វិធីប្រតិបត្តិខ្លួនឲ្យឆ្ងាយពីរោគជំងឺ
បើអ្នកចង់ដកខ្លួនឲ្យឆ្ងាយពីរោគជំងឺ លោកអ្នកអាចអនុវត្តនូវវិធីដូចខាងក្រោម ៖
អាហារ
ជ្រើសរើសបរិភោគអាហារដែលផ្ដល់សារជាតិចាំបាច់ចំពោះរាងកាយ មានដូចជា ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត (Carbohydrate) វីតាមីន ធាតុរ៉ែ ទឹក ។ សារធាតុអាហារទាំងនេះផ្ដល់ការទ្រទ្រង់រាងកាយ និងជួយការពារមេរោគនានាបានយ៉ាងល្អ ។
គួរចងចាំថា ការបរិភោគអាហារបានត្រឹមត្រូវជាតម្រូវការចាំបាច់របស់រាងកាយដោយផ្ដល់ទាំងកម្លាំងរាងកាយសម្រាប់ការប្រកបកិច្ចការងារ និងសុខភាពរាងកាយ ។
ការហាត់ប្រាណ
ការចេញទៅហាត់ប្រាណជាប់ជាប្រចាំផ្ដល់ផលប្រយោជន៍យ៉ាងល្អចំពោះប្រព័ន្ធរត់វិលវុលរបស់ឈាម ឆ្អឹង និងសាច់ដុំរឹងមាំ ។
ការហាត់ប្រាណជួយព្រឹងសរីរាង្គកាយស្ទើរគ្រប់ផ្នែក ជួយមិនឲ្យឆាប់ហត់ និងថែរក្សាទម្ងន់ខ្លួនបានយ៉ាងល្អ ។
កាត់បន្ថយភាពតានតឹង
ការសម្រាកឲ្យគ្រប់គ្រាន់ មិនតានតឹងផ្លូវអារម្មណ៍ ហ្វឹកហាត់ផ្លូវចិត្តឲ្យស្រស់ស្រាយ មិនមើលមនុស្សក្នុងផ្លូវអាក្រក់ និងព្រមទាំងញញឹមញញែមជាបច្ច័យមួយសំខាន់ខ្លាំងណាស់ដែលជួយសុខភាពមានភាពរឹងមាំ ហើយឈ្នះជំងឺទាំងពួងចូលលុកលុយ ។
ចៀសវាងសេពគប់របស់មានជាតិពុល
ផ្អាកប៉ះពាល់របស់ញៀន ដូចជា បារី ភេសជ្ជៈដែលមានជាតិអាល់កុល រស់នៅក្នុងបរិស្ថានបរិសុទ្ធ គ្មានជាតិពុល ព្រោះថារបស់ទាំងអស់នេះបំផ្លាញសុខភាពរបស់យើងឆាប់រហ័សណាស់ ៕
(សារព័ត៌មានរស្មីកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩)