Chouk Khmer

June 25, 2009

ភស្តុតាង​ថ្មី​បញ្ជាក់​ពី​ចំណាស់​នៃ​​រាជធានី​ភ្នំពេញ

ក្រោយ​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម

នៅ​ក្នុង​ឆ្នាំ​១៤៣១​ទីក្រុង​សៀមរាប​អង្គរ​ត្រូវ​បាន​បោះបង់​ចោល​ក្រោយ​ពី​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម​ ហើយ​ព្រះរាជា​ខ្មែរ​ព្រះបាទ​ចៅ​ពញាយ៉ាត​ចាប់ពី​ឆ្នាំ​១៤៣៤​បាន​សាងសង់​ព្រះ​រាជធានី​ថ្មី​មួយទៀត​គឺ​ “រាជធានី​ភ្នំពេញ”​ បច្ចុប្បន្ន ។

វឌ្ឍនភាព​នៃ​ទីក្រុង ឬ​បុរី​នេះ​បាន​ធ្វើ​ឱ្យ​គេ​ភ្លេច​គិត​ថា​ ភូមិភាគ​រាជធានី​ភ្នំពេញ​មុន​សតវត្សរ៍​ទី​១៥​មិន​មែន​ជា​តំបន់​ស្វយ័ត​ទេ ក៏​ប៉ុន្ដែ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​ចេនឡា​ អង្គរ​ និង​ក្រោយ​អង្គរ ។

ដោយសារ​ភាព​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​លូតលាស់​នៃ​ភូមិភាគ​នេះ​ (រាជធានី​ភ្នំពេញ) លោក​បណ្ឌិត​សាស្ដ្រាចារ្យ​បុរាណវិទ្យា​ឯកទេស​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ តាម​រយៈ​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​នៅ​វត្ដ​ជើងឯក​ ឧស្សាហកម្ម​កុលាលភាជន៍​ (គ្រឿង​ស្មូន​ដី​ដុត) និង​ផ្លូវ​គមនាគមន៍​ទាំង​ទឹក​ និង​គោក​ខ្វាត់ខ្វែង​ជាដើម​នោះ គឺ​គួរ​ឱ្យ​ខ្មែរ​យើង​មាន​មោទនៈ​ជាទី​បំផុត ។ លោក​បណ្ឌិត​បាន​ឱ្យ​ដឹង​ទៀត​ថា​ដោយសារ​កត្ដា​សង្គ្រាម​បំផ្លិចបំផ្លាញ​ និង​ការ​អភិវឌ្ឍ​មិន​ឈប់​ឈរ​ដែល​បាន​ធ្វើ​ឱ្យ​មុខមាត់​នៃ​រាជធានី​ភ្នំពេញ​នេះ​បាន​ប្រែប្រួល​មិន​ឈប់​ឈរ​មួយ​ភាគ​ធំ​ ស្លាកស្នាម​វប្បធម៌​បុរាណ​ត្រូវ​បាន​លុប​បំបាត់​ ឬ​ត្រូវ​គេ​បំភ្លេច​ចោល ។ លោក​បណ្ឌិត​គិត​ថា កត្ដា​អវិជ្ជមាន​ធំ​មួយទៀត​គឺ​មក​ពី​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ឱ្យ​ស៊ី​ជម្រៅ​ណាមួយ​ទាក់ទិន​ទៅ​នឹង​អតីតភាព​នៃ​រាជធានី​នេះ​នៅឡើយ ។

ក្រោយ​ពី​ការ​រក​ឃើញ​នូវ​បុរាណដ្ឋាន​មួយ​ចំនួន​ ដោយ​ឡែក​ឡ​ដុត​ចាន ឆ្នាំង​បុរាណ​នា​សម័យ​អង្គរ​មួយ​ចំនួន​នៅ​ពី​ខាង​ត្បូង​វត្ដ​ជើងឯក​ ភូមិ​ជើងឯក​ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ បុរាណ​វិទូ​យើង​យល់​ឃើញ​ថា​ ប្រវត្ដិសាស្ដ្រ​ដ៏​យូរលង់​នៃ​ទឹកដី​រាជធានី​ភ្នំពេញ​ក៏​បាន​លេចធ្លោ​ឡើង​គួរ​ឱ្យ​មោទនភាព​ជាទី​បំផុត​សម្រាប់​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ។

បញ្ហា​ចម្បង​ដែល​កំពុង​តែ​ចោទ​ឡើង​នា​ពេល​សព្វថ្ងៃ​គឺ​ស្លាកស្នាម​មរតក​សម្បត្ដិ​វប្បធម៌​បុរាណ​ខ្មែរ​ទាំងនោះ​ថ្វី​ត្បិត​តែ​មាន​ចំនួន​តិចតួច​ក្ដី​បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​សៀមរាប​អង្គរ ក៏​ប៉ុន្ដែ​វា​ត្រូវការ​ទាមទារ​នូវ​ការ​ថែរក្សា​អភិរក្ស​ឱ្យ​បាន​ច្បាស់លាស់ ។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​កន្លង​មក​ បណ្ឌិត​មីសែល ត្រាណេ បាន​លើក​ឡើង​អំពី​កេរដំណែល​សម័យ​បុរាណ​បាន​បន្សល់​ទុក​ថា​ ការ​ដែល​គេ​ចាត់​ទុក​រាជធានី​ភ្នំពេញ​ជា​តំបន់​ស គ្មាន​វប្បធម៌​នោះ គឺជា​ការ​ខុសឆ្គង​មួយ ហើយ​តម្រូវ​ឱ្យ​មានការ​កែតម្រូវ​ឡើង​វិញ​សម​ស្រប ។ ដូច្នេះ​របកគំហើញ​ថ្មី​នេះ​វា​បាន​ពង្រីក​ការ​ចេះ​ដឹង​ថ្មី​ស្ដី​អំពី​ប្រវត្ដិ​នៃ​រាជធានី​ភ្នំពេញ ។

ដូច​ពោល​ខាងលើ​ស្ថានីយ​ប្រវត្ដិសាស្ដ្រ​ដទៃៗ​ទៀត ឡ​ដុត​បុរាណ​ទាំងនោះ​របស់​ខ្មែរ​យើង​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយ​ការ​ជីក​គាស់​ឈូស​ឆាយ​សម្រាប់​កាន់កាប់​ដីធ្លី​នៅ​ជើងឯក​វា​ជា​ហេតុ​នាំ​ឱ្យ​បំផ្លាញ​ចោល​អ្វីៗ​ដែល​ជា​អត្ដសញ្ញាណ​ជាតិ​ខ្មែរ​ដោយសារ​បំបាត់​ឫស​កែវ​ប្រវត្ដិសាស្ដ្រ ។ ដើម្បី​បញ្ឈប់​ការ​រំលោភ​ដីធ្លី​ឬ​ការ​រាវ​រុករក​វត្ថុ​បុរាណ​យក​ទៅ​លក់ដូរ​នៅ​តាម​ទីផ្សារ​សេរី​នានា​ដូចដែល​បាន​ចែង​ក្នុង​ច្បាប់​ការពារ​បេតិកភណ្ឌ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នោះ រាល់​ការ​បំផ្លាញ​ជួញដូរ​វត្ថុ​បុរាណ​ដែល​កំពុង​បន្ដ​យ៉ាង​សកម្ម​ត្រូវ​ហាម​ឃាត់​ជា​បន្ទាន់ ។

លោក​ មីសែល ត្រាណេ ជឿ​ថា​វត្ថុ​បុរាណ​មួយ​ចំនួន​ធំ​ដូច​ជា​កុលាលភាជន៍​សម័យ​បុរេប្រវត្ដិសាស្ដ្រ និង​សម័យ​បុរេអង្គរ ព្រមទាំង​អង្គរ​ដែល​គេ​ជួញដូរ​នៅ​ទីផ្សារ​ទួលទំពូង​មក​ពី​ខេត្ដ​សៀមរាប តែ​ក្រោយ​ពី​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​លោក​ក៏​ដឹង​ថា​មក​ពី​ស្ថានីយ​មួយ​ចំនួន​ក្បែរ​រាជធានី​ភ្នំពេញ​តែ​ម្ដង ហើយ​ក្នុង​ចំណោម​ស្ថានីយ​ទាំងនោះ​ពិតជា​មាន​បុរាណ​ដ្ឋាន​វត្ដ​ជើងឯក​យ៉ាង​ប្រាកដ ។ ពីព្រោះ​ចង់​ឬ​មិន​ចង់ ឡ​ដុត​កុលាលភាជន៍​បុរាណ​ទាំងនោះ​មាន​ទ្រង់ទ្រាយ​ធំធេង​សម្បើម​ណាស់ ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​មីសែល ត្រាណេ បរិវេណ​ឡ​ទាំងនោះ​អាច​មាន​ទំហំ​ដល់​៨​ទៅ​១០​ហិកតា​ឯណោះ​យ៉ាងតិច ។

តាំងពី​សម័យ​បុរេ​អង្គរ​មក​ម្ល៉េះ​តំបន់​ទីក្រុង​ភ្នំពេញ​ដែល​មាន​ទន្លេ​៤​មុខ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច ពីព្រោះ​ថា​រហូត​មក​ដល់​សព្វថ្ងៃ​ទីតាំង​នេះ​នៅ​តែ​រក្សា​បាន​អត្ថិភាព​ដើម​របស់​ខ្លួន​គឺ​ជា​កំពង់ផែ​ដឹក​ជញ្ជូន​ និង​ផ្ទុក​ឥវ៉ាន់​យ៉ាង​សំខាន់​បំផុត​សម្រាប់​ពាណិជ្ជកម្ម​ជាតិ​ និង​អន្ដរជាតិ​ក្នុង​ឋានៈ​ជា​តំបន់​ឆ្លងកាត់ ។ ទាក់ទិន​នឹង​កំពង់ផែ​ខាងលើ​លោក​សាស្ដ្រាចារ្យ​បាន​រំលឹក​ថា ​ការ​ដែល​ព្រះបាទ​អង្គឌួង​ (១៨៤០-១៨៥៦) បាន​បន្ដ​ការ​អភិវឌ្ឍ​ជាតិ​តាម​រយៈ​ការ​ស្ដារ​កំពង់ផែ​ទាំង​សមុទ្រ ដូច​ជា​កំពង់ផែ​កំពត ទាំង​ទន្លេសាប​ដូច​ជា​កំពង់ហ្លួង​នៅ​ភ្នំពេញ​ឡើង​ក៏​ស្ថិត​ក្នុង​មូលហេតុ​សេដ្ឋកិច្ច​នេះ​ដែរ ៕

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០០៩)

កុលាលភាជន៍​គ្រប់​ប្រភេទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ

កុលាលភាជន៍​គ្រប់​ប្រភេទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ

 អត្ថបទ​ពាក់ព័ន្ធៈ

រាជធានី​ភ្នំពេញ​បែរមុខ​ទៅ​ចំណុច​ប្រសព្វ​ទន្លេ​ចតុមុខ​មាន​អាយុ​៥៧៥​ឆ្នាំ

សំណល់​ប្រាសាទ​បុរេអង្គរ​នៅ​វត្ត​ជើងឯក

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/06/25/new-found-evidences-of-phnom-penhs-existence-long-before-known-period/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve