កម្ពុជាច្រានចោលសំណើអាប់ភីស៊ីតចុះប្រាសាទព្រះវិហាររួមគ្នា

លោក អាភីស៊ីត វាចាជីវ៉ា នាយករដ្ឋមន្ត្រីសៀម ក្នុងឱកាសដំណើរទស្សនកិច្ចមកកាន់កម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩
មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជាបានចេញមកប្រកាសជាផ្លូវការដោយទាត់ចោលទាំងស្រុងនូវការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីសៀម អាប់ភីស៊ីត វាចាជីវ៉ា ដែលលោកបានលើកឡើងថា ប្រាសាទព្រះវិហារគួរតែត្រូវបានចុះបញ្ជីរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសសៀម ដើម្បីជៀសវាងបង្កនូវបញ្ហាកើតឡើងរវាងប្រជាជនទាំងពីរប្រទេស ។
ឯកឧត្ដម ផៃ ស៊ីផាន មន្ដ្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០០៩ថា ប្រាសាទព្រះវិហារត្រូវបានតុលាការអន្ដរជាតិទីក្រុងឡាអេ ប្រកាសសាលក្រមប្រគល់មកឱ្យកម្ពុជាវិញ កាលពីខែមិថុនា ឆ្នាំ១៩៦២ ហើយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដូច្នេះការប៉ុនប៉ងរបស់សៀមគ្មានសិទ្ធិនៅក្នុងរឿងនេះទេ ។ ឯកឧត្ដមបានបន្ដទៀតថា បន្ទាប់ពីការជ្រៀតជ្រែករបស់សៀមក្នុងរយៈពេលកន្លងមករដ្ឋាភិបាលសៀមគួរតែផ្លាស់ប្ដូរនូវយុទ្ធសាស្ដ្រនយោបាយជាមួយប្រាសាទព្រះវិហារដាច់ដោយឡែកវិញទៅ ។ មន្ដ្រីអ្នកនាំពាក្យទីស្ដីការបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២២-៣០ ខែមិថុនា ឆ្នាំ២០០៩ នៅក្នុងប្រទេសអេស្ប៉ាញខាងមុខនេះ គណៈប្រតិភូរបស់កម្ពុជា ដែលដឹកនាំដោយឯឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន នឹងទៅចូលរួមប្រជុំនៅក្នុងវេទិកានេះ ។
ឯកឧត្ដម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរប្រាសាទព្រះវិហារ បានច្រានចោលទាំងស្រុងនូវការទាមទាររបស់សៀមដែលចង់ចុះប្រាសាទព្រះវិហារជារបស់រួមនោះ ។ ឯកឧត្ដមបានមានប្រសាសន៍ថា វាមិនអាចទៅរួចនោះទេ បើទោះបីសៀមនិយាយមួយម៉ឺនដងក៏ដោយ ពីព្រោះប្រាសាទព្រះវិហារជារបស់ខ្មែរពិតប្រាកដ ជាបូរណភាពទឹកដីរបស់កម្ពុជា ដែលអង្គការយូណេស្កូសម្រេចប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជា ហើយជាអង្គការអន្ដរជាតិ ពួកគេមិនប្រែផ្លាស់សម្ដីនោះទេ ។ ឯកឧត្ដម ជុច ភឿន បានធ្វើការវាយប្រហារចំៗទៅលើលោកនាយករដ្ឋមន្ដ្រីសៀម អាប់ភីស៊ីត ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រីសៀមនេះ គឺមិនត្រឹមត្រូវទាល់តែសោះ ដូច្នេះគួរតែលោកនាយករដ្ឋមន្ដ្រីសៀមនេះចុះចេញពីតំណែងទៅ ។
យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍បានឱ្យដឹងនៅរសៀលថ្ងៃទី១៧មិថុនានេះថា លោកនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត ដែលទើបមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ នោះបានមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងបាងកកនឹងស្នើទៅអង្គការយូណេស្កូឱ្យត្រួតពិនិត្យឡើងវិញនូវការសម្រេចចិត្ដដើម្បីចុះបញ្ជីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ដែលនៅជាប់នឹងព្រំដែនខេត្ដស៊ីសាកេតនៅក្នុងប្រទេសសៀមនោះជាបេតិកភណ្ឌពិភពលោក ។ លោកនាយករដ្ឋមន្ដ្រីសៀម អាប់ភីស៊ីត បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកមានជំនឿយ៉ាងរឹងមាំថា ប្រាសាទព្រះវិហារគួរតែត្រូវបានចុះបញ្ជីរួមគ្នាជាតំបន់បេតិកភណ្ឌពិភពលោក ដោយប្រទេសកម្ពុជា និងប្រទេសសៀម មិនមែនតែប្រទេសមួយនោះទេ ។ លោកបានមានប្រសាសន៍ទៀតថា គណៈរដ្ឋមន្ដ្រីរបស់លោកកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩ បានដោះស្រាយក្នុងការដាក់បញ្ជូននូវការស្នើសុំរបស់ខ្លួនទៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣៣នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលនឹងធ្វើឡើងនៅទីក្រុង Seville ក្នុងប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩នេះ ។ លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត បានបន្ដទៀតថា គណៈប្រតិភូនៃគណៈកម្មការបេតិកភណ្ឌពិភពលោករបស់ប្រទេសសៀម ដែលដឹកនាំដោយរដ្ឋមន្ដ្រី ស៊ូវិត ខុនគីតទី រដ្ឋមន្ដ្រីបរិស្ថាន និងធនធានធម្មជាតិនឹងជម្រាបជូនទៅកិច្ចប្រជុំថា ការចុះបញ្ជីប្រាសាទព្រះវិហារនេះ នៅពេលដែលទីតាំងជាបេតិកភណ្ឌពិភពលោកបានកើតមានឡើងនូវជម្លោះ និងបាត់បង់ជីវិតមនុស្សអស់ជាច្រើន ហើយសភាពការណ៍បែបនេះ វាទំនងជាប្រឆាំងទៅនឹងគោលបំណងរបស់អង្គការយូណេស្កូ ។ លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត ក៏បានបញ្ជាក់ទៀតថា ទីតាំងបេតិកភណ្ឌពិភពលោកត្រូវគេរំពឹងថាជាតំបន់មួយដែលជាកន្លែងវប្បធម៌ និងប្រវត្ដិសាស្ដ្រដែលត្រូវការពារ ហើយអនុញ្ញាតឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងសរសើរពីតំបន់នោះ ប៉ុន្ដែនៅពេលដែលមានការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ធ្វើឱ្យមានជម្លោះជាច្រើនរវាងប្រជាជនកម្ពុជា និងប្រជាជនសៀម ។ លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា លោកចង់ឃើញប្រាសាទព្រះវិហារជាតំបន់មួយប្រកបទៅដោយសុខសន្ដិភាព ដែលធ្វើឱ្យប្រជាជនទាំងពីរប្រទេសអាចទទួលផលប្រយោជន៍រួមគ្នាពីតំបន់នេះ ដែលមានសារៈសំខាន់ជាប្រវត្ដិសាស្ដ្រយ៉ាងខ្ពស់បំផុតនោះ ។
ក្រសួងការបរទេសសៀមកាលពីខែឧសភា ឆ្នាំ២០០៩ បានព្រមានទៅអង្គការយូណេស្កូចំពោះសកម្មភាពមន្ដ្រីជំនាញរបស់អង្គការមួយនេះ ដែលបានធ្វើដំណើរទៅតំបន់ប្រាសាទព្រះវិហារ ។ លោក វារ៉ាឆៃ បា្លសៃ ប្រធាននាយកដ្ឋានការងារស្របច្បាប់ និងសន្ធិសញ្ញារបស់ក្រសួងការបរទេសបានបញ្ជាក់សាជាថ្មីទៅដល់អង្គភាពគ្រប់គ្រងព័ត៌មាន និងចំណេះដឹងរបស់អង្គការយូណេស្កូ លោក Clive Wing ថា មន្ដ្រី និងមន្ដ្រីជំនាញរបស់អង្គការសហប្រជាជាតិអាចធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះនៅជុំវិញប្រាសាទព្រះវិហារ ត្រូវតែទទួលបានការអនុញ្ញាតពីអាជ្ញាធរសៀម ។ ក្រសួងការបរទេសសៀមបានរម្លឹកទៅអង្គការយូណេស្កូកាលពីខែមីនា ឆ្នាំ២០០៩ថា តួប្រាសាទព្រះវិហារដែលសំខាន់នោះ ត្រូវបានដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោកដែលជាកន្លែងគណៈកម្មការបេតិកភណ្ឌពិភពលោក និងអង្គការសហប្រជាជាតិអាចធ្វើការងារបាន ។ តំបន់ដែលនៅជុំវិញប្រាសាទព្រះវិហារមិនទាន់បានដាក់បញ្ចូលនោះទេ ដូច្នេះមន្ដ្រីអង្គការយូណេស្កូមិនអាចឆ្លងកាត់តំបន់នេះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរសៀមនោះទេ ។
គួរបញ្ជាក់ថា តុលាការអន្ដរជាតិក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានប្រកាសសាលក្រមប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញ ក្រោយពីប្រទេសសៀមបានកាន់កាប់ដោយខុសច្បាប់កាលពីឆ្នាំ១៩៤៥ ។ តាមរយៈសាលក្រមនេះធ្វើឱ្យពិភពលោកកាន់តែដឹងពីមហិច្ឆតាឈ្លានពានរបស់សៀមមកលើបូរណភាពទឹកដីកម្ពុជា ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ ។
ផ្ទៃដីចំនួន៤,៦គីឡូម៉ែត្រការ៉េនៅតំបន់ប្រាសាទព្រះវិហារ មិនទាន់ត្រូវបានកំណត់ឱ្យបានត្រឹមត្រូវនោះទេ ដូច្នេះហើយធ្វើឱ្យរដ្ឋាភិបាលសៀមប្រកាសពីតំបន់ដែលនៅជុំវិញ និងចង់បានតំបន់ទាំងនោះ រួមទាំងតួប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ខ្លួនទាំងងងឹតងងល់ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០០៩ បានបញ្ចេញប្រតិកម្មភ្លាមៗចំពោះការលើកឡើងដ៏ឆោតល្ងង់ និងហាក់បីដូចជាមិនចេះច្បាប់ទាល់តែសោះរបស់លោកអាប់ភីស៊ីត នាយករដ្ឋមន្ដ្រីសៀម ដែលបានស្នើសុំឱ្យអង្គការយូណេស្កូសើរើការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌពិភពលោករួមគ្នារវាងកម្ពុជា និងសៀម។ ប្រតិកម្មរបស់សម្ដេចនាយករដ្ឋមន្ដ្រីខាងលើនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រីសៀមបានអត្ថាធិប្បាយយ៉ាងដូច្នេះ ហើយការអត្ថាធិប្បាយនេះកើតមាន បន្ទាប់ពីនាយករដ្ឋមន្ដ្រីសៀមរូបនេះបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ។ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រសួងការបរទេសថា នេះជាពាក្យពេចន៍របស់ខ្លួនគាត់ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនៃប្រទេសមួយដែលរំខានដល់អធិបតេយ្យនៃប្រទេសមួយទៀត ហើយសម្ដេចមានការសោកស្ដាយទៅលើអត្ថាធិប្បាយ និងគោលបំណងរបស់គាត់ (នាយករដ្ឋមន្ដ្រីសៀម) ហើយក្នុងពេលទស្សនកិច្ចនៅកម្ពុជា គាត់មិនបានលើកបញ្ហានេះជាមួយសម្ដេចទេ ប៉ុន្ដែសម្ដេចគិតថា គោលបំណងរបស់គាត់នេះមិនសម្រេចជោគជ័យនោះទេ ។ បន្ទាប់ពីជំនួបចរចាជាមួយលោក សូយ៉ា ស៊ូប៊ែឌី អ្នកសរសេររបាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជានាព្រឹកថ្ងៃទី១៨ ខែមិថុនា សម្ដេចនាយករដ្ឋមន្ដ្រីបានបន្ដទៀតថា បញ្ហាដំបូង គឺត្រូវនិយាយពីសាលក្រមតុលាការក្រុងឡាអេ ដែលបានកាត់ប្រគល់ប្រាសាទព្រះវិហារ និងដែនដីជុំវិញនេះមកឱ្យកម្ពុជា នេះជាចំណុចទី១ ឯចំណុចទី២ អង្គការយូណេស្កូ ក្របខ័ណ្ឌបេតិកភណ្ឌ បានបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់កម្ពុជារួចស្រេចទៅហើយ ។ សម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា អ្វីជាការទាមទារសើរើរបស់គាត់ (នាយករដ្ឋមន្ដ្រីសៀម) គឺជាគំនិតរបស់គាត់ ហើយសម្ដេចសង្ឃឹមថា អង្គការយូណេស្កូមិនល្ងិតល្ងង់ទៅតាមការចង់បាននៃមហិច្ឆតារបស់គាត់នោះទេ ៕
ដកស្រង់ពីសារព័ត៌មានដើមអម្ពិល ថ្ងៃទី១៧‑១៨ ខែមិថុនា ឆ្នាំ២០០៩

អង្គការយូណេស្កូបានបដិសេធសំណើសើរើរបស់លោក អាភីស៊ីត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
Comment by choukhmer — June 25, 2009 @ 8:25 am