Chouk Khmer

October 17, 2009

មូលហេតុ​ដែល​នាំ​ឱ្យ​ខ្សែភាពយន្ដ​ខ្មែរ​ងើប​មិន​រួច

លោក ស៊ិន ច័ន្ទសាយ៉ា ៖ ការ​ផលិត​ស្ថិត​ក្នុង​ដៃ​អ្នក​គ្មាន​វិជ្ជាជីវៈ

លោក​ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ដ និង​ផ្សព្វផ្សាយ​របស់​ក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែង​ថា​ លោក​បាន​មើលឃើញ​ថា​មាន​មូល​ហេតុតែ​មួយ​គត់​ដែល​វិស័យ​សិល្បៈ​ភាពយន្ដ​ខ្មែរ​មិន​អាច​ងើប​រួច គឺ​ភាព​អត់​វិជ្ជាជីវៈ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ដ ។ ការ​ផលិត​ខ្សែភាពយន្ដ​ខ្មែរ​កន្លង​មក​ស្ថិត​នៅ​តែ​ក្នុង​ដៃ​ក្រុម​មនុស្ស​ដែល​អត់​វិជ្ជាជីវៈ ចំណែកឯ​អ្នកមាន​វិជ្ជាជីវៈ​ពិតប្រាកដ គេ​មិន​អាច​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​បាន ហើយ​នាំ​គ្នា​ឈរ​ឱបដៃ​មើល​ពី​ចម្ងាយ​ទាំង​មិន​យល់​ស្រប ។

លោក​ ស៊ិន ច័ន្ទសាយ៉ា បញ្ជាក់​ថា រូប​លោក​រួម​នឹង​អ្នក​មួយ​ចំនួន​ទៀត​ប្រហែល​ជាង​១០​នាក់ ធ្លាប់​បាន​ទៅ​រៀន​វិជ្ជាជីវៈ​ផលិត​ខ្សែភាពយន្ដ​ក្នុង​ប្រទេស​ធំៗ​មួយ​ចំនួន​មាន​ដូច​ជា នៅ​រុស្ស៊ី នៅ​អាល្លឺម៉ង់ និង ប្រទេស​ឆេកូ​ជាដើម ប៉ុន្ដែ​ពេល​ត្រឡប់​មក​ក្នុង​ប្រទេស​វិញ ពួក​គេ​បែរជា​រក​ការងារ​ធ្វើ​មិន​បាន ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដែល​វិស័យ​ភាពយន្ដ​កម្ពុជា​កំពុង​ខំប្រឹង​ងើបឡើង​ក៏​ដោយ ។ ការ​ផលិត​ខ្សែភាពយន្ដ​មួយ​គេ​មិន​អាច​តែង​ទៅ​លើ​ការ​មាន​ប្រាក់​ផលិត ហើយ​ដឹកនាំ​តាម​ការ​នឹកឃើញ​នោះ​ទេ គេ​ទាមទារ​ឱ្យ​អ្នក​សម្ដែង​ចេះ​ចាំ​ស្ទាត់​នូវ​ប្រធានបទ​ដែល​ត្រូវ​និយាយ សម្ដែង​ហូរ​ចេញពី​ទឹកចិត្ដ ទាមទារ​ពេលវេលា​រៀបចំ​យូរ ពេលវេលា​ថត​យូរ មិនមែន​គ្រាន់តែ​សម្ដែង​ឱ្យ​តែ​បាន ហើយ​រង់ចាំ​លើ​អ្នក​បញ្ចូល​សំឡេង​នោះ​ឡើយ ។ ដូច្នេះ អ្នក​ដែល​មាន​វិជ្ជាជីវៈ គេ​មិន​អាច​ទៅ​ចូលរួម​នៅ​ក្នុង​សកម្មភាព​មួយ​ដែល​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នោះ​ទេ ដោយ​អ្នកខ្លះ​សុខចិត្ដ​អត់​ការងារ​ធ្វើ ហើយ​អ្នកខ្លះ​ទៀត​រក​ការងារ​ផ្សេង​ធ្វើ​វិញ ។

លោក​ ស៊ិន ច័ន្ទសាយ៉ា បាន​មាន​ប្រសាសន៍​បែប​នេះ​កាលពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៩ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ដ្រ និង​វប្បធម៌​រុស្ស៊ី​ស្ដី​អំពី​មហោស្រព​ភាពយន្ដ​រុស្ស៊ី​លើក​ទី​២ ដែល​គ្រោង​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២៤ ខែ​តុលា ឆ្នាំ​២០០៩​ខាង​មុខ​នេះ គឺជា​មហោស្រព​ភាពយន្ដ​មួយ​ដែល​បើក​ទូលាយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ដ្រ និង វប្បធម៌​រុស្ស៊ី ។

លោកស្រី​ ឌីរីឡា បូរ៉ូវីក ទីប្រឹក្សា​ស្ថានទូត​រុស្ស៊ី បាន​ថ្លែង​ថា ការ​បញ្ចាំង​ខ្សែភាពយន្ដ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់​២៣​ ខែ​តុលា ឆ្នាំ​២០០៩ បញ្ចាំង​ម្ដង​ក្នុង​មួយ​ថ្ងៃ ឯ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា បញ្ចាំង​៣​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​មួយ​រឿង​រយៈពេល​មួយ​ម៉ោង​កន្លះ​ដែល​រោង​ភាពយន្ដ​នៅ​ទីនោះ​អាច​ផ្ទុក​មនុស្ស​បាន​២៥០​នាក់ ។ លោកស្រី​បន្ដ​ថា កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​នៃ​សហព័ន្ធ​រុស្ស៊ី និង​ក្រុមហ៊ុន​ភាពយន្ដ​ស្ទេឡា រួម​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថានទូត​សហព័ន្ធ​រុស្ស៊ី និង​តំណាង​ទីភ្នាក់ងារ​សហព័ន្ធ​រុស្ស៊ី​ទទួល​បន្ទុក​សហប្រតិបត្ដិការ​មនុស្សធម៌​អន្ដរជាតិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

សបា្ដហ៍​ភាពយន្ដ​រុស្ស៊ី​មាន​គោលបំណង​ផ្លាស់​ប្ដូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក រវាង​រុស្ស៊ី និង​កម្ពុជា ។ លើក​ទី​១​នៅ​ខែធ្នូ ឆ្នាំ​២០០៨ ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ព្រឹត្ដិការណ៍​នេះ​បាន​ត្រឡប់​មក​វិញ​នៅ​ភ្នំពេញ ។

ពិធី​សម្ពោធ​ជា​ផ្លូវការ​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០០៩ នៅ​សាល​មហោស្រព​ចតុមុខ ក្រោម​អធិបតីភាព​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អា.អ៊ី.អ៊ីកណាតូវ និង​លោក ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ ក្នុង​នោះ​ផង​ដែរ ក៏​មានការ​ចូលរួម​ពី​គណៈប្រតិភូ​តំណាង​ឱ្យ​ផលិតករ​ភាពយន្ដ​ផង​ដែរ ដែល​ដឹកនាំ​ដោយ​លោក​ ហ្វេឌរ ប៉ូប៉ូវ អនុប្រធាន​សមាគម​អ្នក​ផលិតភាព​យន្ដ​នៃ​សហព័ន្ធ​រុស្ស៊ី ។

ការ​បញ្ចាំង​ខ្សែភាពយន្ដ​ជា​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​នឹង​ធ្វើការ​បញ្ចាំង​ជូន​ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០០៩ នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ដ្រ និង​វប្បធម៌​រុស្ស៊ី អាសយដ្ឋាន​អគារ​លេខ​១០៣ មហាវិថី​ព្រះនរោត្ដម ទល់មុខ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ សបា្ដហ៍​ភាពយន្ដ​លើក​នេះ​នឹង​ប្រព្រឹត្ដ​ទៅ​ដើម្បី​ឧទ្ទិស​ដល់​ថ្ងៃ​ប្រវត្ដិសាស្ដ្រ​រុស្ស៊ី និង​មនុស្សលោក​ទាំងមូល គឺ​ខួប​ទី​៦៥​ជ័យ​ជំនះ​ក្នុង​សង្គ្រាមលោក​លើក​ទី​២​ដែល​ខួប​នេះ​គេ​នឹង​ប្រារឰ​នៅ​ឆ្នាំ​២០១០​ខាង​មុខ ។

ដើម្បី​ជា​ចំណី​ចក្ខុ​របស់​ទស្សនិកជន​សបា្ដហ៍​ភាពយន្ដ​បាន​ពាំនាំ​ភាពយន្ដ​ទំនើប​ចំនួន​៥​រឿង ។ ខ្សែភាពយន្ដ​ទាំងនេះ​មាន​បង្ហាញ​អំពី​អារម្មណ៍​របស់​មនុស្ស​ស្នេហា​ជាតិ សេចក្ដី​ស្នេហា ភក្ដីភាព មេត្ដាករុណា និង មនុស្សធម៌ ហើយ​មនុស្ស​មានចិត្ដ​បែប​នេះ ទោះ​នៅ​ទីណា​ក៏​គេ​គោរព​ស្រលាញ់​ទោះបីជា​ទាហាន​ក៏​ដោយ ។

ក្នុង​នោះ​ផង​ដែរ ក៏​លាតត្រដាង​អំពី​បទ​ពិសោធន៍​របស់​មនុស្ស​ដែល​ព្រហ្ម​លិខិត​ជា​អ្នក​កំណត់ ។ អ្នក​រៀបចំ​កម្មវិធី​សបា្ដហ៍​ភាពយន្ដ​សង្ឃឹម​យ៉ាង​ជឿជាក់​ថា ទស្សនិកជន​កម្ពុជា​ពិតជា​ពេញចិត្ដ ។ ក្នុង​ករណី​សបា្ដហ៍​ភាពយន្ដ​នេះ​ទទួល​ជោគជ័យ ក្នុង​ពេល​អនាគត​ភាគី​រុស្ស៊ី​នឹង​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​បែប​នេះ​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​ទស្សនិកជន​កម្ពុជា​បាន​ស្គាល់​ជាមួយ​ស្នាដៃ​ភាពយន្ដ​ទំនើប​រុស្ស៊ី ជា​ពិសេស​ស្គាល់​អំពី​ប្រវត្ដិសាស្ដ្រ និង​ជីវិត​រស់នៅ​របស់​ប្រជាជន​រុស្ស៊ី ។ ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​សំខាន់​ណាស់ ៕

(សារព័ត៌មាន​កោះសន្ដិភាព ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០០៩)

 ការ​ធ្វើ​សន្និសីទ​ពី​ការ​បញ្ចាំង​ខ្សែភាពយន្ត​នៅ​មជ្ឈមណ្ឌល​វប្បធម៌​រុស្ស៊ី

ការ​ធ្វើ​សន្និសីទ​ពី​ការ​បញ្ចាំង​ខ្សែភាពយន្ត​នៅ​មជ្ឈមណ្ឌល​វប្បធម៌​រុស្ស៊ី

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/10/17/reason-why-khmer-movies-down-and-week-of-russian-movies/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve