Chouk Khmer

July 31, 2009

ស្វែងយល់​ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍

តើ​ពាក្យ​ ​“ប្រល័យ​ពូជសាសន៍” មាន​ប្រភព​ចេញ​មក​ពី​ណ ?

មុន​សង្គ្រាមលោក​លើក​ទី​ពីរ​ (១៩៣៩-១៩៤៥) ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ។​ ​វា​ជា​ឧក្រិដ្ឋកម្ម​ដែល​មិន​ទាន់​មាន​ឈ្មោះ ។​ ​ពាក្យ​ប្រល័យ​ពូជសាសន៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេធាវី​ម្នាក់​ដែល​យល់​ថា​ ​ការ​ប៉ុនប៉ង​កម្ទេច​ជនជាតិ​ជ្វីហ្វ​ដោយ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​ ​គឺជា​ឧក្រិដ្ឋកម្ម​ដែល​អាក្រក់​ជាង​ការ​សម្លាប់​ទៅ​ទៀត ។

អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​១៩៤៨​ ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​បាន​បញ្ចប់​ ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ការ​បង្ការ​ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ។​ ​កម្ពុជា​ និង​ប្រទេស​ភាគច្រើន​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ ។​ ​អនុសញ្ញា​ទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ថា​ ជា​ឧក្រិដ្ឋកម្ម​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត ។​ ​គ្រប់​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​អនុសញ្ញា​បាន​ធ្វើការ​ការពារ​ និង​ដាក់ទោស​អំពើ​ប្រល័យ​ពូជសាសន៍ ។

តើ​អ្វី​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ?

ជន​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ដ​អំពើ​នោះ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​សាសនា​ ពូជសាសន៍​ ​ជាតិពន្ធ​ ​ឬ​ជនជាតិ ។​ ​អំពើ​ប្រល័យ​ពូជសាសន៍​មិន​ចាំបាច់​ថា​ត្រូវ​តែ​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​ក្រុម​ទាំងមូល​នោះ​ទេ​ គ្រាន់តែ​ជា​ការ​កំណត់​ទៅ​លើ​ផ្នែក​ណាមួយ​នៃ​ក្រុម​ដែល​ការ​ខូចខាត​របស់​ក្រុម​នោះ​អាច​គម្រាមកំហែង​ដល់​ក្រុម​ទាំងមូល​ ​ក៏​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ ។

តើ​អ្វី​ជា​សកម្មភាព​ប្រល័យពូជសាសន៍ ?

សកម្មភាព​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ជា​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​ដែល​សកម្មភាព​នោះ​ត្រូវ​បាន​ប្រព្រឹត្ដ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​ទទួល​ការ​ការពារ​ដែល​ទាំងនោះ​រួម​មាន ៖

  1. ការ​សម្លាប់​សមាជិក​ទាំងឡាយ​នៅ​ក្នុង​ក្រុម
  2. ការ​បង្ក​ការ​ឈឺចាប់​ ​និង​ខូចខាត​ជា​ដំណំ​ខាង​ផ្នែក​រាង​កាយ​ ​ឬ​ផ្នែក​សតិបញ្ញា​ដល់​សមាជិក​ទាំងឡាយ​នៅ​ក្នុង​ក្រុម ។​ ​ការ​ធ្វើបាប​ទៅ​លើ​ផ្លូវ​កាយ​ និង​ផ្លូវចិត្ដ​បែប​នេះ​រួម​មានៈ​ ​ការ​ធ្វើ​ទារុណកម្ម​ ការ​ធ្វើ​ទុក្ខបុកម្នេញ​ ​ការ​ចាប់​រំលោភ​ ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ផ្លូវភេទ ។​
  3. ការ​បង្ក​ឡើង​នូវ​មហន្ដរាយ​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ក្រុម​ទាំងមូល​ ឬ​ដោយ​ផ្នែក​ ​ដូចជា​ កាត់​បន្ថយ​ធនធាន​ដែល​ចាំបាច់​សម្រាប់​ការ​រស់រាន​មាន​ជីវិត​របស់​ក្រុម​ ​ដូចជា​ ​ទឹក​ស្អាត​ ​អាហារ​ សម្លៀក​បំពាក់​ ​ជម្រក​ ​ឬ​សេវាកម្ម​សុខាភិបាល ។​ ​ឧទាហរណ៍​ប្រហែលជា​រួម​បញ្ចូល​ការ​ដកហូត​ផល​ស្រូវ​ ​ឬ​អាហារ​ ​រារាំង​មិន​ឱ្យ​ផ្ដល់​អាហារ​ដល់​អ្នក​ដែល​ត្រូវការ​ ឃុំខ្លួន​ប្រជាជន​នៅ​ក្នុង​ជំរំ​ ឬ​ជម្លៀស​ប្រជាជន​ចេញ ។
  4. ការ​ចាត់វិធានការ​ដោយ​ចេតនា​បង្ការ​មិន​ឱ្យ​មាន​កំណើត​ទារក​នៅ​ក្នុង​ក្រុម​ ​ដូច​ជា​បង្ខំ​ប្រជាជន​ធ្វើការ​រហូត​មិន​អាច​មាន​កូន​ បង្ខំ​ស្ដ្រី​ឱ្យ​ពន្លូតកូន​ ​រំលោភ​ស្ដ្រី​ ​ដូច្នេះ​ក្រុម​នេះ​នឹង​មាន​កូន​ជាមួយ​ក្រុម​ផ្សេង​ទៀត​ ​និង​ហាមប្រាម​មិន​ឱ្យ​រៀប​ការ ។
  5. ការ​បញ្ជូន​កូន​ក្មេង​ដោយ​បង្ខិត​បង្ខំ​ចេញពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ទៀត​ ​ដែល​អាច​អនុវត្ដ​ដោយ​បង្ខំ​ផ្ទាល់​ ​ឬ​បំភ័យ​ក្មេងៗ​ដោយ​អំពើ​ហិង្សា​ ​ឬ​ការ​ធ្វើបាប​ផ្សេង​ទៀត ។

តើ​អំពើ​ប្រល័យ​ពូជសាសន៍​ខុស​ពី​ការ​សម្លាប់​ដោយ​របៀប​ណា ?

អំពើ​ប្រល័យ​ពូជសាសន៍​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាង​ការ​សម្លាប់​ពីព្រោះ​វា​តម្រូវ​ថា​ជន​នោះ​ត្រូវ​តែ​មាន​ចេតនា​អ្វី​ផ្សេង​ទៀត​ច្រើន​ជាង​ការ​សម្លាប់​មនុស្ស ។​ ​ដើម្បី​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​ ជន​នោះ​ត្រូវ​តែ​សម្លាប់​នរណា​ម្នាក់​ដោយ​ចេតនា​បំផ្លាញ​សមាជិក​ក្រុម​ដែល​ទទួល​បានការ​ការពារ ។

ក្រុម​ដែល​ទទួល​បានការ​ការពារ​ពី​អំពើ​ប្រល័យ​ពូជសាសន៍

នៅ​ពេល​ជន​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​ ​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ដ​អំពើ​នោះ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​មួយ​ ឬ​ច្រើន​នៃ​ក្រុម​ប្រជាជន​ដូច​ខាងក្រោម ៖

ក្រុម​ជនជាតិ​ ​ជា​ក្រុម​បុគ្គល​ដែល​អត្ដសញ្ញាណ​របស់​គេ​ត្រូវ​បាន​កំណត់​ដោយ​ជាតិ​សាសន៍​របស់​ប្រទេស​ ​ឬ​សញ្ជាតិ​ដើម​របស់​ប្រទេស​នោះ ។

ក្រុម​ជាតិ​ពន្ធ​ ​ជា​ក្រុម​បុគ្គល​ដែល​អត្ដសញ្ញាណ​របស់​គេ​ត្រូវ​បាន​កំណត់​ដោយ​វប្បធម៌​ ​ប្រពៃណី​ ​ភាសា​ ​និង​កេរ្ដិ៍មរតក​ជាក់លាក់​ណាមួយ ។​

ក្រុម​ពូជសាសន៍​ ​ជា​ក្រុម​ដែល​មាន​ចរិតលក្ខណៈ​ និង​រូបរាង​ស្រដៀង​គ្នា​ ​ដូច​ជា​ពណ៌​សម្បុរ​ ​ស្បែក​ ​ទម្រង់​ខ្លួន​ ​និង​មុខ ។

ក្រុម​សាសនា​ ​ជា​ក្រុម​បុគ្គល​ដែល​អត្ដសញ្ញាណ​ត្រូវ​បាន​កំណត់​ដោយ​ការ​គោរព​សាសនា​ ​ជំនឿ​ ​ទ្រឹស្ដី​ ​ការ​ប្រតិបត្ដិ​ ​ឬ​ការ​ប្រារឰ​ពិធី​សាសនា ។

អំពើ​ប្រល័យ​ពូជសាសន៍​ ​និង​ខ្មែរក្រហម​

អំពើ​ឃោរឃៅ​ភាគច្រើន​ដែល​ប្រព្រឹត្ត​ដោយ​ខ្មែរក្រហម​មិន​អាច​ហៅ​ថា​អំពើ​ប្រល័យ​ពូជសាសន៍​បាន​ទេ​ ​ពីព្រោះ​ខ្មែរក្រហម​មាន​ចេតនា​បំផ្លាញ​សត្រូវ​នយោបាយ​ ​អ្នក​មិនមែន​ជាតិ​ពន្ធ​ ពូជសាសន៍​ ​ឬ​សាសនា​ទេ ។​ ​ប៉ុន្ដែ​អំពើ​ខ្លះ​ប្រហែលជា​មាន​ចេតនា​បំផ្លាញ​ក្រុម​ដែល​ទទួល​ការ​ការពារ​ ​ដូច​ជា​ ​ព្រះ​សង្ឃ​ ​ឬ​ជនជាតិ​ចាម​ ដោយសារ​តែ​សាសនា​របស់​គេ​ ​និង​ប្រជាជន​កម្ពុជា-វៀតណាម​ដោយសារ​ជាតិ​ពន្ធ​របស់​ពួក​គេ ។

អាស្រ័យ​ហេតុនេះ​ ​សមាជិក​ខ្លះ​របស់​ខ្មែរក្រហម​ដែល​ប្រឈម​មុខ​នឹង​ការ​កាត់ក្ដី​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​អាច​ត្រូវ​បាន​កាត់ទោស​ពី​បទ​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍ ។​ ​ការ​ចោទប្រកាន់​បែប​នេះ​ពិបាក​នឹង​លើក​អំណះអំណាង ។

អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ហេតុផល​នយោបាយ​ ​ឬ​ដោយ​ហេតុផល​ផ្សេង​ទៀត​ដែល​មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​និយម​ន័យ​អំពើ​ប្រល័យ​ពូជសាសន៍​ទំនងជា​អាច​យក​មក​ចោទ​ប្រកាន់​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។

ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ស្រដៀង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ​ ​ប៉ុន្ដែ​អំពើ​ទាំងនោះ​មិន​ចាំបាច់​ជា​ការ​បំផ្លាញ​ក្រុម​ដែល​ទទួល​ការ​ការពារ​ដោយ​ចេតនា​ទេ ។​ ​ប៉ុន្ដែ​ ​គេ​ត្រូវ​តែ​ប្រព្រឹត្ដ​សកម្មភាព​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយប្រហារ​ជា​ប្រព័ន្ធ​ និង​នៅ​គ្រប់​ទីកន្លែង​ផ្ទាល់​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល​ ​ដូចដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ។​ ​តាម​ផ្លូវច្បាប់​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ជាង​អំពើ​ប្រល័យ​ពូជសាសន៍​ទេ​ ​ហើយ​តែងតែ​ងាយស្រួល​ក្នុង​ការ​លើក​យក​មក​អះអាង ៕

ដោយ អង់ដ្រេ​ ​អូលីវី​ ​និង ​ហៀធឺ​ ​មូវេរូ
ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​ ​លេខ​១១៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២០០៩

អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/07/31/genocide-terms/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve