វិវឌ្ឍន៍ហត្ថលេខារបស់ខ្ញុំ
វត្ថុ ឬរបស់របរអ្វីនិមួយៗ តែងតែមានដើមហេតុដែលបណ្ដាលឲ្យកើតមានឡើង និងមានប្រវត្តិដ៏ជាក់លាក់មួយជាដរាប ។ នៅពេលយកអត្តសញ្ញាណប័ណ្ណសិស្ស‑និស្សិត ចាប់តាំងពីបឋមសិក្សាដល់មហាវិទ្យាល័យ មករម្លឹកមើលឡើងវិញ ខ្ញុំសង្កេតឃើញថា ហត្ថលេខារបស់ខ្ញុំបានផ្លាស់ប្ដូរទ្រង់ទ្រាយ និងរូបរាង រហូតដល់ ៨ សារ មកទល់បច្ចុប្បន្ននេះ ។ ខ្ញុំសូមលើកយកប្រវត្តិនៃហត្ថលេខាទាំងនោះ មកបង្ហាញជូនដើម្បីស្វែងយល់កម្សាន្ត ដូចខាងក្រោម ៖
១. ហត្ថលេខាពីឆ្នាំ១៩៩២ ដល់ ១៩៩៥

កាលរៀននៅបឋមសិក្សាចំណោម តាំងពីថ្នាក់ទី១ ដល់ទី៥ ខ្ញុំមិនដែលឮ មិនដែលស្គាល់អ្វីដែលហៅថា ការចុះហត្ថលេខាទេ ។ រហូតដល់ពេលធ្វើអត្តសញ្ញាណប័ណ្ណដើម្បីប្រឡងបញ្ចប់បឋមសិក្សា (បារាំងហៅថា កុងកួរ) ខ្ញុំមិនដឹងជាត្រូវចុះហត្ថលេខាមានរូបរាងដូចម្ដេចទេ ។ នៅពេលជជែកជាមួយបងស្រីទី៣ របស់ខ្ញុំ គាត់បង្ហាញពីហត្ថលេខារបស់គាត់ ដែលមានរូបរាងស្រដៀងអក្សរ m (អ៊ឹមតូច) ដុះដៃដុះជើងមុខក្រោយ ខ្ញុំក៏សម្រេចយកគំរូតាមគាត់តែម្ដងទៅ ។
២. ហត្ថលេខាពីឆ្នាំ១៩៩៥ ដល់ ១៩៩៨

កំឡុងឆ្នាំ១៩៩៥ នោះ ខ្ញុំបានចូលរៀនភាសាថៃ ជាមួយអ្នកនៅក្បែរគ្នាដែលបានជួលគ្រូមកបង្រៀនដល់ផ្ទះ ។ នៅពេលចេះសរសេរតួព្យញ្ជនៈថៃ ខ្ញុំក៏បានប្ដូរហត្ថលេខា ដោយផ្ដើមឡើងដោយអក្សរ ស របស់ថៃ (ស សាលា, ថៃមានព្យញ្ជនៈ ស ចំនួន ៣ តួ) អក្សរ Z បញ្ច្រាស អក្សរ m និងមានបន្ទាត់២ នៅពីលើ និងពីក្រោម ។ បន្ទាប់២ ខាងលើ មានន័យថា ជាដំបូលការពារ ហើយបន្ទាត់២ ខាងក្រោម ជាទម្ររ ឬមធ្យោបាយធ្វើដំណើរ ។
៣. ហត្ថលេខានៅឆ្នាំ១៩៩៨

មកដល់ឆ្នាំ១៩៩៨ ហត្ថលេខារបស់ខ្ញុំលើអត្តសញ្ញាណប័ណ្ណសិស្សដើម្បីប្រឡងមធ្យមសិក្សាទុតិយភូមិ ប្ដូររូបរាងទៅជាលេខ ៥ ខ្មែរ នៅពីមុខ និងឈ្មោះខ្ញុំជាអក្សរឡាតាំង Sign នៅពីក្រោយ (កាលនោះឈ្មោះខ្ញុំសរសេរជា Sign បន្ទាប់មកត្រូវបានកែប្រែជា Sinh វិញ នៅពេលដាក់ពាក្យប្រឡងចូលសាលាបច្ចេកវិទ្យាកម្ពុជា “ITC-សាលាតិចណូ” កំឡុងខែសីហា ឬកញ្ញា) ព្រមទាំងមានវ័ធកន្ទុយជាអក្សរ S និងមានបន្ទាត់មួយពីក្រោម ។ លេខ ៥ គឺតំណាងឲ្យបងប្អូនរបស់ខ្ញុំចំនួន ៥ នាក់ ។ ប្រសិនបើពិនិត្យមើលឲ្យលម្អិតបន្តិច យើងនឹងឃើញមានស្នាមចុចជាចំណុចចំនួន ៥ កន្លែង ។ ចំណុច១ នៅក្រោមលេខ ៥ ចំណុច២ នៅលើអក្សរ i ចំណុច១ នៅក្រោយអក្សរ S និងចំណុច១ ទៀត នៅខាងចុងបន្ទាត់ ។ គោលបំណងនៃការចុចចំណុចទាំងនេះ ប្រយោជន៍គឺដើម្បីជៀសវាងកុំគេចាប់អារម្មណ៍នៅពេលមានការបន្លំក្លែងហត្ថលេខា ។ ហ្អេ! គិតទៅឆ្ងល់ខ្លួនឯង នៅជាសិស្សសោះ ខ្លាចមានគេក្លែងបន្លំហត្ថលេខាដែរ ?

