Chouk Khmer

September 3, 2009

ពង្រឹង​សមាគម​ម៉ាស៊ីន​កិនស្រូវ​ទាំង​៩​ខេត្ដ​ដើម្បី​នាំ​អង្ករ​ចេញ

ទិដ្ឋភាព​ប្រតិភូ​ចូល​ទៅ​ពិនិត្យ​ឃ្លាំង​អង្ករ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខេត្ដ​បាត់ដំបង 

ទិដ្ឋភាព​ប្រតិភូ​ចូល​ទៅ​ពិនិត្យ​ឃ្លាំង​អង្ករ​ដ៏​ធំ​មួយ​កន្លែង​នៅ​ខេត្ដ​បាត់ដំបង

កាលពី​រសៀល​ថ្ងៃ​ទី​៣០​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩​ ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ដ្រី​ ​គាត​ ​ឈន់​ ​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ចុះ​ត្រួតពិនិត្យ​ ​និង​សំណេះ​សំណាល​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​ព្រមទាំង​អាជីវករ​ម៉ាស៊ីន​កិនស្រូវ​ ​និង​ក្រុមប្រឹក្សា​ឃុំ​ដែល​ជា​សហគមន៍​ ​និង​សមាគម​ម៉ាស៊ីន​កិនស្រូវ​ចំនួន​៩​ខេត្ដ​ ​តាម​ព្រំដែន​ថៃ​ ​និង​វៀតណាម​ ​អំពី​ការ​នាំ​ស្រូវ​ចេញ​ ​និង​ការ​ផលិត​ឱ្យ​ត្រឹមត្រូវ​តាម​ស្ដង់ដា​អន្ដរជាតិ ។ ពិធី​សំណេះសំណាល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ឃ្លាំង​ស្រូវ​ ​និង​ពោត​របស់​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​ស្ថិត​ក្នុង​ឃុំ​អូរចារ​ ​ក្រុង​បាត់ដំបង​ ​ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ឧត្ដម​សេនីយ៍​ ​ក្វាន់​ ​ស៊ាម​ ​មេបញ្ជាការ​កង​វិស្វកម្ម​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​អូន​ ​ព័ន្ធមុនីរ័ត្ន​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​ជា​ ​ប៉េងឈាង​ ​ឯកឧត្ដម ​ស៊ុន​ ​គន្ធរ​ ​និង​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ ។

លោក​ឧកញ៉ា​ ភួ​ ​ពុយ​ ​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ដ​បាត់ដំបង​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​បាន​ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ក្រុមហ៊ុន​បៃតង​កម្ពុជា​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​បាន​ចុះ​ជាប់​ជាមួយ​កសិករ​រយៈពេល​២-៣​ឆ្នាំ​កន្លង​មក​នេះ ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​ជីវភាព​រស់នៅ​ ​ទាំង​ផលិតផល​ ​ហើយ​ក្រុមហ៊ុន​បាន​ជម្រុញ​ដល់​មូលដ្ឋាន​ក្នុង​ស្រុក​ថ្មគោល​ ​ស្រុក​បាណន់​ ​ស្រុក​ឯកភ្នំ​ ​និង​តំបន់​ផ្សេងៗ​ទៀត​ ​ឱ្យ​ប្រជា​កសិករ​អនុវត្ដ​ទទួល​បាន​លទ្ធផល​ល្អៗ​ដូច​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។​ ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​ដោយ​សារ​មាន​ប្រាក់​កម្ចី​ឥណទាន​ដែល​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ជួយ​ដល់​ប្រជា​កសិករ​ ​ក្រុមហ៊ុន​បៃតង​បាន​អនុវត្ដ​ប្រាក់​ឥណទាន​នេះ​ ​ដោយ​ទទួល​បាន​ក្នុង​ឆ្នាំ​២០០៥​ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ចំនួន​២​លាន​ដុល្លារ​ ​ហើយ​ប្រមូល​ទិញ​ស្រូវ​បាន​៩.៥០០​តោន ក្នុង​ឆ្នាំ​២០០៦​ ​ទទួល​បាន​ប្រាក់​ចំនួន​៤​លាន​ដុល្លារ​ ​ប្រមូល​ទិញ​ស្រូវ​បាន​១៩.៥០០​តោន ឆ្នាំ​២០០៧​ ​ទទួល​បាន​ប្រាក់​ចំនួន​៦​លាន​ដុល្លារ​ ​ប្រមូល​ទិញ​ស្រូវ​បាន​២៨.៥០០​តោន ឆ្នាំ​២០០៨​ ​ទទួល​បាន​ប្រាក់​១៥​លាន​ដុល្លារ​ ​ប្រមូល​ទិញ​ស្រូវ​បាន​៧១.៤០០​តោន ហើយ​ក្នុង​ឆ្នាំ​២០០៩​ ​ទទួល​បាន​ប្រាក់​ជាង​១៣​លាន​ដុល្លារ​ ​កំពុង​ផ្ដល់​ឥណទាន​ឱ្យ​កសិករ​ដើម្បី​ពង្រីក​កសិផល​ឱ្យ​កាន់តែ​កើន​ឡើង​ថែម​ទៀត​ ​តាម​កម្រិត​ស្ដង់ដា​អន្ដរជាតិ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ លោក​ឧកញ៉ា​បាន​បន្ដ​ទៀត​ថា​ ​កន្លង​មក​រោង​ម៉ាស៊ីន​កិនស្រូវ​ចំនួន​៣២០​ត្រូវការ​ប្រាក់​កម្ចី​ ​ហើយ​បាន​ផ្ដល់​ឱ្យ​បាន​ចំនួន​១៣៥​រោង​ម៉ាស៊ីន​ ​ដោយ​មាន​អត្រា​ការ​ប្រាក់​ទាប​ ​ត្រូវ​បង់​ឱ្យ​ទៅ​ធនាគារ​តាម​ឯកសារ​ដែល​អាច​ផ្ដល់​ប្រាក់​កម្ចី​ឱ្យ​បាន​ ​ព្រោះ​រោង​ម៉ាស៊ីន​កិនស្រូវ​ទាំងអស់​បាន​រួម​គ្នា​បង្កើត​ជា​សមាគម​សម្រាប់​ប្រមូល​ផល​ស្រូវ ។

លោក​ឧកញ៉ា​បាន​រៀបរាប់​អំពី​សកម្មភាព​ផ្ដល់​ឥណទាន​ដល់​កសិករ​ដើម្បី​កែប្រែ​ការ​ប្រើប្រាស់​ពូជ​ស្រូវ​ បច្ចេកទេស​ដាំ​ដុះ​ដែល​អាច​ធ្វើ​បាន​២​ដង​ក្នុង​មួយ​ឆ្នាំ​ ​ស្ដារ​ពង្រីក​ប្រព័ន្ធ​ប្រឡាយ​ ​ផ្លូវលំ​ចុះ​ទៅ​ដល់​ស្រែ​របស់​ប្រជា​កសិករ​ ​បង្កើត​ទីផ្សារ​សម្រាប់​ទិញ​ផលិតផល​របស់​កសិករ​ ​និង​បង្កើត​ផ្សារ​លក់​គ្រឿង​ឧបភោគ​ ​បរិភោគ​ ​ឱ្យ​កសិករ​ក្នុង​សហគមន៍​ដោយ​មាន​តម្លៃ​ទាប ។ ថ្មីៗ​នេះ​ ​ផលិតផល​ពោត​ដែល​ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ត្រូវ​បាន​ថៃ​ផ្អាក​ទិញ​ ​ដោយ​ទម្លាក់​ថ្លៃ​ទាប​មក​នៅ​ត្រឹម​ជាង​២​បាត​ ​ឬ​៣​បាត​ក្នុង​១​គីឡូក្រាម​ ​តែ​ក្រុមហ៊ុន​​បៃតង​ទទួល​ទិញ​គ្រាប់ពោត​ពី​កសិករ​ដែល​ចេញ​ទៅ​ថៃ​មិន​រួច​នោះ​បាន​ប្រហែល​៣​អាទិត្យ​ប៉ុណ្ណោះ​ ​តម្លៃ​ពោត​បាន​ឡើង​ដល់​៤,៨​បាត ក្នុង​១​គីឡូក្រាម​ ​ហើយ​ក៏​មាន​ឈ្មួញ​ថៃ​មក​ដណ្ដើម​ទិញ​ផង​ដែរ​ ​នៅ​ប៉ែក​ខាងលិច​ខេត្ដ​បាត់ដំបង​ ​មាន​ស្រុក​កំរៀង​ ​ស្រុក​ភ្នំព្រឹក​ ​និង​ស្រុក​សំពៅលូន ។

ទោះបីជា​យ៉ាងណា​ ​លោក​ឧកញ៉ា​ក៏​បាន​សំណូមពរ​ផង​ដែរ​ទៅ​ដល់​សមត្ថកិច្ច​ ​និង​ក្រសួង​ពាក់ព័ន្ធ​ខាង​កម្ពុជា​ ​សុំ​ពិនិត្យ​មើល​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ ​និង​នាំ​ចូល​តាម​ប្រព័ន្ធ​ច្បាប់​ថា​ ​តើ​ត្រូវ​ឱ្យ​ផលិតផល​បរទេស​បែប​ណា​នាំ​ចូល​ ​ដើម្បី​កុំឱ្យ​សិប្បកម្ម​ខ្នាត​តូច​ក្នុងស្រុក​ដួល​រំលំ​ ​ដោយសារ​ផលិតផល​ពី​ក្រៅ​មក​ជ្រៀតជ្រែក​ ​ហើយ​បើក​ឱ្យ​ទូលំទូលាយ​តាម​ច្រក​ដែល​នាំ​ផលិតផល​ចេញ​ជា​ផ្លូវការ​ឱ្យ​មាន​ភាព​ងាយស្រួល ។ ចំពោះ​ប្រាក់​កម្ចី​ឥណទាន​សុំ​បង្កើន​បន្ថែម​ ​ព្រោះ​នៅ​មាន​កសិករ​ច្រើន​ទៀត​តាម​តំបន់​ផ្សេង​ត្រូវការ​ដូច​គ្នា​ ​ហើយ​សុំ​ឱ្យ​ការ​ផ្ដល់​ឥណទាន​ដល់​កសិករ​នេះ​មាន​រយៈពេល​វែង​ ​ដើម្បី​ឱ្យ​កសិករ​យក​ថវិកា​ទៅ​ទិញ​ឧបករណ៍​ប្រើប្រាស់​លើ​វិស័យ​កសិកម្ម​បែប​ទាន់សម័យ​ ​ព្រោះ​កន្លង​មក​ពួក​គាត់​ធ្វើ​តាម​បែប​បុរាណ​បន្សល់​ទុក​តាំងពី​ពេល​មុនៗ​មក ។ ឯ​ប្រាក់​កម្ចី​សុំ​ឱ្យ​ខាង​ធនាគារ​ផ្ដល់​ឱ្យ​មក​ទាន់​ពេល​ដែល​កសិករ​ត្រូវការ​ចំ​ពេល​កំពុង​ធ្វើស្រែ​ត្រូវការ​ទុន​ ​ព្រោះ​កន្លង​មក​តែងតែ​ឱ្យ​នៅ​ពេល​ដែល​កសិករ​កំពុង​ប្រមូល​ផល​ ​ម្ល៉ោះ​ហើយ​ទុន​គាត់​មាន​រួច​ស្រេច​ដែល​បាន​ពី​ការ​លក់​ផលិតផល​របស់​គាត់ ។

តំណាង​សមាគម​ម៉ាស៊ីន​កិនស្រូវ​៩​ខេត្ដ​ជាប់​ព្រំប្រទល់​ថៃ​ និង​វៀតណាម​របស់​ប្រទេស​កម្ពុជា​ ​ក៏​សុំ​ឱ្យ​ជួយ​សម្រួល​ដល់​សមាគម​ផ្សេងៗ​ទៀត​ឱ្យ​មាន​គោលការណ៍​អនុវត្ដ​បាន​ដូច​សមាគម​ក្នុង​ខេត្ដ​បាត់ដំបង​ដែរ​ ​ដែល​មើលទៅ​ឃើញ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​នេះ​អំពី​ផលិតផល​ស្រូវ ។​ ​លោក​ យូ​ ​សឿម​ ​ក្រុម​ប្រឹក្សា​ឃុំ​រូងជ្រៃ​ ​ស្រុក​ថ្មគោល​ ​ខេត្ដ​បាត់ដំបង​ ​ព្រមទាំង​ឃុំ​ចំនួន​៥​ទៀត​ក្នុង​ខេត្ដ​ពោធិ៍សាត់​ ​សុំ​ឱ្យ​ក្រុមហ៊ុន​បៃតង​កម្ពុជា​ជម្រុញ​បន្ថែម​រាល់​សកម្មភាព​ទៅ​ដល់​កន្លែង​ផ្សេងៗ​ទៀត​ ​ព្រោះ​ទិន្នផល​ឡើង​ខ្ពស់​ក្នុង​មួយ​ហិកតា​អាច​ទទួល​បាន​ស្រូវ​ពី​៥​ទៅ​៦​តោន​ ​ហើយ​ពូជ​ស្រូវ​សុទ្ធ​ល្អ​ក្រអូប​អាច​ធ្វើ​បាន​២​ដង​ក្នុង​១​ឆ្នាំ ។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​ ​គាត​ ​ឈន់​ ​បាន​បញ្ជាក់​ថា​ ​ពិតជា​ប្លែក​មែន​ពេល​មក​ដល់​ខេត្ដ​បាត់ដំបង​ ​គឺ​មើល​ទៅ​បៃតង​ភាវូបនីយកម្ម​ធ្វើ​ឱ្យ​នឹកឃើញ​កាលពី​សម័យ​មុនៗ​ដែល​ការ​រីក​ចម្រើន​នេះ​ហួស​ពី​ការ​ស្មាន​គូប​ផ្សំ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ជម្រុញ​ផ្លូវ​គមនាគមន៍​សំខាន់ៗ​តាម​ខ្សែបន្ទាត់​ព្រំដែន​ផង​នោះ​ ​ធ្វើ​ឱ្យ​ប្រជា​កសិករ​កាន់តែ​ធូរស្រាល​ឡើង ។ ឯកឧត្ដម​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ច្រក​នាំ​ចេញចូល​ជា​ផ្លូវការ​ ​ហើយ​កែសម្រួល​រាល់​ប្រាក់​កម្ចី​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ទៀត​ដល់​កសិករ​ដែល​មាន​ឯកឧត្ដម ​ស៊ុន​ ​គន្ធរ​ ​ជា​អ្នក​ចុះ​ផ្ទាល់​ដល់​សមរភូមិ ។​ ​ឯកឧត្ដម ​គាត​ ​ឈន់​ ​បាន​បន្ដ​ទៀត​ថា​ ​គំរោង​របស់​ឯកឧត្ដម​ត្រូវ​ទៅ​ពិនិត្យ​មើល​តំបន់​រ៉ែ​មាស​នៅ​បន្ទាយ​មាន​ជ័យ​ ​និង​ប្រព័ន្ធ​ផ្លូវ​សំខាន់ៗ​តាម​បណ្ដោយ​ព្រំដែន​ដែល​មាន​ឥណទាន​បាន​ត្រៀម​រួចរាល់​អស់​ហើយ​ទាំង​ទំនប់​វារី​អគ្គិសនី​ ​និង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ចំនួន​ទៀត​ចេញពី​ខេត្ដ​បាត់ដំបង​ឆ្ពោះទៅ​ព្រំប្រទល់​ដែន ។​

លោក​ឧកញ៉ា​ ភួ​ ​ពុយ​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០១០​ខាង​មុខ​នេះ​ ​វៀតណាម​នឹង​ត្រូវ​នាំ​អង្ករ​ពី​កម្ពុជា​ប្រមាណ​មួយ​លាន​តោន​ ​សម្រាប់​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប​ដោយ​រួច​ពន្ធ​ ​ហើយ​ក៏​មាន​ក្រុមហ៊ុន​ផ្សេងៗ​មក​សុំ​បើក​រោង​ម៉ាស៊ីន​នៅ​ស្រុក​ខ្មែរ​ដែរ ។ ត្រង់នេះ​យើង​គួរតែ​ប្រយ័ត្ន​ ​ជួនកាល​មាន​ក្រុមហ៊ុន​ខ្លះ​មក​ធ្វើ​នំ​អត់​ម្សៅ​ ​ព្រោះ​កម្ពុជា​អាច​ងើបឈរ​ដោយ​ខ្លួនឯង​បាន​ទាំង​ការ​ផលិត​ទាំង​ការ​នាំ​ចេញ​ ​ដូច្នេះ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ពិនិត្យ​សម្រេចបាន​ហ្មត់ចត់ ៕

សារព័ត៌មាន​កោះសន្ដិភាព, ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០០៩

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/09/03/strengthening-rice-miller-association-in-9-provinces/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve