ភស្តុតាងថ្មីបញ្ជាក់ពីចំណាស់នៃរាជធានីភ្នំពេញ
ក្រោយការលុកលុយទន្ទ្រានមិនឈប់ឈរពីសំណាក់កងទ័ពសៀម
នៅក្នុងឆ្នាំ១៤៣១ទីក្រុងសៀមរាបអង្គរត្រូវបានបោះបង់ចោលក្រោយពីការលុកលុយទន្ទ្រានមិនឈប់ឈរពីសំណាក់កងទ័ពសៀម ហើយព្រះរាជាខ្មែរព្រះបាទចៅពញាយ៉ាតចាប់ពីឆ្នាំ១៤៣៤បានសាងសង់ព្រះរាជធានីថ្មីមួយទៀតគឺ “រាជធានីភ្នំពេញ” បច្ចុប្បន្ន ។
វឌ្ឍនភាពនៃទីក្រុង ឬបុរីនេះបានធ្វើឱ្យគេភ្លេចគិតថា ភូមិភាគរាជធានីភ្នំពេញមុនសតវត្សរ៍ទី១៥មិនមែនជាតំបន់ស្វយ័តទេ ក៏ប៉ុន្ដែជាផ្នែកមួយនៃចក្រភពចេនឡា អង្គរ និងក្រោយអង្គរ ។
ដោយសារភាពរីកចម្រើនរុងរឿងថ្កើងថ្កានលូតលាស់នៃភូមិភាគនេះ (រាជធានីភ្នំពេញ) លោកបណ្ឌិតសាស្ដ្រាចារ្យបុរាណវិទ្យាឯកទេសប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈវិស័យស្ថាបត្យកម្មប្រាង្គប្រាសាទនៅវត្ដជើងឯក ឧស្សាហកម្មកុលាលភាជន៍ (គ្រឿងស្មូនដីដុត) និងផ្លូវគមនាគមន៍ទាំងទឹក និងគោកខ្វាត់ខ្វែងជាដើមនោះ គឺគួរឱ្យខ្មែរយើងមានមោទនៈជាទីបំផុត ។ លោកបណ្ឌិតបានឱ្យដឹងទៀតថាដោយសារកត្ដាសង្គ្រាមបំផ្លិចបំផ្លាញ និងការអភិវឌ្ឍមិនឈប់ឈរដែលបានធ្វើឱ្យមុខមាត់នៃរាជធានីភ្នំពេញនេះបានប្រែប្រួលមិនឈប់ឈរមួយភាគធំ ស្លាកស្នាមវប្បធម៌បុរាណត្រូវបានលុបបំបាត់ ឬត្រូវគេបំភ្លេចចោល ។ លោកបណ្ឌិតគិតថា កត្ដាអវិជ្ជមានធំមួយទៀតគឺមកពីមិនទាន់មានការស្រាវជ្រាវឱ្យស៊ីជម្រៅណាមួយទាក់ទិនទៅនឹងអតីតភាពនៃរាជធានីនេះនៅឡើយ ។
ក្រោយពីការរកឃើញនូវបុរាណដ្ឋានមួយចំនួន ដោយឡែកឡដុតចាន ឆ្នាំងបុរាណនាសម័យអង្គរមួយចំនួននៅពីខាងត្បូងវត្ដជើងឯក ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បុរាណវិទូយើងយល់ឃើញថា ប្រវត្ដិសាស្ដ្រដ៏យូរលង់នៃទឹកដីរាជធានីភ្នំពេញក៏បានលេចធ្លោឡើងគួរឱ្យមោទនភាពជាទីបំផុតសម្រាប់ខ្មែរគ្រប់មជ្ឈដ្ឋានទូទៅ ។
បញ្ហាចម្បងដែលកំពុងតែចោទឡើងនាពេលសព្វថ្ងៃគឺស្លាកស្នាមមរតកសម្បត្ដិវប្បធម៌បុរាណខ្មែរទាំងនោះថ្វីត្បិតតែមានចំនួនតិចតួចក្ដីបើប្រៀបធៀបទៅនឹងតំបន់សៀមរាបអង្គរ ក៏ប៉ុន្ដែវាត្រូវការទាមទារនូវការថែរក្សាអភិរក្សឱ្យបានច្បាស់លាស់ ។
តាមរយៈការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមក បណ្ឌិតមីសែល ត្រាណេ បានលើកឡើងអំពីកេរដំណែលសម័យបុរាណបានបន្សល់ទុកថា ការដែលគេចាត់ទុករាជធានីភ្នំពេញជាតំបន់ស គ្មានវប្បធម៌នោះ គឺជាការខុសឆ្គងមួយ ហើយតម្រូវឱ្យមានការកែតម្រូវឡើងវិញសមស្រប ។ ដូច្នេះរបកគំហើញថ្មីនេះវាបានពង្រីកការចេះដឹងថ្មីស្ដីអំពីប្រវត្ដិនៃរាជធានីភ្នំពេញ ។
ដូចពោលខាងលើស្ថានីយប្រវត្ដិសាស្ដ្រដទៃៗទៀត ឡដុតបុរាណទាំងនោះរបស់ខ្មែរយើងកំពុងស្ថិតក្នុងភាពអាសន្ន ដោយការជីកគាស់ឈូសឆាយសម្រាប់កាន់កាប់ដីធ្លីនៅជើងឯកវាជាហេតុនាំឱ្យបំផ្លាញចោលអ្វីៗដែលជាអត្ដសញ្ញាណជាតិខ្មែរដោយសារបំបាត់ឫសកែវប្រវត្ដិសាស្ដ្រ ។ ដើម្បីបញ្ឈប់ការរំលោភដីធ្លីឬការរាវរុករកវត្ថុបុរាណយកទៅលក់ដូរនៅតាមទីផ្សារសេរីនានាដូចដែលបានចែងក្នុងច្បាប់ការពារបេតិកភណ្ឌរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះ រាល់ការបំផ្លាញជួញដូរវត្ថុបុរាណដែលកំពុងបន្ដយ៉ាងសកម្មត្រូវហាមឃាត់ជាបន្ទាន់ ។
លោក មីសែល ត្រាណេ ជឿថាវត្ថុបុរាណមួយចំនួនធំដូចជាកុលាលភាជន៍សម័យបុរេប្រវត្ដិសាស្ដ្រ និងសម័យបុរេអង្គរ ព្រមទាំងអង្គរដែលគេជួញដូរនៅទីផ្សារទួលទំពូងមកពីខេត្ដសៀមរាប តែក្រោយពីការស៊ើបអង្កេតយ៉ាងល្អិតល្អន់លោកក៏ដឹងថាមកពីស្ថានីយមួយចំនួនក្បែររាជធានីភ្នំពេញតែម្ដង ហើយក្នុងចំណោមស្ថានីយទាំងនោះពិតជាមានបុរាណដ្ឋានវត្ដជើងឯកយ៉ាងប្រាកដ ។ ពីព្រោះចង់ឬមិនចង់ ឡដុតកុលាលភាជន៍បុរាណទាំងនោះមានទ្រង់ទ្រាយធំធេងសម្បើមណាស់ ហើយបើតាមការប៉ាន់ប្រមាណរបស់លោកមីសែល ត្រាណេ បរិវេណឡទាំងនោះអាចមានទំហំដល់៨ទៅ១០ហិកតាឯណោះយ៉ាងតិច ។
តាំងពីសម័យបុរេអង្គរមកម្ល៉េះតំបន់ទីក្រុងភ្នំពេញដែលមានទន្លេ៤មុខជាសរសៃឈាមសេដ្ឋកិច្ច ពីព្រោះថារហូតមកដល់សព្វថ្ងៃទីតាំងនេះនៅតែរក្សាបានអត្ថិភាពដើមរបស់ខ្លួនគឺជាកំពង់ផែដឹកជញ្ជូន និងផ្ទុកឥវ៉ាន់យ៉ាងសំខាន់បំផុតសម្រាប់ពាណិជ្ជកម្មជាតិ និងអន្ដរជាតិក្នុងឋានៈជាតំបន់ឆ្លងកាត់ ។ ទាក់ទិននឹងកំពង់ផែខាងលើលោកសាស្ដ្រាចារ្យបានរំលឹកថា ការដែលព្រះបាទអង្គឌួង (១៨៤០-១៨៥៦) បានបន្ដការអភិវឌ្ឍជាតិតាមរយៈការស្ដារកំពង់ផែទាំងសមុទ្រ ដូចជាកំពង់ផែកំពត ទាំងទន្លេសាបដូចជាកំពង់ហ្លួងនៅភ្នំពេញឡើងក៏ស្ថិតក្នុងមូលហេតុសេដ្ឋកិច្ចនេះដែរ ៕
(ដកស្រង់ពីសារព័ត៌មានរស្មីកម្ពុជា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩)

កុលាលភាជន៍គ្រប់ប្រភេទទាំងនេះស្ថិតនៅក្នុងសារមន្ទីររបស់លោកបណ្ឌិត មីសែល ត្រាណេ
អត្ថបទពាក់ព័ន្ធៈ
រាជធានីភ្នំពេញបែរមុខទៅចំណុចប្រសព្វទន្លេចតុមុខមានអាយុ៥៧៥ឆ្នាំ
សំណល់ប្រាសាទបុរេអង្គរនៅវត្តជើងឯក