ក្រោយមកនៅពេលបានប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យ ហត្ថលេខារបស់ខ្ញុំមានទ្រង់ទ្រាយដដែល ប៉ុន្តែមានការផ្លាស់ប្តូរត្រង់ឈ្មោះពី Sign ទៅជា Sinh អក្សរ S ទៅជាលេខ 05 (លេខ០៥ អារ៉ាប់) ហើយស្នាមចុចនៅសល់តែបីទេ គឺចំណុច២ នៅលើអក្សរ i និងចំណុច១ នៅក្រោយបន្ទាត់ ។
៤. ហត្ថលេខានៅឆ្នាំ១៩៩៩ និងឆ្នាំ២០០០

នៅក្នុងកំឡុងពេលនោះ ខ្ញុំតែងតែនឹកមមៃថា ខ្លួនឯងមានឋានន្តរនាមដ៏វែងមួយ គឺ «ចៅស៊ិញស៊ីលីស៊ិញកាចៀនសុភក្ត្រាស៊ីតាវាស៊ីថាម៉ាហារ៉ា (Chao Sinh Silisinhka Chean Sopheatra Sitava Sitha Mahara)» ។ ស្ដាប់ទៅហាក់ដូចជា រវើរវាយផ្ដេសផ្ដាស ប៉ុន្តែវាជាអារម្មណ៍ពិតប្រាកដរបស់ខ្ញុំនៅពេលនោះ ។ ហេតុដូច្នេះហើយ បានជាហត្ថលេខារបស់ខ្ញុំ ផ្ដើមឡើងដោយអក្សរ ស៊ិ និងភ្ជាប់ពីក្រោយដោយ ស៊ីលីស៊ិញកា ដែលអក្សរ ញ រាងរួញៗវែងបន្តិច និងមានកូនបន្ទាត់ខ្លីមួយគូសកាត់ស្រះ ា ដែលវែងចុះក្រោមពីអក្សរ ក ហើយមានចំណុច១ នៅពីក្រោយបន្ទាត់ខ្លី ។
៥. ហត្ថលេខានៅឆ្នាំ២០០១

មកដល់ឆ្នាំ២០០១ ហត្ថលេខារបស់ខ្ញុំ ត្រឡប់មកប្រើអក្សរឡាតាំងវិញ ។ កាលនោះ ការផ្លាស់ប្ដូរនេះ បានទទួលឥទ្ធិពលពីការចុះហត្ថលេខារបស់ជនជាតិអឺរ៉ុប ដោយហត្ថលេខារបស់ពួកនេះគឺសរសេរឈ្មោះរបស់ខ្លួនឯងតែម្ដង គ្រាន់តែសរសេររាងលឿន និងខ្វៀកបន្តិច ។ ដូច្នេះហើយបានជាហត្ថលេខារបស់ខ្ញុំ ផ្ដើមដោយអក្សរ C តំណាង Chao និងឈ្មោះ Sinh ដោយមានកូនបន្ទាត់ខ្លីមួយពីក្រោម ។
៦. ហត្ថលេខានៅឆ្នាំ២០០២

នៅឆ្នាំ២០០២ ហត្ថលេខារបស់ខ្ញុំ នៅបន្តទទួលឥទ្ធិពលពីជនជាតិអឺរ៉ុបដដែល ប៉ុន្តែខ្លាំងក្លាជាងគេ គឺពីព្រះហត្ថលេខារបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយព្រះអង្គឡាយ ន. សីហនុ រួចគូសបន្ទាត់ពីក្រោម ។ ឃើញដូចនោះ ខ្ញុំក៏ប្ដូរហត្ថលេខាជាអក្សរខ្មែរវិញ ដែលមានរូបរាង ច. ស៊ិញ ដោយគូសបន្ទាត់ខ្លីមួយកាត់ស្រះ ុ ។
៧. ហត្ថលេខាចាប់ពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន

ក្នុងដំណាក់កាលនេះ ទស្សនៈជាតិនិយមបានចូលក្នុងខ្លួនពេញបន្ទុក ។ បន្ទាប់ពីបានជួបជនជាតិបរទេសចម្រុះជាតិសាសន៍ជាច្រើន តាមរយៈកិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ខ្ញុំសង្កេតឃើញជនបរទេសទាំងនោះចុះហត្ថលេខាឈ្មោះពេញរបស់ខ្លួនជាភាសា និងអក្សរជាតិរបស់ពួកគេ ។ ការនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រឡាញ់ និងចង់លើកដំកើងភាសាជាតិ ខ្ញុំក៏សម្រេចចាប់យកការផ្សព្វផ្សាយ និងបង្ហាញអក្សរខ្មែរ ទៅជនបរទេសតាមរយៈហត្ថលេខារបស់ខ្ញុំ ។ ប៉ុន្តែដើម្បីឲ្យមានសិល្បៈនៅលើហត្ថលេខា ខ្ញុំបានច្នៃជើងញ ឲ្យក្លាយទៅជាបន្ទាត់គូសពីក្រោមវិញ ។
សរុបមក ការផ្លាស់ប្ដូរប្រែប្រួលរូបរាងហត្ថលេខារបស់ខ្ញុំ គឺដោយសារចរន្តនៃការចង់បាននូវភាពល្អប្រសើរ ផ្ដើមឡើងពីការចម្លងយកពីគេទាំងស្រុង រហូតដល់ការច្នៃប្រឌិតខ្លួនឯង ដោយគ្រាន់តែទទួលយកគំនិតរបស់អ្នកដទៃ មកកែកុន ច្នៃប្រឌិតឲ្យស្របទៅនឹងចិត្តគំនិត និងការចង់បានផ្ទាល់ខ្លួន ៕