ការគ្រប់គ្រងស្រមោចភ្លើងទាមទារឲ្យមានការខិតខំជាក្រុម
នៅក្នុងការសិក្សាដើម្បីកំណត់អំពីភាពគ្របលុបរបស់ស្រមោចភ្លើងលើប្រភេទស្រមោចផ្សេងៗទៀតនៅទ្វីបអាមេរិចខាងត្បូង ស្រមោចកម្មករនៃពួក Crematogaster និង Pheidole, ដែលជាគូប្រកួតប្រជែងរបស់ស្រមោចភ្លើងក្រហម ព្យាយាមត្រួតត្រាលុបលើនុយត្រី Tuna
ស្រមោចភ្លើងក្រហម (Red Imported Fire Ant-“RIFA”) ដែលមានកំណើតនៅទ្វីបអាមេរិចខាងត្បូង ត្រូវបាននាំចូលទៅក្នុងសហរដ្ឋអាមេរិចដោយចៃដន្យក្នុងក្រុង Mobile រដ្ឋ Alabama នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៣០ ហើយបានរាលដាលពាសពេញភូមិភាគខាងត្បូងប្រទេស ។
អស់រយៈពេលជាង២០ឆ្នាំ មន្ទីរពិសោធន៍របស់សេវាស្រាជ្រាវកសិកម្ម (ARS) ចំនួន២ គឺ១នៅប្រទេសអាហ្សង់ទីន និង១ទៀតនៅក្នុងរដ្ឋ Florida បានសហការគ្នាក្នុងការសិក្សាអំពីជីវសាស្ត្រ និងការគ្រប់គ្រងជីវសាស្ត្រនៃ RIFA ដោយសង្ឃឹមថានឹងអាចគ្រប់គ្រងចំនួនសត្វស្រមោចប្រភេទនេះនៅសហរដ្ឋអាមេរិច ។
ការប្រមាញ់ដើម្បីគ្រប់គ្រងផ្នែកជីវសាស្ត្រនៃស្រមោចភ្លើងដែលបាននាំចូលនេះបានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០នៅប្រទេសប្រេស៊ីល ។ កម្មវិធីរបស់ ARS នៅមន្ទីរពិសោធន៍គ្រប់គ្រងជីវសាស្ត្រអាមេរិចខាងត្បូង (SABCL) នៅក្រុង Hurlingham ប្រទេសអាហ្សង់ទីន បានចាប់ផ្ដើមនៅឆ្នាំ១៩៨៧ ។ បុគ្គលិកនៅទីនោះបានចុះសិក្សាដល់ទីវាលជាង៣៤០ដងនៅប្រទេសអាហ្សង់ទីន បូលីវី ប្រេស៊ីល ឈីលី ប៉ារ៉ាហ្គាយ និង អ៊ុយរ៉ាហ្គាយ ដើម្បីស្វែងយល់ និងតាមដានអំពីស្រមោចភ្លើង និងសត្រូវធម្មជាតិរបស់ពួកវា ។ ក្នុងអំឡុងពេលនោះ ការសិក្សាគ្របដណ្ដប់លើផ្ទៃដី៣៥០.០០០គីឡូម៉ែត្រក្រឡា និងប្រជាពលស្រមោចចំនួន១៥.០០០ ត្រូវបានប្រមូលយក ឬពិនិត្យវិភាគនៅទីវាល ហើយប្រជាពលស្រមោចប្រមាណ១៥០ ត្រូវបានចាប់យកទៅដាក់សម្ភារៈឧបករណ៍ដាច់ដោយឡែកពីគេនៃមជ្ឈមណ្ឌលសម្រាប់បាណកសាស្ត្រ (វិទ្យាសាស្ត្រខាងសត្វល្អិត) នៃវិជ្ជសាស្ត្រ កសិកម្ម និងបសុសត្វ (CMAVE) នៅក្រុង Gainesville រដ្ឋ Florida ។
ស្រមោចភ្លើងមានចំនួនច្រើនជាងគេនៅទ្វីបអាមេរិចខាងត្បូង
អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ SABCL បានសិក្សាអំពីអន្តរកម្មរវាង RIFA (ឈ្មោះវិទ្យាសាស្ត្រ Solenopsis invicta) និងស្រមោចស៊ីចំណីនៅខ្ពស់ពីដីដទៃទៀតក្នុងលំនៅ២កន្លែងនៅភាគឥសានប្រទេសអាហ្សង់ទីន ។ បន្សំនៃ អន្លុងអន្ទាក់ និង នុយ ត្រូវបានប្រើដើម្បីសិក្សាសកម្មភាពប្រចាំថ្ងៃនៅក្នុងសហគមន៍ស្រមោច ដើម្បីមើលពីរបៀបដែលស្រមោចធ្វើអន្តរកម្មជាមួយគ្នាពីមួយទៅមួយ ។ អន្លុងអន្ទាក់នីមួយៗមានបំពង់ប្លាស្ទិចទំហំ៥០មីលីម៉ែត្រ កប់នៅក្នុងដី និងបំពេញពាក់កណ្ដាលដោយទឹកសាប៊ូ ផ្ដល់ឱកាសឲ្យអ្នកវិទ្យាសាស្ត្រនូវភាពចម្រុះ និងភាពសំបូរបែបនៃប្រភេទស្រមោចនៅទីតាំងសិក្សា ។ នុយ មានត្រីកំប៉ុង Tuna ចំនួន១ក្រាម ដាក់នៅក្នុងប្រែងប្លាស្ទិចអង្កត់ផ្ចិត៥សង់ទីម៉ែត្រនៅជិតអន្ទាក់ ។ ការសង្កេតពីស្រមោចប្រកួតប្រជែងដណ្ដើមនុយគ្នា បញ្ជាក់អំពីសមត្ថភាពលុបលើគេរបស់ប្រភេទស្រមោចនីមួយៗនៅទីតាំងសិក្សា ។ ប្រភេទស្រមោចប្រមាណ២៨ មានសហត្ថិភាពជាមួយស្រមោចភ្លើង S. invicta នៅលើផ្ទៃដីចំហមួយនៃព្រៃតាមបណ្ដោយផ្លូវទឹក ខណៈដែលមានប្រភេទស្រមោចតែ១០ប៉ុណ្ណោះមានសហត្ថិភាពជាមួយស្រមោចភ្លើង S. invicta នៅលើវាលស្មៅស្ងួត ។ លោក Luis Calcaterra អ្នកជីវសាស្ត្រនៃមន្ទីរពិសោធន៍ SABCL ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកនៃមន្ទីពិសោធន៍នេះ គឺលោក Juan Briano បានមានប្រសាសន៍ថា “ប៉ុន្តែយើងមានការភ្ញាក់ផ្អើលដែលស្រមោចភ្លើង RIFA ប្រតិបត្តិមានប្រសិទ្ធិភាពក្នុងនាមជាអ្នករុករកឃើញ និងអ្នកលុបលើគេក្នុងតំបន់លំនៅស្ងួត ទោះបីជាតំបន់នេះមិនសូវមានធនធានក៏ដោយ” ។
លោក Luis Calcaterra និយាយថា នៅក្នុងការសិក្សាទ្រង់ទ្រាយធំនៅក្នុងពេលថ្មីៗនេះលើសត្វស្រមោចជាង១០០ប្រភេទនៅក្នុងបរិស្ថានធម្មជាតិ និងបរិស្ថានកែប្រែនៅភាគខាងជើងនៃប្រទេសអាហ្សង់ទីនបង្ហាញថា ស្រមោច RIFA គឺជាប្រភេទពូជស្រមោចដែលមានចំនួនលើសលុបនៅក្នុងលំនៅប្រភេទផ្សេងៗទៀតផងដែរ ។
មុនមានការសិក្សាទាំងនេះ គេជឿថាស្រមោចភ្លើងមិនមែនមានចំនួនលើសលុបនៅក្នុងទឹកដីកំណើតរបស់វាទេ ។ ប៉ុន្តែ វាបានបង្ហាញពីភាពលើសលុបទាំងចំនួន និងការប្រព្រឹត្តិ ឈ្នះអន្តរកម្ម៧០% ធៀបនឹងស្រមោចដទៃ ជាពិសេស ប្រឈមនឹងអ្នកប្រកួតប្រជែងដ៏កាចសាហាវរបស់វាគឺ Pheidole obscurithorax ដែលជាពូជស្រមោចមួយនៅភាគខាងជើងប្រទេសអាហ្សង់ទីន និងប៉ារ៉ាហ្គាយ ។ នៅក្នុងការប្រយុទ្ធគ្នាជាមួយស្រមោចអាហ្សង់ទីនឈ្មោះ Linepithema humile ស្រមោចភ្លើងអាចយកឈ្នះបាន៨០% នៅរាល់ពេលប្រយុទ្ធ ។.
លោក Luis Calcaterra មានប្រសាសន៍ថា “ការកេណ្ឌគ្នាបានច្រើនក្នុងរយៈពេលដ៏ខ្លីគឺជាមូលហេតុចម្បងដែលស្រមោចភ្លើងអាចគ្របត្រួតត្រានុយបានច្រើនជាងគេ ។ ពួកវារៀបចំចាត់ចែងគ្នាបានល្អ” ។
ទោះបីជាស្រមោចភ្លើងមានភាពលើសលុបក្នុងបរិស្ថាន ការសិក្សាបង្ហាញថា ប្រភេទស្រមោចដទៃទៀតក៏អាចមានសហត្ថិភាពជាមួយពួកវាដែរ ។ លោក Luis Calcaterra ពន្យល់ថា “ការណ៍នេះវាអាចកើតមានដោយសារសមត្ថភាពខ្សោយនៃ S. invicta ក្នុងការរកឃើញធនធាន (ចំណី) ប៉ុន្តែក៏ដោយសារមានស្រមោចចម្រុះកម្រិតខ្ពស់ជាងនៅក្នុងទំហំចម្ងាយកំណើតរបស់វាធៀបនឹងទីតាំងដែលត្រូវបាននាំវាមកព្រលែង” ។ វត្តមាននៃរុយ Phorid មានផលប៉ះពាល់ដល់អត្រាចំណីរបស់ស្រមោចភ្លើង ប៉ុន្តែមានផលប៉ះពាល់តិចតួចដល់អន្តរកម្មនៃស្រមោចភ្លើងជាមួយស្រមោចដទៃទៀត ។
ការគ្រប់គ្រងជីវសាស្ត្រនៃស្រមោចភ្លើងក្រហមនាំចូលក្នុងសហរដ្ឋអាមេរិច
ការផ្ទេរបច្ចេកវិទ្យារវាងមជ្ឈមណ្ឌល CMAVE និងមន្ទីរពិសោធន៍ SABCL មានផលប្រយោជន៍ទាំងសងខាង ។ ជាសរុប មានការដឹកជញ្ជូនចំនួន៣៦លើក ពីមន្ទីរពិសោធន៍ SABCL ទៅទៅមជ្ឈមណ្ឌល CMAVE ដែលក្នុងនោះមានប្រជាពលស្រមោចចំនួន៣៩៧ (២០៤មានជម្ងឺ ១៣៦ផ្ញើប្រាណដោយរុយ Phorid ឬមានស្រមោចបញ្ញើក្អែក និង៥៧មានសុខភាពល្អ) ។ មន្ទីរពិសោធន៍បានបន្តរកមើលសក្ដានុពលគ្រប់គ្រងជីវសាស្ត្រនៃបេក្ខជនសំខាន់ៗគឺ ៖ អន្តោបរាសិត (Microsporidia) ប្រភេទ Kneallhazia solenopsae និង Vairimorpha invictae, រុយ Phorid នៅក្នុងពួក Pseudacteon, ស្រមោចបញ្ញើក្អែក Solenopsis daguerrei, ឪម៉ាល់នៅក្នុងពួក Orasema, និងណេម៉ាតូត Allomermis solenopsii ។
លោក David Oi បាណកវិទូនៃមជ្ឈមណ្ឌល CMAVE មានប្រសាសន៍ថា “ធាតុបង្កជម្ងឺដូចជា K. solenopsae និង V. invictae តែឯង ឬក្នុងបន្សំ ពាក់ព័ន្ធនឹងការធ្លាក់ចុះប្រជាពលនៃស្រមោចភ្លើងពី ៥៣ ទៅ ១០០% នៅប្រទេសអាហ្សង់ទីន” ។
បច្ចុប្បន្ន រុយ Phorid ដែលជាសត្វបញ្ញើក្អែក និងសម្លាប់ស្រមោចភ្លើង ត្រូវបានប្រើនៅក្នុងសហរដ្ឋអាមេរិចដើម្បីកាត់បន្ថយចំណីរបស់ RIFA និងជួយគ្រប់គ្រងប្រជាពលមួយចំនួន ។
ឥឡូវនេះអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល CMAVE និងមន្ទីរពិសោធន៍ SABCL ស្វែងរកបន្ថែមវិធីវិទ្យាសាស្ត្រថ្មីមួយដោយប្រើរុយ Phorid ធ្វើជាភ្នាក់ងារចម្លងជម្ងឺដើម្បីធ្វើឲ្យខូចខាតដល់ប្រជាពលស្រមោចភ្លើងដោយអន្តោបរាសិត ។
ទោះបីជាទិន្នន័យបឋមបង្ហាញថា អន្តោបរាសិត V. invictae មិនអាចបញ្ជូនចម្លងដោយជោគជ័យទៅឲ្យរុយ Phorid ក៏អន្តោបរាសិត K. solenopsae អាចបញ្ជូនចម្លងប្រកបដោយប្រសិទ្ធិភាព ។ លោក David Oi, លោក Sanford Porter និង Steven Valles បាណកវិទូនៃមជ្ឈមណ្ឌល CMAVE, និងលោក Juan Briano និងលោក Luis Calcaterra នៃមន្ទីរពិសោធន៍ SABCL អាចបង្ករោគឲ្យរុយ Phorid ដោយអន្តោបរាសិត K. solenopsae ដោយមិនធ្វើឲ្យអន្តរាយដល់រុយPhorid ទេ ។ ជំហានបន្ទាប់គឺកំណត់ថាតើរុយ Phorid ដែលឆ្លងជម្ងឺ អាចចម្លងទៅឲ្យ RIFA បានឬទេ ដោយផ្ដល់នូវយន្តការមួយទៀតក្នុងការចម្លងជម្ងឺក្នុងចំណោមប្រជាពល RIFA ។
លោក David Oi និយាយថា “អន្តោបរាសិត K. solenopsae មិនត្រឹមតែកាត់បន្ថយទំហំប្រជាពលស្រមោចភ្លើងប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយបរិមាណស្រមោចបន្តពូជដែលប៉ះពាល់ដល់ភាពរស់រានរបស់ស្ដេចស្រមោច និងបង្កើនអត្រាមរណៈនៃប្រជាពល” ។
ការសហប្រតិបត្តិការស្រាវជ្រាវផ្សេងទៀតរវាងមជ្ឈមណ្ឌល CMAVE និងមន្ទីរពិសោធន៍ SABCL ស្ដីពីការគ្រប់គ្រងជីវសាស្ត្រនៃស្រមោចភ្លើង ធ្វើការវាយតម្លៃពីអន្តរកម្មបរិស្ថាននៃស្រមោចភ្លើង និងរុយ Phorid នៅក្នុងលំនៅខុសៗគ្នានៅប្រទេសអាហ្សង់ទីន ។ ការសិក្សាពីហ្សែនក៏កំពុងតែប្រតិបត្តិការនៅមជ្ឈមណ្ឌល CMAVE ជាមួយសម្ភារៈដែលប្រមូលមកពីទ្វីបអាមេរិចខាងត្បូង ដើម្បីកំណត់ចរិកលក្ខណៈរចនាសម្ព័ន្ធប្រជាពលរបស់ស្រមោចបញ្ញើក្អែក S. daguerrei និងដើម្បីកំណត់ប្រភពកំណើតប្រជាពលនៃស្រមោចភ្លើងនៅក្នុងសហរដ្ឋអាមេរិច និងប្រទេសផ្សេងៗទៀត ។
លោក David Oi មានប្រសាសន៍ថា “យើងបន្តការងាររបស់យើងដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងយុទ្ធសាស្ត្រថ្មីក្នុងការគ្រប់គ្រងប្រជាពលស្រមោចភ្លើង និងសម្រាលការបំផ្លិចបំផ្លាញរបស់ពួកវា” ។ អត្ថបទដោយ Sharon Durham និង Alfredo Flores
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/July 2009)
កំណត់ចំណាំៈ ក្នុងចំណោមប្រជាពលសត្វល្អិតដូចជាស្រមោចមានបែងចែកមុខងារជា៣ក្រុមដាច់ពីគ្នាគឺ ៖ ស្ដេច (មានរូបរាងធំជាងគេ ជាអ្នកពងកូនបន្តពូជពង្ស) ទាហាន (ជាក្រុមការពារប្រជាពលទាំងមូល) និង កម្មករ (ជាអ្នកចេញស្វែងរកចំណីមកចិញ្ចឹមស្ដេច និងទាហាន)

ស្ព័រនៃភ្នាក់ងារចម្លងអន្តោបរាសិត Kneallhazia solenopsae គឺជាការគ្រប់គ្រងជីវសាស្ត្រប្រកបដោយសក្ដានុពលលើស្រមោចភ្លើង

រុយបញ្ញើក្អែក Phorid ព្យាយាមចុចពង្រាយពងបញ្ចូលស្រមោចភ្លើងកម្មករ ។ ប្រសិនបើរុយអាចបញ្ចូលពងដែលមានអន្តោបរាសិតទៅក្នុងស្រមោច ឬស្រមោចភ្លើងនេះសម្លាប់ ហើយស៊ីរុយ នោះវានឹងឆ្លងជម្ងឺ បន្ទាប់មកវាក៏ស្លាប់

រុយ Phorid ទើបតែញាស់ចេញពីក្បាលនៃស្រមោចភ្លើងក្រហមដែលងាប់ដោយសារការផ្ញើប្រាណរបស់រុយ