Chouk Khmer

October 28, 2009

សមាសធាតុ​ម្ទេសក្រហម​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ផ្សិត

ផ្លែ​ផ្ទេសក្រហម ម្ទេសក្រហម​បុក

ផ្លែ​ផ្ទេសក្រហម និង​ម្ទេសក្រហម​បុក (រូប​ Wikipedia)

ម្សៅ​ម្ទេសក្រហម (Cayenne peppers) ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿងផ្សំ​អាហារ និង​ប្រើ​ជា​ថ្នាំ​កែរោគ​រាប់ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ទើប​តែ​នៅ​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​មីក្រូសរីរៈវិទូ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Anthony De Lucca និង​សហការី​បាន​រាយការណ៍​ពី​ភស្តុតាង​ដែល​បញ្ជាក់​ថា ម្សៅ​ម្ទេសក្រហម​​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង​នឹង​ផ្សិត​ស្ថិត​ក្នុង​ចង្កោម​សារធាតុ​គីមី​Saponin (វត្ថុធាតុ​ដើម​សម្រាប់​ធ្វើ​សាប៊ូ) ។

ជា​លទ្ធផល​ នៅ​ឆ្នាំ​២០០១ ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិច​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សារធាតុ​ចម្រាញ់ Saponin មាន​ឈ្មោះ​ថា “CAY-1” ដែល​មាន​ចរិតលក្ខណៈ​សម្លាប់​ផ្សិត ។

លោក De Lucca បម្រើការ​នៅ​ផ្នែក​សុវត្ថិភាព​ម្ហូប និង​ចំណី​អារហារ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រចាំ​ភូមិភាគ​ខាងត្បូង (SRRC) ​របស់ ARS នៅ​ទីក្រុង New Orleans រដ្ឋ Louisiana ។ លោក និង​សហការី​បាន​បោះពុម្ព​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​ការ​សិក្សា​ថ្មី​មួយ​ដែល​បង្ហាញ​ថា CAY-1 មាន​ជោគជ័យ​នៅ​ក្នុង​ការសាកល្បង​ក្នុង​មន្ទីរពិសោធន៍​ជា​ភ្នាក់ងារ​សម្លាប់​ផ្សិត​ប្រឆាំង​នឹង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​ពូជ​ទំពាំងបាយជូរ​មួយ​ចំនួន ។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០០៨​នៅ​ក្នុង​ទស្សនាវដ្ដី​អាមេរិចកាំង​នៃ​ការងារ​ផលិត​ស្រា និង​ដាំដុះ​ទំពាំងបាយជូរ (American Journal of Enology and Viticulture) ។

លោក De Lucca មាន​ប្រសាសន៍​ថា “សារធាតុ​ចម្រាញ់ CAY-1 គឺ​ជា​សមាសធាតុ​រុក្ខជាតិ​សកម្ម​ខ្លាំង​ដែល​អាច​សម្លាប់​មីក្រូសរីរាង្គ​នានា​ក្នុង​រយៈពេល​១០​នាទី” ។

សារធាតុ Saponin ត្រូវ​គេ​ជឿថា​ភ្ជាប់​ខ្លួន​ទៅ​នឹង​ភ្នាស​របស់​ផ្សិត​ធ្វើ​ឲ្យ​សមាសភាគ​កោសិកា​ផ្សិត​បែក​ធ្លាយ និង​ស្លាប់ ។ សារធាតុ Saponin ក៏​ចូល​ទៅ​ក្នុង​កោសិកា​របស់​ផ្សិត និង​បង្អាក់​ការ​បញ្ជូន​សញ្ញា​មួយ​ចំនួន ជាលទ្ធផល​គឺ​បំផ្លាញ​ភ្នាក់ងារ​ដែល​បង្កើត​ថាមពល​ដល់​កោសិកា ។

សម្រាប់​ការ​សិក្សា​នេះ លោក De Lucca និង​សហការី​នៅ SRRC បាន​បំបែក​ដាច់​ពី​គេ​នូវ​អំបូរ​ផ្សិត​១០​ប្រភេទ​ពី​ទំពាំងបាយជូរ​ឆ្លង​ជំងឺ​ដែល​ដាំដុះ​នៅ​តំបន់​ក្ដៅ​សើម ។ ពូជ​មួយ​ចំនួន​គឺ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង និង​បន្ទាប់បន្សំ​ដល់​ទំពាំងបាយជូរ ។ ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង​ចម្លង​ជំងឺ​ផ្ទាល់ រីឯ​​ភ្នាក់ងារ​ចម្លង​ជំងឺ​បន្ទាប់បន្សំ​ចម្លង​ជំងឺ​នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​របស់​ទំពាំងបាយជូរ​ចុះ​ខ្សោយ​ដោយសារ​ភាព​តានតឹង រង​របួស ឬ​ឆ្លង​រោគ​ដទៃ​ទៀត ។

អ្នក​ស្រាវជ្រាវ​បាន​សាកល្បង​តេស្ត CAY-1 ប្រឆាំង​នឹង​ផ្សិត​ទាំងនេះ​នៅ​ក្នុង​មន្ទីរពិសោធន៍ ។ CAY-1 មាន​ប្រសិទ្ធភាព​សម្លាប់​ខ្លាំង​នៅ​ដំណាក់កាល​វដ្ដ​ដំបូង​នៃ​ការ​ដុះដាល​ស្ប៉រ​របស់​ផ្សិត​ចំនួន​៧​ប្រភេទ ប៉ុន្តែ​អសកម្ម​ប្រឆាំង​នឹង​ស្ប៉រ​មិន​ដុះដាល ឬ​សំងំ (ក្រាំង) ។ ទោះបីជា​សារធាតុ CAY-1 អាច​សម្លាប់​ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង និង​បន្ទាប់បន្សំ​​ដល់​ទំពាំងបាយជូរ​ក៏​ដោយ​ក៏​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​កំណត់​អំពី​វិធី​នៃ​ការ​ប្រើប្រាស់​សារធាតុ​នេះ​ប្រកប​ដោយ​សុវត្ថិភាព​លើ​ដំណាំ​ទំពាំងបាយជូរ ។

CAY-1 ប្រឆាំង​ទល់​នឹង​ផ្សិត​នៅ​លើ​ស្បែក

ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​នៃ SRRC ក៏​បាន​សហការ​ជាមួយ​រូបសាស្ត្រវិទូ Thomas Walsh និង​អ្នករូបសាស្ត្រ​ដទៃ​ទៀត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) នៅ​ក្រុង Bethesda រដ្ឋ Maryland​ដើម្បី​សិក្សា​ពី​សកម្មភាព​សារធាតុ​CAY-1 ប្រឆាំង​ទល់​នឹង Microsporum canis និង Trichophyton rubrum ជា​ភ្នាក់ងារ​ចម្លង​ផ្សិត​លើ​ស្បែក​ដែល​ចម្លង​រោគ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ។ ការ​សិក្សា​បង្ហាញ​ថា CAY-1 មាន​ភាព​សកម្ម​នៅ​ក្នុង​មន្ទីរពិសោធន៍​ប្រឆាំង​នឹង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​ស្បែក​ទាំង​នេះ ។

លោក De Lucca មាន​ប្រសាសន៍​ថា “CAY-1 មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ផ្សិត​ដែល​បាន​ដាក់​ឲ្យ​ដាច់​ពី​គេ​ចំនួន​១៨​នៃ​ប្រភេទ​ផ្សិត​ទាំង​ពីរ​ខាងលើ​នេះ” ។ ការ​សិក្សា​នោះ​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​២០០៨​នៅ​ក្នុង​ទស្សនាវដ្ដី​វិជ្ជសាស្ត្រ​ផ្នែក​កពកសាស្ត្រ (Journal Medical Mycology) ។

ការ​ស្រាវជ្រាវ​ដំបូង​ដោយ​អ្នកស្រាវជ្រាវ​ SRRC និង NIH បង្ហាញ​ថា សារធាតុ CAY-1 មាន​ភាព​សកម្ម​តិចតួច​ប្រឆាំង​នឹង​សន្ដាន​​ផ្សិត Fusarium ដែល​បណ្ដាល​ឲ្យ​មនុស្ស​ និង​រុក្ខជាតិ​កើត​ជំងឺ ។

ការ​សិក្សា​ទាំងឡាយ​ខាងលើ​បង្ហាញ​ថា សារធាតុ CAY-1 អាច​ប្រើ​បាន​ទាំង​ពីរ​យ៉ាង​គឺ ជា​ភ្នាក់ងារ​សម្លាប់​ផ្សិត​នៅ​ក្នុង​វិស័យ​កសិកម្ម និង​ក្នុង​វិស័យ​វិជ្ជសាស្ត្រ ។ លោក De Lucca និយាយ​ថា “មាន​ប្រសិទ្ធភាព​ដូច​គ្នា​ក្នុង​ការ​កម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​បង្ក​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ឧទាហរណ៍ ពពួក​សន្ដាន​ផ្សិត Aspergillus និង Fusarium និង​ក្នុង​ការ​ចម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​នៅ​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស” ។ អត្ថបទ​ដោយ Rosalie Marion Bliss

បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/July 2009)

មីក្រូសរីរៈវិទូ Anthony De Lucca កំពុង​សង្កេត​ពី​ប្រសិទ្ធភាព​សម្លាប់​នៃ​សារធាតុ CAY-1 ប្រឆាំង​នឹង​ផ្សិត Aspergillus japonicus ដែល​បាន​យក​ចេញ​ពី​ចម្ការ​ទំពាំងបាយជូរ​ដែល​ឆ្លង​ជំងឺ

មីក្រូសរីរៈវិទូ Anthony De Lucca កំពុង​សង្កេត​ពី​ប្រសិទ្ធភាព​សម្លាប់​នៃ​សារធាតុ CAY-1 ប្រឆាំង​នឹង​ផ្សិត Aspergillus japonicus ដែល​បាន​យក​ចេញ​ពី​ចម្ការ​ទំពាំងបាយជូរ​ដែល​ឆ្លង​ជំងឺ

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/10/28/pepper-compound-mighty-against-mold/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve