វិធីថែរក្សាសាច់ត្រីឲ្យទុកបានយូរនិងមានជីវជាតិច្រើន

សាច់ត្រីដែលគេដកឆ្អឹងចេញរួច ហើយជ្រលក់ក្នុងស្រទាប់ការពារជីតូសានដើម្បីទុកឲ្យបានយូរ និងបង្កើនជីវជាតិបំប៉ន
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋអូរីហ្គិនបានបង្កើតស្រទាប់ពិសេសដែលអាចឲ្យសាច់ត្រីនៅល្អបានយូរ ហើយធ្វើឲ្យសាច់របស់វាកាន់តែមានជីវជាតិបំប៉ន ព្រមទាំងអាចទាក់ទាញឲ្យមនុស្សមានទម្លាប់បរិភោគសាច់ត្រីទៀតផង ។
តាមរយៈការដាក់សាច់ត្រីតឹកកែជ្រលក់ចូលក្នុងស្រទាប់ការពារដែលសម្បូរទៅដោយជីវជាតិផ្សំជាមួយខ្លាញ់ត្រី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាសាច់ត្រីទាំងនោះកាន់តែមានជីវជាតិហើយកាន់តែទុកបានយូរពីព្រោះខ្លាញ់ត្រីនោះមានផ្ទុកនូវសារធាតុជីតូសានដែលកកើតពីពពួកសិប្បិសត្វ ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា ៖ «ខ្លាញ់អាចប្រែក្លាយទៅជាស្រទាប់វេចខ្ចប់បែបនេះអាចការពារបាក់តេរី និងទុកបានយូរ» ។
លោក យ៉ាងយុន ចាវ (Yanyun Zhao) សាស្ត្រាចារ្យវិទ្យាសាស្ត្រផ្នែកចំណីអាហារ ព្រមទាំងក្រុមអ្នកសិក្សាស្រាវជ្រាវបានបន្តទៀតថា ៖ «ជាមួយស្រទាប់នេះ អ្នកអាចរក្សាទុកសាច់ត្រីតាំងលក់បានពីរបីថ្ងៃបន្ថែមទៀត ។»
ក្រុមអ្នកស្រាវជ្រាវបានក្លាសេសាច់ត្រីតឹកកែគ្មានខ្លាញ់មួយចំនួនក្នុងទូរទឹកកករយៈពេល៣សប្ដាហ៍ ហើយក្លាសេសាច់ត្រីដទៃទៀតរយៈពេល៣ខែ ។ គេសង្គេតឃើញថា នៅពេលដែលស្រទាប់ការពារនោះស្ងួត វានឹងរលាយបាត់ដោយឯកឯង ។
បើបៀ្បធៀបជាមួយត្រីធម្មតា សាច់ត្រីតឹកកែដោយស្រទាប់ជីតូសានត្រូវបានគេរកឃើញថា មានផ្ទុកនូវសារធាតុអាស៊ីតក្នុងខ្លាញ់ដល់ទៅ៣ដង បន្ទាប់ពីក្លាសេក្នុងទូរទឹកកក ។ សារធាតុអាស៊ីតក្នុងខ្លាញ់មានគុណប្រយោជន៍ដល់សុខភាព ដូចជា ជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺបេះដូងជាដើម ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ៖ «ការសិក្សានោះក៏បានរកឃើញផងដែរថា ស្រទាប់ការពារអាចជួយកាត់បន្ថយ អុកស៊ីតកម្មខ្លាញ់លីពីតដែលបង្កឲ្យមានក្លិនមិនល្អក្នុងសាច់ត្រី ។ មិនត្រឹមតែប៉ុណ្ណោះ ស្រទាប់នេះក៏ជួយឲ្យត្រីមានសំណើម និងរារាំងពពួកមេរោគដែលមានក្នុងសាច់ត្រី ក្នុងទូរទឹកកក និងត្រីក្លាសេទុករយៈពេលយូរ ។
ការសិក្សាស្រាវជ្រាវនេះត្រូវបានផ្សព្វផ្សាយនៅលើវិបសយរបស់ទស្សនាវដ្តីគីមីចំណីអាហារ (Food Chemistry) ដែលបោះពុម្ពផ្សាយកាលពីខែមិថុនា ឆ្នាំ២០០៩កន្លងទៅនេះ ៕
សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