ចេកចម្លែក ឬជំនឿខុសប្លែក ?
ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានកើតរឿងរ៉ាវដើមចេកចម្លែកនៅក្នុងខេត្តតាកែវ និងស្វាយរៀង ដែលបានចុះផ្សាយនៅលើសារព័ត៌មានកោះសន្ដិភាព ។ ចេកចម្លែកពិតជាគ្មានអ្វីប្លែកនោះទេ ព្រោះវាជាកត្តាធម្មជាតិដែលជាលទ្ធផលនៃសង្គមបរិយាកាសនៅជុំវិញបានជះឥទ្ធិពលលើ មានដូចជាកត្តាទឹកដី សារធាតុគីមី និងកត្តាផ្សេងៗទៀតនៅតំបន់នោះ ដូចគ្នានឹងទារកដែលកើតមកមានអវៈយវៈមិនគ្រប់គ្រាន់ ឬស្វិតក្រញិញក្រញង់ ខ្វេរខ្វង់ ឬមានរូបរាងខុសប្រក្រតី គឺជាលទ្ធផលដែលទទួលបានមកពីទង្វើរបស់ម្ដាយ និងមជ្ឈដ្ឋាននៅជុំវិញ ។ ប៉ុន្តែអ្វីដែលប្លែកគឺជំនឿរបស់ប្រជាពលរដ្ឋខ្មែរទៅលើស័ក្តិសិទ្ធិភាពនៃចេកចម្លែកទាំងនោះ ។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយអំពីជំនឿនេះទេ សូមមិត្តអ្នកអានធ្វើការវិនិច្ឆ័យសម្រង់អត្ថបទដូចខាងក្រោមតាមការគួរចុះ ។
ត្រយូងចេកផុសចេញពីដីផ្អើលនាំគ្នាទៅអុជធូប

ត្រយូងចេកចេញពីក្នុងដី
ខេត្ដតាកែវៈ មានការភ្ញាក់ផ្អើលមួយនៅភូមិចក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយប្រជាពលរដ្ឋដែលមានទីលំនៅជិតឆ្ងាយបាននាំគ្នាទៅអុជធូបសុំសេចក្ដីសុខទៅតាមជំនឿរៀងៗខ្លួន ខណៈលំនៅឋានប្រជាពលរដ្ឋម្នាក់មានរឿងចម្លែកមួយបានកើតឡើង គឺត្រយូងចេកផុសចេញពីដីទំហំប៉ុនកដៃមនុស្សចាស់ ។ រឿងចម្លែកនេះធ្វើឱ្យមានការភ្ញាក់ផ្អើលជាទូទៅនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅ ។
បើតាមសម្ដីបុរសម្ចាស់ត្រយូងចេកនោះឈ្មោះ សុក ប៉ុន អាយុ៤៧ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ុំ ភឿន អាយុ៥១ឆ្នាំ មានកូន៣នាក់ នៅក្នុងបន្ទុករៀបរាប់ប្រាប់ឱ្យដឹងថា រឿងត្រយូងចេកចម្លែកផុសចេញពីដីនេះ ពីដំបូងក្រុមគ្រួសាររបស់គាត់អត់ដឹងទេ តែអ្នករស់នៅជិតខាងម្នាក់ប្រទះឃើញមុនគេ និងបានយកដៃទៅដក តែដកអត់រួច ។ លុះព្រឹកថ្ងៃទី៣០ ខែកក្កដា គ្រួសារគាត់បានទៅពិនិត្យឃើញត្រយូងចេកនោះមានបកស្រទាប់១ស្រទាប់ ។ ដោយឃើញភាពចម្លែកមិនធ្លាប់ជួបបែបនេះនៅក្នុងផ្ទះ គាត់ក៏និមន្ដព្រះគ្រូចៅអធិការវត្ដ អំ ម៉ារ៉ា នៅសង្កាត់រកាក្រៅឱ្យមកទស្សន៍ទាយអំពីត្រយូងចេកផុសពីដីដ៏ចម្លែកមិនធ្លាប់ជួបប្រទះនេះ ។
ម្ចាស់ផ្ទះបន្ដទៀតថា ពេលទស្សន៍ទាយរួចព្រះគ្រូចៅអធិការវត្ដមានសង្ឃដីកាថា ត្រយូងចេកដែលផុសនៅក្នុងបរិវេណផ្ទះគាត់នេះល្អទេ កុំដកវាចោល ព្រោះបាននាំមកសេចក្ដីសុខដល់ក្រុមគ្រួសារគាត់ និងអ្នករស់នៅក្នុងភូមិជាមួយគ្នាផងដែរ ។ ព្រះអង្គបានប្រាប់ឱ្យគាត់ធ្វើស៊ុមព័ទ្ធជុំវិញ ដើម្បីអុជធូបសុំសេចក្ដីសុខក្នុងក្រុមគ្រួសារ ។ បន្ទាប់មកព័ត៌មានពីត្រយូងចេកចម្លែកលេចឮតៗគ្នាទៅដល់អ្នករស់នៅទីជិតឆ្ងាយប្រុស-ស្រី ចាស់-ក្មេងក៏នាំគ្នាទៅមើល ព្រមទាំងអុជធូបសុំសេចក្ដីសុខគ្រប់គ្នាជាមួយនឹងការចូលលុយផងដែរ ។

ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយនាំគ្នាអុជធូបគោរពបូជា
មកដល់ពេលនេះពុំទាន់មានប្រជាពលរដ្ឋណាម្នាក់ដែលមានជំនឿថា ត្រយូងចេកផុសនោះជាវត្ថុស័ក្ដិសិទ្ធិ ហើយបានអុជធូបបួងសួងបានដូចបំណងនៅឡើយទេ ។ ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋជិតឆ្ងាយដែលមានជំនឿ ហើយដឹងតៗគ្នាបានទៅមើលយ៉ាងគគ្រឹកគគ្រេងមិនដែលខាន ។
នេះជារឿងប្លែកមួយមិនថាមនុស្ស សត្វ ឬរុក្ខជាតិទេ និងគ្មានបុណ្យបារមីណានោះឡើយ តែជាការពិតសង្គមខ្មែរដែលពោរពេញទៅដោយជំនឿក្រៅខ្លួនជាងជឿលើខ្លួនឯងតែងតែមានការភ្ញាក់ផ្អើលបែបនេះ ។ មិនយូរទេការភ្ញាក់ផ្អើលនេះនឹងសាបសូន្យទៅវិញដោយឯកឯង ។
ចេកណាំវ៉ាធ្លាក់ត្រយូង៦ផ្អើលអ្នកភូមិនាំគ្នាអុជធូបបែរបន់សុំសេចក្ដីសុខ

លោកយាយអ៊ិន ភុំ ជាម្ចាស់ដើមចេកត្រយូង៦
ខេត្ដស្វាយរៀងៈ ដើមចេកចម្លែក១ដើម ចេញត្រយូងដល់ទៅ៦ ត្រូវបានអ្នកស្រុកនាំគ្នាទៅអុជធូបសុំ សេចក្ដីសុខព្រោះតែភាពចម្លែកនេះ ។ ចេកធ្លាក់ត្រយូង៦នេះជាប្រភេទចេកណាំវ៉ា ។
ទាក់ទិននឹងរឿងហេតុខាងលើ លោកយាយ អ៊ិន ភុំ អាយុ៨០ឆ្នាំ ម្ចាស់ដើមចេកចម្លែក នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០០៩ វេលាម៉ោង៧ព្រឹក ខណៈពេលគាត់កំពុងជម្រះស្មៅដំណាំគាត់ឮសម្លេងល្វើយៗថា ជួយខ្ញុំផងខ្ញុំឈរលែងជាប់ហើយ ។ ពេលនោះគាត់បានងើបមើលជុំវិញខ្លួន ដូចជាគ្មានឃើញអ្នកណានៅឈរក្បែរកន្លែងនោះឡើយ គាត់ក៏អង្គុយធ្វើស្មៅបន្ដរហូតដល់ម៉ោង៨ព្រឹក ស្រាប់តែឃើញដើមចេកមួយដើមទ្រេតរកកល់ចង់ដួលទៅទិសឦសាន ។ ឃើញស្ថានភាពដើមចេកបែបនេះ គាត់បានចូលទៅទ្រ លុះក្រឡេកទៅលើឃើញដើមចេកនោះមានចេញត្រយូងរហូតដល់ទៅ៦ ។ ដោយឃើញភាពចម្លែករបស់ដើមចេកនេះ គាត់ក៏ស្រែកហៅកូនប្រុសគាត់ឱ្យមកជួយទ្រ បន្ទាប់មកគាត់បានសម្រេចចិត្ដគាស់ដើមចេកនេះមកដាំនៅមុខផ្ទះវិញ ងាយស្រួលឱ្យអ្នកស្រុកអ្នកភូមិបានមើលចេកចម្លែកនេះ ។

ត្រយូងដែលមានខ្នែងចំនួន៦កំពុងចេញក្ដឹបចេក
អ្នកស្រុកពិតជាបានភ្ញាក់ផ្អើលនាំគ្នាមកមើល ហើយបានអុជធូបសុំសេចក្ដីសុខដោយគិតថា នេះជាអព្ភូតហេតុចម្លែកក្រែងមានបារមីថែរក្សា ទើបមានហេតុភេទចម្លែកបែបនេះ ។ មិនតែប៉ុណ្ណោះពួកគេបានមូលមតិគ្នានិមន្ដព្រះសង្ឃមកសូត្រមន្ដនៅថ្ងៃ៧កើត ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ ដើម្បីសុំសេចក្ដីសុខ ។
ដើមចេកមួយដើមនេះមានស្ទងតែមួយចេញពីដើម និងបានបែកស្ទងចេញជា៦ត្រយូង ទំហំប៉ុនកំភួនដៃ តូចជាងគេប៉ុនកដៃ ហើយទំនងជាចេញត្រយូងនេះជាច្រើនថ្ងៃកន្លងមកហើយ ព្រោះស្ទងធំមានចេញក្ដឹបមួយស្និតទៀតផង ។
អ្នកស្រុកខ្លះសុំទឹកព្យាបាលជម្ងឺ អ្នកខ្លះសុំស្រទប ឬស្លឹកចេកចម្លែកនោះយកទៅដាក់រានតូបលក់ដូរ ក្នុងបំណងឱ្យភ្ញៀវចូលទិញ ។ អ្នកខ្លះនិយាយថា ដោយមានហេតុភេទចម្លែកដូចនេះហើយគ្មានអ្នកណាដឹង ទើបជួបភាពរាំងស្ងួតបែបនេះ ហេតុនេះអ្នកស្រុកបាននាំគ្នារៀបចំពិធីបុណ្យនៅថ្ងៃ៧កើត ឆ្លងថ្ងៃ៨កើត ត្រូវនឹងថ្ងៃទី២៨សីហាខាងមុខ ៕
រឿងរ៉ាវដូចគ្នាៈ កូនគោចម្លែកនៅខេត្តពោធិសាត់