Chouk Khmer

June 30, 2009

ភាសា​ខ្មែរ​នៅ​លើ​ផលិតផល​នាំ​ចូល​ពី​បរទេស

នំ​ពុម្ព​ការ៉ែម​ម្នាស់​ឆ្ងាញ់

តាម​ការ​សង្កេត​របស់​ខ្ញុំ​កន្លងមក ព័ត៌មាន​សរសេរ​នៅ​លើ​ផលិតផល​ទាំង​ផលិត​ក្នុង​ស្រុក និង​​នាំ​ចូល​ពី​បរទេស​ច្រើន​តែ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស​ ឬ​ភាសា​នៃ​​ប្រទេស​ដែល​ផលិត​របស់​របរ​ទាំង​នោះ ។ រីឯ​ព័ត៌មាន​ភាសា​ខ្មែរ​គឺ​មាន​តិច​តួច​បំផុត ហើយ​ឃ្លោងឃ្លា​ដែល​មាន​សរសេរ​នៅ​លើ​ផលិតផល​នាំ​ចូល​ខ្លះ​មិន​គោរព​តាម​វិធាន​បង្កើត​ឃ្លា​ល្បះ​របស់​ខ្មែរ​ឡើយ ហើយ​​ពាក្យ​ពេចន៍​ទៀត​សោត​គឺ​សរសេរ​ខុស​ពី​អក្ខរាវិរុទ្ធ​ផ្លូវការ ។ លុះ​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា ផលិតផល​ហូប​ចុក និង​ផលិតផល​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​មាន​សរសេរ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ច្រើន​គួរ​សម​ដែរ ។

កាល​ពី​២‑៣​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ជួប​នូវ​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ​ ដោយ​ខំ​ព្យាយាម​អាន និង​រក​នឹក​ពី​អត្ថន័យ​ពាក្យ​ដែល​មាន​សរសេរ​នៅ​លើ​កញ្ចប់​នំ​ក្មេងៗ (ប្រហែល​ជា​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម) ដែល​សរសេរ​ថា «នំ​ពុម្ព​ការ៉ែម ម្នាស់​ឆ្ងា​ពញ់» ។ ពី​ដំបូង​ ខ្ញុំ​ព្យាយាម​អាន​ថា «ឆ្ងា ពញ់» ហើយ​ខំ​រក​អត្ថន័យ​នៃ​ពាក្យ «ឆ្ងា» និង​ «ពញ់» ។ លុះ​រក​ពុំ​ឃើញ ក៏​បណ្ដាល​ឲ្យ​ងាក​មក​គិត​ពី​កំហុស​អក្ខរាវិរុទ្ធ​វិញ គឺ​អាច​អាន​ថា «ឆ្ងាញ់» ដោយ​លើស​ព្យញ្ជនៈ «ព» ។ ប៉ុន្តែ​ក៏​អាច​មាន​លទ្ធភាព​មួយ​ទៀត «ឆ្ងា​ពញ់» អាច​ជា​ឈ្មោះ​ម្នាស់​មួយ​ប្រភេទ (ខ្ញុំ​ពុំ​ចេះ​អាន​ភាសា​វៀតណាម​​នៅ​លើ​កញ្ចប់​នេះ​ទេ) ៕

នំ​ពុម្ព​ការ៉ែម​ម្នាស់​ឆ្ងាញ់

 

June 25, 2009

ភស្តុតាង​ថ្មី​បញ្ជាក់​ពី​ចំណាស់​នៃ​​រាជធានី​ភ្នំពេញ

ក្រោយ​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម

នៅ​ក្នុង​ឆ្នាំ​១៤៣១​ទីក្រុង​សៀមរាប​អង្គរ​ត្រូវ​បាន​បោះបង់​ចោល​ក្រោយ​ពី​ការ​លុកលុយ​ទន្ទ្រាន​មិន​ឈប់​ឈរ​ពី​សំណាក់​កងទ័ព​សៀម​ ហើយ​ព្រះរាជា​ខ្មែរ​ព្រះបាទ​ចៅ​ពញាយ៉ាត​ចាប់ពី​ឆ្នាំ​១៤៣៤​បាន​សាងសង់​ព្រះ​រាជធានី​ថ្មី​មួយទៀត​គឺ​ “រាជធានី​ភ្នំពេញ”​ បច្ចុប្បន្ន ។

វឌ្ឍនភាព​នៃ​ទីក្រុង ឬ​បុរី​នេះ​បាន​ធ្វើ​ឱ្យ​គេ​ភ្លេច​គិត​ថា​ ភូមិភាគ​រាជធានី​ភ្នំពេញ​មុន​សតវត្សរ៍​ទី​១៥​មិន​មែន​ជា​តំបន់​ស្វយ័ត​ទេ ក៏​ប៉ុន្ដែ​ជា​ផ្នែក​មួយ​នៃ​ចក្រភព​ចេនឡា​ អង្គរ​ និង​ក្រោយ​អង្គរ ។

ដោយសារ​ភាព​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​លូតលាស់​នៃ​ភូមិភាគ​នេះ​ (រាជធានី​ភ្នំពេញ) លោក​បណ្ឌិត​សាស្ដ្រាចារ្យ​បុរាណវិទ្យា​ឯកទេស​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ តាម​រយៈ​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​នៅ​វត្ដ​ជើងឯក​ ឧស្សាហកម្ម​កុលាលភាជន៍​ (គ្រឿង​ស្មូន​ដី​ដុត) និង​ផ្លូវ​គមនាគមន៍​ទាំង​ទឹក​ និង​គោក​ខ្វាត់ខ្វែង​ជាដើម​នោះ គឺ​គួរ​ឱ្យ​ខ្មែរ​យើង​មាន​មោទនៈ​ជាទី​បំផុត ។ លោក​បណ្ឌិត​បាន​ឱ្យ​ដឹង​ទៀត​ថា​ដោយសារ​កត្ដា​សង្គ្រាម​បំផ្លិចបំផ្លាញ​ និង​ការ​អភិវឌ្ឍ​មិន​ឈប់​ឈរ​ដែល​បាន​ធ្វើ​ឱ្យ​មុខមាត់​នៃ​រាជធានី​ភ្នំពេញ​នេះ​បាន​ប្រែប្រួល​មិន​ឈប់​ឈរ​មួយ​ភាគ​ធំ​ ស្លាកស្នាម​វប្បធម៌​បុរាណ​ត្រូវ​បាន​លុប​បំបាត់​ ឬ​ត្រូវ​គេ​បំភ្លេច​ចោល ។ លោក​បណ្ឌិត​គិត​ថា កត្ដា​អវិជ្ជមាន​ធំ​មួយទៀត​គឺ​មក​ពី​មិន​ទាន់​មាន​ការ​ស្រាវជ្រាវ​ឱ្យ​ស៊ី​ជម្រៅ​ណាមួយ​ទាក់ទិន​ទៅ​នឹង​អតីតភាព​នៃ​រាជធានី​នេះ​នៅឡើយ ។

ក្រោយ​ពី​ការ​រក​ឃើញ​នូវ​បុរាណដ្ឋាន​មួយ​ចំនួន​ ដោយ​ឡែក​ឡ​ដុត​ចាន ឆ្នាំង​បុរាណ​នា​សម័យ​អង្គរ​មួយ​ចំនួន​នៅ​ពី​ខាង​ត្បូង​វត្ដ​ជើងឯក​ ភូមិ​ជើងឯក​ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ បុរាណ​វិទូ​យើង​យល់​ឃើញ​ថា​ ប្រវត្ដិសាស្ដ្រ​ដ៏​យូរលង់​នៃ​ទឹកដី​រាជធានី​ភ្នំពេញ​ក៏​បាន​លេចធ្លោ​ឡើង​គួរ​ឱ្យ​មោទនភាព​ជាទី​បំផុត​សម្រាប់​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ។

បញ្ហា​ចម្បង​ដែល​កំពុង​តែ​ចោទ​ឡើង​នា​ពេល​សព្វថ្ងៃ​គឺ​ស្លាកស្នាម​មរតក​សម្បត្ដិ​វប្បធម៌​បុរាណ​ខ្មែរ​ទាំងនោះ​ថ្វី​ត្បិត​តែ​មាន​ចំនួន​តិចតួច​ក្ដី​បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​សៀមរាប​អង្គរ ក៏​ប៉ុន្ដែ​វា​ត្រូវការ​ទាមទារ​នូវ​ការ​ថែរក្សា​អភិរក្ស​ឱ្យ​បាន​ច្បាស់លាស់ ។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​កន្លង​មក​ បណ្ឌិត​មីសែល ត្រាណេ បាន​លើក​ឡើង​អំពី​កេរដំណែល​សម័យ​បុរាណ​បាន​បន្សល់​ទុក​ថា​ ការ​ដែល​គេ​ចាត់​ទុក​រាជធានី​ភ្នំពេញ​ជា​តំបន់​ស គ្មាន​វប្បធម៌​នោះ គឺជា​ការ​ខុសឆ្គង​មួយ ហើយ​តម្រូវ​ឱ្យ​មានការ​កែតម្រូវ​ឡើង​វិញ​សម​ស្រប ។ ដូច្នេះ​របកគំហើញ​ថ្មី​នេះ​វា​បាន​ពង្រីក​ការ​ចេះ​ដឹង​ថ្មី​ស្ដី​អំពី​ប្រវត្ដិ​នៃ​រាជធានី​ភ្នំពេញ ។

ដូច​ពោល​ខាងលើ​ស្ថានីយ​ប្រវត្ដិសាស្ដ្រ​ដទៃៗ​ទៀត ឡ​ដុត​បុរាណ​ទាំងនោះ​របស់​ខ្មែរ​យើង​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយ​ការ​ជីក​គាស់​ឈូស​ឆាយ​សម្រាប់​កាន់កាប់​ដីធ្លី​នៅ​ជើងឯក​វា​ជា​ហេតុ​នាំ​ឱ្យ​បំផ្លាញ​ចោល​អ្វីៗ​ដែល​ជា​អត្ដសញ្ញាណ​ជាតិ​ខ្មែរ​ដោយសារ​បំបាត់​ឫស​កែវ​ប្រវត្ដិសាស្ដ្រ ។ ដើម្បី​បញ្ឈប់​ការ​រំលោភ​ដីធ្លី​ឬ​ការ​រាវ​រុករក​វត្ថុ​បុរាណ​យក​ទៅ​លក់ដូរ​នៅ​តាម​ទីផ្សារ​សេរី​នានា​ដូចដែល​បាន​ចែង​ក្នុង​ច្បាប់​ការពារ​បេតិកភណ្ឌ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នោះ រាល់​ការ​បំផ្លាញ​ជួញដូរ​វត្ថុ​បុរាណ​ដែល​កំពុង​បន្ដ​យ៉ាង​សកម្ម​ត្រូវ​ហាម​ឃាត់​ជា​បន្ទាន់ ។

លោក​ មីសែល ត្រាណេ ជឿ​ថា​វត្ថុ​បុរាណ​មួយ​ចំនួន​ធំ​ដូច​ជា​កុលាលភាជន៍​សម័យ​បុរេប្រវត្ដិសាស្ដ្រ និង​សម័យ​បុរេអង្គរ ព្រមទាំង​អង្គរ​ដែល​គេ​ជួញដូរ​នៅ​ទីផ្សារ​ទួលទំពូង​មក​ពី​ខេត្ដ​សៀមរាប តែ​ក្រោយ​ពី​ការ​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​លោក​ក៏​ដឹង​ថា​មក​ពី​ស្ថានីយ​មួយ​ចំនួន​ក្បែរ​រាជធានី​ភ្នំពេញ​តែ​ម្ដង ហើយ​ក្នុង​ចំណោម​ស្ថានីយ​ទាំងនោះ​ពិតជា​មាន​បុរាណ​ដ្ឋាន​វត្ដ​ជើងឯក​យ៉ាង​ប្រាកដ ។ ពីព្រោះ​ចង់​ឬ​មិន​ចង់ ឡ​ដុត​កុលាលភាជន៍​បុរាណ​ទាំងនោះ​មាន​ទ្រង់ទ្រាយ​ធំធេង​សម្បើម​ណាស់ ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​មីសែល ត្រាណេ បរិវេណ​ឡ​ទាំងនោះ​អាច​មាន​ទំហំ​ដល់​៨​ទៅ​១០​ហិកតា​ឯណោះ​យ៉ាងតិច ។

តាំងពី​សម័យ​បុរេ​អង្គរ​មក​ម្ល៉េះ​តំបន់​ទីក្រុង​ភ្នំពេញ​ដែល​មាន​ទន្លេ​៤​មុខ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច ពីព្រោះ​ថា​រហូត​មក​ដល់​សព្វថ្ងៃ​ទីតាំង​នេះ​នៅ​តែ​រក្សា​បាន​អត្ថិភាព​ដើម​របស់​ខ្លួន​គឺ​ជា​កំពង់ផែ​ដឹក​ជញ្ជូន​ និង​ផ្ទុក​ឥវ៉ាន់​យ៉ាង​សំខាន់​បំផុត​សម្រាប់​ពាណិជ្ជកម្ម​ជាតិ​ និង​អន្ដរជាតិ​ក្នុង​ឋានៈ​ជា​តំបន់​ឆ្លងកាត់ ។ ទាក់ទិន​នឹង​កំពង់ផែ​ខាងលើ​លោក​សាស្ដ្រាចារ្យ​បាន​រំលឹក​ថា ​ការ​ដែល​ព្រះបាទ​អង្គឌួង​ (១៨៤០-១៨៥៦) បាន​បន្ដ​ការ​អភិវឌ្ឍ​ជាតិ​តាម​រយៈ​ការ​ស្ដារ​កំពង់ផែ​ទាំង​សមុទ្រ ដូច​ជា​កំពង់ផែ​កំពត ទាំង​ទន្លេសាប​ដូច​ជា​កំពង់ហ្លួង​នៅ​ភ្នំពេញ​ឡើង​ក៏​ស្ថិត​ក្នុង​មូលហេតុ​សេដ្ឋកិច្ច​នេះ​ដែរ ៕

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០០៩)

កុលាលភាជន៍​គ្រប់​ប្រភេទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ

កុលាលភាជន៍​គ្រប់​ប្រភេទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ

 អត្ថបទ​ពាក់ព័ន្ធៈ

រាជធានី​ភ្នំពេញ​បែរមុខ​ទៅ​ចំណុច​ប្រសព្វ​ទន្លេ​ចតុមុខ​មាន​អាយុ​៥៧៥​ឆ្នាំ

សំណល់​ប្រាសាទ​បុរេអង្គរ​នៅ​វត្ត​ជើងឯក

 

June 24, 2009

ការ​គ្រប់គ្រង​គម្រោង

ការ​គ្រប់គ្រង​គម្រោង​ (Project Management)​ 

១. ការ​គ្រប់គ្រង​គម្រោង​ (Project Management)

១.១ តើ​គម្រោង​ជា​អ្វី ​(What is a project?)​​​​​​

គម្រោង​គឺជា​ការ​ប្រមូលផ្ដុំ​នៃ​សកម្មភាព​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​គ្នា​ ​ដែល​នឹង​ត្រូវ​អនុវត្ដ​តាម​បែបបទ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​ ​ដោយ​មាន​ចំណុច​ចាប់ផ្ដើម​ ​និង​បញ្ចប់​ច្បាស់លាស់ ។​ ​គោលបំណង​របស់​គម្រោង​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ជាក់លាក់​ ​ដើម្បី​បំពេញ​តាម​តម្រូវការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព​មួយ ។​ ​ការងារ​របស់​គម្រោង​គឺ​លើស​ពី​សកម្មភាព​អាជីវកម្ម​ធម្មតា​របស់​អង្គភាព​មួយ ។​ ​សកម្មភាព​នានា​របស់​គម្រោង​មាន​ទំនាក់ទំនង​ជា​លំដាប់​លំដោយ​ ​ពោល​គឺ​ ​សកម្មភាព​ជាក់ស្ដែង​មួយ​ចំនួន​ត្រូវ​តែ​ធ្វើ​ឱ្យ​រួចរាល់​ ​មុន​នឹង​សកម្មភាព​ថ្មី​មួយទៀត​អាច​ចាប់ផ្ដើម​បាន​ ​ដោយ​ផ្អែក​លើ​លក្ខណៈ​បច្ចេកទេស​ ​ឬ​រដ្ឋបាល ។ ឧទាហរណ៍​សាមញ្ញ​មួយ​ចំនួន​នៃ​គម្រោង​មាន​ដូច​ខាងក្រោម ៖

  • ការ​ស្ថាបនា​ស្ថានីយ៍​ថាមពល​កម្ដៅ​ដែល​មាន​កម្លាំង​៥០០​MW​
  • ការ​ស្ថាបនា​ផ្លូវ​រថភ្លើង​ក្រោម​ដី​
  • ការ​ស្ថាបនា​ស្ពាន​ឆ្លង​ទន្លេ​
  • ការ​ស្ថាបនា​ភោជនីយដ្ឋាន​ ​ឬ​រោងចក្រ​
  • ការ​បោះពុម្ព​សៀវភៅ​/ព្រឹត្តិបត្រ​ព័ត៌មាន​

១.២ ការ​គ្រប់គ្រង​គម្រោង ​(Managing a project)

ការ​គ្រប់គ្រង​គម្រោង​គឺ​ជា​ដំណើរការ​ប្រកបដោយ​ថាមពល​យ៉ាង​សកម្ម​ដែល​ត្រូវ​ប្រើប្រាស់​ធនធាន​របស់​អង្គភាព​ឱ្យ​បាន​សម​ស្រប​តាម​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដើម្បី​សម្រេច​គោលបំណង​ច្បាស់លាស់​មួយ​ចំនួន​ដែល​បាន​កំណត់​នៅ​ក្នុង​តម្រូវការ​ជា​យុទ្ធសាស្ដ្រ ។​ ​គម្រោង​ត្រូវ​គ្រប់គ្រង​នៅ​ក្នុង​រង្វង់​នៃ​បញ្ហា​ដែល​ប្រឈម​នឹង​ពេលវេលា​ ​តម្លៃ​ ​ឬ​ធនធាន​មនុស្ស​ដែល​មាន ។​ ​ការ​បញ្ចប់​គម្រោង​តាម​ពេលវេលា​កំណត់​ ​គឺ​មាន​សារៈសំខាន់​ណាស់​ ​ពីព្រោះ​ការ​ពន្យា​ពេល​គម្រោង​នាំ​មាន​បញ្ហា​ដូច​ខាងក្រោម ៖

  • កើន​តម្លៃ​គម្រោង​តាម​រយៈ​ ប្រាក់​ឈ្នួល​ និង​ការ​ចំណាយ​ធនធាន​បន្ថែម​លើ​គម្រោង​
  • ធ្វើ​ឱ្យ​អ្នក​ទទួលផល​ខកចិត្ដ​
  • ខាតបង់​ប្រាក់​ចំណេញ​ប្រសិនបើ​គម្រោង​ស្វែងរក​កម្រៃ​ ​(ឧទាហរណ៍​ ​ស្ថានីយ៍​ថាមពល​អគ្គីសនី​ ​ឬ​ការ​បូម​យក​ប្រេង)

ដូច្នេះ​ ​ការ​អនុវត្ដ​គម្រោង​ទាន់​ពេលវេលា​ជា​គោលបំណង​ចម្បង​មួយ​នៃ​ការ​គ្រប់គ្រង​គម្រោង ។​ ​គោល​បំណង​នៃ​ការ​កសាង​ផែនការ​គឺ​ដើម្បី​ធានា​ឱ្យ​សកម្មភាព​ទាំងអស់​ ​ត្រូវ​បាន​កំណត់​ ​និង​ដាក់​ចេញ​ជា​កាលវិភាគ​ឱ្យ​គម្រោង​ចប់​តាម​ពេល​កំណត់​នេះ ។​ ​ការ​គ្រប់គ្រង​គម្រោង​រួម​មាន​មុខងារ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ដូច​ជា​ ​ការ​កសាង​ផែនការ​ ​រចនាសម្ព័ន្ធ​តួនាទី​ ​ការ​សម្របសម្រួល​ ​និង​ការ​ត្រួតពិនិត្យ ។​ ​គម្រោង​ពាក់ព័ន្ធ​នឹង​ក្រុម ការងារ​ ​និង​ការ​ដោះស្រាយ​បញ្ហា​តាម​ដំណាក់កាល​ផ្សេងៗ​ពី​គ្នា ។​

១.៣ ដំណាក់កាល​គម្រោង​ (Stages of a project)

គម្រោង​ប្រព្រឹត្ដិ​ទៅ​តាម​ដំណាក់កាល​មូលដ្ឋាន​ចំនួន​៤ ៖

១. ទស្សនទាន​ និង​និយមន័យ​គម្រោងៈ​ ​ដំណាក់កាល​នេះ​គឺជា​ការ​កំណត់​នូវ​សេចក្ដី​ត្រូវការ​របស់​គម្រោង​ដែល​បាន​ឯកភាព​គ្នា​ជាមួយ​អ្នក​ដែល​ចាប់អារម្មណ៍​លើ​លទ្ធផល​គម្រោង ។​

២. ការ​កសាង​ផែនការ​គម្រោងៈ​ ​ដំណាក់កាល​នេះ​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការ​កសាង​ផែនការ​គម្រោង​ដើម្បី​បង្កើត​កាលវិភាគ​ជាក់ស្ដែង​មួយ​ ​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រឈម​នានា​របស់​គម្រោង ។​

៣. ការ​អនុវត្ដ​គម្រោងៈ​ ​ដំណាក់កាល​នេះ​សំដៅ​លើ​ការ​ចាប់​ផ្ដើម​គម្រោង​ ​និង​ការ​ធានា​ថា​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​យល់​ច្បាស់លាស់​អំពី​សកម្មភាព​ ​ក៏​ដូច​ជា​ការ​ប្រឈម​នានា ។​ ​សកម្មភាព​ត្រូវ​បាន​អនុវត្ដ​ដោយ​ពិចារណា​លើ​ការ​ផ្លាស់​ប្ដូរ​ណា​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​ផែនការ ។​

៤. ការ​បញ្ចប់​គម្រោង​ និង​ប្រគល់​សមិទ្ធិផល​ឱ្យ​អ្នក​ទទួលផលៈ​ ​ដំណាក់កាល​នេះ​គឺ​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ដើម្បី​ឱ្យ​អ្នក​ទទួលផល​ទទួល​ស្គាល់​ ​និង​ការ​ប្រគល់​ជូន​ ​ដោយ​ធានា​ថា​គម្រោង​ពិតជា​បាន​ផ្ដល់​នូវ​លទ្ធផល​តាម​ការ​ព្រមព្រៀង​ ​និង​ឆ្លង​តាម​ដំណើរការ​វាយតម្លៃ​គម្រោង​ផង​ដែរ ។​

ដំណាក់កាល​ទាំង​៤​នេះ​ ​គឺជា​ចំណាត់ថ្នាក់​ងាយស្រួល​ក្នុង​ការ​យល់​អំពី​គម្រោង ។​ ​តាម​ពិត​ ​គម្រោង​ភាគ​ច្រើន​ធ្វើ​ជា​ដដែលៗ​ច្រើន​សារ​គួរ​ឱ្យ​កត់សម្គាល់ ។​ ​ក្នុង​ដំណាក់​កាល​អនុវត្ដ​គម្រោង​ណាមួយ​ ​អាច​មានការ​ពិនិត្យ​ឡើង​វិញ​លើ​និយមន័យ​គម្រោង​ ​ធ្វើ​ផែនការ​ការងារ​ម្ដងទៀត​ ​រៀបចំ​កាលវិភាគ​សកម្មភាព​សា​ជា​ថ្មី ។​ ​ទិដ្ឋភាព​បម្រែបម្រួល​នៃ​គម្រោង​ទាំងនេះ​ ​គឺ​ធ្វើ​ឱ្យ​អ្វីៗ​គ្រប់យ៉ាង​រៀបរយ​ដើម្បី​សម្រេច​ឱ្យ​បាន​លទ្ធផល​រំពឹង​ទុក ។​

ភាគ​បន្ត

 

June 23, 2009

ប្រាសាទ​ព្រះខ័ន​ អតីត​ទីក្រុង​ជ័យស្រី

គោបុរៈ​ទី​១​ទិស​ខាងកើត​នៃ​ប្រាសាទ​ព្រះខ័ន

គោបុរៈ​ទី​១​ទិស​ខាងកើត​នៃ​ប្រាសាទ​ព្រះខ័ន

ប្រាសាទ​ព្រះខ័ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទ​វង់​ធំ​ក្នុង​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​ មាន​ចម្ងាយ​៣​គម ពី​ប្រាសាទ​បាយ័ន និង​១,៥​គម ពី​ទ្វារ​ដីឆ្នាំង​(ទ្វារ​អង្គរធំ​ទិស​ខាង​ជើង) ។ ឈ្មោះ​នៃ​ប្រាសាទ​នេះ​មាន​ន័យ​ថា​ ​“ដាវ” ។ តាម​ការ​ស្រាវជ្រាវ​នៅ​សម័យ​បច្ចុប្បន្ន​គេ​យល់​ថា​ ​កាលពី​អតីតកាល​សំណង់​នៃ​ប្រាសាទ​ព្រះខ័ន​ គឺ​ជា​កន្លែង​ដាក់​គ្រឿង​សឹក​សង្គ្រាម ។​ ​ដូច្នេះ​ព្រះ​ខ័ន​ជា​ឈ្មោះ​សម័យ​ទំនើប​នៅ​រក្សា​ឈ្មោះ​ទីក្រុង​ពី​បុរាណ​ដែល​មាន​ឈ្មោះ​ថា “ជ័យស្រី”​ មាន​ន័យ​ថា​“ព្រះខ័ន”​ និង​មាន​ន័យ​ម្យ៉ាងទៀត​ថា​ ​“ម្លូ” ។

ប្រាសាទ​ព្រះខ័ន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នៅ​ចុង​សតវត្សរ៍​ទី​១២​ ​ក្នុង​គ.ស​១១៩១​ ​ដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន ។ ព្រះអង្គ​បាន​កសាង​ព្រះ​បរម​រូប​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​២​ជា​ព្រះ​វរបិតា ជា​ទេវរាជ​តំណាង​ព្រះ​ពោធិសត្វ​លោកេស្វរៈ ដូចគ្នា​នឹង​ប្រាសាទ​តាព្រហ្ម ដែល​ព្រះអង្គ​បាន​កសាង​ព្រះ​បរម​រូប​ព្រះ​វរមាតា ជ័យរាជ​ចូឌាមណី ជា​ទេវរាជ​តំណាង​ព្រះនាង​ប្រាជ្ញាបារមីតា ។

ប្លង់​នៃ​ប្រាសាទ​ព្រះខ័ន

ប្លង់​នៃ​ប្រាសាទ​ព្រះខ័ន

ប្លង់​នៃ​ប្រាសាទ​ព្រះខ័ន

ប្រាសាទ​ព្រះខ័ន​មាន​រាង​៤​ជ្រុង​ទ្រវែង​ បណ្ដោយ​៨០០​ម៉ែត្រ​ ​និង​ទទឹង​៧០០​ម៉ែត្រ ដែល​មាន​ស្រះបោក្ខរណី (គូទឹក) ​ទ័ព​ជុំវិញ​ ​ស្ថិត​នៅ​លើ​ផ្ទៃដី​ចំនួន​៥៦​ហិកតា ។ ប្រាសាទ​នេះ​មាន​កំពែង​​បួន​ជាន់ មាន​គោបុរៈ​ចូល​ប្រាសាទ​តាម​ទិស​ទាំង​បួន ប្រកប​ដោយ​បង្កាន់​ដៃ​អសុរ និង​ទេពតា​ទាញ​ព្រ័ត្រ (តំណាង​ឲ្យ​ការ​កូរ​សមុទ្រ​ទឹកដោះ) និង​មាន​បង្គោល​សីមា​ពីរ​ជួរ​អម​ផ្លូវ​ចូល​ផង ។ គោបុរៈ​នៃ​កំពែង​ខាងក្រៅ​ទាំងអស់ សុទ្ធ​តែ​មាន​ទ្វារ​បី ទ្វារ​មួយៗ​មាន​កំពូល​ខ្ពស់​ប្រដាប់​ដោយ​ត្របក​ផ្កា​ឈូក ។ នៅ​សង​ខាង​គោបុរៈ​ខាងក្រៅ​មាន​ចម្លាក់​គ្រុឌ​ជាន់​នាគ​ឆ្លាក់​ភ្ជាប់​នៅ​ជញ្ជាំង​កំពែង ។

តាម​ឯកសារ​ដើម​កំណើត​អង្គរ លោក​ម៉ារ​ ​បូ​ ​បាន​សរសេរ​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​ព្រះខ័ន​មាន​ភិនភាគ​ និង​លំនាំ​ជា​ច្រើន​ដូច​ទៅ​នឹង​ប្រាសាទ​តាព្រហ្ម​ ​ដែល​សំណង់​ជា​ច្រើន​កសាង​ជាប់ៗ​គ្នា​ពី​មួយ​ទៅ​មួយ​នៅ​សល់​តែ​ចន្លោះ​តូចៗ​ប៉ុណ្ណោះ ។ លោក​ក៏​បាន​សរសេរ​ឱ្យ​ដឹង​ទៀត​ថា​ ​ប្រាសាទ​ព្រះខ័ន​ពុំ​មាន​ទម្រង់​មុខ​គុហារ (មុខ​បួន) ​ដូច​ប្រាសាទ​បាយ័ន​ កំផែង​ខាងក្រៅ​នៃ​ប្រាសាទ​តាព្រហ្ម​ ​បន្ទាយក្ដី​ ​តាសោម​ ​និង​អង្គរធំ​នោះ​ទេ​ ​ព្រោះ​ប្រាសាទ​នេះ​សាង​មុន​គេ​ ​ហើយ​ជា​ព្រះ​រាជនិវេសន៍​បណ្ដោះ​អាសន្ន​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ក្នុង​អំឡុង​ពេល​កំពុង​ស្ថាបនា​ទីក្រុង​អង្គរធំ​ឡើង​វិញ​ បន្ទាប់​ពី​រាជធានី​អង្គរ​រង​ការ​ខូចខាត​ដោយ​ពួក​ចាម​ចូល​លុក​លុយ​កាលពី​គ.ស​១១៧៧ ។

ផ្អែក​តាម​សិលាចារឹក​នៃ​ប្រាសាទ​ព្រះខ័ន​បាន​បង្ហាញ​ថា​ ​នៅ​ក្នុង​ទី​នៃ​ប្រាសាទ​នេះ​មាន​រូបសំណាក​ចំនួន​៥១៥​រូប​ ​មាន​មន្ទីរ​ព្យាបាល​រោគ​ចំនួន​១០២​ក្នុង​ព្រះរាជាណាចក្រ​ ​តែ​ពុំ​បាន​បញ្ជាក់​ថា​សាង​នៅ​ត្រង់​ណា​ខ្លះ​ឡើយ​ ​ព្រមទាំង​មាន​គេហដ្ឋាន​មួយ​ជា​កន្លែង​ឈប់​សម្រាក ។​ ​ចំណែក​កម្មករ​ និង​អ្នកបម្រើ​ក្នុង​ការ​កសាង​ប្រាសាទ​មាន​ចំនួន​៩៧.៨៤០​នាក់ ដែល​ក្នុង​ចំនួន​នេះ​មាន​ស្ដ្រី​របាំ​ចំនួន​១.០០០​នាក់​ផង​ដែរ ។​ ​ក្នុង​មួយ​ឆ្នាំ​មាន​រៀបចំ​ពិធី​បុណ្យ​ទាន​ធំ​ចំនួន​១០​ដង​ ​ហើយ​ក្នុង​មួយ​ខែ​មាន​ថ្ងៃ​បុណ្យ​ចំនួន​១០​ថ្ងៃ​ដែល​ជា​ថ្ងៃ​សម្ដែង​នូវ​ទឹក​ចិត្ដ​របស់​ខ្មែរ​ក្នុង​បុណ្យ​តាម​ប្រពៃណី​សាសនា​ ​និង​តាម​ពេល​សម្រាក​លំហែ ។

តាម​ឯកសារ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះខ័ន​គឺ​ជា​មណ្ឌល​ពុទ្ធសាសនា​ដ៏​ធំ​មាន​ព្រះសង្ឃ​ប្រមាណ​១.០០០​អង្គ​គង់​នៅ​សំណាក់​ធម៌ និង​មាន​សាកលវិទ្យាល័យ​មួយ​កសាង​ដោយ​ព្រះនាង​ជ័យរាជទេវី ជា​មហេសី​ទី​១​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

ប្រាសាទ​ព្រះខ័ន​ក៏​ដូចជា​ប្រាសាទ​ដទៃ​ទៀត​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែរ ចម្លាក់​ពុទ្ធរូប​ត្រូវ​ទទួល​រង​នូវ​ការ​ដាប់​បំផ្លាញ​ចោល ឬ​កែច្នៃ​ទៅ​ជា​រូប​ផ្សេងៗ ដូចជា ឥសី លិង្គ ឬ​ផ្កា ​ជាដើម នៅ​ក្នុង​រាជ្យ​របស់​ក្សត្រ​​បន្ត​ក្រោយ​មក​ទៀត (ជ័យវរ្ម័ន​ទី​៨ ឥន្ទ្រជ័យវរ្ម័ន និង​ជ័យវរ្ម័ន​បរមឥស្វរៈ) ដែល​បាន​ប្ដូរ​ផ្លាស់​ទៅ​កាន់​ព្រហ្មញ្ញ​សាសនា​វិញ និង​បាន​បណ្ដោយ​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ពុទ្ធសាសនា ។

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន

មាន​ចំណុច​ពិសេស​គួរ​ឲ្យ​កត់​សម្គាល់​ចំនួន​២​ដែល​ធ្វើ​ឲ្យ​ប្រាសាទ​ព្រះខ័ន​ខុស​ប្លែក​ពី​ប្រាសាទ​នានា​ដទៃ​ទៀត ។ ទី​១ គឺ​សំណង់​មន្ទីរ​ពីរ​ជាន់​នៅ​ក្បែរ​គោបុរៈ​ខាងកើត​នៃ​កំពែង​ទី​២ (រាប់​ពី​ខាង​ក្រៅ​ទី​១) ។ សំណង់​មន្ទីរ​​នេះ​មាន​សរសរ​មូលៗ មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​សំណង់​បុរាណ​នៃ​អរិយធម៌​ធំៗ​នៅ​តំបន់​សមុទ្ទ​មេឌីទែរ៉ានេ​ដែរ ។ ទី​២​ គឺ​ចេតិយ​ស្តូប​ថ្ម​នៅ​ប្រាង្គ​ប្រាសាទ​កណ្ដាល ។ បើ​តាម​ការ​អះអាង​របស់​ប្រវត្ដិវិទូ​ខ្លះ​បាន​ឱ្យ​ដឹង​ថា​ ​ចេតិយ​ស្តូប​នេះ​គឺ​ជា​ការ​កសាង​នៅ​សម័យ​ក្រោយ​អង្គរ​ តាម​លំនាំ​នៃ​សិល្បៈ​សៀម​នៅ​ខេត្ដ​សុខោទ័យ ។​ ព្រោះ​ចេតិយ​នេះ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ចេតិយ​ដែល​មាន​នៅ​ក្នុង​ប្រទេស​សៀម​បច្ចុប្បន្ន​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៥-១៦​នៃ​គ្រិស្ដ​សករាជ ។ ។​ ​ឯ​អ្នក​ប្រវត្ដិវិទូ​ខ្លះ​ទៀត​បាន​អះអាង​ថា​ ​ស្ដូប​ថ្ម​នេះ​កសាង​ឡើង​តាម​លំនាំ​នៃ​ឥទ្ធិពល​ប្រទេស​ស្រីលង្កា ​ព្រោះ​ចេតិយ​ថ្ម​នេះ​ជា​សិល្បៈ​របស់​ខ្មែរ​ដែល​គ្រាន់​តែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ស្រីលង្កា ។

ចេតិយ​ស្តូប​ថ្ម​នៅ​ប្រាសាទ​ព្រះខ័ន

ចេតិយ​ស្តូប​ថ្ម​នៅ​ប្រាសាទ​ព្រះខ័ន

មាន​សម្មតិកម្ម​មួយ​ចំនួន​លើក​ឡើង​ដើម្បី​គាំទ្រ​មតិ​ដែល​ថា​ ស្តូប​ខាងលើ​នេះ​ជា​សិល្បៈ​ដែល​ទទួល​ឥទ្ធិពល​ពី​ស្រីលង្កា ។​ ​ទី​១​ មាត់​ច្រក​ទ្វារ​ចូល​ទៅ​កាន់​ព្រះ​ស្ដូប​មាន​ទំហំ​តូច​ ​ចេតិយ​មាន​កម្ពស់​ខ្ពស់​ជាង​ប្រអប់​ទ្វារ​ក្នុង​ប្រាសាទ ។​ ​កត្ដា​នេះ​ហើយ​ដែល​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ស្ដូប​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ប្រាសាទ​ព្រះខ័ន​ ​គឺ​ធ្វើ​មុន​គ្រោង​ទ្វារ​ និង​ជញ្ជាំង ។​ តាម​វិធីសាស្ដ្រ​សាងសង់​ពី​ប្រពៃណី​ គឺ​ការ​សាងសង់​បល្ល័ង្ក​តម្កល់​ទេវរូប​ ​ឬ​ព្រះ​ពុទ្ធរូប​គេ​មិន​ធ្វើ​ក្រោយ​បន្ទាប់​ពី​អគារ​នៃ​ប្រាសាទ​សង់​រួច​នោះ​ទេ ។​ ​បើ​តាម​ការ​សន្និដ្ឋាន​ថា​ ​ស្ដូប​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ប្រាសាទ​នៅ​ក្រោយ​ពេល​ប្រាសាទ​ព្រះខ័ន​បាន​កសាង​រួច​នោះ​ គឺ​ជា​ការ​ខុស​ឆ្គង ។​ ​ទី​២​ ​បើ​តាម​ទំព័រ​ប្រវត្ដិសាស្ដ្រ​អង្គរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​គឺ​ព្រះអង្គ​ម្ចាស់​តមិន្ទ​ ​បាន​យាង​ទៅ​កោះ​ស្រីលង្កា​ដើម្បី​មូលហេតុ​សាសនា ។​ ​បើ​យោង​តាម​ឯកសារ​ទំនាក់​ទំនង​រវាង​ខ្មែរ​និង​ស្រីលង្កា​ ​មាន​ចំណង​ជាមួយ​គ្នា​ពុំ​អាច​ផ្ដាច់​ចេញ​បាន​ឡើយ​នា​សម័យ​បុរាណ ។​ កត្ដា​នេះ​ហើយ​អាច​បញ្ជាក់​អំពី​ឥទ្ធិពល​នៃ​សិល្បៈ​បែប​ពុទ្ធសាសនា​និយម​ថេរវាទ​ ​(ស្រីលង្កា) មក​លើ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។​ ​ទី​៣​ តាម​បរិបទ​នយោបាយ​ក្នុង​សម័យ​នោះ​ពុំ​អាច​ឱ្យ​ជនជាតិ​ខ្មែរ​ស្ថាបនា​ព្រះ​ចេតិយ​ដ៏​ពិសិដ្ឋ​តាម​លំនាំ​សិល្បៈ​សៀម​ដែល​ជា​គូបដិបក្ខ​វិវាទ​ក្រោយ​ពី​សង្គ្រាម​ស៊ី​សាច់​ហុត​ឈាម​ដែល​ផ្សែង​មិន​ទាន់​រលត់​នៅ​ឡើយ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ព្រឹត្ដិការណ៍​ដែល​បន្ទាប់​ពី​កងទ័ព​សៀម​បាន​រុករាន​ដុត​បំផ្លាញ​ទីក្រុង​អង្គរ​ឱ្យ​ខ្ទេចខ្ទាំ​រួច​ហើយ​នោះ​ឡើយ ។​ ​ដូច្នេះ ​ការ​សន្និដ្ឋាន​ជា​រួម​ថា​ ​ភាព​ស្រដៀង​គ្នា​រវាង​ចេតិយ​សៀម​ ​និង​ខ្មែរ​ ពុំ​មែន​មាន​ន័យ​ថា​ ខ្មែរ​ចម្លង​ពី​សៀម​ ​ឬ​សៀម​ចម្លង​ពី​ខ្មែរ​ឡើយ​ ហើយ​ប្រភព​ចេតិយ​នៅ​ប្រាសាទ​ព្រះខ័ន​មាន​លំនាំ​ចេញ​មក​ពី​ប្រទេស​ស្រីលង្កា​ទើប​ជា​ «ការ​ត្រឹមត្រូវ» ៕

(យោង​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា សៀវភៅ​មគ្គុទេសក៍ និង​សារព័ត៌មាន​ក្នុង​ស្រុក)

ផ្លូវ​ចូល​ប្រាសាទ​ព្រះខ័ន​ពីទិស​ខាងកើត មើល​ពី​គោបុរៈ​ទី​១

ផ្លូវ​ចូល​ប្រាសាទ​ព្រះខ័ន​ពីទិស​ខាងកើត មើល​ពី​គោបុរៈ​ទី​១

បង្គោល​សីមា​អម​ផ្លូវ​ចូល​ប្រាសាទ​ព្រះខ័ន​ពី​ទិស​ខាងកើត

បង្គោល​សីមា​អម​ផ្លូវ​ចូល​ប្រាសាទ​ព្រះខ័ន​ពី​ទិស​ខាងកើត

ចម្លាក់​ពុទ្ធរូប​នៅ​បង្គោល​សីមា​អម​ផ្លូវ​ប្រាសាទ​ព្រះខ័ន​ពី​ទិស​ខាង​កើត ត្រូវ​បាន​គេ​ដាប់​បំផ្លាញ​ចោល​អស់ លើក​លែង​តែ​ពុទ្ធរូប​មួយ​អង្គ​នេះ​គត់​ដែល​នៅ​សល់​មក​ទល់​បច្ចុប្បន្ន

ចម្លាក់​ពុទ្ធរូប​នៅ​បង្គោល​សីមា​អម​ផ្លូវ​ប្រាសាទ​ព្រះខ័ន​ពី​ទិស​ខាង​កើត ត្រូវ​បាន​គេ​ដាប់​បំផ្លាញ​ចោល​អស់ លើក​លែង​តែ​ពុទ្ធរូប​មួយ​អង្គ​នេះ​គត់​ដែល​នៅ​សល់​មក​ទល់​បច្ចុប្បន្ន

ចម្លាក់​គ្រុឌ​ជាន់​នាគ​នៅ​សង​ខាង​គោបុរៈ​នៃ​កំពែង​ទី​១​ខាង​ក្រៅ​នៃ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​គ្រុឌ​ជាន់​នាគ​នៅ​សង​ខាង​គោបុរៈ​នៃ​កំពែង​ទី​១​ខាង​ក្រៅ​នៃ​ប្រាសាទ​ព្រះខ័ន

ធម្មមន្ទីរ​នៅ​មុខ​គោបុរៈ​ទី​២​ខាង​កើត​នៃ​ប្រាសាទ​ព្រះខ័ន ។ នៅ​ទី​នេះ​មាន​តម្កល់​រូប​ចម្លាក់​ព្រះ​ពោធិសត្វ​ប្រាជ្ញាបារមិតា​លុត​ ជង្គង់ (បច្ចុប្បន្ន​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ) ដែល​តាម​លោក S. Karpelès ប្រហែល​ជា​រូប​តំណាង​ឲ្យ​ព្រះនាង​ជ័យរាជទេវី មហេសី​ទី​១​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​បាន​កសាង​សាកលវិទ្យាល័យ​មួយ​នៅ​ទី​នេះ និង​ដែល​បាន​សោយ​ទីវង្គត​ទាំង​វ័យ​ក្មេង ដោយសារ​ការ​ព្រួយ​ចិត្ត ការ​នឹក​ស្វាមី​ដែល​ចេញ​ទៅ​ធ្វើ​សឹក និង​ដោយសារ​ការ​គោរព​បូជា​ព្រះធម៌​យ៉ាង​តឹងរ៉ឹង​ដើម្បី​បន់​ស្រន់​ឲ្យ​ ស្វាមី​បាន​ទទួល​ជ័យជំនះ

ធម្មមន្ទីរ​នៅ​មុខ​គោបុរៈ​ទី​២​ខាង​កើត​នៃ​ប្រាសាទ​ព្រះខ័ន ។ នៅ​ទី​នេះ​មាន​តម្កល់​រូប​ចម្លាក់​ព្រះ​ពោធិសត្វ​ប្រាជ្ញាបារមិតា​លុត​ជង្គង់ (បច្ចុប្បន្ន​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ) ដែល​តាម​លោកស្រី S. Karpelès ប្រហែល​ជា​រូប​តំណាង​ឲ្យ​ព្រះនាង​ជ័យរាជទេវី មហេសី​ទី​១​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​បាន​កសាង​សាកលវិទ្យាល័យ​មួយ​នៅ​ទី​នេះ និង​ដែល​បាន​សោយ​ទីវង្គត​ទាំង​វ័យ​ក្មេង ដោយសារ​ការ​ព្រួយ​ចិត្ត ការ​នឹក​ស្វាមី​ដែល​ចេញ​ទៅ​ធ្វើ​សឹក និង​ដោយសារ​ការ​គោរព​បូជា​ព្រះធម៌​យ៉ាង​តឹងរ៉ឹង​ដើម្បី​បន់​ស្រន់​ឲ្យ​ស្វាមី​បាន​ទទួល​ជ័យជំនះ

គោបុរៈ​ទី​២​ខាង​កើត មើល​ពី​មុខ

គោបុរៈ​ទី​២​ខាង​កើត មើល​ពី​មុខ

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន​ដែល​មាន​ដើម​ស្ពង់​ដុះ​គ្រប​ពី​លើ

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន​ដែល​មាន​ដើម​ស្ពង់​ដុះ​គ្រប​ពី​លើ

គំហើញ​ដើម​ស្ពង់​ដុះ​គ្រប​ផ្នែក​មួយ​នៃ​ប្រាសាទ​ព្រះខ័ន​តាម​រយៈ​ដំបូល​ធ្លុះ

គំហើញ​ដើម​ស្ពង់​ដុះ​គ្រប​ផ្នែក​មួយ​នៃ​ប្រាសាទ​ព្រះខ័ន​តាម​រយៈ​ដំបូល​ធ្លុះ

ជញ្ជាំង​កំពែង​ទី​៣​ពី​ថ្ម​បាយក្រៀម​នៃ​ប្រាសាទ​ព្រះខ័ន

ជញ្ជាំង​កំពែង​ទី​៣​ពី​ថ្ម​បាយក្រៀម​នៃ​ប្រាសាទ​ព្រះខ័ន

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន និង​កំពែង​ទី​៤

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន និង​កំពែង​ទី​៤

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន មើល​ពី​ទិស​ខាង​លិច

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន មើល​ពី​ទិស​ខាង​លិច

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន មើល​ពី​ទិស​និរតី

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន មើល​ពី​ទិស​និរតី

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន មើល​ពី​ទិស​ខាង​ត្បូង

សំណង់​មន្ទីរ​មាន​សរសរ​មូលៗ​នៅ​ប្រាសាទ​ព្រះខ័ន មើល​ពី​ទិស​ខាង​ត្បូង

រូប​ចម្លាក់​តោ​នៅ​ប្រាសាទ​ព្រះខ័ន

រូប​ចម្លាក់​តោ​នៅ​ប្រាសាទ​ព្រះខ័ន

ទ្វារបាល (ទេពតា) នៅ​ប្រាសាទ​ព្រះខ័ន

ទ្វារបាល (ទេពតា) នៅ​ប្រាសាទ​ព្រះខ័ន

ទ្វារបាល (អសុរ) នៅ​ប្រាសាទ​ព្រះខ័ន

ទ្វារបាល (អសុរ) នៅ​ប្រាសាទ​ព្រះខ័ន

ចេតិយ​ស្តូប​ថ្ម​ស្ថិត​នៅ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​ព្រះខ័ន

ចេតិយ​ស្តូប​ថ្ម​ស្ថិត​នៅ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​ព្រះខ័ន

មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​ និង​តាម​ឯកសារ ចេតិយ​ស្តូប​នេះ​ធ្លាប់​បាក់​បែក​ជា​បំណែក ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​តម្រៀប​ជួសជុល​ឡើង​វិញ

មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​ និង​តាម​ឯកសារ ចេតិយ​ស្តូប​នេះ​ធ្លាប់​បាក់​បែក​ជា​បំណែក ហើយ​ក្រោយ​មក​ត្រូវ​បាន​គេ​តម្រៀប​ជួសជុល​ឡើង​វិញ

លិង្គ​ព្រះឥសូរ និង​យោនី​នាង​ឧមា​នៅ​ប្រាសាទ​ព្រះខ័ន

លិង្គ​ព្រះឥសូរ និង​យោនី​នាង​ឧមា​នៅ​ប្រាសាទ​ព្រះខ័ន

ទិដ្ឋភាព​មួយ​នៃ​សំណង់​ជាប់ៗ​គ្នា​ពី​មួយ​ទៅ​មួយ​នៅ​សល់​តែ​ចន្លោះ​តូចៗ

ទិដ្ឋភាព​មួយ​នៃ​សំណង់​ជាប់ៗ​គ្នា​ពី​មួយ​ទៅ​មួយ​នៅ​សល់​តែ​ចន្លោះ​តូចៗ

ចម្លាក់​អប្សរា​នៅ​លើ​ខ្លោងទ្វារ​នៃ​ប្រាសាទ​ព្រះខ័ន និង​ស្នាម​ព្រះពុទ្ធរូប​ដែល​ត្រូវ​បាន​គេ​ដាប់​បំផ្លាញ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រែប្ដូរ​សាសនា

ចម្លាក់​អប្សរា​នៅ​លើ​ខ្លោងទ្វារ​នៃ​ប្រាសាទ​ព្រះខ័ន និង​ស្នាម​ព្រះពុទ្ធរូប​ដែល​ត្រូវ​បាន​គេ​ដាប់​បំផ្លាញ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រែប្ដូរ​សាសនា

ចម្លាក់​ផ្កា​ភ្ញី​នៅ​លើ​សរសរ​នៃ​ប្រាសាទ​ព្រះខ័ន និង​រូបចម្លាក់​ដែល​ពី​មុន​ប្រហែល​ជា​ពុទ្ធរូប ហើយ​បន្ទាប់​មក​ត្រូវ​គេ​ដាប់​ច្នៃ​ទៅ​ជា​បែប​នេះ​វិញ

ចម្លាក់​ផ្កា​ភ្ញី​នៅ​លើ​សរសរ​នៃ​ប្រាសាទ​ព្រះខ័ន និង​រូបចម្លាក់​ដែល​ពី​មុន​ប្រហែល​ជា​ពុទ្ធរូប ហើយ​បន្ទាប់​មក​ត្រូវ​គេ​ដាប់​ច្នៃ​ទៅ​ជា​បែប​នេះ​វិញ

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន និង​ក្បាច់​ផ្កា​ភ្ញី​លម្អ​ប្រាសាទ

ជ្រុង​មួយ​នៃ​ប្រាសាទ​ព្រះខ័ន និង​ក្បាច់​ផ្កា​ភ្ញី​លម្អ​ប្រាសាទ

ចម្លាក់​ព្រះឥសូរ​នៅ​លើ​សរសរ​នៃ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ព្រះឥសូរ​នៅ​លើ​សរសរ​នៃ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​លើ​សរសរ​នៃ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​លើ​សរសរ​នៃ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​ដែល​មាន​គ្រឿង​លម្អ​ផ្សេងៗ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​ទេព​អប្សរា​ដែល​មាន​គ្រឿង​លម្អ​ផ្សេងៗ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន​មួយ​នេះ ស្ថិត​នៅ​ចំ​កន្លែង​ដែល​មាន​ទឹក​ជ្រាប​សើម ធ្វើ​ឲ្យ​ដុះ​ស្លែ​ប្រែ​ជា​ពណ៌​ខៀវ

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន​មួយ​នេះ ស្ថិត​នៅ​ចំ​កន្លែង​ដែល​មាន​ទឹក​ជ្រាប​សើម ធ្វើ​ឲ្យ​ដុះ​ស្លែ​ប្រែ​ជា​ពណ៌​ខៀវ

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន​មួយ​នេះ ស្ថិត​នៅ​ចំ​កន្លែង​ដែល​មាន​ទឹក​ជ្រាប​សើម ធ្វើ​ឲ្យ​ដុះ​ស្លែ​ប្រែ​ជា​ពណ៌​ខៀវ

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​ព្រះខ័ន​មួយ​នេះ ស្ថិត​នៅ​ចំ​កន្លែង​ដែល​មាន​ទឹក​ជ្រាប​សើម ធ្វើ​ឲ្យ​ដុះ​ស្លែ​ប្រែ​ជា​ពណ៌​ខៀវ

បំណែក​ផ្ដែរ​នៅ​ប្រាសាទ​ព្រះខ័ន

បំណែក​ផ្ដែរ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​សកម្មភាព​ចាប់​ក្រពើ និង​អ្នក​ត្រូវ​ក្រពើ​ខាំ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​សកម្មភាព​ចាប់​ក្រពើ និង​អ្នក​ត្រូវ​ក្រពើ​ខាំ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​គ្រុឌ​បន្តុប​ពី​លើ​ក្បាល​នាគ (មើល​ពី​មុខ) ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​គ្រុឌ​បន្តុប​ពី​លើ​ក្បាល​នាគ (មើល​ពី​មុខ) ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​គ្រុឌ​បន្តុប​ពី​លើ​ក្បាល​នាគ (មើល​ពី​ក្រោយ) ​នៅ​ប្រាសាទ​ព្រះខ័ន

ចម្លាក់​គ្រុឌ​បន្តុប​ពី​លើ​ក្បាល​នាគ (មើល​ពី​ក្រោយ) ​នៅ​ប្រាសាទ​ព្រះខ័ន

 

June 22, 2009

កំសាន្ត​ថ្ងៃ​នេះ

 ៣​​វិនាទី​​ក្រឡេក​មើល​ក្រុង​ប៉ោយប៉ែត

ទិដ្ឋភាព​ច្រក​ព្រំដែន​នៃ​ក្រុង​ប៉ោយប៉ែត នា​ព្រឹកព្រលឹម​ ម៉ោង​​ប្រមាណ៦

ក្រឡេក​ទី​១ ទិដ្ឋភាព​ច្រក​ព្រំដែន​នៃ​ក្រុង​ប៉ោយប៉ែត នា​ព្រឹកព្រលឹម​ ម៉ោង​​ប្រមាណ៦​​

រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ចាប់​ផ្ដើម​ចេញ​ដំណើរ

ក្រឡេក​ទី​២ រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ចាប់​ផ្ដើម​ចេញ​ដំណើរ

មិនមែន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទេ គឺ​រថយន្ត​កូរ៉េ​​ ពន្លូត​ខ្លួន​ សណ្ដោង​រ៉ឺម៉ក​ធុន​ធ្ងន់

ក្រឡេក​ទី​៣ មិនមែន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ទេ គឺ​រថយន្ត​កូរ៉េ​​ ពន្លូត​ខ្លួន​ សណ្ដោង​រ៉ឺម៉ក​ធុន​ធ្ងន់

 

June 19, 2009

ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ

អ្វី​ទៅ​ជា​ប្រព័ន្ធ​ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​ ​(ប.វ.ស) ?

ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ​ ​ដែល​ហៅ​កាត់​ថា​ ​“ប.វ.ស” គឺជា​ការ​ផ្គុំ​ចូល​គ្នា​នូវ​បច្ចេកទេស​ ​ឬ​ការ​អនុវត្ដ​ល្អៗ​ ​ដើម្បី​ជួយ​ឱ្យ​ស្រូវ​លូតលាស់​បាន​ល្អ​ ​និង​បាន​ផល​ច្រើន​តាម​សក្ដានុពល​ធម្មជាតិ​របស់​វា ។​ ​គោលការណ៍​ ​និង​បច្ចេកទេស​ ​ប.វ.ស​ ​ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​ដោយ​លោក​ ​ហង់រី​ ​ដឺឡាឡូន្យេ​ ​(ជនជាតិ​បារាំង​) នៅ​ប្រទេស​ម៉ាដាហ្កាស្កា​ ​(កោះ​មួយ​នៅ​ទ្វីប​អាហ្វ្រិក) នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០ ។

គោលការណ៍​ ​និង​បច្ចេកទេស​របស់​ប.វ.ស

គោលការណ៍​សំខាន់ៗ​សម្រាប់​បង្កើន​ទិន្នផល​ស្រូវ​រួម​មាន​ ​៥​ចំណុច​ដូច​ខាងក្រោម ៖

  1. ស្រូវ​មិនមែន​ជា​ដំណាំ​ដុះ​ក្នុង​ទឹក​ ​ប្រសិនបើ​មាន​ទឹក​ដក់​ជាប់​នៅ​ក្នុង​ស្រែ​ធ្វើ​ឲ្យ​ឫស​ស្រូវ​មិន​អាច​លូតលាស់​បាន​ពេញលេញ​ល្អ
  2. ស្រូវ​នឹង​បាត់បង់​នូវ​សក្ដានុពល​នៃ​ការ​បែក​គុម្ព​របស់​វា​ជា​ច្រើន​ ​ប្រសិនបើ​គេ​ដក​យក​ទៅ​ស្ទូង​​នៅ​ពេល​សំណាប​មាន​អាយុ​លើស​ពី​១៥​ថ្ងៃ
  3. ស្រូវ​លូតលាស់​បាន​លឿន​ល្អ​ប្រសិនបើ​ក្នុង​ពេល​ស្ទូង​ ​ភាព​ខូចខាត​ ​និង​ភាព​រន្ធត់​របស់​សំណាប​ ​និង​ឫស​របស់​វា​ត្រូវ​បាន​កាត់​បន្ថយ​ជា​កម្រិត​ ​អប្បបរមា
  4. ស្រូវ​ ប្រសិនបើ​វា​ដុះ​តែឯង​ ​ដុះ​រាង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ ​វា​អាច​មាន​លទ្ធភាព​ដុះ​ឫស​ ​និង​បែក​គុម្ព​បាន​ច្រើន
  5. ដី​ដែល​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ ​និង​សម្បូរ​ទៅ​ដោយ​សារធាតុសរីរាង្គ​ ​ឬ​ជី​ធម្មជាតិ​ ​វា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​ដ៏​ល្អ​នូវ​ការ​លូតលាស់​របស់​ឫស​ ​និង​ការ​ចិញ្ចឹមជីវិត​របស់​ដំណាំ​ស្រូវ ។

គោលការណ៍​ទាំងនេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សំណុំ​បច្ចេកទេស​ដែល​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ ​និង​អនុវត្ដ​ទៅ​តាម​លក្ខខណ្ឌ​ ​និង​ក្សេត្រ​បរិស្ថាន​ក្នុង​តំបន់​នីមួយៗ ៖

  1. ការ​ធ្វើ​ដី​ឱ្យ​រាបស្មើ​ ​ជា​កត្ដា​មួយ​ចាំបាច់​ ​ពីព្រោះ​វា​ធានា​ឱ្យ​មានការ​ផ្គត់ផ្គង់​ទឹក​ ​និង​ជីជាតិ​បាន​ស្មើ​ល្អ
  2. ការ​ជ្រើសរើស​យក​តែ​ពូជ​គ្រាប់​ដែល​ពេញ​ល្អ​សម្រាប់​យក​ទៅ​សាប​តាម​រយៈ​ការ​ត្រាំ​ទឹក​ ​(យក​ល្អ​ទឹក​ដែល​ត្រាំ​គួរ​ជា​ទឹក​មាន​ជាតិ​អំបិល​ ​ដោយ​ដាក់​អំបិល​១​ក្ដាប់ដៃ​សម្រាប់​ទឹក​១​ប៉ោត) ដើម្បី​ស្រង់​យក​គ្រាប់​ដែល​មិន​ពេញ​ចេញ​ ​គ្រាប់​អណ្ដែត)
  3. ធានា​ឲ្យ​បាន​សំណាប​ថ្លោស​ទៅ​ស្ទូង​តាម​រយៈ​ការ​ធ្វើ​ថ្នាល​សំណាប​គោក​ ​(ដូច​រង​ស្ពៃ) ។ នៅ​លើ​ថ្នាល​សំណាប​ធ្វើការ​ប្រើ​ជី​កំប៉ុស្ត៍​ប្រហែល​៤-៥​គីឡូក្រាម​លើ​ដី​១ ម៉ែត្រក្រឡា​ ​និង​ការ​សាប​ស្ដើង​ដោយ​ពូជ​១​គីឡូក្រាម​ ​សាប​លើ​ផ្ទៃដី​ប្រហែល​៤០​ម៉ែត្រក្រឡា
  4. ការ​ជ្រើសរើស​តែ​សំណាប​ដែល​ថ្លោស​ ​មាន​សុខភាព​ល្អ​សម្រាប់​យក​ទៅ​ស្ទូង​ ​ពីព្រោះ​ ​សំណាប​ថ្លោស​ ​វា​អាច​ដុះ​លូតលាស់​បែក​គុម្ព​បាន​ល្អ
  5. ការ​ស្ទូង​កូន​សំណាប​ដែល​មាន​អាយុ​តិច​ឬ​នៅ​ខ្ចី​ ​យក​ល្អ​អាយុ​ចាប់ពី​៨-១៥ ថ្ងៃ
  6. កុំ​ឱ្យ​មាន​ទឹក​ដក់​ច្រើន​ពេក​ក្នុង​ស្រែ​ ​យក​ល្អ​មាន​តែ​ទឹក​ដក់​បន្ដិចៗ​បាន​ហើយ​នៅ​ពេល​ស្ទូង​ ​និង​ពេល​ស្រូវ​កំពុង​បែក​គុម្ព​ ​ព្រោះ​វា​បង្ក​លក្ខណៈ​ឱ្យ​ខ្យល់​ចេញចូល​ក្នុង​ដី​បាន​ល្អ​ ​ដែល​អាច​ជួយ​ឱ្យ​ឫស​លូត​លាស់​បាន​ប្រសើរ​ ​ហើយ​ស្រូវ​ក៏​មិន​លូត​បណ្ដោយ​តាម​ទឹក​ ​តែ​រីក​ទទឹង​ដែល​ធ្វើ​ឱ្យ​ដើម​វា​ថ្លោស​ ​និង​រឹង​មាំ
  7. នៅ​ពេល​ស្ទូង​កុំ​ស្ទូង​កប់​ឫស​ចូល​ក្នុង​ដី​ជ្រៅ​ពេក​ ​(ជម្រៅ​១-២​ស.ម​ ​ទៅ​ក្នុង​ដី) ឬ​ស្ទូង​គ្រាន់តែ​ផ្ដិត​ឲ្យ​ជាប់​ដី​បន្ដិចៗ​បាន​ហើយ​ ​ពីព្រោះ​វា​នាំ​ឲ្យ​ឫស​មាន​ការ​លំបាក​ក្នុង​ការ​លូតលាស់​ ​ហប់​ខ្យល់​ ​ហើយ​ស្រូវ​ពិបាក​បែក​គុម្ព​ដោយសារ​គល់​ដើម​ ​(កន្លែង​បែក​ខ្នែង) កប់​ចូល​ជ្រៅ​ពេក
  8. ការ​ស្ទូង​តែ​១-២​ដើម​ក្នុង​មួយ​គុម្ព​ ​យក​ល្អ​តែ​មួយ​ដើម​ ​ពីព្រោះ​ស្រូវ​មួយ​ដើមៗ​ ​បើ​វា​មិន​នៅ​ចង្អៀត​គ្នា​ពេក​ទេ​ ​ឬ​វា​នៅ​តែឯង​វា​អាច​មាន​លទ្ធភាព​បែក​គុម្ព​បាន​ល្អ
  9. ស្ទូង​ឱ្យ​រង្វើល​ជាង​ធម្មតា​បន្ដិច​ ​ហើយ​យក​ល្អ​ឲ្យ​មាន​ជួរ​ ​ឬ​បន្ទាត់​ស្ទួ​ង​ជា​ក្រឡាចត្រង្គ ពីព្រោះ​វា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ស្រូវ​អាច​មាន​លទ្ធភាព​បែក​គុម្ព​បាន​ល្អ​ ​អាច​ទទួល​សារ​ធាតុ​ចិញ្ចឹម​បាន​ស្មើៗ​គ្នា​ ​និង​ងាយ​ក្នុង​ការ​ធ្វើ​ស្មៅ​ផង
  10. ធ្វើ​ការ​សំអាត​ស្មៅ​ឲ្យ​បាន​មុន​ ​និង​ទៀងទាត់​ ​និង​រៀបចំ​ជ្រោយ​ដី​ឲ្យ​បាន​ធូរ​ឲ្យ​មាន​ខ្យល់​ចេញចូល​ល្អ​សម្រាប់​ស្រូវ​លូតលាស់​បាន​ល្អ ។​ ​ក្រៅពី​នេះ​ទៀត​ ​ការ​ដកស្មៅ​ជួយ​កំចាត់​នូវ​ការ​ប្រណាំង​ប្រជែង​របស់​ស្មៅ​ជាមួយ​ដំណាំ​ស្រូវ
  11. បន្ថែម​សារធាតុចិញ្ចឹម​ដល់​ដីស្រែ​ក្នុង​ទម្រង់​ជា​ជីសរីរាង្គ​ ​ដូច​ជា​ ជី​កំប៉ុស្ត៍ ​ឬ​ពពួក​ជី​ស្រស់ ។
ប្រភពៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

 

ប្រសិនបើ​លោក​អ្នក​ចង់បាន​ទិន្នផល​ស្រូវ​ខ្ពស់​ ​ហើយ​ចំណាយ​តិច​ ​សូម​សាកល្បង​ផ្ដុំ​ចូល​គ្នា​នូវ​ ​បច្ចេកទេស​សំខាន់ៗ​ទាំង​១២ របស់​ប.វ.ស

បច្ចេកទេស​សំខាន់ៗ​ទាំង​១២ របស់​ប.វ.ស

បច្ចេកទេស​សំខាន់ៗ​ទាំង​១២ របស់​ប.វ.ស

 

ខាងក្រោម​នេះ​ជា​រូបភាព​តាម​ដំណាក់កាល​នៃ​ផលិតកម្ម​ប.វ.ស

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​រៀបចំ​បណ្ដុះ​គ្រាប់ពូជ​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​ដកសំណាប​យក​ទៅ​ស្ទូង​

ការ​រៀបចំ​ដីស្រែ​

ការ​រៀបចំ​ដីស្រែ​

ការ​រៀបចំ​ដីស្រែ​

ការ​រៀបចំ​ដីស្រែ​

ការ​ស្ទូង​

ការ​ស្ទូង​

ការ​ស្ទូង​

ការ​ស្ទូង​

ការ​ធ្វើ​ស្មៅ​

ការ​ធ្វើ​ស្មៅ​

ការ​ធ្វើ​ស្មៅ​

ការ​ធ្វើ​ស្មៅ​

ស្រូវ​បែក​គុម្ព​

ស្រូវ​បែក​គុម្ព​

ស្រូវ​បែក​គុម្ព​

ស្រូវ​បែក​គុម្ព​

ការ​ច្រូតកាត់​

ការ​ច្រូតកាត់

ការ​ច្រូតកាត់

ការ​ច្រូតកាត់

 

កម្ពុជា​ច្រាន​ចោល​សំណើ​អាប់ភីស៊ីត​ចុះ​ប្រាសាទ​ព្រះវិហារ​រួម​គ្នា

លោក​ អាភីស៊ីត វាចាជីវ៉ា នាយករដ្ឋមន្ត្រី​សៀម ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០០៩

លោក​ អាភីស៊ីត វាចាជីវ៉ា នាយករដ្ឋមន្ត្រី​សៀម ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០០៩

មន្ដ្រី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​មក​ប្រកាស​ជា​ផ្លូវការ​ដោយ​ទាត់​ចោល​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ដ្រី​សៀម​ ​អាប់ភីស៊ីត​ ​វាចាជីវ៉ា​ ​ដែល​លោក​បាន​លើក​ឡើង​ថា​ ​ប្រាសាទ​ព្រះវិហារ​គួរតែ​ត្រូវ​បាន​ចុះ​បញ្ជី​រួម​គ្នា​រវាង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​សៀម​ ​ដើម្បី​ជៀសវាង​បង្ក​នូវ​បញ្ហា​កើតឡើង​រវាង​ប្រជាជន​ទាំង​ពីរ​ប្រទេស ។

ឯកឧត្ដម​ ​ផៃ​ ​ស៊ីផាន​ ​មន្ដ្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ពុធ​ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០០៩​ថា​ ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្ដរជាតិ​ទីក្រុង​ឡាអេ​ ​ប្រកាស​សាលក្រម​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ ហើយ​នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា​ ​ឆ្នាំ​២០០៨ ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ ​ដូច្នេះ​ការ​ប៉ុនប៉ង​របស់​សៀម​គ្មាន​សិទ្ធិ​នៅ​ក្នុង​រឿង​នេះ​ទេ ។ ឯកឧត្ដម​បាន​បន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​ការ​ជ្រៀតជ្រែក​របស់​សៀម​ក្នុង​រយៈពេល​កន្លង​មក​រដ្ឋាភិបាល​សៀម​គួរតែ​ផ្លាស់​ប្ដូរ​នូវ​យុទ្ធសាស្ដ្រ​នយោបាយ​ជាមួយ​ប្រាសាទ​ព្រះវិហារ​ដាច់​ដោយឡែក​វិញ​ទៅ ។ មន្ដ្រី​អ្នកនាំពាក្យ​ទីស្ដីការ​បានឱ្យ​ដឹង​ទៀត​ថា​ ​នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២២-៣០ ខែ​មិថុនា​ ​ឆ្នាំ​២០០៩ នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ខាង​មុខ​នេះ​ ​គណៈប្រតិភូ​របស់​កម្ពុជា​ ​ដែល​ដឹកនាំ​ដោយ​ឯឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​ ​សុខ​ ​អាន​ ​នឹង​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​វេទិកា​នេះ ។

ឯកឧត្ដម​ ​ជុច​ ​ភឿន​ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រសិល្បៈ​ ​និង​ជា​ប្រធាន​អាជ្ញាធរ​ប្រាសាទ​ព្រះវិហារ​ ​បាន​ច្រាន​ចោល​ទាំងស្រុង​នូវ​ការ​ទាមទារ​របស់​សៀម​ដែល​ចង់​ចុះ​ប្រាសាទ​ព្រះវិហារ​ជា​របស់​រួម​នោះ ។ ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា​ វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ ​បើ​ទោះបី​សៀម​និយាយ​មួយ​ម៉ឺន​ដង​ក៏​ដោយ​ ​ពីព្រោះ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​ពិតប្រាកដ​ ​ជា​បូរណភាព​ទឹកដី​របស់​កម្ពុជា​ ​ដែល​អង្គការ​យូណេស្កូ​សម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឱ្យ​កម្ពុជា​ ​ហើយ​ជា​អង្គការ​អន្ដរជាតិ​ ​ពួក​គេ​មិន​ប្រែ​ផ្លាស់​សម្ដី​នោះ​ទេ ។ ឯកឧត្ដម ជុច ភឿន​ បាន​ធ្វើការ​វាយ​ប្រហារ​ចំៗ​ទៅ​លើ​លោក​នាយក​រដ្ឋមន្ដ្រី​សៀម​ ​អាប់ភីស៊ីត​ ​ថា​ ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ដ្រី​សៀម​នេះ​ ​គឺ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​ ​ដូច្នេះ​គួរតែ​លោក​នាយក​រដ្ឋមន្ដ្រី​សៀម​នេះ​ចុះ​ចេញពី​តំណែង​ទៅ ។

យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បាន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១៧​មិថុនា​នេះ​ថា​ ​លោក​នាយក​រដ្ឋមន្ដ្រី​ ​អាប់ភីស៊ីត​ ​ដែល​ទើប​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០០៩ នោះ​បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ក្រុង​បាងកក​នឹង​ស្នើ​ទៅ​អង្គការ​យូណេស្កូ​ឱ្យ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេចចិត្ដ​ដើម្បី​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​ ​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ខេត្ដ​ស៊ីសាកេត​នៅ​ក្នុង​ប្រទេស​សៀម​នោះ​ជា​បេតិកភណ្ឌ​ពិភពលោក ។ លោក​នាយក​រដ្ឋមន្ដ្រី​សៀម​ ​អាប់ភីស៊ីត​ ​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​របស់​លោក​មាន​ជំនឿ​យ៉ាង​រឹងមាំ​ថា​ ​ប្រាសាទ​ព្រះវិហារ​គួរតែ​ត្រូវ​បាន​ចុះ​បញ្ជី​រួម​គ្នា​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ ​ដោយ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​សៀម​ មិនមែន​តែ​ប្រទេស​មួយ​នោះ​ទេ ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​គណៈរដ្ឋមន្ដ្រី​របស់​លោក​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៩ ​បាន​ដោះស្រាយ​ក្នុង​ការ​ដាក់​បញ្ជូន​នូវ​ការ​ស្នើ​សុំ​របស់​ខ្លួន​ទៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣៣​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ ​Seville ក្នុង​ប្រទេស​អេស្ប៉ាញ​ ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ​ឆ្នាំ​២០០៩​នេះ ។ លោក​នាយក​រដ្ឋមន្ដ្រី​អាប់ភីស៊ីត​ ​បាន​បន្ដ​ទៀត​ថា​ ​គណៈប្រតិភូ​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​របស់​ប្រទេស​សៀម​ ​ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ដ្រី​ ​ស៊ូវិត​ ​ខុនគីតទី​ ​រដ្ឋមន្ដ្រី​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​នឹង​ជម្រាប​ជូន​ទៅ​កិច្ចប្រជុំ​ថា​ ​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​នេះ​ ​នៅ​ពេល​ដែល​ទីតាំង​ជា​បេតិកភណ្ឌ​ពិភពលោក​បាន​កើត​មាន​ឡើង​នូវ​ជម្លោះ​ និង​បាត់បង់​ជីវិត​មនុស្ស​អស់​ជា​ច្រើន​ ​ហើយ​សភាពការណ៍​បែប​នេះ​ ​វា​ទំនងជា​ប្រឆាំង​ទៅ​នឹង​គោលបំណង​របស់​អង្គការ​យូណេស្កូ ។​ ​លោក​នាយក​រដ្ឋមន្ដ្រី​អាប់ភីស៊ីត​ ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​គេ​រំពឹង​ថា​ជា​តំបន់​មួយ​ដែល​ជា​កន្លែង​វប្បធម៌​ ​និង​ប្រវត្ដិសាស្ដ្រ​ដែល​ត្រូវ​ការពារ​ ​ហើយ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៅ​ទស្សនា​ ​និង​សរសើរ​ពី​តំបន់​នោះ​ ​ប៉ុន្ដែ​នៅ​ពេល​ដែល​មាន​ការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ ​ធ្វើ​ឱ្យ​មាន​ជម្លោះ​ជា​ច្រើន​រវាង​ប្រជាជន​កម្ពុជា​ ​និង​ប្រជាជន​សៀម ។ លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា​ លោក​ចង់​ឃើញ​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​មួយ​ប្រកប​ទៅ​ដោយ​សុខ​សន្ដិភាព​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ទាំង​ពីរ​ប្រទេស​អាច​ទទួល​ផលប្រយោជន៍​រួម​គ្នា​ពី​តំបន់​នេះ​ ​ដែល​មាន​សារៈសំខាន់​ជា​ប្រវត្ដិសាស្ដ្រ​យ៉ាង​ខ្ពស់​បំផុត​នោះ ។

ក្រសួង​ការបរទេស​សៀម​កាលពី​ខែ​ឧសភា ឆ្នាំ​២០០៩​ ​បាន​ព្រមាន​ទៅ​អង្គការ​យូណេស្កូ​ចំពោះ​សកម្មភាព​មន្ដ្រី​ជំនាញ​របស់​អង្គការ​មួយ​នេះ​ ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។ លោក​ ​វារ៉ាឆៃ​ ​បា្លសៃ​ ​ប្រធាន​នាយកដ្ឋាន​ការងារ​ស្របច្បាប់​ ​និង​សន្ធិសញ្ញា​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់​សា​ជា​ថ្មី​ទៅ​ដល់​អង្គភាព​គ្រប់គ្រង​ព័ត៌មាន​ ​និង​ចំណេះ​ដឹង​របស់​អង្គការ​យូណេស្កូ​ ​លោក​ Clive Wing ថា​ ​មន្ដ្រី​ ​និង​មន្ដ្រី​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ជម្លោះ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ​ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​សៀម ។ ក្រសួង​ការបរទេស​សៀម​បាន​រម្លឹក​ទៅ​អង្គការ​យូណេស្កូ​កាលពី​ខែ​មីនា​ ឆ្នាំ​២០០៩​ថា​ ​តួ​ប្រាសាទ​ព្រះវិហារ​ដែល​សំខាន់​នោះ​ ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ជា​កន្លែង​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ ​និង​អង្គការ​សហប្រជាជាតិ​អាច​ធ្វើ​ការងារ​បាន ។ តំបន់​ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​មិន​ទាន់​បាន​ដាក់​បញ្ចូល​នោះ​ទេ​ ​ដូច្នេះ​មន្ដ្រី​អង្គការ​យូណេស្កូ​មិន​អាច​ឆ្លង​កាត់​តំបន់​នេះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​សៀម​នោះ​ទេ ។

គួរ​បញ្ជាក់​ថា​ ​តុលាការ​អន្ដរជាតិ​ក្រុង​ឡាអេ​ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ​ឆ្នាំ​១៩៦២ បាន​ប្រកាស​សាលក្រម​ប្រាសាទ​ព្រះវិហារ​មក​ឱ្យ​កម្ពុជា​វិញ​ ​ក្រោយ​ពី​ប្រទេស​សៀម​បាន​កាន់​កាប់​ដោយ​ខុសច្បាប់​កាលពី​ឆ្នាំ​១៩៤៥ ។ តាម​រយៈ​សាលក្រម​នេះ​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ដឹង​ពី​មហិច្ឆតា​ឈ្លានពាន​របស់​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ ​ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

ផ្ទៃដី​ចំនួន​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ​មិន​ទាន់​ត្រូវ​បាន​កំណត់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ​ដូច្នេះ​ហើយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សៀម​ប្រកាស​ពី​តំបន់​ដែល​នៅ​ជុំវិញ​ ​និង​ចង់​បាន​តំបន់​ទាំងនោះ​ ​រួម​ទាំង​តួ​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទាំង​ងងឹត​ងងល់ ។

សម្ដេច​អគ្គមហា​សេនាបតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា​ឆ្នាំ​២០០៩​ ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​លើក​ឡើង​ដ៏​ឆោតល្ងង់​ ​និង​ហាក់បីដូចជា​មិន​ចេះ​ច្បាប់​ទាល់តែ​សោះ​របស់​លោក​អាប់ភីស៊ីត​ ​នាយក​រដ្ឋមន្ដ្រី​សៀម​ ​ដែល​បាន​ស្នើ​សុំ​ឱ្យ​អង្គការ​យូណេស្កូ​សើរើ​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​រួម​គ្នា​រវាង​កម្ពុជា​ និង​សៀម​។​ ប្រតិកម្ម​របស់​សម្ដេច​នាយករដ្ឋមន្ដ្រី​ខាងលើ​នេះ​ ​បាន​ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ដ្រី​សៀម​បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ ​ហើយ​ការ​អត្ថាធិប្បាយ​នេះ​កើត​មាន​ ​បន្ទាប់​ពី​នាយក​រដ្ឋមន្ដ្រី​សៀម​រូប​នេះ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មក​កាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​កន្លង​ទៅ ។​ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ​ហ៊ុន​ ​សែន​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្រសួង​ការបរទេស​ថា​ ​នេះ​ជា​ពាក្យ​ពេចន៍​របស់​ខ្លួន​គាត់​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​មួយ​ដែល​រំខាន​ដល់​អធិបតេយ្យ​នៃ​ប្រទេស​មួយទៀត​ ​ហើយ​សម្ដេច​មាន​ការ​សោកស្ដាយ​ទៅ​លើ​អត្ថាធិប្បាយ​ ​និង​គោលបំណង​របស់​គាត់​ ​(នាយក​រដ្ឋមន្ដ្រី​សៀម) ហើយ​ក្នុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា​ ​គាត់​មិន​បាន​លើក​បញ្ហា​នេះ​ជាមួយ​សម្ដេច​ទេ​ ​ប៉ុន្ដែ​សម្ដេច​គិត​ថា​ ​គោលបំណង​របស់​គាត់​នេះ​មិន​សម្រេច​ជោគជ័យ​នោះ​ទេ ។ បន្ទាប់​ពី​ជំនួប​ចរចា​ជាមួយ​លោក​ ​សូយ៉ា​ ​ស៊ូប៊ែឌី​ ​អ្នក​សរសេរ​របាយការណ៍​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បន្ដ​ទៀត​ថា​ ​បញ្ហា​ដំបូង​ ​គឺ​ត្រូវ​និយាយ​ពី​សាលក្រម​តុលាការក្រុង​ឡាអេ​ ​ដែល​បាន​កាត់​ប្រគល់​ប្រាសាទ​ព្រះវិហារ​ ​និង​ដែនដី​ជុំវិញ​នេះ​មក​ឱ្យ​កម្ពុជា​ ​នេះ​ជា​ចំណុច​ទី​១ ឯ​ចំណុច​ទី​២ អង្គការ​យូណេស្កូ​ ​ក្របខ័ណ្ឌ​បេតិកភណ្ឌ​ ​បាន​បញ្ចូល​ប្រាសាទ​​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​រួច​ស្រេច​ទៅ​ហើយ ។ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ទៀត​ថា​ ​អ្វី​ជា​ការ​ទាមទារ​សើរើ​របស់​គាត់​ ​(នាយក​រដ្ឋមន្ដ្រី​សៀម​) គឺជា​គំនិត​របស់​គាត់​ ​ហើយ​សម្ដេច​សង្ឃឹមថា​ ​អង្គការ​យូណេស្កូ​មិន​ល្ងិតល្ងង់​ទៅ​តាម​ការ​ចង់បាន​នៃ​មហិច្ឆតា​របស់​គាត់​នោះ​ទេ ៕

ដកស្រង់ពីសារព័ត៌មានដើមអម្ពិល ថ្ងៃទី១៧‑១៨ ខែមិថុនា ឆ្នាំ២០០៩

 រូប​ត្លុក​សកវាទិ៍ គូរ​ដោយ​លោក Bun Heang Ung កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០០៨

June 17, 2009

រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ

ស្ពាន​ឡុងបៀន ឬ ឌូមេ មើល​ពី​ស្ពាន​ឈួងដួង

មុន​នឹង​លើក​យក​ប្រវត្តិ និង​រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​ឌូមេ បច្ចុប្បន្ន​ជា​ស្ពាន​ឡុងបៀន ​មក​អត្ថាធិប្បាយ ខ្ញុំ​សូម​ទាញ​អារម្មណ៍​មិត្ត​អ្នកអាន​ដោយ​រំឮក​រឿង​ពិត​គួរ​ឲ្យ​សោកស្ដាយ​មួយ ។ បង​ស្រី​ម្នាក់ (សូម​រក្សា​មិន​បញ្ចេញ​ឈ្មោះ) ដែល​បាន​ទៅ​ចូល​រួម​វគ្គ​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ជាមួយ​ខ្ញុំ​កាល​ពី​ចុង​ឆ្នាំ​២០០៧ បាន​ដំណាល​ថា កាលពី​ឪពុក​របស់​គាត់​នៅ​មានជីវិត បាន​មក​លេង​ទីក្រុង​ហាណូយ ហើយ​គាត់​មាន​បំណង​ចង់​ឃើញ​ស្ពាន​ឌូមេ ព្រោះ​ធ្លាប់​បាន​ឮ​រឿងរ៉ាវ​ទាក់ទង​នឹង​ស្ពាន​នេះ ។ ប៉ុន្តែ​ គួរ​ឲ្យ​ស្ដាយ នៅ​ពេល​សួរ​គេឯង​ទៅ គ្មាន​នរណា​ម្នាក់​ស្គាល់​ស្ពាន​ឈ្មោះ​ថា ឌូមេ ឡើយ ។ លុះ​ដល់​ពេល​ទៅ​ចូល​រួម​សិក្ខាសាលា​នោះ​បាន​ជួប​នឹង​សិក្ខាកាម​ជនជាតិ​វៀតណាម​ដែល​ដឹង​ប្រវត្តិ ទើប​ស្គាល់​ថា ស្ពាន​ឡុងបៀន​បច្ចុប្បន្ន​គឺ​ជា​ស្ពាន​ឌូមេ​នោះ​ឯង ។ ជា​ការ​ហួស​ពេល ! គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែល​ឪពុក​របស់​គាត់​បាន​ទទួល​អនិច្ចកម្ម​បាត់​ទៅ​ហើយ គឺ​ពុំ​មាន​ឱកាស​នឹង​បំពេញ​បំណង​របស់​គាត់​បាន​ឡើយ ។ ខ្ញុំ​ក៏​សូម​ឧទ្ទិស​អត្ថបទ​មួយ​នេះ​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​លោកអ៊ំ​ផង​ដែរ ។

ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ

ស្ពាន​ឡុងបៀន​ គឺជា​ស្ពាន​ដែក​ប្រវត្តិសាស្ត្រ​មួយ​ ត​ភ្ជាប់​ទន្លេ​ក្រហម​ពី​ត្រើយ​ខាងលិច​ទៅ​ត្រើយ​ខាងកើត​នៃ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ។ ​ស្ពាន​នេះ​មាន​ប្រវែង​២.៥០០​ម៉ែត្រ (ជា​ស្ពាន​វែង​ជាង​គេ​នៅ​ទ្វីបអាស៊ី​កាល​ជំនាន់​នោះ) ​កសាង​ដោយ​លោក Daydé និង​លោក Pillé ទៅ​តាម​គំនូស​ប្លង់​របស់​លោក Gustave Eiffel និង​ប្រើប្រាស់​កម្លាំង​ពលករ​ជាតិ​វៀតណាម​ជាង​៣.០០០​នាក់ ។

ស្ពាន​ឡុងបៀន​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​១៨៩៩ និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩០២ ដោយ​លោក Joseph Athanase Paul Doumer ដែល​គេ​ស្គាល់​ជាទូទៅ​ថា ប៉ូល​ឌូមេ (Paul Doumer) ដែល​លោក​ជា​អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន​បារាំង​ពី​ឆ្នាំ​១៨៩៧ ដល់​១៩០២ ។ ស្ពាន​នេះ​មាន​ឈ្មោះ​ថា «ប៉ូល​ឌូមេ» ឬ «ឌូមេ» តាំង​ពីពេល​នោះ​មក រហូត​ដល់​ឆ្នាំ​១៩៥៤ ទើប​ត្រូវ​បាន​ដូរ​ឈ្មោះ​ទៅ​ជា «ឡុងបៀន» វិញ ។

បច្ចុប្បន្ន ស្ពាន​ឡុងបៀន​មាន​ស្ថានភាព​ទ្រុឌទ្រោម​ និង​កំពុង​ទទួល​បាន​ការ​អភិរក្ស ។ ​មាន​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​រត់​កាត់​តាម​បណ្ដោយ​ស្ពាន ។ គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​តែ​អ្នក​ថ្មើរជើង និង​កង់​ម៉ូតូ​ប៉ុណ្ណោះ ។ រីឯ​ចរាចរ​ផ្សេង​ទៀត​ត្រូវ​បាន​បង្វែរ​ទៅ​ស្ពាន​ឈួងដួង (Chuong Duong) នៅ​ទន្ទឹម​គ្នា​នោះ និង​ស្ពាន​សាងសង់​ថ្មី​មួយ​ចំនួន​ទៀត ។

លោក ប៉ូល ឌូមេ (Paul Doumer) អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន​បារាំង ពី​ឆ្នាំ​១៨៩៧ ដល់ ១៩០២

លោក ប៉ូល ឌូមេ (Paul Doumer) អគ្គទេសាភិបាល​នៃ​ឥណ្ឌូចិន​បារាំង ពី​ឆ្នាំ​១៨៩៧ ដល់ ១៩០២

ចំណែកឯ​រឿង​និទាន​ទាក់ទង​នឹង​ស្ពាន​ឡុងបៀន ឬ ស្ពាន​ឌូមេ មិន​ដឹង​ថា​ជា​រឿង​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​ការ​និទាន​ដើម្បី​សើចលេង​យ៉ាងណា​មួយ​នោះ​ទេ ។ បើ​តាម​ប្រភព​ខ្លះ​អះអាង​ថា កូន​សិស្ស​ខ្មែរ និង​លាវ​មួយ​ចំនួន​កាល​ពី​ជំនាន់​បារាំង​ពិត​ជា​បាន​ជួប​ផ្ទាល់ និង​ដឹងឮ​ថា​ជា​រឿង​ពិត​ប្រាកដ​មែន ។ ដំណើរ​រឿង​នោះ​មាន​ដូចតទៅ ៖

“នៅ​ក្នុង​សម័យ​អាណានិគម​បារាំង សិស្ស​ខ្មែរ វៀតណាម និង​លាវ រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា ក្រោម​ការ​បង្ហាត់​បង្រៀន​ពី​សំណាក់​គ្រូ​ជនជាតិ​បារាំង ។ ថ្ងៃ​មួយ​នៅ​ពេល​និយាយ​រៀបរាប់​ដល់​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​កសាង​សំខាន់ៗ លោកគ្រូ​បាន​សួរ​កូន​សិស្ស​ក្នុង​ថ្នាក់​ថា​ «តើ​ស្ពាន​មួយ​ណា​ដែល​មាន​ចំណាស់​ជាង​គេ និង​មាន​ប្រវែង​វែង​ជាង​គេ​នៅ​ឥណ្ឌូចិន (បារាំង) ?» ពេលនោះ ថ្នាក់​រៀន​ទាំងមូល​ស្ថិត​ក្នុង​សភាព​ស្ងប់​ស្ងៀម គ្មាន​សិស្ស​ណា​មួយ​ក្លាហាន​ឡើង​ឆ្លើយ​នឹង​សំណួរ​នេះ​ឡើយ ។ លោកគ្រូ​ក៏​ចង្អុល​ហៅ​សិស្ស​លាវ​ម្នាក់​ឲ្យ​ឡើង​ឆ្លើយ ប៉ុន្តែ​សិស្ស​នោះ​ឆ្លើយ​ពុំ​រួច ។ លោកគ្រូ​រាង​បែប​ក្រហម​ស្លឹក​ត្រចៀក​បន្តិច ក៏​ចង្អុល​សិស្ស​ខ្មែរ​ឲ្យ​ឡើង​ឆ្លើយ ។ ដូច​សិស្ស​លាវ​ដែរ សិស្ស​ខ្មែរ​ម្នាក់​នោះ ពុំ​ដឹង​ថា​ស្ពាន​មួយ​ណា​ទេ ។ ដល់ត្រឹមនេះ លោកគ្រូ​មាន​អាការៈ​ស្ដែង​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​ដឹង​ថា គាត់​កំពុង​តែ​ខឹង​ហើយ ។ លោកគ្រូ​ក៏​ស្រែក​ហៅ​សិស្ស​វៀតណាម​ម្នាក់​ឲ្យ​ឆ្លើយ​សំណួរ ដោយ​សង្ឃឹម​ថា​នឹង​បាន​ចម្លើយ​ត្រឹមត្រូវ​គាប់​ចិត្ត​ ព្រោះ​ស្ពាន​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​សិស្ស​នោះ​ក៏​នៅ​តែ​ឆ្លើយ​ពុំ​បាន ។ លោកគ្រូ​បារាំង​នោះ​ក៏​ខឹង​ឆេវ​ឡើង ដាក់​ពិន័យ​ឲ្យ​សិស្ស​វៀតណាម​នោះ​ចេញ​ពី​បន្ទប់​រៀន ។ អេះ​ក្បាល​បន្តិច​មុន​ដើរ​ចេញ និង​ដោយ​អន់ចិត្ត​នឹង​គ្រូ​បណ្ដេញ​ចេញ សិស្ស​នោះ​ក៏​ឧទាន​ឡើង​ថា «ឌូម៊ែ» ដែល​មាន​ន័យ​ផ្សេង​ក្នុង​ភាសា​វៀតណាម ។ ភ្លាមនោះ លោកគ្រូ​បារាំង​ស្រែក​ឡើង​ថា «Bien! Très bien! ត្រូវ​ហើយ ! ល្អណាស់ !» ។”

អាស្រ័យហេតុ​ដូចនេះ​ហើយ​បាន​ជា​សិស្ស​ខ្មែរ និង​លាវ​យក​រឿង​នេះ​មក​ដំណាល​តៗ​គ្នា ហើយ​នៅ​រាល់​ពេល​ដែល​ឮ​ឈ្មោះ​ស្ពាន​ឌូមេ គេ​នាំ​គ្នា​សើច​គឹល​ឡើង​តែ​ម្ដង ។

ស្ពាន​ឡុងបៀន (Long Bien) ឬ​ស្ពាន​ឌូមេ (Doumer) និង​ស្ពាន​ឈួងដួង (Chuong Duong) មើល​ពី​លើ​អាកាស​តាម​រយៈ Google Earth

ស្ពាន​ឡុងបៀន (Long Bien) ឬ​ស្ពាន​ឌូមេ (Doumer) និង​ស្ពាន​ឈួងដួង (Chuong Duong) មើល​ពី​លើ​អាកាស​តាម​រយៈ Google Earth

ស្ពាន​ឡុងបៀន ឬ ឌូមេ មើល​ពី​ស្ពាន​ឈួងដួង

ស្ពាន​ឡុងបៀន ឬ ឌូមេ មើល​ពី​ស្ពាន​ឈួងដួង

ផ្លូវ​រថភ្លើង​រត់​កាត់​ស្ពាន​ឡុងបៀន ឬ ឌូមេ

ផ្លូវ​រថភ្លើង​រត់​កាត់​ស្ពាន​ឡុងបៀន ឬ ឌូមេ

ផ្លូវ​ថ្មើរជើង និង​ផ្លូវ​កង់​ម៉ូតូ​នៃ​ស្ពាន​ឡុងបៀន ឬ ឌូមេ

ផ្លូវ​ថ្មើរជើង និង​ផ្លូវ​កង់​ម៉ូតូ​នៃ​ស្ពាន​ឡុងបៀន ឬ ឌូមេ

 

June 16, 2009

របស់​៤​យ៉ាង​ដែល​អ្នក​មិន​អាច​ទទួល​បាន​មក​វិញ

កាល​ពី​ប្រហែល​ជាង​១​ឆ្នាំ​មុន​នេះ​ ខ្ញុំ​បាន​ទទួល​ Slide show ពី​មិត្តភក្តិ​ដែល​និយាយ​អំពី​«មាន​របស់​៤​យ៉ាង​ដែល​អ្នក​មិន​អាច​ទទួល​បាន​មក​វិញ (4 things that you can not recover) ហើយ​ដែល​ខ្ញុំ​សូម​ជូន​សេចក្ដី​ប្រែសម្រួល​នៅ​ទីនេះ ​ទុក​ជា​ជំនួយ​ស្មារតី​ និង​ជា​គំនិត​សម្រាប់​ត្រិះរិះ​ពិចារណា ៖

មាន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​រងចាំ​ឡើង​យន្តហោះ​នៅ​ក្នុង​បន្ទប់​រងចាំ​នៃ​អាកាសយានដ្ឋាន​ដ៏​ធំ​មួយ

មាន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​រងចាំ​ឡើង​យន្តហោះ​នៅ​ក្នុង​បន្ទប់​រងចាំ​នៃ​អាកាសយានដ្ឋាន​ដ៏​ធំ​មួយ

ដោយសារ​នាង​ត្រូវ​រងចាំ​ជាច្រើន​ម៉ោង នាង​បាន​សម្រេច​ចិត្ត​ទិញ​សៀវភៅ​មួយ​ក្បាល​ដើម្បី​អាន​បន្លប់​ពេលវេលា ។ នាង​ក៏​បាន​ទិញ​នំ Cookies មួយ​កញ្ចប់​តូច​ផងដែរ

ដោយសារ​នាង​ត្រូវ​រងចាំ​ជាច្រើន​ម៉ោង នាង​បាន​សម្រេច​ចិត្ត​ទិញ​សៀវភៅ​មួយ​ក្បាល​ដើម្បី​អាន​បន្លប់​ពេលវេលា ។ នាង​ក៏​បាន​ទិញ​នំ Cookies មួយ​កញ្ចប់​តូច​ផងដែរ

នាង​បាន​អង្គុយ​នៅ​ក្នុង​កៅអី​មាន​ដៃ​មួយ​នៅ​បន្ទប់​ពិសេស​នៃ​អាកាសយានដ្ឋាន ដើម្បី​សម្រាក និង​អាន​សៀវភៅ​ដោយ​ស្ងប់​ស្ងាត់

នាង​បាន​អង្គុយ​នៅ​ក្នុង​កៅអី​មាន​ដៃ​មួយ​នៅ​បន្ទប់​ពិសេស​នៃ​អាកាសយានដ្ឋាន ដើម្បី​សម្រាក និង​អាន​សៀវភៅ​ដោយ​ស្ងប់​ស្ងាត់

នៅ​ក្បែរ​កៅអី​មាន​ដៃ​ដែល​មាន​ដាក់​នំ​Cookies មាន​បុរស​ម្នាក់​អង្គុយ​នៅ​ជាប់​នោះ ដែល​កំពុង​តែ​​ចាប់​ផ្ដើម​អាន​ទស្សនាវដ្ដី​របស់​គាត់​ដែរ

នៅ​ក្បែរ​កៅអី​មាន​ដៃ​ដែល​មាន​ដាក់​នំ​Cookies មាន​បុរស​ម្នាក់​អង្គុយ​នៅ​ជាប់​នោះ ដែល​កំពុង​តែ​​ចាប់​ផ្ដើម​អាន​ទស្សនាវដ្ដី​របស់​គាត់​ដែរ

នៅ​ពេល​ស្ត្រី​វ័យ​ក្មេង​យក​នំ​មួយ​ដុំ​មក​ញ៉ាំ បុរស​នោះ​ក៏​យក​មួយ​ដែរ ។ នាង​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​ទេ ។ នាង​គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា «មនុស្ស​អី​មិន​ចេះ​ខ្មាស​អៀន ! ប្រសិនបើ​ខ្ញុំ​ទប់​អារម្មណ៍​មិន​បាន ខ្ញុំ​នឹង​ដាល់​គាត់​ឯង​ចំពោះ​ការ​ហ៊ាន​ឥត​ញញើត​ខ្មាស»

នៅ​ពេល​ស្ត្រី​វ័យ​ក្មេង​យក​នំ​មួយ​ដុំ​មក​ញ៉ាំ បុរស​នោះ​ក៏​យក​មួយ​ដែរ ។ នាង​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​ទេ ។ នាង​គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា «មនុស្ស​អី​មិន​ចេះ​ខ្មាស​អៀន ! ប្រសិនបើ​ខ្ញុំ​ទប់​អារម្មណ៍​មិន​បាន ខ្ញុំ​នឹង​ដាល់​គាត់​ឯង​ចំពោះ​ការ​ហ៊ាន​ឥត​ញញើត​ខ្មាស»

នៅ​រាល់​ពេល​ដែល​ស្ត្រី​វ័យ​ក្មេង​យក​នំ​មួយ​ដុំ បុរស​ម្នាក់​នោះ​ក៏​យក​មួយ​ដែរ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​នាង​ក្រោធ​ខឹង​ខ្លាំង​ណាស់ ប៉ុន្តែ​នាង​មិន​ចង់​បង្ក​ឲ្យ​មាន​បញ្ហា​ទេ

នៅ​រាល់​ពេល​ដែល​ស្ត្រី​វ័យ​ក្មេង​យក​នំ​មួយ​ដុំ បុរស​ម្នាក់​នោះ​ក៏​យក​មួយ​ដែរ ។ ការណ៍​នេះ​ធ្វើ​ឲ្យ​នាង​ក្រោធ​ខឹង​ខ្លាំង​ណាស់ ប៉ុន្តែ​នាង​មិន​ចង់​បង្ក​ឲ្យ​មាន​បញ្ហា​ទេ

នៅ​ពេល​ដែល​មាន​សល់​នំ​តែ​មួយ​ដុំ​ចុងក្រោយ ស្ត្រី​វ័យ​ក្មេង​គិត​ថា «អ្ហា ! តើ​បុរស​ហួសហេតុ​នេះ​នឹង​ធ្វើ​បែប​ណា​ទៅ​នៅ​ពេល​នេះ ?»  បន្ទាប់​មក​ បុរស​នោះ​ក៏​យក​នំ​មួយ​ដុំ​ដែល​នៅ​សល់​ចុង​ក្រោយ​នោះ​មក​កាច់​ជា​ពីរ រួច​ប្រគល់​ពាក់​កណ្ដាល​ទៅ​ឲ្យ​ស្ត្រី​វ័យ​ក្មេង

នៅ​ពេល​ដែល​មាន​សល់​នំ​តែ​មួយ​ដុំ​ចុងក្រោយ ស្ត្រី​វ័យ​ក្មេង​គិត​ថា «អ្ហា ! តើ​បុរស​ហួសហេតុ​នេះ​នឹង​ធ្វើ​បែប​ណា​ទៅ​នៅ​ពេល​នេះ ?»

បន្ទាប់​មក​ បុរស​នោះ​ក៏​យក​នំ​មួយ​ដុំ​ដែល​នៅ​សល់​ចុង​ក្រោយ​នោះ​មក​កាច់​ជា​ពីរ រួច​ប្រគល់​ពាក់​កណ្ដាល​ទៅ​ឲ្យ​ស្ត្រី​វ័យ​ក្មេង

អ្ហា ! ទ្រាំ​លែង​បាន​ហើយ ! ស្ត្រី​វ័យ​ក្មេង​ពិត​ជា​ខឹង​រោលរាល​មែន​ទែន​ហើយ​ពេល​នេះ !  ក្នុង​ដំណើរ​ខឹង​ច្រឡោត ស្ត្រី​វ័យ​ក្មេង​​បិទ​សៀវភៅ និង​កញ្ឆក់​យក​របស់​របរ​នាង រួច​ដើរ​តម្រង់​ទៅ​កន្លែង​ឡើង​យន្តហោះ

អ្ហា ! ទ្រាំ​លែង​បាន​ហើយ ! ស្ត្រី​វ័យ​ក្មេង​ពិត​ជា​ខឹង​រោលរាល​មែន​ទែន​ហើយ​ពេល​នេះ !

ក្នុង​ដំណើរ​ខឹង​ច្រឡោត ស្ត្រី​វ័យ​ក្មេង​​បិទ​សៀវភៅ និង​កញ្ឆក់​យក​របស់​របរ​នាង រួច​ដើរ​តម្រង់​ទៅ​កន្លែង​ឡើង​យន្តហោះ

នៅ​ពេល​អង្គុយ​លើ​កៅអី​របស់​នាង​លើ​យន្តហោះ ស្ត្រី​វ័យ​ក្មេង​បាន​លូក​ចូល​ទៅ​ក្នុង​កាបូប​របស់​នាង​ដើម្បី​យក​វ៉ែនតា ស្រាប់​តែ​ភ្ញាក់​ផ្អើល​នឹង​ឃើញ​នំ Cookies របស់​នាង​នៅ​ក្នុង​នោះ មិន​ទាន់​ទាំង​បើក​ញ៉ាំ​អ្វី​បន្តិច​ឡើយ

នៅ​ពេល​អង្គុយ​លើ​កៅអី​របស់​នាង​លើ​យន្តហោះ ស្ត្រី​វ័យ​ក្មេង​បាន​លូក​ចូល​ទៅ​ក្នុង​កាបូប​របស់​នាង​ដើម្បី​យក​វ៉ែនតា ស្រាប់​តែ​ភ្ញាក់​ផ្អើល​នឹង​ឃើញ​នំ Cookies របស់​នាង​នៅ​ក្នុង​នោះ មិន​ទាន់​ទាំង​បើក​ញ៉ាំ​អ្វី​បន្តិច​ឡើយ

ស្ត្រី​វ័យ​ក្មេង​មាន​អារម្មណ៍​ខ្មាស​អៀន​ណាស់ ។ នាង​ដឹង​ខ្លួន​ថា ខុស... នាង​ភ្លេច​ខ្លួន​ថា បាន​ដាក់​នំ​ចូល​ទៅ​ក្នុង​កាបូប

ស្ត្រី​វ័យ​ក្មេង​មាន​អារម្មណ៍​ខ្មាស​អៀន​ណាស់ ។ នាង​ដឹង​ខ្លួន​ថា ខុស… នាង​ភ្លេច​ខ្លួន​ថា បាន​ដាក់​នំ​ចូល​ទៅ​ក្នុង​កាបូប

បុរស​ម្នាក់​នោះ​បាន​ចែក​រំលែក​នំ​របស់​គាត់​ជាមួយ​នាង ទាំង​គ្មាន​អារម្មណ៍​ជូរចត់ ឬ​ខឹងសម្បារ...

បុរស​ម្នាក់​នោះ​បាន​ចែក​រំលែក​នំ​របស់​គាត់​ជាមួយ​នាង ទាំង​គ្មាន​អារម្មណ៍​ជូរចត់ ឬ​ខឹងសម្បារ…

...នៅ​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​ខឹង​យ៉ាងខ្លាំង ដោយ​គិត​ថា​នាង​កំពុង​តែ​ចែក​រំលែក​នំ​របស់​ខ្លួន​ជាមួយ​បុរស​នោះ ។ ឥឡូវ​នេះ​ នាង​គ្មាន​ឱកាស​នឹង​ពន្យល់​បកស្រាយ ឬ​ក៏​សុំ​ទោស​ទេ

…នៅ​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​ខឹង​យ៉ាងខ្លាំង ដោយ​គិត​ថា​នាង​កំពុង​តែ​ចែក​រំលែក​នំ​របស់​ខ្លួន​ជាមួយ​បុរស​នោះ ។ ឥឡូវ​នេះ​ នាង​គ្មាន​ឱកាស​នឹង​ពន្យល់​បកស្រាយ ឬ​ក៏​សុំ​ទោស​ទេ

មាន​របស់​៤​យ៉ាង​ដែល​អ្នក​មិន​អាច​ទទួល​បាន​មក​វិញ

មាន​របស់​៤​យ៉ាង​ដែល​អ្នក​មិន​អាច​ទទួល​បាន​មក​វិញ

ដុំ​ថ្ម....បន្ទាប់​ពី​គប់​គ្រវែង​ចោល​ទៅ​ក្នុង​បឹងបួរ​ស្ទឹង​ទន្លេ

ដុំ​ថ្ម….បន្ទាប់​ពី​គប់​គ្រវែង​ចោល​ទៅ​ក្នុង​បឹងបួរ​ស្ទឹង​ទន្លេ

ពាក្យ​សម្ដី...បន្ទាប់​ពី​និយាយ​ចេញ​រួច

ពាក្យ​សម្ដី…បន្ទាប់​ពី​និយាយ​ចេញ​រួច

ឱកាស...បន្ទាប់​ពី​បាត់បង់

ឱកាស…បន្ទាប់​ពី​បាត់បង់

ពេលវេលា...បន្ទាប់​ពី​កន្លង​ផុត​ទៅ

ពេលវេលា…បន្ទាប់​ពី​កន្លង​ផុត​ទៅ

 

June 7, 2009

ផលប្រយោជន៍​របស់​ជីវៈឥន្ធៈ

ផលប្រយោជន៍​របស់​ជីវៈឥន្ធៈ

ប្រេងឥន្ធៈ​សម្រាប់​យានយន្ត និង​កាកសំណល់​សម្រាប់​បសុសត្វ

ការស្រាវជ្រាវ​ពី​ជីវៈឥន្ធៈ​ពុំ​មែន​គ្រាន់តែ​ជា​ការ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ប្រភេទ​ជីវៈម៉ាស​សមស្រប ដូចជា ពោត សណ្ដែក​ប្រេង ឬ​វត្ថុធាតុដើម​ផ្សេងៗ​ទៀត បន្ទាប់មក​បំប្លែង​វា​ទៅ​ជា​ឥន្ធៈ​នោះ​ទេ ។ អ្នកវិទ្យាសាស្ត្រ​ក៏​ត្រូវតែ​រក​ឲ្យ​ឃើញ​នូវ​ការ​ប្រើប្រាស់​ដែល​មិន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​បរិស្ថាន និង​មាន​គុណប្រយោជន៍​ខាង​សេដ្ឋកិច្ច​នៃ​ផលិតផល​នានា​ដែល​បាន​មក​ពី​ផលិតកម្ម​ជីវៈឥន្ធៈ ។

ឧទាហរណ៍ ការផលិត​ជីវៈឥន្ធៈ​១​ហ្កាឡុន (Gallon, ១​ហ្កាឡុន ស្មើ ៣,៧៨​លីត្រ) ពី​សណ្ដែក​ប្រេង ក៏​បាន​ផ្ដល់​ផងដែរ​នូវ​គ្លីសេរីន​ឆៅ (Glycerin, ជា​សារធាតុ​ខាប់ ផ្អែម​ ​គ្មាន​ពណ៌​ ចម្រាញ់​ចេញ​ពី​ជាតិ​ខ្លាញ់​និង​ជាតិ​ប្រេង ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ធ្វើ​គ្រឿង​សម្អាង ឱសថ និង​ជាតិ​ផ្ទុះ និង​សម្រាប់​បន្ថែម​ជាតិ​ផ្អែម​ទៅ​លើ​ម្ហូបអាហារ) ប្រមាណ​០,៦៧​ផោន (១​ផោន ស្មើ ០,៤៥​គក) ។ នៅ​ពេល​ដែល​គ្លីសេរីន​ឆៅ​នេះ​ត្រូវ​បាន​បន្សុទ្ធ​ឲ្យ​មាន​ភាពសុទ្ធ​ចំនួន​៩៩​ភាគរយ វា​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ផលិតផល​ជាច្រើន រួមមាន ឱសថ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសម្អាង និង​សារធាតុ​ដុសលាង​ខ្លួន ។

អ្នកចិញ្ចឹម​បសុសត្វ និង​បសុបក្សី​កំពុង​តែ​ស្វែងរក​ប្រភព​ថ្មីៗ​នៃ​ការ​បន្ថែម​អាហារូបត្ថម្ភ​ដើម្បី​កាត់បន្ថយ​ការចំណាយ និង​ដើម្បី​បង្កើន​សារធាតុ​ចិញ្ចឹម ។ លោក Brian Kerr អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ​សត្វ បម្រើការ​នៅ​ផ្នែក​ស្រាវជ្រាវ​អំពី​ខ្លិន និង​ការគ្រប់គ្រង​លាមក​ជ្រូក​នៃ​សេវាកម្ម​ស្រាវជ្រាវ​កសិកម្ម (ARS) នៅ​ទីក្រុង Ames រដ្ឋ Iowa សហរដ្ឋអាមេរិច បាន​មាន​ប្រសាសន៍​ថា “អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​បង្ហាញ​ថា​គេ​អាច​បន្ថែម​ធញ្ញជាតិ​ស្ងួត​ដែល​បាន​ពីការ​​ចម្រាញ់​ធ្វើ​អេតាណុល​រួច ចូល​ទៅ​ក្នុង​របបអាហារ​របស់​ជ្រូក ។ ទោះបី​ការ​បន្ថែម​នេះ​រក្សា​ផលិតភាព​សត្វ​ឲ្យ​ដដែល​ក៏ដោយ​ ក៏​វា​ធ្វើ​ឲ្យ​កើន​ឡើង​នូវ​ផលិតកម្ម​លាមក និង​កំណើន​សមាសធាតុ​សរីរាង្គ​ឆាប់ហើរ​ដែល​បង្កើន​ការសាយភាយ​ខ្លិន​ស្អុយ ។ យើង​បាន​សម្រេច​ចិត្ត​ប្រើប្រាស់​កាកសំណល់​បាន​ពី​ផលិតកម្ម​ជីវៈឥន្ធៈ​ដើម្បី​បន្ថែម​ទៅ​លើ​របបអាហារ​របស់​សត្វ​ដោយសារ​ពុំ​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់​អះអាង​អំពី​ការសាយភាយ​ខ្លិន​នេះ​នៅ​ក្នុង​ឧស្សាហកម្ម​បសុសត្វ​ទេ ។”

លោក Brian Kerr បាន​សហការ​ជាមួយ​ លោក William Dozier អ្នកវិទ្យាសាស្ត្រ​សត្វ អតីត​អ្នកបម្រើការ​នៅ​ផ្នែក​ស្រាវជ្រាវ​បសុបក្សី​នៃ​ARS នៅ​រដ្ឋ Mississippi និង​បច្ចុប្បន្ន​បម្រើការ​នៅ​សាកលវិទ្យាល័យ Auburn និង លោក Kristjan Bregendahl ​សហការី​របស់​គាត់​នៅ​សាកលវិទ្យាល័យ​រដ្ឋ​Iowa ដើម្បី​ស្រាវជ្រាវ​រក​ថា​តើ​គ្លីសេរីន​ឆៅ​អាច​ប្រើ​បន្ថែម​ទៅ​លើ​របបអាហារ​របស់​បសុសត្វ​បាន​ឬទេ ។

បញ្ចូល​សំណាក​នានា​ទៅ​ក្នុង​ឧបករណ៍ PCR លោក Thomas Weber អ្នកសរីរសាស្ត្រ កំពុង​វាស់វែង​វិញ្ញត្តិ​ពន្ធុ (Gene expression) នៅ​ក្នុង​ជាលិកា​ដែល​ប្រមូល​បាន​មក​ពី​កូនជ្រូក​ដែល​របបអាហារ​មាន​លាយ​ ផលិតផល​ពី​ឧស្សាហកម្ម​ជីវៈឥន្ធៈ

បញ្ចូល​សំណាក​នានា​ទៅ​ក្នុង​ឧបករណ៍ PCR លោក Thomas Weber អ្នកសរីរសាស្ត្រ កំពុង​វាស់វែង​វិញ្ញត្តិ​ពន្ធុ (Gene expression) នៅ​ក្នុង​ជាលិកា​ដែល​ប្រមូល​បាន​មក​ពី​កូនជ្រូក​ដែល​របបអាហារ​មាន​លាយ​ផលិតផល​ពី​ឧស្សាហកម្ម​ជីវៈឥន្ធៈ

ការ​បន្ថែម​គ្លីសេរីន​គឺ​ជា​ជោគជ័យ​មួយ

លោក Brian Kerr បាន​ដឹកនាំ​ការសិក្សា​មួយ​ចំនួន​ដែល​ពិនិត្យ​មើល​ពី​ឥទ្ធិពល​នៃ​ការ​បន្ថែម​គ្លីសេរីន​ឆៅ​ក្នុង​របបអាហារ​ទៅ​លើ​ការ​ប្រើប្រាស់​ថាមពល​របស់​ជ្រូក ។ នៅ​ក្នុង​ការធ្វើ​ពិសោធន៍​ចំនួន​០៥​ខុសៗ​គ្នា លោក Brian Kerr បាន​បន្ថែម គ្លីសេរីន​ឆៅ​ក្នុង​កម្រិត​ខុសៗ​គ្នា ​ទៅ​លើ​របបអាហារ​របស់​ជ្រូក​ដែល​ទើបតែ​ចាប់​ផ្ដើម​ស៊ី​ចំណី និង​ជ្រូក​ដែល​កំពុង​បញ្ចប់​ការ​ស៊ី​ចំណី ។ ជារួម ការសិក្សា​ទាំងនេះ​បង្ហាញ​ថា សំណាក​គ្លីសេរីន​ឆៅ​មាន​កំហាប់​ថាមពល​រំលាយអាហារ​ពិតប្រាកដ (AME) ៣.២០៧​កាឡូរី​ ក្នុង​១​គីឡូក្រាម (kcal/kg) ។ AME​គឺ​ជា​រង្វាស់ខ្នាត (ស្ដង់ដារ) នៃ​ថាមពល​ដែល​ប្រើ​នៅ​ក្នុង​ការសិក្សា​អំពី​អាហារូបត្ថម្ភ ។

ជ្រូក​ដែល​បាន​ទទួល​គ្លីសេរី​អាច​រំលាយ​វា​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​គ្លីសេរីន​បាន​ផ្ដល់​ឲ្យ​ជ្រូក​នូវ​ថាមពល​កាឡូរី​ដូចគ្នា​នឹង​ថាមល​ដែល​បាន​មក​ពី​ការបរិភោគ​ពោត​ដែរ ។ ការសិក្សា​បន្ត​មក​ទៀត​បាន​បង្ហាញ​ថា គ្មាន​ផលប៉ះពាល់​ទៅ​លើ​ទម្ងន់ សមាសភាព​គ្រោងឆ្អឹង និង​គុណភាព​សាច់​ទេ ​ចំពោះ​របបអាហារ​របស់​ជ្រូក​ដែល​មាន​គ្លីសេរីន​ឆៅ​ប្រមាណ ៥‑១០​ភាគរយ ចាប់​តាំងពីពេល​ផ្ដាច់ដោះ​រហូត​ដល់​ពេល​លក់​ទៅ​កាន់​​ទីផ្សារ ។

ស្របគ្នា​នេះ​ដែរ លោក William Dozier និង​លោក Kristjan Bregendahl បាន​ធ្វើការ​វាយតម្លៃ​ការប្រើប្រាស់​គ្លីសេរីន​បន្ថែម​នៅ​ក្នុង​របបអាហារ​របស់​បសុបក្សី ។ ពួកគេ​បាន​ជ្រើស​យក​មេ​មាន់​ពង​ចំនួន​៤៨​ក្បាល និង​កូន​មាន់​ចំនួន​១.៣៩២​ក្បាល នៅ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ចំនួន​៤ ។

បន្ទាប់​ពី​ផ្ដល់​គ្លីសេរីន​ឆៅ​៤​កម្រិត​ទៅ​ឲ្យ​មេ​មាន់​ពង លោក​ Kristjan Bregendahl បាន​រក​ឃើញ​ថា AME នៅ​ក្នុង​គ្លីសេរីន​ឆៅ​គឺ ៣.៨០៥ kcal/kg ។ លោក​ក៏​បាន​ប្រៀបធៀប​អំពី​ការ​ស៊ី​ចំណី ការផលិត​ស៊ុត ទម្ងន់​ស៊ុត និង​ម៉ាស​ស៊ុត (គណនា​ដោយ​គុណ​ផលិតកម្ម​ស៊ុត​នឹង​ទម្ងន់​ស៊ុត) ហើយ​បាន​រកឃើញ​ថា​ គ្មាន​ការ​ខុសគ្នា​គួរ​ឲ្យ​កត់​សម្គាល់​ទេ ក្នុង​ចំណោម​ក្រុម​ទាំង​៤ ។

លោក​ Kristjan Bregendahl បាន​មាន​ប្រសាសន៍​ថា “គ្លីសេរីន​បន្ថែម​ដំណើរការ​យ៉ាងល្អ​ក្នុង​ផលិតកម្ម​ស៊ុត​របស់​មេមាន់” ។

ដំណាលគ្នា​នេះ​ដែរ លោក William Dozier បាន​ធ្វើការ​សិក្សា​ចំនួន​០៣​អំពី​កូន​មាន់ ។ នៅ​ក្នុង​ការ​សិក្សា​ទី​១​របស់​គាត់ កូន​មាន់​ត្រូវ​បាន​ផ្ដល់​ទាំង​របបអាហារ​ដែល​គ្មាន​បន្ថែម​គ្លីសេរីន និង​មាន​បន្ថែម​គ្លីសេរីន​៦​ភាគរយ ។ លទ្ធផល​របស់​គាត់​បង្ហាញ​ថា គ្លីសេរីន​ផ្ដល់​ឲ្យ​កូនមាន់​អាយុ​ពី​៧ ទៅ ១១​ថ្ងៃ​មាន AME ៣.៦២១ kcal/kg ។ ការ​សិក្សា​ក្រោយ​មក​ទៀត​បង្ហាញ​ពី​លទ្ធផល​ដូច​គ្នា​ចំពោះ​កូនមាន់​ធំ​ជាង​នេះ ។ ការ​បន្ថែម​គ្លីសេរីន​ក្នុង​កម្រិត​ប្រែប្រួល​មួយ​ផ្ដល់​ឲ្យ​កូនមាន់​អាយុ​ពី​២១ ទៅ ២៤ ថ្ងៃ មាន AME ៣.៣៣១ kcal/kg និង កូនមាន់​អាយុ​ពី​៤២ ទៅ​៤៥​ថ្ងៃ មាន AME ៣.៣៤៩ kcal/kg ។

ជារួម ទិន្នន័យ​បង្ហាញ​ថា គ្លីសេរីន​ឆៅ​គឺ​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​នៅ​ក្នុង​អាហារវិភាគ​របស់​ជ្រូក និង​បសុបក្សី និង​អាច​ប្រើប្រាស់​ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រព្រឹត្តិ (performance) គ្រោងឆ្អឹង ឬ​គុណភាព​សាច់​របស់​សត្វ​ទេ ។

លោក William Dozier មាន​ប្រសាសន៍​ថា “គម្រោង​ស្រាវជ្រាវ​នេះ​បាន​ទទួល​ជោគជ័យ​មក​ទល់​បច្ចុបន្ន​នេះ ។ យើង​នឹង​មាន​អត្ថបទ​ត្រួតពិនិត្យ​ចំនួន​០៦​ចេញ​ពី​ការ​ស្រាវជ្រាវ​នេះ ហើយ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​បទបង្ហាញ​ពី​លទ្ធផល​ទាំងនេះ​ នៅ​ក្នុង​អង្គសន្និបាត​ថ្នាក់​ជាតិ និង​អន្តរជាតិ​ស្ដីពី​អាហារូបត្ថម្ភ ។ ប៉ុន្តែ​ យើង​ត្រូវការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​របៀប​ប្រើប្រាស់​គ្លីសេរីន​ជាជំនួស​សារធាតុ​អាហារ​របស់​ជ្រូក និង​បសុបក្សី​នៅ​ក្នុង​រោងចក្រ​ចំណី​ចម្រុះ ។”

លោក William Dozier ក៏​បាន​កត់​សម្គាល់​ថា តាម​ទស្សនៈ​អាហារូបត្ថម្ភ បច្ចេកវិជ្ជា​នេះ​អាច​ដើរ​តួ​ជា​ប្រភព​ថាមពល​ជំនួស​នៃ​របបអាហារ​ដែល​អាច​ផ្ដល់​នូវ​ចំណី​មាន​តម្លៃ​ថោក ។

គ្លីសេរីន​ឆៅ​មាន​បរិមាណ​តិចតួច​នៃ​មេតាណុល និង​អំបិល ដែល​អាច​ជា​សក្ដានុពល​មួយ​ក្នុង​ការ​កម្រិត​គ្លីសេរីន​មិន​ឲ្យ​ប្រើប្រាស់​ជា​អាហារ​បន្ថែម ។ ការសិក្សា​បន្ថែម​ទៀត​គឺ​ជា​តម្រូវការ​ដើម្បី​វាយតម្លៃ​ពី​បរិមាណ​មេតាណុល​ក្នុង​កម្រិត​ណា​ដែល​បសុសត្វ​អាច​លេប​ចូល​ប្រកបដោយ​សុវត្ថិភាព ចំពោះ​របបអាហារ​បន្ថែម​គ្លីសេរីន​ដែល​អាច​ជួយ​និយតករ​ធ្វើការ​កែសម្រួល​ស្ដង់ដារ​របស់​សហរដ្ឋអាមេរិច​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើ​គ្លីសេរីន​ឆៅ​នៅ​ក្នុង​ចំណី​បសុសត្វ​បាន ។

ប៉ុន្តែ ខណៈ​ដែល​ផលិតកម្ម​ជីវៈឥន្ធៈ​របស់​សហរដ្ឋអាមេរិច​បន្ត​ចម្រើន​លូតលាស់ របបអាហារ​បន្ថែម​គ្លីសេរីន​ឆៅ​អាច​ជា​ស្ថានភាព​ឈ្នះ‑ឈ្នះ​មួយ​សម្រាប់​អ្នកផលិត​ជីវៈឥន្ធៈ និង​ម្ចាស់កសិដ្ឋាន ។

លោក Brian Kerr កត់សម្គាល់​ថា “អ្នកចិញ្ចឹម​ជ្រូក និង​បសុបក្សី​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការបន្ថែម​គ្លីសេរីន​ទៅ​ក្នុង​ចំណី​របស់​បសុសត្វ ។ តាម​វិធី​នេះ គ្រាប់​ធញ្ញជាតិ​អាច​ប្រើ​សម្រាប់​ជីវៈឥន្ធៈ​ផង និង​សម្រាប់​បសុសត្វ​ផង​ក្នុង​ពេល​តែមួយ​ជាមួយ​គ្នា” ។ អត្ថបទដោយ Alfredo Flores និង Ann Perry, ARS

បកប្រែ​ និង​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​អនុញ្ញាតពី  USDA (Agricultural Research/April 2009)

លោក Brian Kerr អ្នកឯកទេស​ខាងផ្នែក​អាហារូបត្ថម្ភ​សត្វ បញ្ចុក​គ្លីសេរីន​ឆៅ (វត្ថុរាវ​ពណ៌​ក្រម៉ៅ)​ ឲ្យ​កូនជ្រូក​ ដែល​គាត់​បាន​បង្ហាញ​ថា ជា​ប្រភព​ថាមពល​ដ៏​ល្អបំផុត​សម្រាប់​សត្វ

លោក Brian Kerr អ្នកឯកទេស​ខាងផ្នែក​អាហារូបត្ថម្ភ​សត្វ បញ្ចុក​គ្លីសេរីន​ឆៅ (វត្ថុរាវ​ពណ៌​ក្រម៉ៅ)​ ឲ្យ​កូនជ្រូក​ ដែល​គាត់​បាន​បង្ហាញ​ថា ជា​ប្រភព​ថាមពល​ដ៏​ល្អបំផុត​សម្រាប់​សត្វ

 

«« Older Posts |




















Get free blog up and running in minutes with Blogsome
Theme designed by Helga Cleve