ផលប្រយោជន៍របស់ជីវៈឥន្ធៈ
ផលប្រយោជន៍របស់ជីវៈឥន្ធៈ
ប្រេងឥន្ធៈសម្រាប់យានយន្ត និងកាកសំណល់សម្រាប់បសុសត្វ
ការស្រាវជ្រាវពីជីវៈឥន្ធៈពុំមែនគ្រាន់តែជាការស្វែងរកឲ្យឃើញនូវប្រភេទជីវៈម៉ាសសមស្រប ដូចជា ពោត សណ្ដែកប្រេង ឬវត្ថុធាតុដើមផ្សេងៗទៀត បន្ទាប់មកបំប្លែងវាទៅជាឥន្ធៈនោះទេ ។ អ្នកវិទ្យាសាស្ត្រក៏ត្រូវតែរកឲ្យឃើញនូវការប្រើប្រាស់ដែលមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងមានគុណប្រយោជន៍ខាងសេដ្ឋកិច្ចនៃផលិតផលនានាដែលបានមកពីផលិតកម្មជីវៈឥន្ធៈ ។
ឧទាហរណ៍ ការផលិតជីវៈឥន្ធៈ១ហ្កាឡុន (Gallon, ១ហ្កាឡុន ស្មើ ៣,៧៨លីត្រ) ពីសណ្ដែកប្រេង ក៏បានផ្ដល់ផងដែរនូវគ្លីសេរីនឆៅ (Glycerin, ជាសារធាតុខាប់ ផ្អែម គ្មានពណ៌ ចម្រាញ់ចេញពីជាតិខ្លាញ់និងជាតិប្រេង ត្រូវបានគេប្រើសម្រាប់ធ្វើគ្រឿងសម្អាង ឱសថ និងជាតិផ្ទុះ និងសម្រាប់បន្ថែមជាតិផ្អែមទៅលើម្ហូបអាហារ) ប្រមាណ០,៦៧ផោន (១ផោន ស្មើ ០,៤៥គក) ។ នៅពេលដែលគ្លីសេរីនឆៅនេះត្រូវបានបន្សុទ្ធឲ្យមានភាពសុទ្ធចំនួន៩៩ភាគរយ វាត្រូវបានគេប្រើនៅក្នុងផលិតផលជាច្រើន រួមមាន ឱសថ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសម្អាង និងសារធាតុដុសលាងខ្លួន ។
អ្នកចិញ្ចឹមបសុសត្វ និងបសុបក្សីកំពុងតែស្វែងរកប្រភពថ្មីៗនៃការបន្ថែមអាហារូបត្ថម្ភដើម្បីកាត់បន្ថយការចំណាយ និងដើម្បីបង្កើនសារធាតុចិញ្ចឹម ។ លោក Brian Kerr អ្នកឯកទេសផ្នែកអាហារូបត្ថម្ភសត្វ បម្រើការនៅផ្នែកស្រាវជ្រាវអំពីខ្លិន និងការគ្រប់គ្រងលាមកជ្រូកនៃសេវាកម្មស្រាវជ្រាវកសិកម្ម (ARS) នៅទីក្រុង Ames រដ្ឋ Iowa សហរដ្ឋអាមេរិច បានមានប្រសាសន៍ថា “អ្នកវិទ្យាសាស្ត្រមួយចំនួនបង្ហាញថាគេអាចបន្ថែមធញ្ញជាតិស្ងួតដែលបានពីការចម្រាញ់ធ្វើអេតាណុលរួច ចូលទៅក្នុងរបបអាហាររបស់ជ្រូក ។ ទោះបីការបន្ថែមនេះរក្សាផលិតភាពសត្វឲ្យដដែលក៏ដោយ ក៏វាធ្វើឲ្យកើនឡើងនូវផលិតកម្មលាមក និងកំណើនសមាសធាតុសរីរាង្គឆាប់ហើរដែលបង្កើនការសាយភាយខ្លិនស្អុយ ។ យើងបានសម្រេចចិត្តប្រើប្រាស់កាកសំណល់បានពីផលិតកម្មជីវៈឥន្ធៈដើម្បីបន្ថែមទៅលើរបបអាហាររបស់សត្វដោយសារពុំមានទិន្នន័យណាមួយបញ្ជាក់អះអាងអំពីការសាយភាយខ្លិននេះនៅក្នុងឧស្សាហកម្មបសុសត្វទេ ។”
លោក Brian Kerr បានសហការជាមួយ លោក William Dozier អ្នកវិទ្យាសាស្ត្រសត្វ អតីតអ្នកបម្រើការនៅផ្នែកស្រាវជ្រាវបសុបក្សីនៃARS នៅរដ្ឋ Mississippi និងបច្ចុប្បន្នបម្រើការនៅសាកលវិទ្យាល័យ Auburn និង លោក Kristjan Bregendahl សហការីរបស់គាត់នៅសាកលវិទ្យាល័យរដ្ឋIowa ដើម្បីស្រាវជ្រាវរកថាតើគ្លីសេរីនឆៅអាចប្រើបន្ថែមទៅលើរបបអាហាររបស់បសុសត្វបានឬទេ ។

បញ្ចូលសំណាកនានាទៅក្នុងឧបករណ៍ PCR លោក Thomas Weber អ្នកសរីរសាស្ត្រ កំពុងវាស់វែងវិញ្ញត្តិពន្ធុ (Gene expression) នៅក្នុងជាលិកាដែលប្រមូលបានមកពីកូនជ្រូកដែលរបបអាហារមានលាយផលិតផលពីឧស្សាហកម្មជីវៈឥន្ធៈ
ការបន្ថែមគ្លីសេរីនគឺជាជោគជ័យមួយ
លោក Brian Kerr បានដឹកនាំការសិក្សាមួយចំនួនដែលពិនិត្យមើលពីឥទ្ធិពលនៃការបន្ថែមគ្លីសេរីនឆៅក្នុងរបបអាហារទៅលើការប្រើប្រាស់ថាមពលរបស់ជ្រូក ។ នៅក្នុងការធ្វើពិសោធន៍ចំនួន០៥ខុសៗគ្នា លោក Brian Kerr បានបន្ថែម គ្លីសេរីនឆៅក្នុងកម្រិតខុសៗគ្នា ទៅលើរបបអាហាររបស់ជ្រូកដែលទើបតែចាប់ផ្ដើមស៊ីចំណី និងជ្រូកដែលកំពុងបញ្ចប់ការស៊ីចំណី ។ ជារួម ការសិក្សាទាំងនេះបង្ហាញថា សំណាកគ្លីសេរីនឆៅមានកំហាប់ថាមពលរំលាយអាហារពិតប្រាកដ (AME) ៣.២០៧កាឡូរី ក្នុង១គីឡូក្រាម (kcal/kg) ។ AMEគឺជារង្វាស់ខ្នាត (ស្ដង់ដារ) នៃថាមពលដែលប្រើនៅក្នុងការសិក្សាអំពីអាហារូបត្ថម្ភ ។
ជ្រូកដែលបានទទួលគ្លីសេរីអាចរំលាយវាប្រកបដោយប្រសិទ្ធភាព ហើយគ្លីសេរីនបានផ្ដល់ឲ្យជ្រូកនូវថាមពលកាឡូរីដូចគ្នានឹងថាមលដែលបានមកពីការបរិភោគពោតដែរ ។ ការសិក្សាបន្តមកទៀតបានបង្ហាញថា គ្មានផលប៉ះពាល់ទៅលើទម្ងន់ សមាសភាពគ្រោងឆ្អឹង និងគុណភាពសាច់ទេ ចំពោះរបបអាហាររបស់ជ្រូកដែលមានគ្លីសេរីនឆៅប្រមាណ ៥‑១០ភាគរយ ចាប់តាំងពីពេលផ្ដាច់ដោះរហូតដល់ពេលលក់ទៅកាន់ទីផ្សារ ។
ស្របគ្នានេះដែរ លោក William Dozier និងលោក Kristjan Bregendahl បានធ្វើការវាយតម្លៃការប្រើប្រាស់គ្លីសេរីនបន្ថែមនៅក្នុងរបបអាហាររបស់បសុបក្សី ។ ពួកគេបានជ្រើសយកមេមាន់ពងចំនួន៤៨ក្បាល និងកូនមាន់ចំនួន១.៣៩២ក្បាល នៅក្នុងការសិក្សាស្រាវជ្រាវចំនួន៤ ។
បន្ទាប់ពីផ្ដល់គ្លីសេរីនឆៅ៤កម្រិតទៅឲ្យមេមាន់ពង លោក Kristjan Bregendahl បានរកឃើញថា AME នៅក្នុងគ្លីសេរីនឆៅគឺ ៣.៨០៥ kcal/kg ។ លោកក៏បានប្រៀបធៀបអំពីការស៊ីចំណី ការផលិតស៊ុត ទម្ងន់ស៊ុត និងម៉ាសស៊ុត (គណនាដោយគុណផលិតកម្មស៊ុតនឹងទម្ងន់ស៊ុត) ហើយបានរកឃើញថា គ្មានការខុសគ្នាគួរឲ្យកត់សម្គាល់ទេ ក្នុងចំណោមក្រុមទាំង៤ ។
លោក Kristjan Bregendahl បានមានប្រសាសន៍ថា “គ្លីសេរីនបន្ថែមដំណើរការយ៉ាងល្អក្នុងផលិតកម្មស៊ុតរបស់មេមាន់” ។
ដំណាលគ្នានេះដែរ លោក William Dozier បានធ្វើការសិក្សាចំនួន០៣អំពីកូនមាន់ ។ នៅក្នុងការសិក្សាទី១របស់គាត់ កូនមាន់ត្រូវបានផ្ដល់ទាំងរបបអាហារដែលគ្មានបន្ថែមគ្លីសេរីន និងមានបន្ថែមគ្លីសេរីន៦ភាគរយ ។ លទ្ធផលរបស់គាត់បង្ហាញថា គ្លីសេរីនផ្ដល់ឲ្យកូនមាន់អាយុពី៧ ទៅ ១១ថ្ងៃមាន AME ៣.៦២១ kcal/kg ។ ការសិក្សាក្រោយមកទៀតបង្ហាញពីលទ្ធផលដូចគ្នាចំពោះកូនមាន់ធំជាងនេះ ។ ការបន្ថែមគ្លីសេរីនក្នុងកម្រិតប្រែប្រួលមួយផ្ដល់ឲ្យកូនមាន់អាយុពី២១ ទៅ ២៤ ថ្ងៃ មាន AME ៣.៣៣១ kcal/kg និង កូនមាន់អាយុពី៤២ ទៅ៤៥ថ្ងៃ មាន AME ៣.៣៤៩ kcal/kg ។
ជារួម ទិន្នន័យបង្ហាញថា គ្លីសេរីនឆៅគឺជាប្រភពថាមពលដ៏ល្អបំផុតនៅក្នុងអាហារវិភាគរបស់ជ្រូក និងបសុបក្សី និងអាចប្រើប្រាស់ដោយមិនធ្វើឲ្យប៉ះពាល់ដល់ការប្រព្រឹត្តិ (performance) គ្រោងឆ្អឹង ឬគុណភាពសាច់របស់សត្វទេ ។
លោក William Dozier មានប្រសាសន៍ថា “គម្រោងស្រាវជ្រាវនេះបានទទួលជោគជ័យមកទល់បច្ចុបន្ននេះ ។ យើងនឹងមានអត្ថបទត្រួតពិនិត្យចំនួន០៦ចេញពីការស្រាវជ្រាវនេះ ហើយយើងត្រូវបានអញ្ជើញឲ្យទៅធ្វើបទបង្ហាញពីលទ្ធផលទាំងនេះ នៅក្នុងអង្គសន្និបាតថ្នាក់ជាតិ និងអន្តរជាតិស្ដីពីអាហារូបត្ថម្ភ ។ ប៉ុន្តែ យើងត្រូវការស្រាវជ្រាវបន្ថែមទៀតពីរបៀបប្រើប្រាស់គ្លីសេរីនជាជំនួសសារធាតុអាហាររបស់ជ្រូក និងបសុបក្សីនៅក្នុងរោងចក្រចំណីចម្រុះ ។”
លោក William Dozier ក៏បានកត់សម្គាល់ថា តាមទស្សនៈអាហារូបត្ថម្ភ បច្ចេកវិជ្ជានេះអាចដើរតួជាប្រភពថាមពលជំនួសនៃរបបអាហារដែលអាចផ្ដល់នូវចំណីមានតម្លៃថោក ។
គ្លីសេរីនឆៅមានបរិមាណតិចតួចនៃមេតាណុល និងអំបិល ដែលអាចជាសក្ដានុពលមួយក្នុងការកម្រិតគ្លីសេរីនមិនឲ្យប្រើប្រាស់ជាអាហារបន្ថែម ។ ការសិក្សាបន្ថែមទៀតគឺជាតម្រូវការដើម្បីវាយតម្លៃពីបរិមាណមេតាណុលក្នុងកម្រិតណាដែលបសុសត្វអាចលេបចូលប្រកបដោយសុវត្ថិភាព ចំពោះរបបអាហារបន្ថែមគ្លីសេរីនដែលអាចជួយនិយតករធ្វើការកែសម្រួលស្ដង់ដាររបស់សហរដ្ឋអាមេរិចដើម្បីអនុញ្ញាតឲ្យប្រើគ្លីសេរីនឆៅនៅក្នុងចំណីបសុសត្វបាន ។
ប៉ុន្តែ ខណៈដែលផលិតកម្មជីវៈឥន្ធៈរបស់សហរដ្ឋអាមេរិចបន្តចម្រើនលូតលាស់ របបអាហារបន្ថែមគ្លីសេរីនឆៅអាចជាស្ថានភាពឈ្នះ‑ឈ្នះមួយសម្រាប់អ្នកផលិតជីវៈឥន្ធៈ និងម្ចាស់កសិដ្ឋាន ។
លោក Brian Kerr កត់សម្គាល់ថា “អ្នកចិញ្ចឹមជ្រូក និងបសុបក្សីមានចំណាប់អារម្មណ៍ខ្លាំងក្នុងការបន្ថែមគ្លីសេរីនទៅក្នុងចំណីរបស់បសុសត្វ ។ តាមវិធីនេះ គ្រាប់ធញ្ញជាតិអាចប្រើសម្រាប់ជីវៈឥន្ធៈផង និងសម្រាប់បសុសត្វផងក្នុងពេលតែមួយជាមួយគ្នា” ។ អត្ថបទដោយ Alfredo Flores និង Ann Perry, ARS
បកប្រែ និងផ្សព្វផ្សាយដោយមានការអនុញ្ញាតពី USDA (Agricultural Research/April 2009)

លោក Brian Kerr អ្នកឯកទេសខាងផ្នែកអាហារូបត្ថម្ភសត្វ បញ្ចុកគ្លីសេរីនឆៅ (វត្ថុរាវពណ៌ក្រម៉ៅ) ឲ្យកូនជ្រូក ដែលគាត់បានបង្ហាញថា ជាប្រភពថាមពលដ៏ល្អបំផុតសម្រាប់សត្វ