របស់៤យ៉ាងដែលអ្នកមិនអាចទទួលបានមកវិញ
កាលពីប្រហែលជាង១ឆ្នាំមុននេះ ខ្ញុំបានទទួល Slide show ពីមិត្តភក្តិដែលនិយាយអំពី«មានរបស់៤យ៉ាងដែលអ្នកមិនអាចទទួលបានមកវិញ (4 things that you can not recover) ហើយដែលខ្ញុំសូមជូនសេចក្ដីប្រែសម្រួលនៅទីនេះ ទុកជាជំនួយស្មារតី និងជាគំនិតសម្រាប់ត្រិះរិះពិចារណា ៖

មានស្ត្រីវ័យក្មេងម្នាក់កំពុងតែរងចាំឡើងយន្តហោះនៅក្នុងបន្ទប់រងចាំនៃអាកាសយានដ្ឋានដ៏ធំមួយ

ដោយសារនាងត្រូវរងចាំជាច្រើនម៉ោង នាងបានសម្រេចចិត្តទិញសៀវភៅមួយក្បាលដើម្បីអានបន្លប់ពេលវេលា ។ នាងក៏បានទិញនំ Cookies មួយកញ្ចប់តូចផងដែរ

នាងបានអង្គុយនៅក្នុងកៅអីមានដៃមួយនៅបន្ទប់ពិសេសនៃអាកាសយានដ្ឋាន ដើម្បីសម្រាក និងអានសៀវភៅដោយស្ងប់ស្ងាត់

នៅក្បែរកៅអីមានដៃដែលមានដាក់នំCookies មានបុរសម្នាក់អង្គុយនៅជាប់នោះ ដែលកំពុងតែចាប់ផ្ដើមអានទស្សនាវដ្ដីរបស់គាត់ដែរ

នៅពេលស្ត្រីវ័យក្មេងយកនំមួយដុំមកញ៉ាំ បុរសនោះក៏យកមួយដែរ ។ នាងមានអារម្មណ៍ក្ដៅក្រហាយ ប៉ុន្តែមិនបាននិយាយអ្វីទេ ។ នាងគ្រាន់តែគិតក្នុងចិត្តថា «មនុស្សអីមិនចេះខ្មាសអៀន ! ប្រសិនបើខ្ញុំទប់អារម្មណ៍មិនបាន ខ្ញុំនឹងដាល់គាត់ឯងចំពោះការហ៊ានឥតញញើតខ្មាស»

នៅរាល់ពេលដែលស្ត្រីវ័យក្មេងយកនំមួយដុំ បុរសម្នាក់នោះក៏យកមួយដែរ ។ ការណ៍នេះធ្វើឲ្យនាងក្រោធខឹងខ្លាំងណាស់ ប៉ុន្តែនាងមិនចង់បង្កឲ្យមានបញ្ហាទេ

នៅពេលដែលមានសល់នំតែមួយដុំចុងក្រោយ ស្ត្រីវ័យក្មេងគិតថា «អ្ហា ! តើបុរសហួសហេតុនេះនឹងធ្វើបែបណាទៅនៅពេលនេះ ?»
បន្ទាប់មក បុរសនោះក៏យកនំមួយដុំដែលនៅសល់ចុងក្រោយនោះមកកាច់ជាពីរ រួចប្រគល់ពាក់កណ្ដាលទៅឲ្យស្ត្រីវ័យក្មេង

អ្ហា ! ទ្រាំលែងបានហើយ ! ស្ត្រីវ័យក្មេងពិតជាខឹងរោលរាលមែនទែនហើយពេលនេះ !
ក្នុងដំណើរខឹងច្រឡោត ស្ត្រីវ័យក្មេងបិទសៀវភៅ និងកញ្ឆក់យករបស់របរនាង រួចដើរតម្រង់ទៅកន្លែងឡើងយន្តហោះ

នៅពេលអង្គុយលើកៅអីរបស់នាងលើយន្តហោះ ស្ត្រីវ័យក្មេងបានលូកចូលទៅក្នុងកាបូបរបស់នាងដើម្បីយកវ៉ែនតា ស្រាប់តែភ្ញាក់ផ្អើលនឹងឃើញនំ Cookies របស់នាងនៅក្នុងនោះ មិនទាន់ទាំងបើកញ៉ាំអ្វីបន្តិចឡើយ

ស្ត្រីវ័យក្មេងមានអារម្មណ៍ខ្មាសអៀនណាស់ ។ នាងដឹងខ្លួនថា ខុស… នាងភ្លេចខ្លួនថា បានដាក់នំចូលទៅក្នុងកាបូប

បុរសម្នាក់នោះបានចែករំលែកនំរបស់គាត់ជាមួយនាង ទាំងគ្មានអារម្មណ៍ជូរចត់ ឬខឹងសម្បារ…

…នៅអំឡុងពេលដែលនាងកំពុងតែខឹងយ៉ាងខ្លាំង ដោយគិតថានាងកំពុងតែចែករំលែកនំរបស់ខ្លួនជាមួយបុរសនោះ ។ ឥឡូវនេះ នាងគ្មានឱកាសនឹងពន្យល់បកស្រាយ ឬក៏សុំទោសទេ

មានរបស់៤យ៉ាងដែលអ្នកមិនអាចទទួលបានមកវិញ

ដុំថ្ម….បន្ទាប់ពីគប់គ្រវែងចោលទៅក្នុងបឹងបួរស្ទឹងទន្លេ

ពាក្យសម្ដី…បន្ទាប់ពីនិយាយចេញរួច

ឱកាស…បន្ទាប់ពីបាត់បង់

ពេលវេលា…បន្ទាប់ពីកន្លងផុតទៅ
Great story
Comment by វិចិត្រ — June 17, 2009 @ 2:34 pm