បិណ្ឌទី៧នៅវត្តបន្ទាយក្បាលចិន
ជារៀងរាល់ឆ្នាំ កន្លែងធ្វើការរបស់ខ្ញុំ (គំរោងអេកូសន) តែងតែស្រាក់ថវិកាគ្នាធ្វើចង្ហាន់ទៅដាក់បិណ្ឌមួយថ្ងៃក្នុងចំណោម១៥ថ្ងៃនៃពិធីកាន់បិណ្ឌប្រពៃណីជាតិ ។ ឆ្នាំនេះយើងបានចូលរួមកាន់បិណ្ឌទី៧ (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩) នៅវត្តបន្ទាយក្បាលចិន ស្ថិតក្នុងភូមិបង្កោង សង្កាត់អំពិល ចម្ងាយប្រមាណ២០គម ខាងកើតក្រុងសៀមរាប ។
ធ្វើដំណើរតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីសៀមរាបឆ្ពោះទៅកាន់រាជធានីភ្នំពេញដល់គីឡូម៉ែត្រទី១២ រួចបត់ឆ្វេងតាមផ្លូវក្រាលក្រួសក្រហមទៅកាន់តំបន់រដ្ឋបាលក្រុងថ្មីប្រហែល៨គមទៀត យើងនឹងដល់វត្តបន្ទាយក្បាលចិនស្ថិតនៅខាងស្ដាំដៃ ។ វត្តនេះ បើសង្កេតមើលទៅឃើញថាមានភាពអត្តខាត់ គ្របដណ្ដប់ដោយព្រៃរបោះដោយភាគច្រើន ពុំទាន់មានព្រះវិហារ (ទើបតែផ្ដួចផ្ដើមសាងសង់) និងមានសាលាឆាន់ថ្មីមួយសង់ពីថ្ម ។ វត្តនេះមានព្រះសង្ឃគង់ចាំព្រះវស្សាប្រមាណ១៥អង្គ ។
តាមការរៀបរាប់របស់ព្រឹទ្ធាចារ្យម្នាក់ វត្តបន្ទាយក្បាលចិនត្រូវបានកសាងដំបូងនៅអំឡុងទសវត្សរ៍ទី៧០ ប៉ុន្តែត្រូវបានបំផ្លាញដោយសង្គ្រាម និងទើបតែចាប់ផ្ដើមកសាងឡើងវិញនៅអំឡុងទសវត្សរ៍ទី៩០នេះ ។ ឆ្លើយតបនឹងចង្ងល់របស់ខ្ញុំអំពីប្រវត្តិឈ្មោះនៃទីតាំងវត្តនេះ លោកអ៊ំបានរៀបរាប់ថា កាលដើមឡើយទីនេះគឺជាព្រៃខ្លាដំរី ពុំមានមនុស្សរស់នៅទេ ។ ក្រោយមក មានជនជាតិចិនចូលមករស់នៅ កាប់ឆ្ការព្រៃដាំបន្លែរែកយកទៅលក់នៅភូមិក្បែរខាង ។ គេអាចនៅមើលឃើញទីដីទួលដែលពីមុនជាសួនបន្លែរបស់ជនជាតិចិនទាំងនោះ ។ សម័យថ្ងៃមួយមានចិនម្នាក់ត្រូវខ្លាខាំហែកស៊ីយ៉ាងសាហាវនៅកណ្ដាលផ្លូវ ពេលកំពុងរែកបន្លែទៅលក់ ។ គេរកមិនឃើញចំណែកផ្សេងទៀតនៃដងខ្លួនរបស់គាត់ឡើយ លើកលែងតែក្បាលរបស់គាត់ប៉ុណ្ណោះ ។ អ្នកភូមិក៏នាំគ្នាយកក្បាលរបស់ចិនម្នាក់នោះទៅតម្កល់ទុកនៅក្នុងប្រាសាទមួយ ហើយចាប់តាំងពីពេលនោះមក គេក៏ហៅទីកន្លែងនោះតៗរៀងគ្នាមកថា «បន្ទាយក្បាលចិន» (ប្រហែលធ្លាប់បម្រើជាបន្ទាយទាហានផងមើលទៅ) ។
ប្រាសាទបន្ទាយក្បាលចិន ស្ថិតនៅខាងត្បូងសាលាឆាន់ថ្មី ដែលបច្ចុប្បន្នរលំបាក់បែកអស់ហើយ បន្សល់ទុកត្រឹមតែខឿនពីថ្មបាយក្រៀមកម្ពស់ប្រហែល១,៥ម ។ តាមការសង្កេត ប្រាសាទបន្ទាយក្បាលចិនប្រហែលជាត្រូវបានគេសង់ផ្ទាល់ដី និងមានកំពែងថ្មបាយក្រៀមមួយព័ទ្ធពីក្រៅ ហើយក្រោយមក បន្ទាប់ពីប្រាសាទរលំបាក់បែក គេចាក់លុបបំពេញដីដោយយកកំពែងព័ទ្ធពីក្រៅធ្វើជាជញ្ជាំង និងសង់ខ្ទម (បូជនីយដ្ឋាន) តម្កល់ពុទ្ធបដិមាពីលើដូចឃើញមានបច្ចុប្បន្ននេះ ។ មូលហេតុដែលធ្វើឲ្យខ្ញុំប៉ាន់ស្មានដូចនេះ ព្រោះខ្ញុំរកពុំឃើញបំណែកប្រាសាទបាក់បែករាយប៉ាយនៅទីនោះឡើយ ក្រៅពីសសរពេជ្រធ្វើពីថ្មភក់នៅកំពែងខាងកើត បំណែកទ្វារតួប្រាសាទ និងបំណែកថ្មភក់មានស្នាមដាប់ជារង្វង់មូលប៉ុន្មានដុំប៉ុណ្ណោះ ។ ប៉ុន្តែប្រសិនបើយើងពិនិត្យមើលខឿនប្រាសាទលលៃស្ថិតនៅក្នុងបារាយណ៍ឥន្ទ្រតាដាក ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបន្ទាយក្បាលចិននេះអាចឲ្យជឿបានថា ខឿនខ្ពស់នេះគឺត្រូវបានគេលើកពូនតាំងពីពេលកសាងប្រាសាទមកម៉្លេះ ។ ទោះជាយ៉ាងណា ខ្ញុំមិនទាន់ដឹងថាប្រាសាទបន្ទាយក្បាលចិនស្ថិតក្នុងពោះបារាយណ៍ឥន្ទ្រតាដាកដូចលលៃដែរឬយ៉ាងណាទេ ។ ខ្ញុំនឹងខំស្វែងរកឯកសារបញ្ជាក់នៅពេលខាងមុខទៀត (ប្រសិនបើប្រិយមិត្តដឹងរឿងនេះច្បាស់ សូមជួយបញ្ជាក់ផង) ។
ប្លង់ផែនទីធ្វើដំណើរទៅកាន់វត្តបន្ទាយក្បាលចិន

ទិដ្ឋភាពព្រៃរបោះនៅតាមដងផ្លូវឆ្ពោះទៅកាន់វត្តបន្ទាយក្បាលចិន

ទិដ្ឋភាពមួយជ្រុងនៃវត្តបន្ទាយក្បាលចិន ខាងលិចសាលាឆាន់ថ្មី

ទិដ្ឋភាពមួយជ្រុងនៃវត្តបន្ទាយក្បាលចិន ខាងជើងសាលាឆាន់ថ្មី

គ្រឹះវិហារវត្តបន្ទាយក្បាលចិនកំពុងសាងសង់ មើលពីសាលាឆាន់ថ្មី

គ្រឹះវិហារវត្តបន្ទាយក្បាលចិនកំពុងសាងសង់ មើលពីប្រាសាទ (ក្រុមបុគ្គលិកកន្លែងធ្វើការខ្ញុំក៏បានស្រាក់ថវិកាគ្នាបានប្រមាណ ១០០ដុល្លាអាមេរិក ចូលរួមចំណែកកសាងព្រះវិហារថ្មីនេះផងដែរ)

ខឿនប្រាសាទបន្ទាយក្បាលចិន មើលពីខាងកើត

ខឿនប្រាសាទបន្ទាយក្បាលចិន មើលពីខាងជើង

ខឿនប្រាសាទបន្ទាយក្បាលចិន ជ្រុងខាងត្បូងឆៀងខាងកើត ។ ដោយសារដុំថ្មបាយក្រៀមបន្តុបពីលើមានរាងត្រីកោណដូចនៅកំពែងប្រាសាទដទៃទៀត ដែលជាមូលហេតុធ្វើយើងអាចសន្និដ្ឋានថា ខឿនខ្ពស់បច្ចុប្បន្ននេះជាលទ្ធផលនៃការចាក់បំពេញដីលុបលើប្រាសាទបាក់បែក ដោយយកកំពែងប្រាសាទធ្វើជាជញ្ជាំង

ខឿនប្រាសាទលលៃនៅក្នុងពោះបារាយណ៍ឥន្ទ្រតាដាក

ជណ្ដើរឡើងខឿនប្រាសាទ ឆ្ពោះទៅកាន់ខ្ទមតម្កល់ពុទ្ធបដិមាដែលគេបានសង់ពីលើនៅសម័យក្រោយមក

សំណល់សសរពេជ្រនៅជើងជណ្ដើរឡើងខឿនប្រាសាទបន្ទាយក្បាលចិន

បំណែកថ្មភក់ឃើញមានសល់នៅលើខឿនប្រាសាទបន្ទាយក្បាលចិន ។ ដោយសារវត្តបន្ទាយក្បាលចិនពុំទាន់មានព្រះវិហារ ទីទួលនេះបម្រើជាព្រះវិហារបណ្ដោះអាសន្ន ។ គេឃើញមានពំនូតបាយបិណ្ឌនៅរាយប៉ាយពាសពេញ

បំណែកថ្មភក់ឃើញមានសល់នៅលើខឿនប្រាសាទបន្ទាយក្បាលចិន ។ ដោយសារវត្តបន្ទាយក្បាលចិនពុំទាន់មានព្រះវិហារ ទីតាំងខឿនប្រាសាទនេះបម្រើជាព្រះវិហារបណ្ដោះអាសន្ន ។ គេឃើញមានពំនូតបាយបិណ្ឌនៅរាយប៉ាយពាសពេញ

អាសនៈបាសីនៅភាគខាងជើងឆៀងខាងកើតនៃខឿនប្រាសាទបន្ទាយក្បាលចិន ។ ដោយសារវត្តបន្ទាយក្បាលចិនពុំទាន់ព្រះវិហារ ទីតាំងនេះបម្រើជាព្រះវិហារបណ្ដោះអាសន្ន ។ គេឃើញមានពំនូតបាយបិណ្ឌនៅរាយប៉ាយពាសពេញ

ពុទ្ធបដិមាតម្កល់ក្នុងខ្ទមសង់ពីលើខឿនប្រាសាទបន្ទាយក្បាលចិន ។ យើងអាចមើលឃើញបំណែកខ្លោងទ្វារប្រាសាទនៅពីមុខពុទ្ធបដិមា

បំណែកខ្លោងទ្វារប្រាសាទបន្ទាយក្បាលចិន

សាលាឆាន់ចាស់នៅទិសឥសានប្រាសាទបន្ទាយក្បាលចិន

ស្រះទឹកនៅខាងកើតប្រាសាទបន្ទាយក្បាលចិន ។ តាមការសង្កេត ស្រះទឹកនេះប្រហែលជាត្រូវបានគេជីកនៅពេលក្រោយមក គឺមិនមែនដំណាលគ្នានឹងពេលកសាងប្រាសាទទេ

រូបចម្លាក់មួយនេះតម្កល់នៅសាលាឆាន់ថ្មី ។ ខ្ញុំរកចម្លើយតបទៅនឹងចម្ងល់របស់ខ្ញុំមិនឃើញសោះ ។ ចាស់ព្រឹទ្ធាចារ្យបានត្រឹមតែពន្យល់ថា គឺរូបសំណាករបស់អ្នកសច្ចំធុតង្គធម្មតាប៉ុណ្ណោះ គ្មានអ្វីពិសេសទេ ។ ប៉ុន្តែខ្ញុំមិនអស់ចិត្តសោះ ព្រោះខ្ញុំមើលឃើញរូបនេះតុបតែងរបៀបជាស្ត្រីម្នាក់ ហើយដំបងកាន់នៅដៃឆ្វេង គឺមិនមែនជាដំបងធម្មតាឡើយ ពីព្រោះវាមានរូបរាងដូចជាលិង្គ

រូបសំណាកនៅខ្ទមអ្នកតាពីមុខប្រាសាទបន្ទាយក្បាលចិន ។ រូបទាំងនេះសុទ្ធតែមានរចនាបថរបៀបចិនៗ

រូបសំណាកនៅខ្ទមអ្នកតាខាងកើតសាលាឆាន់ថ្មី ។ រូបខាងមុខត្រូវបានគេវាយបំបាក់ក ។ ឱ! អ្នកតាដ៏មានឫទ្ធជាទីគោរពរបស់មនុស្សភាគច្រើន ក៏នៅតែមានអ្នកមិនខ្លាចហ៊ានវាយបំបាក់កដែរហ្ន៎!

ទិដ្ឋភាពកាន់បិណ្ឌវេនទី៧នៅវត្តបន្ទាយក្បាលចិន ។ នៅថ្ងៃនេះ ឃើញថាមិនសូវមានពុទ្ធបរិស័ទមកអ៊ូអរប៉ុន្មានទេ

ព្រះសង្ឃវត្តបន្ទាយក្បាលចិនក្នុងឱកាសសូត្រធម៌ឆាន់ត្រង់នៅថ្ងៃកាន់បិណ្ឌទី៧

ចានបាយរាប់បាត្ររបស់ខ្ញុំ

ទិដ្ឋភាពរាប់បាត្រដោយបុគ្គលិកកន្លែងធ្វើការរបស់ខ្ញុំ

ទិដ្ឋភាពរាប់បាត្រដោយបុគ្គលិកកន្លែងធ្វើការរបស់ខ្ញុំ

ទិដ្ឋភាពរៀបចំវង់បាយសាមគ្គីបន្ទាប់ពីបញ្ចប់ពិធីកាន់បិណ្ឌរួច ។ បាយសាមគ្គីត្រូវបានរៀបចំនៅក្រោមម្លប់ស្វាយពីមុខប្រាសាទបន្ទាយក្បាលចិន
ជារួម ក្រៅពីជួបជុំមិត្តរួមការងារប្រារព្ធពិធីបុណ្យតាមគន្លងប្រពៃណី ការនិយាយចំអែចំអន់សប្បាយរីករាយ ខ្ញុំមានឱកាសបានស្គាល់ទីតាំងប្រវត្តិសាស្ត្រមួយថ្មីទៀត ដែលពីមុនមកមិនដែលទាំងឮឈ្មោះ «បន្ទាយក្បាលចិន» នេះផង ។
សូមជូនកុសលផលបុណ្យដែលបានកើតឡើងពីការកាន់បិណ្ឌវេនទី៧នេះ ដល់បងប្អូនជនរួមជាតិនៅគ្រប់ជ្រុងជ្រោយនៃភពផែនដី ។ សូមអនុមោទនា !

