Chouk Khmer

ឈូក

ឈូក​ជា​ផ្កា​សក្ការៈ

ឈូក​គឺ​ជា​វារីជាតិ​ដុះ​នៅ​ក្នុង​ភក់​នៃ​ស្រះ ត្រពាំង បឹង​បួរ​ វាល​ភក់ និង​ស្រែ​​ពន្លិច​ទឹក​ដែល​មាន​ជម្រៅ​រាក់ ។ ឈូក​មាន​ដើម​កំណើត​នៅ​មជ្ឈឹម​បូព៌ា អាស៊ី អូស្ត្រាលី និង​ញូគីនៀ ។ ឈូក​អាច​មាន​កំពស់​រហូត​ដល់​ ៦​ម អាស្រ័យ​ទៅ​តាម​ជម្រៅទឹក ។ ឈូក​មាន​ដុះ​នៅ​គ្រប់​ទី​តំបន់​​ក្នុង​ប្រទេស​កម្ពុជា ។

ឈូក​ជា​ផ្កា​សក្ការៈ

មើម​ឈូក គឺជា​ពក​រឹង​នៅ​ក្នុង​ភក់​ក្រោម​ទឹក ។ ឈូក​មាន​ដើម​មូល​វែង និង​មាន​បន្លា​តូច​ៗ​ព័ទ្ធ​ជុំ​វិញ ហើយ​វា​មាន​តួ​នាទី​ត​​ភ្ជាប់​មើម​ទៅ​ស្លឹក និង​ផ្កា ។ ភាគ​ច្រើន​គេ​យក​មើម​ឈូក​ទៅ​ស្ងោ​ជា​មួយ​ជើង​ជ្រូក ឬ​ឆ្អឹង​ជ្រូក ហើយ​គេ​ក៏​យក​មើម​ឈូក​ទៅ​ហាល​ឲ្យ​ស្ងួត​ រួច​កិន​កម្ទេច​ធ្វើ​ម្សៅ​ផង​ដែរ ។ ក្រអៅ​ឈូក គឺ​ជា​ខ្នែង​ខ្ចី​ដែល​បែក​ចេញ​ពី​មើម​ឈូក ។ គេ​យក​ក្រអៅ​ឈូក​ទៅ​ធ្វើ​ជា​អាហារ​បរិភោគ​បាន​ច្រើន​យ៉ាង​ ដូច​ជា អន្លក់ ញ៉ាំ ឆា និង​ស្ល​ម្ជូរ ។

ស្លឹក​ឈូក មាន​រាង​មូល​ដូច​ថាស​អាច​មាន​ទំហំ​ដល់​ ៩​តឹក (៩០​សម) ។ ស្លឹក​ឈូក​អាច​អណ្ដែត ឬ​ផុស​ចេញ​ផុត​ពី​ផ្ទៃ​ទឹក និង​មាន​ស្នាម​ឆូតៗ ។ ក្នុង​កំឡុង​ពេល​ដែល​ថង់​ផ្លាស្ទិច​មិន​បាន​គេ​នាំ​ចូល​មក​ប្រើ​ប្រាស់ ស្លឹក​ឈូក​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាងទូលាយ​សម្រាប់​វេច​ខ្ចប់​របស់​របរ និង​ចំណី​អាហារ ។ ខ្ញុំ​នឹក​ឃើញ​កាល​ពី​ក្មេង​ទៅ​ផ្សារ​ទិញ​នំ​ពង​អន្សង និង​សាច់​ជ្រូក​ដែល​គេ​ខ្ចប់​នឹង​ស្លឹក​ឈូក ។ បើ​គិត​ពី​តម្លៃ​ខាង​បរិស្ថាន ស្លឹក​ឈូក​ល្អ​ជាង​ថង់​ផ្លាស្ទិច ពី​ព្រោះ​ស្លឹក​ឈូក​ឆាប់​រលួយ និង​​ផ្ដល់​ជា​ជី​កុំប៉ុស្តិ៍​មាន​ប្រយោជន៍​ដល់​កសិកម្ម ។ រីឯ​ថង់​ផ្លាស្ទិច​ចំណាយ​ពេល​យូរ​ឆ្នាំ​ទំរាំ​តែ​រលាយ ។

ផ្កា​ឈូក មាន​ច្រើន​ត្របក និង​មាន​ច្រើន​ពណ៌​ ដូច​ជា ស ក្រហម និង​ច្រាល ។ ឈូក​គឺ​ជា​ផ្កា​សក្ការៈ​នៅ​ក្នុង​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញ​សាសនា ។ ផ្កា​ឈូក​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ​ទៅ​នឹង​ពុទ្ធប្រវត្តិ ។ ​គេ​ចាត់​ទុកផ្កា​ឈូក​​ថា​ជា​ផ្កា​បរិសុទ្ធ​ទោះ​ជា​ដុះ​ចេញ​ពី​ក្នុង​ភក់ និង​ជា​ផ្កា​សម្រាប់​ថ្វាយ​ព្រះ ។

ផ្លែ​ឈូក មាន​រាង​កោន​ដែល​អាច​មើល​ឃើញ​នៅ​ពេល​ដែល​ស្រទាប់​ត្របក​ផ្កា​រុះ​ធ្លាក់ ។ ផ្លែ​ឈូក​ប្រើ​ជា​អាហារ​តាម​ខ្ចី​តាម​ចាស់ ។ ចំណែក​ឯ​ផ្លែ​គ្រាប់​ខ្ចី​ដែល​គ្មាន​សាច់​ក៏​ជា​ល្បែង​លេង​របស់​ក្មេងៗ​ដែរ គឺ​យក​វា​ទៅ​ជល់​នឹង​អ្វី​មួយ​ដើម្បី​ឮ​សូរ ជា​ពិសេស ជល់​នឹង​ថ្ងាស ។ អ្នក​ខ្លះ​មាន​ជំនឿ​ថា​ការ​ខាំ​ទំពារ​គ្រាប់​ឈូក​លីង​ឲ្យ​បាន​ញឹកញាប់ គឺ​ជា​ការ​សម​ធ្មេញ​ឲ្យ​មាន​ភាព​រឹង​មាំ ។ គ្រាប់​ឈូក​មាន​រាង​មូល ឬ​អូវ៉ុល មាន​ពណ៌​បៃតង​ពេល​ខ្ចី និង​ពណ៌​ត្នោត​ពេល​​ចាស់ ។ គ្រាប់​ឈូក​ស្ថិត​ក្នុង​ប្រភេទ​​គ្រាប់​រុក្ខជាតិ​មាន​វត្តមាន​យូរ​អង្វែង​តាម​ការ​កត់​ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ ៕

 

កម្មសិទ្ធិ​លើ​អត្ថបទៈ

ឈូក​ខ្មែរ ​បាន​ទទួល​ការអនុញ្ញាត​ពី​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៃ​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិច ក្នុង​ការ​បកប្រែ​អត្ថបទ និង​ប្រើប្រាស់​រូប​ភាព​នានា​ដែល​មាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ស្រាវជ្រាវ​កសិកម្ម ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត

 

អំពី​​ម្ចាស់​ប្លុកៈ 

ប្រវត្តិប្លុក និងម្ចាស់​ប្លុក    រូបថត    វិវឌ្ឍន៍ហត្ថលេខា    ស្នាដៃសំខាន់ៗ

 

ឈូក​ស

ឈូក​ស

ឈូក​ក្រហម

 ឈូក​ក្រហម

ផ្កា​ឈូក​ស​រីក

ផ្កា​ឈូក​ស​រីក

ផ្លែ​ឈូក

 ផ្លែ​ឈូក