Chouk Khmer

June 24, 2009

ការ​គ្រប់គ្រង​គម្រោង

ការ​គ្រប់គ្រង​គម្រោង​ (Project Management)​ 

១. ការ​គ្រប់គ្រង​គម្រោង​ (Project Management)

១.១ តើ​គម្រោង​ជា​អ្វី ​(What is a project?)​​​​​​

គម្រោង​គឺជា​ការ​ប្រមូលផ្ដុំ​នៃ​សកម្មភាព​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​គ្នា​ ​ដែល​នឹង​ត្រូវ​អនុវត្ដ​តាម​បែបបទ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​ ​ដោយ​មាន​ចំណុច​ចាប់ផ្ដើម​ ​និង​បញ្ចប់​ច្បាស់លាស់ ។​ ​គោលបំណង​របស់​គម្រោង​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ជាក់លាក់​ ​ដើម្បី​បំពេញ​តាម​តម្រូវការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព​មួយ ។​ ​ការងារ​របស់​គម្រោង​គឺ​លើស​ពី​សកម្មភាព​អាជីវកម្ម​ធម្មតា​របស់​អង្គភាព​មួយ ។​ ​សកម្មភាព​នានា​របស់​គម្រោង​មាន​ទំនាក់ទំនង​ជា​លំដាប់​លំដោយ​ ​ពោល​គឺ​ ​សកម្មភាព​ជាក់ស្ដែង​មួយ​ចំនួន​ត្រូវ​តែ​ធ្វើ​ឱ្យ​រួចរាល់​ ​មុន​នឹង​សកម្មភាព​ថ្មី​មួយទៀត​អាច​ចាប់ផ្ដើម​បាន​ ​ដោយ​ផ្អែក​លើ​លក្ខណៈ​បច្ចេកទេស​ ​ឬ​រដ្ឋបាល ។ ឧទាហរណ៍​សាមញ្ញ​មួយ​ចំនួន​នៃ​គម្រោង​មាន​ដូច​ខាងក្រោម ៖

  • ការ​ស្ថាបនា​ស្ថានីយ៍​ថាមពល​កម្ដៅ​ដែល​មាន​កម្លាំង​៥០០​MW​
  • ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ក្រោម​ដី​
  • ការ​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ​
  • ការ​ស្ថាបនា​ភោជនីយដ្ឋាន​ ​ឬ​រោងចក្រ​
  • ការ​បោះពុម្ព​សៀវភៅ​/ព្រឹត្តិបត្រ​ព័ត៌មាន​

១.២ ការ​គ្រប់គ្រង​គម្រោង ​(Managing a project)

ការ​គ្រប់គ្រង​គម្រោង​គឺ​ជា​ដំណើរការ​ប្រកបដោយ​ថាមពល​យ៉ាង​សកម្ម​ដែល​ត្រូវ​ប្រើប្រាស់​ធនធាន​របស់​អង្គភាព​ឱ្យ​បាន​សម​ស្រប​តាម​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដើម្បី​សម្រេច​គោលបំណង​ច្បាស់លាស់​មួយ​ចំនួន​ដែល​បាន​កំណត់​នៅ​ក្នុង​តម្រូវការ​ជា​យុទ្ធសាស្ដ្រ ។​ ​គម្រោង​ត្រូវ​គ្រប់គ្រង​នៅ​ក្នុង​រង្វង់​នៃ​បញ្ហា​ដែល​ប្រឈម​នឹង​ពេលវេលា​ ​តម្លៃ​ ​ឬ​ធនធាន​មនុស្ស​ដែល​មាន ។​ ​ការ​បញ្ចប់​គម្រោង​តាម​ពេលវេលា​កំណត់​ ​គឺ​មាន​សារៈសំខាន់​ណាស់​ ​ពីព្រោះ​ការ​ពន្យា​ពេល​គម្រោង​នាំ​មាន​បញ្ហា​ដូច​ខាងក្រោម ៖

  • កើន​តម្លៃ​គម្រោង​តាម​រយៈ​ ប្រាក់​ឈ្នួល​ និង​ការ​ចំណាយ​ធនធាន​បន្ថែម​លើ​គម្រោង​
  • ធ្វើ​ឱ្យ​អ្នក​ទទួលផល​ខកចិត្ដ​
  • ខាតបង់​ប្រាក់​ចំណេញ​ប្រសិនបើ​គម្រោង​ស្វែងរក​កម្រៃ​ ​(ឧទាហរណ៍​ ​ស្ថានីយ៍​ថាមពល​អគ្គីសនី​ ​ឬ​ការ​បូម​យក​ប្រេង)

ដូច្នេះ​ ​ការ​អនុវត្ដ​គម្រោង​ទាន់​ពេលវេលា​ជា​គោលបំណង​ចម្បង​មួយ​នៃ​ការ​គ្រប់គ្រង​គម្រោង ។​ ​គោល​បំណង​នៃ​ការ​កសាង​ផែនការ​គឺ​ដើម្បី​ធានា​ឱ្យ​សកម្មភាព​ទាំងអស់​ ​ត្រូវ​បាន​កំណត់​ ​និង​ដាក់​ចេញ​ជា​កាលវិភាគ​ឱ្យ​គម្រោង​ចប់​តាម​ពេល​កំណត់​នេះ ។​ ​ការ​គ្រប់គ្រង​គម្រោង​រួម​មាន​មុខងារ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ដូច​ជា​ ​ការ​កសាង​ផែនការ​ ​រចនាសម្ព័ន្ធ​តួនាទី​ ​ការ​សម្របសម្រួល​ ​និង​ការ​ត្រួតពិនិត្យ ។​ ​គម្រោង​ពាក់ព័ន្ធ​នឹង​ក្រុម ការងារ​ ​និង​ការ​ដោះស្រាយ​បញ្ហា​តាម​ដំណាក់កាល​ផ្សេងៗ​ពី​គ្នា ។​

១.៣ ដំណាក់កាល​គម្រោង​ (Stages of a project)

គម្រោង​ប្រព្រឹត្ដិ​ទៅ​តាម​ដំណាក់កាល​មូលដ្ឋាន​ចំនួន​៤ ៖

១. ទស្សនទាន​ និង​និយមន័យ​គម្រោងៈ​ ​ដំណាក់កាល​នេះ​គឺជា​ការ​កំណត់​នូវ​សេចក្ដី​ត្រូវការ​របស់​គម្រោង​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​អ្នក​ដែល​ចាប់អារម្មណ៍​លើ​លទ្ធផល​គម្រោង ។​

២. ការ​កសាង​ផែនការ​គម្រោងៈ​ ​ដំណាក់កាល​នេះ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការ​កសាង​ផែនការ​គម្រោង​ដើម្បី​បង្កើត​កាលវិភាគ​ជាក់ស្ដែង​មួយ​ ​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឈម​នានា​របស់​គម្រោង ។​

៣. ការ​អនុវត្ដ​គម្រោងៈ​ ​ដំណាក់កាល​នេះ​សំដៅ​លើ​ការ​ចាប់​ផ្ដើម​គម្រោង​ ​និង​ការ​ធានា​ថា​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​យល់​ច្បាស់លាស់​អំពី​សកម្មភាព​ ​ក៏​ដូច​ជា​ការ​ប្រឈម​នានា ។​ ​សកម្មភាព​ត្រូវ​បាន​អនុវត្ដ​ដោយ​ពិចារណា​លើ​ការ​ផ្លាស់​ប្ដូរ​ណា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ផែនការ ។​

៤. ការ​បញ្ចប់​គម្រោង​ និង​ប្រគល់​សមិទ្ធិផល​ឱ្យ​អ្នក​ទទួលផលៈ​ ​ដំណាក់កាល​នេះ​គឺ​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ដើម្បី​ឱ្យ​អ្នក​ទទួលផល​ទទួល​ស្គាល់​ ​និង​ការ​ប្រគល់​ជូន​ ​ដោយ​ធានា​ថា​គម្រោង​ពិតជា​បាន​ផ្ដល់​នូវ​លទ្ធផល​តាម​ការ​ព្រមព្រៀង​ ​និង​ឆ្លង​តាម​ដំណើរការ​វាយតម្លៃ​គម្រោង​ផង​ដែរ ។​

ដំណាក់កាល​ទាំង​៤​នេះ​ ​គឺជា​ចំណាត់ថ្នាក់​ងាយស្រួល​ក្នុង​ការ​យល់​អំពី​គម្រោង ។​ ​តាម​ពិត​ ​គម្រោង​ភាគ​ច្រើន​ធ្វើ​ជា​ដដែលៗ​ច្រើន​សារ​គួរ​ឱ្យ​កត់សម្គាល់ ។​ ​ក្នុង​ដំណាក់​កាល​អនុវត្ដ​គម្រោង​ណាមួយ​ ​អាច​មានការ​ពិនិត្យ​ឡើង​វិញ​លើ​និយមន័យ​គម្រោង​ ​ធ្វើ​ផែនការ​ការងារ​ម្ដងទៀត​ ​រៀបចំ​កាលវិភាគ​សកម្មភាព​សា​ជា​ថ្មី ។​ ​ទិដ្ឋភាព​បម្រែបម្រួល​នៃ​គម្រោង​ទាំងនេះ​ ​គឺ​ធ្វើ​ឱ្យ​អ្វីៗ​គ្រប់យ៉ាង​រៀបរយ​ដើម្បី​សម្រេច​ឱ្យ​បាន​លទ្ធផល​រំពឹង​ទុក ។​

ភាគ​បន្ត

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/06/24/managing-projects/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve