កំសាន្តថ្ងៃនេះ

បងស្រី ! ឱនថែមតិចទៀតមក ប្អូនមើលមិនឃើញទេ !

អឹម ! អូនតូចទ្រាំមិនបានទេម៉ាក់ !

បងស្រី ! ឱនថែមតិចទៀតមក ប្អូនមើលមិនឃើញទេ !

អឹម ! អូនតូចទ្រាំមិនបានទេម៉ាក់ !

ពាក្យមួយឃ្លានេះ "ជាតិណាៗបងក៏ស្រឡាញ់អូនតីដែល" សម្រាប់អ្នកដែលឧស្សាហ៍ធ្វើដំណើរភ្នំពេញ-សៀមរាប តាមរថយន្តក្រុងពិតជាធ្លាប់ឃើញនៅនឹងទីណាមួយ ។ តើអ្នកដឹងទេថា ទីកន្លែងពិតប្រាកដដែលមានពាក្យមួយឃ្លានេះស្ថិតនៅឯណា ?

ខ្ញុំយល់ថា ប្រសិនបើគេអនុវត្តបានប្រកបដោយប្រសិទ្ធិភាពនូវពាក្យមួយឃ្លាខាងលើ "ហាមប្រើប្រាស់គ្រឿងញៀន និង ជួញដូរផ្លូវភេទ" គឺពិតជាការប្រសើរណាស់ ។ ស្លាកសញ្ញានេះខ្ញុំបានប្រទះឃើញនៅក្នុងបន្ទប់ទឹកនៃក្លិបកំសាន្តមួយនៅទីក្រុងបាត់ដំបង ។ តើអ្នកដឹងទេថា ក្លិបនោះឈ្មោះអ្វី ?
“បងចេញទៅក្រៅហើយណា” ប្ដីនិយាយទៅកាន់ប្រពន្ធ “បងនឹងត្រឡប់មកវិញក្នុងរយៈពេល១ ឬ២ ម៉ោងទៀត” ។
គាត់កម្រនឹងចេញពីផ្ទះឲ្យលើសពីពេលវេលាសម្រាប់គាត់ធ្វើដំណើរទៅកាន់ការិយាល័យប្រៃសណីយ ឬហាងលក់ទំនិញណាស់ ប៉ុន្តែចំណាយពេលវេលារបស់គាត់ត្រែតត្រត ធ្វើការងារនេះបន្តិចនោះបន្តិច (ប្រពន្ធគាត់ដាក់ឈ្មោះថា លោកកំណត់វា) និងគូរគំនូរដែលជាមុខរបរប្រចាំថ្ងៃរបស់គាត់ ។
“ទៅចុះបង” ប្រពន្ធរបស់គាត់ឆ្លើយដោយរីករាយ ហាក់ដូចជាស្វាមីកំពុងតែសន្យាជួយធ្វើអ្វីមួយ ។ តាមពិត នាងមិនចង់ឲ្យស្វាមីចេញទៅក្រៅទេ នាងមានអារម្មណ៍ស្រួលចិត្តជាងពេលស្វាមីនៅផ្ទះ ហើយជួយមើលថែទាំកូនៗ ជាពិសេសកូនង៉ាតូច ។
“អូនសប្បាយចិត្តនឹងឲ្យបងចេញទៅក្រៅមែនទេ ?” ប្ដីសួរ ។
“អ៎ហ៎ !” ភរិយាឆ្លើយទៅកាន់ស្វាមីជាមួយនឹងស្នាមញញឹម ដែលរំពេចនោះធ្វើឲ្យនាងមើលទៅស្រស់ស្អាត គួរឲ្យនឹករលឹក ។
នាងជាភរិយាមិនបានសួរនាំស្វាមីអំពីទីកន្លែងដែលគាត់ចេញទៅនោះទេ ។ នាងពុំដែលមានចិត្តតាមដានស្វាមីឡើយ សុខចិត្តនៅស្ងប់ស្ងៀម ទោះបីជាមានចិត្តប្រច័ណ្ឌខ្លះក៏ដោយ ។
នៅខណៈកំពុងពាក់អាវ ស្វាមីក្រឡេកមើលទៅភរិយា ដែលកំពុងស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយកូនស្រីច្បង ។ “រាំរបាំខែនខែន, ម៉ាក់” កូនស្នើសុំម្ដាយ ពេលនោះម្ដាយក៏បានលើកសំពត់ឡើង ហើយរាំរបាំខែនខែន ទាត់ជើងខ្ពស់ឡើងទៅលើតាមទិសដៅតម្រង់ទៅរកស្វាមី ។
គាត់ជាស្វាមីមិនត្រឹមតែចេញទៅក្រៅដើម្បីបើកឡានដើរលេងដូចពាក្យគាត់និយាយប៉ុណ្ណោះទេ គាត់នឹងទៅអាហារដ្ឋាន ទៅជួបនាងសារ៉ា ជាស្ត្រីម្នាក់ដែលប្រពន្ធគាត់ស្គាល់ ប៉ុន្តែមិនមានការសង្ស័យ ហើយបន្ទាប់មក នឹងទៅផ្ទះមួយនៅលើបឹងដែលប្រពន្ធគាត់មិនដែលដឹងទាល់តែសោះ វាជាខ្ទមរដូវក្ដៅមួយដែលគាត់មានកូនសោរ ។
“បងទៅហើយណា !” ប្ដីនិយាយទៅកាន់ប្រពន្ធ ។
“ទៅចុះ” ភរិយាឆ្លើយតបមកវិញ ទាំងនៅកំពុងតែរាំដដែល ។
គាត់ជាស្វាមីគិតថា នេះមិនមែនជាអ្វីដែលស្វាមីរៀបនឹងចាកចេញពីផ្ទះ ដើម្បីទៅជួបស្រីផ្សេងម្នាក់ទៀត ចង់ឃើញប្រពន្ធធ្វើកាយវិការរបៀបអញ្ចឹងទេ ។ គាត់ចង់ឃើញប្រពន្ធកំពុងដេរប៉ាក់ ឬលាងចាន ពុំមែនកំពុងរាំរបាំខែនខែនទេ ។ មែនហើយ ! ធ្វើអ្វីមួយដែលមិនគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញចិត្ត ដូចជាកំពុងប៉ះខោអាវរហែករបស់កូនៗ ។ នាងជាប្រពន្ធគ្មានពាក់ស្រោមជើង គ្មានស្បែកជើង ហើយជើងរបស់នាងសស្គុះ និងទន់រលោង ពោរពេញដោយអាថ៌កំបាំង ហាក់ដូចជាស្វាមីពុំដែលចូលជិត និងប៉ះពាល់វាទាល់តែសោះ ។ ប្រអប់ជើងរបស់នាងយោលឡើងយោលចុះនៅក្នុងលំហរ ហាក់ដូចជាញាក់មុខញាក់មាត់ដាក់ស្វាមី ។ នាងជាប្រពន្ធលើកសំពត់រមូរឡើង យ៉ាងគួរឲ្យជក់ចិត្ត ។ ហេតុអ្វីនាងធ្វើកាយវិការដូចនេះនៅពេលនេះ ? គាត់ជាស្វាមីបង្អែបង្អង់ ។ ភ្នែករបស់នាងជាភរិយាមើលទៅកាន់ជើងរបស់ខ្លួនហើយសើច ។ កូនស្រីក៏សើចជាមួយនាងដែរ ខណៈដែលនាងកំពុងតែរាំ ។ នាងនៅតែរាំនៅឡើយនៅពេលស្វាមីចាកចេញពីផ្ទះទៅ ។
គាត់ជាស្វាមីគិតពីការលំបាកក្នុងការរៀបចំការណាត់ជួប ព្រោះត្រូវធ្វើដំណើរទៅហៅទូរស័ព្ទសាធារណៈទៅកាន់ការិយាល័យរបស់នាងសារ៉ា (ជាស្ត្រីរៀបការរួចហើយម្នាក់ដែរ) នាងមិននៅការិយាល័យទេ គាត់ព្យាយាមទូរស័ព្ទម្ដងទៀត ប្រព័ន្ធជាប់រវល់ កាក់ទូរស័ព្ទក៏ជ្រុះធ្លាក់បាត់ គាត់ត្រូវចេញពីទូរទូរស័ព្ទដើម្បីរកកាក់ នៅចុងបញ្ចប់បានជួបនិយាយជាមួយនាងសារ៉ាៗ ស្នើឲ្យគាត់ទូរស័ព្ទមកម្ដងទៀតនៅសប្ដាហ៍ក្រោយ ទីបំផុតក៏បានកំណត់ថ្ងៃទីណាត់ជួបនេះឡើង ។
កំពុងចាំនាងសារ៉ានៅអាហារដ្ឋាន គាត់ពញ្ញាក់ខ្លួនឯងដោយសង្ឃឹមថានាងនឹងមិនមកទេ ។ ពេលវេលាណាត់ជួបគឺម៉ោង៣:០០ នាទី ។ ឥឡូវនេះលើស ១០ នាទីហើយ ។ ហា៎ ! នាងតែងតែយឺតអញ្ចឹង ។ គាត់មើលនាឡិកា ហើយរកមើលឡានរបស់នាងសារ៉ាតាមបង្អួច ។ មានឡានមួយដូចឡានរបស់នាង ប៉ុន្តែមិនមែនទេ ព្រោះគ្មានធ្នើរដាក់ឥវ៉ាន់ ។ ឡានដែលមានគ្រោងដែកពីលើដំបូលរបស់នាងសារ៉ានោះធ្វើឲ្យគាត់សប្បាយប្លែក ។ ហេតុអ្វីទៅ ? ឥឡូវម៉ោង ៣:១៥ នាទីហើយ ។ ប្រហែលជានាងមិនមកទេ ។ មែនហើយ ! ប្រសិនបើនាងមក គួរតែមកដល់ពេលនេះហើយ ។ ២០ នាទីកន្លងផុតទៅ ។ អា៎ ! ឥឡូវនេះមានសង្ឃឹមខ្លះហើយ ។ សង្ឃឹម ? ហេតុអ្វីក៏គាត់ចម្លែក បែរជាសង្ឃឹមពីអវត្តមានរបស់នាងសារ៉ាទៅវិញ ។ ហេតុអ្វីក៏គាត់ធ្វើការណាត់ជួបនាង ប្រសិនបើគាត់សង្ឃឹមថានាងនឹងមិនមកនោះ ? គាត់មិនដឹងថាមកពីមូលហេតុអ្វីទេ ប៉ុន្តែវានឹងសាមញ្ញៗ ប្រសិនបើនាងមិនមក ។ ដោយសារហេតុនេះ អ្វីដែលគាត់ចង់បានក្នុងពេលនេះគឺជក់បារីមួយដើម ផឹកកាហ្វេមួយពែង ហើយមិនចង់ធ្វើអ្វីទៀតទេ ។ ហើយគាត់ប្រាថ្នាថាបើកឡានដើរលេងដោយមានសតិសម្បជញ្ញៈល្អ គាត់គិតក្នុងចិត្ត ។ ប៉ុន្តែគាត់បែរជានៅចាំបន្តទៀត ហើយនៅម៉ោង ៣:៣០ នាទីនាងសារ៉ាបានមកដល់ ។ “ខ្ញុំស្ទើរតែបោះបង់ក្ដីសង្ឃឹមបាត់ទៅហើយ” គាត់ពោលឡើង ។
ពួកគេបើកឡានទៅកាន់ផ្ទះនៅលើបឹង ។ ខណៈដែលគាត់ឱបនាងសារ៉ានៅក្នុងដៃ គាត់គ្មានអារម្មណ៍នឹងនាងទាល់តែសោះ ។
“តើបងកំពុងគិតអំពីអ្វីហ្នឹង ?” នាងសារ៉ាសួរឡើង បន្ទាប់ពីសង្កេតឃើញសេចក្ដីព្រងើយកន្តើយរបស់គាត់ ។
គាត់ទ្រឹងមួយស្របក់ រួចឆ្លើយថា “តើអូនពិតជាចង់ដឹងថាបងកំពុងគិតពីអ្វីមែនទេ ?”
“មែន” នាងសារ៉ាឆ្លើយដោយអន្ទះសារ ។
គាត់ទប់សំណើច ខណៈដែលអ្វីដែលគាត់នឹងនិយាយប្រាប់នាង គឺមិនសមហេតុផល ឬផ្ដេសផ្ដាស ។ “បងកំពុងតែគិតពីអ្នករាំរបាំខែនខែន” ។
“អូ៎” នាងសារ៉ាពោលឡើងដោយធូរស្បើយ “ដំបូងខ្ញុំបារម្ភថាបងកំពុងតែគិតពីប្រពន្ធរបស់បងទេតើ” ។
និពន្ធដោយលោក Arturo Vivante
សេចក្ដីពន្យល់ៈ ខែនខែន គឺជារបាំមួយរស់រវើក និងច្រឡើសបើស មានដើមកំណើតនៅប្រទេសបារាំង ឬ អាល់ស៊េរី ជាទូទៅសម្ដែងដោយស្ត្រីចំនួន ៤ នាក់ ។ ត្រូវបានគេស្គាល់តាមរយៈការទាត់ឡើងលើខ្ពស់ៗព្រមៗគ្នា បណ្ដាលឲ្យឃើញជើង និងខោទ្រនាប់របស់អ្នករាំ ខែនខែនមានប្រជាប្រិយភាពនៅមហាសាលរបាំក្រុងប៉ារីសនៅទសវត្សឆ្នាំ១៨៣០ ហើយបន្ទាប់មក លេចឡើងទៅជាឈុតឆាកសម្ដែង និងវិចារផ្សេងៗនៅទសវត្សឆ្នាំ១៨៤០ ។

កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៨ នេះ ខ្ញុំបានស្នាក់នៅផ្ទះសំណាក់មួយនៅទីរួមខេត្តបន្ទាយមានជ័យ ប្រយោជន៍ដើម្បីបំពេញបេសកកម្មរយៈពេលមួយថ្ងៃនៅទីនោះ ។ ពេលចូលទៅដល់ក្នុងបន្ទប់ អ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូងគឺគ្រែដែកមួយដែលមានជន្ទល់ទប់ចំនួនបី (ដូចរូប) និងពួករាងទ្រុឌកណ្ដាល ។ ខ្ញុំនឹកក្នុងចិត្តថា តើមានអ្វីកើតឡើងចំពោះគ្រែនេះ ? ហេតុអ្វីចាំបាច់ទល់ ? ខ្លាចបាក់ឬ ? គ្រាន់តែសម្រាប់គេងសោះ ហេតុអ្វីខ្លាចបាក់ ? ហេ! ហេ! ប្រហែលជាខ្លាចមានអ្នកគេងមិនធម្មតាហើយមើលទៅ ?

លោក រ៉យ សាលលីវ៉ែន ប្រជាជនអាមេរិចដែលជាអ្នកថែរក្សាសួនឧទ្យាននៅរដ្ឋវើរជីនៀរ ត្រូវគេចាត់ទុកថា គឺជាអ្នកត្រូវរន្ទះបាញ់ច្រើនដងជាងគេបំផុតលើលោកនេះ ។ គាត់ត្រូវរន្ទះបាញ់ជាលើកដំបូងនៅឆ្នាំ ១៩៤២ ហើយត្រូវលើកទី៧ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៧៧ ។ ពេលត្រូវរន្ទះបាញ់ម្ដងៗ លោក សាលលីវ៉ែន ត្រូវរងរបួសរាល់លើក ។ លើកទី១ គាត់ត្រូវរបួសខូចក្រចកជើង ឆេះរោមចិញ្ចើម ស្មា ខ្លោចលិង្គ សរសៃសក់ឆេះរួញ និងខ្លោចរោលជើង ។ ប៉ុន្តែលោកក៏នៅតែអាចរួចជីវិតរហូតមក ។
រន្ទះបាញ់ក្នុងល្បឿន ១៦០‑១.៦០០ គីឡូម៉ែត្រ ក្នុង ១វិនាទី និងបង្កើតឲ្យមានសីតុណ្ហភាពខ្ពស់ទៅដល់ ៣០.០០០ អង្សាសេ គឺក្ដៅជាងផ្ទៃរបស់ព្រះអាទិត្យ ៦ដង ។ តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើល និងស្ញប់ស្ញែងនោះ គឺមានមនុស្សខ្លះ ថ្វីបើត្រូវវាយប្រហារដោយថាមពលដ៏ខ្លាំងមហាសាលបែបនេះក៏នៅតែមិនស្លាប់ ។
រន្ទះបាញ់គឺជាចំណាំងភ្លើងដែលកើតឡើងដោយភាពខុសគ្នារបស់ថាមពលនៅចន្លោះដុំពពក និងលំហរអាកាស ឬផែនដី វារមែងស្វែងរកផ្លូវដ៏ខ្លីបំផុតឆ្ពោះមករកផែនដី ហើយចៃដន្យផ្លូវនោះអាចរត់ចំគ្នាជាមួយក្បាលមនុស្សដែលកំពុងស្ថិតនៅកណ្ដាលវា ។
ផ្លូវខ្លីបំផុតរបស់រន្ទះបាញ់នេះអាចនឹងរត់ឆ្លងកាត់ស្មាចុះមកតាមរាងកាយផ្នែកខាងណាមួយឆ្លងកាត់ជើងហើយបុកចុះទៅរកផែនដី ។ ការពិតរន្ទះបាញ់ពុំមែនបាញ់ប្រហាររាងកាយមនុស្សដោយផ្ទាល់ទេ គ្រាន់តែវាខ្ចីរាងកាយមនុស្សធ្វើខ្សែភ្លើងចម្លងចរន្តអគ្គីសនីដ៏ច្រើនលើសលប់នេះ និងបង្កឲ្យមនុស្សឈឺចាប់រងរបួសរលាកខ្លោចស្បែក និងធ្វើឲ្យភ័យរហូតដល់គាំងស្មារតីបាន ។ តែក្នុងរយៈពេលខ្លីថាមពលអគ្គីសនីនៃរន្ទះបាញ់ទាំងមូលនេះនឹងរត់ទៅក្នុងផែនដីអស់ ។ ពេលនោះ ប្រសិនបើសំណាងល្អវាមិនអាចរត់ឆ្លងកាត់បេះដូង និងគ្រោងឆ្អឹងខ្នងទេ វាអាចនឹងមិនអាចធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ។ តែបើវារត់ឆ្លងកាត់បេះដូង ជនរងគ្រោះរមែងបាត់បង់ជីវិតជានិច្ចព្រោះថា ថាមពលដ៏មហាសាលនេះ បានកំទេចបេះដូង ឬធ្វើឲ្យបេះដូងគាំងឈប់ដើរ ហើយលទ្ធផលចុងក្រោយគឺស្លាប់ ។
ករណីរបស់ លោក រ៉យ សាលលីវ៉ែន ដែលត្រូវរន្ទះបាញ់ជាច្រើនដងតែលោកនៅតែគង់វង្សជិវិតនោះ គឺមកពីលោកសំណាងល្អត្រូវចរន្តរន្ទះបាញ់មិនរត់ឆ្លងកាត់បេះដូង ឬទ្រនុងឆ្អឹងខ្នងនោះទេ ៕
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៨ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិកនៅកន្លែងធ្វើការរបស់ខ្ញុំ (គំរោងអេកូសន) បានស្រាក់ថវិកាគ្នាដោយសទ្ធាជ្រះថ្លា ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តចេតិយស្ថិតនៅក្នុងស្រុកសៀមរាប ខេត្តសៀមរាប ។

ការិយាល័យគំរោងអេកូសនខេត្តសៀមរាប
ធ្វើដំណើរចាកចេញពីទីរួមខេត្តសៀមរាបតាមផ្លូវជាតិលេខ៦តាមទិសទៅកាន់ព្រះលានយន្តហោះអន្តរជាតិ បត់ឆ្វេងឆ្ពោះទៅខាងត្បូងនៅពេលជិតដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ចូលទៅប្រមាណ៦ ឬ៧ គម យើងបានមកដល់ទីអារាមចេតិយ ដែលត្រូវបានគេកសាងនៅលើទួលប្រាសាទបុរាណមួយដែលត្រូវបានគេកសាងអំពីឥដ្ឋ ។ ព្រះវិហារបច្ចុប្បន្នរបស់វត្តសង់នៅពីខាងត្បូងព្រះវិហារបុរាណបាក់បែកមួយដែលត្រូវបានគេសាងសង់ពីលើគ្រិះប្រាសាទបុរាណ ។ ប្រសិនបើសង្កេតមើលលើរចនាបថនៃការស្ថាបនា ព្រះវិហារបុរាណនេះប្រហែលត្រូវបានគេកសាងឡើងតាំងពីសតវត្សទី១៦ ពីព្រោះមានចេតិយមួយស្ថិតនៅពីក្រោយព្រះវិហារដែលត្រូវបានគេសាងគ្របពីលើប្រាសាទបុរាណ ។

ព្រះវិហារបុរាណទ្រុឌទ្រោម និងចេតិយសង់គ្របពីលើប្រាសាទបុរាណនៅពីក្រោយ

រូបគំនូរនៅលើជញ្ជាំងគ្មានដំបូលនៃព្រះវិហារបុរាណ

ប្រាសាទបុរាណដែលត្រូវគេសង់តេចិយគ្របពីលើ យើងអាចមើលឃើញឥដ្ឋដែលគេយកមកសាងសង់ប្រាសាទដូចគ្នានឹងឥដ្ឋនៅប្រាសាទក្រវ៉ាន់ ឬប្រាសាទសង់ពីឥដ្ឋដទៃទៀតដែរ

ផ្ដែរនៃប្រាសាទបុរាណដែលគេសង់ចេតិយគ្របពីលើ
ខ្ញុំសង្កេតឃើញថា វត្តចេតិយហាក់ដូចជាមានសភាពស្ងប់ស្ងាត់បន្តិច ព្រោះពុំសូវឃើញមានអ្នកពីចម្ងាយមកដាក់បិណ្ឌច្រើនដូចវត្តនៅក្នុងក្រុង ឬវត្ដដទៃទៀតឡើយ គឺភាគច្រើនសុទ្ធតែអ្នកស្រុកចំណុះជើងវត្ត ។
យើងបានធ្វើពិធីបង្សុកូល និងប្រគេនចង្អាន់ដល់ព្រះសង្ឃនៅធម្មសាលាជាប់នឹងផ្ទះបាយរបស់វត្តដែលស្ថិតនៅប៉ែកខាងជើង ។

ពិធីបង្សុកូល និងប្រគេនចង្អាន់ដល់ព្រះសង្ឃ
បន្ទាប់មក យើងក៏បានចូលទៅក្នុងសាលាឆាន់ ដើម្បីសូត្រធម៌ឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង៧សណ្ដាន និងបានរាប់បាត្រនៅទីនោះ ។

សាលាឆាន់វត្តចេតិយមើលពីខាងមុខ

ពុទ្ធសាសនិកទាំងក្មេងទាំងចាស់សូត្រធម៌ឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង៧សណ្ដាន

បាយក្នុងចានដែលនឹងត្រូវដាក់បាត្រឧទ្ទិសបញ្ជូនទៅដល់ញាតិការទាំង៧សណ្ដាន

ចានបាយរបស់ខ្ញុំ

ពុទ្ធសាសនិកទាំងក្មេងទាំងចាស់តម្រៀបគ្នាជាជួរនៅពេលរាប់បាត្រ

បាត្ររបស់ព្រះសង្ឃត្រូវបានគេតម្រៀបនៅលើទូកមួយដើម្បីរាប់បាត្រ

អសនៈបាយសីចំនួន៣ ត្រូវបានរៀបនៅខាងមុខផ្នែកខាងជើងនៃសាលាឆាន់

នៅជ្រុងខាងជើងសាលាឆាន់ក៏មានវង់ភ្លេងពិណពាទ្យមួយវង់ផងដែរ ដែលអ្នកលេងគឺសុទ្ធតែជាយុវជន
សូមថ្លែងអំណរគុណជាពន្លឹកដល់បុគ្គលិកនារីដែលបានចំណាយកម្លាំងកាយ និងពេលវេលាដើម្បីរៀបចំចង្អាន់ និងតិយទានផ្សេងៗសម្រាប់ប្រគេនព្រះសង្ឃឱកាសដ៏ល្អប្រពៃនេះ និងសូមប្រគេនពរ និងជូនមគ្គផលដល់ជនរួមជាតិដែលបានអានអត្ថបទនេះ សូមអនុមោទនា! ៕

រឿងសាមកុកជារឿងរ៉ាវមួយផ្នែកកាលពីក្នុងរវាងខាងចុងសតវត្សរ៍ទីពីរនិងខាងដើមសតវត្សរ៍ទីបីនៃគ្រិស្តសករាជ ។ កាលចាប់ផ្ដើមកើតរឿងឡើង គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ គ្រាន់តែជារឿងនិយាយដំណាលតៗគ្នាមក ។ ដល់សម័យតមកក្រោយទៀត ប្រជាជនជាតិចិននិយមយករឿងសាមកុកនេះទៅតែងលេងល្ខោនដែលយើងហៅថា លេងហ៊ី ទើបនាំឲ្យរឿងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក ។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយ គេបានបោះពុម្ពផ្សាយរឿងសាមកុកនេះជាសៀវភៅឡើង ជាដើមហេតុឲ្យរឿងសាមកុកសាយភាយទូទៅក្នុងប្រទេសចិន រហូតដល់នានាប្រទេសផង ។
បើយើងពិគ្រោះមើលសេចក្ដីផ្ទៃរឿងនៃសាមកុកនេះ នឹងយល់ថា អ្នកនិពន្ធរឿងនេះមានបំណងចង់ចងក្រងផ្ទៃរឿងឲ្យទៅជាតម្រាសម្រាប់សិក្សាខាងផ្លូវនយោបាយស្រុកទេសផង ខាងផ្លូវកិច្ចកលក្នុងសឹកសង្គ្រាមផង ហើយតែងបានល្អហូរហែ គួរឲ្យសរសើរដល់គំនិតនិងសេចក្ដីព្យាយាមរបស់អ្នកនិពន្ធរឿងសាមកុកនេះណាស់ ។ ហេតុនេះហើយបានជារឿងសាមកុកនេះបានផ្សាយចេញក្រៅ មិនត្រឹមតែក្នុងស្រុកចិន រហូតដល់នានាប្រទេសផង ។
ចំពោះប្រទេសសៀម គេបានប្រែរឿងសាមកុកចេញពីភាសាចិនជាលើកដំបូងកាលពី ព.ស ២៣៤៥ ក្នុងសម័យដែលមិនទាន់មានរោងពុម្ពសម្រាប់បោះពុម្ពសៀវភៅផ្សេងៗបាន ហើយគេក៏បានចាត់ការបោះពុម្ពរឿងសាមកុកនេះផ្សាយជាច្រើនលើកដែរ ។ រឿងសាមកុកដែលគេបានចាត់បោះពុម្ពលើកក្រោយបង្អស់ក្នុង ព.ស ២៤៧០ ប្រហែលជាច្បាប់បោះពុម្ពលើក្រោយនេះហើយដែល អ្នកឧកញ៉ាវិបុលរាជសេនា “កន” តំណាងរាស្ត្រ បានប្រែចេញជាខេមរភាសាចប់សព្វគ្រប់ តែគ្មានឱកាសនឹងបោះពុម្ពផ្សាយរឿងនេះតមកជាច្រើនឆ្នាំ ។ ក្រោយបំផុតលោកបានយកសំណៅប្រែរឿងសាមកុកទៅប្រគល់ឲ្យពុទ្ធសាសនបណ្ឌិត្យដើម្បីឲ្យចាត់ការបោះពុម្ពផ្សាយតាមត្រូវការ ។ ពុទ្ធសាសនបណ្ឌិត្យ បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាវិបុលរាជសេនា(កន) ហើយសរសើរសេចក្ដីព្យាយាមដែលបានខំខ្វល់ខ្វាយប្រែរឿងដ៏វែងនេះត្រាតែចប់សព្វគ្រប់ ។
ឯផ្ទៃរឿងសាមកុកនេះ បើសរុបសេចក្ដីឲ្យខ្លីតាមអត្ថាធិប្បាយរបស់ក្រុមព្រះដាំរ៉ុងរាជានុភាព អ្នកប្រាជ្ញប្រវត្តិសាស្ត្រជាតិថៃ ដូចមានសេចក្ដីតទៅនេះ ៖
«រឿងសាមកុកនេះ ចាប់ផ្ដើមមានរឿងកើតឡើងក្នុងរជ្ជកាលព្រះបាទឡេនតេ កាលពី ព.ស ៧១១ (រវាង គ.ស ១៥៨) ដែលជាបឋមហេតុបណ្ដាលឲ្យរាជាណាចក្រចិនបែកខ្ញែកចេញទៅជាបីភាគ ដែលចិនហៅថា “សាមកុក” ។ ព្រះមហាក្សត្រព្រះអង្គនេះ ឥតសមត្ថភាព ទ្រង់ជឿស្ដាប់ពាក្យទូលញុះញង់របស់ពួកខន្ធី (ពួកមនុស្សប្រុសកម្រៀវក្នុងព្រះរាជសំណាក់) ពួកមន្ត្រីតូចធំក្នុងក្រុងក៏គ្មានអ្នកណាមួយខ្លាំងពូកែ ល្មមជាទីគោរពកោតក្រែងរបស់ជនទូទៅ ដរាបដល់ទ្រង់ទីវង្គតទៅ ។ ក្សត្រព្រះអង្គនេះ ទ្រង់មានព្រះរាជបុត្រ២ព្រះអង្គ ព្រះអង្គច្បងព្រះនាម ហង់ជូពៀន ទ្រង់ទទួលគ្រងរាជ្យជាតំណព្រះរាជវង្ស តែព្រះនាង ហូហៅ ជាព្រះវរជននីស្ដីរាជការផែនដីជំនួស ព្រោះព្រះរាជបុត្រនៅកុមារណាស់ ។ ព្រះរាជបុត្រព្រះនាម ហង់ជូហៀប កំព្រាព្រះជននី នាង តាំងថៃហ ជាអយ្យិកាចិញ្ចឹមតាំងពីនៅជាទារក ហើយក៏ខ្វល់ខ្វាយចង់ឲ្យចៅបានរាជសម្បត្តិទើបនាងទាំងពីរទៅជាអរិនឹងគ្នា ។ ក្រោយព្រះបាទ ឡេនតេ ទីវង្គតទៅនោះ ហូជិន ជាបងព្រះនាង ហូហៅ បានធ្វើជាមន្ត្រីធំក្នុងព្រះរាជវាំង ធ្វើកលឧបាយឲ្យគេសម្លាប់នាង ថៃហ ទៅ ហើយគិតកំចាត់ពួកខន្ធីចេញទៀត ប៉ុន្តែព្រះនាង ហូហៅ រារាំងការពារពួកខន្ធី ។ តមក ហូជិន លបមានចុតហ្មាយសម្ងាត់ទៅដល់ តាំងតុះ ចៅហ្វាយស្រុក ឈីឡុង ឲ្យលើកទ័ពទៅបង្ក្រាបពួកខន្ធីៗបានដឹងរឿង ក៏ធ្វើកលល្បួងឲ្យ ហូជិន ចូលទៅក្នុងវាំង ព្រួតដៃគ្នាចាប់ ហូជិន សម្លាប់ទៅ ។ ពួកខាង ហូជិន បានដឹង ខឹងណាស់ក៏នាំគ្នាដុតព្រះរាជវាំង ហើយលើកគ្នាចូលលុកលុយកាប់សម្លាប់ពួកខន្ធីជាចលាចល ។ ក្សត្រគ្រងរាជ្យទ្រង់គេចរត់ទៅស្នាក់នៅទីដទៃ ។ ឯ តាំងតុះ កាលបានឱកាសជាប្រយោជន៍ដល់ខ្លួន ក៏លើកទ័ពចូលក្រុងបង្ក្រាបការចលាចលរាបទាប ហើយទើបដកព្រះមហាក្សត្រ និងព្រះនាង ហូហៅ ជាព្រះវរជននីចេញចាករាជសម្បត្តិ លើក ហង់ជូហៀប ជាព្រះអនុជឡើងគ្រងរាជ្យ ទ្រង់ព្រះនាម ព្រះបាទហៀនតេ តាំងតុះ ក៏តាំងខ្លួនឯងជា “សៀងកុក” (តំណែងអគ្គមហាសេនាបតី) សម្រេចរាជការផែនដី ។ កាល តាំងតុះ បានឡើងជាសៀងកុកហើយ ក៏តាំងប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ពួកមន្ត្រីនៅក្រុង គ្មានអ្នកណាមួយអាចកំចាត់ តាំងតុះ ចេញ ក៏នាំគ្នារត់ចេញទៅនៅខេត្តក្រៅអស់ជាច្រើន ។ ក្នុងចំណោមពួកដែលរត់ទៅនោះ មានមន្ត្រីពូកែម្នាក់ឈ្មោះ ចូឆូ បានបបួលចៅហ្វាយស្រុកជាច្រើនស្រុក លើកទ័ពទៅបង្ក្រាប តាំងតុះ ប៉ុន្តែធ្វើការមិនសម្រេច ព្រោះមិនរួមសាមគ្គីគ្នា ដោយចៅហ្វាយស្រុកអស់នោះគិតតែចង់បានប្រយោជន៍ និងអំណាចតែសព្វៗខ្លួន ម៉្លោះហើយទៅជាទាស់ទែងច្បាំងតែគ្នាឯង ។
តមកមិនយូរប៉ុន្មាន អងអ៊ុន ជាមន្ត្រីធំនៅទីក្រុងក៏គិតធ្វើកលឧបាយកំចាត់ តាំងតុះ ចេញបានសម្រេច ដោយយកស្ត្រីរូបឆោមឆើតធ្វើជានុយ ប៉ុន្តែ អងអ៊ុន មិនអាចចាត់ការស្រុកទេសឲ្យរៀបរយទៅបាន ថែមទាំងក្សត្រទ្រង់រាជ្យក៏ឥតមានសមត្ថភាព ទើបជាហេតុឲ្យពួករបស់ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើការសងសឹកសម្លាប់ អងអ៊ុន ទៅទៀត ហើយបង្ខំឲ្យព្រះបាទហៀនតេ តាំងពួកខ្លួនឲ្យធ្វើជាធំក្នុងទីក្រុង ។ នៅទីបំផុត ពួកនេះគិតកំចាត់ព្រះបាទហៀនតេ ចេញ ទ្រង់គេចរត់ចោលទីក្រុងទៅ ទ្រង់បានសេចក្ដីលំបាកវេទនាជាអនេក ហើយមានព្រះរាជឱង្ការឲ្យហៅ ចូឆូ ចូលមកជួយទំនុកបម្រុងទ្រង់ក្នុងឱកាសនោះ ។ ចូឆូ លើកទ័ពចូលទៅបង្ក្រាបពួកក្បត់បានរាបទាបនៅទីក្រុង ហើយបានទទួលតំណែងជាសៀងកុកសម្រេចរាជការផែនដី តែបណ្ដាខែត្រក្រៅនៅតែបះបោររឹងទទឹងតាំងពីកាល តាំងតុះ លីឈុយ‑គុយគី មកនោះ ។ ឯពួកមន្ត្រីដែលរត់ចោលក្រុងទៅក្នុងសម័យ តាំងតុះ ក៏បានត្រឡប់ចូលមកទីក្រុងវិញ ក្នុងពេលដែល ចូឆូ បានធ្វើសៀងកុក ដោយស្ម័គ្រចិត្តចុះចូលនឹង ចូឆូ ក៏មាន ដែលនៅស្ងៀមៗចាំមើលបំណាំក៏មាន ដែលនៅរឹងទទឹងក៏នៅមាន ។
ឯ ចូឆូ នោះ ជាមនុស្សមានសតិបញ្ញាវាងវៃ ជាមេទ័ពមានសតម្ថភាពជាអ្នកអាចគ្រប់គ្រងបង្គាប់បញ្ជាខែត្រក្រៅនានា អាចធ្វើឲ្យទីក្រុងមានអំណាច មានកម្លាំងកើនចម្រើនឡើងជាងកាលជាន់មុននេះ ។ ប៉ុន្តែ ចូឆូ ច្រើនធ្វើការតាមតែទំនើងចិត្តខ្លួន ពួកនាម៉ឺនដែលមិនមែនជាបក្ខពួក ចូឆូ ច្រើនស្អប់ គិតកំចាត់ចេញ តែគ្មានអ្នកណាហ៊ានកំចាត់ចេញទេ ព្រោះពួកនៅក្រុងស្រឡាញ់ ចូឆូ ដោយភាគច្រើន ។ ចូឆូ ប្រើអំណាចមុខក្រសួងជ្រុលហួសពេក ជាហេតុឲ្យព្រះបាទហៀនតេ ទ្រង់ក្រំព្រះទ័យយ៉ាងខ្លាំង ដល់ទៅទ្រង់យកព្រះលោហិតសរសេរព្រះឱង្ការសម្ងាត់ ហៅរកអ្នកស្វាមីភ័ក្ដិឲ្យគិតកំចាត់ ចូឆូ ចេញ ។ ដំណឹងនេះផ្សាយដល់ខែត្រក្រៅ បណ្ដាពួកចៅហ្វាយស្រុកដែលមានកម្លាំង មិនមែនជាបក្ខពួកខាង ចូឆូ ក៏យល់ថា ចូឆូ ជាសត្រូវនឹងផែនដីដូចជា តាំងតុះ ដែរ ទើបនាំគ្នារឹងទទឹងឡើង ។ ឯ ចូឆូ ដែលប្រកាន់សក្តិខ្លួនជាសៀងកុក ក៏យល់ថាត្រូវតែបង្ក្រាបខែត្រក្រៅដែលរឹងទទឹងជាសត្រូវនឹងផែនដី ទើបជាហេតុឲ្យកើតជាចម្បាំងឡើង ដោយទាំងសងខាងអាងថាច្បាំងបង្ក្រាបពួកក្បាត់ផែនដី ។ ផលនៃការច្បាំងគ្នាជាយូរអង្វែងនោះ ប៉ែកខាងកងទ័ព ចូឆូ ច្បាំងបង្ក្រាបខែត្រក្រៅបានជាចំនួនច្រើន បង្កា្របមិនបានតែបណ្ដាខែត្រដែលនៅក្រោមឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ ។
ស៊ុនគួន ជាម្ចាស់ស្រុកកន្តាំង ជាខែត្រធំៗតាំងនៅទិសខាងកើត ជាអ្នកគ្រប់គ្រងស្រុកទេសបានល្អតាំងនៅក្នុងសីលធម៌ មានមនុស្សនិយមរាប់អានច្រើន ត្រាតែមានកម្លាំងខ្លាំងពូកែឡើងច្រើន ។ ឯ ឡៅពី នោះ ដំបូងជាមនុស្សអនាថា តែមានត្រកូលខ្ពស់ជាប់សែស្រឡាយក្នុងរាជវង្សហ័ន ជាអ្នកមានអធ្យាស្រ័យល្អ ហើយគាប់ចួនបានមនុស្សពូកែមានថ្វីដៃមកចូលធ្វើជានាយទាហានច្រើននាក់ ទើបមានកេរ្តិ៍ឈ្មោះល្បីឡើង តមកបាន ខុងមេង ជាទីប្រឹក្សាខាងសឹកសង្គ្រាម បានណែនាំឲ្យចងមិត្រនឹង ស៊ុនគួន ព្រួតដៃគ្នាតស៊ូនឹង ចូឆូ ទើបរក្សាខ្លួនបានសុខ ហើយគាប់ចួនបានខែត្រ សេឆួន តាំងនៅទិសខាងលិចជាបង្អែក ទើបតាំងឡាក់ឋានបានមាំមួន ។ ឯព្រះបាទហៀនតេ ជាព្រះមហាក្សត្រប្រទេសចិន តែព្រះនាមដូចរួបអ្នកតា តែពង្សាវតារចិននៅរាប់ថាជាព្រះមហក្សត្រប្រទេសចិនទាំងមូល ។
លុះ ចូឆូ អនិច្ចកម្មទៅ ចូភី ជាកូនចូឆូបានទទួលតំណែងសៀងកុកជាតំណតមកជំនួសបិតា រួចបានដកព្រះបាទហៀនតេ ចេញពីរាជសម្បត្តិ ហើយប្រកាសតាំងខ្លួនឯងឡើងជាព្រះមហាក្សត្រប្រទេសចិន ផ្លាស់រាជវង្សថ្មីហៅថា រាជរង្សវុយ កាលពី ព.ស ៧៦៣ ។ ប៉ែកខាង ឡៅពី ក៏បានតាំងខ្លួនជាក្សត្រឡើងដែរ ចាត់តាំងរាជវង្សហ័ន ឡើងថ្មីទៀតនៅខែត្រដែនសេឆួន ។ ខាងស៊ុនគួន មិនចង់នៅចំណុះ ចូភី ឬ ឡៅពី ក៏តាំងជាឯករាជ្យឡើងនៅខែត្រដែនកន្តាំង ។ តាំងអំពីកាលណោះមក ប្រទេសចិនទាំងមូលក៏បែកខ្ញែកចេញជាសាមកុក គឺបែកចេញជាបីអាណាចក្រសឹងមានឥស្សរៈដាច់ដោយឡែកពីគ្នា ។ អាណាខែត្ររបស់ព្រះបាទចូភី ហៅថា វុយកុក ។ អាណាខែត្ររបស់ឡៅពីហៅថា ចុកកុក ។ អាណាខែត្ររបស់ព្រះបាទស៊ុនគួន ហៅថា ង៉កុក ។ អំណឹះកាលតមក កាលអស់បុណ្យព្រះបាទឡៅពី ចូភី ស៊ុនគួន ហើយ អ្នកគ្រប់គ្រងប្រទេសជាតំណតមក ជាអ្នកឥតសមត្ថភាពទាំងបីកុក ទើប ស៊ុម៉ាចៀវ ដែលជាអ្នកសម្រេចរាជការផែនដីខាងវុយកុក បង្ក្រាបចុកកុកបានមុន រួចតមក ស៊ុម៉ាអៀន បុត្រស៊ុម៉ាចៀវដណ្ដើមរាជសម្បត្តិវុយកុកបាន ផ្លាស់រាជវង្សថ្មីហៅថារាជវង្សជិន ហើយបង្ក្រាបង៉កុកបានមួយកុកទៀត ។ ទើបមហាអាណាចក្រចិនត្រឡប់ចូលរួបរួមគ្នាមូលតែមួយបានឡើងវិញ ចប់រឿងសាមកុកដោយសង្ខេបខ្លីត្រឹមប៉ុណ្ណោះ» ។
(សង្ខេបរយៈសម័យក្នុងរឿងសាមកុកនេះ គឺសម័យរាជវង្សហ័នរៀវរោយ ក្នុងរជ្ជកាលព្រះបាទឡេនតេ ២១ឆ្នាំ ក្នុងសម័យតាំងតុះ ក្នុងរជ្ជកាលព្រះបាទហៀនតេ ៣០ឆ្នាំ សម័យសាមកុក ៦០ឆ្នាំ ប្រមូលសម័យកាលក្នុងរឿងសាមកុកនេះជារយៈ ១១១ឆ្នាំ) ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៨ វេលាម៉ោងប្រមាណ ២:៤៥នាទីរសៀល ផ្លយជិះម៉ូតូម៉ាកគុបពណ៌សំបកឪឡឹក ពាក់មួកឃ្លុបត្រឹមត្រូវ តាមផ្លូវម៉ៅសេទុង តាមទិសដៅពីផ្សារដើមគទៅសន្ធរម៉ុក ។ មកដល់ភ្លើងស្តុបទេពផន ស្រាប់តែ………….
ប៉ូលីសៈ ឈប់!!!!! ឡើងទៅលើចិញ្ចើមផ្លូវ!!!
ពេលនោះ មានប៉ូលីសនៅចាំកាក់លើក្បែរស្តុប២នាក់ និងនៅចាំលើចិញ្ចើមផ្លូវ២នាក់ ក្នុងនោះមានម្នាក់កំពុងតែសរសេរវិក័យប័ត្រឲ្យក្មេងជំទង់ៗ២នាក់ ដែលបានកាក់មុនផ្លយរួចទៅហើយ ដោយមិនដឹងថាផាកពីរឿងអីទេ។
ផ្លយៈ !!??????
ប៉ូលីសៈ ម៉ូតូអត់កញ្ចក់ផាក ៤០០០រៀល
ផ្លយៈ (មិនដឹងនិយាយថាម្ដេច ក៏ដកលុយពីហោប៉ៅ) នេះក្រដាស ៥០០០រៀល បាទ
ប៉ូលីសៈ ហ្នេះ! ហាប់ ១០០០រៀល
ផ្លយៈ សុំវិក័យប័ត្រមួយមកលោកប៉ូលីស
ប៉ូលីសៈ បើសុំវិក័យប័ត្រ សុំមើលកាតគ្រី និងអត្តសញ្ញាណប័ណ្ណ!!!
ផ្លយៈ (ចុ៎ម! ខ្ចីម៉ូតូប្អូនថ្លៃមកមួយភ្លេត បានកាតគ្រីមកពីណា?) ខ្ញុំអត់យកវិក័យប័ត្រទេលោកប៉ូលីស!
ប៉ូលីសៈ អើល្អ! ទៅចុះ!!!
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០៨ ខ្ញុំបានធ្វើដំណើរត្រឡប់ពីខេត្តបាត់ដំបងមកខេត្តសៀមរាបដោយចេញដំណើរពីម៉ោង៣:០០រសៀល និងមកដល់នៅម៉ោង១០:៣០នាទីយប់ ។ តាមធម្មតាការធ្វើដំណើរពីបាត់ដំបងទៅសៀមរាបចំណាយពេលតែ៣ម៉ោងប៉ុណ្ណោះ តែថ្ងៃនោះខ្ញុំចំណាយពេលរហូតដល់៧ម៉ោងកន្លះ នេះបណ្ដាលមកពីកំណាត់ផ្លូវពីបន្ទាយមានជ័យទៅសៀមរាបកំពុងតែស្ថាបនាឡើងវិញ ដែលនៅតំបន់ខ្លះកំពុងក្រាលដីស្រែ ឬដីមានល្បាយឥដ្ឋច្រើនធ្វើឲ្យរអិលនៅពេលមានភ្លៀងធ្លាក់ ។ កំណាត់ផ្លូវស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់បង្កការលំបាកច្រើនដល់អ្នកធ្វើដំណើរ ជាពិសេសដោយឡែកគឺតាមម៉ូតូ សូម្បីដើរដឹកក៏រអិលដួលដែរ ។ នៅថ្ងៃនោះខ្ញុំជាប់គាំងអស់រយៈពេល៣ម៉ោងដោយសាររថយន្តដឹកទំនិញធំៗឈប់ទ្រឹងនៅមួយកន្លែងដោយរអិលពេកមិនអាចបន្តទៅមុខបាន ឬទៅមុខសន្សឹមៗ និងកកស្ទះនៅត្រង់ចំណុចស្ថាបនាលូរំដោះទឹក និងស្ពាន ។ ដើម្បីបន្តដំណើរទៅមុខបាន រថយន្តដែលគ្មានលេខកាពីតាស់ត្រូវតែមានការជួយទប់ ឬរុញពីមនុស្សចំនួនពី២ទៅ៦ ឬ១០នាក់ ។ អ្នកដំណើរដែលមិនអាចទ្រាំអង្គុយចាំនៅក្នុងរថយន្តក្នុងរយៈពេលយូរ និងអ្នកចុះជួយរុញត្រូវដើរកាត់ភក់បែកវល់ ទប់ខ្លួនមិននឹង ជួនកាលក៏រអិលដួល ហើយប្រឡាក់ភក់ស្រមូមស្រមាមគួរឲ្យចាប់អារម្មណ៍ ។
នៅក្នុងរថយន្តឈ្នួលធុនតូច (កាមរី) ចំនួន៤គ្រឿងដែលធ្វើដំណើរប្រកៀកប្រកិតគ្នាជាមួយនឹងរថយន្តរបស់ខ្ញុំផ្ទុកទៅដោយអ្នកទេសចរណ៍ជនជាតិអាហ្សង់ទីនទៅទស្សនាខេត្តសៀមរាបដោយចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ។ អ្នកទេសចរណ៍អាហ្សង់ទីនទាំងនោះមានវ័យចន្លោះពី២០ទៅ៣០ឆ្នាំ ។ ពួកគេចាប់អារម្មណ៍នឹងស្ថានភាពផ្លូវ និងការកកស្ទះជាខ្លាំង ។ ពួកគេបានសម្តែងអារម្មណ៍ចម្លែក រីករាយ និងធុញធប់ឡាយឡំគ្នា ពីព្រោះកំឡុងពេលកកស្ទះនោះគឺក្នុងចន្លោះពីម៉ោង៦:០០ល្ងាចទៅម៉ោង៩:០០យប់ជាពេលដែលត្រូវទទួលទានអាហារពេលល្ងាច ។ ខ្ញុំនិងតៃកុងឡានរបស់ខ្ញុំសំណាងដែរដែលបានសល់ក្រូចពីរបីផ្លែពីបាត់ដំបង និងបានតៃកុងឡានតាក់ស៊ីនៅខាងមុខរថយន្តរបស់ខ្ញុំចែករំលែកសាវម៉ៅបួនដប់ផ្លែដែលបងស្រីជិះឡានរបស់គាត់ទិញមកពីបន្ទាយមានជ័យ ។
ក្រុមអ្នកទេសចរណ៍អាហ្សង់ទីនបានសួរខ្ញុំថា ស្ថានភាពផ្លូវជាតិលេខ៦នេះតែងតែកកស្ទះរាល់តែថ្ងៃឬ ? ខ្ញុំបានជម្រាបជូនភ្ញៀវថា ពីមុនមកផ្លូវនេះក្រាលគ្រួសក្រហមកម្រនឹងកកស្ទះដូចនេះណាស់ ។ ការកកស្ទះថ្ងៃនេះគឺដោយសារផ្លូវនេះកំពុងតែសាង់សង់ថ្មី និងពេលនេះជារដូវភ្លៀង ដែលមានកំណាត់ផ្លូវខ្លះរអិលពិបាកធ្វើដំណើរ ។ ខ្ញុំជឿជាក់ថាបើអ្នកមកទស្សនាកម្ពុជាម្ដងទៀតឆ្នាំក្រោយ អ្នកនឹងធ្វើដំណើរយ៉ាងស្រួលនៅលើផ្លូវកៅស៊ូ ។
ការរៀបរាប់មកខាងលើនេះ ជាដំណើរផ្សងព្រេងមួយគួរឲ្យចាប់អារម្មណ៍ព្រោះវាធ្វើឲ្យអ្នកដំណើរភ័យ ភ័យខ្លាចរថយន្តរអិលធ្លាក់ចុះពីលើផ្លូវ ព្រួយ ព្រួយខ្លាចដេកសម្រាកនៅកណ្តាលផ្លូវឆ្ងាយពីភូមិករ ដាច់បាយក្រហាយទឹក សប្បាយនិងអស់សំណើចនៅពេលឃើញទាំងមនុស្ស ទាំងរថយន្តប្រឡាក់សុទ្ធតែភក់ មានរថយន្តខ្លះរអិលទទឹងផ្លូវ ខ្លះទួងកង់ទៅមុខក៏មិនរួចទៅក្រោយក៏មិនរួច ដោយឡានធំឬដឹកធ្ងន់កម្លាំងមនុស្សមិនអាចជួយរុញបាន អ្នកបណ្ដើរម៉ូតូរអិលដួលព្រីសព្រូស ហួសនិស្ស័យនឹងគ្រប់គ្រងស្ថានការណ៍មើលមុខគ្នាសើច…………………។
ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ប្រសិនបើគេយករឿងស្ថានភាពផ្លូវរអិលខាងលើនេះទៅដំណាលប្រាប់ក្មេងៗជំនាន់ក្រោយ ពួកគេនឹងមិនជឿ ហើយចាត់ទុកគ្រាន់តែជារឿងនិទានឲ្យពិរោះស្ដាប់ប៉ុណ្ណោះមើលទៅ ?????
ស្ថានភាពផ្លូវរអិលក្រោយពេលភ្លៀងធ្លាក់
ស្ថានភាពកកស្ទះរបស់រថយន្តតូចធំនៅលើទ្រូងផ្លូវ
ការធ្វើដំណើរតាមម៉ូតូគឺពិបាកណាស់នៅលើផ្លូវរអិលដូចនេះ
តៃកុងឡានម្នាក់នេះកំពុងតែឈរពិចារណាតើអាចទៅរួចទេ?
អ្នកទេសចរណ៍អាហ្សង់ទីនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពកកស្ទះ
——————————————————-

កំណាត់ផ្លូវជាតិលេខ៦ ត្រង់មុខវត្តរហាល មើលពីកើតទៅលិច

កំណាត់ផ្លូវជាតិលេខ៦ ត្រង់មុខវត្តរហាល មើលពីលិចទៅកើត

ខ្លោងទ្វារចូលវត្តរហាល ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
មិនមានការចុះផ្សាយនៅលើទំព័រកាសែតជាផ្លូវការអំពីវត្តមាននាយករដ្ឋមន្ត្រីសៀមនៅស្រុកខ្មែរពេលត្រឡប់ទៅវិញអស់អំណាចនោះទេ ប៉ុន្តែកំណត់ត្រាជាឯកជនរបស់អ្នកកាសែតសៀមម្នាក់បានមើលឃើញថា នាយករដ្ឋមន្ត្រីសៀមមកស្រុកខ្មែរពេលត្រឡប់ទៅវិញត្រូវអស់អំណាច ។ រឿងនេះត្រូវគេមើលឃើញថា បារមីម្ចាស់ទឹកម្ចាស់ដី ឬក៏អង្គរវត្តរបស់ខ្មែរ មានតេជៈមហិទ្ធិឫទិ្ធដែលធ្វើឲ្យមេដឹកនាំសៀមត្រូវអស់បុណ្យនោះ ។
កំណត់ត្រាក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមេដឹកនាំសៀមមកស្រុកខ្មែរក្នុងបំណងល្អ មិនមានបញ្ហាទេ តែបើមកក្នុងបំណងអាក្រក់ ត្រឡប់ទៅវិញត្រូវតែអស់បុណ្យតែម្ដង ។ តាមការកត់សម្គាល់នាយករដ្ឋមន្ត្រីសៀមដែលមកស្រុកខ្មែរអស់បុណ្យមាន០៦នាក់ហើយ ដូចជាៈ
ទី១‑ សុចិន្ដា ក្រាប្រាយុង ដែលមកស្រុកខ្មែរកាលសម័យអ៊ុនតាក់ក្នុងដើមទស្សវត្សរ៍ឆ្នាំ៩០នោះ ។ ឧត្ដមសេនីយ៍សុចិន្ដា ក្រាប្រាយុង ដឹកនាំរដ្ឋាភិបាលយោធា ដែលចូលមកស្រុកខ្មែរប្រគល់ជនភៀសខ្លួននៅតាមព្រំដែនសៀមឲ្យក្រុមប្រឹក្សាជាតិជាន់ខ្ពស់ឲ្យអ៊ុនតាក់ ដែលកាលនោះព្រះមហាក្សត្រខ្មែរសម្ដេចព្រះនរោត្ដម សីហនុ គង់ជាព្រះប្រធានឧត្ដមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។ វត្តមានសុចិន្ដា ក្រាប្រាយុង មកស្រុកខ្មែរត្រូវបានអ្នកការទូតរិះគន់ជាខ្លាំងព្រោះតែអត្តចរិតច្រឡោងខាមមើលងាយខ្មែរ ។ ហេតុនេះបានជាគ្រាន់តែសុចិន្ដា ក្រាប្រាយុង ត្រឡប់ទៅវិញក៏មានការបង្ហូរឈាមនៅប្រទេសសៀម មនុស្សរាប់រយនាក់ស្លាប់ សុចិន្ដា ក្រាប្រាយុង ក៏ត្រូវបានគេនិរទេសចេញពីប្រទេសសៀមភ្លាម ។
ទី២‑ នាយករដ្ឋមន្ត្រីសៀម ឆាតឆៃ ឈុនហាវ៉ាន់ មកស្រុកខ្មែរទៅវិញក៏អស់អំណាច ។ ឆាតឆែ ឈុនហាវ៉ាន់ សម្ព័ន្ធមិត្តជាមួយនាយករដ្ឋមន្ត្រីហ៊ុន សែន តាំងពីសម័យកុម្មុយនីសម៉្លេះ ដែលមេដឹកនាំទាំងពីរនេះបានសន្យាថា ធ្វើព្រំដែនសង្គ្រាមឲ្យទៅជាសន្តិភាព ប៉ុន្តែមិនទាន់បានធ្វើផង ឆាតឆៃ ឈុនហាវ៉ាន់ ក៏អស់អំណាច និងទទួលមរណភាពទៅ ។
ទី៣‑ នាយករដ្ឋមន្ត្រីសៀមស៊ីលប៉ាអាចារ មកស្រុកខ្មែរទៅវិញក៏អស់អំណាច ដែលស៊ីលប៉ាអាចារនេះជានាយករដ្ឋមន្ត្រីកាន់អំណាចខ្លីជាងគេបំផុតនៅប្រទេសសៀម ។ តាមរបាយការណ៍ព័ត៌មានខ្លះបានអះអាងថា ទាំងពាណិជ្ជការបរទេស និងពាណិជ្ជករក្នុងស្រុកនៅប្រទេសសៀម គ្មាននរណាម្នាក់ពេញចិត្តស៊ីប៉ាអាចារឡើយ ។
ទី៤‑ នាយករដ្ឋមន្ត្រីឈួន លឹកផៃ ដែលជាឥស្សរជនល្អបំផុតនៅប្រទេសសៀមនោះ ។ ឈួន លឹកផៃ នៅប្រទេសសៀមជាមនុស្សកសាងកេរ្តិ៍ឈ្មោះល្អ មិនពុករលួយ ។ ប៉ុន្តែនៅពេលដែលគាត់មកស្រុកខ្មែរ ពេលទៅវិញអស់អំណាចដោយសារតែគាត់បានបំពានលើខ្មែរនូវកិច្ចព្រមព្រៀងមួយចំនួន ពិសេសព្រំដែនសមុទ្រដែលគាត់បានធ្វើជាមួយយួននោះ ។
ទី៥‑ ឆាវលីត យុងឆៃយុទ្ធ ដែលជានាយករដ្ឋមន្ត្រីដ៏អាក្រក់បំផុត ឬដើមហេតុដែលនាំឲ្យប្រទេសខ្មែរមានបញ្ហា ។ ឆាវលីត យុងឆៃយុទ្ធចេះនិយាយភាសាខ្មែរបន្តិចបន្តួច ពេលធ្វើយុទ្ធនាការសម្លេងឆ្នោតនៅតំបន់អតីតតំបន់ខ្មែររស់នៅ ដូចជាខេត្តសុរិន្ទ ស៊ីសាកេត ជាដើម គាត់បានប្រាប់ពលរដ្ឋខ្មែរនៅសុរិន្ទថា គាត់ជាខ្មែរ ដូច្នេះនៅពេលបោះឆ្នោតម្ដងៗនៅតំបន់ខ្មែរ ឆាវលីតទទួលបានសម្លេងឆ្នោតច្រើនជាងគេ ។ ប៉ុន្តែនៅពេលដែលគាត់បំពានទៅលើខ្មែរខ្លាំងនោះ ពេលមកស្រុកខ្មែរ ត្រឡប់ទៅវិញក៏អំណាច ដោយសារតែកម្លាំងប្រជាជនបណ្ដេញឲ្យចេញនោះ ។
ទី៦‑ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីសៀមដែលមានលុយច្រើនជាងគេ ក្នុងកេរ្តិ៍ឈ្មោះមិនសូវល្អ ពិសេសរឿងអាស្រូវពុករលួយ ។ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចុះហត្ថលេខារកស៊ីប្រេងជាមួយប្រទេសកម្ពុជា ដែលទទួលបានផលឯកជនច្រើនបង្គួរដែរ ប៉ុន្តែពេលត្រឡប់ទៅវិញត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច ។
ចំណែកសូរ៉ាយុទ្ធ ជូឡានន្ន នាយករដ្ឋមន្ត្រីសៀមបណ្ដោះអាសន្ន គឺជាមេទ័ពដែលក្ដាប់អំណាចក្នុងរដ្ឋាភិបាល ។ សូរ៉ាយុទ្ធ ជូឡានន្ននៅក្នុងរដ្ឋាភិបាលបណ្ដោះអាសន្នមែន តែគណបក្សគាត់ក៏ចូលរួមបោះឆ្នោតដែរ ប៉ុន្តែដោយសារតែរដ្ឋភិបាលគាត់អាក្រក់ជាមួយខ្មែរនោះ ទើបគាត់មិនអាចជាប់ឆ្លោតធ្វើនាយករដ្ឋមន្ត្រី ។
ឥឡូវនេះនៅពេលដែលសាម៉ាក ស៊ុនដារ៉ាវិច បានឡើងធ្វើជានាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោតនៅប្រទេសសៀម គាត់គឺមនុស្សរបស់ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ នៅពេលដែលសាម៉ាក ស៊ុនដារ៉ាវិច បានធ្វើជានាយករដ្ឋមន្ត្រីសៀមភ្លាម ក៏បានមកស្រុកខ្មែរមុនគេ ដើម្បីមកធ្វើការឲ្យថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងតែជាប់ចោទ ។ ឥឡូវនេះនៅប្រទេសសៀម គេរងចាំមើលវាសនាលោកសាម៉ាក ស៊ុនដារ៉ាវិច ប្រសិនបើគាត់ត្រឡប់ទៅវិញ ត្រូវអស់អំណាចមែន បានន័យថា បារមីម្ចាស់ទឹកម្ចាស់ដី និងបារមីអង្គរខ្លាំងណាស់ មេដឹកនាំសៀមមិនអាចប្រមាថបានទេ បើប្រមាថ មកដល់ស្រុកខ្មែរ ពេលទៅវិញត្រូវតែអស់អំណាចតែម្ដង ។
ហេតុនេះបានជានៅប្រទេសសៀម គេរងចាំមើលវាសនារបស់លោកសាម៉ាក ស៊ុនដារ៉ាវិច មួយទៀត បើលោកសាម៉ាក ស៊ុនដារ៉ាវិច អស់អំណាចទៀតនោះ សៀមគេជឿខ្លាំងណាស់ អំពីបារមីតេជៈនៅស្រុកខ្មែរ ។
ដកស្រង់ពីៈ កាសែតខេមរា ចេញផ្សាយថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០៨
Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve