សំណែន

សំណែន (ន.) របស់ដែលសែន ភោជនដែលសែនៈ សំណែនខ្មោច សំណែនដូនតា ។
កាលគាត់នៅរស់ម្ដេចក៏មិនប្រឹង
ធ្មេញគាត់នៅរឹងបានឆ្ងាញ់ពិសា
លុះដល់ស្លាប់បាត់ទើបចាត់អាហារ
រៀបសែនកុងម៉ាខ្មោចណាមកស៊ី ៕
ដោយ លី ថៃលី

សំណែន (ន.) របស់ដែលសែន ភោជនដែលសែនៈ សំណែនខ្មោច សំណែនដូនតា ។
កាលគាត់នៅរស់ម្ដេចក៏មិនប្រឹង
ធ្មេញគាត់នៅរឹងបានឆ្ងាញ់ពិសា
លុះដល់ស្លាប់បាត់ទើបចាត់អាហារ
រៀបសែនកុងម៉ាខ្មោចណាមកស៊ី ៕
ដោយ លី ថៃលី
ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានកើតរឿងរ៉ាវដើមចេកចម្លែកនៅក្នុងខេត្តតាកែវ និងស្វាយរៀង ដែលបានចុះផ្សាយនៅលើសារព័ត៌មានកោះសន្ដិភាព ។ ចេកចម្លែកពិតជាគ្មានអ្វីប្លែកនោះទេ ព្រោះវាជាកត្តាធម្មជាតិដែលជាលទ្ធផលនៃសង្គមបរិយាកាសនៅជុំវិញបានជះឥទ្ធិពលលើ មានដូចជាកត្តាទឹកដី សារធាតុគីមី និងកត្តាផ្សេងៗទៀតនៅតំបន់នោះ ដូចគ្នានឹងទារកដែលកើតមកមានអវៈយវៈមិនគ្រប់គ្រាន់ ឬស្វិតក្រញិញក្រញង់ ខ្វេរខ្វង់ ឬមានរូបរាងខុសប្រក្រតី គឺជាលទ្ធផលដែលទទួលបានមកពីទង្វើរបស់ម្ដាយ និងមជ្ឈដ្ឋាននៅជុំវិញ ។ ប៉ុន្តែអ្វីដែលប្លែកគឺជំនឿរបស់ប្រជាពលរដ្ឋខ្មែរទៅលើស័ក្តិសិទ្ធិភាពនៃចេកចម្លែកទាំងនោះ ។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយអំពីជំនឿនេះទេ សូមមិត្តអ្នកអានធ្វើការវិនិច្ឆ័យសម្រង់អត្ថបទដូចខាងក្រោមតាមការគួរចុះ ។

ត្រយូងចេកចេញពីក្នុងដី
ខេត្ដតាកែវៈ មានការភ្ញាក់ផ្អើលមួយនៅភូមិចក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយប្រជាពលរដ្ឋដែលមានទីលំនៅជិតឆ្ងាយបាននាំគ្នាទៅអុជធូបសុំសេចក្ដីសុខទៅតាមជំនឿរៀងៗខ្លួន ខណៈលំនៅឋានប្រជាពលរដ្ឋម្នាក់មានរឿងចម្លែកមួយបានកើតឡើង គឺត្រយូងចេកផុសចេញពីដីទំហំប៉ុនកដៃមនុស្សចាស់ ។ រឿងចម្លែកនេះធ្វើឱ្យមានការភ្ញាក់ផ្អើលជាទូទៅនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅ ។
បើតាមសម្ដីបុរសម្ចាស់ត្រយូងចេកនោះឈ្មោះ សុក ប៉ុន អាយុ៤៧ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ុំ ភឿន អាយុ៥១ឆ្នាំ មានកូន៣នាក់ នៅក្នុងបន្ទុករៀបរាប់ប្រាប់ឱ្យដឹងថា រឿងត្រយូងចេកចម្លែកផុសចេញពីដីនេះ ពីដំបូងក្រុមគ្រួសាររបស់គាត់អត់ដឹងទេ តែអ្នករស់នៅជិតខាងម្នាក់ប្រទះឃើញមុនគេ និងបានយកដៃទៅដក តែដកអត់រួច ។ លុះព្រឹកថ្ងៃទី៣០ ខែកក្កដា គ្រួសារគាត់បានទៅពិនិត្យឃើញត្រយូងចេកនោះមានបកស្រទាប់១ស្រទាប់ ។ ដោយឃើញភាពចម្លែកមិនធ្លាប់ជួបបែបនេះនៅក្នុងផ្ទះ គាត់ក៏និមន្ដព្រះគ្រូចៅអធិការវត្ដ អំ ម៉ារ៉ា នៅសង្កាត់រកាក្រៅឱ្យមកទស្សន៍ទាយអំពីត្រយូងចេកផុសពីដីដ៏ចម្លែកមិនធ្លាប់ជួបប្រទះនេះ ។
ម្ចាស់ផ្ទះបន្ដទៀតថា ពេលទស្សន៍ទាយរួចព្រះគ្រូចៅអធិការវត្ដមានសង្ឃដីកាថា ត្រយូងចេកដែលផុសនៅក្នុងបរិវេណផ្ទះគាត់នេះល្អទេ កុំដកវាចោល ព្រោះបាននាំមកសេចក្ដីសុខដល់ក្រុមគ្រួសារគាត់ និងអ្នករស់នៅក្នុងភូមិជាមួយគ្នាផងដែរ ។ ព្រះអង្គបានប្រាប់ឱ្យគាត់ធ្វើស៊ុមព័ទ្ធជុំវិញ ដើម្បីអុជធូបសុំសេចក្ដីសុខក្នុងក្រុមគ្រួសារ ។ បន្ទាប់មកព័ត៌មានពីត្រយូងចេកចម្លែកលេចឮតៗគ្នាទៅដល់អ្នករស់នៅទីជិតឆ្ងាយប្រុស-ស្រី ចាស់-ក្មេងក៏នាំគ្នាទៅមើល ព្រមទាំងអុជធូបសុំសេចក្ដីសុខគ្រប់គ្នាជាមួយនឹងការចូលលុយផងដែរ ។

ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយនាំគ្នាអុជធូបគោរពបូជា
មកដល់ពេលនេះពុំទាន់មានប្រជាពលរដ្ឋណាម្នាក់ដែលមានជំនឿថា ត្រយូងចេកផុសនោះជាវត្ថុស័ក្ដិសិទ្ធិ ហើយបានអុជធូបបួងសួងបានដូចបំណងនៅឡើយទេ ។ ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋជិតឆ្ងាយដែលមានជំនឿ ហើយដឹងតៗគ្នាបានទៅមើលយ៉ាងគគ្រឹកគគ្រេងមិនដែលខាន ។
នេះជារឿងប្លែកមួយមិនថាមនុស្ស សត្វ ឬរុក្ខជាតិទេ និងគ្មានបុណ្យបារមីណានោះឡើយ តែជាការពិតសង្គមខ្មែរដែលពោរពេញទៅដោយជំនឿក្រៅខ្លួនជាងជឿលើខ្លួនឯងតែងតែមានការភ្ញាក់ផ្អើលបែបនេះ ។ មិនយូរទេការភ្ញាក់ផ្អើលនេះនឹងសាបសូន្យទៅវិញដោយឯកឯង ។

លោកយាយអ៊ិន ភុំ ជាម្ចាស់ដើមចេកត្រយូង៦
ខេត្ដស្វាយរៀងៈ ដើមចេកចម្លែក១ដើម ចេញត្រយូងដល់ទៅ៦ ត្រូវបានអ្នកស្រុកនាំគ្នាទៅអុជធូបសុំ សេចក្ដីសុខព្រោះតែភាពចម្លែកនេះ ។ ចេកធ្លាក់ត្រយូង៦នេះជាប្រភេទចេកណាំវ៉ា ។
ទាក់ទិននឹងរឿងហេតុខាងលើ លោកយាយ អ៊ិន ភុំ អាយុ៨០ឆ្នាំ ម្ចាស់ដើមចេកចម្លែក នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០០៩ វេលាម៉ោង៧ព្រឹក ខណៈពេលគាត់កំពុងជម្រះស្មៅដំណាំគាត់ឮសម្លេងល្វើយៗថា ជួយខ្ញុំផងខ្ញុំឈរលែងជាប់ហើយ ។ ពេលនោះគាត់បានងើបមើលជុំវិញខ្លួន ដូចជាគ្មានឃើញអ្នកណានៅឈរក្បែរកន្លែងនោះឡើយ គាត់ក៏អង្គុយធ្វើស្មៅបន្ដរហូតដល់ម៉ោង៨ព្រឹក ស្រាប់តែឃើញដើមចេកមួយដើមទ្រេតរកកល់ចង់ដួលទៅទិសឦសាន ។ ឃើញស្ថានភាពដើមចេកបែបនេះ គាត់បានចូលទៅទ្រ លុះក្រឡេកទៅលើឃើញដើមចេកនោះមានចេញត្រយូងរហូតដល់ទៅ៦ ។ ដោយឃើញភាពចម្លែករបស់ដើមចេកនេះ គាត់ក៏ស្រែកហៅកូនប្រុសគាត់ឱ្យមកជួយទ្រ បន្ទាប់មកគាត់បានសម្រេចចិត្ដគាស់ដើមចេកនេះមកដាំនៅមុខផ្ទះវិញ ងាយស្រួលឱ្យអ្នកស្រុកអ្នកភូមិបានមើលចេកចម្លែកនេះ ។

ត្រយូងដែលមានខ្នែងចំនួន៦កំពុងចេញក្ដឹបចេក
អ្នកស្រុកពិតជាបានភ្ញាក់ផ្អើលនាំគ្នាមកមើល ហើយបានអុជធូបសុំសេចក្ដីសុខដោយគិតថា នេះជាអព្ភូតហេតុចម្លែកក្រែងមានបារមីថែរក្សា ទើបមានហេតុភេទចម្លែកបែបនេះ ។ មិនតែប៉ុណ្ណោះពួកគេបានមូលមតិគ្នានិមន្ដព្រះសង្ឃមកសូត្រមន្ដនៅថ្ងៃ៧កើត ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ ដើម្បីសុំសេចក្ដីសុខ ។
ដើមចេកមួយដើមនេះមានស្ទងតែមួយចេញពីដើម និងបានបែកស្ទងចេញជា៦ត្រយូង ទំហំប៉ុនកំភួនដៃ តូចជាងគេប៉ុនកដៃ ហើយទំនងជាចេញត្រយូងនេះជាច្រើនថ្ងៃកន្លងមកហើយ ព្រោះស្ទងធំមានចេញក្ដឹបមួយស្និតទៀតផង ។
អ្នកស្រុកខ្លះសុំទឹកព្យាបាលជម្ងឺ អ្នកខ្លះសុំស្រទប ឬស្លឹកចេកចម្លែកនោះយកទៅដាក់រានតូបលក់ដូរ ក្នុងបំណងឱ្យភ្ញៀវចូលទិញ ។ អ្នកខ្លះនិយាយថា ដោយមានហេតុភេទចម្លែកដូចនេះហើយគ្មានអ្នកណាដឹង ទើបជួបភាពរាំងស្ងួតបែបនេះ ហេតុនេះអ្នកស្រុកបាននាំគ្នារៀបចំពិធីបុណ្យនៅថ្ងៃ៧កើត ឆ្លងថ្ងៃ៨កើត ត្រូវនឹងថ្ងៃទី២៨សីហាខាងមុខ ៕
រឿងរ៉ាវដូចគ្នាៈ កូនគោចម្លែកនៅខេត្តពោធិសាត់
ខ្ញុំបានប្រទះឃើញអត្ថបទដ៏លន្លង់លន្លោចខ្លោចផ្សាមួយនៅលើគេហទំព័រសារព័ត៌មានកោះសន្តិភាពដែលទទួលបានពីមិត្តអ្នកអានម្នាក់រៀបរាប់ពីរឿងរ៉ាវស្នេហាមួយ ។ ដាវីតដែលពីដំបូងគ្រាន់តែចង់លលេងសើចល្បែងស្នេហាជាមួយនីតាដែលជាមិត្តរួមថ្នាក់តែប៉ុណ្ណោះ ។ លទ្ធផលនៅទីបំផុត ដាវីតសុខចិត្តនៅព្រៅរង់ចាំជួបនីតាអស់រយៈពេល២០ឆ្នាំទើបដឹងការពិត ។
ប្រសិនបើរឿងនេះជារឿងពិត គួរឲ្យស្ងើចសរសើរដល់ទឹកចិត្តរបស់ដាវីតពេកណាស់ ។ ប៉ុន្តែបើតាមការវិភាគរបស់ខ្ញុំ អត្ថបទនេះគឺគ្រាន់តែជារឿងប្រលោមលោកខ្លីមួយប៉ុណ្ណោះ ។ តាមដំណើររឿង ទំនាក់ទំនងរវាងកំលោះដាវីត និងកញ្ញានីតាបានកើតឡើងកាលពី២០ឆ្នាំមុន ហើយមានរៀបរាប់បង្ហាញអំពីការប្រើប្រាស់ទូរស័ព្ទ (អាចជាទូរស័ព្ទដៃ) យ៉ាងទូលាយ ។ ជាក់ស្ដែង កាលពី២០ឆ្នាំមុន ប្រសិនបើគិតថយពីឆ្នាំ២០០៩ គឺត្រូវនឹងទសវត្សរ៍ទី៩០ ។ នៅពេលនោះ ទូរស័ព្ទដៃពិតជាពុំទាន់បានប្រើប្រាស់ទូលំទូលាយក្នុងចំណោមនិស្សិតមហាវិទ្យាល័យនៅឡើយ ជាពិសេស និស្សិតក្រីក្រដូចជានីតា ។ នីតាជាកូនកំព្រាបានទទួលការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលមួយ ដូច្នេះនាងគួរតែស្នាក់នៅក្នុងមណ្ឌលណាមួយ គឺពុំមែនស្នាក់នៅផ្ទះជួលតាមដំណើររឿងនោះទេ ។ ប្រសិនបើជារឿងពិតមែននោះ ស្ថានភាពជម្ងឺ និងមរណភាពរបស់នីតាមិនអាចរំលងពីមិត្តភក្ដិជិតស្និទ្ធរបស់នាងបានឡើយ ហើយនៅពេលនោះ ទាំងមិត្តភក្ដិ និងអ្នកគ្រូពេទ្យជៀសមិនផុតពីផ្ដល់ព័ត៌មានដល់ដាវីតភ្លាមៗខានពុំបាន ដោយពុំរង់ចាំ២០ឆ្នាំក្រោយមកនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ សូមប្រិយមិត្តអ្នកអានវិនិច្ឆ័យខ្លួនឯងនូវដំណើររឿងខាងក្រោមនេះតាមការគួរទៅចុះ………………………….!
មានសុភមង្គល មានគ្រួសារគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ។ តាមរូបសម្បត្ដិ សមត្ថភាព និងជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្ដែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាសសាងគ្រួសារដោយមិនដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬការសប្បាយនោះទេ គឺខ្ញុំកំពុងតែរង់ចាំនារីម្នាក់ ដែលខ្ញុំមិនធ្លាប់គិតថា «ស្រឡាញ់» ហើយខ្ញុំក៏មិនដឹងខ្លួនថា ខ្ញុំមានចិត្ដស្រឡាញ់នាង ឬក៏អត់នោះដែរ ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់ បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រដែរ ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយ ប៉ុន្ដែនាងបែរជាមិនមក នាងទុកឲ្យខ្ញុំរង់ចាំនាង ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតដល់ជាង២០ឆ្នាំ ។ នាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេ ? នាងចង់សងសឹកមែនទេ ?
ទេខ្ញុំជឿជាក់លើចិត្ដស្រឡាញ់របស់នាងចំពោះខ្ញុំទោះស្នេហានេះមានរយៈពេលខ្លីក៏ដោយ ខ្ញុំចេះតែមានអារម្មណ៍មួយថា នាងកំពុងតែរង់ចាំខ្ញុំនៅទីនោះ ។
ខ្ញុំចាំថាកាលពី២០ឆ្នាំមុន ខ្ញុំស្ថិតក្នុងវ័យ២២ឆ្នាំ ជានិស្សិតមហាវិទ្យាល័យ ខ្ញុំមានរូបរាងសង្ហា ជាកូនអ្នកមានទ្រព្យសម្បត្ដិ មានប្រាក់ចាយមិនខ្វះ ខ្ញុំអាចទាក់ទងស្រីស្អាតបានជាច្រើន ប៉ុន្ដែស្នេហាសម្រាប់ខ្ញុំ បីដូចជាការញ៉ាំអំពៅ គឺពេលដែលអស់រស់ជាតិហើយ ខ្ញុំនឹងខ្ជាក់វាចោលដោយគ្មានស្រណោះ ។ ព្រហ្មលិខិតបានតម្រូវឲ្យខ្ញុំស្គាល់នារីម្នាក់ឈ្មោះ «នីតា» ដែលនាងទើបតែផ្លាស់មកពីខេត្ដចូលមករៀនថ្នាក់ជាមួយខ្ញុំ មើលទៅនាងក៏ស្អាតណាស់ដែរ តែសម្រស់របស់នាងត្រូវបិទបាំងដោយទឹកមុខស្លេកៗ មើលទៅដូចជាអ្នកជម្ងឺ បើឲ្យខ្ញុំស្រឡាញ់នោះ ប្រហែលជាទៅមិនរួចទេ តែមើលលេងសើចអាចខ្លះ ។
នៅថ្ងៃដំបូងដែលនាងបានបង្ហាញខ្លួននៅក្នុងថ្នាក់របស់ខ្ញុំ កែវភ្នែកទាំងគូរបស់នាងតែងតែលួចសម្លឹងមកខ្ញុំ ដែលអាចបញ្ជាក់ឲ្យឃើញថា នាងកំពុងតែចាប់អារម្មណ៍មកលើខ្ញុំ វារឹតតែធ្វើឲ្យខ្ញុំបានចិត្ដ និងមើលស្រាលចំពោះនាង ។ រាល់ថ្ងៃ សង្កេតមើលនាងយូរទៅ នាងហាក់បីដូចជាមនុស្សចម្លែក មើលទៅរាងកាយនាងដូចជាទន់ខ្សោយ តែចិត្ដរបស់នាងរឹងមាំណាស់ នាងជាមនុស្សរួសរាយ រាក់ទាក់ នាងធ្វើខ្លួនហាក់បីដូចជាស្រឡាញ់ពិភពលោកនេះណាស់ មិត្ដរួមថា្នក់របស់ខ្ញុំអ្នកណាក៏ស្រឡាញ់ចូលចិត្ដនាងដែរ តែសម្រាប់រូបខ្ញុំ នាងដូចជាគ្មានអ្វីអស្ចារ្យនោះទេ ពីព្រោះខ្ញុំយល់ថា នាងក៏ដូចជាស្រីៗដទៃអញ្ចឹងដែរ គឺលង់ស្នេហ៍កំលោះសង្ហាដូចជារូបខ្ញុំនោះដូចតែគ្នា ។ ថ្ងៃមួយ ខ្ញុំបានភ្នាល់ជាមួយមិត្ដខ្ញុំថា ខ្ញុំនឹងធ្វើឲ្យនាងស្រឡាញ់ខ្ញុំក្នុងរយៈពេលបីខែ ហើយនាងនឹងយំអង្វរខ្ញុំនៅពេលដែលខ្ញុំបោះបង់នាងចោល ។
- ពួកឯងជឿទេ គ្នាអាចធ្វើឲ្យស្រីមុខស្លេកម្នាក់នេះលង់ស្នេហ៍គ្នាបាន (ខ្ញុំនិយាយដោយភាពជឿជាក់) ។
- អ្ហេ ឬមួយក៏ឯងចាប់អារម្មណ៍នឹងនីតាបានជានឹកចង់ទាក់ទងនាង តែមើលទៅនាងដូចជាមិនត្រូវនឹងចំណូលចិត្ដឯងសោះ ។
- គ្រាន់តែចង់លលេងទេ ពីព្រោះឮល្បីថានាងចិត្ដរឹងណាស់ ។
- អូខេ បើឯងឈ្នះ ពួកគ្នានឹងប៉ាវឯងចូលខារ៉ាអូខេ…។
ខ្ញុំចាប់ផ្ដើមទាក់ទងនាងដោយសុំលេខទូរស័ព្ទរបស់នាងពីមិត្ដនាង ។ ថ្ងៃដំបូងដែលខ្ញុំបានទូរស័ព្ទទៅនាង ខ្ញុំបានសួរនាំនាងទៅតាមវិធីរបស់ខ្ញុំ មើលទៅនាងដូចជាសប្បាយចិត្ដណាស់ ពេលបាននិយាយជាមួយខ្ញុំ ការពិតទៅនាងដូចជាចិត្ដងាយណាស់ បែបនេះដូចជាមិនសូវសប្បាយ តែចាត់ទុកថា លេងកែអផ្សុកទៅចុះ ។
ថ្ងៃទីបីនៃល្បែងរបស់ខ្ញុំ….
-នីតា ដឹងទេខ្ញុំពិតជាពេញចិត្ដនាងណាស់ ។ គឺខ្ញុំ….ខ្ញុំស្រឡាញ់នាង…
- ខ្ញុំក៏ស្រឡាញ់លោកដែរ គឺស្រឡាញ់យ៉ាងពិតប្រាកដ ។
នេះជាចម្លើយដែលធ្វើឲ្យខ្ញុំស្មានមិនដល់ វាហាក់បីដូចជាលឿនពេក ហួសពីគម្រោងរបស់ខ្ញុំ ។
-នីតាមិនគិតមើលសិនទេ អ្ហេ ?
- សម្រាប់ខ្ញុំ ខ្ញុំមិនស្ដាយក្រោយ និងមិនបណ្ដែតបណ្ដោយពេលវេលាឡើយ ចំពោះការនិយាយពាក្យថា ស្រឡាញ់ទៅមនុស្សដែលខ្ញុំស្រឡាញ់ បើខ្ញុំដឹងថាខ្ញុំស្រឡាញ់គេពិតប្រាកដហើយនោះ ខ្ញុំមិនចង់ឲ្យពេលវេលាសូម្បីតែមួយវិនាទីកន្លងហួសទៅឡើយចំពោះស្នេហា ខ្ញុំនឹងស្រឡាញ់លោកអស់មួយជីវិត ។
ពេលនិយាយចប់នាងក៏សុំបិទទូរស័ព្ទ ទុកឲ្យខ្ញុំនៅភាំងម្នាក់ឯង នេះជាលើកទីមួយហើយដែលមនុស្សស្រីធ្វើឲ្យខ្ញុំស្លុងអារម្មណ៍នឹងពាក្យថា «ស្នេហាពិត» បើទោះជានាងមិនមែនជាស្រីទីមួយឡើយដែលនិយាយថាស្រឡាញ់ខ្ញុំពិតនោះ តែមិនដឹងថាហេតុអីបានជាបេះដូងរបស់ខ្ញុំលោតញាប់នៅពេលដែលបានឮពាក្យស្រឡាញ់នេះចេញពីមាត់មនុស្សស្រីម្នាក់ដែលខ្ញុំចាត់ទុកជាល្បែងភ្នាល់គ្នាលេង ។ មិនអាចទេ ខ្ញុំមិនអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំយ៉ាងនេះទេ នីតានាងគ្មានសំណាងធ្វើជាមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដបានទេ នាងអាចនៅក្បែរខ្ញុំបានតែបីខែប៉ុណ្ណោះ ។
ខ្ញុំបានបំពេញកិច្ចការគួរឲ្យធុញទ្រាន់មួយ គឺធ្វើជាទន់ភ្លន់ ផ្អែមល្ហែម យកចិត្ដមនុស្សស្រីម្នាក់ដែលខ្ញុំមិនពេញចិត្ដបន្ដិចទាល់តែសោះ មើលទៅនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ តែអ្វីដែលចម្លែកនោះ ត្រឹមតែខែដំបូងនាងបានធ្វើចិត្ដខ្ញុំផ្លាស់ប្ដូរដោយមិនដឹងខ្លួនចំពោះទស្សនៈស្នេហា នាងបានផ្ដល់នូវអារម្មណ៍ចម្លែកជាច្រើនដែលខ្ញុំពុំធ្លាប់ជួបជាមួយនារីផ្សេង ។ ពេលវេលាផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមានស្នេហាជ្រាលជ្រៅចំពោះខ្ញុំ នាងបានផ្ដល់ឱកាសឲ្យខ្ញុំស្និទ្ធស្នាលជាមួយនាង នាងបានផ្ដល់ភាពសំខាន់ឲ្យខ្ញុំ នាងស្ទើរតែធ្វើឲ្យខ្ញុំភ្លេចខ្លួនថា ខ្ញុំកំពុងតែលេងល្បែងទៅហើយ ពាក្យថាធុញទ្រាន់ដែលខ្ញុំធា្លប់និយាយពីដំបូងក៏រលាយបាត់ នាងតែងតែរៀបរាប់រឿងរបស់នាងឲ្យខ្ញុំស្ដាប់ ដូចជារឿងគ្រួសារនាង ស្ដាប់ទៅដូចជារីករាយណាស់ តែខ្ញុំបែរជាមានអារម្មណ៍ថា អាណិតនាងទៅវិញ ទោះជានាងសើច នាងញញឹមមិនដែលស្រពោនក៏ដោយ ។
- មើលទៅអូនចូលចិត្ដថតរូបណាស់ ណ្ហ៎ !
- អូនចង់ផ្ដិតយកពេលវេលាដែលអូននៅក្បែរបងឲ្យក្លាយជាអមតៈ វាជាការថែរក្សាអនុស្សាវរីយ៍ដ៏ល្អមួយ ។
ខ្ញុំយកដៃទាញក្បាលនាងមកផ្អឹបនឹងដើមទ្រូង…
- មួយជីវិតអូននេះ តើអូនខ្លាចអ្វីជាងគេ ?
- គឺសេចក្ដីស្លាប់ អូនពិតជាខ្លាចខ្លាំងណាស់
- ក្មេងល្ងង់ អ្នកណាក៏គេខ្លាចដែរ ។ អញ្ចឹងមិនខ្លាចបាត់បងទេ អ្អេ ?
- អ្វីៗវាសនាបានកំណត់រួចហើយ ។….បានហើយយើងទៅវិញទៅ អូនអស់កម្លាំងណាស់ ។
ល្ខោនស្នេហារបស់ខ្ញុំបានចាប់ដំណើរការទៅយ៉ាងល្អ ប៉ុន្ដែនៅជិតនាងកាន់ច្រើន កាន់តែយល់ថា នាងចម្លែក តែភាពចម្លែករបស់នាងពិតជាទាក់ទាញណាស់ ។ អស់រយៈពេលពីរខែកន្លងផុតទៅហើយសម្រាប់ល្បែងមួយនេះ ខ្ញុំស្ទើរតែភ្លេចខ្លួនបាត់ទៅហើយថា វាគ្រាន់តែជាល្ខោនរយៈពេលខ្លីមួយ ខ្ញុំហាក់ដូចជាមិនដាច់ចិត្ដសោះក្នុងការបំផ្លាញបេះដូងរបស់នាង ខ្ញុំបានព្យាយាមដាស់ខ្លួនឯងជានិច្ច ដើម្បីកុំឲ្យលង់លក់ក្នុងល្បែងមួយនេះ ពិតមែនហើយនាងមិនមែនជានារីដែលខ្ញុំប្រាថ្នានោះទេ នាងមិនសក្ដិសមនឹងខ្ញុំទេ មានស្រីស្អាតច្រើនណាស់ដែលនៅរង់ចាំខ្ញុំ ។
ពេលនេះខ្ញុំចាប់ផ្ដើមបញ្ចេញភាពព្រងើយកន្ដើយដាក់នាង ពេលខ្លះខ្ញុំធ្វើជាទាក់ទងស្រីផ្សេងនៅចំពោះមុខនាង ហើយនាងក៏តែងតែបញ្ចេញអាការៈប្រច័ណ្ឌខ្ញុំពេលនៅចំពោះមុខមិត្ដរបស់ខ្ញុំ តែពេលផុតពីមុខគេនៅតែពីរនាក់ នាងធ្វើហាក់បីដូចជាគ្នារឿងអ្វីកើតឡើង ខ្ញុំពិតជាឆ្ងល់ណាស់ ការពិតនាងកំពុងគិតអ្វី ខ្ញុំឧស្សាហ៍រករឿងនាងណាស់ ប៉ុន្ដែនាងក៏ខំកែប្រែនូវអ្វីដែលខ្ញុំមិនពេញចិត្ដ រហូតដល់ខ្ញុំមិនដឹងថាគួររកអ្វីមកចាប់កំហុសនាង ។
- ហេតុអ្វីក៏នាងធ្វើតាមចិត្ដខ្ញុំម្ល៉េះ ?
- ខ្ញុំស្រឡាញ់បង ខ្ញុំមិនចង់ឲ្យរឿងតិចតួចធ្វើឲ្យខកខានភាពរីករាយដល់ស្នេហារបស់ខ្ញុំឡើយ ។
- ចុះបើថ្ងៃណាមួយបងក្បត់អូន អូនធ្វើយ៉ាងម៉េច ?
- ចុះបើថ្ងៃណាមួយអូនទៅឆ្ងាយចោលបង បងធ្វើយ៉ាងម៉េច ? (នាងនិយាយបណ្ដើរយកដៃអង្អែលថ្ពាល់របស់ដាវិតថ្នមៗ)
- នោះជារឿងល្អហើយ (ខ្ញុំគ្រាន់តែគិតក្នុងចិត្ដប៉ុណ្ណោះ)
- ជិតដល់ពេលហើយ
- ជិតដល់ពេលអី ? ខ្ញុំសួរនាង…
នាងនៅស្ងៀមមួយសន្ទុះ…
- អ្ហេ គិតអីហ្នឹង ?
- គឺ គឺជិតដល់ពេលជប់លៀងនៅសាលាយើងនឹងណា៎ ។
- មែនហើយជិតដល់ពេលហើយ ។
អ្នកទាំងពីរសម្លឹងរកគ្នាដោយបង្កប់នូវភាពស្រពាប់ស្រពោន ដាវីតយកដៃទៅអង្អែលក្បាលនីតាថ្នមៗ
- បើបងធ្វើអ្វីខុសចំពោះអូន អូនស្អប់បងទេ ?
- អត់ទេ គ្មានថ្ងៃដែលអូនស្អប់បងនោះទេ វីត ។
………………………………………………………………………………………
-អ្ហេ យ៉ាងម៉េចហើយ អ្នកប្រុសវីត ឥឡូវដូចជាសុភាពដល់ហើយវើយ តិចលង់ស្នេហ៍នីតាមែនទែនទៅ ។
- កុំសង្ឃឹម គ្នាគ្រាន់តែសម្ដែងឲ្យចប់ចុងចប់ដើមតែប៉ុណ្ណោះ ជិតមានសេរីភាពហើយ រាល់ថ្ងៃធុញសឹងស្លាប់ ។ ស្អែកអ្វីៗត្រូវបញ្ចប់ហើយ ត្រៀមលុយទុកទៅអាពួកម៉ាក ។
ទីបំផុតថ្ងៃជប់លៀងក៏មកដល់ តែអារម្មណ៍ដូចជាមិនល្អសោះ ខ្ញុំសូមសារភាពថាខ្ញុំនឹកដល់នាង នឹកអនុស្សាវរីយ៍ទាំងឡាយរវាងខ្ញុំ និងនាង ។
- យើងទៅដើរលេងកន្លែងនោះវិញល្អទេ ? (ខ្ញុំបបួលនាងទៅកន្លែងដែលមិត្ដភក្ដិរបស់ខ្ញុំនៅពួនចាំស្ដាប់)
- ចា៎ស !
យើងទាំងពីរដើរបណ្ដើរគ្នា ដោយមិននិយាយមួយម៉ាត់ រហូតដល់កន្លែងនោះ នាងក៏ឈប់ដើរទៅមុខទៀត ខ្ញុំសម្លឹងមើលមុខនាង បេះដូងរបស់ខ្ញុំចាប់ផ្ដើមឈឺនៅពេលដែលខ្ញុំបានឃើញតំណក់ទឹកភ្នែករបស់ស្រីម្នាក់នេះ នេះជាលើកទីមួយហើយដែលនាងយំ នាងបែរមកឱបខ្ញុំយ៉ាងណែន ទឹកភ្នែករបស់នាងបានជ្រាបចូលទៅដល់បេះដូងរបស់ខ្ញុំទៅហើយ ។
-ដាវីត អូនស្រឡាញ់បង អូនមិនចង់បាត់បង់បងទេ ។
ខ្ញុំហាក់ដីដូចជានិយាយអ្វីមិនចេញសោះ នាងកំពុងធ្វើអ្វីហ្នឹង ? រាត្រីដ៏អ៊ូអរ តន្ដ្រីលាន់ឮរំពង គ្រប់គ្នាពិតជារីករាយ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំទទួលអារម្មណ៍ថាវាស្ងាត់ខ្លាំងណាស់ ខ្ញុំមើលមិនឃើញភាពសប្បាយសូម្បីបន្ដិច ខ្ញុំបែរជាខ្លាច ខ្លាចរង្វង់ដៃដែលកំពុងឱបខ្ញុំនេះរលាចេញទៅ ។
ក្រែងនេះជាលទ្ធផលដែលខ្ញុំចង់បានមែនទេ ? តែខ្ញុំមិនបាននិយាយអ្វីជាមួយនាងមួយម៉ាត់ផង ហេតុអ្វីនៅសុខៗនាងធ្វើបែបនេះ ?
មិត្ដភក្ដិខ្ញុំយល់ថា ខ្ញុំឈ្នះហើយ ពួកយើងនាំគ្នាទៅច្រៀងខារ៉ាអូខេយ៉ាងសប្បាយ តែការពិតចិត្ដរបស់ខ្ញុំនៅតែគិតដល់នាង គិតដល់ទឹកភ្នែករបស់នាង មិនបានទេខ្ញុំត្រូវតែផឹក ផឹក ផឹកឲ្យភ្លេចអ្វីគ្រប់យ៉ាង….។
ថ្ងៃនេះមិនដូចពីម្សិលមិញទេ ខ្ញុំបានតាំងចិត្ដបំភ្លេចនាងហើយ ខ្ញុំនឹងបំភ្លេចអ្វីៗទាំងអស់ដែលធ្លាប់មានជាមួយនាង ខ្ញុំត្រូវការសេរីភាពនៃយុវវ័យរបស់ខ្ញុំមកវិញ ខ្ញុំមិនចង់គិតដល់ចិត្ដអ្នកណា ពេលដែលខ្ញុំត្រូវការសប្បាយនោះទេ សុំទោសណា៎នារីដ៏គួរឲ្យអាណិត ។
បីថ្ងៃក្រោយនាងបានទូរស័ព្ទមករកខ្ញុំ នាងធ្វើហាក់បីដូចជាគ្មានអ្វីកើតឡើង មែនហើយការពិតទៅយប់នោះខ្ញុំមិនទាន់បាននិយាយអ្វីជាមួយនាងផង…..
- ល្ងាចនេះម៉ោង៥:០០ បងទំនេរទេ ? បងអាចមករកអូននៅមុខមន្ទីរពេទ្យកាល់ម៉ែត្របានទេ ?
- បាទ បាន ប៉ុន្ដែកន្លែងណាត់របស់អូនដូចជាចម្លែកបន្ដិច ។
- អូនសង្ឃឹមថា បងប្រាកដជាទៅជួបអូន
- អូខេ បងនឹងទៅជួបអូន ការពិតបងក៏មានរឿងចង់និយាយដែរ
- អរគុណណាស់ ចាំណា៎ ថាអូនស្រឡាញ់បង ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ។
ដប់នាទីនៃការរង់ចាំបានកន្លងផុតទៅ មួយម៉ោង ពីរម៉ោង ការអត់ធ្មត់របស់ខ្ញុំក៏រលាយអស់ ខ្ញុំខឹងនាងខ្លាំងណាស់ នាងហ៊ានកុហកខ្ញុំ ខ្ញុំទូរស័ព្ទទៅក៏មិនចូល ទូរស័ព្ទទៅមិត្ដនាងក៏គ្មានអ្នកណាដឹង ខ្ញុំឈប់ខ្វល់ ហើយនាងគ្មានតម្លៃអ្វីសម្រាប់ខ្ញុំទៀតទេ ខ្ញុំក៏មិនចង់ចំណាយពេលវេលារបស់ខ្ញុំ ទៅចាំស្រីឆ្កួតម្នាក់នោះដែរ ប៉ុន្ដែខ្ញុំឆ្ងល់ណាស់នាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេ ខ្ញុំនៅតែជឿជាក់លើទឹកចិត្ដរបស់នាងចំពោះខ្ញុំ ។
ខ្ញុំមិនអស់ចិត្ដទេ ខ្ញុំបានទៅរកនាងដល់ផ្ទះជួលរបស់នាង គេថានាងរើចេញហើយ ក្នុងចិត្ដខ្ញុំពេលនេះ គឺបើបានជួបនាង ខ្ញុំនឹងសម្លាប់នាង ខ្ញុំស្អប់នាងខ្លាំងណាស់ ខ្ញុំមិនដែលរង់ចាំស្រីណាម្នាក់ឡើយ ហើយក៏គ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរ ។
យប់នេះខ្ញុំគេងមិនលក់សោះ ខ្ញុំខំព្យាយាមឈប់គិត តែខួរក្បាលចំកួតរបស់ខ្ញុំនៅតែគិត…
- នីតាហេតុអ្វីបានជាធ្វើបែបនេះ តែក៏ល្អដែរនាងទៅបាត់ ខ្ញុំមិនចាំបាច់បកស្រាយអ្វីច្រើន ក៏មិនបាច់ក្លាយជាជនបោកស្នេហ៍គេដែរ ហើយឈប់ខ្វល់ហើយ ។
