Chouk Khmer

July 17, 2009

កំណើត​សត្វ​ឆ្មា

អតីត​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុឌ្ឍីបព៌ត​ ​តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ​ជា​អង្វែង​ឆ្នាំ​មក ។​ ​នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​ ​គឺ​ទិស​បូព៌ា​១​ ​ទក្សិណ​១​ ​បស្ចិម​១​ ​និង​ឧត្ដរ​១ ។ ស្រះ​នោះ​មាន​ទឹកថ្លា​ ​មាន​ដុះ​ឈូក​ក្រហម​ ​ឈូក​ស​ ​និង​បុប្ផា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ​ឯ​មាត់​ច្រាំង​ក៏​ជ្រាល​មុខ​គួរ​ឱ្យ​សប្បាយ​ពេក​ណាស់ ។​ ​ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍​ ​ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។​ ​មាន​សម័យ​ថ្ងៃមួយ​ ​ព្រះ​ឥសី​គង់​ចម្រើន​មេត្ដា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ​! មាន​ទេពធីតា​មក​ចាប់​កំណើត​ក្នុង​ផ្កា​ឧត្បល​ (បុទមជាតិ, ព្រលិត, លំចង់) ​ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ​ ​អាត្មាអញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ ។​ ​ព្រះ​ឥសី​ក៏​ដាក់​ស្មឹងស្មាធិ៍​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ចុះ​ ​គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្ដរ​ ​ដល់​ស្រះ​ហើយ​ ​ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ​ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ​ ​ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក​ ​ហើយ​និមន្ដ​ត្រឡប់​មក​កាន់​អាស្រម​វិញ​ ​ចិញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ ។ លុះ​ដល់​នាង​ធំ​ ​ក៏​ឱ្យ​ឈ្មោះ​ថា​ ​ឧត្ដរបុប្ផាលុះ​បាន​អាយុ​១៥​វស្សា​ ​លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី​ ​ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ​ ​នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង​ ​អផ្សុក​វិតក្ក​ចិត្ដ​ ​ដូច្នេះ​គួរតែ​អញ​យក​បុប្ផា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បាន​ជា​ពីរ​នាក់ ។ ព្រះ​ឥសី​គិត​ហើយ​ឈ្វេងយល់​ថា​ ​ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា​ ​ជា​ជាតិ​ផ្កា​ដូច​គ្នា​ ​ដូច្នេះ​ចាំ​យក​ជាតិ​ដែល​កើត​ចេញ​ពី​នាង​ផ្ទាល់​វិញ ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង​ឧត្ដរបុប្ផា​មក​ផ្ដាំ​ថា​ ​បើកាលណា​នាង​ធំ​ពេញ​រាង​ហើយ​មាន​រដូវ​ ​ចូរ​នាង​ផ្ដិត​សម្លី​ទុក​ឱ្យ​តាៗ​នឹង​ជប់​ឱ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់ ។​ ​នាង​ឧត្ដរបុប្ផា​បាន​ឮ​លោកតា​មាន​ពុទ្ធដីកា​ហើយ​ ​ក៏​ត្រេកអរ​ពន់​ពេក​ ​លុះដល់​គម្រប់​ពេល​មាន​រដូវ​កាលណា​ហើយ​ ​នាង​ក៏​យក​ទៅ​ថ្វាយ​លោកតា​តាម​បណ្ដាំ ។​ លោកតា​ប្រាប់​ទៅ​នាង​ថា​៖ អើ​ចៅ​! ថ្ងៃស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់​គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ ។​ ​វេលា​យប់​នោះ​នាង​ដេក​ពុំ​លក់​សោះ​ទន្ទឹង​ចាំតែ​ព្រឹក​ឆាប់​ ​នឹង​អាល​បាន​គ្នា​ជា​ពីរ​នាក់ ។​ ​លុះ​ព្រឹក​ឡើង​ ​លោកតា​ក៏​បិទ​ទ្វារ​កុដិ​ ​តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ដ​ជប់​បាន​ជា​ឆ្មា​ញី​មួយ​សប្បុរ​បី​អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឱ្យ​ទៅ​នោះ ។ រួច​ស្រេច​ហើយ​ ​ឥសី​ហៅ​នាង​ឧត្ដរបុប្ផា​មក​ ​ហើយ​លើក​ឆ្មា​ហុច​ឱ្យ​នាង​ ​ប្រាប់​នាង​ថា​ ​“នេះ​ជា​គ្នា​របស់​នាង​ហើយ​ ​សត្វ​នេះ​មាន​ឈ្មោះ​ថា​ ​“ឆ្មា​ម៉ា” ។ សត្វ​នោះ​ចេះ​និយាយ​គួរសម​ជាមួយ​នាង​ ​នាង​ក៏​ទទួល​យក​មក​ថែរក្សា​ ​ដោយ​សេចក្ដី​ស្រឡាញ់​ពេញចិត្ដ​ ​ទុក​ដូចជា​កូន​ ​ឬ​ប្អូន​ឱប​ដល់​ឱរា ​បី​យក​ទៅ​ក្នុង​បន្ទប់​ ​ទៅ​ណា​មក​ណា​តែង​យក​ទៅ​តាម​និយាយ​គ្នា​បី​ដូច​មនុស្ស​ដូច្នេះ ។​ ​លុះ​ដល់​អាយុ​នាង​បាន​១៧​ឆ្នាំ​ ​ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា​ឱ្យ​នាង​កាន់​ ​កុំ​ឱ្យ​ភាន់ច្រឡំ​ ​សម្រាប់​ជា​ច្បាប់​តទៅ​កូនចៅ​ស្រីៗ​ឯក្រោយ​ទៀត​ គឺថា​ជាតិ​ជា​ស្រី​ទាំង​អម្បាលម៉ាន​ ​មិន​ត្រូវ​ទាត់​សត្វ​ឆ្មា​នេះ​នឹង​ជើង​ ​ឬ​វាយ​នឹង​អម្បោស​ ​ឬ​មួយ​នឹង​ត្របុត​ត្រីអាំង ។​ ​កុំ​ថា​តែ​ទាត់​ធាក់​ ​សូ​ម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ​ ​ត្បិត​សត្វ​នេះ​កើត​ឡើង​ដោយ​លក្ខណ៍​ស្រី ។​ ​បើ​ស្រី​ណា​ទាត់​ធាក់​ ឬ​ដើរ​កន្លង​សត្វ​នេះ​ ​ហៅ​ថា​ស្រី​ហិនលក្ខណ៍​ ​ហើយ​បើ​ប្រព្រឹត្ដ​ច្រើន​ដង​ទៅ​ហៅ​ថា​ ​ស្រី​ខាតលក្ខណ៍ ។​ ​ត​មក​ប្រមាណ​១៤​ខែ​ ​សត្វ​ឆ្មា​ម៉ា​ក៏​កើត​បាន​កូន​ឈ្មោល​មួយ​ឡើង​ទៀត ។​ ​គឺថា​ឆ្មា​ម៉ា​ទាំង​ពីរ​នេះ​ហើយ​ ​ជា​កំណើត​ឆ្មា​ទាំងអស់ ។​

