Chouk Khmer

October 28, 2009

សមាសធាតុ​ម្ទេសក្រហម​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ផ្សិត

ផ្លែ​ផ្ទេសក្រហម ម្ទេសក្រហម​បុក

ផ្លែ​ផ្ទេសក្រហម និង​ម្ទេសក្រហម​បុក (រូប​ Wikipedia)

ម្សៅ​ម្ទេសក្រហម (Cayenne peppers) ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿងផ្សំ​អាហារ និង​ប្រើ​ជា​ថ្នាំ​កែរោគ​រាប់ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ទើប​តែ​នៅ​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​មីក្រូសរីរៈវិទូ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Anthony De Lucca និង​សហការី​បាន​រាយការណ៍​ពី​ភស្តុតាង​ដែល​បញ្ជាក់​ថា ម្សៅ​ម្ទេសក្រហម​​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង​នឹង​ផ្សិត​ស្ថិត​ក្នុង​ចង្កោម​សារធាតុ​គីមី​Saponin (វត្ថុធាតុ​ដើម​សម្រាប់​ធ្វើ​សាប៊ូ) ។

ជា​លទ្ធផល​ នៅ​ឆ្នាំ​២០០១ ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិច​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សារធាតុ​ចម្រាញ់ Saponin មាន​ឈ្មោះ​ថា “CAY-1” ដែល​មាន​ចរិតលក្ខណៈ​សម្លាប់​ផ្សិត ។

លោក De Lucca បម្រើការ​នៅ​ផ្នែក​សុវត្ថិភាព​ម្ហូប និង​ចំណី​អារហារ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រចាំ​ភូមិភាគ​ខាងត្បូង (SRRC) ​របស់ ARS នៅ​ទីក្រុង New Orleans រដ្ឋ Louisiana ។ លោក និង​សហការី​បាន​បោះពុម្ព​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​ការ​សិក្សា​ថ្មី​មួយ​ដែល​បង្ហាញ​ថា CAY-1 មាន​ជោគជ័យ​នៅ​ក្នុង​ការសាកល្បង​ក្នុង​មន្ទីរពិសោធន៍​ជា​ភ្នាក់ងារ​សម្លាប់​ផ្សិត​ប្រឆាំង​នឹង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​ពូជ​ទំពាំងបាយជូរ​មួយ​ចំនួន ។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០០៨​នៅ​ក្នុង​ទស្សនាវដ្ដី​អាមេរិចកាំង​នៃ​ការងារ​ផលិត​ស្រា និង​ដាំដុះ​ទំពាំងបាយជូរ (American Journal of Enology and Viticulture) ។

លោក De Lucca មាន​ប្រសាសន៍​ថា “សារធាតុ​ចម្រាញ់ CAY-1 គឺ​ជា​សមាសធាតុ​រុក្ខជាតិ​សកម្ម​ខ្លាំង​ដែល​អាច​សម្លាប់​មីក្រូសរីរាង្គ​នានា​ក្នុង​រយៈពេល​១០​នាទី” ។

សារធាតុ Saponin ត្រូវ​គេ​ជឿថា​ភ្ជាប់​ខ្លួន​ទៅ​នឹង​ភ្នាស​របស់​ផ្សិត​ធ្វើ​ឲ្យ​សមាសភាគ​កោសិកា​ផ្សិត​បែក​ធ្លាយ និង​ស្លាប់ ។ សារធាតុ Saponin ក៏​ចូល​ទៅ​ក្នុង​កោសិកា​របស់​ផ្សិត និង​បង្អាក់​ការ​បញ្ជូន​សញ្ញា​មួយ​ចំនួន ជាលទ្ធផល​គឺ​បំផ្លាញ​ភ្នាក់ងារ​ដែល​បង្កើត​ថាមពល​ដល់​កោសិកា ។

សម្រាប់​ការ​សិក្សា​នេះ លោក De Lucca និង​សហការី​នៅ SRRC បាន​បំបែក​ដាច់​ពី​គេ​នូវ​អំបូរ​ផ្សិត​១០​ប្រភេទ​ពី​ទំពាំងបាយជូរ​ឆ្លង​ជំងឺ​ដែល​ដាំដុះ​នៅ​តំបន់​ក្ដៅ​សើម ។ ពូជ​មួយ​ចំនួន​គឺ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង និង​បន្ទាប់បន្សំ​ដល់​ទំពាំងបាយជូរ ។ ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង​ចម្លង​ជំងឺ​ផ្ទាល់ រីឯ​​ភ្នាក់ងារ​ចម្លង​ជំងឺ​បន្ទាប់បន្សំ​ចម្លង​ជំងឺ​នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​របស់​ទំពាំងបាយជូរ​ចុះ​ខ្សោយ​ដោយសារ​ភាព​តានតឹង រង​របួស ឬ​ឆ្លង​រោគ​ដទៃ​ទៀត ។

អ្នក​ស្រាវជ្រាវ​បាន​សាកល្បង​តេស្ត CAY-1 ប្រឆាំង​នឹង​ផ្សិត​ទាំងនេះ​នៅ​ក្នុង​មន្ទីរពិសោធន៍ ។ CAY-1 មាន​ប្រសិទ្ធភាព​សម្លាប់​ខ្លាំង​នៅ​ដំណាក់កាល​វដ្ដ​ដំបូង​នៃ​ការ​ដុះដាល​ស្ប៉រ​របស់​ផ្សិត​ចំនួន​៧​ប្រភេទ ប៉ុន្តែ​អសកម្ម​ប្រឆាំង​នឹង​ស្ប៉រ​មិន​ដុះដាល ឬ​សំងំ (ក្រាំង) ។ ទោះបីជា​សារធាតុ CAY-1 អាច​សម្លាប់​ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង និង​បន្ទាប់បន្សំ​​ដល់​ទំពាំងបាយជូរ​ក៏​ដោយ​ក៏​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​កំណត់​អំពី​វិធី​នៃ​ការ​ប្រើប្រាស់​សារធាតុ​នេះ​ប្រកប​ដោយ​សុវត្ថិភាព​លើ​ដំណាំ​ទំពាំងបាយជូរ ។

CAY-1 ប្រឆាំង​ទល់​នឹង​ផ្សិត​នៅ​លើ​ស្បែក

ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​នៃ SRRC ក៏​បាន​សហការ​ជាមួយ​រូបសាស្ត្រវិទូ Thomas Walsh និង​អ្នករូបសាស្ត្រ​ដទៃ​ទៀត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) នៅ​ក្រុង Bethesda រដ្ឋ Maryland​ដើម្បី​សិក្សា​ពី​សកម្មភាព​សារធាតុ​CAY-1 ប្រឆាំង​ទល់​នឹង Microsporum canis និង Trichophyton rubrum ជា​ភ្នាក់ងារ​ចម្លង​ផ្សិត​លើ​ស្បែក​ដែល​ចម្លង​រោគ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ។ ការ​សិក្សា​បង្ហាញ​ថា CAY-1 មាន​ភាព​សកម្ម​នៅ​ក្នុង​មន្ទីរពិសោធន៍​ប្រឆាំង​នឹង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​ស្បែក​ទាំង​នេះ ។

លោក De Lucca មាន​ប្រសាសន៍​ថា “CAY-1 មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ផ្សិត​ដែល​បាន​ដាក់​ឲ្យ​ដាច់​ពី​គេ​ចំនួន​១៨​នៃ​ប្រភេទ​ផ្សិត​ទាំង​ពីរ​ខាងលើ​នេះ” ។ ការ​សិក្សា​នោះ​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​២០០៨​នៅ​ក្នុង​ទស្សនាវដ្ដី​វិជ្ជសាស្ត្រ​ផ្នែក​កពកសាស្ត្រ (Journal Medical Mycology) ។

ការ​ស្រាវជ្រាវ​ដំបូង​ដោយ​អ្នកស្រាវជ្រាវ​ SRRC និង NIH បង្ហាញ​ថា សារធាតុ CAY-1 មាន​ភាព​សកម្ម​តិចតួច​ប្រឆាំង​នឹង​សន្ដាន​​ផ្សិត Fusarium ដែល​បណ្ដាល​ឲ្យ​មនុស្ស​ និង​រុក្ខជាតិ​កើត​ជំងឺ ។

ការ​សិក្សា​ទាំងឡាយ​ខាងលើ​បង្ហាញ​ថា សារធាតុ CAY-1 អាច​ប្រើ​បាន​ទាំង​ពីរ​យ៉ាង​គឺ ជា​ភ្នាក់ងារ​សម្លាប់​ផ្សិត​នៅ​ក្នុង​វិស័យ​កសិកម្ម និង​ក្នុង​វិស័យ​វិជ្ជសាស្ត្រ ។ លោក De Lucca និយាយ​ថា “មាន​ប្រសិទ្ធភាព​ដូច​គ្នា​ក្នុង​ការ​កម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​បង្ក​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ឧទាហរណ៍ ពពួក​សន្ដាន​ផ្សិត Aspergillus និង Fusarium និង​ក្នុង​ការ​ចម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​នៅ​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស” ។ អត្ថបទ​ដោយ Rosalie Marion Bliss

បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/July 2009)

មីក្រូសរីរៈវិទូ Anthony De Lucca កំពុង​សង្កេត​ពី​ប្រសិទ្ធភាព​សម្លាប់​នៃ​សារធាតុ CAY-1 ប្រឆាំង​នឹង​ផ្សិត Aspergillus japonicus ដែល​បាន​យក​ចេញ​ពី​ចម្ការ​ទំពាំងបាយជូរ​ដែល​ឆ្លង​ជំងឺ

មីក្រូសរីរៈវិទូ Anthony De Lucca កំពុង​សង្កេត​ពី​ប្រសិទ្ធភាព​សម្លាប់​នៃ​សារធាតុ CAY-1 ប្រឆាំង​នឹង​ផ្សិត Aspergillus japonicus ដែល​បាន​យក​ចេញ​ពី​ចម្ការ​ទំពាំងបាយជូរ​ដែល​ឆ្លង​ជំងឺ

 

October 8, 2009

ការ​សម្រិត​សម្រាំង​ពូជស្រូវ​

ការ​សម្រិត​សម្រាំង​ពូជស្រូវ​

កសិករ​ភាគច្រើន​បាន​ធ្វើការ​សម្រិត​សម្រាំង​ពូជស្រូវ​របស់​ខ្លួន​តាម​វិធី​ផ្សេងៗ ដើម្បី​ទុក​យក​ទៅ​ដាំ​ដុះ​ក្នុង​រដូវ ឬ​ឆ្នាំ​ក្រោយ ។ តែ​​កសិករ​មួយ​ភាគ​ធំ នៅ​តែ​ជួប​ប្រទះ​បញ្ហា​ពូជ​លាយ​ច្រើន​ដដែល​ នេះ​ប្រហែលជា​ពួកគាត់​មិន​បាន​ធ្វើ​ដោយ​ការ​ប្រុង​ប្រយ័ត្ន ។

តើ​ហេតុអ្វី​បាន​ជា​គេ​ត្រូវ​ធ្វើការ​សម្រិត​សម្រាំង​ពូជស្រូវ ?

ពីព្រោះ​គ្រាប់ពូជ​សុទ្ធ​ល្អៈ ទទួល​បាន​ទិន្នផល​ខ្ពស់, មាន​តម្លៃ​ទីផ្សារ, អាច​ដុះ​លូតលាស់​បាន​ល្អ, អាច​រក្សា​ទុក​បាន​យូរ, វា​នឹង​មិន​បណ្ដាល​ឱ្យ​អង្ករ​បាក់​ច្រើន​នៅ​ពេល​កិន​ ពោល​គឺ​គ្រាប់​អង្គរ​មាន​គុណ​ភាពល្អ ។

តើ​ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា​ដើម​ស្រូវ​ខុស​គ្នា ?

គេ​ត្រូវ​មើល​លក្ខណៈ​មួយ​ចំនួន​ដូចជាៈ ​កម្រិត​ខ្ពស់ និង​ទាប, ពណ៌​ដើម ឬ​ស្លឹក, បែក​គុម្ព​ក្រញាង ឬ​កញ្ចុំ, ចេញ​ផ្កា​មុន​ឬ​ក្រោយ, ស្លឹក​ស្រូវ​តូច​ធំ ខ្លី ឬ​វែង, គ្រាប់ស្រូវ​តូច​ធំ ខ្លី ឬ​វែង, និង​ពណ៌​នៃ​គ្រាប់ស្រូវ ។

តើ​ចុង​គ្រាប់ស្រូវ​មាន​អុជ​ពណ៌​ត្នោត ឬ​ពណ៌​ស្វាយ​ឬ​ទេ ?

  1. តើ​មាន​កន្ទុយ ឬ​អត់​កន្ទុយ
  2. កួរស្រូវ​បែក​ក្រញាង ឬ​កញ្ចុំ
  3. ទំហំ​ស្លឹក​អប​កួរស្រូវ

គេ​ត្រូវ​ច្រូតកាត់​ស្រូវ​ក្នុង​ផ្នែក​បន្សុទ្ធ​ពូជ​ បោក​បែន និង​រក្សា​ទុកដាក់​ដោយឡែក​ពី​គេ និង​ដោយ​ប្រយ័ត្ន​ប្រយែង​ជាទី​បំផុត ។

តើ​គេ​គួរ​ធ្វើការ​សម្រិត​សម្រាំង​ពូជ​ដូច​ម្ដេច​ទើប​ងាយស្រួល​ និង​បាន​ល្អ ?

ឧបមា​ថា មាន​ស្រែ​ពីរ​កន្លែង មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ដែល​មាន​ទំហំ ២០​អារ និង​មួយ​កន្លែង​ទៀត​ឆ្ងាយ​ពី​ផ្ទះ ដែល​មាន​ទំហំ ៤០​អារ ។ ស្រែ​ទាំង​ពីរ​នេះ​ធ្វើ​ពូជ​តែ​មួយ​ដូច​គ្នា​ហើយ​គេ​ត្រូវការ​គ្រាប់ពូជ​សម្រាប់​ស្រែ​ទាំង​ពីរ​ចំនួន​១០០​គ.ក ។

លំដាប់​នៃ​ការ​អនុវត្តៈ គេ​ត្រូវ​ជ្រើសរើស​ផ្នែក​ណា​នៃ​ស្រូវ​ដុះ​ស្មើគ្នា និង​ល្អ​ជាងគេ​ ត្រូវប៉ាន់​ទំហំ​ប៉ុន្មាន​ដែល​អាច​ទទួល​បាន​ផល​យ៉ាងតិច​១២០​គ.ក ។ ឧទាហរណ៍ៈ មួយ​ហិចតា​បាន​ផល​ជា​មធ្យម​២​តោន ឬ ១០០​អារ​ឲ្យ​ផល​២០០០​គ.ក នោះ​គេ​អាច​ត្រូវការ​ផ្ទៃដី​៦​អារ ។

ការ​ជ្រើសរើស​ផ្ទៃដី​ធ្វើ​សម្រិត​សម្រាំង​ពូជៈ ច្រូតកាត់​ឲ្យ​បាន​មុនគេ, បោក​បែន​ដោយឡែក, ហាល​ដោយឡែក, ច្រក​ទុក​បាវ​ដោយឡែក ។

ឆ្នាំ​ទី​ពីរ

គេ​ត្រូវ​ជ្រើ​រើស​កន្លែង​សម្រាប់​ការ​ធ្វើ​សម្រិត​សម្រាំង​ពូជ​នៅ​ឆ្នាំ​បន្ដ​ទៀតៈ ជ្រើស​រើស​យក​កូន​ស្រែ​ដែល​នៅ​ជិត​ផ្ទះ​ពីព្រោះ​ងាយស្រួល​ក្នុង​ការ​ថែទាំ ហើយ​ដីស្រែ​ត្រូវ​មាន​ជីជាតិ រាបស្មើ​ និង​ងាយស្រួល​ក្នុង​ការ​បញ្ចេញ​បញ្ចូល​ទឹក ។

ធ្វើការ​កំណត់​ទំហំ​កូន​ស្រែ​សម្រាប់​សម្រិត​សម្រាំង​ពូជៈ ប្រសិនបើ​ផល​ទទួល​បាន​២​តោន នោះ​បាន​ន័យ​ថា ក្នុង​មួយ​អារ (១០​ម x ១០​ម) គឺ​បាន​ផល​២០​គ.ក ។ ដូចនេះ​បើ​ឲ្យ​បាន​១០០​គ.ក គេ​ត្រូវការ​ផ្ទៃដី​៥​អារ ។ ប៉ុន្ដែ​គេ​ត្រូវ​កំណត់​យក​ផ្ទៃដី​៦​អារ ព្រោះ​វា​អាច​បាត់បង់​ដោយ​មូលហេតុ​ផ្សេងៗ ។

ធ្វើការ​កំណត់​ចំនួន​ពូជស្រូវ​ប៉ុន្មាន​គីឡូក្រាម​សម្រាប់​ផ្ទៃដី​៦​អារៈ គេដឹង​ថា​ក្នុង​មួយ​ហិចតា​គេ​ប្រើ​ពូជ​១០០​គ.ក ហើយ​ក្នុង​មួយ​ហិចតា​ស្មើ​១០០​អារ ដូចនេះ​ក្នុង​មួយ​អារ គេ​ត្រូវការ​គ្រាប់ពូជ​មួយ​គីឡូក្រាម ។ ដោយ​គេ​មាន​ដី​៦​អារ​នោះ​គេ​ត្រូវការ​គ្រាប់ពូជ​៦​គ.ក ។

ការអនុវត្ត​ការ​ដាំដុះ: យក​ពូជ​៦​គ.ម ពី​ពូជ​១០០​គ.ក​ដែល​បាន​សម្រិត​សម្រាំង​នៅ​ឆ្នាំ​ទី​មួយ​មក​សាប​ដោយឡែក​ដោយ ៖

  1. ធ្វើ​ថ្នាល​ឲ្យ​បាន​ស្អាត និង​ស្មើ​ល្អ
  2. លើក​កូន​ភ្លឺ​ព័ទ្ធ​ជុំវិញ
  3. ភ្ជួរ​រាស់ និង​ពង្រាបដី​៦​អារ​នោះ​ឲ្យ​បាន​រាបស្មើ​ កម្ចាត់​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ គ្មាន​ដុះ​មួរ ឬ​សារ ។ល ។
  4. មិន​ត្រូវ​ទុក​សំណាប​ឲ្យ​ចាស់​ជ្រុល​ពេក
  5. ការ​កាត់​ពូជ​លាយ​គឺ​ត្រូវធ្វើ​ដូច​កាល​ឆ្នាំ​ទី​មួយ
  6. ការ​ច្រូតកាត់​បោក​បែន ហាល​ សម្អាត និង​ទុកដាក់​គឺ​ត្រូវធ្វើ​ដូច​កាល​ឆ្នាំ​ទី​មួយ​ដែរ

ឆ្នាំ​ទី​បី និង​ឆ្នាំ​បន្ដបន្ទាប់

  1. ត្រូវ​ធ្វើ​ដូច​កាល​ឆ្នាំ​ទី​ពីរ ទាំង​នៅ​លើ​ស្រែ​កសិករ​សម្រាប់​សម្រិត​សម្រាំង​ពូជ​៥​ហិចតា និង​ស្រែ​ដែល​នៅ​សល់ ។
  2. បើ​គេ​ត្រូវការ​សម្រិត​សម្រាំង​ពូជស្រូវ​ពីរ ឬ​ផ្សេងៗ​គ្នា​នៅ​ពេល​តែ​មួយ គេ​ត្រូវ​ធ្វើ​តាម​របៀប​ដូច​គ្នា ប៉ុន្ដែ​ត្រូវ​ធ្វើ​នៅ​កន្លែង​ឆ្ងាយ​បន្ដិច ហើយ​ការ​ប្រមូល​ផល និង​ទុកដាក់​ត្រូវធ្វើ​ដោយឡែក​ពី​គ្នា ។

គួរ​ចង​ចាំៈ គេ​ធ្វើការ​សម្រិត​សម្រាំង​ពូជ​ណា​ដែល​មាន​ផល​ខ្ពស់ គុណភាព​អង្ករ​ល្អ និង​មាន​ទីផ្សារ ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ផលិត​ពូជ​ស្រូវ​​សុទ្ធ​ល្អ​​ដែល​កសិករ​អាច​រក​ជាវ​បាន​ស្ទើរ​នៅ​គ្រប់​ខេត្ត ។ កសិករ​ត្រូវ​តែ​ប្ដូរ​ ឬ​សម្រិត​សម្រាំង​ពូជ​ស្រូវ​របស់​ខ្លួន​រៀងរាល់​បី​​ឬ​បួន​ឆ្នាំ​ម្ដង ពីព្រោះ​ពូជ​គឺ​ជា​កត្តា​ចម្បង​ក្នុង​ការ​កំណត់​ទិន្នផល​ច្រើន ឬ​តិច ៕

 

October 3, 2009

ចំណាត់​ថ្នាក់ និង​ប្រភេទ​អនុផល​ព្រៃឈើ

កាល​ណា​គេ​និយាយ​អំពី​ព្រៃឈើ ​គឺ​គេ​តែងតែ​សំដៅ​ទៅ​លើ​រុក្ខជាតិ​ធំៗ ខ្ពស់ៗ ជា​ឈើ​ប្រណិត​ដែល​គេ​ប្រើប្រាស់​សម្រាប់​វិស័យ​សំណង់ គ្រឿង​សង្ហារិម និង​ឧបករណ៍​ផ្សេងៗ ។ ការពិត ព្រៃឈើ​បាន​ផ្ដល់​នូវ​រុក្ខជាតិ និង​ផលិតផល​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត ដូចជា ស្លឹក សំបក ផ្កា ផ្លែ ជ័រ ឫស ​ផ្សិត ជាដើម ដែល​គេ​ហៅ​ថា អនុផល​ព្រៃឈើ ។ យោងតាម​ឧបសម្ព័ន្ធ​នៃ​ប្រកាស​លេខ​១៣២​ប្រក.កសក ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០០៥ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុផល​ព្រៃឈើ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​១៤​​ប្រភេទ ដែល​ក្នុង​នោះ​ឈ្មោះ​ពពួក​កូនឈើ ឫស្សី តាលព្រឹក្ស ផ្ដៅ វល្លិ ជ័រ ក្រមួន មាន​រៀបរាប់​យ៉ាងច្រើន សឹង​មិន​គួរ​ឲ្យ​ជឿ​ថា​ក្នុង​ព្រៃ​ពិត​ជា​មាន​រុក្ខជាតិ​ដទៃ​សម្បូណ៌​បែប​យ៉ាងនេះ​សោះ និង​គួរ​ឲ្យ​ស្ងើច​សរសើរ​ដល់​ដូនតា​យើង​ដែល​បាន​កំណត់​ឈ្មោះ​ឲ្យ និង​នៅ​រក្សា​ចងចាំ​បន្តៗ​ជាច្រើន​ជំនាន់ ។ សូម​ប្រិយមិត្ត​ចូល​រួម​រៀបរាប់​អំពី​អនុផល​ព្រៃឈើ​ជាមួយ​ខ្ញុំ​ដូច​ខាងក្រោម ៖

១.ឈើ​បន្ទាប់បន្សំ កូនឈើ និង​អនុផល​ប្រើប្រាស់​ក្នុង​សំណង់​ជា​លក្ខណៈ​ប្រពៃណី មាន​ជាអាទិ៍ ៖

១‑សសរ​មូល​គ្រប់​ប្រភេទ ទំហំ​១៥‑២៥​សម ២‑ដើម​ព្រាលព្រៃ ៣‑បង្គោលក្រាក់ ៤‑បង្គោល​ស្មាច់ ៥‑បង្គោល​ឈើ​ប្រភេទ​ផ្សេងទៀត ៦‑ស្បូវ ៧‑កណ្ដប​ស្បូវ ៧‑ស្លឹក​ខ័ណ្ឌម៉ា ៨‑ស្លឹក​រុក្ខជាតិ​ព្រៃ​ផ្សេងទៀត​ដែល​អាច​ធ្វើ​កណ្ដប​ស្លឹក​បាន ១០‑កូនឈើ​ប្រឡៅ​មូល​គ្រប់​ប្រភេទ​ទំហំ​គល់​ក្រោម​២០​សម ១១‑ដើម​កក់ ១២‑ដើម​កញ្ចូត ១៣‑ដើម​ប្រី ១៤‑ដើម​បបោស ១៥‑ដើម​ត្រែង ១៦‑ដើម​ស្ដា ១៧‑ស្លឹក​ទ្រាំង ១៨‑សំបក​ឈើ​ព្រៃ​ដែល​អាច​គាប​ធ្វើ​ដំបូល ឬ​ជញ្ជាំង​បាន

២.ឈើ​ថាមពល មាន​ជាអាទិ៍ ៖

១‑ឧស​ចម្រុះ​ប្រភេទ ២‑ធ្យូង​ចម្រុះ ៣‑គ្រឿង​ឆេះ​ផ្សេង​ទៀត​ដែល​កែច្នៃ​ពី​អនុផល​ព្រៃឈើ ឬ​កាក​សំណល់​ឈើ

៣.ឫស្សី តាលព្រឹក្ស ផ្ដៅ វល្លិ មាន​ជាអាទិ៍ ៖

ក.ឫស្សីៈ ១‑ឫស្សី​ឃ្លៃ ២‑ឫស្សី​ឃ្លីច ៣‑ឫស្សី​ថ្ងរ ៤‑ឫស្សី​ទ្រនំ​មាន់ ៥‑ឫស្សី​ទ្រនំ​មាន់​ភ្នំ ៦‑ឫស្សី​ពីងពង់​ថ្នោល ៧‑ឫស្សី​ពីងពង់​ស្នរ ៨‑ឫស្សី​ពក​ធំ ៩‑ឫស្សី​ពក​តូច ១០‑ឫស្សី​ព្រៃ ១១‑ឫស្សី​ព្រេច​ចន្លួញ ១២‑ឫស្សី​ព្រេច​ស្បាត ១៣‑ឫស្សី​រលាក​ធំ ១៤‑ឫស្សី​រលាក​សាញ់ ១៥‑ឫស្សី​រលាក​តូច ១៦‑ឫស្សី​លរ ១៧‑ឫស្សី​អាទិញ ១៨‑ឫស្សី​ព្រៃ​ផ្សេងទៀត

ខ.តាលព្រឹក្សៈ ១‑ចាក ២‑ជក់ ៣‑ដូងព្រះ ៤‑តាឱន ៥‑ទន្សែ ៦‑ទ្រាំង ៧‑ទ្រៀក ៨‑ផ្អាវ ៩‑ពឹង (តឹង‑ចាលា) ១០‑ស្លាព្រៃ ១១‑ស្លាខ្មៅ ១២‑ស្លាឆ្នាប់ ១៣‑ស្លាស្ងាប ១៤‑តាលព្រឹក្សផ្សេងទៀត

គ.ផ្ដៅៈ ១‑ផ្ដៅក្រែក ២‑ផ្ដៅឈ្វាំង ៣‑ផ្ដៅដំបង ៤‑ផ្ដៅត្រែស ៥‑ផ្ដៅទឹក ៦‑ព្រះផ្ដៅ ៧‑ផ្ដៅយ៉ាក ៨‑ផ្ដៅរពាក់ ៩‑ផ្ដៅសោម ១០‑ផ្ដៅស្នោ (ផ្ដៅអារ៉ែក ផ្ដៅមាស) ១១‑ផ្ដៅស្វា ១២‑ផ្ដៅសឹង ១៣‑ផ្ដៅ​អាចមន៍មាន់ ១៤‑ផ្ដៅ​ផ្សេងទៀត

ឃ.វល្លិៈ ១‑វល្លិកញ្ជ្រិល ២‑វល្លិកន្ទិតអាល ៣‑វល្លិកាដាត ៤‑វល្លិកំបោរ ៥‑វល្លិក្ដួច ៦‑វល្លិក្រូច ៧‑វល្លិក្រវ៉ាញ (វល្លិចេកទុំ) ៨‑វល្លិខ្ញែ ៩‑វល្លិខ្លែងពណ៌ ១០‑វល្លិខ្លែង ១១‑វល្លិខ្មាញ់ ១២‑វល្លិខ័ណ្ឌម៉ាញី ១៣‑វល្លិខ្នាយមាន់ ១៤‑វល្លិខ្នាយមាន់ស្បាត ១៥‑វល្លិខ្លូត ១៦‑វល្លិខ្សួស ១៧‑វល្លិគុយ ១៨‑វល្លិគ្រូ ១៩‑វល្លិឃ្លាយ ២០‑វល្លិចារ ២១‑វល្លិចេកទុំ ២២‑វល្លិឆ្នាល់មាន់ស្បាត ២៣‑វល្លិឆ្នូត ២៤‑វល្លិជ័របាញ់ ២៥‑វល្លិជណ្ដើរស្វា ២៦‑វល្លិជុច ២៧‑វល្លិជុយ ២៨‑វល្លិដំឡូងត្រែង ២៩‑វល្លិដំឡូងទៀន ៣០‑វល្លិដំឡូងជ្រូក ៣១‑វល្លិដំឡូងស្រំ ៣២‑វល្លិដំឡូងស្យា ៣៣‑វល្លិដំឡូងទឹក ៣៤‑វល្លិដឹស ៣៥‑វល្លិដោះគុណ ៣៦‑វល្លិដែក (វល្លិព្រហ្មលោក) ៣៧‑វល្លិត្នោត ៣៨‑វល្លិត្របែងជើងក្មេង ៣៩‑វល្លិត្រី ៤០‑វល្លិតាអើក ៤១‑វល្លិតាអាញ់ ៤២‑វល្លិតាលុង ៤៣‑វល្លិតាលឹងក្រហម ៤៤‑វល្លិតាលឹងស ៤៥‑វល្លិទ្រាលដោះក្របី ៤៦‑វល្លិទ្រាលស្វា ៤៧‑វល្លិទំពាំងបាយជូរ ៤៨‑វល្លិទឹក ៤៩‑វល្លិធ្លក ៥០‑វល្លិបណ្ដូលពេជ្រ ៥១‑វល្លិប្រេងក្រហម ៥២‑វល្លិព័ន្ធ ៥៣‑វល្លិពងក្ដស្វា ៥៤‑វល្លិពុលឯក ៥៥‑វល្លពុម្ព (វល្លិអំពុងស្រមោជ) ៥៦‑វល្លិពុម្ពមាន់ ៥៧‑វល្លិព្រៃស ៥៨‑វល្លិព្រះតាហ៊ុង ៥៩‑វល្លិមហាមេឃ ៦០‑វល្លិយាវខ្មៅ ៦១‑វល្លិយាវស ៦២‑វល្លិរមៀត ៦៣‑វល្លិរមួលភ្លើង ៦៤‑វល្លិលែនពេន ៦៥‑វល្លិលក្ខ ៦៦‑វល្លិស្កៀរ ៦៧‑វល្លិស្លែងដងដាង ៦៨‑វល្លិស្លែងវារ ៦៩‑វល្លិស្រឡៅអន្ទេរ ៧០‑វល្លិសង្ឃុត ៧១‑វល្លិសណ្ដា ៧២‑វល្លិស្នូក ៧៣‑វល្លិអែម ៧៤‑វល្លអន្ទ្រង ៧៥‑វល្លិអាវនរ ៧៦‑វល្លិអាវក្រពើ ៧៧‑វល្លិអង្កត់ក្រហម (ជ្រៃជ្រួយ) ៧៨‑វល្លិអង្កត់សរ ៧៩‑វល្លិអង្គុញ ៨០‑វល្លិអន្ទង់ ៨១‑វល្លិអន្ទង់ង៉ា ៨២‑វល្លិអំពិល ៨៣‑វល្លិអំពុស ៨៤‑វល្លិផ្សេងទៀត

៤.អនុផលឱសថ មាន​ជាអាទិ៍ ៖

ក.ប្រើ​សម្រាប់​មនុស្សៈ ១‑កញ្ចុះដង្កូវ (ស្លឹក) ២‑កញ្ជើបាយដាច (គ្រាប់ ដើម និង​ឫស) ៣‑កណ្ដោល (សំបក) ៤‑កណ្ដាប់ចង្អេរ (ដើម) ៥‑កន្ទ្រំធារី (ដើម និង​មើម) ៦‑កន្ទ្រោក (ស្លឹក សំបក និង​ឫស) ៧‑កន្ទ្រោកដំរី (ដើម និង​ឫស) ៨‑កន្ទ្រោកខ្មោច (ស្លឹក) ៩‑កន្ទ្រោករលាយខួរ (ស្លឹក) ១០‑កន្លើតចចក (ដើម) ១១‑កន្ទេចអាល (ស្លឹក) ១២‑កន្ទួតព្រៃ (សំបក) ១៣‑កន្ទុយដំរី (ស្លឹក) ១៤‑កន្ទុយក្ងោក (ឫស) ១៥‑កន្ទុយល្វេ (សំបក) ១៦‑កន្ទុយកំប្រុក (ដើម និង​ស្លឹក) ១៧‑កន្ទុយត្រកួត (ផ្កា និង​ឫស) ១៨‑កន្ធំថេតព្រៃ (ផ្លែ) ១៩‑កុលាបភ្នំ (ឫស) ២០‑កុមារពេជ្រ (មើម) ២១‑កោងកាងភ្នំ (សំបក) ២២‑កំពាន (ឫស) ២៣‑កំពីងរាជ (ស្លឹក និង​ឫស) ២៤‑កំរើកគុម្ព (ឫស) ២៥‑កំភ្នាង (សំបក និង​ឫស) ២៦‑កាំរទេះ (ស្លឹក និង​ផ្កា) ២៧‑កាំរទេះដង (ស្លឹក) ២៨‑ក្ដាំងបាយ (ឫស) ២៩‑ក្បាលកន្លង់ (សំបក) ៣០‑ក្បាលរុយ (ស្លឹក ដើម និង​ឫស) ៣១‑ក្បកដំរី (ស្លឹក) ៣២‑ក្រាមរមាស (សំបក) ៣៣‑ក្រាយ (សំបក) ៣៤‑ក្រពុលបាយ (ស្លឹក និង​សំបក) ៣៥‑ក្រចាប់ស្នែពីរ (ផ្លែ) ៣៦‑ក្របៅផ្លែធំ (គ្រាប់) ៣៧‑ក្របៅផ្លែតូច (គ្រាប់) ៣៨‑ក្រពេន (ឫស) ៣៩‑ក្រពេនទឹក (ស្លឹក) ៤០‑ក្រកោដំរី (គ្រាប់) ៤១‑ក្រញឹបក្រហម (ស្លឹក និង​ឫស) ៤២‑ក្រកី (គ្រាប់) ៤៣‑ក្រឡាំពែ (ស្លឹក ផ្កា ផ្លែ និង​ឫស) ៤៤‑ក្រូចព្រៃ (ដើម) ៤៥‑ក្រវាញ (គ្រាប់) ៤៦‑ក្លន (ឫស) ៤៧‑ក្អួត (គ្រាប់) ៤៨‑ខ្ជឹង (ស្លឹក និង​គ្រាប់) ៤៩‑ខ្ទម្ពធំ (ឫស) ៥០‑ខ្ទម្ពទឹក (សំបក និង​ឫស) ៥១‑ខ្ទម្ពគោក (សំបក) ៥២‑ខ្មាញ់ (ស្លឹក) ៥៣‑ខ្លែងពណ៌ (គ្រាប់) ៥៤‑ខ្លាញ់ក្ដាម (ឫស) ៥៥‑ខ្លុង (ឫស) ៥៦‑ខ្វាវ (ឫស) ៥៧‑ខ្វាវបន្លា (ស្លឹក) ៥៨‑គគីរ (សំបក) ៥៩‑គុមក្វាត់ (ស្លឹក) ៦០‑គ្រើល (សំបក) ៦១‑គែលលក (ស្លឹក និង​ដើម) ៦២‑គោមួយ (សំបក និង​ឫស) ៦៣‑គ្រុង (ឫស) ៦៤‑ឃ្លៃ (ស្លឹក និង​ផ្លែ) ៦៥‑ឃ្មុំ (ទឹក) ៦៦‑ងប់ (ឫស) ៦៧‑ចង្ក្រង់ស្វា (ផ្កា) ៦៨‑ចង្ក្រង់ស្វាធំ (ផ្លែ) ៦៩‑ចន្ទន៍ក្រស្នា (ដើម) ៧០‑ចាន់ព្រៃ (ផ្លែ និង​ផ្កា) ៧១‑ចារ (ដើម និង​គ្រាប់) ៧២‑ចែង (ស្លឹក) ៧៣‑ចំប៉ីព្រៃ (ស្លឹក និង​ផ្កា) ៧៤‑ចំបក់ប្រាំង (សំបក) ៧៥‑ចំរៀក (សំបក) ៧៦‑ច្រេស (សំបក គ្រាប់ និង​ផ្កា) ៧៧‑ឆាំឆា (សំបក ផ្កា និង​ឫស) ៧៨‑ឆ្កែស្រែង (សំបក និង​ដើម) ៧៩‑ឆ្នាល់មាន់ (ឫស) ៨០‑ឆ្អឹងពស់ភ្នំ (ដើម) ៨១‑ដណ្ដើរស្វា (ដើម និង​សំបក) ៨២‑ជណ្ដើរស្វាតូច (ដើម) ៨៣‑ជន្លង់ (ស្លឹក និង​គ្រាប់) ៨៤‑ជន្លូស (ត្រួយ និង​ឫស) ៨៥‑ជើងគោផ្កាស (ស្លឹក) ៨៦‑ជំពូព្រែក (សំបក) ៨៧‑ជ្រៃក្រឹម (សំបក ឫស និង​ជ័រ) ៨៨‑ជ័យភ្លា (ស្លឹក និង​ដើម) ៨៩‑ឈាមអន្ទង់ (ជ័រ) ៩០‑ឈូករ័ត្នព្រៃ (ដើម) ៩១‑ឈើជ័រ (ស្លឹក) ៩២‑ឈើអែម (ស្លឹក និង​សំបក) ៩៣‑ឈើកែវ (ស្លឹក និង​ផ្លែ) ៩៤‑ឈើថ្មលឿង (សំបក) ៩៥‑ឈើក្រុងស្វា (ដើម និង​ឫស) ៩៦‑ឈើរមាស់ (ជ័រ) ៩៧‑ឈើស្រូលក្រហម (ស្លឹក ដើម និង​ឫស) ៩៨‑ឈើស (សំបក) ៩៩‑ឈើទាល (សំបក) ១០០‑ឈើទាលត្រាង (ឫស) ១០១‑ឈើទិព្វ (ឫស) ១០២‑ឈ្លិក (សំបក) ១០៣‑ញព្រៃ (ឫស) ១០៤‑ញក្លាយ (ស្លឹក និង​ឫស) ១០៥‑ញិញបាត (ស្លឹក និង​ផ្កា) ១០៦‑ដង្កោ (ផ្លែ) ១០៧‑ដង្ខឹម (ស្លឹក) ១០៨‑ដង្ហិត (ស្លឹក និង​ដើម) ១០៩‑ដង្ហិតខ្មោច (ស្លឹក និង​គ្រាប់) ១១០‑ដកខឹម (ឫស) ១១១‑ដីប្លី (ផ្លែ) ១១២‑ដីសព្រៃ (មើម) ១១៣‑ដូងព្រះ (ស្លឹក និង​សំបក) ១១៤‑ដូងស្បាត (ផ្កា និង​ឫស) ១១៥‑ដៃរហាត់ (ឫស) ១១៦‑ដៃទន់ (ស្លឹក គ្រាប់ និង​ឫស) ១១៧‑ដំរីប្រាំដក (ឫស) ១១៨‑ដោះគន់ (ស្លឹក គ្រាប់ និង​ឫស) ១១៩‑តាឡាត់ (គ្រាប់) ១២០‑ត្បាល់កិន (ស្លឹក សំបក និង​គ្រាប់) ១២១‑ត្មោង (ស្លឹក និង​ឫស) ១២២‑ត្រាង (ជ័រ) ១២៣‑ត្រាំងកង់ (ដើម និង​ជ័រ) ១២៤‑ត្រដិត (ឫស) ១២៥‑ត្រចៀកក្រាញ់សមុទ្រ (ស្លឹក) ១២៦‑ត្រសៀត (ស្លឹក និង​ឫស) ១២៧‑ត្រថុក (មើម) ១២៨‑ត្រុំ (ឫស) ១២៩‑ត្រមូងសេក (សំបក) ១៣០‑ត្រមួច (ឫស) ១៣១‑ត្រុំព្រៃ (ស្លឹក និង​ដើម) ១៣២‑ត្រុំស្វា (ឫស) ១៣៣‑ត្រយ៉ង់ (ស្លឹក) ១៣៤‑ថ្កូវ (ដើម និង​សំបក) ១៣៥‑ថ្ងាន់ (សំបក) ១៣៦‑ថ្នាំភ្នែក (ផ្លែ) ១៣៧‑ថ្មទាប់ (គ្រាប់) ១៣៨‑ថ្លើមទឹក (ស្លឹក និង​ឫស) ១៣៩‑ថ្លន (ជ័រ) ១៤០‑ទន្ទ្រានព្រៃ (ផ្លែ) ១៤១‑ទន្លាប់ទេស (ស្លឹក) ១៤២‑ទឹកដោះ (ភ្នែកមាន់) (ស្លឹក ដើម និង​ជ័រ) ១៤៣‑ទឹកដោះព្រៃ (ដើម ស្លឹក សំបក និង​ឫស) ១៤៤‑ទឹកដោះខ្លា (ជ័រ) ១៤៥‑ទេពីរូតូច (ស្លឹក និង​ដើម) ១៤៦‑ទំពាំងបាយជូរព្រៃ (ឫស) ១៤៧‑ទំពូ (ស្លឹក និង​ឫស) ១៤៨‑ទ្រាលស្វា (ឫស) ១៤៩‑ទ្រមែង (សំបក) ១៥០‑ទ្រនំកំភេម (ស្លឹក និង​ឫស) ១៥១‑ទ្រនំកំភេមតូច (ស្លឹក និង​ឫស) ១៥២‑ធ្នង់ (សំបក) ១៥៣‑ធ្នង់ឈាមមាន់ (ជ័រ និង​ឫស) ១៥៤‑ធ្មៃ (ស្លឹក និង​ឫស) ១៥៥‑ធ្មៃព្រៃ (ផ្កា) ១៥៦‑ធ្មេញត្រី (ដើម) ១៥៧‑ធ្លាយ (ឫស) ១៥៨‑នាងខ្មៅ (ស្លឹក និង​ឫស) ១៥៩‑នាងស (សំបក) ១៦០‑បញ្ញើក្អែក (ស្លឹក និង​ដើម) ១៦១‑បញ្ញើក្អែកធំ (ដើម) ១៦២‑បញ្ញើក្អែក​គ្រប់​ប្រភេទ​ឈើ (ដើម) ១៦៣‑បង្ងល (ស្លឹក) ១៦៤‑បង្គី (ឫស) ១៦៥‑បន្លាក្បាលយក្ស (ដើម) ១៦៦‑បន្លាស្អិត (ផ្លែ និង​គ្រាប់) ១៦៧‑បណ្ដូលពេជ្រ (ដើម និង​ឫស) ១៦៨‑ប៉ប្រើស (ឫស) ១៦៩‑ប៉ប្រក (ស្លឹក) ១៧០‑ប៉ាតព្រុម (ស្លឹក) ១៧១‑បាបាត (គ្រាប់ និង​ឫស) ១៧២‑បាតឃ្លោក (ស្លឹក និង​គ្រាប់) ១៧៣‑បាយដំណើប (ផ្លែ) ១៧៤‑បាយក្រៀម (ឫស) ១៧៥‑បាយក្រៀមឈ្មោល (ស្លឹក) ១៧៦‑បាយក្ដាំង (ឫស) ១៧៧‑បាយម៉ាត (ស្លឹក) ១៧៨‑បូព្រឹក្ស (ដើម) ១៧៩‑បើស (ស្លឹក) ១៨០‑ប៉េប៉ោះស្រោម (ស្លឹក និង​ឫស) ១៨១‑បេង (សំបក) ១៨២‑ប្រមួយ (ឫស) ១៨៣‑ប្រភេញឈ្មោល (សំបក) ១៨៤‑ប្រម៉ោយដំរី (ស្លឹក ដើម និង​ឫស) ១៨៥‑ប្រង់សមុទ្រ (មើម) ១៨៦‑ប្រក់ផ្លែ (ស្លឹក ដើម និង​ឫស) ១៨៧‑ប្រសាកញី (សំបក) ១៨៨‑ប្រទាលបូស (សំបក និង​ឫស) ១៨៩‑ប្រោះស្វា (ស្លឹក និង​មើម) ១៩០‑ផ្ចឹក (ផ្សិត) ១៩១‑ផ្ចឹក (សំបក) ១៩២‑ផ្ទី (មើម) ១៩៣‑ផ្ទក់ក្រហម (ដើម) ១៩៤‑ផ្ដៅស្វា (ដើម) ១៩៥‑ផ្ដៅស្វាស៊ីស្លឹក (ដើម) ១៩៦‑ផ្លាង (ស្លឹក និង​ដើម) ១៩៧‑ផ្អាវ (សំបក និង​ឫស) ១៩៨‑ពពាលខែឈ្មោល (សំបក) ១៩៩‑ពព្លាធំ (ស្លឹក សំបក និង​ឫស) ២០០‑ពពេល (សំបក) ២០១‑ពន្លៃ (មើម) ២០២‑ពភ្លា (ឫស) ២០៣‑ពង្រ (សំបក) ២០៤‑ពិកា (សំបក និង​ឫស) ២០៥‑ពីងចាប (ឫស) ២០៦‑ពុកឆ្មា (ស្លឹក និង​ដើម) ២០៧‑ពុកឆ្មារឈ្មោល (ឫស) ២០៨‑ពុលឯក (ដើម) ២០៩‑ពូចជូរ (ស្លឹក) ២១០‑ពុំពែន (សំបក) ២១១‑ពុំសែន (សំបក) ២១២‑ព្រាលខ្សាច់ (ឫស) ២១៣‑ព្រះភ្នៅ (សំបក) ២១៤‑ព្រះអន្លក់ (ស្លឹក និង​ឫស) ២១៥‑ព្រំបន្លា (ឫស) ២១៦‑ភឹកមន (ស្លឹក និង​ឫស) ២១៧‑ភ្ញៀវ (ដើម) ២១៨‑ភ្នៅ (ស្លឹក និង​ផ្លែ) ២១៩‑ភ្នែកព្រាប (ស្លឹក និង​សំបក) ២២០‑ភ្លៅមាន់ (ឫស) ២២១‑ភ្លាំង (ស្លឹក) ២២២‑ភ្លងជូរ (ឃ្មាស) (ស្លឹក) ២២៣‑ភ្លូបាត (សំបក និង​ឫស) ២២៤‑ភ្លូធំ (សំបក) ២២៥‑មន្ត្រី ឬ ភ្លៅនាង (សំបក) ២២៦‑មុខឈ្នាង (ស្លឹក និង​ឫស) ២២៧‑មេកង (ឫស) ២២៨‑ម្កាក់ព្រៃ (សំបក និង​ជ័រ) ២២៩‑ម្ជុលពេជ្រ (ស្លឹក) ២៣០‑ម្ជុលប្រាក់ (ឫស) ២៣១‑ម្ជូរព្រឹក (គ្រាប់) ២៣២‑ម្ជូរព្រឹកព្រៃ (គ្រាប់) ២៣៣‑ម្រេចទន្សាយ (ស្លឹក) ២៣៤‑ម្រាមនាង (ដើម) ២៣៥‑ម្រះព្រៅភ្នំ (ប្រេង) ២៣៦‑ម្អមភ្នំ (ស្លឹក) ២៣៧‑រពាក់ (ឫស) ២៣៨‑រមៀតស (ឫស) ២៣៩‑រយោង (សំបក) ២៤០‑រង្គ (ជ័រ) ២៤១‑រកា (សំបក ផ្កា និង​គ្រាប់) ២៤២‑រកាវារ (ស្លឹក) ២៤៣‑រលាយឈាម (ឫស) ២៤៤‑រលួយបាយ (ស្លឹក សំបក គ្រាប់ និង​ឫស) ២៤៥‑រាជដាស (ឫស) ២៤៦‑រាជឆ្កឹស (ឫស) ២៤៧‑រាក់បាត (ឫស) ២៤៨‑រៃទឹក (ដើម) ២៤៩‑រោគក្រហម (ដើម) ២៥០‑រោគស (ដើម) ២៥១‑រំចេកភ្នំ (ស្លឹក) ២៥២‑រំចេកសមុទ្រ (ស្លឹក) ២៥៣‑រំដេញមាស (ដើម និង​ឫស) ២៥៤‑រំយោលភ្នំ (ស្លឹក ផ្កា និង​ឫស) ២៥៥‑រំលាយស្នង (សំបក និង​គ្រាប់) ២៥៦‑រាំង (ស្លឹក និង​សំបក) ២៥៧‑រាំងទឹក (សំបក និង​ឫស) ២៥៨‑លាជផ្ទុះ (ស្លឹក និង​ឫស) ២៥៩‑លៀប (ជ័រ) ២៦០‑លំពាន់ (ឫស) ២៦១‑លំពស់ដែក (ឫស) ២៦២‑លាំងជៃ (ជ័រ) ២៦៣‑លាំងជ័យតូច (ឯស) ២៦៤‑ល្ពូ (ស្លឹក) ២៦៥‑ល្វាដី (ដើម និង​ឫស) ២៦៦‑ល្វាព្រៃ (ស្លឹក) ២៦៧២‑វល្លិក្រើក (ឫស) ២៦៨‑វល្លក្បុង (ដើម) ២៦៩‑វល្លិក្មាញ់ (ស្លឹក) ២៧០‑វល្លិកន្លើតចាស់ (ដើម) ២៧១‑វល្លិកំបោរ (ដើម) ២៧២‑វល្លិកំបោរភ្នំ (សំបក) ២៧៣‑វល្លិកួយ (ដើម) ២៧៤‑វល្លិក្រពាត់ឈ្នាង ២៧៥‑វល្លិក្រអោម (ស្លឹក) ២៧៦២‑វល្លិប្រាក់កាក់ ២៧៧‑វល្លិខ្សួស (ស្លឹក និង​សំបក) ២៧៨‑វល្លិគុយ (ដើម និង​ជ័រ) ២៧៩‑វល្លិចារ (ស្លឹក និង​ដើម) ២៨០‑វល្លិចេកទុំ (ស្លឹក) ២៨១‑វល្លិឆ្នូតគ្រាប់ (ស្លឹក និង​ដើម) ២៨២‑វល្លិត្រោក (ឫស) ២៨៣‑វល្លិត្អើក (គ្រាប់) ២៨៤‑វល្លិត្រដិត (ដើម) ២៨៥‑វល្លិត្រស់ (សំបក និង​ឫស) ២៨៦‑វល្លិទៀន (ស្លឹក) ២៨៧‑វល្លិទាល់ព្រៃ (ស្លឹក) ២៨៨‑វល្លិទាល់ស៊ីស្លឹក (ស្លឹក) ២៨៩‑វល្លិធ្មេញត្រី (ស្លឹក) ២៩០‑វល្លិធ្មុងកញ្ចុះ (ស្លឹក) ២៩១‑វល្លិនោមដំរី (ជ័រ) ២៩២‑វល្លិផោម (ស្លឹក និង​ដើម) ២៩៣‑វល្លភ្លូ (ឫស) ២៩៤‑វល្លិមៀន (ស្លឹក) ២៩៥‑វល្លិម្ទេសព្រៃ (ផ្កា) ២៩៦‑វល្លិមាស (ដើម) ២៩៧‑វល្លិមហាមេឃ (ដើម) ២៩៨‑វល្លិរមៀតស (ដើម) ២៩៩‑វល្លិលីនដំរី (ដើម) ៣០០‑វល្លិស្នែងគោ (ឫស) ៣០១‑វល្លិស្រកាពង្រូល (ដើម និង​ឫស) ៣០២‑វល្លិឡែឡ (ដើម) ៣០៣‑វល្លិអង្កត់ (សំបក និង​ជ័រ) ៣០៤‑វល្លិអំពិល (គ្រាប់ និង​ឫស) ៣០៥‑សង្កែភ្លើង (សំបក) ៣០៦‑សណ្ដែកព្រៃ (ស្លឹក និង​ដើម) ៣០៧‑សណ្ដែកព្រៃសមុទ្រ (គ្រាប់) ៣០៨‑សណ្ដែកក្លិង្គ (គ្រាប់ និង​ស្លឹក) ៣០៩‑សក់សោះ (គ្រាប់) ៣១០‑សម្បុរល្វែង (សំបក) ៣១១‑សាគូចាម (ស្លឹក) ៣១២‑សាគូភ្នំ (ឫស) ៣១៣‑សាមសិប (ឫស និង​មើម) ៣១៤‑សិរសាច (ស្លឹក ដើម និង​ឫស) ៣១៥‑សិរមាន់ស (គ្រាប់) ៣១៦‑សុក្រំ (ផ្សិត) ៣១៧‑សុក្រំ (សំបក) ៣១៨‑សូភី (សំបក) ៣១៩‑សួស (ឫស) ៣២០‑សេដាព្រៃ (សំបក ឫស និង​ជ័រ) ៣២១‑សំព័រឈើ (ស្លឹក ផ្លែ សំបក ដើម និង​ឫស) ៣២២‑សំរោងស្វា (គ្រាប់) ៣២៣‑សំរក (ស្លឹក) ៣២៤‑ស្ដៅខ្មោច (ស្លឹក) ៣២៥‑ស្ដុកស្ដុរ (សំបក) ៣២៦‑ស្នោអំបោះ (ដើម) ៣២៧‑ស្នែងគោ (ឫស) ៣២៨‑ស្នែងក្របី (ស្លឹក) ៣២៩‑ស្នែងរំដួល (ស្លឹក ផ្កា និង​ឫស) ៣៣០‑ស្នាយដែល (ឫស) ៣៣១‑ស្បែង (ដើម) ៣៣២‑ស្បូវ (ឫស) ៣៣៣‑ស្ពង់ (សំបក) ៣៣៤‑ស្មៅភ្លើង (ដើម) ៣៣៥‑ស្មៅរៃទឹក ៣៣៦‑ស្មៅមមាំង (ដើម និង​ឫស) ៣៣៧‑ស្មៅផ្កាថ្ម ៣៣៨‑ស្មៅរាំងទឹក (ស្លឹក) ៣៣៩‑ស្មៅប្រម៉ាត់មនុស្ស (ដើម និង​ឫស) ៣៤០‑ស្មៅប្រម៉ាត់ថ្ម ៣៤១‑ស្មៅក្រជៀប (ឫស) ៣៤២‑ស្មៅស្មាច់ទឹក (ស្លឹក និង​ដើម) ៣៤៣‑ស្មៅសន្សើមដូច ៣៤៤‑ស្មៅត្មាតទន្ទ្រាន ៣៤៥‑ស្មៅទំពាំងបារាំង (ឫស) ៣៤៦‑ស្មែសៀម (សំបក និង​ឫស) ៣៤៧‑ស្មាច់ (ស្លឹក) ៣៤៨‑ស្មាក្របី (គ្រាប់) ៣៤៩‑ស្រងល់ (ឫស) ៣៥០‑ស្រល់ (ជ័រ) ៣៥១‑ស្រម៉ពិភេទក៍ (ផ្លែ) ៣៥២‑ស្រូលស (ជ័រ) ៣៥៣‑ស្លែង (សំបក និង​គ្រាប់) ៣៥៤‑ស្លាប៉ាង (ស្លឹក) ៣៥៥‑ស្លាប៉ាងស្លឹកឆែក (ស្លឹក) ៣៥៦‑ស្វាយព្រៃ (សំបក) ៣៥៧‑ស្វាយកណ្ដុរ (សំបក) ៣៥៨‑ហង្សធំ (ឫស) ៣៥៩‑ហើមធំ (សំបក) ៣៦០‑អញ្ចាញ (ស្លឹក ដើម និង​ឫស) ៣៦១‑អង្ក្រេមអង្ក្រំ (គ្រាប់ សំបក និង​ឫស) ៣៦២‑អង្គោល (ជ័រ) ៣៦៣‑អង្គោលបន្លា (ដើម និង​ជ័រ) ៣៦៤‑អង្រែដែក (ដើម) ៣៦៥‑អង្កាញ់ (ដើម) ៣៦៦‑អម្ពិលខ្សែ (ដើម) ៣៦៧‑អន្លុងស (ស្លឹក និង​ឫស) ៣៦៨‑អណ្ដាតគោ (ឫស) ៣៦៩‑អណ្ដាតឆ្កែ (ស្លឹក ផ្កា និង​ដើម) ៣៧០‑អន្ទង់ស (ស្លឹក ដើម និង​ឫស) ៣៧១‑អន្ទង់ទាត់ (ឫស) ៣៧២‑អណ្ដូងព្រះ ៣៧៣‑អាវលាវ (ដើម និង​សំបក) ៣៧៤‑អំបែងថ្ងៃ (សំបក និង​ឫស) ៣៧៥‑ឥសីផ្សំស្រេច (ស្លឹក ដើម និង​ឫស) ៣៧៦‑ឥន្ទនេល (ស្លឹក សំបក និង​ផ្លែ) ៣៧៧‑អនុផល​ឱសថ​សម្រាប់​មនុស្ស​ផ្សេង​ទៀត

ខ.ប្រើ​សម្រាប់​បសុសត្វៈ ១‑ក្ដួច (មើម) ២‑ឈើទាល (សំបក) ៣‑បេង (សំបក) ៤‑រពាក់ (ឫស) ៥‑ស្ដៅភ្នំ (សំបក) ៦‑ស្មៅអណ្ដាតឆ្កែ ៧‑អំព្រំ (ស្លឹក) ៨‑អនុផល​ឱសថ​សម្រាប់​បសុសត្វ​ផ្សេង​ទៀត

 

ភាគ​បន្ត

 

September 3, 2009

ពង្រឹង​សមាគម​ម៉ាស៊ីន​កិនស្រូវ​ទាំង​៩​ខេត្ដ​ដើម្បី​នាំ​អង្ករ​ចេញ

ទិដ្ឋភាព​ប្រតិភូ​ចូល​ទៅ​ពិនិត្យ​ឃ្លាំង​អង្ករ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខេត្ដ​បាត់ដំបង 

ទិដ្ឋភាព​ប្រតិភូ​ចូល​ទៅ​ពិនិត្យ​ឃ្លាំង​អង្ករ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខេត្ដ​បាត់ដំបង

កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩​ ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ដ្រី​ ​គាត​ ​ឈន់​ ​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ចុះ​ត្រួតពិនិត្យ​ ​និង​សំណេះ​សំណាល​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​ព្រមទាំង​អាជីវករ​ម៉ាស៊ីន​កិនស្រូវ​ ​និង​ក្រុមប្រឹក្សា​ឃុំ​ដែល​ជា​សហគមន៍​ ​និង​សមាគម​ម៉ាស៊ីន​កិនស្រូវ​ចំនួន​៩​ខេត្ដ​ ​តាម​ព្រំដែន​ថៃ​ ​និង​វៀតណាម​ ​អំពី​ការ​នាំ​ស្រូវ​ចេញ​ ​និង​ការ​ផលិត​ឱ្យ​ត្រឹមត្រូវ​តាម​ស្ដង់ដា​អន្ដរជាតិ ។ ពិធី​សំណេះសំណាល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ឃ្លាំង​ស្រូវ​ ​និង​ពោត​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​ស្ថិត​ក្នុង​ឃុំ​អូរចារ​ ​ក្រុង​បាត់ដំបង​ ​ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ឧត្ដម​សេនីយ៍​ ​ក្វាន់​ ​ស៊ាម​ ​មេបញ្ជាការ​កង​វិស្វកម្ម​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​អូន​ ​ព័ន្ធមុនីរ័ត្ន​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​ជា​ ​ប៉េងឈាង​ ​ឯកឧត្ដម ​ស៊ុន​ ​គន្ធរ​ ​និង​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ។

លោក​ឧកញ៉ា​ ភួ​ ​ពុយ​ ​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ដ​បាត់ដំបង​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​បាន​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ក្រុមហ៊ុន​បៃតង​កម្ពុជា​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​បាន​ចុះ​ជាប់​ជាមួយ​កសិករ​រយៈពេល​២-៣​ឆ្នាំ​កន្លង​មក​នេះ ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​ជីវភាព​រស់នៅ​ ​ទាំង​ផលិតផល​ ​ហើយ​ក្រុមហ៊ុន​បាន​ជម្រុញ​ដល់​មូលដ្ឋាន​ក្នុង​ស្រុក​ថ្មគោល​ ​ស្រុក​បាណន់​ ​ស្រុក​ឯកភ្នំ​ ​និង​តំបន់​ផ្សេងៗ​ទៀត​ ​ឱ្យ​ប្រជា​កសិករ​អនុវត្ដ​ទទួល​បាន​លទ្ធផល​ល្អៗ​ដូច​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។​ ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​ដោយ​សារ​មាន​ប្រាក់​កម្ចី​ឥណទាន​ដែល​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ជួយ​ដល់​ប្រជា​កសិករ​ ​ក្រុមហ៊ុន​បៃតង​បាន​អនុវត្ដ​ប្រាក់​ឥណទាន​នេះ​ ​ដោយ​ទទួល​បាន​ក្នុង​ឆ្នាំ​២០០៥​ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ចំនួន​២​លាន​ដុល្លារ​ ​ហើយ​ប្រមូល​ទិញ​ស្រូវ​បាន​៩.៥០០​តោន ក្នុង​ឆ្នាំ​២០០៦​ ​ទទួល​បាន​ប្រាក់​ចំនួន​៤​លាន​ដុល្លារ​ ​ប្រមូល​ទិញ​ស្រូវ​បាន​១៩.៥០០​តោន ឆ្នាំ​២០០៧​ ​ទទួល​បាន​ប្រាក់​ចំនួន​៦​លាន​ដុល្លារ​ ​ប្រមូល​ទិញ​ស្រូវ​បាន​២៨.៥០០​តោន ឆ្នាំ​២០០៨​ ​ទទួល​បាន​ប្រាក់​១៥​លាន​ដុល្លារ​ ​ប្រមូល​ទិញ​ស្រូវ​បាន​៧១.៤០០​តោន ហើយ​ក្នុង​ឆ្នាំ​២០០៩​ ​ទទួល​បាន​ប្រាក់​ជាង​១៣​លាន​ដុល្លារ​ ​កំពុង​ផ្ដល់​ឥណទាន​ឱ្យ​កសិករ​ដើម្បី​ពង្រីក​កសិផល​ឱ្យ​កាន់តែ​កើន​ឡើង​ថែម​ទៀត​ ​តាម​កម្រិត​ស្ដង់ដា​អន្ដរជាតិ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ លោក​ឧកញ៉ា​បាន​បន្ដ​ទៀត​ថា​ ​កន្លង​មក​រោង​ម៉ាស៊ីន​កិនស្រូវ​ចំនួន​៣២០​ត្រូវការ​ប្រាក់​កម្ចី​ ​ហើយ​បាន​ផ្ដល់​ឱ្យ​បាន​ចំនួន​១៣៥​រោង​ម៉ាស៊ីន​ ​ដោយ​មាន​អត្រា​ការ​ប្រាក់​ទាប​ ​ត្រូវ​បង់​ឱ្យ​ទៅ​ធនាគារ​តាម​ឯកសារ​ដែល​អាច​ផ្ដល់​ប្រាក់​កម្ចី​ឱ្យ​បាន​ ​ព្រោះ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំងអស់​បាន​រួម​គ្នា​បង្កើត​ជា​សមាគម​សម្រាប់​ប្រមូល​ផល​ស្រូវ ។

លោក​ឧកញ៉ា​បាន​រៀបរាប់​អំពី​សកម្មភាព​ផ្ដល់​ឥណទាន​ដល់​កសិករ​ដើម្បី​កែប្រែ​ការ​ប្រើប្រាស់​ពូជ​ស្រូវ​ បច្ចេកទេស​ដាំ​ដុះ​ដែល​អាច​ធ្វើ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ​ ​ស្ដារ​ពង្រីក​ប្រព័ន្ធ​ប្រឡាយ​ ​ផ្លូវលំ​ចុះ​ទៅ​ដល់​ស្រែ​របស់​ប្រជា​កសិករ​ ​បង្កើត​ទីផ្សារ​សម្រាប់​ទិញ​ផលិតផល​របស់​កសិករ​ ​និង​បង្កើត​ផ្សារ​លក់​គ្រឿង​ឧបភោគ​ ​បរិភោគ​ ​ឱ្យ​កសិករ​ក្នុង​សហគមន៍​ដោយ​មាន​តម្លៃ​ទាប ។ ថ្មីៗ​នេះ​ ​ផលិតផល​ពោត​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ត្រូវ​បាន​ថៃ​ផ្អាក​ទិញ​ ​ដោយ​ទម្លាក់​ថ្លៃ​ទាប​មក​នៅ​ត្រឹម​ជាង​២​បាត​ ​ឬ​៣​បាត​ក្នុង​១​គីឡូក្រាម​ ​តែ​ក្រុមហ៊ុន​​បៃតង​ទទួល​ទិញ​គ្រាប់ពោត​ពី​កសិករ​ដែល​ចេញ​ទៅ​ថៃ​មិន​រួច​នោះ​បាន​ប្រហែល​៣​អាទិត្យ​ប៉ុណ្ណោះ​ ​តម្លៃ​ពោត​បាន​ឡើង​ដល់​៤,៨​បាត ក្នុង​១​គីឡូក្រាម​ ​ហើយ​ក៏​មាន​ឈ្មួញ​ថៃ​មក​ដណ្ដើម​ទិញ​ផង​ដែរ​ ​នៅ​ប៉ែក​ខាងលិច​ខេត្ដ​បាត់ដំបង​ ​មាន​ស្រុក​កំរៀង​ ​ស្រុក​ភ្នំព្រឹក​ ​និង​ស្រុក​សំពៅលូន ។

ទោះបីជា​យ៉ាងណា​ ​លោក​ឧកញ៉ា​ក៏​បាន​សំណូមពរ​ផង​ដែរ​ទៅ​ដល់​សមត្ថកិច្ច​ ​និង​ក្រសួង​ពាក់ព័ន្ធ​ខាង​កម្ពុជា​ ​សុំ​ពិនិត្យ​មើល​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ ​និង​នាំ​ចូល​តាម​ប្រព័ន្ធ​ច្បាប់​ថា​ ​តើ​ត្រូវ​ឱ្យ​ផលិតផល​បរទេស​បែប​ណា​នាំ​ចូល​ ​ដើម្បី​កុំឱ្យ​សិប្បកម្ម​ខ្នាត​តូច​ក្នុងស្រុក​ដួល​រំលំ​ ​ដោយសារ​ផលិតផល​ពី​ក្រៅ​មក​ជ្រៀតជ្រែក​ ​ហើយ​បើក​ឱ្យ​ទូលំទូលាយ​តាម​ច្រក​ដែល​នាំ​ផលិតផល​ចេញ​ជា​ផ្លូវការ​ឱ្យ​មាន​ភាព​ងាយស្រួល ។ ចំពោះ​ប្រាក់​កម្ចី​ឥណទាន​សុំ​បង្កើន​បន្ថែម​ ​ព្រោះ​នៅ​មាន​កសិករ​ច្រើន​ទៀត​តាម​តំបន់​ផ្សេង​ត្រូវការ​ដូច​គ្នា​ ​ហើយ​សុំ​ឱ្យ​ការ​ផ្ដល់​ឥណទាន​ដល់​កសិករ​នេះ​មាន​រយៈពេល​វែង​ ​ដើម្បី​ឱ្យ​កសិករ​យក​ថវិកា​ទៅ​ទិញ​ឧបករណ៍​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​បែប​ទាន់សម័យ​ ​ព្រោះ​កន្លង​មក​ពួក​គាត់​ធ្វើ​តាម​បែប​បុរាណ​បន្សល់​ទុក​តាំងពី​ពេល​មុនៗ​មក ។ ឯ​ប្រាក់​កម្ចី​សុំ​ឱ្យ​ខាង​ធនាគារ​ផ្ដល់​ឱ្យ​មក​ទាន់​ពេល​ដែល​កសិករ​ត្រូវការ​ចំ​ពេល​កំពុង​ធ្វើស្រែ​ត្រូវការ​ទុន​ ​ព្រោះ​កន្លង​មក​តែងតែ​ឱ្យ​នៅ​ពេល​ដែល​កសិករ​កំពុង​ប្រមូល​ផល​ ​ម្ល៉ោះ​ហើយ​ទុន​គាត់​មាន​រួច​ស្រេច​ដែល​បាន​ពី​ការ​លក់​ផលិតផល​របស់​គាត់ ។

តំណាង​សមាគម​ម៉ាស៊ីន​កិនស្រូវ​៩​ខេត្ដ​ជាប់​ព្រំប្រទល់​ថៃ​ និង​វៀតណាម​របស់​ប្រទេស​កម្ពុជា​ ​ក៏​សុំ​ឱ្យ​ជួយ​សម្រួល​ដល់​សមាគម​ផ្សេងៗ​ទៀត​ឱ្យ​មាន​គោលការណ៍​អនុវត្ដ​បាន​ដូច​សមាគម​ក្នុង​ខេត្ដ​បាត់ដំបង​ដែរ​ ​ដែល​មើលទៅ​ឃើញ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​នេះ​អំពី​ផលិតផល​ស្រូវ ។​ ​លោក​ យូ​ ​សឿម​ ​ក្រុម​ប្រឹក្សា​ឃុំ​រូងជ្រៃ​ ​ស្រុក​ថ្មគោល​ ​ខេត្ដ​បាត់ដំបង​ ​ព្រមទាំង​ឃុំ​ចំនួន​៥​ទៀត​ក្នុង​ខេត្ដ​ពោធិ៍សាត់​ ​សុំ​ឱ្យ​ក្រុមហ៊ុន​បៃតង​កម្ពុជា​ជម្រុញ​បន្ថែម​រាល់​សកម្មភាព​ទៅ​ដល់​កន្លែង​ផ្សេងៗ​ទៀត​ ​ព្រោះ​ទិន្នផល​ឡើង​ខ្ពស់​ក្នុង​មួយ​ហិកតា​អាច​ទទួល​បាន​ស្រូវ​ពី​៥​ទៅ​៦​តោន​ ​ហើយ​ពូជ​ស្រូវ​សុទ្ធ​ល្អ​ក្រអូប​អាច​ធ្វើ​បាន​២​ដង​ក្នុង​១​ឆ្នាំ ។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​ ​គាត​ ​ឈន់​ ​បាន​បញ្ជាក់​ថា​ ​ពិតជា​ប្លែក​មែន​ពេល​មក​ដល់​ខេត្ដ​បាត់ដំបង​ ​គឺ​មើល​ទៅ​បៃតង​ភាវូបនីយកម្ម​ធ្វើ​ឱ្យ​នឹកឃើញ​កាលពី​សម័យ​មុនៗ​ដែល​ការ​រីក​ចម្រើន​នេះ​ហួស​ពី​ការ​ស្មាន​គូប​ផ្សំ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជម្រុញ​ផ្លូវ​គមនាគមន៍​សំខាន់ៗ​តាម​ខ្សែបន្ទាត់​ព្រំដែន​ផង​នោះ​ ​ធ្វើ​ឱ្យ​ប្រជា​កសិករ​កាន់តែ​ធូរស្រាល​ឡើង ។ ឯកឧត្ដម​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ច្រក​នាំ​ចេញចូល​ជា​ផ្លូវការ​ ​ហើយ​កែសម្រួល​រាល់​ប្រាក់​កម្ចី​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ទៀត​ដល់​កសិករ​ដែល​មាន​ឯកឧត្ដម ​ស៊ុន​ ​គន្ធរ​ ​ជា​អ្នក​ចុះ​ផ្ទាល់​ដល់​សមរភូមិ ។​ ​ឯកឧត្ដម ​គាត​ ​ឈន់​ ​បាន​បន្ដ​ទៀត​ថា​ ​គំរោង​របស់​ឯកឧត្ដម​ត្រូវ​ទៅ​ពិនិត្យ​មើល​តំបន់​រ៉ែ​មាស​នៅ​បន្ទាយ​មាន​ជ័យ​ ​និង​ប្រព័ន្ធ​ផ្លូវ​សំខាន់ៗ​តាម​បណ្ដោយ​ព្រំដែន​ដែល​មាន​ឥណទាន​បាន​ត្រៀម​រួចរាល់​អស់​ហើយ​ទាំង​ទំនប់​វារី​អគ្គិសនី​ ​និង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ចំនួន​ទៀត​ចេញពី​ខេត្ដ​បាត់ដំបង​ឆ្ពោះទៅ​ព្រំប្រទល់​ដែន ។​

លោក​ឧកញ៉ា​ ភួ​ ​ពុយ​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០១០​ខាង​មុខ​នេះ​ ​វៀតណាម​នឹង​ត្រូវ​នាំ​អង្ករ​ពី​កម្ពុជា​ប្រមាណ​មួយ​លាន​តោន​ ​សម្រាប់​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ពន្ធ​ ​ហើយ​ក៏​មាន​ក្រុមហ៊ុន​ផ្សេងៗ​មក​សុំ​បើក​រោង​ម៉ាស៊ីន​នៅ​ស្រុក​ខ្មែរ​ដែរ ។ ត្រង់នេះ​យើង​គួរតែ​ប្រយ័ត្ន​ ​ជួនកាល​មាន​ក្រុមហ៊ុន​ខ្លះ​មក​ធ្វើ​នំ​អត់​ម្សៅ​ ​ព្រោះ​កម្ពុជា​អាច​ងើបឈរ​ដោយ​ខ្លួនឯង​បាន​ទាំង​ការ​ផលិត​ទាំង​ការ​នាំ​ចេញ​ ​ដូច្នេះ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ពិនិត្យ​សម្រេចបាន​ហ្មត់ចត់ ៕

សារព័ត៌មាន​កោះសន្ដិភាព, ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០០៩

 

August 27, 2009

ភាពរាំងស្ងួត​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជា​កសិករ​ខ្មែរ

មជ្ឈមណ្ឌល​សិក្សា​ ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ​(អង្គការ​សេដាក​) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៥​ ​ខែ​សីហា​ ឆ្នាំ​២០០៩ ​ឱ្យ​ដឹង​ថា​ ​ចូល​មក​ដល់​ខែសីហា​នេះ​ ​ភាពរាំងស្ងួត​បាន​ និង​កំពុង​តែ​បន្ដ​កើត​មាន​នៅ​ក្នុង​ខេត្ដ​ចំនួន​ប្រាំបី​របស់​ប្រទេស​កម្ពុជា​ដែល​រួម​មាន ៖ ​ខេត្ដ​បន្ទាយមានជ័យ​ ​បាត់ដំបង​ ​ពោធិ៍សាត់​ ​កំពង់ធំ​ ​កណ្ដាល​ ​ព្រៃវែង​ ​ស្វាយរៀង​ ​និង​ខេត្ដ​តាកែវ ។​ ​បច្ចុប្បន្ន​ភាពរាំងស្ងួត​នៅ​មិន​ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​ ​(ពីព្រោះ​នៅ​តំបន់​ខ្លះ​នៃ​ខេត្ដ​ខាងលើ​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​វិញ) ប៉ុន្ដែ​ប្រសិនបើ​ភាពរាំងស្ងួត​នេះ​បន្ដ​អូស​បន្លាយ​ក្នុង​រយៈពេល​ចំនួន​ពីរ​សបា្ដហ៍​ខាង​មុខ​ទៀត​នោះ​ ​វា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ​នេះ ។

សេចក្ដី​ប្រកាស​បន្ដ​ថា​ ​តាម​រយៈ​ការ​ចុះ​អង្កេត​មើល​ផ្ទាល់​នៅ​ដីស្រែ​ដែល​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ឃើញ​ថា​ ​ដី​ស្រែ​ដែល​សម្បូណ៌​ទៅ​ដោយ​សារធាតុ​សរីរាង្គ​ ​ឬ​សារធាតុ​មមោក​ ​(Humus​) ដែល​បាន​មក​ពី​កម្ទេច​ចំបើង​ ​និង​ជញ្ជ្រាំង​ ​និង​មាន​ការ​ប្រើ​ជី​ធម្មជាតិ​នោះ​ដំណាំ​ស្រូវ​នៅ​បន្ដ​លូតលាស់​ ​និង​មាន​ពណ៌​ខៀវ​ជា​ធម្មតា​ដែល​ខុស​ពី​ដីស្រែ​មិន​មាន​សារធាតុ​មមោក​ ​ជា​ពិសេស​ដីស្រែ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ជញ្ជ្រាំង ។ ដូច្នេះ​ សេដាក បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ធ្វើការ​ផ្នែក​កសិកម្ម​ទាំងអស់​ ​សូម​ជួយ​ជម្រុញ​លើក​ទឹកចិត្ដ​កសិករ​ឱ្យ​អនុវត្ដ​វិធានការ​បច្ចេកទេស​ចាំបាច់​មួយ​ចំនួន​ ​ដូច​ខាងក្រោម ៖

  1. ទប់ស្កាត់​កុំ​ឱ្យ​មានការ​ដុត​ជញ្ជ្រាំង​ក្រោយ​ពី​រដូវ​ច្រូតកាត់​ប្រមូល​ផល​រួច
  2. បង្កើន​ការ​ភ្ជួរ​លុប​ជញ្ជ្រាំង​ ​និង​គ្រប​ដី​ដើម្បី​បង្កើន​ជីជាតិ​ដី
  3. ប្រមូល​ ​និង​សន្សំ​ធ្វើ​ ​និង​ប្រើ​ជីធម្មជាតិ​ ​(ជា​ពិសេស​ការ​ធ្វើ​ ​និង​ប្រើ​ជី​កំប៉ុស្ត) ឱ្យ​បាន​ច្រើន
  4. បង្កើន​ការ​ដាំ​ជី​ស្រស់​ ​និង​ដំណាំ​គ្រប​ដី​នៅ​តាម​វាលស្រែ​ឱ្យ​បាន​ច្រើន​នៅ​រដូវ​ក្រោយ​ពេល​ច្រូតកាត់​ ​និង​មុន​រដូវ​ដាំ​ដុះ
  5. ដាំ​ដើមឈើ​ដែល​លូតលាស់​លឿន​ ដូច​ជា​ ​ដើម​អង្កាញ់​ ​ដើម​ហាយសាន​ ​ដើម​ស្នោ​គោក​ ​ដើម​កន្ធុំថេត​ ​និង​ដើម​ស្ដៅ​ ​ឱ្យ​បាន​ច្រើន​ដើម្បី​យក​ស្លឹក​ធ្វើ​ជា​ជី ។

លោក​បណ្ឌិត​ យ៉ង​ ​សាំងកុមារ​ ​ប្រធាន​អង្គការ​សេដាក​មាន​ប្រសាសន៍​ថា​ ​សារធាតុ​មមោក​នៅ​ក្នុង​ដី​ស្រទាប់​លើ​ ​គឺជា​ជីវិត​កសិករ ។​ ​លោក​ថា​សារធាតុ​មមោក​ ​ឬ​សារធាតុ​ដែល​បាន​មក​ពី​ការ​ពុក​រលួយ​របស់​រុក្ខជាតិ​ ​និង​សត្វ​នៅ​ស្រទាប់​ដីស្រែ​ខាងលើ​ ​គឺ​មិន​ត្រឹមតែ​អាច​ជួយ​រក្សា​ភាព​សំណើម​ដល់​ដី​ដែល​អាច​ធ្វើ​ឱ្យ​ស្រូវ​លូតលាស់​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​វា​ជា​ប្រភព​នៃ​ការ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ដល់​ស្រូវ​ ​និង​ដល់​សត្វល្អិត​មាន​ប្រយោជន៍​ដែល​រស់នៅ​ក្នុង​ដី​ ​(ដូច​ជា​ជន្លេន​ជាដើម​) ទៀត​ផង ។​ ​លោក​ថ្លែង​ថា​ ​«គួរ​ឱ្យ​សោកស្ដាយ​សារធាតុ​មមោក​របស់​ដីស្រែ​នា​ពេល​បច្ចុប្បន្ន​សឹងតែ​ត្រូវ​បាន​បាត់បង់​ទាំងស្រុង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ​ដោយសារ​ការ​មិន​អើពើ​របស់​កសិករ​ ​ដូច​ជា​ ការ​ដុត​បំផ្លាញ​ចោល​ជញ្ជ្រាំង​ក្រោយ​ការ​ច្រូតកាត់​ ការ​មិនសូវ​រវល់​ពី​ការ​ប្រើប្រាស់​ជី​ធម្មជាតិ​ ​និង​ការ​ហូរ​សឹក​ ​ឬ​ហូរ​ច្រោះ​ជាដើម» ៕

សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​២៦​ ​ខែសីហា​ ​ឆ្នាំ​២០០៩

 

August 17, 2009

ការ​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​កំពុង​ក្លាយជា​ការ​ពិត

ស្រូវ និង​អង្ករ​ផ្ការំដួល​របស់​ខ្មែរ

ស្រូវ និង​អង្ករ​ផ្ការំដួល​របស់​ខ្មែរ

អាជ្ញាធរ​សៀម​បាន​ស្នើ​ឱ្យ​កម្ពុជា​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​រួម​គ្នា​ ​និង​ចាត់​ទុក​ថា​ជា​ការ​កំណត់​ថ្លៃ​លក់​ ​និង​បង្កើន​ការ​លក់​អង្ករ​ចេញ​ជា​អន្ដរជាតិ​ ​ដោយ​មាន​ប្រទេស​វៀតណាម​ ​ឡាវ​ ​និង​ភូមា​ចូលរួម​ផង​ដែរ ។ ការ​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​នេះ​ ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ដល់​អនុសាសន៍​រួច​មក​ហើយ​ឱ្យ​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​គួរតែ​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​ ​ដូច​អង្គការ​ ​OPEC​ ​នាំ​ប្រេង​ចេញ​ដូច្នោះ​ដែរ ។​ ​ពេល​នេះ​ការ​ស្នើ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ​កំពុង​ក្លាយជា​ការ​ពិត​ ​ដែល​ពេល​នោះ​ប្រជា​កសិករ​មិន​ចាំបាច់​ដឹកស្រូវ​ទៅ​លក់​ឱ្យ​ប្រទេស​ជិតខាង​ទៀត​ទេ​ ​ព្រោះ​ការ​វិនិយោគ​ពិតជា​នឹង​កើត​មាន​ឡើង ។

កាលពី​ថ្ងៃ​ទី​១៤​ ​ខែ​សីហា​ ឆ្នាំ​២០០៩ ​លោកស្រី​ ផន​ ​ធីវ៉ា​ណាខាសាយ​ ​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​សៀម​ ​បាន​ថ្លែង​ពី​ការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​កម្ពុជា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ ​(AEM) លើក​ទី​៤១​ក្នុង​ទីក្រុង​បាងកក​ថា​ ​សៀម​បាន​ស្នើ​ឱ្យ​រៀបចំ​បង្កើត​សមាគម​នាំ​ចេញ​អង្ករ​រួម​គ្នា​ក្នុង​ក្រុម​ប្រទេស​តាម​ដង​ទន្លេ​ ​អ៊ីរ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ​ ​ឬ​ ​ACMECS ដែល​មាន​ប្រទេស​សៀម​ ​វៀតណាម​ ​កម្ពុជា​ ​ឡាវ​ ​និង​ភូមា​ ​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ​អង្ករ ។​ ​នៅ​ក្នុង​ការ​ពិភាក្សា​លើក​នេះ​ ​ក៏​បាន​ដាក់​យុទ្ធសាស្ដ្រ​ក្នុង​នាម​ប្រទេស​នាំ​ចេញ​អង្ករ​ពិភពលោក​ ​ដោយ​ប្រគល់​ឱ្យ​មន្ដ្រី​នៃ​ប្រទេស​នីមួយៗ​ធ្វើការ​ចរចា​ ​និង​ដំណើរការ​ដោយ​ផ្នែក​ឯកជន​ ​មាន​រដ្ឋ​ផ្ដល់​ការ​ទ្រទ្រង់​ ​ដែល​អាច​ដំណើរការ​បាន​នៅ​ក្នុង​ឆ្នាំ​២០១០ ។

ចំណែក​លោក​ ឈូគៀត​ ​អូផាសាវុង​ ​នាយក​សមាគម​នាំ​អង្ករ​ចេញ​របស់​សៀម​ ​បានឱ្យ​ដឹង​ថា​ ​គោល​ជំហរ​ខាងលើ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្ដែ​ការ​ប្រតិបត្ដិ​ប្រហែល​ដំណើរការ​យ៉ាង​ពិបាក​ ​និង​មិន​អាច​កើត​ឡើង​បាន​ព្រោះ​ពាណិជ្ជកម្ម​អង្ករ​មាន​ការ​កំណត់​លើ​ការ​គ្រប់គ្រង​ ​រួម​ទាំង​ការ​នាំ​ចេញ​អង្ករ​មាន​ឯករាជ្យ​ ​និង​មានការ​ប្រកួត​ប្រជែង​ខ្ពស់ ។​ ​ប្រសិនបើ​មាន​ដំណើរ​ការ​អាច​ខុស​នឹង​គោលការណ៍​ពាណិជ្ជកម្ម​សេរី​ ​ឬ​បើសិនជា​មាន​ការ​បញ្ជា​ឱ្យ​នាំ​ចេញ​ស្រប​ទៅ​តាម​ប្រព័ន្ធ​ដែល​រដ្ឋ​កំណត់​ ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់ ។

ទោះបីជា​បែប​ណា​ ​វិធី​រៀបចំ​ឱ្យ​សមាគម​នេះ​ដំណើរការ​គឺជា​គោលដៅ​ហើយ ។​ ​បច្ចុប្បន្ន​ប្រទេស​សៀម​ ​និង​វៀតណាម​ ​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​នាំ​អង្ករ​ចេញ​ ​តែ​សូម​កុំ​ភ្លេច​ថា​ ​ប្រទេស​ទាំង​២​នេះ​ក៏​ជា​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ដែរ ។

សារព័ត៌មាន​កោះសន្ដិភាព, ថ្ងៃ​ទី​១៧​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩

រូបភាព​កណ្ដាប់​ស្រូវ​ ​និង​អង្ករ​ដែល​ជា​កសិផល​របស់​កសិករ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

រូបភាព​កណ្ដាប់​ស្រូវ​ ​និង​អង្ករ​ដែល​ជា​កសិផល​របស់​កសិករ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

 

June 19, 2009

ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ

អ្វី​ទៅ​ជា​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​ ​(ប.វ.ស) ?

ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​ ​ដែល​ហៅ​កាត់​ថា​ ​“ប.វ.ស” គឺជា​ការ​ផ្គុំ​ចូល​គ្នា​នូវ​បច្ចេកទេស​ ​ឬ​ការ​អនុវត្ដ​ល្អៗ​ ​ដើម្បី​ជួយ​ឱ្យ​ស្រូវ​លូតលាស់​បាន​ល្អ​ ​និង​បាន​ផល​ច្រើន​តាម​សក្ដានុពល​ធម្មជាតិ​របស់​វា ។​ ​គោលការណ៍​ ​និង​បច្ចេកទេស​ ​ប.វ.ស​ ​ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​ដោយ​លោក​ ​ហង់រី​ ​ដឺឡាឡូន្យេ​ ​(ជនជាតិ​បារាំង​) នៅ​ប្រទេស​ម៉ាដាហ្កាស្កា​ ​(កោះ​មួយ​នៅ​ទ្វីប​អាហ្វ្រិក) នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០ ។

គោលការណ៍​ ​និង​បច្ចេកទេស​របស់​ប.វ.ស

គោលការណ៍​សំខាន់ៗ​សម្រាប់​បង្កើន​ទិន្នផល​ស្រូវ​រួម​មាន​ ​៥​ចំណុច​ដូច​ខាងក្រោម ៖

  1. ស្រូវ​មិនមែន​ជា​ដំណាំ​ដុះ​ក្នុង​ទឹក​ ​ប្រសិនបើ​មាន​ទឹក​ដក់​ជាប់​នៅ​ក្នុង​ស្រែ​ធ្វើ​ឲ្យ​ឫស​ស្រូវ​មិន​អាច​លូតលាស់​បាន​ពេញលេញ​ល្អ
  2. ស្រូវ​នឹង​បាត់បង់​នូវ​សក្ដានុពល​នៃ​ការ​បែក​គុម្ព​របស់​វា​ជា​ច្រើន​ ​ប្រសិនបើ​គេ​ដក​យក​ទៅ​ស្ទូង​​នៅ​ពេល​សំណាប​មាន​អាយុ​លើស​ពី​១៥​ថ្ងៃ
  3. ស្រូវ​លូតលាស់​បាន​លឿន​ល្អ​ប្រសិនបើ​ក្នុង​ពេល​ស្ទូង​ ​ភាព​ខូចខាត​ ​និង​ភាព​រន្ធត់​របស់​សំណាប​ ​និង​ឫស​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ​ជា​កម្រិត​ ​អប្បបរមា
  4. ស្រូវ​ ប្រសិនបើ​វា​ដុះ​តែឯង​ ​ដុះ​រាង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ​វា​អាច​មាន​លទ្ធភាព​ដុះ​ឫស​ ​និង​បែក​គុម្ព​បាន​ច្រើន
  5. ដី​ដែល​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ ​និង​សម្បូរ​ទៅ​ដោយ​សារធាតុសរីរាង្គ​ ​ឬ​ជី​ធម្មជាតិ​ ​វា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​ដ៏​ល្អ​នូវ​ការ​លូតលាស់​របស់​ឫស​ ​និង​ការ​ចិញ្ចឹមជីវិត​របស់​ដំណាំ​ស្រូវ ។

គោលការណ៍​ទាំងនេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សំណុំ​បច្ចេកទេស​ដែល​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ ​និង​អនុវត្ដ​ទៅ​តាម​លក្ខខណ្ឌ​ ​និង​ក្សេត្រ​បរិស្ថាន​ក្នុង​តំបន់​នីមួយៗ ៖

  1. ការ​ធ្វើ​ដី​ឱ្យ​រាបស្មើ​ ​ជា​កត្ដា​មួយ​ចាំបាច់​ ​ពីព្រោះ​វា​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​ទឹក​ ​និង​ជីជាតិ​បាន​ស្មើ​ល្អ
  2. ការ​ជ្រើសរើស​យក​តែ​ពូជ​គ្រាប់​ដែល​ពេញ​ល្អ​សម្រាប់​យក​ទៅ​សាប​តាម​រយៈ​ការ​ត្រាំ​ទឹក​ ​(យក​ល្អ​ទឹក​ដែល​ត្រាំ​គួរ​ជា​ទឹក​មាន​ជាតិ​អំបិល​ ​ដោយ​ដាក់​អំបិល​១​ក្ដាប់ដៃ​សម្រាប់​ទឹក​១​ប៉ោត) ដើម្បី​ស្រង់​យក​គ្រាប់​ដែល​មិន​ពេញ​ចេញ​ ​គ្រាប់​អណ្ដែត)
  3. ធានា​ឲ្យ​បាន​សំណាប​ថ្លោស​ទៅ​ស្ទូង​តាម​រយៈ​ការ​ធ្វើ​ថ្នាល​សំណាប​គោក​ ​(ដូច​រង​ស្ពៃ) ។ នៅ​លើ​ថ្នាល​សំណាប​ធ្វើការ​ប្រើ​ជី​កំប៉ុស្ត៍​ប្រហែល​៤-៥​គីឡូក្រាម​លើ​ដី​១ ម៉ែត្រក្រឡា​ ​និង​ការ​សាប​ស្ដើង​ដោយ​ពូជ​១​គីឡូក្រាម​ ​សាប​លើ​ផ្ទៃដី​ប្រហែល​៤០​ម៉ែត្រក្រឡា
  4. ការ​ជ្រើសរើស​តែ​សំណាប​ដែល​ថ្លោស​ ​មាន​សុខភាព​ល្អ​សម្រាប់​យក​ទៅ​ស្ទូង​ ​ពីព្រោះ​ ​សំណាប​ថ្លោស​ ​វា​អាច​ដុះ​លូតលាស់​បែក​គុម្ព​បាន​ល្អ
  5. ការ​ស្ទូង​កូន​សំណាប​ដែល​មាន​អាយុ​តិច​ឬ​នៅ​ខ្ចី​ ​យក​ល្អ​អាយុ​ចាប់ពី​៨-១៥ ថ្ងៃ
  6. កុំ​ឱ្យ​មាន​ទឹក​ដក់​ច្រើន​ពេក​ក្នុង​ស្រែ​ ​យក​ល្អ​មាន​តែ​ទឹក​ដក់​បន្ដិចៗ​បាន​ហើយ​នៅ​ពេល​ស្ទូង​ ​និង​ពេល​ស្រូវ​កំពុង​បែក​គុម្ព​ ​ព្រោះ​វា​បង្ក​លក្ខណៈ​ឱ្យ​ខ្យល់​ចេញចូល​ក្នុង​ដី​បាន​ល្អ​ ​ដែល​អាច​ជួយ​ឱ្យ​ឫស​លូត​លាស់​បាន​ប្រសើរ​ ​ហើយ​ស្រូវ​ក៏​មិន​លូត​បណ្ដោយ​តាម​ទឹក​ ​តែ​រីក​ទទឹង​ដែល​ធ្វើ​ឱ្យ​ដើម​វា​ថ្លោស​ ​និង​រឹង​មាំ
  7. នៅ​ពេល​ស្ទូង​កុំ​ស្ទូង​កប់​ឫស​ចូល​ក្នុង​ដី​ជ្រៅ​ពេក​ ​(ជម្រៅ​១-២​ស.ម​ ​ទៅ​ក្នុង​ដី) ឬ​ស្ទូង​គ្រាន់តែ​ផ្ដិត​ឲ្យ​ជាប់​ដី​បន្ដិចៗ​បាន​ហើយ​ ​ពីព្រោះ​វា​នាំ​ឲ្យ​ឫស​មាន​ការ​លំបាក​ក្នុង​ការ​លូតលាស់​ ​ហប់​ខ្យល់​ ​ហើយ​ស្រូវ​ពិបាក​បែក​គុម្ព​ដោយសារ​គល់​ដើម​ ​(កន្លែង​បែក​ខ្នែង) កប់​ចូល​ជ្រៅ​ពេក
  8. ការ​ស្ទូង​តែ​១-២​ដើម​ក្នុង​មួយ​គុម្ព​ ​យក​ល្អ​តែ​មួយ​ដើម​ ​ពីព្រោះ​ស្រូវ​មួយ​ដើមៗ​ ​បើ​វា​មិន​នៅ​ចង្អៀត​គ្នា​ពេក​ទេ​ ​ឬ​វា​នៅ​តែឯង​វា​អាច​មាន​លទ្ធភាព​បែក​គុម្ព​បាន​ល្អ
  9. ស្ទូង​ឱ្យ​រង្វើល​ជាង​ធម្មតា​បន្ដិច​ ​ហើយ​យក​ល្អ​ឲ្យ​មាន​ជួរ​ ​ឬ​បន្ទាត់​ស្ទួ​ង​ជា​ក្រឡាចត្រង្គ ពីព្រោះ​វា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ស្រូវ​អាច​មាន​លទ្ធភាព​បែក​គុម្ព​បាន​ល្អ​ ​អាច​ទទួល​សារ​ធាតុ​ចិញ្ចឹម​បាន​ស្មើៗ​គ្នា​ ​និង​ងាយ​ក្នុង​ការ​ធ្វើ​ស្មៅ​ផង
  10. ធ្វើ​ការ​សំអាត​ស្មៅ​ឲ្យ​បាន​មុន​ ​និង​ទៀងទាត់​ ​និង​រៀបចំ​ជ្រោយ​ដី​ឲ្យ​បាន​ធូរ​ឲ្យ​មាន​ខ្យល់​ចេញចូល​ល្អ​សម្រាប់​ស្រូវ​លូតលាស់​បាន​ល្អ ។​ ​ក្រៅពី​នេះ​ទៀត​ ​ការ​ដកស្មៅ​ជួយ​កំចាត់​នូវ​ការ​ប្រណាំង​ប្រជែង​របស់​ស្មៅ​ជាមួយ​ដំណាំ​ស្រូវ
  11. បន្ថែម​សារធាតុចិញ្ចឹម​ដល់​ដីស្រែ​ក្នុង​ទម្រង់​ជា​ជីសរីរាង្គ​ ​ដូច​ជា​ ជី​កំប៉ុស្ត៍ ​ឬ​ពពួក​ជី​ស្រស់ ។
ប្រភពៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

 

ប្រសិនបើ​លោក​អ្នក​ចង់បាន​ទិន្នផល​ស្រូវ​ខ្ពស់​ ​ហើយ​ចំណាយ​តិច​ ​សូម​សាកល្បង​ផ្ដុំ​ចូល​គ្នា​នូវ​ ​បច្ចេកទេស​សំខាន់ៗ​ទាំង​១២ របស់​ប.វ.ស

បច្ចេកទេស​សំខាន់ៗ​ទាំង​១២ របស់​ប.វ.ស

បច្ចេកទេស​សំខាន់ៗ​ទាំង​១២ របស់​ប.វ.ស

 

ខាងក្រោម​នេះ​ជា​រូបភាព​តាម​ដំណាក់កាល​នៃ​ផលិតកម្ម​ប.វ.ស

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​រៀបចំ​ដីស្រែ​

ការ​រៀបចំ​ដីស្រែ​

ការ​រៀបចំ​ដីស្រែ​

ការ​រៀបចំ​ដីស្រែ​

ការ​ស្ទូង​

ការ​ស្ទូង​

ការ​ស្ទូង​

ការ​ស្ទូង​

ការ​ធ្វើ​ស្មៅ​

ការ​ធ្វើ​ស្មៅ​

ការ​ធ្វើ​ស្មៅ​

ការ​ធ្វើ​ស្មៅ​

ស្រូវ​បែក​គុម្ព​

ស្រូវ​បែក​គុម្ព​

ស្រូវ​បែក​គុម្ព​

ស្រូវ​បែក​គុម្ព​

ការ​ច្រូតកាត់​

ការ​ច្រូតកាត់

ការ​ច្រូតកាត់

ការ​ច្រូតកាត់

 

April 25, 2009

លក្ខណៈ​​រូបសាស្ដ្រ​​នៃ​​ដំណាំ​​ស្រូវ​

លក្ខណៈ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​

លក្ខណៈ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​ ​គឺជា​មូលដ្ឋាន​ដើម​ក្នុង​ការ​ស្វែង​យល់​ពី​ដំណាំ​ស្រូវ ។​ ​ការ​យល់​ដឹង​ពី​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការងារ​ជ្រើសរើស​ពូជ​ ​ការ​បង្កាត់​ពូជ​ ​និង​ការងារ​គ្រប់គ្រង​ដំណាំ​ស្រូវ​ ​ដើម្បី​បង្កើន​ទិន្នផល ។ ជា​ទូទៅ​ ​ដើម​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ ​ឫស​ ​ដើម​ ​ស្លឹក​ ​កួរ​ ​និង​គ្រាប់​ ​(រូបភាព​១) ។ ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​លូតលាស់​របស់​ដំណាំ​ស្រូវ​ ​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​គឺ​ ​លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​លូតលាស់​ ​និង​លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​បន្ដ​ពូជ ។

 រូប​១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ

រូប​១ លក្ខណៈ​រូបសាស្ត្រ​របស់​ដើម​ស្រូវ

១- លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​លូតលាស់​

សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ​រួម​មាន​ ​គ្រាប់ស្រូវ​ ​(Rice​ ​grain) ឫស​ស្រូវ​ ​(Roots) ដើម​ស្រូវ​ ​(Culm) និង​ស្លឹក​ស្រូវ​ ​(Leaf) (រូបភាព​២) ។

រូប​២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ

រូប​២ សរីរាង្គ​លូតលាស់​របស់​ដំណាំ​ស្រូវ

១.១- គ្រាប់ស្រូវ​ ​(Rice​ ​grain)

គ្រាប់ស្រូវ​មួយ​ ​ផ្សំ​ឡើង​ដោយ​សំបក​គ្រាប់​ ​(Rice​ ​hull) គ្រាប់​អង្ករសម្រូប​ ​(Brown​ ​rice) អ័ក្សទ្រគ្រាប់​ ​(Rachilla) សំបក​និប្ជល​ ​(Sterile​ ​lemmas) កំពក​ចុង​ស្មែង​ ​(Rudimentary​ ​glumes) និង​ទង​គ្រាប់​(Pedicel) (Matsuo​ ​and​ ​Hoshikow, 1993) (រូបភាព​៣) ។ គ្រាប់​អង្ករសម្រូប​ត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​សំបក​គ្រាប់​ ​ដែល​ផ្នែក​ទាំង​ពីរ​នេះ​ភ្ជាប់​ជាមួយ​ទង​គ្រាប់​ដោយ​អ័ក្សទ្រគ្រាប់​នា​កំពក​នៃ​ចុង​ស្មែង ។​ ​នៅ​ពីក្រោម​អ័ក្សទ្រគ្រាប់​ ​គឺ​សំបក​និប្ជល ។

រូប​៣ លក្ខណៈ​រូបសាស្ត្រ​របស់​គ្រាប់​ស្រូវ

រូប​៣ លក្ខណៈ​រូបសាស្ត្រ​របស់​គ្រាប់​ស្រូវ

១.១.១- សំបក​គ្រាប់​ ​(Rice​ ​hull)

សំបក​នេះ​ ​មាន​សភាព​រឹង​ដែល​ស្រោប​គ្រាប់​អង្ករសម្រូប​ពី​ខាងក្រៅ ។​ ​កាលណា​គេ​យក​សំបក​នេះ​ចេញពី​គ្រាប់​អង្ករ​ ​ត្រូវ​បាន​គេ​ហៅ​ថា​ ​“អង្កាម” ។ សំបក​គ្រាប់​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​ ​សំបក​ធំ​ ​ឬ​សំបក​ពោះ​ ​(Lemma) និង​សំបក​តូច​ ​ឬ​សំបក​ខ្នង​ ​(Palea) (រូបភាព​៣) ។ នៅ​លើ​សំបក​គ្រាប់​មាន​រោម​ជា​ច្រើន​ ​ហើយ​ពូជស្រូវ​ខ្លះ​ ​នៅ​ផ្នែក​ខាង​ចុង​នៃ​សំបក​ធំ​មាន​កន្ទុយ ។​ ​សំបក​ធំ​ ​(Lemma) និង​សំបក​តូច​ ​(Palea) មានមុខ​ងារ​សំខាន់​ណាស់​សម្រាប់​ការពារ​នូវ​ជាលិកា​របស់​គ្រាប់​អង្ករ​ ​កំណត់​ទម្រង់​ទំហំ​នៃ​គ្រាប់​ ​ព្រមទាំង​រយៈពេល​ដុះ​ពន្លក​ឫស​នៃ​គ្រាប់ ។​ ​កាលណា​សំបក​គ្រាប់​មាន​កម្រាស់​ស្ដើង​ ​នោះ​ការ​ដុះ​ពន្លក​គ្រាប់​បាន​ឆាប់​ ​តែ​ផ្ទុយ​មក​វិញ​ប្រសិនបើ​សំបក​គ្រាប់​មាន​កម្រាស់​ក្រាស់​ ​នោះ​រយៈពេល​នៃ​ការ​ដុះ​ពន្លក​គ្រាប់​យូរ​ ​(CIAP, 1996) ។

១.១.២- អ័ក្សទ្រគ្រាប់​ ​(Rachilla) និង​សំបក​និប្ជល​ ​(Sterile​ ​lemmas)

អ័ក្សទ្រគ្រាប់​ ​គឺជា​ផ្នែក​មួយ​នៃ​គ្រាប់ស្រូវ​ ​ដែល​ជា​ចំនុចប្រសព្វ​រវាង​សំបក​ធំ​ ​(Lema) និង​សំបក​តូច​ ​(Palea) ហើយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាន់​ទ្រ​ផ្កា​ ​និង​គ្រាប់​នីមួយៗ​របស់​ដំណាំ​ស្រូវ ។​ ​លើស​ពី​នេះ​ទៅ​ទៀត​ អ័ក្សទ្រគ្រាប់​មាន​តួនាទី​ក្នុង​កា​រត​ភ្ជាប់​រវាង​សំបក​និប្ជល​ ​(Sterile​ ​lemmas) និង​តួ​គ្រាប់ស្រូវ ។ សំបក​និប្ជល​ ​គឺជា​សំបក​គ្រាប់ស្រូវ​ដែល​គ្មាន​ការ​លូតលាស់​ ​ដែល​ស្ថិត​នៅ​ពី​ខាងក្រោម​នៃ​សំបក​ធំ​ ​(Lema) និង​សំបក​តូច​ ​(Palea) ។ សំបក​និប្ជល​ចែក​ចេញ​ជា​២​ ​គឺ​សំបក​និប្ជល​លើ​ ​(Upper​ ​glumme) និង​សំបក​និប្ជល​ក្រោម​ ​(Lower​ ​glumme) (រូបភាព​៣) ។

១.១.៣- កំពក​ចុង​ស្មែង​ ​(Rudimentary​ ​glumes) និង​ទង​គ្រាប់​ ​ឬ​ទង​ផ្កា​ ​(Pedicel)

កំពក​ចុង​ស្មែង​ ​គឺជា​ផ្នែក​ខាង​ចុង​គេ​បំផុត​នៃ​ស្មែង​ ​ដែល​មាន​រាង​កំប៉ោង​ដូច​ពែង ។ វា​ស្ថិត​នៅ​ពីក្រោម​សំបក​និប្ជល​ ​(Sterile​ ​lemmas) ។ កំពក​នេះ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ ​ក្នុង​ការ​រក្សា​នូវ​លំនឹង​របស់​គ្រាប់ស្រូវ ។ ទង​គ្រាប់​ ​ឬ​ទង​ផ្កា​ ​គឺជា​ផ្នែក​នៅ​ខាងក្រោម​គេ​បំផុត​នៃ​គ្រាប់ស្រូវ ។​ ​ផ្នែក​នេះ​មាន​តួនាទី​ក្នុង​ការ​ភ្ជាប់​ផ្កា​ស្រូវ​ជាមួយនឹង​ស្មែង​កួរ ។

១.១.៤- គ្រាប់​អង្ករសម្រូប​ ​(Brown​ ​rice)

គ្រាប់ស្រូវ​ ​នៅ​ពេល​ដែល​គេ​បក​យក​សំបក​គ្រាប់​ ​(Rice​ ​hull) ឬ​អង្កាម​ចេញ​ ​គេ​ហៅ​ថា​អង្ករសម្រូប​ ​(រូបភាព​៤) ។ គ្រាប់​អង្ករសម្រូប​ ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ស្រទាប់​សម្រូប​ខាងក្រៅ​ ​(Pericarp​ ​layer) និង​ ​ស្រទាប់​សម្រូប​ខាងក្នុង​ ​(Aleurone​ ​layer) ដែល​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ ​ប្រូតេអ៊ីន​ ​និង​វីតាមីន ។​ ​នៅ​ខាងក្នុង​ស្រទាប់​ទាំង​ពីរ​នេះ​ ​គឺ​សាច់​គ្រាប់​ ​ឬ​អង់ដូស្ពែម​ ​(Endosperm) និង​អំប្រ៊ីយ៉ុង​ ​(Embryo) ដែល​ខណ្ឌ​ដាច់​ភ្នាស​អេពីតេស្យូម​ ​(Epitelium) ។

រូប​៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករ​សម្រូប 

រូប​៤ លក្ខណៈ​រូបសាស្ត្រ​នៃ​អង្ករ​សម្រូប

អង់ដូស្ពែម​ឬ​សាច់​គ្រាប់​ ​(Endosperm) គឺជា​ផ្នែក​សារធាតុ​ចិញ្ចឹម​នៃ​គ្រាប់​ទុំ​ ​ហើយ​ដែល​អាច​ទ្រទ្រង់​ការ​ដុះ​លូតលាស់​នៃ​ពន្លក​បាន ។​ ​អង់ដូស្ពែម​រួម​ផ្សំ​ជា​ពិសេស​ដោយ​ ​អាមីដុង​ ​ប្រហែល​ ​៨០% និង​សារធាតុ​សំខាន់ៗ​ដទៃ​ទៀត​ ​ដែល​រួម​មាន​សារធាតុ​ ​ស្កររ​ ​ប្រូតេអ៊ីន​ ​និង​សារធាតុ​ខ្លាញ់​ ​(Vergara, 1989) ។ សារធាតុ​ទាំងនោះ​ជា​អាហារ​ធាតុ​បម្រុង​ចាំបាច់​របស់​អំប្រ៊ីយ៉ុង​សម្រាប់​ដំណើរការ​ដំណុះ​គ្រាប់ ។​ អង់ដូស្ពែម​មាន​ពីរ​ប្រភេទ​ ​គឺ​អង់ដូស្ពែម​ដែល​មាន​ភាព​ស្រអាប់​ ​(អង្ករដំណើប) និង​អង់ដូស្ពែម​ដែល​មាន​ភាព​ថ្លា​(អង្ករខ្សាយ) ។ ប្រភេទ​នីមួយៗ​របស់​អង់ដូស្ពែម​ ​មាន​លក្ខណៈ​ខុសៗ​គ្នា​គឺ​អាស្រ័យ​ទៅ​នឹង​បរិមាណ​នៃ​អាមីឡូស​ដែល​មាន​នៅ​ក្នុង​នោះ ។

អំប្រ៊ីយ៉ុង​ ​ឬ​ភ្រូណា​ ​(Embryo) ស្ថិត​នៅ​ផ្នែក​ចំហៀង​ពោះ​នៃ​សំបក​គ្រាប់​ធំ​ ​ដែល​ជា​ពន្លក​នៃ​អនាគត​រុក្ខជាតិ​ថ្មី​មួយ​ដើម​ដែល​មាន​នៅ​ក្នុង​គ្រាប់ ។​ ​នៅ​ក្នុង​អំប្រ៊ីយ៉ុង​រួម​មាន​ ​ពន្លក​ស្លឹក​ ​(Plumule) ពន្លក​ឫស​ដំបូង​ ​(Radicle) បណ្ដុំ​ ​សរសៃរ​នាំ​សារធាតុ​ចិញ្ខឹម​ ​(Vascular​ ​bundle) ហើយ​ដែល​ផ្នែក​ទាំង​បី​នេះ​រុំ​ព័ទ្ធ​ដោយ​ស្គូតេឡូម​ ​(Scutelum) (រូបភាព​៥) ។ គ្រប់​កោសិកា​នៃ​អំប្រ៊ីយ៉ុង​ផ្ទុក​ទៅ​ដោយ​ស្កររ​ ​ប្រូតេអ៊ីន​ ​និង​ខ្លាញ់​ដែល​ជា​ប្រភព​នៃ​ថាមពល​ ​និង​អង់ស៊ីម​នា​ពេល​គ្រាប់​ចាប់ផ្ដើម​ដុះ ។

 រូប​៥ អំប៊្រីយ៉ុង

រូប​៥ អំប៊្រីយ៉ុង

១.២- ឫស​ស្រូវ​ ​(Roots)

ឫស​ ​គឺជា​បណ្ដុំ​សរីរាង្គ​ដែល​ប្រមូលផ្ដុំ​ឡើង​ដោយ​សរសៃ​​ចាក់ស្រេះ​ចូល​គ្នា​ដោយ​ចៃដន្យ​ ​និង​កំណត់​ដោយ​សរសៃ​តូចៗ​ជា​ច្រើន ។​ ​ឫស​ស្រូវ​ចាប់​កើត​មាន​ឡើង​តាំងពី​គ្រាប់ស្រូវ​ចាប់​ដុះ​ពន្លក​ ​នៅ​ពេល​គេ​យក​ទៅ​ធ្វើ​ដំណុះ​ ​ហើយ​មាន​មុខ​ងារ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​ការ​លូតលាស់​របស់​សំណាប​ ​និង​បន្ដបន្ទាប់​មក​ឫស​ស្រូវ​ចាប់ផ្ដើម​ដុះ​ចេញពី​សរីរាង្គ​ផ្សេងៗ​ ​ផ្នែក​ខាងក្រោម​របស់​ដើម​ ដូចជា​ ​គល់​ខ្នែង​បែក​ដំបូង​ ​និង​ថ្នាំង​របស់​ដើម​ ​(Fujil, 1974) ។ ឫស​របស់​ដំណាំ​ស្រូវ​​ចែក​ចេញ​ជា​​៣ គឺ​ ​ឫសកែវ​ ឫសព្រយោង​ ​និង​ឫសខ្យល់​ ​(រូបភាព​៦) ។

រូប​៦​ក លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

រូប​៦​ក លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

រូប​៦​ខ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

រូប​៦​ខ លក្ខណៈ​រូបសាស្ត្រ​នៃ​ឫស​របស់​​ដំណាំ​ស្រូវ

១.២.១- ឫសកែវ​ ​(Seminal​ ​root)

ឫសកែវ​ ​គឺជា​ឫស​ដំបូង​បង្អស់​ដែល​ដុះ​ចេញពី​គ្រាប់ស្រូវ​ ​នៅ​ពេល​ដែល​ស្រូវ​ចាប់ផ្ដើម​ដុះ​ពន្លក​ដំបូង​ ​ហើយ​ឫស​នេះ​មាន​អាយុ​ពី​ ​១ ទៅ​ ​៣០ ថ្ងៃ​ ​ប៉ុណ្ណោះ ។​ ​ឫសកែវ​ដុះ​ចេញ​ក្នុង​រយៈពេល​ ​២ ទៅ​ ​៣ ម៉ោង​ ​បន្ទាប់​ពី​ស្រោម​ពន្លក​ឫស​ ​(Coleorhiza) លេចឡើង​ ​(ដុះ​ចេញ) ។ ឫសកែវ​នឹង​ងាប់​ទៅ​វិញ​ក្នុង​រវាង​អាយុ​ ​១ ខែ​ ​នៅ​ក្រោយ​ពេល​ដែល​ឫសព្រយោង​ចាប់ផ្ដើម​ដុះ​ ​និង​កើន​ឡើង​ជា​បន្ដបន្ទាប់ ។ ឫសកែវ​មានមុខ​ងារ​ ​ស្រូប​យក​ទឹក​សម្រាប់​ផ្ដល់​ឱ្យ​គ្រាប់​ដើម្បី​ធ្វើ​ប្រតិកម្ម​បម្លែង​ម្សៅ​អាមីដុង​ ​បង្កើត​ទៅ​ជា​ស្ករ​ ​និង​បម្លែង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត​ ​ដើម្បី​ផ្ដល់​ឱ្យ​ពន្លក​ដើម​អាច​រស់រាន្ដ​មាន​ជីវិត ។

១.២.២- ឫសព្រយោង​ ​(Nodal​ ​or​ ​adventitious​ ​roots)

ឫសព្រយោង​ ​ជា​ប្រភេទ​ឫស​ដែល​ដុះ​ចេញពី​គល់​ថ្នាំង​នៃ​ដើម​ស្រូវ​ ​ដែល​កប់​ក្នុង​ដី​ ​ដែល​មាន​តួនាទី​សម្រាប់​ជា​ជំនួយ​ដល់​ឫសកែវ​ ​(Seminal​ ​root) ។ នៅ​ពេល​ដែល​ស្រោម​ពន្លក​ឫស​ចាប់ផ្ដើម​ដុះ​ ​ស្រោម​ពន្លក​ស្លឹក​ក៏​ដុះ​ចេញ​ដែរ ។​ ​ហើយ​ដែល​នៅ​ក្នុង​នោះ​ ​បន្ទាប់​មក​គឺ​ ​ថ្នាំង​ពន្លក​ ​(Mesocotyl) បាន​ដុះ​ចេញ ។​ ​ថ្នាំង​ពន្លក​នេះ​ ​ជា​ថ្នាំង​ដំបូង​បង្អស់​របស់​ដើម​ស្រូវ ។​ ​នៅ​ពេល​ដែល​ដើម​ស្រូវ​ដុះ​ស្លឹក​ទី​៣ នៅ​ផ្នែក​ខាង​ចុង​នៃ​ថ្នាំង​ពន្លក​ ​ឫសព្រយោង​ក៏​ចាប់ផ្ដើម​ដុះ​ឡើង ។​ ​ក្រោយ​ពី​ដុះ​ ​ឫសព្រយោង​ត្រូវ​បាន​លូតលាស់​ចាក់​ទៅ​ក្រោម​ដី​ប្រមាណ​ ​១៨ ទៅ​ ​២០ សម​ ​និង​ចាក់​ទៅ​សងខាង​ប្រវែង​ពី​ ​៣០ ទៅ​ ​៣៥ សម ។​ ​ការ​លូតលាស់​របស់​ឫសព្រយោង​ ​និង​ស្លឹក​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ ​គឺ​មាន​ន័យ​ថា​ ​ប្រសិនបើ​ប្រវែង​នៃ​ស្លឹក​ស្រូវ​លូត​ចាក់ចេញ​ទៅ​ផ្នែក​ខាង​ឆ្ងាយ​នៃ​ដើម​បាន​ប្រវែង​ត្រឹមណា​នោះ​ ​ឫសព្រយោង​ក៏​លូតលាស់​ចាក់ចេញ​បាន​ដល់​ត្រឹមនោះ​ដែរ ។ ឫស​នេះ​មានមុខ​ងារ​សម្រាប់​ទ្រទ្រង់​ជំហរ​ដើម​ស្រូវ​មិន​ឱ្យ​ដួល​ ​ស្រូប​យក​ទឹក​ ​និង​សារធាតុចិញ្ចឹម​ ​ជា​ពិសេស​សារធាតុ​អាសូត​ ​ផូស្វ័រ​ ​ប៉ូតាស្យូម​ពី​ក្នុង​ដី​ ​ដើម្បី​ផ្ដល់​ទៅ​ឱ្យ​សរីរាង្គ​ដើម​ស្រូវ​និង​មាន​តួនាទី​សម្រាប់​ផ្ទុក​ជាតិ​ទឹក​ ​និង​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​ដំណាំ​ស្រូវ​ ​(រូបភាព​៦) ។ នៅ​ខាង​ក្បាល​ឫស​ ​មាន​ស្រោម​រឹង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​ឫស​ ​និង​ជា​ជំនួយ​ដល់​ឫស​ក្នុង​ការ​ទម្លុះ​ចូល​ក្នុង​ដី​ ​ដែល​ស្រោម​នេះ​គេ​ហៅ​ថា​លាលាដ៍​ឫស​ ​(Root​ ​Cap) ។

១.២.៣- ឫសខ្យល់​ ​(Adventitious​ ​roots)

ឫស​នេះ​ដុះ​ចេញពី​ថ្នាំង​នៃ​ដើម​ស្រូវ​នៅ​ផ្នែក​ក្រោម​ ​(ឫស​ដែល​នៅ​លើ​ផ្ទៃដី) ហើយ​ការ​បែកខ្នែង​ ​គឺ​កើតឡើង​ដោយ​ឯកឯង ។ ចំពោះ​ពូជស្រូវ​ឡើង​ទឹក​ គេ​សង្កេត​ឃើញ​វា​កើត​ចេញពី​ថ្នាំង​ខាងលើ​បំផុត​នៃ​ដើម​វែង​ ​តែ​នៅ​ក្រោម​ស្រទាប់​សើៗ​នៃ​ផ្ទៃ​ទឹក ។ ឫសខ្យល់​មាន​ ​២ ប្រភេទ​គឺ​ ​ឫសខ្យល់​ទី​១ (Primary​ ​adventitious​ ​roots) និង​ឫសខ្យល់​ទី​២ (Secondary​ ​adventitious​ ​roots) ។ ចំពោះ​ពពួក​ស្រូវ​ឡើង​ទឹក​ ​គឺ​មាន​ឫសខ្យល់​ទាំង​ពីរ​ប្រភេទ​ ​ហើយ​ដែល​ឫស​ខ្យល់​ទាំង​ពីរ​នឹង​ចាក់​ចូល​ទៅ​ក្នុង​ដី​ពេល​ទឹក​ស្រក ។ ចំពោះ​ពពួក​ស្រូវ​ដទៃ​ទៀត​ ​គឺ​ភាគច្រើន​មាន​តែ​ឫសខ្យល់​ទី​១​ប៉ុណ្ណោះ ។

១.៣- ដើម​ស្រូវ​ ​(Culm)

ដើម​ស្រូវ​មាន​តួនាទី​សម្រាប់​ទ្រទ្រង់​ស្លឹក​ ​និង​កួរស្រូវ​ ​បង្កើត​ដើម​បែក​ថ្មី​ ​និង​ឫស​ ​ភ្ជាប់​សកម្មភាព​នៃ​ការ​ធ្វើ​រស្មី​សំយោគ​ ​ផ្ទុក​ ​និង​ដឹក​ជញ្ជូន​ជាតិ​ទឹក​ ​សារធាតុចិញ្ចឹម​ផ្សេងៗ​ ​និង​សម្រាប់​ធ្វើការ​ផ្គត់ផ្គង់​ខ្យល់​ទៅ​កាន់​ឫស ។ ដើម​ស្រូវ​ត្រូវ​បាន​ចែក​ចេញ​ជា​ ​២​ផ្នែក​គឺ​ ​ថាំ្នង​ ​(Nodes) និង​ចន្លោះ​ថ្នាំង​ ​(Internodes) (រូបភាព​៧) ។

 រូប​៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ

រូប​៧ លក្ខណៈ​រូបសាស្ត្រ​នៃ​ដើម​ស្រូវ

១.៣.១- ថ្នាំង​ ​(Nodes)

ថ្នាំង​ ​គឺជា​ផ្នែក​រឹង​នៃ​ដើម​ស្រូវ​ដែល​មាន​ភាព​តាន់​ ​និង​គ្មាន​ប្រហោង​ ​ហើយ​ជា​កន្លែង​សម្រាប់​បង្កើត​ស្លឹក​ និង​ពន្លក​ខ្នែង​នៃ​ដើម​ស្រូវ ។ ពន្លក​ខ្នែង​មាន​ទីតាំង​នៅ​ចន្លោះ​របស់​ថ្នាំង​ ​និង​គល់​ស្រទប​ស្លឹក ។​ ​ចំណែក​ថ្នាំង​ដែល​នៅ​ខាង​ចុង​នៃ​ដើម​ ​ជា​ថ្នាំង​ដែល​បង្កើត​កួរស្រូវ ។

១.៣.២- ចន្លោះ​ថ្នាំង​ ​(Internodes)

ចន្លោះ​ថ្នាំង​ ​ជា​ផ្នែក​រលោង​ហើយ​មាន​លក្ខណៈ​រឹង​ ​និង​តាន់​នៅ​ពេល​ដែល​វា​នៅ​ខ្ចី​ ​ប៉ុន្ដែ​ប្រែ​ក្លាយ​ទៅជា​មាន​ប្រហោង​នៅ​ពេល​វា​កាន់តែ​ចាស់ ។ ផ្នែក​នេះ​មាន​ស្នាម​ចង្អូរ​តូចៗ​ ​ហើយ​ជា​ផ្នែក​មូល​រលោង​នៃ​ដើម ។​ ​ចន្លោះ​ថ្នាំង​ខាងក្រោម​ជា​ទូទៅ​ខ្លីៗ​ ​ខុស​ពី​ចន្លោះ​ថ្នាំង​ខាងលើ​ដែល​វែងៗ ។ ចន្លោះ​ថ្នាំង​នេះ​ ​ត​ភ្ជាប់​គ្នា​បាន​ពី​មួយ​ទៅ​មួយ​ដោយសារ​ថ្នាំង​ ​(Nodes) ។ ចំពោះ​ចន្លោះ​ថ្នាំង​របស់​ដំណាំ​ស្រូវ​មាន​ច្រើន​ ​ឬ​តិច​ ​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា​ ​ដោយសារ​ពូជ​ខ្លះ​មាន​ចន្លោះ​ថ្នាំង​ច្រើន​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ខ្ពស់​ ​និង​ពូជ​ខ្លះ​ទៀត​មាន​ចន្លោះ​ថ្នាំង​តិច​ដែល​ធ្វើ​ឱ្យ​ដើម​មាន​កំពស់​ទាប។ ជា​ទូទៅ​ ​ចន្លោះ​ថ្នាំង​ចាប់ផ្ដើម​លូត​បណ្ដោយ​ ​ឬ​លូត​ប្រវែង​ ​ចាប់ពី​ផ្នែក​ខាងក្រោម​ទៅ​ផ្នែក​ខាងលើ​នៃ​ដើម​ស្រូវ ។​ ​យ៉ាងណាមិញ​ ​ចន្លោះ​ថ្នាំង​ដែល​មា​នទី​តាំងនៅ​ផ្នែក​ខាងលើ​បំផុត​នៃ​ដើម​ស្រូវ​តែងតែមាន​ទំហំ​តូច​ ​ជាពិសេស​ចន្លោះ​ថ្នាំង​ដែល​ផ្ទុក​ផ្កា​ ​និង​គ្រាប់ ។

១.៣.៣- ការ​បែក​គុម្ព​ ​(Tillering)

 រូប​៨ ប្រព័ន្ធ​បែប​គុម្ព​នៃ​ដំណាំ​ស្រូវ

រូប​៨ ប្រព័ន្ធ​បែប​គុម្ព​នៃ​ដំណាំ​ស្រូវ

ស្រូវ​ ​គឺជា​ដំណាំ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​បែក​គុម្ព​ខ្លាំង ។ បែក​គុម្ព​ ​គឺជា​ដំណើរការ​មួយ​ដែល​ក្នុង​នោះ​ដើម​បែក​ថ្មីៗ​ ​បាន​ដុះ​លូតលាស់​ចេញពី​ដើម​មេ​ ​ឬ​ដើម​បែក​ចាស់ៗ ។​ ​លោក​ ​Katayama​ ​(1951) បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​អំពី​ដំណើរការ​បែក​គុម្ព​នេះ​ ​ហើយ​បាន​បង្កើត​ជា​ប្រព័ន្ធ​មួយ​ ​ដែល​គេ​បាន​បន្ដ​ប្រើប្រាស់​រហូត​មក​ដល់​បច្ចុប្បន្ន ។​ ​រូបភាព​៨ គឺជា​គំនូសបំព្រួញ​អំពី​ការ​បែក​គុម្ព​ ​ដែល​មាន​លក្ខណៈ​សម្រាយ​ជាង​លោក​ ​Katayama​ ​(1951) បន្ដិច​ ​ដោយសារ​គំនូសបំព្រួញ​នេះ​មិន​បាន​បញ្ជាក់​អំពី​លេខ​រៀង​របស់​ថ្នាំង​ ​ដែល​ដើម​បែក​បាន​ដុះ​ចេញ​មក ។​ ​ដើម​បែក​របស់​ដំណាំ​ស្រូវ​ ​ត្រូវ​បាន​ចែក​ជាដើម​មេ​ ​ដើម​បែក​ទី​មួយ​ ​(Primary​ ​tiller) ដើម​បែក​ទី​ពីរ​ ​(Secondary​ ​tiller) និង​ដើម​បែក​ទី​បី​ ​(Tertiary​ ​tiller) ។ ដើម​មេ​ ​គឺជា​ដើម​ដែល​ដុះ​ចេញពី​គ្រាប់​ ​ហើយ​ចេញពី​ដើម​មេនេះ​ ​មាន​ដើម​បែក​ទី​មួយ​ ​(Ti, i=1,…,n) ជា​ច្រើន​ដុះ​ចេញ​មក​តាម​លំដាប់លំដោយ​នៃ​ថ្នាំង ។​ ​ដើម​បែក​ទី​ពីរ​ ​គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​បែក​ទី​មួយ​ ​ហើយ​ដើម​បែក​ទី​បី​ ​គឺជា​ដើម​បែក​ដែល​ដុះ​ចេញពី​ដើម​ ​បែក​ទី​ពីរ ។​ ​នៅ​ក្នុង​រូបភាព​៨ ដើម​មេ​ ​គឺ​តាង​ដោយ​ ​T0 ដើម​បែក​ទី​មួយ​ ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​មួយ​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T1, T2, …) ដើម​បែក​ទី​ពីរ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​ពីរ​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T11, T21, …) និង​ដើម​បែក​ទី​បី​ ​គឺ​តាង​ដោយ​អក្សរ​ ​T​ ​និង​លេខ​បី​ខ្ទង់​ ​(ឧទាហរណ៍ៈ​ ​T111, T211, …) លំដាប់​លេខ​១-n​ ​បញ្ជាក់​ពី​ដើម​បែក​ដែល​ដុះ​លំដាប់​បន្ដ​គ្នា​ ​ដូច​ជា​ ​T1​ ​គឺ​ដើម​បែក​ទី​មួយ​ដែល​ដុះ​មុនគេ​ពី​ដើម​មេ​ ​ហើយ​ ​T5​ ​គឺជា​ដើម​បែក​ទី​មួយ​ដែល​ដុះ​ចេញពី​ដើម​មេ​ ​បន្ទាប់​ពី​ដើម​បែក​ទី​មួយ​ ​បួន​ទៀត​បាន​ដុះ​ចេញពី​ដើម​មេ​រួច​ហើយ ។​ ​ចំនួន​ដើម​បែក​ ​គឺ​អាស្រ័យ​ទៅ​លើ​ពូជ​រយៈពេល​លូតលាស់​ ​លក្ខខណ្ឌ​ដាំ​ដុះ​ ​(ពន្លឺ​ ​និង​សារធាតុចិញ្ចឹម) និង​វិធីសាស្ដ្រ​ដាំ​ដុះ ។

១.៤- ស្លឹក​ស្រូវ​ ​(Leaf)

ស្លឹក​ស្រូវ​ទាំងអស់​ត្រូវ​បាន​ទ្រ​ដោយ​ដើម​ ​ហើយ​តំរៀប​ជា​ពីរ​ជួរ ។ គេ​សង្កេត​ឃើញ​ថា​ ​នៅ​ផ្នែក​ខាងលើ​នៃ​ថ្នាំង​មួយ​ ​គឺ​មាន​ដុះ​ស្លឹក​មួយ​ ​ដែល​មាន​ពីរ​ផ្នែក​គឺ​ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade) (រូបភាព​៩) ។ ក្នុង​មួយ​វដ្ដ​ជីវិត​របស់​ដើម​ស្រូវ​មាន​ស្លឹក​ពី​ ​១០ ទៅ​ ​២០ ប៉ុន្ដែ​មាន​តែ​ស្លឹក​ពី​ ​៥ ទៅ​ ​១០ ប៉ុណ្ណោះ​ ​ដែល​នៅ​រស់​រហូត​ដល់​ពេល​ប្រមូល​ផល​គ្រាប់​ ​ចំណែក​ស្លឹក​ដទៃ​ទៀត​ចាប់ផ្ដើម​ស្វិត​ ​និង​ងាប់​បន្ដបន្ទាប់​ទៅ​តាម​ការ​អភិវឌ្ឍ​​នៅ​ក្នុង​វគ្គ​នីមួយៗ​នៃ​ដំណាំ​ស្រូវ ។​ ​ស្លឹក​ខាងលើ​បំផុត​ដែល​ស្ថិត​នៅ​ខាងក្រោម​កួរ​ ​គឺជា​ស្លឹក​ទង់ជ័យ​ ​ឬ​ស្លឹក​អម​កួរ​ ​(Flag​ ​leaf) ។ ស្លឹក​ស្រូវ​មាន​មុខងារ​សម្រាប់​ទទួល​ពន្លឺ​ ​និង​ដឹកនាំ​ការ​ធ្វើ​រស្មី​សំយោគ​ ​សកម្មភាព​ដំណក​ដង្ហើម​ ​បំភាយ​ចំហាយ​ទឹក​ ​សម្រាប់​ផ្ទុក​អាហារ​ចិញ្ចឹម​ផ្សេងៗ​ ​សម្រាប់​នាំ​ខ្យល់​ទៅ​ឱ្យ​ឫស​ ​ដើម​ ​និង​ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ក្នុង​ទឹក ។​ ​នៅ​ផ្នែក​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade) មាន​សរីរាង្គ​បី​ទៀត​គឺ​ ​ចង្កំ​ស្លឹក​ ​(Collar) អណ្ដាត​ស្លឹក​ ​(Ligule) និង​ត្រចៀក​ស្លឹក​ ​(Auricle) ។

 រូប​៩ ស្លឹក​ស្រូវ

រូប​៩ ស្លឹក​ស្រូវ

១.៤.១- ស្រទប​ស្លឹក​ ​(Leaf​ ​sheath) និង​បន្ទះ​ស្លឹក​ ​(Leaf​ ​blade)

ស្រទប​ស្លឹក​ ​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ស្លឹក​ ​ដែល​ស្រោប​រុំ​ព័ទ្ធ​ជុំវិញ​ដើម ។​ ​ជួនកាល​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក​ត​ភ្ជាប់​គ្នា​នៅ​ចន្លោះ​ថ្នាំង ។ ស្រទប​ស្លឹក​ដែល​ស្ថិត​នៅ​ត្រង់​គល់​ថ្នាំង​ ​មាន​រាង​ប៉ោង​ចេញ​ ​ដែល​គេ​ឱ្យឈ្មោះ​ថា​ ​ផ្នែក​ប៉ោង​នៃ​ស្រទប​ស្លឹក ។ បន្ទះ​ស្លឹក​ ​គឺជា​ផ្នែក​ខាងលើ​នៃ​ស្លឹក​មាន​រាង​ជា​បន្ទះ​ស្រួច​ហើយ​រាបស្មើ ។ នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្ទៃ​ស្លឹក​ចំ​កណ្ដាល មាន​ទ្រនុង​ធំ​មួយ​លយ​ចេញ​ជាងគេ​ ​គឺជា​ទ្រនុង​កណ្ដាល​នៃស្លឹក (Midrib) ។ ផ្ទៃ​ខាងលើ​នៃ​បន្ទះ​ស្លឹក​មាន​ជួរ​​ឆ្នូតៗ​ជា​ច្រើន​ ​ដែល​ស្របគ្នា​ជាមួយ​ទ្រនុង​ស្លឹក ។​ ​ស្លឹក​ដុះ​ចេញ​មក​ឆ្លាស់គ្នា​នៅ​លើ​ដើម ។​

១.៤.២- ចង្កំ​ស្លឹក​ ​(Collar) អណ្ដាត​ស្លឹក​ ​(Ligule) និង​ត្រចៀក​ស្លឹក​ ​(Auricle)

ចង្កំ​ស្លឹក​ ​គឺជា​ផ្នែក​មួយ​សម្រាប់​ត​ភ្ជាប់​រវាង​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក​ ​ឬ​ជា​ផ្នែក​ដែល​ខណ្ឌ​ស្រទប​ស្លឹក​ ​និង​បន្ទះ​ស្លឹក ។​ ​អណ្ដាត​ស្លឹក​ ​គឺជា​ភ្នាស​ស្ដើង​ឈរ​ត្រង់​ទៅ​លើ​ ​ហើយ​ស្ថិត​នៅ​ខាងក្នុង​បន្ទះ​ស្លឹក​ ​ពោល​គឺ​នៅ​កន្លែង​ណា​ដែល​បន្ទះ​ស្លឹក​ត​ភ្ជាប់​នឹង​ស្រទប​ស្លឹក ។ ទម្រង់​របស់​វា​មាន​សភាព​ស្ដើង​ស្រួច​ចុង​ ​ដែល​ចុង​នោះ​អាច​បែក​ជា​ពីរ​ ​ឬ​មិន​បែក​អាស្រ័យ​ដោយ​ពូជ ។ ត្រចៀក​ស្លឹក​ ​គឺជា​ព្រុយ​មួយ​គូ​ដែល​ស្ថិត​នៅ​គែម​សងខាង​ ​ផ្នែក​គល់​ខាងក្រោយ​នៃ​បន្ទះ​ស្លឹក​ស្រូវ ។​ ​ជា​ធម្មតា​ត្រចៀក​ស្លឹក​ ​លូត​ឡើង​នៅ​ផ្នែក​ចំហៀង​ ​ពោល​គឺ​កន្លែង​ដែល​អណ្ដាត​ ​និង​គល់​នៃ​ចង្កំ​ស្លឹក​ត​ភ្ជាប់​គ្នា ។ អណ្ដាត​ស្លឹក​ ​និង​ត្រចៀក​ស្លឹក​ ​ជា​សរីរាង្គ​ដែល​សំខាន់​បំផុត​ ​ក្នុង​ការ​កំណត់​ពី​ភាព​ខុស​គ្នា​រវាង​ដំណាំ​ស្រូវ​ ​និង​ស្មៅ​ ​ក្នុង​ដំណាក់កាល​លូតលាស់ ។ ជា​ទូទៅ​ស្លឹក​របស់​ពូជស្រូវ​ទាំងអស់​ ​គឺ​មាន​សរីរាង្គ​ទាំង​ពីរ​នេះ​ ​ផ្ទុយ​ទៅ​វិញ​ស្លឹក​ស្មៅ​ ​គឺ​អាច​គ្មាន​មាន​សរីរាង្គ​ទាំង​ពីរ​នេះ​ ​ឬ​ក៏​មាន​តែ​មួយ​ប៉ុណ្ណោះ ។

២- លក្ខណៈ​រូបសាស្ដ្រ​នៃ​សរីរាង្គ​បន្ដ​ពូជ​

២.១- កួរស្រូវ​ ​(Panicle​ ​or​ ​Inflorescence)

កួរស្រូវ​រួម​មាន​កកួរ​ ​(Panicel base) អ័ក្ស​នៃ​កួរ​ ​(Panicle​ ​axis) ស្មែង​ទី​មួយ​ ​(Primary​ ​branch) ស្មែង​ទី​ពីរ​ ​(Secondary​ ​branch) ទង​គ្រាប់​ ​(Pedicel) និង​កន្សោម​ផ្កា​ ​(Spikelet) (រូបភាព​១០) ។ ក​កួរ​ ​គឺជា​ផ្នែក​ដែល​ភ្ជាប់​តួ​កួរ​ជាមួយ​ចន្លោះ​ថ្នាំង​លើ​បំផុត​នៃ​ដើម​ ​(Uppermost​ ​internodes) ។ ស្មែង​ទី​មួយ​ ​គឺជា​ស្មែង​ដែល​ដុះ​ចេញពី​អ័ក្ស​នៃ​កួរ​ ​ដែល​នៅ​លើ​ស្មែង​ទី​មួយ​នេះ​ ​មាន​ស្មែង​ទី​ពីរ​ដុះ​ចេញ ។​ ​ជា​ទូទៅ​កន្សោម​ផ្កា​ ​គឺ​ដុះ​ចេញពី​ស្មែង​ទី​ពីរ​ដែល​មាន​ទង​គ្រាប់​ជា​សរីរាង្គ​ភ្ជាប់ ។

 រូប​១០ កួរ​ស្រូវ

រូប​១០ កួរ​ស្រូវ

កួរស្រូវ​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​នា​ចុង​ដំណាក់កាល​ពន្លូត​ដើម ។​ ​កំពក​កួរ​ ​(Panicle​ ​primordial) បាន​លេច​ចេញ​មុនគេ​ ​រួច​បន្ទាប់​មក​កំណរ​កួរ​ ​(Panicle​ ​initiation) បាន​ចាប់​ដំណើរការ​ ​រហូត​បានជា​រូបរាង​កួរ​ទាំងមូល​ហើយ​ដែល​ដំណើរការ​នេះ​ ​គឺ​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ស្រទប​ស្លឹក​ទង់ជ័យ ។ នៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​កួរ​នេះ​ ​ផ្នែក​ខាង​ចុង​នៃ​ដើម​ស្រូវ​ ​ដែល​រុំ​ព័ទ្ធ​ដោយ​ស្រទប​ស្លឹក​ទង់ជ័យ​រីក​ប៉ោង​ ​និង​លូត​វែង​ ​ដូចនេះ​បានជា​គេ​ហៅ​ថា​ ​ដំណាក់កាល​ផើម​ ​(Booting​ ​stage) ។ ជាទូទៅ​ ​ដំណាក់កាល​ផើម​នេះ​ ​មាន​រយៈពេល​ ​៣៥ ថ្ងៃ​ ​ទើប​កួរស្រូវ​ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ ។ លទ្ធភាព​របស់​កួរស្រូវ​ ​ដែល​អាច​លូត​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​គឺជា​ដំណក​កួរ​ ​(Panicle​ ​exertion) ហើយ​ដំណក​កួរ​នេះ​ ​គឺ​អាស្រ័យ​ទៅ​តាម​ពូជស្រូវ ។

២.២- កន្សោម​ផ្កា​ ​(Spikelet)

ស្រូវ​គឺជា​រុក្ខជាតិ​ស្វ័យចរ​លំអង​ ​(Autogram/ Self​-pollinated) ដោយ​មាន​កេសរ​ឈ្មោល​ ​(Stamen) និង​កេស​រញី​ ​(Pistil) ស្ថិត​នៅ​ក្នុង​កន្សោម​ផ្កា​តែ​មួយ ។​ ​ផ្នែក​បន្សំ​នៃ​កន្សោម​ផ្កា​មាន​បង្ហាញ​នៅ​ក្នុង​រូបភាព​១១ ឯ​ផ្នែក​ខាងក្រៅ​ ​ក៏​បាន​រៀបរាប់​ក្នុង​ចំណុច​១.១ រួច​ហើយ​ដែរ ។​ ​ផ្នែក​ខាងក្នុង​នៃ​កន្សោម​ផ្កា​មាន​ ​កេសរ​ឈ្មោល​ ​(Stamen) និង​កេសរ​ញី​ ​(Pistil) ។ កេសរ​ឈ្មោល​ ​ផ្សំ​ឡើង​ដោយ​ទង​នៃ​ថង់​លំអង​ ​(Filament) និង​ថង់​លំអង​ ​(Anther) ដែល​ផ្ទុក​ទៅ​ដោយ​លំអង​ឈ្មោល​ ​(Pollens) ។ កេសរ​ឈ្មោល​មាន​ចំនួន​ប្រាំមួយ​ក្នុង​កន្សោម​ផ្កា​មួយ ។​

 រូប​១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា

រូប​១១ ផ្នែក​នីមួយៗ​នៃ​កន្សោម​ផ្កា

កេសរ​ញី​ផ្សំ​ឡើង​ដោយ​ ​អូវែ​ ​(Ovary) មួយ​ ​កកេសរ​ញី​ ​(Style) ពីរ​ ​និង​មាត់​កេសរ​ញី​ ​(Stigma) ពីរ ។​ ​បន្ទាប់​ពី​កួរស្រូវ​ ​(ទាំងមូល​ ​ឬ​ផ្នែក​ខ្លះ) ចេញ​ផុត​ពី​ស្រទប​ស្លឹក​ទង់ជ័យ​ហើយ​ ​កន្សោម​ផ្កា​នឹង​បើក​ ​ហើយ​បន្ទាប់​មក​ថង់​លំអង​ក៏​បែក​ ​រួច​លំអង​ឈ្មោល​ដែល​ទុំ​នឹង​ជ្រុះ​ធ្លាក់​ទៅ​លើ​មាត់​កេសរ​ញី ។ លំអង​ឈ្មោល​នឹង​ត្រូវ​ចូល​ទៅ​អូវែ​តាម​រយៈ​ក​កេសរ​ញី​ ​ហើយ​ដែល​នៅ​ទីនោះ​ ​លំអង​ឈ្មោល​ប្រសព្វ​ជាមួយ​បុប្ផាណករ​ ​(Ovule) ។ ដំណើរការ​រោយ​លំអង​ប្រព្រឹត្ដ​ទៅ​ក្នុង​ចន្លោះ​ពេល​ពី​ម៉ោង​ ​៩:០០-១២:០០ ព្រឹក ។​ ​បន្ទាប់​ពី​ភព​ប្រសព្វ​ហើយ​ ​អូវែ​នឹង​អភិវឌ្ឍ​ទៅ​ជា​គ្រាប់ស្រូវ ៕

ដោយ​ ​លោក​ ​អ៊ុក​ ​ម៉ាការា, ពិន​ ​តារា​ ​និង​ ​ឡោ​ ​ប៊ុណ្ណា​

 

March 1, 2009

វិធី​ប្រើប្រាស់​ឧបករណ៍​ដាំ​ស្រូវ​ជា​ជួរ

 

ឧបករណ៍​ដាំ​ស្រូវ​ជា​ជួរ

១. ការ​ណែនាំ​អំពី​របៀប​ប្រើប្រាស់​

  1. ប្រើ​កា​ឬ​កំប៉ុង​កាត់​មាត់​ ​ ​ដើម្បី​ចូក​ស្រូវ​ចាក់​បញ្ចូល​ក្នុង​ធុង​ផ្ទុក​គ្រាប់​ ​កម្រិត​ផ្ទុក​គ្រាប់ស្រូវ​គឺ​ប្រហែល​ពី​ ​១/២ ទៅ​ ​២/៣ នៃ​ធុង​ ​គឺ​ ​ល្មម​ ​(ប្រសិនបើ​ពេញ​ជ្រុល​គឺ​ងាយ​នឹង​ស្ទះ​)
  2. ខ្ទាស់​គម្រប​ធុង​ឱ្យ​បាន​ល្អ​មុន​ពេល​អូស​ដាំ ។​ ​គួរ​គប្បី​អូស​តាម​ទិស​ព្រួញ​នៅ​លើ​គម្រប​គ្រប​
  3. គប្បី​អូស​ឱ្យ​បាន​ត្រង់​ល្អ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​អូស​ជើង​បន្ទាប់​
  4. នៅ​ពេល​ដែល​ស្រូវ​នៅ​សល់​ប្រហែល​ ​១/៤ នៃ​ធុង​ ​ត្រូវ​ចាក់​បញ្ចូល​ថែម​ទៀត​ ​ដើម្បី​ឱ្យ​បរិមាណ​គ្រាប់ស្រូវ​ធ្លាក់​បាន​ស្មើ​ល្អ​
  5. មុន​ពេល​អូស​ ​ត្រូវ​រុញ​ទៅ​ទាញ​មក​នៅ​នឹង​កន្លែង​សិន​ ​នៅ​ពេល​ដែល​ឃើញ​គ្រាប់ស្រូវ​ធ្លាក់​ហើយ​ ​ទើប​ចាប់ផ្ដើម​អូស​ទៅ​មុខ​ ​(កង់​សម្រាប់​ចល័ត​ទី​វិល​បាន​កន្លះ​ជុំ​ទើប​ស្រូវ​ធ្លាក់​)
  6. ខ្សែវ័ណ្ឌ​ព័ទ្ធ​ជុំវិញ​មាន​រន្ធ​នៅ​លើ​ធុង​ប្រើ​សម្រាប់​កែសម្រួល​គម្លាត​ ​“ចន្លោះ​” និង​បរិមាណ​គ្រាប់​ធ្លាក់​តាម​ចិត្ដ​ចង់​ ​(តាម​សំណូមពរ​ក្នុង​ ​ការ​ប្រើប្រាស់) ។

២. ការ​ណែនាំ​អំពី​របៀប​កែសម្រួល​បរិមាណ​គ្រាប់​ធ្លាក់​

  1. ជាមួយ​នឹង​ឧបករណ៍​អូស​ដាំ​ជា​ជួរ​ ​(Drum​ ​Seeder​) ប្រសិនបើ​គ្រាប់​ពូជ​ដុះ​ពន្លក​វែង​នោះ​ ​គឺ​វា​ធ្លាក់​តិច​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​គ្រាប់​ពូជ​ដែល​ដុះ​ពន្លក​ខ្លី ។​ ​គ្រាប់ពូជ​សើម​ធ្លាក់​តិច​ជាង​គ្រាប់ពូជ​ស្ងួត ។​ ​អាស្រ័យ​ហេតុនេះ​ហើយ​ ​ទើប​យើង​ត្រូវ​អនុវត្ដ​ការ​កែសម្រួល​នូវ​ដង់ស៊ីតេ​នៃ​ការ​ដាំ​គ្រាប់​ស្រូវ ។​
  2. ខ្សែវ័ណ្ឌ​ព័ទ្ធ​ជុំវិញ​ធុង​ ​“វ័ណ្ឌ​ខ្សែ​ពាន​” អាច​កែសម្រួល​បាន​ពី​ ​៥០-១០០ គក​/ហត ។​ ​ប្រសិនបើ​នៅ​ពេល​មិន​ទាន់​កែសម្រួល​ការ​ធ្លាក់​ ​មាន​ដង់ស៊ីតេ​ ​១៥០ គក​/ហត​ ​នោះ​គឺ​មាន​ន័យ​ថា​ ​នៅ​ពេល​នេះ​ ​២៨ រន្ធ​ ​ធ្លាក់​បាន​ប្រហែល​ ​១០០ គក​/ហត​ ​និង​បរិមាណ​គ្រាប់​ ​ដែល​ធ្លាក់​នៅ​ជួរ​ ​១៤ រន្ធ​ ​គឺ​ប្រហែល​ ​៥០ គក​/ហត ។​ ​ដើម្បី​កាត់​បន្ថយ​បរិមាណ​គ្រាប់​ធ្លាក់​ ​យើង​ត្រូវ​បង្វិល​ខ្សែវ័ណ្ឌ​ ​(បង្ខិត​) នៅ​ជួរ​ដែល​មាន​ ​១៤​រន្ធ​ ​ធ្វើ​យ៉ាងណា​បង្រួម​អង្កត់ផ្ចិត​រន្ធ​ដែល​ធ្លាក់​ ​ពេល​នោះ​​គឺ​បរិមាណ​គ្រាប់​ធ្លាក់​ថយ​ចុះ​តាម​ជា​លំដាប់​រហូត​ដល់​បិទ​ជិត​ទាំងស្រុង ។​ ​ដូចនេះ​បរិមាណ​គ្រាប់​ធ្លាក់​នឹង​ត្រូវ​បន្ថយ​ជា​លំដាប់​ពី​ ​១៥០ គក​/ហត​ ​ចុះ​មក​ ​១០០ គក​/ហត​ ​(ខ្សែវ័ណ្ឌ​ ​១៤ រន្ធ​ ​ប្រើ​ ​សម្រាប់​កែសម្រួល​បរិមាណ​គ្រាប់​ជ្រុះ​/ធ្លាក់)
  3. ដើម្បី​ធ្វើ​បន្ដ​នូវ​ការ​បន្ថយ​បរិមាណ​គ្រាប់​ធ្លាក់​ ​យើង​រំកិល​ ​“បង្ខិត​” ខ្សែវ័ណ្ឌ​ពី​ជួរ​ដែល​មាន​ ​១៤ រន្ធ​ ​ទៅ​ជួរ​ដែល​មាន​ ​២៨ រន្ធ ។​ ​នៅ​ពេល​នេះ​ជួរ​ដែល​មាន​ ​១៤ រន្ធ​ ​ធ្លាក់​ធម្មតា​ ​“៥០ គក​/ហត​” ឯ​ជួរ​ ​ដែល​មាន​ ​២៨ រន្ធ​ ​បាន​ត្រូវ​បិទ​អស់​ពាក់កណ្ដាល​ ​គឺ​នៅ​សល់​ ​១៤ រន្ធ​ ​ដែល​ជ្រុះ ។​ ​ដូច្នេះ​ ​ដង់ស៊ីតេ​ធ្លាក់​គឺ​ ​១០០ គក​/ហត ។​ ​យើង​បន្ដ​ការ​កែសម្រួល​ដូច​ពេល​មុន​ ​ពេល​នោះ​គឺ​ ​១៤ រន្ធ​ ​ដែល​នៅ​សល់​ ​នឹង​រួម​តូច​ជា​បណ្ដើរ​ ​រហូត​ដល់​បិទ​ជិត​ទាំងស្រុង ។​ ​យើង​នឹង​បាន​បរិមាណ​គ្រាប់​​ជ្រុះ​ថយ​ជា​បណ្ដើរ​ពី​ ​១០០ គក​/ហត​ ​ចុះ​មក​ ​៥០ គក​/ហត ។​

៣. ការ​ណែនាំ​អំពី​របៀប​ថែទាំ​

ក្រោយ​ពេល​ប្រើប្រាស់​រួច​ ​ត្រូវ​លាង​សម្អាត​ឱ្យ​ស្អាត​ ​ហើយ​ដាក់​នៅ​កន្លែង​ត្រជាក់​ ​មិន​ត្រូវ​ដាក់​ជិត​ភ្លើង​ ​និង​របស់​ដែល​ក្ដៅ ។​ ​ធ្វើ​ដូច្នេះ​បាន​ ​ឧបករណ៍​នេះ​នឹង​មាន​អាយុកាល​ប្រើប្រាស់​រហូត​ដល់​៣ ឆ្នាំ ។​

៤. ជំហាន​ទាំងឡាយ​សម្រាប់​ត្រៀម​រៀបចំ​ក្នុង​ពេល​ដាំ​

  1. ការ​ធ្វើ​អនាម័យ​ស្រែៈ​ ​រើស​ប្រមូល​ស្មៅ​ឱ្យ​អស់​ស្អាត​ ​ព្រមទាំង​គល់​​ជញ្ជ្រាំង​ ​ដើម្បី​ជៀសវាង​ជម្ងឺ​ដែល​បន្សល់​ពី​រដូវ​មុន​ ​(ការ​ដាំ​លើក​ ​មុន​)
  2. រៀបចំ​សម្រិតសម្រាំង​ដីស្រែៈ​ ​ធ្វើ​ដី​ឱ្យ​បាន​ត្រឹមត្រូវ​ ​ហ្មត់ចត់​ ​ប្រើ​​រនាស់​ធ្មេញ​ ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ផ្ទៃដី​ស្រែ​មាន​សភាព​រាបស្មើ​ ​(ក្នុង​កម្រិត​ប្រហាក់ប្រហែល​) បង្កើត​ផ្លូវ​បញ្ចេញ​ទឹក​ឱ្យ​បាន​ល្អ ។​ ​ត្រៀម​ធ្វើ​ដី​ឱ្យ​ហើយ​ស្រេច​ពី​ល្ងាច​ ​ដល់​ព្រឹកស្អែក​ចាប់ផ្ដើម​អូស​ដាំ ។​
  3. ការ​ត្រៀម​រៀបចំ​ស្រូវពូជ​
    • គួរ​ប្រើ​ពូជ​ដែល​មាន​អាយុ​ ​“ការ​រីក​លូតលាស់​” ពី​៩០​​ថ្ងៃ​ឡើង​ទៅ​
    • បរិមាណ​គ្រាប់​ដែល​ចាំបាច់​ត្រូវ​ប្រើ​គឺ​ពី​ ​៥០ ទៅ​ ​១៥០ គក​/ហត​ ​(អាស្រ័យ​ទៅ​តាម​តំបន់​ ​និង​សំណូមពរ​របស់​អ្នក​ប្រើ​)
    • ស្រូវពូជ​ត្រូវ​ស្អាត​ ​គួរ​គប្បី​ត្រាំ​ ​ផ្អាប់​ ​ត្រួតពិនិត្យ​ជា​មុន​នូវ​សមាមាត្រ​ ​(អត្រា​) ដំណុះ​ ​កម្រិត​អត្រា​ដំណុះ​ត្រូវ​ទទួល​បាន​ពី​ ​៩០% ឡើង​ទៅ​ ​ត្រាំ​ពូជ​ពី​ ​២៤-៣៦ ម៉ោង​ ​ផ្អាប់​ពូជ​ពី​ ​២៤-៣៦ ម៉ោង ។​ ​ពេល​ផ្អាប់​បាន​ ​២៤ ម៉ោង​ ​យើង​ច្របល់​ពូជ​ឱ្យ​គ្រាប់ពូជ​ស្រស់ទឹក​ ​និង​ដើម្បី​ឱ្យ​វា​ចេញ​បាន​ស្មើ​ល្អ​ ​(ដំណុះ​) ពន្លក ។​ ​(ជា​ធម្មតា​ ​បើ​ស្នាម​ ​ប្រេះ​មាន​ប្រវែង​១/៣ នៃ​គ្រាប់ពូជ​គឺ​សម​ល្មម) ។
  4. ការ​ថែទាំ​ស្រូវ​តាម​ជួរ
    • ក្រោយ​ពេល​អូស​ដាំ​បាន​ ​៣-៤ ថ្ងៃ​ ​ត្រូវ​ប្រើ​ថ្នាំ​សម្លាប់​ស្មៅ​
    • ក្រោយ​ពេល​អូស​ដាំ​បាន​ ​៥-៧ ថ្ងៃ​ ​ត្រូវ​បញ្ចូល​ទឹក​ស្រែ​
    • ក្រោយ​ពេល​ដាំ​បាន​ ​១៨-២០ ថ្ងៃ​ ​យើង​ត្រូវ​ជួស​នៅ​កន្លែង​ដែល​មិន​ដុះ ។​
  5. វិធី​បាច​ជី​
    • បាច​ជី​លើក​ទី​១:​ ​ពី​ ​៥-៧ ថ្ងៃ​ ​ក្រោយ​ពេល​ដាំ ។​ ​ប្រសិនបើ​ដីស្រែ​ស្ងួត​ខ្វះ​ទឹក​គឺ​គប្បី​បាញ់​ ​(បាច​) ជី​ជំនួយ​ស្លឹក ។​
    • បាច​ជី​លើក​ទី​២:​ ​ពី​ ​២០-២២ ថ្ងៃ​ ​ក្រោយ​ពេល​ដាំ ។​
    • រហូត​ដល់​ស្រូវ​បាន​បែក​មែក​ពេញ​ជួរ​ ​(ប្រហែល​ ​៣០ ថ្ងៃ​ ​ក្រោយ​​ដាំ​) ត្រូវ​អនុវត្ដ​កិច្ចការ​ផ្ដាច់​ទឹក​ ​បង្ខះ​ទឹក​ ​ដើម្បី​ឱ្យ​ស្រែ​ស្ងួត​ ​រហូត​ដល់​យ៉ាងតិច​បំផុត​ ​២/៣ ស្រូវ​មាន​ពណ៌​លឿងទុំ​ ​(លឿង​ទឹក​ក្រូច​) ប្រហែល​ ​៤០-៤២ ថ្ងៃ​ ​ក្រោយ​ដាំ​ ​ពេល​នោះ​ទើប​បញ្ចូល​ទឹក​ស្រែ​ ​និង​បាច​ជី ៕​
 
នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម
ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 

ឧបករណ៍​ដាំ​ស្រូវ​ជា​ជួរ

 ឧបករណ៍​ដាំ​ស្រូវ​ជា​ជួរ

 

February 13, 2009

ដើម​ត្នោត

ដើម​ត្នោត  

រុក្ខជាតិ​មាន​តម្លៃ​បំផុត​

តំណាង​ឱ្យ​ភូមិសាស្ដ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ​ ​ហើយ​សើម​ ​ដី​ប្រកប​ទៅ​ដោយ​ជីវជាតិ​អនុគ្រោះ​ដល់​រុក្ខជាតិ​ ​និង​ដំណាំ​គ្រប់មុខ​ ​ដោយ​ចេញ​ផ្លែ​-ផ្កា​យ៉ាង​សន្ធឹកសន្ធាប់​ ផ្ដល់​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង ។​ ​ក្នុង​ចំណោម​រុក្ខជាតិ​ទាំងនោះ​ គេ​សង្កេត​ឃើញ​ដើម​ត្នោត​ដែល​ដុះ​នៅ​តាម​វាលស្រែ​ ​ទីទួល​ ​ភូមិ​-ស្រុក​ ​ឬ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ ​ឱ្យ​តែ​មាន​ដើម​ត្នោត​ដុះ​នៅ​ទីណា​ទឹកដី​នោះ​ជា​របស់​ខ្មែរ​ ​ហើយ​ដើម​ត្នោត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​ប្រភេទ​រុក្ខជាតិ​លេខ​១​ ​ព្រោះ​វា​ផ្ដល់​នូវ​សារ​ប្រយោជន៍​យ៉ាង​ច្រើន​បំផុត​ខុស​ប្លែក​ពី​រុក្ខជាតិ​នានា ។​ សព្វ​ថ្ងៃនេះ​ សង្កេត​ឃើញ​រុក្ខជាតិ​ប្រភេទ​នេះ​ដុះ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ ​ជា​ពិសេស​នៅ​ខេត្ដ​កំពង់ឆ្នាំង​ ​កំពង់ស្ពឺ​ ​ដែល​មាន​ដុះ​ច្រើន​ជាងគេ​ ហើយ​អ្នកស្រុក​បាន​ទាញ​ផលប្រយោជន៍​ពី​ដើម​ត្នោត​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ រស់នៅ​យ៉ាង​សុខសាន្ដ​ទៀត​ផង ។​

ដើម​ត្នោត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់ទុកជា​ប្រភេទ​រុក្ខជាតិ​មាន​តម្លៃ​បំផុត​ ​និង​តំណាង​ឱ្យ​ភូមិសាស្ដ្រ​ ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ទៀត​ផង​ ​គេ​សង្កេត​ឃើញ​ដើម​ត្នោត​ដុះ​នៅ​ក្បែរ​ផ្ទះសម្បែង​ ​ភូមិ​ស្រុក​ ​លើ​វាលស្រែ​ ​ទីទួល​ ​ខ្លះ​ដុះ​រាយ​ប៉ាយ​ ​ខ្លះ​ទៀត​ដុះ​ជា​ជួរ​ ចេញ​ផ្លែផ្កា​រយីងរយោង​ ​មាន​ស្លឹក​ពណ៌​បៃតង​ ​ហើយ​ពេល​ខ្លះ​ស្លឹក​ងាប់​ធ្លាក់​មក​ក្រោម​លម្អ​ឱ្យ​ដើម​ត្នោត​មួយ​កម្រិត​ថែម​ទៀត ។​ ​ដើម​ត្នោត​មាន​ដុះ​ច្រើន​ជាង​គេ​នៅ​ ​ខេត្ដកំពង់ឆ្នាំង​ ​និង​ខេត្ដកំពង់ស្ពឺ​ ​ហើយ​អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​ ​ក៏​បាន​ប្រកប​របរ​ឡើង​ត្នោត​ ​ខ្លះ​ទៀត​កែច្នៃ​ផលិតផល​ពី​ដើម​ត្នោត​យក​ទៅ​លក់ដូរ​ក្នុង​ទីផ្សារ​ ​ទទួល​បាន​ប្រាក់​កម្រៃ​យ៉ាង​ច្រើន​គួរ​ជាទី​ពេញចិត្ដ​ផង​ដែរ ។​ ​រុក្ខជាតិ​ត្នោត​ដែល​ដុះ​នៅ​តាម​វាលស្រែ​ ​ឬ​នៅ​ជិត​ភូមិឋាន ​ត្រូវ​បាន​អ្នកស្រុក​នាំ​គ្នា​កែច្នៃ​ទាញ​យក​ផលប្រយោជន៍​ទៅ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​ ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ​ព្រមទាំង​បន្ដ​នូវ​មរតក​របស់​ដូនតា​ដែល​បាន​បន្សល់​ទុក​ជា​ច្រើន​តំណ​មក​ហើយ ។​ ​អ្នកស្រុក​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ដើម​ត្នោត​បាន​យ៉ាងច្រើន​ ​ដូច​ជា​ នៅ​ពេល​ត្នោត​ចេញ​ផ្កា​មិន​ថា​ ​ញី​ ​ឬ​ឈ្មោល​នោះ​ទេ​ ​គេ​នាំ​គ្នា​យក​បង្អោង​ដើម​ឫស្សី​ចង​ផ្អោប​តាំង​ពី​គល់​រហូត​ដល់​ធាង​ត្នោត​ឱ្យ​ជាប់​ងាយស្រួល​ឡើង​ទៅ​គាប​ ចិត​ ​និង​ត្រង​យក​ទឹក​ជា​ប្រចាំ​ថ្ងៃ​ ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​កើត​ឡើង​ជាយថាហេតុ ។

ខណៈ​ពេល​នោះ​គេ​ឡើង​ទៅ​គាប​ត្នោត​ចំនួន​៣​ថ្ងៃ​តាម​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ប្រចាំ​ថ្ងៃ​ ​ពី​បុរាណ​ ​រួច​ចិត​ស្ដើងៗ​បំផុត​មួយ​ថ្ងៃ​ម្ដង​ឬ​ពីរ​ដង​ ​នៅ​ពេល​ទឹក​ចេញ​ហើយ​គេ​យក​បំពង់​ឫស្សី​ ​ឬ​ជ័រ​ ​ឬ​ស័ង្កសី​ក៏​បាន​ ​ដោយ​មាន​ចង​ខ្សែ​ឱ្យ​ជាប់​ដើម្បី​ត្រង​ទឹក​ត្នោត​កុំ​ឱ្យ​ធ្លាក់​ទៅ​ដី​ ​ព្រោះ​ទឹក​ត្នោត​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ណាស់ ។​ ​តាម​ទម្លាប់​ អ្នក​ធ្វើ​ត្នោត​តែង​ឡើង​យក​ទឹក​ត្នោត​នៅ​ពេល​ព្រឹក​ព្រលឹម​ ​និង​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ​ ​អ្នកខ្លះ​ធ្វើ​ទឹក​ត្នោត​ផ្អែម​សម្រាប់​ទទួលទាន​ ​និង​រម្ងាស់​ធ្វើ​ស្ករ​ផែន​ ​ឬ​ស្ករ​ពាង​សម្រាប់​លក់​ឱ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ទទួលទាន​ ​ខ្លះ​ទៀត​គេ​ធ្វើ​ទឹក​ត្នោត​ជូរ​ ​ឬ​ផលិត​ជា​ទឹកខ្មេះ​សម្រាប់​លក់​ក្នុង​ ​និង​ក្រៅប្រទេស​ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។​ ​ចំពោះ​ត្នោត​ញី​ដែល​ចេញ​ផ្លែផ្កា​ ​បើ​គេ​មិន​គាប​យក​ទឹក​នោះ​ ​ផ្លែ​ខ្ចី​របស់​វា​គេ​អាច​យក​ទៅ​ធ្វើ​បន្លែ​សម្រាប់​ស្ល​ ​ផ្លែ​វា​គេ​អាច​យក​គ្រាប់​ទៅ​ហូប​ ​និង​ធ្វើ​បង្អែម​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ​ចំណែក​ផ្លែ​ទុំ​គេ​យក​ទៅ​ធ្វើ​នំ​ផ្សេងៗ​ទៅ​តាម​ទំលាប់​របស់​អ្នកស្រុក ។​ ​គ្រាប់​ត្នោត​ទុំ​ដែល​រឹង​ក៏​អាច​ច្នៃ​ជា​ប្រយោជន៍​សម្រាប់​ធ្វើ​កង់​រទេះ​ឱ្យ​ក្មេង​អូស​លេង​ បង្កើត​ការ​សប្បាយ​មិន​រំខាន​ចំពោះ​ឪពុក​ម្ដាយ​ដែរ​ ​ហើយ​គ្រាប់​ដែល​រឹង​នោះ​បើ​មាន​ដុះ​សាច់​ជា​ពន្លក់​ គេ​អាច​ពុះ​យក​ទៅ​ទទួលទាន​បាន​ទៀត​ (ក្រពីង​ត្នោត​) ។

ស្លឹក​ត្នោត ​អ្នកស្រុក​បាន​ច្នៃ​ជា​ឧបករណ៍​ ​និង​ប្រដាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​យ៉ាងច្រើន​ប្រភេទ​ ​ដូច​ជា ​កន្ទេល ​ស្លឹកកណ្ដប​សម្រាប់​ប្រក់​ជញ្ជាំង​ផ្ទះ​ ​មួក​ ​ផ្លិត​ ​ស្មុ​ក​ ​ហើយ​ស្លឹក​ពេល​ខ្លះ ​ពេល​កូន​យំ​ក៏​អាច​ច្នៃ​ធ្វើ​ប៉ី​ឱ្យ​ក្មេង​ផ្លុំ​លេង​យ៉ាង​សប្បាយ​ជក់​ចិត្ដ​ ​និង​ឫស​របស់​វា​ត្រូវ​បាន​គេ​ផ្សំ​សម្រាប់​ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​ទៀត​ផង ។​ ​ចំណែក​ផ្កា​ដែល​ងាប់​ធ្លាក់​មក​ដី​ត្រូវ​គេ​រើស​ទៅ​ដុត​ចម្អិន​អាហារ​ ​រីឯ​ធាង​ឬ​គៀវ​ គេ​យក​ទៅ​ច្នៃ​ធ្វើ​អម្បោស​សម្អាត​ផ្ទះសម្បែង​ វេញ​ធ្វើ​ខ្សែ​សម្រាប់​ចង​គោ​-ក្របី​ ​សង្រែក​ ​ហើយ​ដើម​របស់​វា​កាន់​តែ​មាន​ប្រយោជន៍​ ត្រូវ​គេ​ពុះ​ជ្រៀក​សម្រាប់​យក​ទៅ​ធ្វើ​ជា​គ្រឿង​សម្រាប់​ធ្វើ​ផ្ទះ​ ​ឬ​រោង​គោ​-ក្របី​ ​ផ្នែក​ដែល​ខ្លឹម​ធ្វើ​ទូក​សម្រាប់​ឆ្លង​ឬ​សម្រាប់​នេសាទ​ ​ពេល​ខ្លះ​គេ​អាច​ច្នៃ​ធ្វើ​ស្គរ​ លូ​សម្រាប់​បង្ហូរទឹក​ក៏​មាន​ដែរ​ ​វា​អាស្រ័យ​លើ​ចំណេះដឹង​របស់​អ្នកស្រុក​ ​និង​ចំណង់​ចំណូល​ចិត្ដ ។​ ​ដោយសារ​តែ​រុក្ខជាតិ​ត្នោត​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ​ហើយ​ដើម​ត្នោត​មាន​ចរិត​តំណាង​ឱ្យ​ភូមិសាស្ដ្រ​ ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ ​និង​នេសាទ​ បាន​ដាំ​ដើម​ត្នោត​ដោយ​ចាប់​ផ្ដើម​ពី​ខេត្ដ​តាកែវ​ ​និង​បន្ដ​ដាំ​តាម​បណ្ដា​ព្រំដែន​ទាំងអស់​ទុកជា​បង្គោល​ព្រំដែន​ ​ដែល​បញ្ជាក់​ថា​ ​ទីណា​មាន​ដើម​ត្នោត​ ​ទីនោះ​ជា​ទឹកដី​ខ្មែរ ។​ ​លើស​ពី​នេះ​ទៀត​កវីនិពន្ធ​បាន​តែង​ជា​បទ​ចម្រៀង​អួត​សរសើរ​ពី​អត្ថប្រយោជន៍​នៃ​ដើម​ត្នោត​យ៉ាង​ពិរោះ​ជក់ចិត្ដ​ ​ចំណែកឯ​វិចិត្រករ​ក្នុង​ផ្ទាំងគំនូរ​ដែល​បង្ហាញ​ពី​ទេសភាព​ស្រុកស្រែ​ ​គេ​មិន​ដែល​ភ្លេច​ពី​ដើម​ត្នោត​នោះ​ទេ​ ​សូ​ម្បី​តែ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ដ​ក៏​មាន​ដើម​ត្នោត​ដុះ​បង្អួត​ភ្ញៀវ​ទេសចរ​ផង​ដែរ ។​ ​ក្រៅពី​ដើម​ត្នោត​ ​ប្រទេស​កម្ពុជា​មាន​ដើម​រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​ដែល​ដុះ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ ​ផ្ដល់​ផ្លែផ្កា​ ​ស្លឹក​សម្រាប់​ទទួលទាន​ ​និង​ប្រើប្រាស់​ព្រមទាំង​បាន​ផ្ដល់​សោភ័ណភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​ផង ៕

ដើម​ត្នោត​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត

ដើម​ត្នោត​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត

ដើម​ត្នោត​នៅ​ក្នុង​ភូមិ

ដើម​ត្នោត​នៅ​ក្នុង​ភូមិ

ដើម​ត្នោត​ដុះ​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ

ដើម​ត្នោត​ដុះ​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ភូមិ

 

«« Older Posts |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve