលរដ្ឋ​មិន​យល់ព្រម​ ​ឯ​ក្រុម​ខាងលើ​ក៏​ផ្អាក​ជីក​រួច​នាំ​គ្នា​ត្រឡប់​ទៅ​វិញ​ទាំង​យប់ ។

លោកតា​តី​ ​យ៉េ​ត​ ​បាន​រៀបរាប់​ពី​ប្រវត្ដិ​ទួល​ត្រ​ញំ​ង​អង្គ​នេះ​ថា​ ​ទួល​នេះ​ពី​ដើម​មាន​ទំហំ​ប្រមាណ​ជា​ ​១០០ម៉ែត្របួនជ្រុង មាន​ដើមឈើ​ធំៗ​ដុះ​នៅ​លើ​ទួល​ ​ហើយ​ខាងកើត​ទួល​ ​មាន​ស្រះ​១​ទំហំ​៨០​ម៉ែត្រ​×​៦០​ម៉ែត្រ​ ​ជំរៅ​ប្រមាណ​ជា​៤​ម៉ែត្រ​ ​ព្រមទាំង​មានព្រៃ​ដុះ​ជុំវិញ​ស្រះ​ ​និង​ទួល​នេះ ។​ ​ក្នុង​ភូមិ​នេះ​ ​គឺ​សុទ្ធ​សឹង​ជា​ព្រៃឈើ​ធំៗ​ពុំ​មាន​អ្នកស្រុក​មក​រស់​នៅទេ​ ​តែ​នៅ​អំឡុង​ឆ្នាំ​១៩៦០​ ​ក៏​មាន​មនុស្ស​មក​រស់នៅ​ប្រមាណ​ជា​១០​គ្រួសារ​ ​រហូត​ដល់​ឆ្នាំ​១៩៧០​ ​អ្នក​ភូមិ​ក៏​នាំ​គ្នា​ត្រាយ​ព្រៃ​ជុំវិញ​ស្រះ​ ​ដើម្បី​ដងទឹក​ប្រើ​ ​ហើយ​លោក​តា កែវ​ ​ចន​ ​និង​ប្រពន្ធ​គាត់​ឈ្មោះ ​យូ​ ​សុទ្ធ​ ​បាន​នាំ​គ្នា​ទៅ​ត្រាយ​ព្រៃ​លើ​ទួល​ដើម្បី​ដាំ​បន្លែបង្ការ​ ​និង​គ្រប់​គ្រង​រហូត​មក​ដល់​បច្ចុប្បន្ន ។​ ​លោកតា​ ​កែវ ចន​ ​មាន​អាយុ​៧៨​ឆ្នាំ​ហើយ​ ​ឯ​យាយ​ យូ​ ​សុទ្ធ​ ​អាយុ​៦៨​ឆ្នាំ​ ​បាន​ទៅ​សុំ​សីល និង​រស់នៅ​ឯ​ភ្នំពេញ​ ទុក​ឱ្យ​កូនចៅ​ថែរក្សា​បន្ដ​លើ​ទួល​អង្គ​នេះ​ ​ដែល​នៅ​សល់​ទំហំ​ប្រមាណ​៨០​ ​ម៉ែត្រ​បួន​ជ្រុង​ ​ដាំ​ដើម​ត្នោត​ ​ដើម​ឫស្សី​ ​និង​ស្វាយចន្ទី​ ​រីឯ​ស្រះ​បាន​រាក់​អស់ហើយ ។

គាត់​រំលឹក​ថា​ ​នៅ​ឆ្នាំ​១៩៨០​ ​មាន​មនុស្ស​មិន​ស្គាល់​មុខ​ធ្លាប់​មក​លួច​គាស់​កកាយ​ចំ​កណ្ដាល​ទួល​ ​យក​កំណប់​ម្ដង​ ​នៅ​ពេល​យប់​ ​លុះ​ព្រឹក​ឡើង​ឃើញ​តែ​ស្នាម​រណ្ដៅ​ជីក​ជំរៅ​៣​ម៉ែត្រ​ ​ទំហំ​២​ម៉ែត្រ​ ​ឃើញ​នៅ​សល់​អំបែង​ ​ខួច​តូច​ធំ​ ​និង​ឆ្អឹង​ក្នុង​ពួច​ ​រាយ​ប៉ាយ​នៅ​ក្នុង​រណ្ដៅ​ ​និង​មាត់​រណ្ដៅ​ ​ហើយ​បាត​រណ្ដៅ​មាន​ដុំឥដ្ឋ​ធំៗ​នៅ​ក្រាល​ខាងក្រោម​ ​តែ​មិន​ដឹង​ថា​ ​គេ​យក​បាន​កំណប់​អ្វីខ្លះ​ទេ ។​ ​ទួល​បុរាណ​នេះ​ ​ទំនងជា​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ ​ហើយ​ជា​ធម្មតា​ ​ទួល​បុរាណ​នៅ​ចំ​កណ្ដាល​ទួល​គឺ​ចាស់ទុំ​តែងតែ​កប់​វត្ថុ​ស័ក្ដិសិទ្ធិ​ ​រូប​បដិមា​ ​និង​នៅ​ជុំវិញ​ទួល​ខ្លះ​គឺ​កប់​អិដ្ឋ​ធាតុ​បុព្វបុរស​ជាទី​គោរព​បូជា​ ​ដែល​មាន​ទាំង​វត្ថុ​មាន​តម្លៃ​ជា​ទ្រព្យសម្បត្ដិ​របស់​បុព្វបុរស​ជំនាន់​ ​នោះ​ ​ទើប​មាន​ជន​ទុច្ចរិត​តែងតែ​មក​គាស់​កកាយ​រុករក​វត្ថុ​បុរាណ​ទាំងនោះ​ ​យក​ទៅ​លក់​ ​ដែល​នាំ​ឱ្យ​រំខាន​ដល់​ព្រលឹង​បុព្វបុរស​ជាទី​គោរព​បូជា​នៃ​ប្រជាពលរដ្ឋ​ទើប​ពួក​គាត់​នាំ​គ្នា​រារាំង ។

ចំណែក​លោក​មេឃុំ​សម្បត្ដិ​មានជ័យ​មាន​ប្រសាសន៍​បំភ្លឺ​ថា​ ​នៅ​ថ្ងៃ​ទី​១៧​ ​មក​រា​ ​លោក​ ​សុខ​ ​សាវ៉ុន​ ​នាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​សម្បត្ដិ​មានជ័យ​ ​និង​លោក ពេជ្រ​ ​កុសល​ ​ហៅ​ម៉ៅ​ ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ ​ស្រុក​រមាសហែក​ ​បាន​ដឹកនាំ​កម្លាំង​ប៉េអឹ​ម​៤​នាក់​ ​និង​មន្ដ្រី​នគរបាល​ប៉ុសិ៍្ដ​ម្នាក់​ ​ព្រមទាំង​ឈ្មោះ​ ប៉ុល​ ​សាម៉ុន​ ​ដែល​អះអាង​ថា​ជា​អង្គរក្ស​បាន​មក​សុំ​ជីក​គាស់​រក​កំណប់​នេះ​ ​ទើប​លោក​ឱ្យ​ទៅ​សួរ​លោក​មេ​ភូមិ​ព្រៃ​តាមូ​ ​និង​ម្ចាស់​អ្នក​ថែរក្សា​ទួល​ផ្ទាល់​ ​លុះដល់​ម៉ោង​៩​យប់​ ​ស្រាប់តែ​អ្នក​ទាំងនោះ​ទៅ​ជីក​គាស់​កកាយ​ដោយ​ប្រាប់​ថា​ ​មេ​ភូមិ​ និង​ម្ចាស់​ថែរក្សា​យល់​ព្រម​ហើយ ។ រីឯ​លោក​ សុខ​ ​សាវ៉ុន​ ​នាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​និយាយ​ថា​ ​ដោយ​ លោក​ ពេជ្រ​ ​កុសល​ ​និង​លោក ​ប៉ុល​ ​សាម៉ុន​ ​និយាយ​ថា​ ​ពួក​គេ​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ ​និង​ក្រសួង​ឱ្យ​មក​គាស់​វត្ថុ​បុរាណ​ដែល​ជា​បេតិកភណ្ឌ​ជាតិ​ ​យក​ទៅ​ទុក​នៅ​សារមន្ទីរ​ជាតិ​ ព្រោះ​ខ្លាច​ជន​ខិលខូច​លួច​គាស់​​យក​ទៅ​លក់​ ​ទើប​លោក​ជឿ​តាម​ ​ហើយដោយ​លោក​ ប៉ុ​ល​ ​សាម៉ុន​ ​បាន​អះអាង​ថា​ ​គាត់​នៅ​អង្គរក្ស​ ​ទើប​រូប​លោក​ទៅ​ចូលរួម​ការពារ ។

រីឯ​ការ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ ប៉ុល​ ​សាម៉ុន​ ​វិញ​ ​បាន​មាន​ប្រសាសន៍​ ​កាលពី​ថ្ងៃ​ទី​១៩​ ​មក​រា​ ​វេលា​ម៉ោង​៩​ និង​៥៦​នាទី​ព្រឹក​ថា​ ​តាម​ពិត​ពេល​រូប​គាត់​ទៅ​ធ្វើការ​នៅ​ភូមិ​កើតហេតុ​ខាងលើ​ក៏​ឮ​ថា​ ​ប្រជាពលរដ្ឋ​ ​និង​អ្នក​ថែរក្សា​ទីទួល​នោះ​រួម​នឹង​លោក​មេ​ភូមិ​គាស់​រក​កំណប់​វត្ថុ​បុរាណ​នៅ​លើ​ទួល​ទើប​រូប​គាត់​ចង់​ដឹង​ក៏​ទៅ​មើល ។ ពេល​ទៅ​ដល់​បានឃើញ​ប្រជាពលរដ្ឋ​ ​លោក​មេ​ភូមិ​ ​លោក​មេឃុំ​ ​និង​លោកនាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​នៅ​កន្លែង​ទួល​នោះ​ ​ទើប​រូប​គាត់​បញ្ចេញ​យោបល់​ប្រាប់​លោកនាយ​ប៉ុសិ៍្ដ​រដ្ឋបាល​ឃុំ​ថា​ ​ប្រ​សិន​បើ​ជីក​បាន​វត្ថុ​បុរាណ​មែន​ត្រូវ​ធ្វើ​កំណត់ហេតុ​ជា​លាយលក្ខណ៍​អក្សរ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​កត់​ចំនួន​ឱ្យ​បាន​ច្បាស់​លាស់​ ​រួច​បញ្ជូន​ទៅ​ឱ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ​ដើម្បី​រក្សា​ទុកជា​បេតិកភណ្ឌ​ជាតិ​ទៅ​ ​ពីព្រោះ​វត្ថុ​អស់ទាំង​នេះ​ ​គឺជា​បេតិកភណ្ឌ​ជាតិ​។

ផ្ទុយ​ទៅ​វិញ​ ​លោក​ ខៀវ​ ​ផាត​ ​មេ​ភូមិ​ព្រៃ​តាមូ​បាន​មាន​ប្រតិកម្ម​តប​ថា​ ​ពុំ​ពិត​ដូច​ការ​លើក​ឡើង​របស់​លោក​ ​ប៉ុល​ ​សាម៉ុន​ ទេ​ ​គឺ​រូប​គាត់​ និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ទៅ​ដេក​យាម​រារាំង​ ​ពុំ​មែន​ជា​អ្នក​ទៅ​គាស់​កកាយ​ទេ ។​ ​ចំណែក​លោក ​ពេជ្រ​ ​កុសល​ ​ហៅ​ម៉ៅ​ ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​រមាសហែក​វិញ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ​តែ​លោក​មេឃុំ​ ​លោក​មេ​ភូមិ​ ​និង​ប្រជាពលរដ្ឋ​និយាយ​ថា​ ​ការ​ពិត​គឺ​លោក ​ពេជ្រ​ ​កុសល​ ​និង​កូនចៅ​៣​នាក់​ជា​អ្នក​ជីក​គាស់​កកាយ​នោះ​ ​ហើយ​លោក​ ប៉ុ​ល​ ​សាម៉ុន​ ​បាន​ធ្វើ​ទំនាក់ទំនង​ទៅ​លោក​តា​កែវ​ ​ចន​ ​ព្រមទាំង​ព្រះសង្ឃ​ជា​កូន​លោក​តា កែវ​ ​ចន​ ​សុំ​ការ​គាស់​កកាយ​នេះ ។​

លោក​ ព្រំ​ ​ផារី​ ​អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ​ខេត្ដ​ ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ ​មាន​ ​ប្រសាសន៍​ថា​ ​ដោយ​មាន​បណ្ដឹង​ពី​លោក​មេ​ភូមិ​ ​និង​ប្រជាពលរដ្ឋ​សុំ​ឱ្យ​ជួយ​ធ្វើ​អន្ដរាគមន៍​ ​ទើប​លោក​ប្រធាន​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ខេត្ដ​ ​ចាត់​រូប​លោក​ឱ្យ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​សហការ​ជាមួយ​លោក​អធិការ​នគរបាល​ស្រុក​រមាសហែក​ ​ចុះ​ធ្វើ​អន្ដរាគមន៍​ ​រួច​អញ្ជើញលោក​សុខ​ ​សាវ៉ុន​ ​ទៅ​សាកសួរ​នៅ​ស្រុក ។

ជាមួយ​នេះ​ ​លោក​ក៏​បាន​សុំ​ឱ្យ​លោក​មេ​ភូមិ​ ​និង​លោក​មេឃុំ​ ​ជួយ​ផ្សព្វផ្សាយ​ជួយ​ការពារ​ទួល​បុរាណ​ បើ​មាន​មនុស្ស​ចូល​គាស់​កកាយ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​រារាំង​ឱ្យទាន់​ពេលវេលា ។​ ​បច្ចុប្បន្ន​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ខេត្ដ​ ​កំពុង​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ចំពោះ​ក្រុម​ជន​អគតិ​ដែល​គាស់កកាយ​ទួល​បុរាណ​នេះ ៕

(សារព័ត៌មាន​កោះសន្តិភាព​ ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០០៩)

 ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​លើកគ្នា​មក​រារាំង​ប៉ូលិស​ និង​ប៉េអឹម​ជីក​រក​កំណប់​

ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​លើកគ្នា​មក​រារាំង​ប៉ូលិស​ និង​ប៉េអឹម​ជីក​រក​កំណប់​

 

December 18, 2008

ខ្មែរ &​ សៀមៈ ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយ​ធំ​នៅ​ដំណាច់​ឆ្នាំ​២០០៨ ?

ប្រាសាទ​ព្រះវិហារ

ប្រាសាទ​ព្រះវិហារ 

សង្គ្រាម​ដែល​ផ្ដើម​ចេញ​​ពី​ទំនាស់​ព្រំដែន​រវាង​ខ្មែរ​ជាមួយនឹង​សៀម​​​ទំនងជា​គេច​មិន​ផុត​នោះ​ទេ ហើយ​ពេលវេលា​នៃ​ការ​ផ្ទុះអាវុធ​​ជា​ទ្រង់ទ្រាយ​ធំ​នោះ​ ​ក៏​រំកិល​កាន់តែ​ជិត​ណាស់​ដែរ​ ​ដែល​គេ​សង្ស័យ​ថា​ ​អាច​ទៀត​ផង​ ។

ជា​ការ​ពិត​ណាស់​ ​ទាំង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ​ទាំង​រដ្ឋាភិបាល​​នៃ​ប្រទេស​ទាំង​ពីរ​គឺ​សុទ្ធតែ​​​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ដូចៗ​គ្នា​​​ក្នុង​ការ​បញ្ជៀ​ស​ឲ្យ​បាន​ពី​ការ​បង្ហូរឈាម​ ។ ប៉ុន្ដែ​ការ​ព្យាយាម​នោះ​ ​ទំនងជា​ឈាន​ទៅ​ដល់​​ការ​ទ័លច្រក​ហើយ​ ​ដែល​ភាគី​ទាំង​សង្ខាង​កំពុង​ប្រុង​ជើងការ​ ​និង​ក៏​បន្ថែម​កម្លាំង​​កាន់តែ​ច្រើន​រៀងៗ​ខ្លួន​ពង្រាយ​​នៅ​តាម​គោលដៅ​សំខាន់ៗ​ទៀត​ផង ។

ការ​សន្និដ្ឋាន​​របស់​មន្ដ្រី​យោធា​ខ្មែរ​ ​ដែល​ឈរជើង​នៅ​ជួរ​មុខ​បែប​នេះ​ ​ខណៈ​ពេល​ដែល​សៀម​ ​បាន​បន្ថែម​កម្លាំង​​​នៅ​កន្លែង​ប្រឈម​មុខ​គ្នា​​កាន់តែ​ច្រើន​ថែម​ទៀត​ ​ហើយ​ក៏​បាន​ដក​ទាហាន​កាតព្វកិច្ច​​​ចេញពី​​គោលដៅ​សំខាន់ៗ​អស់​វិញ​ដែរ​ ដោយ​ដាក់​ជំនួស​វិញ​​​ដោយ​កង​កំ​ម៉​ង់​ដូ​ពិសេស​ ។ សេចក្ដីរាយការណ៍​ ​បានឱ្យ​​ដឹង​ថា​ ​ទីតាំង​យុទ្ធសាស្ដ្រ​របស់​កងទ័ព​ខ្មែរ​ ​ក៏​ត្រូវ​បាន​រឹត​បន្ដឹង​យ៉ាង​ម៉ឺងម៉ាត់​ ​ហើយ​ការ​ចល័ត​កងទ័ព​ថ្មើរជើង​ ​និង​វាយលុក​បំបែក​បន្ទាយ​សត្រូវ​ក៏​បាន​ប្រុង​ជើងការ​ហើយ​ដែរ​ ។​ ​

ស្ថានភាព​តានតឹង​​​សឹងតែ​មាន​ផ្ទុះអាវុធ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​​មុន​នេះ​ ​បាន​កើតឡើង​​បន្ទាប់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ប្រកាស​អំពី​ការ​ធ្វើ​ពិធី​ដ៏​ធំ​គគ្រឹកគគ្រេង​មួយ​ ​នៅ​លើ​ប្រាសាទព្រះវិហារ​ ​ដែល​មាន​វត្ដមាន​សម្ដេច​ដែរ​ ​។ ក្រោយ​ពី​ការ​ប្រកាស​​​របស់​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នោះ​ សកម្មភាព​យោធា​ ជា​ពិសេស​ ​កង​កំ​ម៉​ង់​ដូ​​របស់​សៀម​​បាន​បន្ថែម​នៅ​តំបន់​ប្រឈម​មុខ​​​ជាមួយ​ទាហាន​ខ្មែរ​ជា​ច្រើន​ថែម​ទៀត​ ​។ ការ​បន្ថែម​កងទ័ព​​​របស់​ពួក​ចោរ​សៀម​ ​និង​ការ​ប្រុង​ជើងការ​​​របស់​ទាហាន​ខ្មែរ​នេះ​ ​គឺ​នៅ​បន្ទាប់​ពី​​លទ្ធភាព​នៃ​ការ​ចរចា​​​រវាង​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ពីរ​ ​ក៏​គ្មាន​សង្ឃឹម​ថា​ ​អាច​បញ្ចប់​បញ្ហា​ដែរ​ ​ពីព្រោះ​​សៀម​​​ប្រើ​លេស​បញ្ហា​ផ្ទៃក្នុង​ដើម្បី​ពន្យារពេល​​ក្នុង​គោលបំណង​​ឱ្យ​ខ្មែរ​ភ្លេចខ្លួន​ ​អាល​នឹង​ពួក​គេ​​​រំលោភ​ចូល​ដី​ខ្មែរ​ ​និង​ឈរជើង​​នៅ​តាម​គោលដៅ​សំខាន់ៗ​ក្នុង​ទឹកដី​ខ្មែរ​ ​ដូច​ជា​ព្រ​លាន​ឥន្ទ្រី​ ​វាល​ឥន្ទ្រី​ ​(កន្លែង​ឃ្មុំ​ទិច​ទាហាន​សៀម​) និង​តំបន់​ភ្នំ​ទ្រព្យ​ជាដើម​ ។​ ​ដូច្នេះ​ហើយ​បានជា​រយៈពេល​​ចុង​ក្រោយ​នេះ​ ​ទាហាន​ទាំង​សង្ខាង​​មានការ​ប្រុង​ប្រយ័ត្ន​ ​បន្ថែម​កម្លាំង​រៀងៗ​ខ្លួន​ ​និង​ទាហាន​ខ្មែរ​​​ក៏​បាន​រឹត​បន្ដឹង​នៅ​តាម​គោលដៅ​សំខាន់ៗ​ ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ ​និង​អ្នកកាសែត​ចូល​ទៅ​ក្បែរ​ដូច​មុន​ទៀត​ដែរ ។

មន្ដ្រី​យោធា​ខ្មែរ​ដែល​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ ​បាន​រៀបរាប់​​អំពី​សកម្មភាព​ទាហាន​ខ្មែរក្រោម​បញ្ជា​ ​ឧត្ដមសេនីយ៍ទោ​ ​ស្រី​ ​ឌឹ​ក​ ​មេបញ្ជាការ​កងពល​អន្ដរាគមន៍​លេខ​៣​ ​ដែល​ទើប​តែងតាំង​​កាលពី​ថ្ងៃ​ទី​៨​ ​ខែធ្នូ​ ​ឆ្នាំ​២០០៨​ ​ថា​ ​ទាហាន​នៃ​ភាគី​ខ្មែរ​ហាក់ដូចជា​​មិន​សំញែង​កម្លាំង​ស​ញ្វ​វុ​ធ​ដូច​ភាគី​សៀម​ទេ​ ​តែបើ​សៀម​​ហ៊ាន​តែ​ព្រហើន​ដូច​ពេល​មុន​ទៀត​ ​ច្បាស់​ជា​ចោល​ខ្មោច​នៅ​លើ​ដី​ខ្មែរ​ ។​ ​មន្ដ្រី​យោធា​រូប​នោះ​ ​បាន​បន្ដ​ឲ្យ​ដឹង​ទៀត​ថា​ ​ទាហាន​ខ្មែរ​នៅ​គ្រប់​គោលដៅ​ទាំងអស់​ ​បាន​ប្រុង​ជើងការ​ ​និង​ដឹង​គ្រប់ៗ​គ្នា​ថា​ ​សៀម​បាន​បន្ថែម​កម្លាំង​កំ​ម៉​ង់​ដូ​ពិសេស​​សម្រាប់​ប្រយុទ្ធ​ថ្មើរជើង​នៅ​តាម​គោលដៅ​សំខាន់ៗ​ពិតប្រាកដ​មែន​ ។​ ​

ទំនងជា​ការ​បង្កើត​កងពល​អន្ដរាគមន៍​ថ្មី​របស់​ខ្មែរ​នេះ​ហើយ​ ​បានជា​ពួក​សៀម​បាន​បណ្ដុះបណ្ដាល​​​ពួក​ទាហាន​កាតព្វកិច្ច​របស់​វា​យ៉ាង​សកម្ម​ ​ជា​ពិសេស​កងពល​បុ​ប្ផា​​នោះ​ ។ សេចក្ដីរាយការណ៍​ ​បានឱ្យ​ដឹង​ថា​ ​អង្គភាព​ទ័ព​ ​ដែល​មានឈ្មោះ​កងទ័ព​បុ​ប្ផា​​ដែល​មាន​មូលដ្ឋាន​ ​នៅ​ខាងស្ដាំ​ដៃ​​ជាប់​ផ្លូវជាតិ​ពី​អារញ្ញ​​ទៅ​ក្រុង​បាងកក​នោះ​ ​គឺ​ទាហាន​ដែល​ជា​កងទ័ព​កាតព្វកិច្ច​សៀម​​បាន​បណ្ដុះបណ្ដាល​​​យ៉ាង​សកម្ម​ ​ដែល​ទីតាំង​នោះ​ ​ចម្ងាយ​ប្រមាណ​​តែ​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីរួមស្រុក​អារញ្ញ​ប្រា​ថេ​ត​ ។ អ្នកជំនួញ​ខ្មែរ​ម្នាក់​​រស់នៅ​ឃុំ​ប៉ោយ​ប៉ែ​ត​ ​ស្រុក​អូរ​ជ្រៅ​ ​ខេត្ដបន្ទាយមានជ័យ​ ​បានឱ្យ​ដឹង​ថា​ ​រយៈពេល​មួយ​ខែ​នេះ​ទាហាន​សៀម​​​នៃ​អង្គភាព​បុ​ប្ផា​​បាន​បណ្ដុះបណ្ដាល​ទាហាន​ថ្មី​ជា​សិស្សសាលា​ ​ដោយ​រៀប​ជា​កងទ័ព​វាយលុក​​​ដោយ​ថ្មើរជើង​ ​វាយលុក​ដោយ​ការពារ​​ ​រថក្រោះ​ ​រថពាសដែក​ ​និង​ការ​សង្គ្រោះ​ទាហាន​​​ដែល​រង​របួស​នៅ​លើ​សមរភូមិ​ផង​ដែរ​ ។​ ​អ្នកជំនួញ​ខ្មែរ​ ​និង​ជា​អតីត​ទាហាន​ជើង​ចាស់​ ​ដែល​បាន​ធ្វើ​ដំណើរ​ ​ដោយ​រថយន្ដក្រុង​​ពី​ស្រុក​អារញ្ញ​​​ទៅ​ក្រុង​បាងកក​ប្រទេស​សៀម​បានឲ្យ​ដឹង​ថា​ ​ភាគច្រើន​នៃ​ទាហាន​នោះ​ ​គឺជា​សិស្ស​ ​និស្សិត​​ដែល​ក្រសួងការពារជាតិ​សៀម​ ​ចាប់បង្ខំ​ឱ្យ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ខ្មែរ​ ​ក្នុង​កាលៈទេសៈ​ណាមួយ​ ​ដែល​មានការ​ផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ​នោះ​ ​។ ប្រភព​បន្ដ​ទៀត​ថា​ ​សកម្មភាព​នៃ​ការ​ហ្វឹកហាត់​ ​របស់​កងទ័ព​នៃ​អង្គភាព​បុ​ប្ផា​​របស់​ពួក​ឈ្លានពាន​សៀម​នេះ​ ​ហាក់ដូចជា​សំញែង​​​ចង់ឱ្យ​ភ្ញៀវ​បរទេស​ ​និង​ពលរដ្ឋ​ខ្មែរ​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​ ​ដោយសារ​សកម្មភាព​នៃ​ការ​ហ្វឹកហាត់​ ​មិន​គិត​ថា​ថ្ងៃ​សៅរ៍​ ​ឬ​​អាទិត្យ​នោះ​ ​សៀម​បាន​បង្ហាញ​រថក្រោះ​​​បំពាក់​ស្លឹកឈើ​ ​ទាហាន​​​ទាំង​ហ្វូងៗ​ និង​ប្រដាប់​ដោយ​​​កាំភ្លើងយន្ដ​ ​កាំភ្លើង​ត្បាល់​ផង​ដែរ​ ។ ដូច​គ្នា​នេះ​ដែរ​ ​នៅ​តាម​ខេត្ដ​ជាប់​ព្រំដែន​ជាមួយ​ខ្មែរ​ ​បន្ថែម​ពីលើ​ទាហាន​ឈុត​ខ្មៅ​ ​ទាហាន​ប៉ា​រ៉ា​ ​និង​កង​កំ​ម៉​ង់​ដូ​​ពង្រាយ​ស្អេកស្កះ​ហើយ​នោះ​ ​ពួក​ចោរ​សៀម​ក៏​បាន​បណ្ដុះ​បណ្ដាល​អ្នក​ភូមិ​ ​យុវជន​នៅ​តាម​ភូមិ​ ​ឱ្យ​កាន់​អាវុធ​ ​និង​ហ្វឹកហាត់​ ​ប្រុង​ធ្វើសង្គ្រាម​ដែរ​ ​បើសិនជា​មានការ​ផ្ទុះអាវុធ​ជាមួយ​​នឹង​ខ្មែរ​នោះ​ ។

ដូច្នេះ​ហើយ​ ​បានជា​គេ​សន្និដ្ឋាន​ថា​ ​ការ​ផ្ទុះអាវុធ​ជា​ទ្រង់ទ្រាយ​ធំ​​​រវាង​ទាហាន​ខ្មែរ​ ​និង​ពួក​ចោរ​សៀម​នោះ​ ​ទំនងជា​គេច​មិន​ផុត​ទេ​ ហើយ​អាច​នៅ​មុន​ដំណាច់ឆ្នាំ​២០០៨​ ​នេះ​ទៀត​ផង​ ៕

ដក​ស្រង់​ពី​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក​ លេខ​៣០៣ ថ្ងៃ​ទី​១៣​ ​ខែធ្នូ​ ​ឆ្នាំ​២០០៨​

 

Newer Posts »»




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve