បរិភោគបន្លែផ្លែឈើអាចជួយបង្ការក្រួសក្នុងតម្រងនោម
ក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិកបានចុះផ្សាយរបាយការណ៍នៅក្នុងទស្សនាវដ្តីសុខភាពស្តីពីជម្ងឺក្រួសក្នុងតម្រងនោម និងសង្គមអាមេរិក ដោយបានលើកឡើងថា របបអាហារសម្បូរដោយបន្លែ និង ផ្លែឈើអាចជួយបង្ការជម្ងឺក្រួសក្នុងតម្រងនោមយ៉ាងមានប្រសិទ្ធភាព ។ ក្រុមអ្នកស្រាវជ្រាវមកពីមណ្ឌលសុខភាពម៉េន (Maine Medical Center) និងមន្ទីរពេទ្យប្រ៊ីកហេម និងស្ត្រី (Brigham and Women’s Hospital) នៅរដ្ឋម៉ាសាឈូសេត បានសិក្សាលើមនុស្សចំនួន២៥ម៉ឺននាក់ អស់រយៈពេលជាង១៨ឆ្នាំ ដើម្បីរកឲ្យឃើញថា តើរបបអាហារអាចកំណត់ពីការវិវឌ្ឍទៅរកជម្ងឺក្រួសក្នុងតម្រងនោមដែរ ឬយ៉ាងណា ? ការប្រកាន់ខា្ជប់នូវរបបអាហារតាមផែនការ DASH (វិធីសាស្ត្រទទួលទានអាហារដើម្បីបង្ការជម្ងឺលើសឈាម) អាចទប់ទល់ទៅនឹងការកកើតនៃជម្ងឺក្រួសក្នុងតម្រងនោម ។ របបអាហារ DASH បានកំណត់នូវបរិមាណអំបិលសូដ្យូម សាច់ក្រហម សាច់កែច្នៃ និងភេសជ្ជៈរសជាតិផ្អែម ។ ការសិក្សានេះបានជំរុញឲ្យមានការទទួលទានបន្លែផ្លែឈើ គ្រាប់សណ្ដែក ផលិតផលមានបរិមាណខា្លញ់ទាប គ្រាប់ធញ្ញជាតិ និងសារធាតុអាល់កុលមានកម្រិត ។ លទ្ធផលខាងលើនេះ ពិតជាមានសារសំខាន់ខ្លាំងចំពោះសុខភាព ដោយសារជម្ងឺក្រួសក្នុងតម្រងនោម អាចបណ្ដាលឲ្យមានជម្ងឺលើសឈាមទឹកនោមផ្អែម ឡើងទម្ងន់ព្រមទាំងឱកាសប្រឈមនឹងជម្ងឺបេះដូង ។ បុរសជិត៤៦.០០០នាក់ ស្ត្រីវ័យចំណាស់ប្រហែលជា៩៥.០០០នាក់ និងស្ត្រីវ័យក្មេងជាង១០ម៉ឺននាក់ បានចូលរួមក្នុងការស្រាវជ្រាវខាងលើនេះ ។ អ្នកដែលប្រកាន់ខា្ជប់នូវរបបអាហារតាមផែនការ DASH អាចកាត់បន្ថយការប្រឈមនឹងជម្ងឺក្រួសក្នុងតម្រងនោមបានជាង៤០ភាគរយ ។ ក្នុងចំណោមមនុស្សខាងលើ មានតែ៥.៦៤៥នាក់ប៉ុណ្ណោះដែលកើតជម្ងឺក្រួសក្នុងតម្រងនោម ។ អត្រានៃការកាត់បន្ថយជម្ងឺក្រួសក្នុងតម្រងនោម គឺអាស្រ័យទៅលើអាយុ ទំហំដងខ្លួន និងសារធាតុដែលរាងកាយស្រូបយកផងដែរ ។ របបអាហារ DASH អាចព្យាបាលជម្ងឺក្រួសក្នុងតម្រងនោមបាន ជាពិសេសក្នុងករណីឱសថព្យាបាលជម្ងឺក្រួសក្នុងតម្រងនោមជាច្រើនផ្តល់ផលរំខានដល់អ្នកជម្ងឺនោះ ៕
ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