និយាយ​ពី​ស្ដេច​អង្គ​នាម​សោទត្ដ​ ​ព្រះរាជ​បិតា​លើក​រាជសម្បត្ដិ​ឱ្យ​កូន​នោះ​សោយរាជ្យ​ ​ពី​ព្រះ​ជន្ម​បាន​២១​ព្រះ​វស្សា​ ​នៅ​នគរ​ឈ្មោះ​តក្កសិលា ។​ ​ស្ដេច​ថ្មី​នោះ​សោយរាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ​ ​ត្រអាល​ក្រសាល​តែ​នឹង​ស្រីស្នំ​បរិពារ ។​ លុះ​អង្វែង​ទៅ​ ​ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ​ ​លោក​នឹកភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ ។​ ​លុះ​ភ្លឺស្វាង​កាលណា​ ​ស្ដេច​ក៏​ចេញ​ចុង​ព្រះ​រាជរោង​ ​ឱ្យ​នាម៉ឺន​មុខមន្ដ្រី​គាល់​ដូច​សព្វដង ។​ ​លុះ​ជួបជុំ​មន្ដ្រី​អស់ហើយ​ ​ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​ថា​ ​“យើង​ចង់ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខានស្អែក​ ​ចូរ​រៀបចំ​ពល​ថ្មើរជើង​ ​និង​សេះ​ដំរី​រៀបចំ​ស្បៀងអាហារ​ក្រយាស្ងោយ​គ្រាន់​គ្រប់​គ្នា​កុំឱ្យ​ខ្វះ” ។ នាម៉ឺន​ទទួល​ព្រះរាជ​ឱង្ការ​កាលណា​ ​ក៏​រៀប​គ្រប់​ប្រដាប់​ឥត​មាន​ខ្វះ​ ​ពល​ថ្មើរជើង​ ​ពល​សេះ​ដំរី​ ​រួច​ស្រេច​ហើយ​ ​ក៏​ចូល​ក្រាប​បង្គំ​ទូល​ស្ដេច​ទ្រង់​ជ្រាប ។​ ​លុះដល់​កំណត់​ថ្ងៃ​ហើយ​ ​វេលា​ព្រឹក​ ​ស្ដេច​ក៏​យាង​ចេញ​ទៅ​ ​ដោយ​មាន​នាម៉ឺន​សេនា​ ​ទាហាន​ហែ​តាម​ ​លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់​ព្រៃ​ហែមវន​ ​ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឱ្យ​បោះ​ព្រះ​ពន្លា​មួយ​នៅ​ទីនោះ ។​ ​អស់ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់ៗ​គ្នា​ ​តាម​មុខ​របស់​ខ្លួន​ស្រេច​ហើយ​ ​ស្ដេច​មាន​បន្ទូល​បើក​អំណាច​ឱ្យ​អស់​សេនា​លេងល្បែង​ ​ភ្លេង​ច្រៀង​រាំ​តាម​ចិត្ដ​ឱ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ ។

នៅ​ពេល​យប់​នោះ​ ​ស្ដេច​ក៏​ចូល​ផ្ទំ​ក្នុង​ព្រះ​ពន្លាជ័យ​ ​លុះ​អធ្រាត្រ​ស្ងាត់​ឮ​ស្នូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ​មុខ​គួរ​ឱ្យ​ស្រងេះ​ស្រងោច​លន្លង់លន្លោច​ក្នុង​ព្រះ​ទ័យ​ ​មមៃ​នឹកគិត​គ្រប់សព្វ​ ​លុះ​ភ្លឺស្វាង​ព្រះ​សុរិយា​កាលណា​ ​ស្ដេច​ក៏​មាន​ព្រះរាជ​ឱង្ការ​បង្គាប់​ទៅ​រាជ​អាមាត្យ​ឱ្យ​រៀប​ទីន័ង​អស្សត​ថ្វាយ​ព្រះ​អង្គ​នឹង​ត្រេច​មើល​ព្រៃ​កំសាន្ដ​ព្រះ​ទ័យ​ជាមួយនឹង​រាជ​អាមាត្យ​ពីរ​នាក់​និង​ស្ដេច ។​ ​រួច​ហើយ​ចេញ​ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លាជ័យ​វិញ ។​ ​គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក​មួយ​ ​ស្ដេច​ក៏​បរ​ទីន័ង​ទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្ដរបុប្ផា​ ​ទ្រង់​ទត​ទៅ​ឃើញ​ទឹក​ដ៏​រង​ថ្លា​ឃើញ​បុប្ផា​ ​និង​មច្ឆា​គ្រប់​បែប​ ​ហែបហែល​ជ្រួល​ច្រវាត់​មុខគួរ​ឱ្យ​ទ្រង់​សព្វព្រះទ័យ​នឹង​ចុះ​ស្រង់ ។​ ​ទើប​ស្ដេច​មាន​បន្ទូល​ទៅ​អាមាត្យ​ទាំង​ពីរ​ថា​ ​យើង​ងូតទឹក​ស្រះ​នេះ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ដ​សិន​ ​សឹម​បន្ដដំណើរ​ទៅ​ ​ទើប​ឈប់​លែង​ពាជី​ឱ្យ​ស៊ី​ស្មៅ​ ​រួច​ផ្លាស់​ព្រះ​ពស្ដ្រា​ស្រេច​ ​ស្ដេច​ក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ​ឃើញ​មាន​ផ្លូវ​ទក់ៗ​ ​ព្រះ​អង្គ​នឹក​ថា​ ​“យី​! ព្រៃ​នេះ​ជា​សម​សាន្ដ​ឋាន​ស្ងាត់​ណាស់​ ​ម្ដេច​ឡើយ​ក៏​មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នេះ” ។ រួច​ស្ដេច​មាន​បន្ទូល​ទៅ​នឹង​រាជ​អាមាត្យ​ថា​ ​នៅ​ចាំ​យើង​ទី​នេះ​ចុះ​ ​យើង​ដើរទៅ​មើល​ត្រង់នោះ​បន្ដិច ។​ ​ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ​ទៅៗ​បន្ដិច​បាន​ក្រទ្បេក​ឃើញ​អាស្រម​ ​ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា​ ​រោង​នេះ​ជា​រោង​អី ? ជា​ផ្ទះ​ព្រានព្រៃ​ទេ​ឬអ្វី ? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ​ ​ឯ​ព្រះ​ឥសី​កំពុង​ឆាន់​ ​នាង​ឧត្ដរបុប្ផា​កំពុង​អង្គុយ​គាក​លោកតា ។​ ​លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញ​ ​នាង​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ។​ ​ព្រះ​ឥសី​សួរ​ទៅ​នាង​ថា​ ​ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង ។​ ​នាង​និយាយ​តិចៗ​ទូល​ឥសី​ថា​ ​“មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក” ។ ព្រះ​ឥសី​ក៏​បែរ​ព្រះ​ភក្ដ្រ​ទត​យល់​ដូច​នាង​ទូល​មែន ។​ ​ឯ​ព្រះរាជា​ ​លុះ​យល់​ច្បាស់​ដូច្នោះ​ហើយ​ ​ក៏​ចូល​មក​ដល់ទី​នេះ​ ទើប​ស្ដេច​ទូល​ទៅ​ឥសី​ថា​ ​“ខ្ញុំព្រះករុណា​មក​ពី​នគរ​តក្កសិលា” ឥសី​ឈ្វេងយល់​មួយ​រំពេច​ថា​ ​នេះ​ជា​ស្ដេច​ ​ទើប​ព្រះអង្គ​សួរ​ទៅ​ទៀត​ថា​ ​“ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី​?” ។ ព្រះបាទ​សោទត្ដ​ ​ទូល​ឥសី​តាម​ដំណើរ​ ​ឯ​ឥសី​ឈ្វេងយល់​ថា​ ​ស្ដេច​អង្គ​នេះ​ត្រូវជា​គូរ​នឹង​នាង​ឧត្ដរបុប្ផា​ ​លោក​ក៏​ហៅ​ចៅស្រី​ឱ្យ​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា ។

ហេតុតែ​នាង​ជា​ស្រី​មាន​លក្ខណ៍​ ​ក៏​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា​តាម​ពុទ្ធដីកា ។​ ​ព្រះ​អង្គ​ក្រឡេក​យល់​នាង​ ​នាង​ក៏​យល់​ព្រះ​ភក្ដ្រ​ព្រះ​អង្គ​ច្បាស់​ ​ហើយ​ចាប់ចិត្ដ​ទៅ​វិញ​ទៅ​មក​ ​ទើប​ព្រះ​ឥសី​មាន​ពុទ្ធដីកា​ថា​ ​“ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូរ​នឹង​នាង​តាំង​តែ​អំពី​អតីតជាតិ​មក​ម្ល៉េះ” ។ គ្រានោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល​ ​ព្រះបាទ​សោទត្ដ​ក៏​ទូល​ថា​ព្រះ​អង្គ​យក​តែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ​ ​ឥឡូវ​ឱ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិសឧត្ដរ​ឯណោះ​ ​ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវជា​គូរ​ស្រករ​នឹង​នាង​នេះ​ ​ក៏​ស្រេច​តែ​លោកតា​ ​បើ​សព្វព្រះទ័យ​យ៉ាងណា​ខ្ញុំព្រះករុណា​ទទួល​ធ្វើ​តាម​ទាំងអស់ ។ ឥសី​បញ្ជា​ទៅ​វិញ​ថា​ ​“បើ​ដូច្នេះ​ ​សូម​ស្ដេច​ចៅ​ថយ​ទៅ​រៀបចំ​សង់រោង​បី​ល្វែង​ ​ហើយ​រក​ផ្កា​ឱ្យ​បាន​ប្រាំពីរ​ពណ៌​ ​យក​មក​ចង​ផ្ដុំ​ជា​បី​បាច់​ ​ទុក​ឱ្យ​តា​ប្រសិទ្ធិពរ​ជ័យ​ឱ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​សុខ​សប្បាយ​តទៅ” ។

ស្ដេច​ស្ដាប់​ព្រះពុទ្ធ​ដីកា​ហើយ​ ​ក៏​រួសរាន់​ថ្វាយបង្គំ​លា​យាង​មក​ដល់ទី​កន្លែង​ស្រះ​ ​ដែល​ឱ្យ​អាមាត្យ​ចាំ​ ​ហើយ​បបួល​អាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លាជ័យ​វិញ​ ​ដល់​ហើយ​បញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម​ឱ្យ​រៀបចំ​សង់រោង​បី​ល្វែង​តាម​បង្គាប់​ ​ឥសី ។​ ​បាន​រួច​ស្រេច​ក្បួនទ័ព​ព្រមទាំង​ភ្លេង​តូរ្យតន្ដ្រី​ពីរោះ​ល្វឹងល្វើយ​ទៅ​ដង្ហែ​នាង​ឧត្ដរបុប្ផា​ពី​អាស្រម​ឥសី​ ​និមន្ដ​ទាំង​ឥសី​ឡើង​គង់​ព្រះ​វរ​សលៀង​ ​ដង្ហែ​មក​កាន់​ព្រះ​ពន្លា ។​ ​ដល់​ហើយ​ព្រះ​តាបស​ ​តាំង​សូត្រ​ទិព្វមន្ដ​ព្រះ​ឥសី​ ​ក៏​បាចផ្កា​ប្រាំពីរ​ពណ៌​នោះ​ ​ថ្វាយ​ពរ​ជ័យ​ដល់​គូរ​ស្រករ​ថ្មី ។​ ​បី​ថ្ងៃ​ត​មក​ទើប​ព្រះ​អង្គ​ ​និង​នាង​ជាយា​ ​ថ្វាយបង្គំ​លា​លោកតា​ ​នាង​ក៏​ស្រក់​ទឹកភ្នែក​នឹក​អាល័យ​លោកតា​ ​ព្រោះ​តាំងពី​កើត​មក​ពុំ​ដែល​បែក​ទៅ​ណា​សោះ​ ​ឥឡូវ​មិនដឹង​ជា​កាលណា​នឹង​បាន​មក​ថ្វាយបង្គំ​វិញ​ទេ ។​

គ្រានោះ​ឥសី​បាន​ផ្ដាំ​នាង​ថា​៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ​ ​មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ​ ​នាង​ត្រូវ​ឱប​សត្វ​ឆ្មា​ម៉ា​ ​ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទ​បី​ជុំ​ ​រួច​សឹម​ឡើង​ទៅ​ក្នុង​ប្រាសាទ​នោះ​ ​ទើប​នាង​បាន​សុខ​ ​បាន​សិរី​សួស្ដី ។​ ​នាង​ស្ដាប់​សព្វគ្រប់​ហើយ​ក៏​លា​ចេញ​ទៅ ។​ លុះ​ទៅ​ដល់​ព្រះរាជវាំង​ហើយ​ ​មុន​នឹង​ចូល​ក្នុង​ព្រះរាជ​ដំណាក់​ ​ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឱ្យ​ឆ្គង​ ​ក៏​បាន​ប្រកប​ដោយ​សេចក្ដីសុខ​ចម្រើន​រហូត​ទៅ ។​

ទំនងជា​ដោយសារ​រឿង​នេះ​ទេ​ដឹង​ ​បានជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ​ក្នុង​ពេល​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​ គឺ​គេ​និយម​ឱប​ឆ្មា​មួយ​ ​ហើយ​ដើរ​ប្រទក្សិណ​បី​ជុំ​ហើយ​ស្រេច​ទើប​គេ​ឡើង​នៅ ៕

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/07/17/origin-of-cats-2/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve