Chouk Khmer

ចម្លាក់​អុំ​ទូក​បេះ​ផ្កា​ឈូក​នៅ​ប្រាសាទ​បាយ័ន

ចម្លាក់​អុំ​ទូក​បេះ​ផ្កា​ឈូក​នៅ​ប្រាសាទ​បាយ័ន

 

ប្រវត្តិ​ប្លុក និង​ម្ចាស់​ប្លុក

១‑អំពី​ប្លុក

ឈូក​ខ្មែរ ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ឈ្មោះ​ប្លុក​នេះ ​ដោយសារ​ខ្ញុំ​សង្កេត​ឃើញ​ថា ឈូក​ជា​ផ្កា​សក្ការៈ ជា​ផ្កា​បរិសុទ្ធ​ ទោះ​ជា​ដុះ​នៅ​ក្នុង​ភក់ជ្រាំ​​ក៏​នៅ​តែ​មិន​ចោល​សារជាតិ និង​បាន​នៅ​ជិតស្និទ​នឹង​ជនជាតិ​ខ្មែរ​យើង​តាំង​ពី​បុរាណ​រៀង​មក ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​រៀបចំ​រណ្ដាប់​គ្រឿង​ពលីការ​ផ្សេងៗ រហូត​ដល់​ក្បាច់​រចនា​ចម្លាក់​នៅ​លើ​ប្រាង្គ​ប្រាសាទ​នានា ។ មិន​តែ​ប៉ុណ្ណោះ ឈូក​ជា​រុក្ខជាតិ​ដែល​សរីរាង្គ​ទាំង​អស់​មាន​គុណ​ប្រយោជន៍​គ្រប់​យ៉ាង រាប់​បញ្ចូល​តាំង​ពី​ឫស (ក្រអៅ) មើម ដើម ស្លឹក ផ្កា និង​ផ្លែ ។ សម​នឹង​កំណាព្យ «ផ្កា​ឈូក» របស់​កវី​ ម៉ុក សំអោក ដែល​បាន​ពិពណ៌នា​ថា «បង​អុំ​ទូក​ទៅ ឮ​សូរ​គ្រូកៗ ទៅ​បេះ​ផ្កា​ឈូក នៅ​ក្នុង​បឹង​កក់ ឱ​ផ្កា​ឈូក​អើយ ដុះ​ចេញ​ពី​ភក់ គួរ​ធុំ​អាក្រក់ ម្ដេច​ឡើយ​ឈ្ងុយឈ្ងប់ ទាំង​មើម​ក្រអៅ ទាំង​ម្សៅ​ឈ្ងុយ​សព្វ ដុះ​ក្នុង​ដី​ល្បប់ ​ត្រលប់​ជា​ល្អ» ។ លើស​ពី​នេះ​ទៅ​ទៀត​គឺ​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ឆា​ក្រអៅ​ឈូក និង​ម្សៅ​ឈូក​កូរ​ទឹក​ក្ដៅ (ខ្សឹបៗ ជួយ​លាក់​ផង​កុំ​ឲ្យ​គេដឹង​អាថ៌កំបាំង​នេះ) ។

បេសកកម្ម​របស់​ឈូក​ខ្មែរ គឺ​ផ្ដល់​ចំណេះ​ដឹង​សកល​ជា​ភាសាជាតិ «ខ្មែរ» ។ ប៉ុន្តែ​គួរ​សោកស្ដាយ ខ្ញុំ​មិន​អាច​ចេះ​ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់​បាន​ទេ ដូច្នេះ​ហើយ​បាន​ជា​ប្លុក​នេះ​គ្របដណ្ដប់​ភាគ​ច្រើន​ដោយ​អត្ថបទ​ផ្នែក​វប្បធម៌‑អរិយធម៌​ខ្មែរ (ជា​មុខ​វិជ្ជា​ដែល​ខ្ញុំ​ចូល​ចិត្ត​ស្រាវជ្រាវ) និង​ផ្នែក​វិស័យ​កសិកម្ម (ជាជំនាញ​បច្ចេកទេស​របស់​ខ្ញុំ) ។ ដោយហេតុ​តែ​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​អក្សរសាស្ត្រ និង​ដើម្បី​ចូលរួម​ចំណែក​ឲ្យ​ធនធាន​ឯកសារ​ជាភាសា​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​មាន​ភាព​សម្បូរ​បែប ខ្ញុំ​ក៏​ចេះ​តែ​ឆ្លៀត​ពេល​ប្រឹងប្រែង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ។ ​រីឯ​វិធីសាស្ត្រ​ចែក​រំលែក​នូវ​ចំណេះដឹង ខ្ញុំ​ធ្វើ​ឡើង​តាម​៣​រូប​ភាព​ ដូចខាង​ក្រោម ៖

  1. លើក​យក​ឯកសារ​ចាស់ៗ​ដែល​មាន​ស្រាប់​មក​ផ្សព្វផ្សាយ​ឡើង​វិញ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​ដែល​បាន​ថត​ដោយ​ផ្ទាល់​ដៃ ឬ​បាន​តាម​រយៈ​ការ​ស្រាវជ្រាវ​ផ្សេងៗ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ ខ្ញុំ​មាន​បទពិសោធន៍​ខ្លួន​ឯង​នៅ​ពេល​សិក្សា​អត្ថបទ​ប្រពៃណី វប្បធម៌ ភូមិសាស្ត្រ និង​អត្ថបទ​ផ្សេងៗ​ទៀត គឺ​ខ្ញុំ​បាន​អាន​តែ​ជា​អក្សរ​សុទ្ធសាធ និង​ធ្វើការ​នឹក​ស្រមៃ​ព្រាលៗ​ទៅ​លើ​របស់​នោះ​តាម​ការ​រៀបរាប់​របស់​អ្នក​និពន្ធ​ប៉ុណ្ណោះ ឬ​ជួនកាល​មាន​រូប​តែ​មួយ​សន្លឹក​យក​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ដែល​ជា​ការ​មួយ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​បាន​យល់​ជ្រួតជ្រាប ចងចាំ​បាន​យូរ និង​អាច​ពន្យល់​បន្ត​ទៀត​បាន ។ ដូចពាក្យ​បុណាចារ្យ​លោក​ពោល​ថា «អាន ឬ​ឮ​១០០​ដង មិន​ស្មើ​នឹង​ឃើញ​១​ដង ឃើញ​១០០​ដង មិន​ស្មើ​នឹង​ប៉ះ​ស្ទាប​១​ដង» ។
  2. ផ្ដល់​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍​ថ្មីៗ​សំខាន់ៗ​​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស និង​បកប្រែ​នូវ​របកគំហើញ និងការ​ស្រាវជ្រាវ​ថ្មីៗ​របស់​អ្នកវិទ្យាសាស្ត្រ ដែល​ភាគ​ច្រើន​ជា​អត្ថបទ​ដែល​ទាក់ទង​នឹង​វប្បធម៌‑អរិយធម៌​ខ្មែរ វិស័យ​កសិកម្ម និង​ជីវឧស្ម័ន ។​
  3. ផ្ដល់​ជូន​នូវ​កំណត់ហេតុ និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​ខ្ញុំ​ជួប​ប្រទះ​ប្រចាំ​ថ្ងៃ ឬ​ធ្លាប់​បាន​ឆ្លង​កាត់ ។

ចម្លាក់​ដើម​ឈូក​ដុះ​ចេញ​ពី​ក្បាល​នាគ នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ដើម​ឈូក​ដុះ​ចេញ​ពី​ក្បាល​នាគ នៅ​ប្រាសាទ​ព្រះខ័ន

២‑អំពី​ម្ចាស់​ប្លុក

ខ្ញុំ​ឈ្មោះ​ “ចៅ ស៊ិញ” ហៅ​”ត្រា” កើត​នៅ​ឆ្នាំ​១៩៨១ នៅ​ភូមិ/ឃុំ​ចំណោម ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ជាប់​ឈាមជ័រ​ជា​កូនចៅ​ចិនកន្តាំង ។ ប៉ុន្តែ ខ្ញុំ​មិន​ចេះ​និយាយ​ភាសា​ចិន​ទេ ទាំង​កន្តាំង និង​កុកងឺ (ស្ដាប់​បាន​តិច​តួច​បំផុត) ព្រោះ​តាំង​ពីតូច​ ខ្ញុំ​មិន​សូវ​បាន​នៅជាមួយ​ឪពុក​ម្ដាយ (សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ) និង​បាន​ចូល​រៀន​សាលា​ខ្មែរ​រហូត​មក ។ បច្ចុប្បន្ន ខ្ញុំ​ជា​មន្ត្រី​បម្រើការ​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។

«ចៅ» ជាត្រកូល​របស់​ខ្ញុំ ដែល​ចិន​កុកងឺ​ហៅ​ថា «ចូវ (Zhou, )» ដែល​ចិនៗ​ ឬ​អ្នកជាប់សែចិន​ភាគ​ច្រើន​នៅ​បន្ទាយមានជ័យ​មាន​ត្រកូល​ដូចនេះ ។ ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​ស្រាវជ្រាវ​ពី​ប្រភព​ដើម​នៃ​ត្រកូល​ចៅ​នេះ​ទេ ព្រោះ​គិត​ថា​វា​គ្រាន់​តែ​ជា​សែត្រកូល​មួយ​ក្នុង​ចំណោម​សែត្រកូល​ទាំង​១០០​របស់​ចិន​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ គេឯង​តែង​តែ​សួរ​ខ្ញុំ​ថា “តើ​ខ្ញុំ​ជា​ខ្មែរ​កម្ពុជាក្រោម​ឬ ?” ចម្លើយ​របស់​ខ្ញុំ​គឺ​មិន​មែន​ទេ ខ្ញុំ​ជា​កូនចៅ​សែ​ចិន​នៅ​បន្ទាយមានជ័យ មិនមែន​កូនចៅ​ខ្មែរ​កម្ពុជាក្រោម​ទេ ។ នៅ​ចុង​ឆ្នាំ​២០០៧ ខ្ញុំ​បាន​ចូល​រួម​វគ្គបណ្ដុះ​បណ្ដាល​មួយ​នៅ​ក្រៅ​ប្រទេស ហើយ​បាន​ជួប​ស្គាល់​អ្នកស្រី ស៊ូ ឆិន (Zhu Chen) មក​ពី​ខេត្ត​សានទុង និង​លោក លូ យ៉ុង (Luo Yong) មក​ពី​ទីក្រុង​សៀងហៃ នៃ​ប្រទេស​ចិន ។ នៅ​ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា ត្រកូល​ចូវ (Zhou, ) គឺ​ជា​សែត្រកូល​នៃ​សន្តតិវង្ស​អធិរាជ​ដែល​សោយរាជ្យ​យូរអង្វែង​ជាងគេ​​នៅ​ប្រទេស​ចិន ចាប់ពី​សតវត្ស​ទី​១១ ដល់​សតវត្ស​ទី​៣ មុន​គ្រិស្តសករាជ «Zhou Dynasty (11th. cent.-221 BC)» ។ ចំណែកឯ​នាយករដ្ឋមន្ត្រី​ចិន​ពី​ឆ្នាំ​១៩៤៩ ដល់​១៩៧៦ ជូអ៊ិនឡាយ (Zhou Enlai, 周恩来) និង​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ហុងកុង ចូវ យុនហ្វាត (Chow Yun-Fat 周润发) ក៏មាន​ត្រកូល​«ចូវ» ដែរ ។ ការ​លើក​ឡើង​នេះ មិន​មែន​មាន​បំណង​ចង់​ភ្ជាប់​ខ្សែស្រឡាយ​របស់​ខ្ញុំ​ទៅ​នឹង​រាជវង្ស​អធិរាជ​ចិន ឬ​អ្នក​ល្បី​ឈ្មោះ​ដទៃ​ទៀត​ឡើយ គឺ​គ្រាន់​តែ​លើក​ឡើង​ពី​សែត្រកូល​ដូច​គ្នា​ប៉ុណ្ណោះ ។ ខ្ញុំ​តែង​តែ​ចាត់​ទុក​ខ្លួនឯង​ថា​មាន​ឈាមជ័រ​ខ្មែរ​សុទ្ធ ព្រោះ​បាន​កើត​នៅ​ស្រុកស្រែ​លើ​ដី​ខ្មែរ ធំធាត់​នៅ​លើ​ដី​ខ្មែរ ក្នុង​បរិយាកាស​សង្គម​ខ្មែរ បាន​រៀន និង​ស្រឡាញ់​សិល្បៈ​វប្បធម៌ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ​ខ្មែរ និង​ប្រហែល​ជា​ស្លាប់​ទៅ​វិញ​ក៏​នៅ​លើ​ដី​ខ្មែរ​ផងដែរ ។ គឺថា “សូម​ធ្វើ​ដូច​ត្នោត ដុះ​លើ​ដី​ខ្មែរ លូតលាស់​ពេញវ័យ​លើ​ដី​ខ្មែរ បង្កបង្កើត​ផៅសណ្ដាន​លើ​ដី​ខ្មែរ ស្លាប់​លើ​ដី​ខ្មែរ ប្រសិនបើ​អាច​កើត​ឡើង​វិញ សូម​កើត​លើ​ដី​ខ្មែរ” ។

«ស៊ិញ» គឺ​ជា​ឈ្មោះ​ដែល​ម្ដាយ​របស់​ខ្ញុំ​ដាក់​ឲ្យ ដែល​ជា​ពាក្យ​របស់​ចិន​កន្តាំង​មាន​ន័យថា «ស្លូត សប្បុរស រាបសា» មិន​ជា​ពាក្យ​ខ្មែរ​ថា «សិញ» ដែល​មាន​ន័យថា ញឹកញាប់​រទេញ​ ឬ​សិញសុញ​នោះ​ទេ ។ មូលហេតុ​នៃ​ការ​ដាក់​ឈ្មោះ​នេះ​គឺ កាល​ពី​តូច​ក្រូចឆ្មារ ខ្ញុំ​ឧស្សាហ៍​យំ និង​កាច​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បាន​ជា​ម្ដាយ​ខ្ញុំ​ដាក់​ឈ្មោះ​ថា​«ស៊ិញ» ដើម្បី​ឲ្យ​ស្លូត​ដូច​ឈ្មោះ ។

តាម​ពិត​ទៅ​ ខ្ញុំ​មាន​ឈ្មោះ​កណ្ដាល​មួយ​ទៀត​គឺ «យង់» ដែល​ឈ្មោះ​ពេញ​របស់​ខ្ញុំ «ចៅ យង់ស៊ិញ» ប៉ុន្តែ​នៅ​ពេល​ដល់​អាយុ​ចូល​រៀន ដោយ​ខ្លាច​ឈ្មោះ​ច្រើន​មាត់​កូន​ចាំ​មិន​បាន ម្ដាយ​ខ្ញុំ​ដាក់​ត្រឹម​តែ​២​មាត់​គឺ «យង់ ស៊ិញ» (កាល​ថ្នាក់​មត្តេយ្យ និង​ថ្នាក់​ទី​១) និង​ក្រោយ​មក «ចៅ ស៊ិញ» (ចាប់​ពី​ថ្នាក់​ទី​២​រហូត​មក​ដល់​បច្ចុប្បន្ន) ។

និយាយ​ពី​ប្រវត្តិ​គ្រួសារ​«ចៅ» នៅ​ឃុំ​ចំណោម​របស់​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​អាច​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ ​ច្បាស់លាស់​ថា តើ​ដូនតា​របស់​ខ្ញុំ​បាន​ចាក​ចេញ​ពី​តំបន់​ណា​នៃ​​ស្រុក​ចិន ហើយ​បាន​មក​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​ពី​ពេល​ណា​ឡើយ ? ខ្ញុំ​គ្រាន់​តែ​អាច​តាម​សួរ​ចាស់ៗ​ដឹង​ថា ខ្ញុំ​ជា​ជំនាន់​ទី​៤ (ញាតិ​ជាន់​ទី​៣) នៃ​លោក​តាទួត «ចៅ ថៃ» ។ លោក​តា​ទួត ចៅ ថៃ មាន​ប្រពន្ធ​បី​នាក់ (មិន​ចាំ​ឈ្មោះ) ដែល​ក្នុង​នោះ លោកតា​របស់​ខ្ញុំ «ចៅ សំ» ជា​កូន​ច្បង​របស់​ប្រពន្ធ​ដើម ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​តាយាយ​ក្រៅ​ពី​តា​បង្កើត ប្រហែល​១០​នាក់ ។ លោកតា​ចៅ សំ មាន​កូន​ទាំងអស់​ចំនួន ៧ នាក់ ៖

  1. ចៅ .... ប្រុស (រស់នៅ​សហរដ្ឋអាមេរិច, ខ្ញុំ​ហៅ​គាត់​ថា «អាយៀ​អាមេរិច “អ៊ំ​ខាង​ឪពុក​នៅ​អាមេរិច”)
  2. ចៅ ... ប្រុស (ស្លាប់​កាល​ពី​ខ្ញុំ​នៅ​តូចៗ, ខ្ញុំ​ហៅ​គាត់​ថា «អាយៀ​ត្នោត “អ៊ំ​ខាង​ឪពុក​នៅ​ភូមិ​ត្នោត ឃុំ​សឿ)
  3. ចៅ ឡាង ស្រី (រស់នៅ​ឃុំ​ចំណោម)
  4. ចៅ ប៉ូង ប្រុស (ជា​ឪពុក​របស់​ខ្ញុំ, រស់នៅ​ឃុំ​ចំណោម, ឈ្មោះ​ពេញ​របស់​គាត់​គឺ ចៅ គិញប៉ូង)
  5. ចៅ លិញ ស្រី (នៅ​សហរដ្ឋអាមេរិច)
  6. ចៅ ខាន់ ប្រុស (ស្លាប់​ក្នុង​សម័យ​ខ្មែរក្រហម)
  7. ចៅ ណាយ ស្រី (ស្លាប់)

ឈ្មោះ​ពិត​របស់​តាយាយ និង​អ៊ំៗ​មួយ​ចំនួន ខ្ញុំ​មិន​ទាន់​មាន​ឱកាស​សួរ​រក​ឲ្យ​ឃើញ​នៅ​ឡើយ​ទេ (មួយ​ឆ្នាំ​ខ្ញុំ​ទៅ​លេង​ស្រុក​កំណើត​បាន​តែ​២​ដង​គត់) ដោយសារ​តែ​ពុំ​មាន​ការ​កត់ត្រា​ត្រឹមត្រូវ ហើយ​តាម​ចិន​គេ​ច្រើន​តែ​ហៅ​បងប្អូន​តាម​ឋានៈ ធ្វើ​ឲ្យ​ភ្លេច​ឈ្មោះ​ដើម​ថា​ហៅ​ដូចម្ដេច ។

តាមរយៈ​បទពិសោធន៍​នេះ​ ខ្ញុំ​សម្គាល់​ឃើញថា ចំពោះ​គ្រួសារ​ខ្មែរ​សាមញ្ញ​ទួទៅ​ ពិបាក​នឹង​រៀបរាប់​អំពី​តំណ​ដូនតា​លើស​ពី​៥​ជំនាន់​ណាស់ គឺ​មិន​ដូច​គ្រួសារ​រាជវង្ស ឬ​គ្រួសារ​នៅ​បស្ចឹមប្រទេស ឬ​ប្រទេស​ជិតខាង​ខ្លះ ដែល​មាន​កំណត់ត្រា ឬ​ឯកសារ​តំណ​វង្ស​បាន​ច្រើន​ជំនាន់ ។

ខ្ញុំ​សង្ឃឹម​ថា ប្រិយមិត្ត​ពិត​បាន​ស្គាល់ និង​យល់​អំពី​ប្រវត្តិ​ប្លុក​នេះ រួមទាំង​​ប្រវត្តិ​របស់​ម្ចាស់​វា​បាន​ច្បាស់លាស់​ជា​មិន​ខាន ។ សូម​អរគុណ​ដែល​បាន​ចូល​មក​លែង ។

ដោយសារ​ខាង Blogsome ពុំ​ទាន់​មាន​ចម្លើយ​ទៅ​នឹង​វិធី​ធ្វើ​ឲ្យ​ប្រិយមិត្ត​អាច​ផ្ដល់​មតិ​នៅ​លើ​ទំព័រ​នេះ​បាន សូម​ប្រិយមិត្ត​ផ្ញើ​មតិ​នានា​មក​ខ្ញុំ​តាមរយៈ chaosinh@yahoo.com ប្រសិនបើ​មាន ៕

 

អត្ថបទ​បន្ថែមៈ    ការ​គោរព​ដូនតា​របស់​គ្រួសារ​ត្រកូល​ចៅ