Chouk Khmer

July 31, 2009

ស្វែងយល់​ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍

តើ​ពាក្យ​ ​“ប្រល័យ​ពូជសាសន៍” មាន​ប្រភព​ចេញ​មក​ពី​ណ ?

មុន​សង្គ្រាមលោក​លើក​ទី​ពីរ​ (១៩៣៩-១៩៤៥) ពាក្យ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ។​ ​វា​ជា​ឧក្រិដ្ឋកម្ម​ដែល​មិន​ទាន់​មាន​ឈ្មោះ ។​ ​ពាក្យ​ប្រល័យ​ពូជសាសន៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេធាវី​ម្នាក់​ដែល​យល់​ថា​ ​ការ​ប៉ុនប៉ង​កម្ទេច​ជនជាតិ​ជ្វីហ្វ​ដោយ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​ ​គឺជា​ឧក្រិដ្ឋកម្ម​ដែល​អាក្រក់​ជាង​ការ​សម្លាប់​ទៅ​ទៀត ។

អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​១៩៤៨​ ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​បាន​បញ្ចប់​ ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​អនុសញ្ញា​ស្ដីពី​ការ​បង្ការ​ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ។​ ​កម្ពុជា​ និង​ប្រទេស​ភាគច្រើន​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ ។​ ​អនុសញ្ញា​ទទួលស្គាល់​អំពើ​ប្រល័យ​ពូជសាសន៍​ថា​ ជា​ឧក្រិដ្ឋកម្ម​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត ។​ ​គ្រប់​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​អនុសញ្ញា​បាន​ធ្វើការ​ការពារ​ និង​ដាក់ទោស​អំពើ​ប្រល័យ​ពូជសាសន៍ ។

តើ​អ្វី​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ?

ជន​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ដ​អំពើ​នោះ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​សាសនា​ ពូជសាសន៍​ ​ជាតិពន្ធ​ ​ឬ​ជនជាតិ ។​ ​អំពើ​ប្រល័យ​ពូជសាសន៍​មិន​ចាំបាច់​ថា​ត្រូវ​តែ​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​ក្រុម​ទាំងមូល​នោះ​ទេ​ គ្រាន់តែ​ជា​ការ​កំណត់​ទៅ​លើ​ផ្នែក​ណាមួយ​នៃ​ក្រុម​ដែល​ការ​ខូចខាត​របស់​ក្រុម​នោះ​អាច​គម្រាមកំហែង​ដល់​ក្រុម​ទាំងមូល​ ​ក៏​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ ។

តើ​អ្វី​ជា​សកម្មភាព​ប្រល័យពូជសាសន៍ ?

សកម្មភាព​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ជា​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ពេល​ដែល​សកម្មភាព​នោះ​ត្រូវ​បាន​ប្រព្រឹត្ដ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​ទទួល​ការ​ការពារ​ដែល​ទាំងនោះ​រួម​មាន ៖

  1. ការ​សម្លាប់​សមាជិក​ទាំងឡាយ​នៅ​ក្នុង​ក្រុម
  2. ការ​បង្ក​ការ​ឈឺចាប់​ ​និង​ខូចខាត​ជា​ដំណំ​ខាង​ផ្នែក​រាង​កាយ​ ​ឬ​ផ្នែក​សតិបញ្ញា​ដល់​សមាជិក​ទាំងឡាយ​នៅ​ក្នុង​ក្រុម ។​ ​ការ​ធ្វើបាប​ទៅ​លើ​ផ្លូវ​កាយ​ និង​ផ្លូវចិត្ដ​បែប​នេះ​រួម​មានៈ​ ​ការ​ធ្វើ​ទារុណកម្ម​ ការ​ធ្វើ​ទុក្ខបុកម្នេញ​ ​ការ​ចាប់​រំលោភ​ ​និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ផ្លូវភេទ ។​
  3. ការ​បង្ក​ឡើង​នូវ​មហន្ដរាយ​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ក្រុម​ទាំងមូល​ ឬ​ដោយ​ផ្នែក​ ​ដូចជា​ កាត់​បន្ថយ​ធនធាន​ដែល​ចាំបាច់​សម្រាប់​ការ​រស់រាន​មាន​ជីវិត​របស់​ក្រុម​ ​ដូចជា​ ​ទឹក​ស្អាត​ ​អាហារ​ សម្លៀក​បំពាក់​ ​ជម្រក​ ​ឬ​សេវាកម្ម​សុខាភិបាល ។​ ​ឧទាហរណ៍​ប្រហែលជា​រួម​បញ្ចូល​ការ​ដកហូត​ផល​ស្រូវ​ ​ឬ​អាហារ​ ​រារាំង​មិន​ឱ្យ​ផ្ដល់​អាហារ​ដល់​អ្នក​ដែល​ត្រូវការ​ ឃុំខ្លួន​ប្រជាជន​នៅ​ក្នុង​ជំរំ​ ឬ​ជម្លៀស​ប្រជាជន​ចេញ ។
  4. ការ​ចាត់វិធានការ​ដោយ​ចេតនា​បង្ការ​មិន​ឱ្យ​មាន​កំណើត​ទារក​នៅ​ក្នុង​ក្រុម​ ​ដូច​ជា​បង្ខំ​ប្រជាជន​ធ្វើការ​រហូត​មិន​អាច​មាន​កូន​ បង្ខំ​ស្ដ្រី​ឱ្យ​ពន្លូតកូន​ ​រំលោភ​ស្ដ្រី​ ​ដូច្នេះ​ក្រុម​នេះ​នឹង​មាន​កូន​ជាមួយ​ក្រុម​ផ្សេង​ទៀត​ ​និង​ហាមប្រាម​មិន​ឱ្យ​រៀប​ការ ។
  5. ការ​បញ្ជូន​កូន​ក្មេង​ដោយ​បង្ខិត​បង្ខំ​ចេញពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ទៀត​ ​ដែល​អាច​អនុវត្ដ​ដោយ​បង្ខំ​ផ្ទាល់​ ​ឬ​បំភ័យ​ក្មេងៗ​ដោយ​អំពើ​ហិង្សា​ ​ឬ​ការ​ធ្វើបាប​ផ្សេង​ទៀត ។

តើ​អំពើ​ប្រល័យ​ពូជសាសន៍​ខុស​ពី​ការ​សម្លាប់​ដោយ​របៀប​ណា ?

អំពើ​ប្រល័យ​ពូជសាសន៍​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាង​ការ​សម្លាប់​ពីព្រោះ​វា​តម្រូវ​ថា​ជន​នោះ​ត្រូវ​តែ​មាន​ចេតនា​អ្វី​ផ្សេង​ទៀត​ច្រើន​ជាង​ការ​សម្លាប់​មនុស្ស ។​ ​ដើម្បី​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​ ជន​នោះ​ត្រូវ​តែ​សម្លាប់​នរណា​ម្នាក់​ដោយ​ចេតនា​បំផ្លាញ​សមាជិក​ក្រុម​ដែល​ទទួល​បានការ​ការពារ ។

ក្រុម​ដែល​ទទួល​បានការ​ការពារ​ពី​អំពើ​ប្រល័យ​ពូជសាសន៍

នៅ​ពេល​ជន​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍​ ​នៅ​ពេល​ដែល​ជន​នោះ​ប្រព្រឹត្ដ​អំពើ​នោះ​ដោយ​ចេតនា​បំផ្លាញ​ក្រុម​មួយ​ ឬ​ច្រើន​នៃ​ក្រុម​ប្រជាជន​ដូច​ខាងក្រោម ៖

ក្រុម​ជនជាតិ​ ​ជា​ក្រុម​បុគ្គល​ដែល​អត្ដសញ្ញាណ​របស់​គេ​ត្រូវ​បាន​កំណត់​ដោយ​ជាតិ​សាសន៍​របស់​ប្រទេស​ ​ឬ​សញ្ជាតិ​ដើម​របស់​ប្រទេស​នោះ ។

ក្រុម​ជាតិ​ពន្ធ​ ​ជា​ក្រុម​បុគ្គល​ដែល​អត្ដសញ្ញាណ​របស់​គេ​ត្រូវ​បាន​កំណត់​ដោយ​វប្បធម៌​ ​ប្រពៃណី​ ​ភាសា​ ​និង​កេរ្ដិ៍មរតក​ជាក់លាក់​ណាមួយ ។​

ក្រុម​ពូជសាសន៍​ ​ជា​ក្រុម​ដែល​មាន​ចរិតលក្ខណៈ​ និង​រូបរាង​ស្រដៀង​គ្នា​ ​ដូច​ជា​ពណ៌​សម្បុរ​ ​ស្បែក​ ​ទម្រង់​ខ្លួន​ ​និង​មុខ ។

ក្រុម​សាសនា​ ​ជា​ក្រុម​បុគ្គល​ដែល​អត្ដសញ្ញាណ​ត្រូវ​បាន​កំណត់​ដោយ​ការ​គោរព​សាសនា​ ​ជំនឿ​ ​ទ្រឹស្ដី​ ​ការ​ប្រតិបត្ដិ​ ​ឬ​ការ​ប្រារឰ​ពិធី​សាសនា ។

អំពើ​ប្រល័យ​ពូជសាសន៍​ ​និង​ខ្មែរក្រហម​

អំពើ​ឃោរឃៅ​ភាគច្រើន​ដែល​ប្រព្រឹត្ត​ដោយ​ខ្មែរក្រហម​មិន​អាច​ហៅ​ថា​អំពើ​ប្រល័យ​ពូជសាសន៍​បាន​ទេ​ ​ពីព្រោះ​ខ្មែរក្រហម​មាន​ចេតនា​បំផ្លាញ​សត្រូវ​នយោបាយ​ ​អ្នក​មិនមែន​ជាតិ​ពន្ធ​ ពូជសាសន៍​ ​ឬ​សាសនា​ទេ ។​ ​ប៉ុន្ដែ​អំពើ​ខ្លះ​ប្រហែលជា​មាន​ចេតនា​បំផ្លាញ​ក្រុម​ដែល​ទទួល​ការ​ការពារ​ ​ដូច​ជា​ ​ព្រះ​សង្ឃ​ ​ឬ​ជនជាតិ​ចាម​ ដោយសារ​តែ​សាសនា​របស់​គេ​ ​និង​ប្រជាជន​កម្ពុជា-វៀតណាម​ដោយសារ​ជាតិ​ពន្ធ​របស់​ពួក​គេ ។

អាស្រ័យ​ហេតុនេះ​ ​សមាជិក​ខ្លះ​របស់​ខ្មែរក្រហម​ដែល​ប្រឈម​មុខ​នឹង​ការ​កាត់ក្ដី​នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​អាច​ត្រូវ​បាន​កាត់ទោស​ពី​បទ​ប្រព្រឹត្ដ​អំពើ​ប្រល័យ​ពូជសាសន៍ ។​ ​ការ​ចោទប្រកាន់​បែប​នេះ​ពិបាក​នឹង​លើក​អំណះអំណាង ។

អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ហេតុផល​នយោបាយ​ ​ឬ​ដោយ​ហេតុផល​ផ្សេង​ទៀត​ដែល​មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​និយម​ន័យ​អំពើ​ប្រល័យ​ពូជសាសន៍​ទំនងជា​អាច​យក​មក​ចោទ​ប្រកាន់​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ។

ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ស្រដៀង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ដែរ​ ​ប៉ុន្ដែ​អំពើ​ទាំងនោះ​មិន​ចាំបាច់​ជា​ការ​បំផ្លាញ​ក្រុម​ដែល​ទទួល​ការ​ការពារ​ដោយ​ចេតនា​ទេ ។​ ​ប៉ុន្ដែ​ ​គេ​ត្រូវ​តែ​ប្រព្រឹត្ដ​សកម្មភាព​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយប្រហារ​ជា​ប្រព័ន្ធ​ និង​នៅ​គ្រប់​ទីកន្លែង​ផ្ទាល់​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល​ ​ដូចដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ។​ ​តាម​ផ្លូវច្បាប់​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ជាង​អំពើ​ប្រល័យ​ពូជសាសន៍​ទេ​ ​ហើយ​តែងតែ​ងាយស្រួល​ក្នុង​ការ​លើក​យក​មក​អះអាង ៕

ដោយ អង់ដ្រេ​ ​អូលីវី​ ​និង ​ហៀធឺ​ ​មូវេរូ
ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​ ​លេខ​១១៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២០០៩

អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

 

July 30, 2009

មនុស្ស​ល្បីៗ​លំដាប់​ពិភពលោក​នឹង​ចូល​មក​កម្ពុជា

មនុស្ស​ល្បីៗ​លំដាប់​ពិភពលោក​ ៩​ នាក់​ នឹង​ចូល​មក​កម្ពុជា​ម្នាក់​ម្ដង​ ពី​ខែវិច្ឆិកា ឆ្នាំ​២០០៩ ​ដល់​ខែមេសា​ ឆ្នាំ​២០១០

អង្គការ​មូលនិធិ​សន្ដិភាព​អន្ដរជាតិ​ (International Peace Foundation) ​ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​រដ្ឋធានី​វីយ៉េន​ ​នៃ​ប្រទេស​អូទ្រីស​ ​បាន​ចាត់ចែង​គម្រោង​មួយ​រៀប​ចំ​ការ​បណ្ដាក់​គ្នា​ចូល​មក​កម្ពុជា​នៃ​ឥស្សរជន​ល្បីឈ្មោះ​លំដាប់​ពិភពលោក​៩​នាក់​តាម​ការ​ស្នើ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ ​និង​មេដឹកនាំ​កម្ពុជា ។​ ​លោក​ ​Uwe Morawetz​ ​ដែល​ជា​នាយក​ប្រតិបត្ដិ​របស់​អង្គការ​មូលនិធិ​សន្ដិភាព​អន្ដរជាតិ​ ​គឺជា​អ្នក​រៀបចំ​គម្រោង​នេះ​ដែល​ដាក់​ឈ្មោះ​ថា​ ​«ស្ពាន​ភ្ជាប់​ប្រទេស​អាស៊ាន (ASEAN Bridges)»​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​ឱ្យ​ពិភពលោក​ស្គាល់​ ​ជា​ជាង​ការ​ដែល​មនុស្ស​លើ​ផែនដី​នេះ​ស្គាល់​ស្រុក​ខ្មែរ​ត្រឹមតែ​ដោយសារ​ប្រាសាទ​អង្គរវត្ដ​ ​និង​របប​ខ្មែរក្រហម​ប៉ុល​ ​ពត​ ​នោះ ។

នាយក​របស់​អង្គការ​នេះ​បាន​ថ្លែង​ថា​ នេះ​គឺជា​ឱកាសល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​នឹង​ក្លាយជា​ឱកាស​នៃ​ការ​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​មនុស្ស​ល្បីៗ​ក្នុង​ពិភពលោក​ ​ក្នុង​ដំណើរ​នៃ​ការ​សិក្សា​ផ្ដល់​យោបល់​មតិ​រវាង​គ្នា​ ​រុញ​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​រក​សន្ដិភាព ។

តាម​សេចក្ដីអធិប្បាយ​របស់​ប្រធាន​នៃ​អង្គការ​មូលនិធិ​សន្ដិភាព​អន្ដរជាតិ​លោក​ Uwe Morawetz​​ ​នេះ​ ​ឥស្សរជន​ទាំង​៩​នាក់​ដែល​នឹង​ចូល​មក​កម្ពុជា​ម្នាក់​ម្ដងៗ​ចាប់ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០០៩​ រហូត​ដល់​ខែ​មេសា​ឆ្នាំ​២០១០​ ​មាន​ទាំង​សិល្បៈករ​លំដាប់​ពិភពលោក​ ​និង​ជ័យ​លាភី​ពានរង្វាន់​ណូបែល​នៃ​វិស័យ​នានា​ចំនួន​៩​នាក់ ។ ឈ្មោះ​របស់​មនុស្ស​ល្បីៗ​ពេញ​ពិភពលោក​នេះ​ ​ត្រូវ​បាន​លើក​រាប់​ ដូចជា ៖

  1. លោក​ ​Aaron Ciechanover ​ម្ចាស់​ពានរង្វាន់​ណូបែល​ផ្នែក​គីមី​ឆ្នាំ​២០០៤
  2. លោក​ ​Jackie Chan ​ហៅ​ ​ឈិន​ឡុង​ ​តារា​ភាពយន្ដ​ហុងកុង​ដ៏​ល្បីល្បាញ
  3. លោក​ Oliver Stone ​អ្នកដឹកនាំ​ផលិត​ខ្សែភាពយន្ដ
  4. លោក​សាស្ដ្រាចារ្យ​ David Gross ​អ្នក​រូបវិទ្យា​ជ័យ​លាភី​ណូបែល​ឆ្នាំ​២០០៤
  5. លោក​សាស្ដ្រាចារ្យ​ ​Eric Maskin ​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០០៧
  6. លោក​ ​Torsten Wiesel ​អ្នក​បាន​ពានរង្វាន់​ណូបែល​ពិភពលោក​ផ្នែក​វិទ្យាសាស្ដ្រ​ឆ្នាំ​១៩៨១
  7. លោក​ Vladimir Ashkenazy ​ជា​សិល្បៈករ​ខាង​កូត​វីយូឡុង​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​របស់​ពិភពលោក
  8. អ្នកស្រី​ ​Francoise Barre-Sinoussi ​ជ័យ​លាភី​រង្វាន់​ណូបែល​ពិភពលោក​ផ្នែក​វេជ្ជសាស្ដ្រ​ឆ្នាំ​២០០៨
  9. លោក​បណ្ឌិត​ ​Jose Ramos-Horta ​ប្រធានាធិបតី​នៃ​ប្រទេស​កោះ​ទីម័រ​ខាងកើត​ដែល​ជា​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​ម្នាក់​ដែរ​នោះ ។

ឥស្សរជន​ល្បីល្បាញ​ក្នុង​ពិភពលោក​ទាំង​៩​នាក់​គ្រោង​នឹង​ចូល​មក​កម្ពុជា​ ហើយ​ចូល​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​ ​ក៏​ដូចជា​ជួប​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ ​ទាំង​មន្ដ្រី​ជាន់ខ្ពស់​កម្ពុជា​ រួម​ទាំង​អ្នក​ស្រាវជ្រាវ​ទាំងឡាយ​នៃ​សាកលវិទ្យាល័យ​នានា​ផង​ដែរ ។ ពិតមែនតែ​ឥស្សរជន​ល្បីល្បាញ​ក្នុង​ពិភពលោក​ទាំង​៩​នាក់​ខ្លះ​ធ្លាប់​បាន​ចូល​មក​កម្ពុជា​ មាន​ដូចជា​ តារា​ភាពយន្ដ​ហុងកុង​ហូលីវូដ​ ​លោក​ ​ចាក់គី​ ចាង​ ​ហៅ​ ​ឈីន​ឡុ​ង​ ​នោះ​ក៏​ដោយ​ ក៏​កម្មវិធី​នេះ​គឺជា​ការ​រៀបចំ​លើក​ទី​មួយ​ដែល​នឹង​មាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការ​កោះ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ ​និង​មេដឹកនាំ​កម្ពុជា ។

ក្រុម​អ្នក​រៀបចំ​ផ្ដល់​សេចក្ដី​សង្ឃឹម​ថា​ ​ពិធី​នេះ​នឹង​ក្លាយជា​ព្រឹត្ដិការណ៍​ដែល​ទាក់ទាញ​ការ​យកចិត្ដ​ទុកដាក់​របស់​សហគមន៍​អន្ដរជាតិ​ និង​ពិភពលោក​ចំពោះ​ប្រទេស​កម្ពុជា ។​ ​ជា​ពិសេស​ទាំង​ជា​ឱកាស​សម្រាប់​វិស័យ​នៃ​ការ​អប់រំ​ដែល​ជា​គ្រឹះ​មូលដ្ឋាន​រុញ​ដំណើរ​ប្រទេស​កម្ពុជា​ទៅ​រក​អនាគត​ឲ្យ​ប្រសើរ​ឡើង​ ​តាម​រយៈ​ការ​រៀនសូត្រ​របស់​យុវជន​ក្មេង​ជំនាន់​ក្រោយ​នៅ​កម្ពុជា ។

លោក​ ​Uwe Morawetz​ ​បាន​អធិប្បាយ​ក្នុង​នាម​ជា​ម្ចាស់​អ្នក​រៀបចំ​គម្រោង​នេះ​ថា​ ​កម្មវិធី​ដែល​ឥស្សរជន​លំដាប់​ពិភពលោក​ចូល​មក​កម្ពុជា​ ​ក៏​មាន​គោលដៅ​សម្រាប់​បំផុស​គំនិត​មនុស្ស​ក្មេងៗ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អនាគត​របស់​ប្រទេស​តាម​រយៈ​ការ​ផ្ដល់​យោបល់​ ​និង​ការ​ពិគ្រោះ​មតិ​គ្នា​ជាមួយ​ឥស្សរជន​លំដាប់​ពិភពលោក​ ​ទាំង​ជ័យ​លាភី​ពានរង្វាន់​ណូបែល​ទាំងឡាយ​ដែល​មិន​បាន​មក​កម្ពុជា​ពី​លើក​មុនៗ ។ អ្វី​ជា​សេចក្ដី​សង្ឃឹម​ដ៏​មុតមាំ​នោះ​ ​គឺ​ព្រឹត្ដិការណ៍​ទាំងនេះ​នឹង​ក្លាយជា​កម្លាំង​អូស​ទាញ​ប្រទេស​កម្ពុជា​ពី​ការ​មិនសូវ​ស្គាល់​នៅ​លើ​ពិភពលោក​ឱ្យ​មាន​សម្លេង​របស់​ខ្មែរ​ទៅ​ក្នុង​លំដាប់​ពិភពលោក​ដើម្បី​មាន​កេរ្ដិ៍ឈ្មោះ​ទូលំទូលាយ​ខុស​ពី​ការ​ដែល​គេ​ធ្លាប់​ស្គាល់​កម្ពុជា​ត្រឹមតែ​ដោយសារ​របប​ដ៏​មហា​ឧក្រិដ្ឋ​នៃ​ពួក​ខ្មែរក្រហម​ ​និង​ប្រាសាទ​អង្គរវត្ដ​កេរ្ដិ៍​តំណែល​ដូនតា​ខ្មែរ​នោះ ។

ចាប់ពី​ឆ្នាំ​១៩៨៩​មក​ អង្គការ​មូលនិធិ​សន្ដិភាព​អន្ដរជាតិ​បាន​រៀបចំ​កម្មវិធី​ចំនួន​៧០០​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៃ​សហភាព​អឺរ៉ុប​ ​ដោយ​ផ្ដោត​ជា​សំខាន់​លើ​មូលដ្ឋាន​នៃ​ការ​អប់រំ​ដែល​ជា​គន្លឹះ​នៃ​សន្ដិភាព ។​ ​ប្រទេស​សៀម​ធ្លាប់​បាន​សុំ​ឱ្យ​មាន​ការ​រៀបចំ​កម្មវិធី​នេះ​នៅ​ទឹកដី​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៣​ដែរ ។ ស្ពាន​ភ្ជាប់​ប្រទេស​អាស៊ាន​ត្រូវ​បាន​រៀបចំ​ឡើង​៣​លើក​មក​ហើយ ៖

  1. លើក​ទី​១​ នៅ​ប្រទេស​ហ្វីលីពីន​ ក្នុង​ឆ្នាំ​២០០៣
  2. លើក​ទី​២​ នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០០៨
  3. លើក​ទី​៣​ ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​២០០៩​នេះ ។

ប្រទេស​បន្ដបន្ទាប់​មក​ទៀត​ជា​ទិស​ដៅ​នៃ​កម្មវិធី​នេះ​មាន​ប្រទេស​វៀតណាម​ ​សឹង្ហបូរី​ ​ឥណ្ឌូណេស៊ី​ ​លាវ​ ​និង​ភូមា ៕

លោក​ ​Aaron Ciechanover ​ម្ចាស់​ពានរង្វាន់​ណូបែល​ផ្នែក​គីមី​ឆ្នាំ​២០០៤

លោក​ ​Aaron Ciechanover ​ម្ចាស់​ពានរង្វាន់​ណូបែល​ផ្នែក​គីមី​ឆ្នាំ​២០០៤

លោក​ Jackie Chan ​ហៅ​ ​ឈិន​ឡុង​ ​តារា​ភាពយន្ដ​ហុងកុង​ដ៏​ល្បីល្បាញ

លោក​ Jackie Chan ​ហៅ​ ​ឈិន​ឡុង​ ​តារា​ភាពយន្ដ​ហុងកុង​ដ៏​ល្បីល្បាញ

លោក​ Oliver Stone ​អ្នកដឹកនាំ​ផលិត​ខ្សែភាពយន្ដ

លោក​ Oliver Stone ​អ្នកដឹកនាំ​ផលិត​ខ្សែភាពយន្ដ

លោក​សាស្ដ្រាចារ្យ​ David Gross ​អ្នក​រូបវិទ្យា​ជ័យ​លាភី​ណូបែល​ឆ្នាំ​២០០៤

លោក​សាស្ដ្រាចារ្យ​ David Gross ​អ្នក​រូបវិទ្យា​ជ័យ​លាភី​ណូបែល​ឆ្នាំ​២០០៤

លោក​សាស្ដ្រាចារ្យ​ ​Eric Maskin ជ័យ​លាភី​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០០៧

លោក​សាស្ដ្រាចារ្យ​ ​Eric Maskin ជ័យ​លាភី​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​ឆ្នាំ​២០០៧

លោក​ ​Torsten Wiesel ​អ្នក​បាន​ពានរង្វាន់​ណូបែល​ពិភពលោក​ផ្នែក​វិទ្យាសាស្ដ្រ​ឆ្នាំ​១៩៨១

លោក​ ​Torsten Wiesel ​អ្នក​បាន​ពានរង្វាន់​ណូបែល​ពិភពលោក​ផ្នែក​វិទ្យាសាស្ដ្រ​ឆ្នាំ​១៩៨១

លោក​ Vladimir Ashkenazy ​ជា​សិល្បៈករ​ខាង​កូត​វីយូឡុង​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​របស់​ពិភពលោក

លោក​ Vladimir Ashkenazy ​ជា​សិល្បៈករ​ខាង​កូត​វីយូឡុង​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​របស់​ពិភពលោក

អ្នកស្រី​ ​Francoise Barre-Sinoussi ​ជ័យ​លាភី​រង្វាន់​ណូបែល​ពិភពលោក​ផ្នែក​វេជ្ជសាស្ដ្រ​ឆ្នាំ​២០០៨

អ្នកស្រី​ ​Francoise Barre-Sinoussi ​ជ័យ​លាភី​រង្វាន់​ណូបែល​ពិភពលោក​ផ្នែក​វេជ្ជសាស្ដ្រ​ឆ្នាំ​២០០៨

លោក​បណ្ឌិត​ ​Jose Ramos-Horta ​ប្រធានាធិបតី​នៃ​ប្រទេស​កោះ​ទីម័រ​ខាងកើត​ ជា​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្ដិភាព

លោក​បណ្ឌិត​ ​Jose Ramos-Horta ​ប្រធានាធិបតី​នៃ​ប្រទេស​កោះ​ទីម័រ​ខាងកើត​ ជា​ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្ដិភាព

 

July 29, 2009

រង់ចាំ

រង់ចាំ 

ខ្ញុំ​បាន​ប្រទះ​ឃើញ​អត្ថបទ​ដ៏​លន្លង់លន្លោច​ខ្លោចផ្សា​មួយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​កោះសន្តិភាព​ដែល​ទទួល​បាន​ពី​មិត្ត​អ្នកអាន​ម្នាក់រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​មួយ ។ ដាវីត​ដែល​ពី​ដំបូង​គ្រាន់​តែ​ចង់​លលេង​សើច​ល្បែង​ស្នេហា​ជាមួយ​នីតា​ដែល​ជា​មិត្ត​រួម​ថ្នាក់​តែ​ប៉ុណ្ណោះ ។ លទ្ធផល​នៅ​ទីបំផុត ដាវីត​សុខ​ចិត្ត​នៅ​ព្រៅ​រង់ចាំ​ជួប​នីតា​អស់​រយៈ​ពេល​២០​ឆ្នាំ​ទើប​ដឹង​ការ​ពិត ។

ប្រសិនបើ​រឿង​នេះ​ជា​រឿង​ពិត គួរ​ឲ្យ​ស្ងើច​សរសើរ​ដល់​ទឹក​ចិត្ត​របស់​ដាវីត​ពេក​ណាស់ ។ ប៉ុន្តែ​បើ​តាម​ការ​វិភាគ​របស់​ខ្ញុំ អត្ថបទ​នេះ​គឺ​គ្រាន់​តែ​ជា​រឿង​ប្រលោមលោក​ខ្លី​មួយ​ប៉ុណ្ណោះ ។ តាម​ដំណើរ​រឿង ទំនាក់​ទំនង​រវាង​កំលោះ​ដាវីត និង​កញ្ញា​នីតា​បាន​កើត​ឡើង​កាល​ពី​២០​ឆ្នាំ​មុន ហើយ​មាន​រៀប​រាប់​បង្ហាញ​អំពី​ការ​ប្រើប្រាស់​ទូរស័ព្ទ (អាច​ជា​ទូរស័ព្ទ​ដៃ) យ៉ាង​ទូលាយ ។ ជាក់ស្ដែង កាល​ពី​២០​ឆ្នាំ​មុន ប្រសិនបើ​គិត​ថយ​ពី​ឆ្នាំ​២០០៩ គឺ​ត្រូវ​នឹង​ទសវត្សរ៍​ទី​៩០ ។ នៅ​ពេល​នោះ ទូរស័ព្ទ​ដៃ​ពិត​ជា​ពុំ​ទាន់​បាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុង​ចំណោម​និស្សិត​មហាវិទ្យាល័យ​នៅ​ឡើយ ជាពិសេស និស្សិត​ក្រីក្រ​ដូចជា​នីតា ។ នីតា​ជា​កូនកំព្រា​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដូច្នេះ​នាង​គួរ​តែ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ណាមួយ គឺ​ពុំ​មែន​ស្នាក់​នៅ​ផ្ទះ​ជួល​តាម​ដំណើរ​រឿង​នោះ​ទេ ។ ប្រសិនបើ​ជា​រឿង​ពិត​មែន​នោះ ស្ថានភាព​ជម្ងឺ និង​មរណភាព​របស់​នីតា​មិន​អាច​រំលង​ពី​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​នាង​បាន​ឡើយ ហើយ​នៅ​ពេល​នោះ ទាំង​មិត្តភក្ដិ​ និង​អ្នកគ្រូ​ពេទ្យ​ជៀស​មិន​ផុត​ពី​ផ្ដល់​ព័ត៌មាន​ដល់​ដាវីត​ភ្លាមៗ​ខាន​ពុំ​បាន ដោយ​ពុំ​រង់ចាំ​២០​ឆ្នាំ​ក្រោយ​មក​នោះ​ទេ ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ សូម​ប្រិយមិត្ត​អ្នកអាន​វិនិច្ឆ័យ​ខ្លួនឯង​នូវ​ដំណើរ​រឿង​ខាង​ក្រោម​នេះ​តាម​ការ​គួរ​ទៅ​ចុះ………………………….!

រង់ចាំ 

រង់ចាំ

មាន​សុភមង្គល​ ​មានគ្រួសារ​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ។​ ​តាម​រូបសម្បត្ដិ​ ​សមត្ថភាព​ ​និង​ជីវភាព​គ្រួសារ​របស់​ខ្ញុំ​ ​ខ្ញុំ​អាច​ជ្រើស​រើស​នារី​ស្អាត​មក​ធ្វើ​ជា​ភរិយា​បាន​យ៉ាង​ងាយ​ ​ប៉ុន្ដែ​ខ្ញុំ​បែរជា​បោះបង់​ភាព​ជា​យុវវ័យ​ ​បោះបង់​ចោល​នូវ​ឱកាស​សាង​គ្រួសារ​ដោយ​មិន​ដឹង​ខ្លួន​ ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ ​នេះ​មិន​មែន​មក​ពី​ខ្ញុំ​វក់​នឹង​ការងារ​ ​ឬ​ការ​សប្បាយ​នោះ​ទេ​ ​គឺ​ខ្ញុំ​កំពុង​តែ​រង់ចាំ​នារី​ម្នាក់​ ​ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ «ស្រឡាញ់»​ ​ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ខ្លួន​ថា​ ​ខ្ញុំ​មាន​ចិត្ដ​ស្រឡាញ់​នាង​ ​ឬ​ក៏​អត់​នោះ​ដែរ ។​ ​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា​ ​ខ្ញុំ​ខឹង​នឹង​នាង​ណាស់​ ​ហេតុ​អ្វី​នាង​មិន​មក​ជួប​ខ្ញុំ​តាម​ការ​ណាត់​ ​បើ​នាង​ចង់​ទៅ​ចោល​ខ្ញុំ​ហេតុ​អ្វី​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ ​ជាង​២០​ឆ្នាំ​ហើយ​ថ្ងៃ​ណា​ក៏​ខ្ញុំ​ទៅ​ចាំ​នាង​នៅ​មុខ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ដែរ​ ​ពីព្រោះ​វា​ជា​កន្លែង​ដែល​នាង​ណាត់ជួប​ខ្ញុំ​លើក​ចុង​ក្រោយ​ ​ប៉ុន្ដែ​នាង​បែរជា​មិន​មក​ ​នាង​ទុក​ឲ្យ​ខ្ញុំ​រង់ចាំ​នាង​ ​ចាំ​ហើយ​ចាំ​ទៀត​ ​មួយ​ថ្ងៃ​ ​មួយ​ខែ​ ​មួយ​ឆ្នាំ​ ​រហូត​ដល់​ជាង​២០​ឆ្នាំ ។ នាង​ខឹង​នឹង​ខ្ញុំ​ដែល​បោកប្រាស់​នាង​មែន​ទេ ? នាង​ចង់​សងសឹក​មែន​ទេ ?

ទេ​ខ្ញុំ​ជឿជាក់​លើ​ចិត្ដ​ស្រឡាញ់​របស់​នាង​ចំពោះ​ខ្ញុំ​ទោះ​ស្នេហា​នេះ​មាន​រយៈពេល​ខ្លី​ក៏​ដោយ​ ​ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​មួយ​ថា​ នាង​កំពុង​តែ​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ ។

ខ្ញុំ​ចាំ​ថា​កាលពី​២០​ឆ្នាំ​មុន​ ​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​២២​ឆ្នាំ​ ​ជា​និស្សិត​មហាវិទ្យាល័យ​ ​ខ្ញុំ​មាន​រូបរាង​សង្ហា​ ​ជា​កូន​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ ​មាន​ប្រាក់​ចាយ​មិន​ខ្វះ​ ​ខ្ញុំ​អាច​ទាក់ទង​ស្រី​ស្អាត​បាន​ជា​ច្រើន​ ​ប៉ុន្ដែ​ស្នេហា​សម្រាប់​ខ្ញុំ​ ​បីដូច​ជា​ការ​ញ៉ាំ​អំពៅ​ ​គឺ​ពេល​ដែល​អស់​រស់ជាតិ​ហើយ​ ​ខ្ញុំ​នឹង​ខ្ជាក់​វា​ចោល​ដោយ​គ្មាន​ស្រណោះ ។ ព្រហ្ម​លិខិត​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ស្គាល់​នារី​ម្នាក់​ឈ្មោះ​ ​«នីតា»​ ​ដែល​នាង​ទើបតែ​ផ្លាស់​មក​ពី​ខេត្ដ​ចូល​មក​រៀន​ថ្នាក់​ជាមួយ​ខ្ញុំ​ ​មើលទៅ​នាង​ក៏​ស្អាត​ណាស់​ដែរ​ ​តែ​សម្រស់​របស់​នាង​ត្រូវ​បិទ​បាំង​ដោយ​ទឹកមុខ​ស្លេកៗ​ ​មើល​ទៅ​ដូច​ជា​អ្នកជម្ងឺ​ ​បើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​នោះ​ ​ប្រហែលជា​ទៅ​មិន​រួច​ទេ​ ​តែ​មើល​លេងសើច​អាច​ខ្លះ ។

នៅ​ថ្ងៃ​ដំបូង​ដែល​នាង​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្នាក់​របស់​ខ្ញុំ​ ​កែវភ្នែក​ទាំង​គូ​របស់​នាង​តែងតែ​លួច​សម្លឹង​មក​ខ្ញុំ​ ​ដែល​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​នាង​កំពុង​តែ​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ​ ​វា​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចិត្ដ​ ​និង​មើល​ស្រាល​ចំពោះ​នាង ។ រាល់ថ្ងៃ​ ​សង្កេត​មើល​នាង​យូរ​ទៅ​ ​នាង​ហាក់​បី​ដូចជា​មនុស្ស​ចម្លែក​ ​មើល​ទៅ​រាង​កាយ​នាង​ដូច​ជា​ទន់​ខ្សោយ​ ​តែ​ចិត្ដ​របស់​នាង​រឹង​មាំ​ណាស់​ ​នាង​ជា​មនុស្ស​រួសរាយ​ ​រាក់ទាក់​ ​នាង​ធ្វើ​ខ្លួន​ហាក់​បី​ដូចជា​ស្រឡាញ់​ពិភពលោក​នេះ​ណាស់​ ​មិត្ដ​រួម​ថា្នក់​របស់​ខ្ញុំ​អ្នក​ណា​ក៏​ស្រឡាញ់​ចូល​ចិត្ដ​នាង​ដែរ​ ​តែ​សម្រាប់​រូប​ខ្ញុំ​ ​នាង​ដូច​ជា​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ​ ​ពីព្រោះ​ខ្ញុំ​យល់​ថា​ ​នាង​ក៏​ដូច​ជា​ស្រីៗ​ដទៃ​អញ្ចឹង​ដែរ​ ​គឺ​លង់​ស្នេហ៍​កំលោះ​សង្ហា​ដូច​ជា​រូប​ខ្ញុំ​នោះ​ដូច​តែ​គ្នា ។​ ​ថ្ងៃមួយ​ ​ខ្ញុំ​បាន​ភ្នាល់​ជាមួយ​មិត្ដ​ខ្ញុំ​ថា​ ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​ស្រឡាញ់​ខ្ញុំ​ក្នុង​រយៈពេល​បី​ខែ​ ​ហើយ​នាង​នឹង​យំ​អង្វរ​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​បោះបង់​នាង​ចោល ។

- ពួក​ឯង​ជឿ​ទេ​ ​គ្នា​អាច​ធ្វើ​ឲ្យ​ស្រី​មុខ​ស្លេក​ម្នាក់​នេះ​លង់​ស្នេហ៍​គ្នា​បាន​ ​(ខ្ញុំ​និយាយ​ដោយ​ភាព​ជឿជាក់) ។

- អ្ហេ​ ​ឬ​មួយ​ក៏​ឯង​ចាប់​អារម្មណ៍​នឹង​នីតា​បានជា​នឹក​ចង់​ទាក់ទង​នាង​ ​តែ​មើល​ទៅ​នាង​ដូច​ជា​មិន​ត្រូវ​នឹង​ចំណូលចិត្ដ​ឯង​សោះ ។

- គ្រាន់តែ​ចង់​ល​លេង​ទេ​ ​ពីព្រោះ​ឮ​ល្បី​ថា​នាង​ចិត្ដរឹង​ណាស់ ។

- អូខេ​ ​បើ​ឯង​ឈ្នះ​ ​ពួក​គ្នា​នឹង​ប៉ាវ​ឯង​ចូល​ខារ៉ាអូខេ​…។

ខ្ញុំ​ចាប់ផ្ដើម​ទាក់ទង​នាង​ដោយ​សុំ​លេខ​ទូរស័ព្ទ​របស់​នាង​ពី​មិត្ដ​នាង ។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​នាង​ ​ខ្ញុំ​បាន​សួរនាំ​នាង​ទៅ​តាម​វិធី​របស់ខ្ញុំ​ ​មើលទៅ​នាង​ដូច​ជា​សប្បាយចិត្ដ​ណាស់​ ​ពេល​បាន​និយាយ​ជាមួយ​ខ្ញុំ​ ​ការ​ពិត​ទៅ​នាង​ដូច​ជា​ចិត្ដ​ងាយ​ណាស់​ ​បែប​នេះ​ដូច​ជា​មិនសូវ​សប្បាយ​ ​តែ​ចាត់​ទុក​ថា​ ​លេង​កែ​អផ្សុក​ទៅ​ចុះ ។​

ថ្ងៃ​ទី​បី​នៃ​ល្បែង​របស់​ខ្ញុំ​….

-នីតា​ ​ដឹង​ទេ​ខ្ញុំ​ពិតជា​ពេញចិត្ដ​នាង​ណាស់ ។ គឺ​ខ្ញុំ​….ខ្ញុំ​ស្រឡាញ់​នាង​…

- ខ្ញុំ​ក៏​ស្រឡាញ់​លោក​ដែរ​ ​គឺ​ស្រឡាញ់​យ៉ាង​ពិតប្រាកដ ។

នេះ​ជា​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្មាន​មិន​ដល់​ ​វា​ហាក់បី​ដូចជា​លឿន​ពេក​ ​ហួស​ពី​គម្រោង​របស់ខ្ញុំ ។

-នីតា​មិន​គិត​មើល​សិន​ទេ​ ​អ្ហេ ?

- សម្រាប់​ខ្ញុំ​ ​ខ្ញុំ​មិន​ស្ដាយក្រោយ​ ​និង​មិន​បណ្ដែត​បណ្ដោយ​ពេលវេលា​ឡើយ​ ​ចំពោះ​ការ​និយាយ​ពាក្យ​ថា​ ​ស្រឡាញ់​ទៅ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ ​បើ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​គេ​ពិតប្រាកដ​ហើយ​នោះ​ ​ខ្ញុំ​មិន​ចង់​ឲ្យ​ពេល​វេលា​សូម្បី​តែ​មួយ​វិនាទី​កន្លង​ហួស​ទៅ​ឡើយ​ចំពោះ​ស្នេហា​ ​ខ្ញុំ​នឹង​ស្រឡាញ់​លោក​អស់​មួយ​ជីវិត ។

ពេល​និយាយ​ចប់​នាង​ក៏​សុំ​បិទ​ទូរស័ព្ទ​ ​ទុក​ឲ្យ​ខ្ញុំ​នៅ​ភាំង​ម្នាក់ឯង​ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​ស្រី​ធ្វើ​ឲ្យ​ខ្ញុំ​ស្លុង​អារម្មណ៍​នឹង​ពាក្យ​ថា​ «ស្នេហា​ពិត»​ ​បើ​ទោះជា​នាង​មិនមែន​ជា​ស្រី​ទី​មួយ​ឡើយ​ដែល​និយាយ​ថា​ស្រឡាញ់​ខ្ញុំ​ពិត​នោះ​ ​តែ​មិនដឹង​ថា​ហេតុ​អី​បាន​ជា​បេះដូង​របស់​ខ្ញុំ​លោត​ញាប់​នៅ​ពេល​ដែល​បាន​ឮ​ពាក្យ​ស្រឡាញ់​នេះ​ចេញពី​មាត់​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​ចាត់​ទុកជា​ល្បែង​ភ្នាល់​គ្នា​លេង ។​ ​មិន​អាច​ទេ​ ​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​យ៉ាងនេះ​ទេ​ ​នីតា​នាង​គ្មាន​សំណាង​ធ្វើ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​បាន​ទេ​ ​នាង​អាច​នៅ​ក្បែរ​ខ្ញុំ​បាន​តែ​បី​ខែ​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​បំពេញ​កិច្ចការ​គួរ​ឲ្យ​ធុញទ្រាន់​មួយ​ ​គឺ​ធ្វើ​ជា​ទន់ភ្លន់​ ​ផ្អែមល្ហែម​ ​យកចិត្ដ​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​មិន​ពេញចិត្ដ​បន្ដិច​ទាល់តែ​សោះ​ ​មើលទៅ​នាង​ពិតជា​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​ ​តែ​អ្វី​ដែល​ចម្លែក​នោះ​ ​ត្រឹមតែ​ខែ​ដំបូង​នាង​បាន​ធ្វើ​ចិត្ដ​ខ្ញុំ​ផ្លាស់​ប្ដូរ​ដោយ​មិនដឹង​ខ្លួន​ចំពោះ​ទស្សនៈ​ស្នេហា​ ​នាង​បាន​ផ្ដល់​នូវ​អារម្មណ៍​ចម្លែក​ជា​ច្រើន​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ជួប​ជាមួយ​នារី​ផ្សេង ។​ ​ពេលវេលា​ផ្លាស់​ប្ដូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​នាង​កាន់តែ​មាន​ស្នេហា​ជ្រាលជ្រៅ​ចំពោះ​ខ្ញុំ​ ​នាង​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ស្និទ្ធស្នាល​ជាមួយ​នាង​ ​នាង​បាន​ផ្ដល់​ភាព​សំខាន់​ឲ្យ​ខ្ញុំ​ ​នាង​ស្ទើរតែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេចខ្លួន​ថា​ ​ខ្ញុំ​កំពុង​តែ​លេងល្បែង​ទៅ​ហើយ​ ​ពាក្យ​ថា​ធុញទ្រាន់​ដែល​ខ្ញុំ​ធា្ល​ប់​និយាយ​ពី​ដំបូង​ក៏​រលាយ​បាត់​ ​នាង​តែងតែ​រៀបរាប់​រឿង​របស់​នាង​ឲ្យ​ខ្ញុំ​ស្ដាប់​ ​ដូច​ជា​រឿង​គ្រួសារ​នាង​ ​ស្ដាប់​ទៅ​ដូច​ជា​រីករាយ​ណាស់​ ​តែ​ខ្ញុំ​បែរជា​មាន​អារម្មណ៍​ថា​ ​អាណិត​នាង​ទៅ​វិញ​ ​ទោះជា​នាង​សើច​ ​នាង​ញញឹម​មិន​ដែល​ស្រពោន​ក៏ដោយ ។

- មើលទៅ​អូន​ចូល​ចិត្ដ​ថតរូប​ណាស់​ ​ណ្ហ៎ !

- អូន​ចង់​ផ្ដិត​យក​ពេលវេលា​ដែល​អូន​នៅ​ក្បែរ​បង​ឲ្យ​ក្លាយជា​អមតៈ​ ​វា​ជា​ការ​ថែរក្សា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ ។

ខ្ញុំ​យកដៃ​ទាញ​ក្បាល​នាង​មក​ផ្អឹប​នឹង​ដើមទ្រូង​…

- មួយ​ជីវិត​អូន​នេះ​ ​តើ​អូន​ខ្លាច​អ្វី​ជាងគេ ?

- គឺ​សេចក្ដីស្លាប់​ ​អូន​ពិតជា​ខ្លាច​ខ្លាំង​ណាស់

- ក្មេង​ល្ងង់​ ​អ្នក​ណា​ក៏​គេ​ខ្លាច​ដែរ ។ អញ្ចឹង​មិន​ខ្លាច​បាត់បង​ទេ​ ​អ្អេ ?

- អ្វីៗ​វាសនា​បាន​កំណត់​រួច​ហើយ ។….បាន​ហើយ​យើង​ទៅ​វិញ​ទៅ​ ​អូន​អស់​កម្លាំង​ណាស់ ។

ល្ខោន​ស្នេហា​របស់​ខ្ញុំ​បាន​ចាប់​ដំណើរការ​ទៅ​យ៉ាង​ល្អ​ ​ប៉ុន្ដែ​នៅ​ជិត​នាង​កាន់​ច្រើន​ ​កាន់តែ​យល់​ថា​ ​នាង​ចម្លែក​ ​តែ​ភាព​ចម្លែក​របស់​នាង​ពិតជា​ទាក់ទាញ​ណាស់ ។​ ​អស់​រយៈពេល​ពីរ​ខែ​កន្លង​ផុត​ទៅ​ហើយ​សម្រាប់​ល្បែង​មួយ​នេះ​ ​ខ្ញុំ​ស្ទើរតែ​ភ្លេចខ្លួន​បាត់​ទៅ​ហើយ​ថា​ ​វា​គ្រាន់តែ​ជា​ល្ខោន​រយៈពេល​ខ្លី​មួយ​ ​ខ្ញុំ​ហាក់ដូចជា​មិន​ដាច់​ចិត្ដ​សោះ​ក្នុង​ការ​បំផ្លាញ​បេះដូង​របស់​នាង​ ​ខ្ញុំ​បាន​ព្យាយាម​ដាស់​ខ្លួនឯង​ជា​និច្ច​ ​ដើម្បី​កុំឲ្យ​លង់លក់​ក្នុង​ល្បែង​មួយ​នេះ​ ​ពិតមែន​ហើយ​នាង​មិនមែន​ជា​នារី​ដែល​ខ្ញុំ​ប្រាថ្នា​នោះ​ទេ​ ​នាង​មិន​សក្ដិ​សម​នឹង​ខ្ញុំ​ទេ​ ​មាន​ស្រី​ស្អាត​ច្រើន​ណាស់​ដែល​នៅ​រង់ចាំ​ខ្ញុំ ។

ពេល​នេះ​ខ្ញុំ​ចាប់ផ្ដើម​បញ្ចេញ​ភាព​ព្រងើយ​កន្ដើយ​ដាក់​នាង​ ​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​ជា​ទាក់ទង​ស្រី​ផ្សេង​នៅ​ចំពោះ​មុខ​នាង​ ​ហើយ​នាង​ក៏​តែងតែ​បញ្ចេញ​អាការៈ​ប្រច័ណ្ឌ​ខ្ញុំ​ពេល​នៅ​ចំពោះ​មុខ​មិត្ដ​របស់​ខ្ញុំ​ ​តែ​ពេល​ផុត​ពីមុខ​គេ​នៅ​តែ​ពីរ​នាក់​ នាង​ធ្វើ​ហាក់បី​ដូចជា​គ្នា​រឿង​អ្វី​កើត​ឡើង​ ​ខ្ញុំ​ពិតជា​ឆ្ងល់​ណាស់​ ​ការ​ពិត​នាង​កំពុង​គិត​អ្វី​ ​ខ្ញុំ​ឧស្សាហ៍​រក​រឿង​នាង​ណាស់​ ​ប៉ុន្ដែ​នាង​ក៏​ខំ​កែប្រែ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ពេញចិត្ដ​ ​រហូត​ដល់​ខ្ញុំ​មិនដឹង​ថា​គួរ​រក​អ្វី​មក​ចាប់​កំហុស​នាង ។

- ហេតុ​អ្វី​ក៏​នាង​ធ្វើ​តាម​ចិត្ដ​ខ្ញុំ​ម្ល៉េះ ?

- ខ្ញុំ​ស្រឡាញ់​បង​ ​ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​តិចតួច​ធ្វើ​ឲ្យ​ខកខាន​ភាព​រីករាយ​ដល់​ស្នេហា​របស់ខ្ញុំ​ឡើយ ។

- ចុះបើ​ថ្ងៃ​ណាមួយ​បង​ក្បត់​អូន​ ​អូន​ធ្វើ​យ៉ាងម៉េច ?

- ចុះបើ​ថ្ងៃ​ណាមួយ​អូន​ទៅ​ឆ្ងាយ​ចោល​បង​ ​បង​ធ្វើ​យ៉ាងម៉េច ? (នាង​និយាយ​បណ្ដើរ​យក​ដៃ​អង្អែល​ថ្ពាល់​របស់​ដាវិត​ថ្នមៗ)

- នោះ​ជា​រឿង​ល្អ​ហើយ​ ​(ខ្ញុំ​គ្រាន់តែ​គិត​ក្នុង​ចិត្ដ​ប៉ុណ្ណោះ)

- ជិត​ដល់​ពេល​ហើយ

- ជិត​ដល់​ពេល​អី ? ខ្ញុំ​សួរ​នាង​…

នាង​នៅ​ស្ងៀម​មួយសន្ទុះ​​…

- អ្ហេ​ ​គិត​អីហ្នឹង ?

- គឺ​ ​គឺ​ជិត​ដល់​ពេល​ជប់លៀង​នៅ​សាលា​យើង​នឹង​ណា៎ ។

- មែនហើយ​ជិត​ដល់​ពេល​ហើយ ។

អ្នក​ទាំង​ពីរ​សម្លឹង​រក​គ្នា​ដោយ​បង្កប់​នូវ​ភាព​ស្រពាប់​ស្រពោន​ ​ដាវីត​យកដៃ​ទៅ​អង្អែល​ក្បាល​នីតា​ថ្នមៗ

- បើ​បង​ធ្វើ​អ្វី​ខុស​ចំពោះ​អូន​ ​អូន​ស្អប់​បង​ទេ ?

- អត់​ទេ​ ​គ្មាន​ថ្ងៃ​ដែល​អូន​ស្អប់​បង​នោះ​ទេ​ ​វីត ។

………………………………………………………………………………………

-អ្ហេ​ ​យ៉ាងម៉េច​ហើយ​ ​អ្នក​ប្រុស​វីត​ ​ឥឡូវ​ដូច​ជា​សុភាព​ដល់​ហើយ​វើយ​ ​តិច​លង់​ស្នេហ៍​នីតា​មែនទែន​ទៅ ។

- កុំ​សង្ឃឹម​ ​គ្នា​គ្រាន់តែ​សម្ដែង​ឲ្យ​ចប់​ចុង​ចប់​ដើម​តែ​ប៉ុណ្ណោះ​ ​ជិត​មាន​សេរីភាព​ហើយ​ ​រាល់ថ្ងៃ​ធុញ​សឹង​ស្លាប់ ។ ស្អែក​អ្វីៗ​ត្រូវ​បញ្ចប់​ហើយ​ ​ត្រៀម​លុយ​ទុក​ទៅ​អា​ពួកម៉ាក ។

ទីបំផុត​ថ្ងៃ​ជប់លៀង​ក៏មក​ដល់​ ​តែ​អារម្មណ៍​ដូច​ជា​មិនល្អ​សោះ​ ​ខ្ញុំ​សូម​សារភាព​ថា​ខ្ញុំ​នឹក​ដល់​នាង​ ​នឹក​​អនុស្សាវរីយ៍​ទាំងឡាយ​រវាង​ខ្ញុំ ​និង​នាង ។

- យើង​ទៅ​ដើរ​លេង​កន្លែង​នោះ​វិញ​ល្អ​ទេ ? (ខ្ញុំ​បបួល​នាង​ទៅ​កន្លែង​ដែល​មិត្ដ​ភក្ដិ​របស់ខ្ញុំ​នៅ​ពួន​ចាំ​ស្ដាប់)

- ចា៎ស !

យើង​ទាំង​ពីរ​ដើរ​បណ្ដើរគ្នា​ ​ដោយ​មិន​និយាយ​មួយ​ម៉ាត់​ ​រហូត​ដល់​កន្លែង​នោះ​ ​នាង​ក៏​ឈប់​ដើរទៅ​មុខ​ទៀត​ ​ខ្ញុំ​សម្លឹង​មើល​មុខ​នាង​ ​បេះដូង​របស់ខ្ញុំ​ចាប់ផ្ដើម​ឈឺ​នៅ​ពេល​ដែល​ខ្ញុំ​បានឃើញ​តំណក់​ទឹកភ្នែក​របស់​ស្រី​ម្នាក់​នេះ​ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាង​យំ​ ​នាង​បែរ​មក​ឱប​ខ្ញុំ​យ៉ាង​ណែន​ ​ទឹកភ្នែក​របស់​នាង​បាន​ជ្រាប​ចូល​ទៅ​ដល់​បេះដូង​របស់​ខ្ញុំ​ទៅ​ហើយ ។

-ដាវីត​ ​អូន​ស្រឡាញ់​បង​ ​អូន​មិន​ចង់​បាត់បង់​បង​ទេ ។

ខ្ញុំ​ហាក់​ដី​ដូច​ជា​និយាយ​អ្វី​មិន​ចេញ​សោះ​ ​នាង​កំពុង​ធ្វើ​អ្វី​ហ្នឹង ? រាត្រី​ដ៏​អ៊ូអរ​ ​តន្ដ្រី​លាន់ឮ​រំពង​ ​គ្រប់​គ្នា​ពិត​ជា​រីករាយ​ ​ប៉ុន្ដែ​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​វា​ស្ងាត់​ខ្លាំង​ណាស់​ ​ខ្ញុំ​មើល​មិនឃើញ​ភាព​សប្បាយ​សូម្បី​បន្ដិច​ ​ខ្ញុំ​បែរជា​ខ្លាច​ ​ខ្លាច​រង្វង់​ដៃ​ដែល​កំពុង​ឱប​ខ្ញុំ​នេះ​រលា​ចេញ​ទៅ ។​

ក្រែង​នេះ​ជា​លទ្ធផល​ដែល​ខ្ញុំ​ចង់បាន​មែន​ទេ ? តែ​ខ្ញុំ​មិន​បាន​និយាយ​អ្វី​ជាមួយ​នាង​មួយ​ម៉ាត់​ផង​ ​ហេតុ​អ្វី​នៅ​សុខៗ​នាង​ធ្វើ​បែប​នេះ ?

មិត្ដ​ភក្ដិ​ខ្ញុំ​យល់​ថា​ ​ខ្ញុំ​ឈ្នះ​ហើយ​ ​ពួក​យើង​នាំ​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​យ៉ាង​សប្បាយ​ ​តែ​ការ​ពិត​ចិត្ដ​របស់ខ្ញុំ​នៅ​តែ​គិតដល់​នាង​ ​គិតដល់​ទឹកភ្នែក​របស់​នាង​ ​មិន​បាន​ទេ​ខ្ញុំ​ត្រូវ​តែ​ផឹក​ ​ផឹក​ ​ផឹក​ឲ្យ​ភ្លេច​អ្វី​គ្រប់យ៉ាង​….។

ថ្ងៃនេះ​មិន​ដូច​ពី​ម្សិលមិញ​ទេ​ ​ខ្ញុំ​បាន​តាំងចិត្ដ​បំភ្លេច​នាង​ហើយ​ ​ខ្ញុំ​នឹង​បំភ្លេច​អ្វីៗ​ទាំងអស់​ដែល​ធ្លាប់​មាន​ជាមួយ​នាង​ ​ខ្ញុំ​ត្រូវការ​សេរីភាព​នៃ​យុវវ័យ​របស់ខ្ញុំ​មក​វិញ​ ​ខ្ញុំ​មិន​ចង់​គិតដល់​ចិត្ដ​អ្នក​ណា​ ​ពេល​ដែល​ខ្ញុំ​ត្រូវការ​សប្បាយ​នោះ​ទេ​ ​សុំ​ទោស​ណា៎​នារី​ដ៏​គួរ​ឲ្យ​អាណិត ។

បី​ថ្ងៃក្រោយ​នាង​បាន​ទូរស័ព្ទ​មក​រក​ខ្ញុំ​ ​នាង​ធ្វើ​ហាក់បី​ដូចជា​គ្មាន​អ្វី​កើតឡើង​ ​មែនហើយ​ការ​ពិត​ទៅ​យប់​នោះ​ខ្ញុំ​មិន​ទាន់​បាន​និយាយ​អ្វី​ជាមួយ​នាង​ផង​…..

- ល្ងាច​នេះ​ម៉ោង​៥:០០ បង​ទំនេរ​ទេ ? បង​អាច​មក​រក​អូន​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បាន​ទេ ?

- បាទ​ ​បាន​ ​ប៉ុន្ដែ​កន្លែង​ណាត់​របស់​អូន​ដូច​ជា​ចម្លែក​បន្ដិច ។​

- អូន​សង្ឃឹមថា​ ​បង​ប្រាកដជា​ទៅ​ជួប​អូន

- អូខេ​ ​បង​នឹង​ទៅ​ជួប​អូន​ ​ការ​ពិត​បងក៏​មានរឿង​ចង់​និយាយ​ដែរ

- អរគុណ​ណាស់​ ​ចាំ​ណា៎​ ​ថា​អូន​ស្រឡាញ់​បង​ ​ទោះជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ ។

ដប់​នាទី​នៃ​ការ​រង់ចាំ​បាន​កន្លង​ផុត​ទៅ​ ​មួយ​ម៉ោង​ ​ពីរ​ម៉ោង​ ​ការ​អត់ធ្មត់​របស់ខ្ញុំ​ក៏​រលាយ​អស់​ ​ខ្ញុំ​ខឹង​នាង​ខ្លាំង​ណាស់​ ​នាង​ហ៊ាន​កុហក​ខ្ញុំ​ ​ខ្ញុំ​ទូរស័ព្ទ​ទៅ​ក៏​មិន​ចូល​ ​ទូរស័ព្ទ​ទៅ​មិត្ដ​នាង​ក៏​គ្មាន​អ្នក​ណា​ដឹង​ ​ខ្ញុំ​ឈប់​ខ្វល់​ ​ហើយ​នាង​គ្មាន​តម្លៃ​អ្វី​សម្រាប់​ខ្ញុំ​ទៀត​ទេ​ ​ខ្ញុំ​ក៏​មិន​ចង់​ចំណាយ​ពេលវេលា​របស់ខ្ញុំ​ ​ទៅ​ចាំ​ស្រី​ឆ្កួត​ម្នាក់​នោះ​ដែរ​ ​ប៉ុន្ដែ​ខ្ញុំ​ឆ្ងល់​ណាស់​នាង​មិន​ដែល​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ទេ​ ​ខ្ញុំ​នៅ​តែ​ជឿជាក់​លើ​ទឹកចិត្ដ​របស់​នាង​ចំពោះ​ខ្ញុំ ។​

ខ្ញុំ​មិន​អស់ចិត្ដ​ទេ​ ​ខ្ញុំ​បាន​ទៅ​រក​នាង​ដល់​ផ្ទះ​ជួល​របស់​នាង​ ​គេ​ថា​នាង​រើ​ចេញ​ហើយ​ ​ក្នុង​ចិត្ដ​ខ្ញុំ​ពេល​នេះ​ ​គឺ​បើ​បាន​ជួប​នាង​ ​ខ្ញុំ​នឹង​សម្លាប់​នាង​ ​ខ្ញុំ​ស្អប់​នាង​ខ្លាំង​ណាស់​ ​ខ្ញុំ​មិន​ដែល​រង់​ចាំ​ស្រី​ណា​ម្នាក់​ឡើយ​ ​ហើយក៏​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ដែរ ។

យប់​នេះ​ខ្ញុំ​គេង​មិន​លក់​សោះ​ ​ខ្ញុំ​ខំព្យាយាម​ឈប់​គិត​ ​តែ​ខួរក្បាល​ចំកួត​របស់ខ្ញុំ​នៅ​តែ​គិត​…

- នីតា​ហេតុ​អ្វី​បានជា​ធ្វើ​បែប​នេះ​ ​តែ​ក៏​ល្អ​ដែរ​នាង​ទៅ​បាត់​ ​ខ្ញុំ​មិន​ចាំបាច់​បកស្រាយ​អ្វី​ច្រើន​ ​ក៏​មិនបាច់​ក្លាយ​ជា​ជន​បោក​ស្នេហ៍​គេ​ដែរ​ ​ហើយ​ឈប់​ខ្វល់​ហើយ ។

មិន​ដូច​ជា​ការ​គិត​របស់ខ្ញុំ​សោះ​ ​គ្មាន​នាង​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​ហាក់បី​ដូចជា​បាត់​អ្វី​ម្យ៉ាង​ក្នុង​ជីវិត​ ​សព្វ​ថ្ងៃនេះ​ ​ខ្ញុំ​បាន​ទាក់ទង​ស្រី​ស្អាតៗ​ជា​ច្រើន​ ​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ​គ្មាន​អ្នក​ណា​អាច​លប់​រូប​នីតា​ចេញពី​បេះដូង​ខ្ញុំ​សោះ ។​ ​ខ្ញុំ​នៅ​តែ​គិត​ថា​ខ្ញុំ​គ្មាន​ចិត្ដ​លើ​ស្រី​ម្នាក់​នោះ​ទេ​ ​តែ​មិនដឹង​ហេតុ​អី​ថ្ងៃ​ណា​ក៏​ខ្ញុំ​បើកឡាន​ទៅ​ឈប់​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​ការ​ពិត​ខ្ញុំ​ចង់​ជួប​នាង​ខ្លាំង​ណាស់​ ​ខ្ញុំ​ហាក់បី​ដូចជា​មាន​ពាក្យ​ជា​ច្រើន​ចង់​និយាយ​ប្រាប់​នាង ។​ ​ក្នុង​មួយ​ថ្ងៃៗ​កិច្ចការ​ទី​មួយ​ដែល​ខ្ញុំ​នឹក​ឃើញ​មុនគេ​ ​គឺ​«រង់ចាំ​នាង» ។​

ពេលវេលា​ពិតជា​លឿន​ណាស់​ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ ​ខ្ញុំ​មាន​ការងារ​ល្អ​ធ្វើ​ ​ប៉ា​ម៉ាក់​របស់ខ្ញុំ​បាន​ស្ដីដណ្ដឹង​កូនស្រី​អ្នកមាន​ឲ្យ​ខ្ញុំ​ ​តែ​ខ្ញុំ​បដិសេធ​ ​អស់ពី​មួយ​ទៅ​មួយ​រហូត​ដល់​ពួក​គាត់​ឈប់​ខ្វល់​ពី​រឿង​ខ្ញុំ ។​ ​ខ្ញុំ​ដឹង​ថា​ ​ទាំង​គ្រួសារ​ខ្ញុំ​ ​និង​មិត្ដ​ភក្ដិ​របស់ខ្ញុំ​ ​នាំ​គ្នា​ឆ្ងល់​នឹង​ខ្ញុំ​ មែន​ហើយ​ខ្ញុំ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​ ​ខ្ញុំ​ឈប់​ចង់​សប្បាយ​ ​ឈប់​មើលងាយ​សេចក្ដី​ស្នេហា​ ​ខ្ញុំ​ហាក់បី​ដូចជា​កំពុង​រស់​នៅ​លើ​លោក​នេះ​តែ​ម្នាក់ឯង​ ​ជាមួយនឹង​ការ​រង់​ចាំ​ ​ខ្ញុំ​មិន​សោកស្ដាយ​ភាព​ជា​យុវវ័យ​ដែល​កន្លង​ទៅ​ទេ​ ​តែ​ខ្ញុំ​ស្ដាយ​ដែល​មិន​បាន​ជួប​និយាយ​ជាមួយ​នាង​ ​ខ្ញុំ​ស្ដាយ​បើ​បាត់បង់​អ្វីៗ​ដែល​នាង​ធ្លាប់​ឲ្យ​ខ្ញុំ​ ​នីតា​ពេល​នេះ​នាង​នៅ​ទីណា ? នាង​កំពុង​ធ្វើ​អ្វី ?

ថ្ងៃមួយ​ខ្ញុំ​មាន​ជម្ងឺ​ត្រូវ​ចូល​មន្ទី​ពេទ្យ​ ​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​ពេល​នោះ​ខ្ញុំ​បាន​ជួប​វេជ្ជបណ្ឌិត​ស្រី​ម្នាក់​ដែល​មាន​វ័យ​ប្រហែលជា​បង​ខ្ញុំ​ពីរ​ឬ​បី​ឆ្នាំ​ ​គាត់​យកចិត្ដ​ទុកដាក់​នឹង​ខ្ញុំ​ណាស់​ ​ហាក់បី​ដូចជា​ស្គាល់​ខ្ញុំ​យូរ​ណាស់​មក​ហើយ ។​ ​

ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​សម្រាក​នៅ​មន្ទីរពេទ្យ​ គាត់​បាន​មក​និយាយ​ជាមួយ​ខ្ញុំ​…

- ខ្ញុំ​ឃើញ​លោក​មក​មុខ​មន្ទី​ពេទ្យ​នេះ​ស្ទើរ​រាល់ថ្ងៃ​ ​លោក​រក​អ្នក​ណា​ ​ឬ​ចាំ​អ្នក​ណា​មែន​ទេ ? បើ​ពិតមែន​ ​លោក​គួរ​ឈប់​ចាំ​ទៅ​ ​បើ​គេ​អាច​មក​រក​លោក​ ​គេ​មិន​ឲ្យ​លោក​ចាំ​គេ​យូរ​យ៉ាងនេះ​ទេ ។

- មាន​រឿង​ខ្លះ​សូម្បី​តែ​ខ្លួន​យើង​ក៏​មិនដឹង​ច្បាស់​ដែរ ។

- ថ្ងៃ​ណា​ក៏​ខ្ញុំ​ឃើញ​លោក​ដែរ​ ​លោក​មិន​យល់​ថា​ ​វា​ខាត​ពេល​ច្រើន​ណាស់​ទេ​មែន​ទេ ? អ្នក​នោះ​សំខាន់​យ៉ាងណា​ទៅ​បានជា​លោក​ធ្វើ​បែប​នេះ ?

- ខ្ញុំ​ពិតជា​មិនដឹង​ខ្លួនឯង​ថា​ ​ហេតុ​អ្វី​នោះ​ទេ​ ​ហើយក៏​មិនដឹង​ថា​ខ្ញុំ​ធ្វើ​បែប​នេះ​ព្រោះ​អ្វី​ដែរ​ ​ខ្ញុំ​ចាំ​នាង​មែន​ ​ខ្ញុំ​ពិតជា​មិន​សោកស្ដាយ​ពេលវេលា​មែន​ ​ខ្ញុំ​ក៏​មិន​ធ្លាប់​គិត​ថា​ស្រឡាញ់​នាង​នោះ​ដែរ​ ​តែ​ពេល​បាត់​នាង​ ​ជីវិត​ខ្ញុំ​ហាក់បី​ដូចជា​បាត់​អ្វី​ម្យ៉ាង​ដែល​សំខាន់​បំផុត​ ​ខ្ញុំ​ធ្លាប់​បាន​ព្យាយាម​បំភ្លេច​រឿងរ៉ាវ​ទាំងនោះ​ហើយ​ ​នៅ​ទីបំផុត​គឺ​នៅ​តែ​ដដែល ។

អ្នកគ្រូ​ពេទ្យ​សម្លឹង​មក​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក​ស្រងូត​ស្រងាត់​ ​និង​និយាយ​មក​រក​ខ្ញុំ​យ៉ាង​ទន់ភ្លន់​…

- លោក​ដឹងខ្លួន​ទេ​ថា​ ​លោក​ស្រឡាញ់​នាង​ខ្លាំង​ណាស់​ ​លោក​ជា​មនុស្ស​ប្រុស​ដ៏​ស្មោះត្រង់​ម្នាក់​ ​គួរ​ឲ្យ​សរសើរ​ ​តែ​លោក​បំភ្លេច​គេ​ចោល​ទៅ​ ​ពេល​នេះ​ប្រហែលជា​គេ​រៀប​ការ​មាន​កូន​បាត់​ទៅ​ហើយ​ ​លោក​អាយុ​ច្រើន​ណាស់​ហើយ​គួរ​រក​សុភមង្គល​សម្រាប់​ខ្លួន​ទៅ ។

- អ្នកគ្រូ​មិន​យល់​ទេ ពីរ​ថ្ងៃ​ទៀត​ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​បារាំង​វិញ​ហើយ​ ​ខ្ញុំ​មក​នេះ​តាម​ការ​អញ្ជើញ​របស់​ប្រធាន​មន្ទីរពេទ្យ​នេះ​តែ​ពីរ​ខែ​ប៉ុណ្ណោះ ។

គាត់​ដើរទៅ​ជិត​មាត់​បង្អួច​សម្លឹង​ចេញ​ទៅ​ក្រៅ​ ​រួច​និយាយ​ដោយ​មិន​បែរ​មក​រក​ខ្ញុំ​….

- ខ្ញុំ​និយាយ​រឿងនិទាន​មួយ​ឲ្យ​លោក​ស្ដាប់​​……. កាលពី​ខ្ញុំ​នៅ​ជា​គិលានុបដ្ឋាយិកា​នៅ​ទី​នេះ​ ​កាលពី​២០​ឆ្នាំ​មុន មាន​ក្មេង​ស្រី​ម្នាក់​មាន​ជម្ងឺ​មហារីក​ខួរក្បាល​ដល់​ដំណាក់កាល​ចុង​ក្រោយ​ដែល​ត្រូវ​វះកាត់​ ​ខ្ញុំ​ជា​អ្នក​ថែទាំ​នាង​មុន​នឹង​នាង​ស្លាប់​ ​នាង​គ្មាន​អ្នក​ណា​ទេ​ ​នាង​ជា​កូនកំព្រា​ដែល​រស់​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ​គេ​ជា​ក្មេង​ស្រី​ម្នាក់​រឹង​ម៉ាំ​ណាស់​ ​ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជីវិត​នាង​ក៏ដោយ​ ​ប៉ុន្ដែ​នាង​ប្រាប់​ខ្ញុំ​ថា​ ​នាង​មិន​ចង់​ស្លាប់​ទេ​ ​នាង​សុំ​ឲ្យ​ពួក​យើង​ជួយ​នាង​ទោះ​តាម​វិធី​ណា​ក៏ដោយ​ ​ពាក្យ​អង្វរ​របស់​នាង​ធ្វើ​ឱ្យ​គ្រូពេទ្យ​ម្នាក់ៗ​ខ្លោចផ្សា​ណាស់​ ​ពីព្រោះ​នាង​តែងតែ​ញញឹម​ ​និង​និយាយ​យ៉ាង​ទន់ភ្លន់​មក​រក​ពួក​យើង​ ​ពួក​យើង​ពិតជា​ចង់​ជួយ​នាង​ណាស់​ ​ពួក​យើង​មិន​ត្រូវការ​ប្រាក់​ពី​នាង​សូម្បី​តែ​មួយ​កាក់ ។​ ​មុន​វះកាត់​បី​ថ្ងៃ​ ​នាង​ត្រូវ​កោរសក់​ចេញ​ទាំងអស់​ ​នាង​កាន់តែ​ខ្សោយ​ទៅ​ហើយ​ ​ថ្ងៃមួយ​ ​នាង​បាន​ឲ្យ​ខ្ញុំ​រុញ​នាង​ទៅ​ក្បែរ​របង​មុខ​មន្ទីរពេទ្យ​ ​នាង​ហាក់​ដូចជា​សប្បាយចិត្ដ​នៅ​ពេល​បានឃើញ​បុរស​ម្នាក់​ដែល​កំពុង​ឈរ​រ៉េ​រ៉ៗ​ ​ដូច​ជា​កំពុង​រង់ចាំ​អ្នក​ណា​ម្នាក់​ ​នាង​សម្លឹង​ទៅ​បុរស​នោះ​ទាំង​ទឹកភ្នែក​និង​ស្នាម​ញញឹម​ដ៏​កំសត់​ ​នាង​ប្រាប់​ខ្ញុំ​ថា​ ​គេ​ជា​បុរស​ម្នាក់​ដែល​នាង​ស្រឡាញ់​បំផុត​ក្នុង​ជីវិត​ ​ខ្ញុំ​សួរ​នាង​ថា​ហេតុ​អ្វី​មិន​ប្រាប់​បុរស​នោះ​ពី​ជម្ងឺ​របស់​នាង​ ​នាង​និយាយ​ថា​ ​នាង​ដឹង​ថា​បុរស​នោះ​មិន​ស្រឡាញ់​នាង​ទេ​ ​ហើយ​នាង​ចង់​ឲ្យ​គេ​ស្រឡាញ់​នាង​ជាង​អាណិត​នាង​ ​ប៉ុន្ដែ​នាង​សង្ឃឹមថា​ ​គេ​នឹង​មិន​ស្រឡាញ់​នាង​ ​បើ​គេ​ស្រឡាញ់​នាង​ ​គេ​អាច​នឹង​ខូចចិត្ដ​នៅ​ពេល​ដែល​នាង​ឃ្លាត​ពី​លោក​នេះ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រលប់ ។​ ​មុន​ពេល​ចូល​វះកាត់​ ​នាង​អង្គុយ​លើ​កៅអី​រុញ​សម្លឹង​តាម​មាត់​បង្អួច​សំដៅ​ទៅ​កន្លែង​ដែល​បុរស​នោះ​ធ្លាប់​ឈរ​ ​នាង​ផ្ដាំ​ខ្ញុំ​ថា​បើ​ថ្ងៃស្អែក​ ​នាង​មិន​មាន​ឱកាស​មក​សម្លឹង​មើល​គេ​ទេ​ ​ហើយ​គេ​នៅ​តែ​មក​ឈរ​នៅ​ទីនោះ​ទៀត​ ​នាង​សុំ​ឲ្យ​ខ្ញុំ​ទៅ​ប្រាប់​ម្នាក់​នោះ​ថា​ ​នាង​រៀប​ការ​ទៅ​នៅ​ប្រទេស​ក្រៅ​បាត់​ទៅ​ហើយ ។ នាង​ពិតជា​គ្មាន​សំណាង​មែន​ ​ពួក​គ្រូពេទ្យ​ទាំងអស់​ស្ដាយ​នាង​ណាស់​ ​ពួក​យើង​មិន​ដែល​ស្រក់​ទឹកភ្នែក​ ​និង​ឈឺចាប់​ខ្លាំង​បែប​នេះ​ទេ​ ​នៅ​ពេល​មាន​អ្នកជម្ងឺ​ស្លាប់​ ​ជីវិត​នាង​ឯកា​ណាស់​ ​ហើយក៏​ត្រូវ​ស្លាប់​ក្នុង​ភាព​ឯកា​ ​ខ្ញុំ​ស្ដាយ​ស្នាមញញឹម​ក្មេង​ស្រី​ម្នាក់​នេះ​ណាស់​ ​តែ​ខ្ញុំ​មិន​បាន​ធ្វើ​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​នាង​ទេ​ ​បើ​ទោះជា​ខ្ញុំ​បានឃើញ​បុរស​ម្នាក់​រាល់ថ្ងៃ​ក៏ដោយ​ ​ខ្ញុំ​មិនដឹង​ថា​ខ្លួនឯង​ធ្វើ​ខុស​ ​ឬ​​ត្រូវ​នោះ​ទេ​ ​តែ​ខ្ញុំ​យល់​ថា​បើ​និយាយ​តាម​ការ​សុំ​របស់​នាង​ ​វា​ហាក់បី​ដូចជា​អយុត្ដិធម៌​ចំពោះ​ទឹកចិត្ដ​នាង​ណាស់ ។​

- រឿងនិទាន​របស់​បង​ចប់​ហើយ​មែន​ទេ ? (ខ្ញុំ​និយាយ​ទៅ​កាន់​អ្នកគ្រូ​ពេទ្យ​ម្នាក់​នោះ​ ​ទាំង​មិនដឹង​ថា​ ​ទឹកភ្នែក​របស់ខ្ញុំ​ហូរ​មក​តាំងពី​ពេល​ណា)

គាត់​ដើរមក​ជិត​ខ្ញុំ​ក្នុង​ខណៈ​ដែល​ខ្ញុំ​កំពុង​យកដៃ​ខ្ទប់​មុខ​ ​គាត់​ឱន​ក្បាល​ដាក់​ខ្ញុំ​រួច​និយាយ​ថា ៖

- ខ្ញុំ​សុំ​ទោស​ដែល​ខ្ញុំ​មិន​បាន​ប្រាប់​ការ​ពិត​ដល់​លោក​នៅ​ពេល​នោះ​ ​លោក​ជា​បុរស​ល្អ​ណាស់​ ​ស្ដាយ​ណាស់​ដែល​នាង​មិន​បាន​ដឹង​ថា​ ​នាង​សំខាន់​សម្រាប់​លោក​យ៉ាងនេះ ។​ ​ខ្ញុំ​ពិតជា​សុំ​ទោស​លោក ។

និយាយ​ចប់​គាត់​ក៏​ដើរ​ចេញ​ទៅ​ ​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់ឯង​ជាមួយនឹង​រឿងនិទាន​របស់​គាត់​ ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​គាត់​និទាន​ពី​រឿង​របស់​អ្នក​ណា ។ គាត់​បាន​នាំ​ខ្ញុំ​ទៅ​គោរព​ផ្នូរ​របស់​មនុស្ស​ស្រី​ដែល​នៅ​ក្នុង​រឿងនិទាន​របស់​គាត់​ ​ខ្ញុំ​បាន​សម្លឹង​ផ្នូរ​នោះ​យ៉ាង​យូរ ។ ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ​ខ្ញុំ​បាន​ប្រមូល​វត្ថុ​អនុស្សាវរីយ៍​ទាំងអស់​ដែល​នាង​បាន​ជូន​មក​ខ្ញុំ​ ​រួម​ទាំង​រូបថត​របស់​ពួក​យើង​ទៅ​ដុត​ចោល​ទាំងអស់​ ​ខ្ញុំ​ដឹងខ្លួន​ច្បាស់​ណាស់​ថា​ ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ ​វា​គ្មាន​របស់​អ្វី​គួរ​ឲ្យ​ស្ដាយ​ស្រណោះ​ទៀត​នោះ​ទេ​ ​ព្រោះថា​របស់​ដែល​ខ្ញុំ​ខំ​រង់ចាំ​ ​របស់​ដែល​គួរ​ឲ្យ​ស្ដាយ​បំផុត​ក្នុង​ជីវិត​នេះ​ វា​បាត់​ទៅ​ហើយ​ ​វា​គ្មាន​ថ្ងៃ​នឹង​ត្រលប់​ឡើយ​ ​អ្វី​ដែល​ជា​របស់​នាង​គួរតែ​ទៅ​តាម​នាង ។

ថ្ងៃមួយ​នៅ​ចំពោះ​មុខ​ផ្នូរ​របស់​នាង​ ​ខ្ញុំ​បាន​គិតដល់​រឿងរ៉ាវ​ទាំងឡាយ​រវាង​ខ្ញុំ​ ​និង​នាង​ ​ខ្ញុំ​លើក​ស្រា​មួយ​ដប​ផឹក​ដើម្បី​អបអរសាទរ​ដែល​ខ្ញុំ​ឈប់​រង់ចាំ​នាង ។​

- នីតា​ ​តើ​នាង​ចង់​ដឹង​ពី​ចិត្ដ​របស់ខ្ញុំ​ចំពោះ​នាង​ទេ ? បន្ដិចទៀត​ខ្ញុំ​នឹង​ទៅ​ជួប​នាង​ ​នាង​ឈប់​ឯកា​ហើយ ។​

កុំ​ឆ្ងល់​អី​ថា​ហេតុ​អ្វី​បានជា​ខ្ញុំ​ធ្វើ​បែប​នេះ​ ​ចាត់​ថា​ខ្ញុំ​ល្ងង់​ ​ឬ​ក៏​ឆ្កួត​ទៅ​ចុះ​ ​ពីព្រោះ​ខ្ញុំ​ឆ្កួត​ទៅ​លេង​ជាមួយ​នាង​ ​ឆ្កួត​ទៅ​រង់ចាំ​នាង​ ​ពេល​នេះ​ខ្ញុំ​ឆ្កួត​ជា​លើក​ចុង​ក្រោយ​ដើម្បី​បញ្ចប់​ភាព​ឈឺចាប់ ៕

 

July 23, 2009

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ.ស 

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ្រិស្តសករាជ

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​ដែល​មាន​ទីតាំង​នៅ​ពី​ខាងត្បូង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក​ស្ថិត​ក្នុង​ភូមិ​ព្រែក​ប្រណាក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​រស្មីកម្ពុជា​ដឹង​ថា​ ខ្មែរ​មាន​ជំនឿ​លើ​អ្នក​ម្នាង​ផ្ទះ​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ចាប់​តាំងពី​ការ​កកើត​ និង​កាន់​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ​ ​ដូច្នេះ​វា​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

ការ​ហៅ​ពាក្យ​ថា​ ជំនាងផ្ទះ ​របស់​ខ្មែរ​កន្លង​មក​ត្រូវ​បាន​លោក​ សឹង្ហ​ ​គា ​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​បដិសេធ​ថា​ វា​ពុំ​មាន​ន័យ​សក្ដិសម​ទាល់តែ​សោះ​ជាមួយនឹង​មុខងារ​របស់​អ្នកម្នាងផ្ទះ​ ​ហើយ​ក៏​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ផង​ដែរ (ប៉ុន្តែ​ក្នុង​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​កំណែ​២ មាន​ពាក្យ​ជំនាងផ្ទះ​នេះ ថែម​ទាំង​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទៀត​ផង) ។

ទាក់ទិន​ទៅ​នឹង​គតិបណ្ឌិត​ខ្មែរ​ចំពោះ​អ្នកម្នាងផ្ទះ​ លោក​អគ្គលេខាធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត​ និង​ព្រលឹង​ វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា​មាន​តម្លៃ​ គឺ​មាន​ជីវិត​ដែរ​ដែល​ទស្សនៈ​នេះ​មាន​នៅ​ក្នុង​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​នៅ​កំណត់​បាន​ថា​ជា​របស់​ខ្មែរ​ ​គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខុម​លោក ។​តួនាទី​អ្នកម្នាងផ្ទះ​គឺ​ជា​ធាតុ​មួយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​ព្រលឹង​មាន​ជីវិត​ ​ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឱ្យ​គង់​ផង​ ​ថែរក្សា​មក​ខ្លួន​ផង​ (ផ្ទះ) ឱ្យ​គង់​និង​សុខដុមរមនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នៅ​ក្នុង​ផ្ទះ​ ​និង​រួម​ទាំង​ផ្ទះ​ផង​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កំណត់​ថា​ មាន​ព្រលឹង​វិញ្ញាណ​ដែល​ជា​អ្នក​ការពារ​ផ្ទះ​ ​និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឱ្យ​បាន​សេចក្ដីសុខ​ ​និង​ចម្រើន​ជឿនលឿន ។

មាន​ចំណុច​សំខាន់ៗ​ពីរ​លោក​អគ្គលេខាធិការ​ក៏​បាន​ធ្វើការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ដូច​ខាងក្រោម​ថា ៖

ការ​បដិសណ្ឋិត​អ្នកម្នាងផ្ទះ

បន្ទាប់​ពី​ប្រុង​គ្រឿង​ផ្ទះ​រួចរាល់​ហើយ​ ​ព្រឹក​ដែល​ត្រូវ​លើក​ផ្ទះ​ អាចារ្យ​បង្គាប់​ឱ្យ​ជាង​សែង​ឈើ​ដែល​ជា​មេដំបូល​នោះ​មក​សណ្ដូក​តាម​ទិស​ផ្ទះ​ គឺ​ពី​កើត​ទៅ​លិច​ គល់ឈើ​ត្រូវ​ដាក់​ខាងកើត​ និង​កប់​បន្ដិច​ផង​ ​រីឯ​ចុង​របស់​ឈើ​ជា​មេដំបូល​ត្រូវ​ដាក់​ខាងលិច ។ អាចារ្យ​បាន​យក​អំបោះ​ទៅ​ជ្រលក់​ទឹក​លាយ​ម្សៅ​រមៀត ។ រួច​យក​ទៅ​ចង​ចុង​មេដំបូល​នោះ​ជាមួយ​នឹង​ការ​បន់ស្រន់​ឧបកិច្ច​យ៉ាង​ហ្មត់ចត់​ដោយ​ប្រុង​ប្រយ័ត្ន ។ មេជាង​ធំ​បាន​កាត់​ចុង​មេដំបូល​នោះ​បន្ដិច​ត្រង​យក​អាចម៍​រណា និង​ចុង​នោះ​បោះ​ចូល​ក្នុង​ទឹក​ដោយ​ឧបកិច្ច​សុំ​សេចក្ដីសុខ​ដល់​ម្ចាស់ផ្ទះ​ និង​សុំ​ឱ្យ​ជាង​ទាំងអស់​ក្នុង​បេសកកម្ម​លើក​ផ្ទះ​នេះ​បាន​សុខ​ទាំងអស់​គ្នា ។

នៅ​សសរ​កន្លោង​អាចារ្យ​បាន​ស្នើ​ឱ្យ​ម្ចាស់​ផ្ទះ​រក​កូន​ចេក​ ​ឬ​អំពៅ​ជាមួយ​និង​ឆត្រ​ ​ខោអាវ​ថ្មីៗ​ ​ក្រមា​មក​ចង​ផ្អោប​តាំងពី​ដំបូង ។​ ​គ្រឿងសម្អាង​ ​និង​សម្លៀក​បំពាក់​ស្ដ្រី​ទាំងនោះ​គឺ​សម្រាប់​នារី​ភេទ​ ​នោះ​គឺ​អ្នក​ម្នាង​ផ្ទះ​នោះ​ឯង ។ បន្ទាប់​ពី​ការ​សាងសង់​ផ្ទះ​រួច​ហើយ​ម្ចាស់ផ្ទះ​ត្រូវ​យក​អំពៅ​ ​ឬ​ដើម​ចេក​ទៅ​ដាំ​នៅ​ជ្រុង​ឦសាន​នៃ​គេហដ្ឋាន​ថ្មី​នោះ​ រីឯ​សម្លៀក​បំពាក់​នោះ​ ​អាចារ្យ​ត្រូវ​ស្នើ​ឱ្យ​ម្ចាស់ផ្ទះ​ស្ដ្រី​យក​ទៅ​ចង​ ឬ​ស្លៀកពាក់​ឱ្យ​សសរ​កន្លោង​នោះ​ ​ព្រមទាំង​លាប​ប្រេង​ម្សៅ​បាញ់​ទឹកអប់​ដាក់​សសរ​នោះ ។ ក្នុង​ខណៈ​នេះ​ទាំង​អាចារ្យ​ ​និង​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ដោយ​ព្រះធម៌​នមស្ការ​អញ្ជើញ​វិញ្ញាណ​ព្រះ​ម្នាង​របស់​បុព្វបុរស​ក្នុង​ត្រកូល​គ្រួសារ​នោះ​គ្រប់ៗ​ជំនាន់​ឱ្យ​មក​សណ្ឋិត​នៅ​ក្នុង​សសរ​ផ្ទះ​នេះ​ចាប់ពី​ពេល​នេះ​តទៅ ។

មនុស្ស​ទាំងអស់​ដែល​ចូលរួម​ពិធី​ឡើងផ្ទះ​នេះ​សុទ្ធតែ​ជួយ​បន្ទរ​នូវ​ពាក្យ​អង្វរករ​ដោយ​ពាក្យ​ល្អៗ​ពីរោះ​ដើម្បី​ឱ្យ​វិញ្ញាណ​ភរិយា​នៃ​បុព្វបុរស​នៃ​ត្រកូល​នៃ​គ្រួសារ​នេះ​ឱ្យ​មក​សណ្ឋិត​នៅ​នឹង​ផ្ទះ​នេះ​ជួយ​ចម្រុង​ចម្រើន​ដល់​គ្រួសារ​នេះ ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្នកម្នាង ផ្ទះ​បាន​មក​នៅ​សណ្ឋិត​ក្នុង​ផ្ទះ​ដោយ​ប្រាកដ ។ ក្នុង​ថ្ងៃ​នេះ​ម្ចាស់ផ្ទះ​ក៏​បាន​រៀបចំ​ចំណីអាហារ​ ​និង​បង្អែម​ទឹក​ទទួល​អ្នកម្នាងផ្ទះ​ដោយ​តម្កល់​ថាស​អាហារ​ក្បែរ​សសរ​នោះ​បែរមុខ​ទៅ​រក​ជណ្ដើរ ។ រីឯ​សម្លៀក​បំពាក់​នោះ​គឺ​ស្រេច​តែ​លើ​សមត្ថភាព​ម្ចាស់ផ្ទះ​ ​បើ​ធូរធារ​គឺ​សុទ្ធតែ​ខោអាវ​ល្អៗ​ចំពោះ​ស្ដ្រី ។ ម្យ៉ាងទៀត​សម្លៀក​បំពាក់​ម្ចាស់ផ្ទះ​ពី​បុរាណ​ពុំដែល​យក​ចេញ​ ​គឺ​តែងតែ​ផ្លាស់​ប្ដូរ​ឱ្យ​ជា​រៀង​រាល់​ឆ្នាំ ។

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ​នោះ​មុតមាំ​ណាស់​ ​គេ​បាន​សង់​កូន​ប្រាសាទ​តូច​ឬ​ អាសនៈ​មួយ​សម្រាប់​តម្កល់​ជាប់​នឹង​សសរ​ផ្ទះ​ ​សម្រាប់​រៀបចំ​ពិធី​សក្ការៈ​ផ្សេងៗ ។ ម្ចាស់ផ្ទះ​តែងតែ​យក​ផ្លែ​ឈើ​ដំបូង​ដើមដៃ​ដែល​ជា​ផល្លានុផល​របស់​គេ​មក​ថ្វាយ​អ្នក​ម្នាង​ផ្ទះ ។ ផ្លែ​ឈើ​ ឬ​ផល្លានុផល​ទាំងនោះ​ ​គឺ​ជ្រើសរើស​យក​តែ​ផ្លែ​ធំៗ​ល្អៗ​ជាងគេ​សម្រាប់​រៀបចំ​ដល់​ “អ្នកម្នាងផ្ទះ” 

គួរ​ឱ្យ​សោកស្ដាយ​ដែល​ទំនៀមទម្លាប់​ដ៏​ផូរផង់​នេះ​បាន​សាបរលាប​បន្ដិច​ម្ដងៗ​ស្ទើរ​គ្មាន​ដាន​ ​និង​ស្រាវជ្រាវ ។​ ​ជិត​មួយ​សតវត្ស​ទៅ​នេះ​ខ្មែរ​ស្ទើរតែ​គ្មាន​ព្រលឹង​ ​រហូត​យក​ព្រលឹង​អ្នក​ដទៃ​មក​បញ្ចូល​ក្នុង​រូប​របស់​ខ្លួន​ តួយ៉ាង​ដូច​ជា​ការ​គោរព​បូជា​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងផ្ទះ​ជាដើម​ ​គឺ​គ្មាន​អ្វី​សក្ដិសម​នឹង​ជាតិ​សាសន៍​មួយ​នៅ​លើ​ទឹកដី​មួយ​ឱ្យ​ប្រាកដ​ប្រជា​ឡើយ ។

ហេតុ​អ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ?

ពាក្យ​ថា​ខ្មែរ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ ។ លោក​សាស្ត្រាចារ្យ​ កេង​ ​វ៉ាន់សាក់​ ​និង​លោក​ ឈឹម​ ​ក្រសេម​ ​ហាក់​យល់​ស្រប​គ្នា​ថា​ សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វ​កាល​គឺជា​សង្គម​មាតា​ធិបតេយ្យ​ ​គឺ​យក​ស្ដ្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​ការ​គោរព​អ្វី​ដែល​ជាទី​ពឹង​ និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​ “មេ”​ គឺ​សំដៅ​ទៅ​ស្ដ្រីភេទ​ដូច​ជា​មេដៃ​ ​មេជើង​ ​និង​មេដឹកនាំ​ ​មេដំបូល​ផ្ទះ​ជាដើម ។ នេះ​ជា​ការ​លើក​តម្កើង​ស្ដ្រី​ដែល​មាន​ជាប់​មក​រហូត​ដល់​សព្វថ្ងៃ​ដែល​ខ្មែរ​នៅ​ប្រើ​ ដូចជា​ ម្ដាយ​ឪពុក​ និង​ជីដូន​ជីតា​ គឺ​សុទ្ធតែ​ដាក់​ស្ដ្រី​មុន​ទាំងអស់​ទោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ស្ដ្រី​ត្រូវ​ដើរ​មុន​ ​ឬ​ប្ដី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ “ខ្មែរ” ​គឺ​មក​ពី​ផ្សំ​អក្សរ​ “ក” បញ្ចូល​គ្នា​នឹង​ពាក្យ​មួយ​គឺ​ «ក​+​មេ» ។​ ​ព្យញ្ជនៈ​ “ក” កាលណា​ដាក់​នៅ​មុខ​ពាក្យ​ណាមួយ​​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថាន់​ឡើង ។ ពាក្យ​ថា​ ក​ ​មេ​ ​មាន​ន័យ​ថា​មេ​ដ៏​អស្ចារ្យ​ ​មេ​ដ៏​រុងរឿង ។ ការ​ហៅ​ប្រទេស​នេះ​ឈ្មោះ​ ក​ ​មេ​ ​រហូត​ក្លាយជា​ ក្មេរ​ ទៅ​ជា​ ក្មែរ​ ឬ​ ខ្មែរ​ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ​ដែល​មាន​អក្សរ​ “ក” ​ពីមុខ​ ដូចជា​ កូរទឹក​ បើ​ថែម “ក” ​ពីមុខ​វា​ទៅ​ជា កកូរ​ទឹក​ ​កកាយ​ដី​ ​គឺ​មាន​ន័យ​ស្ទួន ។

ទាក់ទង​រវាង​ស្ដ្រីជាតិ​ដែល​ជា​អ្នកម្នាងផ្ទះ​ខ្មែរ​នោះ​ ​នៅ​មាន​អំណះ​អំណាង​ជា​ច្រើន​ទៀត​ដែល​​នឹង​បកស្រាយ​តាម​លំដាប់​លំដោយ​ដែល​មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ​ ​ដែល​ជនជាតិ​ខ្មែរ​គួរតែ​ស្វែង​យល់​ និង​គួរ​ដឹង ។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ហ្សាក់​ ណេពត​ ដែល​ជា​ជនជាតិ​បារាំង បាន​បញ្ជាក់​ថា​ ផ្ទះ​គឺជា​កម្មសិទ្ធិ​របស់​ស្ដ្រី​គឺ​ខុស​គ្នា​ពី​វត្ដ​ជា​កម្មសិទ្ធិ​របស់​បុរស​ភេទ​ គ្រាន់តែ​វត្ដ​ហាម​ឃាត់​ផ្នែក​ភេទ​ប៉ុណ្ណោះ ។

ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ក្ដី​ក្រោយ​ពេល​រៀបការ​បុរស ​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី​ បុរស​ត្រូវ​ដេក​នៅ​ខាងស្ដាំ​ ភរិយា​ខ្លួន​គឺ​ក្នុង​នាម​ជា​អ្នកបម្រើ​ ឬ​អ្នកកន្ដៀត ។ នៅ​ក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែ​រួម​ភេទ​ដើម្បី​បង្កើត​កូន ។ ប្រសិនបើ​ប្រសូត​បាន​កូន​ប្រុស​គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក​ ប្រសិនបើ​គ្រួសារ​នោះ​លែង​លះ​គ្នា​ គឺ​កូន​ប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្ដាយ​ ​ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណ​ក៏​មាន ។ មិនយូរ​ប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ​ក្រោយ​ពី​ពេល​ចេញ​ម្លប់​ ឪពុក​ម្ដាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុល​បង្ហាញ​ដី​ស្រែ​ចម្ការ​ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឱ្យ​នាង​ក្រោយ​ពេល​រៀប​ការ ។ នៅ​ភូមិ​គ្រួស​ ​ឃុំ​គ្រួស​ ​ស្រុក​រលៀប្អៀរ​ ​ខេត្ដ​កំពង់ឆ្នាំង​សព្វថ្ងៃ​ នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ​ គឺ​មុន​ពេល​រៀប​ការ​ភាគី​បុរស​ត្រូវ​សន្យា​ថា​ ​នឹង​សង់ផ្ទះ​មួយ​ឱ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀប​ការ​ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ដ្រី​នោះ​ ​ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​ទាមទារ​យក​វិញ​បាន​ទេ ។

ស្ដ្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅ​ថា​ “មេ​ខ្លូត”​ គឺ​ស្ដ្រី​ដ៏​ឧត្ដុ​ង​ឧត្ដម​ប្រកប​ដោយ​ឥស្សរភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើ​ពាក្យ​ថា​ខ្លូត​ចំពោះតែ​ត្រសក់​ត្រឡាច​ ​ដែល​ត្រលុក​ត្រលន់​ល្អ​គួរ​ឱ្យ​ស្រឡាញ់​ពេញចិត្ដ​គ្រប់​គ្នា ។ នៅ​ក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ​ ពិសេស​នៅ​តាម​ជនបទ​គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់​ដូចជា​មាន​បម្រាម​រឹង​ និង​អាថ៌​កំបាំង​ ​នោះ​គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដ្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្ស​ស្រី​គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្ដី ។

សរុប​សេចក្ដី​មក​ អាទិភាព​នៃ​ការ​ថែរក្សា​ ​និង​បង្កើត​សេចក្ដី​សុភមង្គល​ក្នុង​គេហដ្ឋាន​ខ្មែរ​ ​គឺជា​ស្ដ្រីជាតិ​ដែល​យើង​ហៅ​ថា​ “អ្នកម្នាងផ្ទះ” ។ ពាក្យ​ថា​អ្នកម្នាងផ្ទះ​គឺ​សំដៅ​លើ​ស្ដ្រីភេទ​ក្នុង​ត្រកូល​ឧត្ដម ឬ​ស្ដេច ។​ ការ​ហៅ​ថា​ ជីនាងផ្ទះ​ ​ឬ​ជំនាងផ្ទះ​ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ​ ឬ​បែរ​ជា​មាន​ន័យ​ផ្សេង​ទៅ​វិញ ។ ទោះ​ក្នុង​សង្គម​មនុស្ស​ក្ដី​ ប្រសិនបើ​ហៅ​ឈ្មោះ ឬ​សរសេរ​ឈ្មោះ​របស់​នរណា​ម្នាក់​ខុស​ ហើយ​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ម្ចាស់​ឈ្មោះ​នោះ​ គេ​ឃើញ​ថា​ខុស​ឈ្មោះ​ ​គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់​ថា​រាប់អាន​ម្ដេច​កើត​សូម្បី​ឈ្មោះ​គេ​ពុំ​ស្គាល់​ផង​នោះ ។

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា)

 

July 22, 2009

រឿង​ដែល​ខ្ញុំ​ធ្លាប់​យល់​ខុស

ក្រសាំងទាប

ក្រសាំងទាប

នៅ​ពេល​លោក​អ៊ំ​ម្នាក់​រៀបរាប់​អំពី​ឈ្មោះ​អន្លក់​មួយ​ប្រភេទ​ដែល​ដំបូង​ឡើយ​គេ​ប្រាប់​គាត់​ថា​ជា «ក្រសាំង​ខ្ពស់» នោះ ធ្វើ​ឲ្យ​គាត់​យល់​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ​ថា​ជា «ក្រសាំងទាប» ទេ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ដឹង​ជុំ​វិញ​ខ្លួន​ប្រហែល​ជា​មិន​ជាន់​ដាន​លោក​អ៊ំ​ទេ​មើល​ទៅ ។ លុះដល់​សប្ដាហ៍​មុន​នេះ ខ្ញុំ​រក​ឃើញ​ថា ខ្ញុំ​បាន​យល់​ខុស​អំពី​ឈើ​ពីរ​ប្រភេទ​គឺ «រកា» និង​ «ក្រឡាញ់» ។

«រកា» ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dialium cochinchinense​ ស្ថិត​ក្នុង​អំបូរ Leguminosae-caesalpinioideae ជា​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ ដើម​មាន​បន្លា​ធំៗ​រង្វើលៗ ផ្លែ​តូចៗ​ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ ។ តាំង​ពី​ធំ​ដឹង​ក្ដី​មក នៅ​ពេល​ឃើញ​រូប​គំនូរ​នៅ​តាម​វត្ត និង​តាម​ប្រាសាទ ឬ​ស្ដាប់​ចម្រៀង ខ្ញុំ​តែង​តែ​យល់​ថា «រកា (ដែក)» គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ម្យ៉ាង​រាង​មូល​ខ្ពស់​មាន​បន្លា​ ​ដែល​ជា​ជំនឿ​ក្នុង​ពុទ្ធសាសនា​ដើម្បី​ដាក់​ទោស​សត្វ​នរក​ដែល​កាល​ពី​នៅ​រស់​ធ្លាប់​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ គឺ​មិន​ដែល​គិត​ថា «រកា» គឺ​ជា​ប្រភេទ​ឈើ​ម្យ៉ាង​នោះ​ឡើយ ។

ដើម​រកា

ដើម​រកា

ដើម​រកា និង​បន្លា

ដើម​រកា និង​បន្លា

 គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

«ក្រឡាញ់» មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Bombax ceiba ស្ថិត​ក្នុង​អំបូរ Bombacaceae ជា​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ តាំង​ពី​តូច​រហូត​ដល់​អាយុ​១៧​ឆ្នាំ​ខ្ញុំ​មិន​ដែល​បាន​ឃើញ និង​​បរិភោគ​ផ្លែ​ក្រឡាញ់​ម្ដង​ណា​ឡើយ គឺ​គ្រាន់​តែ​បាន​ឮ​បាន​ដឹង​ថា មាន​ស្រុក​មួយ​ឈ្មោះ «ក្រឡាញ់» ស្ថិត​នៅ​ខេត្ត​សៀមរាប ។ លុះ​ក្រោយ​មក​ក៏​ពុំ​ដែល​បាន​ឃើញ​ដើម និង​ផ្លែ​ក្រឡាញ់​មិន​ទាន់​បក​សម្បក​ឡើយ គឺ​បាន​ត្រឹម​តែ​ឃើញ និង​ទិញ​បរិភោគ​នូវ​ផ្លែ​ក្រឡាញ់​ដែល​មាន​ដាក់​លក់​គិត​ជា​កំប៉ុងៗ​ប៉ុណ្ណោះ ។ ផ្លែ​ក្រឡាញ់​ប្រភេទ​នេះ​មាន​រសជាតិ​ផ្អែម ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ក្រឡាញ់​មាន​ផ្លែ​ផ្អែម​ស្រេច​ពី​ធម្មជាតិ ។ ប៉ុន្តែ មិន​ដូច​ការ​យល់​ស្មាន​សោះ ផ្លែ​ក្រឡាញ់​ពី​ធម្មជាតិ​គឺ​ «មាន​រសជាតិ​ចត់» ។ ការ​ពិត​គ្រាប់​ផ្លែ​ក្រឡាញ់​ផ្អែម​ដែល​មាន​ដាក់​លក់​នោះ​គឺ​បាន​ឆ្លង​កាត់​ការ​ឆឹង​ស្ករ​ជា​មុន​សូរេច​សោះ ។

ដើម​ក្រឡាញ់

ដើម​ក្រឡាញ់

 ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

សរុប​មក​ ឆ្លង​តាម​បទពិសោធន៍​នេះ ពាក្យ​ដែល​គេ​និយាយ​ថា «ចំណេះ​ដឹង​ឥត​ព្រំដែន ឬ​គ្មាន​ទី​បញ្ចប់» គឺ​ពិត​ជា​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​មែន ! ចំណែក​ខ្ញុំ​ មាន​រឿង​រ៉ាវ​សាមញ្ញៗ​ជុំ​វិញ​ខ្លួន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ស្វែង​យល់​ជា​បន្ត​បន្ទាប់ ហើយ​ប្រហែល​ជា​ពេញ​មួយ​ជីវិត​ផង​ក៏​សឹង​មាន ?

 

July 17, 2009

ព្យញ្ជនៈ​មួយ​ចំនួន​ដែល​គួរ​ដឹង និង​ប្រើប្រាស់​ពេល​បក​ប្រែ​ឯកសារ

កំណត់​សម្គាល់​ពី​ព្យញ្ជនៈ​ឡាតាំង ដែល​ត្រូវ​នឹង​ព្យញ្ជនៈ​ខ្មែរ

ការ​សរសេរ​ជា​ភាសា​ខ្មែរ​នូវ​សូរ​បរទេស​មួយ​ចំនួន​ ដែល​យើង​តែង​ប្រទះ​តាម​រយៈ​ពាក្យ​កម្ចី និង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០០៩ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ.) ៖

[g] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្គ]

[f] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្វ]

[] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្ស]

[∫] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ស្ហ]

[s] / [z] ដែល​យើង​ត្រូវ​ប្រើ​ព្យញ្ជនៈ [ស]

ដោយ ស សុខនី

សមាជិក​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ

 

កំណើត​សត្វ​ឆ្មា

អតីត​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ​គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុឌ្ឍីបព៌ត​ ​តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ​ជា​អង្វែង​ឆ្នាំ​មក ។​ ​នៅ​កន្លែង​នោះ​មាន​ស្រះ​បួន​ ​គឺ​ទិស​បូព៌ា​១​ ​ទក្សិណ​១​ ​បស្ចិម​១​ ​និង​ឧត្ដរ​១ ។ ស្រះ​នោះ​មាន​ទឹកថ្លា​ ​មាន​ដុះ​ឈូក​ក្រហម​ ​ឈូក​ស​ ​និង​បុប្ផា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប​ ​ឯ​មាត់​ច្រាំង​ក៏​ជ្រាល​មុខ​គួរ​ឱ្យ​សប្បាយ​ពេក​ណាស់ ។​ ​ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍​ ​ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។​ ​មាន​សម័យ​ថ្ងៃមួយ​ ​ព្រះ​ឥសី​គង់​ចម្រើន​មេត្ដា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ​! មាន​ទេពធីតា​មក​ចាប់​កំណើត​ក្នុង​ផ្កា​ឧត្បល​ (បុទមជាតិ, ព្រលិត, លំចង់) ​ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ​ ​អាត្មាអញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ ។​ ​ព្រះ​ឥសី​ក៏​ដាក់​ស្មឹងស្មាធិ៍​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ចុះ​ ​គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ​តម្រង់​ទៅ​ទិស​ឧត្ដរ​ ​ដល់​ស្រះ​ហើយ​ ​ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់​ ​ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ​ ​ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក​ ​ហើយ​និមន្ដ​ត្រឡប់​មក​កាន់​អាស្រម​វិញ​ ​ចិញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ ។ លុះ​ដល់​នាង​ធំ​ ​ក៏​ឱ្យ​ឈ្មោះ​ថា​ ​ឧត្ដរបុប្ផាលុះ​បាន​អាយុ​១៥​វស្សា​ ​លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី​ ​ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ​ ​នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង​ ​អផ្សុក​វិតក្ក​ចិត្ដ​ ​ដូច្នេះ​គួរតែ​អញ​យក​បុប្ផា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បាន​ជា​ពីរ​នាក់ ។ ព្រះ​ឥសី​គិត​ហើយ​ឈ្វេងយល់​ថា​ ​ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា​ ​ជា​ជាតិ​ផ្កា​ដូច​គ្នា​ ​ដូច្នេះ​ចាំ​យក​ជាតិ​ដែល​កើត​ចេញ​ពី​នាង​ផ្ទាល់​វិញ ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង​ឧត្ដរបុប្ផា​មក​ផ្ដាំ​ថា​ ​បើកាលណា​នាង​ធំ​ពេញ​រាង​ហើយ​មាន​រដូវ​ ​ចូរ​នាង​ផ្ដិត​សម្លី​ទុក​ឱ្យ​តាៗ​នឹង​ជប់​ឱ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់ ។​ ​នាង​ឧត្ដរបុប្ផា​បាន​ឮ​លោកតា​មាន​ពុទ្ធដីកា​ហើយ​ ​ក៏​ត្រេកអរ​ពន់​ពេក​ ​លុះដល់​គម្រប់​ពេល​មាន​រដូវ​កាលណា​ហើយ​ ​នាង​ក៏​យក​ទៅ​ថ្វាយ​លោកតា​តាម​បណ្ដាំ ។​ លោកតា​ប្រាប់​ទៅ​នាង​ថា​៖ អើ​ចៅ​! ថ្ងៃស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់​គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ ។​ ​វេលា​យប់​នោះ​នាង​ដេក​ពុំ​លក់​សោះ​ទន្ទឹង​ចាំតែ​ព្រឹក​ឆាប់​ ​នឹង​អាល​បាន​គ្នា​ជា​ពីរ​នាក់ ។​ ​លុះ​ព្រឹក​ឡើង​ ​លោកតា​ក៏​បិទ​ទ្វារ​កុដិ​ ​តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ដ​ជប់​បាន​ជា​ឆ្មា​ញី​មួយ​សប្បុរ​បី​អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឱ្យ​ទៅ​នោះ ។ រួច​ស្រេច​ហើយ​ ​ឥសី​ហៅ​នាង​ឧត្ដរបុប្ផា​មក​ ​ហើយ​លើក​ឆ្មា​ហុច​ឱ្យ​នាង​ ​ប្រាប់​នាង​ថា​ ​“នេះ​ជា​គ្នា​របស់​នាង​ហើយ​ ​សត្វ​នេះ​មាន​ឈ្មោះ​ថា​ ​“ឆ្មា​ម៉ា” ។ សត្វ​នោះ​ចេះ​និយាយ​គួរសម​ជាមួយ​នាង​ ​នាង​ក៏​ទទួល​យក​មក​ថែរក្សា​ ​ដោយ​សេចក្ដី​ស្រឡាញ់​ពេញចិត្ដ​ ​ទុក​ដូចជា​កូន​ ​ឬ​ប្អូន​ឱប​ដល់​ឱរា ​បី​យក​ទៅ​ក្នុង​បន្ទប់​ ​ទៅ​ណា​មក​ណា​តែង​យក​ទៅ​តាម​និយាយ​គ្នា​បី​ដូច​មនុស្ស​ដូច្នេះ ។​ ​លុះ​ដល់​អាយុ​នាង​បាន​១៧​ឆ្នាំ​ ​ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា​ឱ្យ​នាង​កាន់​ ​កុំ​ឱ្យ​ភាន់ច្រឡំ​ ​សម្រាប់​ជា​ច្បាប់​តទៅ​កូនចៅ​ស្រីៗ​ឯក្រោយ​ទៀត​ គឺថា​ជាតិ​ជា​ស្រី​ទាំង​អម្បាលម៉ាន​ ​មិន​ត្រូវ​ទាត់​សត្វ​ឆ្មា​នេះ​នឹង​ជើង​ ​ឬ​វាយ​នឹង​អម្បោស​ ​ឬ​មួយ​នឹង​ត្របុត​ត្រីអាំង ។​ ​កុំ​ថា​តែ​ទាត់​ធាក់​ ​សូ​ម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ​ ​ត្បិត​សត្វ​នេះ​កើត​ឡើង​ដោយ​លក្ខណ៍​ស្រី ។​ ​បើ​ស្រី​ណា​ទាត់​ធាក់​ ឬ​ដើរ​កន្លង​សត្វ​នេះ​ ​ហៅ​ថា​ស្រី​ហិនលក្ខណ៍​ ​ហើយ​បើ​ប្រព្រឹត្ដ​ច្រើន​ដង​ទៅ​ហៅ​ថា​ ​ស្រី​ខាតលក្ខណ៍ ។​ ​ត​មក​ប្រមាណ​១៤​ខែ​ ​សត្វ​ឆ្មា​ម៉ា​ក៏​កើត​បាន​កូន​ឈ្មោល​មួយ​ឡើង​ទៀត ។​ ​គឺថា​ឆ្មា​ម៉ា​ទាំង​ពីរ​នេះ​ហើយ​ ​ជា​កំណើត​ឆ្មា​ទាំងអស់ ។​

និយាយ​ពី​ស្ដេច​អង្គ​នាម​សោទត្ដ​ ​ព្រះរាជ​បិតា​លើក​រាជសម្បត្ដិ​ឱ្យ​កូន​នោះ​សោយរាជ្យ​ ​ពី​ព្រះ​ជន្ម​បាន​២១​ព្រះ​វស្សា​ ​នៅ​នគរ​ឈ្មោះ​តក្កសិលា ។​ ​ស្ដេច​ថ្មី​នោះ​សោយរាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ​ ​ត្រអាល​ក្រសាល​តែ​នឹង​ស្រីស្នំ​បរិពារ ។​ លុះ​អង្វែង​ទៅ​ ​ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ​ ​លោក​នឹកភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ ។​ ​លុះ​ភ្លឺស្វាង​កាលណា​ ​ស្ដេច​ក៏​ចេញ​ចុង​ព្រះ​រាជរោង​ ​ឱ្យ​នាម៉ឺន​មុខមន្ដ្រី​គាល់​ដូច​សព្វដង ។​ ​លុះ​ជួបជុំ​មន្ដ្រី​អស់ហើយ​ ​ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​ថា​ ​“យើង​ចង់ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខានស្អែក​ ​ចូរ​រៀបចំ​ពល​ថ្មើរជើង​ ​និង​សេះ​ដំរី​រៀបចំ​ស្បៀងអាហារ​ក្រយាស្ងោយ​គ្រាន់​គ្រប់​គ្នា​កុំឱ្យ​ខ្វះ” ។ នាម៉ឺន​ទទួល​ព្រះរាជ​ឱង្ការ​កាលណា​ ​ក៏​រៀប​គ្រប់​ប្រដាប់​ឥត​មាន​ខ្វះ​ ​ពល​ថ្មើរជើង​ ​ពល​សេះ​ដំរី​ ​រួច​ស្រេច​ហើយ​ ​ក៏​ចូល​ក្រាប​បង្គំ​ទូល​ស្ដេច​ទ្រង់​ជ្រាប ។​ ​លុះដល់​កំណត់​ថ្ងៃ​ហើយ​ ​វេលា​ព្រឹក​ ​ស្ដេច​ក៏​យាង​ចេញ​ទៅ​ ​ដោយ​មាន​នាម៉ឺន​សេនា​ ​ទាហាន​ហែ​តាម​ ​លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់​ព្រៃ​ហែមវន​ ​ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឱ្យ​បោះ​ព្រះ​ពន្លា​មួយ​នៅ​ទីនោះ ។​ ​អស់ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់ៗ​គ្នា​ ​តាម​មុខ​របស់​ខ្លួន​ស្រេច​ហើយ​ ​ស្ដេច​មាន​បន្ទូល​បើក​អំណាច​ឱ្យ​អស់​សេនា​លេងល្បែង​ ​ភ្លេង​ច្រៀង​រាំ​តាម​ចិត្ដ​ឱ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ ។

នៅ​ពេល​យប់​នោះ​ ​ស្ដេច​ក៏​ចូល​ផ្ទំ​ក្នុង​ព្រះ​ពន្លាជ័យ​ ​លុះ​អធ្រាត្រ​ស្ងាត់​ឮ​ស្នូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ​មុខ​គួរ​ឱ្យ​ស្រងេះ​ស្រងោច​លន្លង់លន្លោច​ក្នុង​ព្រះ​ទ័យ​ ​មមៃ​នឹកគិត​គ្រប់សព្វ​ ​លុះ​ភ្លឺស្វាង​ព្រះ​សុរិយា​កាលណា​ ​ស្ដេច​ក៏​មាន​ព្រះរាជ​ឱង្ការ​បង្គាប់​ទៅ​រាជ​អាមាត្យ​ឱ្យ​រៀប​ទីន័ង​អស្សត​ថ្វាយ​ព្រះ​អង្គ​នឹង​ត្រេច​មើល​ព្រៃ​កំសាន្ដ​ព្រះ​ទ័យ​ជាមួយនឹង​រាជ​អាមាត្យ​ពីរ​នាក់​និង​ស្ដេច ។​ ​រួច​ហើយ​ចេញ​ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លាជ័យ​វិញ ។​ ​គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក​មួយ​ ​ស្ដេច​ក៏​បរ​ទីន័ង​ទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្ដរបុប្ផា​ ​ទ្រង់​ទត​ទៅ​ឃើញ​ទឹក​ដ៏​រង​ថ្លា​ឃើញ​បុប្ផា​ ​និង​មច្ឆា​គ្រប់​បែប​ ​ហែបហែល​ជ្រួល​ច្រវាត់​មុខគួរ​ឱ្យ​ទ្រង់​សព្វព្រះទ័យ​នឹង​ចុះ​ស្រង់ ។​ ​ទើប​ស្ដេច​មាន​បន្ទូល​ទៅ​អាមាត្យ​ទាំង​ពីរ​ថា​ ​យើង​ងូតទឹក​ស្រះ​នេះ​ឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ដ​សិន​ ​សឹម​បន្ដដំណើរ​ទៅ​ ​ទើប​ឈប់​លែង​ពាជី​ឱ្យ​ស៊ី​ស្មៅ​ ​រួច​ផ្លាស់​ព្រះ​ពស្ដ្រា​ស្រេច​ ​ស្ដេច​ក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ​ឃើញ​មាន​ផ្លូវ​ទក់ៗ​ ​ព្រះ​អង្គ​នឹក​ថា​ ​“យី​! ព្រៃ​នេះ​ជា​សម​សាន្ដ​ឋាន​ស្ងាត់​ណាស់​ ​ម្ដេច​ឡើយ​ក៏​មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នេះ” ។ រួច​ស្ដេច​មាន​បន្ទូល​ទៅ​នឹង​រាជ​អាមាត្យ​ថា​ ​នៅ​ចាំ​យើង​ទី​នេះ​ចុះ​ ​យើង​ដើរទៅ​មើល​ត្រង់នោះ​បន្ដិច ។​ ​ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ​ទៅៗ​បន្ដិច​បាន​ក្រទ្បេក​ឃើញ​អាស្រម​ ​ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា​ ​រោង​នេះ​ជា​រោង​អី ? ជា​ផ្ទះ​ព្រានព្រៃ​ទេ​ឬអ្វី ? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ​ ​ឯ​ព្រះ​ឥសី​កំពុង​ឆាន់​ ​នាង​ឧត្ដរបុប្ផា​កំពុង​អង្គុយ​គាក​លោកតា ។​ ​លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញ​ ​នាង​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ។​ ​ព្រះ​ឥសី​សួរ​ទៅ​នាង​ថា​ ​ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង ។​ ​នាង​និយាយ​តិចៗ​ទូល​ឥសី​ថា​ ​“មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក” ។ ព្រះ​ឥសី​ក៏​បែរ​ព្រះ​ភក្ដ្រ​ទត​យល់​ដូច​នាង​ទូល​មែន ។​ ​ឯ​ព្រះរាជា​ ​លុះ​យល់​ច្បាស់​ដូច្នោះ​ហើយ​ ​ក៏​ចូល​មក​ដល់ទី​នេះ​ ទើប​ស្ដេច​ទូល​ទៅ​ឥសី​ថា​ ​“ខ្ញុំព្រះករុណា​មក​ពី​នគរ​តក្កសិលា” ឥសី​ឈ្វេងយល់​មួយ​រំពេច​ថា​ ​នេះ​ជា​ស្ដេច​ ​ទើប​ព្រះអង្គ​សួរ​ទៅ​ទៀត​ថា​ ​“ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី​?” ។ ព្រះបាទ​សោទត្ដ​ ​ទូល​ឥសី​តាម​ដំណើរ​ ​ឯ​ឥសី​ឈ្វេងយល់​ថា​ ​ស្ដេច​អង្គ​នេះ​ត្រូវជា​គូរ​នឹង​នាង​ឧត្ដរបុប្ផា​ ​លោក​ក៏​ហៅ​ចៅស្រី​ឱ្យ​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា ។

ហេតុតែ​នាង​ជា​ស្រី​មាន​លក្ខណ៍​ ​ក៏​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា​តាម​ពុទ្ធដីកា ។​ ​ព្រះ​អង្គ​ក្រឡេក​យល់​នាង​ ​នាង​ក៏​យល់​ព្រះ​ភក្ដ្រ​ព្រះ​អង្គ​ច្បាស់​ ​ហើយ​ចាប់ចិត្ដ​ទៅ​វិញ​ទៅ​មក​ ​ទើប​ព្រះ​ឥសី​មាន​ពុទ្ធដីកា​ថា​ ​“ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូរ​នឹង​នាង​តាំង​តែ​អំពី​អតីតជាតិ​មក​ម្ល៉េះ” ។ គ្រានោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល​ ​ព្រះបាទ​សោទត្ដ​ក៏​ទូល​ថា​ព្រះ​អង្គ​យក​តែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ​ ​ឥឡូវ​ឱ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិសឧត្ដរ​ឯណោះ​ ​ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវជា​គូរ​ស្រករ​នឹង​នាង​នេះ​ ​ក៏​ស្រេច​តែ​លោកតា​ ​បើ​សព្វព្រះទ័យ​យ៉ាងណា​ខ្ញុំព្រះករុណា​ទទួល​ធ្វើ​តាម​ទាំងអស់ ។ ឥសី​បញ្ជា​ទៅ​វិញ​ថា​ ​“បើ​ដូច្នេះ​ ​សូម​ស្ដេច​ចៅ​ថយ​ទៅ​រៀបចំ​សង់រោង​បី​ល្វែង​ ​ហើយ​រក​ផ្កា​ឱ្យ​បាន​ប្រាំពីរ​ពណ៌​ ​យក​មក​ចង​ផ្ដុំ​ជា​បី​បាច់​ ​ទុក​ឱ្យ​តា​ប្រសិទ្ធិពរ​ជ័យ​ឱ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​សុខ​សប្បាយ​តទៅ” ។

ស្ដេច​ស្ដាប់​ព្រះពុទ្ធ​ដីកា​ហើយ​ ​ក៏​រួសរាន់​ថ្វាយបង្គំ​លា​យាង​មក​ដល់ទី​កន្លែង​ស្រះ​ ​ដែល​ឱ្យ​អាមាត្យ​ចាំ​ ​ហើយ​បបួល​អាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លាជ័យ​វិញ​ ​ដល់​ហើយ​បញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម​ឱ្យ​រៀបចំ​សង់រោង​បី​ល្វែង​តាម​បង្គាប់​ ​ឥសី ។​ ​បាន​រួច​ស្រេច​ក្បួនទ័ព​ព្រមទាំង​ភ្លេង​តូរ្យតន្ដ្រី​ពីរោះ​ល្វឹងល្វើយ​ទៅ​ដង្ហែ​នាង​ឧត្ដរបុប្ផា​ពី​អាស្រម​ឥសី​ ​និមន្ដ​ទាំង​ឥសី​ឡើង​គង់​ព្រះ​វរ​សលៀង​ ​ដង្ហែ​មក​កាន់​ព្រះ​ពន្លា ។​ ​ដល់​ហើយ​ព្រះ​តាបស​ ​តាំង​សូត្រ​ទិព្វមន្ដ​ព្រះ​ឥសី​ ​ក៏​បាចផ្កា​ប្រាំពីរ​ពណ៌​នោះ​ ​ថ្វាយ​ពរ​ជ័យ​ដល់​គូរ​ស្រករ​ថ្មី ។​ ​បី​ថ្ងៃ​ត​មក​ទើប​ព្រះ​អង្គ​ ​និង​នាង​ជាយា​ ​ថ្វាយបង្គំ​លា​លោកតា​ ​នាង​ក៏​ស្រក់​ទឹកភ្នែក​នឹក​អាល័យ​លោកតា​ ​ព្រោះ​តាំងពី​កើត​មក​ពុំ​ដែល​បែក​ទៅ​ណា​សោះ​ ​ឥឡូវ​មិនដឹង​ជា​កាលណា​នឹង​បាន​មក​ថ្វាយបង្គំ​វិញ​ទេ ។​

គ្រានោះ​ឥសី​បាន​ផ្ដាំ​នាង​ថា​៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ​ ​មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ​ ​នាង​ត្រូវ​ឱប​សត្វ​ឆ្មា​ម៉ា​ ​ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទ​បី​ជុំ​ ​រួច​សឹម​ឡើង​ទៅ​ក្នុង​ប្រាសាទ​នោះ​ ​ទើប​នាង​បាន​សុខ​ ​បាន​សិរី​សួស្ដី ។​ ​នាង​ស្ដាប់​សព្វគ្រប់​ហើយ​ក៏​លា​ចេញ​ទៅ ។​ លុះ​ទៅ​ដល់​ព្រះរាជវាំង​ហើយ​ ​មុន​នឹង​ចូល​ក្នុង​ព្រះរាជ​ដំណាក់​ ​ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឱ្យ​ឆ្គង​ ​ក៏​បាន​ប្រកប​ដោយ​សេចក្ដីសុខ​ចម្រើន​រហូត​ទៅ ។​

ទំនងជា​ដោយសារ​រឿង​នេះ​ទេ​ដឹង​ ​បានជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ​ក្នុង​ពេល​ធ្វើ​ពិធី​ឡើងផ្ទះ​ថ្មី​ គឺ​គេ​និយម​ឱប​ឆ្មា​មួយ​ ​ហើយ​ដើរ​ប្រទក្សិណ​បី​ជុំ​ហើយ​ស្រេច​ទើប​គេ​ឡើង​នៅ ៕

 

July 14, 2009

ស្វែងយល់​ពាក្យ ចិន​ព្រិន យួន​ព្រួន និង​បារាំង​បារុំ

ទាហាន​ចិន​ច្បាំង​រួម​គ្នា​ជាមួយ​ទាហាន​ខ្មែរ ចម្លាក់​នៅ​ប្រាសាទ​បាយ័ន្ត

ទាហាន​ចិន​ច្បាំង​រួម​គ្នា​ជាមួយ​ទាហាន​ខ្មែរ ចម្លាក់​នៅ​ប្រាសាទ​បាយ័ន្ត

ចិន​ព្រិន សមាស​ពាក្យ​នេះ​មាន​ពាក្យ​ «ចិន» និង​បរិវារស័ព្ទ «ព្រិន» ។ ចិន គឺ​ជា​ជនជាតិ​មួយ​ដែល​ខ្មែរ​យើង​ច្រើន​សង្កេត​ឃើញ​តាំង​ពី​សម័យ​បុរាណ​មក​ថា ជា​ជនជាតិ​មួយ​ប្រភេទ​ចេះ​សន្សំ​រក​ស៊ី មាន​បាន​តាំង​ពី​ក្រ​រហូត​បាន​ធ្វើ​ជា​អ្នក​មាន ជា​សេដ្ឋី​គហបតី ។ ដូច្នេះ​ពាក្យ​ចិន​ព្រិន​នេះ ដែល​ខ្មែរ​យើង​និយម​និយាយ​ហៅ​ជនជាតិ​ចិន ប្រហែល​ជា​ខ្មែរ​យើង​ចង់​ប្រដូច​ពាក្យ​ចិន​មួយ​ម៉ាត់​នេះ​ទៅ​នឹង​ពាក្យ​បាលី​ចិន (អានថា ចិន‑ណាក់) បាន​សេចក្ដី​ថា សន្សំ​មាន​បាន ។ អាស្រ័យ​ហេតុនេះ បរិវាស័ព្ទ​ «ព្រិន» អាច​គន្លាស់​បាន​ជា​ពាក្យ «ព្រិន​និង​ចាក់» គឺ «ប្រាក់​និង​ចិន» ពោល​គឺ​ពាក្យ​ប្រាក់​ និង​ចិន​នេះ មាន​លំនាំ​ដូច​ពាក្យ​ចាស់​បុរាណ​លោក​តែង​និយាយ​ថា «មនុស្ស​និង​ប្រាក់ យក្ស​និង​សាច់ ឬ​អាចារ្យ​និង​តែ ឆ្កែ​និង​អាចម៍ ។

សិល្បៈករ​វៀតណាម​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី

សិល្បៈករ​វៀតណាម​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី

យួន​ព្រួន តាម​ការ​ដំណាល​នៃ​អស់​លោក​តា​ចាស់ៗ​ខ្លះ​ពាក្យ «យួន​ព្រួន» នេះ ខ្មែរ​យើង​បាន​និយម​ប្រើ​ហៅ​ជនជាតិ​យួន​ចាប់​តាំង​ពី​សម័យ​ឧត្ដមសេនីយ៍​យួន​ឈ្មោះ ទ្រឿង មិញយ៉ាង ដែល​ត្រួតត្រា​ផ្ដាច់ការ​ប្រទេស​ខ្មែរ​​យើង ។ កាលនោះ​ ដោយ​នៅ​ទ្រាំ​រង​រុក្ខ​វេទនា​ត​ទៅ​ទៀត​ពុំ​បាន ក៏​នាំ​គ្នា​ភ្ញាក់​រលឹក​តស៊ូ​ដេញ​វាយ​កាប់​សម្លាប់​ទ័ព​យួន​ឲ្យ​ថយ​ចេញ​ពី​ស្រុក ។ នៅ​ពេល​នោះ​មាន​ទាហាន​យួន​ភាគ​ខ្លះ​បាន​នាំ​គ្នា​ភៀស​ខ្លួន លោត​ចុះ​ទៅ​ក្នុង​ទឹក​ស្ទឹង និង​ទន្លេ ដោយ​យក​ស្រកី​ដូង​ទូល​លើ​ក្បាល បន្លំ​បណ្ដែត​ទឹក​រត់​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​ខ្មែរ ។ ត្រង់​នេះ​ហើយ​ដែល​ខ្មែរ​យើង​ហៅ​ពួក​យួន​ថា «អា​ស្រកី​យឿ» ពោល​គឺ «អា​ស្រកី​ដូង» ព្រោះ​ពាក្យ​ «យឿ» ជា​ពាក្យ​យួន​ប្រែ​មក​ថា «ផ្លែ​ដូង» ។ នៅ​ពេល​នោះ មាន​យួន​មួយ​ភាគ​ទៀត​ដែល​រក​ស្រកី​ដូង​ពុំ​បាន​ដូច​ចិត្ត​បាន​រត់​ចុះ​ទឹក​ទៅ​ពួន​ក្នុង​គុម្ព​ត្រកួន ។ ត្រង់​នេះ​ហើយ​ដែល​ខ្មែរ​យើង​ដាក់​ឈ្មោះ​ថា «យួន​ព្រួន» ព្រោះ​បរិវារស័ព្ទ «ព្រួន» នេះ​ជា​ពាក្យ​គន្លាស់​ថា «ព្រួន​ក្នុង​គុម្ព​ត្រកូច» គឺ «ប្រូច​ក្នុង​គុម្ព​ត្រកួន» ។ កាល​ពី​ទសវត្សរ៍​ទី​៦០ និង​៧០ ខ្មែរ​ភាគ​ខ្លះ​បាន​ហៅ​ជនជាតិ​យួន​ថា អា​ត្រកួន​ឆា ឬ​ត្រកួន​ស្ងោរ ។ នេះ​ពិត​ជា​ពាក្យ​ក្លាយ​ពី​ចំណុច​ដើម ដូច​បាន​អត្ថាធិប្បាយ​ខាងលើ ។ ដូច​ជា​ឈ្មោះ​ «ព្រែកពាម» ប្រទេស​នោះ​ទៀត​ ដែល​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ក្នុង​សម័យ​កំពប់​តែ​អុង​នោះ បាន​ក្លាយ​ពី​ភាសា​ខ្មែរ​ទៅ​សម្ដី​យួន​ថា ព្រែកពាម​ប្រតេ រហូត​មក​ដល់​ព្រែក​យិនតេវិនតេ (Canal de Vintté) ដូច​សព្វ​ថ្ងៃ​ទៅ​វិញ ។

ព្រះបាទ​ស៊ីសុវត្ថិ ថត​ជាមួយ​មន្ត្រី​បារាំង​ក្នុង​អំឡុងពេល​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩០៦

ព្រះបាទ​ស៊ីសុវត្ថិ ថត​ជាមួយ​មន្ត្រី​បារាំង​ក្នុង​អំឡុងពេល​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩០៦

បារាំង​បារុំ ពាក្យ​នេះ​ខ្មែរ​យើង​ច្រើន​ប្រើ​នៅ​សម័យ​អាណានិគម ព្រោះ​កាល​នោះ​ជនជាតិ​បរទេស​អឺរ៉ុប​ទាំង​ប៉ុន្មាន​សុទ្ធសឹង​ជា​អ្នក​ធំៗ​ទាំងអស់ ទោះបី​ជន​នោះ​ជា​ជន​ដើរ​លេង​ប៉ោឡែ​គ្មាន​មុខ​របរ​អ្វី​ក៏​ដោយ ។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​បរិវារស័ព្ទ «បារុំ» អាច​គន្លាស់​បាន​ជា​ពាក្យ «បារុំ​អ្នក​ថាំងៗ» គឺ «បារាំង​អ្នក​ធំៗ» ។ ឧ. កន្លែង​ដែល​គេ​រៀប​ចំ​នេះ សម្រាប់​តែ​អស់​លោក​បារាំង​បារុំ​ទេ ។ល។

(ដក​ស្រង់​ពី​សៀវភៅ​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)

ជាតិ​សៀម​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​ខ្មែរ និង​ត្រូវ​បាន​កេណ្ឌ​ឲ្យ​មក​ច្បាំង​រួមគ្នា​ជាមួយ​ទាហាន​ខ្មែរ ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត

ជាតិ​សៀម​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​ខ្មែរ និង​ត្រូវ​បាន​កេណ្ឌ​ឲ្យ​មក​ច្បាំង​រួមគ្នា​ជាមួយ​ទាហាន​ខ្មែរ ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត

ចំណោទៈ  តើ​ខ្មែរ​យើង​មាន​បរិវារស័ព្ទ​ទាក់ទង​នឹង​ជនជាតិ សៀម និង​ លាវ ដែរ​ឬ​ទេ ?

សម្មតិកម្ម​១:  សៀម​សោ បរិវារស័ព្ទ​ «សោ» អាច​គន្លាស់​បាន​ជា​ពាក្យ «សោ​ជា​ជៀម» គឺ​«សៀម​ជា​ចោរ»

សម្មតិកម្ម​២:  សៀម​សី បរិវារស័ព្ទ «សី» អាច​គន្លាស់​បាន​ជា​ពាក្យ «សី​ជា​ចោរ​លួច​ទឹក​ដៀម» គឺ «សៀម​ជា​ចោរ​លួច​ទឹក​ដី»

សម្មតិកម្ម​៣:  សៀម​សូច បរិវារស័ព្ទ «សូច» អាច​គន្លាស់​បាន​ជា​ពាក្យ «សូច​កំហៀម» គឺ «សៀម​កំហូច»

សម្មតិកម្ម​៤:  គ្រុឌ​ក្រាន់ គ្រុឌ​ជា​សត្វ​បក្សី​មាន​នៅ​ក្នុង​រឿង​ព្រេងបុរាណ​ គឺ​ជា​យាន​ជំនិះ​របស់​ព្រះវិស្ណុ (ព្រះនរាយណ៍) ដែល​ជនជាតិ​សៀម​យក​ធ្វើ​ជា​និមិត្តរូប​ជាតិ​របស់​ខ្លួន ។ រីឯ​បរិវារស័ព្ទ «ក្រាន់» អាច​គន្លាស់​បាន​ជា​ពាក្យ «ក្រាន់​កំរុល​មិន​ស្គាល់​ឃុត» គឺ «គ្រុឌ​កំរុល​មិន​ស្គាល់​ខណ្ឌ» មាន​ន័យថា ជនជាតិ​សៀម​ជា​អ្នក​រុល​ចូល​ហើយ​រុល​ចូល​ទៀត​ក្នុង​ទឹក​ខ្មែរ​ ដោយ​ពុំ​ស្គាល់​ខណ្ឌ​សីមា​ដែនដី​របស់​ខ្លួន​ថា​ស្ថិត​នៅ​ត្រង់ណា ។

ដូច្នេះ ខ្មែរ​យើង​អាច​ហៅ​ពួក​សៀម​សោ សៀម​សូច សៀម​សី​ថា «ពួក​អា​គ្រុឌ​ក្រាន់» 

 

បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ

បរិវារស័ព្ទ គឺ​ជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព​ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង ។

សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ ៖

ក. ពាក្យ​ដើម​ផ្សំ​គ្នា​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់​កាស ព្រៃ​ផ្សៃ ។ល។

សមាសនាម​ដូច​ខាង​លើ​នេះ សុទ្ធ​សឹង​ជា​ពាក្យ​មាន​ន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ ។ល។ ពាក្យ​ថា «ផ្សៃ» មួយ​ម៉ាត់​នេះ​ប្រហែល​ជា​អស់​លោក​អ្នក​អាន​ខ្លះ​ពុំ​ដែល​ស្គាល់​ឡើយ គឺ​ជា​ពាក្យ ជួន​ព្រៃ​ភ្នំ ប្រែ​មក​ថា សត្វ​ពស់ ។ ដូច្នេះ ព្រៃ​ផ្សៃ បាន​សេចក្ដី​ថា ព្រៃ​ពស់ ព្រោះ​ស្អូច កាល​សម័យ​ដើម ប្រទេស​យើង​មាន​ព្រៃ​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​សម្បូណ៍​ទៅ​ដោយ​សត្វ​ព្រៃ​ ដូចជា ពស់‑ក្អែប​ភ្នំ ជាអាទិ៍ [ពាក្យ «ផ្សៃ» មាន​ពន្យល់​នៅ​ក្នុង​សៀវភៅ​សាវតារ​ខេត្ត​កំពត​របស់​លោក ម៉េណែទ្រីយេ (Ménétrier) និង​ពាក្យ​ «ស្អូច» មាន​ពន្យល់​ក្នុង​សៀវភៅ​វាក្យសព្ទ​របស់​លោក ម៉ូរ៉ា (Moura)] ។

ខ. ពាក្យ​ដើម​ផ្សំ​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ សម្ល​សម្លុក ប្ដី​សី បី​បាច់ ជាតិ​ជៅ ។ល។

ពាក្យ​ទាំង​ពីរ​ម៉ាត់​ក្នុង​ចំណោម​សមាសនាម​ខាង​លើ​នេះ មាន​តែ​ពាក្យ​ដើម​ទេ ដែល​មាន​អត្ថន័យ​ចំហ រីឯ​បរិវារស័ព្ទ​វិញ​ពុំ​ឃើញ​មាន​អត្ថន័យ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ តែ​បើ​យើង​ពិចារណា​ឲ្យ​ជ្រៅជ្រះ​ដើម្បី​រិះរក​ហេតុ​ផល​ឲ្យ​សព្វ​គ្រប់​ទៅ យើង​អាច​រក​ឃើញ​គោលដៅ​សំខាន់ៗ​នៃ​បរិវារស័ព្ទ​​ទាំង​នេះ ដែល​មាន​អត្ថន័យ​ជ្រៅ​ហើយ​សំខាន់​ទៀត​ផង ដោយ​ប្រើ​ជា​គុណស័ព្ទ បង្ហាញ​យ៉ាង​ច្បាស់​ឲ្យ​ឃើញ​នូវ​លក្ខណៈ​នៃ​ពាក្យ​ដើម​នីមួយៗ ។

បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ខ្មែរ​យើង​ប្រើ​បរិវារស័ព្ទ

មុន​នឹង​ធ្វើ​អត្ថាធិប្បាយ​វែកញែក​រឿង​នេះ សូម​ឆ្លៀត​ឱកាស​ជម្រាប​ដោយ​សង្ខេប​នូវ​ប្រពៃណី​ខ្មែរ​យើង​សម័យ​បុរាណ​ដែល​មាន​សារៈ​សំខាន់​ទាក់ទង​គ្នា​ជា​លំនាំ​ដើម​ក្នុង​ការ​ប្រើ​បរិវារស័ព្ទ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

កាល​នោះ​ប្រទេស​ខ្មែរ​យើង​ជា​មហា​ប្រទេស​មួយ​ក្នុង​ពិភពលោក​ មាន​ព្រំប្រទល់​ធំធេង​ទូលំទូលាយ​ណាស់​ព្រម​ទាំង​មាន​ប្រទេស​រណប​យើង​ជាច្រើន​ផង ។ អរិយធម៌ និង​វឌ្ឍនធម៌​យើង​ក្ដី សឹង​មាន​ពន្លឺ​រស្មី​ត្រចះត្រចង់​ ប្រកប​ដោយ​កិត្តិស័ព្ទ​ និង​ឥទ្ធិពល​ល្បីល្បាញ​ខ្ទរខ្ទារ​ពាស​ពេញ​នៅ​ចុង​បូព៌ា​ប្រទេស​នៃ​ទ្វីប​អាស៊ី​ទាំង​មូល ។

ធនធាន​យើង​ទៀត ក៏​សម្បូណ៌​ច្រើន​ជា​អនេកប្បការ​គ្រាន់​តែ​សម្ភារៈ​សម្រាប់​ភ្ញៀវ​កិត្តិយស​នៅ​ប្រាសាទ​តាព្រហ្ម​តែ​មួយ​ប៉ុណ្ណោះ​ឃើញ​ថា យើង​មាន​ចាន​ជា​ច្រើន​ធុន​ធ្វើ​អំពី​មាស​សុទ្ធ​ពណ៌​ក្រហម​ឆ្អៅ មាន​ទម្ងន់​ទាំង​អស់​ដល់​ទៅ​ប្រាំ​តោន ប្រកប​ដោយ​ក្បាច់​ចម្លាក់​រចនា​ផ្សេងៗ និង​ដាំត្បូង​ពេជ្រ​ទាំង​គ្រាប់​តូច​ធំ និង​ត្បូង​ពណ៌​ឯ​ទៀត​ឆ្លុះ​តាម​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​នៅ​លើ​ចាន​នីមួយៗ​នោះ ។ល។

ព័ត៌មាន​ប្រភេទ​នេះ សូម​អាន​កំណត់​ហេតុ​លោក ជីវ តាក្វាន់ ស្ដី​អំពី​ប្រពៃណី​អ្នក​ស្រុក​ចេនឡា ប្រែ​ពី​ភាសា​ចិន​មក​ជា​ភាសា​បារាំង​ដោយ​លោក ប៉ូល ប៉េលីយ៉ូ ប្រែ​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ​ដោយ​លោក ឌឹក គាម និង​សូម​អាន​សៀវភៅ​ពីរ​ទៀត​និពន្ធ​ដោយ​លោក សឺដេស (G. Coedès) ដែល​មាន​ចំណងជើង ៖

១. វឌ្ឍនធម៌​ឥណ្ឌូនិយម​នៃ​ប្រទេស​ឥណ្ឌូចិន និង​ប្រទេស​ឥណ្ឌូនេស៊ី

២. សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ដើម្បី​ងាយ​ស្គាល់​ប្រាសាទ​អង្គរវត្ត

និង​បញ្ចប់​សូម​អាន​សៀវភៅ​លោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពី​ប្រាសាទ​បុរាណ​ទាំងអស់​ក្នុង​ចំណោម​ប្រាសាទ​អង្គរវត្ត​ទំព័រ​១៨៤ ។

របៀប​ចាត់​ថ្នាក់​នៃ​លំដាប់​ស័ក្តិ​មន្ត្រី​យោធា

កាល​សម័យ​បុរាណ​ប្រទេស​ខ្មែរ​យើង​រៀប​ចំ​ចាត់​ថ្នាក់​មន្ត្រី​យោធា តាម​លំដាប់​កងទ័ព​ជាតិ​រ៉ូម៉ាំង​ដែល​មេ​ក្រុម​នីមួយៗ​មាន​ងារ​ជា​ដេគួរីយ៉ុង (១០ Décurion) សង់ទីរីយ៉ុង (១០០ Centurion) មីលួរីយ៉ុង (១០០០ Millurion) គឺ​នាយ​ត្រួត​១០​នាក់ ១០០​នាក់ និង​១០០០​នាក់ ។ល។ (សូម​អាន​សៀវភៅ​អង្គរ​និង​ប្រទេស​រ៉ូម) ។

ចំណែក​មន្ត្រី​យោធា​ខ្មែរ​យើង​វិញ មាន​លំដាប់​ថ្នាក់​របៀប​គ្នា​ដែរ​គឺ នាយ​រយ នាយ​ត្រួត​មនុស្ស​មួយ​រយ​នាក់ នាយ​ពាន់​ នាយ​ត្រួត​មនុស្ស​មួយ​ពាន់​នាក់ នាយ​ម៉ឺន នាយ​ត្រួត​មនុស្ស​មួយ​ម៉ឺន​នាក់ នាយ​សែន នាយ​ត្រួត​មនុស្ស​មួយ​សែន​នាក់ ។

ចំពោះ​នាយ​ម៉ឺន និង នាយ​សែន ដែល​មាន​បណ្ដា​ស័ក្តិ​ធំ​ពេក​ទៅ អ្នក​នៅ​ក្រោម​ឱវាទ​ទាំង​អម្បាលម៉ាន​ពុំ​ហ៊ាន​បន្លឺ​ស័ព្ទ​ស្រដី​ហៅ​ចំ​ងារ​ថា នាយ​ម៉ឺន ឬ នាយ​សែន​ទេ ម្ល៉ោះហើយ​ពាក្យ​នាយ​មួយ​ម៉ាត់​នេះ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ថ្មី​ទៀត​ដែល​មាន​សម្លេង​បង្អុរ​ឡើង​ដោយ​ញញើត​ញញើម​ខ្លាច​ពុំ​ពិរោះ​គាប់​ថា “នាម៉ឺន នាសែន” ទៅ​វិញ រហូត​ទៅ​ដល់​បំបាត់​ពាក្យ “នា” នេះ​ទៅ​ទៀត ហើយ​ក្លាយ​ទៅ​ជា​ហៅ​ថា លោក​ម៉ឺន​ឯកម៉ឺន​ទោ ។ល។

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ​នោះ បើ​តាម​លោក ជីវ តាក្វាន់ និង​បព្វជិត​កាតូលិក​អេស្ប៉ាញ៉ុល ឈ្មោះ សង់ អង់តូនីញ៉ូ (Le Frère dominlcan de San Antonio) ដែល​លោក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅ ដុង ហ្វីលីប (Don Philippe) នៃ​ប្រទេស​អេស្ប៉ាញ​ក្រោម​ចំណង​ជើង​ថា “ព្រឹត្តិការណ៍​ជាក់​ស្ដែង​សង្ខេប​នៃ​ប្រទេស​កម្ពុជា​នៅ​សតវត្ស​ទី​១៦” ប្រែ​ពី​ភាសា​អេស្ប៉ាញ៉ុល​មក​ជា​ភាសា​បារាំង​ដោយ​លោក​ កាបាតុង (A. Cabaton) បោះពុម្ព​ផ្សាយ​នៅ​រាជធានី​ម៉ាឌ្រីដ​ក្នុង​ឆ្នាំ​១៦០៤ បាន​អធិប្បាយ​ថា ៖

ក. នៅ​សម័យ​នោះ មន្ត្រី​ធំៗ​ខ្មែរ​ នឹង​ចេញ​ដំណើរ​ទៅ​ណា​មក​ណា រមែង​មាន​ក្បួន​ហែហម​មុខ​ក្រោយ​មាន​ពេល​រេហ៍ សេនា​បាវព្រាវ មនុស្សម្នា ប្រកប​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​តាម​លំដាប់​ស័ក្តិ​ធំ​តូច​ ដូចជាៈ មន្ត្រី​ស័ក្តិ​១០​ហ៊ូពាន់​ដែល​ក្លាយ​មក​ពី​ពាក្យ​សៀម “ហ៊ួផាន់” (ក្បាល​ពាន់) គ្រឿង​ហែ​ក្បួន​ត្រូវ​មាន​គ្រែ​ស្នែង ពាក្យ​រាជស័ព្ទ​ហៅ​ថា ព្រះ​សលៀង មាន​ក្លស់​៥​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង​ខៀវ ស្រប​តាម​ឋានៈ​មន្ត្រី​ឆ្វេង​ស្ដាំ ។ល។ ចំពោះ​មន្ត្រី​មាន​ឋានន្តរស័ក្តិ​ពី​១០​ពាន់​ចុះ​មក​ ក្បួន​ហែហម​ជា​កិត្តិយស​មន្ត្រី​ទាំង​នោះ​មាន​ចំនួន​ចុះ​ថយ​ជា​លំដាប់​ មាន​ក្លស់​បាំង​ពី​៤​ចុះ​មក​មួយ ។ល។

ខ. ចំពោះ​ព្រះមហាក្សត្រ​វិញ ក្បួន​ហែហម​ធំ​ជាង​មន្ត្រី ក្លស់​សម្រាប់​បាំង​ជុំ​វិញ​សុទ្ធ​តែ​ពណ៌​ស ឬ​លឿង​តាម​ថ្ងៃ​ធំ ឬ​តូច​ដោយ​ពុំ​មាន​កម្រិត​ចំនួន​ព្រម​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​បាំង​ពន្លឺ​ព្រះអាទិត្យ និង​បក់​កម្ដៅ ដូចជា បាំងសែន​ដែល​សៀម​ហៅ​ថា ប័ងសួន (ប័ងសុរ័យ) មយូរាឆ័ត្រ ចាមរ ឬ​បៃមន់ ។ល។ ពាក្យ​ទាំង​នេះ សូម​មើល​វចនានុក្រម​ខ្មែរ ។

សម្លៀក​បំពាក់

សម្លៀក​បំពាក់​មន្ត្រី​ខ្មែរ​យើង​តែង​មាន​តាម​លំដាប់​ស័ក្តិ​ជា​មន្ត្រី​ឆ្វេង​ស្ដាំ ដែល​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង ត្រូវ​មាន​មួក​មាន​កំពូល​យ៉ត​មាស​ដាំ​ពេជ្រ មាន​សំពត់​អាវ​ចរបាប់​ទាំង​អស់ ព្រម​ទាំង​ស្បែក​ជើង​ស្រោម​ជើង ។

អក្សរ​ខ្មែរ

អក្សរ​ខ្មែរ​យើង​នោះ​ទៀត​ ត្រូវ​មាន​សភាព​ជា​អក្សរ​អ្នក​អរិយប្រទេស​មួយ គឺ​មាន​សភាព​ដូចជា​សម្លៀក​បំពាក់​ដែរៈ មាន​សក់ ហាក់​ដូច​ជា​មួក មាន​តួ​អក្សរ និង​មាន​ជើង​អក្សរ ហាក់​ដូច​ជា​ស្បែកជើង ។

សម្ដី​និយាយ

សម្ដី​និយាយ​នោះ​សោត ក៏​ត្រូវ​មាន​វរិវារស័ព្ទ​ហែហម​ជា​លំដាប់​ដែរ ។ ម្យ៉ាង​វិញ​ទៀត ខ្មែរ​យើង​ច្រើន​ប្រឌិត​ពាក្យ​ពេចន៍​ដោយ​ពុំ​មាន​ឫសគល់​ពី​បាលី ឬ​សំស្ក្រឹត ដើម្បី​យក​មក​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​អ្នក​ស្រុក ដូចជា​អាទិ៍ ពាក្យ «កណ្ដុំ​ឆែប…ឆា» ដែល​អ្នក​ខ្លះ​ច្រើន​ភ្លាត់​មាត់​នៅ​វេលា​ចាក់​ក្រឡេក​ប្រលែង​គ្នា​លេង ។ បើ​ពុំ​បាន​ជា​គិត​ យើង​ស្មាន​ថា​ជា​ពាក្យ​អនុករណៈ ឬ​ឧទានស័ព្ទ ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ពាក្យ​ចំអាស​មួយ​បែប គួរ​ឲ្យ​កោត​សរសើរ​ថ្វី​ដៃ​អ្នក​ប្រាជ្ញ​បុរាណ​ដែល​ចេះ​យក​ពាក្យ «ឆា» មួយ​ម៉ាត់​មក​ដាក់​បញ្ឆោត​ភ្ជាប់​ពី​ខាង​ក្រោយ​បង្អស់​ ដើម្បី​បង្វែង​ដាន​អ្នក​ផង​កុំ​ឲ្យ​នឹង​សង្ស័យ​រក​អត្ថន័យ​ប្រាកដ​ឃើញ ។

ពាក្យ​នេះ យើង​ព្យាយាម​វែក​ញែក​រក​ហេតុផល​ទៅ យើង​អាច​រក​ឃើញ​ច្បាស់​ថា ជា​ពាក្យ​គន្លាស់​កាត់​មាន​សេចក្ដី​ថា “កណ្ដុំ​ឆែប​មួយ​ដួយ” ។ ពាក្យ​នេះ សូម​ជូន​អស់​លោក​អ្នក​អាន​គន្លាស់​ត្រឡប់​ទៅ​វិញ​ខ្លួន​ឯង​ទៅ​ចុះ ។

ពាក្យ «ធ្នើ» វិញ​ក៏​មាន​លំនាំ​របៀប​ដូច​គ្នា​ដែរ​គឺ​ពាក្យ «ធ្នើ» ថ្នាក់​លើ ។ រីឯ​ពាក្យ​ «ក្បាក់» ដែល​ជា​ឈ្មោះ​កូន​ជើង​ពាន​ទំនាប់​ច្រើន​ធ្វើ​អំពី​ប្រាក់​វិញ​គឺ​ជា​ពាក្យ «ក្បាក់​ប្រាន» បាន​សេចក្ដី​ថា «ក្បាន​ប្រាក់» ។ សូម​មើល​ពាក្យ​ ចាន​ក្បាន ។

របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ

តាម​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ

ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។

ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី

ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស) ។

គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស

នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។

ឃ. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ

នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

អាស្រ័យ​ដូច​បាន​អធិប្បាយ​ខាងលើ​នេះ​ស​ឲ្យ​ឃើញ​ថា ចាប់​តាំង​ពី​កិច្ច​ចេញ​ដំណើរ​រហូត​ដល់​សម្ដី​និយាយ​ ព្រម​ទាំង​របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​ទៀត ឃើញ​ថា សុទ្ធ​តែ​មាន​របៀប​ជា​លំដាប់​ថ្នាក់​ខ្ពស់​ទាប មាន​បរិវារ​ហែហម​ជា​កត្តិយស​ជា​ដរាប ។

(ដក​ស្រង់​ពី​សៀវភៅ​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)

 

អត្ថបទ​ពាក់ព័ន្ធៈ វេយ្យាករណ៍​ខ្មែរ

 

July 10, 2009

កំសាន្ត​ថ្ងៃ​នេះ

ចំណែក​១​ចឹប​នៃ​ខេត្ត​បាត់ដំបង

នេះ​ជា​រង្វង់​មូល​ត្រាក់ទ័រ ឬ​រង្វង់​មូល​អាត្រាក់ ស្ថិត​នៅ​ទីរួម​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ។ ពុំ​មែន​ថ្ម ពុំ​មែន​ស៊ីម៉ង់ត៍ គឺ​ជា​ត្រាក់ទ័រ​ពិតៗ​ផស់​គេ​មែន !

នេះ​ជា​រង្វង់​មូល​ត្រាក់ទ័រ ឬ​រង្វង់​មូល​អាត្រាក់ ស្ថិត​នៅ​ទីរួម​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ។ ពុំ​មែន​ថ្ម ពុំ​មែន​ស៊ីម៉ង់ត៍ គឺ​ជា​ត្រាក់ទ័រ​ពិតៗ​ផស់​គេ​មែន !

បទ​ចម្រៀង​ចាហួយ​ និង​សង់ខ្យា បាន​បង្ហាញ​ពី​ការ​មិន​អាច​សម្រេច​ចិត្ត​ដាច់​ណាត់​ថា​តើ​នឹង​ត្រូវ​ជ្រើស​ រើស​យក​១​ណា ។ ឥឡូវ​យើង​ពិចារណា​អំពី​រសជាតិ​នៃ​ខេត្ត​បាត់ដំបង​ដដែល តើ​អ្នក​នឹង​ជ្រើស​ភ្លក់​១​ណា អង្ករ ឬ អ្នក​កាន់​អង្ករ ?

បទ​ចម្រៀង​ចាហួយ​ និង​សង់ខ្យា បាន​បង្ហាញ​ពី​ការ​មិន​អាច​សម្រេច​ចិត្ត​ដាច់​ណាត់​ថា​តើ​នឹង​ត្រូវ​ជ្រើស​រើស​យក​១​ណា ។ ឥឡូវ​យើង​ពិចារណា​អំពី​រសជាតិ​នៃ​ខេត្ត​បាត់ដំបង​ដដែល តើ​អ្នក​នឹង​ជ្រើស​ភ្លក់​១​ណា អង្ករអ្នក​កាន់​អង្ករ ?

 

«« Older Posts |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve