Chouk Khmer

August 27, 2009

ចេក​ចម្លែក ឬ​ជំនឿ​ខុស​ប្លែក ?

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​កើត​រឿងរ៉ាវ​ដើម​ចេក​ចម្លែក​នៅ​ក្នុង​ខេត្ត​តាកែវ និង​ស្វាយរៀង ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​កោះសន្ដិភាព ។ ចេក​ចម្លែក​ពិត​ជា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​ ព្រោះ​វា​ជា​កត្តា​ធម្មជាតិ​ដែល​ជា​លទ្ធផល​នៃ​សង្គម​បរិយាកាស​នៅ​ជុំ​វិញ​បាន​ជះ​ឥទ្ធិពល​លើ មាន​ដូចជា​កត្តា​ទឹកដី សារធាតុ​គីមី​ និង​កត្តា​ផ្សេងៗ​ទៀត​នៅ​តំបន់​នោះ ដូចគ្នា​នឹង​ទារក​ដែល​កើត​មក​មាន​អវៈយវៈ​មិន​គ្រប់គ្រាន់ ឬ​ស្វិត​ក្រញិញ​ក្រញង់ ខ្វេរខ្វង់ ឬ​មាន​រូបរាង​ខុស​ប្រក្រតី គឺ​ជា​លទ្ធផល​ដែល​ទទួល​បាន​មក​ពី​ទង្វើ​របស់​ម្ដាយ និង​មជ្ឈដ្ឋាន​នៅ​ជុំវិញ ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​គឺ​ជំនឿ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​ទៅ​លើ​ស័ក្តិសិទ្ធិភាព​នៃ​ចេក​ចម្លែក​ទាំងនោះ ។ ខ្ញុំ​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ជំនឿ​នេះ​ទេ សូម​មិត្ត​អ្នកអាន​ធ្វើការ​វិនិច្ឆ័យ​សម្រង់​អត្ថបទ​ដូច​ខាងក្រោម​តាម​ការ​គួរ​ចុះ ។

ត្រយូងចេក​ផុស​ចេញពី​ដី​ផ្អើល​នាំ​គ្នា​ទៅ​អុជ​ធូប

ត្រយូងចេក​ចេញពី​ក្នុង​ដី

ត្រយូងចេក​ចេញពី​ក្នុង​ដី

ខេត្ដ​តាកែវៈ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ភូមិ​ចក​ ​សង្កាត់​រកាក្រៅ​ ​ក្រុង​ដូនកែវ​ ​ដោយ​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​សេចក្ដីសុខ​ទៅ​តាម​ជំនឿ​រៀងៗ​ខ្លួន​ ​ខណៈ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ម្នាក់​មាន​រឿង​ចម្លែក​មួយ​បាន​កើត​ឡើង​ ​គឺ​ត្រយូងចេក​ផុស​ចេញពី​ដី​ទំហំ​ប៉ុន​កដៃ​មនុស្ស​ចាស់ ។ រឿង​ចម្លែក​នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា​ ឆ្នាំ​២០០៩ ​កន្លង​ទៅ ។

បើ​តាម​សម្ដី​បុរស​ម្ចាស់​ត្រយូងចេក​នោះ​ឈ្មោះ​ សុក​ ​ប៉ុន​ ​អាយុ​៤៧​ឆ្នាំ​ ​និង​ប្រពន្ធ​ ​ឈ្មោះ​ អ៊ុំ​ ​ភឿន​ ​អាយុ​៥១​ឆ្នាំ​ ​មាន​កូន​៣​នាក់​ ​នៅ​ក្នុង​បន្ទុក​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​រឿង​ត្រយូងចេក​ចម្លែក​ផុស​ចេញពី​ដី​នេះ​ ​ពី​ដំបូង​ក្រុម​គ្រួសារ​របស់​គាត់​អត់​ដឹង​ទេ​ ​តែ​អ្នក​រស់នៅ​ជិតខាង​ម្នាក់​ប្រទះ​ឃើញ​មុនគេ​ ​និង​បាន​យកដៃ​ទៅ​ដក​ ​តែ​ដក​អត់​រួច ។ លុះ​ព្រឹក​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា​ ​គ្រួសារ​គាត់​បាន​ទៅ​ពិនិត្យ​ឃើញ​ត្រយូងចេក​នោះ​មាន​បក​​ស្រទាប់​១​ស្រទាប់ ។ ដោយ​ឃើញ​ភាព​ចម្លែក​មិន​ធ្លាប់​ជួប​បែប​នេះ​នៅ​ក្នុងផ្ទះ​ ​គាត់​ក៏​និមន្ដ​ព្រះ​គ្រូ​ចៅអធិការ​វត្ដ​ ​អំ​ ​ម៉ារ៉ា​ ​នៅ​សង្កាត់​រកាក្រៅ​ឱ្យមក​ទស្សន៍​ទាយ​អំពី​ត្រយូងចេក​ផុស​ពី​ដី​ដ៏​ចម្លែក​មិន​ធ្លាប់​ជួប​ប្រទះ​នេះ ។

ម្ចាស់ផ្ទះ​បន្ដ​ទៀត​ថា​ ​ពេល​ទស្សន៍​ទាយ​រួច​ព្រះគ្រូ​ចៅអធិការ​វត្ដ​មាន​សង្ឃដីកា​ថា​ ​ត្រយូងចេក​ដែល​ផុស​នៅ​ក្នុង​បរិវេណ​ផ្ទះ​គាត់​នេះ​ល្អ​ទេ​ ​កុំ​ដក​វា​ចោល​ ​ព្រោះ​បាន​នាំ​មក​សេចក្ដីសុខ​ដល់​ក្រុម​គ្រួសារ​គាត់​ ​និង​អ្នក​រស់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ផង​ដែរ ។ ព្រះ​អង្គ​បាន​ប្រាប់​ឱ្យ​គាត់​ធ្វើ​ស៊ុម​ព័ទ្ធ​ជុំវិញ​ ​ដើម្បី​អុជ​ធូប​សុំ​សេចក្ដីសុខ​ក្នុង​ក្រុម​គ្រួសារ ។ បន្ទាប់​មក​ព័ត៌មាន​ពី​ត្រយូងចេក​ចម្លែក​លេចឮ​តៗ​គ្នា​ទៅ​ដល់​អ្នក​រស់នៅ​ទី​ជិត​ឆ្ងាយ​ប្រុស​-ស្រី​ ​ចាស់​-ក្មេង​ក៏​នាំ​គ្នា​ទៅ​មើល​ ​ព្រមទាំង​អុជ​ធូប​សុំ​សេចក្ដីសុខ​គ្រប់​គ្នា​ជាមួយនឹង​ការ​ចូល​លុយ​ផង​ដែរ ។

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​នាំ​គ្នា​អុជ​ធូប​គោរព​បូជា

ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​នាំ​គ្នា​អុជ​ធូប​គោរព​បូជា

មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​មាន​ជំនឿ​ថា​ ​ត្រយូងចេក​ផុស​នោះ​ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ ​ហើយ​បាន​អុជ​ធូប​បួងសួង​បាន​ដូច​បំណង​នៅ​ឡើយ​ទេ ។ ទោះជា​យ៉ាងណា​ក្ដី​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​មាន​ជំនឿ​ ​ហើយ​ដឹង​តៗ​គ្នា​បាន​ទៅ​មើល​យ៉ាង​គគ្រឹកគគ្រេង​មិន​ដែល​ខាន ។

នេះ​ជា​រឿង​ប្លែក​មួយ​មិន​ថា​មនុស្ស​ ​សត្វ​ ​ឬ​រុក្ខជាតិ​ទេ​ ​និង​គ្មាន​បុណ្យ​បារមី​ណា​នោះ​ឡើយ​ ​តែ​ជា​ការ​ពិត​សង្គម​ខ្មែរ​ដែល​ពោរពេញ​ទៅ​ដោយ​ជំនឿ​ក្រៅ​ខ្លួន​ជាង​ជឿ​លើ​ខ្លួនឯង​តែងតែ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ ។ មិនយូរ​ទេ​ការ​ភ្ញាក់ផ្អើល​នេះ​នឹង​សាបសូន្យ​ទៅ​វិញ​ដោយ​ឯកឯង ។

ចេកណាំវ៉ា​ធ្លាក់​ត្រយូង​៦​ផ្អើល​អ្នក​ភូមិ​នាំ​គ្នា​អុជ​ធូប​បែរបន់​សុំ​សេចក្ដីសុខ

លោកយាយ​អ៊ិន​ ​ភុំ​ ​ជា​ម្ចាស់​ដើម​ចេក​ត្រយូង​៦

លោកយាយ​អ៊ិន​ ​ភុំ​ ​ជា​ម្ចាស់​ដើម​ចេក​ត្រយូង​៦

ខេត្ដ​ស្វាយរៀងៈ ដើម​ចេក​ចម្លែក​១​ដើម​ ​ចេញ​ត្រយូង​ដល់​ទៅ​៦​ ​ត្រូវ​បាន​អ្នកស្រុក​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​ ​សេចក្ដីសុខ​ព្រោះតែ​ភាព​ចម្លែក​នេះ ។ ចេក​ធ្លាក់​ត្រយូង​៦​នេះ​ជា​ប្រភេទ​ចេកណាំវ៉ា ។

ទាក់ទិន​នឹង​រឿងហេតុ​ខាងលើ​ ​លោកយាយ​ អ៊ិន​ ​ភុំ​ ​អាយុ​៨០​ឆ្នាំ​ ​ម្ចាស់​ដើម​ចេក​ចម្លែក​ ​នៅ​ភូមិ​សួនថ្មី​ ​សង្កាត់​ព្រៃឆ្លាក់​ ​ក្រុង​ស្វាយរៀង​ ​បាន​មាន​ប្រសាសន៍​ថា​ ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២២​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩ វេលា​ម៉ោង​៧​ព្រឹក​ ​ខណៈ​ពេល​គាត់​កំពុង​ជម្រះ​ស្មៅ​ដំណាំ​គាត់​ឮ​សម្លេង​ល្វើយៗ​ថា​ ​ជួយ​ខ្ញុំ​ផង​ខ្ញុំ​ឈរ​លែង​ជាប់​ហើយ ។​ ​ពេល​នោះ​គាត់​បាន​ងើប​មើល​ជុំវិញ​ខ្លួន​ ​ដូច​ជា​គ្មាន​ឃើញ​អ្នក​ណា​នៅ​ឈរ​ក្បែរ​កន្លែង​នោះ​ឡើយ​ ​គាត់​ក៏​អង្គុយ​ធ្វើ​ស្មៅ​បន្ដ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ ​ស្រាប់តែ​ឃើញ​ដើម​ចេក​មួយ​ដើម​ទ្រេត​រកកល់​ចង់​ដួល​ទៅ​ទិសឦសាន ។ ឃើញ​ស្ថានភាព​ដើម​ចេក​បែប​នេះ​ ​គាត់​បាន​ចូល​ទៅ​ទ្រ​ ​លុះ​ក្រឡេក​ទៅ​លើ​ឃើញ​ដើម​ចេក​នោះ​មាន​ចេញ​ត្រយូង​រហូត​ដល់​ទៅ​៦ ។​ ​ដោយ​ឃើញ​ភាព​ចម្លែក​របស់​ដើម​ចេក​នេះ​ ​គាត់​ក៏​ស្រែក​ហៅ​កូនប្រុស​គាត់​ឱ្យ​មក​ជួយ​ទ្រ​ ​បន្ទាប់​មក​គាត់​បាន​សម្រេចចិត្ដ​គាស់​ដើម​ចេក​នេះ​មក​ដាំ​នៅ​មុខ​ផ្ទះ​វិញ​ ​ងាយស្រួល​ឱ្យ​អ្នកស្រុក​អ្នក​ភូមិ​បាន​មើល​ចេក​ចម្លែក​នេះ ។

ត្រយូង​ដែល​មាន​ខ្នែង​ចំនួន​៦​កំពុង​ចេញ​ក្ដឹប​ចេក

ត្រយូង​ដែល​មាន​ខ្នែង​ចំនួន​៦​កំពុង​ចេញ​ក្ដឹប​ចេក

អ្នកស្រុក​ពិតជា​បាន​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​មើល​ ​ហើយ​បាន​អុជ​ធូប​សុំ​សេចក្ដីសុខ​ដោយ​គិត​ថា​ ​នេះ​ជា​អព្ភូតហេតុ​ចម្លែក​ក្រែង​មាន​បារមី​ថែរក្សា​ ​ទើប​មាន​ហេតុភេទ​ចម្លែក​បែប​នេះ ។​ ​មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​បាន​មូលមតិ​គ្នា​និមន្ដ​ព្រះសង្ឃ​មក​សូត្រ​មន្ដ​នៅ​ថ្ងៃ​៧​កើត​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩ ដើម្បី​សុំ​សេចក្ដីសុខ ។

ដើម​ចេក​មួយ​ដើម​នេះ​មាន​ស្ទង​តែ​មួយ​ចេញពី​ដើម​ ​និង​បាន​បែក​ស្ទង​ចេញ​ជា​៦​ត្រយូង​ ​ទំហំ​ប៉ុន​កំភួនដៃ​ ​តូច​ជាងគេ​ប៉ុន​កដៃ​ ​ហើយ​ទំនងជា​ចេញ​ត្រយូង​នេះ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​ ​ព្រោះ​ស្ទង​ធំ​មាន​ចេញ​ក្ដឹប​មួយ​ស្និត​ទៀត​ផង ។

អ្នកស្រុក​ខ្លះ​សុំ​ទឹក​ព្យាបាល​ជម្ងឺ​ ​អ្នកខ្លះ​សុំ​ស្រទប​ ​ឬ​ស្លឹកចេក​ចម្លែក​នោះ​យក​ទៅ​ដាក់​រាន​តូប​លក់ដូរ​ ​ក្នុង​បំណង​ឱ្យ​ភ្ញៀវ​ចូល​ទិញ ។​ ​អ្នកខ្លះ​និយាយ​ថា​ ​ដោយ​មាន​ហេតុភេទ​ចម្លែក​ដូចនេះ​ហើយ​គ្មាន​អ្នក​ណា​ដឹង​ ​ទើប​ជួប​ភាពរាំងស្ងួត​បែប​នេះ​ ​ហេតុនេះ​អ្នកស្រុក​បាន​នាំ​គ្នា​រៀបចំ​ពិធីបុណ្យ​នៅ​ថ្ងៃ​៧​កើត​ ​ឆ្លង​ថ្ងៃ​៨​កើត​ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៨​សីហា​ខាង​មុខ ៕

រឿងរ៉ាវ​ដូចគ្នាៈ   កូនគោ​ចម្លែក​នៅ​ខេត្ត​​ពោធិសាត់

 

ភាពរាំងស្ងួត​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជា​កសិករ​ខ្មែរ

មជ្ឈមណ្ឌល​សិក្សា​ ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ​(អង្គការ​សេដាក​) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៥​ ​ខែ​សីហា​ ឆ្នាំ​២០០៩ ​ឱ្យ​ដឹង​ថា​ ​ចូល​មក​ដល់​ខែសីហា​នេះ​ ​ភាពរាំងស្ងួត​បាន​ និង​កំពុង​តែ​បន្ដ​កើត​មាន​នៅ​ក្នុង​ខេត្ដ​ចំនួន​ប្រាំបី​របស់​ប្រទេស​កម្ពុជា​ដែល​រួម​មាន ៖ ​ខេត្ដ​បន្ទាយមានជ័យ​ ​បាត់ដំបង​ ​ពោធិ៍សាត់​ ​កំពង់ធំ​ ​កណ្ដាល​ ​ព្រៃវែង​ ​ស្វាយរៀង​ ​និង​ខេត្ដ​តាកែវ ។​ ​បច្ចុប្បន្ន​ភាពរាំងស្ងួត​នៅ​មិន​ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ​ ​(ពីព្រោះ​នៅ​តំបន់​ខ្លះ​នៃ​ខេត្ដ​ខាងលើ​មាន​ភ្លៀង​ធ្លាក់​ខ្លះៗ​វិញ) ប៉ុន្ដែ​ប្រសិនបើ​ភាពរាំងស្ងួត​នេះ​បន្ដ​អូស​បន្លាយ​ក្នុង​រយៈពេល​ចំនួន​ពីរ​សបា្ដហ៍​ខាង​មុខ​ទៀត​នោះ​ ​វា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ​នេះ ។

សេចក្ដី​ប្រកាស​បន្ដ​ថា​ ​តាម​រយៈ​ការ​ចុះ​អង្កេត​មើល​ផ្ទាល់​នៅ​ដីស្រែ​ដែល​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ឃើញ​ថា​ ​ដី​ស្រែ​ដែល​សម្បូណ៌​ទៅ​ដោយ​សារធាតុ​សរីរាង្គ​ ​ឬ​សារធាតុ​មមោក​ ​(Humus​) ដែល​បាន​មក​ពី​កម្ទេច​ចំបើង​ ​និង​ជញ្ជ្រាំង​ ​និង​មាន​ការ​ប្រើ​ជី​ធម្មជាតិ​នោះ​ដំណាំ​ស្រូវ​នៅ​បន្ដ​លូតលាស់​ ​និង​មាន​ពណ៌​ខៀវ​ជា​ធម្មតា​ដែល​ខុស​ពី​ដីស្រែ​មិន​មាន​សារធាតុ​មមោក​ ​ជា​ពិសេស​ដីស្រែ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ​ជញ្ជ្រាំង ។ ដូច្នេះ​ សេដាក បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ធ្វើការ​ផ្នែក​កសិកម្ម​ទាំងអស់​ ​សូម​ជួយ​ជម្រុញ​លើក​ទឹកចិត្ដ​កសិករ​ឱ្យ​អនុវត្ដ​វិធានការ​បច្ចេកទេស​ចាំបាច់​មួយ​ចំនួន​ ​ដូច​ខាងក្រោម ៖

  1. ទប់ស្កាត់​កុំ​ឱ្យ​មានការ​ដុត​ជញ្ជ្រាំង​ក្រោយ​ពី​រដូវ​ច្រូតកាត់​ប្រមូល​ផល​រួច
  2. បង្កើន​ការ​ភ្ជួរ​លុប​ជញ្ជ្រាំង​ ​និង​គ្រប​ដី​ដើម្បី​បង្កើន​ជីជាតិ​ដី
  3. ប្រមូល​ ​និង​សន្សំ​ធ្វើ​ ​និង​ប្រើ​ជីធម្មជាតិ​ ​(ជា​ពិសេស​ការ​ធ្វើ​ ​និង​ប្រើ​ជី​កំប៉ុស្ត) ឱ្យ​បាន​ច្រើន
  4. បង្កើន​ការ​ដាំ​ជី​ស្រស់​ ​និង​ដំណាំ​គ្រប​ដី​នៅ​តាម​វាលស្រែ​ឱ្យ​បាន​ច្រើន​នៅ​រដូវ​ក្រោយ​ពេល​ច្រូតកាត់​ ​និង​មុន​រដូវ​ដាំ​ដុះ
  5. ដាំ​ដើមឈើ​ដែល​លូតលាស់​លឿន​ ដូច​ជា​ ​ដើម​អង្កាញ់​ ​ដើម​ហាយសាន​ ​ដើម​ស្នោ​គោក​ ​ដើម​កន្ធុំថេត​ ​និង​ដើម​ស្ដៅ​ ​ឱ្យ​បាន​ច្រើន​ដើម្បី​យក​ស្លឹក​ធ្វើ​ជា​ជី ។

លោក​បណ្ឌិត​ យ៉ង​ ​សាំងកុមារ​ ​ប្រធាន​អង្គការ​សេដាក​មាន​ប្រសាសន៍​ថា​ ​សារធាតុ​មមោក​នៅ​ក្នុង​ដី​ស្រទាប់​លើ​ ​គឺជា​ជីវិត​កសិករ ។​ ​លោក​ថា​សារធាតុ​មមោក​ ​ឬ​សារធាតុ​ដែល​បាន​មក​ពី​ការ​ពុក​រលួយ​របស់​រុក្ខជាតិ​ ​និង​សត្វ​នៅ​ស្រទាប់​ដីស្រែ​ខាងលើ​ ​គឺ​មិន​ត្រឹមតែ​អាច​ជួយ​រក្សា​ភាព​សំណើម​ដល់​ដី​ដែល​អាច​ធ្វើ​ឱ្យ​ស្រូវ​លូតលាស់​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​វា​ជា​ប្រភព​នៃ​ការ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ដល់​ស្រូវ​ ​និង​ដល់​សត្វល្អិត​មាន​ប្រយោជន៍​ដែល​រស់នៅ​ក្នុង​ដី​ ​(ដូច​ជា​ជន្លេន​ជាដើម​) ទៀត​ផង ។​ ​លោក​ថ្លែង​ថា​ ​«គួរ​ឱ្យ​សោកស្ដាយ​សារធាតុ​មមោក​របស់​ដីស្រែ​នា​ពេល​បច្ចុប្បន្ន​សឹងតែ​ត្រូវ​បាន​បាត់បង់​ទាំងស្រុង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ​ដោយសារ​ការ​មិន​អើពើ​របស់​កសិករ​ ​ដូច​ជា​ ការ​ដុត​បំផ្លាញ​ចោល​ជញ្ជ្រាំង​ក្រោយ​ការ​ច្រូតកាត់​ ការ​មិនសូវ​រវល់​ពី​ការ​ប្រើប្រាស់​ជី​ធម្មជាតិ​ ​និង​ការ​ហូរ​សឹក​ ​ឬ​ហូរ​ច្រោះ​ជាដើម» ៕

សារព័ត៌មាន​កោះសន្ដិភាព​ ​ថ្ងៃ​ទី​២៦​ ​ខែសីហា​ ​ឆ្នាំ​២០០៩

 

ប្រាសាទ​បន្ទាយឆ្មារ​មាន​រូបចម្លាក់​ចម្រុះ​ស្ដែង​ពី​កិច្ចការ​សក្ការៈ​រហូត​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​រាស្ដ្រ

ប្រាសាទ​បន្ទាយឆ្មារ​កសាង​ចុង​សតវត្ស​ទី​១២​ និង​ដើម​សតវត្ស​ទី​១៣​ ស្ថិត​នៅ​ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ខេត្ដ​បន្ទាយមានជ័យ​ គេ​បាន​រក​ឃើញ​ថា​ នៅ​លើ​ជញ្ជាំង​ ឬ​របង​ខាងក្នុង​ទី​១​ ឬ​ខាងក្រៅ​បន្ទាប់​ពី​រោងទង​ គឺ​គ្មាន​ផ្ទាំង​ថ្ម​មួយ​ដុំ​ណា​ដែល​គ្មាន​ចម្លាក់​នោះ​ទេ ។​

ក្រុម​អ្នកប្រាជ្ញ​អ្នក​ជំនាញការ​ សាស្ដ្រាចារ្យ​ និង​វាគ្មិន​អន្ដរជាតិ​ និង​ជាតិ​សំខាន់ៗ​ដែល​បាន​ទៅ​ពិនិត្យ​ និង​វាយតម្លៃ​ផ្ទាល់​ដល់​ប្រាសាទ​នេះ​កាលពីដើម​សប្ដាហ៍​ទី​២​នៃ​ខែសីហា​ ឆ្នាំ​២០០៩​កន្លង​មក​ បង្ហាញ​ការ​ចាប់អារម្មណ៍​ថា​ គ្រាន់តែ​លើ​ជញ្ជាំង​ ឬ​ថែវ​ ឬ​របង​ទី​១​ក្នុង​ប្រាសាទ​បន្ទាយឆ្មារ​គឺ​មាន​រូបចម្លាក់​ចម្រុះ​យ៉ាង​សន្ធឹកសន្ធាប់​ដែល​ពណ៌នា​តាំងពី​ទេវរូប​ព្រហ្មញ្ញ​សាសនា​ មាន​រូប​ព្រះព្រហ្ម​ ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ ​និង​ព្រះ​សិវៈ​ ​ឬ​ព្រះ​ឥសូរ​ និង​តួអង្គ​សំខាន់​ទៀត​នៃ​សាសនា​នេះ ។ ហើយ​ចម្លាក់​សំខាន់​ជាងគេ​គឺ​រូប​អវតា​លោកេស្វរៈ​ព្រះហស្ថ​៣២​ជា​ពោធិសត្វ​នៃ​ព្រះពុទ្ធ​សាសនា​អម​ដោយ​ចម្លាក់​រូប​អវតា​ព្រះហស្ថ​១៦​ដែល​សល់​តែ​១​រូប​ ត្បិត​រូបចម្លាក់​ដូច​គ្នា​នៅ​ជ្រុង​ត្រូវ​ជន​ទុច្ចរិត​គាស់​យក​បាត់ ។ គឺ​សល់​តែ​រូបថត​អនុស្សាវរីយ៍​ប៉ុណ្ណោះ ។

គេ​ក៏​រក​ឃើញ​រូប​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ព្រះ​មហា​វីរក្សត្រ​ដ៏​ខ្លាំងពូកែ​ល្បីល្បាញ​កំពូល​នៃ​ប្រវត្ដិសាស្ដ្រ​ខ្មែរ ​ទ្រង់​ពស្ដ្រា​ជា​ព្រះរាជវាំង​បំពេញ​រាជកិច្ច​ ​ឬ​ផ្ដល់​សវនាការ​ដល់​មន្ដ្រី​រាស្ដ្រ​ និង​ភ្ញៀវ​បរទេស​ទ្រង់​ប្រដាប់​ព្រះ​កាយ​ដោយ​ពស្ដ្រា​ទ័ព​ និង​អាវុធ ។

រូបចម្លាក់​បង្ហាញ​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ទ្រង់មាន​ព្រះបាទ​ព្រះហស្ថ​មាន​ព្រះ​កាយ​ និង​ព្រះ​កម្លាំង​ពលំ​មាំមួន​ណាស់ ។ មាន​រូបចម្លាក់​និយាយ​ពី​ចម្បាំង​នៃ​កងទ័ព​ដំរី​ ​ទ័ព​ជើងទឹក​ (ទូក) ។ មាន​រូបចម្លាក់​បង្ហាញ​ពី​ទ័ព​ក្បត់​ ឬ​ទ័ព​បច្ចាមិត្ដ​ដែល​មេទ័ព​ចាប់​បាន​រួច​កាត់​ក្បាល​មក​ជូន​មេទ័ព​ ឬ​ថ្វាយ​ស្ដេច​ជា​ភ័ស្ដុតាង ។ មាន​រូបចម្លាក់​ផ្កា​ភ្ញី​សក្ការៈ​ ​ផ្កា​ភ្ញី​ និង​រុក្ខជាតិ​ព្រៃ​ ​រុក្ខជាតិ​ឱសថ​ ​និង​ដំណាំ​ផ្សេងៗ ។​ ​មាន​បង្ហាញ​ពី​ការ​អភិរក្ស​សត្វព្រៃ​ និង​ព្រៃឈើ ។

គេ​រក​ឃើញ​ផង​ដែរ​នូវ​ចម្លាក់​រូប​សត្វ​ម្រឹគីម្រឹគា​ ​សត្វ​ស្លាប​ ​សត្វ​ល្មូន​ ​មច្ឆជាតិ​ ដែល​ជា​សត្វព្រៃ​រហូត​ដល់​សត្វស្រុក​ ​មាន​សត្វពាហនៈ​ ​សត្វ​ចិញ្ចឹម​សម្រាប់​ប្រើប្រាស់​ ​ឬ​ធ្វើ​ម្ហូប​រហូត​ដល់​សត្វ​ចិញ្ចឹម​កម្សាន្ដ​ក្នុងផ្ទះ ។

ពួក​ទេសចរ​ និង​អ្នក​ស្រាវជ្រាវ​រក​ឃើញ​រូបចម្លាក់​នៃ​មនុស្ស​ចូល​ចិត្ដ​ពាក់​យ័ន្ដ​គាថា​ ​ពាក់​សង្វារ​ និង​ការ​តុបតែង​ខ្លួន​ផ្សេងៗ​ទៀត ។​ ​មាន​រូបចម្លាក់​ស្ដីពី​ការ​សង្គ្រោះ​មនុស្ស​ដោយ​សែង​នឹង​អង្រឹង​ ​ឬ​ជិះ​រទេះគោ ។

ទាក់ទិន​ដល់​ជីវភាព​ប្រជាជន​ គេ​រក​ឃើញ​រូបចម្លាក់​ស្ដីពី​ការ​ប្រកប​របរ​ត្បាញ​ ​របរ​កសិកម្ម​ ​ការ​គាំពារ​មាតា​ និង​ទារក​ ​ការ​សម្រាលកូន​ កីឡា​ប្រជល់​មាន់​ ​កីឡា​ចំបាប់​ដ៏​ខ្លាំងពូកែ​ (ស្រដៀង​កីឡា​ចំបាប់​សូម៉ូ​របស់​ជប៉ុន) ។

បន្ថែម​លើ​នោះ​ គេ​រក​ឃើញ​ពី​ចម្លាក់​ទាក់ទិន​ប្រវត្ដិសាស្ដ្រ​ប្រាសាទ​នេះ​ និង​ការ​ច្បាំង​រវាង​ទ័ព​នៃ​មេទ័ព​ស្រីឥន្ទ្រកុមារ​ ព្រះរាជបុត្រ​ឆ្នើម​ និង​សំណព្វ​ព្រះ​ទ័យ​នៃ​ព្រះ​នាង​ជ័យទេវី​ និង​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​និង​មេទ័ព​ជំនិត​ដែល​ច្បាំង​តទល់​នឹង​សត្វ​រាហ៊ូ​ ​ឬ​យក្ស​មុខ​ក្រវេមក្រវាម​ (តំណាង​ជន​អាក្រក់​ ឬ​ជន​បះបោរ​នៃ​សម័យ​មហានគរ) ។ រូប​នោះ​គេ​ឃើញ​គោ​អូស​រទេះ​ត្រូវ​សត្វ​ចម្លែក​ដ៏​ធំ​មួយ​ ​ឬ​ខ្លះ​ហៅ​ថា​រាហ៊ូ​លេប​ចូល​អស់​មួយ​កំណាត់​ខ្លួន​ទៅ​ហើយ ។​ ​ឯកសារ​ស្រាវជ្រាវ​ដែល​រស្មីកម្ពុជា​មាន​ក៏​បាន​បញ្ជាក់​ថា​ ជា​និមិត្ដ​នៃ​ការ​វាយ​ប្រយុទ្ធ​រវាង​ព្រះរាជបុត្រ​ជា​មេទ័ព​ និង​សេនា​តទល់​នឹង​សត្រូវ​គឺ​រវាង​កងទ័ព​មហានគរ​ ​កម្ចាត់​ពួក​ក្បត់​បះបោរ​ទៅ​លពបុរី​ (នៅ​ប្រទេស​សៀម​បច្ចុប្បន្ន) ឬ​រវាង​ទ័ព​មហានគរ​ប្រយុទ្ធ​នឹង​ទ័ព​ក្បត់​នៅ​នគរ​ចម្ប៉ា​កាល​នគរ​នោះ​ជា​ចំណុះ​ខ្មែរ ។

ពោល​គឺ​នៅ​ជញ្ជាំង​ ​ឬ​ថែវ​ ​ឬ​របង​ទី​១​នៃ​ប្រាសាទ​បន្ទាយឆ្មារ​ និង​ទីកន្លែង​ដទៃ​ទៀត​ពាសពេញ​ប្រាសាទ​ ​មាន​រូបចម្លាក់​ក្នុង​អត្ថន័យ​ អត្ថរូប​ និង​អត្ថរស​សម្បូរ​បែប​ណាស់ ៕

ដកស្រង់​ពី​សារព័ត៌មាន​រស្មី​កម្ពុជា

រូបចម្លាក់​រាហ៊ូ​លេប​គោ​ចូល​ជា​និមិត្ដរូប​សភាវៈ​អាក្រក់​ ​និង​ល្អ​ប្រយុទ្ធ​គ្នា​នៃ​ប្រវត្ដិ​ប្រាសាទ​បន្ទាយឆ្មារ

រូបចម្លាក់​រាហ៊ូ​លេប​គោ​ចូល​ជា​និមិត្ដរូប​សភាវៈ​អាក្រក់​ ​និង​ល្អ​ប្រយុទ្ធ​គ្នា​នៃ​ប្រវត្ដិ​ប្រាសាទ​បន្ទាយឆ្មារ

 

August 20, 2009

ការ​គ្រប់គ្រង​ស្រមោច​ភ្លើង​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ​ជាក្រុម

នៅ​ក្នុង​ការ​សិក្សា​ដើម្បី​កំណត់​អំពី​ភាព​គ្របលុប​ របស់​​ស្រមោច​ភ្លើង​លើ​ប្រភេទ​ស្រមោច​ផ្សេងៗ​ទៀត​នៅ​ទ្វីប​អាមេរិច​ខាងត្បូង ស្រមោច​កម្មករ​នៃ​ពួក Crematogaster និង Pheidole, ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​​ស្រមោច​ភ្លើង​ក្រហម​ ព្យាយាម​ត្រួតត្រា​លុប​លើ​នុយ​ត្រី Tuna

នៅ​ក្នុង​ការ​សិក្សា​ដើម្បី​កំណត់​អំពី​ភាព​គ្របលុប​របស់​​ស្រមោច​ភ្លើង​លើ​ប្រភេទ​ស្រមោច​ផ្សេងៗ​ទៀត​នៅ​ទ្វីប​អាមេរិច​ខាងត្បូង ស្រមោច​កម្មករ​នៃ​ពួក Crematogaster និង Pheidole, ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​​ស្រមោច​ភ្លើង​ក្រហម​ ព្យាយាម​ត្រួតត្រា​លុប​លើ​នុយ​ត្រី Tuna

ស្រមោច​ភ្លើង​ក្រហម (Red Imported Fire Ant-“RIFA”) ដែល​មាន​កំណើត​នៅ​ទ្វីប​អាមេរិច​ខាងត្បូង ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិច​ដោយ​ចៃដន្យ​ក្នុង​ក្រុង Mobile រដ្ឋ Alabama នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ហើយ​បាន​រាលដាល​ពាស​ពេញ​ភូមិភាគ​ខាងត្បូង​ប្រទេស ។

អស់​រយៈពេល​ជាង​២០​ឆ្នាំ មន្ទីរពិសោធន៍​របស់​សេវា​ស្រាជ្រាវ​កសិកម្ម (ARS) ចំនួន​២ គឺ​១​នៅ​ប្រទេស​អាហ្សង់ទីន និង​១​ទៀត​នៅ​ក្នុង​រដ្ឋ​ Florida បាន​សហការ​គ្នា​ក្នុង​ការ​សិក្សា​អំពី​ជីវសាស្ត្រ និង​ការ​គ្រប់គ្រង​ជីវសាស្ត្រ​នៃ RIFA ដោយ​សង្ឃឹម​ថា​នឹង​អាច​គ្រប់គ្រង​ចំនួន​សត្វ​ស្រមោច​ប្រភេទ​នេះ​នៅ​សហរដ្ឋ​អាមេរិច ។

ការ​ប្រមាញ់​ដើម្បី​គ្រប់គ្រង​ផ្នែក​ជីវសាស្ត្រ​នៃ​ស្រមោច​ភ្លើង​ដែល​បាន​នាំ​ចូល​នេះ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​នៅ​ប្រទេស​ប្រេស៊ីល ។ កម្មវិធី​របស់ ARS នៅ​មន្ទីរពិសោធន៍​គ្រប់គ្រង​ជីវសាស្ត្រ​អាមេរិច​ខាងត្បូង (SABCL) នៅ​ក្រុង Hurlingham ប្រទេស​អាហ្សង់ទីន បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៨៧ ។ បុគ្គលិក​នៅ​ទី​នោះ​បាន​ចុះ​សិក្សា​ដល់​ទី​វាល​ជាង​៣៤០​ដង​នៅ​ប្រទេស​អាហ្សង់ទីន បូលីវី ប្រេស៊ីល ឈីលី ប៉ារ៉ាហ្គាយ និង​ អ៊ុយរ៉ាហ្គាយ ដើម្បី​ស្វែងយល់ និង​តាមដាន​អំពី​ស្រមោច​ភ្លើង និង​សត្រូវ​ធម្មជាតិ​របស់​ពួក​វា ។ ក្នុង​អំឡុង​ពេល​នោះ ការ​សិក្សា​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​៣៥០.០០០​គីឡូម៉ែត្រ​ក្រឡា និង​ប្រជាពល​ស្រមោច​ចំនួន​១៥.០០០​ ត្រូវ​បាន​ប្រមូល​យក​ ឬ​ពិនិត្យ​វិភាគ​នៅ​ទីវាល ហើយ​ប្រជាពល​ស្រមោច​ប្រមាណ​១៥០​ ត្រូវ​បាន​ចាប់​យក​ទៅ​ដាក់​សម្ភារៈ​ឧបករណ៍​ដាច់​ដោយ​ឡែក​ពី​គេ​នៃ​មជ្ឈមណ្ឌល​សម្រាប់​បាណកសាស្ត្រ​ (វិទ្យាសាស្ត្រ​ខាង​សត្វ​ល្អិត) នៃ​វិជ្ជសាស្ត្រ កសិកម្ម និង​បសុសត្វ (CMAVE) នៅ​ក្រុង​ Gainesville រដ្ឋ Florida ។

ស្រមោចភ្លើងមានចំនួនច្រើនជាងគេនៅទ្វីបអាមេរិចខាងត្បូង​​​​​​​​​​

អ្នក​វិទ្យាសាស្ត្រ​នៅ​មន្ទីរ​ពិសោធន៍ SABCL បាន​សិក្សា​អំពី​អន្តរកម្ម​រវាង RIFA (ឈ្មោះ​វិទ្យាសាស្ត្រ Solenopsis invicta) និង​ស្រមោច​ស៊ី​ចំណី​នៅ​ខ្ពស់​ពី​ដី​ដទៃ​ទៀត​ក្នុង​លំនៅ​២​កន្លែង​នៅ​ភាគ​ឥសាន​ប្រទេស​អាហ្សង់ទីន ។ បន្សំ​នៃ​ អន្លុង​អន្ទាក់ និង​ នុយ​ ត្រូវ​បាន​ប្រើ​ដើម្បី​សិក្សា​សកម្មភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សហគមន៍​ស្រមោច​ ដើម្បី​មើល​ពី​របៀប​ដែល​ស្រមោច​ធ្វើ​អន្តរកម្ម​ជាមួយ​គ្នា​ពី​មួយ​ទៅ​មួយ ។ អន្លុង​អន្ទាក់​នីមួយៗ​មាន​បំពង់​ប្លាស្ទិច​ទំហំ​៥០​មីលីម៉ែត្រ​ កប់​នៅ​ក្នុង​ដី និង​បំពេញ​ពាក់​កណ្ដាល​ដោយ​ទឹក​សាប៊ូ ផ្ដល់​ឱកាស​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​នូវ​ភាព​ចម្រុះ​ និង​ភាព​សំបូរ​បែប​នៃ​ប្រភេទ​ស្រមោច​នៅ​ទីតាំង​សិក្សា ។ នុយ ​មាន​ត្រី​កំប៉ុង Tuna ចំនួន​១​ក្រាម ដាក់​នៅ​ក្នុង​ប្រែង​ប្លាស្ទិច​អង្កត់ផ្ចិត​៥​សង់ទីម៉ែត្រ​នៅ​ជិត​អន្ទាក់ ។ ការ​សង្កេត​ពី​ស្រមោច​ប្រកួត​ប្រជែង​ដណ្ដើម​នុយ​គ្នា​ បញ្ជាក់​អំពី​សមត្ថភាព​លុប​លើ​គេ​របស់​ប្រភេទ​ស្រមោច​នីមួយៗ​នៅ​ទីតាំង​សិក្សា ។ ប្រភេទ​ស្រមោច​ប្រមាណ​២៨​ មាន​សហត្ថិភាព​ជាមួយ​ស្រមោច​ភ្លើង S. invicta នៅ​លើ​ផ្ទៃដី​ចំហ​មួយ​នៃ​ព្រៃ​តាម​បណ្ដោយ​ផ្លូវ​ទឹក ខណៈ​ដែល​មាន​ប្រភេទ​ស្រមោច​តែ​១០​ប៉ុណ្ណោះ​មាន​សហត្ថិភាព​ជាមួយ​ស្រមោច​ភ្លើង​ S. invicta នៅ​លើ​វាល​ស្មៅ​ស្ងួត ។ លោក Luis Calcaterra អ្នក​ជីវសាស្ត្រ​នៃ​មន្ទីរ​ពិសោធន៍ SABCL ដែល​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នាយក​នៃ​មន្ទីពិសោធន៍​នេះ​ គឺ​លោក Juan Briano បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ស្រមោច​ភ្លើង RIFA ប្រតិបត្តិ​មាន​ប្រសិទ្ធិភាព​ក្នុងនាម​ជា​អ្នក​រុករក​ឃើញ និង​អ្នកលុប​លើ​គេ​ក្នុង​តំបន់​លំនៅ​ស្ងួត ទោះបីជា​តំបន់​នេះ​មិន​សូវ​មាន​ធនធាន​ក៏​ដោយ” ។

លោក Luis Calcaterra និយាយ​ថា នៅ​ក្នុង​ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​លើ​សត្វ​ស្រមោច​ជាង​១០០​ប្រភេទ​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ និង​បរិស្ថាន​កែប្រែ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អាហ្សង់ទីន​បង្ហាញ​ថា ស្រមោច RIFA គឺ​ជា​ប្រភេទ​ពូជ​ស្រមោច​ដែល​មាន​ចំនួន​លើសលុប​នៅ​ក្នុង​លំនៅ​ប្រភេទ​ផ្សេងៗ​ទៀត​ផង​ដែរ ។

មុន​មាន​ការ​សិក្សា​ទាំង​នេះ គេ​ជឿថា​ស្រមោច​ភ្លើង​មិន​មែន​មាន​ចំនួន​លើស​លុប​នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​វា​ទេ ។ ប៉ុន្តែ ​វា​បាន​បង្ហាញ​ពី​ភាព​លើសលុប​ទាំង​ចំនួន​ និង​ការ​ប្រព្រឹត្តិ ឈ្នះ​អន្តរកម្ម​៧០%​ ធៀប​នឹង​ស្រមោច​ដទៃ ជាពិសេស​ ប្រឈម​នឹង​អ្នក​ប្រកួត​ប្រជែង​ដ៏​កាចសាហាវ​របស់​វា​គឺ​ Pheidole obscurithorax ដែល​ជា​ពូជ​ស្រមោច​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​អាហ្សង់ទីន និង​ប៉ារ៉ាហ្គាយ ។ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ស្រមោច​អាហ្សង់ទីន​ឈ្មោះ Linepithema humile ស្រមោច​ភ្លើង​អាច​យក​ឈ្នះ​បាន​៨០%​ នៅ​រាល់​ពេល​ប្រយុទ្ធ ។.

លោក Luis Calcaterra មាន​ប្រសាសន៍​ថា “ការ​កេណ្ឌ​គ្នា​បាន​ច្រើន​ក្នុង​រយៈពេល​ដ៏ខ្លី​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ស្រមោច​ភ្លើង​អាច​គ្រប​ត្រួតត្រា​នុយ​បាន​ច្រើន​ជាង​គេ ។ ពួកវា​រៀបចំ​ចាត់​ចែង​គ្នា​បាន​ល្អ” ។

ទោះបី​ជា​ស្រមោច​ភ្លើង​មាន​ភាព​លើស​លុប​ក្នុង​បរិស្ថាន ការ​សិក្សា​បង្ហាញ​ថា ប្រភេទ​ស្រមោច​ដទៃ​ទៀត​ក៏​អាច​មាន​សហត្ថិភាព​ជាមួយ​ពួក​វា​ដែរ ។ លោក Luis Calcaterra ពន្យល់​ថា “ការណ៍​នេះ​វា​អាច​កើត​មាន​ដោយសារ​សមត្ថភាព​ខ្សោយ​នៃ​ S. invicta ក្នុង​ការ​រកឃើញ​ធនធាន (ចំណី) ប៉ុន្តែ​​ក៏​ដោយសារ​មាន​ស្រមោច​ចម្រុះ​កម្រិត​ខ្ពស់​ជាង​នៅ​ក្នុង​ទំហំ​ចម្ងាយ​កំណើត​របស់​វា​ធៀប​នឹង​ទីតាំង​ដែល​ត្រូវ​បាន​នាំ​វា​មក​ព្រលែង” ។ វត្តមាន​នៃ​រុយ Phorid មាន​ផលប៉ះពាល់​ដល់​អត្រា​ចំណី​របស់​ស្រមោច​ភ្លើង ប៉ុន្តែ​មាន​ផលប៉ះពាល់​តិចតួច​ដល់​អន្តរកម្ម​នៃ​ស្រមោច​ភ្លើង​ជាមួយ​ស្រមោច​ដទៃ​ទៀត ។

ការគ្រប់គ្រងជីវសាស្ត្រនៃស្រមោចភ្លើងក្រហមនាំចូលក្នុងសហរដ្ឋអាមេរិច​​​​​​​​​​​

ការ​ផ្ទេរ​បច្ចេកវិទ្យា​រវាង​មជ្ឈមណ្ឌល CMAVE និង​មន្ទីរ​ពិសោធន៍ SABCL មាន​ផលប្រយោជន៍​ទាំង​សងខាង ។ ជាសរុប​ មាន​ការ​ដឹកជញ្ជូន​ចំនួន​៣៦​លើក​ ពី​មន្ទីរ​ពិសោធន៍ SABCL ទៅ​ទៅ​មជ្ឈមណ្ឌល CMAVE ដែល​ក្នុង​នោះ​មាន​ប្រជាពល​ស្រមោច​ចំនួន​៣៩៧ (២០៤​មាន​ជម្ងឺ ១៣៦​ផ្ញើ​ប្រាណ​ដោយ​រុយ​ Phorid ឬ​មាន​ស្រមោច​បញ្ញើក្អែក និង​៥៧​មាន​សុខភាព​ល្អ) ។ មន្ទីរពិសោធន៍​បាន​បន្ត​រក​មើល​សក្ដានុពល​គ្រប់គ្រង​ជីវសាស្ត្រ​នៃ​បេក្ខជន​សំខាន់ៗ​គឺ ៖ អន្តោបរាសិត (Microsporidia) ប្រភេទ Kneallhazia solenopsae និង Vairimorpha invictae, រុយ Phorid នៅ​ក្នុង​ពួក Pseudacteon, ស្រមោច​បញ្ញើក្អែក Solenopsis daguerrei, ឪម៉ាល់​នៅ​ក្នុង​ពួក Orasema, និង​ណេម៉ាតូត Allomermis solenopsii ។

លោក David Oi បាណកវិទូ​នៃ​មជ្ឈមណ្ឌល CMAVE ​មាន​ប្រសាសន៍​ថា “ធាតុ​បង្ក​ជម្ងឺ​ដូចជា K. solenopsae និង V. invictae តែឯង ឬ​ក្នុង​បន្សំ​ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​ប្រជាពល​នៃ​ស្រមោច​ភ្លើង​ពី​ ៥៣​ ទៅ ​១០០%​ នៅ​ប្រទេស​អាហ្សង់ទីន” ។

បច្ចុប្បន្ន​ រុយ Phorid ដែល​ជា​សត្វ​បញ្ញើក្អែក និង​សម្លាប់​ស្រមោច​ភ្លើង ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិច​ដើម្បី​កាត់​បន្ថយ​ចំណី​របស់ RIFA និង​ជួយ​គ្រប់គ្រង​ប្រជាពល​មួយ​ចំនួន ។

ឥឡូវនេះ​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល CMAVE និង​មន្ទីរ​ពិសោធន៍ SABCL ស្វែងរក​បន្ថែម​វិធី​វិទ្យាសាស្ត្រ​ថ្មី​មួយ​ដោយ​ប្រើ​រុយ Phorid ធ្វើ​ជា​ភ្នាក់ងារ​ចម្លង​ជម្ងឺ​ដើម្បី​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រជាពល​ស្រមោច​ភ្លើង​ដោយ​អន្តោបរាសិត ។

ទោះបីជា​ទិន្នន័យ​បឋម​បង្ហាញ​ថា អន្តោបរាសិត V. invictae មិន​អាច​បញ្ជូន​ចម្លង​ដោយ​ជោគជ័យ​ទៅ​ឲ្យ​រុយ Phorid ក៏​អន្តោបរាសិត K. solenopsae អាច​បញ្ជូន​ចម្លង​ប្រកប​ដោយ​ប្រសិទ្ធិភាព ។ លោក David Oi, លោក Sanford Porter និង Steven Valles បាណកវិទូ​នៃ​មជ្ឈមណ្ឌល CMAVE, និង​លោក Juan Briano និង​លោក Luis Calcaterra នៃ​មន្ទីរ​ពិសោធន៍ SABCL អាច​បង្ក​រោគ​ឲ្យ​រុយ Phorid ដោយ​អន្តោបរាសិត K. solenopsae ដោយ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​រុយ​Phorid ទេ ។ ជំហាន​បន្ទាប់​គឺ​កំណត់​ថា​តើ​រុយ Phorid​ ដែល​ឆ្លង​ជម្ងឺ​ អាច​ចម្លង​ទៅ​ឲ្យ RIFA បាន​ឬ​ទេ ដោយ​ផ្ដល់​នូវ​យន្តការ​មួយ​ទៀត​ក្នុង​ការ​ចម្លង​ជម្ងឺ​ក្នុង​ចំណោម​ប្រជាពល RIFA ។

លោក David Oi និយាយ​ថា “អន្តោបរាសិត K. solenopsae មិន​ត្រឹម​តែ​កាត់​បន្ថយ​ទំហំ​ប្រជាពល​ស្រមោច​ភ្លើង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​កាត់​បន្ថយ​បរិមាណ​ស្រមោច​បន្ត​ពូជ​ដែល​ប៉ះពាល់​ដល់​ភាព​រស់រាន​របស់​ស្ដេច​ស្រមោច និង​បង្កើន​អត្រា​មរណៈ​នៃ​ប្រជាពល” ។

ការ​សហប្រតិបត្តិការ​ស្រាវជ្រាវ​ផ្សេង​ទៀត​រវាង​មជ្ឈមណ្ឌល CMAVE និង​មន្ទីរ​ពិសោធន៍ SABCL ស្ដីពី​ការ​គ្រប់គ្រង​ជីវសាស្ត្រ​នៃ​ស្រមោច​ភ្លើង ធ្វើការ​វាយ​តម្លៃ​ពី​អន្តរកម្ម​បរិស្ថាន​នៃ​ស្រមោច​ភ្លើង​ និង​រុយ Phorid នៅ​ក្នុង​លំនៅ​ខុសៗ​គ្នា​នៅ​ប្រទេស​អាហ្សង់ទីន ។ ការ​សិក្សា​ពី​ហ្សែន​ក៏​កំពុង​តែ​ប្រតិបត្តិការ​នៅ​មជ្ឈមណ្ឌល CMAVE ជាមួយ​សម្ភារៈ​ដែល​ប្រមូល​មក​ពី​ទ្វីប​អាមេរិច​ខាងត្បូង​ ដើម្បី​កំណត់​ចរិក​លក្ខណៈ​រចនាសម្ព័ន្ធ​ប្រជាពល​របស់​ស្រមោច​បញ្ញើក្អែក S. daguerrei និង​ដើម្បី​កំណត់​ប្រភព​កំណើត​ប្រជាពល​នៃ​ស្រមោច​ភ្លើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិច និង​ប្រទេស​ផ្សេងៗ​ទៀត ។

លោក David Oi មាន​ប្រសាសន៍​ថា “យើង​បន្ត​ការងារ​របស់​យើង​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការ​គ្រប់គ្រង​ប្រជាពល​ស្រមោច​ភ្លើង និង​សម្រាល​ការ​បំផ្លិចបំផ្លាញ​របស់​ពួក​វា” ។ អត្ថបទ​ដោយ Sharon Durham និង Alfredo Flores

បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/July 2009)

កំណត់​ចំណាំៈ ក្នុង​ចំណោម​ប្រជាពល​សត្វ​ល្អិត​ដូចជា​ស្រមោច​មាន​បែងចែក​មុខងារ​ជា​​៣​ក្រុម​ដាច់​ពី​គ្នា​គឺ ៖ ស្ដេច (មាន​រូបរាង​ធំ​ជាង​គេ ជា​អ្នក​ពង​កូន​បន្ត​ពូជ​ពង្ស) ទាហាន (ជា​ក្រុម​ការពារ​ប្រជាពល​ទាំង​មូល) និង​ កម្មករ (ជា​អ្នក​ចេញ​ស្វែង​រក​ចំណី​មក​ចិញ្ចឹម​ស្ដេច និង​ទាហាន)

ស្ព័រ​នៃ​ភ្នាក់ងារ​ចម្លង​អន្តោបរាសិត Kneallhazia solenopsae គឺជា​ការ​គ្រប់គ្រង​ជីវសាស្ត្រ​ប្រកប​ដោយ​សក្ដានុពល​លើ​ស្រមោច​ភ្លើង

ស្ព័រ​នៃ​ភ្នាក់ងារ​ចម្លង​អន្តោបរាសិត Kneallhazia solenopsae គឺជា​ការ​គ្រប់គ្រង​ជីវសាស្ត្រ​ប្រកប​ដោយ​សក្ដានុពល​លើ​ស្រមោច​ភ្លើង

រុយ​បញ្ញើ​ក្អែក Phorid ព្យាយាម​ចុច​ពង្រាយ​ពង​បញ្ចូល​ស្រមោច​ភ្លើង​កម្មករ ។ ប្រសិន​បើ​រុយ​អាច​បញ្ចូល​ពង​ដែល​មាន​អន្តោបរាសិត​ទៅ​ក្នុង​ស្រមោច ឬ​ស្រមោច​ភ្លើង​នេះ​សម្លាប់​ ហើយ​ស៊ី​រុយ ​នោះ​វា​នឹង​ឆ្លង​ជម្ងឺ បន្ទាប់​មក​វា​ក៏​ស្លាប់

រុយ​បញ្ញើ​ក្អែក Phorid ព្យាយាម​ចុច​ពង្រាយ​ពង​បញ្ចូល​ស្រមោច​ភ្លើង​កម្មករ ។ ប្រសិន​បើ​រុយ​អាច​បញ្ចូល​ពង​ដែល​មាន​អន្តោបរាសិត​ទៅ​ក្នុង​ស្រមោច ឬ​ស្រមោច​ភ្លើង​នេះ​សម្លាប់​ ហើយ​ស៊ី​រុយ ​នោះ​វា​នឹង​ឆ្លង​ជម្ងឺ បន្ទាប់​មក​វា​ក៏​ស្លាប់

រុយ Phorid ទើប​តែ​ញាស់​ចេញ​ពី​ក្បាល​នៃ​ស្រមោច​ភ្លើង​ក្រហម​ដែល​ងាប់​ដោយ​ការ​ប្រើ​ប្រាណ

រុយ Phorid ទើប​តែ​ញាស់​ចេញ​ពី​ក្បាល​នៃ​ស្រមោច​ភ្លើង​ក្រហម​ដែល​ងាប់​ដោយសារ​​ការ​ផ្ញើ​​ប្រាណ​របស់​រុយ

 

August 17, 2009

ការ​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​កំពុង​ក្លាយជា​ការ​ពិត

ស្រូវ និង​អង្ករ​ផ្ការំដួល​របស់​ខ្មែរ

ស្រូវ និង​អង្ករ​ផ្ការំដួល​របស់​ខ្មែរ

អាជ្ញាធរ​សៀម​បាន​ស្នើ​ឱ្យ​កម្ពុជា​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​រួម​គ្នា​ ​និង​ចាត់​ទុក​ថា​ជា​ការ​កំណត់​ថ្លៃ​លក់​ ​និង​បង្កើន​ការ​លក់​អង្ករ​ចេញ​ជា​អន្ដរជាតិ​ ​ដោយ​មាន​ប្រទេស​វៀតណាម​ ​ឡាវ​ ​និង​ភូមា​ចូលរួម​ផង​ដែរ ។ ការ​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​នេះ​ ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ដល់​អនុសាសន៍​រួច​មក​ហើយ​ឱ្យ​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​គួរតែ​បង្កើត​សមាគម​នាំ​អង្ករ​ចេញ​ ​ដូច​អង្គការ​ ​OPEC​ ​នាំ​ប្រេង​ចេញ​ដូច្នោះ​ដែរ ។​ ​ពេល​នេះ​ការ​ស្នើ​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ ​កំពុង​ក្លាយជា​ការ​ពិត​ ​ដែល​ពេល​នោះ​ប្រជា​កសិករ​មិន​ចាំបាច់​ដឹកស្រូវ​ទៅ​លក់​ឱ្យ​ប្រទេស​ជិតខាង​ទៀត​ទេ​ ​ព្រោះ​ការ​វិនិយោគ​ពិតជា​នឹង​កើត​មាន​ឡើង ។

កាលពី​ថ្ងៃ​ទី​១៤​ ​ខែ​សីហា​ ឆ្នាំ​២០០៩ ​លោកស្រី​ ផន​ ​ធីវ៉ា​ណាខាសាយ​ ​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​សៀម​ ​បាន​ថ្លែង​ពី​ការ​ពិភាក្សា​ទ្វេភាគី​ជាមួយ​កម្ពុជា​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​អាស៊ាន​ ​(AEM) លើក​ទី​៤១​ក្នុង​ទីក្រុង​បាងកក​ថា​ ​សៀម​បាន​ស្នើ​ឱ្យ​រៀបចំ​បង្កើត​សមាគម​នាំ​ចេញ​អង្ករ​រួម​គ្នា​ក្នុង​ក្រុម​ប្រទេស​តាម​ដង​ទន្លេ​ ​អ៊ីរ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ​ ​ឬ​ ​ACMECS ដែល​មាន​ប្រទេស​សៀម​ ​វៀតណាម​ ​កម្ពុជា​ ​ឡាវ​ ​និង​ភូមា​ ​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ​អង្ករ ។​ ​នៅ​ក្នុង​ការ​ពិភាក្សា​លើក​នេះ​ ​ក៏​បាន​ដាក់​យុទ្ធសាស្ដ្រ​ក្នុង​នាម​ប្រទេស​នាំ​ចេញ​អង្ករ​ពិភពលោក​ ​ដោយ​ប្រគល់​ឱ្យ​មន្ដ្រី​នៃ​ប្រទេស​នីមួយៗ​ធ្វើការ​ចរចា​ ​និង​ដំណើរការ​ដោយ​ផ្នែក​ឯកជន​ ​មាន​រដ្ឋ​ផ្ដល់​ការ​ទ្រទ្រង់​ ​ដែល​អាច​ដំណើរការ​បាន​នៅ​ក្នុង​ឆ្នាំ​២០១០ ។

ចំណែក​លោក​ ឈូគៀត​ ​អូផាសាវុង​ ​នាយក​សមាគម​នាំ​អង្ករ​ចេញ​របស់​សៀម​ ​បានឱ្យ​ដឹង​ថា​ ​គោល​ជំហរ​ខាងលើ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្ដែ​ការ​ប្រតិបត្ដិ​ប្រហែល​ដំណើរការ​យ៉ាង​ពិបាក​ ​និង​មិន​អាច​កើត​ឡើង​បាន​ព្រោះ​ពាណិជ្ជកម្ម​អង្ករ​មាន​ការ​កំណត់​លើ​ការ​គ្រប់គ្រង​ ​រួម​ទាំង​ការ​នាំ​ចេញ​អង្ករ​មាន​ឯករាជ្យ​ ​និង​មានការ​ប្រកួត​ប្រជែង​ខ្ពស់ ។​ ​ប្រសិនបើ​មាន​ដំណើរ​ការ​អាច​ខុស​នឹង​គោលការណ៍​ពាណិជ្ជកម្ម​សេរី​ ​ឬ​បើសិនជា​មាន​ការ​បញ្ជា​ឱ្យ​នាំ​ចេញ​ស្រប​ទៅ​តាម​ប្រព័ន្ធ​ដែល​រដ្ឋ​កំណត់​ ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់ ។

ទោះបីជា​បែប​ណា​ ​វិធី​រៀបចំ​ឱ្យ​សមាគម​នេះ​ដំណើរការ​គឺជា​គោលដៅ​ហើយ ។​ ​បច្ចុប្បន្ន​ប្រទេស​សៀម​ ​និង​វៀតណាម​ ​បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​នាំ​អង្ករ​ចេញ​ ​តែ​សូម​កុំ​ភ្លេច​ថា​ ​ប្រទេស​ទាំង​២​នេះ​ក៏​ជា​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ដែរ ។

សារព័ត៌មាន​កោះសន្ដិភាព, ថ្ងៃ​ទី​១៧​ ​ខែ​សីហា​ ​ឆ្នាំ​២០០៩

រូបភាព​កណ្ដាប់​ស្រូវ​ ​និង​អង្ករ​ដែល​ជា​កសិផល​របស់​កសិករ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

រូបភាព​កណ្ដាប់​ស្រូវ​ ​និង​អង្ករ​ដែល​ជា​កសិផល​របស់​កសិករ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

 

ជីវប្រវត្តិរបស់ នួន ជា ឬ ឡូ បិនគុណ ឬ ឡៅ បេនគន ឬ រុងឡឺត ឡៅឌី ឬ រុងលឹត ឡៅឌី

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

នួន ជា ​នៅ​ទីក្រុង​បាងកក (១៩៤២-១៩៥០) និង​បក្ស​កុម្មុយនីស្ដ​ថៃ

ជីវិត​របស់​បុរស​នេះ​នៅ​ទីក្រុង​បាងកក​ដែល​បាន​ក្លាយជា “បងធំ​ទី​២” នៅ​ក្នុង​របប​ខ្មែរក្រហម

ដោយ អ៊ីជី ម៉ូរ៉ាស្ស៊ីម៉ា

ផ្អែក​លើ​បទ​សម្ភាសន៍​ជាមួយ នួន ជា​ និង​អតីត​សម​មិត្ដ​របស់​គាត់​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ និង​ផ្អែក​លើ​កំណត់​ត្រា​សិក្សា​នៅ​ក្នុង​ទីក្រុង​បាងកក​ ការ​សិក្សា​នេះ​បង្ហាញ​ជូន​ពី​ភាព​លម្អិត​ស្ដី​អំពី​ជីវិត​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក​ និង​កែតម្រូវ​ព័ត៌មាន​ដែល​ភ័ន្ដ​ច្រឡំ​បាន​សរសេរ​អំពី​គាត់ ។ គាត់​កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ នៅ​ខេត្ដ​បាត់ដំបង និង​បាន​ទៅ​ទីក្រុង​បាងកក នៅ​ឆ្នាំ​១៩៤២ ដើម្បី​សិក្សា​ថ្នាក់ឧត្ដម​ដោយ​មាន​ឈ្មោះ​ថា រុងឡឺត ឡៅឌី ឬ រុងលឹត ឡៅឌី ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​រៀន​វគ្គ​ត្រៀម​២​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ បន្ទាប់​មក​បាន​ចូល​រៀន​ខាង​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ ។ គាត់​បាន​ចូល​ក្នុង​អង្គការ​យុវជន​ថៃ​ឆ្វេងនិយម​នៅ​ឆ្នាំ​១៩៤៧​ និង​បាន​ចាប់​ផ្ដើម​បម្រើ​ការ​ជា​ស្មៀន​នៅ​ក្រសួង​ហិរញ្ញវត្ថុ ។ ក្នុង​ចំណោម​មិត្ដភក្ដិ​ជិត​ស្និទ្ធ​របស់​គាត់ គាត់​បាន​ស្គាល់​អង្គការ​យុវជន​ថៃ ហើយ​អ្នក​នៅ​កន្លែង​ធ្វើការ​របស់​គាត់​គឺជា​អ្នក​ដែល​បាន​ក្លាយជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ដ​ថៃ​ ប៉ុន្ដែ​គាត់​ស្ថិត​ក្រៅ​មណ្ឌល​របស់​បក្ស​អស់​រយៈពេល​៤​ឆ្នាំ​ដោយ​មិន​ចូលរួម​រហូត​ដល់​ឆ្នាំ​១៩៥០ ។

ត្រឹម​ខែ​មករា​ ឆ្នាំ​១៩៥០ គាត់​ស្ទើរតែ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​ទី​ពីរ​នៅ​សាកលវិទ្យាល័យ ។ នៅ​ឆ្នាំ​នោះ​គាត់​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ថៃ និង​ចាប់ផ្ដើម​ធ្វើការ​នៅ​ក្នុង​ក្រសួងការបរទេស ។ ប៉ុន្ដែ​គាត់​បាន​បោះបង់​ចោល​ការ​សិក្សា និង​ការងារ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ មាន​ព័ត៌មាន​តិចតួច​ ឬ​គ្មាន​សោះ​ស្ដី​អំពី​ពេលវេលា​របស់​ នួន ជា នៅ​ក្នុង​ប្រទេស​ថៃ​ពន្យល់​អំពី​ជម្រើស​នយោបាយ​កែប្រែ​សង្គម​ទាំងស្រុង និង​កាប់សម្លាប់​នៅ​ពេល​ដែល​ខ្មែរក្រហម​កាន់​អំណាច ។ ជម្រើស​ទាំងនេះ​ប្រាកដជា​មាន​ឫសគល់​ផ្សេង​ទៀត​ ដូចជា ​បទ​ពិសោធន៍​របស់ នួន ជា នៅ​ក្នុង​ប្រទេស​វៀតណាម​ ឬ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​គាត់​មក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៥៥ ។

 នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

សេចក្ដី​ផ្ដើម

ក្នុង​នាម​ជា​លេខា​ទី​ពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា ជា​តំណែង​ដែល​គាត់​បាន​កាន់​តាំងពី​ឆ្នាំ​ទសវត្សរ៍​ឆ្នាំ​១៩៦០ នួន ជា ត្រូវ​បាន​ស្គាល់​ថា​ជា «បងធំ​ទី​២» ដែល​ឈរ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​មេដឹកនាំ​បក្ស ប៉ុល ពត ឈ្មោះ​ហៅ​ក្រៅ សាឡុត ស (១៩២៥-១៩៩៨) ។ បន្ទាប់​ពី​កាន់កាប់​ទីក្រុង​ភ្នំពេញ​ដោយ​កម្លាំង​កុម្មុយនីស្ដ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឈ្មោះ​របស់​ប្រទេស​ត្រូវ​បាន​ប្រែ​ទៅ​ជា​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ នួន ជា បាន​ក្លាយជា​ប្រធាន​សភា​តំណាង​ប្រជាជន​របស់​ប្រទេស ។ នៅ​ក្នុង​តំណែង​ជា​ច្រើន​គាត់​បាន​ក្លាយជា​កម្លាំង​ជំរុញ​បែប​មនោគមន៍វិជ្ជា​នៅ​ពីក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ទទួល​ខុសត្រូវ​ចំពោះ​គោលនយោបាយ​ផ្លាស់​ប្ដូរ​ប្រទេស​ទាំងស្រុង​របស់​ខ្លួន ។​

បន្ទាប់​ពី​ការ​លុកលុយ​របស់​វៀតណាម​មក​លើ​កម្ពុជា​នៅ​ចុង​ឆ្នាំ​១៩៧៨ គាត់​បាន​ស្នាក់​នៅ​ជាមួយ ប៉ុល ពត ដោយ​ដកថយ​មក​ជាមួយ​មេដឹកនាំ​បក្ស​មក​កាន់​ជនបទ ។ ប៉ុល ពត ស្លាប់​នៅ​ខែ​មេសា ឆ្នាំ​១៩៩៨ ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​ដដែល នួន ជា ជាមួយ ខៀវ សំផន ប្រមុខរដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ថា​យល់​ព្រម​ចុះ​ចូល និង​និយាយ​ថា​ពួក​គេ​មាន​បំណង​រស់​នៅ​ក្នុង​ប្រទេស​ជា​ពលរដ្ឋ​សាមញ្ញ ។ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​ស្នើ​ឡើង​នេះ ។ បន្ទាប់​ពី​នោះ នួន ជា បាន​ផ្លាស់​ទៅ​ក្រុង​ប៉ៃលិន​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ហើយ​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់ ។ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧​ គាត់​ត្រូវ​បាន​ចាប់ខ្លួន និង​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​នៃ​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ គាត់​ត្រូវ​បាន​នាំ​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​សវនាការ​នៅ​ចំពោះ​មុខ​សាលាក្ដី​ពិសេស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ទំនុក​បម្រុង​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍ ។

 នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

ចំណេះដឹង​រួម​មួយ​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ស្ដីពី​ប្រវត្ដិសាស្ដ្រ​កម្ពុជា​សម័យ​ទំនើប​គឺ នួន ជា បាន​ទទួល​ការ​អប់រំ​ថ្នាក់​មធ្យម និង​ថ្នាក់ឧត្ដម​នៅ​ទីក្រុង​បាងកក​ដែល​គាត់​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ធ្វើការ​ជា​មន្ដ្រី​មួយ​រូប​នៅ​ក្នុង​រដ្ឋាភិបាល​ថៃ​ ហើយ​នៅ​ក្នុង​ទីក្រុង​បាងកក​គាត់​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​មិន​មាន​ការ​សិក្សា​ណាមួយ​ដែល​ផ្ដល់​ឱ្យ​នូវ​រូបភាព​ត្រឹមត្រូវ និង​លម្អិត​របស់​បុរស​ម្នាក់​នៅ​ក្នុង​អំឡុង​ឆ្នាំ​ដែល​គាត់​បាន​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក​ទេ ។ នៅ​ក្នុង​ស្នាដៃ​របស់​គាត់​ស្ដីពី ប៉ុល ពត ដេវីដ ឆេនល័រ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ល្បីល្បាញ​ម្នាក់​ទៅ​លើ​ប្រវត្ដិសាស្ដ្រ​កម្ពុជា​សម័យ​ទំនើប​គ្រាន់តែ​បង្ហាញ​ជួន​ដោយ​សង្ខេប​អំពី នួន ជា ដោយ​និយាយ​យ៉ាង​ងាយ​ថាៈ នួន ជា គឺជា​ខ្មែរ​កាត់​ចិន​មក​ពី​ខេត្ដ​បាត់ដំបង​ ហើយ​កើត​ក្នុង​គ្រួសារ​ធូរធា​នៅ​ឆ្នាំ​១៩២៧ ។ ឈ្មោះ​របស់​គាត់​ពី​កំណើត​គឺ ឡូ បិនគុណ (ឡៅ បេនគន ?) ។ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​នៅ​ពេល​ដែល​ខេត្ដបាត់ដំបង​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ថៃ​ គាត់​បាន​ទៅ​ទីក្រុង​បាងកក​ដែល​គាត់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​នៅ​ក្រោម​ឈ្មោះ ឡុង រួត ។ នៅ​ឆ្នាំ​១៩៤៥ គាត់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជា​និស្សិត​ច្បាប់​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ក្នុង​ទីក្រុង​បាងកក ដែល​គាត់​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា ។ ភ្លាម​នោះ​គាត់​បាន​ក្លាយជា​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។ គាត់​ប្រហែល​ត្រូវ​បាន​ជំរុញ​ឱ្យ​ធ្វើ​ដូច្នោះ​ដោយ​ជីដូនមួយ​របស់​ឈ្មោះ ស៊ីវ ហេង ដែល​បាន​ចំណាយ​ពេល​មួយ​ផ្នែក​ក្នុង​សង្គ្រាម​នៅ​ទីក្រុង​បាងកក ហើយ​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន​នៅ​ខេត្ដ​បាត់ដំបង​នៅ​ឆ្នាំ​១៩៤៥ ។

ឧទាហរណ៍​មួយទៀត​គឺជា​ការ​អត្ថាធិប្បាយ​សង្ខេប​របស់ ប៊ែន ឃៀរនិន អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ដែល​មាន​ចំណេះ​ដឹង​លម្អិត​អំពី​បក្ស​កុម្មុយនីស្ដ​កម្ពុជា ។ គាត់​សរសេរ​នៅ​ក្នុង​ស្នាដៃ​របស់​គាត់​ស្ដីពី​ប្រធានបទ​នេះ​ថាៈ «នៅ​ឆ្នាំ​ដូច​គ្នា (ឆ្នាំ​១៩៤៥) ឡុង រ៉េត និស្សិត​ច្បាប់​ជនជាតិ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ​ទីក្រុង​បាងកក​ដែល​បម្រើ​ការងារ​ពាក់កណ្ដាល​ម៉ោង​ជា​ស្មៀន​នៅ​ក្នុង​ក្រសួង​ការបរទេស​ត្រូវ​បាន​ជ្រើសរើស​ដោយ មួន​ និង​ក្រោយមក​បាន​ចូលរួម​បក្ស​កុម្មុយនីស្ដ​ថៃ ។ គាត់​បាន​ផ្លាស់​ទៅ​ខេត្ដ​បាត់ដំបង​ហើយ​ភ្លាម​នោះ​បាន​ផ្ទេរ​ទៅ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន (នៅ​ឆ្នាំ​១៩៦០ ក្រោម​ឈ្មោះ នួន ជា គាត់​បាន​ក្លាយជា​លេខា​ទី​ពីរ​របស់​បក្ស​កុម្មុយនីស្ដ​កម្ពុជា) ។»

មាន​និក្ខេបបទ​ថ្នាក់បណ្ឌិត​ដែល​រៀបចំ​ឡើង​ដោយ ស៊ុមសាក់ ជីមទើរ៉ាសាគល់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ថៃ​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ស្ដីពី​ប្រវត្ដិសាស្ត្រ​បក្ស​កុម្មុយនីស្ដ​ថៃ ។ ទាក់ទិន​នឹង នួន ជា ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ក្នុង​បក្ស ស៊ុមសាក់ ភ្ជាប់​សេចក្ដី​សង្ខេប​ជាមួយ​ពាក្យ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​របស់​ឧត្ដម ស៊ីសុវ៉ាន ដោយ​សរសេរ​ថាៈ «នៅ​ឆ្នាំ​១៩៤៧ ឧត្ដម​ ចង​ចាំ​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​ស្នើ​ឱ្យ​ចូលរួម​ប្រជុំ​បី​បួន​កន្លែង​របស់​កង​យុវជន​ដើម្បី​និយាយ​អំពី​ស្ថានភាព​ក្នុង​ប្រទេស និង​អន្ដរជាតិ ។ ក្នុង​នាម​ជា​កម្មាភិបាល​ម្នាក់​នៅ​ក្នុង​ការងារ​ឃោសនា​បើក​ចំហ​ជា​ធម្មតា​គាត់​មិន​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​អង្គការ​ចាត់តាំង​សម្ងាត់​បែប​នេះ​ឡើយ ។ ក្នុង​នេះ​មាន​សមាជិក​៦​ ឬ​៧​នាក់​ក្រោម​ការ​ដឹកនាំ​របស់​ រួម និង​ រឹង ​ដែល​ក្នុង​ចំណោម​នោះ​មាន​សមាជិក​ខ្មែរ​វ័យក្មេង​ម្នាក់ ។ គាត់​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​ ឧត្ដម ​ដោយ​ប្រើ​ឈ្មោះ​ “រ័ត្ន” ​ហើយ​ត្រូវ​បាន​គេ​និយាយ​ថា​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ក្រសួង​ការបរទេស​ថៃ ។ គាត់​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ដដែល ។ ក្រោយមក ឧត្ដម​ បានដឹង​ថា រ័ត្ន ការ​ពិត​គឺជា នួន ជា ដែល​បន្ទាប់​ពី​ឆ្នាំ​១៩៧៥​បាន​ក្លាយជា​ប្រធាន​សភា​តំណាង​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ។»

រួម​ជាមួយ​សេចក្ដី​សង្ខេប​ច្បាស់លាស់ អត្ថបទ​នីមួយៗ​ស្ដីពី នួន ជា ផ្ទុក​នូវ​ភាព​មិន​ត្រឹមត្រូវ​អំពី​ឆ្នាំ​កំណើត​របស់​គាត់​ជា​ឆ្នាំ​ដែល​គាត់​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ និង​វគ្គ​សិក្សា​ដែល​គាត់​បាន​ចូលរួម​ ឈ្មោះ​ដែល​គាត់​បាន​ប្រើ​នៅ​ប្រទេស​ថៃ​អំពី​ការងារ​របស់​គាត់​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ពេល​ណា និង​របៀប​ណា​ដែល​គាត់​បាន​ចូលរួម​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ​ និង​នៅ​ពេល​ណា និង​របៀប​ណា​ទើប​គាត់​បាន​ចូលរួម​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន និង​ការ​តស៊ូ​ប្រឆាំង​នឹង​បារាំង ។

នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០០១​ សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ដ្រាលី​បាន​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា​ “អ្នកស៊ើប​អង្កេត​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ស្នើ​សុំ​ឯកសារ​ដែល​ថៃ​មាន” ​ដែល​បាន​អត្ថាធិប្បាយ​ថាៈ «អ្នក​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​កំពុង​ស្នើ​សុំ​សាកលវិទ្យាល័យ​ថៃ​ដែល​ប្រកបដោយ​កិត្យានុភាព​ខ្ពស់​ឱ្យ​ប្រគល់​ឯកសារ​របស់​អ្នកដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ធ្លាប់់​បាន​សិក្សា​នៅ​ទីនោះ​ដោយ​និយាយ​ថា ឯកសារ​ទាំងនោះ​អាច​ផ្ទុក​នូវ​ភ័ស្ដុតាង​សំខាន់​សម្រាប់​សាលាក្ដី​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ។ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ សរសេរ​លិខិត​មួយ​ច្បាប់​ដោយ​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ធម្មសាត្រ​ប្រគល់​ឯកសារ​ស្ដីពី នួន ជា ជា​ “បងធំ​ទី​ពីរ” ដែល​មាន​តែ​ស្រមោល​តំណាង​ឱ្យ​ជន​ផ្ដាច់​ការ ប៉ុល ពត ។»

មន្ដ្រី​អង្គការ​សហប្រជាជាតិ​និយាយ​ថា បណ្ណសារដ្ឋាន​របស់​សាកលវិទ្យាល័យ​នឹង​ក្លាយជា​ប្រភព​ឯកសារ​ភ័ស្ដុតាង​សំខាន់​សម្រាប់​សាលាក្ដី ។ អ្នកស៊ើប​អង្កេត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ នួន ជា ដែល​ជា​លេខា​ទី​ពីរ​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ដ្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ នួន ជា បាន​ចូល​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ​ធម្មសាត្រ​ដោយ​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០ ហើយ​ក្រោយមក​ធ្វើការ​នៅ​ក្រសួង​ការបរទេស​ថៃ ឥឡូវ​គាត់​រស់នៅ​ក្រុងប៉ៃលិន​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ដែល​គាត់​ធ្លាប់​រស់នៅ​តាំងពី​ការ​តស៊ូ​របស់​ខ្មែរក្រហម​បាន​បញ្ចប់ ។​

របាយការណ៍​ព័ត៌មាន​មិន​បាន​ចង្អុល​បង្ហាញ​ថា​ តើ​សាកលវិទ្យាល័យ​ធម្មសាត្រ​បាន​ឆ្លើយ​តប​ ឬ​ក៏​អត់​ទេ​ ប៉ុន្ដែ​ទោះបី​សាកលវិទ្យាល័យ​ចង់​ឆ្លើយ​តប​ក៏​ដោយ កាល​ដែល​មិន​ស្គាល់​ឈ្មោះ​ដែល នួន ជា បាន​ប្រើ​ក្នុង​អំឡុង​ពេល​របស់​គាត់​នៅ​ទីក្រុង​បាងកក​ទំនងជា​មិន​អាច​ទៅ​រួច​ទេ​ដើម្បី​កំណត់​អត្ដសញ្ញាណ​របស់​គាត់​ចេញពី​ក្នុង​ចំណោម​និស្សិត​រាប់​ពាន់​នាក់​ដែល​បាន​ចុះ​ឈ្មោះ​នៅ​សាកលវិទ្យាល័យ​ក្នុង​អំឡុងពេល​ដែល​គាត់​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ធម្មសាត្រ ។ លើស​ពី​នេះ​ទៀត​ដូចដែល​បាន​ចង្អុល​បង្ហាញ​ខាងក្រោម​រហូត​ដល់​ឆ្នាំ​២០០១​ សូម្បី​តែ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ដែល​សកម្ម​ជាមួយ នួន ជា ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​ទីក្រុង​បាងកក​ក៏​មិន​បាន​ដឹង​ថា​សម​មិត្ដ​បក្ស​ចាស់​របស់​គាត់​ដែល​មក​ពី​ប្រទេស​កម្ពុជា​ដែល​ការ​ពិត​គឺ នួន ជា ជា​បងធំ​ទី​ពីរ​នៃ​របប​ខ្មែរក្រហម​ឡើយ ។ ចាប់ផ្ដើម​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៣ អ្នកនិពន្ធ​រូប​នេះ​បាន​ជួប​ជាមួយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​ជា​មនុស្ស​ដែល​អ្នកនិពន្ធ​បាន​ឮ​ពី នួន ជា ផ្ទាល់​គឺជា​សម​មិត្ដ​របស់​គាត់ ។ សមាជិក​ទាំងនេះ​ជា​អ្នក​ដែល​បាន​ដឹង​ច្រើន​ ប៉ុន្ដែ​ត្រឹមតែ​ថា សម​មិត្ដ​របស់​ខ្លួន​ដែល​បាន​ផ្ទេរ​ពី​បក្ស​កុម្មុយនីស្ដ​ថៃ​ទៅ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន​ ហើយ​បន្ទាប់​មក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​គឺជា​អ្នកក​ដែល​មាន​ឈ្មោះ នួន ជា ។

 នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត)

រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ព័ត៌មាន​ទូលំទូលាយ​ជា​សាធារណៈ​ស្ដី​អំពី នួន ជា ក្នុង​អំឡុងពេល​របស់​គាត់​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​អាច​យល់​ពី​ការ​ពិត​ដែល​ថា នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០០៨ ការ​ស្រាវជ្រាវ​តាម​វេបសាយ​របស់​អ្នកនិពន្ធ​ទៅ​លើ​ឈ្មោះ​ថៃ​របស់ នួន ជា គឺ រុងលឺត ឡៅឌី ដោយ​ប្រើ​អក្ខរាវិរុទ្ធ​ថៃ​ចេញ​លទ្ធផល​ច្រើន​ជាង​មួយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ស្រាវជ្រាវ​ដោយ​ប្រើ​ការ​ប្រកប​ជា​អក្សរ​រ៉ូម៉ាំង រុងលឺ ឡៅឌី ដោយ​វាយ​នៅ​ក្នុង​អត្ថបទ​កាសែត​បាងកក​ប៉ុស្ដិ៍​ដោយ​អ្នកកាសែត​ថៃ នូ សារ៉ា ដែល​ធ្លាប់​ប្រមូល​ព័ត៌មាន​សន្ធឹកសន្ធាប់​ទៅ​លើ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ផ្អែក​លើ​បទ​សម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​ជាមួយ នួន ជា អត្ថបទ​នេះ​បាន​លេច​ឡើង​នៅ​ក្នុង​កាសែត​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០០៦ ។ អ្នក​យក​ព័ត៌មាន​ដដែល​គូស​បញ្ជាក់​អំពី​ជីវិត​របស់ នួន ជា នៅ​ក្នុង​ឯកសារ​ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៦​ហើយ​ដែល​អាច​រកបាន​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។

អ្វី​ដែល នូ សារ៉ា​បាន​ឮ​ពី នួន ជា​ និង​អ្វី​ដែល​អ្នកនិពន្ធ​នេះ​បានឮ​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​គាត់​ជាមួយ នួន ជា គឺ​ដូច​គ្នា ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ឈ្មោះ នួន ជា ត្រូវ​បាន​ប្រើ​នៅ​ខណៈ​ពេល​រស់នៅ​ក្នុង​ទីក្រុង​បាងកក​ដែល​គាត់​មិន​បាន​បកស្រាយ​ការ​សម្ងាត់​ឱ្យ​អ្នកនិពន្ធ​ដឹង​ ប៉ុន្ដែ​គាត់​បាន​ប្រាប់ នូ សារ៉ា ។ នៅ​ក្នុង​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គាត់ (នូ សារ៉ា) សរសេរ​ថា នួន ជា បាន​ចូល​សាកលវិទ្យាល័យ​ធម្មសាត្រ​ការ​ពិត​វគ្គ​ត្រៀម​របស់​សាកលវិទ្យាល័យ​ឱ្យ​កំណត់​ត្រា​របស់​អ្នកនិពន្ធ​នៅ​ក្នុង​ឆ្នាំ​១៩៤៤ ដោយ​ប្រើ​ឈ្មោះ​ថៃ រុងលឺត ឡៅឌី ។ បើ​គ្រាន់តែ​មើល​មួយ​ភ្លែត​ស្នាដៃ​របស់ នូ សារ៉ា លេច​ឡើង​ហួស​ពី​អ្វី​ដែល​មាន​ពី​មុន​មក​ស្ដី​អំពី នួន ជា ប៉ុន្ដែ​បើ​អាន​អត្ថបទ​របស់​គាត់​ឱ្យ​ដិត​ដល់​ជាង​នេះ​អត្ថបទ​នេះ​បង្ហាញ​ថា​គាត់​គ្រាន់តែ​រាយការណ៍​តែ​អ្វី​ដែល នួន ជា បាន​ប្រាប់​គាត់​តែ​ប៉ុណ្ណោះ ។ គាត់​មិន​បាន​ពិនិត្យ​មើល​ទ្រឹស្ដី​ ឬ​ឯកសារ​ដើម​ផ្សេងៗ​ទៀត​ឡើយ ហើយ​ក៏​មិន​បាន​ស្រាវជ្រាវ​រក​អ្នក​ដែល​សកម្ម​ជាមួយ នួន ជា ក្នុង​អំឡុងពេល​ដែល​គាត់​ស្នាក់​នៅ​ទីក្រុង​បាងកក​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​អ្វី​ដែល នួន ជា ប្រាប់​គាត់​ឡើយ ។ ជាង​នេះ​ទៅ​ទៀត នូ សារ៉ា​មិន​បានដឹង​ច្បាប់​អំពី​ប្រវត្ដិសាស្ដ្រ​នយោបាយ​ថៃ​នា​ពេល​នោះ​ទេ ហើយ​ក៏​មិនដឹង​ច្បាស់​អំពី​ច្បាប់​និយ័តកម្ម​ចំពោះ​ការ​ជ្រើសរើស​ឱ្យ​ចូល​ជា​មន្ដ្រី​រដ្ឋាភិបាល​ដែល​បណ្ដាល​ឱ្យ​គាត់​មាន​កំហុស​ជាក់ស្ដែង និង​ធ្វើ​ឱ្យ​មាន​ការ​បកស្រាយ​ដែល​ប្រកបដោយ​ភាព​សង្ស័យ ។ ជា​លទ្ធផល​អ្វី​ដែល​គាត់​បាន​សរសេរ​អំពី​ជីវិត​របស់ នួន ជា នៅ​ក្នុង​ទីក្រុង​បាងកក​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង​ជាក់ស្ដែង ។

នួន ជា (ទស្សនាវដ្ដី​ស្វែងរកការពិត) 

អ្នកនិពន្ធ​នេះ​បាន​ទៅ​សួរ​សុខទុក្ខ នួន ជា នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​ប៉ៃលិន​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០០៣ ដែល​នៅ​ពេល​នោះ​គាត់​នៅ​ជា​មនុស្ស​មាន​សេរីភាព​នៅឡើយ​ ហើយ​បាន​សម្ភាស​គាត់ (នួន ជា) អស់​រយៈពេល​៣​ម៉ោង និង​២០​នាទី ។​ នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​ធ្វើ​ឡើង​ជា​ភាសា​ថៃ នួន ជា បាន​បដិសេធ​មិន​បកស្រាយ​ឈ្មោះ​ដែល​គាត់​បាន​ប្រើ​ក្នុង​អំឡុងពេល​នៅ​ទីក្រុង​បាងកក​ ប៉ុន្ដែ​គាត់​បញ្ជាក់​ច្បាស់​ដោយ​និយាយ​ថា​សាលា​មធ្យមសិក្សា​ដែល​គាត់​បាន​បញ្ចប់​គឺជា​សាលា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ដ​បិនចាម៉ាបូភីត​ ឥឡូវ​គឺជា​សាលា​ម៉ាថាយម (បិនចាម៉ាបូភីត) ហើយ​ដែល​គាត់​បាន​បញ្ចប់​វគ្គ​ត្រៀម​ចូល​សាកលវិទ្យាល័យ​ធម្មសាត្រ​ជំនាន់​ទី​៧ ។ គាត់​ក៏​បាន​លើក​ឡើង​នូវ​ឈ្មោះ​មនុស្ស​៥​នាក់​ទៀត​ដែល​ជា​សមាជិក​របស់​បក្ស​កុម្មុយនីស្ត​ថៃ​រួម​មាន​សមាជិក​ម្នាក់​មក​ពី​កង​របស់​បក្ស​ដូច​គ្នា ។

ផ្អែក​លើ​ព័ត៌មាន​នេះ​អ្នកនិពន្ធ​បាន​ធ្វើការ​ស្វែងរក និង​បាន​រក​ឃើញ​ថា ឈ្មោះ​របស់ នួន ជា នៅ​ទីក្រុង​បាងកក​គឺ រុងលឺត ឡៅឌី ។ គាត់​អាច​រក​ឃើញ​ឯកសារ​របស់​មនុស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​នោះ​នៅ​ម៉ាថាយម បិនចាម៉ាបូភីត​ និង​សាកលវិទ្យាល័យ​ធម្មសាត្រ​ដែល នួន ជា បាន​សិក្សា​កាល​នៅ​ពី​ក្មេង​ ហើយ​នៅ​ឯ​ក្រសួង​កិច្ចការបរទេស​ថៃ​ជា​កន្លែង​ដែល​គាត់​ធ្លាប់​បាន​ធ្វើការ ។ ក្នុង​ខណៈ​ពេល​ធ្វើការ​ស្រាវជ្រាវ​នេះ​ អ្នកនិពន្ធ​ក៏​បាន​សម្ភាស​ជាមួយ​អតីត​សមាជិក​បក្ស​កុម្មុយនីស្ដ​ថៃ​មួយ​ចំនួន​ដែល នួន ជា បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​គាត់ ។

យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​មក​ពី​ការ​ស្រាវជ្រាវ​ខាងលើ​ គោលបំណង​នៃ​ការ​សិក្សា​នេះ គឺ​ដើម្បី​តាមដាន​ឱ្យ​បាន​លម្អិត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នូវ​ជីវិត និង​សកម្មភាព​នយោបាយ​របស់ នួន ជា កាលពី​នៅ​ក្មេង​ដែល​បាន​រស់នៅ​ទីក្រុង​បាងកក​ពី​ឆ្នាំ​១៩៤២​ ដល់​ឆ្នាំ​១៩៥០ ។ ជាមួយនឹង​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​អំពី​ចំណុច​ដែល​មិន​ច្បាស់លាស់​អំពី​ជីវប្រវត្ដិ​របស់​គាត់ ។ ការ​សិក្សា​នេះ​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចលនា​កុម្មុយនីស្ដ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ អំឡុង​ពេល​ដែល​ចលនា​កុម្មុយនីស្ដ​ពង្រីក​ខ្លួន​លើស​ពី​សមាជិកភាព​សំខាន់​របស់​ចិន និង​វៀតណាម​ ហើយ​បាន​ចាប់ផ្ដើម​ជ្រើសរើស​សមាជិក​ក្នុង​ចំណោម​បញ្ញាវ័ន្ដ​ថៃ និង​និស្សិត​សាកលវិទ្យាល័យ ។ នួន ជា គឺជា​និស្សិត​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​ដែល​ទទួល​ឥទ្ធិពល​ពី​កុម្មុយនីស្ដ​ហើយ​នៅ​ទី​បញ្ចប់​បាន​ចូលរួម​នៅ​ក្នុង​បក្ស​កុម្មុយនីស្ដ​ថៃ ។ មានការ​ស្រាវជ្រាវ​តិចតួច​ស្ដីពី​បក្ស​កុម្មុយនីស្ដ​ថៃ​ក្នុង​អំឡុងពេល​នេះ ។ ជាមួយនឹង​ការ​បកស្រាយ​ឱ្យ​កាន់តែ​លម្អិត​អំពី​បុគ្គល នួន ជា ការ​សិក្សា​នេះ​ក៏​នឹង​ពិនិត្យ​មើល​ទៅ​លើ​ចលនា​បក្ស​កុម្មុយនីស្ដ​ថៃ​ក្នុង​អំឡុងពេល​ក្រោយ​សង្គ្រាម​បន្ដិច​ព្រមទាំង​ពិនិត្យ​មើល​ការ​ចូលរួម​របស់​ជនជាតិ​ដែល​មាន​ការ​អប់រំ​ខ្ពស់​នៅ​ក្នុង​បក្ស​នេះ ។

ភាគបន្ត

 






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve