មូលហេតុដែលនាំឱ្យខ្សែភាពយន្ដខ្មែរងើបមិនរួច
លោក ស៊ិន ច័ន្ទសាយ៉ា ៖ ការផលិតស្ថិតក្នុងដៃអ្នកគ្មានវិជ្ជាជីវៈ
លោកស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ដ និងផ្សព្វផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា លោកបានមើលឃើញថាមានមូលហេតុតែមួយគត់ដែលវិស័យសិល្បៈភាពយន្ដខ្មែរមិនអាចងើបរួច គឺភាពអត់វិជ្ជាជីវៈក្នុងការផលិតខ្សែភាពយន្ដ ។ ការផលិតខ្សែភាពយន្ដខ្មែរកន្លងមកស្ថិតនៅតែក្នុងដៃក្រុមមនុស្សដែលអត់វិជ្ជាជីវៈ ចំណែកឯអ្នកមានវិជ្ជាជីវៈពិតប្រាកដ គេមិនអាចចូលទៅបម្រើការងារក្នុងវិស័យនេះបាន ហើយនាំគ្នាឈរឱបដៃមើលពីចម្ងាយទាំងមិនយល់ស្រប ។
លោក ស៊ិន ច័ន្ទសាយ៉ា បញ្ជាក់ថា រូបលោករួមនឹងអ្នកមួយចំនួនទៀតប្រហែលជាង១០នាក់ ធ្លាប់បានទៅរៀនវិជ្ជាជីវៈផលិតខ្សែភាពយន្ដក្នុងប្រទេសធំៗមួយចំនួនមានដូចជា នៅរុស្ស៊ី នៅអាល្លឺម៉ង់ និង ប្រទេសឆេកូជាដើម ប៉ុន្ដែពេលត្រឡប់មកក្នុងប្រទេសវិញ ពួកគេបែរជារកការងារធ្វើមិនបាន ទោះបីជាស្ថិតក្នុងស្ថានភាពដែលវិស័យភាពយន្ដកម្ពុជាកំពុងខំប្រឹងងើបឡើងក៏ដោយ ។ ការផលិតខ្សែភាពយន្ដមួយគេមិនអាចតែងទៅលើការមានប្រាក់ផលិត ហើយដឹកនាំតាមការនឹកឃើញនោះទេ គេទាមទារឱ្យអ្នកសម្ដែងចេះចាំស្ទាត់នូវប្រធានបទដែលត្រូវនិយាយ សម្ដែងហូរចេញពីទឹកចិត្ដ ទាមទារពេលវេលារៀបចំយូរ ពេលវេលាថតយូរ មិនមែនគ្រាន់តែសម្ដែងឱ្យតែបាន ហើយរង់ចាំលើអ្នកបញ្ចូលសំឡេងនោះឡើយ ។ ដូច្នេះ អ្នកដែលមានវិជ្ជាជីវៈ គេមិនអាចទៅចូលរួមនៅក្នុងសកម្មភាពមួយដែលមិនត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដោយអ្នកខ្លះសុខចិត្ដអត់ការងារធ្វើ ហើយអ្នកខ្លះទៀតរកការងារផ្សេងធ្វើវិញ ។
លោក ស៊ិន ច័ន្ទសាយ៉ា បានមានប្រសាសន៍បែបនេះកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៩ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅមជ្ឈមណ្ឌលវិទ្យាសាស្ដ្រ និងវប្បធម៌រុស្ស៊ីស្ដីអំពីមហោស្រពភាពយន្ដរុស្ស៊ីលើកទី២ ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី២០ ដល់ ២៤ ខែតុលា ឆ្នាំ២០០៩ខាងមុខនេះ គឺជាមហោស្រពភាពយន្ដមួយដែលបើកទូលាយឱ្យប្រជាពលរដ្ឋកម្ពុជាចូលទស្សនាដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលវិទ្យាសាស្ដ្រ និង វប្បធម៌រុស្ស៊ី ។
លោកស្រី ឌីរីឡា បូរ៉ូវីក ទីប្រឹក្សាស្ថានទូតរុស្ស៊ី បានថ្លែងថា ការបញ្ចាំងខ្សែភាពយន្ដនេះ គឺចាប់ពីថ្ងៃទី២០ ដល់២៣ ខែតុលា ឆ្នាំ២០០៩ បញ្ចាំងម្ដងក្នុងមួយថ្ងៃ ឯនៅថ្ងៃទី២៤ ខែតុលា បញ្ចាំង៣ដងក្នុងមួយថ្ងៃ ហើយមួយរឿងរយៈពេលមួយម៉ោងកន្លះដែលរោងភាពយន្ដនៅទីនោះអាចផ្ទុកមនុស្សបាន២៥០នាក់ ។ លោកស្រីបន្ដថា កម្មវិធីនេះរៀបចំដោយក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី និងក្រុមហ៊ុនភាពយន្ដស្ទេឡា រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតសហព័ន្ធរុស្ស៊ី និងតំណាងទីភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកសហប្រតិបត្ដិការមនុស្សធម៌អន្ដរជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
សបា្ដហ៍ភាពយន្ដរុស្ស៊ីមានគោលបំណងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក រវាងរុស្ស៊ី និងកម្ពុជា ។ លើកទី១នៅខែធ្នូ ឆ្នាំ២០០៨ ហើយនេះជាលើកទី២ហើយដែលព្រឹត្ដិការណ៍នេះបានត្រឡប់មកវិញនៅភ្នំពេញ ។
ពិធីសម្ពោធជាផ្លូវការនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៩ នៅសាលមហោស្រពចតុមុខ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា អា.អ៊ី.អ៊ីកណាតូវ និងលោក ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីគណៈប្រតិភូតំណាងឱ្យផលិតករភាពយន្ដផងដែរ ដែលដឹកនាំដោយលោក ហ្វេឌរ ប៉ូប៉ូវ អនុប្រធានសមាគមអ្នកផលិតភាពយន្ដនៃសហព័ន្ធរុស្ស៊ី ។
ការបញ្ចាំងខ្សែភាពយន្ដជាសាធារណៈដោយឥតគិតថ្លៃនឹងធ្វើការបញ្ចាំងជូនចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៩ នៅមជ្ឈមណ្ឌលវិទ្យាសាស្ដ្រ និងវប្បធម៌រុស្ស៊ី អាសយដ្ឋានអគារលេខ១០៣ មហាវិថីព្រះនរោត្ដម ទល់មុខក្រសួងអប់រំ យុវជន និងកីឡា ។ សបា្ដហ៍ភាពយន្ដលើកនេះនឹងប្រព្រឹត្ដទៅដើម្បីឧទ្ទិសដល់ថ្ងៃប្រវត្ដិសាស្ដ្ររុស្ស៊ី និងមនុស្សលោកទាំងមូល គឺខួបទី៦៥ជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ដែលខួបនេះគេនឹងប្រារឰនៅឆ្នាំ២០១០ខាងមុខ ។
ដើម្បីជាចំណីចក្ខុរបស់ទស្សនិកជនសបា្ដហ៍ភាពយន្ដបានពាំនាំភាពយន្ដទំនើបចំនួន៥រឿង ។ ខ្សែភាពយន្ដទាំងនេះមានបង្ហាញអំពីអារម្មណ៍របស់មនុស្សស្នេហាជាតិ សេចក្ដីស្នេហា ភក្ដីភាព មេត្ដាករុណា និង មនុស្សធម៌ ហើយមនុស្សមានចិត្ដបែបនេះ ទោះនៅទីណាក៏គេគោរពស្រលាញ់ទោះបីជាទាហានក៏ដោយ ។
ក្នុងនោះផងដែរ ក៏លាតត្រដាងអំពីបទពិសោធន៍របស់មនុស្សដែលព្រហ្មលិខិតជាអ្នកកំណត់ ។ អ្នករៀបចំកម្មវិធីសបា្ដហ៍ភាពយន្ដសង្ឃឹមយ៉ាងជឿជាក់ថា ទស្សនិកជនកម្ពុជាពិតជាពេញចិត្ដ ។ ក្នុងករណីសបា្ដហ៍ភាពយន្ដនេះទទួលជោគជ័យ ក្នុងពេលអនាគតភាគីរុស្ស៊ីនឹងខិតខំប្រឹងប្រែងបង្កើតកម្មវិធីបែបនេះផ្សេងៗទៀត ដើម្បីឱ្យទស្សនិកជនកម្ពុជាបានស្គាល់ជាមួយស្នាដៃភាពយន្ដទំនើបរុស្ស៊ី ជាពិសេសស្គាល់អំពីប្រវត្ដិសាស្ដ្រ និងជីវិតរស់នៅរបស់ប្រជាជនរុស្ស៊ី ។ ការស្វែងយល់ពីគ្នាទៅវិញទៅមកសំខាន់ណាស់ ៕
(សារព័ត៌មានកោះសន្ដិភាព ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៩)

ការធ្វើសន្និសីទពីការបញ្ចាំងខ្សែភាពយន្តនៅមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ី
















