មិនដូចជាការគិតរបស់ខ្ញុំសោះ គ្មាននាង ខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាបាត់អ្វីម្យ៉ាងក្នុងជីវិត សព្វថ្ងៃនេះ ខ្ញុំបានទាក់ទងស្រីស្អាតៗជាច្រើន គួរឲ្យអស់សំណើចណាស់ គ្មានអ្នកណាអាចលប់រូបនីតាចេញពីបេះដូងខ្ញុំសោះ ។ ខ្ញុំនៅតែគិតថាខ្ញុំគ្មានចិត្ដលើស្រីម្នាក់នោះទេ តែមិនដឹងហេតុអីថ្ងៃណាក៏ខ្ញុំបើកឡានទៅឈប់នៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ ការពិតខ្ញុំចង់ជួបនាងខ្លាំងណាស់ ខ្ញុំហាក់បីដូចជាមានពាក្យជាច្រើនចង់និយាយប្រាប់នាង ។ ក្នុងមួយថ្ងៃៗកិច្ចការទីមួយដែលខ្ញុំនឹកឃើញមុនគេ គឺ«រង់ចាំនាង» ។
ពេលវេលាពិតជាលឿនណាស់ ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំមានការងារល្អធ្វើ ប៉ាម៉ាក់របស់ខ្ញុំបានស្ដីដណ្ដឹងកូនស្រីអ្នកមានឲ្យខ្ញុំ តែខ្ញុំបដិសេធ អស់ពីមួយទៅមួយរហូតដល់ពួកគាត់ឈប់ខ្វល់ពីរឿងខ្ញុំ ។ ខ្ញុំដឹងថា ទាំងគ្រួសារខ្ញុំ និងមិត្ដភក្ដិរបស់ខ្ញុំ នាំគ្នាឆ្ងល់នឹងខ្ញុំ មែនហើយខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ខ្ញុំឈប់ចង់សប្បាយ ឈប់មើលងាយសេចក្ដីស្នេហា ខ្ញុំហាក់បីដូចជាកំពុងរស់នៅលើលោកនេះតែម្នាក់ឯង ជាមួយនឹងការរង់ចាំ ខ្ញុំមិនសោកស្ដាយភាពជាយុវវ័យដែលកន្លងទៅទេ តែខ្ញុំស្ដាយដែលមិនបានជួបនិយាយជាមួយនាង ខ្ញុំស្ដាយបើបាត់បង់អ្វីៗដែលនាងធ្លាប់ឲ្យខ្ញុំ នីតាពេលនេះនាងនៅទីណា ? នាងកំពុងធ្វើអ្វី ?
ថ្ងៃមួយខ្ញុំមានជម្ងឺត្រូវចូលមន្ទីពេទ្យ ខ្ញុំសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះខ្ញុំបានជួបវេជ្ជបណ្ឌិតស្រីម្នាក់ដែលមានវ័យប្រហែលជាបងខ្ញុំពីរឬបីឆ្នាំ គាត់យកចិត្ដទុកដាក់នឹងខ្ញុំណាស់ ហាក់បីដូចជាស្គាល់ខ្ញុំយូរណាស់មកហើយ ។
ថ្ងៃចុងក្រោយដែលខ្ញុំសម្រាកនៅមន្ទីរពេទ្យ គាត់បានមកនិយាយជាមួយខ្ញុំ…
- ខ្ញុំឃើញលោកមកមុខមន្ទីពេទ្យនេះស្ទើររាល់ថ្ងៃ លោករកអ្នកណា ឬចាំអ្នកណាមែនទេ ? បើពិតមែន លោកគួរឈប់ចាំទៅ បើគេអាចមករកលោក គេមិនឲ្យលោកចាំគេយូរយ៉ាងនេះទេ ។
- មានរឿងខ្លះសូម្បីតែខ្លួនយើងក៏មិនដឹងច្បាស់ដែរ ។
- ថ្ងៃណាក៏ខ្ញុំឃើញលោកដែរ លោកមិនយល់ថា វាខាតពេលច្រើនណាស់ទេមែនទេ ? អ្នកនោះសំខាន់យ៉ាងណាទៅបានជាលោកធ្វើបែបនេះ ?
- ខ្ញុំពិតជាមិនដឹងខ្លួនឯងថា ហេតុអ្វីនោះទេ ហើយក៏មិនដឹងថាខ្ញុំធ្វើបែបនេះព្រោះអ្វីដែរ ខ្ញុំចាំនាងមែន ខ្ញុំពិតជាមិនសោកស្ដាយពេលវេលាមែន ខ្ញុំក៏មិនធ្លាប់គិតថាស្រឡាញ់នាងនោះដែរ តែពេលបាត់នាង ជីវិតខ្ញុំហាក់បីដូចជាបាត់អ្វីម្យ៉ាងដែលសំខាន់បំផុត ខ្ញុំធ្លាប់បានព្យាយាមបំភ្លេចរឿងរ៉ាវទាំងនោះហើយ នៅទីបំផុតគឺនៅតែដដែល ។
អ្នកគ្រូពេទ្យសម្លឹងមកខ្ញុំដោយខ្សែភ្នែកស្រងូតស្រងាត់ និងនិយាយមករកខ្ញុំយ៉ាងទន់ភ្លន់…
- លោកដឹងខ្លួនទេថា លោកស្រឡាញ់នាងខ្លាំងណាស់ លោកជាមនុស្សប្រុសដ៏ស្មោះត្រង់ម្នាក់ គួរឲ្យសរសើរ តែលោកបំភ្លេចគេចោលទៅ ពេលនេះប្រហែលជាគេរៀបការមានកូនបាត់ទៅហើយ លោកអាយុច្រើនណាស់ហើយគួររកសុភមង្គលសម្រាប់ខ្លួនទៅ ។
- អ្នកគ្រូមិនយល់ទេ ពីរថ្ងៃទៀតខ្ញុំត្រូវត្រលប់ទៅបារាំងវិញហើយ ខ្ញុំមកនេះតាមការអញ្ជើញរបស់ប្រធានមន្ទីរពេទ្យនេះតែពីរខែប៉ុណ្ណោះ ។
គាត់ដើរទៅជិតមាត់បង្អួចសម្លឹងចេញទៅក្រៅ រួចនិយាយដោយមិនបែរមករកខ្ញុំ….
- ខ្ញុំនិយាយរឿងនិទានមួយឲ្យលោកស្ដាប់……. កាលពីខ្ញុំនៅជាគិលានុបដ្ឋាយិកានៅទីនេះ កាលពី២០ឆ្នាំមុន មានក្មេងស្រីម្នាក់មានជម្ងឺមហារីកខួរក្បាលដល់ដំណាក់កាលចុងក្រោយដែលត្រូវវះកាត់ ខ្ញុំជាអ្នកថែទាំនាងមុននឹងនាងស្លាប់ នាងគ្មានអ្នកណាទេ នាងជាកូនកំព្រាដែលរស់ក្រោមការឧបត្ថម្ភរបស់អង្គការក្រៅរដ្ឋាភិបាលមួយ គេជាក្មេងស្រីម្នាក់រឹងម៉ាំណាស់ ទោះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតនាងក៏ដោយ ប៉ុន្ដែនាងប្រាប់ខ្ញុំថា នាងមិនចង់ស្លាប់ទេ នាងសុំឲ្យពួកយើងជួយនាងទោះតាមវិធីណាក៏ដោយ ពាក្យអង្វររបស់នាងធ្វើឱ្យគ្រូពេទ្យម្នាក់ៗខ្លោចផ្សាណាស់ ពីព្រោះនាងតែងតែញញឹម និងនិយាយយ៉ាងទន់ភ្លន់មករកពួកយើង ពួកយើងពិតជាចង់ជួយនាងណាស់ ពួកយើងមិនត្រូវការប្រាក់ពីនាងសូម្បីតែមួយកាក់ ។ មុនវះកាត់បីថ្ងៃ នាងត្រូវកោរសក់ចេញទាំងអស់ នាងកាន់តែខ្សោយទៅហើយ ថ្ងៃមួយ នាងបានឲ្យខ្ញុំរុញនាងទៅក្បែររបងមុខមន្ទីរពេទ្យ នាងហាក់ដូចជាសប្បាយចិត្ដនៅពេលបានឃើញបុរសម្នាក់ដែលកំពុងឈររ៉េរ៉ៗ ដូចជាកំពុងរង់ចាំអ្នកណាម្នាក់ នាងសម្លឹងទៅបុរសនោះទាំងទឹកភ្នែកនិងស្នាមញញឹមដ៏កំសត់ នាងប្រាប់ខ្ញុំថា គេជាបុរសម្នាក់ដែលនាងស្រឡាញ់បំផុតក្នុងជីវិត ខ្ញុំសួរនាងថាហេតុអ្វីមិនប្រាប់បុរសនោះពីជម្ងឺរបស់នាង នាងនិយាយថា នាងដឹងថាបុរសនោះមិនស្រឡាញ់នាងទេ ហើយនាងចង់ឲ្យគេស្រឡាញ់នាងជាងអាណិតនាង ប៉ុន្ដែនាងសង្ឃឹមថា គេនឹងមិនស្រឡាញ់នាង បើគេស្រឡាញ់នាង គេអាចនឹងខូចចិត្ដនៅពេលដែលនាងឃ្លាតពីលោកនេះទៅដោយគ្មានថ្ងៃត្រលប់ ។ មុនពេលចូលវះកាត់ នាងអង្គុយលើកៅអីរុញសម្លឹងតាមមាត់បង្អួចសំដៅទៅកន្លែងដែលបុរសនោះធ្លាប់ឈរ នាងផ្ដាំខ្ញុំថាបើថ្ងៃស្អែក នាងមិនមានឱកាសមកសម្លឹងមើលគេទេ ហើយគេនៅតែមកឈរនៅទីនោះទៀត នាងសុំឲ្យខ្ញុំទៅប្រាប់ម្នាក់នោះថា នាងរៀបការទៅនៅប្រទេសក្រៅបាត់ទៅហើយ ។ នាងពិតជាគ្មានសំណាងមែន ពួកគ្រូពេទ្យទាំងអស់ស្ដាយនាងណាស់ ពួកយើងមិនដែលស្រក់ទឹកភ្នែក និងឈឺចាប់ខ្លាំងបែបនេះទេ នៅពេលមានអ្នកជម្ងឺស្លាប់ ជីវិតនាងឯកាណាស់ ហើយក៏ត្រូវស្លាប់ក្នុងភាពឯកា ខ្ញុំស្ដាយស្នាមញញឹមក្មេងស្រីម្នាក់នេះណាស់ តែខ្ញុំមិនបានធ្វើតាមបណ្ដាំចុងក្រោយរបស់នាងទេ បើទោះជាខ្ញុំបានឃើញបុរសម្នាក់រាល់ថ្ងៃក៏ដោយ ខ្ញុំមិនដឹងថាខ្លួនឯងធ្វើខុស ឬត្រូវនោះទេ តែខ្ញុំយល់ថាបើនិយាយតាមការសុំរបស់នាង វាហាក់បីដូចជាអយុត្ដិធម៌ចំពោះទឹកចិត្ដនាងណាស់ ។
- រឿងនិទានរបស់បងចប់ហើយមែនទេ ? (ខ្ញុំនិយាយទៅកាន់អ្នកគ្រូពេទ្យម្នាក់នោះ ទាំងមិនដឹងថា ទឹកភ្នែករបស់ខ្ញុំហូរមកតាំងពីពេលណា)
គាត់ដើរមកជិតខ្ញុំក្នុងខណៈដែលខ្ញុំកំពុងយកដៃខ្ទប់មុខ គាត់ឱនក្បាលដាក់ខ្ញុំរួចនិយាយថា ៖
- ខ្ញុំសុំទោសដែលខ្ញុំមិនបានប្រាប់ការពិតដល់លោកនៅពេលនោះ លោកជាបុរសល្អណាស់ ស្ដាយណាស់ដែលនាងមិនបានដឹងថា នាងសំខាន់សម្រាប់លោកយ៉ាងនេះ ។ ខ្ញុំពិតជាសុំទោសលោក ។
និយាយចប់គាត់ក៏ដើរចេញទៅ ទុកឲ្យខ្ញុំនៅម្នាក់ឯងជាមួយនឹងរឿងនិទានរបស់គាត់ ខ្ញុំដឹងច្បាស់ណាស់ថាគាត់និទានពីរឿងរបស់អ្នកណា ។ គាត់បាននាំខ្ញុំទៅគោរពផ្នូររបស់មនុស្សស្រីដែលនៅក្នុងរឿងនិទានរបស់គាត់ ខ្ញុំបានសម្លឹងផ្នូរនោះយ៉ាងយូរ ។ ពេលត្រលប់ទៅដល់ផ្ទះខ្ញុំបានប្រមូលវត្ថុអនុស្សាវរីយ៍ទាំងអស់ដែលនាងបានជូនមកខ្ញុំ រួមទាំងរូបថតរបស់ពួកយើងទៅដុតចោលទាំងអស់ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថា ខ្ញុំកំពុងធ្វើអ្វី វាគ្មានរបស់អ្វីគួរឲ្យស្ដាយស្រណោះទៀតនោះទេ ព្រោះថារបស់ដែលខ្ញុំខំរង់ចាំ របស់ដែលគួរឲ្យស្ដាយបំផុតក្នុងជីវិតនេះ វាបាត់ទៅហើយ វាគ្មានថ្ងៃនឹងត្រលប់ឡើយ អ្វីដែលជារបស់នាងគួរតែទៅតាមនាង ។
ថ្ងៃមួយនៅចំពោះមុខផ្នូររបស់នាង ខ្ញុំបានគិតដល់រឿងរ៉ាវទាំងឡាយរវាងខ្ញុំ និងនាង ខ្ញុំលើកស្រាមួយដបផឹកដើម្បីអបអរសាទរដែលខ្ញុំឈប់រង់ចាំនាង ។
- នីតា តើនាងចង់ដឹងពីចិត្ដរបស់ខ្ញុំចំពោះនាងទេ ? បន្ដិចទៀតខ្ញុំនឹងទៅជួបនាង នាងឈប់ឯកាហើយ ។
កុំឆ្ងល់អីថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ ចាត់ថាខ្ញុំល្ងង់ ឬក៏ឆ្កួតទៅចុះ ពីព្រោះខ្ញុំឆ្កួតទៅលេងជាមួយនាង ឆ្កួតទៅរង់ចាំនាង ពេលនេះខ្ញុំឆ្កួតជាលើកចុងក្រោយដើម្បីបញ្ចប់ភាពឈឺចាប់ ៕

ក្រសាំងទាប
នៅពេលលោកអ៊ំម្នាក់រៀបរាប់អំពីឈ្មោះអន្លក់មួយប្រភេទដែលដំបូងឡើយគេប្រាប់គាត់ថាជា «ក្រសាំងខ្ពស់» នោះ ធ្វើឲ្យគាត់យល់ខុសអស់រយៈពេលជាច្រើនឆ្នាំមុននឹងដឹងច្បាស់ពិតប្រាកដថាជា «ក្រសាំងទាប» ទេ ធ្វើឲ្យខ្ញុំនឹកគិតក្នុងចិត្តថា អ្វីដែលខ្ញុំបានឮបានដឹងជុំវិញខ្លួនប្រហែលជាមិនជាន់ដានលោកអ៊ំទេមើលទៅ ។ លុះដល់សប្ដាហ៍មុននេះ ខ្ញុំរកឃើញថា ខ្ញុំបានយល់ខុសអំពីឈើពីរប្រភេទគឺ «រកា» និង «ក្រឡាញ់» ។
«រកា» មានឈ្មោះវិទ្យាសាស្ត្រថា Dialium cochinchinense ស្ថិតក្នុងអំបូរ Leguminosae-caesalpinioideae ជាឈ្មោះឈើព្រៃមួយប្រភេទ សន្ដាននឹងគ ដើមមានបន្លាធំៗរង្វើលៗ ផ្លែតូចៗខ្លីៗជាងផ្លែគ មានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់ ។ តាំងពីធំដឹងក្ដីមក នៅពេលឃើញរូបគំនូរនៅតាមវត្ត និងតាមប្រាសាទ ឬស្ដាប់ចម្រៀង ខ្ញុំតែងតែយល់ថា «រកា (ដែក)» គឺគ្រាន់តែជាឧបករណ៍ម្យ៉ាងរាងមូលខ្ពស់មានបន្លា ដែលជាជំនឿក្នុងពុទ្ធសាសនាដើម្បីដាក់ទោសសត្វនរកដែលកាលពីនៅរស់ធ្លាប់បានផិតក្បត់ប្ដីប្រពន្ធតែប៉ុណ្ណោះ គឺមិនដែលគិតថា «រកា» គឺជាប្រភេទឈើម្យ៉ាងនោះឡើយ ។

ដើមរកា

ដើមរកា និងបន្លា

គំនូរវត្តស្ដីពីដើមរកាដែកសម្រាប់ដាក់ទោសសត្វនរកដែលបានផិតក្បត់ប្ដីប្រពន្ធ

ចម្លាក់នៅប្រាសាទអង្គរវត្តស្ដីពីដើមរកាដែកសម្រាប់ដាក់ទោសសត្វនរកដែលបានផិតក្បត់ប្ដីប្រពន្ធ
«ក្រឡាញ់» មានឈ្មោះវិទ្យាសាស្ត្រថា Bombax ceiba ស្ថិតក្នុងអំបូរ Bombacaceae ជាឈើមួយប្រភេទ មានផ្លែបរិភោគបាន ។ តាំងពីតូចរហូតដល់អាយុ១៧ឆ្នាំខ្ញុំមិនដែលបានឃើញ និងបរិភោគផ្លែក្រឡាញ់ម្ដងណាឡើយ គឺគ្រាន់តែបានឮបានដឹងថា មានស្រុកមួយឈ្មោះ «ក្រឡាញ់» ស្ថិតនៅខេត្តសៀមរាប ។ លុះក្រោយមកក៏ពុំដែលបានឃើញដើម និងផ្លែក្រឡាញ់មិនទាន់បកសម្បកឡើយ គឺបានត្រឹមតែឃើញ និងទិញបរិភោគនូវផ្លែក្រឡាញ់ដែលមានដាក់លក់គិតជាកំប៉ុងៗប៉ុណ្ណោះ ។ ផ្លែក្រឡាញ់ប្រភេទនេះមានរសជាតិផ្អែម ធ្វើឲ្យខ្ញុំយល់ថា ក្រឡាញ់មានផ្លែផ្អែមស្រេចពីធម្មជាតិ ។ ប៉ុន្តែ មិនដូចការយល់ស្មានសោះ ផ្លែក្រឡាញ់ពីធម្មជាតិគឺ «មានរសជាតិចត់» ។ ការពិតគ្រាប់ផ្លែក្រឡាញ់ផ្អែមដែលមានដាក់លក់នោះគឺបានឆ្លងកាត់ការឆឹងស្ករជាមុនសូរេចសោះ ។

ដើមក្រឡាញ់

ស្លឹកក្រឡាញ់ និងផ្លែខ្ចី

ផ្លែក្រឡាញ់ទុំ

ផ្លែក្រឡាញ់ទុំ បកសម្បក និងឆឹងស្កររួច
សរុបមក ឆ្លងតាមបទពិសោធន៍នេះ ពាក្យដែលគេនិយាយថា «ចំណេះដឹងឥតព្រំដែន ឬគ្មានទីបញ្ចប់» គឺពិតជាត្រឹមត្រូវឥតខ្ចោះមែន ! ចំណែកខ្ញុំ មានរឿងរ៉ាវសាមញ្ញៗជុំវិញខ្លួនជាច្រើនទៀតដែលត្រូវស្វែងយល់ជាបន្តបន្ទាប់ ហើយប្រហែលជាពេញមួយជីវិតផងក៏សឹងមាន ?
អតីតក្នុងកាលនោះមានមហាឫស្សីមួយអង្គគង់នៅព្រៃភ្នំមួយឈ្មោះវុឌ្ឍីបព៌ត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះជាអង្វែងឆ្នាំមក ។ នៅកន្លែងនោះមានស្រះបួន គឺទិសបូព៌ា១ ទក្សិណ១ បស្ចិម១ និងឧត្ដរ១ ។ ស្រះនោះមានទឹកថ្លា មានដុះឈូកក្រហម ឈូកស និងបុប្ផាផងទាំងពួងជាទីសប្បាយនៃមច្ឆាគ្រប់បែប ឯមាត់ច្រាំងក៏ជ្រាលមុខគួរឱ្យសប្បាយពេកណាស់ ។ ស្រះទាំងបួននៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍ ព្រះឥសីក៏ធ្លាប់តែទៅស្រង់ទឹករាល់ដងផង ។ មានសម័យថ្ងៃមួយ ព្រះឥសីគង់ចម្រើនមេត្ដាភាវនាដោយញាណឈានលោកិយសព្វគ្រប់ទៅឃើញថា ៖ ឱ! មានទេពធីតាមកចាប់កំណើតក្នុងផ្កាឧត្បល (បុទមជាតិ, ព្រលិត, លំចង់) ដែលដុះក្នុងស្រះខាងឧត្ដរបានអាយុ៩ថ្ងៃហើយតើ អាត្មាអញក៏ខានទៅស្រង់ទឹកឯស្រះនោះ៩ថ្ងៃហើយដែរ ។ ព្រះឥសីក៏ដាក់ស្មឹងស្មាធិ៍គិតថាអាត្មាអញគួរទៅយកមកចិញ្ចឹមបីបាច់ថែរក្សាចុះ គិតហើយក៏រៀបអង្គផ្ចង់ដំណើរតម្រង់ទៅទិសឧត្ដរ ដល់ស្រះហើយ ព្រះឥសីឈរសម្លឹងមើលគ្រប់ផ្កាឧត្បលមួយធំខ្ពស់ ឃើញនាងទេពធីតាអង្គុយក្នុងផ្កានោះ ព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមក ហើយនិមន្ដត្រឡប់មកកាន់អាស្រមវិញ ចិញ្ចឹមថែរក្សាជាសុខសប្បាយ ។ លុះដល់នាងធំ ក៏ឱ្យឈ្មោះថា “ឧត្ដរបុប្ផា” លុះបានអាយុ១៥វស្សា លោកតាក៏ភ្នកព្រះទ័យនឹកអាណិតចៅស្រី ព្រោះពេញរូបរាងទៅហើយ នៅកំព្រាឥតគ្នីគ្នានឹងលេងប្រឡែងឯកឯង អផ្សុកវិតក្កចិត្ដ ដូច្នេះគួរតែអញយកបុប្ផាមួយទងមកជប់ឱ្យកើតជាគ្នាគ្រាន់បានជាពីរនាក់ ។ ព្រះឥសីគិតហើយឈ្វេងយល់ថា ឥឡូវបើយកផ្កាដទៃផ្សេងមកជប់ជាមនុស្សទៅឃើញថា ជាជាតិផ្កាដូចគ្នា ដូច្នេះចាំយកជាតិដែលកើតចេញពីនាងផ្ទាល់វិញ ។ ឥសីគិតហើយក៏ហៅនាងឧត្ដរបុប្ផាមកផ្ដាំថា បើកាលណានាងធំពេញរាងហើយមានរដូវ ចូរនាងផ្ដិតសម្លីទុកឱ្យតាៗនឹងជប់ឱ្យបានគ្នាគ្រាន់នឹងលេងពីរនាក់ ។ នាងឧត្ដរបុប្ផាបានឮលោកតាមានពុទ្ធដីកាហើយ ក៏ត្រេកអរពន់ពេក លុះដល់គម្រប់ពេលមានរដូវកាលណាហើយ នាងក៏យកទៅថ្វាយលោកតាតាមបណ្ដាំ ។ លោកតាប្រាប់ទៅនាងថា៖ អើចៅ! ថ្ងៃស្អែកនេះចៅនឹងបានគ្នាជាពីរនាក់គ្រាន់និយាយលេងសោះអផ្សុកហើយ ។ វេលាយប់នោះនាងដេកពុំលក់សោះទន្ទឹងចាំតែព្រឹកឆាប់ នឹងអាលបានគ្នាជាពីរនាក់ ។ លុះព្រឹកឡើង លោកតាក៏បិទទ្វារកុដិ តាំងវាយភ្នែនសង្រួមភាវនាវេទមន្ដជប់បានជាឆ្មាញីមួយសប្បុរបីអំពីលោហិតរដូវដែលនាងផ្ដិតឱ្យទៅនោះ ។ រួចស្រេចហើយ ឥសីហៅនាងឧត្ដរបុប្ផាមក ហើយលើកឆ្មាហុចឱ្យនាង ប្រាប់នាងថា “នេះជាគ្នារបស់នាងហើយ សត្វនេះមានឈ្មោះថា “ឆ្មាម៉ា” ។ សត្វនោះចេះនិយាយគួរសមជាមួយនាង នាងក៏ទទួលយកមកថែរក្សា ដោយសេចក្ដីស្រឡាញ់ពេញចិត្ដ ទុកដូចជាកូន ឬប្អូនឱបដល់ឱរា បីយកទៅក្នុងបន្ទប់ ទៅណាមកណាតែងយកទៅតាមនិយាយគ្នាបីដូចមនុស្សដូច្នេះ ។ លុះដល់អាយុនាងបាន១៧ឆ្នាំ ទើបឥសីដាក់កំណត់ច្បាប់មាត្រាឱ្យនាងកាន់ កុំឱ្យភាន់ច្រឡំ សម្រាប់ជាច្បាប់តទៅកូនចៅស្រីៗឯក្រោយទៀត គឺថាជាតិជាស្រីទាំងអម្បាលម៉ាន មិនត្រូវទាត់សត្វឆ្មានេះនឹងជើង ឬវាយនឹងអម្បោស ឬមួយនឹងត្របុតត្រីអាំង ។ កុំថាតែទាត់ធាក់ សូម្បីតែដើរកន្លងក៏មិនបានដែរ ត្បិតសត្វនេះកើតឡើងដោយលក្ខណ៍ស្រី ។ បើស្រីណាទាត់ធាក់ ឬដើរកន្លងសត្វនេះ ហៅថាស្រីហិនលក្ខណ៍ ហើយបើប្រព្រឹត្ដច្រើនដងទៅហៅថា ស្រីខាតលក្ខណ៍ ។ តមកប្រមាណ១៤ខែ សត្វឆ្មាម៉ាក៏កើតបានកូនឈ្មោលមួយឡើងទៀត ។ គឺថាឆ្មាម៉ាទាំងពីរនេះហើយ ជាកំណើតឆ្មាទាំងអស់ ។
និយាយពីស្ដេចអង្គនាមសោទត្ដ ព្រះរាជបិតាលើករាជសម្បត្ដិឱ្យកូននោះសោយរាជ្យ ពីព្រះជន្មបាន២១ព្រះវស្សា នៅនគរឈ្មោះតក្កសិលា ។ ស្ដេចថ្មីនោះសោយរាជ្យឡើងពុំមានមហេសីទេ ត្រអាលក្រសាលតែនឹងស្រីស្នំបរិពារ ។ លុះអង្វែងទៅ ស្ដេចទ្រង់ផ្ទំវេលាយប់មួយ លោកនឹកភ្នកព្រះទ័យចង់ចេញទៅលេងព្រៃ ។ លុះភ្លឺស្វាងកាលណា ស្ដេចក៏ចេញចុងព្រះរាជរោង ឱ្យនាម៉ឺនមុខមន្ដ្រីគាល់ដូចសព្វដង ។ លុះជួបជុំមន្ដ្រីអស់ហើយ ស្ដេចមានព្រះបន្ទូលប្រាប់ថា “យើងចង់ទៅលេងព្រៃនៅថ្ងៃខានស្អែក ចូររៀបចំពលថ្មើរជើង និងសេះដំរីរៀបចំស្បៀងអាហារក្រយាស្ងោយគ្រាន់គ្រប់គ្នាកុំឱ្យខ្វះ” ។ នាម៉ឺនទទួលព្រះរាជឱង្ការកាលណា ក៏រៀបគ្រប់ប្រដាប់ឥតមានខ្វះ ពលថ្មើរជើង ពលសេះដំរី រួចស្រេចហើយ ក៏ចូលក្រាបបង្គំទូលស្ដេចទ្រង់ជ្រាប ។ លុះដល់កំណត់ថ្ងៃហើយ វេលាព្រឹក ស្ដេចក៏យាងចេញទៅ ដោយមាននាម៉ឺនសេនា ទាហានហែតាម លុះបានបួនថ្ងៃក៏បានទៅដល់ព្រៃហែមវន ស្ដេចក៏មានព្រះឱង្ការឱ្យបោះព្រះពន្លាមួយនៅទីនោះ ។ អស់ទាំងសេនាទាហានក៏ធ្វើជំរំគ្រប់ៗគ្នា តាមមុខរបស់ខ្លួនស្រេចហើយ ស្ដេចមានបន្ទូលបើកអំណាចឱ្យអស់សេនាលេងល្បែង ភ្លេងច្រៀងរាំតាមចិត្ដឱ្យសប្បាយក្នុងព្រៃនោះ ។
នៅពេលយប់នោះ ស្ដេចក៏ចូលផ្ទំក្នុងព្រះពន្លាជ័យ លុះអធ្រាត្រស្ងាត់ឮស្នូរតែមាត់បក្សីគ្រប់ភាសាយំមុខគួរឱ្យស្រងេះស្រងោចលន្លង់លន្លោចក្នុងព្រះទ័យ មមៃនឹកគិតគ្រប់សព្វ លុះភ្លឺស្វាងព្រះសុរិយាកាលណា ស្ដេចក៏មានព្រះរាជឱង្ការបង្គាប់ទៅរាជអាមាត្យឱ្យរៀបទីន័ងអស្សតថ្វាយព្រះអង្គនឹងត្រេចមើលព្រៃកំសាន្ដព្រះទ័យជាមួយនឹងរាជអាមាត្យពីរនាក់និងស្ដេច ។ រួចហើយចេញល្ងាចត្រឡប់មកព្រះពន្លាជ័យវិញ ។ គ្រប់បីថ្ងៃនៅវេលាព្រឹកមួយ ស្ដេចក៏បរទីន័ងទៅដល់ស្រះកំណើតនៃនាងឧត្ដរបុប្ផា ទ្រង់ទតទៅឃើញទឹកដ៏រងថ្លាឃើញបុប្ផា និងមច្ឆាគ្រប់បែប ហែបហែលជ្រួលច្រវាត់មុខគួរឱ្យទ្រង់សព្វព្រះទ័យនឹងចុះស្រង់ ។ ទើបស្ដេចមានបន្ទូលទៅអាមាត្យទាំងពីរថា យើងងូតទឹកស្រះនេះឱ្យត្រជាក់កាយសប្បាយចិត្ដសិន សឹមបន្ដដំណើរទៅ ទើបឈប់លែងពាជីឱ្យស៊ីស្មៅ រួចផ្លាស់ព្រះពស្ដ្រាស្រេច ស្ដេចក៏យាងទតតាមឆ្នេរស្រះទៅឃើញមានផ្លូវទក់ៗ ព្រះអង្គនឹកថា “យី! ព្រៃនេះជាសមសាន្ដឋានស្ងាត់ណាស់ ម្ដេចឡើយក៏មានផ្លូវមនុស្សដើរដូច្នេះ” ។ រួចស្ដេចមានបន្ទូលទៅនឹងរាជអាមាត្យថា នៅចាំយើងទីនេះចុះ យើងដើរទៅមើលត្រង់នោះបន្ដិច ។ ស្ដេចយាងតាមផ្លូវព្រះឥសីនោះទៅៗបន្ដិចបានក្រទ្បេកឃើញអាស្រម ស្ដេចនឹកក្នុងព្រះទ័យថា រោងនេះជារោងអី ? ជាផ្ទះព្រានព្រៃទេឬអ្វី ? ព្រះអង្គចេះតែយាងចូលទៅ ឯព្រះឥសីកំពុងឆាន់ នាងឧត្ដរបុប្ផាកំពុងអង្គុយគាកលោកតា ។ លុះស្ដេចយាងដល់ទទួលនាងនោះក្រឡេកភ្នែកមកឃើញ នាងក៏ស្ទុះចូលទៅក្នុងបន្ទប់ ។ ព្រះឥសីសួរទៅនាងថា ម្ដេចក៏ស្ទុះរត់ចូលក្នុង ។ នាងនិយាយតិចៗទូលឥសីថា “មានមនុស្សពីណាដើរចូលមក” ។ ព្រះឥសីក៏បែរព្រះភក្ដ្រទតយល់ដូចនាងទូលមែន ។ ឯព្រះរាជា លុះយល់ច្បាស់ដូច្នោះហើយ ក៏ចូលមកដល់ទីនេះ ទើបស្ដេចទូលទៅឥសីថា “ខ្ញុំព្រះករុណាមកពីនគរតក្កសិលា” ឥសីឈ្វេងយល់មួយរំពេចថា នេះជាស្ដេច ទើបព្រះអង្គសួរទៅទៀតថា “ស្ដេចចៅមកទីនេះប្រាថ្នាអ្វី?” ។ ព្រះបាទសោទត្ដ ទូលឥសីតាមដំណើរ ឯឥសីឈ្វេងយល់ថា ស្ដេចអង្គនេះត្រូវជាគូរនឹងនាងឧត្ដរបុប្ផា លោកក៏ហៅចៅស្រីឱ្យចេញមកថ្វាយបង្គំព្រះរាជា ។
ហេតុតែនាងជាស្រីមានលក្ខណ៍ ក៏ចេញមកថ្វាយបង្គំព្រះរាជាតាមពុទ្ធដីកា ។ ព្រះអង្គក្រឡេកយល់នាង នាងក៏យល់ព្រះភក្ដ្រព្រះអង្គច្បាស់ ហើយចាប់ចិត្ដទៅវិញទៅមក ទើបព្រះឥសីមានពុទ្ធដីកាថា “ស្ដេចចៅនេះហើយដែលជាគូរនឹងនាងតាំងតែអំពីអតីតជាតិមកម្ល៉េះ” ។ គ្រានោះឥសីសួររកសេនារេហ៍ពល ព្រះបាទសោទត្ដក៏ទូលថាព្រះអង្គយកតែអាមាត្យពីរនាក់មកតាមទេ ឥឡូវឱ្យឈប់ចាំនៅឯមាត់ស្រះខាងទិសឧត្ដរឯណោះ ត្រង់ថាខ្ញុំករុណាត្រូវជាគូរស្រករនឹងនាងនេះ ក៏ស្រេចតែលោកតា បើសព្វព្រះទ័យយ៉ាងណាខ្ញុំព្រះករុណាទទួលធ្វើតាមទាំងអស់ ។ ឥសីបញ្ជាទៅវិញថា “បើដូច្នេះ សូមស្ដេចចៅថយទៅរៀបចំសង់រោងបីល្វែង ហើយរកផ្កាឱ្យបានប្រាំពីរពណ៌ យកមកចងផ្ដុំជាបីបាច់ ទុកឱ្យតាប្រសិទ្ធិពរជ័យឱ្យបានគ្នាជាប្ដីប្រពន្ធសុខសប្បាយតទៅ” ។
ស្ដេចស្ដាប់ព្រះពុទ្ធដីកាហើយ ក៏រួសរាន់ថ្វាយបង្គំលាយាងមកដល់ទីកន្លែងស្រះ ដែលឱ្យអាមាត្យចាំ ហើយបបួលអាមាត្យត្រឡប់ទៅកាន់ពន្លាជ័យវិញ ដល់ហើយបញ្ជានាម៉ឺនសេនាគ្រប់ក្រុមឱ្យរៀបចំសង់រោងបីល្វែងតាមបង្គាប់ ឥសី ។ បានរួចស្រេចក្បួនទ័ពព្រមទាំងភ្លេងតូរ្យតន្ដ្រីពីរោះល្វឹងល្វើយទៅដង្ហែនាងឧត្ដរបុប្ផាពីអាស្រមឥសី និមន្ដទាំងឥសីឡើងគង់ព្រះវរសលៀង ដង្ហែមកកាន់ព្រះពន្លា ។ ដល់ហើយព្រះតាបស តាំងសូត្រទិព្វមន្ដព្រះឥសី ក៏បាចផ្កាប្រាំពីរពណ៌នោះ ថ្វាយពរជ័យដល់គូរស្រករថ្មី ។ បីថ្ងៃតមកទើបព្រះអង្គ និងនាងជាយា ថ្វាយបង្គំលាលោកតា នាងក៏ស្រក់ទឹកភ្នែកនឹកអាល័យលោកតា ព្រោះតាំងពីកើតមកពុំដែលបែកទៅណាសោះ ឥឡូវមិនដឹងជាកាលណានឹងបានមកថ្វាយបង្គំវិញទេ ។
គ្រានោះឥសីបានផ្ដាំនាងថា៖ បើនាងទៅដល់ប្រាសាទហើយ មុននឹងឡើងទៅលើប្រាសាទ នាងត្រូវឱបសត្វឆ្មាម៉ា ហើយដើរព័ទ្ធប្រទក្សិណប្រាសាទបីជុំ រួចសឹមឡើងទៅក្នុងប្រាសាទនោះ ទើបនាងបានសុខ បានសិរីសួស្ដី ។ នាងស្ដាប់សព្វគ្រប់ហើយក៏លាចេញទៅ ។ លុះទៅដល់ព្រះរាជវាំងហើយ មុននឹងចូលក្នុងព្រះរាជដំណាក់ ព្រះនាងបានធ្វើតាមបណ្ដាំឥសីឥតឱ្យឆ្គង ក៏បានប្រកបដោយសេចក្ដីសុខចម្រើនរហូតទៅ ។
ទំនងជាដោយសាររឿងនេះទេដឹង បានជាខ្មែរយើងមានទំនៀមមួយក្នុងពេលធ្វើពិធីឡើងផ្ទះថ្មី គឺគេនិយមឱបឆ្មាមួយ ហើយដើរប្រទក្សិណបីជុំហើយស្រេចទើបគេឡើងនៅ ៕
នេះជារង្វង់មូលត្រាក់ទ័រ ឬរង្វង់មូលអាត្រាក់ ស្ថិតនៅទីរួមស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ពុំមែនថ្ម ពុំមែនស៊ីម៉ង់ត៍ គឺជាត្រាក់ទ័រពិតៗផស់គេមែន !
បទចម្រៀងចាហួយ និងសង់ខ្យា បានបង្ហាញពីការមិនអាចសម្រេចចិត្តដាច់ណាត់ថាតើនឹងត្រូវជ្រើសរើសយក១ណា ។ ឥឡូវយើងពិចារណាអំពីរសជាតិនៃខេត្តបាត់ដំបងដដែល តើអ្នកនឹងជ្រើសភ្លក់១ណា អង្ករ ឬ អ្នកកាន់អង្ករ ?
ក្រឡេកទី១ ទិដ្ឋភាពច្រកព្រំដែននៃក្រុងប៉ោយប៉ែត នាព្រឹកព្រលឹម ម៉ោងប្រមាណ៦
ក្រឡេកទី២ រថយន្តដឹកទំនិញធុនធ្ងន់ ចាប់ផ្ដើមចេញដំណើរ
ក្រឡេកទី៣ មិនមែនរថយន្តដឹកទំនិញធុនធ្ងន់ទេ គឺរថយន្តកូរ៉េ ពន្លូតខ្លួន សណ្ដោងរ៉ឺម៉កធុនធ្ងន់

ហេ៎ ! កំពុងធ្វើអ្វីហ្នឹង ? …………. ហ្ន៎ ! អញ្ចឹងតើបានជាសឹកក្រយៅដៃអស់ ហើយឥដ្ឋការ៉ូនៅក្នុងបន្ទប់ទឹកភ្លាត់រអិលរាល់តែថ្ងៃ !

លោកអ៊ំម្នាក់នេះ ប្រញាប់ប្រញាល់មករកការព្យាបាលពីអ្នកគ្រូពេទ្យទាំងព្រឹកព្រលឹម ដោយសារគាត់គ្រេច “ក” កាលពីម៉ោង៤ឬ៥ទៀបភ្លឺ ។ ប៉ុន្តែ ប្រហែលជាមិនមែន “ក” ដែលភ្ជាប់ពីដងខ្លួនទៅក្បាលទេមើលទៅ !

រឿងខ្មោចព្រាយបិសាច មានទាំងអ្នកជឿ និងមិនជឿ ។ អ្នកមិនជឿគិតថា វាគ្រាន់តែជារឿងកុហក លើកយកមកនិយាយលេងឲ្យសប្បាយដើម្បីឲ្យអ្នកស្ដាប់មានការភ័យខ្លាចតែប៉ុណ្ណោះ ។ បញ្ហាខ្មោចបិសាចនេះ មានការជជែកគ្នាឡើងប៉ោងសរសៃក អស់រាប់រយជំនាន់មកហើយ រវាងអ្នកជឿ និងអ្នកមិនជឿ រវាងអ្នកធ្លាប់ឃើញ និងអ្នកមិនធ្លាប់ឃើញ ។ អ្នកដែលគេជឿថាខ្មោចព្រាយមានពិតនោះ ព្រោះគេធ្លាប់មានបទពិសោធន៍ដោយខ្លួនឯង ។ ចំណែកអ្នកមិនជឿនោះ ព្រោះគេមិនដែលមានឱកាសបានជួប និងបានឃើញ ។ ជាពិសេស អ្នកដែលរស់នៅទីក្រុង ដែលមានភាពរីកចម្រើនស៊ីវីល័យ និងស្ថិតក្នុងបរិយាកាសគគ្រឹកគ្រេងនោះ គេមិនជឿថាខ្មោចមានពិតនោះទេ ។
មិនចំពោះតែជនជាតិខ្មែរប៉ុណ្ណោះទេ ជឿលើរឿងខ្មោចបិសាច អារក្សអ្នកតា សូម្បីតែជនជាតិបរទេស ឬអ្នកវិទ្យាសាស្ត្រ ក៏នៅទទួលស្គាល់ថាមានខ្មោចដែរ ព្រោះធ្លាប់បានឆ្លងកាត់ការពិសោធន៍ និងបានសាកល្បងរួចមកហើយ ។
ណ្ហើយចុះ ! លោកអ្នកជឿ ឬក៏មិនជឿក៏បាន ស្រេចតែនៅលើជំនឿផ្ទាល់ខ្លួនទៅចុះ ។ ពេលនេះខ្ញុំនឹងលើកយករឿងចម្លែកមួយ មកចែកជូនប្រិយមិត្ត ។ រឿងនេះពិតឬមិនពិតនោះ សូមប្រិយមិត្តវិនិច្ឆ័យដោយខ្លួនឯងទៅចុះ !
សំបូរ ជាកំលោះចាស់អាយុ៣០ឆ្នាំគត់ បានបញ្ចប់ការសិក្សាបរិញ្ញាផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញ ឆ្នាំ១៩៦១ ។
ក្រោយពីបានបញ្ចប់ការសិក្សា ក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀនក្នុងស្រុកមួយនាខេត្តបាត់ដំបង ដែលតាមពិតនោះ គេមានស្រុកកំណើតនៅខេត្តកំពង់ធំ ។ គេទៅធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបង ទាំងគ្មានស្គាល់នរណាម្នាក់សោះ ។ គេបានទៅជួលផ្ទះមួយសម្រាប់ការស្នាក់នៅ ។ ផ្ទះមួយខ្នងនេះ ស្ងាត់ល្អណាស់ ជាផ្ទះរបស់ប្រធានភូមិម្នាក់ ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបុរសអ្នកជំនួញម្នាក់ ។ ប៉ុន្តែ ត្រូវខកបំណងទៅវិញ ដោយសារតែកំលោះអ្នកជំនួញនោះ ទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅ ។ ដូច្នេះផ្ទះមួយខ្នងនេះ ត្រូវនៅទំនេរជារហូតមក ។ គាប់ជួននឹងសំបូររកជួលផ្ទះនៅផង លោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុត ។ សំបូរមកនៅផ្ទះថ្មីនេះ ជាផ្ទះទោលមួយខ្នងគត់ ដែលនៅកណ្ដាលចំការចេក ។ មួយរយៈដំបូង ផ្ទះនេះមិនមានបង្ហាញហេតុការណ៍អ្វីខុសប្លែកឡើយ អាចនិយាយបានថា សំបូររស់នៅយ៉ាងមានសេចក្ដីសុខគ្រប់ប្រការ ។
ថ្ងៃមួយ ក្រោយពីងូតទឹកញ៉ាំបាយរួចរាល់អស់ហើយ ម៉ោងប្រហែលជា៧យប់ ។ សំបូរចេញមកអង្គុយយកខ្យល់អាកាសនៅលើរានហាលពីមុខផ្ទះ ដោយបង្ហើរអារម្មណ៍អណ្ដែតអណ្តូងស្ងាត់ៗម្នាក់ឯងនោះ ក្រសែភែ្នករបស់គេក៏ងាកទៅឃើញវត្ថុម្យ៉ាងដោយចៃដន្យ ។ យប់នោះមានខែភ្លឺស្រទន់ អាចល្មមនឹងមើលឃើញវត្ថុជុំវិញខ្លួនបានច្បាស់ ។ សំបូរមានអាការៈភ្ញាក់បន្តិចបន្តួច ព្រោះក្រសែភ្នែកមិនបានកុហកខ្លួនឯងឡើយ ។ ពេលនេះ ស្ត្រីម្នាក់កំពុងតែដើរសំដៅរកគេ ។ គេមានការឆ្ងល់ណាស់ថា «ថ្មើរនេះហើយមានស្ត្រីហ៊ានដើរម្នាក់ឯងទៀត ។»
ទីបំផុតស្ត្រីនោះ ក៏ដើរមកជិតដល់គេ ។ សំបូរក៏ក្រោកឡើងស្វាគមន៍ ក្នុងនាមជាម្ចាស់ផ្ទះ ។ គេគិតថា ប្រហែលជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិ មានធុរៈ:អ្វីម្យ៉ាងហើយ ទើបមកទាំងយប់ដូច្នេះ ។ «សុំទោស ! មានការអី ! អើ…អញ្ជើញ ! អង្គុយសិន !»
នាងបង្ហាញស្នាមញញឹមដាក់គេបណ្ដើរ និងដើររកកន្លែងអង្គុយបណ្ដើរ ។ ពេលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះ គេអាចប្រាប់ខ្លួនឯងបានថា ស្រីម្នាក់នេះស្អាត និងមានមន្តស្នេហ៍ណាស់ ។ ស្អាតទាំងមុខ ទាំងរូបរាង រហូតស្ទើរនឹងរកស្រីណាមកប្រៀបប្រដូចគ្មាន ។ «អ្នកនាងជាអ្នកណាបាទ ?» សំបូរសួរបណ្ដើរ ទម្លាក់គូទអង្គុយ និងសម្លឹងទៅមុខនាងបណ្ដើរ ។
«នាងខ្ញុំជាញាតិមិត្តរបស់លោកប្រធានភូមិចា៎ ! នាងឆ្លើយទាំងបញ្ចេញស្នាមញញឹមគួរឲ្យស្រលាញ់ ។ នាងបញ្ជាក់: លោកគ្រូមានអីប្លែកចិត្តឬ ?»
«ទេបាទ ! អើ…សូមទោសអ្នកនាងឈ្មោះអីដែរ ?»
«នាងខ្ញុំឈ្មោះ នី ចា៎ !»
«ឈ្មោះនី ?»
«ចា៎ ជាញាតិឆ្ងាយៗរបស់លោកប្រធានភូមិ !»
«អ្នកនាង មករកខ្ញុំនៅពេលនេះមានការអីដែរ ?»
នាងបង្ហាញស្នាមញញឹមបណើ្តរឆ្លើយតបបណ្តើរថា «នាងខ្ញុំសុំនៅសម្រាកមួយយប់ជាមួយនឹងលោកគ្រូ ។»
ពាក្យសំណូមពររបស់នាង ធើ្វឲ្យសំបូរត្រូវប្រញាប់បដិសេធភា្លម ។ «អូ ! មិនបានទេ ! អ្នកនាងជាស្ត្រី ហើយខ្ញុំជាបុរស ។ យើងប្រាកដជាដេកមួយគ្នាតែពីរនាក់មិនបានទេ ! ម្យ៉ាងទៀត បើលោកប្រធានភូមិដឹង គាត់ច្បាស់ក្ដៅក្រហាយជាមិនខាន !»
«លោកប្រធានភូមិប្រាកដជាមិនដឹងទេចា៎ ! ទោះជានឹងដឹង ក៏មិនអីដែរ ។ សុំឲ្យនាងខ្ញុំបាននៅសម្រាកជាមួយនឹងលោកមួយយប់ទៅ ?»
សំបូរ គ្រវីក្បាលបដិសេធដូចដើម ។ «ខ្ញុំអនុញ្ញាតមិនបានទេ ។ កុំភ្លេចថា អ្នកនាងជាស្រី ខ្ញុំជាប្រុស ។ ការខូចខាត តែងតែកើតឡើងបាន ប្រសិនបើយើងដេកផ្ទះតែមួយជាមួយគ្នានោះ ។ សុំឲ្យឈប់មានគំនិតដូច្នេះ ហើយត្រលប់ទៅផ្ទះវិញទៅល្អជាង !»
«លោកគ្រូស្អប់ខ្ពើមព្រោះតែនាងខ្ញុំមិនស្អាតឬ ?»
«ទេ !… មិនមែនអញ្ចឹងទេ ! តែជារឿងខូចខាតបាត់បង់ ដែលយើងត្រូវទទួលទាំងពីរនាក់ » សំបូរឆ្លើយដោយស្មោះស និង សរសើរថា «អ្នកនាងពិតជាស្អាតណាស់ ! ប្រសិនបើទៅប្រកួតបវរកញ្ញា ប្រាកដជាជាប់មិនខាន !»
នាងញញឹមម្ដងទៀត «កាលពីឆ្នាំមុន លោកប្រធានភូមិធ្លាប់បញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្ម គឺនាងខ្ញុំបានទទួលតំណែងឈ្នះដាច់គេទៅហើយ !»
«មែនឬបាទ ?»
«ចា៎ ! អនុញ្ញាតឲ្យនាងខ្ញុំដេកនៅទីនេះមួយយប់ផងទៅណា ?»
ចប់សម្ដីរបស់នាងម្ដងនេះ សំបូរមានការភ្ញាក់ផ្អើលបន្តិចបន្តួច ។ ព្រោះពេលនេះ គេឮសូរសម្លេងឆ្កែលូ ។ សំបូរមានចិត្តខ្វល់ខ្វាយជាងធម្មតា ។ «អ្នកនាងត្រលប់ទៅវិញទៅល្អជាង ! ជឿខ្ញុំចុះ !»
នៅពេលសម្ដីបដិសេធចុងក្រោយរបស់សំបូរបញ្ចប់ទៅ នាងក៏ប្រញាប់ចុះទៅវិញភ្លាម ។
«នាងខ្ញុំសុំសរសើរលោកគ្រូថា ជាបុរសដែលមានចិត្តរឹងបំផុត ។ ណ្ហើយចុះ ! បើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយ នាងខ្ញុំសុំលាសិនហើយ !»
និយាយចប់ នាងក៏ឈានជើងដើរចេញទៅបាត់ក្នុងចំណោមដើមចេកដ៏ក្រាស់ឃ្មឹក ។
ព្រឹកស្អែកឡើង សំបូរប្រញាប់ទៅជួបលោកប្រធានភូមិ ដែលជាម្ចាស់ផ្ទះហើយក៏សួរថា«លោកប្រធានភូមិមានកូនក្មួយឈ្មោះនីទេ ? នាងថានាងជាញាតិមិត្តឆ្ងាយៗរបស់លោកប្រធានភូមិ ?»
«ទេ ! ខ្ញុំគ្មានទេ ! ហេតុអីទៅលោកគ្រូ ?»
សំបូរ និយាយហេតុការណ៍ដែលកើតឡើងនោះ ឲ្យលោកប្រធានភូមិស្ដាប់យ៉ាងលម្អិត ។
«នាងថែមទាំងប្រាប់ថា លោកប្រធានភូមិធ្លាប់បានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្ម កាលពីឆ្នាំកន្លងទៅ និងបានតំណែងឈ្នះដាច់នារីដទៃទៀតផង !»
លោកប្រធានភូមិ សើចហ៊ឹសឡើង ។ សំបូរឆ្ងល់ក៏សួរបញ្ជាក់ «បានសេចក្ដីថាយ៉ាងម៉េចលោកប្រធានភូមិ ?»
«ឈប់សិន ! ខ្ញុំត្រូវសួរលោកគ្រូសិន…»
«បាទ !…យ៉ាងម៉េច ?»
«ស្រីដែលមកជួបលោកនោះតែងខ្លួនយ៉ាងម៉េច ?»
«ស្លៀកសំពត់ចងក្បិន និងដណ្ដប់ស្បៃ ពាក់ឆៀង…»
«មានផ្កាព័ណ៌សសៀតនៅលើត្រចៀកទៀតផងមែនទេលោកគ្រូ ?»
«បាទ មែន !»
«គេមកជួបនឹងលោកគ្រូនិយាយថាយ៉ាងម៉េចខ្លះ ?»
«នាងប្រាប់ថា នាងជាញាតិឆ្ងាយៗរបស់លោកប្រធានភូមិ ។ លោកប្រធានភូមិ ធ្លាប់បញ្ជូននាងទៅប្រកួតធីតាកសិកម្ម និងបានទទួលតំណែងឈ្នះដាច់ នាងប្រាប់តែប៉ុណ្ណោះ ខ្លាចមានរឿងមិនល្អ ខ្ញុំក៏សំណូមពរឲ្យនាងទៅវិញ !»
«លោកគ្រូបានមើលទេ ថាតើនាងដើរទៅខាងណា !»
«នាងដើរបាត់ ចូលទៅក្នុងចំការចេកទៅ !»
«លោកប្រធានភូមិងក់ក្បាល ។ កាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទ ចូលទៅប្រកួតក្នុងពិធីប្រចាំឆ្នាំរបស់ខេត្ត និងបានទទួលរង្វាន់ឈ្នះដាច់គេ !»
«ផ្លែឈើអីទៅ លោកប្រធានភូមិ ?»
«ចេកតានី !»
សំបូរព្រឺខ្លួននៅពេលលោកប្រធានភូមិប្រាប់ថា «កំលោះៗដែលមកនៅផ្ទះមួយខ្នងនេះ តែងជួបនឹងស្រីក្រមុំតែងខ្លួនរបៀបបុរាណ ដូចដែលលោកគ្រូប្រាប់មកអញ្ចឹង ។ គេហៅថា ខ្មោចនាងតានីក្រឡាខ្លួនមក ។ លោកគ្រូចាត់ទុកថាជាបុរសចិត្តរឹងគ្រាន់បើ ដែលមិនព្រមឲ្យនាងដេកជាមួយ ។ បើមិនអញ្ចឹងទេ ! លោកគ្រូប្រាកដជាគ្មានឱកាសបានមកនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ទេ !» ៕





Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve