ឯកសារបង្ហាញពីការជាប់ពាក់ព័ន្ធរបស់អតីតប្រធានាធិបតី Rechard Nixon ក្នុងពេលឈ្លានពានខ្មែរ

អតីតប្រធានាធិបតី Richard Nixon បង្ហាញផែនទីកម្ពុជាក្នុងពេលមានយុទ្ធនាការទម្លាក់គ្រាប់បែក
យោងតាមឯកសារដែលបញ្ចេញឱ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ ដោយបណ្ណាល័យ Nixon (អតីតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងទសវត្សរ៍១៩៧០) ថា ៥ថ្ងៃមុនកងទ័ពវៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកបើកយុទ្ធនាការឈ្លានពានចូលប្រទេសកម្ពុជាក្នុងថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧០ កាលណោះប្រធានាធិបតី Richard Nixon របស់សហរដ្ឋអាមេរិកបានទទួលការយល់ព្រមពីព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យដែលដឹកនាំគណៈកម្មការសេវាកងទ័ពរបស់សហរដ្ឋអាមេរិក ។ ការរុលចូលរបស់កងទ័ពសហរដ្ឋអាមេរិកដែលមិនបានគ្រោងទុកចូលទៅក្នុងទឹកដីកម្ពុជាបង្កើតឱ្យមានការភ្ញាក់ផ្អើលដល់សាធារណជនជាពលរដ្ឋអាមេរិក និងភាគច្រើនសមាជិកសភា ហើយនិងរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជាកាលណោះ ។
រឿងដែលបានកើតឡើងពីការដែលទាហានអាមេរិកាំងចូលទៅក្នុងទឹកដីកម្ពុជា វាបានធ្វើឱ្យរដ្ឋបាលសាធារណៈនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងសាកលវិទ្យាល័យខេនស្ទេតនៅអូហៃយ៉ូធ្វើការប្រឆាំងទៅនឹងសង្គ្រាមនេះ ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០ ជាមួយនឹងព្រឹទ្ធសមាជិក John C. Stennis (D-Miss) ដែលកាលណោះជាប្រធានគណៈកម្មការសេវាកងទ័ពសហរដ្ឋអាមេរិក លោក Nixon បាននិយាយជាមួយគាត់ថា រដ្ឋាភិបាលរបស់លោកនឹងផ្ដល់សព្វាវុធទៅដល់រដ្ឋាភិបាលកម្ពុជាដើម្បីបង្កាករណីផ្ដួលរំលំដែលដឹកនាំដោយក្រុមស្និទ្ធនឹងកុម្មុយនីស្ដ និងបន្ដយុទ្ធនាការវ៉ៃឆ្មក់ដោយប្រើគ្រាប់បែក B52 លក្ខណៈសម្ងាត់ ។ មានតែលោក Stennis និងព្រឹទ្ធសមាជិក Richard Russell (D-Ga) ទេ ដែលដឹងអំពីផែនការសម្ងាត់នេះ ។ កាលណោះលោក Russell ជាអតីតប្រធានគណៈកម្មការ ។ លោក Nixon បានបញ្ជាក់ជាមួយលោក Stennis ថា ពួកយើងនឹងមិនជាប់ទាក់ទងនៅក្នុងសង្គ្រាមមួយនៅក្នុងទឹកដីកម្ពុជានោះទេ ហើយពួកយើងនឹងត្រូវធ្វើសកម្មភាពចាំបាច់ដើម្បីជួយសង្គ្រោះយុទ្ធជនរបស់ពួកយើងនៅក្នុងទឹកដីវៀតណាមខាងត្បូងតែប៉ុណ្ណោះ ។ លោក Nixon បន្ដថា យុទ្ធជនរបស់យើងមិនមានទីជម្រកនៅទីនោះទេ ពីព្រោះកងទ័ពវៀតណាមខាងជើងមានចិត្ដប៉ុនប៉ងកាន់កាប់នៅទីនោះរួចទៅហើយ ។ កាលណោះលោក Stennis បានបញ្ជាក់ជាមួយលោក Nixon ថា ខ្ញុំឈរនៅខាងលោក (Nixon) ហើយលោកត្រូវតែធ្វើអ្វីៗដែលលោកកំពុងធ្វើតទៅទៀត ។
ជាច្រើនថ្ងៃបន្ទាប់មក នៅក្នុងឯកសារមួយទៀតបាននិយាយថា លោក Henry Kissinger ដែលកាលណោះជាទីប្រឹក្សាសន្ដិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងអតីតប្រធានទីភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិក (CIA) លោក Richard Helms បានស្នើនូវផែនការមួយដើម្បីប្រគល់អាវុធ AK4 7 រាប់ពាន់ដើម និងសម្ភារៈយោធាដទៃផ្សេងទៀតទៅឱ្យរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយមហាសេនាប្រមុខ លន់ នល់ ដោយមានជំនួយពីប្រទេសឥណ្ឌូនេស៊ី ។
ឯកសារប្រហែលជា៣ម៉ឺនទំព័រត្រូវបានគេឱ្យសាធារណជនបានឃើញនៅ College Park និងបណ្ណាល័យ Nixon នៅរដ្ឋកាលីហ្វរញ៉ា ហើយឯកសារនោះវាជាឯកសារមួយផ្នែកដែលមិនទាន់ត្រូវបានគេធ្វើចំណាត់ថ្នាក់នៅឡើយជាមួយនឹងឯកសារសម្លេងពីការសន្ទនាតាមទូរស័ព្ទជាច្រើនឆ្នាំរបស់លោកប្រធានាធិបតី Nixon ។ ឯកសារ និងខ្សែអាត់សម្លេងរបស់លោកប្រធានាធិបតី Nixon គឺជាពន្លឺមួយថ្មីនៃសម័យកាលអាណត្ដិទី២របស់លោក ដែលកាលណោះទីភ្នាក់ងារសារព័ត៌មាន Associated Press របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា ក្នុងចំណោមឯកសារ និងខ្សែអាត់សម្លេងទាំងនោះគឺជាការសន្ទនាក្នុងការដោះស្រាយដោយសន្ដិវិធីជាមួយនឹងកងទ័ពវៀតណាមខាងជើង និងការធ្វើឱ្យប្រែប្រួលដល់នយោបាយការបរទេស និងក្នុងប្រទេសជាទ្រង់ទ្រាយធំជាមួយនឹងការគ្រប់គ្រងរបស់មេដឹកនាំសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមត្រជាក់ ។ ឯកសារ និងខ្សែអាត់សម្លេងទាំងនោះបានផ្ដល់ឱ្យឃើញនូវលក្ខណៈអត្ដចរិករបស់លោក Nixon និងជំនួយការទាំងឡាយរបស់គាត់កាលណោះមានដូចជាបញ្ហាគួរឱ្យចាប់អារម្មណ៍ និងបះសក់កាលណោះជាមួយនឹងគូប្រកួតនយោបាយរបស់គាត់នៅក្នុងការប្រឆាំងជាមួយពួកគេ ។
ក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំ១៩៧២ រវាងលោក Nixon និងប្រធានសេនាធិការរបស់គាត់ លោក Nixon បានបង្កើតនូវការស៊ើបអង្កេតក្រៅផ្លូវការក្នុងការបំផ្លាញបេក្ខជនអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Thomas Eagleton នៅក្នុងសំណៅដៃមួយក្នុងចំណោមឯកសារទាំងឡាយដែលត្រូវបានគេបញ្ចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ ដោយហៅលោក Eagleton ថា ជាអាជ្រូកកាប់សាច់ ។ នៅក្នុងឯកសារឆ្នាំ១៩៦៩ ជំនួយការរបស់លោក Nixon ម្នាក់បានពិពណ៌នាថា គ្រប់ចលនានៃដំណើររបស់លោក John F. Kennedy និងក្រុមគ្រួសាររបស់គាត់ស្ថិតនៅក្រោមការសង្កេតការណ៍នៅរដ្ឋម៉ាសាជូសេត បន្ទាប់ពីព្រឹទ្ធសមាជិក Edward Kennedy បានបើករថយន្ដធ្លាក់ស្ពាននៅក្នុងឧប្បត្ដិហេតុមួយ ហើយគូកំណាត់ចិត្ដរបស់គាត់បានស្លាប់ ។ តាមឯកសារបង្ហាញនេះបានបញ្ជាក់ថា លោក Nixon មានចិត្ដសាហាវ និងឃោរឃៅ ពេលខ្លះមានគំនិតសេរីបើប្រៀបធៀបជាមួយនឹងមេដឹកនាំបក្សសាធារណរដ្ឋសម័យឥឡូវ ។ នៅក្នុងសំបុត្រដោយឡែកមួយទៀត គាត់បានភ្ជាប់វិសោធនកម្មច្បាប់សិទ្ធិស្នើគ្នាដោយនិយាយថា សម្រាប់រយៈពេល២០ឆ្នាំ ខ្ញុំមិនបានធ្វើឱ្យមានការផ្លាស់ប្ដូរនូវជំនឿរបស់ខ្ញុំនោះឡើយ ចំពោះសិទ្ធិស្មើគ្នាដើម្បីធានាដល់ស្ដ្រីទាំងឡាយដូចដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ។ ច្បាប់នោះបានបរាជ័យនៅសម័យកាលគាត់ ។
បណ្ណាល័យក៏បានបង្ហាញផងដែរនូវខ្សែអាត់សម្លេង១៥០ម៉ោង ដែលគេបានថតនៅខែមករា ដល់ខែកុម្ភៈ ឆ្នាំ១៩៧៣ និងការចូលស្បថកាន់តំណែងរបស់ប្រធានាធិបតី ដំណោះស្រាយសន្ដិវិធីជាមួយក្រុងហាណូយ និងការកាត់ក្ដីចោរដែលចូលលួចឯកសារនៅទីស្នាក់ការកណ្ដាលរបស់បក្សប្រជាធិបតេយ្យនៅអគារ Water gate កាលណោះដែលនាំទៅដល់ការបញ្ឈប់តំណែងលោកប្រធានាធិបតី Nixon ខ្លួនឯង ។ លោក Nixon បានលាឈប់ពីតំណែងក្នុងខែសីហា ឆ្នាំ១៩៧៤ ដែលស្ថិតនៅក្រោមការគំរាមកំហែងឱ្យលាចេញពីតំណែងដោយសភា Congress ៕
(ដកស្រង់ពីសារព័ត៌មានដើមអម្ពិល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩)