Chouk Khmer

October 27, 2009

សំណែន

សំណែន (ន.) របស់​ដែល​សែន ភោជន​ដែល​សែនៈ សំណែន​ខ្មោច សំណែន​ដូនតា

សំណែន (ន.) របស់​ដែល​សែន ភោជន​ដែល​សែនៈ សំណែន​ខ្មោច សំណែន​ដូនតា ។

កាល​គាត់​នៅ​រស់​ម្ដេច​ក៏​មិន​ប្រឹង

ធ្មេញ​គាត់​នៅ​រឹង​បាន​ឆ្ងាញ់​ពិសា

លុះ​ដល់​ស្លាប់​បាត់​ទើប​ចាត់​អាហារ

រៀប​សែន​កុង​ម៉ា​ខ្មោច​ណា​មក​ស៊ី ៕

ដោយ លី ថៃលី

 

August 27, 2009

ចេក​ចម្លែក ឬ​ជំនឿ​ខុស​ប្លែក ?

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​កើត​រឿងរ៉ាវ​ដើម​ចេក​ចម្លែក​នៅ​ក្នុង​ខេត្ត​តាកែវ និង​ស្វាយរៀង ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​កោះសន្ដិភាព ។ ចេក​ចម្លែក​ពិត​ជា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​ ព្រោះ​វា​ជា​កត្តា​ធម្មជាតិ​ដែល​ជា​លទ្ធផល​នៃ​សង្គម​បរិយាកាស​នៅ​ជុំ​វិញ​បាន​ជះ​ឥទ្ធិពល​លើ មាន​ដូចជា​កត្តា​ទឹកដី សារធាតុ​គីមី​ និង​កត្តា​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ ដូចគ្នា​នឹង​ទារក​ដែល​កើត​មក​មាន​អវៈយវៈ​មិន​គ្រប់គ្រាន់ ឬ​ស្វិត​ក្រញិញ​ក្រញង់ ខ្វេរខ្វង់ ឬ​មាន​រូបរាង​ខុស​ប្រក្រតី គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ទង្វើ​របស់​ម្ដាយ និង​មជ្ឈដ្ឋាន​នៅ​ជុំវិញ ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​គឺ​ជំនឿ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ទៅ​លើ​ស័ក្តិសិទ្ធិភាព​នៃ​ចេក​ចម្លែក​ទាំងនោះ ។ ខ្ញុំ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ជំនឿ​នេះ​ទេ សូម​មិត្ត​អ្នកអាន​ធ្វើការ​វិនិច្ឆ័យ​សម្រង់​អត្ថបទ​ដូច​ខាងក្រោម​តាម​ការ​គួរ​ចុះ ។

ត្រយូងចេក​ផុស​ចេញពី​ដី​ផ្អើល​នាំ​គ្នា​ទៅ​អុជ​ធូប

ត្រយូងចេក​ចេញពី​ក្នុង​ដី

ត្រយូងចេក​ចេញពី​ក្នុង​ដី

ខេត្ដ​តាកែវៈ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ភូមិ​ចក​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ដោយ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​សេចក្ដីសុខ​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន​ ​ខណៈ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ម្នាក់​មាន​រឿង​ចម្លែក​មួយ​បាន​កើត​ឡើង​ ​គឺ​ត្រយូងចេក​ផុស​ចេញពី​ដី​ទំហំ​ប៉ុន​កដៃ​មនុស្ស​ចាស់ ។ រឿង​ចម្លែក​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា​ ឆ្នាំ​២០០៩ ​កន្លង​ទៅ ។

បើ​តាម​សម្ដី​បុរស​ម្ចាស់​ត្រយូងចេក​នោះ​ឈ្មោះ​ សុក​ ​ប៉ុន​ ​អាយុ​៤៧​ឆ្នាំ​ ​និង​ប្រពន្ធ​ ​ឈ្មោះ​ អ៊ុំ​ ​ភឿន​ ​អាយុ​៥១​ឆ្នាំ​ ​មាន​កូន​៣​នាក់​ ​នៅ​ក្នុង​បន្ទុក​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​រឿង​ត្រយូងចេក​ចម្លែក​ផុស​ចេញពី​ដី​នេះ​ ​ពី​ដំបូង​ក្រុម​គ្រួសារ​របស់​គាត់​អត់​ដឹង​ទេ​ ​តែ​អ្នក​រស់នៅ​ជិតខាង​ម្នាក់​ប្រទះ​ឃើញ​មុនគេ​ ​និង​បាន​យកដៃ​ទៅ​ដក​ ​តែ​ដក​អត់​រួច ។ លុះ​ព្រឹក​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា​ ​គ្រួសារ​គាត់​បាន​ទៅ​ពិនិត្យ​ឃើញ​ត្រយូងចេក​នោះ​មាន​បក​​ស្រទាប់​១​ស្រទាប់ ។ ដោយ​ឃើញ​ភាព​ចម្លែក​មិន​ធ្លាប់​ជួប​បែប​នេះ​នៅ​ក្នុងផ្ទះ​ ​គាត់​ក៏​និមន្ដ​ព្រះ​គ្រូ​ចៅអធិការ​វត្ដ​ ​អំ​ ​ម៉ារ៉ា​ ​នៅ​សង្កាត់​រកាក្រៅ​ឱ្យមក​ទស្សន៍​ទាយ​អំពី​ត្រយូងចេក​ផុស​ពី​ដី​ដ៏​ចម្លែក​មិន​ធ្លាប់​ជួប​ប្រទះ​នេះ ។

ម្ចាស់ផ្ទះ​បន្ដ​ទៀត​ថា​ ​ពេល​ទស្សន៍​ទាយ​រួច​ព្រះគ្រូ​ចៅអធិការ​វត្ដ​មាន​សង្ឃដីកា​ថា​ ​ត្រយូងចេក​ដែល​ផុស​នៅ​ក្នុង​បរិវេណ​ផ្ទះ​គាត់​នេះ​ល្អ​ទេ​ ​កុំ​ដក​វា​ចោល​ ​ព្រោះ​បាន​នាំ​មក​សេចក្ដីសុខ​ដល់​ក្រុម​គ្រួសារ​គាត់​ ​និង​អ្នក​រស់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ផង​ដែរ ។ ព្រះ​អង្គ​បាន​ប្រាប់​ឱ្យ​គាត់​ធ្វើ​ស៊ុម​ព័ទ្ធ​ជុំវិញ​ ​ដើម្បី​អុជ​ធូប​សុំ​សេចក្ដីសុខ​ក្នុង​ក្រុម​គ្រួសារ ។ បន្ទាប់​មក​ព័ត៌មាន​ពី​ត្រយូងចេក​ចម្លែក​លេចឮ​តៗ​គ្នា​ទៅ​ដល់​អ្នក​រស់នៅ​ទី​ជិត​ឆ្ងាយ​ប្រុស​-ស្រី​ ​ចាស់​-ក្មេង​ក៏​នាំ​គ្នា​ទៅ​មើល​ ​ព្រមទាំង​អុជ​ធូប​សុំ​សេចក្ដីសុខ​គ្រប់​គ្នា​ជាមួយនឹង​ការ​ចូល​លុយ​ផង​ដែរ ។

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​នាំ​គ្នា​អុជ​ធូប​គោរព​បូជា

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​នាំ​គ្នា​អុជ​ធូប​គោរព​បូជា

មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​មាន​ជំនឿ​ថា​ ​ត្រយូងចេក​ផុស​នោះ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ ​ហើយ​បាន​អុជ​ធូប​បួងសួង​បាន​ដូច​បំណង​នៅ​ឡើយ​ទេ ។ ទោះជា​យ៉ាងណា​ក្ដី​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​មាន​ជំនឿ​ ​ហើយ​ដឹង​តៗ​គ្នា​បាន​ទៅ​មើល​យ៉ាង​គគ្រឹកគគ្រេង​មិន​ដែល​ខាន ។

នេះ​ជា​រឿង​ប្លែក​មួយ​មិន​ថា​មនុស្ស​ ​សត្វ​ ​ឬ​រុក្ខជាតិ​ទេ​ ​និង​គ្មាន​បុណ្យ​បារមី​ណា​នោះ​ឡើយ​ ​តែ​ជា​ការ​ពិត​សង្គម​ខ្មែរ​ដែល​ពោរពេញ​ទៅ​ដោយ​ជំនឿ​ក្រៅ​ខ្លួន​ជាង​ជឿ​លើ​ខ្លួនឯង​តែងតែ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ ។ មិនយូរ​ទេ​ការ​ភ្ញាក់ផ្អើល​នេះ​នឹង​សាបសូន្យ​ទៅ​វិញ​ដោយ​ឯកឯង ។

ចេកណាំវ៉ា​ធ្លាក់​ត្រយូង​៦​ផ្អើល​អ្នក​ភូមិ​នាំ​គ្នា​អុជ​ធូប​បែរបន់​សុំ​សេចក្ដីសុខ

លោកយាយ​អ៊ិន​ ​ភុំ​ ​ជា​ម្ចាស់​ដើម​ចេក​ត្រយូង​៦

លោកយាយ​អ៊ិន​ ​ភុំ​ ​ជា​ម្ចាស់​ដើម​ចេក​ត្រយូង​៦

ខេត្ដ​ស្វាយរៀងៈ ដើម​ចេក​ចម្លែក​១​ដើម​ ​ចេញ​ត្រយូង​ដល់​ទៅ​៦​ ​ត្រូវ​បាន​អ្នកស្រុក​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​ ​សេចក្ដីសុខ​ព្រោះតែ​ភាព​ចម្លែក​នេះ ។ ចេក​ធ្លាក់​ត្រយូង​៦​នេះ​ជា​ប្រភេទ​ចេកណាំវ៉ា ។

ទាក់ទិន​នឹង​រឿងហេតុ​ខាងលើ​ ​លោកយាយ​ អ៊ិន​ ​ភុំ​ ​អាយុ​៨០​ឆ្នាំ​ ​ម្ចាស់​ដើម​ចេក​ចម្លែក​ ​នៅ​ភូមិ​សួនថ្មី​ ​សង្កាត់​ព្រៃឆ្លាក់​ ​ក្រុង​ស្វាយរៀង​ ​បាន​មាន​ប្រសាសន៍​ថា​ ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២២​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩ វេលា​ម៉ោង​៧​ព្រឹក​ ​ខណៈ​ពេល​គាត់​កំពុង​ជម្រះ​ស្មៅ​ដំណាំ​គាត់​ឮ​សម្លេង​ល្វើយៗ​ថា​ ​ជួយ​ខ្ញុំ​ផង​ខ្ញុំ​ឈរ​លែង​ជាប់​ហើយ ។​ ​ពេល​នោះ​គាត់​បាន​ងើប​មើល​ជុំវិញ​ខ្លួន​ ​ដូច​ជា​គ្មាន​ឃើញ​អ្នក​ណា​នៅ​ឈរ​ក្បែរ​កន្លែង​នោះ​ឡើយ​ ​គាត់​ក៏​អង្គុយ​ធ្វើ​ស្មៅ​បន្ដ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ ​ស្រាប់តែ​ឃើញ​ដើម​ចេក​មួយ​ដើម​ទ្រេត​រកកល់​ចង់​ដួល​ទៅ​ទិសឦសាន ។ ឃើញ​ស្ថានភាព​ដើម​ចេក​បែប​នេះ​ ​គាត់​បាន​ចូល​ទៅ​ទ្រ​ ​លុះ​ក្រឡេក​ទៅ​លើ​ឃើញ​ដើម​ចេក​នោះ​មាន​ចេញ​ត្រយូង​រហូត​ដល់​ទៅ​៦ ។​ ​ដោយ​ឃើញ​ភាព​ចម្លែក​របស់​ដើម​ចេក​នេះ​ ​គាត់​ក៏​ស្រែក​ហៅ​កូនប្រុស​គាត់​ឱ្យ​មក​ជួយ​ទ្រ​ ​បន្ទាប់​មក​គាត់​បាន​សម្រេចចិត្ដ​គាស់​ដើម​ចេក​នេះ​មក​ដាំ​នៅ​មុខ​ផ្ទះ​វិញ​ ​ងាយស្រួល​ឱ្យ​អ្នកស្រុក​អ្នក​ភូមិ​បាន​មើល​ចេក​ចម្លែក​នេះ ។

ត្រយូង​ដែល​មាន​ខ្នែង​ចំនួន​៦​កំពុង​ចេញ​ក្ដឹប​ចេក

ត្រយូង​ដែល​មាន​ខ្នែង​ចំនួន​៦​កំពុង​ចេញ​ក្ដឹប​ចេក

អ្នកស្រុក​ពិតជា​បាន​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​មើល​ ​ហើយ​បាន​អុជ​ធូប​សុំ​សេចក្ដីសុខ​ដោយ​គិត​ថា​ ​នេះ​ជា​អព្ភូតហេតុ​ចម្លែក​ក្រែង​មាន​បារមី​ថែរក្សា​ ​ទើប​មាន​ហេតុភេទ​ចម្លែក​បែប​នេះ ។​ ​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​មូលមតិ​គ្នា​និមន្ដ​ព្រះសង្ឃ​មក​សូត្រ​មន្ដ​នៅ​ថ្ងៃ​៧​កើត​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩ ដើម្បី​សុំ​សេចក្ដីសុខ ។

ដើម​ចេក​មួយ​ដើម​នេះ​មាន​ស្ទង​តែ​មួយ​ចេញពី​ដើម​ ​និង​បាន​បែក​ស្ទង​ចេញ​ជា​៦​ត្រយូង​ ​ទំហំ​ប៉ុន​កំភួនដៃ​ ​តូច​ជាងគេ​ប៉ុន​កដៃ​ ​ហើយ​ទំនងជា​ចេញ​ត្រយូង​នេះ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ ​ព្រោះ​ស្ទង​ធំ​មាន​ចេញ​ក្ដឹប​មួយ​ស្និត​ទៀត​ផង ។

អ្នកស្រុក​ខ្លះ​សុំ​ទឹក​ព្យាបាល​ជម្ងឺ​ ​អ្នកខ្លះ​សុំ​ស្រទប​ ​ឬ​ស្លឹកចេក​ចម្លែក​នោះ​យក​ទៅ​ដាក់​រាន​តូប​លក់ដូរ​ ​ក្នុង​បំណង​ឱ្យ​ភ្ញៀវ​ចូល​ទិញ ។​ ​អ្នកខ្លះ​និយាយ​ថា​ ​ដោយ​មាន​ហេតុភេទ​ចម្លែក​ដូចនេះ​ហើយ​គ្មាន​អ្នក​ណា​ដឹង​ ​ទើប​ជួប​ភាពរាំងស្ងួត​បែប​នេះ​ ​ហេតុនេះ​អ្នកស្រុក​បាន​នាំ​គ្នា​រៀបចំ​ពិធីបុណ្យ​នៅ​ថ្ងៃ​៧​កើត​ ​ឆ្លង​ថ្ងៃ​៨​កើត​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៨​សីហា​ខាង​មុខ ៕

រឿងរ៉ាវ​ដូចគ្នាៈ   កូនគោ​ចម្លែក​នៅ​ខេត្ត​​ពោធិសាត់

 

July 29, 2009

រង់ចាំ

រង់ចាំ 

ខ្ញុំ​បាន​ប្រទះ​ឃើញ​អត្ថបទ​ដ៏​លន្លង់លន្លោច​ខ្លោចផ្សា​មួយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​កោះសន្តិភាព​ដែល​ទទួល​បាន​ពី​មិត្ត​អ្នកអាន​ម្នាក់រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​មួយ ។ ដាវីត​ដែល​ពី​ដំបូង​គ្រាន់​តែ​ចង់​លលេង​សើច​ល្បែង​ស្នេហា​ជាមួយ​នីតា​ដែល​ជា​មិត្ត​រួម​ថ្នាក់​តែ​ប៉ុណ្ណោះ ។ លទ្ធផល​នៅ​ទីបំផុត ដាវីត​សុខ​ចិត្ត​នៅ​ព្រៅ​រង់ចាំ​ជួប​នីតា​អស់​រយៈ​ពេល​២០​ឆ្នាំ​ទើប​ដឹង​ការ​ពិត ។

ប្រសិនបើ​រឿង​នេះ​ជា​រឿង​ពិត គួរ​ឲ្យ​ស្ងើច​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ដាវីត​ពេក​ណាស់ ។ ប៉ុន្តែ​បើ​តាម​ការ​វិភាគ​របស់​ខ្ញុំ អត្ថបទ​នេះ​គឺ​គ្រាន់​តែ​ជា​រឿង​ប្រលោមលោក​ខ្លី​មួយ​ប៉ុណ្ណោះ ។ តាម​ដំណើរ​រឿង ទំនាក់​ទំនង​រវាង​កំលោះ​ដាវីត និង​កញ្ញា​នីតា​បាន​កើត​ឡើង​កាល​ពី​២០​ឆ្នាំ​មុន ហើយ​មាន​រៀប​រាប់​បង្ហាញ​អំពី​ការ​ប្រើប្រាស់​ទូរស័ព្ទ (អាច​ជា​ទូរស័ព្ទ​ដៃ) យ៉ាង​ទូលាយ ។ ជាក់ស្ដែង កាល​ពី​២០​ឆ្នាំ​មុន ប្រសិនបើ​គិត​ថយ​ពី​ឆ្នាំ​២០០៩ គឺ​ត្រូវ​នឹង​ទសវត្សរ៍​ទី​៩០ ។ នៅ​ពេល​នោះ ទូរស័ព្ទ​ដៃ​ពិត​ជា​ពុំ​ទាន់​បាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​ចំណោម​និស្សិត​មហាវិទ្យាល័យ​នៅ​ឡើយ ជាពិសេស និស្សិត​ក្រីក្រ​ដូចជា​នីតា ។ នីតា​ជា​កូនកំព្រា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដូច្នេះ​នាង​គួរ​តែ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ណាមួយ គឺ​ពុំ​មែន​ស្នាក់​នៅ​ផ្ទះ​ជួល​តាម​ដំណើរ​រឿង​នោះ​ទេ ។ ប្រសិនបើ​ជា​រឿង​ពិត​មែន​នោះ ស្ថានភាព​ជម្ងឺ និង​មរណភាព​របស់​នីតា​មិន​អាច​រំលង​ពី​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​នាង​បាន​ឡើយ ហើយ​នៅ​ពេល​នោះ ទាំង​មិត្តភក្ដិ​ និង​អ្នកគ្រូ​ពេទ្យ​ជៀស​មិន​ផុត​ពី​ផ្ដល់​ព័ត៌មាន​ដល់​ដាវីត​ភ្លាមៗ​ខាន​ពុំ​បាន ដោយ​ពុំ​រង់ចាំ​២០​ឆ្នាំ​ក្រោយ​មក​នោះ​ទេ ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ សូម​ប្រិយមិត្ត​អ្នកអាន​វិនិច្ឆ័យ​ខ្លួនឯង​នូវ​ដំណើរ​រឿង​ខាង​ក្រោម​នេះ​តាម​ការ​គួរ​ទៅ​ចុះ………………………….!

រង់ចាំ 

រង់ចាំ

មាន​សុភមង្គល​ ​មានគ្រួសារ​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ។​ ​តាម​រូបសម្បត្ដិ​ ​សមត្ថភាព​ ​និង​ជីវភាព​គ្រួសារ​របស់​ខ្ញុំ​ ​ខ្ញុំ​អាច​ជ្រើស​រើស​នារី​ស្អាត​មក​ធ្វើ​ជា​ភរិយា​បាន​យ៉ាង​ងាយ​ ​ប៉ុន្ដែ​ខ្ញុំ​បែរជា​បោះបង់​ភាព​ជា​យុវវ័យ​ ​បោះបង់​ចោល​នូវ​ឱកាស​សាង​គ្រួសារ​ដោយ​មិន​ដឹង​ខ្លួន​ ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ ​នេះ​មិន​មែន​មក​ពី​ខ្ញុំ​វក់​នឹង​ការងារ​ ​ឬ​ការ​សប្បាយ​នោះ​ទេ​ ​គឺ​ខ្ញុំ​កំពុង​តែ​រង់ចាំ​នារី​ម្នាក់​ ​ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ «ស្រឡាញ់»​ ​ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ខ្លួន​ថា​ ​ខ្ញុំ​មាន​ចិត្ដ​ស្រឡាញ់​នាង​ ​ឬ​ក៏​អត់​នោះ​ដែរ ។​ ​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា​ ​ខ្ញុំ​ខឹង​នឹង​នាង​ណាស់​ ​ហេតុ​អ្វី​នាង​មិន​មក​ជួប​ខ្ញុំ​តាម​ការ​ណាត់​ ​បើ​នាង​ចង់​ទៅ​ចោល​ខ្ញុំ​ហេតុ​អ្វី​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ ​ជាង​២០​ឆ្នាំ​ហើយ​ថ្ងៃ​ណា​ក៏​ខ្ញុំ​ទៅ​ចាំ​នាង​នៅ​មុខ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ដែរ​ ​ពីព្រោះ​វា​ជា​កន្លែង​ដែល​នាង​ណាត់ជួប​ខ្ញុំ​លើក​ចុង​ក្រោយ​ ​ប៉ុន្ដែ​នាង​បែរជា​មិន​មក​ ​នាង​ទុក​ឲ្យ​ខ្ញុំ​រង់ចាំ​នាង​ ​ចាំ​ហើយ​ចាំ​ទៀត​ ​មួយ​ថ្ងៃ​ ​មួយ​ខែ​ ​មួយ​ឆ្នាំ​ ​រហូត​ដល់​ជាង​២០​ឆ្នាំ ។ នាង​ខឹង​នឹង​ខ្ញុំ​ដែល​បោកប្រាស់​នាង​មែន​ទេ ? នាង​ចង់​សងសឹក​មែន​ទេ ?

ទេ​ខ្ញុំ​ជឿជាក់​លើ​ចិត្ដ​ស្រឡាញ់​របស់​នាង​ចំពោះ​ខ្ញុំ​ទោះ​ស្នេហា​នេះ​មាន​រយៈពេល​ខ្លី​ក៏​ដោយ​ ​ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​មួយ​ថា​ នាង​កំពុង​តែ​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ ។

ខ្ញុំ​ចាំ​ថា​កាលពី​២០​ឆ្នាំ​មុន​ ​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​២២​ឆ្នាំ​ ​ជា​និស្សិត​មហាវិទ្យាល័យ​ ​ខ្ញុំ​មាន​រូបរាង​សង្ហា​ ​ជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ ​មាន​ប្រាក់​ចាយ​មិន​ខ្វះ​ ​ខ្ញុំ​អាច​ទាក់ទង​ស្រី​ស្អាត​បាន​ជា​ច្រើន​ ​ប៉ុន្ដែ​ស្នេហា​សម្រាប់​ខ្ញុំ​ ​បីដូច​ជា​ការ​ញ៉ាំ​អំពៅ​ ​គឺ​ពេល​ដែល​អស់​រស់ជាតិ​ហើយ​ ​ខ្ញុំ​នឹង​ខ្ជាក់​វា​ចោល​ដោយ​គ្មាន​ស្រណោះ ។ ព្រហ្ម​លិខិត​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ស្គាល់​នារី​ម្នាក់​ឈ្មោះ​ ​«នីតា»​ ​ដែល​នាង​ទើបតែ​ផ្លាស់​មក​ពី​ខេត្ដ​ចូល​មក​រៀន​ថ្នាក់​ជាមួយ​ខ្ញុំ​ ​មើលទៅ​នាង​ក៏​ស្អាត​ណាស់​ដែរ​ ​តែ​សម្រស់​របស់​នាង​ត្រូវ​បិទ​បាំង​ដោយ​ទឹកមុខ​ស្លេកៗ​ ​មើល​ទៅ​ដូច​ជា​អ្នកជម្ងឺ​ ​បើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​នោះ​ ​ប្រហែលជា​ទៅ​មិន​រួច​ទេ​ ​តែ​មើល​លេងសើច​អាច​ខ្លះ ។

នៅ​ថ្ងៃ​ដំបូង​ដែល​នាង​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្នាក់​របស់​ខ្ញុំ​ ​កែវភ្នែក​ទាំង​គូ​របស់​នាង​តែងតែ​លួច​សម្លឹង​មក​ខ្ញុំ​ ​ដែល​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​នាង​កំពុង​តែ​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ​ ​វា​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចិត្ដ​ ​និង​មើល​ស្រាល​ចំពោះ​នាង ។ រាល់ថ្ងៃ​ ​សង្កេត​មើល​នាង​យូរ​ទៅ​ ​នាង​ហាក់​បី​ដូចជា​មនុស្ស​ចម្លែក​ ​មើល​ទៅ​រាង​កាយ​នាង​ដូច​ជា​ទន់​ខ្សោយ​ ​តែ​ចិត្ដ​របស់​នាង​រឹង​មាំ​ណាស់​ ​នាង​ជា​មនុស្ស​រួសរាយ​ ​រាក់ទាក់​ ​នាង​ធ្វើ​ខ្លួន​ហាក់​បី​ដូចជា​ស្រឡាញ់​ពិភពលោក​នេះ​ណាស់​ ​មិត្ដ​រួម​ថា្នក់​របស់​ខ្ញុំ​អ្នក​ណា​ក៏​ស្រឡាញ់​ចូល​ចិត្ដ​នាង​ដែរ​ ​តែ​សម្រាប់​រូប​ខ្ញុំ​ ​នាង​ដូច​ជា​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ​ ​ពីព្រោះ​ខ្ញុំ​យល់​ថា​ ​នាង​ក៏​ដូច​ជា​ស្រីៗ​ដទៃ​អញ្ចឹង​ដែរ​ ​គឺ​លង់​ស្នេហ៍​កំលោះ​សង្ហា​ដូច​ជា​រូប​ខ្ញុំ​នោះ​ដូច​តែ​គ្នា ។​ ​ថ្ងៃមួយ​ ​ខ្ញុំ​បាន​ភ្នាល់​ជាមួយ​មិត្ដ​ខ្ញុំ​ថា​ ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ស្រឡាញ់​ខ្ញុំ​ក្នុង​រយៈពេល​បី​ខែ​ ​ហើយ​នាង​នឹង​យំ​អង្វរ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បោះបង់​នាង​ចោល ។

- ពួក​ឯង​ជឿ​ទេ​ ​គ្នា​អាច​ធ្វើ​ឲ្យ​ស្រី​មុខ​ស្លេក​ម្នាក់​នេះ​លង់​ស្នេហ៍​គ្នា​បាន​ ​(ខ្ញុំ​និយាយ​ដោយ​ភាព​ជឿជាក់) ។

- អ្ហេ​ ​ឬ​មួយ​ក៏​ឯង​ចាប់​អារម្មណ៍​នឹង​នីតា​បានជា​នឹក​ចង់​ទាក់ទង​នាង​ ​តែ​មើល​ទៅ​នាង​ដូច​ជា​មិន​ត្រូវ​នឹង​ចំណូលចិត្ដ​ឯង​សោះ ។

- គ្រាន់តែ​ចង់​ល​លេង​ទេ​ ​ពីព្រោះ​ឮ​ល្បី​ថា​នាង​ចិត្ដរឹង​ណាស់ ។

- អូខេ​ ​បើ​ឯង​ឈ្នះ​ ​ពួក​គ្នា​នឹង​ប៉ាវ​ឯង​ចូល​ខារ៉ាអូខេ​…។

ខ្ញុំ​ចាប់ផ្ដើម​ទាក់ទង​នាង​ដោយ​សុំ​លេខ​ទូរស័ព្ទ​របស់​នាង​ពី​មិត្ដ​នាង ។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​នាង​ ​ខ្ញុំ​បាន​សួរនាំ​នាង​ទៅ​តាម​វិធី​របស់ខ្ញុំ​ ​មើលទៅ​នាង​ដូច​ជា​សប្បាយចិត្ដ​ណាស់​ ​ពេល​បាន​និយាយ​ជាមួយ​ខ្ញុំ​ ​ការ​ពិត​ទៅ​នាង​ដូច​ជា​ចិត្ដ​ងាយ​ណាស់​ ​បែប​នេះ​ដូច​ជា​មិនសូវ​សប្បាយ​ ​តែ​ចាត់​ទុក​ថា​ ​លេង​កែ​អផ្សុក​ទៅ​ចុះ ។​

ថ្ងៃ​ទី​បី​នៃ​ល្បែង​របស់​ខ្ញុំ​….

-នីតា​ ​ដឹង​ទេ​ខ្ញុំ​ពិតជា​ពេញចិត្ដ​នាង​ណាស់ ។ គឺ​ខ្ញុំ​….ខ្ញុំ​ស្រឡាញ់​នាង​…

- ខ្ញុំ​ក៏​ស្រឡាញ់​លោក​ដែរ​ ​គឺ​ស្រឡាញ់​យ៉ាង​ពិតប្រាកដ ។

នេះ​ជា​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្មាន​មិន​ដល់​ ​វា​ហាក់បី​ដូចជា​លឿន​ពេក​ ​ហួស​ពី​គម្រោង​របស់ខ្ញុំ ។

-នីតា​មិន​គិត​មើល​សិន​ទេ​ ​អ្ហេ ?

- សម្រាប់​ខ្ញុំ​ ​ខ្ញុំ​មិន​ស្ដាយក្រោយ​ ​និង​មិន​បណ្ដែត​បណ្ដោយ​ពេលវេលា​ឡើយ​ ​ចំពោះ​ការ​និយាយ​ពាក្យ​ថា​ ​ស្រឡាញ់​ទៅ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ ​បើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​គេ​ពិតប្រាកដ​ហើយ​នោះ​ ​ខ្ញុំ​មិន​ចង់​ឲ្យ​ពេល​វេលា​សូម្បី​តែ​មួយ​វិនាទី​កន្លង​ហួស​ទៅ​ឡើយ​ចំពោះ​ស្នេហា​ ​ខ្ញុំ​នឹង​ស្រឡាញ់​លោក​អស់​មួយ​ជីវិត ។

ពេល​និយាយ​ចប់​នាង​ក៏​សុំ​បិទ​ទូរស័ព្ទ​ ​ទុក​ឲ្យ​ខ្ញុំ​នៅ​ភាំង​ម្នាក់ឯង​ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​ស្រី​ធ្វើ​ឲ្យ​ខ្ញុំ​ស្លុង​អារម្មណ៍​នឹង​ពាក្យ​ថា​ «ស្នេហា​ពិត»​ ​បើ​ទោះជា​នាង​មិនមែន​ជា​ស្រី​ទី​មួយ​ឡើយ​ដែល​និយាយ​ថា​ស្រឡាញ់​ខ្ញុំ​ពិត​នោះ​ ​តែ​មិនដឹង​ថា​ហេតុ​អី​បាន​ជា​បេះដូង​របស់​ខ្ញុំ​លោត​ញាប់​នៅ​ពេល​ដែល​បាន​ឮ​ពាក្យ​ស្រឡាញ់​នេះ​ចេញពី​មាត់​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​ចាត់​ទុកជា​ល្បែង​ភ្នាល់​គ្នា​លេង ។​ ​មិន​អាច​ទេ​ ​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​យ៉ាងនេះ​ទេ​ ​នីតា​នាង​គ្មាន​សំណាង​ធ្វើ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​បាន​ទេ​ ​នាង​អាច​នៅ​ក្បែរ​ខ្ញុំ​បាន​តែ​បី​ខែ​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​បំពេញ​កិច្ចការ​គួរ​ឲ្យ​ធុញទ្រាន់​មួយ​ ​គឺ​ធ្វើ​ជា​ទន់ភ្លន់​ ​ផ្អែមល្ហែម​ ​យកចិត្ដ​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​មិន​ពេញចិត្ដ​បន្ដិច​ទាល់តែ​សោះ​ ​មើលទៅ​នាង​ពិតជា​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​ ​តែ​អ្វី​ដែល​ចម្លែក​នោះ​ ​ត្រឹមតែ​ខែ​ដំបូង​នាង​បាន​ធ្វើ​ចិត្ដ​ខ្ញុំ​ផ្លាស់​ប្ដូរ​ដោយ​មិនដឹង​ខ្លួន​ចំពោះ​ទស្សនៈ​ស្នេហា​ ​នាង​បាន​ផ្ដល់​នូវ​អារម្មណ៍​ចម្លែក​ជា​ច្រើន​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ជាមួយ​នារី​ផ្សេង ។​ ​ពេលវេលា​ផ្លាស់​ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​នាង​កាន់តែ​មាន​ស្នេហា​ជ្រាលជ្រៅ​ចំពោះ​ខ្ញុំ​ ​នាង​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ស្និទ្ធស្នាល​ជាមួយ​នាង​ ​នាង​បាន​ផ្ដល់​ភាព​សំខាន់​ឲ្យ​ខ្ញុំ​ ​នាង​ស្ទើរតែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេចខ្លួន​ថា​ ​ខ្ញុំ​កំពុង​តែ​លេងល្បែង​ទៅ​ហើយ​ ​ពាក្យ​ថា​ធុញទ្រាន់​ដែល​ខ្ញុំ​ធា្ល​ប់​និយាយ​ពី​ដំបូង​ក៏​រលាយ​បាត់​ ​នាង​តែងតែ​រៀបរាប់​រឿង​របស់​នាង​ឲ្យ​ខ្ញុំ​ស្ដាប់​ ​ដូច​ជា​រឿង​គ្រួសារ​នាង​ ​ស្ដាប់​ទៅ​ដូច​ជា​រីករាយ​ណាស់​ ​តែ​ខ្ញុំ​បែរជា​មាន​អារម្មណ៍​ថា​ ​អាណិត​នាង​ទៅ​វិញ​ ​ទោះជា​នាង​សើច​ ​នាង​ញញឹម​មិន​ដែល​ស្រពោន​ក៏ដោយ ។

- មើលទៅ​អូន​ចូល​ចិត្ដ​ថតរូប​ណាស់​ ​ណ្ហ៎ !

- អូន​ចង់​ផ្ដិត​យក​ពេលវេលា​ដែល​អូន​នៅ​ក្បែរ​បង​ឲ្យ​ក្លាយជា​អមតៈ​ ​វា​ជា​ការ​ថែរក្សា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ ។

ខ្ញុំ​យកដៃ​ទាញ​ក្បាល​នាង​មក​ផ្អឹប​នឹង​ដើមទ្រូង​…

- មួយ​ជីវិត​អូន​នេះ​ ​តើ​អូន​ខ្លាច​អ្វី​ជាងគេ ?

- គឺ​សេចក្ដីស្លាប់​ ​អូន​ពិតជា​ខ្លាច​ខ្លាំង​ណាស់

- ក្មេង​ល្ងង់​ ​អ្នក​ណា​ក៏​គេ​ខ្លាច​ដែរ ។ អញ្ចឹង​មិន​ខ្លាច​បាត់បង​ទេ​ ​អ្អេ ?

- អ្វីៗ​វាសនា​បាន​កំណត់​រួច​ហើយ ។….បាន​ហើយ​យើង​ទៅ​វិញ​ទៅ​ ​អូន​អស់​កម្លាំង​ណាស់ ។

ល្ខោន​ស្នេហា​របស់​ខ្ញុំ​បាន​ចាប់​ដំណើរការ​ទៅ​យ៉ាង​ល្អ​ ​ប៉ុន្ដែ​នៅ​ជិត​នាង​កាន់​ច្រើន​ ​កាន់តែ​យល់​ថា​ ​នាង​ចម្លែក​ ​តែ​ភាព​ចម្លែក​របស់​នាង​ពិតជា​ទាក់ទាញ​ណាស់ ។​ ​អស់​រយៈពេល​ពីរ​ខែ​កន្លង​ផុត​ទៅ​ហើយ​សម្រាប់​ល្បែង​មួយ​នេះ​ ​ខ្ញុំ​ស្ទើរតែ​ភ្លេចខ្លួន​បាត់​ទៅ​ហើយ​ថា​ ​វា​គ្រាន់តែ​ជា​ល្ខោន​រយៈពេល​ខ្លី​មួយ​ ​ខ្ញុំ​ហាក់ដូចជា​មិន​ដាច់​ចិត្ដ​សោះ​ក្នុង​ការ​បំផ្លាញ​បេះដូង​របស់​នាង​ ​ខ្ញុំ​បាន​ព្យាយាម​ដាស់​ខ្លួនឯង​ជា​និច្ច​ ​ដើម្បី​កុំឲ្យ​លង់លក់​ក្នុង​ល្បែង​មួយ​នេះ​ ​ពិតមែន​ហើយ​នាង​មិនមែន​ជា​នារី​ដែល​ខ្ញុំ​ប្រាថ្នា​នោះ​ទេ​ ​នាង​មិន​សក្ដិ​សម​នឹង​ខ្ញុំ​ទេ​ ​មាន​ស្រី​ស្អាត​ច្រើន​ណាស់​ដែល​នៅ​រង់ចាំ​ខ្ញុំ ។

ពេល​នេះ​ខ្ញុំ​ចាប់ផ្ដើម​បញ្ចេញ​ភាព​ព្រងើយ​កន្ដើយ​ដាក់​នាង​ ​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ជា​ទាក់ទង​ស្រី​ផ្សេង​នៅ​ចំពោះ​មុខ​នាង​ ​ហើយ​នាង​ក៏​តែងតែ​បញ្ចេញ​អាការៈ​ប្រច័ណ្ឌ​ខ្ញុំ​ពេល​នៅ​ចំពោះ​មុខ​មិត្ដ​របស់​ខ្ញុំ​ ​តែ​ពេល​ផុត​ពីមុខ​គេ​នៅ​តែ​ពីរ​នាក់​ នាង​ធ្វើ​ហាក់បី​ដូចជា​គ្នា​រឿង​អ្វី​កើត​ឡើង​ ​ខ្ញុំ​ពិតជា​ឆ្ងល់​ណាស់​ ​ការ​ពិត​នាង​កំពុង​គិត​អ្វី​ ​ខ្ញុំ​ឧស្សាហ៍​រក​រឿង​នាង​ណាស់​ ​ប៉ុន្ដែ​នាង​ក៏​ខំ​កែប្រែ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ពេញចិត្ដ​ ​រហូត​ដល់​ខ្ញុំ​មិនដឹង​ថា​គួរ​រក​អ្វី​មក​ចាប់​កំហុស​នាង ។

- ហេតុ​អ្វី​ក៏​នាង​ធ្វើ​តាម​ចិត្ដ​ខ្ញុំ​ម្ល៉េះ ?

- ខ្ញុំ​ស្រឡាញ់​បង​ ​ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​តិចតួច​ធ្វើ​ឲ្យ​ខកខាន​ភាព​រីករាយ​ដល់​ស្នេហា​របស់ខ្ញុំ​ឡើយ ។

- ចុះបើ​ថ្ងៃ​ណាមួយ​បង​ក្បត់​អូន​ ​អូន​ធ្វើ​យ៉ាងម៉េច ?

- ចុះបើ​ថ្ងៃ​ណាមួយ​អូន​ទៅ​ឆ្ងាយ​ចោល​បង​ ​បង​ធ្វើ​យ៉ាងម៉េច ? (នាង​និយាយ​បណ្ដើរ​យក​ដៃ​អង្អែល​ថ្ពាល់​របស់​ដាវិត​ថ្នមៗ)

- នោះ​ជា​រឿង​ល្អ​ហើយ​ ​(ខ្ញុំ​គ្រាន់តែ​គិត​ក្នុង​ចិត្ដ​ប៉ុណ្ណោះ)

- ជិត​ដល់​ពេល​ហើយ

- ជិត​ដល់​ពេល​អី ? ខ្ញុំ​សួរ​នាង​…

នាង​នៅ​ស្ងៀម​មួយសន្ទុះ​​…

- អ្ហេ​ ​គិត​អីហ្នឹង ?

- គឺ​ ​គឺ​ជិត​ដល់​ពេល​ជប់លៀង​នៅ​សាលា​យើង​នឹង​ណា៎ ។

- មែនហើយ​ជិត​ដល់​ពេល​ហើយ ។

អ្នក​ទាំង​ពីរ​សម្លឹង​រក​គ្នា​ដោយ​បង្កប់​នូវ​ភាព​ស្រពាប់​ស្រពោន​ ​ដាវីត​យកដៃ​ទៅ​អង្អែល​ក្បាល​នីតា​ថ្នមៗ

- បើ​បង​ធ្វើ​អ្វី​ខុស​ចំពោះ​អូន​ ​អូន​ស្អប់​បង​ទេ ?

- អត់​ទេ​ ​គ្មាន​ថ្ងៃ​ដែល​អូន​ស្អប់​បង​នោះ​ទេ​ ​វីត ។

………………………………………………………………………………………

-អ្ហេ​ ​យ៉ាងម៉េច​ហើយ​ ​អ្នក​ប្រុស​វីត​ ​ឥឡូវ​ដូច​ជា​សុភាព​ដល់​ហើយ​វើយ​ ​តិច​លង់​ស្នេហ៍​នីតា​មែនទែន​ទៅ ។

- កុំ​សង្ឃឹម​ ​គ្នា​គ្រាន់តែ​សម្ដែង​ឲ្យ​ចប់​ចុង​ចប់​ដើម​តែ​ប៉ុណ្ណោះ​ ​ជិត​មាន​សេរីភាព​ហើយ​ ​រាល់ថ្ងៃ​ធុញ​សឹង​ស្លាប់ ។ ស្អែក​អ្វីៗ​ត្រូវ​បញ្ចប់​ហើយ​ ​ត្រៀម​លុយ​ទុក​ទៅ​អា​ពួកម៉ាក ។

ទីបំផុត​ថ្ងៃ​ជប់លៀង​ក៏មក​ដល់​ ​តែ​អារម្មណ៍​ដូច​ជា​មិនល្អ​សោះ​ ​ខ្ញុំ​សូម​សារភាព​ថា​ខ្ញុំ​នឹក​ដល់​នាង​ ​នឹក​​អនុស្សាវរីយ៍​ទាំងឡាយ​រវាង​ខ្ញុំ ​និង​នាង ។

- យើង​ទៅ​ដើរ​លេង​កន្លែង​នោះ​វិញ​ល្អ​ទេ ? (ខ្ញុំ​បបួល​នាង​ទៅ​កន្លែង​ដែល​មិត្ដ​ភក្ដិ​របស់ខ្ញុំ​នៅ​ពួន​ចាំ​ស្ដាប់)

- ចា៎ស !

យើង​ទាំង​ពីរ​ដើរ​បណ្ដើរគ្នា​ ​ដោយ​មិន​និយាយ​មួយ​ម៉ាត់​ ​រហូត​ដល់​កន្លែង​នោះ​ ​នាង​ក៏​ឈប់​ដើរទៅ​មុខ​ទៀត​ ​ខ្ញុំ​សម្លឹង​មើល​មុខ​នាង​ ​បេះដូង​របស់ខ្ញុំ​ចាប់ផ្ដើម​ឈឺ​នៅ​ពេល​ដែល​ខ្ញុំ​បានឃើញ​តំណក់​ទឹកភ្នែក​របស់​ស្រី​ម្នាក់​នេះ​ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​យំ​ ​នាង​បែរ​មក​ឱប​ខ្ញុំ​យ៉ាង​ណែន​ ​ទឹកភ្នែក​របស់​នាង​បាន​ជ្រាប​ចូល​ទៅ​ដល់​បេះដូង​របស់​ខ្ញុំ​ទៅ​ហើយ ។

-ដាវីត​ ​អូន​ស្រឡាញ់​បង​ ​អូន​មិន​ចង់​បាត់បង់​បង​ទេ ។

ខ្ញុំ​ហាក់​ដី​ដូច​ជា​និយាយ​អ្វី​មិន​ចេញ​សោះ​ ​នាង​កំពុង​ធ្វើ​អ្វី​ហ្នឹង ? រាត្រី​ដ៏​អ៊ូអរ​ ​តន្ដ្រី​លាន់ឮ​រំពង​ ​គ្រប់​គ្នា​ពិត​ជា​រីករាយ​ ​ប៉ុន្ដែ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​វា​ស្ងាត់​ខ្លាំង​ណាស់​ ​ខ្ញុំ​មើល​មិនឃើញ​ភាព​សប្បាយ​សូម្បី​បន្ដិច​ ​ខ្ញុំ​បែរជា​ខ្លាច​ ​ខ្លាច​រង្វង់​ដៃ​ដែល​កំពុង​ឱប​ខ្ញុំ​នេះ​រលា​ចេញ​ទៅ ។​

ក្រែង​នេះ​ជា​លទ្ធផល​ដែល​ខ្ញុំ​ចង់បាន​មែន​ទេ ? តែ​ខ្ញុំ​មិន​បាន​និយាយ​អ្វី​ជាមួយ​នាង​មួយ​ម៉ាត់​ផង​ ​ហេតុ​អ្វី​នៅ​សុខៗ​នាង​ធ្វើ​បែប​នេះ ?

មិត្ដ​ភក្ដិ​ខ្ញុំ​យល់​ថា​ ​ខ្ញុំ​ឈ្នះ​ហើយ​ ​ពួក​យើង​នាំ​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ​ ​តែ​ការ​ពិត​ចិត្ដ​របស់ខ្ញុំ​នៅ​តែ​គិតដល់​នាង​ ​គិតដល់​ទឹកភ្នែក​របស់​នាង​ ​មិន​បាន​ទេ​ខ្ញុំ​ត្រូវ​តែ​ផឹក​ ​ផឹក​ ​ផឹក​ឲ្យ​ភ្លេច​អ្វី​គ្រប់យ៉ាង​….។

ថ្ងៃនេះ​មិន​ដូច​ពី​ម្សិលមិញ​ទេ​ ​ខ្ញុំ​បាន​តាំងចិត្ដ​បំភ្លេច​នាង​ហើយ​ ​ខ្ញុំ​នឹង​បំភ្លេច​អ្វីៗ​ទាំងអស់​ដែល​ធ្លាប់​មាន​ជាមួយ​នាង​ ​ខ្ញុំ​ត្រូវការ​សេរីភាព​នៃ​យុវវ័យ​របស់ខ្ញុំ​មក​វិញ​ ​ខ្ញុំ​មិន​ចង់​គិតដល់​ចិត្ដ​អ្នក​ណា​ ​ពេល​ដែល​ខ្ញុំ​ត្រូវការ​សប្បាយ​នោះ​ទេ​ ​សុំ​ទោស​ណា៎​នារី​ដ៏​គួរ​ឲ្យ​អាណិត ។

បី​ថ្ងៃក្រោយ​នាង​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ​ ​នាង​ធ្វើ​ហាក់បី​ដូចជា​គ្មាន​អ្វី​កើតឡើង​ ​មែនហើយ​ការ​ពិត​ទៅ​យប់​នោះ​ខ្ញុំ​មិន​ទាន់​បាន​និយាយ​អ្វី​ជាមួយ​នាង​ផង​…..

- ល្ងាច​នេះ​ម៉ោង​៥:០០ បង​ទំនេរ​ទេ ? បង​អាច​មក​រក​អូន​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បាន​ទេ ?

- បាទ​ ​បាន​ ​ប៉ុន្ដែ​កន្លែង​ណាត់​របស់​អូន​ដូច​ជា​ចម្លែក​បន្ដិច ។​

- អូន​សង្ឃឹមថា​ ​បង​ប្រាកដជា​ទៅ​ជួប​អូន

- អូខេ​ ​បង​នឹង​ទៅ​ជួប​អូន​ ​ការ​ពិត​បងក៏​មានរឿង​ចង់​និយាយ​ដែរ

- អរគុណ​ណាស់​ ​ចាំ​ណា៎​ ​ថា​អូន​ស្រឡាញ់​បង​ ​ទោះជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ ។

ដប់​នាទី​នៃ​ការ​រង់ចាំ​បាន​កន្លង​ផុត​ទៅ​ ​មួយ​ម៉ោង​ ​ពីរ​ម៉ោង​ ​ការ​អត់ធ្មត់​របស់ខ្ញុំ​ក៏​រលាយ​អស់​ ​ខ្ញុំ​ខឹង​នាង​ខ្លាំង​ណាស់​ ​នាង​ហ៊ាន​កុហក​ខ្ញុំ​ ​ខ្ញុំ​ទូរស័ព្ទ​ទៅ​ក៏​មិន​ចូល​ ​ទូរស័ព្ទ​ទៅ​មិត្ដ​នាង​ក៏​គ្មាន​អ្នក​ណា​ដឹង​ ​ខ្ញុំ​ឈប់​ខ្វល់​ ​ហើយ​នាង​គ្មាន​តម្លៃ​អ្វី​សម្រាប់​ខ្ញុំ​ទៀត​ទេ​ ​ខ្ញុំ​ក៏​មិន​ចង់​ចំណាយ​ពេលវេលា​របស់ខ្ញុំ​ ​ទៅ​ចាំ​ស្រី​ឆ្កួត​ម្នាក់​នោះ​ដែរ​ ​ប៉ុន្ដែ​ខ្ញុំ​ឆ្ងល់​ណាស់​នាង​មិន​ដែល​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ទេ​ ​ខ្ញុំ​នៅ​តែ​ជឿជាក់​លើ​ទឹកចិត្ដ​របស់​នាង​ចំពោះ​ខ្ញុំ ។​

ខ្ញុំ​មិន​អស់ចិត្ដ​ទេ​ ​ខ្ញុំ​បាន​ទៅ​រក​នាង​ដល់​ផ្ទះ​ជួល​របស់​នាង​ ​គេ​ថា​នាង​រើ​ចេញ​ហើយ​ ​ក្នុង​ចិត្ដ​ខ្ញុំ​ពេល​នេះ​ ​គឺ​បើ​បាន​ជួប​នាង​ ​ខ្ញុំ​នឹង​សម្លាប់​នាង​ ​ខ្ញុំ​ស្អប់​នាង​ខ្លាំង​ណាស់​ ​ខ្ញុំ​មិន​ដែល​រង់​ចាំ​ស្រី​ណា​ម្នាក់​ឡើយ​ ​ហើយក៏​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ដែរ ។

យប់​នេះ​ខ្ញុំ​គេង​មិន​លក់​សោះ​ ​ខ្ញុំ​ខំព្យាយាម​ឈប់​គិត​ ​តែ​ខួរក្បាល​ចំកួត​របស់ខ្ញុំ​នៅ​តែ​គិត​…

- នីតា​ហេតុ​អ្វី​បានជា​ធ្វើ​បែប​នេះ​ ​តែ​ក៏​ល្អ​ដែរ​នាង​ទៅ​បាត់​ ​ខ្ញុំ​មិន​ចាំបាច់​បកស្រាយ​អ្វី​ច្រើន​ ​ក៏​មិនបាច់​ក្លាយ​ជា​ជន​បោក​ស្នេហ៍​គេ​ដែរ​ ​ហើយ​ឈប់​ខ្វល់​ហើយ ។

មិន​ដូច​ជា​ការ​គិត​របស់ខ្ញុំ​សោះ​ ​គ្មាន​នាង​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​ហាក់បី​ដូចជា​បាត់​អ្វី​ម្យ៉ាង​ក្នុង​ជីវិត​ ​សព្វ​ថ្ងៃនេះ​ ​ខ្ញុំ​បាន​ទាក់ទង​ស្រី​ស្អាតៗ​ជា​ច្រើន​ ​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ​គ្មាន​អ្នក​ណា​អាច​លប់​រូប​នីតា​ចេញពី​បេះដូង​ខ្ញុំ​សោះ ។​ ​ខ្ញុំ​នៅ​តែ​គិត​ថា​ខ្ញុំ​គ្មាន​ចិត្ដ​លើ​ស្រី​ម្នាក់​នោះ​ទេ​ ​តែ​មិនដឹង​ហេតុ​អី​ថ្ងៃ​ណា​ក៏​ខ្ញុំ​បើកឡាន​ទៅ​ឈប់​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​ការ​ពិត​ខ្ញុំ​ចង់​ជួប​នាង​ខ្លាំង​ណាស់​ ​ខ្ញុំ​ហាក់បី​ដូចជា​មាន​ពាក្យ​ជា​ច្រើន​ចង់​និយាយ​ប្រាប់​នាង ។​ ​ក្នុង​មួយ​ថ្ងៃៗ​កិច្ចការ​ទី​មួយ​ដែល​ខ្ញុំ​នឹក​ឃើញ​មុនគេ​ ​គឺ​«រង់ចាំ​នាង» ។​

ពេលវេលា​ពិតជា​លឿន​ណាស់​ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ​ខ្ញុំ​មាន​ការងារ​ល្អ​ធ្វើ​ ​ប៉ា​ម៉ាក់​របស់ខ្ញុំ​បាន​ស្ដីដណ្ដឹង​កូនស្រី​អ្នកមាន​ឲ្យ​ខ្ញុំ​ ​តែ​ខ្ញុំ​បដិសេធ​ ​អស់ពី​មួយ​ទៅ​មួយ​រហូត​ដល់​ពួក​គាត់​ឈប់​ខ្វល់​ពី​រឿង​ខ្ញុំ ។​ ​ខ្ញុំ​ដឹង​ថា​ ​ទាំង​គ្រួសារ​ខ្ញុំ​ ​និង​មិត្ដ​ភក្ដិ​របស់ខ្ញុំ​ ​នាំ​គ្នា​ឆ្ងល់​នឹង​ខ្ញុំ​ មែន​ហើយ​ខ្ញុំ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​ ​ខ្ញុំ​ឈប់​ចង់​សប្បាយ​ ​ឈប់​មើលងាយ​សេចក្ដី​ស្នេហា​ ​ខ្ញុំ​ហាក់បី​ដូចជា​កំពុង​រស់​នៅ​លើ​លោក​នេះ​តែ​ម្នាក់ឯង​ ​ជាមួយនឹង​ការ​រង់​ចាំ​ ​ខ្ញុំ​មិន​សោកស្ដាយ​ភាព​ជា​យុវវ័យ​ដែល​កន្លង​ទៅ​ទេ​ ​តែ​ខ្ញុំ​ស្ដាយ​ដែល​មិន​បាន​ជួប​និយាយ​ជាមួយ​នាង​ ​ខ្ញុំ​ស្ដាយ​បើ​បាត់បង់​អ្វីៗ​ដែល​នាង​ធ្លាប់​ឲ្យ​ខ្ញុំ​ ​នីតា​ពេល​នេះ​នាង​នៅ​ទីណា ? នាង​កំពុង​ធ្វើ​អ្វី ?

ថ្ងៃមួយ​ខ្ញុំ​មាន​ជម្ងឺ​ត្រូវ​ចូល​មន្ទី​ពេទ្យ​ ​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​ពេល​នោះ​ខ្ញុំ​បាន​ជួប​វេជ្ជបណ្ឌិត​ស្រី​ម្នាក់​ដែល​មាន​វ័យ​ប្រហែលជា​បង​ខ្ញុំ​ពីរ​ឬ​បី​ឆ្នាំ​ ​គាត់​យកចិត្ដ​ទុកដាក់​នឹង​ខ្ញុំ​ណាស់​ ​ហាក់បី​ដូចជា​ស្គាល់​ខ្ញុំ​យូរ​ណាស់​មក​ហើយ ។​ ​

ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ​ គាត់​បាន​មក​និយាយ​ជាមួយ​ខ្ញុំ​…

- ខ្ញុំ​ឃើញ​លោក​មក​មុខ​មន្ទី​ពេទ្យ​នេះ​ស្ទើរ​រាល់ថ្ងៃ​ ​លោក​រក​អ្នក​ណា​ ​ឬ​ចាំ​អ្នក​ណា​មែន​ទេ ? បើ​ពិតមែន​ ​លោក​គួរ​ឈប់​ចាំ​ទៅ​ ​បើ​គេ​អាច​មក​រក​លោក​ ​គេ​មិន​ឲ្យ​លោក​ចាំ​គេ​យូរ​យ៉ាងនេះ​ទេ ។

- មាន​រឿង​ខ្លះ​សូម្បី​តែ​ខ្លួន​យើង​ក៏​មិនដឹង​ច្បាស់​ដែរ ។

- ថ្ងៃ​ណា​ក៏​ខ្ញុំ​ឃើញ​លោក​ដែរ​ ​លោក​មិន​យល់​ថា​ ​វា​ខាត​ពេល​ច្រើន​ណាស់​ទេ​មែន​ទេ ? អ្នក​នោះ​សំខាន់​យ៉ាងណា​ទៅ​បានជា​លោក​ធ្វើ​បែប​នេះ ?

- ខ្ញុំ​ពិតជា​មិនដឹង​ខ្លួនឯង​ថា​ ​ហេតុ​អ្វី​នោះ​ទេ​ ​ហើយក៏​មិនដឹង​ថា​ខ្ញុំ​ធ្វើ​បែប​នេះ​ព្រោះ​អ្វី​ដែរ​ ​ខ្ញុំ​ចាំ​នាង​មែន​ ​ខ្ញុំ​ពិតជា​មិន​សោកស្ដាយ​ពេលវេលា​មែន​ ​ខ្ញុំ​ក៏​មិន​ធ្លាប់​គិត​ថា​ស្រឡាញ់​នាង​នោះ​ដែរ​ ​តែ​ពេល​បាត់​នាង​ ​ជីវិត​ខ្ញុំ​ហាក់បី​ដូចជា​បាត់​អ្វី​ម្យ៉ាង​ដែល​សំខាន់​បំផុត​ ​ខ្ញុំ​ធ្លាប់​បាន​ព្យាយាម​បំភ្លេច​រឿងរ៉ាវ​ទាំងនោះ​ហើយ​ ​នៅ​ទីបំផុត​គឺ​នៅ​តែ​ដដែល ។

អ្នកគ្រូ​ពេទ្យ​សម្លឹង​មក​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក​ស្រងូត​ស្រងាត់​ ​និង​និយាយ​មក​រក​ខ្ញុំ​យ៉ាង​ទន់ភ្លន់​…

- លោក​ដឹងខ្លួន​ទេ​ថា​ ​លោក​ស្រឡាញ់​នាង​ខ្លាំង​ណាស់​ ​លោក​ជា​មនុស្ស​ប្រុស​ដ៏​ស្មោះត្រង់​ម្នាក់​ ​គួរ​ឲ្យ​សរសើរ​ ​តែ​លោក​បំភ្លេច​គេ​ចោល​ទៅ​ ​ពេល​នេះ​ប្រហែលជា​គេ​រៀប​ការ​មាន​កូន​បាត់​ទៅ​ហើយ​ ​លោក​អាយុ​ច្រើន​ណាស់​ហើយ​គួរ​រក​សុភមង្គល​សម្រាប់​ខ្លួន​ទៅ ។

- អ្នកគ្រូ​មិន​យល់​ទេ ពីរ​ថ្ងៃ​ទៀត​ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​បារាំង​វិញ​ហើយ​ ​ខ្ញុំ​មក​នេះ​តាម​ការ​អញ្ជើញ​របស់​ប្រធាន​មន្ទីរពេទ្យ​នេះ​តែ​ពីរ​ខែ​ប៉ុណ្ណោះ ។

គាត់​ដើរទៅ​ជិត​មាត់​បង្អួច​សម្លឹង​ចេញ​ទៅ​ក្រៅ​ ​រួច​និយាយ​ដោយ​មិន​បែរ​មក​រក​ខ្ញុំ​….

- ខ្ញុំ​និយាយ​រឿងនិទាន​មួយ​ឲ្យ​លោក​ស្ដាប់​​……. កាលពី​ខ្ញុំ​នៅ​ជា​គិលានុបដ្ឋាយិកា​នៅ​ទី​នេះ​ ​កាលពី​២០​ឆ្នាំ​មុន មាន​ក្មេង​ស្រី​ម្នាក់​មាន​ជម្ងឺ​មហារីក​ខួរក្បាល​ដល់​ដំណាក់កាល​ចុង​ក្រោយ​ដែល​ត្រូវ​វះកាត់​ ​ខ្ញុំ​ជា​អ្នក​ថែទាំ​នាង​មុន​នឹង​នាង​ស្លាប់​ ​នាង​គ្មាន​អ្នក​ណា​ទេ​ ​នាង​ជា​កូនកំព្រា​ដែល​រស់​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​គេ​ជា​ក្មេង​ស្រី​ម្នាក់​រឹង​ម៉ាំ​ណាស់​ ​ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជីវិត​នាង​ក៏ដោយ​ ​ប៉ុន្ដែ​នាង​ប្រាប់​ខ្ញុំ​ថា​ ​នាង​មិន​ចង់​ស្លាប់​ទេ​ ​នាង​សុំ​ឲ្យ​ពួក​យើង​ជួយ​នាង​ទោះ​តាម​វិធី​ណា​ក៏ដោយ​ ​ពាក្យ​អង្វរ​របស់​នាង​ធ្វើ​ឱ្យ​គ្រូពេទ្យ​ម្នាក់ៗ​ខ្លោចផ្សា​ណាស់​ ​ពីព្រោះ​នាង​តែងតែ​ញញឹម​ ​និង​និយាយ​យ៉ាង​ទន់ភ្លន់​មក​រក​ពួក​យើង​ ​ពួក​យើង​ពិតជា​ចង់​ជួយ​នាង​ណាស់​ ​ពួក​យើង​មិន​ត្រូវការ​ប្រាក់​ពី​នាង​សូម្បី​តែ​មួយ​កាក់ ។​ ​មុន​វះកាត់​បី​ថ្ងៃ​ ​នាង​ត្រូវ​កោរសក់​ចេញ​ទាំងអស់​ ​នាង​កាន់តែ​ខ្សោយ​ទៅ​ហើយ​ ​ថ្ងៃមួយ​ ​នាង​បាន​ឲ្យ​ខ្ញុំ​រុញ​នាង​ទៅ​ក្បែរ​របង​មុខ​មន្ទីរពេទ្យ​ ​នាង​ហាក់​ដូចជា​សប្បាយចិត្ដ​នៅ​ពេល​បានឃើញ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​រ៉េ​រ៉ៗ​ ​ដូច​ជា​កំពុង​រង់ចាំ​អ្នក​ណា​ម្នាក់​ ​នាង​សម្លឹង​ទៅ​បុរស​នោះ​ទាំង​ទឹកភ្នែក​និង​ស្នាម​ញញឹម​ដ៏​កំសត់​ ​នាង​ប្រាប់​ខ្ញុំ​ថា​ ​គេ​ជា​បុរស​ម្នាក់​ដែល​នាង​ស្រឡាញ់​បំផុត​ក្នុង​ជីវិត​ ​ខ្ញុំ​សួរ​នាង​ថា​ហេតុ​អ្វី​មិន​ប្រាប់​បុរស​នោះ​ពី​ជម្ងឺ​របស់​នាង​ ​នាង​និយាយ​ថា​ ​នាង​ដឹង​ថា​បុរស​នោះ​មិន​ស្រឡាញ់​នាង​ទេ​ ​ហើយ​នាង​ចង់​ឲ្យ​គេ​ស្រឡាញ់​នាង​ជាង​អាណិត​នាង​ ​ប៉ុន្ដែ​នាង​សង្ឃឹមថា​ ​គេ​នឹង​មិន​ស្រឡាញ់​នាង​ ​បើ​គេ​ស្រឡាញ់​នាង​ ​គេ​អាច​នឹង​ខូចចិត្ដ​នៅ​ពេល​ដែល​នាង​ឃ្លាត​ពី​លោក​នេះ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រលប់ ។​ ​មុន​ពេល​ចូល​វះកាត់​ ​នាង​អង្គុយ​លើ​កៅអី​រុញ​សម្លឹង​តាម​មាត់​បង្អួច​សំដៅ​ទៅ​កន្លែង​ដែល​បុរស​នោះ​ធ្លាប់​ឈរ​ ​នាង​ផ្ដាំ​ខ្ញុំ​ថា​បើ​ថ្ងៃស្អែក​ ​នាង​មិន​មាន​ឱកាស​មក​សម្លឹង​មើល​គេ​ទេ​ ​ហើយ​គេ​នៅ​តែ​មក​ឈរ​នៅ​ទីនោះ​ទៀត​ ​នាង​សុំ​ឲ្យ​ខ្ញុំ​ទៅ​ប្រាប់​ម្នាក់​នោះ​ថា​ ​នាង​រៀប​ការ​ទៅ​នៅ​ប្រទេស​ក្រៅ​បាត់​ទៅ​ហើយ ។ នាង​ពិតជា​គ្មាន​សំណាង​មែន​ ​ពួក​គ្រូពេទ្យ​ទាំងអស់​ស្ដាយ​នាង​ណាស់​ ​ពួក​យើង​មិន​ដែល​ស្រក់​ទឹកភ្នែក​ ​និង​ឈឺចាប់​ខ្លាំង​បែប​នេះ​ទេ​ ​នៅ​ពេល​មាន​អ្នកជម្ងឺ​ស្លាប់​ ​ជីវិត​នាង​ឯកា​ណាស់​ ​ហើយក៏​ត្រូវ​ស្លាប់​ក្នុង​ភាព​ឯកា​ ​ខ្ញុំ​ស្ដាយ​ស្នាមញញឹម​ក្មេង​ស្រី​ម្នាក់​នេះ​ណាស់​ ​តែ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​នាង​ទេ​ ​បើ​ទោះជា​ខ្ញុំ​បានឃើញ​បុរស​ម្នាក់​រាល់ថ្ងៃ​ក៏ដោយ​ ​ខ្ញុំ​មិនដឹង​ថា​ខ្លួនឯង​ធ្វើ​ខុស​ ​ឬ​​ត្រូវ​នោះ​ទេ​ ​តែ​ខ្ញុំ​យល់​ថា​បើ​និយាយ​តាម​ការ​សុំ​របស់​នាង​ ​វា​ហាក់បី​ដូចជា​អយុត្ដិធម៌​ចំពោះ​ទឹកចិត្ដ​នាង​ណាស់ ។​

- រឿងនិទាន​របស់​បង​ចប់​ហើយ​មែន​ទេ ? (ខ្ញុំ​និយាយ​ទៅ​កាន់​អ្នកគ្រូ​ពេទ្យ​ម្នាក់​នោះ​ ​ទាំង​មិនដឹង​ថា​ ​ទឹកភ្នែក​របស់ខ្ញុំ​ហូរ​មក​តាំងពី​ពេល​ណា)

គាត់​ដើរមក​ជិត​ខ្ញុំ​ក្នុង​ខណៈ​ដែល​ខ្ញុំ​កំពុង​យកដៃ​ខ្ទប់​មុខ​ ​គាត់​ឱន​ក្បាល​ដាក់​ខ្ញុំ​រួច​និយាយ​ថា ៖

- ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​មិន​បាន​ប្រាប់​ការ​ពិត​ដល់​លោក​នៅ​ពេល​នោះ​ ​លោក​ជា​បុរស​ល្អ​ណាស់​ ​ស្ដាយ​ណាស់​ដែល​នាង​មិន​បាន​ដឹង​ថា​ ​នាង​សំខាន់​សម្រាប់​លោក​យ៉ាងនេះ ។​ ​ខ្ញុំ​ពិតជា​សុំ​ទោស​លោក ។

និយាយ​ចប់​គាត់​ក៏​ដើរ​ចេញ​ទៅ​ ​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់ឯង​ជាមួយនឹង​រឿងនិទាន​របស់​គាត់​ ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​គាត់​និទាន​ពី​រឿង​របស់​អ្នក​ណា ។ គាត់​បាន​នាំ​ខ្ញុំ​ទៅ​គោរព​ផ្នូរ​របស់​មនុស្ស​ស្រី​ដែល​នៅ​ក្នុង​រឿងនិទាន​របស់​គាត់​ ​ខ្ញុំ​បាន​សម្លឹង​ផ្នូរ​នោះ​យ៉ាង​យូរ ។ ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ​ខ្ញុំ​បាន​ប្រមូល​វត្ថុ​អនុស្សាវរីយ៍​ទាំងអស់​ដែល​នាង​បាន​ជូន​មក​ខ្ញុំ​ ​រួម​ទាំង​រូបថត​របស់​ពួក​យើង​ទៅ​ដុត​ចោល​ទាំងអស់​ ​ខ្ញុំ​ដឹងខ្លួន​ច្បាស់​ណាស់​ថា​ ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ ​វា​គ្មាន​របស់​អ្វី​គួរ​ឲ្យ​ស្ដាយ​ស្រណោះ​ទៀត​នោះ​ទេ​ ​ព្រោះថា​របស់​ដែល​ខ្ញុំ​ខំ​រង់ចាំ​ ​របស់​ដែល​គួរ​ឲ្យ​ស្ដាយ​បំផុត​ក្នុង​ជីវិត​នេះ​ វា​បាត់​ទៅ​ហើយ​ ​វា​គ្មាន​ថ្ងៃ​នឹង​ត្រលប់​ឡើយ​ ​អ្វី​ដែល​ជា​របស់​នាង​គួរតែ​ទៅ​តាម​នាង ។

ថ្ងៃមួយ​នៅ​ចំពោះ​មុខ​ផ្នូរ​របស់​នាង​ ​ខ្ញុំ​បាន​គិតដល់​រឿងរ៉ាវ​ទាំងឡាយ​រវាង​ខ្ញុំ​ ​និង​នាង​ ​ខ្ញុំ​លើក​ស្រា​មួយ​ដប​ផឹក​ដើម្បី​អបអរសាទរ​ដែល​ខ្ញុំ​ឈប់​រង់ចាំ​នាង ។​

- នីតា​ ​តើ​នាង​ចង់​ដឹង​ពី​ចិត្ដ​របស់ខ្ញុំ​ចំពោះ​នាង​ទេ ? បន្ដិចទៀត​ខ្ញុំ​នឹង​ទៅ​ជួប​នាង​ ​នាង​ឈប់​ឯកា​ហើយ ។​

កុំ​ឆ្ងល់​អី​ថា​ហេតុ​អ្វី​បានជា​ខ្ញុំ​ធ្វើ​បែប​នេះ​ ​ចាត់​ថា​ខ្ញុំ​ល្ងង់​ ​ឬ​ក៏​ឆ្កួត​ទៅ​ចុះ​ ​ពីព្រោះ​ខ្ញុំ​ឆ្កួត​ទៅ​លេង​ជាមួយ​នាង​ ​ឆ្កួត​ទៅ​រង់ចាំ​នាង​ ​ពេល​នេះ​ខ្ញុំ​ឆ្កួត​ជា​លើក​ចុង​ក្រោយ​ដើម្បី​បញ្ចប់​ភាព​ឈឺចាប់ ៕

 

July 22, 2009

រឿង​ដែល​ខ្ញុំ​ធ្លាប់​យល់​ខុស

ក្រសាំងទាប

ក្រសាំងទាប

នៅ​ពេល​លោក​អ៊ំ​ម្នាក់​រៀបរាប់​អំពី​ឈ្មោះ​អន្លក់​មួយ​ប្រភេទ​ដែល​ដំបូង​ឡើយ​គេ​ប្រាប់​គាត់​ថា​ជា «ក្រសាំង​ខ្ពស់» នោះ ធ្វើ​ឲ្យ​គាត់​យល់​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ​ថា​ជា «ក្រសាំងទាប» ទេ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ដឹង​ជុំ​វិញ​ខ្លួន​ប្រហែល​ជា​មិន​ជាន់​ដាន​លោក​អ៊ំ​ទេ​មើល​ទៅ ។ លុះដល់​សប្ដាហ៍​មុន​នេះ ខ្ញុំ​រក​ឃើញ​ថា ខ្ញុំ​បាន​យល់​ខុស​អំពី​ឈើ​ពីរ​ប្រភេទ​គឺ «រកា» និង​ «ក្រឡាញ់» ។

«រកា» ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dialium cochinchinense​ ស្ថិត​ក្នុង​អំបូរ Leguminosae-caesalpinioideae ជា​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ ដើម​មាន​បន្លា​ធំៗ​រង្វើលៗ ផ្លែ​តូចៗ​ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ ។ តាំង​ពី​ធំ​ដឹង​ក្ដី​មក នៅ​ពេល​ឃើញ​រូប​គំនូរ​នៅ​តាម​វត្ត និង​តាម​ប្រាសាទ ឬ​ស្ដាប់​ចម្រៀង ខ្ញុំ​តែង​តែ​យល់​ថា «រកា (ដែក)» គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ម្យ៉ាង​រាង​មូល​ខ្ពស់​មាន​បន្លា​ ​ដែល​ជា​ជំនឿ​ក្នុង​ពុទ្ធសាសនា​ដើម្បី​ដាក់​ទោស​សត្វ​នរក​ដែល​កាល​ពី​នៅ​រស់​ធ្លាប់​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ គឺ​មិន​ដែល​គិត​ថា «រកា» គឺ​ជា​ប្រភេទ​ឈើ​ម្យ៉ាង​នោះ​ឡើយ ។

ដើម​រកា

ដើម​រកា

ដើម​រកា និង​បន្លា

ដើម​រកា និង​បន្លា

 គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

«ក្រឡាញ់» មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Bombax ceiba ស្ថិត​ក្នុង​អំបូរ Bombacaceae ជា​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ តាំង​ពី​តូច​រហូត​ដល់​អាយុ​១៧​ឆ្នាំ​ខ្ញុំ​មិន​ដែល​បាន​ឃើញ និង​​បរិភោគ​ផ្លែ​ក្រឡាញ់​ម្ដង​ណា​ឡើយ គឺ​គ្រាន់​តែ​បាន​ឮ​បាន​ដឹង​ថា មាន​ស្រុក​មួយ​ឈ្មោះ «ក្រឡាញ់» ស្ថិត​នៅ​ខេត្ត​សៀមរាប ។ លុះ​ក្រោយ​មក​ក៏​ពុំ​ដែល​បាន​ឃើញ​ដើម និង​ផ្លែ​ក្រឡាញ់​មិន​ទាន់​បក​សម្បក​ឡើយ គឺ​បាន​ត្រឹម​តែ​ឃើញ និង​ទិញ​បរិភោគ​នូវ​ផ្លែ​ក្រឡាញ់​ដែល​មាន​ដាក់​លក់​គិត​ជា​កំប៉ុងៗ​ប៉ុណ្ណោះ ។ ផ្លែ​ក្រឡាញ់​ប្រភេទ​នេះ​មាន​រសជាតិ​ផ្អែម ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ក្រឡាញ់​មាន​ផ្លែ​ផ្អែម​ស្រេច​ពី​ធម្មជាតិ ។ ប៉ុន្តែ មិន​ដូច​ការ​យល់​ស្មាន​សោះ ផ្លែ​ក្រឡាញ់​ពី​ធម្មជាតិ​គឺ​ «មាន​រសជាតិ​ចត់» ។ ការ​ពិត​គ្រាប់​ផ្លែ​ក្រឡាញ់​ផ្អែម​ដែល​មាន​ដាក់​លក់​នោះ​គឺ​បាន​ឆ្លង​កាត់​ការ​ឆឹង​ស្ករ​ជា​មុន​សូរេច​សោះ ។

ដើម​ក្រឡាញ់

ដើម​ក្រឡាញ់

 ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

សរុប​មក​ ឆ្លង​តាម​បទពិសោធន៍​នេះ ពាក្យ​ដែល​គេ​និយាយ​ថា «ចំណេះ​ដឹង​ឥត​ព្រំដែន ឬ​គ្មាន​ទី​បញ្ចប់» គឺ​ពិត​ជា​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​មែន ! ចំណែក​ខ្ញុំ​ មាន​រឿង​រ៉ាវ​សាមញ្ញៗ​ជុំ​វិញ​ខ្លួន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ស្វែង​យល់​ជា​បន្ត​បន្ទាប់ ហើយ​ប្រហែល​ជា​ពេញ​មួយ​ជីវិត​ផង​ក៏​សឹង​មាន ?

 

July 17, 2009

កំណើត​សត្វ​ឆ្មា

អតីត​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុឌ្ឍីបព៌ត​ ​តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ​ជា​អង្វែង​ឆ្នាំ​មក ។​ ​នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​ ​គឺ​ទិស​បូព៌ា​១​ ​ទក្សិណ​១​ ​បស្ចិម​១​ ​និង​ឧត្ដរ​១ ។ ស្រះ​នោះ​មាន​ទឹកថ្លា​ ​មាន​ដុះ​ឈូក​ក្រហម​ ​ឈូក​ស​ ​និង​បុប្ផា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ​ឯ​មាត់​ច្រាំង​ក៏​ជ្រាល​មុខ​គួរ​ឱ្យ​សប្បាយ​ពេក​ណាស់ ។​ ​ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍​ ​ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។​ ​មាន​សម័យ​ថ្ងៃមួយ​ ​ព្រះ​ឥសី​គង់​ចម្រើន​មេត្ដា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ​! មាន​ទេពធីតា​មក​ចាប់​កំណើត​ក្នុង​ផ្កា​ឧត្បល​ (បុទមជាតិ, ព្រលិត, លំចង់) ​ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ​ ​អាត្មាអញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ ។​ ​ព្រះ​ឥសី​ក៏​ដាក់​ស្មឹងស្មាធិ៍​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ចុះ​ ​គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្ដរ​ ​ដល់​ស្រះ​ហើយ​ ​ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ​ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ​ ​ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក​ ​ហើយ​និមន្ដ​ត្រឡប់​មក​កាន់​អាស្រម​វិញ​ ​ចិញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ ។ លុះ​ដល់​នាង​ធំ​ ​ក៏​ឱ្យ​ឈ្មោះ​ថា​ ​ឧត្ដរបុប្ផាលុះ​បាន​អាយុ​១៥​វស្សា​ ​លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី​ ​ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ​ ​នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង​ ​អផ្សុក​វិតក្ក​ចិត្ដ​ ​ដូច្នេះ​គួរតែ​អញ​យក​បុប្ផា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បាន​ជា​ពីរ​នាក់ ។ ព្រះ​ឥសី​គិត​ហើយ​ឈ្វេងយល់​ថា​ ​ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា​ ​ជា​ជាតិ​ផ្កា​ដូច​គ្នា​ ​ដូច្នេះ​ចាំ​យក​ជាតិ​ដែល​កើត​ចេញ​ពី​នាង​ផ្ទាល់​វិញ ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង​ឧត្ដរបុប្ផា​មក​ផ្ដាំ​ថា​ ​បើកាលណា​នាង​ធំ​ពេញ​រាង​ហើយ​មាន​រដូវ​ ​ចូរ​នាង​ផ្ដិត​សម្លី​ទុក​ឱ្យ​តាៗ​នឹង​ជប់​ឱ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់ ។​ ​នាង​ឧត្ដរបុប្ផា​បាន​ឮ​លោកតា​មាន​ពុទ្ធដីកា​ហើយ​ ​ក៏​ត្រេកអរ​ពន់​ពេក​ ​លុះដល់​គម្រប់​ពេល​មាន​រដូវ​កាលណា​ហើយ​ ​នាង​ក៏​យក​ទៅ​ថ្វាយ​លោកតា​តាម​បណ្ដាំ ។​ លោកតា​ប្រាប់​ទៅ​នាង​ថា​៖ អើ​ចៅ​! ថ្ងៃស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់​គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ ។​ ​វេលា​យប់​នោះ​នាង​ដេក​ពុំ​លក់​សោះ​ទន្ទឹង​ចាំតែ​ព្រឹក​ឆាប់​ ​នឹង​អាល​បាន​គ្នា​ជា​ពីរ​នាក់ ។​ ​លុះ​ព្រឹក​ឡើង​ ​លោកតា​ក៏​បិទ​ទ្វារ​កុដិ​ ​តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ដ​ជប់​បាន​ជា​ឆ្មា​ញី​មួយ​សប្បុរ​បី​អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឱ្យ​ទៅ​នោះ ។ រួច​ស្រេច​ហើយ​ ​ឥសី​ហៅ​នាង​ឧត្ដរបុប្ផា​មក​ ​ហើយ​លើក​ឆ្មា​ហុច​ឱ្យ​នាង​ ​ប្រាប់​នាង​ថា​ ​“នេះ​ជា​គ្នា​របស់​នាង​ហើយ​ ​សត្វ​នេះ​មាន​ឈ្មោះ​ថា​ ​“ឆ្មា​ម៉ា” ។ សត្វ​នោះ​ចេះ​និយាយ​គួរសម​ជាមួយ​នាង​ ​នាង​ក៏​ទទួល​យក​មក​ថែរក្សា​ ​ដោយ​សេចក្ដី​ស្រឡាញ់​ពេញចិត្ដ​ ​ទុក​ដូចជា​កូន​ ​ឬ​ប្អូន​ឱប​ដល់​ឱរា ​បី​យក​ទៅ​ក្នុង​បន្ទប់​ ​ទៅ​ណា​មក​ណា​តែង​យក​ទៅ​តាម​និយាយ​គ្នា​បី​ដូច​មនុស្ស​ដូច្នេះ ។​ ​លុះ​ដល់​អាយុ​នាង​បាន​១៧​ឆ្នាំ​ ​ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា​ឱ្យ​នាង​កាន់​ ​កុំ​ឱ្យ​ភាន់ច្រឡំ​ ​សម្រាប់​ជា​ច្បាប់​តទៅ​កូនចៅ​ស្រីៗ​ឯក្រោយ​ទៀត​ គឺថា​ជាតិ​ជា​ស្រី​ទាំង​អម្បាលម៉ាន​ ​មិន​ត្រូវ​ទាត់​សត្វ​ឆ្មា​នេះ​នឹង​ជើង​ ​ឬ​វាយ​នឹង​អម្បោស​ ​ឬ​មួយ​នឹង​ត្របុត​ត្រីអាំង ។​ ​កុំ​ថា​តែ​ទាត់​ធាក់​ ​សូ​ម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ​ ​ត្បិត​សត្វ​នេះ​កើត​ឡើង​ដោយ​លក្ខណ៍​ស្រី ។​ ​បើ​ស្រី​ណា​ទាត់​ធាក់​ ឬ​ដើរ​កន្លង​សត្វ​នេះ​ ​ហៅ​ថា​ស្រី​ហិនលក្ខណ៍​ ​ហើយ​បើ​ប្រព្រឹត្ដ​ច្រើន​ដង​ទៅ​ហៅ​ថា​ ​ស្រី​ខាតលក្ខណ៍ ។​ ​ត​មក​ប្រមាណ​១៤​ខែ​ ​សត្វ​ឆ្មា​ម៉ា​ក៏​កើត​បាន​កូន​ឈ្មោល​មួយ​ឡើង​ទៀត ។​ ​គឺថា​ឆ្មា​ម៉ា​ទាំង​ពីរ​នេះ​ហើយ​ ​ជា​កំណើត​ឆ្មា​ទាំងអស់ ។​

និយាយ​ពី​ស្ដេច​អង្គ​នាម​សោទត្ដ​ ​ព្រះរាជ​បិតា​លើក​រាជសម្បត្ដិ​ឱ្យ​កូន​នោះ​សោយរាជ្យ​ ​ពី​ព្រះ​ជន្ម​បាន​២១​ព្រះ​វស្សា​ ​នៅ​នគរ​ឈ្មោះ​តក្កសិលា ។​ ​ស្ដេច​ថ្មី​នោះ​សោយរាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ​ ​ត្រអាល​ក្រសាល​តែ​នឹង​ស្រីស្នំ​បរិពារ ។​ លុះ​អង្វែង​ទៅ​ ​ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ​ ​លោក​នឹកភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ ។​ ​លុះ​ភ្លឺស្វាង​កាលណា​ ​ស្ដេច​ក៏​ចេញ​ចុង​ព្រះ​រាជរោង​ ​ឱ្យ​នាម៉ឺន​មុខមន្ដ្រី​គាល់​ដូច​សព្វដង ។​ ​លុះ​ជួបជុំ​មន្ដ្រី​អស់ហើយ​ ​ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​ថា​ ​“យើង​ចង់ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខានស្អែក​ ​ចូរ​រៀបចំ​ពល​ថ្មើរជើង​ ​និង​សេះ​ដំរី​រៀបចំ​ស្បៀងអាហារ​ក្រយាស្ងោយ​គ្រាន់​គ្រប់​គ្នា​កុំឱ្យ​ខ្វះ” ។ នាម៉ឺន​ទទួល​ព្រះរាជ​ឱង្ការ​កាលណា​ ​ក៏​រៀប​គ្រប់​ប្រដាប់​ឥត​មាន​ខ្វះ​ ​ពល​ថ្មើរជើង​ ​ពល​សេះ​ដំរី​ ​រួច​ស្រេច​ហើយ​ ​ក៏​ចូល​ក្រាប​បង្គំ​ទូល​ស្ដេច​ទ្រង់​ជ្រាប ។​ ​លុះដល់​កំណត់​ថ្ងៃ​ហើយ​ ​វេលា​ព្រឹក​ ​ស្ដេច​ក៏​យាង​ចេញ​ទៅ​ ​ដោយ​មាន​នាម៉ឺន​សេនា​ ​ទាហាន​ហែ​តាម​ ​លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់​ព្រៃ​ហែមវន​ ​ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឱ្យ​បោះ​ព្រះ​ពន្លា​មួយ​នៅ​ទីនោះ ។​ ​អស់ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់ៗ​គ្នា​ ​តាម​មុខ​របស់​ខ្លួន​ស្រេច​ហើយ​ ​ស្ដេច​មាន​បន្ទូល​បើក​អំណាច​ឱ្យ​អស់​សេនា​លេងល្បែង​ ​ភ្លេង​ច្រៀង​រាំ​តាម​ចិត្ដ​ឱ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ ។

នៅ​ពេល​យប់​នោះ​ ​ស្ដេច​ក៏​ចូល​ផ្ទំ​ក្នុង​ព្រះ​ពន្លាជ័យ​ ​លុះ​អធ្រាត្រ​ស្ងាត់​ឮ​ស្នូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ​មុខ​គួរ​ឱ្យ​ស្រងេះ​ស្រងោច​លន្លង់លន្លោច​ក្នុង​ព្រះ​ទ័យ​ ​មមៃ​នឹកគិត​គ្រប់សព្វ​ ​លុះ​ភ្លឺស្វាង​ព្រះ​សុរិយា​កាលណា​ ​ស្ដេច​ក៏​មាន​ព្រះរាជ​ឱង្ការ​បង្គាប់​ទៅ​រាជ​អាមាត្យ​ឱ្យ​រៀប​ទីន័ង​អស្សត​ថ្វាយ​ព្រះ​អង្គ​នឹង​ត្រេច​មើល​ព្រៃ​កំសាន្ដ​ព្រះ​ទ័យ​ជាមួយនឹង​រាជ​អាមាត្យ​ពីរ​នាក់​និង​ស្ដេច ។​ ​រួច​ហើយ​ចេញ​ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លាជ័យ​វិញ ។​ ​គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក​មួយ​ ​ស្ដេច​ក៏​បរ​ទីន័ង​ទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្ដរបុប្ផា​ ​ទ្រង់​ទត​ទៅ​ឃើញ​ទឹក​ដ៏​រង​ថ្លា​ឃើញ​បុប្ផា​ ​និង​មច្ឆា​គ្រប់​បែប​ ​ហែបហែល​ជ្រួល​ច្រវាត់​មុខគួរ​ឱ្យ​ទ្រង់​សព្វព្រះទ័យ​នឹង​ចុះ​ស្រង់ ។​ ​ទើប​ស្ដេច​មាន​បន្ទូល​ទៅ​អាមាត្យ​ទាំង​ពីរ​ថា​ ​យើង​ងូតទឹក​ស្រះ​នេះ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ដ​សិន​ ​សឹម​បន្ដដំណើរ​ទៅ​ ​ទើប​ឈប់​លែង​ពាជី​ឱ្យ​ស៊ី​ស្មៅ​ ​រួច​ផ្លាស់​ព្រះ​ពស្ដ្រា​ស្រេច​ ​ស្ដេច​ក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ​ឃើញ​មាន​ផ្លូវ​ទក់ៗ​ ​ព្រះ​អង្គ​នឹក​ថា​ ​“យី​! ព្រៃ​នេះ​ជា​សម​សាន្ដ​ឋាន​ស្ងាត់​ណាស់​ ​ម្ដេច​ឡើយ​ក៏​មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នេះ” ។ រួច​ស្ដេច​មាន​បន្ទូល​ទៅ​នឹង​រាជ​អាមាត្យ​ថា​ ​នៅ​ចាំ​យើង​ទី​នេះ​ចុះ​ ​យើង​ដើរទៅ​មើល​ត្រង់នោះ​បន្ដិច ។​ ​ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ​ទៅៗ​បន្ដិច​បាន​ក្រទ្បេក​ឃើញ​អាស្រម​ ​ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា​ ​រោង​នេះ​ជា​រោង​អី ? ជា​ផ្ទះ​ព្រានព្រៃ​ទេ​ឬអ្វី ? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ​ ​ឯ​ព្រះ​ឥសី​កំពុង​ឆាន់​ ​នាង​ឧត្ដរបុប្ផា​កំពុង​អង្គុយ​គាក​លោកតា ។​ ​លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញ​ ​នាង​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ។​ ​ព្រះ​ឥសី​សួរ​ទៅ​នាង​ថា​ ​ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង ។​ ​នាង​និយាយ​តិចៗ​ទូល​ឥសី​ថា​ ​“មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក” ។ ព្រះ​ឥសី​ក៏​បែរ​ព្រះ​ភក្ដ្រ​ទត​យល់​ដូច​នាង​ទូល​មែន ។​ ​ឯ​ព្រះរាជា​ ​លុះ​យល់​ច្បាស់​ដូច្នោះ​ហើយ​ ​ក៏​ចូល​មក​ដល់ទី​នេះ​ ទើប​ស្ដេច​ទូល​ទៅ​ឥសី​ថា​ ​“ខ្ញុំព្រះករុណា​មក​ពី​នគរ​តក្កសិលា” ឥសី​ឈ្វេងយល់​មួយ​រំពេច​ថា​ ​នេះ​ជា​ស្ដេច​ ​ទើប​ព្រះអង្គ​សួរ​ទៅ​ទៀត​ថា​ ​“ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី​?” ។ ព្រះបាទ​សោទត្ដ​ ​ទូល​ឥសី​តាម​ដំណើរ​ ​ឯ​ឥសី​ឈ្វេងយល់​ថា​ ​ស្ដេច​អង្គ​នេះ​ត្រូវជា​គូរ​នឹង​នាង​ឧត្ដរបុប្ផា​ ​លោក​ក៏​ហៅ​ចៅស្រី​ឱ្យ​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា ។

ហេតុតែ​នាង​ជា​ស្រី​មាន​លក្ខណ៍​ ​ក៏​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា​តាម​ពុទ្ធដីកា ។​ ​ព្រះ​អង្គ​ក្រឡេក​យល់​នាង​ ​នាង​ក៏​យល់​ព្រះ​ភក្ដ្រ​ព្រះ​អង្គ​ច្បាស់​ ​ហើយ​ចាប់ចិត្ដ​ទៅ​វិញ​ទៅ​មក​ ​ទើប​ព្រះ​ឥសី​មាន​ពុទ្ធដីកា​ថា​ ​“ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូរ​នឹង​នាង​តាំង​តែ​អំពី​អតីតជាតិ​មក​ម្ល៉េះ” ។ គ្រានោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល​ ​ព្រះបាទ​សោទត្ដ​ក៏​ទូល​ថា​ព្រះ​អង្គ​យក​តែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ​ ​ឥឡូវ​ឱ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិសឧត្ដរ​ឯណោះ​ ​ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវជា​គូរ​ស្រករ​នឹង​នាង​នេះ​ ​ក៏​ស្រេច​តែ​លោកតា​ ​បើ​សព្វព្រះទ័យ​យ៉ាងណា​ខ្ញុំព្រះករុណា​ទទួល​ធ្វើ​តាម​ទាំងអស់ ។ ឥសី​បញ្ជា​ទៅ​វិញ​ថា​ ​“បើ​ដូច្នេះ​ ​សូម​ស្ដេច​ចៅ​ថយ​ទៅ​រៀបចំ​សង់រោង​បី​ល្វែង​ ​ហើយ​រក​ផ្កា​ឱ្យ​បាន​ប្រាំពីរ​ពណ៌​ ​យក​មក​ចង​ផ្ដុំ​ជា​បី​បាច់​ ​ទុក​ឱ្យ​តា​ប្រសិទ្ធិពរ​ជ័យ​ឱ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​សុខ​សប្បាយ​តទៅ” ។

ស្ដេច​ស្ដាប់​ព្រះពុទ្ធ​ដីកា​ហើយ​ ​ក៏​រួសរាន់​ថ្វាយបង្គំ​លា​យាង​មក​ដល់ទី​កន្លែង​ស្រះ​ ​ដែល​ឱ្យ​អាមាត្យ​ចាំ​ ​ហើយ​បបួល​អាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លាជ័យ​វិញ​ ​ដល់​ហើយ​បញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម​ឱ្យ​រៀបចំ​សង់រោង​បី​ល្វែង​តាម​បង្គាប់​ ​ឥសី ។​ ​បាន​រួច​ស្រេច​ក្បួនទ័ព​ព្រមទាំង​ភ្លេង​តូរ្យតន្ដ្រី​ពីរោះ​ល្វឹងល្វើយ​ទៅ​ដង្ហែ​នាង​ឧត្ដរបុប្ផា​ពី​អាស្រម​ឥសី​ ​និមន្ដ​ទាំង​ឥសី​ឡើង​គង់​ព្រះ​វរ​សលៀង​ ​ដង្ហែ​មក​កាន់​ព្រះ​ពន្លា ។​ ​ដល់​ហើយ​ព្រះ​តាបស​ ​តាំង​សូត្រ​ទិព្វមន្ដ​ព្រះ​ឥសី​ ​ក៏​បាចផ្កា​ប្រាំពីរ​ពណ៌​នោះ​ ​ថ្វាយ​ពរ​ជ័យ​ដល់​គូរ​ស្រករ​ថ្មី ។​ ​បី​ថ្ងៃ​ត​មក​ទើប​ព្រះ​អង្គ​ ​និង​នាង​ជាយា​ ​ថ្វាយបង្គំ​លា​លោកតា​ ​នាង​ក៏​ស្រក់​ទឹកភ្នែក​នឹក​អាល័យ​លោកតា​ ​ព្រោះ​តាំងពី​កើត​មក​ពុំ​ដែល​បែក​ទៅ​ណា​សោះ​ ​ឥឡូវ​មិនដឹង​ជា​កាលណា​នឹង​បាន​មក​ថ្វាយបង្គំ​វិញ​ទេ ។​

គ្រានោះ​ឥសី​បាន​ផ្ដាំ​នាង​ថា​៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ​ ​មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ​ ​នាង​ត្រូវ​ឱប​សត្វ​ឆ្មា​ម៉ា​ ​ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទ​បី​ជុំ​ ​រួច​សឹម​ឡើង​ទៅ​ក្នុង​ប្រាសាទ​នោះ​ ​ទើប​នាង​បាន​សុខ​ ​បាន​សិរី​សួស្ដី ។​ ​នាង​ស្ដាប់​សព្វគ្រប់​ហើយ​ក៏​លា​ចេញ​ទៅ ។​ លុះ​ទៅ​ដល់​ព្រះរាជវាំង​ហើយ​ ​មុន​នឹង​ចូល​ក្នុង​ព្រះរាជ​ដំណាក់​ ​ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឱ្យ​ឆ្គង​ ​ក៏​បាន​ប្រកប​ដោយ​សេចក្ដីសុខ​ចម្រើន​រហូត​ទៅ ។​

ទំនងជា​ដោយសារ​រឿង​នេះ​ទេ​ដឹង​ ​បានជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ​ក្នុង​ពេល​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​ គឺ​គេ​និយម​ឱប​ឆ្មា​មួយ​ ​ហើយ​ដើរ​ប្រទក្សិណ​បី​ជុំ​ហើយ​ស្រេច​ទើប​គេ​ឡើង​នៅ ៕

 

July 10, 2009

កំសាន្ត​ថ្ងៃ​នេះ

ចំណែក​១​ចឹប​នៃ​ខេត្ត​បាត់ដំបង

នេះ​ជា​រង្វង់​មូល​ត្រាក់ទ័រ ឬ​រង្វង់​មូល​អាត្រាក់ ស្ថិត​នៅ​ទីរួម​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ។ ពុំ​មែន​ថ្ម ពុំ​មែន​ស៊ីម៉ង់ត៍ គឺ​ជា​ត្រាក់ទ័រ​ពិតៗ​ផស់​គេ​មែន !

នេះ​ជា​រង្វង់​មូល​ត្រាក់ទ័រ ឬ​រង្វង់​មូល​អាត្រាក់ ស្ថិត​នៅ​ទីរួម​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ។ ពុំ​មែន​ថ្ម ពុំ​មែន​ស៊ីម៉ង់ត៍ គឺ​ជា​ត្រាក់ទ័រ​ពិតៗ​ផស់​គេ​មែន !

បទ​ចម្រៀង​ចាហួយ​ និង​សង់ខ្យា បាន​បង្ហាញ​ពី​ការ​មិន​អាច​សម្រេច​ចិត្ត​ដាច់​ណាត់​ថា​តើ​នឹង​ត្រូវ​ជ្រើស​ រើស​យក​១​ណា ។ ឥឡូវ​យើង​ពិចារណា​អំពី​រសជាតិ​នៃ​ខេត្ត​បាត់ដំបង​ដដែល តើ​អ្នក​នឹង​ជ្រើស​ភ្លក់​១​ណា អង្ករ ឬ អ្នក​កាន់​អង្ករ ?

បទ​ចម្រៀង​ចាហួយ​ និង​សង់ខ្យា បាន​បង្ហាញ​ពី​ការ​មិន​អាច​សម្រេច​ចិត្ត​ដាច់​ណាត់​ថា​តើ​នឹង​ត្រូវ​ជ្រើស​រើស​យក​១​ណា ។ ឥឡូវ​យើង​ពិចារណា​អំពី​រសជាតិ​នៃ​ខេត្ត​បាត់ដំបង​ដដែល តើ​អ្នក​នឹង​ជ្រើស​ភ្លក់​១​ណា អង្ករអ្នក​កាន់​អង្ករ ?

 

June 22, 2009

កំសាន្ត​ថ្ងៃ​នេះ

 ៣​​វិនាទី​​ក្រឡេក​មើល​ក្រុង​ប៉ោយប៉ែត

ទិដ្ឋភាព​ច្រក​ព្រំដែន​នៃ​ក្រុង​ប៉ោយប៉ែត នា​ព្រឹកព្រលឹម​ ម៉ោង​​ប្រមាណ៦

ក្រឡេក​ទី​១ ទិដ្ឋភាព​ច្រក​ព្រំដែន​នៃ​ក្រុង​ប៉ោយប៉ែត នា​ព្រឹកព្រលឹម​ ម៉ោង​​ប្រមាណ៦​​

រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ចាប់​ផ្ដើម​ចេញ​ដំណើរ

ក្រឡេក​ទី​២ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ចាប់​ផ្ដើម​ចេញ​ដំណើរ

មិនមែន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទេ គឺ​រថយន្ត​កូរ៉េ​​ ពន្លូត​ខ្លួន​ សណ្ដោង​រ៉ឺម៉ក​ធុន​ធ្ងន់

ក្រឡេក​ទី​៣ មិនមែន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទេ គឺ​រថយន្ត​កូរ៉េ​​ ពន្លូត​ខ្លួន​ សណ្ដោង​រ៉ឺម៉ក​ធុន​ធ្ងន់

 

June 2, 2009

កំសាន្ត​ថ្ងៃ​នេះ

ហេ៎ ! កំពុង​ធ្វើ​អ្វី​ហ្នឹង ? ............. ហ្ន៎ ! អញ្ចឹង​តើ​បាន​ជា​សឹក​ក្រយៅដៃ​អស់ ហើយ​​ឥដ្ឋការ៉ូ​នៅ​ក្នុង​បន្ទប់ទឹក​ភ្លាត់​រអិល​រាល់​តែ​ថ្ងៃ !

ហេ៎ ! កំពុង​ធ្វើ​អ្វី​ហ្នឹង ? …………. ហ្ន៎ ! អញ្ចឹង​តើ​បាន​ជា​សឹក​ក្រយៅដៃ​អស់ ហើយ​​ឥដ្ឋការ៉ូ​នៅ​ក្នុង​បន្ទប់ទឹក​ភ្លាត់​រអិល​រាល់​តែ​ថ្ងៃ !

លោក​អ៊ំ​ម្នាក់​នេះ​ ប្រញាប់​ប្រញាល់​មក​រក​ការ​ព្យាបាល​ពី​អ្នកគ្រូ​ពេទ្យ​ទាំង​ព្រឹក​ព្រលឹម ​ដោយសារ​គាត់​គ្រេច​ “ក” កាលពី​ម៉ោង​៤​ឬ​៥​​ទៀប​ភ្លឺ ។ ប៉ុន្តែ ប្រហែល​ជា​មិនមែន “ក” ដែល​ភ្ជាប់​ពី​ដងខ្លួន​ទៅ​ក្បាល​ទេ​មើល​ទៅ !

លោក​អ៊ំ​ម្នាក់​នេះ​ ប្រញាប់​ប្រញាល់​មក​រក​ការ​ព្យាបាល​ពី​អ្នកគ្រូ​ពេទ្យ​ទាំង​ព្រឹក​ព្រលឹម ​ដោយសារ​គាត់​គ្រេច​ “ក” កាលពី​ម៉ោង​៤​ឬ​៥​​ទៀប​ភ្លឺ ។ ប៉ុន្តែ ប្រហែល​ជា​មិនមែន “ក” ដែល​ភ្ជាប់​ពី​ដងខ្លួន​ទៅ​ក្បាល​ទេ​មើល​ទៅ !

 

April 25, 2009

រឿងខ្មោចនាងតានី

ចេក​នាង​តានី

ចេក​នាង​តានី

រឿង​ខ្មោច​ព្រាយ​បិសាច​ ​មាន​ទាំង​អ្នក​ជឿ​ ​និង​មិន​ជឿ ។ អ្នក​មិន​ជឿ​គិត​ថា​ ​វា​គ្រាន់តែ​ជា​រឿង​កុហក ​លើកយក​មក​និយាយ​លេង​ឲ្យ​សប្បាយ​ដើម្បី​ឲ្យ​អ្នក​ស្ដាប់​មាន​ការ​ភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ ។ បញ្ហា​ខ្មោច​បិសាច​នេះ​ ​មាន​ការ​ជជែក​គ្នា​ឡើង​ប៉ោង​សរសៃ​ក​ ​អស់​រាប់រយ​ជំនាន់​មក​ហើយ​ ​រវាង​អ្នក​ជឿ​ ​និង​អ្នក​មិន​ជឿ​ ​រវាង​អ្នក​ធ្លាប់​ឃើញ​ ​និង​អ្នក​មិន​ធ្លាប់​ឃើញ ។ អ្នក​ដែល​គេ​ជឿ​ថា​ខ្មោច​ព្រាយ​មាន​ពិត​នោះ​ ​ព្រោះ​គេ​ធ្លាប់​មាន​បទពិសោធន៍​ដោយ​ខ្លួនឯង ។ ចំណែក​អ្នក​មិន​ជឿ​នោះ​ ​ព្រោះ​គេ​មិន​ដែល​មាន​ឱកាស​បាន​ជួប​ ​និង​បាន​ឃើញ ។ ជាពិសេស​ ​អ្នក​ដែល​រស់នៅ​ទីក្រុង​ ​ដែល​មាន​ភាព​រីក​ចម្រើន​ស៊ីវីល័យ​ ​និង​ស្ថិត​ក្នុង​បរិយាកាស​គគ្រឹក​គ្រេង​នោះ​ ​គេ​មិន​ជឿ​ថា​ខ្មោច​មាន​ពិត​នោះ​ទេ ។

មិន​ចំពោះ​តែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ជឿ​លើ​រឿង​ខ្មោច​បិសាច​ ​អារក្ស​អ្នកតា​ ​សូម្បី​តែ​ជនជាតិ​បរទេស​ ឬ​អ្នក​វិទ្យាសាស្ត្រ​ ​ក៏​នៅ​ទទួលស្គាល់​ថា​មាន​ខ្មោច​ដែរ ព្រោះ​ធ្លាប់​បាន​ឆ្លង​កាត់​ការពិសោធន៍​ ​និង​បាន​សាកល្បង​រួច​មក​ហើយ ។

ណ្ហើយចុះ ! លោក​អ្នក​ជឿ​ ឬ​ក៏​មិន​ជឿ​ក៏​បាន​ ​ស្រេច​តែ​នៅ​លើ​ជំនឿ​ផ្ទាល់ខ្លួន​ទៅ​ចុះ ។ ពេល​នេះ​ខ្ញុំ​នឹង​លើក​យក​រឿង​ចម្លែក​មួយ​ ​មក​ចែក​ជូន​ប្រិយមិត្ត ។ រឿង​នេះ​ពិត​ឬ​មិន​ពិត​នោះ​ ​សូម​ប្រិយមិត្ត​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ទៅ​ចុះ !

សំបូរ​ ​ជា​កំលោះ​ចាស់​អាយុ​៣០​ឆ្នាំ​គត់ បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​ផ្នែក​ខាង​គ្រូបង្រៀន​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​ ​ឆ្នាំ​១៩៦១ ។

ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ ​ក្រសួង​បាន​ចេញ​ឈ្មោះ​ឲ្យ​ទៅ​បង្រៀន​ក្នុង​ស្រុក​មួយ​នា​ខេត្ត​បាត់ដំបង​ ដែល​តាម​ពិត​នោះ​ ​គេ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ ។ គេ​ទៅ​ធ្វើ​គ្រូបង្រៀន​នៅ​ខេត្តបាត់ដំបង​ ​ទាំង​គ្មាន​ស្គាល់​នរណា​ម្នាក់​សោះ ។ គេ​បាន​ទៅ​ជួល​ផ្ទះ​មួយ​សម្រាប់​ការ​ស្នាក់នៅ ។ ផ្ទះ​មួយ​ខ្នង​នេះ​ ​ស្ងាត់​ល្អ​ណាស់​ ​ជា​ផ្ទះ​របស់​ប្រធាន​ភូមិ​ម្នាក់​ ​ដែល​គាត់​ធ្វើ​ទុក​សម្រាប់​ចែក​ឲ្យ​កូនស្រី​ក្រោយ​ពេល​ដែល​រៀបការ​ជាមួយនឹង​បុរស​អ្នកជំនួញ​ម្នាក់ ។ ប៉ុន្តែ​ ​ត្រូវ​ខក​បំណង​ទៅ​វិញ​ ​ដោយសារ​តែ​កំលោះ​អ្នកជំនួញ​នោះ​ ​ទៅ​រៀប​ការ​ជាមួយនឹង​កូនក្រមុំ​សៀម​បាត់​ទៅ ។ ដូច្នេះ​ផ្ទះ​មួយ​ខ្នង​នេះ​ ​ត្រូវ​នៅ​ទំនេរ​ជា​រហូត​មក ។ គាប់​ជួន​នឹង​សំបូរ​​រក​ជួល​ផ្ទះ​នៅ​ផង​ ​លោក​ប្រធាន​ភូមិ​ក៏​យល់ព្រម​ជួល​ឲ្យ​ក្នុង​តម្លៃ​ថោក​បំផុត ។ សំបូរ​មក​នៅផ្ទះ​ថ្មី​នេះ​ ជា​ផ្ទះ​ទោល​មួយ​ខ្នង​គត់​ ​ដែល​នៅ​កណ្ដាល​ចំការ​ចេក ។ មួយ​រយៈ​ដំបូង​ ​ផ្ទះ​នេះ​មិន​មាន​បង្ហាញ​ហេតុការណ៍​អ្វី​ខុស​ប្លែក​ឡើយ អាច​និយាយ​បាន​ថា​ ​សំបូរ​រស់នៅ​យ៉ាង​មាន​សេចក្ដី​សុខ​គ្រប់​ប្រការ ។

ចេក​នាង​តានី

ថ្ងៃមួយ​ ​ក្រោយ​ពី​ងូតទឹក​ញ៉ាំ​បាយ​រួចរាល់​អស់ហើយ​ ​ម៉ោង​ប្រហែលជា​៧​យប់ ។ សំបូរ​ចេញ​មក​អង្គុយ​យក​ខ្យល់​អាកាស​នៅ​លើរាន​ហាល​ពីមុខ​ផ្ទះ​ ​ដោយ​បង្ហើរ​អារម្មណ៍​អណ្ដែត​អណ្តូង​ស្ងាត់ៗ​ម្នាក់ឯង​នោះ​ ​ក្រសែ​ភែ្នក​របស់​គេ​ក៏​ងាក​ទៅ​ឃើញ​វត្ថុ​ម្យ៉ាង​ដោយ​ចៃដន្យ ។ យប់​នោះ​មាន​ខែភ្លឺ​ស្រទន់​ ​អាច​ល្មម​នឹង​មើលឃើញ​វត្ថុ​ជុំវិញ​ខ្លួន​បាន​ច្បាស់ ។ សំបូរ​មាន​អាការៈ​ភ្ញាក់​បន្តិចបន្តួច​ ​ព្រោះ​ក្រសែភ្នែក​មិន​បាន​កុហក​​ខ្លួនឯង​ឡើយ ។ ពេល​នេះ​ ​ស្ត្រី​ម្នាក់​កំពុង​តែ​ដើរ​សំដៅ​រក​គេ ។ គេ​មាន​ការ​ឆ្ងល់​ណាស់​ថា​ ​«ថ្មើរ​នេះ​ហើយ​មាន​ស្ត្រី​ហ៊ាន​ដើរ​ម្នាក់ឯង​ទៀត ។»

ទីបំផុត​ស្ត្រី​នោះ​ ​ក៏​ដើរមក​ជិត​ដល់​គេ ។ សំបូរ​ក៏​ក្រោក​ឡើង​ស្វាគមន៍​ ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។ គេ​គិត​ថា​ ​ប្រហែលជា​ញាតិ​មិត្ត​បងប្អូន​របស់​លោក​ប្រធាន​ភូមិ​ ​មាន​ធុរៈ​:អ្វី​ម្យ៉ាង​ហើយ​ ​ទើប​មក​ទាំង​យប់​ដូច្នេះ ។ «សុំ​ទោស ! មានការ​អី ! អើ​…អញ្ជើញ ! អង្គុយ​សិន !»

នាង​បង្ហាញ​ស្នាមញញឹម​ដាក់​គេ​បណ្ដើរ​ ​និង​ដើរ​រក​កន្លែង​អង្គុយ​បណ្ដើរ ។ ពេល​បាន​អង្គុយ​ក្បែរ​គ្នា​ក្រោម​ពន្លឺ​ព្រះច័ន្ទ​ដ៏​ភ្លឺ​នោះ​ ​គេ​អាច​ប្រាប់​ខ្លួនឯង​បាន​ថា​ ​ស្រី​ម្នាក់​នេះ​ស្អាត​ ​និង​មាន​មន្ត​ស្នេហ៍​ណាស់ ។ ស្អាត​ទាំង​មុខ​ ​ទាំង​រូបរាង​ ​រហូត​ស្ទើរនឹង​រក​ស្រី​ណា​មក​ប្រៀបប្រដូច​គ្មាន ។ «អ្នក​នាង​ជា​អ្នក​ណា​បាទ ?» សំបូរ​សួរ​បណ្ដើរ​ ​ទម្លាក់​គូទ​អង្គុយ​ ​និង​សម្លឹង​ទៅ​មុខ​នាង​បណ្ដើរ ។

«នាង​ខ្ញុំ​ជា​ញាតិ​មិត្ត​របស់​លោក​ប្រធាន​ភូមិ​ចា៎ ! នាង​ឆ្លើយ​ទាំង​បញ្ចេញ​ស្នាមញញឹម​គួរ​ឲ្យ​ស្រលាញ់ ។ នាង​បញ្ជាក់: លោកគ្រូ​មានអី​ប្លែក​ចិត្ត​ឬ ?»

«ទេ​បាទ ! អើ​…សូមទោស​អ្នក​នាង​ឈ្មោះ​អី​ដែរ ?»

«នាង​ខ្ញុំ​ឈ្មោះ​ ​នី​ ​ចា៎ !»

«ឈ្មោះ​នី ?»

«ចា៎​ ​ជា​ញាតិ​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ !»

«អ្នក​នាង​ ​មក​រក​ខ្ញុំ​នៅ​ពេល​នេះ​មានការ​អី​ដែរ ?»

នាង​បង្ហាញ​ស្នាមញញឹម​បណើ្តរ​ឆ្លើយ​តប​បណ្តើរ​ថា​ «នាងខ្ញុំ​សុំ​នៅ​សម្រាក​មួយ​យប់​ជាមួយនឹង​លោកគ្រូ ។»

ពាក្យ​សំណូមពរ​របស់​នាង​ ​ធើ្វ​ឲ្យ​សំបូរ​ត្រូវ​ប្រញាប់​បដិសេធ​ភា្លម ។ «អូ ! មិន​បាន​ទេ ! អ្នក​នាង​ជា​ស្ត្រី​ ​ហើយ​ខ្ញុំ​ជា​បុរស ។ យើង​ប្រាកដជា​ដេក​មួយ​គ្នា​​តែ​ពីរ​នាក់​មិន​បាន​ទេ ! ម្យ៉ាងទៀត​ ​បើ​លោក​ប្រធាន​ភូមិ​ដឹង​ ​គាត់​ច្បាស់​ក្ដៅក្រហាយ​ជា​មិន​ខាន !»

«លោក​ប្រធាន​ភូមិ​ប្រាកដជា​មិនដឹង​ទេ​ចា៎ ! ទោះជា​នឹង​ដឹង​ ​ក៏​មិន​អី​ដែរ ។ សុំ​ឲ្យ​នាងខ្ញុំ​បាន​នៅ​សម្រាក​ជាមួយនឹង​លោក​មួយ​យប់​ទៅ ?»

សំបូរ​ ​គ្រវីក្បាល​បដិសេធ​ដូច​ដើម ។ «ខ្ញុំ​អនុញ្ញាត​មិន​បាន​ទេ ។ កុំ​ភ្លេច​ថា​ ​អ្នក​នាង​ជា​ស្រី​ ​ខ្ញុំ​ជា​ប្រុស ។ ការ​ខូចខាត​ ​តែងតែ​កើតឡើង​បាន​ ​ប្រសិនបើ​យើង​ដេក​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​នោះ ។ សុំ​ឲ្យ​ឈប់​មាន​គំនិត​ដូច្នេះ​ ​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទៅ​ល្អ​ជាង !»

«លោកគ្រូ​ស្អប់ខ្ពើម​ព្រោះតែ​នាង​ខ្ញុំ​មិន​ស្អាត​ឬ ?»

«ទេ !… មិនមែន​អញ្ចឹង​ទេ ! តែ​ជា​រឿង​ខូចខាត​បាត់បង់​ ​ដែល​យើង​ត្រូវ​ទទួល​ទាំង​ពីរ​នាក់ » សំបូរ​ឆ្លើយ​ដោយ​ស្មោះស​ ​និង​ ​សរសើរ​ថា «អ្នក​នាង​ពិតជា​ស្អាត​ណាស់ ! ប្រសិនបើ​ទៅ​ប្រកួត​បវរ​កញ្ញា​ ​ប្រាកដជា​ជាប់​មិន​ខាន !»

នាង​ញញឹម​ម្ដងទៀត «កាលពី​ឆ្នាំ​មុន​ ​លោក​ប្រធាន​ភូមិ​ធ្លាប់​បញ្ជូន​នាង​ខ្ញុំ​​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​គឺ​នាង​ខ្ញុំ​បាន​ទទួល​តំណែង​ឈ្នះ​ដាច់​គេ​ទៅ​ហើយ !»

«មែនឬ​បាទ ?»

«ចា៎ ! អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ដេក​នៅ​ទី​នេះ​មួយ​យប់​ផង​ទៅ​ណា ?»

ចប់​សម្ដី​របស់​នាង​ម្ដងនេះ​ ​សំបូរ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច​បន្តួច ។ ព្រោះ​ពេល​នេះ​ ​គេ​ឮ​សូរ​សម្លេង​ឆ្កែ​លូ ។ សំបូរ​មានចិត្ត​ខ្វល់ខ្វាយ​ជាង​ធម្មតា ។ «អ្នក​នាង​ត្រលប់​ទៅ​វិញ​ទៅ​ល្អ​ជាង ! ជឿ​ខ្ញុំ​ចុះ !»

នៅ​ពេល​សម្ដី​បដិសេធ​ចុង​ក្រោយ​របស់​សំបូរ​បញ្ចប់​ទៅ​ ​នាង​ក៏​ប្រញាប់​ចុះ​ទៅ​វិញ​ភ្លាម ។

«នាង​ខ្ញុំ​សុំ​សរសើរ​លោកគ្រូ​ថា​ ​ជា​បុរស​ដែល​មានចិត្ត​រឹង​បំផុត ។ ណ្ហើយចុះ ! បើ​មិន​ពេញចិត្ត​ឲ្យ​នាង​ខ្ញុំ​ដេក​ជាមួយ​ ​នាង​ខ្ញុំ​សុំ​លា​សិន​ហើយ !»

និយាយ​ចប់​ ​នាង​ក៏​ឈាន​ជើង​ដើរ​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​ដើម​ចេក​ដ៏​ក្រាស់​ឃ្មឹក ។

ព្រឹកស្អែក​ឡើង​ ​សំបូរ​ប្រញាប់​ទៅ​ជួប​លោក​ប្រធាន​ភូមិ​ ​ដែល​ជា​ម្ចាស់ផ្ទះ​ហើយ​ក៏​សួរ​ថា​«លោក​ប្រធាន​ភូមិ​មានកូន​ក្មួយ​ឈ្មោះ​នី​ទេ ? នាង​ថា​នាង​ជា​ញាតិ​មិត្ត​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ ?»

«ទេ ! ខ្ញុំ​គ្មាន​ទេ ! ហេតុ​អី​ទៅ​លោកគ្រូ ?»

សំបូរ​ ​និយាយ​ហេតុការណ៍​ដែល​កើតឡើង​នោះ​ ​ឲ្យ​លោក​ប្រធាន​ភូមិ​ស្ដាប់​យ៉ាង​លម្អិត ។

«នាង​ថែម​ទាំង​ប្រាប់​ថា​ ​លោក​ប្រធាន​ភូមិ​ធ្លាប់​បាន​បញ្ជូន​នាង​ឲ្យ​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​កាលពី​ឆ្នាំ​កន្លង​ទៅ​ ​និង​បាន​តំណែង​ឈ្នះ​ដាច់​នារី​ដទៃ​ទៀត​ផង !»

លោក​ប្រធាន​ភូមិ​ ​សើច​ហ៊ឹស​ឡើង ។ សំបូរ​ឆ្ងល់​ក៏​សួរ​បញ្ជាក់ «បាន​សេចក្ដី​ថា​យ៉ាងម៉េច​លោក​ប្រធាន​ភូមិ ?»

«ឈប់​សិន ! ខ្ញុំ​ត្រូវ​សួរ​លោកគ្រូ​សិន​…»

«បាទ !…យ៉ាងម៉េច ?»

«ស្រី​ដែល​មក​ជួប​លោក​នោះ​តែងខ្លួន​យ៉ាងម៉េច ?»

«ស្លៀកសំពត់​ចងក្បិន​ ​និង​ដណ្ដប់​ស្បៃ​ ​ពាក់​ឆៀង​…»

«មាន​ផ្កា​ព័ណ៌​ស​សៀត​នៅ​លើ​ត្រចៀក​ទៀត​ផង​មែន​ទេ​លោកគ្រូ ?»

«បាទ​ ​មែន !»

«គេ​មក​ជួបនឹង​លោកគ្រូ​និយាយ​ថា​យ៉ាងម៉េច​ខ្លះ ?»

«នាង​ប្រាប់​ថា​ ​នាង​ជា​ញាតិ​ឆ្ងាយៗ​របស់​លោក​ប្រធាន​ភូមិ ។ លោក​ប្រធាន​ភូមិ​ ​ធ្លាប់​បញ្ជូន​នាង​ទៅ​ប្រកួត​ធីតា​កសិកម្ម​ ​និង​បាន​ទទួល​តំណែង​ឈ្នះ​ដាច់​ នាង​ប្រាប់​តែ​ប៉ុណ្ណោះ​ ​ខ្លាច​មានរឿង​មិនល្អ ខ្ញុំ​ក៏​សំណូមពរ​ឲ្យ​នាង​ទៅ​វិញ !»

«លោកគ្រូ​បាន​មើល​ទេ​ ​ថា​តើ​នាង​ដើរ​ទៅ​ខាង​ណា !»

«នាង​ដើរ​បាត់​ ​ចូល​ទៅ​ក្នុង​ចំការ​ចេក​ទៅ !»

«លោក​ប្រធាន​ភូមិ​ងក់ក្បាល ។ កាលពី​ឆ្នាំ​កន្លង​ទៅ​ខ្ញុំ​បាន​បញ្ជូន​ផ្លែ​ឈើ​មួយ​ប្រភេទ​ ​ចូល​ទៅ​ប្រកួត​ក្នុង​ពិធី​ប្រចាំឆ្នាំ​របស់​ខេត្ត​ ​និង​បាន​ទទួល​រង្វាន់​ឈ្នះ​ដាច់​គេ !»

«ផ្លែ​ឈើ​អី​ទៅ​ ​លោក​ប្រធាន​ភូមិ ?»

«ចេក​តានី !»

សំបូរ​ព្រឺ​ខ្លួន​នៅ​ពេល​លោក​ប្រធាន​ភូមិ​ប្រាប់​ថា «កំលោះៗ​​ដែល​មក​នៅផ្ទះ​មួយ​ខ្នង​នេះ​ ​តែង​ជួបនឹង​ស្រី​ក្រមុំ​តែងខ្លួន​របៀប​បុរាណ​ ​ដូចដែល​លោកគ្រូ​ប្រាប់​មក​អញ្ចឹង ។ គេ​ហៅ​ថា​ ​ខ្មោច​នាង​តានី​ក្រឡា​ខ្លួន​មក ។ លោកគ្រូ​ចាត់​ទុក​ថា​ជា​បុរស​ចិត្ត​រឹង​គ្រាន់បើ​ ​ដែល​មិន​ព្រម​ឲ្យ​នាង​ដេក​ជាមួយ ។ បើ​មិន​អញ្ចឹង​ទេ ! លោកគ្រូ​ប្រាកដជា​គ្មាន​ឱកាស​បាន​មក​និយាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​ស្ដាប់​ទេ !» ៕

 

March 3, 2009

កំសាន្ត​ថ្ងៃ​នេះ

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា

ផលិតផល​ប្រភេទ​ទី១

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា 

ផលិតផល​ប្រភេទ​ទី​២

 ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា

ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​២​ប្រភេទ​ផ្សេង​គ្នា 

 

«« Older Posts |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve