ខេត្តបន្ទាយមានជ័យអបអរសាទរខួប១ឆ្នាំព្រះវិហារជាបេតិកភណ្ឌពិភពលោក

ទន្ទឹមនឹងការរៀបចំពិធីបួងសួង និងពិធីប្រគំតន្ដ្រី នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបគម្រប់០១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ខេត្តបន្ទាយមានជ័យក៏បានរៀបចំពិធីបួងសួង និងអបអរសាទរយ៉ាងអធិអធមនៅវាលវេទិកាមុខសាលាខេត្ត កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៩។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ បុគ្គលិកមន្ត្រីរាជការ បណ្ដាអង្គភាពក្រោមឱវាទសាលាខេត្ត និងសិស្សានុសិស្សជុំវិញទីរួមខេត្ត និងមានកម្មវិធីច្រៀងចម្រៀងពង្សាវតារខ្មែរ របាំជូនពរនិងរបាំប្រពៃណីផ្សេងៗទៀត ការថ្លែងសុន្ទរកថាស្វាគមន៌របស់អភិបាលក្រុងសិរីសោភ័ណ ការប្ដេជ្ញាចិត្តរបស់កងយុទ្ធពលខេមរភូមិន្ទឈរជើងនៅតាមបន្ទាត់ព្រំដែនរបស់ខេត្តបន្ទាយមានជ័យជាប់នឹងប្រទេសសៀម សុន្ទរកថារបស់គណៈអភិបាលខេត្តបន្ទាយមានជ័យ និងការប្រគំតន្ត្រីកំសាន្ត ។
សូមរម្លឹកថា ប្រាសាទព្រះវិហារ គឺជាប្រាសាទដ៏បវរល្អវិចិត្រដែលបានកសាងឡើងដោយព្រះមហាក្សត្រខ្មែរសម័យអង្គរចំនួន០៤ជំនាន់ជាបន្តបន្ទាប់ គឺព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩‑៩០០) ព្រះបាទសុរិយាវរ្ម័នទី១ (គ.ស១០១០‑១០៥០) ព្រះបាទជ័យវរ្ម័នទី៦ (គ.ស១០៨២‑១១០៧) និងព្រះបាទសុរិយាវរ្ម័នទី២ (គ.ស១១១៣‑១១៥០) ។ ប្រាសាទព្រះវិហារត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់កម្ពុជាដោយអង្គការយូណេស្កូកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ។
ខាងក្រោមនេះគឺជារូបភាពសកម្មភាពមួយចំនួននៃការប្រគំតន្ដ្រី ដើម្បីអបអរសាទរខួបគម្រប់០១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានៅខេត្តបន្ទាយមានជ័យ

បដាអបអរសាទរនៅមុខវេទិកានៃអង្គពិធី

សិស្សានុសិស្សមកពីសាលានានានៃក្រុងសិរីសោភ័ណឡើងច្រៀងបទពង្សាវតារខ្មែរនៅលើវេទិកា

គណៈអធិបតី និងភ្ញៀវកិត្តិយសកំពុងច្រៀងបទពង្សាវតារខ្មែរ

គណៈអធិបតី និងភ្ញៀវកិត្តិយសកំពុងច្រៀងបទពង្សាវតារខ្មែរ

កងយុទ្ធពលខេមរភូមិន្ទឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើការប្ដេជ្ញាចិត្តការពារបូរណភាពទឹកដីខ្មែរ

គណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងសុន្ទរកថា និងបូងសួងដល់វត្ថុស័ក្ដិសិទ្ធិជួយបីបាច់ថែរក្សាប្រាង្គប្រាសាទនានាទូទាំងប្រទេស រួមទាំងប្រាសាទព្រះវិហារផងដែរ
ភ្ញៀវកិត្តិយស និងសិស្សានុសិស្សចូលរួមអង្គពិធី
ក្រុមយុវជនចូលរួមពិធីប្រគំតន្ដ្រី
នៅក្នុងពិធីប្រគំតន្ដ្រីនេះ ក៏មានល្បែងកំសាន្តផ្សេងៗ រួមទាំងសេះហោះអគ្គសនីសម្រាប់ក្មេងៗផងដែរ

ជាទស្សនៈឯកជន ខ្ញុំពុំពេញចិត្តនឹងតារាចម្រៀងស្រីៗដែលបានចូលរួមច្រៀងជាកិត្តិយសនៅក្នុងពិធីមោទនភាពជាតិជាប្រវត្តិសាស្ត្រនេះ មិនស្លៀកពាក់ជារបៀបប្រពៃណីខ្មែរ បែរជាស្លៀកពាក់ខើចខ្លីទៅវិញ