ភាពរាំងស្ងួតនៅកម្ពុជានៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាកសិករខ្មែរ
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩ ឱ្យដឹងថា ចូលមកដល់ខែសីហានេះ ភាពរាំងស្ងួតបាន និងកំពុងតែបន្ដកើតមាននៅក្នុងខេត្ដចំនួនប្រាំបីរបស់ប្រទេសកម្ពុជាដែលរួមមាន ៖ ខេត្ដបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្ដតាកែវ ។ បច្ចុប្បន្នភាពរាំងស្ងួតនៅមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ (ពីព្រោះនៅតំបន់ខ្លះនៃខេត្ដខាងលើមានភ្លៀងធ្លាក់ខ្លះៗវិញ) ប៉ុន្ដែប្រសិនបើភាពរាំងស្ងួតនេះបន្ដអូសបន្លាយក្នុងរយៈពេលចំនួនពីរសបា្ដហ៍ខាងមុខទៀតនោះ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មកម្ពុជាឆ្នាំនេះ ។
សេចក្ដីប្រកាសបន្ដថា តាមរយៈការចុះអង្កេតមើលផ្ទាល់នៅដីស្រែដែលកំពុងជួបគ្រោះរាំងស្ងួតឃើញថា ដីស្រែដែលសម្បូណ៌ទៅដោយសារធាតុសរីរាង្គ ឬសារធាតុមមោក (Humus) ដែលបានមកពីកម្ទេចចំបើង និងជញ្ជ្រាំង និងមានការប្រើជីធម្មជាតិនោះដំណាំស្រូវនៅបន្ដលូតលាស់ និងមានពណ៌ខៀវជាធម្មតាដែលខុសពីដីស្រែមិនមានសារធាតុមមោក ជាពិសេសដីស្រែដែលត្រូវបានដុតបំផ្លាញជញ្ជ្រាំង ។ ដូច្នេះ សេដាក បានអំពាវនាវដល់ប្រជាកសិករ និងស្ថាប័នពាក់ព័ន្ធដែលធ្វើការផ្នែកកសិកម្មទាំងអស់ សូមជួយជម្រុញលើកទឹកចិត្ដកសិករឱ្យអនុវត្ដវិធានការបច្ចេកទេសចាំបាច់មួយចំនួន ដូចខាងក្រោម ៖
- ទប់ស្កាត់កុំឱ្យមានការដុតជញ្ជ្រាំងក្រោយពីរដូវច្រូតកាត់ប្រមូលផលរួច
- បង្កើនការភ្ជួរលុបជញ្ជ្រាំង និងគ្របដីដើម្បីបង្កើនជីជាតិដី
- ប្រមូល និងសន្សំធ្វើ និងប្រើជីធម្មជាតិ (ជាពិសេសការធ្វើ និងប្រើជីកំប៉ុស្ត) ឱ្យបានច្រើន
- បង្កើនការដាំជីស្រស់ និងដំណាំគ្របដីនៅតាមវាលស្រែឱ្យបានច្រើននៅរដូវក្រោយពេលច្រូតកាត់ និងមុនរដូវដាំដុះ
- ដាំដើមឈើដែលលូតលាស់លឿន ដូចជា ដើមអង្កាញ់ ដើមហាយសាន ដើមស្នោគោក ដើមកន្ធុំថេត និងដើមស្ដៅ ឱ្យបានច្រើនដើម្បីយកស្លឹកធ្វើជាជី ។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថា សារធាតុមមោកនៅក្នុងដីស្រទាប់លើ គឺជាជីវិតកសិករ ។ លោកថាសារធាតុមមោក ឬសារធាតុដែលបានមកពីការពុករលួយរបស់រុក្ខជាតិ និងសត្វនៅស្រទាប់ដីស្រែខាងលើ គឺមិនត្រឹមតែអាចជួយរក្សាភាពសំណើមដល់ដីដែលអាចធ្វើឱ្យស្រូវលូតលាស់បានល្អប៉ុណ្ណោះទេ ប៉ុន្ដែវាជាប្រភពនៃការផ្ដល់នូវសារធាតុចិញ្ចឹមដល់ស្រូវ និងដល់សត្វល្អិតមានប្រយោជន៍ដែលរស់នៅក្នុងដី (ដូចជាជន្លេនជាដើម) ទៀតផង ។ លោកថ្លែងថា «គួរឱ្យសោកស្ដាយសារធាតុមមោករបស់ដីស្រែនាពេលបច្ចុប្បន្នសឹងតែត្រូវបានបាត់បង់ទាំងស្រុងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការមិនអើពើរបស់កសិករ ដូចជា ការដុតបំផ្លាញចោលជញ្ជ្រាំងក្រោយការច្រូតកាត់ ការមិនសូវរវល់ពីការប្រើប្រាស់ជីធម្មជាតិ និងការហូរសឹក ឬហូរច្រោះជាដើម» ៕
សារព័ត៌មានកោះសន្ដិភាព ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៩