Chouk Khmer

June 17, 2009

រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ

ស្ពាន​ឡុងបៀន ឬ ឌូមេ មើល​ពី​ស្ពាន​ឈួងដួង

មុន​នឹង​លើក​យក​ប្រវត្តិ និង​រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​ឌូមេ បច្ចុប្បន្ន​ជា​ស្ពាន​ឡុងបៀន ​មក​អត្ថាធិប្បាយ ខ្ញុំ​សូម​ទាញ​អារម្មណ៍​មិត្ត​អ្នកអាន​ដោយ​រំឮក​រឿង​ពិត​គួរ​ឲ្យ​សោកស្ដាយ​មួយ ។ បង​ស្រី​ម្នាក់ (សូម​រក្សា​មិន​បញ្ចេញ​ឈ្មោះ) ដែល​បាន​ទៅ​ចូល​រួម​វគ្គ​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ជាមួយ​ខ្ញុំ​កាល​ពី​ចុង​ឆ្នាំ​២០០៧ បាន​ដំណាល​ថា កាលពី​ឪពុក​របស់​គាត់​នៅ​មានជីវិត បាន​មក​លេង​ទីក្រុង​ហាណូយ ហើយ​គាត់​មាន​បំណង​ចង់​ឃើញ​ស្ពាន​ឌូមេ ព្រោះ​ធ្លាប់​បាន​ឮ​រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​នេះ ។ ប៉ុន្តែ​ គួរ​ឲ្យ​ស្ដាយ នៅ​ពេល​សួរ​គេឯង​ទៅ គ្មាន​នរណា​ម្នាក់​ស្គាល់​ស្ពាន​ឈ្មោះ​ថា ឌូមេ ឡើយ ។ លុះ​ដល់​ពេល​ទៅ​ចូល​រួម​សិក្ខាសាលា​នោះ​បាន​ជួប​នឹង​សិក្ខាកាម​ជនជាតិ​វៀតណាម​ដែល​ដឹង​ប្រវត្តិ ទើប​ស្គាល់​ថា ស្ពាន​ឡុងបៀន​បច្ចុប្បន្ន​គឺ​ជា​ស្ពាន​ឌូមេ​នោះ​ឯង ។ ជា​ការ​ហួស​ពេល ! គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែល​ឪពុក​របស់​គាត់​បាន​ទទួល​អនិច្ចកម្ម​បាត់​ទៅ​ហើយ គឺ​ពុំ​មាន​ឱកាស​នឹង​បំពេញ​បំណង​របស់​គាត់​បាន​ឡើយ ។ ខ្ញុំ​ក៏​សូម​ឧទ្ទិស​អត្ថបទ​មួយ​នេះ​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោកអ៊ំ​ផង​ដែរ ។

ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ

ស្ពាន​ឡុងបៀន​ គឺជា​ស្ពាន​ដែក​ប្រវត្តិសាស្ត្រ​មួយ​ ត​ភ្ជាប់​ទន្លេ​ក្រហម​ពី​ត្រើយ​ខាងលិច​ទៅ​ត្រើយ​ខាងកើត​នៃ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ។ ​ស្ពាន​នេះ​មាន​ប្រវែង​២.៥០០​ម៉ែត្រ (ជា​ស្ពាន​វែង​ជាង​គេ​នៅ​ទ្វីបអាស៊ី​កាល​ជំនាន់​នោះ) ​កសាង​ដោយ​លោក Daydé និង​លោក Pillé ទៅ​តាម​គំនូស​ប្លង់​របស់​លោក Gustave Eiffel និង​ប្រើប្រាស់​កម្លាំង​ពលករ​ជាតិ​វៀតណាម​ជាង​៣.០០០​នាក់ ។

ស្ពាន​ឡុងបៀន​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​១៨៩៩ និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩០២ ដោយ​លោក Joseph Athanase Paul Doumer ដែល​គេ​ស្គាល់​ជាទូទៅ​ថា ប៉ូល​ឌូមេ (Paul Doumer) ដែល​លោក​ជា​អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន​បារាំង​ពី​ឆ្នាំ​១៨៩៧ ដល់​១៩០២ ។ ស្ពាន​នេះ​មាន​ឈ្មោះ​ថា «ប៉ូល​ឌូមេ» ឬ «ឌូមេ» តាំង​ពីពេល​នោះ​មក រហូត​ដល់​ឆ្នាំ​១៩៥៤ ទើប​ត្រូវ​បាន​ដូរ​ឈ្មោះ​ទៅ​ជា «ឡុងបៀន» វិញ ។

បច្ចុប្បន្ន ស្ពាន​ឡុងបៀន​មាន​ស្ថានភាព​ទ្រុឌទ្រោម​ និង​កំពុង​ទទួល​បាន​ការ​អភិរក្ស ។ ​មាន​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​រត់​កាត់​តាម​បណ្ដោយ​ស្ពាន ។ គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​តែ​អ្នក​ថ្មើរជើង និង​កង់​ម៉ូតូ​ប៉ុណ្ណោះ ។ រីឯ​ចរាចរ​ផ្សេង​ទៀត​ត្រូវ​បាន​បង្វែរ​ទៅ​ស្ពាន​ឈួងដួង (Chuong Duong) នៅ​ទន្ទឹម​គ្នា​នោះ និង​ស្ពាន​សាងសង់​ថ្មី​មួយ​ចំនួន​ទៀត ។

លោក ប៉ូល ឌូមេ (Paul Doumer) អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន​បារាំង ពី​ឆ្នាំ​១៨៩៧ ដល់ ១៩០២

លោក ប៉ូល ឌូមេ (Paul Doumer) អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន​បារាំង ពី​ឆ្នាំ​១៨៩៧ ដល់ ១៩០២

ចំណែកឯ​រឿង​និទាន​ទាក់ទង​នឹង​ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ មិន​ដឹង​ថា​ជា​រឿង​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​ការ​និទាន​ដើម្បី​សើចលេង​យ៉ាងណា​មួយ​នោះ​ទេ ។ បើ​តាម​ប្រភព​ខ្លះ​អះអាង​ថា កូន​សិស្ស​ខ្មែរ និង​លាវ​មួយ​ចំនួន​កាល​ពី​ជំនាន់​បារាំង​ពិត​ជា​បាន​ជួប​ផ្ទាល់ និង​ដឹងឮ​ថា​ជា​រឿង​ពិត​ប្រាកដ​មែន ។ ដំណើរ​រឿង​នោះ​មាន​ដូចតទៅ ៖

“នៅ​ក្នុង​សម័យ​អាណានិគម​បារាំង សិស្ស​ខ្មែរ វៀតណាម និង​លាវ រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា ក្រោម​ការ​បង្ហាត់​បង្រៀន​ពី​សំណាក់​គ្រូ​ជនជាតិ​បារាំង ។ ថ្ងៃ​មួយ​នៅ​ពេល​និយាយ​រៀបរាប់​ដល់​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​កសាង​សំខាន់ៗ លោកគ្រូ​បាន​សួរ​កូន​សិស្ស​ក្នុង​ថ្នាក់​ថា​ «តើ​ស្ពាន​មួយ​ណា​ដែល​មាន​ចំណាស់​ជាង​គេ និង​មាន​ប្រវែង​វែង​ជាង​គេ​នៅ​ឥណ្ឌូចិន (បារាំង) ?» ពេលនោះ ថ្នាក់​រៀន​ទាំងមូល​ស្ថិត​ក្នុង​សភាព​ស្ងប់​ស្ងៀម គ្មាន​សិស្ស​ណា​មួយ​ក្លាហាន​ឡើង​ឆ្លើយ​នឹង​សំណួរ​នេះ​ឡើយ ។ លោកគ្រូ​ក៏​ចង្អុល​ហៅ​សិស្ស​លាវ​ម្នាក់​ឲ្យ​ឡើង​ឆ្លើយ ប៉ុន្តែ​សិស្ស​នោះ​ឆ្លើយ​ពុំ​រួច ។ លោកគ្រូ​រាង​បែប​ក្រហម​ស្លឹក​ត្រចៀក​បន្តិច ក៏​ចង្អុល​សិស្ស​ខ្មែរ​ឲ្យ​ឡើង​ឆ្លើយ ។ ដូច​សិស្ស​លាវ​ដែរ សិស្ស​ខ្មែរ​ម្នាក់​នោះ ពុំ​ដឹង​ថា​ស្ពាន​មួយ​ណា​ទេ ។ ដល់ត្រឹមនេះ លោកគ្រូ​មាន​អាការៈ​ស្ដែង​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ដឹង​ថា គាត់​កំពុង​តែ​ខឹង​ហើយ ។ លោកគ្រូ​ក៏​ស្រែក​ហៅ​សិស្ស​វៀតណាម​ម្នាក់​ឲ្យ​ឆ្លើយ​សំណួរ ដោយ​សង្ឃឹម​ថា​នឹង​បាន​ចម្លើយ​ត្រឹមត្រូវ​គាប់​ចិត្ត​ ព្រោះ​ស្ពាន​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​សិស្ស​នោះ​ក៏​នៅ​តែ​ឆ្លើយ​ពុំ​បាន ។ លោកគ្រូ​បារាំង​នោះ​ក៏​ខឹង​ឆេវ​ឡើង ដាក់​ពិន័យ​ឲ្យ​សិស្ស​វៀតណាម​នោះ​ចេញ​ពី​បន្ទប់​រៀន ។ អេះ​ក្បាល​បន្តិច​មុន​ដើរ​ចេញ និង​ដោយ​អន់ចិត្ត​នឹង​គ្រូ​បណ្ដេញ​ចេញ សិស្ស​នោះ​ក៏​ឧទាន​ឡើង​ថា «ឌូម៊ែ» ដែល​មាន​ន័យ​ផ្សេង​ក្នុង​ភាសា​វៀតណាម ។ ភ្លាមនោះ លោកគ្រូ​បារាំង​ស្រែក​ឡើង​ថា «Bien! Très bien! ត្រូវ​ហើយ ! ល្អណាស់ !» ។”

អាស្រ័យហេតុ​ដូចនេះ​ហើយ​បាន​ជា​សិស្ស​ខ្មែរ និង​លាវ​យក​រឿង​នេះ​មក​ដំណាល​តៗ​គ្នា ហើយ​នៅ​រាល់​ពេល​ដែល​ឮ​ឈ្មោះ​ស្ពាន​ឌូមេ គេ​នាំ​គ្នា​សើច​គឹល​ឡើង​តែ​ម្ដង ។

ស្ពាន​ឡុងបៀន (Long Bien) ឬ​ស្ពាន​ឌូមេ (Doumer) និង​ស្ពាន​ឈួងដួង (Chuong Duong) មើល​ពី​លើ​អាកាស​តាម​រយៈ Google Earth

ស្ពាន​ឡុងបៀន (Long Bien) ឬ​ស្ពាន​ឌូមេ (Doumer) និង​ស្ពាន​ឈួងដួង (Chuong Duong) មើល​ពី​លើ​អាកាស​តាម​រយៈ Google Earth

ស្ពាន​ឡុងបៀន ឬ ឌូមេ មើល​ពី​ស្ពាន​ឈួងដួង

ស្ពាន​ឡុងបៀន ឬ ឌូមេ មើល​ពី​ស្ពាន​ឈួងដួង

ផ្លូវ​រថភ្លើង​រត់​កាត់​ស្ពាន​ឡុងបៀន ឬ ឌូមេ

ផ្លូវ​រថភ្លើង​រត់​កាត់​ស្ពាន​ឡុងបៀន ឬ ឌូមេ

ផ្លូវ​ថ្មើរជើង និង​ផ្លូវ​កង់​ម៉ូតូ​នៃ​ស្ពាន​ឡុងបៀន ឬ ឌូមេ

ផ្លូវ​ថ្មើរជើង និង​ផ្លូវ​កង់​ម៉ូតូ​នៃ​ស្ពាន​ឡុងបៀន ឬ ឌូមេ

 

Comments »

The URI to TrackBack this entry is: http://choukhmer.blogsome.com/2009/06/17/long-bien-bridge/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.






















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve