Chouk Khmer

October 30, 2009

សង្ខេប​រឿង​រាមកេរ្តិ៍

ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​លើ​ហោជាង​នៅ​ប្រាសាទ​អង្គរវត្ត

ចម្លាក់​រឿង​រាមកេរ្តិ៍​នៅ​លើ​ហោជាង​នៅ​ប្រាសាទ​អង្គរវត្ត

អារម្ភកថា

ថ្ងៃ​មួយ ឥសី​ឈ្មោះ វាល្មីកិ សួរ​ទៅ​ឥសី​ឈ្មោះ នារទៈ ដែល​ចេះ​ចប់​ត្រៃភេទ​ប្រាជ្ញា​ខាង​វោហារ​ថា ៖ «បពិត្រ​លោក​នារទៈ ! ក្នុង​លោក​នេះ​តើ​នរណា​ជា​វីរបុរស​ប្រកប​ដោយ​គុណធម៌ យុត្តិធម៌ មាន​គតិ​បណ្ឌិត និង​ចរិយា​ថ្លៃថ្នូរ មាន​មុខ​ញញឹម​ស្រស់​ជានិច្ច មាន​ឥទ្ធិឫទ្ធិ​ផ្សាយ​ទូទៅ​ក្នុង​សកលលោក ទោះ​បី​ទេវតា​ក៏​មិន​អាច​បៀតបៀន​បាន ?» ឥសី​ទារទៈ​សម្លឹង​មើល​ត្រៃលោក ហើយ​ឆ្លើយ​ថា ៖

«ឱ​ព្រះមុនី ! ខ្ញុំ​ស្គាល់​ហើយ វីរបុរស​នោះ​គឺ ព្រះរាម ដែល​ជា​បុប្ផា​នៃ​វង្ស​ឥក្សាកុ (ភាសា​បាលី​ថា វង្ស​ឱកាកៈ) ព្រះអង្គ​មាន​ព្រះ​ប្រី​ជា​ញាណ ក្លាហាន វិទ្យាសាស្ត្រ និង​ប្រពៃណី​ដ៏​បរិសុទ្ធ​ត្រកាល​ឥត​ផ្ទឹម​ស្មើ មាន​ព្រះហស្ថ​រឹងមាំ ដើម​ព្រះឱរា​ធំ ព្រះនេត្រ​ចេញ​រស្មី​ផ្លេកៗ ព្រះទ័យ​សប្បុរស ព្រះវិចារណញ្ញាណ​ជ្រាលជ្រៅ​ដូច​មហាសារគរ ជំហរ​រឹងមាំ​ដូច​ភ្នំ​ហេមពាន្ត កម្លាំង​ដូច​ព្រះវិស្ណុ លម្អ​ដូច​ព្រះចន្ទ វិរយ​ដូច​ប្រឹថពី ឬ​នាង​គង្ហីង​ធរណី ទ្រង់​ចេះ​ចប់​ត្រៃវេទ ។

ព្រះបិតា​ព្រះរាម​គឺ​ព្រះបាទ ទសរថ គ្រងរាជសម្បត្តិ​នៅ​នគរ​អយុធ្យា ទ្រង់​មាន​ព្រះ​បំណង​នឹង​បង្វែរ​រាជ្យ​ព្រះរាជ​ទាន​ដល់​ព្រះរាម តែ​ដោយ​នាង កៃកេសី ព្រះទេពី​ទី​បី​​ច្រណែន​ដោយ​ចង់​ឲ្យ ព្រះភិរុត ជា​ឱរស​ព្រះនាង​សោយរាជ្យ​វិញ ក៏​ទ្រង់​បំបរបង់​ព្រះរាម​ចេញ​ចាក​ព្រះនគរ តែ​ ព្រះលក្សណ៍ ជា​ព្រះអនុជ​ និង​​ព្រះនាង​ សិតា ជា​ព្រះអគ្គមហេសី​សុំ​តាម​ទៅ​ផង ។ ព្រះរាម ព្រះលក្សណ៍ និង​ព្រះនាង​សិតា​ក៏​យាង​ទៅ​គង់​នៅ​ក្នុង​ព្រៃ​សីត្រាកុត​ ក្នុង​អស្រម​ប្រកប​ដោយ​ជោគជ័យ ល្អ​ស្មើ​នឹង​ទេវតា ។

ក្នុង​កាល​ក្រោយ​នោះ ដោយ​ហេតុ​ទ្រង់​ព្រះវិតក្ក​ខ្លាំង​ពេក ព្រះទសរថ​ក៏​ទ្រង់​សោយ​ទីវង្គត​ទៅ រាជសម្បត្តិ​បាន​ដល់​ព្រះភិរុត​ជា​ព្រះអនុជ​ទី​ពីរ ប៉ុន្តែ​ព្រះភិរុត​មិន​ព្រម​ទទួល ស្ដេច​ទៅ​អង្វរ​ព្រះរាម​ជា​ព្រះជេដ្ឋា​ឲ្យ​ត្រឡប់​មក​ទទួល​ម្កុដរាជ្យ​វិញ តែ​ព្រះរាម​ទ្រង់​ប្រកែក ទ្រង់​ប្រទាន​តែ​សុពណ៌បាទ​ដល់​ព្រះភិរុត​ជា​ភស្តុតាង​នៃ​អំណាច​ដែល​ទ្រង់​ព្រះអនុញ្ញាត​ឲ្យ​គ្រង​ព្រះនគរ​ជំនួស​ទ្រង់ រួច​ទ្រង់​ស្ដេច​ចូល​កាន់​ព្រៃ​មួយ​ទៀត​ឈ្មោះ​ទណ្ឌកៈ ។ល។»

ឥសី​នារទៈ​អាន​រឿង​ព្រះរាម​ចប់​ហើយ ឥសី​វល្មីកិ​ក៏​ឱន​សិរសី​គោរព​ឥសី​នារទៈ ហើយ​ថយ​ចេញ​ឆ្ងាយ​ទៅ​ឈប់​នៅ​ទី​មួយ​ឈ្មោះ​តមសៈ ជា​ទី​ប្រសព្វ​មុខ​ទន្លេ​ទាំង​៥ មាន​ទន្លេ​គង្គា​ជាដើម​និយាយ​ប្រាប់​សិស្ស​ម្នាក់​ដែល​តាម​ទៅ​ផង​ថា ៖ «នែ​ភារទ្វាជៈ ! ចូរ​អ្នក​មើល​ទន្លេ​ជាទីគោរព​នេះ ក៏​មាន​ពន្លឺ​នៅ​នឹង​ថ្កល់​ដូច​អាត្ម័ន​របស់​បណ្ឌិត​ម្នាក់ ចូល​អ្នក​ទៅ​យក​សំពត់​សម្បក​ឈើ​ពី​អាស្រម​ឲ្យ​ខ្ញុំ ហើយ​ឲ្យ​កុណ្ឌី​មួយ​មក​ខ្ញុំៗ​នឹង​មុជ​ក្នុង​ទន្លេ​នេះ ។»

ឥសី​វាល្មីកិ​បាន​ងូត​ទឹក​ដ៏​ថ្លា​ឆ្វង់ លាង​បាប​បាន​សម្រេច​មគ្គផល​ហើយ មុន​នឹង​ចូល​កាន់​អាស្រម​កណ្ដាល​ព្រៃ ឥសី​យាត្រា​តាម​មាត់​ច្រាំង​ទន្លេ​បាន​ឃើញ​ព្រានព្រៃ​ម្នាក់​បាញ់​ធ្នូ​សម្លាប់​សត្វ​ក្រសារ​ឈ្មោល​មួយ​ដែល​កំពុង​ដើរ​ជាមួយ​នឹង​ក្រសារ​ញី​ជាគូ ។ វាល្មីកិ​កើត​សង្វេគ​ក៏​ចង​ជា​ពាក្យ​ស្លោក គឺ​ពាក្យ​កាព្យ​និយាយ​ពី​ក្រសារ​និង​ព្រានព្រៃ ។

កាល​ឥសី​វាល្មីកិ​ចូល​ទៅ​ដល់​អាស្រម​ភ្លាម ស្រាប់​តែ​ឃើញ​ព្រះព្រហ្ម​មាន​ភក្ត្រ​បួន ជា​ព្រះអាទិទេព​អ្នក​សាង​លោក មាន​មហិទ្ធិឫទ្ធិ​មក​ប្រតិស្ឋាន​ចំពោះ​មុខ ។ ឥសី​វាល្មីកិ​ក្រោក​ឈរ​បង្អោន​កាយ ផ្គង​កាយ​ផ្គង​អញ្ជលី ហើយ​ថ្វាយ​ទឹក​ និង​អាសនៈ​ដល់​ព្រះព្រហ្ម រួច​អាន​ស្លោក​រឿង​ក្រសារ​នោះ​ចំពោះ​ព្រះភក្ត្រ​ព្រះព្រហ្ម​ថា ៖

ឱ ! អំពើ​នេះ​លាមក​ពិត              បណ្ឌិត​ពោល​ថា​បាប​លើស​ខ្នាត
ឱ ! អ្នក​ប្រមាញ់​ចិត្ត​ប្រមាថ          ម្ដេច​អ្នក​ពិឃាដ​សត្វ​ក្រសារ ។
សំឡេង​ពិរោះ​ល្អ​ប្រាកដ             ឲ្យ​ព្រាត់​ប្រាសចាក​គូ​សង្សារ
អ្នក​បាន​ឈ្មោះ​ថា​មនុស្ស​ចិត្ត​មារ   សម្លាប់​ក្រសារ​ដែល​ឥត​ទោស ។

ព្រះព្រហ្ម​បាន​ស្ដាប់​ក៏​ញញឹម ហើយ​ពោល​ថា «ឱ​ព្រះមុនី ! គ្រាន់​តែ​រឿង​ព្រានព្រៃ​បាញ់​ក្រសារ​ស្លាប់ លោក​អាច​ចង​ជា​ពាក្យ​ស្លោក​ពិរោះពិសា​ទៅ​បាន ខ្ញុំ​ឃើញ​ថា លោក​ជា​អ្នក​ប្រាជ្ញ​ខាង​វោហារ ដូច្នេះ​សូម​លោក​ថ្លែង​នូវ​សាវតារ​ និង​ថ្វីដៃ​នៃ​ព្រះរាម​តាម​ដែល​លោក​បាន​ស្ដាប់​ពី​សំណាក់​ឥសី​នារទៈ​មក​នោះ​ជា​ពាក្យកាព្យ​ឲ្យ​ពិស្ដារ ពិរោះពិសា​ចុះ សូម​លោក​កុំ​ភ្លេច​បរិយាយ​រឿង​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ដឹង មិន​អី​ទេ​បើ​លោក​ភ្លេច​ខ្ញុំ​នឹង​ជួយ​រឭក​លោក ។ រឿង​ព្រះរាម​នោះ​យូរ​ទៅ​នឹង​ក្រអូប សាយ​សព្វ​ក្រឡា​មហាប្រឹថពី ភ្នំ សមុទ្រ ទន្លេ ឋិតថេរ​នៅ​ដរាប​រលាយ​ទឹក​រលាយ​ដី ។ កាល​រឿង​ព្រះរាម​បាន​ក្រអូប​សាយ​ទៅ​សព្វ​ទិសានុទិស​ហើយ ខ្លួន​លោក​នឹង​បាន​ឋានៈ​ខ្ពស់​បន្ទាប់​ពី​ខ្ញុំ ។»

ពោល​ហើយ ព្រះព្រហ្ម​ក៏​បាត់​មួយ​រំពេច​ទៅ ។ ដើម្បី​គោរព​ដល់​បណ្ដាំ​របស់​ព្រះព្រហ្ម បន្ទាប់​ពី​នោះ ឥសី​វល្មីកិ​បាន​សរសេរ​សាវតារ​ព្រះរាម​ធ្វើ​ជា​គម្ពី​មួយ​ឲ្យ​ឈ្មោះ​ថា “រាមាយណៈ” (ដំណើរ​របស់​អាទិទេព​រ៉ាម៉ា ដែល​​ជា​អវតា​របស់​ព្រះនារាយណ៍ ឬ​វិស្ណុ) ជា​ពាក្យ​ស្លោក​សំស្ក្រឹត​ មាន​ស្លោក​ដល់ ២៤.០០០ ចែក​ជា​វគ្គ​មាន ៥០០ ជា​កណ្ឌ​មាន​ ៦ ជា​មហាកាព្យ​ដ៏​ពិរោះ ជា​ទី​គោរព​រាប់អាន​របស់​ប្រជាជន​ទូទៅ​សព្វ​ទិសានុទិស ។

រឿង “រាមាយណៈ” នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​គេ​ស្គាល់​ថា “រាមកេរ្តិ៍” (កេរដំណែល​របស់​រៀមច្បង) ជា​រឿង​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អក្សរសាស្ត្រ​ខ្មែរ តាំង​ពី​សម័យ​នគរភ្នំ សម័យ​មហានគរ រហូត​មក​ទល់​នឹង​បច្ចុប្បន្នកាល ។ រាមកេរ្តិ៍​ខ្មែរ​បាន​ទទួល​យក​ទស្សនៈ​ព្រហ្មញ្ញសាសនា​មក​បកស្រាយ​ក្នុង​បរិបទ​ពុទ្ធសាសនា​ដោយ​បង្ហាញ​ពី​តុល្យភាព​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់​នៅ​ក្នុង​លោក​យើង​នេះ ពោល​គឺ​មិន​ឲ្យ​មាន​ខាងណា​ខុស​ឬ​ត្រូវ​ឡើយ ។ រឿង​រាមកេរ្តិ៍​ខ្មែរ​មាន​ចំណុច​ជាច្រើន​ខុស​ពី​រឿង​រាមាយណៈ​ឥណ្ឌា​ព្រោះ​មាន​បញ្ចូល​វគ្គ​ឈុត​ឆាក​​មួយ​ចំនួន​ដែល​គ្មាន​ក្នុង​រាមាយណៈ​ដើម និង​បាន​សង្កត់​ធ្ងន់​ទៅ​លើ​សកម្មភាព​របស់​ហនុមាន និង​នាង​សុវណ្ណមច្ឆា ហើយ​រឿង​នេះ​មាន​ឥទ្ធិពល​ទៅ​លើ​រឿង​រ៉ាម៉ាគេន​របស់​សៀម និង​រឿង​ព្រះរាមព្រះលក្សណ៍​របស់​លាវ ។ ម្យ៉ាងទៀត រាមកេរ្តិ៍​ខ្មែរ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ពាក្យ​ពិត​សច្ចៈ​ជាង​ទំនៀមទម្លាប់​ប្រពៃណី​ ហូរហែ​តាំង​ពី​ដើម​ដល់​ចប់ ដែល​ពាក្យ​ពិត​សច្ចៈ​នេះ​​ជា​ការ​កាន់​គោរព​ជឿ​របស់​ខ្មែរ​ដើម ។

រឿង​រាមកេរ្តិ៍​បាន​ជ្រួតជ្រាប​ទៅ​គ្រប់​ទម្រង់​នៃ​សិល្បៈ​ខ្មែរ ដូចជា ​កំណាព្យ​ចម្រៀង គំនូរ ចម្លាក់ របាំ និង​ល្ខោន ជាដើម ។ ជាក់​ស្ដែង​គេ​ឃើញ​​មាន​ការ​បង្ហាញ​ឈុត​ឆាក​​ស្ដីពី​រឿង​រាមកេរ្តិ៍​​​តាម​រយៈ​ របាំព្រះរាជទ្រព្យ ល្ខោនខោល និង​ណាំស្បែក គំនូរ​នៅ​តាម​វត្តអារាម ព្រះបរមរាជវាំង និង​​​ចម្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា​ ដូចជា​ប្រាសាទ​បន្ទាយសំរែ ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​មួយចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម​បច្ចុប្បន្ន ។

ចម្លាក់​ពពួក​ស្វា​ក្នុង​រឿង​រាមកេរ្តិ៍​នៅ​ប្រាសាទ​អង្គរវត្ត

 ចម្លាក់​ពពួក​ស្វា​ក្នុង​រឿង​រាមកេរ្តិ៍​នៅ​ប្រាសាទ​អង្គរវត្ត

សេចក្ដី​សង្ខេប​រឿង​រាមកេរ្តិ៍​ខ្មែរ

ខ្សែ​ទី​១

ឥសី​ពិស្វាមិត្រ​បាន​រៀបចម​ហោម​ពិធី​ជា​កិត្តិយស​ដល់​សិស្ស​គឺ ព្រះរាម និង​ព្រះលក្សណ៍ ដែល​បាន​រៀប​ចេះ​ចប់​គម្ពីរវេទ ។

ថ្ងៃ​មួយ​មាន​យក្ស​កាឡា​ខ្លួន​ជា​ក្អែក​យ៉ាង​ធំ ឈ្មោះ​កាកណាសូរ មក​ឆាប​អាស្រម​ឥសី​ខ្ទេចខ្ទី​អស់ ។ ឥសី​ពិស្វាមិត្រ​ខឹង​យ៉ាងខ្លាំង​ហើយ​ក៏​ជប់​ធ្នូសរ​ឲ្យ​ព្រះរាម​បាញ់​សម្លាប់​កាកណាសូរ ។ ក្រោយ​មក​ក៏​នាំ​ព្រះរាម និង​ព្រះលក្សណ៍​ចូល​រួម​ប្រឡង​លើក​ធ្នូសរ​ព្រះជនក​នៅ​នគរ​មិថិលា ដើម្បី​យក​នាង​សិតា​ធ្វើ​ជា​មហេសី ។ ក្នុង​ឱកាស​នោះ មាន​បេក្ខជន​ចូលរួម​ជាច្រើន​ដែល​មក​ពី​ភព​ទាំង​បី សូម្បី​តែ​ព្រះឥសូរ​ក៏​មក​នឹង​គេ​ដែរ ក៏​ប៉ុន្តែ​គ្មាន​នរណា​លើក​ធ្នូសរ​រួច​ឡើយ គឺ​មាន​តែ​តួអង្គ​ព្រះរាម​មួយ​គត់​បាន​ទទួល​ជោគជ័យ​ដោយ​លើក​ធ្នូសរ​នោះ​រួច ។

ពេល​នោះ​ព្រះជនក​រីករាយ​ណាស់​ផ្ដល់​ព័ត៌មាន​នេះ​ថ្វាយ​ទៅ​ព្រះបាទ​ទសរថ ដើម្បី​យាង​មក​ជា​អធិបតី​ក្នុង​ពិធី​រាជាភិសេក​រវាង​ព្រះរាម និង​នាង​សិតា ។ កាលបើ​ពិធី​អភិសេក​ចប់​សព្វ​គ្រប់​ហើយ ក៏​នាំ​ព្រះរាជបុត្រ និង​ព្រះរាជធិតា​សុណិសា​វិល​ត្រឡប់​ទៅ​កាន់​នគរ​អយុធ្យា​វិញ ។ ពាក់​កណ្ដាល​ផ្លូវ​ក៏​បាន​ជួប​នឹង​យក្ស​កំណាច​មួយ​ឈ្មោះ រាមាសូរ ។ យក្ស​នេះ​បាន​ចោទ​ប្រកាន់​ព្រះរាម​ថា លួច​យក​ឈ្មោះ​រាមបរមសូរ​មក​ដាក់​ធ្វើ​ជា​ឈ្មោះ​ខ្លួន ដូច្នេះ​ត្រូវ​តែ​មក​ក្រាប​បង្គំ​សុំ​ទោស​ទើប​រួច​ខ្លួន ។ ព្រះរាម​ក៏​ផ្ចាញ់​រាមាសូរ​ប្រកប​ដោយ​ជោគជ័យ​ទៀត ។

លុះ​មក​ដល់​នគរ​ ព្រះបិតា​នាម​ទសរថ​មាន​បំណង​លើក​ព្រះរាម​ជា​រាជបុត្រ​ច្បង​ឲ្យ​ឡើង​គ្រោង​រាជ្យ​តាម​ប្រពៃណី​នៃ​ត្រកូល​ក្សត្រ តែ​នាង​កៃកេសី​ជំទាស់​ដោយ​សំអាង​លើ​ពាក្យ​សច្ចៈ​ព្រះទសរថ​បាន​សន្យា​ថា​នឹង​ឲ្យ​បុត្រ​របស់​ព្រះនាង​ឈ្មោះ ភិរុត ឡើង​គ្រង​រាជ្យ​វិញ នៅ​ពេល​ដែល​នាង​ជួយ​ព្រះអង្គ​ក្នុង​សង្គ្រាម​បាន​ឈ្នះ​ព្រះអាទិត្យ ។ ព្រះបាទ​ទសរថ​មាន​បំណង​ចែក​នគរ​ជា​២ ប៉ុន្តែ​ព្រះកៃកេសី​ពុំ​ព្រម ហើយ​ក៏​បណ្ដេញ​ព្រះរាម​ឲ្យ​ទៅ​នៅ​ព្រៃ​១៤​ឆ្នាំ​សឹម​មក​សោយរាជ្យ​វិញ ។ ព្រះលក្សណ៍​ក្រេវក្រោធ​ចង់​ធ្វើ​ឃាដ​នាង​កៃកេសី តែ​ព្រះរាម​ឃាត់ ហើយ​បន្ទាប់​មក​ក៏​ស្ម័គ្រ​តាម​ដង្ហែ​ព្រះរាម និង​ទេពី​សិតា​ទៅ​នៅ​ក្នុង​ព្រៃ ។ ទាំង​បី​អង្គា​នាំ​គ្នា​ចាក​ចេញ​ពី​នគរ​អយុធ្យា​ទៅ​ដល់​កណ្ដាល​ព្រៃ​បាន​ជួប​នឹង​កូខ័ន ជា​ស្ដេច​ព្រៃ​មាន​រូប​អាក្រក់​តែ​ចិត្ត​ល្អ​ជា ចេះ​ជួយ​រំលែក​ទុក្ខ​ពី​ព្រះរាម ហើយ​ព្រះអង្គ​ទុក​កូខ័ន​នេះ​ជា​បងប្អូន​បង្កើត តែ​មិន​ព្រម​ទទួល​យក​ការ​អារាធនា​ពី​កូខ័ន​ឲ្យ​នៅ​ទីនោះ​ជាមួយ ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ចិត្តភូត​ដើម្បី​បួស​ជា​ឥសី ។

ភាគបន្ត         តួអង្គ​ក្នុង​រឿង​រាមកេរ្តិ៍

ព្រះនាង​សិតាព្រះរាម
ព្រះនាង​សិតា និង​ព្រះរាម

 

ស្វែង​យល់​ពាក្យ «កញ្ឆក់​កញ្ឆែង»

«កញ្ឆក់​កញ្ឆែង» ចាប់​ទាញ​កន្ត្រាក់​ដោយ​ឥត​គួរ ឥត​ប្រណី ។ បរិវារស័ព្ទ «កញ្ឆែង» អាច​គន្លាស់​បាន​ជា​ពាក្យ «កញ្ឆែង​ដោយ​ឥត​កោត​ក្រក់» ពោល​គឺ «កញ្ឆក់​ដោយ​ឥត​កោត​ក្រែង» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

កុំ​ទុំ​មុន​ស្រគាល

និយមន័យៈ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។

អត្ថាធិប្បាយ

អត្ថានុរូប

ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។

ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។

អត្ថប្បដិរូប

ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។

ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក ឬ​តាម​រយៈ​សំណូក ។ ប៉ុន្តែ​គ្មាន​ចេះ​អ្វី​សោះ ។ លុះ​បាន​ចូល​ធ្វើការ ឬ​ចូល​កាន់​មុខ​តំណែង​ហើយ​ទើប​រៀន​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

សមណៈ​ខ្លះ​បាន​បួស​រួច​ហើយ ទើប​រៀន​អក្សរ ឬ​រៀន​ធម៌​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ដែរ ៕

 

សុភាសិត​ផ្សេងទៀត

 

October 28, 2009

សមាសធាតុ​ម្ទេសក្រហម​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ផ្សិត

ផ្លែ​ផ្ទេសក្រហម ម្ទេសក្រហម​បុក

ផ្លែ​ផ្ទេសក្រហម និង​ម្ទេសក្រហម​បុក (រូប​ Wikipedia)

ម្សៅ​ម្ទេសក្រហម (Cayenne peppers) ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿងផ្សំ​អាហារ និង​ប្រើ​ជា​ថ្នាំ​កែរោគ​រាប់ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ទើប​តែ​នៅ​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​មីក្រូសរីរៈវិទូ​នៃ​សេវា​ស្រាវជ្រាវ​កសិកម្ម (ARS) លោក Anthony De Lucca និង​សហការី​បាន​រាយការណ៍​ពី​ភស្តុតាង​ដែល​បញ្ជាក់​ថា ម្សៅ​ម្ទេសក្រហម​​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង​នឹង​ផ្សិត​ស្ថិត​ក្នុង​ចង្កោម​សារធាតុ​គីមី​Saponin (វត្ថុធាតុ​ដើម​សម្រាប់​ធ្វើ​សាប៊ូ) ។

ជា​លទ្ធផល​ នៅ​ឆ្នាំ​២០០១ ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិច​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សារធាតុ​ចម្រាញ់ Saponin មាន​ឈ្មោះ​ថា “CAY-1” ដែល​មាន​ចរិតលក្ខណៈ​សម្លាប់​ផ្សិត ។

លោក De Lucca បម្រើការ​នៅ​ផ្នែក​សុវត្ថិភាព​ម្ហូប និង​ចំណី​អារហារ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រចាំ​ភូមិភាគ​ខាងត្បូង (SRRC) ​របស់ ARS នៅ​ទីក្រុង New Orleans រដ្ឋ Louisiana ។ លោក និង​សហការី​បាន​បោះពុម្ព​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​ការ​សិក្សា​ថ្មី​មួយ​ដែល​បង្ហាញ​ថា CAY-1 មាន​ជោគជ័យ​នៅ​ក្នុង​ការសាកល្បង​ក្នុង​មន្ទីរពិសោធន៍​ជា​ភ្នាក់ងារ​សម្លាប់​ផ្សិត​ប្រឆាំង​នឹង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​ពូជ​ទំពាំងបាយជូរ​មួយ​ចំនួន ។ ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ​២០០៨​នៅ​ក្នុង​ទស្សនាវដ្ដី​អាមេរិចកាំង​នៃ​ការងារ​ផលិត​ស្រា និង​ដាំដុះ​ទំពាំងបាយជូរ (American Journal of Enology and Viticulture) ។

លោក De Lucca មាន​ប្រសាសន៍​ថា “សារធាតុ​ចម្រាញ់ CAY-1 គឺ​ជា​សមាសធាតុ​រុក្ខជាតិ​សកម្ម​ខ្លាំង​ដែល​អាច​សម្លាប់​មីក្រូសរីរាង្គ​នានា​ក្នុង​រយៈពេល​១០​នាទី” ។

សារធាតុ Saponin ត្រូវ​គេ​ជឿថា​ភ្ជាប់​ខ្លួន​ទៅ​នឹង​ភ្នាស​របស់​ផ្សិត​ធ្វើ​ឲ្យ​សមាសភាគ​កោសិកា​ផ្សិត​បែក​ធ្លាយ និង​ស្លាប់ ។ សារធាតុ Saponin ក៏​ចូល​ទៅ​ក្នុង​កោសិកា​របស់​ផ្សិត និង​បង្អាក់​ការ​បញ្ជូន​សញ្ញា​មួយ​ចំនួន ជាលទ្ធផល​គឺ​បំផ្លាញ​ភ្នាក់ងារ​ដែល​បង្កើត​ថាមពល​ដល់​កោសិកា ។

សម្រាប់​ការ​សិក្សា​នេះ លោក De Lucca និង​សហការី​នៅ SRRC បាន​បំបែក​ដាច់​ពី​គេ​នូវ​អំបូរ​ផ្សិត​១០​ប្រភេទ​ពី​ទំពាំងបាយជូរ​ឆ្លង​ជំងឺ​ដែល​ដាំដុះ​នៅ​តំបន់​ក្ដៅ​សើម ។ ពូជ​មួយ​ចំនួន​គឺ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង និង​បន្ទាប់បន្សំ​ដល់​ទំពាំងបាយជូរ ។ ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង​ចម្លង​ជំងឺ​ផ្ទាល់ រីឯ​​ភ្នាក់ងារ​ចម្លង​ជំងឺ​បន្ទាប់បន្សំ​ចម្លង​ជំងឺ​នៅ​ពេល​ដែល​ប្រព័ន្ធ​ការពារ​របស់​ទំពាំងបាយជូរ​ចុះ​ខ្សោយ​ដោយសារ​ភាព​តានតឹង រង​របួស ឬ​ឆ្លង​រោគ​ដទៃ​ទៀត ។

អ្នក​ស្រាវជ្រាវ​បាន​សាកល្បង​តេស្ត CAY-1 ប្រឆាំង​នឹង​ផ្សិត​ទាំងនេះ​នៅ​ក្នុង​មន្ទីរពិសោធន៍ ។ CAY-1 មាន​ប្រសិទ្ធភាព​សម្លាប់​ខ្លាំង​នៅ​ដំណាក់កាល​វដ្ដ​ដំបូង​នៃ​ការ​ដុះដាល​ស្ប៉រ​របស់​ផ្សិត​ចំនួន​៧​ប្រភេទ ប៉ុន្តែ​អសកម្ម​ប្រឆាំង​នឹង​ស្ប៉រ​មិន​ដុះដាល ឬ​សំងំ (ក្រាំង) ។ ទោះបីជា​សារធាតុ CAY-1 អាច​សម្លាប់​ភ្នាក់ងារ​ចម្លង​ជំងឺ​ចម្បង និង​បន្ទាប់បន្សំ​​ដល់​ទំពាំងបាយជូរ​ក៏​ដោយ​ក៏​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​កំណត់​អំពី​វិធី​នៃ​ការ​ប្រើប្រាស់​សារធាតុ​នេះ​ប្រកប​ដោយ​សុវត្ថិភាព​លើ​ដំណាំ​ទំពាំងបាយជូរ ។

CAY-1 ប្រឆាំង​ទល់​នឹង​ផ្សិត​នៅ​លើ​ស្បែក

ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​នៃ SRRC ក៏​បាន​សហការ​ជាមួយ​រូបសាស្ត្រវិទូ Thomas Walsh និង​អ្នករូបសាស្ត្រ​ដទៃ​ទៀត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព (NIH) នៅ​ក្រុង Bethesda រដ្ឋ Maryland​ដើម្បី​សិក្សា​ពី​សកម្មភាព​សារធាតុ​CAY-1 ប្រឆាំង​ទល់​នឹង Microsporum canis និង Trichophyton rubrum ជា​ភ្នាក់ងារ​ចម្លង​ផ្សិត​លើ​ស្បែក​ដែល​ចម្លង​រោគ​ដល់​ប្រព័ន្ធ​ភាពស៊ាំ ។ ការ​សិក្សា​បង្ហាញ​ថា CAY-1 មាន​ភាព​សកម្ម​នៅ​ក្នុង​មន្ទីរពិសោធន៍​ប្រឆាំង​នឹង​ភ្នាក់ងារ​ចម្លង​ជំងឺ​ដល់​ស្បែក​ទាំង​នេះ ។

លោក De Lucca មាន​ប្រសាសន៍​ថា “CAY-1 មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ផ្សិត​ដែល​បាន​ដាក់​ឲ្យ​ដាច់​ពី​គេ​ចំនួន​១៨​នៃ​ប្រភេទ​ផ្សិត​ទាំង​ពីរ​ខាងលើ​នេះ” ។ ការ​សិក្សា​នោះ​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​២០០៨​នៅ​ក្នុង​ទស្សនាវដ្ដី​វិជ្ជសាស្ត្រ​ផ្នែក​កពកសាស្ត្រ (Journal Medical Mycology) ។

ការ​ស្រាវជ្រាវ​ដំបូង​ដោយ​អ្នកស្រាវជ្រាវ​ SRRC និង NIH បង្ហាញ​ថា សារធាតុ CAY-1 មាន​ភាព​សកម្ម​តិចតួច​ប្រឆាំង​នឹង​សន្ដាន​​ផ្សិត Fusarium ដែល​បណ្ដាល​ឲ្យ​មនុស្ស​ និង​រុក្ខជាតិ​កើត​ជំងឺ ។

ការ​សិក្សា​ទាំងឡាយ​ខាងលើ​បង្ហាញ​ថា សារធាតុ CAY-1 អាច​ប្រើ​បាន​ទាំង​ពីរ​យ៉ាង​គឺ ជា​ភ្នាក់ងារ​សម្លាប់​ផ្សិត​នៅ​ក្នុង​វិស័យ​កសិកម្ម និង​ក្នុង​វិស័យ​វិជ្ជសាស្ត្រ ។ លោក De Lucca និយាយ​ថា “មាន​ប្រសិទ្ធភាព​ដូច​គ្នា​ក្នុង​ការ​កម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​បង្ក​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ឧទាហរណ៍ ពពួក​សន្ដាន​ផ្សិត Aspergillus និង Fusarium និង​ក្នុង​ការ​ចម្ចាត់​ភ្នាក់ងារ​ចម្លង​ជំងឺ​នៅ​ក្នុង​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស” ។ អត្ថបទ​ដោយ Rosalie Marion Bliss

បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/July 2009)

មីក្រូសរីរៈវិទូ Anthony De Lucca កំពុង​សង្កេត​ពី​ប្រសិទ្ធភាព​សម្លាប់​នៃ​សារធាតុ CAY-1 ប្រឆាំង​នឹង​ផ្សិត Aspergillus japonicus ដែល​បាន​យក​ចេញ​ពី​ចម្ការ​ទំពាំងបាយជូរ​ដែល​ឆ្លង​ជំងឺ

មីក្រូសរីរៈវិទូ Anthony De Lucca កំពុង​សង្កេត​ពី​ប្រសិទ្ធភាព​សម្លាប់​នៃ​សារធាតុ CAY-1 ប្រឆាំង​នឹង​ផ្សិត Aspergillus japonicus ដែល​បាន​យក​ចេញ​ពី​ចម្ការ​ទំពាំងបាយជូរ​ដែល​ឆ្លង​ជំងឺ

 

October 27, 2009

ការ​កំណត់​ក្នុង​ពង្សាវតារ​ខ្មែរ

ប្រវត្តិវិទូ និង​អ្នកស្រាវជ្រាវ​មួយ​ភាគ​ធំ​នៅ​បរទេស ជាពិសេស​នៅ​ប្រទេស​បារាំង ដើម្បី​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចងចាំ បាន​នាំ​គ្នា​កំណត់​ដាក់​ឈ្មោះ​កាត់​ឲ្យ​ដល់​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេងៗ មាន​ដូចជា ៖

KK: គឺ ​ព្រះរាជពង្សាវតារ​នគរ​ខ្មែរ ដែល​រៀបចំ​តាក់តែង​ក្នុង​គ.ស​១៨៦៩ តាម​បទបញ្ជា​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម ។ ពង្សាវតារ​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ភាគ ។ ភាគ​ទី​១ ដែល​ជា​ប្រវត្តិសាស្ត្រ​ភាគ​រឿង​និទាន ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​ព្រះសុគន្ធ​ប៉ាន់ ។ ព្រះអង្គ​ជា​អ្នក​បាន​នាំ​ចូល និង​បង្កើត​ឲ្យ​មាន​ព្រះពុទ្ធសាសនា​ផ្នែក​និកាយ​ធម្មយុត្តិ​នៅ​ប្រទេស​កម្ពុជា ។

SP: គឺ​ ព្រះរាជពង្សាវតារ​ខត្តិយាម​មហារាជ​វត្ត​សត្បូ ដែល​បាន​និពន្ធ​ដោយ​ព្រះអង្គម្ចាស់​នព្វរត្ន បុត្រ​របស់​ព្រះបាទ​អង្គឌួង ក្នុង​គ.ស​១៨៧៨ ។ គេ​និយម​ហៅ​ពង្សាវតារ​នេះ​ថា ពង្សាវតារ​វត្ត​សត្បូ ។ ពង្សាវតារ SP មាន​លំនាំ​ប្រហាក់ប្រហែល​គ្នា​នឹង​ពង្សាវតារ KK ។ តែ​គេ​សង្កេត​ឃើញ​មាន​សេចក្ដី​បន្ថែម​យ៉ាង​ក្បោះក្បាយ​ជាច្រើន ។ ពង្សាវតារ​វត្ត​ព្រែក​តាមាក់​ក៏​បាន​ចម្លង​ចេញ​ពី​ពង្សាវតារ​នេះ​ដែរ ។

P48: គឺ ព្រះរាជពុង្សសោវតារ ដែល​សាលា​បារាំង​ចុងបូព៌ា (Ecole Française d’ Extrème Orient) ចម្លង​ចេញ​ពី​ពង្សាវតារ​របស់​ព្រះអង្គ​ម្ចាស់​នព្វរត្ន​ដែល​មាន​សេចក្ដី​ដូចគ្នា​នឹង​ពង្សាវតារ​វត្ត​សត្បូ SP ។

P3: គឺ ព្រះរាជពង្សាវតារ​ក្រុង​ក័ម្ពុជាធីប្ឌី ដែល​រៀបចំ​ដោយ​គណៈកម្មការ​ព្រះបរមរាជវាំង​ក្នុង​គ.ស​១៨៧៨ ។ ពង្សាវតារ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​បារាំង​ឈ្មោះ Jean Moura បកប្រែ​ជា​ភាសា​បារាំង ។

P58: គឺ ព្រះរាជពង្សសៅដារ​ព្រះមហាក្រសត្រ​សោ្យរាជសំបត្តិ​ក្នុង​ក្រុង​កំម្ពុជាធិប្ដី​ជា​លំដាប់​រៀង​មក ដែល​ចងក្រង​ក្នុង​ចន្លោះ​គ.ស​១៨៩៤‑១៨៩៥ ជា​ស្នាដៃ​របស់​គណៈកម្មការ​ថ្មី​មួយ​ទៀត​តែង​តាំង​ដោយ​ព្រះបាទ​នរោត្ដម ។ គណៈកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អធិបតីភាព​សម្ដេច​សង្ឃារាជ​ទៀង ដោយ​មាន​ទាំង​វត្តមាន​សម្ដេចសង្ឃ​នាយក​សុគន្ធ​ប៉ាន់​ចូលរួម​ផង ។ តែ ព្រះបាទ​នរោត្ដម​មិន​បាន​ពេញ​ចិត្ត​នឹង​ស្នាដៃ​នេះ​ទេ ។ ប្រហែល​ជា​គណៈកម្មការ​និពន្ធ​នេះ​មិន​បាន​អធិប្បាយ​រៀបចំ​បំភ្លៃ​ទៅ​តាម​ចំណង់​របស់​ព្រះអង្គ ។ ពង្សាវតារ P58 ត្រូវ​បាន​ប្រវត្តិវិទូ​ជាតិ​បារាំង​លោក Adhémard Leclère យក​មក​បកប្រែ​ជា​ភាសា​បារាំង ។

P63: គឺ ព្រះរាជពង្សសោវតា​ខេម្មរឡេកឱង្ការ ដែល​ចាប់​ផ្ដើម​សរសេរ​និពន្ធ​ក្នុង​គ.ស​១៩០៣​ដោយ​គណៈកម្មការ​ថ្មី​មួយ​ទៀត តាម​បញ្ជា​របស់​ព្រះបាទ​នរោត្ដម ។ ក្រោយពេល​ព្រះបាទ​នរោត្ដម​បាន​ចូល​ទីវង្គត ព្រះបាទ​ស៊ីសុវត្ថិ​ដែល​បាន​ទទួល​ព្រះរាជាភិសេក​ក្នុង​ខែ​មេសា គ.ស​១៩០៤​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ដដែល​បន្ត​កាតព្វកិច្ច​នេះ​រហូត​ដល់​ចប់ ។ ពង្សាវតារ P63 ត្រូវ​បាន​រៀបចំ​អធិប្បាយ​ទៅ​តាម​លំនាំ​ឯកសារ​ដែល​ធ្លាប់​មាន​ស្រាប់​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ។ ឯកសារ​ទាំង​នេះ គេ​បាន​រក្សាទុក​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ ។

VJ: គឺ ព្រះរាជពង្សាវតារ​មហាក្សត្រ​ខ្មែរព្រះរាជពង្សាវតារ​ក្រុងកម្ពុជាធិបតី ដែល​គណៈកម្មការ​វាំង​ថ្មី​មួយ​ទៀត ស្ថិត​នៅ​ក្រោម​អធិបតីភាព​សម្ដេច​វាំងជួន បាន​និពន្ធ​រៀបរៀង​ចប់​នៅ​ក្នុង​ទសវត្ស​១៩៣០ ។ ស្នាដៃ​នេះ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ពង្សាវតារ P63 ដែល​គេ​យក​មក​រុះរើ​បន្ថែម​បន្ថយ​ទៅ​តាម​កាលៈទេសៈ ។ សារសំខាន់​របស់​ពង្សាវតារ VJ ស្ថិត​នៅ​ត្រង់​ថ្ងៃ​ខែ​ឆ្នាំ ពេលវេលា​មាន​លក្ខណៈ​ចាប់​ជួន​ស៊ី​សង្វាក់​គ្នា ។ ឯ​វិធី​និពន្ធ​វិញ​ក៏​មាន​លក្ខណៈ​ទំនើប ងាយ​ស្រួល​ដល់​ការ​ចង​ចាំ​ដែរ ។ ប្រវត្តិវិទូ​ខ្មែរ​លោក​បណ្ឌិត ប៉ក់ ភឿន និង​ ឃិន សុខ បាន​ធ្វើ​ការ​ស្រាវជ្រាវ​សិក្សា​ប្រៀបធៀប និង​បកប្រែ​ទាំងស្រុង​ពង្សាវតារ VJ ជា​ភាសា​បារាំង ។

DV: គឺ ពង្សាវតារ​ប្រទេស​កម្ពុជា ដែល​គេ​និយម​ហៅ​ថា ពង្សាវតារ​វត្ត​ទឹកវិល ។ ពង្សាវតារ DV ប្រហែល​ជា​បាន​និពន្ធ​នៅ​ចុង​ទសវត្ស​១៩៣០ ឬ​ដើម​ទសវត្ស​១៩៤០ ដោយ​ព្រះភិក្ខុ ហាស់ ស៊ុក ដែល​គង់​នៅ​វត្ត​ទឹកវិល ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល ។ ឯកសារ DV មាន​លំនាំ​ដូចជា​ដក​ស្រង់​ចេញ​មក​អំពី​ពង្សាវតារ P58 និង VJ ។ ម្យ៉ាង​វិញ​ទៀត គេ​អាច​កត់​សម្គាល់​បាន​ថា DV មាន​លំនាំ​ដូច​គ្នា​បេះ​បិទ​នឹង​ពង្សាវតារ​វត្ត​កំពង់ត្រឡាច ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​លោក អេង សុទ្ធ បាន​លើក​យក​មក​បោះពុម្ព​ផ្សាយ​ក្រោម​ចំណងជើង​ថា ឯកសារ​មហាបុរស​ខ្មែរ ៕

ប្រវត្តិសាស្ត្រ​ខ្មែរ​ដោយ​លោកបណ្ឌិត រស់ ចន្ត្រាបុត្រ

 

អត្ថបទ​ពាក់ព័ន្ធ​គួរ​ស្វែងយល់ៈ   ច្បាប់ «ព្រះរាជពង្សាវតារ​ប្រទេស​កម្ពុជា»

 

ស្វែង​យល់​ពាក្យ «កខ្វិច​កខ្វក់»

«កខ្វិច​កខ្វក់» ពាក្យ​នេះ​ អ្នក​ខ្លះ​និយាយថា «កខ្វឹក​កខ្វក់» ។ ពាក្យ​ទាំង​ពីរ​បែប​នេះ​បាន​សេចក្ដី​ដូច​គ្នា គឺ​កក្រិច​មិន​ស្អាត​ស្មោកគ្រោក ។ល។ បរិវារស័ព្ទ «កខ្វិក» អាច​គន្លាស់​បាន​ជា​ពាក្យ «កខ្វិក​មិន​ស្អាត​កគ្រក់» ពោល​គឺ «កខ្វក់​មិន​ស្អាត​កក្រិច» ឬ «កខ្វឹក​ដោយ​ប្រឡាក់​តក់» គឺ «កខ្វក់​ដោយ​ប្រឡាក់​ទឹក» ។

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

កុំ​រា​មុខ​ដឹង​កុំ​ទទឹង​មុខ​ទ័ព

និយមន័យៈ កុំ​នៅ​ពី​មុខ​អ្នក​មាន​អំណាច​ខ្លាំង ។

អត្ថាធិប្បាយ

«ដឹង» គឺ​ជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ចាំង​ឈើ ។ វា​មាន​ផ្លែ​រាង​ដូច​ពូថៅ តែ​ផ្លែ​វា​នៅ​ទទឹង​ដង និង​មាន​កន្ទុយ​វែង​ឡើង​លើ​សម្រាប់​ជា​ជំនួយ​ធ្វើ​ឲ្យ​មាន​លំនឹង មិន​ផ្លាត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ផង និង​ជួយ​យោល​យោគ​នៅ​ពេល​ចាំង​ផង ។

កុំ​រា​មុខ​ដឹង

នៅ​ពេល​គេ​កំពុង​ចាំង​ឈើ គេ​មិន​ត្រូវ​ទៅ​នៅ​ពី​មុខ​ដឹង​ឡើយ ព្រោះ​ផ្លែ​វា​អាច​រង្គោះ​ខ្ទាត​ចេញ នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​បង្ក​របួស​ស្នាម​ជា​ទម្ងន់ ។ ម្យ៉ាងទៀត អ្នក​ចាំង​ពុំ​សូវ​បាន​មើល​អ្វី​ក្រៅ​ពី​ចំណុច​ដែល​ត្រូវ​ដាក់​ផ្លែ​ដឹង​ដើម្បី​ចាំង​នោះ​ទេ ។

កុំ​ទទឹង​មុខ​ទ័ព

កាល​ដើម​ឡើយ ចាស់ៗ​តែង​និយាយ​ប្រាប់​កូនចៅ​ថា ពេល​ស្រុក​មាន​អសន្តិសុខ ក្បួនទ័ព​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សមរភូមិ​ដោយ​ថ្មើរ​ជើង ។ ពេល​កំពុង​យាត្រា​ដូច្នេះ ចាស់ៗ​តែង​ចាប់​កូន​ចាប់​ចៅ ដោយ​ខ្លាច​ក្រែង​វា​រត់​កាត់​មុខ​ទ័ព ព្រោះ​កាល​ជំនាន់​នោះ កាលណា​មាន​ក្បួន​យាត្រា​ទ័ព អ្នក​ស្រុក​ប្រយ័ត្ន​ណាស់ ជាពិសេស​មិន​អាច​ស្ត្រី​មាន​ផ្ទៃពោះ​ដើរ​កាត់​មុខ​ទ័ព​ទេ ព្រោះ​គេ​ប្រកាន់​ថា វា​នឹង​នាំ​មក​ភាព​បរាជ័យ ។ ដូច្នេះ គេ​ត្រូវ​តែ​ប្រហារ​ជីវិត​ចោល ។

នៅ​ពេល​ស្រុក​ជឿនលឿន ក្បួន​យាត្រា​ទ័ព គេ​ធ្វើ​តាម​រថយន្ត ប៉ុន្តែ​យាត្រា​ទ័ព​ក៏​នៅ​តែ​មាន​អាជ្ញា​សឹក​ពិសេស​ដដែល ព្រោះ​ទ័ព​នេះ​ហើយ​ជា​អ្នក​ការពារ​ជាតិ​មាតុភូមិ និង​បូរណភាព​ទឹក​ដី ៕

 

សុភាសិត​ផ្សេងទៀត

 

សំណែន

សំណែន (ន.) របស់​ដែល​សែន ភោជន​ដែល​សែនៈ សំណែន​ខ្មោច សំណែន​ដូនតា

សំណែន (ន.) របស់​ដែល​សែន ភោជន​ដែល​សែនៈ សំណែន​ខ្មោច សំណែន​ដូនតា ។

កាល​គាត់​នៅ​រស់​ម្ដេច​ក៏​មិន​ប្រឹង

ធ្មេញ​គាត់​នៅ​រឹង​បាន​ឆ្ងាញ់​ពិសា

លុះ​ដល់​ស្លាប់​បាត់​ទើប​ចាត់​អាហារ

រៀប​សែន​កុង​ម៉ា​ខ្មោច​ណា​មក​ស៊ី ៕

ដោយ លី ថៃលី

 

October 20, 2009

ស្វែង​យល់​ពាក្យ «កខែក​កខោក»

«កខែក​កខោក» តាម​វចនានុក្រម​បាន​សេចក្ដី​ថា សូរ​ឮ​ដោយ​របស់​ដែល​ចាស់​ចង់​បែក មិន​ជិតស្និទ្ធ ។ បរិវារស័ព្ទ «កខែក» អាច​គន្លាស់​បាន​ជា​ពាក្យ «កខែក​ឮ​សូរ​ដូចជា​ចង់​បោក» ពោល​គឺ «កខោក​ឮ​សូរ​ដូច​ជា​ចង់​បែក» 

 

បរិវារស័ព្ទ​ខ្មែរ​ផ្សេងទៀត

 

កុំ​បោះ​សន្ទូច​រំលង​ភ្នំ

និយមន័យៈ ទង្វើ​អ្វីៗ​ត្រូវ​ធ្វើ​តាម​ឋានានុក្រម ។

អត្ថាធិប្បាយ

សន្ទូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​កិច្ចការ​ដែល​ត្រូវ​ធ្វើ ។ ភ្នំ​ក៏​ជា​តំណាង​តួអង្គ​មន្ត្រី​អ្នក​មាន​បុណ្យសក្តិ​ធំ​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នេះ ។

កិច្ចការ​អ្វី​ក៏​ដោយ​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ គេ​ធ្វើ​ពី​ថ្នាក់​ក្រោម​បញ្ជូន​ឡើង​ទៅ​លើ​ជានិច្ច ។ ដូច្នេះ បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​នីមួយៗ​លោក​ប្រាប់​ថា ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ គឺ​ធ្វើ​តាម​ឋានានុក្រម​ពី​ទាប​ទៅ​ខ្ពស់ ដោយ​មិន​អាច​រំលង​មន្ត្រី​ធំ​ណា​ម្នាក់​ឡើយ ។

ឧទាហរណ៍ៈ គេ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដែល​ត្រូវ​ឡើង​ទៅ​ដល់​ថ្នាក់​ខេត្ត ។ គេ​ត្រូវ​ធ្វើ​កិច្ចការ​នោះ​ពី​ថ្នាក់​មូលដ្ឋាន​ រួច​ឡើង​ទៅ​ស្រុក​ ទើប​បន្ត​ទៅ​ខេត្ត​ទៀត ។ គេ​មិន​ត្រូវ​រំលង​ផ្លោះ​ចោល​មន្ត្រី​ស្រុក​បាន​ទេ ។ មន្ត្រី​ស្រុក​នេះ​លោក​ចាត់​ទុក​ថា​ជា​ភ្នំ​មួយ​ដែរ​ហើយ ។

ការ​ដែល​គេ​លោត​ផ្លោះ​បោះ​សន្ទូច​រំលង​មន្ត្រី​ស្រុក​ដែល​លោក​ចាត់​ទុក​ជា​ភ្នំ​មួយ​ដែរ​នោះ គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​ខុស​នឹង​នីតិវិធី ។ កាល​បើ​ទង្វើ​ខុស​នឹង​នីតិវិធី​បែប​នេះ​ហើយ​ អាច​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ។

រួម​សេចក្ដី​មក មន្ត្រី​ថ្នាក់​ណា​ក៏​ដោយ​ឲ្យ​តែ​ពាក់ព័ន្ធ​ក្នុង​ការងារ​នេះ មិន​គួរ​គប្បី​រំលង​ជា​ដាច់​ខាត​ ដើម្បី​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ច្បាប់ ៕

 

សុភាសិត​ផ្សេងទៀត

 

«« Older Posts |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve