ប្រាសាទបឹងមាលា ឬ បេងមាលា

នាគនៅអមផ្លូវចូលប្រាសាទបឹងមាលាពីទិសខាងត្បូង
ប្រាសាទបឹងមាលា (ឈ្មោះមានសរសេរក្នុងឯកសារអរិយធម៌ខ្មែរ) ឬ បេងមាលា (ឈ្មោះមានសរេសរនៅតាមបង្គោលគីឡូម៉ែត្រនៅតាមផ្លូវឆ្ពោះទៅកាន់ប្រាសាទ) មានន័យថា “បឹងឈូក” ។ តាមសៀវភៅអរិយធម៌ខ្មែររបស់សាស្ត្រាចារ្យត្រឹង ងា បានឲ្យដឹងថា មុននឹងកសាងប្រាសាទអង្គរវត្តប្រកបដោយប្លង់ដ៏ល្អវិចិត្រ ស្ថាបត្យករខ្មែរបានសាកល្បងសាងប្រាសាទបឹងមាលាដែលមានប្លង់ដូចអង្គវត្តដែរ ក៏ប៉ុន្តែប្រាសាទបឹងមាលានេះសង់នៅលើដីរាបស្មើ ។
ខ្ញុំតែងតែមានបំណងទៅទស្សនាប្រាសាទបឹងមាលាដោយផ្ទាល់ ដើម្បីពិនិត្យមើលពីភាពដូចគ្នានៃប្រាសាទនេះទៅនឹងប្រាសាទអង្គរវត្ត ។ ប៉ុន្តែ កម្រនឹងមានឱកាសណាស់ព្រោះប្រាសាទនេះស្ថិតនៅឆ្ងាយពីទីរួមខេត្តសៀមរាបពេក ។ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩ ខ្ញុំបានសម្រេចចិត្តជិះម៉ូតូប្រមាណជាង៧០គីឡូម៉ែត្រដើម្បីទៅកាន់ទីប្រាសាទ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ពីសៀមរាបទៅភ្នំពេញ និងបត់ឆ្វេងតាមផ្លូវមួយនៅជាប់នឹងផ្សារដំដែក ។

ផែនទីផ្លូវទៅកាន់ប្រាសាទបឹងមាលា

ប្លង់នៃប្រាសាទបឹងមាលា (បែរមុខទៅទិសខាងកើត)

ប្លង់នៃប្រាសាទអង្គរវត្ត (បែរមុខទៅទិសខាងលិច)
ប្រាសាទបឹងមាលាត្រូវបានសាង់សង់នៅលើផ្ទៃដីប្រមាណ១គីឡូម៉ែត្រការ៉េ (ទំហំប្រាសាទ ១៨១ x ១៥២ ម៉ែត្រ) មានគូទឹកព័ទ្ធជុំវិញ បច្ចុប្បន្ន គេអាចចូលទៅកាន់តួប្រាសាទតាមឃ្លោងទ្វារទិសខាងត្បួង ។ នៅពេលចូលទៅដល់ ខ្ញុំមានការស្រងាកចិត្តជាខ្លាំងដោយបានឃើញប្រាសាទទាំងមូលរលំបាក់បែកអស់ស្ទើរតែ១០០ភាគរយ និងមានដើមឈើ និងវល្លិ៍ដុះពាសពេញ រកមើលរូបរាង និងទ្រង់ទ្រាយពុំយល់ ខុសស្រឡះពីអ្វីដែលខ្ញុំបានរំពឹងទុក ។ កុំតែបានក្មេងៗនៅទីនោះនាំចូល ឱន លូន តាមប្រហោងប្រគាបប្រគងនៃថ្មសិលាបាក់ធ្លាក់ ខ្ញុំប្រាកដជាមិនហ៊ានចូលឡើយ គឺប្រហែលបានត្រឹមតែដើរតាមស្ពានឈើដែលគេសាងឡើងដើម្បីឲ្យដើរទស្សនាប្រាសាទតែប៉ុណ្ណោះ ។

តាមការចុះផ្សាយរបស់សារព័ត៌មានរស្មីកម្ពុជាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៣ ប្រាសាទបឹងមាលា ឬ បេងមាលាដែលស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីព្រះរាជធានីសៀមរាបអង្គរ គឺទីនោះហើយដែលជាលំនៅស្ថានចុងក្រោយបំផុតរបស់ព្រះបាទសុរិយាវរ្ម័នទី២ នៅមុនពេលព្រះអង្គសោយទីវង្គត ។ ប្រាសាទនេះឯងដែលមានតម្កល់មឈូសមួយ បែរមុខទៅទិសខាងកើត ។
លោក ហ្សកសេដេស ដែលជាប្រវត្តិវិទូជនជាតិបារាំងម្នាក់ដ៏ចំណានបានបង្ហាញពីជីវចលនិយមនៃប្រាង្គប្រាសាទបុរាណខ្មែរជាច្រើន ។ ប៉ុន្តែរាល់ស្នាដៃរបស់ប្រវត្តិវិទូនេះ បានសរសេរជាភាសាបារាំងមានរយៈពេល៧០ឆ្នាំកន្លងមកហើយ ។ ដោយសារអ្នកប្រវត្តិសាស្ត្រជាជនជាតិបរទេស និងសរេសេរជាភាសាបរទេសអំពីប្រវត្តិសាស្ត្របុរាណខ្មែរដូចនេះហើយដែលនាំដល់ភាពស្រពេចស្រពិលចំពោះមហាជនខ្មែរ ។ ការពន្យល់បកស្រាយពុំមែនជាអក្សរសាស្ត្រជាតិខ្មែរនេះហើយដែលបង្កឲ្យឃើញថា ប្រសាទខ្មែរនៅតែបង្កប់ភាពអាថ៌កំបាំងនៅឡើយ ។
នៅឆ្នាំ១៩៣៣ លោកហ្សកសេដេសបានបោះពុម្ពលើកឡើងនូវវត្ថុតាងជាច្រើនដែលក្នុងនេះការរកឃើញក្ដារមឈូសថ្មនៅប្រាសាទបឹងមាលា ។ តាមហេតុផលដ៏ត្រឹមត្រូវនៃការស្រាវជា្រវយ៉ាងយូរ និងល្អិតល្អន់ លោកបានសន្និដ្ឋានថា ដោយសារការគោរពសក្ការៈបូជាដល់បុព្វការីជនដែលស្ថិតក្រោមរូបភាពព្រះអាទិទេព ទើបជាមូលហេតុនៃការសាងសង់ប្រាសាទតូច‑ធំជាច្រើននៅក្នុងអតីតព្រះរាជាណាចក្រកម្ពុជា ។
ទោះបីជាមានលទ្ធផលល្អក្នុងការសរសេរដោយការស្រាវជ្រាវរបស់អ្នកប្រាជ្ញជនជាតិបារាំងខាងលើក៏ដោយ ក៏មហាជនខ្មែរជាច្រើននៅតែពុំបានយល់ដឹងទេ ។ ដោយហេតុថា រាល់អត្ថបទស្រាវជ្រាវគឺជាភាសាបារាំងដែលមិនបានធ្វើឲ្យមហាជនខ្មែរបានយល់ដឹងពីប្រភពប្រាសាទឲ្យបានស៊ីជម្រៅ ។
ក្នុងន័យខាងលើនេះ លោកបណ្ឌិតមីសែល ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ បានមានប្រសាសន៍ថា យើងរម្លឹកការជួបប្រទះជាថ្មីឡើងវិញនូវតួនាទីសំខាន់នៃប្រាសាទបុរាណខ្មែរ ពិសេសប្រាសាទបេងមាលា ឬបឹងមាលា ។
លោកបណ្ឌិតបានឲ្យដឹងបន្តថា តាមការស្រាវជ្រាវនៅក្នុងបរិវេណប្រាសាទបេងមាលាដែលសាងសង់ឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ បានរកឃើញមឈូសថ្មមួយ ។ ប្រាសាទនេះមានមុខបែរទៅទិសខាងកើតស្ថិតនៅត្រង់ផ្លូវបំបែកទៅកាន់រាជធានីកោះកេរ និងព្រះខ័នកំពង់ស្វាយ ។
ការប្រទះឃើញមឈូសថ្មនៅក្នុងបរិវេណប្រាសាទបេងមាលានេះ និងតាមអត្ថន័យចុងក្រោយបានបង្ហាញឲ្យដឹងថា ប្រាសាទបេងមាលាដែលស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីអង្គរ ជាលំនៅស្ថានចុងក្រោយបំផុតនៃការចូលទីវង្គតរបស់ព្រះបាទសុរិយវរ្ម័នទី២ ។ ហេតុនេះ មឈូសថ្មនៅប្រាសាទបេងមាលា គឺមឈូសសម្រាប់តម្កល់ព្រះសពព្រះបាទសរិយាវរ្ម័នទី២ ៕


ធ្វើដំណើរទៅប្រាសាទបឹងមាលា ជិតដល់ផ្លូវបំបែកទៅប្រាសាទកោះកេរ ពេលក្រឡេកទៅខាងឆ្វេងដៃ គេនឹងឃើញសំណល់គ្រឹះថ្មបាយក្រៀម ហើយនៅពីមុខនោះមានរូបព្រះគោមួយកំណាត់ខ្លួនខាងលើ និងនៅក្នុងថ្លុកក្បែរនោះ មានបំណែកថ្មភក់២ដុំដែល១ដុំមានរូបចម្លាក់អណ្ដើក

នាគនៅមុខស្ពានឆ្លងគូទឹកចូលប្រាសាទបឹងមាលា ឬបេងមាលា ពីទិសខាងត្បូង

ស្ពានឆ្លងគូទឹកទិសខាងត្បូង មើលពីខាងជើងឆៀងខាងលិច

គូទឹកប្រាសាទបឹងមាលាខាងត្បូងឆៀងខាងលិច

គូទឹកប្រាសាទបឹងមាលាខាងត្បូងឆៀងខាងកើត

តោនៅផ្លូវចូលប្រាសាទបឹងមាលាទិសខាងត្បូង ។ ធម្មតា តោមាន១គូ ប៉ុន្តែបច្ចុប្បន្ននៅសល់តែ១នេះទេ

ផ្ទាំងព័ត៌មាននៅភាគខាងត្បូងនេះមានបញ្ជាក់ពីផែនទី និងផ្ទៃក្រឡាក្នុងបរិវេណប្រាសាទបឹងមាលាទាំងមូលដែលបានបោសសម្អាតមីនរួចរាល់ដោយមជ្ឈមណ្ឌលស៊ីម៉ាក់

នាគអមសងខាងផ្លូវចូលប្រាសាទបឹងមាលានៅទិសខាងត្បូង

នាគអមសងខាងផ្លូវចូលប្រាសាទបឹងមាលានៅទិសខាងត្បូង

ចម្លាក់នាគមួយចំនួនបានបាក់ធ្លាក់ និងកប់ក្នុងដីជាយូរមកហើយ ទើបតែត្រូវបានគេគាស់យកមករៀបបន្តុបឡើងវិញ

កំណាត់ខ្លួននាគ និងកំណល់ទ្រនាគដែលគេទើបតែគាល់យកពីក្នុងដីមកវិញ

គោបុរៈខាងត្បូងនៃប្រាសាទបឹងមាលា

គោបុរៈខាងត្បូងនេះ បាក់រលំធ្លាក់ថ្មបិទផ្លូវចេញចូល ដែលគេមិនអាចប្រើសម្រាប់ចូលប្រាសាទបានទៀតទេ

គោបុរៈខាងត្បូងមើលពីទិសខាងជើង

រោងទងប្រាសាទបឹងមាលាទិសខាងត្បូង ភាគខាងកើត

ប្រាង្គស្ថិតនៅជ្រុងទិសខាងត្បូងភាគខាងកើតនៃប្រាសាទបឹងមាលា មើលពីខាងត្បូងឆៀងខាងលិច

ជណ្ដើរឈើនៅទិសខាងត្បូងត្រូវគេសង់ឡើងដើមចូលទស្សនាប្រាសាទបឹងមាលា

បណ្ណាល័យខាងកើតភាគខាងត្បូងនៃប្រាសាទបឹងមាលា

រោងទងទី២បន្ទាប់ពីរោងទងជាប់នឹងគោបុរៈនៃប្រាសាទបឹងមាលា

ចម្លាក់នៅលើផ្ដែរ និងហោជាងនៅលើទ្វារនៃរោងទងទី២ខាងកើតភាគខាងលិច

ទិដ្ឋភាពថ្មបាក់រលំធ្លាក់បិទផ្លូវចេញចូលនៅក្នុងបរិវេណប្រាសាទបឹងមាលា

ទិដ្ឋភាពថ្មបាក់រលំធ្លាក់បិទផ្លូវចេញចូលនៅក្នុងបរិវេណប្រាសាទបឹងមាលា

ឫសឈើ និងវល្លិ៍តោងព័ទ្ធប្រាសាទបឹងមាលា

ជ្រុងមួយនៃរោងទងប្រាសាទបឹងមាលា

ជ្រុងមួយនៃប្រាសាទបឹងមាលា ដែលគ្របដណ្ដប់ដោយវល្លិ៍ និងរុក្ខជាតិនានា

ផ្នែកមួយខាងក្នុងប្រាសាទបឹងមាលា ។ ប្រសិនបើគ្មានជណ្ដើរឈើដូចនេះទេ គេពិបាកនឹងដើរទស្សនាប្រាសាទបឹងមាលាណាស់ ព្រោះមានបំណែកថ្មរលំបាក់បែកនៅពាសពេញ

ប្រាង្គកណ្ដាលនៃប្រាសាទបឹងមាលា មើលពីទិសខាងលិច ។ គេពិបាកនឹងពណ៌នាថាប្រាង្គនេះមានរូបរាងដូចម្ដេចណាស់ ឃើញតែថ្មបាក់រលំគរលើគ្នាប៉ុណ្ណោះ

ទិដ្ឋភាពមួយនៃការគ្រប់គ្រងប្រាសាទដោយរុក្ខជាតិ

សំណល់គ្រឹះ (ប្រហែលជាបណ្ណាល័យ) នៅខាងកើតមុខប្រាង្គប្រាសាទកណ្ដាល

ទ្វារបញ្ឆោតមួយនៅប្រាសាទបឹងមាលា

ទ្វារបញ្ឆោតមួយនៅប្រាសាទបឹងមាលា

ផ្លូវចូលប្រាសាទបឹងមាលាពីទិសខាងជើង មើលពីគោបុរៈខាងជើង

គោបុរៈខាងជើងនៃប្រាសាទបឹងមាលា មើលពីមុខ ។ ដូចគោបុរៈខាងត្បូងដែរ គេមិនអាចចេញចូលបានទេ ដោយសារថ្មបាក់ធ្លាក់បិទផ្លូវជិតអស់

បំណែកផ្ដែរនៅគោបុរៈខាងជើងនៃប្រាសាទបឹងមាលា

ទ្វារដំរីខាងជើងភាគខាងលិច មើលពីខាងជើងភាគខាងកើត

បណ្ណាល័យខាងកើតភាគខាងជើងនៃប្រាសាទបឹងមាលា

គោបុរៈខាងកើតនៃប្រាសាទបឹងមាលា មើលពីមុខ

ផ្លូវចូលគោបុរៈខាងកើត មើលពីគោបុរៈខាងកើត

នាគនៅមុខគោបុរៈខាងកើតនៃប្រាសាទបឹងមាលា

គោបុរៈខាងលិចនៃប្រាសាទបឹងមាលា មើលពីខាងមុខ

ផ្លូវចូលប្រាសាទបឹងមាលាពីខាងលិច មើលពីគោបុរៈខាងលិច

រូបចម្លាក់អប្សរានៅប្រាសាទបឹងមាលា ។ អប្សរាមួយនេះកប់ខ្លួនបាត់ពាក់កណ្ដាលពំនូកដីដុះឡើងខ្ពស់លុបពីលើ

រូបចម្លាក់អប្សរានៅប្រាសាទបឹងមាលា ដែលមានការតុបតែងសក់ប្លែកពីអប្សរានៅអង្គរវត្ត

រូបចម្លាក់អប្សរានៅប្រាសាទបឹងមាលា ដែលមានការតុបតែងសក់ប្លែកពីអប្សរានៅអង្គរវត្ត

រូបចម្លាក់អប្សរានៅប្រាសាទបឹងមាលា ដែលមានការតុបតែងសក់ប្លែកពីអប្សរានៅអង្គរវត្ត

រូបចម្លាក់អប្សរានៅប្រាសាទបឹងមាលា ដែលមានការតុបតែងសក់ដូចនៅអង្គរវត្ត

រូបចម្លាក់អប្សរានៅប្រាសាទបឹងមាលា ដែលមានការតុបតែងសក់ដូចនៅអង្គរវត្ត

ចម្លាក់កូរសមុទ្ទទឹកដោះនៅលើបំណែកផ្ដែរបាក់ធ្លាក់នៅមុខប្រាង្គប្រាសាទកណ្ដាល

ចម្លាក់ផ្កាភ្ញីនៅប្រាសាទបឹងមាលា

ពិធីបន់ស្រន់របស់អ្នកមានជំនឿនៅលើគំនរថ្មបាក់រលំនៅពីមុខប្រាង្គប្រាសាទកណ្ដាលនៃប្រាសាទបឹងមាលា

ខ្ទមអ្នកតានៅទិសខាងត្បូងប្រាសាទបឹងមាលា